Category: សង្គម និងសេដ្ឋកិច្ច

  • សេដ្ឋកិច្ច​អាស៊ី និង​ពិភពលោក៖ អាស៊ី​ក្លាយជា​តំបន់​ដែលមាន​មហាសេដ្ឋី​លុយ​ពាន់​លាន​ច្រើនជាង​សហរដ្ឋអាមេរិក

    សេដ្ឋកិច្ច​អាស៊ី និង​ពិភពលោក៖ អាស៊ី​ក្លាយជា​តំបន់​ដែលមាន​មហាសេដ្ឋី​លុយ​ពាន់​លាន​ច្រើនជាង​សហរដ្ឋអាមេរិក

    ជា​រឿង​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ខណៈដែល​ពេលនេះ​មហាសេដ្ឋី​ដែលមាន​ប្រាក់​លំដាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​គេ​រកឃើញថា ស្ថិតនៅក្នុង​ទ្វីបអាស៊ី​ច្រើនជាង​សហរដ្ឋអាមេរិក។

    របាយការណ៍​មួយ​ចេញផ្សាយ​ដោយ UBS និង Price Water House Coopers បាន​បង្ហើប​ឱ្យដឹងថា ក្នុង​ឆ្នាំ 2016 កន្លងទៅ មាន​មហាសេដ្ឋី​ថ្មី​កើនឡើង​ប្រមាណ​ជា 17% គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា 6 លាន​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ការរីក​ធំធាត់​នេះ ភាគច្រើន​បានមកពី​ផ្នែក​ធុរកិច្ច​នៅក្នុង​ប្រទេស​ចិន​ជា​ចម្បង ដែល​រឿង​នោះបាន​ធ្វើឱ្យ​កើតមាន​មហាសេដ្ឋី​ជនជាតិ​ចិន​មាន​ប្រាក់​លំដាប់ “ពាន់​លាន” មាន​ចំនួន​ច្រើនជាង​សហរដ្ឋអាមេរិក​ជា​លើកដំបូង តែ​ទោះជា​យ៉ាង​ដូច្នេះ​មែន ក៏​មហាសេដ្ឋី​សញ្ជាតិ​អាមេរិក​នៅតែ​គ្រប់គ្រង​ភាពជា​អ្នកមាន​ទ្រព្យសម្បត្តិ​រឹងមាំ​ខ្លាំង​ជាង​ក្នុង​រង្វង់ 2.8 លាន​លាន​ដុល្លារ​អាមេរិក​ដែរ ចំណែក​អាស៊ី​នៅតែ​តាម​ពីក្រោយ​ក្នុង​រង្វង់ 1.9 លាន​លាន​ដុល្លារ​អាមេរិក​ដដែល។

    ខណៈពេល​ជាមួយគ្នា ការកើនឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​អឺរ៉ុប​វិញ បែរជា​មើលទៅ​គ្មាន​ការប្រែប្រួល​អ្វី​ជា​ដុំកំភួន​ឡើយ។ ទាំងអស់នេះ UBS បាន​វិភាគ​ថា ដោយសារតែ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​មានការ​ធ្វើ​ធុរកិច្ច​បែប​ជា​អនុរក្ស​និយម រួមទាំង​មានច្បាប់​វិន័យ​ដែល​ម៉ឺងម៉ាត់​ខ្លាំង ទើប​ក្លាយជា​រឿង​ពិបាក​ដែល​ចំនួន​មហាសេដ្ឋី​នឹង​ពង្រីក​ខ្លួន​នៅពេល​ប្រៀបធៀប​ជាមួយ​ទ្វីបអាស៊ី។

    យ៉ាងណាក៏ដោយ ភាព​គួរឱ្យ​ចាប់អារម្មណ៍​របស់​របា​យ​ការណ៍​នោះ​គឺ អាស៊ី​បាន​ក្លាយជា​ភូមិភាគ​ដែលមាន​ការរីក​ច្រើនឡើង​របស់​មហាសេដ្ឋីថ្មីៗរៀងរាល់ 3 សប្ដាហ៍ ដែល​បណ្ដាលមកពី​ការវិនិយោគទុន​របស់​រដ្ឋ​ក្នុងប្រទេស​ចិន ជាពិសេស​នយោបាយ​ការវិនិយោគ​ក្រោម​ឈ្មោះ​រដ្ឋ​របស់លោក ស៊ី ជីន​ភីង ដែល​ទើបនឹង​បានទទួល​ការជ្រើសតាំង​ឱ្យ​គ្រប់គ្រង​តំណែង​បន្តទៀត 5 ឆ្នាំ​ទៀតផង​នោះ ក៏​នឹង​រឹតតែ​ធ្វើឱ្យ​ឱកាស​នៃ​ការរីក​ធំធាត់​របស់​មហាសេដ្ឋី​ចិន​នៅតែ​កើន​ឡើងជា​បន្តបន្ទាប់។

    យ៉ាងណាក៏ដោយ នៅមាន​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ប្រការ​ទៀត នោះ​គឺ បណ្ដា​ក្រុម​អ្នកមាន​ក្នុង​យុគ​បច្ចុប្បន្ន​កំពុងផ្ដល់​ចំណាប់អារម្មណ៍​ទៅលើ​ផ្នែក​សិល្បៈ និង​កីឡា​យ៉ាងខ្លាំង​ទៀតផង ជាពិសេស​ផ្នែក​សិល្បៈ អាច​រាប់បាន​ថា ជា​ការលើក​កម្រិត​ឡើង​ទាំង​ក្នុងន័យ​ឋានៈ និង​ទ្រព្យសម្បត្តិ ដូចជា​ការដេញថ្លៃ​ផ្ទាំងគំនូរ​របស់​វិចិត្រករ Jean-Michel Basquiat ដែលមាន​តម្លៃ​ខ្ពស់​ដល់​ទៅ 110.5 លាន​ដុល្លារ​អាមេរិក រួមទាំង ក្លិប​កីឡាកំពូលៗទាំង 140 លើ​ពិភពលោក ក៏មាន​មហាសេដ្ឋីល្បីៗដល់​ទៅ 109 នាក់​កំពុង​ធ្វើជា​ម្ចាស់​ផងដែរ៕

    ប្រភព៖ Bloomberg

    ប្រែ​សម្រួល​ដោយ៖ តា​វ៉ែនតា

  • Man Utd សម្លឹង​រក​កៅអី​វគ្គ16ក្រុម ខណៈ Juventus រំពឹង​ផ្តួល Sporting

    Man Utd សម្លឹង​រក​កៅអី​វគ្គ16ក្រុម ខណៈ Juventus រំពឹង​ផ្តួល Sporting

    ក្រុម​បិសាច​ក្រហម Manchester United របស់លោក Jose Mourinho នឹង​សម្លឹង​រក​ការ​ឈ្នះ​កៅអី​ទៅ​ប្រកួត​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​បាត​តារាង Benifica ក្នុងការ​ប្រកួត​ពូ​ល A នៅ​រាត្រី​នេះ។

    ក្រុម​របស់លោក Mourinho អាច​នឹង​ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ16ក្រុម ដោយ​ការ​នៅសល់2ប្រកួត​ទៀត តាមរយៈ​ការយក​ឈ្នះ​នៅ​កីឡដ្ឋាន Old Trafford ប្រសិនបើ Basel គេច​ផុតពី​បរាជ័យ​ពេល​ប៉ះ​ក្រុម CSKA Moscow។ Man Utd មិន​ស្គាល់​ចាញ់​សោះ​លើ​ទឹកដី​ខ្លួនឯង ពី​ការជួប​ប្រកួត​ជាមួយនឹង​ក្រុម​មកពី​ព័រ​ទុយ​ហ្គា​ល់​ចំនួន12លើក ខណៈដែល​ការ​ចាញ់​ជា​លើកចុងក្រោយ​របស់​ពួកគេ​លើ​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប បាន​កើតឡើង​ក្នុង​លទ្ធផល 2-1 ពេល​ជួប​ក្រុម Real Madrid កាលពី​រដូវ​កាល​ឆ្នាំ2012-2013។

    Benfica ហាក់​កំពុងតែ​ឆ្ពោះទៅកាន់​ការធ្លាក់​ចេញ ក្រោយពី​ចាញ់3លើក​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ ហើយ​និង​លេង​ដោយ​គ្មាន​ខ្សែការពារ​ជើងចាស់ Luisao ក្រោយពី​ការរង​ពិន័យ​កាត​ក្រហម ក្នុងពេល​ក្រុម​ខ្លួន​ចាញ់ Man United 1-0 ក្នុង​ក្រុង Lisbon កាលពី2 សប្តាហ៍​មុន។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Jonas បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត​លី​ក​លើក​ទី12របស់គេ ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 1-0 លើ​ក្រុម Feirense កាលពី​ថ្ងៃ​សុក្រ ខណៈដែល​ក្រុម Man United បាន​ស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Huddersfield Town តាមរយៈ​ការ​ផ្តួល​ក្រុម Tottenham 1-0 កាលពី​ថ្ងៃ​សៅរ៍ តាមរយៈ​គ្រាប់​បាល់​ឈ្នះ​របស់ Anthony Martial។ ស្របពេល​ជាមួយគ្នានេះ Sporting Lisbon និង Juventus នឹងត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ2ក្នុង​ពូ​ល D បន្ទាប់ពី Barcelona ខណៈ​ការប្រកួត​នៅ​រាត្រី​នេះ គឺជា​ការប្រកួត​ដ៏​សំខាន់ ក្រោយពី​ក្រុម​យក្ស​របស់​អ៊ីតាលី បាន​យកឈ្នះ 2-1 កាលពី​ជើង​មុន ក្នុង​ទីក្រុង Turin។

    ក្រុម Sporting កំពុងតែ​សម្លឹង​រក​ការ​តាម​ស្មើ​ពិន្ទុ​របស់​គូប្រកួត​ខ្លួន បើទោះបី Juventus នឹង​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ទៅ​វគ្គ​បន្ត ប្រសិនបើ​ឈ្នះ​ក៏ដោយ។ Juventus ទើបតែ​បាន​កត់ត្រា​ជ័យជម្នះ6លើកជាប់ៗគ្នា​នេះ ក្នុង​ក្របខ័ណ្ឌ Serie A ហើយ​ពួកគេ​បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម AC Milan 2-០ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។ ការប្រកួត​ទាំងពីរ​គូ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport 24

  • រកឃើញឈុតប្រចាំជាតិដែលជាប់ជយលាភីក្នុងកម្មវិធី Miss Earth 2017 ហើយ

    រកឃើញឈុតប្រចាំជាតិដែលជាប់ជយលាភីក្នុងកម្មវិធី Miss Earth 2017 ហើយ

    បើតាមគេហទំព័រ normannorman ដែលបានចេញផ្សាយនៅថ្ងៃទី31 ខែតុលា ឆ្នាំ2017នេះ បានឱ្យដឹងថា ការរៀបចំប្រកួតឈុតប្រចាំប្រទេសសម្រាប់ការប្រកួតបវរកញ្ញាផែនដី ឬ Miss Earth 2017 លំដាប់អន្ដរជាតិនៅក្នុងប្រទេស ហ្វីលីពីន កាលពីរាត្រីថ្ងៃទី30 ខែតុលាកន្លងទៅថ្មីនេះៗ គេបានរកឃើញនូវឈុតប្រចាំជាតិដែលស្អាត និងមានភាពច្នៃប្រឌិតល្អដាច់គេហើយ។ ឈុតដែលបានជាប់ជយលាភីប្រចាំទ្វីបអាស៊ី មេដាយមាសបានទៅលើប្រទេស ហ្វីលីពីន ហើយមេដាយប្រាក់បានទៅលើប្រទេស ថៃ និងមេដាយសំរិទ្ធបានទៅលើប្រទេស ជប៉ុន ផងដែរ។

    គួរបញ្ជាក់ផងដែរថា មេដាយទាំងបីប្រភេទ ត្រូវបានបែងចែកទៅតាមតំបន់ទ្វីបដែលមានដូចជា អាស៊ី អឺរ៉ុបខាងលិច អឺរ៉ុបខាងកើត អាមេរិកខាងជើង អាមេរិកខាងត្បូង និងទ្វីបអាហ្វ្រិក។ ដោយឡែកកម្មវីធីប្រកួតបវរកញ្ញា Miss Earth 2017 នេះក៏នៅមានពានរង្វាន់មេដាយទំនាក់ទំនងមិត្តភាពល្អក្នុងក្រុម ដែលគេឱ្យឈ្មោះថា Miss Friendship គឺបានបែងចែកមេដាយជាបីក្រុមដែលបានទៅលើបណ្ដាប្រទេសដូចជា ៖ ប្រទេស ស៊ុយអែត សៀរ៉ា កូរ៉េខាងត្បូង ប៉េរូ អេស្ប៉ាញ ជប៉ុន ឥណ្ឌា ស្វីស និងប្រទេស តុងហ្គាផងដែរ៕

    សូមទស្សនាវីដេអូខាងក្រោម៖

     

    https://youtu.be/SiOD37g4Ks4

     

  • តារាប្រុសនៅក្នុងរឿង Lovers in Prague ទទួលមរណភាពដ៏គួរឱ្យរន្ធត់

    តារាប្រុសនៅក្នុងរឿង Lovers in Prague ទទួលមរណភាពដ៏គួរឱ្យរន្ធត់

    នៅទីបំផុតតារាប្រុសល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូងដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើន បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ ដែលបានបណ្ដាលឱ្យពិភពសិល្បៈកូរ៉េទាំងមូលមានភាពភ្ញាក់ផ្អើលជាខ្លាំង។ តារាប្រុសខាងលើមានឈ្មោះថា  Kim Joo Hyuk មានវ័យ 45ឆ្នាំដែលមហាជនអ្នកគាំទ្របានស្គាល់លោកយ៉ាងច្បាស់នៅក្នុងរឿង  Lovers in Prague  បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងគួរឱ្យរន្ធត់នៅថ្ងៃទី30 ខែតុលា ឆ្នាំ2017 វេលាម៉ោង 18.30 នាទី ។ នេះបើតាមសារព័ត៌មាន Koreaboo ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី30 ខែតុលា ឆ្នាំ2017។

     

    បើតាមមន្ត្រីប៉ូលីសនៅក្នុងតំបន់ Gangnam បានប្រាប់ឱ្យដឹងថា “នៅល្ងាចថ្ងៃទី30 ខែតុលា លោក Kim JooHyukបានបើករថយន្តត្រឡប់ទៅកាន់គេហដ្ឋានរបស់លោក។ លោកបើករថយន្ដប្រភេទ Mercedes Benz SUV ខណៈដែលលោកបានបើកបុកជាមួយរថយន្ដម៉ាក Hyundai Grandeurនោះ។ បន្ទាប់ពីបានបុកគ្នាយ៉ាងខ្លាំងរួចមក រថយន្ដតារាប្រុសរូបនេះ បានជ្រុលទៅបុកទង្គិចជាមួយអគារចំណតរថយន្ដ Samseong-dong បណ្ដាលឱ្យរថយន្ដរបស់លោកក្រឡាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ និងឆាបឆេះព្រឹបឡើងតែម្ដង។ ក្រោយកើតហេតុភ្លាមៗនេះ ក្រុមប៉ូលិសពន្លត់អគ្គីភ័យ បានជួយពន្លត់អណ្ដាតភ្លើងដែលកំពុងឆាបឆេះរថយន្ដរបស់លោក ព្រមទាំងប្រញាប់បញ្ជូនខ្លួនលោកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខណៈទៅដល់មន្ទីពេទ្យ តារាប្រុសរូបនេះទើបតែទទួលបានការជួយសង្គ្រោះបឋម CPR ដំណាក់កាលទី 1 ប៉ុណ្ណោះ ប៉ុន្តែគ្រូពេទ្យក៏បានប្រកាសឱ្យដឹងថា លោកបានស្លាប់បាត់បង់ជីវិតទៅហើយ” ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/kbpR5N2-K4c

    https://youtu.be/zSN-G47XPzY

     

  • ថ្នាក់ដឹកនាំ​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក

    ថ្នាក់ដឹកនាំ​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក

    ភ្នំពេញ៖ ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម​ជាតិ សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ។

    ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើកសម្ពោធ “ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ឆ្នាំ2017” ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី26 ខែតុលា ឆ្នាំ2017 នៅឯ​មជ្ឈមណ្ឌល​វិមាន​សុភមង្គល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ដែល​ពិព័រណ៍​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី29 តុលា។

    ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​កោតសរសើរ​ចំពោះ​ការផ្តួចផ្តើម​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បានដាក់​ចេញ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​បំផុស​ឱ្យ​ពលរដ្ឋ​កម្ពុជា​ចូលរួម​ប្រើប្រាស់​ផលិតផល​ខ្មែរ ជំនួស​ផលិតផល​នាំចូល​ពី​បរទេស។ តាមរយៈ​ការរៀបចំ និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា មាន​កំណើន​កាន់តែ​ប្រសើរ​រៀងរាល់ឆ្នាំ។

    ទន្ទឹមគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី1នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ។ សម្រាប់​រដូវ​កាល​ទី2នេះ ក្រសួង​នឹង​បន្តធ្វើ​ឱ្យបាន​នៅក្នុង​ខេត្ត-ក្រុង​ចំនួន 4ទៀត ដើម្បី​ទាក់ទាញ​ការគាំទ្រ​កាន់តែច្រើន​ពី​ប្រជាជន ចំពោះ​ផលិតផល​ខ្មែរ។

    សូមបញ្ជាក់ថា នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថ្ងៃនោះ មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន 194ក្រុមហ៊ុន និង​មាន​ស្តង់​លក់​សរុប​ចំនួន 200ស្តង់ ហើយ​ក្នុងនោះ​ក៏មាន​រៀបចំ​សិក្ខាសាលា កម្មវិធី​ជំនួប​ពិភាក្សា​រវាង​អ្នក​ផលិត-អ្នកផ្គត់ផ្គង់ និង​អ្នកបញ្ជា​ទិញ-អ្នកប្រើប្រាស់​ផលិតផល​ខ្មែរ ព្រមទាំង​ការប្រគំ​តន្ត្រី ដែលមាន​ការចូលរួម​សម្តែង​ពី​សិល្បករ និង​សិល្បការិនីល្បីៗនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ៕

  • គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ មើលឃើញ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

    គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ មើលឃើញ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

    ភ្នំពេញ – ស្របតាម​ការ​អនុវត្ដ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ«China Ready» ដែល​កម្ពុជា​រំពឹងថា នៅ​ឆ្នាំ2020 អាច​នឹង​ស្រូប​យកបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ2លាន​ក្នុង​មួយឆ្នាំ គណៈប្រតិភូ​ចិន​នៃ​ខេត្ត​គុន​មិញ បាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍ និង​កំពុងតែ​សម្លឹង​ឃើញ​ឱកាស​នៃ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​សក្ដានុពល​ខាង​ផ្នែក​ទេសចរណ៍​បែប​វប្បធម៌ និង​អេកូ​ទេសចរណ៍។

    លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ ដែលមាន​បំណង​មកវិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍ គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ផ្នែក​ទេសចរណ៍ ពិសេស​ប្រទេស​កម្ពុជា​ទាំងមូល​ពោរពេញ​ទៅដោយ​សុខសន្តិភាព ស្ថិរភាព​ន​យោ បាយ និង​ច្បាប់​វិនិយោគ​ក៏​អំណោយផល និង​ផ្តល់​ការអនុគ្រោះ​ដល់​វិ​យោគិន​ផងដែរ។ ឯកឧត្ដម​បន្ដ កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​សមាជិក​នៃ​ប្រទេស​តាម​បណ្តោយ​ផ្លូវ​សូត្រ​សមុទ្រ ដែល​នឹង​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ។ ដូច្នេះ​កំណើន​ភ្ញៀវទេសចរ​នៅ​កម្ពុជា មិនអាច​កាត់ផ្តាច់​ចេញ​បាន​ពី​ទេសចរ​ចិន​បានឡើយ។

    នៅ​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចិន 83ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំ2020 ខាងមុខ កម្ពុជា​កំពុង​រៀបចំខ្លួន​ជាច្រើន​ដើម្បី​ទាក់ទាញ និង​ស្រូបយក​ភ្ញៀវទេសចរ​ចិន​ឲ្យ​បាន​យ៉ាងតិច2លាន​នាក់ ជាមួយ​កំណើន​នៃ​ភ្ញៀវទេសចរ​បរទេស​ប្រមាណ7លាន​នាក់។ តាមរយៈ​ការ​មាន​កំណើន​ភ្ញៀវទេសចរ​បរទេស​នៅ​ឆ្នាំ2020 កម្ពុជា​នឹងត្រូវ​ការ​កម្លាំង​ពលកម្ម​បម្រើ​ការងារ​ផ្នែក​ទេសចរណ៍​ជិត1លាន​នាក់ ស្រប​ពេលដែល​ឆ្នាំ2017នេះ មាន​មនុស្ស​ម្រើ​ការងារ​ដោយផ្ទាល់​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នេះ​ជាង 62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​ទៀត។

    ជាមួយគ្នា​លោក វ៉ាង យូ ជុង អនុប្រធាន​គណៈកម្មាធិកា​រ​រដ្ឋបាល​រមណីយដ្ឋាន​ជាតិ​ខេត្ត​គុន​មិញ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ពី​ឆន្ទៈ និង​គោលបំណង​នៃ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ពិសេស​ក៏បាន​អញ្ជើញ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ទៅ​ទស្សនកិច្ច​នៅ​តំបន់​រមណីយដ្ឋាន​នៅ​ខេត្ដ​គុន​មិញ​ផងដែរ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​គ្នា​ទៅវិញទៅមក។

    គួររំឭកថា តាម​ការ​ព្យាករ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ឆ្នាំ2020 ខាងមុខ ភ្ញៀវទេសចរ​ចិន​រហូតដល់​ទៅ ជាង 200លាន​នាក់​នឹង​ចេញទៅ​ក្រៅប្រទេស​ដែលមាន​ការចំណាយ​រហូត​ជាង 420 ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ 70ភាគរយ​មក​អាស៊ី។ ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង10 ទើប បានទទួល​ភ្ញៀវទេសច​រ​ចិន​ជាង20លាន​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ទទួលបាន​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ។

    សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អាស៊ី​បូព៌ា ដែលមាន​ផ្ទៃដី​សរុប​ធំ​លំដាប់ថ្នាក់​ទី3 និង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក ជាប់​ចំណាត់ថ្នាក់​ទី2 បន្ទាប់ពី​សហរដ្ឋអាមេរិក ដោយមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជាង10ទ្រី​លាន​ដុល្លារ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ2014 ដែលមាន​អត្រាកំណើន​ជា​មធ្យម 7.4% ក្នុង​មួយឆ្នាំ និង​នៅ​ឆ្នាំ2015 មាន​ចំនួន11ទ្រី​លាន​ដុល្លារ នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែលមាន​កំណើន6.8%៕

  • ក្រុមហ៊ុន Taixi របស់​ថៃ​ចង់​ចូលមក​ទីផ្សារ​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន Taixi របស់​ថៃ​ចង់​ចូលមក​ទីផ្សារ​ប្រទេស​កម្ពុជា

    ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ Oudom Wang ប្រធាន​ក្រុមហ៊ុន Taixi Development Group Co.,Ltd. បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ចូលជួប​ពិភាក្សា​ស្ថានភាព​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ជាមួយ​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម មុននឹង​ក្រុមហ៊ុន​នេះ​សម្រេចចិត្ត​ចូលមក​វិនិយោគ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។

    លោក​សាស្ត្រាចារ្យ Oudom Wang បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន និង​ស្ថានភាព​ទីផ្សារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន។ លោក​បាន​ជម្រាបជូន​ពី​កម្រង​ក្រុមហ៊ុន​របស់ខ្លួន ដោយបាន​បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក​បាន​ចុះបញ្ជី​ការ​តាមផ្លូវ​ច្បាប់​នៅ​ប្រទេស​ថៃ​ដែលមាន​ទុន​ចុះបញ្ជី​ចំនួន20លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ចំនួន 13 និង​សាខា​ចំនួន25 ។ ក្នុងនោះ​ក្រុមហ៊ុន Taixi Development Group កាន់​ភាគហ៊ុន 100% និង​ជាង 50% នៅ​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​មាន​និយោជិត​ជាង 1,600 នាក់ មានកម្ម​វត្ថុ​អាជីវកម្ម​ដូចជា ការវិនិយោគ​ពាណិជ្ជកម្ម អចលនទ្រព្យ ដឹកជញ្ជូន​ផ្លូវអាកាស ចំណីអាហារ សណ្ឋាគារ អភិវឌ្ឍន៍​កសិកម្ម សំណង់ ឧបករណ៍​សុខាភិបាល ផលិតផល​សុខភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ទេសចរណ៍ ថាមពលបៃតង ដំណាំ និង​ផលិតផល​កៅស៊ូ ជាដើម ។

    លោក​បញ្ជាក់​បន្ថែមថា ប្រធាន​កិ​ត្ត​យស​របស់​ក្រុមហ៊ុន​គឺ ឯកឧត្តម Chavalit Yongchaiyudh អតីត​នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​ថៃ ។ ហើយ​គោលបំណង​នៃ​ជំនួប​ថ្ងៃនេះ គឺ​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​ថ្ងៃមុខ​នឹងមាន​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ ជាពិសេស​ផ្នែក​វិស័យ​រោងចក្រ​នឹង​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា គឺ​អនុវត្តតាម​គោលនយោបាយ​របស់​រដ្ឋ​ចិន​ក្នុង​ការជំរុញឱ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​មក​បណ្តាក់ទុន​នៅក្រៅ​ប្រទេស​ឱ្យបាន​ច្រើន។ ជាពិសេស​នាឱកាស​នេះ​គឺ ចង់បាន​ការណែនាំ​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា ។

    ជាមួយនឹង​ការលើកឡើង​ខាងលើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​ចាត់ទុក​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រសើរ​នៅក្នុង​តំបន់ និង​ប្រទេស​ជា​មិត្ត។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​ដោយ​លើក​កត្តា 3 យ៉ាង​ជាសំខាន់​ដែលជា​មូលដ្ឋាន​បង្ក​បរិយាកាស​វិនិយោគ​យ៉ាង​ប្រពៃ​រួមមាន៖ កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច តម្លាភាព​នៃ​ក្របខ័ណ្ឌ​ច្បាប់ និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​អនុញ្ញាតឱ្យ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ដោយ​រួច​ពន្ធ និង​មិន​ជាប់​កូតា​ទៅកាន់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ដៃគូ​ជាច្រើន​រួមទាំង​ប្រទេស​ចិន​ផងដែរ ។

    កម្ពុជា​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​បច្ចុប្បន្ន​មាន​ជិត1ពាន់​រោងចក្រ នេះ​ដោយសារ​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​នេះឯង។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ណែនាំ​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន​ចាប់អារម្មណ៍​នៅ​ទីតាំង​ខេត្ត​ព្រះសីហនុ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ក្នុង​ខេត្ត​ទាំងមូល​តែម្តង ពីព្រោះ​ជា​ខេត្ត​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ មាន​ផ្លូវ រថភ្លើង និង​ព្រលានយន្តហោះ៕

  • លោក Puel ជួប​ការរីករាយ​ថ្ងៃ​បើកឆាក ខណៈ Leicester ផ្តួល Everton

    លោក Puel ជួប​ការរីករាយ​ថ្ងៃ​បើកឆាក ខណៈ Leicester ផ្តួល Everton

    លោក Claude Puel ដែលជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម Leicester បាន​បញ្ជាក់ថា ការទទួល​ជ័យជម្នះ​លើ​ក្រុម​ទូកក្តោង Everton ក្នុង​លទ្ធផល 2-0 កាលពី​ថ្ងៃអាទិត្យ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុងការ​ចាប់ផ្តើម​ការងា​រ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់លោក។

    អតីត​គ្រូបង្វឹក​របស់​ក្លិប Southampton រូបនេះ ដែល​ត្រូវបានតែងតាំង​កាលពី​ថ្ងៃ​ពុធ ដើម្បី​ជំនួស​កន្លែង​របស់លោក Craig Shakespeare នោះ បានឃើញ Jamie Vardy បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​តំបន់​ប្រយុទ្ធ ហើយ​កីឡាករ Demarai Gray បានធ្វើ​ឲ្យ​កីឡាករ Jonjoe Kenny ស៊ុត​បាល់​ចូល​ទី​របស់​ខ្លួនឯង​មួយគ្រា​ប់។

    លោកគ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ដែល​ក្រុម​របស់លោក​បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ11នៅលើ​តារាង​ក្របខ័ណ្ឌ Premier League នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បានឃើញ​ក្រុម​មួយ​ក្នុង Leicester មាន​ស្មារតី​ប្រយុទ្ធ​ល្អ មានការ​រៀបចំ​ល្អ និង​មាន​សាមគ្គីភាព​ដ៏​រឹងមាំ»។ លោក Puel បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ទៅនឹង​ទម្រង់​លេង​របស់​កីឡាករ។

    ខ្ញុំ​សង្ឃឹមថា វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​រឿង​មួយ​ប៉ុណ្ណោះ»។ ដោយឡែក ក្រុម Everton ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​បង្វឹក​បណ្តោះអាសន្ន David Unsworth ក្រោយពី​ការបណ្តេញ​លោក Ronald Koeman កាលពី​ថ្ងៃ​ចន្ទ​នោះ នៅតែ​ស្ថិតក្នុង​តំបន់​កាត់ចោល​ដដែល។ បច្ចុប្បន្ន ក្រុម Leicester ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League រដូវ​កាល​ឆ្នាំ2015-2016 កត់ត្រា​ជ័យជម្នះ3លើកជាប់ៗគ្នា ក្នុង​ក្របខ័ណ្ឌ​កំពូល និង​ពាន Carabao Cup ដោយ​ជ័យជម្នះ​ពីរលើក​បានកើត​ឡើង​ក្រោម​ការដឹកនាំ​របស់លោក Michael Appleton និង1លើក​ទៀត​ក្រោម​ការដឹកនាំ​របស់លោក Puel៕

    ប្រភពពី៖ BBC

  • ឱក​ សុគន្ធ​កញ្ញា​ បំផុសគំនិតយុវវ័យខ្មែរ​ឱ្យចាប់ផ្ដើមអាន និងស្រឡាញ់សៀវភៅ

    ឱក​ សុគន្ធ​កញ្ញា​ បំផុសគំនិតយុវវ័យខ្មែរ​ឱ្យចាប់ផ្ដើមអាន និងស្រឡាញ់សៀវភៅ

    នាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម​ Facebook កំពុងតែចាប់អារម្មណ៍ជាខ្លាំងចំពោះសៀវភៅ “មនោសញ្ចេតនា” ដែលជាស្នាដៃថ្មីរបស់កវីនិពន្ធទំនុកច្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក សុខ ចាន់ផល ព្រមទាំងរចនាម៉ូដរូបលើក្របសៀវភៅគឺ កញ្ញា ឱក​ សុគន្ធ​កញ្ញា ដែលជាកំពូលតារាចម្រៀងល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតផង។

    នៅលើ Fcaebook Page របស់ ឱក​ សុគន្ធ​កញ្ញា បានរៀបរាប់បំផុសគំនិតយុវវ័យខ្មែរ​ឱ្យចាប់ផ្ដើមអាន និងស្រឡាញ់សៀវភៅយ៉ាងដូច្នោះថា «បើយើងក្លាយជាអ្នកដទៃ ​អ្វីៗនឹងល្អមែនទេ? មនោសញ្ចេតនា ជាសៀវភៅទីពីរដែលខ្ញុំទទួលបានពីអ្នកនិពន្ធដែលពោពេញដោយ​មនោសញ្ចេតនា សុខ​ ចាន់​ផល​ អរគុណ​បងប្រុស​ដែលបានចងក្រងសៀវភៅនេះឡើង។ ចាប់ផ្តើម​អានជាមួយនាងខ្ញុំ ឱក​ សុគន្ធ​កញ្ញា​»។ យ៉ាងណាក្ដីពីប្រភពអ្នកនិពន្ធវេទមន្ដក៏បានលើកឡើងនូវសម្ដីរបស់ ឱក​ សុគន្ធ​កញ្ញា ថា «ការងាររបស់ខ្ញុំរាល់ថ្ងៃ គឺពឹងលើការអាន បើខ្ញុំមិនអាន គឺខ្ញុំមិនដឹងថា ពាក្យដែលខ្ញុំយកទៅនិយាយជាមួយនឹងទស្សនិកជន ឬកូនក្រុមរបស់ខ្ញុំ​​​​ ត្រូវនិយាយថាម៉េចនោះទេ តែគឺខ្ញុំតែងតែសិក្សាយកពីសៀវភៅ ទើបខ្ញុំអាចយល់ដឹងពីការរស់នៅ ការប្រើប្រាស់ភាសា សិល្បៈនៃការនិយាយ តើថាយ៉ាងណាខ្លះ… »។

    ឱក សុគន្ធកញ្ញា បានបន្ដលើកឡើងថា «ក្នុងមួយទំព័រៗគឺមានពាក្យពេចន៍ច្រើនណាស់ ដូច្នេះមនុស្សម្នាក់អានសៀវភៅចប់មួយក្បាល នឹងទទួលចំណេះដឹងរាប់ម៉ឺនរាប់សែនពាក្យ យកមកប្រើមិនអស់ផង។ សៀវភៅមួយក្បាលផ្ដល់ចំណេះដឹងឱ្យអ្នកអានច្រើនលើសលប់ លើសពីអ្វីដែលយើងគិតទុក។ ហើយក្នុងទស្សនៈខ្ញុំ អ្នកនិពន្ធគឺជាមនុស្សដែលរៀនបានច្រើនមែនទែន គឺច្រើនជាងអ្វីដែលយើងកំពុងតែអាននោះផង»។

    គួរបញ្ជាក់ផងដែរថា ពិតជាគួរឱ្យកោតសរសើរណាស់ ដែលមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាដូចជា ឱក​ សុគន្ធ​កញ្ញា បានចូលរួមជំរុញការអាន ការស្រឡាញ់សៀវភៅ និងលើកទឹកចិត្តក្នុងការបន្ដវប្បធម៌នៃការអានសៀវភៅនៅកម្ពុជា បែបនេះ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍  អាចរកជាវនៅថ្ងៃនេះបាននៅតាមហាង នស២រ និង បណ្ណាល័យបញ្ញវន្ត ឬក៏តាមរយៈទូរស័ព្ទលេខ 093 482 578 និង 077 765 063៕

     

  • Taylor Swift  បង្ហាញស្ទីលអាក្រាតកាយទាំងស្រុងនៅក្នុងបទទើបចេញថ្មី

    Taylor Swift  បង្ហាញស្ទីលអាក្រាតកាយទាំងស្រុងនៅក្នុងបទទើបចេញថ្មី

    នៅពេលថ្មីៗនេះ គ្រាន់តែចាប់ផ្ដើមបទចម្រៀងថ្មី Taylor Swift  បានធ្វើឱ្យមជ្ឈដ្ឋានមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈស្ទីលអាក្រាតកាយនៅក្នុងបទ “Ready For It?” ដែលត្រូវបានអ្នកគាំទ្ររិះគន់នាងនៅក្នុង Youtubeថា ពួកគេខកចិត្តដោយសារតែគំនិតនៃការបង្កើតថ្មីមួយនេះវាខ្លាំងពេក ហើយភាពច្របូកច្របល់ និងបង្ហាញភាពពិសពុលកាន់តែខ្លាំងឡើងទៀតផង។

    ជាក់ស្ដែងនៅក្នុងបទចម្រៀងមួយបទនេះនាង Taylor Swift បានលេងស្ទីលអាក្រាតកាយ អណ្ដែតនៅលើលម្ហ ទាំងរាងកាយនាងត្រូវបានគ្រប់គ្រងដោយថាមពលវិទ្យាសាស្ត្រ ត្រឹមវិនាទីខ្លីៗតែប៉ុណ្ណោះ  ក៏ប៉ុន្ដែរូបអាក្រាតបែបនេះ បែរមានរហូតដល់ទៅច្រើនប្លង់ទៅវិញ។ យ៉ាងណាមិញ គួរកត់សម្គាល់ដែលថា បទចម្រៀងនេះ គឺមិនមានប្លង់ថ្មី និងគំនិតថ្មីឡើយ ។ តារាស្រីរូបនេះក៏ត្រូវបានអ្នកគាំទ្ររិះគន់បន្ថែមថា ប្រើប្រាស់ប្លង់ដដែលៗ គឺ ប្លង់ដេកដួល ដែលមានសឹងតែគ្រប់បទ ប្រហែលនាងចង់បង្ហាញពីអត្តសញ្ញាណរបស់នាងក៏មិនដឹង?។

    គួរបញ្ជាក់ផងដែរថា បទ “Ready For It?”  ត្រូវបានបង្ហោះនៅលើ Youtube នៅថ្ងៃទី26 ខែតុលា ឆ្នាំ2017 ថ្មីៗនេះ រហូតមកទល់ពេលនេះ ម៉ោងនេះ មានអ្នកចូលទស្សនាកើនឡើងដល់ 16,485,053 ហើយ តែជាអកុសល​មានអ្នក​បោះ​ឆ្នោតមិនចូលចិត្តរហូតដល់ទៅ 74 ពាន់នាក់ឯណោះ៕