Category: សង្គម និងសេដ្ឋកិច្ច

  • គយគន់សម្រស់បវរកញ្ញា ញាត សុភា ទៅចូលរួមប្រកួត Miss International 2017

    គយគន់សម្រស់បវរកញ្ញា ញាត សុភា ទៅចូលរួមប្រកួត Miss International 2017

    នៅថ្ងៃទី28 ខែតុលា ឆ្នាំ2017 នេះ បើតាមរយៈ Facebook Page របស់ Miss International Cambodia បានឱ្យដឹងថា បវរកញ្ញា ញាត សុភា គឺជាបេក្ខភាពតំណាងប្រទេសកម្ពុជា បានធ្វើដំណើរទៅចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាអន្ដរជាតិ Miss International 2017 នៅទីក្រុង តូក្យូ ប្រទេសជប៉ុន។

    ដោយឡែករូបភាពជាច្រើនសន្លឹកបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បវរកញ្ញាដែលមកពីបណ្ដាប្រទេសនានា ត្រូវចូលរួមស្លៀកឈុតទំនៀមទម្លាប់ប្រពៃណីបុរាណរបស់ប្រទេសជប៉ុន ក្នុងការលើកស្ទួយ និងជំរុញនូវវិស័យទេសចរណ៍នៅក្នុងប្រទេសជប៉ុន ផងដែរ។ យ៉ាងណាមិញ កញ្ញា ញាត សុភា ក៏បានបញ្ជាក់បន្ថែមអំពីការប្រកួតនេះថា « រីករាយនឹងមិត្តភាពថ្មីៗក្នុងកាតព្វកិច្ចក្នុងនាមបេក្ខភាពកម្ពុជាក្នុងកម្មវិធីប្រកួត Miss International 2017 ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់នៅកម្ពុជា។ សូមប្រិយមិត្តទាំងអស់មេត្តាចូលរួមគាំទ្រនាងខ្ញុំដែលជា Miss International Cambodia 2017 ផង»។

    គួរបញ្ជាក់ផងដែរថា កញ្ញា ញាត សុភា មានអាយុ 19ឆ្នាំ កម្ពស់170 សង់ទីម៉ែត្រ ជានិស្សិតឆ្នាំទី1 នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។ ហើយគួររំឭកផងថា បវរកញ្ញារូបនេះធ្លាប់បានឆ្លងកាត់ការប្រកួត Miss Grand Cambodia 2017 និងទទួល​បានជយលាភីលេខ 2 និងបានក្លាយជាបេក្ខភាពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមប្រកួតបវរកញ្ញាអន្តរជាតិ Miss International 2017 នៅប្រទេសជប៉ុន៕

    https://www.youtube.com/watch?v=oDY6WXiyJR4

  •  Ibrahimovic ស្រេកឃ្លាន​ឈ្នះ​ពាន Premier League ជាមួយ Man United

     Ibrahimovic ស្រេកឃ្លាន​ឈ្នះ​ពាន Premier League ជាមួយ Man United

    ខ្សែប្រយុទ្ធ​ជើងចាស់ Zlatan Ibrahimovic កំពុងតែ​សម្លឹង​រក​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ជាមួយនឹង​ក្រុម Manchester United ខណៈដែល​រូបគេ​បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការវិល​ពី​បញ្ហា​របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​វិញ​ដើម្បី «បញ្ចប់​អ្វីដែល​ខ្ញុំ​បានចាប់ផ្តើម»។

    អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ុយអែត​វ័យ36ឆ្នាំ​រូបនេះ បាន​អវត្តមាន​ពី​ការប្រកួត​ចាប់តាំងពី​ដាច់​សរសៃ​ជង្គង់​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Europa League ជាមួយនឹង​ក្រុម Anderlecht កាលពី​ខែមេសា​មកម្ល៉េះ។ Ibrahimovic ដែល​បាន​ចុះហត្ថលេខា​ថ្មី​រយៈពេល1ឆ្នាំ​ជាមួយនឹង​ក្រុម Man United កាលពី​រដូវក្តៅ និង​ត្រូវបាន​រំពឹងទុក​ថា នឹង​វិល​ចូល​លេង​វិញ​នៅមុន​ពេល​ចុង​ឆ្នាំនេះ បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំ​បាន​និយាយថា ខ្ញុំ​នឹង​វិលត្រឡប់​មកវិញ​ដើម្បី​បញ្ចប់​អ្វីដែល​ខ្ញុំ​បានចាប់ផ្តើម»។

    ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​បាន​ប្រាប់​បន្តថា៖ «រាល់អ្វីៗទាំងអស់​ដែល​ខ្ញុំ​កសាង​កាលពី​រដូវ​កាល​ទី1 ពីព្រោះ​យើង​ពិតជា​បានឈ្នះ​ពាន​បី ការបញ្ចប់​សម្រាប់​ខ្ញុំ​គឺ​មិនមែន​បញ្ចប់​តាម​ដែល​ខ្ញុំ​ចង់បាន​ឡើយ ឬក៏​គ្មាន​នរណា​ចង់បាន​ឡើយ ជាពិសេស បន្ទាប់ពី​រដូវ​កាលនោះ​បានបញ្ចប់»។ Ibrahimovic បាន​បន្ថែមទៀតថា៖ «គោលដៅ​គឺ​ការ​ឈ្នះ​ពាន Premier League។ នោះ​គឺជា​គោលដៅ​ក្នុង​ការបញ្ចប់។ ហេតុនេះ រាល់អ្វីៗទាំងអស់ ដែល​ខ្ញុំ​បានចាប់ផ្តើម​ពី​រដូវ​កាល​ទី1 យើង​នឹង​បញ្ចប់​វា​ក្នុង​រដូវ​កាល​ទី2»។

    បញ្ហា​របួស បានធ្វើ​ឲ្យ​អនាគត​របស់ Ibrahimovic ស្ថិតក្នុង​ភាពស្រពេចស្រពិល ក្រោយពី​បាន​លេង​បានត្រឹមតែ1ឆ្នាំ ប៉ុន្តែ រូបគេ​មិនបាន​បោះបង់​ឡើយ។ Ibrahimovic បាន​បង្កើត​ការភ្ញាក់ផ្អើល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជាមួយនឹង Man United កាលពី​រដូវ​កាល​មុន ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី28គ្រាប់​ក្នុងការ​បង្ហាញខ្លួន46លើក ខណៈដែល​ក្លិប​របស់គេ​បានឈ្នះ​ពាន Community Shield, League Cup និង Europa League៕

    ប្រភពពី៖ The Guardian

  • ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង​នៅតែ​អាច​រក្សា​ស្ថិរភាព​របស់ខ្លួន​បានល្អ​ប្រសើរ

    ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង​នៅតែ​អាច​រក្សា​ស្ថិរភាព​របស់ខ្លួន​បានល្អ​ប្រសើរ

    បើទោះជា​បច្ចុប្បន្ន​មានការ​លើកឡើងថា សកម្មភាព​នៃ​ការទិញ លក់​អចលនទ្រព្យ​នៅ​កម្ពុជា ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ដោយសារតែ​ការបោះឆ្នោត​ជិត​ឈានចូល​មកដល់​នោះ ក៏​សកម្មភាព​នៃ​ការទិញ លក់ និង​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង​មិនមាន​អ្វី​ជា​បញ្ហា​ចោត​នោះទេ។

    បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ឃី រៀល​អ៊ី​ស្ទេ​ត ប្រចាំ​ខេត្ដ​បាត់ដំបង លោក សៀក នារ​តី បាន​និយាយថា ស្ថានភាព​អចលនទ្រព្យ​នៅ​ក្រុង​បាត់ដំបង ពេលនេះ​គឺមាន​ភាពល្អប្រសើរ​ជាធម្មតា នេះ​មានន័យថា តម្លៃ និង​សកម្មភាព​នៃ​ការទិញ លក់ គឺ​នៅ​ធម្មតា​ដដែល ដែល​ស្ថានភាព​បែបនេះ​មាន​តាំងពី​ឆ្នាំមុន​មកម្ល៉េះ។ លោក បន្ដទៀតថា ទោះជា​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​កម្ពុជា ជិត​ឈានចូល​មកដល់​ក៏ដោយ ក៏​ស្ថានភាព​នៃ​ការទិញ លក់​អចលនទ្រព្យ​នៅក្នុង​ខេត្តបាត់ដំបង មិនមាន​ការ​ថមថយ​នោះទេ។

    បច្ចុប្បន្ន​ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង ម្ដុំ​ផ្សារណាត់ និង​ផ្សារ​ថ្មី មួយ​ម៉ែត្រការ៉េ​មានតម្លៃ​ចន្លោះ​ពី1,000-1,500ដុល្លារ រីឯ​នៅ​តំបន់​ក្រវាត់ក្រុង អាចមាន​តម្លៃ​ក្នុង​រង្វង់​ពី250-600ដុល្លារ។ លោក នារ​តី បាន​ប្រាប់​ឱ្យដឹងទៀតថា មូល​ហេតុដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាត់ដំបង​អាច​រក្សាបាន​ភាពរឹងមាំ​នោះ គឺ​ដោយសារ​តែមាន​កត្តាធំៗចំនួន2 គឺ​ទី1 កត្តា​ប្រជាជន និង​អ្នករក​ស៊ីក្នុង​វិស័យនេះ​នៅតែមាន​ជំនឿ​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ទី2 ក្រុង​បាត់ដំបង ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​តំបន់​កម្សាន្ត និង​ប្រាសាទបុរាណ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ។

    បាត់ដំបង ត្រូវបាន​គេ​ដឹងថា​ជា​ខេត្ត​មាន​សក្ដានុពល​មួយ​ក្នុងចំណោម​ខេត្ដ​ក្រុង​ដែលមាន​សក្ដានុពល​ទាំង​បួន​របស់​កម្ពុជា​ក្រៅពី​រាជធានី​ភ្នំពេញ ដែលមាន​ដូចជា ខេត្ដ​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម។ បាត់ដំបង ជា​ខេត្ត​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន មាន​សកម្មភាព​ពាណិជ្ជ​ល្អប្រសើរ មាន​តំបន់​ទេសចរណ៍ និង​ប្រាសាទបុរាណ ព្រមទាំង​មាន​ព្រំប្រទល់​នៅជាប់​ជាមួយ​ប្រទេស​ថៃ ដែល​បង្កលក្ខណៈ​អំណោយផល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ។

    នាពេលថ្មីៗនេះ​ក្រុង​បាត់ដំបង ក៏​កំពុងតែ​ត្រៀម​សម្រាប់​ការដាក់បញ្ចូល​អគារចាស់ៗ រួមទាំង​វត្ដ​អា​រ៉ា​ម និង​ផ្សារ​ដែល​ត្រូវបាន​សាងសង់ឡើង​នា​សម័យ​អាណានិគម​បារាំង ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ផងដែរ។

    លោក សៀក នារ​តី បាន​អះអាងថា៖ «តាមរយៈ​បទពិសោធ​ខ្ញុំ​ដែល​ធ្វើការ​ងារ​លើ​ផ្នែក​អចលនទ្រព្យ​នៅ​ខេត្ដ​បាត់ដំបង ខ្ញុំ​គិតថា​ស្ថានភាព​ដីធ្លី​នៅទីនេះ​នឹង​មិនមាន​បញ្ហា​អ្វី​នោះទេ គឺ​នៅតែ​មានឱកាស​សម្រាប់​ការទិញ​លក់បាន​យ៉ាង​ល្អ។ ប្រសិនបើ​គម្រោង​របស់​អាជ្ញាធរ​ខេត្ដ​ដែល​កំពុង​ធ្វើ​ជាមួយ​អង្គការ UNESCO អាច​ឈានដល់​ភាពជោគជ័យ ខ្ញុំ​ជឿថា​ភ្ញៀវទេសចរ​នឹងមាន​កំណើន​បន្ថែមទៀត ហើយ​ពេលនោះ​អ្នកវិនិយោគ​កាន់តែ​មានឱកាស​ច្រើន​សម្រាប់​ការប្រកប​អាជីវកម្ម ក៏ដូចជា​ការសង់​សណ្ឋាគារ ផ្សារ​ទំនើប និង​អា​ផាត​មិន ជាដើម»។

    យ៉ាងណា ក៏លោក​បាន​ចែករំលែក​បទពិសោធ​ថា លោក​មិនអាច​សន្ម​ត់​ថា​អចលនទ្រព្យ​នៅក្នុង​បាត់ដំបង​នឹងមាន​ការអភិវឌ្ឍ​កម្រិតណា​នោះទេ ប៉ុន្ដែ​តាមរយៈ​សក្ដានុពល​ដែល​ក្រុង​បាត់ដំបង​មាន គឺ​អ្នកវិនិយោគ​គួរតែ​ចាប់ផ្ដើម​គិតគូរ​ពី​ការវិនិយោគ​ពី​ពេលនេះ​តទៅ ព្រោះ​អាច​ថា​ជា​ពេលវេលា​មួយ​ស័ក្តិសម​បំផុត៕

  • វត្ថុ 10 យ៉ាង​ដែល​ហាម​ទិញ​ឱ្យ​គូសង្សារ​ជាដាច់ខាត…មិន​ដូច្នេះ​ទេ នឹង​ក្លាយជា​បែបនេះ!!​

    វត្ថុ 10 យ៉ាង​ដែល​ហាម​ទិញ​ឱ្យ​គូសង្សារ​ជាដាច់ខាត…មិន​ដូច្នេះ​ទេ នឹង​ក្លាយជា​បែបនេះ!!​

    អាច​និយាយបានថា ក្នុង​ថ្ងៃ​ខួបកំណើត យើង​គ្រប់គ្នា​ប្រហែលជា​ចង់បាន​វត្ថុ​អំណោយ ឬ​កាដូ​ថ្ងៃកំណើត​ពី​មនុស្ស​ជាច្រើនជាពិសេស​ពី​គូសង្សារ​មិន​ខាន ប៉ុន្តែ​វត្ថុ​ទាំងអស់​ខាងក្រោម​នេះ មិនគួរ​ទិញ​ធ្វើជា​កាដូ​ឱ្យ​គូសង្សារ​ជាដាច់ខាត តើ​មាន​អ្វីខ្លះ និង​ព្រោះ​អ្វីខ្លះ​នោះ​សូម​សាកល្បង​អាន​បន្ត…។

    1 . ទឹកអប់…បើ​មិន​ជឿ កុំ​ប្រមាថ​ឱ្យសោះ ព្រោះ​មាន​មនុស្ស​ច្រើន​ហើយ​ដែល​គេ​ជឿ ហើយ​គេ​ថែមទាំង​លួចខ្សឹប​ប្រាប់ទៀតថា ចូរ​ហាម​សង្សារ​កុំឱ្យ​ទិញ​ទឹកអប់​ឱ្យ​យើង​ជាដាច់ខាត ព្រោះ​សេចក្តីស្នេហា​របស់​អ្នក​អាច​នឹង​សាបរលាប​អស់​ក្លិន​ទៅតាម​ពេលវេលា​ដូច​ទឹកអប់​អ៊ីចឹង។

    2 . ស្បែកជើង…ចំណុច​នេះ​ហាម​ដាច់ខាត​តែម្តង ព្រោះ​មាន​បទពិសោធ​ពិត​មក​អះអាង ដូច្នេះ​អ្នកណា​មាន​សង្សារ ចូរ​ប្រញាប់​យកទៅឱ្យ​សង្សារ​អាន​ភ្លាម​ទៅ។ គេ​និយាយថា បើ​សង្សារ​ទិញ​ស្បែកជើង​ឱ្យ នឹង​ធ្វើឱ្យ​លែងលះគ្នា ព្រោះ​ស្បែកជើង​វា​ត្រូវ​នៅ​ជាមួយគ្នា​ជាគូៗ  អ្នកណា​ដែលជា​សង្សារ​នឹង​គ្នា​តែ​មិនទាន់​បានរស់នៅ​ជាមួយគ្នា​ជា​គូ អាច​នឹងធ្វើ​ឱ្យ​បែក​គ្នា​បាន។ រឿងនេះ​សុំ​ប្រាប់ថា ធ្លាប់​កើតឡើង​ជាមួយ​មនុស្ស​ច្រើន​នាក់​ហើយ ដែល​សង្សារ​ទិញ​ស្បែកជើង​ឱ្យ​ពេល​សេពគប់​គ្នា​បាន 5 – 6 ខែ បន្ទាប់ពីនោះ 2 អាទិត្យ ក៏​ស្រាប់តែ​សង្សារ​មកសុំ​លែង​តែម្តង។

    3 . ខោអាវ​ឈុតខ្មៅ…ចំណុច​នេះ​គួរឱ្យខ្លាច​ខ្លាំងណាស់ គេ​ហាម​ឱ្យ​ខោអាវ​ពណ៌​ខ្មៅ​ទៅ​គ្នា​ធ្វើជា​កាដូ​ជាដាច់ខាត ព្រោះ​ចាស់​បុរាណ​គាត់​ប្រកាន់​ណាស់ មិនថាតែ អាវ ខោ សំពត់ កន្សែង​នោះឡើយ។ ចាស់ៗតែង​ប្រដៅ​ជាប់​ជានិច្ច​ថា បើ​យើង​ឱ្យ​សម្លៀកបំពាក់​ឈុតខ្មៅ​ទៅ​នរណាម្នាក់ យើង​នឹង​ច្បាស់​ជា​បាន​ទៅ​បុណ្យសព​មនុស្ស​ម្នាក់​នោះ​មិន​ខាន…ពុទ្ធោ…។

    4 . នាឡិកា…ចំណុច​នេះ​អាចជា​ប្រផ្នូល​អាក្រក់​ច្រើនជាង  ព្រោះ​មនុស្ស​ជាច្រើន​នាំគ្នា​ជឿជាក់​មែនទែន​ថា បើ​សង្សារ​ទិញ​នាឡិកា​ឱ្យ នឹង​ធ្វើឱ្យ​រយៈពេល​នៃ​ការសេព​គប់​គ្នា​ត្រូវ​បញ្ឈប់​នៅពេល​នាឡិកា​លែង​ដើរ មិនថាតែ​ដោយសារ​មូល​ហេតុអ្វី​ក៏ដោយ…អូព្រះ​ជា​ម្ចាស់!។

    5 . រូបថត…វត្ថុ​មួយទៀត​ដែល​ហាម​ឱ្យ​គ្នា​ដាច់ខាត​គឺ រូបថត​ដែល​ថត​តែម្នាក់ឯង​របស់ខ្លួន​ឯង ព្រោះ​វា​នឹង​ប្រៀបដូចជា​ការឱ្យ​រូបថត​ទុក​មើល​ជា​អនុស្សាវរីយ៍​ពេល​នឹក​នឹករលឹក​គ្នា​ពេល​បែកបាក់​គ្នា​អ៊ីចឹង។ រឿង​បែបនេះ​មនុស្ស​ជាច្រើន​ធ្លាប់​ជួប​រួចមកហើយ បើ​អ្នកណា​មិន​ចង់ឱ្យ​រឿងរ៉ាវដដែលៗបែបនេះ​កើតឡើង​ទៀត​នោះ ចូរ​ចៀសវាង​ដាច់ខាត…អីយ៉ា!។

    6 . កន្សែង​ជូត​មុខ…មានន័យចំៗល្អ​ណាស់ ព្រោះ​ភាគច្រើន​អ្នកទទួល​កាដូ​បែបនេះ​នឹង​ទុក​សម្រាប់​ជូត​ទឹកភ្នែក…ដូច្នេះ អ្នកណា​ដែល​មិន​ចង់​ស្រក់​ទឹកភ្នែក​ព្រោះតែ​ការបែកបាក់​ស្នេហា​នោះ ត្រូវ​ចៀសវាង​ឱ្យ​កាដូ​ជា​កន្សែង​ជូត​មុខ​ទៅ​គូសង្សារ។

    7 . វត្ថុមុតៗ ស្រួច…ចំណុច​នេះ​ថា​ជា​រឿង​ជំនឿ​ក៏ដូចជា​មិនមែន ព្រោះ​វា​មាន​សិទ្ធិ​កើតឡើង​យ៉ាងពិត​ប្រាកដ តែជឿៗទៅ​ក៏​វា​មិន​ខូចខាត​អ្​ី​ដែរ ព្រោះ​វត្ថុ​មានមុខមុតៗ ស្រួចៗ អាវុធ ដាវ កាំបិត កុំ​យកមក​ធ្វើជា​កាដូ​អី ព្រោះ​នឹងធ្វើ​ឱ្យ​អ្នកទទួល​មាន​គ្រោះថ្នាក់ មាន​គ្រោះភ័យ សំណាងអាក្រក់…។

    8 . ក្រាស​សិតសក់…សង្សារៗ មិត្តៗទាំងឡាយ​សូម​ស្តាប់​ខាង​នេះ! ព្រោះ​បើ​យើង​ឱ្យ​ក្រាស​សិតសក់​ទៅ​សង្សារ ឬ​មិត្ត​ភ័ក្តិ​ណា​ម្នាក់ នឹង​ធ្វើឱ្យ​សម្ព័ន្ធភាព​របស់​យើង និង​គេ​ត្រូវ​ឃ្លាតឆ្ងាយ​ពីគ្នា​ដូច​ធ្មេញ​របស់​ក្រាស​សិតសក់​ហ្នឹងឯង។

    9 . ម្ជុលខ្ទាស់…សម្បក​ក្រៅ​អាច​នឹង​មើលទៅ​ឃើញ​ស្អាត តែ​ខាងក្នុង​បង្កប់​ទៅដោយ​អត្ត​ន័យ​ដ៏​គួរឱ្យ​ឈឺចាប់ ព្រោះ​គេ​នាំគ្នា​ជឿថា បើ​ឱ្យ​ម្ជុលខ្ទាស់​ទៅ​នរណាម្នាក់ វា​នឹង​ក្លាយ​ជាការ​ចោ​ក​ដោត​ដួងចិត្ត សាង​ភាពឈឺចាប់ ទាស់ទែង​ដល់​អ្នក​ដែល​បានទទួល​នោះ។

    10 . វត្ថុ​ធ្វើ​ពី​កែវផ្សេង…ព្រោះ​តាម​ជំនឿ​គេ​ថា បើ​គ្រឿង​កែវ​នោះ​បែក នោះ​គឺមាន​ន័យ​ពី​សម្ព័ន្ធភាព​របស់​អ្នក​ទាំងពីរ ច្បាស់​ជា​បែកបាក់​តាម​វត្ថុ​នោះ​មិន​ខាន…៕

    *** ទាំងអស់នេះ​គ្រាន់តែ​ជា​ជំនឿ​របស់​បុគ្គលម្នាក់ៗប៉ុណ្ណោះ សូម​ប្រើការ​គិតពិចារណា​ក្នុង​ការអាន***

    រៀបរៀង​ដោយ ទិ​ទី​តំ​តា​តូ

  • តារាថៃនាំគ្នាចូលរួមថ្វាយផ្កាចន្ទន៍ដល់ព្រះអដ្ឋិធាតុអតីតស្តេចថៃ

    តារាថៃនាំគ្នាចូលរួមថ្វាយផ្កាចន្ទន៍ដល់ព្រះអដ្ឋិធាតុអតីតស្តេចថៃ

    តាមរយៈសារព័ត៌មាន MThai នៅថ្ងៃទី27 ខែតុលា ឆ្នាំ2017 នេះ បានចេញផ្សាយថា នៅរាត្រីថ្ងៃទី26 ខែតុលា ​ព្រះរាជពិធីថ្វាយព្រះភ្លើង និងប្រមូលព្រះអដ្ឋិធាតុនៃអតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិផុនអាឌុលយ៉ាដេត បានធ្វើឱ្យរំជួលអារម្មណ៍ប្រជាជន និងតារាថៃជាច្រើននាក់ដែលបានចូលរួមថ្វាយផ្កាចន្ទន៍ដើម្បីរំលែកក្ដីអាឡោះអាល័យដល់អតីតព្រះមហាក្សត្រ។

    នៅក្នុងពិធីដ៏កក្រើកនៅប្រទេសថៃកាលពីថ្ងៃម្សិលមិញនេះ មានតារាៗជាច្រើនដួងបានបង្ហូរទឹកភ្នែក និងអត់ធ្មត់ស៊ូទ្រាំទាំងកណ្ដាលភ្លៀង និងក្រោមកម្ដៅព្រះអាទិត្យដោយទទួលយកនូវក្ដីសង្វេគនាំគ្នាប្រារព្ធពិធីថ្វាយផ្កាចន្ទន៍ដល់អតីតព្រះមហាក្សត្រថៃ នៅខាងមុខបរិវេណព្រះមេរុ និងព្រះបរមរាជវាំង នៅក្នុងនោះរួមមាន អ្នកនាង អ៊ែន ថងប្រាក់ស៊ុំ លោក សនរ៉ាម អ្នកនាង នីខូល តារាកំប្លែង ទុកគី កញ្ញា ផេនខេក និងតារាល្បីៗជាច្រើនដួងទៀត។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាព និងវីដេអូឃ្លីបខាងក្រោមនេះ៖

  • កញ្ញា ប៉ា សុខ​ខេង បង្ហាញ​បទពិសោធ​ផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស

    កញ្ញា ប៉ា សុខ​ខេង បង្ហាញ​បទពិសោធ​ផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស

    ការផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស (Exchange program) ជា​កម្មវិធី​យ៉ាងសំខាន់​មួយ​ដែល​ផ្តល់ឱកាស​ឱ្យ​យុវជន​ទទួលបាន​បទពិសោធ​ជា​អន្តរជាតិ​ច្រើន និង​អាចធ្វើឱ្យ​ពួកគេ​មានឱកាស​ចេញទៅ​ស្វែងយល់​ពី​រឿងរ៉ាវ​ជាច្រើន​ផ្សេងទៀត​នៅ​បរទេស។ វា​ក៏​ជា​ក្តី​ស្រមៃ​មួយ​ផងដែរ​របស់​សិស្ស-និស្សិត​ជាច្រើន​នៅ​កម្ពុជា ព្រោះថា ការធ្វើដំណើរ​ទៅ​ផ្លាស់ប្តូរ​ការសិក្សា​នេះ ជា​ដំណើរ​ដែល​ប្រកបដោយ​ចំណេះដឹង និង​កិត្តិយស។

    នៅថ្ងៃនេះ ឡា​រ៉ែ​ន បាន​ជួប​សម្ភាស​ជាមួយ កញ្ញា ប៉ា សុខ​ខេង សហ​ស្ថាបនិក​នៃ​ក្រុម​ជំហាន​យុវជន​កម្ពុជា ដែល​បានធ្វើការ​ផ្លាស់ប្តូ​រការ​សិក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​អាស៊ាន នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដើម្បី​ទុកជា​បទពិសោធ និង​ចែករំលែក​ចំណេះដឹង​ដល់​សិស្ស-និស្សិត​ជាច្រើន​ផ្សេងទៀត​នៅ​កម្ពុជា។

    1.តើ​ធ្វើយ៉ាងណា​ទើប​អាច​ទទួលបាន​ឱកាស​ក្នុងការ​ទៅ​ផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស?

    ឱកាស​ដែល​ខ្ញុំ​ទទួលបាន​ការផ្លាស់ប្តូរ​ការសិក្សា​នេះ​គឺ ខ្ញុំ និង​ក្រុម​បានឃើញ​ការចុះផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ របស់ ASEAN FOUNDATION MODEL ASEAN MEETING (AFMAM) ដែល​ជ្រើសរើស​យុវជន​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ឱ្យចូល​រួម ដោយ​មួយក្រុម​តម្រូវឱ្យមាន៧នាក់។ បន្ទាប់មក​មិត្ត​ភ័ក្តិ​នៅ​សាកលវិទ្យាល័យផ្សេងៗគ្នា​ក៏បាន​ពិភាក្សា​ចង​ជា​ក្រុម​ហើយ​បំពេញបែបបទ​ព័ត៌មាន​ដែល​គេ​ត្រូវការ ទាំង​បទពិសោធ និង​ស្នាដៃ​ដែល​ខ្លួន​មាន​រួច​ក៏​ដាក់ពាក្យ។ ក្នុងការ​ដាក់ពាក្យ​នោះ មាន119ក្រុម​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​ចូលរួម​ប្រកួតប្រជែង ក៏ប៉ុន្តែ​មានតែ10ក្រុម​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជ្រើសរើស។ ដូច្នេះ​ក្រុម​របស់ខ្ញុំ​ក៏​ជា​ក្រុម​ក្នុងចំណោម119ដែល​ត្រូវបាន​គេ​ពិចារណា​នោះដែរ។

    1. តើ​ការ​ទៅ​ផ្លាស់ប្តូរ​ការសិក្សា​ដែល​កញ្ញា​បាន​ទៅនោះ​ជា​កម្ម​វី​ធី​អ្វី? វា​មាន​សារៈសំខាន់​អ្វីខ្លះ​សម្រាប់​យុវជន​កម្ពុជា និង​អាស៊ាន?

    កម្មវិធី​នោះ​មាន​ឈ្មោះថា 3RD AFMAM 2017(3RD ASEAN FOUNDATION MODEL ASEAN MEETING ) ដែល​ជជែក​ពិភាក្សា​អំពី Anticipating Environmental Displacement of People in ASEAN  Due to Climate Change in Manila , 25-30 Sep. 2017។ ហើយ​កម្មវិធី​នេះ​បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​យុវជន​កម្ពុជា និង​អាស៊ាន​ដូចជា​បង្កើន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ក្នុងនាម​ជា​យុវជន​កម្ពុជា ជាមួយ​យុវជន​អាស៊ាន9ប្រទេស​ផ្សេងទៀត និង​ផ្លាស់ប្តូរ​ចំណេះដឹង​ផ្នែក​វប្បធម៌ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ទៅកាន់​យុវជន​អាស៊ាន​ផងដែរ។ លើសពីនេះទៅទៀត​សម្រាប់​យុវជន​ខ្មែរ​ក៏​អាច​ទទួលបាន​ចំណេះដឹង និង​បទពិសោធថ្មីៗទាក់ទង​នឹង​សង្គម ASEANលើ​ការសម្រេចចិត្ត​ទៅលើ​គោលការណ៍នីមួយៗដែល​តម្រូវឱ្យ​តស៊ូ​មតិ​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ មិន​ផ្តោត​តែ​លើ​សមាជិក​ណាមួយ​ឡើយ។ កម្មវិធី​នេះ​ក៏មាន​បញ្ចូល​នូវ​កម្មវិធី​តស៊ូ​មតិ​លើ 3 Pillars of ASEANដែល​ក្នុងនោះ​យុវជន​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កម្មវិធី​តស៊ូ​មតិ​នេះ​ប្រកបដោយ​សីលធម៌។

    3.តើ​ការផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស​អាចជួយ​យុវជន​អ្វីខ្លះ? ហេតុអ្វី​បានជា​យុវជន​គួរ​ធ្វើការ​ផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស?

    ការផ្លាស់ប្តូរ​ការសិក្សា​អាចជួយ​ឱ្យ​យុវជន​មាន​ភាពក្លាហាន​ប្រកបដោយ​ក្រមសីលធម៌​ក្នុងការ​សិក្សា​នូវ​ចំណេះដឹងថ្មីៗដោយ​រៀន​សម្រប​ខ្លួន​ទៅនឹង​មជ្ឈដ្ឋាន និង​បង្កើន​ទំនាក់ទំនង​ជាមួយ​យុវជន​មកពី​ពហុ​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក។

    មែនទែនទៅ​យុវជន​គួរ​ចូលរួម​ប្រភេទ​នេះ​ឱ្យបាន​ច្រើន ព្រោះ​ការធ្វើ​ដូច្នេះ​យុវជន​អាច​នាំយក​ចំណេះដឹង​ដែល​ខ្លួន​ទទួល​បានមក​ច្នៃ​ជា​បំ​ណិ​ន​ក្នុង​ជីវិត​ខ្លួនឯង គ្រួសារ និង​សង្គម ព្រមទាំង​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​សមស្រប​ជា​សមាជិក​អាស៊ាន​ផងដែរ។

    1. តើ​កញ្ញា​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​សមត្ថភាព​របស់​យុវជន​កម្ពុជា ក្នុងចំណោម​យុវជន​ដទៃ​នៅ​បរទេស?

    ខ្ញុំ​យល់ថា យុវជន​កម្ពុជា​យើង បើ​និយាយ​ពី​សមត្ថភាព​គឺមាន​ភាព​ប្រហាក់ប្រហែល​នឹង​យុវជន​ដទៃ​ទាំង10ប្រទេស​ដែរ។ ចំណុច​ខ្លះ​យុវជន​ខ្មែរ​មានគំនិត​ទូលំទូលាយ និង​លេចធ្លោ​ក្នុងការ​តស៊ូ​មតិ​ជា​ភាសា​អង់គ្លេស ជាមួយ​យុវជន​ផ្សេងទៀត​ដោយ​ភាពក្លាហាន។ តែ​យើង​ក៏​មើលឃើញ​នូវ​ចំណុច​ខ្វះខាត​បន្តិចបន្តួច​ដែរ ព្រោះ​ប្រទេស​យើង​កំពុង​អភិវឌ្ឍ ដូច្នេះ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន ក៏​នៅមានកម្រិត​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​យុវជន​សាំង​ហ្គា​ពួ តែ​ជារួម សមត្ថភាព​យុវជន​យើង​គឺមាន​សក្តានុពល​មិន​ចាញ់​យុវជន​អាស៊ាន​ដទៃ​នោះទេ៕

  • កញ្ញា ប៊ី សុធារី  ទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកហើយ

    កញ្ញា ប៊ី សុធារី  ទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកហើយ

    នៅថ្ងៃទី27 ខែតុលា ឆ្នាំ2017នេះ តាមរយៈ Facebook page MISS Cambodia Beauty Pageant បានបង្ហោះឱ្យដឹងថា សូមអបអរសាទរដល់កញ្ញា ប៊ី សុធារី ដែលទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិក ដើម្បីទៅចូលរួមប្រកួតបវរកញ្ញាចក្រវាល Miss Universe ឆ្នាំ2017 ដែលប្រារព្ធឡើងនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017 នាទីក្រុង ឡាសវេហ្កាស សហរដ្ឋអាមេរិក។

    គួរបញ្ជាក់ផងដែរថា បវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា​ កញ្ញា ប៊ី សុធារី គ្រោងនឹងចាកចេញពីប្រទេសកម្ពុជាទៅចូលរួមប្រកួតបវរកញ្ញាចក្រវាល នៅថ្ងៃទី9 ខែវិច្ឆិកា ខាងមុខ។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប កុំភ្លេចជួយផ្ដល់កម្លាំងចិត្ត និងការគាំទ្រចំពោះរូបកញ្ញាដែលតំណាងឱ្យជាតិខ្មែរយើងផង៕

  • អស្ចារ្យមែន!!  ឈុត “នាងឧសភី” ត្រៀមទៅបង្ហាញលើវេទិកា បវរកញ្ញា Miss Earth 2017

    អស្ចារ្យមែន!!  ឈុត “នាងឧសភី” ត្រៀមទៅបង្ហាញលើវេទិកា បវរកញ្ញា Miss Earth 2017

    នៅពេលថ្មីៗនេះ បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook របស់ Roat Nimul Menn  បានឱ្យដឹងថា ឈុត ” នាងឧសភី”  ជាឈុតតំណាងជាតិ (National Costume) ដែលសម្រាប់ស្លៀកចូលប្រកួតក្នុងកម្មវិធី Miss Earth 2017​នៅប្រទេសហ្វ៊ីលីពីន។ ឈុតនេះគឺ រចនា និងច្នៃម៉ូដដោយក្រុម La Chhouk Recycled & Creative Fashion ហើយមួយផ្នែកធំទៀតនៃរ៉ូបឈុតនេះត្រូវបានច្នៃចេញពីសំរាមស្ងួត ឬសម្ភារដែលគេប្រើប្រាស់រួច (Recycled Materials) មានដូចជាបន្ទះឌីស គម្របដប និងសម្បកបាវជាដើម។

    ជាការពិតណាស់ ឈុតនេះបានផ្សារភ្ជាប់នូវអត្តសញ្ញាណខ្មែរ ដោយយកលំនាំតាមសត្វគោព្រៃ ដែលជាសត្វតំណាងជាតិ ហើយយើងក៏បានបញ្ចូលផ្នែកខ្លះនៃសម្លៀកបំពាក់របាំខ្មែរ ដូចជាសុរងក ខ្សែឈៀង -ល-  រីឯឈ្មោះ “នាងឧសភី” បានសំដៅដល់ន័យជាស្ដេចគោញី ដោយយោងតាមពាក្យថា ឧសភ ឬ ឧសភរាជ ដែលប្រែន័យសេចក្ដីថា ស្ដេចគោ ហ្នឹងឯង។

    មិនត្រឹមតែប៉ុណ្ណោះ ឈុតនេះផងដែរនៅពេលបង្ហាញ វានឹងឮសំឡេងកណ្ដឹងដែលយោលទៅ​យោលមក ប្រៀបបាននឹងសំឡេងត្រដោកសត្វគោពេលធ្វើដំណើរ ហើយក៏ជាចំណុចមួយដែលបង្កើននូវភាពទាក់ទាញមួយកម្រិតទៀតដល់អ្នកទស្សនាផងដែរ ។

    ពិសេសជាងនេះទៅទៀត មូលហេតុបានជាយើងយកសត្វព្រៃ និងវត្ថុដែលប្រើប្រាស់រួចជាទស្សនទាន ឬ ជាConcept ក៏ហេតុតែចង់បង្ហាញអត្ថន័យពីការចូលរួមការពារសត្វព្រៃ និង​បរិស្ថានឱ្យសមស្របទៅតាមកម្មវិធី Miss Earth 2017 ដែលគោលដៅធំរបស់កម្មវិធីនេះគឺ ការអប់រំ និងការការពារបរិស្ថាន។

    គួរបញ្ជាក់ផងដែរថា ឈុត “នាងឧសភី” នេះនឹងត្រូវបានបង្ហាញម៉ូដដោយបវរកញ្ញាផែនដី តំណាងប្រទេសកម្ពុជាគឺ ​កញ្ញា អែម គន់ថង។ ជាចុងក្រោយ យើងសង្ឃឹមថា ឈុតមួយនេះនឹងបានចូលរួមចំណែកលើកមុខមាត់ប្រទេសជាតិ តាមរយៈការបង្ហាញរបស់ Miss Earth Cambodia ​ទៅដល់បណ្ដាទស្សនិកជននៃប្រទេសដទៃទៀត៕

    ប្រភពរូបភាព៖ Roat Nimul Menn

     

     

  • ពិតជាគួរឱ្យព្រឺសម្បុរមែន ពេលឃើញ ម៉ាក់ សែនសូនីតា ស្នេហាជាមួយពស់ថ្លាន់

    ពិតជាគួរឱ្យព្រឺសម្បុរមែន ពេលឃើញ ម៉ាក់ សែនសូនីតា ស្នេហាជាមួយពស់ថ្លាន់

    នៅថ្ងៃទី26 ខែតុលា ឆ្នាំ2017 តាមរយៈ Facebook Page របស់តារាស្រីបបូរមាត់ស្អាត ម៉ាក់ សែនសូនីតា បានឱ្យដឹងថា តារាស្រីរូបនេះពិតជាមានសេចក្ដីក្លាហានមែនដែលហ៊ានប្រឡែងលេង និងនែបនិត្យស្នេហាជាមួយនឹងសត្វពស់ថ្លាន់ដែលមានទំហំធំ និងប្រវែងខ្លួនវែងគួរសម។ ការសម្ដែងជាមួយសត្វពស់ដ៏គួរឱ្យស្រៀវស្រើបនេះមាននៅក្នុងរឿង “កូនពស់កេងកង” ដែលជារឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស HD TV និងដឹកនាំរឿងដោយលោក ហ្វៃ សំអាង ។

    ដោយឡែកនៅលើរូបភាពប៉ុន្មានសន្លឹក និងឃ្លិបវីដេអូប្រឡែងលេងជាមួយសត្វពស់ថ្លាន់ កញ្ញា ម៉ាក់ សែនសូនីតា បានរៀបរាប់ជាពាក្យកំណាព្យថា ៖

                           “ស្នេហាមនុស្សនឹងពស់ រស់ក្នុងកម្មពារ

                               ក្នុងនាមភរិយា ក្បត់ចិត្តស្វាមី

                             មិនចង់សាងទេ តែកម្មលោកិយ

                             ទោះជីវិតក្ស័យ ក៏មិនអស់ដែរ…”

    “បើនិយាយពីសាច់វិញ….ឡើងត្រជាក់តែម្ដង..” ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​ជំរុញ​យុវជន​ឱ្យធ្វើ​ជំនួញ​បែប​វិទ្យាសាស្ត្រ

    វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​ជំរុញ​យុវជន​ឱ្យធ្វើ​ជំនួញ​បែប​វិទ្យាសាស្ត្រ

    នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ វិស័យ​វិទ្យាសាស្ត្រ និង​សហគ្រិនភាព ជា​ផ្នែក​ដែល​លេចធ្លោ និង​មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ពិភពលោក។ ដោយសារតែ​វិស័យនេះ​មាន​តម្រូវការ​ខ្ពស់​ក្នុងសង្គម ហើយ​ជា​ផ្នែក​ដែល​អាច​ជំរុញ​ខ្លាំង​ដល់​ការអភិវឌ្ឍ។ ប្រទេស​ទាំងអស់​តែងតែ​ជំ​រុញឱ្យ​មនុស្ស​គ្រប់​វ័យ ជាពិសេស​យុវជន​ជំនាន់​ថ្មី​ដែល​នៅ​សិ្ន​ទ្ធ​ជាមួយនឹង​ប​ច្ចក​វិទ្យា​ឱ្យ​ចាប់អារម្មណ៍ និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែខ្លាំង​ដើម្បី​អភិវឌ្ឍ​សហគ្រិនភាព​បែប​វិទ្យាសាស្ត្រ។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​ទាំងនេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​បាន​បង្កើត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Techno Innovation Challenge ដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ប្រកួតប្រជែង​គម្រោង​អាជីវកម្ម​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា STEM ដែល​ក្នុងនោះ​គេហទំព័រ ឡា​រ៉ែ​ន បានធ្វើការ​សម្ភាស​កញ្ញា សៀក ឡេង អ្នកសម្របសម្រួល​កម្ម​វិធី Techno Innovation Challenge ដូចខាងក្រោមៈ

    1. អ្វី​ទៅជា​កម្មវិធី Techno Innovation Challenge?

    ការប្រកួត Techno Innovation Challenge Cambodia 2017 គឺជា​ការប្រកួតប្រជែង​មួយ​ទៅលើ​សមិទ្ធផល​ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត សម្រាប់​ដោះស្រាយ​ប​ព្ហា​ជាក់ស្តែង​ក្នុងប្រទេស ដែល​កម្មវិធី​នេះ​រៀបចំឡើង​ដោយ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (សាលា​តិច​ណូ) ។

    1. ហេតុអ្វី​បានជា​កម្ម​វី​ធី​នេះ​ត្រូវបាន​បង្កើតឡើង?

    កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ជំរុញ​សហគ្រិនភាព (Entrepreneurship)  ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ក្រោម​គំនិត​ផ្តួចផ្តើម​របស់​គម្រោង​មួយ​ឈ្មោះថា USAID Connecting the Mekong through the Education and Training (USAID COMET) ដែល​បាន​គាំទ្រ​ស្ថាប័ន​អប់រំ​ថ្នាក់​ឧ​ត្ត​ម​នៅ​ប្រទេស​ក្នុង​តំបន់​មេគង្គ ដូចជា​ប្រទេស​ថៃ មី​យ៉ាន់​ម៉ា វៀតណាម និង​កម្ពុជា ឲ្យ​ធ្វើ​ការរៀបចំ​ការប្រកួត Innovation Challenge ដើម្បី​លើកស្ទួយ​សមត្ថភាព និង​សហគ្រិនភាព​របស់​និស្សិត។ ក្នុងនោះ​យើង​បានជ្រើសរើស​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(សាលា​តិច​ណូ)  ជា​អ្នករៀបចំ​ការប្រកួត​នេះ​ឡើង ប្រចាំ​ប្រទេស​កម្ពុជា​តែម្តង។

    1. តើ​វា​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​សម្រាប់​និស្សិត វិស័យ​អប់រំ និង​ប្រទេស​កម្ពុជា?

    កម្មវិធី​នេះ​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​និស្សិត​ដែល​បាន​ចូលរួម​ប្រកួត ដូចជា​ទទួលបាន​វគ្គ​បណ្តុះបណ្តាល និង​ប្រឹក្សា​យោបល់ល្អៗ ទាំង​ផ្នែក​បច្ចេកទេស និង​ទីផ្សារ ព្រមទាំង​ការធ្វើ​បទ​បង្ហាញផ្សេងៗ ពី​អ្នកជំនាញ។ លើសពី​អ្វីដែល​ពួកគាត់​រៀន គឺ​ពួកគាត់​អាច apply អ្វីដែល​គាត់​រៀន និង​គំនិត​របស់​ពួកគាត់​បាន ដើម្បី Challenge ខ្លូន​ឯង​ថា អាច​ធ្វើបាន​កម្រិតណា ឈានដល់​លទ្ធផល​កម្រិតណា ដែល​ទាំងនេះ​ជាការ​បណ្តុះ​ភាពជា​អ្នកដឹកនាំ និង​សហគ្រិនភាព​ទៅ​ថ្ងៃ​ខាងមុខ។  អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ ទទួលបាន​ការគាំទ្រ បច្ចេកទេស សម្ភារ ដូចជា​ឯកសារ និង​មន្ទីរ​ពិសោធ​វិស្វកម្ម  ឧ​បករ​ណ៏​សំរាប់​តេស្ត ហើយនឹង​ការពិគ្រោះ​ប្រឹក្សា​ពី​បច្ចេកទេស ពី​អ្នកជំនាញ​បច្ចេកទេស​នៅ​សាលា​តិច​ណូ​នេះ​ផ្ទាល់ និង​ដៃគូផ្សេងៗ រួមមាន អ្នកជំនាញ​បច្ចេកទេស​ពី​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក Intel Cooperation ជាដើម។  បើ​ឈ្នះ នឹង​ទទួលបាន​លុយ និង​រង្វាន់ផ្សេងៗទៀត ហើយ​ពួកគាត់​អត់​មាន​ត្រូវ​ចំណាយ​អ្វី​ច្រើន​នោះទេ។

    តាមរយៈ​បទពិសោធ​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ​និស្សិត​ដែល​បាន​ចូលរួម​ប្រកួត​អាច​ពង្រឹង​ជំនាញ​បច្ចេកទេស សហគ្រិនភាព ភាព​ច្នៃប្រឌិតថ្មីៗ សមត្ថភាព​ក្នុងការ​ដោះស្រាយ​ប​ព្ហា និង​ការធ្វើ​បទ​បង្ហាញ ឱ្យ​កាន់តែ​ប្រសើរឡើង។ ថែមទាំង​ពង្រឹង​ឥរិយាបថ​ភាពស្វាហាប់ សមត្ថភាព​ធ្វើការ​ងារ​ជា​ក្រុម  ភាពជា​អ្នកដឹកនាំ និង​ភាពជឿជាក់​លើ​ខ្លូន​ឯង​ផងដែរ។ ហើយ​កម្មវិធី​នេះ​នឹង​ជា​សារ​មួយ​បញ្ជូន​ទៅដល់​សាធារណជន​ឱ្យបាន​ដឹង​ពី​សក្តានុពល និង​ចំណុច​ពិសេស​របស់​ពួកគាត់​ដែល​បាន​ឆ្លងកាត់​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ។

    ក្រៅពីនេះ កម្មវិធី​នេះ​ក៏បាន​ជួយ​ជំរុញ​វិស័យ​អប់រំ និង​ប្រទេស​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន ឱ្យ​កាន់តែ​សម្បូរ​ធនធានមនុស្ស​ដែលមាន​ជំនាញ​បច្ចេកទេស បូក​នឹង​សហគ្រិនភាព មាន​ភាព​ច្នៃប្រឌិត​បង្កើត​ថ្មី ប្រកបដោយ​សក្តានុពល អាចបង្កើត​សមិទ្ធផលផ្សេងៗក្នុង​វិស័យ STEM ជូន​សង្គម និង​មនុស្សជាតិ​នៅ​ថ្ងៃ​ខាងមុខ។

    1. តើ​កម្មវិធី​នេះ​ត្រូវបានធ្វើ​ឡើងជា​ប៉ុន្មាន​ដំណាក់កាល ហើយ​ដំណាក់កាលនីមួយៗ បេក្ខជន​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ជ័យជម្នះ?

    កម្មវិធី​នេះ​ត្រូវបានធ្វើ​ឡើងជា 5 ដំណាក់កាល។

    Shortlisting ៖ និស្សិត​ត្រូវធ្វើ​ការដាក់​ពាក្យ​តាម​អន​ឡាញរៀងៗខ្លួន ឲ្យ​បាន​មុន​ថ្ងៃ​ផុតកំណត់។ ការដាក់​ពាក្យ​ចួ​ល​រួម​កម្មវិធី​ប្រកួត មិន​តម្រូវ​ចាំបាច់​ឱ្យមាន​ក្រុម​ឱ្យ​ហើយ និង​ការពន្យល់​គំនិត​ជំនួញ របស់ខ្លួន​ណាមួយ​ឡើយ។ ការ​ជម្រុះ និង​ជ្រើសរើស​បេក្ខភាព​ចូលរួម​ប្រកួត គឺ​ផ្តោត​សំខាន់​ទៅលើ​ជំនាញ និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​បេក្ខជនម្នាក់។

    Team up and Solution ៖ បេក្ខភាព​ដែល​បាន​ជាប់​វគ្គ​ជម្រុះ (shortlisted) នឹង​បាន​ចូលរួម​ក្នុង​កម្មវិធី ហើយ​ត្រូវបង្កើត​ក្រុម និង​ពិភាក្សា​រិះរក​គំនិត​បង្កើត​អ្វីមួយ​ផ្អែកលើ​ជំនាញ​របស់​ពួកគាត់ ដែល​អាច​យកទៅ​ប្រើ និង​ដោះស្រាយ​បញ្ហា​ណាមួយ​បាន។ បេក្ខភាព​នឹង​ទទួលបាន​ការផ្តល់​មតិ​យោបល់​ពី​គំនិត​របស់​ពួកគាត់ ពី​អ្នក​ប្រឹក្សា (Mentors) មកពី​វិស័យ​ធុរកិច្ច និង​វិស័យ​ដែល​ពាក់ព័ន្ធ។

    Build Prototyping ៖ បេក្ខភាព​ត្រូវធ្វើ​ការផលិត​ជា​ផលិតផល​គំរូ​ប៉ាន់​Prototypeនៃ​គម្រោង​របស់​ពួកគាត់ ដែល​អាច​តេស្ត​បាន​ជាក់ស្តែង។ ក្នុង​ដំណើរ​ការផលិត Prototype បេក្ខភាព​នឹង​ទទួលបាន​ការផ្តល់​សម្ភា​រ បច្ចេកទេស ឧបករណ៍​តេស្ត អ្នក​ប្រឹក្សា​ផ្នែក​បច្ចេកទេស និង​ថវិកា​មួយចំនួន​ដែល​ចាំបាច់​ក្នុង​ការផលិត​ជា​ផលិតផល​គំរូ​ប៉ាន់​Prototype សម្រាប់​គំនិត​គម្រោង​របស់​ពួកគាត់។

    Business Model ៖ បេក្ខភាព​ត្រូវ​សិក្សា​អំពី​ម៉ូ​ដែល​ជំនួញ និង​ទីផ្សារ​គម្រោង ឬ​ផលិតផល​របស់​ពួកគាត់។

    Pitch and Showcase ៖ រាល់​ក្រុម​របស់​បេក្ខភាព​ចូលរួម​តម្រូវឱ្យ​បង្កើត​វីដេអូ​ខ្លី 90វិនាទី​ឡើង ការពារ​ពី​ដំណោះស្រាយ និង​ដាក់​បង្ហាញ​សមិទ្ធផល​របស់​ពួកគាត់​នៅ​ចំពោះមុខ​ចៅក្រម​ដែល​មកពី​វិស័យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​សង្គម​ស៊ីវិល​នានា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ។

    1. ក្រោយពេល​ទទួលបាន​ជោគជ័យ​ពី​កម្មវិធី​នេះ តើ​បេក្ខជន​នឹង​ទទួលបាន​អ្វីខ្លះ?

    បេក្ខភាព​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ទាំង 6ក្រុម នឹង​ទទួលបាន​កន្លែង និង​ការជួយ​គាំទ្រផ្សេងៗ សម្រាប់ធ្វើ​ការបន្ត​គម្រោង​របស់​ពួកគាត់​ឱ្យចេញ​ជា​អាជីវកម្ម​ពិតប្រាកដ ដោយ​ស្វ័យប្រវត្តិ​មិន​គិតថ្លៃ ក្នុង​រយៈពេល​មួយឆ្នាំ​នៅ​សាលា​តិច​ណូ។ ថែមទាំង​មានឱកាស​ជួប​ជាមួយ​ក្រុមបច្ចេកទេស អ្នកជំនួញ និង​ក្រុម​អ្នកវិនិយោគ ដែល​អាច​ទទួល​បានកា​រ​វិនិយោគ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​នៅ​ថ្ងៃ​ខាងមុខ។

    សម្រាប់​បេក្ខភាព​ដែល​ទទួលបាន​ជយលាភី​ចំនួន 3ក្រុម នឹងត្រូវ​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ដែល​ជយលាភី​លេខ1 នឹង​ទទួលបាន 1,000 ដុល្លារ រីឯ​ជយលាភី​លេខ2ទទួលបាន 750 ដុល្លារ ហើយ​ជយលាភី​លេខ3ទទួលបាន 500 ដុល្លារ និង​រង្វាន់ផ្សេងៗជាច្រើន​ទៀត ក្រោម​ការចូលរួម​គាំទ្រ​ពី​ក្រុមហ៊ុន EZECOM ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា និង​បណ្តា​ដៃគូផ្សេងៗទៀត។

    1. ហើយ​នឹងមាន​គម្រោង ឬ​ចក្ខុវិស័យ​អ្វី​បន្តទៀត​ដែរឬទេ?

    យើង​មាន​គម្រោង និង​ចក្ខុវិស័យ​ក្នុងការ​ចែករំលែក និង​ជួយ​គាំទ្រ​ដល់​សាកលវិទ្យាល័យ​នានា នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួត​នេះ ហើយ​និង​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​សង្គម​ស៊ីវិល​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ ភាពជា​សហគ្រិន​ដល់​និស្សិត​ជាពិសេស និស្សិត​វិស្វកម្ម​តែម្តង៕