Category: សង្គម និងសេដ្ឋកិច្ច

  • កសិករ​កុំ​ទាន់​អស់សង្ឃឹម! ដំឡូង​មី​នឹងមាន​តម្រូវការ​កាន់តែ​ខ្ពស់​នៅលើ​ទីផ្សារ

    កសិករ​កុំ​ទាន់​អស់សង្ឃឹម! ដំឡូង​មី​នឹងមាន​តម្រូវការ​កាន់តែ​ខ្ពស់​នៅលើ​ទីផ្សារ

    ភ្នំពេញ៖ កាលពី​ឆ្នាំ​កន្លងទៅនេះ កសិករ​នៅក្នុង​ខេត្ត​ប៉ៃលិន​បាននាំគ្នា​តវ៉ា​ដោយ​យក​រថយន្ត​ដឹក​ដំឡូង​មក​បិទផ្លូវ​ដើម្បី​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ស្វែងរក​ទីផ្សារ​ដើម្បីឱ្យ​លក់បាន​ក្នុងតម្លៃ​សមរម្យ ហើយ​មកទល់​បច្ចុប្បន្ន ថ្នាក់ដឹកនាំ​ក៏បាន​ចុះទៅពិនិត្យ និង​បង្ហាញថា ដំឡូង​មី​ឆ្នាំនេះ​នឹងមាន​តម្រូវការ​ច្រើន និង​អាច​បាន​ថ្លៃ​ខ្ពស់ជាង​ឆ្នាំមុន។

    នៅ​ចំពោះមុខ​កសិករ ឈ្មួញ និង​ក្រុមហ៊ុន​ដែល​ទិញ​ដំឡូង​មី​ពី​កសិករ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គូសបញ្ជាក់ថា និន្នាការ និង​ការរំពឹងទុក​បានបង្ហាញ​ថា តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​នឹងមាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ចង្វាក់​តម្លៃ​ដំឡូង​មី​តាមរយៈ​ការពង្រឹង និង​ពង្រីក​ផលិតកម្ម ការកែច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថភាព​នាំចេញ សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​នាពេល​អនាគត។

    ក្នុងឱកាស​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើកសម្ពោធ​វេទិកា​ថ្នាក់ជាតិ​លើក​ទី4 ស្តីពី​ការជំរុញ​ការលើកកម្ពស់ និង​អភិវឌ្ឍ​ក​សិ-ពាណិជ្ជកម្ម​កម្ពុជា អមដោយ​ទិវា​ដំឡូង​មី​លើក​ទី2 និង​ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ-ផ្លែឈើ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 ឯកឧត្តម​បាន​គូសបញ្ជាក់ថា ដើម្បី​ចាប់យក​នូវ​កាលានុវត្តភាព​នេះ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការវិនិយោគ​បន្ថែម និង​ការឯកភាព​ជា​ធ្លុង​មួយ​រវាង​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា​ដូចជា ភាពទន់ខ្សោយ​នៃ​ខ្សែចង្វាក់​តម្លៃ កង្វះ​ព័ត៌មាន​ទីផ្សារ ការផ្គត់ផ្គង់​មិន​ទៀងទាត់ និង​គុណភាព​ប្រែប្រួល​នៃ​ដំឡូង​មី​ដែលជា​កត្តា​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា។

    នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម វ៉េង សាខុន បានស្នើ​ឱ្យមាន​ការចូល​រួម​កាន់តែ​សកម្ម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ធានាបាន​និរន្តរភាព និង​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស និង​ការនាំចេញ​ទី​កាន់​ទីផ្សារ​អន្តរជាតិ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកយក​កំណើន​ដាំ​ដុះ និង​សក្តានុពល​ដំឡូង​មី ដែលជា​ដំណាំ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ព្រមទាំង​កត្តា​ប្រឈម​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​គោលនយោបាយ​ជាក់លាក់ និង​ស៊ីជម្រៅ​ស្របតាម​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​បៃតង ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា គ្រឹះស្ថាន​អប់រំ​សិក្សា​កសិកម្ម អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន។

    គួរ​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី8 លើ​ពិភពលោក និង​លំដាប់​ទី4 នៅក្នុង​តំបន់។ ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ពាក់ព័ន្ធ​តាម​វិស័យ​នានា តម្រង់​ឆ្ពោះទៅរក​ទីផ្សារ​ក្នុង​បណ្តា​ឆ្នាំកន្លងមក បាន​ជួយ​ជំរុញ​កំណើន​នាំចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ល្បឿន​មួយ​គួ​ជាទី​មោទនៈ។

    យោងតាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ទីផ្សារ​នាំចេញ​ផលិតផល​ដំឡូង​មី​ត្រូវបាន​ពង្រីក​ពី4ប្រទេស (ថៃ វៀតណាម ចិន បារាំង) ក្នុង​ឆ្នាំ2014 ទៅ 16ប្រទេស​ក្នុង​ឆ្នាំ2016 រួមមាន៖ កាណាដា ចិន អង់គ្លេស ហ្វាំ​ង​ឡង់ ឥណ្ឌា អ៊ីតាលី កូរ៉េ លី​ទុយ​អា​នី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហូ​ឡង់ នូ​វែ​ល​សេ​ឡង់ កោះ​តៃវ៉ាន់ ថៃ អាមេរិក និង​វៀតណាម។ ការនាំចេញ​ផលិតផល​ដំឡូង​មី (ដំឡូង​មី​ស្រស់ ចំណិត​ដំឡូង​មី​ក្រៀម និង​ម្សៅដំឡូង​មី) បាន​កើនឡើង​ពី0.22លាន​តោន ក្នុង​ឆ្នាំ2012 ដល់​ជាង 3.6លាន​តោន​ក្នុង​ឆ្នាំ2016 និង​នៅក្នុង​រយៈពេល 9ខែ​ឆ្នាំ2017នេះ ការនាំចេញ​ដំឡូង​មី​សម្រេចបាន​ជាង 1.8លាន​តោន៕

  • ពេជ្រ ថៃ ទ្រាំមិនបាន បញ្ចេញសំបុត្រកំណើតរបស់ខ្លួន

    ពេជ្រ ថៃ ទ្រាំមិនបាន បញ្ចេញសំបុត្រកំណើតរបស់ខ្លួន

    បន្ទាប់ពីផ្ទុះឡើងនូវការរិះគន់លើម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី 1 កុមារា ពេជ្រ ថៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងក្លារួចមក ថ្មីៗនេះស្រាប់តែ ពេជ្រ ថៃ បានបញ្ចេញសំបុត្រកំណើតពិតរបស់ខ្លួន ក្នុងគោលបំណងចង់បញ្ឈប់នូវបញ្ហាដ៏ឈឺក្បាលមួយនេះ។

    ការរិះគន់ចំពោះ ពេជ្រ ថៃ មានពាក្យឆ្លើយឆ្លងតិះដៀលគ្នាជាច្រើនហូរហែបន្ដបន្ទាប់ រហូតមកដល់ថ្ងៃម្សិលមិញនេះ មានតារាចម្រៀងជើងចាស់ជាងកុមារា ពេជ្រ ថៃ បានរិះគន់ខ្លាំងៗរហូតដល់ថ្នាក់ទទូចទាមទារ ឱ្យអ្នករៀបចំកម្មវិធី The Voice Kids Global សើរើឡើងវិញនូវប្រវត្តិរូបរបស់ ពេជ្រ ថៃ ព្រមទាំងទាមទារឱ្យពិនិត្យ DNA របស់ពេជ្រ ថៃ ថែមទៀតផង ដើម្បីបញ្ជាក់ថា កុមារារូបនេះ គឺជាមនុស្សក្រិន និងក្លែងបន្លំអាយុមកចូលរួមប្រកួត។ ហើយក្នុងបំណងនេះទៀតសោត ក៏បានដាក់ការបន្ទោសទៅដល់ក្រុមអ្នករៀបចំកម្មវិធី The Voice Kids Cambodia ផងដែរ។

    ដោយឡែកនៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 នេះ ប្រភពដែលសារព័ត៌មាន ឡារ៉ែន ទទួលបានគឺ ពេជ្រ ថៃ បានបញ្ចេញសំបុត្រកំណើតពិតរបស់ខ្លួនដែលបញ្ជាក់ថា បានកើតនៅថ្ងៃអង្គារ ទី24 ខែមីនា ឆ្នាំ2004 នៅក្នុងភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ប្រសិនបើគិតមកទល់ពេលនេះ កុមារារូបនេះមានអាយុ 13 ឆ្នាំ សមស្របទៅនឹងពេលដាក់ពាក្យប្រឡងពិតប្រាកដមែន មិនបានក្លែងបន្លំអាយុដូចពាក្យរិះគន់ចោទប្រកាន់នោះឡើយ៕

  • ផលិតករ ហ៊ុយ យ៉ាឡេង គ្រោងយករឿងរបស់ខ្លួនទាំងពីរទៅបញ្ចាំងនៅសហរដ្ឋអាមេរិក

    ផលិតករ ហ៊ុយ យ៉ាឡេង គ្រោងយករឿងរបស់ខ្លួនទាំងពីរទៅបញ្ចាំងនៅសហរដ្ឋអាមេរិក

    នៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 នេះ ផលិតករឆ្នើមក្នុងការផលិតភាពយន្ដខា្នតធំបានប្រកាសថា ខ្លួនមានគម្រោងនឹងនាំយកខ្សែភាពយន្តរបស់ខ្លួនទាំងពីររឿង គឺរឿង “វិកលចរិត” និងរឿង “ធ្មប់” ដែលកំពុងតែថតបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ទៅដាក់បញ្ចាំងនៅទឹកដីសហរដ្ឋអាមេរិក ដោយមានការសហការជួយជ្រោមជ្រែងពីសំណាក់តារាជើងចាស់ និងជាផលិតកររបស់ផលិតកម្ម “កេសារា” គឺលោកស្រី កេសារា ផ្ទាល់ ព្រោះលោកស្រីធ្លាប់មានបទពិសោធរស់នៅទីនោះ និងស្គាល់បណ្ដាផលិតករនៅសហរដ្ឋអាមេរិកជាច្រើនរូប។

    នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានក៏ដូចជាការជូនដំណើរអ្នកស្រី កេសារា ដែរនោះ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតកររបស់ផលិតកម្ម មាតុចក្រ បានថ្លែងយ៉ាងដូច្នោះថា «ជាដំបូង ខ្ញុំបាទបានពិភាក្សា និងស្នើសុំទៅអ្នកមីង កេសារា ក្នុងការយករឿង “វិកលចរិត” និងរឿង “ធ្មប់” ទៅដាក់បញ្ចាំងនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីឱ្យប្រជាជនខ្មែរដែលរស់នៅទីនោះបានទស្សនារឿងទាំងពីរនេះ ព្រមទាំងរឿងរបស់អ្នកមីងផ្ទាល់ផងដែរ»។ ចំពោះក្ដីរំពឹងថា ទទួលបានភាពជោគជ័យក្នុងដំណើរការបញ្ចាំងរឿងខ្មែរនៅលើទឹកសហរដ្ឋអាមេរិកឬយ៉ាងណានោះ លោក យ៉ាឡេង ក៏បានបន្ដទៀតថា រឿងនេះគឺជាបំណងប្រាថ្នារបស់លោកជាយូរណាស់មកហើយ ។ ថ្វីដ្បិតតែទីនោះជាទឹកដីសហរដ្ឋអាមេរិក មានទំហំធំក៏ពិតមែន ក៏ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺចំនួនប្រជាជនខ្មែរដែលរស់នៅទីនោះក៏មានច្រើនដូចគ្នា ដែលជាកម្លាំងជំរុញចិត្តមួយឱ្យមានក្ដីសង្ឃឹមនៃភាពជោគជ័យគាំទ្របន្ដ។ ដោយឡែកអ្វីដែលជាបទពិសោធកន្លងមក លោកថា កុនដែលបានបញ្ចាំងនៅប្រទេស​ថៃ និងឡាវ មិនសូវមានប្រជាជនខ្មែររស់នៅទីនោះ ដូច្នោះបានជាការគាំទ្រមិនបានទទួលលទ្ធផលល្អមកវិញប៉ុន្មានឡើយ។

    ស្របគ្នានេះដែរ អ្នកមីង កេសារា ដែលជាដៃគូសហការក្នុងការនាំភាពយន្ដខ្មែរទាំងពីររឿងនេះទៅបញ្ចាំងនៅអាមេរិក ក៏បានលើកឡើងដែរថា «ពីមុនមកឱ្យតែរឿងខ្មែរបានផលិតហើយ ផលិតករនៅអាមេរិកបានទិញយកទៅផលិតជា DVD ដើម្បីដាក់លក់នៅទីនេះ តែជាអកុសលរឿងខ្មែរមួយរយៈក្រោយមិនបានផលិត ហើយក៏គ្មាន DVD រឿងខ្មែរទៀតដែរនៅទីនោះ។ តែដោយសារតែមានការចម្លងខុសច្បាប់ច្រើនពេក ទាំងរូបខ្ញុំផ្ទាល់ក៏បានឈប់ផលិតរឿងខ្មែរដូចគ្នា»។ អ្នកស្រីក៏បានបន្ដទៀតថា ក​ន្លងមកក៏មានរឿងរបស់ផលិតករផ្សេងៗ ដូចជាលោក ឆាយ បូរ៉ា ក៏បានយកទៅបញ្ចាំងនៅសហរដ្ឋអាមរិកផងដែរ ក៏ប៉ុន្ដែការយកទៅ និងចាក់បញ្ចាំងរឿងលើកនេះរបស់លោកស្រី គឺមានបែបផែនផ្សេងខុសពីគេ។ អ្នកស្រី កេសារា ក៏បានបញ្ជាក់ដែរថា ក្រៅពីរឿង “វិកលចរិត” និងរឿង “ធ្មប់” អ្នកស្រីក៏គ្រោងនឹងស្នើសុំរឿងរបស់ផលិតកម្ម មហាហង្ស ដែលមានការសម្ដែងដោយ កញ្ញា ដួង ម៉ានិច ទៅដាក់បញ្ចាំងជាមួយគ្នាផងដែរ។

    ជាចុងក្រោយផលិតកររឿង “វិកលចរិត” និងរឿង “ធ្មប់”  បានថ្លែងអំណរគុណជាខ្លាំងចំពោះការជួយជ្រោមជ្រែងពីអ្នកមីង កេសារា និងបានពោលថា «នេះគឺជាសណ្ដានចិត្តដ៏ល្អមួយរបស់អ្នកមីង ដោយហេតុតែការស្រឡាញ់សិល្បៈ ទើបអ្នកមីងទទួលការទទូចអង្វរក និងជួយគ្នាក្នុងការនាំរឿងខ្មែរទៅអាមេរិក ដើម្បីឱ្យប្រជាជនខ្មែរនៅទីនោះបានទស្សនា ជាឱកាសឱ្យបងប្អូននៅទីនោះបានស្គាល់ពីកុនខ្មែរយើងនាពេលបច្ចុប្បន្ននេះផងដែរ»៕

  • អ្នកស្រាវជ្រាវ​ជប៉ុន ប្រាប់​ឱ្យ​បរិភោគ​ផ្លែ​ចេកទុំ​ជោរ ដើម្បី​ការពារ​ជំងឺមហារីក

    អ្នកស្រាវជ្រាវ​ជប៉ុន ប្រាប់​ឱ្យ​បរិភោគ​ផ្លែ​ចេកទុំ​ជោរ ដើម្បី​ការពារ​ជំងឺមហារីក

    អ្នកវិទ្យាសាស្ត្រ​ជប៉ុន​បាន​បញ្ជាក់ថា ផ្លែ​ចេកដែល​ទុំ​ជោរ វា​ជួយ​បង្កើត​នូវ​សារធាតុ​មួយ​ប្រភេទ​ដែល​ឱ្យ​ឈ្មោះថា TNF (Tumor Necrosis Factor) ជា​សារធាតុ​ដែលមាន​សមត្ថភាព​ប្រយុទ្ធប្រឆាំង​ជាមួយ​កោសិកា​ដែល​ខុសពី​ធម្មតា ដូចជា កោសិកា
    មហារីក​ជាដើម។ សារធាតុ TNF គឺជា​ចំណែក​នៃការជួយ​បង្កើត​មូ​៉​លេ​គុល CD4 ឱ្យ​ច្រើនឡើង ដើម្បី​ជួយ​ក្នុងការ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​របស់​យើង​បាន​ច្រើន​ទ្វេដង។

    នៅក្នុង​ចំណោម​ផ្លែ​ចេក​ទាំងអស់ ផ្លែ​ចេកពងមាន់ មាន​សារធាតុ​ការពារ​ជំងឺមហារីក​ច្រើនជាងគេ ព្រមទាំង​មាន​សារធាតុ TNF ច្រើន​បំផុត ហើយ​អ្នក​គួរតែ​ជ្រើសរើស​ទទួលទាន​ផ្លែ​ចេក​ណា ដែលមាន​សភាព​ទុំ​ជោរ សម្បុរ​ពណ៌ខ្មៅៗ គឺ​វា​ល្អប្រសើរ​ជាងគេ។

    ការណែនាំ ៖ សូម​ទទួលទាន​ផ្លែ​ចេក 1-2 ផ្លែ ក្នុង​មួយថ្ងៃ ដើម្បី​បន្ថែម​ប្រព័ន្ធ​ភាពស៊ាំ​ការពាររោគ​ជំងឺផ្សេងៗ ដូចជា ផ្ដាសាយ ផ្ដាសាយធំ និង​ជំងឺផ្សេងៗទៀត ហើយ​ចេក​ដែលមាន​សម្បក​ពណ៌​លឿង និង​មាន​ចំណុចជាំខ្មៅៗច្រើន នោះ​វា​មានគុណ​សម្បត្តិ​បង្កើត​គោ​លិ​កា​គ្រាប់​ឈាមស​ច្រើន ហើយ​ច្រើនជាង​ផ្លែ​ក​ចេក​ដែលមាន​សម្បក​ពណ៌​បៃតង​ដល់​ទៅ8ដង​ឯណោះ។

    ប្រសិនបើ​ប្រិយមិត្ត​របស់​ទស្សនា​វ​ដ្តី និង​គេហទំព័រ ឡា​រ៉ែ​ន បាន​អាន​នឹង​បាន​ជ្រាប​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ចេកទុំ​ជោរ ដែល​អ្នកស្រាវជ្រាវ​ជប៉ុន​បាន​បកស្រាយ ហើយ​សូមកុំ​ភ្លេច​ជួយ​ចែក​រំ​លែក​អត្ថបទ​នេះ​បន្ដ​ដល់​មិត្តភក្តិ និង​បងប្អូន​របស់​អ្នក​ឱ្យ​បានដឹង​ទាំងអស់គ្នា​ផង​ណា៎៕

  • Terry នាំ​ភរិយា​ទៅ​លម្ហែកាយ​នៅ​ឌូ​បៃភ្លាមៗ ក្រោយ​រងរបួស​ឆ្អឹង​ប្រអប់ជើង

    Terry នាំ​ភរិយា​ទៅ​លម្ហែកាយ​នៅ​ឌូ​បៃភ្លាមៗ ក្រោយ​រងរបួស​ឆ្អឹង​ប្រអប់ជើង

    តារា​ឆ្នើម John Terry របស់​ក្លិប Aston Villa ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Champion ship របស់​អង់គ្លេស បានធ្វើ​ដំណើរ​ទៅ​សម្រាកលម្ហែ​នៅក្នុង​ទីក្រុង​ឌូ​បៃ ដើម្បី​ព្យាបាល​របួស ក្រោយពី​រូបគេ​ជួប​បញ្ហា​របួស​បាក់ឆ្អឹង​ប្រអប់ជើង កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។

    អតីត​ប្រធាន​ក្រុម​នៃ​ក្លិប Chelsea វ័យ៣៦ឆ្នាំ​រូបនេះ បាន​រងរបួស​ឆ្អឹង​ប្រអប់ជើង​របស់គេ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Sheffield Wednesday កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ការប្រកួត​ចុងក្រោយ​មុនពេល​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ។ ប៉ុន្តែ Terry មិនបាន​បង្ហាញ​ពី​ការ​ខ្វល់ខ្វាយ​ខ្លាំង​ឬ​ការខកចិត្ត​របស់គេ​ទៅលើ​បញ្ហា​របួស និង​ការរង​បរាជ័យ​ក្នុង​លទ្ធផល 2-1 នេះឡើយ ខណៈ​រូបគេ​បាន​ដឹក​ដៃ​ភរិយា​ដ៏​ស្រស់​សោភា​របស់គេ​ធ្វើដំណើរ​ទៅ​សម្រាក​លម្ហែកាយ​ក្រោម​ពន្លឺព្រះអាទិត្យ​ក្នុងប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម នា​រដូវរងា​នេះ។ អតីត​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ាភ្លាមៗមុនពេល​បង្ហោះ​រូប​បង្ហាញ​ពីថ្ងៃ​សម្រាក​របស់គេ​នៅលើ​បណ្តាញ​សង្គម Instagram។

    អ្នកស្រី Toni ដែលជា​ភរិយា​របស់ Terry ក៏បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ចែករំលែក​នូវ​រូបភាព​នៃ​ពន្លឺព្រះអាទិត្យ​នៅ​ទីក្រុង​ឌូ​បៃ​ផងដែរ។ នាង Toni បានសរសេរថា៖ «ថ្ងៃ​ដ៏​ស្រស់ស្អាត​មួយ​ផ្សេងទៀត​ក្នុង​ទីក្រុង​ឌូ​បៃ។ ពិតជា​ស្រឡាញ់​ទីក្រុង​ឌូ​បៃ​ខ្លាំងណាស់»។ រូបភាព​មួយ​ផ្សេងទៀត​ដែល​ត្រូវបាន​ចែករំលែក​ដោយ Terry បាន​បង្ហាញថា រូបគេ​កំពុង​កម្សាន្ត និង​អាន​សៀវភៅ ទាក់ទង​នឹង​ភាពជោគជ័យ​ក្នុង​អាជីវកម្ម៕

    ប្រភពពី៖ The Sun

  • បុរសចម្លែកមិនដែលងូតទឹកអស់រយៈពេល 60 ឆ្នាំ មានសភាពបែបនេះ……

    បុរសចម្លែកមិនដែលងូតទឹកអស់រយៈពេល 60 ឆ្នាំ មានសភាពបែបនេះ……

    តាមរយៈគេហទំព័រ Petmaya ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា បុរសចំណាស់ម្នាក់មានឈ្មោះថា អាម៉ូហាត់ជិ  ជាជនជាតិ Iran មានវ័យ 80 ឆ្នាំ រស់នៅក្នុងទីក្រុង Phalaborwa ប្រទេស Iran ។ នៅពេលដែលពួកគេបានឃើញបុរសម្នាក់នេះដំបូង គឺរូបគាត់មានសភាពមិនដូចមនុស្សធម្មតានោះទេ និងមើលទៅដូចជាវត្ថុមានជីវិតម្យ៉ាងដែលមានសភាពដូចមនុស្សបិសាចនៅក្នុងរឿង “The Lord of the Ring” អ៊ីចឹង  ពោលគឺមានស្បែកក្ដាំងខ្មៅ និងមានលក្ខណៈក្រៀមក្រោះ។ រីឯស្បែកមុខវិញ សម្លឹងមើលទៅគ្មានអ្វីក្រៅពីភាពខ្មៅងងឹត គ្មានពន្លឺនោះទេ  ឯក្លិនខ្លួនវិញគឺមិនបាច់និយាយឡើយ គ្រាន់តែនឹកឃើញក៏មានអាម្មណ៍ថាឆ្អែតបាយភ្លាមតែម្ដង។

    បើនិយាយពីរឿងអនាម័យវិញ បុរសចំណាស់នេះមានកើតជំងឺសើស្បែកផ្សេងៗ ដែលមើលទៅគួរឱ្យខ្លាច និងខ្ពើមរអើមបំផុត នេះគឺដោយសារតែគាត់មិនបានងូតទឹក និងសម្អាតខ្លួនប្រាណអស់រយៈពេល 60 ឆ្នាំមកហើយ ទើបមានសភាពដូចជាមនុស្សមិនមែនមនុស្សបែបនេះ។

    មិនមាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាលោកតាម្នាក់នេះ សម្រេចចិត្តមិនងូតទឹកសោះបែបនេះ តែអ្វីដែលប្រាកដនោះគឺ លោកតាច្បាស់ជាកើតជំងឺខ្ជិលងូតទឹកហើយមើលទៅ  ព្រោះបើសិនជាមនុស្សធម្មតាវិញ អាចអត់ទ្រាំបានត្រឹមតែ 2 ឬ 3 ថ្ងៃប៉ុណ្ណោះ មិនអាចដល់មួយអាទិត្យ ឬយូរជាងនេះបានទេ  តែសម្រាប់លោកតាម្នាក់នេះ គ្មាននរណាម្នាក់អាចយល់ពីគាត់បានឡើយ  ពោលគឺគាត់មានជីវិតរស់នៅបែបងាយៗ ហើយអ្វីដែលសំខាន់សម្រាប់ជីវិតរបស់គាត់នោះគឺ ទម្លាប់រស់នៅតាមរបៀបរបស់គាត់ ធ្វើឱ្យគាត់មានសេចក្ដីសុខខ្លាំងបំផុត៕

  • កម្ពុជា​ប្រើប្រាស់​ប្រភព​ហិរញ្ញវត្ថុ​ពី ADB ជិត3ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម

    កម្ពុជា​ប្រើប្រាស់​ប្រភព​ហិរញ្ញវត្ថុ​ពី ADB ជិត3ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជា​ដៃគូ​អភិវឌ្ឍន៍​និង​ជា​ប្រភពធនធាន​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​នានា ទោះជា​ក្នុង​ក្របខណ្ឌ​កម្ចី ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​ក៏ដោយ។ កម្ពុជា បាន​ចូល​ជា​សមាជិក​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី ក្នុង​ឆ្នាំ1966 ប៉ុន្តែ​និវេសនដ្ឋាន​របស់​ធនាគារ​មួយ​នេះ​ត្រូវបាន​ដកចេញ​ពី​កម្ពុជា​នៅក្នុង​សម័យ​សង្គ្រាម និង​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​ក្នុង​ឆ្នាំ1996។

    តើ​អ្នក​ដឹងថា រហូតមកដល់​ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​ហិរញ្ញវត្ថុ​ប៉ុន្មាន​ដល់​ប្រទេស​កម្ពុជា​សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស? ហើយ​គម្រោង​ណាខ្លះ​ដែល​ប្រើប្រាស់​ហិរញ្ញវត្ថុ​ពី​ធនាគារ​ដ៏​ធំ​មួយ​នេះ? មាន​វិស័យសំខាន់ៗចំនួន10 ដែល​គ្របដណ្តប់​ទៅលើ​គម្រោង​ចំនួន359 របស់​កម្ពុជា​ធ្លាប់បាន​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមាន​ដូច

    ជា វិស័យ​កសិកម្ម ធនធានធម្មជាតិ និង​អភិវឌ្ឍន៍ជនបទ វិស័យ​អប់រំ វិស័យ​ថាមពល វិស័យ​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ការគ្រប់គ្រង​វិស័យ​សាធារណៈ វិស័យ​ដឹកជញ្ជូន ផ្លូវទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​សេវាកម្ម​ដទៃទៀត​នៅ​តំបន់​ទីក្រុង និង​ពហុ​វិស័យផ្សេងៗទៀត។

    យោងតាម​ព្រឹត្តិបត្រ​សមាជិក​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន បានឱ្យដឹងថា ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន2,860.64លាន​ដុល្លារ​អាមេរិក ដោយមាន​គម្រោង​សរុប​ចំនួន359 គិត​ចាប់តាំងពី​ការភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើងវិញ រហូតដល់​ឆ្នាំ2016។

    គម្រោង​របស់​ប្រទេស​កម្ពុជា ដែល​ប្រើប្រាស់​កម្ចី​ច្រើន​បំផុត​ស្ថិតក្នុង​វិស័យ​កសិកម្ម ធនធានធម្មជាតិ និង អភិវឌ្ឍន៍ជនបទ ដែលមាន75គម្រោង ប្រើប្រាស់​ទឹកប្រាក់​រហូតដល់708.82លាន​ដុល្លារ វិស័យ​ដឹកជញ្ជូន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី2 ប្រើប្រាស់​ទឹកប្រាក់529.70លាន​ដុល្លារ និង​លំដាប់​លេខ3 គឺ​វិស័យ​អប់រំ ដែលមាន​ទឹកប្រាក់300.05លាន​ដុល្លារ គ្របដណ្តប់​លើ37គម្រោង។

    ធនាគារអភិវឌ្ឍន៍អាស៊ី បានចាត់ទុក​ជំនួយ​របស់ខ្លួន​ដល់​ប្រទេស​កម្ពុជា​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការតភ្ជាប់​រវាង​ជនបទ ទីប្រជុំជន ក្នុង​តំបន់ និង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សង្គម​ដែលជា​សសរស្តម្ភ​យុទ្ធសាស្ត្រ។ ហិរញ្ញប្បទាន​នោះ​ក៏​ផ្តោតលើ​ការកែលម្អ​ការគ្រប់គ្រង​វិស័យ​សាធារណៈ ដែលជា​សសរស្តម្ភ​ពហុ​វិស័យ​ផងដែរ។

    ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ហៅ​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​រយៈពេល5ឆ្នាំ​ចុង​ក្រោយនេះ។ កំណើនសេដ្ឋកិច្ច​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ខ្មែរ​ពី​អត្រា47.8%ក្នុង​ឆ្នាំ2007 មក​នៅត្រឹម13.5% ក្នុង​ឆ្នាំ2014។ ទោះបីជា​បែបនេះ​ក្តី ប្រជាជន​ខ្មែរ​រហូតដល់​ទៅ70% នៅ​បន្ត​រស់នៅ​ជាមួយនឹង​ចំណូល​ក្រោម3ដុល្លារ​ក្នុង​មួយថ្ងៃ។

    ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​បង្កើន​ការផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​ប្រទេស​កម្ពុជា រហូតដល់200លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​ពី​ឆ្នាំ2017ដល់​ឆ្នាំ2020 ពី​ប្រមាណ​ជា150លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​ឆ្នាំ2013ដល់​ឆ្នាំ2016៕

  • លោក Moyes ត្រៀម​បង្ហាញ​សមត្ថភាព ក្រោយ​ក្លាយជា​គ្រូបង្វឹក​របស់ West Ham

    លោក Moyes ត្រៀម​បង្ហាញ​សមត្ថភាព ក្រោយ​ក្លាយជា​គ្រូបង្វឹក​របស់ West Ham

    ក្លិប West Ham United នឹង​ផ្តល់​ឲ្យ​លោក David Moyes នូវ​ឱកាស​ក្នុងការ​កសាង​កេ​រិ៍្ត​ឈ្មោះ​របស់លោក ក្រោយពី​ក្លិប​ញញួរ​ធំ​មួយ​នេះ​បានតែងតាំង​លោក​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ ក្នុង​កិច្ចសន្យា​រយៈពេល6ខែ ដែល​អាច​នឹង​បន្ត​រយៈពេល​វែង​ជាង​នេះ ប្រសិនបើ​គ្រូបង្វឹក​វ័យ54ឆ្នាំ​រូបនេះ ធ្វើ​ឲ្យ​ក្រុម​ខ្លួន​មាន​ទម្រង់​លេង​ល្អប្រសើរ។

    លោក Moyes ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់ West Ham ក្រោយពី​លោក Slaven Bilic ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ លោក​នឹង​ចូលកាន់​ដំណែង​ដោយ​ដឹងថា វា​មាន​ភាព​ដែល​អាចទៅរួច​ក្នុងការ​ទទួលបាន​សំណើ​រយៈពេល2ឆ្នាំ ប្រសិនបើ​លោក​អាច​សង្គ្រោះ​ក្លិប​នេះ​មិន​ឲ្យ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ​កំពូល​បាន។ លោក David Sullivan និង David Gold ដែលជា​សហ​ម្ចាស់​ក្លិប ក៏​ចង់ឃើញ​សញ្ញា​ដ៏​ជាក់លាក់​នៃ​ការធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​នេះដែរ មុនពេល​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​នៅ​ចុងរដូវ​កាល​នេះ។

    បើទោះបីជា​វា​ត្រូវបាន​គេ​យល់ឃើញថា លោក Moyes នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ2លាន​ផោន ប្រសិនបើ​លោក​ឈ្នះ​ការ​ប្រជែង​នៃ​ការ​គេច​ឲ្យ​ផុតពី​ការធ្លាក់​ចេញ​ក៏ដោយ ប៉ុន្តែ​លក្ខខណ្ឌ​មួយ​ក្នុង​កិច្ចសន្យា​របស់លោក​នឹង​អនុញ្ញាត​ឲ្យ​ក្លិប West Ham ចាកចេញ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​នូវ​ការចាប់អារម្មណ៍។ ក្លិប​ញញួរ​ធំ​មួយ​នេះ បាន​ចែកផ្លូវ​ជាមួយនឹង​លោក Bilic កាលពី​ថ្ងៃ​ចន្ទ ពោលគឺ​រយៈពេល2ថ្ងៃ ក្រោយពី​ពួកគេ​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 4-1 ក្រោម​ស្នាដៃ​ក្រុម Liverpool ដែល​ធ្វើ​ឲ្យ​សហប្រធាន​ក្លិប​លោក Sullivan និង Gold ជឿជាក់ថា ក្លិប​នេះ​ត្រូវតែមាន​ការផ្លាស់ប្តូរ​ទិសដៅ​ដើម្បី​បញ្ចប់​ភាព​ត្រដាបត្រដួស។

    ក្លិប West Ham ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ18 ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​តែ2លើក​គត់​ពី​ការប្រកួត11លើក​នោះ នឹងត្រូវ​ពឹង​ផ្អែកទៅលើ​សមត្ថភាពរ​ប​ស់លោក Moyes ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ដើម្បី​ជួយ​ឲ្យ​ពួកគេ​គេច​ផុតពី​គ្រោះថ្នាក់ បើទោះបី​មានកំណត់​ត្រា​មិនល្អ​នាពេលថ្មីៗនេះ​ក្នុងតួនាទី​ដឹកនាំ​របស់លោក​ក៏ដោយ៕

    ប្រភពពី៖ The Guardian

  • អ្វីដែល​អ្នក​គួរ​ដឹង​ពី​ស្ពៃក្ដោប​ពណ៌​ស្វាយមុន​ជ្រើសរើស​ទទួលទាន

    អ្វីដែល​អ្នក​គួរ​ដឹង​ពី​ស្ពៃក្ដោប​ពណ៌​ស្វាយមុន​ជ្រើសរើស​ទទួលទាន

    ដឹង​ដែរឬទេ​ថា ស្ពៃក្ដោប​ពណ៌​ស្វាយ ឬ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Red Cabbage ដែលមាន​ពណ៌​ស្វាយ​ស្រស់ស្អាត​ទាក់ទាញ​គួរឱ្យ​ចង់​ទទួលទាន​នោះ មុននឹង​បរិភោគ អ្នក​គួរតែ​យល់ដឹង​ពី​វា​ឱ្យបាន​ច្បា​ស់សិន ដើម្បីឱ្យ​ល្អ​ចំពោះ​សុខភាព​របស់​អ្នក។ នៅពេល​អ្នក​ទទួលទាន​ស្ពៃ​ប្រភេទ​ជា​អាហារ​ឆៅ ស្រស់ ដូចជា សាលាដ ឬ​ញាំ​ជាដើម​នោះ អ្នក​គួរតែ​ជ្រាប​អំពី​គុណប្រយោជន៍​ជាច្រើន​របស់​ស្ពៃ​នេះ​ចំពោះ​រាងកាយ​របស់​អ្នក។ ថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​អត្ថប្រយោជន៍​របស់​ស្ពៃក្ដោប​ស្វា​យមក​ជម្រាបជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ដូចតទៅ។

    ដោយសារតែ​ស្ពៃក្ដោប​ពណ៌​ស្វាយ ជា​បន្លែ​ដែលមាន​សរសៃ​អាហារ​ក្នុង​បរិមា​ណ​ច្រើន​គួរសម និង​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​នៅក្នុង​អាហារ​ជាច្រើន​ប្រភេទ មិនថាតែ​ប្រូ​តេ​អី​ុ​ន កាបូ​អី​ុ​ដ្រា​ត សូ​ដ្យូ​ម និង​វីតាមីន C ផងដែរ។ ក្រៅពីការទទួល​ទាន​ស្ពៃក្ដោប​ស្វាយ​យ៉ាង​ទៀងទាត់ និង​ជួយ​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ពោះវៀន និង​ជួយ​ការពារ​​ជំងឺមហារីកផ្សេងៗទៀត ដែល​ជួយ​ឱ្យ​រាងកាយ​របស់​អ្នកមាន​សុខភាព​ល្អ។ ម្យ៉ាងទៀត​វា​សម្បូរ​ទៅ​ដោយសារ​ធាតុដែក ដែលជា​សារធាតុ​សំខាន់បំផុត​ក្នុង​ការជំរុញ​ការបង្កើត​គោ​លិ​កា​ឈាម​នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង​ផងដែរ។

    ទោះជា​យ៉ាងណាក៏ដោយ ជា​រៀងរាល់ថ្ងៃ​យើងមិនគួរ​បរិភោគ​ស្ពៃ​ឆៅ​ច្រើនជាង1-2គីឡូក្រាម​នោះទេ ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ដែល​ឱ្យ​ឈ្មោះថា Goitrogen មាននៅ​ក្នុង​ស្ពៃក្ដោប ហើយ​បណ្ដាលឱ្យ​សារធាតុ​នេះ​លើស​នៅក្នុង​រាងកាយ ដែល​បង្ក​ឱ្យ​សារជាតិ​អី​ុ​យ៉ូ​តទី​រ៉ូ​អី​ុ​ត​ដែល​នៅក្នុង​ឈាមមាន​សភាព​ថយចុះ ក៏ប៉ុន្ដែ​សារធាតុនេះ​នឹង​បាត់បង់​ទាំងស្រុង​នៅពេល​ស្ពៃក្ដោប​នោះ​ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ៕

  • គន្លឹះខ្លីៗក្នុងការ​បង្កើត​ប្រ៊េ​ន​ដ៍​នាំ​ចេញទៅ​បរទេស

    គន្លឹះខ្លីៗក្នុងការ​បង្កើត​ប្រ៊េ​ន​ដ៍​នាំ​ចេញទៅ​បរទេស

    ភ្នំពេញ – បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​លើ​អាជីវកម្ម​ជាច្រើន ថ្មីៗនេះ​លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ បាន​បង្ហើប​ថា បន្ទាប់ពី​ប្រ៊េ​ន​ដ៍ Monsne កាហ្វេ មានឈ្មោះ​នៅលើ​ទីផ្សារ​ក្នុងស្រុក​រួចហើយ នៅពេលឆាប់ៗខាងមុខនេះ​ប្រ៊េ​ន​ដ៍​មួយ​នេះ​នឹង​ចេញ​ទៅដល់​បរទេស។

    លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile  (Cambodia) Co., Ltd បាន​បញ្ជាក់ថា ដំបូង​គិត​បង្កើត​ត្រឹមតែ​លក់​ក្នុងស្រុក​តែប៉ុណ្ណោះ ប៉ុន្ដែ​ដោយ​យល់ថា កូន​ខ្មែរ​ជា​អ្នកមាន​សមត្ថភាព​ពូកែ ដូច្នេះ​លោក​នឹងធ្វើ​កិច្ចការងារ​នេះ​ឱ្យ​បានល្អ និង​ល្អឥតខ្ចោះ​ដើម្បី​ធ្វើយ៉ាងណា​ជាការ​ទាក់ទាញ​ដល់​ជនបរទេស​ឱ្យ​ចាប់អារម្មណ៍ និង​មក​សិក្សា​ផលិតផល​របស់​យើង។ លោក​ឧកញ៉ា​បន្ដថា ក្រោយពី​មើលឃើញថា យើង​មាន​ទីផ្សារ​ក្នុងស្រុក​ល្អ​ហើយ លោក​ក៏មាន​គំនិត​ឈានទៅដល់​ទីផ្សារ​បរទេស​បន្ថែមទៀត។

    អគ្គនាយក​ក្រុមហ៊ុន Luxury Smile  (Cambodia)  Co., Ltd សង្កត់ធ្ងន់ថា ដើម្បី​ឈានទៅដល់​ការលក់ Franchise  ទៅ​បរទេស​យើង​មាន​គោលការណ៍​មួយចំនួន​គឺ ត្រូវមាន​ការរៀបចំ​គោលការណ៍​ស្ដង់ដារ​នៃ​ផលិតផល​របស់​យើង​ឱ្យបាន​ត្រឹមត្រូវ គឺ​យើង​រៀប​ជា​ស្ដង់ដារ​អន្ដរជាតិ នៅពេល​យើង​រៀបបាន​ស្ដង់ដារ​បែបនេះ អតិថិជន​នៅក្រៅ​ប្រទេស​ដែលមាន​បំណង​ទិញ​Franchise គេ​អាច​ទទួលយកបាន​ហើយ។

    លើសពីនេះ​យើង​ត្រូវ​ស្គាល់​គោលការណ៍​របស់​ប្រទេស​ណាមួយ​ដែល​យើង​ចង់ទៅ។ មានន័យថា ប្រសិនបើ​យើង​ចង់យក​ប្រ៊េ​ន​ដ៍​របស់​យើង​ទៅ​ប្រទេស​ថៃ យើង​ត្រូវ​ស្គាល់​ឱ្យបាន​ច្បាស់​ពី​អតិថិជន​នៅ​ប្រទេស​ថៃ ថា​គេ​នឹង​ទទួលយក​ផលិតផល​បែបណា? ទីផ្សារ​របស់​យើង​ស្ថិតនៅក្នុង​ខ្នាត​បែបណា? កម្រិតណា? តើ​យើង​ត្រូវដាក់​តម្លៃ​ប៉ុនណា​ដែល​អាច​ឱ្យគេ​លក់បាន និង​បង្កើន​ចំណូល​សម្រាប់​អ្នកទិញ Franchise ពី​យើង។

    លោក​ឧកញ៉ា​ចិត្រ សេរី​សុភ័ក្ដ្រ  បញ្ជាក់ថា បើ​យើង​ចង់​លក់ Franchise ឱ្យគេ យើង​មិនអាច​នៅ​ស្ងៀម​អត់​ធ្វើ​អ្វី​សោះ​នោះទេ បែប​ហ្នឹង​គេ​នឹងមិន​មក​ទិញ​របស់​យើង​ទេ។ ដូច្នេះ​ក្នុងនាម​យើង​ជា​ម្ចាស់​អាជីវកម្ម​យើង​ត្រូវធ្វើ​រឿង​ជាច្រើន ពិសេស​ធ្វើឱ្យ​ខ្លួនឯង​ជោគជ័យ​ជាមុនសិន ទើប​ទទួលបាន​ទំនុក​ចិ​ត្ដ។ លោក​ឧ​ញ៉ាប​ន្ថែ​ម​ថា៖ «សម្រាប់​ប្រ៊េ​ន​ដ៍​របស់ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​ដោយផ្ទាល់​ខ្លួនឯង ក្រៅពី​រូបមន្ដ​ដែល​ខ្ញុំ​យក​មកពី​ប្រទេស​ជប៉ុន ខ្ញុំ​ក៏បាន​បង្កើត និង​ចុះ​លក់​ដោយ​ខ្លួនឯង​ទៀត រហូត​គេ​ថា ខ្ញុំ​ធ្លាក់ខ្លួន​ក្រ ចុះ​លក់​កាហ្វេ​តាម​ថ្នល់។ ខ្ញុំ​សួរ​ទៅវិញ​ថា បើ​ខ្ញុំ​ចង់​ណែនាំ​ឱ្យគេ​ស្គា​ល់ពី​ផលិតផល​របស់ខ្ញុំ តែ​ខ្ញុំ​មិន​ទាំង​ស្គាល់​ផលិតផល​របស់​ខ្លួនឯង​ផង​នោះ តើ​អតិថិជន​របស់​ខ្ញុំគេ​មាន​ទំនុក​ចិ​ត្ដ​លើ​ខ្ញុំ​ដែរឬទេ? ច្បាស់​ជា​អត់​ទេ។ ដូច្នេះ​ខ្ញុំ​ត្រូវ​ស្គាល់​អ្វីដែល​ខ្ញុំ​មាន​ឱ្យ​ច្បាស់ ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ពូកែ និង​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ដឹង។ នៅពេល​ខ្ញុំ​នាំ​គំនិត​ទាំងនោះ​ទៅឱ្យ​អតិថិជន ពួកគាត់​នឹង​ប្រាកដ​ក្នុង​ចិ​ត្ដ ពួកគេ​នឹង​ជឿ​ទុក​ចិ​ត្ដ​លើ​ខ្ញុំ»៕