Category: សង្គម និងសេដ្ឋកិច្ច

  • Kane និង Winks នឹង​អវត្តមាន​នៅពេល​អង់គ្លេស ជួប​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល

    Kane និង Winks នឹង​អវត្តមាន​នៅពេល​អង់គ្លេស ជួប​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល

    ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane ត្រូវបាន​លុបឈ្មោះ​ចេញពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល ក្រោយពី​ការត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ស្គែ​ន​ទៅលើ​បញ្ហា​របួស​របស់គេ​រួចមក ធ្វើ​ឲ្យ​លោក Gareth Southgate សម្រេចចិត្ត​ឲ្យ​រូបគេ​សម្រាក​តែម្តង។

    Harry Kane

    Kane បាន​ជួប​បញ្ហា​របួស​ក្នុងពេល​ក្រុម Tottenham Hotspur ដណ្តើមបាន​ជ័យជម្នះ 1-០ លើ​ក្រុម Crystal Palace កាលពី​ថ្ងៃ​សៅរ៍ និង​បាន​ស្នាក់​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដើម្បី​ទទួលបាន​ការព្យាបាល ខណៈដែល​កីឡាករ​របស់​ក្រុម​អង់គ្លេស​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​បញ្ចូល​ឈ្មោះ​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន St George’s Park។ ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ធ្វើការ​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ។ ខ្សែបម្រើ Harry Winks ដែលជា​មិត្ត​រួម​ក្រុម Spurs របស់ Kane ក៏​នឹងត្រូវ​អវត្តមាន​ផងដែរ ក្រោយពី​បាន​ជួប​បញ្ហា​របួស​កជើង អំឡុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace ដូចគ្នា ដែល​ធ្វើ​ឲ្យ​លោក Southgate កាន់តែ​ខកចិត្ត​ចំពោះ​ការបំពេញ​ក្រុម​របស់លោក​ជាមួយនឹង​កីឡាករឆ្នើមៗរបស់ Spurs។ លោក Southgate បាន​អវត្តមាន​ខ្សែបម្រើ​ឆ្នើម Dele Alli ម្នាក់​រួចទៅហើយ ដោយសារតែ​បញ្ហា​របួស។

    Harry Winks

    ក្រោយពី​ការដកខ្លួន​របស់ Kane និង Winks ខ្សែបម្រើ Jake Livermore របស់​ក្លិប West Bromwich Albion ត្រូវបាន​កោះហៅ​កាលពី​ថ្ងៃ​ចន្ទ៕

    ប្រភពពី៖ The Guardian

  • តួប្រុសៗនៅក្នុងរឿង F4 2018 ពិតជាស្រស់សង្ហាអស្ចារ្យមែន!

    តួប្រុសៗនៅក្នុងរឿង F4 2018 ពិតជាស្រស់សង្ហាអស្ចារ្យមែន!

    តាមរយៈទស្សនាវដ្តីចិន ​BAZAAR ដែលចេញផ្សាយលេខថ្មី កាលពីពេលថ្មីៗនេះ​ បានយករូបតួសម្ដែងនៅក្នុងរឿង​ F4 2018 របស់ប្រទេសចិនមកឡើងក្របមុខទាំងអស់ ដើម្បីជាការពញ្ញាក់ និងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្ររឿង Flower Boys មួយនេះ។ បើតាមសារព័ត៌មាន Kenh14 ដែលបានចេញផ្សាយនៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 នេះ ក៏បានឱ្យដឹងផងដែរថា ជំនាន់ចុងក្រោយនៃរឿង F4 ដែលធ្លាប់ទទួលបានភាពល្បីល្បាញទូទាំងសកលលោកកាលពីឆ្នាំ 2001នោះ ឥឡូវនេះត្រូវបានដាក់ចំណងជើងថ្មីថា  F4 in 2018’s Meteor Garden ។

    ដោយឡែកកម្លោះសង្ហាទាំង 4 នាក់នៅក្នុងរឿងនេះរួមមាន លោក He Wong មានវ័យទើបតែ 19 ឆ្នាំ មកពីខេត្ត Chengdu ។ លោក Quan Hong មានអាយុ 22 ឆ្នាំជាតារាសម្ដែងប្រចាំទីក្រុង តៃប៉ិ ។ រីឯតារាបង្ហាញម៉ូដ និងសម្ដែង Liang Jing មានវ័យ 23 ឆ្នាំ មានស្រុកកំណើតនៅខេត្ត Guangzhou និងតារាប្រុសចុងក្រោយ មុខដូចតារាកូនកាត់ចិន-អឺរ៉ុបមួយនេះ មានឈ្មោះថា Wu មានអាយុ 22 ឆ្នាំ មកពីខេត្ត Shenzhen។ អ្នកទាំង4 បានមកជួបគ្នាជាលើកដំបូងនៅក្នុងការថតរូបដាក់ក្របមុខឱ្យទស្សនាវដ្តីខាងលើ ដែលកាន់តែធ្វើឱ្យនារីៗជាច្រើនកំពុងជ្រួលច្របល់ចំពោះសម្រស់ដ៏ស្រស់សង្ហារបស់ពួកគេ។

    បើចង់ដឹងថា តើ ក្រុម F4 ជំនាន់ថ្មីនេះមានរូបរាងមុខមាត់ស្រស់សង្ហាប៉ុនណានោះ សូមប្រិយមិត្តទាំងឡាយទស្សនារូបភាពរបស់ពួកគេខាងក្រោមនេះ៖

  • បុរសៗដឹង​ឬទេគ្រាន់តែ​ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ?

    បុរសៗដឹង​ឬទេគ្រាន់តែ​ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ?

    វិធីងាយៗ ដែល​ធ្វើឱ្យ​បុរស​យើង​មាន​ស្បែក​ពោះ​ស្អាត មាន​សាច់ដុំ​ពោះ6កង់​ដោយ​វិធីងាយៗបំផុត ព្រោះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន បានដឹងថា បុរស​មួយចំនួន​ធ្វើ​ការងារ​នឿយហត់ មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​ការហាត់​ប្រាណ​ប៉​ន្មា​ន​ទេ។ ដូច្នេះ​គ្រាន់តែ​ដកដង្ហើម​ក៏​អ្នក​អាចមាន​សាច់ដុំ​ពោះ6កង់​បានដែរ គ្រាន់តែ​ធ្វើតាម​វិធី​ខាងក្រោម​នេះ​តែប៉ុណ្ណោះ។

    ពិតប្រាកដ​ណាស់ បច្ចុប្បន្ននេះ​គឺមាន​ភាព​សំខាន់​ខ្លាំង​ដែលបុរសៗគួរ​យកចិត្តទុកដាក់​ទាក់ទង​នឹង​សុខភាព​រាងកាយ​របស់​ខ្លួន ព្រោះ​ក្រៅពី​បានទទួល​នូវ​សុខភាព​រាងកាយ​រឹងមាំ​ហើយ ភាព​មាន​ទំនុកចិត្ត​ក៏​មក​តាម​ជាមួយ​ផងដែរ។ ប្រសិនបើ​រាងកាយ​ស្រស់​សង្ហា ការ​ហុច​ផល​តប​មកវិញ​នោះ​គឺ មន្ត​ស្នេហ៍​ដែល​ទាក់ទាញ​ចំពោះនារីៗនៅ​ជុំវិញខ្លួន ដូច្នេះ​ការហាត់​ប្រាណ​ខ្ជាប់ខ្ជួន និង​ការ​ទទួលទាន​អាហារ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់ ក៏​ប៉ុន្ដែគន្លឹះ​មួយទៀត​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ ការធ្វើ​លំ​ហាត់​ដង្ហើម។

    ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ! បុរស​ជាច្រើន​ប្រហែលជា​ឆ្ងល់​ហើយ​ថា វា​ពិតជា​អាចជួយ​បាន​មែន​ឬទេ? គ្រាន់តែ​ដកដង្ហើម​នេះ នឹង​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ​បាន?ដូច្នេះ​យើង​សូម​ជម្រាប​តែម្ដង​ថា វា​ពិតជា​បាន​ផល​ពិតមែន ព្រោះ​ការដកដង្ហើម​ឱ្យជ្រៅៗ និងវែងៗវា​ជួយ​ឱ្យ​រាងកាយ​នាំយក​នូវ​អុកស៊ីហ៊ែ្សន​ចូលទៅក្នុង​រាងកាយ​បាន​គ្រប់គ្រាន់ ព្រមទាំង​ជួយ​កម្ចាត់កាបូនឌីអុកស៊ីត​បាន​យ៉ាង​ប្រសើរ ហើយ​វា​បាន​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ជួយ​រំញោច​ប​ញ្ជេ​ញ​នូវ​កាកសំណល់ និង​ភាព​តានតឹង អារម្មណ៍​ធុញ​ថ​ប់ ដែលជា​ការ​ហុច​ផល​ល្អ​ដល់​ការ​សម្មាធិ​របស់​អ្នក។

    ខាងក្រោម​នេះ​ជាការ​អនុវត្ត​ការ​ដង្ហើម ដើម្បី​ទទួលបាន​សាច់ដុំ​ពោះ6កង់

    1-ដកដង្ហើម​បែប Concentric និង Eccentric
    អ្នក​អាច​កាន់​កូន​ដុំ​ដែក​នៅក្នុង​ដៃ​ទាំងពីរ​សងខាង រួម​ធ្វើ​លំ​ហាត់​ដង្ហើម ដោយ Concentric គឺជា​ការលើក​ដុំ​ដែក​ឡើង ហើយ​ដក​ដង្ហើមចេញ។ រីឯ​លំ​ហាត់ប្រាណ Eccentric គឺជា​ការទម្លាក់​ដុំ​ដែក​ចុះ រួច​ដកដង្ហើម​ចូល
    មក​ក្នុង​រាងកាយ​វិញ ការធ្វើ​លំ​ហាត់​ដង្ហើម​បែបនេះ គឺជា​ការ​ស្រូបយក​អុក​ស៊ី​ហ្សែ​៊​ន​ដែល​ត្រឹមត្រូវ។ អ្នក​អាចធ្វើ​លំ​ហាត់​ដង្ហើម​បែបនេះ​ក្នុង​រយៈពេល30វិនាទី​ម្ដង ឱ្យបាន​គ្រប់​ចំនួន200ដង​ឡើងទៅ។

    2-Valsava Maneuver
    នៅក្នុង​ពោះ​របស់​អ្នក​អាច​នឹងមាន​ខ្យល់​ស្រាប់​ហើយ ដូច្នេះ​ការធ្វើ​លំ​ហាត់ប្រាណ​វិធី​នេះ គឺ​ការរក្សា​លំនឹង​ខ្យល់​នៅក្នុង​ពោះ ដែលមាន3ដំណាក់កាល​គឺ Intra (ផ្នែក​ខាងក្នុង) Abdominal (បរិវេណ​ពោះ) និង Pressure (ផ្នែក​ខាងក្រោម)។ ការអនុវត្ត​គឺ អ្នក​ត្រូវ​ដកដង្ហើម​ចូលក្នុង​ខ្លួន​សិន រួច​បោះដៃ​ទាំងសងខាង​តម្រង់​ទៅខាង​មុខ បន្ទាប់មក​បន្ទន់​ជង្គង់​អង្គុយ​ចុះ។ បន្ទាប់មកទៀត​ត្រូវ​ក្រោក​ឡើង​ត្រឹម​ពាក់កណ្ដាល​ខ្លួន ហើយ​បញ្ចេញ​ដង្ហើម​បន្តិច​សិន រួច​ខណៈដែល​អ្នក​ក្រោកឈរ​ពេញទំហឹង ទើបត្រូវ​បញ្ចេញ​ខ្យល់​ដង្ហើម​មក​ក្រៅ​ទាំងអស់​តែម្ដង។

    3-Push-up
    តាមរយៈ​ភាសារ​អង់គ្លេស​ត្រូវបាន​គេ​ហៅថា Push-up ឬ​ខ្មែរ​យើង​និយម​ហៅថា ពុ​យ​អា​វ៉ង់ ការ​ធ្វើ​លំ​ហាត់​ដង្ហើម បែបនេះគីជាការ​ប្រឹង​សាច់ដុំ​ពោះ​ដូចគ្នា​ផងដែរ៕

  • “តោះ​និយាយ​ពី​លុយ” ប្រើ​សៀវភៅងាយៗ និង​វីដេអូកំប្លែងៗដើម្បី​អប់រំ​ពី​ហិរញ្ញវត្ថុ

    “តោះ​និយាយ​ពី​លុយ” ប្រើ​សៀវភៅងាយៗ និង​វីដេអូកំប្លែងៗដើម្បី​អប់រំ​ពី​ហិរញ្ញវត្ថុ

    “តោះ​និយាយ​ពី​លុយ” ជា​កម្មវិធី​មួយ​ដែល​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៅ​ម្ពុ​ជា ដើម្បី​អប់រំ​អំពី​ហិរញ្ញវត្ថុ​ដល់​កុមារតូចៗ និង​សាធារណជន​នានា​ដើម្បី​បង្កើត​ទម្លាប់​នៅក្នុង​ការ​សន្សំ និង​ការចាយវាយ​ឱ្យបាន​ត្រឹមត្រូវ។

    នាពេលថ្មីៗនេះ យុទ្ធនាការ “តោះ​និយាយ​ពី​លុយ” បានចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ នៅតាម​បណ្តា​សាលារៀន​នានា​នៅ​កម្ពុជា រួមទាំង​តាម​បណ្តាញ​សង្គម​ទៀតផង។ សកម្មភាព​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ពី​ក្នុង​យុទ្ធនាការ​នេះ គឺ​ការបង្កើត​សៀវភៅ​ដែលមាន​រូបភាព​ច្រើនយ៉ាង​ទាក់ទាញ​សម្រាប់​កុមារ ហើយ​ក៏មាន​វីដេអូ​កំប្លែងខ្លីៗ រួមទាំង​ចម្រៀង​ថែម​ទៀតផង ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​យុវវ័យ និង​មនុស្ស​គ្រប់គ្នា​ឱ្យ​ស្វែងយល់​ពី​ការប្រើប្រាស់​លុយកាក់​ឱ្យបាន​ត្រឹមត្រូវ។

    លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា យុទ្ធនាការ “តោះ​និយាយ​ពី​លុយ” ជា​កម្មវិធី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​បានផ្តល់​ផលប្រយោជន៍​សម្រាប់​មនុ​ស្ស​ទូទៅ ព្រោះថា កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​ចំណេះដឹងងាយៗពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​លុយកាក់​ដែល​វា​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុងការ​រស់នៅ។

    លោកជំទាវ ក៏បាន​លើកឡើង​ផងដែរ​ថា យុទ្ធនាការ​នេះ ក៏​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុង​ការអប់រំ​ប្រជាពលរដ្ឋ​ពី​ចំណេះដឹង​ដើម្បី​ការពារ​ខ្លួន​ពី​ការកេងបន្លំ​តាមរយៈ​ការជ្រើសរើស និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឱ្យបាន​ត្រឹមត្រូវ និង​ចំ​គោលដៅ។

    គួរបញ្ជាក់​ផងដែរ​ថា ការបង្កើត​វីដេអូ​កំប្លែង​ទាំងអស់នេះ ជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុងការ​ទាក់ទាញ​ឱ្យ​មនុស្ស​គ្រប់គ្នា​បង្កើន​ចំណេះដឹង​ប្រកបដោយ​ភាព​រីករាយ ហើយ​វា​ក៏បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ការរស់នៅ​ផងដែរ៕

  • បណ្ណាល័យ​មាន​តួនាទី​លើសពី​ការ​ទៅ​អង្គុយ​អាន និង​ខ្ចី​សៀវភៅ

    បណ្ណាល័យ​មាន​តួនាទី​លើសពី​ការ​ទៅ​អង្គុយ​អាន និង​ខ្ចី​សៀវភៅ

    បណ្ណាល័យ​ជា​កន្លែង​ដែលមាន​សារៈសំខាន់​មួយ​សម្រាប់​អ្នកធ្វើ​គោលនយោបាយ​នានា អ្នកសិក្សា​ស្រាវជ្រាវ អ្នកនិពន្ធ សិស្ស-និស្សិត និង​ប្រជាជន​ទូទៅ ព្រោះ​វា​ជា​ប្រភព​នៃ​ចំណេះដឹង​គ្រប់បែបយ៉ាង​ដែល​គាំទ្រ​ដល់​ការរស់នៅ និង​ការអភិវឌ្ឍ។

    ជាទូទៅ នៅ​កម្ពុជា​យើង​មិនបាន​មើលឃើញ​ពី​សារៈសំខាន់​របស់​បណ្ណាល័យ​អស់​នោះទេ ព្រោះថា នៅក្នុង​បណ្ណាល័យ​គឺមាន​មុខងារយ៉ាងសំខាន់ៗជាច្រើន​ផ្សេងទៀត​លើសពី​ការដែល​គ្រាន់តែ​ទៅ​អង្គុយ​អាន និង​ខ្ចី​សៀវភៅ។ ដើម្បី​បង្ហាញ​ចំណុច​សំខាន់​នានា​នៃ​បណ្ណាល័យ ឡា​រ៉ែ​ន បានធ្វើ​បទ​សម្ភាស​ជាមួយនឹង លោក សុខ ឡាក់ ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត ដែល​លោក​នឹង​បញ្ជាក់​ពី​ចំណុច​លម្អិត​នានា​ដែលមាន​នៅក្នុង​បណ្ណាល័យ រួមទាំង​ចំណុចសំខាន់ៗមួយចំនួនទៀត​សម្រាប់​សាធារណជន​ឱ្យបាន​យល់​កាន់តែច្បាស់​ពី​តម្លៃ​នៃ​បណ្ណាល័យ។

    1.តើ​បណ្ណាល័យ​មាន​សារៈសំខាន់​អ្វីខ្លះ​សម្រាប់​មនុស្ស​គ្រប់រូប?

    បណ្ណាល័យ​មាន​សារៈសំខាន់​ជាច្រើន​សម្រាប់​ការរស់នៅ និង​សម្រាប់​សង្គម។ នៅ​ប្រទេស​មួយចំនួន ជាពិសេស​សិង្ហ​បុរី បណ្ណាល័យ​ជា​កន្លែង​យ៉ាងសំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ ព្រោះថា នៅ​បណ្ណាល័យ​មាន​ឯកសារ​ចាំបាច់​ជាច្រើន​ដែល​បម្រើឱ្យ​ការអប់រំ ការងារ និង​ការរស់នៅ រួមទាំង​ឯកសារ​ដែល​ផ្តល់នូវ​គុណ​តម្លៃ​សម្រាប់​តម្រូវការ​សង្គម​ទៀតផង។

    លើសពីនេះទៅទៀត​បណ្ណាល័យ​ក៏​ជា​កន្លែង​ដែល​អាចធ្វើឱ្យ​មនុស្ស​មានគំនិត​បើកទូលាយ ហើយ​មានការ​ពិចារណា​យ៉ាង​ល្អិតល្អន់​លើ​ព័ត៌មាន​នានា ដែល​ត្រូវបាន​គេ​លើកឡើងថា វា​ជា​រឿង​ពិត ឬ​ជា​រឿង​មិន​ពិត។ ម្យ៉ាងវិញទៀត បណ្ណាល័យ​ក៏​ជា​កន្លែង​ដែល​សម្រួល​ច្រើន​ដល់​អ្នក​ដែល​សិក្សា​ស្រាវជ្រាវ​ដើម្បី​ដឹង​ពី​ប្រព​ភ​នៃ​ព័ត៌មានថ្មីៗ រួមទាំង​ជា​កន្លែង​ដែល​ផ្តល់​គំនិត​សម្រាប់​អ្នកនិពន្ធ​លើ​ប្រធានបទ​ដែល​ត្រូវ​សរសេរ​ឱ្យស្រប​នឹង​តម្រូវការ​សង្គម ឬ​ប្រកបដោយ​គុណ​តម្លៃ​ថែម​ទៀតផង។

    1. ក្រៅពី​ការ​ទៅ​អាន និង​ការខ្ចី​សៀវភៅ​ហើយ តើ​បណ្ណាល័យ​អាចមាន​សេវាកម្ម​អ្វីខ្លះ​សម្រាប់​មនុស្ស​គ្រប់គ្នា?

    មនុស្ស​ជាច្រើន​នៅ​កម្ពុជា បាន​យល់ច្រឡំ​ថា បណ្ណាល័យ​គឺ​គ្រាន់តែ​ជា​កន្លែង​សម្រាប់​ទៅ​អង្គុយ​អាន និង​សម្រាប់​ខ្ចី​សៀវភៅ​មក​អាន​តែប៉ុណ្ណោះ តែ​តាមពិតទៅ​បណ្ណាល័យ​មានរឿង​ជាច្រើន​លើសពីនេះ។ នៅក្នុង​បណ្ណាល័យ​មួយ​ដែលមាន​លក្ខណៈ​ស្តង់ដារ​គេ​អាចមាន​សេវា​ជាច្រើន​ដូចជា សេវាកម្ម reference service ដែល​សេវាកម្ម​សម្រួល​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ ជាពិសេស​និស្សិត​នូវ​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ឯកសា​រយោង សេវាកម្ម​ផ្តល់​ឯកសារ​សង្ខេប​ដែល​ដកស្រង់​យកតែ​ចំណុចសំខាន់ៗនៃ​ឯកសារ​របស់​អ្នកស្រាវជ្រាវ​ពី​គ្រប់​ទីកន្លែង​សម្រាប់​អ្នក​ដែល​ត្រូវការ​ចំណុចសំខាន់ៗពី​ក្នុង​សៀវភៅ តែ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​សេវាកម្ម​ប្រឹក្សា​យោបល់ និង​សេវាកម្មសំខាន់ៗមួយចំនួនទៀត​ដែល​ក្នុងនោះ​មាន​ទាំង​សេវាកម្ម​ខ្ចី-សង​ផងដែរ។

    លើសពីនេះទៅទៀត នៅ​ប្រទេស​ខ្លះ បណ្ណាល័យ​ក៏​ជា​កន្លែង​ដែល​គាំទ្រ​ដល់​អ្នកនិពន្ធ​ក្នុងការ​រក្សា​កម្ម​សិទ្ធ​បញ្ញា​ថែម​ទៀតផង។

    1. តើ​ដើម្បីឱ្យ​បណ្ណាល័យ​មួយ​មាន​ភាព​សកម្ម​តើ​យើង​ត្រូវធ្វើ​ដូចម្តេចខ្លះ?

    បញ្ហាសំខាន់​នៅក្នុង​បណ្ណាល័យ​គឺ​ធនធានមនុស្ស បច្ចេកវិទ្យា និង​ចំនួន​សៀវភៅ​នៅមានកម្រិត។ ហើយ​បញ្ហា​ទាំងអស់នេះ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បណ្ណាល័យ​មាន​ភាព​សកម្ម។

    បណ្ណាល័យ​មួយ​អាច​សកម្ម​ទៅបាន​លុះត្រា​តែមាន​អ្នកជំនាញ​បណ្ណាល័យ ដែល​ពួកគាត់​ជា​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​លើ​ការប្រើប្រាស់​សៀវភៅ ការរៀបចំ និង​ត្រួតពិនិត្យ​សៀវភៅ​ទៅតាម​ផ្នែក​នានា បច្ចេកទេស​ក្នុងការ​បង្ហាញ​សៀវភៅ​ដែល​ភាគច្រើន​គេ​ផ្តោតលើ​កាតាឡុក (catalog) និង​ជា​អ្នក​ដែល​យល់ច្បាស់​ពី​សេវាកម្ម​ក្នុងការ​ផ្តល់ឱ្យ​នូវ​ឯក​សារ​យោង រួមទាំង​ចំណេះដឹង​មួយចំនួនទៀត។

    ម្យ៉ាងវិញទៀត បច្ចេកវិទ្យា​ក៏​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​បណ្ណាល័យ​ដែរ ព្រោះ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា ការបង្កើត​កាតាឡុក ជា​រឿង​សំខាន់​ក្នុង​បច្ចេកវិទ្យា ដើម្បី​សម្រួល​ដល់​អ្នកអាន និង​ដើម្បី​បង្ហាញ​ពី​សៀវភៅសំខាន់ៗទៅកាន់​អ្នកអាន​ដែល​សកម្មភាព​នេះ​អាចធ្វើឱ្យ​ការចូលទៅ​អាន​នឹង​កាន់​តែមាន​សកម្ម​ភាពខ្លាំង​ឡើង។

    ក្រៅពីនេះ ចំពោះ​បណ្ណាល័យ​កុមារ​វិញ គេ​អាច​បង្កើតជា​សកម្មភាពសប្បាយៗ ដោយ​ក្នុង​នោះគេ​អាច​លេងល្បែង​កម្សាន្ត​មួយចំនួន​ដើម្បី​ជំរុញ​ការអាន និង​បង្កើន​ភាពសប្បាយ​រីករាយ​សម្រាប់​អ្នកអាន​ជាដើម៕

  • ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines បង្កើន​សេវាកម្ម​ទំនើប​ក្នុង​យន្តហោះ A380

    ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines បង្កើន​សេវាកម្ម​ទំនើប​ក្នុង​យន្តហោះ A380

    សាំង​ហ្គា​ពួរ អ៊ែរ​ឡាញ បង្ហាញ​ជើងហោះហើរ​កំពូល​ទំនើប​នៅក្នុង​យន្តហោះ A380 ដែលជា​បន្ទប់​ធ្វើដំណើរ First Classe ដែល​បំពាក់​ដោយ​ឧបករណ៍​ផ្ដល់​ភាពងាយស្រួលទំនើបៗ និង​គ្រឿងសង្ហារិម​ដ៏​សម្បូរបែប ដូចជា ទូ​ដាក់​សម្លៀកបំពាក់​ផ្ទាល់ខ្លួន ទូ​ដាក់​អីវ៉ាន់​ផ្ទាល់ខ្លួន រួមទាំង​ទូរទស្សន៍​ខ្នាត​ធំ​ទំហំ 32 អ៊ិ​ញ​ទៀតផង។

    ក្លាយជា​រឿង​ដ៏​គួរ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​មួយ ដែល​ក្នុង​មួយរយៈក្រោយៗនេះ ធុរកិច្ច​ការហោះហើរ​ចាប់ផ្ដើម​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ជាពិសេស​ការបន្ថែម​សិ​ទ្ធិ​ពិសេស​ក្នុងអំឡុងពេល​ធ្វើដំណើរ ដែលមាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​បំពាក់​បន្ទប់​ងូតទឹក​ផ្ទាល់ខ្លួន​នៅក្នុង​យន្តហោះ រហូតដល់​ការបម្រើ​សេវាកម្ម​ម្ហូបអាហារទំនើបៗដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​អ្នកធ្វើដំណើរ​ទៀតផង។

    តែ​ភាព​ពិសេស​របស់​យន្តហោះ A380 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines ដែល​នឹងធ្វើ​ដំណើរ​ពី​ប្រទេស​សិង្ហ​បុរី​ទៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​វិញ​នោះ នឹង​ចេញមក​ព្រមជាមួយ​គ្រឿងសង្ហារិម​ដ៏​កំពូល​ទំនើប Poltrona Frau របស់​អ៊ីតាលី គ្រែ​គេង​ដែល​នាំចូល​ពី​ប្រទេស បារាំង ដោយ​នៅក្នុង​យន្តហោះ​នេះ​នឹងមាន​បន្ទប់​ធ្វើដំណើរ​ត្រឹមតែ 6 បន្ទប់​ប៉ុណ្ណោះ។ បើសិនជា​ប្រៀបធៀប​ទៅ វា​ប្រៀបដូចជា​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន​ហើយ​បន្ថែម​ភាពទំនើប​ដូច​បន្ទប់ Sweet របស់​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ 5 ដូច្នោះ​ដែរ។ ចំណែក​តម្លៃ​សំបុត្រ​ធ្វើដំណើរ​វិញ គឺ​ស្ថិត​ក្នុងតម្លៃ​ប្រមាណ​ជា 9,500 ផោន​ដ៍(ជាង1ម៉ឺន​ដុល្លារ​អាមេរិក)សម្រាប់​បន្ទប់​ធ្វើដំណើរ​មួយ។

    សម្រាប់​ការលើក​លំដាប់​យន្តហោះ A380 ឱ្យ​ក្លាយជា​យន្តហោះ​ពាណិជ្ជ​ដឹក​អ្នកដំណើរ​ដែល​ទំនើប​ប្រៀបដូចជា​បន្ទប់ Sweet នៅក្នុង​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ 5 នេះ មានការ​ចំណាយ​ថវិកា​ក្នុងការ​កែសម្រួល​នេះ​ខ្ពស់​រហូតដល់​ទៅ 850 លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួមទាំង​ការកែសម្រួល​កៅអី​ថ្នាក់​ធុរកិច្ច (Business) និង​ថ្នាក់​សន្សំសំចៃ (Economic)ផងដែរ។

    ទាំងអស់នេះ លោក Goh Choon Phong នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​អាកាសចរណ៍ សាំង​ហ្គា​ពួរ អ៊ែរ​ឡាញ បាន​រៀបរាប់​អំពី​ការលើក​លំដាប់​យន្តហោះ A380 ក្នុង​គ្រានេះ​ថា ជាការ​បង្ហាញឱ្យឃើញ​ពី​ភាព​តាំងចិត្ត​ក្នុង​ការផ្ដល់​សេវាកម្ម​ប្រភេទ​ប្រណីត រួមទាំង​ការនាំមក​ជូន​នូវ​អ្វីដែល​ល្អ​បំផុត​ក្នុងអំឡុងពេល​ធ្វើដំណើរ ដើម្បី​សាង​នូវ​ភាពជឿជាក់ និង​រក្សា​ស្ថាន​ភាពជា​អ្នក​នាំមុខគេ​ក្នុង​វិស័យ​មួយ​នេះ​ផងដែរ៕

    ប្រភព Independent

    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • គន្លឹះ​ថែរក្សា​សុខភាព​ក្នុងពេល​ធ្វើដំណើរ​កម្សាន្ត

    គន្លឹះ​ថែរក្សា​សុខភាព​ក្នុងពេល​ធ្វើដំណើរ​កម្សាន្ត

    អ្នក​ដែល​ត្រូវ​ធ្វើដំណើរ​កម្សាន្តឆ្ងាយៗ ជាទូទៅ​រមែង​រអ៊ូ​ដាក់ខ្លួន​ឯង​ថា ត្រូវ​ជួប​បញ្ហា​គ្រប់ជំពូក​គ្រប់​ហេតុ​ម្ដង​ហើយ​ម្ដងទៀត បញ្ហា​ទាំងនោះ​មិនមាន​ច្រើន​ប៉ុន្មាន​ទេ គ្រាន់តែ​អ្នក​មិនសូវ​បាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​សុខភាព​ដោយ​ខ្លួន​អ្នក​ផ្ទាល់។ ដូច្នេះ​ការធ្វើដំណើរ​កម្សាន្ត ដើម្បី​ថែរក្សា​សុខភាព និង​បញ្ហាឈឺ​ថ្កាត់​មួយចំនួន អ្នក​គួរតែ​ត្រៀមខ្លួន​ជាមុន មុនពេល​ចេញដំណើរ រួមទាំង​ត្រូវ​ប្រុងប្រយ័ត្ន​ការទទួល​ទាន​អាហារ សម្ភារ​ប្រើប្រាស់ ថ្នាំសង្កូវ សម្លៀកបំពាក់ និង​ថវិកា​ជាដើម។ ដោយឡែក​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​នសូម​ចែករំលែក​នូវ​វិធី​ទប់​ស្កាល់​ការឈឺចាប់​នានា មុនពេល​ធ្វើដំណើរ​កម្សាន្តឆ្ងាយៗ ជូន​ដល់​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​បាន​ត្រៀមខ្លួន និង​បង្ការ​ទុកជាមុន​ដូចខាងក្រោម​នេះ។

    1-ឈឺចង្កេះ
    មុនពេល​ធ្វើដំណើរ​មិនថាតែ​ទៅ​កម្សាន្ត​ផ្លូវ​ឆ្ងាយ ឬ​ទៅធ្វើ​ការងារ​រយៈពេលយូរៗនោះទេ ប្រសិនបើ​អាច​ផ្ញើ​សម្ភារ​ទៅមុន ក៏​ប្រញាប់​ផ្ញើ​ទៅមុន​ក៏បាន​ដែរ ព្រោះថា​ខណៈនោះ​អ្នក​មិនបាច់​ត្រូវ​នឿយហត់​នឹង​ការលើក​របស់ធ្ងន់ៗ ជាហេតុ​បណ្ដាលឱ្យ​ឈឺចង្កេះ។ ក្នុងអំឡុងពេល​ធ្វើដំណើ​រ អ្នក​ត្រូវ​ឧស្សាហ៍​ក្រោក ឬ​ពត់​ពែន​ខ្លួន​នៅ​កន្លែង​អង្គុយ ដើម្បីឱ្យ​យឺត​សរសៃ មិន​ស្ពឹក​ស្រពន់ ជាពិសេស​បើ​អាកាសធាតុ​ត្រជាក់ ក៏ត្រូវ​ឧស្សាហ៍​ពត់​ពែន​ខ្លួន​ផងដែរ។ ខណៈ​ដើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ មិនត្រូវ​ជ្រើស​យក​គ្រែ​គេង​ដែលមាន​ពូក​ទន់​ពេក​នោះទេ ព្រោះ​ការ​សម្រាក​ទម្រេត​រាងកាយ មិន​ប្រកបដោយ​សភាវៈ​ត្រឹមត្រូវ​អាច​បណ្ដាលឱ្យ​អ្នក​ឈឺចង្កេះ​បាន អ្នក​គួរតែ​សម្រាក​នៅលើ​គ្រែ​ធម្មតា ឬ​មិនមាន​ពូក​ជាមុនសិន។

    2-អាការ​ឈឺពោះ ហើមពោះ ចុក​ឆ្អល់
    មុនពេល​ធ្វើដំណើរ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ គឺ​តម្រូវឱ្យ​ទទួលទាន​ទឹកដោះគោ​ជូរ ដែលមាន​ប្រូ​បាយ​អូ​ទិ​កស៍ ព្រោះ​វា​ជួយ​ឱ្យ​អាស៊ីត​ក្រពះ និង​ខ្យល់​នៅក្នុង​ពោះវៀន​ដំណើរការ​ស្រួល ព្រមទាំង​ជំនួយ​ដល់​ការរំលាយ​អាហារ​ផងដែរ។ ប្រសិនបើ​អ្នក​ដែលមាន​អារម្មណ៍​មិនសូវ​ស្រួល​ពោះ នៅពេល​ធ្វើដំណើរ​ សូម​ណែនាំ​ឱ្យ​ត្រៀម​នូវ​ថ្នាំ​កាបូន ដែលមាន​គ្រាប់​ពណ៌ខ្មៅៗ ដែលមាន​លក់​នៅតាម​បណ្ដា​ឱសថស្ថាន​នានា ដាក់​ជាប់​តាម​ខ្លួន ព្រោះ​វា​អាចជួយ​សម្រួល​ស្ថានការណ៍​ឈឺពោះ​បានជា​បណ្ដោះអាសន្ន។ នៅពេល​ទៅដល់​ទីតាំ​សំចតនីមួយៗ អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ហើយ​ត្រូវ​ទទួលទាន​បន្លែ​ផ្លែឈើ​ណា​ដែលមាន​សារជាតិ​អាហារ​កាក​សរសៃ​ឱ្យបាន​ច្រើន ដើម្បី​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

    3-ការឡើង​ទម្ងន់
    ខណៈ​ធ្វើដំណើរ​សូមកុំ​ទិញ​របស់​ញ៉ាំ​ដាក់​ជាប់​តាម​ខ្លួន​ច្រើនពេក ព្រោះ​វា​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​ភ្លើតភ្លើន​ចង់តែ​ញ៉ាំ​មិន​ឈប់ និង​ញ៉ាំ​ឱ្យ​ទាល់តែ​អស់។ មុនពេល​ចេញដំណើរ​ត្រូវ​ទទួលទាន​ទឹក​មួយ​កែវ​មុន​ទៅ​ទទួលទាន​អាហារផ្សេងៗ ព្រោះ​ទឹក​អាចជួយ​បំពេញ និង​ចម្អែត​ក្រពះ​មុន​ទទួលទាន​អាហារផ្សេង។ នៅពេល​ទៅដល់​គោលដៅ​សំចតនីមួយៗ កុំ​ប្រញាប់​សំដៅ​ទៅកាន់​កន្លែង​លក់​អាហារ អ្នក​គួរតែ​សំដៅ​ទៅរក​បន្ទប់ទឹក ឬ​កន្លែង​សម្រាក​ជាមុនសិន ដើម្បី​បំបាត់​ភាព​នឿយហត់​មុន​ទទួលទាន​អាហារ។

    4-ការពារ​រោគ និង​ជំងឺ
    នៅមុន​ពេលធ្វើ​ដំណើរ អ្នក​គួរតែ​ចាក់​ថ្នាំ​ការពារ​ជំងឺ និង​ចាក់​វាក់​សាំង​ការពារ​ជំងឺ​ជាដើម។ អ្នក​ត្រូវ​ត្រៀម​ថ្នាំ​ដាក់​តាម​ខ្លួន​ដូចជា ថ្នាំ​ផ្ដា​យ​សាយ ថ្នាំ​ប្រឆាំង​មេរោគ ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំពុល​ឡាន ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំកាយ អាល់កុល ថ្នាំ​លាង​របួសប្រេងកូឡា ជាពិសេស​គឺ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​តែម្តង ដើម្បី​ជួយ​ដោះ​ទាល់​ពេលដែល​អ្នក​កើតមាន​ជំងឺ​ជាបន្ទាន់​នៅក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក។អ្នក​គួរតែមាន​ថ្នាំលាប​ការពារ​សត្វ​មូស ឬ​សត្វល្អិត​ខាំ​ជាដើម និង​ត្រូវ​ត្រៀម​ឆ័​ត្រ អាវដៃវែង កន្សែងក្រាស់ៗ ដើម្បី​ការពារ​អាកាសធាតុ​នៅតាម​តំបន់ផ្សេងៗផងដែរ៕

  • គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​បែប​ខុន​ដូ នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី8 វិច្ឆិកា នេះហើយ

    គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​បែប​ខុន​ដូ នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី8 វិច្ឆិកា នេះហើយ

    ភ្នំពេញ – ដោយ​សង្កេតឃើញថា តម្រូវការ​លំនៅឋានរ​បស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​កាន់​តែមាន​កំណើន គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ថ្មី​មួយទៀត​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី8 ខែវិច្ឆិកា​ខាងមុខនេះ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ARAKAWA។

    បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា នឹងចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន ARAKAWA ដែល​អភិវឌ្ឍ​នៅក្នុង​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    លំនៅឋាន​តម្លៃ​សមរម្យ​នោះ​ត្រូវបាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ13,680ម៉ែត្រក្រឡា​ដែល​ត្រូវ​សាងសង់​ជា​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​ត្រូវ​សាងសង់​អគារ​ស្នាក់នៅ​រួម​ចំនួន10អគារ​ចែកជា5ប្លុក ដោយ​មួយ​ប្លុក​មាន​ពីរ​អគារ និង​មាន​កម្ពស់19ជាន់​ទៅ23ជាន់ និង​មាន​បន្ទប់​ប្រមាណ​ជា2,000 បន្ទប់ និង​គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ70លាន​ដុល្លារ។

    គួរ​បញ្ជាក់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន Arakawa នេះ ជា​គម្រោង​ទី3ដែល​ធ្វើការ​អភិវឌ្ឍ ខណៈ​គម្រោង​ទី1ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​សៀ ឫទ្ធី នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គម្រោង​ទី2  អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ប៊ុន ចេស នៅ​ភាគ​ខាងជើង​នៃ​រាជធានី៕

  • 9ខែ​ក្នុង​ឆ្នាំ2017 ការនាំចេញ​របស់​កម្ពុ​ជាមាន​ទឹកប្រាក់​រហូតដល់​ជាង 7ពាន់​លាន​ដុល្លារ

    9ខែ​ក្នុង​ឆ្នាំ2017 ការនាំចេញ​របស់​កម្ពុ​ជាមាន​ទឹកប្រាក់​រហូតដល់​ជាង 7ពាន់​លាន​ដុល្លារ

    ភ្នំពេញ៖ ដោយ​ឈរលើ​កំណើនសេដ្ឋកិច្ច​ថេរ7% ជា​រៀងរាល់ឆ្នាំ ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​នៅតែមាន​ការកើនឡើង​ជា​លំដាប់ ឧទាហរណ៍​នៅក្នុង​រយៈពេល9ខែ​នៃ​ឆ្នាំ2017នេះ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា មាន​រហូតដល់7700លាន​ដុល្លារ​អាមេរិក។

    ទិន្នន័យ​ដែល​ទើប​បង្ហាញថ្មីៗរបស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ក្នុងចំណោម​ទំនិញ​ដែល​បាន​នាំ​ចេញទៅ​ក្រៅប្រទេស ភាគច្រើន​បានមកពី​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​ទំនិញផ្សេងៗទៀត​ដែល​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) និង​ផែនការ​ប្រទេស​អនុគ្រោះ​ខ្លាំង​បំផុត(MFN) ដែល​បាន​អនុញ្ញាតឱ្យ​ផលិតផល​កម្ពុជា​ជាច្រើន​ចូល​ទីផ្សារ​ដោយ​កាត់​បន្ថយពន្ធ​នាំចូល ឬ​មិន​យកពន្ធ​តែម្ដង។

    ក្នុងចំណោម​ទំនិញ​សរុប ការនាំចេញ​សម្លៀកបំពាក់​មានតម្លៃ 4.9 ពាន់​លាន​ដុល្លារ​កើនឡើង 8.3 % ការនាំចេញ​ស្បែក​ជើងមាន 636.76 ដុល្លារ កើនឡើង43% និង​វាយ​ន​ភណ្ឌ 76.88 លាន​ដុល្លារ ខណៈ​ផលិតផល​មិន​ជាក់លាក់​ផ្សេងទៀត​មានតម្លៃ 561.45លាន​ដុល្លារ កើនឡើង​ដល់ 42.51%។ តួលេខ​បានបង្ហាញ​ពី​តម្លៃ​នាំចេញ​អង្ករ​មាន​ចំនួន  206.91លាន​ដុល្លារ ដែល​ធ្លាក់ចុះ 6,7%។

    ដោយឡែក​ការនាំចេញ​សរុបទៅ​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើងដល់ 3000លាន​ដុល្លារ កើនឡើង 5,94 %ធៀប​នឹង​រយៈពេល 9 ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន។ កំណើន​ដ៏​រឹងមាំ​នេះ​ត្រូវបាន​កត់ត្រា​នៅក្នុង​ការនាំ​ចេញទៅ​ជប៉ុន​ដែលមាន​ចំនួន 534.25 លាន​ដុល្លារ កើនឡើង 25.84 %។ ចំណែក​ការនាំ​ចេញទៅ​អាមេរិក ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុននាំចេញ​សម្លៀកបំពាក់​កម្ពុ​ជាមាន​ចំនួន 1,47 ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ 1% ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕

  • រដ្ឋាភិបាលថៃ ចេញ​ច្បាប់​ថ្មី​ចំពោះ​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​ដែល​គ្មាន​សកម្មភាព 10 ឆ្នាំរដ្ឋ​អាច​ដកយក​មកប្រើប្រាស់​បាន

    រដ្ឋាភិបាលថៃ ចេញ​ច្បាប់​ថ្មី​ចំពោះ​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​ដែល​គ្មាន​សកម្មភាព 10 ឆ្នាំរដ្ឋ​អាច​ដកយក​មកប្រើប្រាស់​បាន

    ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស ថៃ ត្រៀម​ចេញ​ច្បាប់​គ្រប់គ្រង និង​ចាត់ចែង​លើ​ប្រាក់​បញ្ញើ ដោយ​ផ្ដល់​អំណាច​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​អាច​ទាញយក​ប្រាក់​បញ្ញើ​ដែល​គ្មាន​សកម្មភាព​លើសពី 10 ឆ្នាំ​ឡើងទៅ​របស់​ប្រជាជន​មកប្រើប្រាស់​ឱ្យ​កើតជា​ប្រយោជន៍​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច។

    សារៈសំខាន់​របស់​ច្បាប់​ថ្មី​នេះ​នឹង​គ្របដណ្ដប់​លើ​បញ្ជី​ប្រាក់​បញ្ញើ ទាំង​លុយ​បាត និង​លុយ​បរទេស​ចំពោះតែ​បញ្ជី​គណនី​សន្សំ និង​បញ្ជី​គណនី​ចរន្ត​ប្រចាំថ្ងៃ ដោយ​នឹងមាន​ប្រសិទ្ធភាព​លើ​បញ្ជី​គណនី​ណា​ដែល​គ្មាន​ការដក-ដាក់ ឬ​ផ្ទេរប្រាក់​សោះ​ក្នុង​រយៈពេល​លើស​ជាង 10 ឆ្នាំ ដោយ​នឹង​រាប់​ចាប់ពី​ថ្ងៃទី 1 មករា​របស់​ឆ្នាំ​បន្ទាប់​ពីថ្ងៃ​ចុងក្រោយ​ដែល​បញ្ជី​គណនី​មាន​សកម្មភាព និង​តាមដាន​គ្រប់​បញ្ជី​គណនី​ដែល​គ្មាន​សកម្មភាព​ទាំងអស់​របស់​បុគ្គល​ធ​ម្ម​តា និង​នីតិបុគ្គល។

    ប្រទេស​ថៃ​មិនមែនជា​ប្រទេស​ដំបូង​គេ​ដែល​នាំយក​ច្បាប់​គ្រប់គ្រង​ប្រាក់​បញ្ញើ​នេះ​មក​ប្រើ​នោះទេ មាន​ប្រទេស​ជាច្រើន​ក៏បាន​ប្រើប្រាស់​ច្បាប់​នេះដែរ ដូចជា ប្រទេស អូស្ត្រាលី អង់គ្លេស អៃ​លែ​ន​ដ៍ ជប៉ុន ម៉ាឡេស៊ីនិង​សហរដ្ឋអាមេរិក ជាដើម។ល៕

    ប្រភព krobkruakao

    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា