Category: សង្គម និងសេដ្ឋកិច្ច

  • ពិធីការិនី ចាន់ កែវ​និមល សើចលែងសម ខណៈ ពេជ្រ ថៃ ប្រើពាក្យ “គីគីលូ”

    ពិធីការិនី ចាន់ កែវ​និមល សើចលែងសម ខណៈ ពេជ្រ ថៃ ប្រើពាក្យ “គីគីលូ”

    ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូករយៈពេល 3 ថ្ងៃបានបញ្ចប់ហើយ នៅក្នុងនោះគេសង្កេតឃើញថា ប្រជាជនខ្មែរទូទាំងនគរបានសប្បាយរីករាយ និងសាទរ ព្រមទាំងធ្វើដំណើរកម្សាន្ដយ៉ាងសប្បាយរីករាយ មិនថាតែមកពីបណ្ដាខេត្ត ក្រុងនានា និងនៅក្នុងរាជធានីភ្នំពេញឡើយ។ ដោយឡែក នៅមុខបរិវេណឆាកប្រគំតន្ត្រី ខារ៉ាបាវឯនេះវិញ ក៏ទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។

    នៅក្នុងវគ្គមួយដែលមានវត្តមានតារាចម្រៀងវ័យក្មេង ដែលទើបតែជាប់ជយលាភីពីកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia គឺកុមារា ពេជ្រ ថៃ ជាម្ចាស់ពាន និង កុមារា ឡុង លីគ័ង្គ បានបកស្រាយបទចម្រៀងរួមគ្នា ដែលមានចំណងជើងថា “ក្បត់ហួសទៅហើយ” ពីសំនៀងដើមរបស់គ្រូបង្វឹក ព្រាប សុវត្ថិ។ នៅពេលការបកស្រាយបទចម្រៀងបានបញ្ជប់ ពិធីករ-ពិធីការិនីនៅក្នុងកម្មវិធីទាំងមូលដែលរួមមាន លោកជា វិបុល កញ្ញាចាន់ កែវ​និមល កញ្ញា ថន លក្ខិណា និងលោក ញ៉ែម សុគន្ធ បានចេញមករាក់ទាក់ និងនិយាយកំប្លែងលេងជាមួយអ្នកទាំងពីរ ក្នុងគោលបំណងដើម្បីបង្កបរិយាកាសសប្បាយរីករាយបន្ថែមទៀត។

    លុះដល់ពិធីករ ជា វិបុល ប្រកាសឱ្យសួរសំនួរចុងក្រោយដែលពាក់ព័ន្ធជាមួយពាក្យសន្សាមុនពេលដែល ពេជ្រ ថៃបានកាន់ពាន។ និយាយសួរចុះ សួរឡើងៗ អ្នកនាង និមល ក៏បានបង្គាប់ឱ្យ ពេជ្រ ថៃ និយាយតាមអ្នកនាងរហូតដល់ ពេជ្រ ថៃធ្លោយមាត់របូតពាក្យថា “គីគីលូ”  ដាក់មុខទស្សនិកជន បណ្ដាលឱ្យអ្នកនាង និមល សើចតលែងសមតែម្ដង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ទស្សនាកម្រងរូបភាព Pre-Wedding របស់កវីល្បីឈ្មោះ សុខ ជំនោរ

    ទស្សនាកម្រងរូបភាព Pre-Wedding របស់កវីល្បីឈ្មោះ សុខ ជំនោរ

    ប៉ុន្មានម៉ោងមុននេះបន្ដិច  គូ​ដណ្ដឹង​របស់​លោក​ សុខ ជំនោរ គឺ​កញ្ញា ស្រី សុ​រង្សី បានបង្ហោះរូបថតជាច្រើនសន្លឹកលើបណ្ដាញទំនាក់ទំនងសង្គម Fcaebook ដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយកវីល្បីឈ្មោះរូបនេះ ។ គេសង្កេតឃើញថា រូបភាពទាំងអស់នេះ គឺជាកម្រងរូបភាព Pre-Wedding  ដែលបានផ្ដិតយកទេសភាពនៅខេត្តមណ្ឌលគិរី។ មានមួយសន្លឹកដែលបញ្ជាក់ពីស្នេហាដ៏ស្មោះស័្មគ្ររវាងអ្នកទាំងពីរដោយបានចារជាអក្ខរានៅលើរូបភាពថា “មាត់មិននិយាយ តែបេះដូងឮ”  អូហូ! ពិតជាផ្អែមជាងស្ករ និងទឹកឃ្មុំទៅទៀត មិនមែនធម្មតាទេ!។ ប្រសិនបើប្រិយមិត្តបានឃើញហើយ ពិតជាអត់មិនសរសើរ មិនបានឡើយ។

    គួររំឭកផងដែរថា ​លោក​ សុខ ជំនោរ និងគូដណ្ដឹងកញ្ញា ស្រី សុ​រង្សី  បានភ្ជាប់ពាក្យនៅថ្ងៃទី6 ខែសីហា ឆ្នាំ2017 ហើយត្រៀមនឹងចូលរោងការនៅអំឡុងខែវិច្ឆិកានេះហើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • សម្រស់ Miss Earth 2017 រងការរិះគន់យ៉ាងខ្លាំង

    សម្រស់ Miss Earth 2017 រងការរិះគន់យ៉ាងខ្លាំង

    ថ្មីៗនេះ តំណែងបវរកញ្ញាផែនដី ឬ Miss Earth 2017 ត្រូវបានទៅលើបវរកញ្ញា Karen Ibasco ជនជាតិហ្វ៊ីលីពីន និងព្រមទាំងទទួលបានការបំពាក់មកុដពីអតីតបវរកញ្ញាផែនដី កញ្ញា  Katherine Espin តំណាងបវរកញ្ញាផែនដីអេក្វាឌ័រ ដែលជាជយលាភីកាលពីឆ្នាំមុនផងដែរ។ នេះបើតាមសារព័ត៌មាន Abs-cbn ដែលបានចេញផ្សាយនៅថ្ងៃទី5 ខែតុលា ឆ្នាំ2017 ។

    អំឡុងពេលប្រកួតសំនួរ-ចម្លើយ បេក្ខនារី Karen Ibasco ត្រូវបានចាប់ឆ្នោតចំសំណួរដែលចោទសួរថា “តើអ្វីទៅ ឬនរណាគេដែលអ្នកនាងគិតថា ជាសត្រូវដ៏ធំបំផុតរបស់មាតាផែនដី? និងព្រោះហេតុអ្វី?” ។ មិនបង្អង់យូរ នាង Ibascoបានតបថា “នាងខ្ញុំជឿជាក់ថា បញ្ហាពិតប្រាកដនៅក្នុងពិភពលោកនេះ មិនមែនមានតែការប្រែប្រួលរបស់អាកាសធាតុនោះទេ។ បញ្ហាពិតប្រាកដគឺ ខ្លួនយើងផ្ទាល់ ពីព្រោះតែភាពល្ងង់ខ្លៅ និងភាពព្រងើយកន្ដើយរបស់យើងហ្នឹងឯង។ អ្វីដែលយើងត្រូវធ្វើគឺ ត្រូវចាប់ផ្តើមផ្លាស់ប្តូរវិធីរស់នៅរបស់យើង ដើម្បីចាប់ផ្តើមធ្វើឱ្យចិត្តរបស់យើងត្រឡប់មកវិញ និងផ្លាស់ប្តូរទិសដៅរបស់យើង ពីព្រោះការរួបរួមគ្នាជាសហគមន៍សកល និងកិច្ចខិតខំប្រឹងប្រែង ដោយរួមផ្សំពីចំណុចតូចៗ ដើម្បីជួយសង្គ្រោះកន្លែងរស់នៅ  និងស្រុកកំណើតរបស់យើងដែលនៅលើភពផែនដីនេះ”។

    គួរបញ្ជាក់ផងដែរថា យ៉ាងណាមិញ គេសង្កេតឃើញនៅលើបណ្ដាញសង្គម Facebook បច្ចុប្បន្ននេះកំពុងរិះគន់សម្រស់របស់បវរកញ្ញា  Karen Ibasco ថាដូចជា នារីភេទទី3 ដែលមើលទៅដូចជាមានវ័យចំណាស់ទៀតផង។ ការមិនពេញចិត្តនេះ បានបណ្ដាលឱ្យមានការរិះគន់ដល់កម្មវិធី  Miss Earth 2017 ដែលបានធ្វើឡើងនៅប្រទេស ហ្វីលីពីន ទាំងមូលទៀតផង៕

  • កម្ពុជា​បង្កើត​អនុក្រឹត្យ​សហភាព​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​លើកដំបូង

    កម្ពុជា​បង្កើត​អនុក្រឹត្យ​សហភាព​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​លើកដំបូង

    ភ្នំពេញ៖ ឆ្លើយតប​នឹង​កង្វល់​ក៏​ដួច​ជា​សេចក្តីត្រូវការ​របស់​ស​ហ​គ្រិន និង​អ្នកវិនិយោគ​ក្នុងស្រុក រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្កើត​សេចក្តីព្រាង​អនុក្រឹត្យ​សម្រាប់​បង្កើត​សហភាព​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​សំណូមពរ​របស់​ពួកគេ​ឱ្យបាន​ទាន់ពេលវេលា។

    ក្នុង​អង្គប្រជុំ​នៅឯ​ទីស្តីការក្រសួង ក្រុម​ម្ចាស់​សហគ្រាស​នានា​បានបង្ហាញ​ពី​ក្តីកង្វល់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជាច្រើន​ដូចជា​ពន្ធដា​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម ការទទួលស្គាល់​គុណភាព​ទំនិញ និង​ផលិតផល ទំនិញ​ក្លែងបន្លំ​លើ​ទីផ្សារ ការបន្លំ និង​ចម្លង​ម៉ូដ​ហូល ផាមួង សំពត់​សឹង​ខ្មែរ ការបង់​កម្រៃ​សេវា​ដាក់​ស្លាក​ទំនិញ​ពីរដង ការកែច្នៃ និង​ការនាំចេញ​ផ្តៅ ល្ពា​ក់ ឫស្សី និង​ឈើ​ដាំ(អាកាស្យា ប្រេងខ្យល់ និង​កៅស៊ូ )ទៅ​ក្រៅប្រទេស។

    ក្រៅពី​ការងារ​ខាងលើ ក្រុម​ម្ចាស់​សហគ្រាស​បានធ្វើការ​ត្អូញត្អែរ​ពី​ការធ្វើ​អធិការកិច្ច​ច្រើនដង​ពេក​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការខ្វះខាត​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ការសម្រួល​បែបបទ​ការនាំចេញ​សម្រាប់​ផលិតផល​ចេញពី​សហគ្រាស​ធុន​តូច និង​មធ្យម ការលំបាក​ក្នុង​ការនាំ​កសិផល​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ដោយ​ខ្លួនឯង ការ​ប្រឈម​ខ្ពស់​ផ្នែក​ទីផ្សារ​ម្រេច​កម្ពុជា​ក្រោយ​ឆ្នាំ2018 ការធ្វើ​ឆៀករថយន្ត​ដឹកទំនិញ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម  ការប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​អាជីវកម្ម​ជាពិសេស​ការសរសេរ Logo ឈ្មោះ​ក្រុមហ៊ុន ឬ​រោងចក្រ​សហគ្រាស​ជាដើម ហើយ​ពួកគេ​បានស្នើ​ឱ្យមាន​ការបង្កើត​សួន​ឧស្សាហកម្ម​និង​សិប្បកម្ម បង្កើត​សហគមន៍​លក់​ផលិតផល​កសិកម្ម​នៅតាម​បណ្តា​ខេត្ត​នានា ការទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ការផ្គត់ផ្គង់​វិស័យ​ទឹកស្អាត ព​ន្លឿ​ន​ការចេញ​លិខិតបញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ សម្រាប់​ផលិតផល​កែច្នៃ សម្រួល​បែបបទ​ការផ្សព្វផ្សាយ​ផលិតផល​ម្រុំ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា-និង​ការ​នៅ​បែកខ្ញែក​គ្នា​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ជាដើម ។

    ដោយឡែក​សេចក្តីព្រាង​អនុក្រឹត្យ បង្កើត​សហភាព​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ត្រូវបាន​ឯកឧត្តម គឹម ទូច​អាន ជូន​ដល់​អង្គពិធី និង​ស្នើឱ្យ​ពិនិត្យ និង​ពិចារណា​ក្នុងការ​កែសម្រួល និង​ផ្តល់​ធាតុ​ចូលក្នុង​រយៈពេល​មួយខែ​ក្រោយ ដើម្បីឱ្យ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ អនុវត្តបាន​ប្រកបដោយ​ភាពរលូន និង​ប្រសិទ្ធភាព៕

  • កម្ពុជា​ទទួលបាន​អ្វីខ្លះ​ពី​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ

    កម្ពុជា​ទទួលបាន​អ្វីខ្លះ​ពី​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ

    ភ្នំពេញ –  ខណៈ​កម្ពុជា​បាននិងកំពុង​គាំទ្រ​យុទ្ធសាស្ដ្រ​នៃ​ប្រទេស​ចិន​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង (Xi Jinping) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏មាន​ការលើក​ជា​ចម្ងល់​ឡើង​ដែរ​ថា តើ​គោលនយោបាយ​នេះ​បានផ្ដល់​សារៈសំខាន់​អ្វីខ្លះ​ដល់​កម្ពុជា?

    ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ2017ដែល​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់-អូស្ត្រាលី សហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​ផ្ដួចផ្ដើម​ផ្លូវ និង គំនិត​ផ្ដួចផ្ដើម​នៃ​ការបង្កើត​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​នេះ ព្រោះ​វា​មិន​ត្រឹមតែ​នាំមក​នូវ​ឧត្ដមប្រយោជន៍​ជូន​ប្រទេស​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ តែ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុង​ការជំរុញ​ការតភ្ជាប់ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និង​ហិរញ្ញវត្ថុ ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ។តាមរយៈ​គំនិត​ផ្ដួចផ្ដើម​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចពង្រឹង​សហប្រតិបត្តិការ និង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម នៅ​ថ្ងៃទី15 ខែតុលា ឆ្នាំ2015 នៅ​ទីក្រុង​ប៉េកាំង។

    ពាណិជ្ជកម្ម​មួយចំនួន​ដែល​កម្ពុជា​ទទួលបាន​តា​មរយៈ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ និង​ខ្សែក្រវាត់​នេះ មាន​ដូចខាងក្រោម៖

    1) ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន China Huanneng Group របស់​ចិន​ជាមួយ​ក្រុមហ៊ុន Royal Group របស់​កម្ពុជា ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​400MW នៅ​ទន្លេសេសាន​ក្រោម ដែល​នឹង​ក្លាយជា​រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​នៅ​កម្ពុជា ដោយមាន​ទុនវិនិយោគ​ប្រមាណ 900 លាន​ដុល្លារ​អាមេរិក។

    2) ការវិនិយោគ​ប្រមាណ 1,4 ប៊ី​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​246MW នៅ​ស្ទឹង​តា​តៃ ដែល​នឹងមាន​សមត្ថភាព​ចែកចាយ​អគ្គិសនី​ចំនួន30 ភាគរយ​នៃ​អគ្គិសនី​ត្រូវការ​សរុប។

    3) វិនិយោគ​លើ​គម្រោង​ផ្លូវ​ចំនួន16 ខ្សែ​ក្រោម​តម្លៃ​សរុប1,6 ប៊ី​លាន​ដុល្លារ​អាមេរិក។

    4) វិនិយោគ​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅ​ទីក្រុង​សៀមរាប ដែលមាន​តម្លៃ880 លាន​ដុល្លារ​អាមេរិក។

    5) ចិន​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ 300,000 តោន​ក្នុង​ឆ្នាំ2018

    យុទ្ធសាស្ដ្រ​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ (Road and Belt Initiative or One Belt One Road) ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង (Xi Jinping) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ឆ្នាំ២០១៣ ដែលមាន​គោលបំណង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម ដើម្បី​ត​ភ្ជាប់​ទ្វីបអាស៊ី ជាមួយ​អឺរ៉ុប និង​អាហ្វ្រិក តាមផ្លូវ​ពាណិជ្ជកម្ម​សូត្រ​ពី​ជំនាន់​មុន៕

  • សុគន្ធ ថេរ៉ាយុ បញ្ចេញរថយន្ដប្រណីតភ្លាម ប៉ះសម្ដីជាមួយអ្នកលេងហ្វេសប៊ុកភ្លែត

    សុគន្ធ ថេរ៉ាយុ បញ្ចេញរថយន្ដប្រណីតភ្លាម ប៉ះសម្ដីជាមួយអ្នកលេងហ្វេសប៊ុកភ្លែត

    មួយរយៈចុងក្រោយថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរថយន្តប្រណីតសេរ៊ីថ្មី Land Cruiser 2017 ដែលមានតម្លៃជិត 20 ម៉ឺនដុល្លារសហរដ្ឋអាមេរិកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះក៏បានប៉ះសម្ដីរិះគន់ជាមួយអ្នកលេងហ្វេសប៊ុក ដែលលោកបានចាត់ទុកពួកគេថា ជាអ្នកតាមដានជីវិតឯកជនរបស់លោក ។

    ដោយឡែកប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា អ្នកនិយមតាមដានរឿង សុគន្ធ ថេរ៉ាយុ បានបង្ហោះសារឌឺដងគ្នាមួយចំនួនពីរនាក់តែម្ដង ដែលត្រូវបានគេស្គាល់ថា ជាហ្វេសប៊ុកដែលមានឈ្មោះថា Yura Kun និងឈ្មោះ  PuthyPrak បានសរសេរសារក្នុងន័យតែមួយទាំងពីរនាក់តែម្ដងថា “Land Cruiser 08 ឡើង 017 តម្លៃយ៉ាងច្រើន 7ម៉ឺនដុល្លារ ហើយថា តម្លៃជិត20ម៉ឺនដុល្លារ អីណា!” ។ ភ្លាមៗ តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានថតស្គ្រីន យករូបភាពរបស់គណនីទាំងពីរបង្ហោះព្រមទាំងតសម្ដីថា “អរគុណដល់លោកកូនអ្នកមាន ដែលបានតាមដានជីវិតឯកជនរបស់ខ្ញុំ ខ្ញុំអត់លុយទិញឡានរាប់សិបម៉ឺនដូចលោកទេ ចាំបាច់អីមកខ្វល់ពីជីវិតខ្ញុំ…រស់ដូចជីវិតខ្លួនឯងដោយស្រួលទៅវាថី?” ។

    គួរបញ្ជាក់ផងដែរថា មិនបានប៉ុន្មាននាទីផង គណនីហ្វេសប៊ុកទាំងពីរខាងលើ បានចូលទៅ Comment ក្នុងព័ត៌មានដែលខ្លួនបានស៊ែរ ដោយបញ្ជាក់ប្រាប់ទៅតារារូបនេះវិញថា “ខ្ញុំហ៊ានស្បថ ខ្ញុំមិនបាននិយាយពីលោកទេ គឺគ្រាន់តែស៊ែរព័ត៌មានពីគេប៉ុណ្ណោះ” ។ ក្នុង Comment នោះ បន្ទាប់មកគេសង្គេតឃើញថា តារាចម្រៀងដែលយីអ៊ុនខ្ពស់នេះបានតបទៅវិញថា “បើអ៊ីចឹងល្អហើយ យើងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេ ខ្ញុំរស់ដោយជីវិតខ្ញុំ លោករស់ដោយជីវិតលោក កុំប៉ះពាល់គ្នា” ។

    ជាចុងក្រោយ ដោយក្ដីមិនសូវសប្បាយចិត្ត តារាចម្រៀងរូបនេះ ក៏បានបញ្ចេញសារថ្មីមួយទៀតថា ” មួយរយះនេះសម្បូរឆ្កែឆ្មាតាមខាំណាស់ អាណិតគ្នាដែរ ហេតុតែគ្នាច្រណែន ចង់ប្រាប់ថា បើមនុស្សមានខួរគិត គេអត់គិតគំនិតចេញមកដូចអ្នកឯងទេ មានតែខួរប្រឡាក់លាមកដូចអ្នកឯងទេដែលគិតចេញមកបែបនេះ ឃើញគេមានជួយអរគេទៅ ច្រណែនគេក៏គ្មានបានអីដែរ បានតែក្តៅក្រហាយអត់ប្រយោជន៍ទេអាក្អូន ខំប្រឹងតែខ្លួនឯងឱ្យល្អទៅ ជីវិតរបស់គេជាសិទ្ធិគេ ជីវិតអ្នកជាសិទ្ធិរបស់អ្នក កុំលូកលាន់គ្នា បើមិនពេញចិត្តទេកុំមើល អូសចោលទៅមិនបាច់ខំប្រឹង share & comment នាំតែខាតពេល និងអស់ថ្លៃ internet ទេ ចង់ប្រាប់ថា អត់បានឈឺក្បាលជាមួយទេ កុំខំប្រឹងធ្វើអ៊ីចឹងអី”៕

  • ស្រូវ​ក្រអូប​ចាប់ផ្តើម​ប្រមូល​ផល ជាមួយ​តម្លៃ​សមរម្យ​ក្នុងឆ្នាំនេះ

    ស្រូវ​ក្រអូប​ចាប់ផ្តើម​ប្រមូល​ផល ជាមួយ​តម្លៃ​សមរម្យ​ក្នុងឆ្នាំនេះ

    រដូវ​ប្រមូល​ផល​ស្រូវ​ផ្កាម្លិះ​ក្នុងឆ្នាំនេះ​បាន​ចូល​មកដល់​ជាមួយ​តម្លៃ​ស្រូវ​ខ្ពស់ជាង​ឆ្នាំមុន ស្របពេល​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​សន្ទុះ​វិជ្ជមាន ដោយ​កើនឡើង​ទាំង​តម្លៃ និង​បរិមាណ​ដែល​បង្កើតជា​ក្តីសង្ឃឹម​ថ្មី​មួយទៀត​សម្រាប់​ប្រជាកសិករ​ខ្មែរ។

    ម្ចាស់​រោង​ម៉ាស៊ីន​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ភាគ​ពាយព្យ​បាន​កត់សម្គាល់ថា ស្រូវ​ផ្កាម្លិះ​បានចាប់ផ្តើម​ជាមួយ​តម្លៃ​ប្រសើរ​ជាង​រដូវ​កាល​មុន ព្រោះ​តម្លៃ​ស្រូវ​សើម​បានចាប់ផ្តើម​ជិត1,200រៀល​ក្នុង1គីឡូក្រាម ខណៈ​រោង​ម៉ាស៊ីន​ជាច្រើន​បាន​ត្រៀមខ្លួន​ទិញស្រូវ​ផ្កាម្លិះ​សម្រាប់​កិន​កែច្នៃ ដើម្បី​បម្រើ​ដល់ទី​ផ្សារ​នាំចេញ និង​លក់​ចែកចាយ​ក្នុងស្រុក។

    នាយក​ក្រុមហ៊ុន​ថ្មគោល រ៉ា​យស៍ នៅ​ខេត្តបាត់ដំបង លោក ហេង ផេង បាន​ប្រាប់ទៀតថា ការប្រមូល​ផល​ស្រូវ​ផ្កាម្លិះ​នឹងមាន​ភាព​មមាញឹក​ខ្លាំង​នា​ពាក់កណ្តាល​ខែវិច្ឆិកា។ ការប្រមូល​ទិញស្រូវ​ផ្កាម្លិះ​ត្រូវបាន​គេ​ធ្វើឡើង​តាម​រូបភាព​ជាច្រើន ដោយ​ម្ចាស់​រោង​ម៉ាស៊ីន​ខ្លះ​ចុះទៅ​ទិញ​ដោយផ្ទាល់ ខ្លះ​ពឹង​ឈ្មួញកណ្តាល​ឱ្យ​ដឹក​មកដល់​រោង​ម៉ាស៊ីន ហើយ​ក៏មាន​កសិករ​ខ្លះ​ដឹក​មក​លក់​ដល់​រោង​ម៉ាស៊ីន​ដោយផ្ទាល់​ដែរ ដោយ​អ្នក​ដែលមាន​រថយន្ត​ដឹក​ដោយ​ខ្លួនឯង​អាចបង្កើត​ប្រាក់ចំណេញ​បាន​ច្រើនជាង​អ្នក​ដែល​ពឹង​ផ្អែកលើ​ឈ្មួញកណ្តាល។

    លោក ហេង ផេង បាន​អះអាងថា៖“អ្នកមាន​រថយន្ត​ដឹក​ខ្លួនឯង គេ​ងាយ​លុកលុយ​ទៅ​ទិញ​ដល់ទី​តាំង​ច្រកល្ហកផ្សេងៗ នៅពេល​ដែលមាន​អ្នក​ផ្តល់ដំណឹង។ បើ​គេ​ពឹង​ឈ្មួញកណ្តាល ឈ្មួញកណ្តាល​បាន​ចំណេញ​លើ​ការដឹកជញ្ជូន និង​ចំណេញ​លើ​ក្បាលកាក់​បន្ថែមទៀត។ លោក រុន ចាន់​ណ​យ ម្ចាស់​រោង​ម៉ាស៊ីន​នៅ​ខេត្តបន្ទាយមានជ័យ ក៏បាន​អះអាង​ពី​ការកើនឡើង​តម្លៃ​ស្រូវ​នៅក្នុង​ឆ្នាំនេះ​ផងដែរ។ ចំណែក លោក ហ៊ុល ខ្លែម ប្រធាន​សហគមន៍​កសិក​ម្ម សង្ហា​ផល នៅ​ខេត្តបាត់ដំបង បាន​និយាយថា នៅ​សហគមន៍​របស់លោក​មិនទាន់​ប្រមូល​ផល​ស្រូវ​ផ្កាម្លិះ​ទេ គឺ​រហូតដល់​ចុង​សប្តាហ៍​ទី1នៃ​ខែវិច្ឆិកា​ទើប​ការប្រមូល​ផល​ចាប់ផ្តើម។ តម្លៃ​ស្រូវ​ដែល​ចាប់ផ្តើម​ឡើង​ជាង1,000រៀល​ក្នុង1គីឡូក្រាម នេះ​គឺជា​តម្លៃ​ដែល​កសិករ​អាច​ទទួល​យកបាន។ លោក​បន្តថា តម្លៃ​ស្រូវ​ផ្កាម្លិះ ឬ​ផ្ការំដួល​នេះ បាន​ហក់​ឡើង​រហូតដល់ 1,500-1,600រៀល​ក្នុង1គីឡូក្រាម កាលពី​ប៉ុន្មាន​ឆ្នាំមុន តែ​ក្រោយ​មកវា​បាន​ធ្លាក់ចុះ​រហូត។

    លោក ហ៊ុន ខ្លែម បាន​ថ្លែងថា៖“ខ្ញុំ​ឆ្ងល់​ណាស់ កម្ពុជា​ឮថា​ខ្វះ​អង្ករ​សម្រាប់​នាំចេញ​រហូត តែ​ដល់ពេល​កសិករ​ប្រមូល​ផល បែរជា​តម្លៃ​ធ្លាក់ចុះ ហើយ​អ្នកខ្លះ​បង្អង់​មិន​ទិញ​ដោយ​រង់ចាំ​ឱ្យ​ស្រូវ​ធ្លាក់​គុណភាព​ទើប​នាំគ្នា​ទិញ។ ស្រូវ​នៅ​កម្ពុជា​យើង​តិច​ណាស់​ហេតុអ្វី​គេ​វាយតម្លៃ​តួលេខ​នេះ​មិនត្រូវ?។ តួលេខ​នាំចេញ​អង្ករ​បានបង្ហាញ​ពី​ការ​ងើបឡើង​ច្រើន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល9ខែ​កន្លងទៅ​ដោយមាន​កំណើន​រហូត​ជិត17% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ការនាំចេញ​អង្ករ​រយៈពេល9ខែ​ឆ្នាំ2017 នេះ​មាន​បរិមាណ​ជាង42ម៉ឺន​តោន ខណៈ​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ត្រឹម​ជាង 36ម៉ឺន​តោន​ប៉ុណ្ណោះ៕

  • លោក Guardiola សរសើរ​ទម្រង់​លេង​របស់ Man City ក្រោយ​លត់ Arsenal ចាស់ដៃ

    លោក Guardiola សរសើរ​ទម្រង់​លេង​របស់ Man City ក្រោយ​លត់ Arsenal ចាស់ដៃ

    លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester City បាន​កោតសរសើរ​ចំពោះ​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ក្រុម​លោក ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Arsenal យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 3-1 កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្កើន​ការនាំ​មុខ​របស់​ពួកគេ​រហូតដល់​ទៅ8ពិន្ទុ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League។

    Man City បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក 9លើកជាប់ៗគ្នា ដែលជា​កំណត់ត្រា​មួយ​សម្រាប់​រដូវ​កាល​តែមួយ ខណៈដែល​ពួកគេ​ក៏បាន​ឈានទៅ​ប្រកួត​ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League និង​ឈានទៅ​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup ផងដែរ។ លោក Guardiola បាន​បញ្ជាក់ថា៖ «យើង​មិនអាច​បដិសេធ​បានឡើយ​ថា រយៈពេល2ខែ​ចុង​ក្រោយនេះ ពិតជា​អស្ចារ្យ​ណាស់។ យើង​បានដឹង​ពី​សារៈសំខាន់​នៃ​ការប្រកួត​នេះ ហើយ​យើង​បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អ។ កីឡាករ​ទាំងអស់​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​អស្ចារ្យ»។

    ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Kevin de Bruyne និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Sergio Aguero បាន​ជួយ​ឲ្យ​ក្រុម Man City គ្រប់គ្រង​ទាំងស្រុង ហើយ​បើទោះបី​ខ្សែប្រយុទ្ធ​បម្រុង Alexandre Lacazette បាន​វាយបក1គ្រាប់​វិញ​សម្រាប់​ក្រុម Arsenal ក៏ដោយ ប៉ុន្តែ Gabriel Jesus បាន​បំពេញ​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ។ Arsenal បាន​សម្តែង​នូវ​ការតវ៉ា​យ៉ាងខ្លាំង​ចំពោះ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ហើយ​ទាំង Jesus និង David Silva ហាក់​បាន​ស្ថិតក្នុង​ជំហរ Offside ក្នុងពេល​រក​គ្រាប់​បាល់​ទី3 ប៉ុន្តែ ក្រុម​ភ្ញៀវ ក៏​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ល្អ​ឡើយ។ លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​ឲ្យ​ដឹងថា៖ «វា​ពិតជា​មិន​សំណាង​ឡើយ​ដែល​ការប្រកួត​នេះ​បានបញ្ចប់​បែបនេះ។ អ្នក​អាច​ទទួលយកបាន​ប្រសិនបើ Man City ឈ្នះ​ដោយ​ភាពត្រឹមត្រូវ ប៉ុន្តែ នេះ​គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ»៕

    ប្រភពពី៖ BBC

  • ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    វា​ជា​រឿង​មួយ​សំណាង​ណាស់ ប្រសិនបើ​ស្បែក​របស់​អ្នក​មិនដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​បន្ទាប់ពី​កើតមុន​រួច ប៉ុន្តែ​សំណាង​នេះ​មិន​កើតមាន​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​នោះទេ ហេតុដូច្នេះ​ហើយ​បានជា​ពួកគាត់​តែងតែ​ខិតខំ​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​កុំឱ្យ​កើតមុន ក៏ដូចជា​ខិតខំ​ប្រើប្រាស់​ផលិតផល​ជាច្រើន​ប្រភេទ​ទាំង​ផលិតផល​បែប​ធម្មជាតិ និង​លាយ​ជាតិគីមី ដើម្បី​បំបាត់ចោល​នូវ​រាល់​ស្លាកស្នាម​ដែល​នឹង​កើតមានឡើង​បន្ទាប់ពី​កើតមុន​រួច។

    ស្លាកស្នាម​អាច​កើតមាន​នៅលើ​ស្បែក ដោយសារតែ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង ឬ​អាច​បណ្តាលមកពី​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ រហូត​បណ្តាលឱ្យ​ក្លាយជា​ស្លាកស្នាម។ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​នេះ​បណ្តាលមកពី​ការបំផ្លាញ​នៃ​ស្រទាប់​ស្បែក។

    ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ជាទូទៅ​តែងតែ​កើតមាន​នៅលើ​មុខ ខ្នង ស្មា និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ។ ស្នាម​ទាំងនេះ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ស្នាមសើៗលើ​ស្បែក​និង​ស្នាម​ដែល​ចូល​ជ្រៅ​ទៅក្នុង​សាច់។ ស្នាមសើៗនៅលើ​ស្បែក​ជា​ស្នាមតូចៗដែល​អាចមើលឃើញ​តាមរយៈ​ការឆ្លុះ​កញ្ចក់​ពិនិត្យមើល ហើយ​ការព្យាបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ស្នាម​ជ្រៅ​វិញ​នោះ(ស្នាម​ធំ​ខូង​ជ្រៅ​ទៅក្នុង​ស្បែក) វា​មានការ​ពិបាក​ក្នុងការ​ព្យាបាល ឬ​អាច​នឹង​ព្យាបាល​មិន​បាត់​តែម្តង ប្រសិនបើ​អ្នក​មិន​រួសរាន់​ក្នុងការ​ព្យាបាល​វា​ទេនោះ។

    ការព្យាបាល​តាមបែប​គីមី ៖ ការព្យាបាល​បែបនេះ​ភាគច្រើន​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​អ្នក​ដែលមាន​ស្នាម​ជ្រៅ (ទទួលបាន​លទ្ធផល​ល្អ​ច្រើន) ហើយ​រយៈពេល​នៃ​ការព្យាបាល​គឺ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​ស្លាកស្នាម។ ប្រសិនបើ​អ្នក​ចង់​ទទួល​ការព្យាបាល​តាមបែប​គីមីដែរនោះ អ្នក​គួរតែ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ទើប​ជាការ​ប្រសើរ។

    ការព្យាបាល​ដោយ​ឡាស៊ែរ ៖ នេះ​ក៏​ជា​វិធី​ព្យាបាល​មួយទៀត​ដែល​តែងតែ​ផ្តល់នូវ​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្នាម​គ្រប់​ប្រភេទ ជាពិសេស​ស្នាមធំៗ ឬ​ខូង​ចូល​ជ្រៅ​ទៅក្នុង​សាច់​ជាដើម។

    ការព្យាបាល​ដោយ​ផលិតផល​កម្ចាត់​ស្នាម ៖ វា​អាច​មិនមាន​ប្រសិទ្ធភាព​លឿន​ដូច​ការព្យាបាល​ដោយ​គីមី ឬ​ដោយ​ឡាស៊ែរ​នោះទេ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល ហើយ​សូមកុំ​បារម្ភ​ខ្លាំងពេក​អី​ព្រោះ​បច្ចុប្បន្ននេះ​មាន​ផលិតផល​ខ្លះ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ស្នាម​ហើយក៏​មិន​ប្រើ​ពេលវេលា​យូរពេក​នោះដែរ។

    ព្យាបាល​តាមបែប​ធម្មជាតិ ៖ ភាគច្រើន​ការព្យាបាល​ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​តាម​វិធី​ធម្មជាតិ​ត្រូវបាន​គេ​អនុវត្ត​នៅពេល​វា​ទើបតែ​កើតថ្មីៗ ហើយ​ជា​ស្នាម​ដែលមាន​ទ្រង់ទ្រាយ​តូច។ មិន​ពិបាក​ណាស់ណា​ទេ បើ​អ្នក​ចង់​ព្យាបាល​ដោយ​វិធី​ធម្មជាតិ ដោយ​ធ្វើតាមដំណាក់កាល​មួយចំនួន​ដូចជា លាង​សម្អាត​មុខ​ឱ្យ​ស្អាត ជូត​មុខ​ឱ្យ​ស្ងួត រួច​យក​សំឡី​មួយ​ដុំ​តូច​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ដែលមាន​លាយ​ជាមួយ​ទឹក​បន្តិច មក​ជូត​ពីលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ស្នាម រួច​ទុកចោល15នាទី ឬ​ពេញ​មួយ​យប់​ក៏បាន បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច។ វិធី​នេះ​អាច​ប្រើ​ពេលវេលា​យូរ​បន្តិច​ហើយ តែ​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​បន្ទាប់ពី​ព្យាបាល​រួច៕

  • Morata រកបាន​គ្រាប់​បាល់ ខណៈ Chelsea ផ្តល់​ការខកចិត្ត​ធំ​ដល់ Man United

    Morata រកបាន​គ្រាប់​បាល់ ខណៈ Chelsea ផ្តល់​ការខកចិត្ត​ធំ​ដល់ Man United

    ខ្សែប្រយុទ្ធ Alvaro Morata របស់​ក្រុម Chelsea បានធ្វើ​ឲ្យ​លោក Jose Mourinho រង​បរាជ័យ​យ៉ាង​ខកចិត្ត​មួយ​ផ្សេងទៀត​នៅពេល​ប្រកួត​ជាមួយនឹង​អតីត​ក្លិប​របស់លោក ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​កត់ត្រា​ជ័យជម្នះ​ដ៏​សំខាន់​ក្នុង​លទ្ធផល 1-០ លើ​ក្រុម Manchester United កាលពី​ថ្ងៃអាទិត្យ។

    Morata បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ សម្រាប់​ក្រុម​របស់លោក Antonio Conte ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានតែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​នៅ​ដើមតង់​ទី2 នា​កីឡដ្ឋាន Stamford Bridge។ ក្រោយពី​បាន​រង​បរាជ័យ​ពីរលើក​នៅលើ​ទឹកដី​ក្រុម Chelsea ក្នុង​រដូវ​កាល​ទី1របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Man United លោក Mourinho ដែល​បានឈ្នះ​ពាន​កំពូល​អង់គ្លេស3លើក​ក្នុងពេល​ដឹកនាំ​ក្រុម Chelsea 2លើក​នោះ កំពុងតែ​ស៊ាំ​នឹង​ការខកចិត្ត​ដោយ​ការចាកចេញ​ពី​ទីក្រុង​ឡុង​ដ៍​ប៉ែក​ខាងលិច​នេះ​ដោយ​គ្មានអ្វី​សោះ​ក្នុង​ដៃ។ នេះ​គឺជា​ការខកចិត្ត​ដ៏​ធំ​មួយ​សម្រាប់​លោក Mourinho ខណៈដែល​ការរង​បរាជ័យ​ជា​លើក​ទី2ក្នុងចំណោម​ការប្រកួត​ក្របខ័ណ្ឌ Premier League 3លើកចុងក្រោយ​របស់​ពួកគេ ធ្វើ​ឲ្យ​ក្រុម​ឈរ​លេខ2 Man United ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City រហូតដល់​ទៅ8ពិន្ទុ។ ស្របពេល​ជាមួយគ្នានេះ លោក Antonio Conte ក៏បាន​បង្កើត​ជម្លោះ​កាន់តែខ្លាំង​ជាមួយនឹង​លោក Mourinho ក្រោយពី​បាន​ព្រងើយកន្តើយ​នឹង​ការ​ចាប់ដៃ​ជាមួយនឹង​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ តាមរយៈ​ការធ្វើជារ​ត់ទៅ​អបអរ​ជាមួយនឹង​កីឡាករ​របស់លោក និង​អ្នកគាំទ្រ​នៅលើ​ទីលាន​ទៅវិញ។

    នៅពេលដែល​ត្រូវបាន​ចោទសួរ​ពី​ការមិន​ចាប់ដៃ​នេះ លោក Conte បាន​បង្ហើប​ថា ការមិន​ផ្តល់​ការគោរព​របស់លោក​ទៅកាន់ Mourinho គឺជា​ហេតុផល​នៃ​ការមិន​ចាប់ដៃ​របស់លោក៕

    ប្រភពពី៖ Sport24