Category: សង្គម និងសេដ្ឋកិច្ច

  • ភាពមិន​ត្រូវ​គ្នា​នៅក្នុង​ដែន សមុទ្រ កំពុង​រាំងស្ទះ​ដល់​ការវិនិយោគ​វិស័យ​ឥន្ធនៈ

    ភាពមិន​ត្រូវ​គ្នា​នៅក្នុង​ដែន សមុទ្រ កំពុង​រាំងស្ទះ​ដល់​ការវិនិយោគ​វិស័យ​ឥន្ធនៈ

    ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Idemitsu Kosan Co., Ltd ដែលជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទទួលបាន​កិច្ចព្រមព្រៀង​ប្រេងកាត​មាន​លក្ខខណ្ឌ​នៅ​តំបន់ I&II នៃ​តំបន់​ទាមទារ​ត្រួតគ្នា (OCA) បាន​ស្នើឱ្យ​កម្ពុជា ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ដែល​នៅជាប់​គាំង​ក្នុង​តំបន់​ឈូង​សមុទ្រ ដើម្បី​ឈានទៅ​បើកផ្លូវ​ក្នុងការ​រុករក និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា។

    ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ដ៏​កម្រ​មួយ​រវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជាមួយ​លោក Eiji Hagiwara នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​នៃ​ក្រុមហ៊ុន Idemitsu Kosan Co., Ltd នៅ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល កាលពីពេលថ្មីៗនេះ។

    បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើដំណើរ​ឆ្ពោះទៅរក​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅក្នុង​ប្លុក A ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន KrisEnergy មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​ការកសាង​រោងចក្រ​ចម្រាញ់​ប្រេង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Petrochemical ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ហាន់ ឃៀង។

    យោងតាម​បណ្តាញ​សង្គម​របស់​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា លោក Eiji Hagiwara នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​នៃ​ក្រុមហ៊ុន Idemitsu Kosan Co., Ltd. ដែលជា​ក្រុមហ៊ុន​ដៃគូ​ជាមួយ​ក្រុមហ៊ុន Conoco Phillips (UK) Limited (មាន​ភាគហ៊ុន 66.66%) ជា​ក្រុមហ៊ុន​ទទួលបាន​កិច្ចព្រមព្រៀង​ប្រេងកាត​មាន​លក្ខខណ្ឌ​នៅ​តំបន់ I&II នៃ​តំបន់​ទាមទារ​ត្រួតគ្នា (OCA) ដែលជា​តំបន់​ត្រួតស៊ីគ្នា​រវាង​ប្រទេស​កម្ពុជា និង​ថៃ បានស្នើ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​ជំរុញ​ការដោះស្រាយ​បញ្ហា ដើម្បី​ព​ន្លឿ​ន​ដល់​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​ក្នុង​តំបន់​នោះ។

    ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​បង្ហាញថា ក្រុមហ៊ុន Idemitsu Kosan Co., Ltd. តែងតែ​បញ្ជូន Dr. Shiga អតីត​នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​ឱ្យមកធ្វើ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​ប្រេងកាត​កម្ពុជា​ជា​ញឹកញាប់​ផងដែរ​ដើម្បី​ជា​សក្ខីភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា។ ក្នុងជំនួប​ជាមួយ​ឯកឧត្តម ស៊ុយ សែម តំណាង​ក្រុមហ៊ុន​បាន​លើកឡើងថា ក្រុមហ៊ុន​លោក​នឹង​បោះទុន​សម្រាប់​ការវិនិយោគ​ប្រេងកាត​នៅ​តំបន់​នោះ ប្រសិនបើ​ភាគី​កម្ពុជា និង​ភាគី​ថៃ​ចរចា​ត្រូវ​គ្នា។

    ឯកឧត្តម ស៊ុយ សែម បាន​បញ្ជាក់ជូន​ប្រតិភូ​ជប៉ុន​ថា កាលពី​ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 កន្លងមក​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុងពេលនោះ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដើម្បី​ជំរុញ​យន្តការ​នេះ​ឱ្យបាន​លឿន​នៅក្នុង​តំបន់​ប្រេងកាត​ត្រួតស៊ីគ្នា​នោះ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ពាក់ព័ន្ធ​បញ្ហា​នេះ​ភាគី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង នឹង​ឈានទៅដល់​ការចរចា​ម្តង​ពីរដង​រួចមកហើយ ក្នុងនោះ​ភាគី​ថៃ​ហាក់​សម្តែង​នូវ​ការទទួលយក ប៉ុន្តែ​ជា​លទ្ធផល​គឺ​ពុំ​បានចេញ​ជា​ផ្លៃ​ផ្កា​នោះឡើយ ដោយ​អ្នកបច្ចេកទេស​ថៃ​តែងតែ​ទាញយក​បញ្ហា​ព្រំដែន គឺ​ចង់ឱ្យមាន​ការកំណត់​ព្រំដែន​ជាមុន ចំណែក​ភាគី​កម្ពុជា​វិញ​ចង់ទុក​រឿង​ព្រំដែន​ដោះស្រាយ​ជា​ក្រោយ ហេតុនេះ​ការជជែក​វែកញែក​នោះ​មិនបាន​ត្រូវ​គ្នា​ឡើយ ដែល​បាន​បន្ត​ទុក​មកដល់​សព្វថ្ងៃនេះ។

    តំបន់​ទាមទារ​ត្រួតគ្នា (OCA) ត្រូវបាន​ចែកចេញជា 4តំបន់ ក្នុងនោះ​តំបន់1 និង​តំបន់2 ស្ថិតក្រោម​ការ​ស្វែង​រុករក​ប្រេងកាត​របស់​ក្រុមហ៊ុន អ៊ី​ដឹ​ម មី​ត​ស៊ុយ កូ​សាន និង​ក្រុមហ៊ុន​កូ​នី​កូ ហ្វី​លៀប របស់​អាមេរិក ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​មាន​លក្ខខណ្ឌ​តាំងពី​ឆ្នាំ1997 ចំណែក​តំបន់3 ក្រុមហ៊ុន​តូ​តា​ល់ និង​តំបន់4 ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន សី​នុ ប្រទេស​ចិន។ បច្ចុប្បន្ន​តំបន់​ទាំង4នេះ​ស្ថិតនៅក្នុង​តំបន់ ស នៅឡើយ៕

  • ចាន់ណា រ៉ូណាន់ ប្រើពាក្យមួយឃ្លាធ្វើឱ្យអ្នកគាំទ្រក្ដុកក្ដួលចិត្ដ

    ចាន់ណា រ៉ូណាន់ ប្រើពាក្យមួយឃ្លាធ្វើឱ្យអ្នកគាំទ្រក្ដុកក្ដួលចិត្ដ

    ផលិតកម្មឥន្ទ្រានិម្មិតធ្លាប់ទទួលបានការគាំទ្រពីមហាជនជា ពិសេសពួកគេកំពុងតែរងចាំទស្សនារឿង «សសរកន្លោង» យ៉ាងអន្ទះសារដែលនឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃនេះ។ កាលពីម្សិលម៉ិញលោក ចាន់ណា រ៉ូណាន់ អ្នកដឹកនាំរឿងនេះបានថ្លែងនៅក្នុងពិធីសម្ពោធរឿង «សសរកន្លោង» រហូតធ្វើឱ្យអ្នកគាំទ្រខ្លួនមានអារម្មណ៍ក្ដុកក្ដួលចិត្ដជាខ្លាំង។

    តើចាន់ណា រ៉ូណាន់ បាននិយាយអ្វីទៅកាន់អ្នកគាំទ្ររបស់ខ្លួន? ខណៈមានសិល្បករសិល្បការិនី ជាច្រើនបានចូលរួមក្នុងកម្មវិធីសម្ពោធរឿង និងមានមហាជនបានចោមរោមមើលពេលនោះលោកចាន់ណា រ៉ូណាន់ បានឡើងថា រឿង«សសរកន្លោង»ជាស្នាដៃចុងក្រោយរបស់លោកហើយ។

    លោកចាន់ណា រ៉ូណាន់ បញ្ជាក់ថា ទោះបីជាលោកដឹងថា រឿងនេះមានគុណភាពល្អទទួលបានការសរសើរពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងមានសន្ទុះនៃការគាំទ្រខ្លាំងជាងរឿង «កំណត់ហេតុនាងនាថ» ដែលជារឿងបានបំបែកឯកតកម្មក្នុងការរកប្រាក់ចំណូលបានច្រើនក៏ពិតមែន ប៉ុន្ដែបន្ទាប់ពីប្រតិបត្ដិការដាក់បញ្ចាំងរឿង «សសរកន្លោង»បានចប់សព្វគ្រប់លោកនឹងដកខ្លួនចេញពីសិល្បៈលែងផលិតភាពយន្ដទៀតហើយ។ លោកបន្ដថា ការចាកចេញវាមិនមែនកើតឡើងដោយសារតែមានជំលោះ ឬការអន់ចិត្ដជាមួយនរណាម្នាក់ទេ ប៉ុន្ដែលោកបង្វែរទិសដៅមួយរយៈទៅរកស៊ីមួយរយៈធំ គ្រាដែលលោកដឹងថា ការរកស៊ីក៏បង្កើតប្រាក់ចំណូលសម្រាប់លោកច្រើនដែរ។ រីឯហេតុពាក់ព័ន្ធជុំវិញការប្រមូលពន្ធដារទៅលើវិស័យភាពយន្ដនោះ គឺជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះ​ព្រោះបច្ចុប្បន្នក្រសួងវប្បធម៌កំពុងជួយផលិតករ ដោយបានធ្វើសំណើរសុំការលើកលែងពន្ធដាររហូតដល់10ឆ្នាំតែលទ្ធផលយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។

    រឿង«សរសរកន្លោង» បានលើកឡើងពីក្ដីស្រលាញ់របស់បងប្អូនដែលត្រូវមើលថែគ្នា ខណៈពួកគេគ្រួសារកំព្រាឪពុក  ម្ដាយ។រឿងនេះក៏បានដកស្រង់បានដកស្រង់ឈុតឆាកនាសម័យបារាំងលាយបញ្ចូលគ្នាជាមួយសម័យកាលបច្ចុប្បន្ន និងមានលាយឡំឈុតឆាកខ្មោចដែលមានតុបតែងប្លែកគួរឱ្យភ័យរន្ធត់គួបផ្សំប្លង់ថត រូបភាព បច្ចេកទេសបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។

    អ្នកដឹកនាំរឿងរូបនេះ បញ្ជាក់ថា ប្រសិនបើថ្ងៃណាមួយមានហេតុផលណាដែលជំរុញឱ្យលោកងាកមកផលិតភាពយន្ដវិញលោកនឹងត្រលប់មកវិញ។ លោកបន្ដថា៖ «តែបើត្រលប់មកកាន់វិថីសិល្បៈជាលើកទីពីរខ្ញុំនឹងបង្កើតផលិតកម្មថ្មីមួយដែលមិនធ្វើជាលក្ខណៈទ្រង់ទ្រាយតូចដូច្នេះទេ ខ្ញុំនឹងរកដៃគូសហការគ្នាធ្វើរឿងឱ្យមានទ្រង់ទ្រាយធំ​និងរឹងមាំជាងនេះ»៕

  • ការចិញ្ចឹម​កូន​ក្នុង​យុគ​បច្ចុប្បន្ន

    ការចិញ្ចឹម​កូន​ក្នុង​យុគ​បច្ចុប្បន្ន

    ការចិញ្ចឹម​កូន​នា​យុគ​បច្ចុប្បន្ននេះ​មើលទៅ​វា​ហាក់ដូចជា​ក្លាយជា​បញ្ហា​ចំពោះ​ឪពុកម្តាយ​ខ្លាំងណាស់​ថា តើ​ត្រូវ​ចិញ្ចឹម​កូន​យ៉ាង​ណា​ឱ្យ​ពូកែ ឱ្យ​អច្ឆរិយៈ ​ដែល​ភាគច្រើន​នឹង​សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​ខួ​រក្បាល ព្រោះ​សង្គម​សម័យនេះ​ត្រូវការ​តែ​មនុស្សឆ្លាត មាន​ភាពរហ័សរហួន​វាងវៃ និង​ទាន់សម័យ​ទើបអាច​រស់នៅ​យ៉ាង​មាន​សុវត្ថិ​ភាពកណ្តាល​ស្ថានភាព​ប្រែប្រួល​ខាង​សេដ្ឋកិច្ច​បែបនេះ​បាន។

    តែ​យើង​ភ្លេច​ហើយ​ថា លោកតា លោកយាយ​របស់​យើង​តែងតែ​ឱ្យ​ពរ​កូនចៅ​ឱ្យ “រស់នៅ​សប្បាយ មាន​សេចក្តីសុខ” ឬ “ត្រជាក់ត្រជុំ សុខ​សប្បាយ” ច្រើនជាង​ឱ្យ​ពរ​ថា ឱ្យ​ក្លាយជា​មនុស្ស​អច្ឆរិយៈ ព្រោះ​លោក​ឆ្លងកាត់​ជីវិត​មក​ច្រើន និង​ដឹងថា អច្ឆ-រិយៈ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការតម្រង់​ជីវិត​ឱ្យ​រស់នៅ​ប្រកបដោយ​ជោគជ័យ និង​មាន​សេចក្តីសុខ​នោះ ដូច្នេះ​ក្មេងក្នុងយុគសម័យ​ថ្មី​ដែល​នឹក​សង្ឃឹមថា នឹង​ក្លាយជា​មនុស្ស “ពូកែ ល្អ និង​មាន​សេចក្តីសុខ” សម្បូរ​ទាំង​IQ និង​EQនោះ សាកល្បង​ពិចារណា​មើល​ពី​ការពិត​នៃ​ជីវិត​ដែល​អ្នកមានចំណេះដឹង​ខាង​ការចិញ្ចឹម​ថែទាំ​ក្មេង​បានរៀបរៀង​ទុក​យ៉ាង​គួរឱ្យ​ចាប់អារម្មណ៍ដូចខាងក្រោមនេះ៖

    បើ​ចិញ្ចឹម​កូន​ដោយ​ការទទួលយក​នូវ​អ្វីដែល​គេ​មាន គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ពេញចិត្ត​ចំពោះ​ខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​​ការផ្តល់​កម្លាំងចិត្ត គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ជឿជាក់​លើ​ខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​ភាពយុត្តិធម៌ គេ​នឹង​ក្លាយជាមនុស្ស​មាន​ចិត្ត​ធម៌។ បើ​ចិញ្ចឹម​កូន​ដោយ​ភាពជា​មិត្ត គេ​នឹងមាន​សេចក្តីស្រឡាញ់ និង​ក្តីមេត្តា​ចំពោះ​មិត្ត​មនុស្ស​ដូចគ្នា។ បើ​ចិញ្ចឹម​កូន​ដោយ​សេចក្ដី​ស្រឡាញ់ និង​ភាពកក់ក្តៅ គេ​នឹង​ក្លាយជា​មនុស្សដែលមានចិត្ត​សទ្ធា​ក្នុង​ជីវិត។ បើ​ចិញ្ចឹម​កូន​ដោយពាក្យ​ស្តីបន្ទោស​ទិតៀន គេ​នឹង​ក្លាយ​ជា​មនុស្ស​
    បរាជ័យ​ក្នុង​ជីវិត។ បើ​ចិញ្ចឹម​កូន​ដោយ​ភាព​ច្រងេងច្រងាង គេ​នឹង​ធំ​ឡើង​ក្លាយជា​មនុស្ស​ព្រហើន​មិនដឹង​ខុសត្រូវ។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​ប​ញ្ជោះប​ន្សោ​ក​ចំអក​ឡកឡាយ គេ​នឹង​ក្លាយជា​មនុស្ស​អៀនខ្មាស​ច្រើន និង​ខ្លាច។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​អៀនខ្មាស គេ​នឹង​ក្លាយជា​មនុស្ស​មិន​ទុកចិត្តលើខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម គេ​នឹង​ក្លាយជា​មនុស្ស​ស៊ូទ្រាំ​អត់ធន់។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​កោតសរសើរ គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ជ្រួតជ្រាប​ក្នុង​គុណ​តម្លៃ។

    សូមឱ្យ​មិត្ត​អ្នកអាន​គ្រប់រូប​ឈប់​គិតពី​រឿង​ផ្សេង​មួយ​ភ្លែត និង​នៅ​ស្ងៀម1នាទី​ដើម្បី​ពិចារណា​ពី​ចំណុច​ណែនាំ​របស់​អ្នកមាន​ចំណេះដឹង​ក្នុងការ​ចិញ្ចឹម​មើលថែ​កុមារ និង​វិភាគ​មើល​ពី​បញ្ហាដែល​នឹង​នាំ​មកនូវ​បញ្ញា​ដែល​ស័ក្តិសម និង​ត្រឹមត្រូវ​តទៅទៀត៕

  • ទទួលទាន​ផ្លែ​ឪឡឹក​រយៈពេល7ថ្ងៃ នឹងមាន​រឿង​អ្វី​កើតឡើង​ចំពោះ​សុខភាព?

    ទទួលទាន​ផ្លែ​ឪឡឹក​រយៈពេល7ថ្ងៃ នឹងមាន​រឿង​អ្វី​កើតឡើង​ចំពោះ​សុខភាព?

    មនុស្ស​មួយចំនួន​មិនសូវ​និយម​ទទួលទាន​ទឹក​ប៉ុន្មាន​ទេ រហូតដល់​អ្នកខ្លះ​ទៀត​ខិតខំ​ប្រឹង​ធ្វើ​ការងារ ដោយ​មិនបាន​នឹកនា​ដល់​ការ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​នោះទេ។ ផ្លែ​ឪឡឹក ត្រូវបាន​អ្នកស្រាវជ្រាវ​លំដាប់​ពិភពលោក​ទទួលស្គាល់ថា ជា​ផ្លែឈើ​ដែល​សម្បរ​ទៅដោយ​សារជាតិ​ទឹក​ច្រើន​បំផុត និង​មាន​វីតាមីន​ជាច្រើន​នៅក្នុង​ផ្លែ​ឪឡឹក ដោយហេតុថា​វា​មាន​អត្ថប្រយោជន៍​ជា​ច្រើនយ៉ាង​ដូច្នេះហើយ ទើបបានជា​អ្នកជំនាញ​ខាង​សុខភាព​បាន​ណែនាំ​ឱ្យ​អ្នក​ដែល​មិន​និយម​ទទួលទាន​ទឹក ឱ្យ​ងាក​មក​ទទួលទាន​ផ្លែ​ឪឡឹក​ជំនួស​ទឹក​វិញ ដើម្បីឱ្យ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​មាន​ស្បែក​ភ្លឺ​ថ្លា។

    ក្រុម​វេជ្ជសាស្ត្រ​បាន​ពិសោធ​ចំពោះ​អ្នកជំងឺ​ដែល​បាត់បង់​ជាតិ​ទឹក​ឱ្យទទួល​ទាន​ផ្លែ​ឪឡឹក​ក្នុង​រយៈពេល7ថ្ងៃ ហើយសង្កេតឃើញថា រាងកាយ​របស់​អ្នកជំងឺ​មាន​ភាពប្រសើរ​ជាង​មុន ដូច្នេះហើយ​បានជា​យើង​ត្រូវ​ដឹងថា ការទទួល​ទាន​ផ្លែ​ឪឡឹក7ថ្ងៃ មាន​អ្វី​កើតឡើង​ចំពោះ​សុខភាព​របស់​យើង​ខ្លះ?ខាងក្រោម​នេះ គឺជា​គុណ​ស​ម្ប​តិ្ត​នៃ​ការទទួលទាន​ផ្លែ​ឪឡឹករយៈពេល7ថ្ងៃ៖

    1. រក្សា​សុខភាព​តម្រងនោម​បានល្អ
    2. ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក
    3. បង្កើន​សុខភាព​ភ្នែក
    4. ប្រឆាំង និង​ការពារ​រោគ​ជំងឺ​នានា
    5. បន្ថែម​ថាមពល​ដល់​រាងកាយ
    6. សម្រក​ទម្ងន់ និង​រក្សា​រាង​បាន​ស្អាត
    7. សម្រួល​ប្រព័ន្ធ​ឈាម និង​បេះដូង
    8. ការពារ​រោគ​ជំងឺ​រលាកផ្សេងៗ
    9. ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត-ល-៕

  • អគារ «ពស់» ដ៏ចម្លែកអស្ចារ្យនៅប្រទេសរុស្ស៊ី

    អគារ «ពស់» ដ៏ចម្លែកអស្ចារ្យនៅប្រទេសរុស្ស៊ី

    ស្ថាបត្យករជនជាតិរុស្ស៊ីម្នាក់បានរចនាអគារខ្ពស់ Skyscraper ដ៏ស្កឹមស្កៃមួយ ដែលមានរូបរាងដូចសត្វពស់វែក ហើយលោករំពឹងថា អគារដ៏ប្លែកខុសពីគេរបស់ខ្លួននេះនឹងអាចលេចចេញជារូបរាងយ៉ាងពិតប្រាកដឡើងនៅក្នុងទីក្រុងដ៏ល្បី​ល្បាញ​ណាមួយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ឬតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail (Mail Online) នៅ​ព្រឹក​ថ្ងៃ​ពុធ ទី8 ខែវិច្ឆិកា ឆ្នាំ2017។

    រចនាបទនៃអគារខាងលើនេះ ដែលមានឈ្មោះថា «Asian Cobra Tower» ត្រូវបានបង្កើតឡើងដោយស្ថាបត្យករមកទីក្រុងម៉ូស្គូ​​ប្រកបដោយទេពកោសល្យមួយរូបឈ្មោះ VasilyKlyukin ដែលកំពុងរស់នៅក្នុងប្រទេសម៉ូណាកូ។ លោក Klyunkin ជឿជាក់ថា អគារ​ពស់របស់លោក នឹងទាក់ទាញអ្នកអភិវឌ្ឍន៍ភាគច្រើននៅតាមទីក្រុងធំៗ ក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីជាទីដែលសត្វពស់ត្រូវបាន​គេចាត់ទុកជានិមិត្តរូបនៃគតិបណ្ឌិត។

    បើតាមស្ថាបត្យករខាងលើ ផ្នែកមាត់ពស់នៃអគារនេះនឹងសម្រាប់បម្រើជាភោជនីយដ្ឋាន ឬក៏ក្លឹបកម្សាន្តរាត្រី ខណៈគ្រប់​ជាន់នៅ​​​តា​ម​​តួ​ខ្លួន​របស់វា អាចជាកន្លែងសម្រាប់ការិយាល័យ ឬក៏បន្ទប់ស្នាក់នៅ។ ដើម្បីឱ្យ​កាន់តែឃើញច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

     
  • បញ្ហា​អ្វីខ្លះ​ជា​ឧបសគ្គ​ក្នុង​ផ្នែក​ធនធានមនុស្ស​នៅ​កម្ពុជា?

    បញ្ហា​អ្វីខ្លះ​ជា​ឧបសគ្គ​ក្នុង​ផ្នែក​ធនធានមនុស្ស​នៅ​កម្ពុជា?

    ធនធានមនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ហើយ​បច្ចុប្បន្ននេះ កម្ពុជា​ក៏​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​ជំរុញឱ្យមាន​កា​រ​អភិវឌ្ឍ​មូលធន​មនុស្ស​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុ​ជាមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​បម្រើឱ្យ​វិស័យ​នានា​ដែល​កំពុង​រីកចម្រើន។ ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​ក៏​គេ​សង្កេតឃើញ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ដែលជា​ឧបសគ្គ​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកឡើងថា នៅ​កម្ពុ​ជាមាន​បញ្ហា​មួយ គឺ​គ្រឹះស្ថាន​អប់រំ​មិនទាន់​អាច​ឆ្លើយតបបាន​ទាំងស្រុង​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​លើ​ជំនាញ​មួយចំនួន ជាពិសេស​ជំនាញ​ទន់។ សិស្ស និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ខ្វះ​សមត្ថភាព​ក្នុង​ការធ្វើការងារ​ជា​ក្រុម ការធ្វើការ​ដោះស្រាយ​បញ្ហា និង​ភាពជា​អ្នកដឹកនាំ​ជាដើម ហើយ​ទាំងអស់នេះ​ជា​ជំនាញ​សំខាន់​ដែល​អ្នកវិនិយោគ​បានលើកឡើង​ពី​តម្រូវការ​ធនធានមនុស្ស​នៅ​កម្ពុជា។

    លោក គង់ ភូមី​កា ប្រធាន​នាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា បញ្ហា​ប្រឈម​នៃ​វិស័យ​ធនធានមនុស្ស​បច្ចុប្បន្ន​គឺ ភាពមិន​ស៊ីគ្នា​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​ធនធានមនុស្ស។ និស្សិត​ជាច្រើន​បាន​សិក្សា​លើ​ជំនាញ​គ្រប់គ្រង ឬ​ធុរកិច្ច ដែលជា​ទីផ្សារការងារ​មួយ​ប្រកួតប្រជែង​ខ្លាំង ឬ​ជា​ទីផ្សារការងារ​ដែលមាន​តម្រូវការ​តិច ខណៈ​មាន​និស្សិត​តិចតួច​ប៉ុណ្ណោះ​ដែល​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ដែល​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់។

    ងាក​មក​អ្នកជំនាញ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​វិញ ឯកឧត្តម ពេ​ជ សោភ័ន បាន​លើកឡើងថា បញ្ហា​និស្សិត​មិនសូវ​ជ្រើសរើស​ជំនាញ​បច្ចេកទេស ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើឱ្យ​ប្រទេស​យើង​ខ្វះ​អ្នកជំនាញ​ក្នុងការ​អភិវឌ្ឍ ឬ​បម្រើ​ការងារ​ក្នុង​សហគ្រាសនីមួយៗ រួមទាំង​វិស័យ​សំណង់​ផងដែរ។ គម្រោង​សាងសង់​ជាច្រើន​បានជ្រើសរើស​បុគ្គលិក​ដែលជា​ជនជាតិ​បរទេស​ក្នុងតម្លៃ​ថ្លៃ ដើម្បី​បម្រើ​ការងារ ព្រោះថា នៅ​កម្ពុជា​អ្នក​ដែល​សិក្សា​លើ​ជំនាញ​បច្ចេកទេស ឬ​មធ្យម​បច្ចេកទេស​មាន​ចំនួន​តិចតួច​នៅឡើយ។

    លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus បាន​លើកឡើងថា បញ្ហា​ដែល​បណ្តាលឱ្យមាន​ផលប៉ះពាល់​លើ​វិស័យ​ធនធានមនុស្ស​កម្ពុជា គឺ​យុវជន​ជាច្រើន​មិនទាន់​យល់ដឹង​ឱ្យបាន​ទូលំទូលាយ​ពី​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ព្រោះ​ពួកគេ​ខ្វះ​អ្នក​ប្រឹក្សា​យោបល់ និង​មិនមាន​អ្នកជំនាញ​ផ្នែក​ទីផ្សារការងារ​នៅក្នុង​តំបន់​របស់​ពួកគាត់ ដែល​ធ្វើឱ្យ​និស្សិត​ជ្រើសរើស​ជំនាញ​តាម​គ្នាច្រើន និង​មិនសូវ​មានគុណ​ភាពខ្លាំង​នៅពេលដែល​ចេញមក​ធ្វើការ​ពិតប្រាកដ។

    សម្រាប់​អ្នក​អប់រំ​វិញ​ម្តង លោក សាន្ត ចន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា ការសិក្សា​របស់​និស្សិត​បច្ចុប្បន្ន គឺ​នៅមាន​ឧបសគ្គ​ខ្លះ​លើ​ការអនុវត្ត។ សាលា​មួយចំនួន រួមទាំង​និស្សិត​ខ្លួនឯង​ផ្ទាល់​គឺ​សិក្សា​ច្រើនតែ​លើ​ទ្រឹស្តី ហើយ​មិនសូវ​អនុវត្ត​ផ្ទាល់​ឱ្យបាន​ច្រើន​លើ​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា ដែល​កត្តា​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ដែល​ជ្រើសរើស​ពួកគេ​ទៅធ្វើ​ការ​ត្រូវ​ចំណាយ​ច្រើន​លើ​ការបណ្តុះបណ្តាល ឬ​ពិបាក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ទៅធ្វើ​ការ។

    បណ្ឌិត ឯក មនោ​សែន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ថា និស្សិត​ជាច្រើន​នៅ​កម្ពុជា​មិន​ស្គា​ល់ពី​ភាព​លម្អិត​នៃ​មុខវិជ្ជានីមួយៗ ឬ​ស្គាល់​មុខជំនាញ​តិច ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​ជ្រើសរើស​មុខជំនាញដដែលៗ ហើយ​ខ្លះទៀត​ថែមទាំង​ជ្រើសរើស​ជំនាញ​ខុស​ទៀតផង។ ជាក់ស្តែង និស្សិត​ជាច្រើន​បាន​យល់​ខុស​ថា គ្រប់​ការងារ​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ គឺ​សុទ្ធតែ​ត្រូវ​រៀន​ព័ត៌មានវិទ្យា​ជាដើម ដែល​ពេលខ្លះ​ពួកគេ​ត្រូវ​រៀន​មុខវិជ្ជា​មួយចំនួន​ដែល​មិនសូវ​ពាក់ព័ន្ធ ហើយ​កត្តា​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់៕

  • តើ​ក្រសួង​សាធារណការ​បានធ្វើ​អ្វីខ្លះ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេលក្រោយៗនេះ?

    តើ​ក្រសួង​សាធារណការ​បានធ្វើ​អ្វីខ្លះ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេលក្រោយៗនេះ?

    ភ្នំពេញ៖ បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​ការងារ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មកជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​វិញ មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មាន​សមិទ្ធផលធំៗគួរឱ្យកត់សម្គាល់​មួយចំនួន​បាន​កើតឡើង​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ពិសេស​គឺ​ការធ្វើកំណែទម្រង់​ដាក់ QR Code នៅលើ​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ ដែលមាន​មុនគេ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី។

    ក្នុង​ពិធី​ធ្វើ​ប​ឋ​កថា​បង្ហាញ​ទៅដល់​មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត​ជាច្រើន​រយ​នាក់ និង​ព្រះសង្ឃ​ជាច្រើន​រយ​អង្គ​កាលពី​ម្សិលមិញ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​បច្ចុប្បន្នភាព​អំពី​សមិទ្ធផល​ការងារ​ដែល​សម្រេចបានសំខាន់ៗទាក់ទង​នឹង​ផែនការ​សកម្មភាព100ថ្ងៃ និង​កំណែទម្រង់​ដែល​កំពុង​បន្តធ្វើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    សមិទ្ធផល​ការងារ​សម្រេចបាន​ទាំងនោះ​រួមមាន៖ ការដាក់ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប AEON Mall ភ្នំពេញ ដោយ​ចំណាយពេល​ត្រឹមតែ15នាទី ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ  ការបិទ​ស្លាក​សុវត្ថិភាព​ស្ទី​គ័​រ​ចំណាំង​ប្លាត​ពន្លឺ​ពេលយប់​ចំនួន3.4លាន​សន្លឹក យុទ្ធនា​ការចែក​មួកសុវត្ថិភាព  ការរៀបចំ​រចនាសម្ព័ន្ធ​អង្គការលេខ​របស់​ក្រសួង​ឡើងវិញ​ដើម្បី​បំពេញការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ការដាក់ឱ្យ​ដំណើរការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ការផ្តល់​ប័ណ្ណបើកបរ​យានយន្ត កម្មវិធី​យល់ដឹង​អំពី​ទ្រឹស្តី​នៃ​ការបើក​លើ​ទូរស័ព្ទ​ឈៀក​ចល័ត និង​ស្លាក​លេខ​យានយន្ត​ដែលមាន QR Code ដើម្បី​កាត់បន្ថយ​ការ​ក្លែងបន្លំ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​ការសាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ដែល​គ្រោង​ដាក់ឱ្យ​ដំណើរ​ក្នុងពេលឆាប់ៗ  ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ការរៀបចំ​ក្របខ័ណ្ឌ​ស្ថាប័ន​ទទួលបន្ទុក​ភ័ស្តុភា​រកម្ម​ដើម្បី​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន ការធ្វើសមាហរណកម្ម​ទូទាំងប្រទេស​តាមរយៈ​ការកសាង និង​ពង្រីក​បណ្តាញ​ផ្លូវ​ត​ភ្ជាប់ ការកសាង​ផ្លូវ​រថភ្លើង ការគ្រប់គ្រង​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ការកសាង​កំពង់ផែ​ទឹក​ជ្រៅ ការ​លុប​ជង្ហុក​សម្បុកមាន់​លើផ្លូវ​នៅ​ទូទាំង 25រាជធានី-ខេត្ត តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​រ៉ឺម៉ក​ដែល​បំពាក់​ដោយ​ឧបករណ៍​ចំនួន​ជាង300គ្រឿង និង​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ចល័ត​ចុះ​ពិនិត្យ និង​ជួសជុល​ជង្ហុក​សម្បុកមាន់ភ្លាមៗក្នុង​គោលបំណង​ថែរក្សា​បណ្តាញ​ផ្លូវថ្នល់​របស់​យើង​ឱ្យ​ជាប់​បានយូរ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ច្បាប់​ដើម្បី​ប្រជាជាតិ​កាន់​តែមាន​សុវត្ថិភាព និង​វិបុលភាព​ថែមទៀត និង​បាន​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា៕

  • សទ្ទានុក្រម​សន្តាន​ពាក្យ​ខ្មែរ​ទំនើប​នឹងត្រូវ​បង្កើតឡើង​ក្នុងពេលឆាប់ៗនេះ

    សទ្ទានុក្រម​សន្តាន​ពាក្យ​ខ្មែរ​ទំនើប​នឹងត្រូវ​បង្កើតឡើង​ក្នុងពេលឆាប់ៗនេះ

    ការប្រើប្រាស់​ភាសា​គឺជា​រឿង​សំខាន់​មួយ​ដែល​គ្រប់គ្នា​កំពុង​យកចិត្តទុកដាក់​នៅ​កម្ពុជា ព្រោះថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​គេ​សង្កេតឃើញ​មានការ​បកស្រាយផ្សេងៗគ្នា​ជាច្រើន ពាក់ព័ន្ធ​នឹង​កំហុស​នៃ​ការប្រើប្រាស់​ភាសា​តាមរយៈ​ការសរសេរ ទាំង​ក្នុង​ឯកសារ​បោះពុម្ព និង​លើ​បណ្តាញ​សង្គម។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ លោក ឈិន សីហា ប្រធាន​ស្ថាបនិក​ក្លិប​អក្សរសាស្ត្រ​ខ្មែរ បានរៀបចំ​ចងក្រង​នូវ «សទ្ទានុក្រម​សន្តាន​ពាក្យ​ខ្មែរ​ទំនើប» ឡើង​ដោយ​លោក​បានផ្តល់​បទ​សម្ភាស​លម្អិត​ជុំវិញ​ការ​ចងក្រង និង​ស្រាវជ្រាវ​ដល់​គេហទំព័រ​ឡា​រ៉ែ​ន​ដូចខាងក្រោម​នេះ។

    1. មូលហេតុ​អ្វី​បានជា​លោក​បង្កើត​សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ​ឡើង?

    ខ្ញុំ​បង្កើត​សទ្ទានុក្រម​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ​ឡើង​ក្នុង​គោលបំណង​បង្កើត​នូវ​សមិទ្ធផល​ម្យ៉ាង​ដែល​អាចជា​មូលដ្ឋាន​នៃ​ការបង្កើត​ពាក្យ​ក្នុងសម័យ​ទំនើប។ ម្យ៉ាងវិញទៀត សទ្ទានុក្រម​នេះ​ក៏​ជា​ប្រភព​នៃ​ទំនាក់ទំនង​ពាក្យ និង​មេកាព្យ​ដែល​អាចជួយ​ឱ្យ​ប្រជាជន​ខ្មែរ​បាន​យល់ដឹង ព្រមទាំង​ងាយស្រួល​ក្នុងការ​បង្កើត​សំណេរ​ឱ្យបាន​ល្អ​ថែម​ទៀតផង។ លើសពីនេះទៅទៀត ឯកសារ​នេះ​ក៏​អាចជា​គំនិត​មួយ​សម្រាប់​ពន្យល់​ឱ្យបាន​យល់​ពី​ផ្នត់​ពាក្យ​ក្លាយ និង​ពាក្យ​បន្ថែម​ដើម ឬ​បន្ថែម​ចុង​ផងដែរ ដើម្បី​កុំឱ្យ​ប្រជាជន​យើង​មានការ​យល់ច្រឡំ ហើយ​ប្រើប្រាស់​ខុស។

    1. តើ​សទ្ទានុក្រម​នេះ​មានគុណ​តម្លៃ​យ៉ាងណាខ្លះ​ដល់​ប្រជាជន​ខ្មែរ?

    សម្រាប់​គុណ​តម្លៃ​នៃ​សទ្ទានុក្រម​នេះ​គឺ អាចធ្វើឱ្យ​ការប្រើប្រាស់​ពាក្យ​របស់​យើង​មាន​លក្ខណៈ​ឯកភាពគ្នា ដែល​កន្លងមក​យើង​តែងតែ​ប្រើប្រាស់​ទៅតាម​ទម្លាប់ និង​មានការ​បកស្រាយផ្សេងៗគ្នា តែ​មិនមាន​ឯកសារ​ចងក្រង​ពី​ប្រភព​នៃ​ការប្រើប្រាស់​ឱ្យបាន​ច្បាស់លាស់។ វា​ក៏​ជា​មូលដ្ឋាន​ក្នុងការ​បង្ហាញផ្លូវ​ដល់​អ្នក​គ្រប់គ្នា​ឱ្យបាន​យល់​ពី​សញ្ញាណ​នៃ​ពាក្យបុរាណ និង​ពាក្យ​ទំនើប ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការរីកចម្រើន និង​និរន្តរភាព​របស់​ភាសាជាតិ​យើង។

    តាមរយៈ​សទ្ទានុក្រម​នេះ ប្រជាជន​ខ្មែរ​នឹង​អាច​សិក្សា​ពី​ការប្រើប្រាស់​ពាក្យ​បច្ចេកទេស​យ៉ាង​ទូលំទូលាយ ដែល​វា​បង្ហាញឱ្យឃើញ​ពី​ភាព​ចេះដឹង​ស្របពេល​ដែល​យើង​ព្យាយាម​លុបបំបាត់​កំហុស​ផ្នែក​ការប្រើ​ភាសា​បន្តិចម្តង។

    1. តើ​លោក​ចំណាយពេល​ប៉ុន្មាន​ដើម្បី​ចងក្រង​ឯកសារ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង? ហើយ​មាន​កត្តា​ប្រឈម និង​ឧបសគ្គ​អ្វីខ្លះ​ក្នុងការ​និពន្ធ និង​ចងក្រង?

    ដើម្បី​ចងក្រង​ឯកសារ​ដែលមាន​សារៈសំខាន់​នេះ​ឡើង ខ្ញុំ​ត្រូវ​ចំណាយ​ពេលវេលា​ជាង1ឆ្នាំ តែ​គំនិត​ដែល​គ្រោង​បង្កើត​សទ្ទានុក្រម​នេះ​គឺមាន​តាំងពី​ខ្ញុំ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ម្ល៉េះ។ ហើយ​បើ​និយាយ​ពី​កត្តា​ប្រឈម​វិញ​គឺមាន​មួយចំនួន​ដែរ ដូចជា​ពេលវេលា​ក្នុងការ​ស្រាវជ្រាវ​ហាក់​មិនសូវ​អំណោយផល​ប៉ុន្មាន​ទេ សម្រាប់​អ្នក​មមាញឹក​ដូចជា​រូបខ្ញុំ​ដែល​ត្រូវ​បង្រៀន​ផង និង​ធ្វើ​កិច្ចការងារ​ជាច្រើន​ផ្សេង​ទៀតផង។

    មួយវិញទៀត ថវិកា​ក្នុងការ​ស្រាវជ្រាវ និង​ការប្រមូល​ទិន្នន័យ​គឺជា​រឿង​ប្រឈម​មួយ​ដែរ ព្រោះ​សទ្ទានុក្រម​នេះ​មាន​កម្រាស់​ដល់​ទៅ​ជាង 800ទំព័រ ហើយ​ប្រភព​ឯកសារ​ទៀតសោត​ក៏មានលក្ខណៈផ្សេងៗគ្នា​ដែល​ត្រូវ​ចំណាយ​ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​ស្រាវជ្រាវ។ ហើយ​បើ​មើល​ពី​ចំណេះដឹង និង​បទពិសោធ​រួមទាំង​ការយល់ឃើញ​គឺ​នៅមានកម្រិត ដែល​ពេលខ្លះ​គឺ​ត្រូវ​ការចំណាយ​ពេលវេលា​យូរ​ដើម្បី​ស្វែងរក​ឯកសារយោង ឬ​ប្រឹក្សា​យោបល់​ឱ្យបាន​ច្បាស់លាស់។

    ចំពោះ​បញ្ហា​បច្ចេកទេស​វិញ ការលំបាក​គឺពាក់ព័ន្ធ​នឹង​ការញែក​ប្រភព និង​កំណើតរ​បស់ពាក្យ រួមទាំង​បច្ចេកទេស​ក្នុងការ​រចនា​សៀវភៅ​ទាំងមូល​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញ ទាំង​ផ្នែក​សោភ័ណភាព និង​តម្លៃ​សម្រាប់​ការអាន។

    1. តើ​លោក​រំពឹងថា សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ អាច​ផ្លាស់ប្តូរ​នូវ​ភាព​អសកម្ម​អ្វីខ្លះ​ក្នុងការ​ប្រើប្រាស់​ភាសា​នៅ​កម្ពុជា?

    ក្រោយ​ពេលដែល​សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ​បោះពុម្ពផ្សាយ​រួច ខ្ញុំ​រំពឹងថា ប្រជាជន​នឹង​យល់ដឹង​ពី​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ថា​មាន​រូបភាព​បែបណាខ្លះ ចេះ​ស្វែងយល់​ពី​គន្លឹះ​នានា​ក្នុង​សទ្ទានុក្រម និង​លុបបំបាត់​ភាព​អសកម្ម​កន្លងមក​ជុំវិញ​ការយល់​ខុស ឬ​និន្នាការ​ឆ្លង​និយម​ជាដើម។ ក្រៅពីនេះ​ខ្ញុំ​រំពឹងថា ប្រជាជន​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ផ្តល់​តម្លៃ​ពិសេស យកចិត្តទុកដាក់​លើ​បញ្ហា​អក្សរសាស្ត្រ​ជាតិ​យើង តាមរយៈ​ការបង្កើត​យន្តការ ឬ​គោលនយោបាយ​សកម្ម​ក្នុងការ​រៀបចំ​បង្កើត​ពា​ក្យ​ឱ្យបាន​ទូលំទូលាយ និង​សម្បូរបែប​ជាង​មុន។

    1. ជា​ចុងក្រោយ តើ​លោក​មាន​យោបល់ ឬ​សំណូមពរ​អ្វីខ្លះ​ដល់​អ្នកគាំទ្រ និង​សាធារណជន​ទូទៅ​នៅ​កម្ពុជា​ជុំវិញ​ការបង្កើត​សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ?

    ជា​សំណូមពរ​របស់ខ្ញុំ គឺ​សូមឱ្យ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន សូម​មានការ​យកចិត្ត​ទុកដាក់​ក្នុងការ​ប្រើប្រាស់​ភាសា និង​អក្សរសាស្ត្រ​ជាតិ​យើង​ឱ្យបាន​ផុសផុល ជាពិសេស​លើកកម្ពស់​ការ​តែង​និពន្ធ និង​ការស្រាវជ្រាវ។

    ខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ភាសា​ខ្មែរ​មេត្តាជួយ​ជា​ថវិកា​ដល់​ក្រុមការងារ និង​បោះពុម្ព​សទ្ទានុក្រម​ដ៏​មានតម្លៃ​មួយ​នេះ ដើម្បីឱ្យ​សទ្ទានុក្រម​នេះ​បាន​បម្រើ​ដល់​ការប្រើប្រាស់​ពាក្យ​របស់​បងប្អូន​ទូទាំងប្រទេស៕

  • គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ជប៉ុន អា​រ៉ា​ខា​វ៉ា​នឹង​លក់​សម្រាប់​ប្រជាជន​ទូទៅ

    គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ជប៉ុន អា​រ៉ា​ខា​វ៉ា​នឹង​លក់​សម្រាប់​ប្រជាជន​ទូទៅ

    គម្រោង​លំនៅឋាន​មានតម្លៃ​សមរម្យ​បែប​ខុន​ដូ ដែល​ទីតាំង​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​នៅថ្ងៃនេះ ហើយ​ការសាងសង់​ដំណាក់កាល​ទីមួយ​នឹង​បញ្ចប់​ក្នុង​រយៈពេល 42 ខែ​ខាងមុខ។

    លោក អេ​ឡិច យ៉ា​ស៊ូ​ម៉ូតូ ស្ថាបនិក​នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​បាន​លើកឡើងថា ដោយ​សង្កេតឃើញថា តម្រូវការ​លំនៅឋានរ​បស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​កាន់​តែមាន​កំណើន​ខ្លាំង ធ្វើឱ្យ​លោក​មានគំនិត​ផ្ដួចផ្ដើម​នាំមក​ជូន​ប្រជាជន​កម្ពុជា​នូវ​លំនៅឋាន​តម្លៃ​សមរម្យ​ដែល​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​គាំទ្រ​គោលនយោបាយ​ស្ដីពី​លំនៅឋាន​ផងដែរ។ លោក​បន្ដថា គម្រោង​លំនៅឋាន​ដែលជា​អគារខ្ពស់ៗបាន​រីកដុះដាល​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្ដែ​សុទ្ធតែជា​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​ថ្លៃ ដោយឡែក​គម្រោង​លំនៅឋាន​មានតម្លៃ​សមរម្យ​ផ្ដល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​អាច​ទិញ​បាន គឺ​ប្រហែល​ទើបតែ​មាន​ជា​លើកទីមួយ​ប៉ុណ្ណោះ។

    ស្ថាបនិក​នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បានបង្ហាញ​ពី​ជំនឿ​ចិ​ត្ដ​ថា៖«ផ្អែកលើ​ការកសាង​ដោយ​សំណង់​អគារ​ដែលមាន​គុណភាព និង​ក្រុមហ៊ុន​មិន​ទទួលយក​ប្រាក់​កក់​ពី​អតិថិជន​មក​ធ្វើជា​ទុនវិនិយោគ​ក្នុងការ​សាងសង់​នោះ ខ្ញុំ​ជឿថា យើង​នឹង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន ព្រោះ​អតិថិជន​គ្រាន់តែ​បើក​គណនី​សន្សំ​ប្រាក់​ទុក​ក៏​អាច​ទិញ​បានដែរ»។

    លំនៅឋាន​តម្លៃ​សមរម្យ​នេះ​ត្រូវបាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ13,680ម៉ែត្រក្រឡា​ដែល​ត្រូវ​សាងសង់2ដំណាក់កាល​ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​ត្រូវ​សាងសង់​អគារ​ស្នាក់នៅ​រួម​ចំនួន10អគារ​ចែកជា5ប្លុក ដោយ​មួយ​ប្លុក​មាន2អគារ និង​មាន​កម្ពស់19ជាន់ ទៅ23ជាន់ និង​មាន​បន្ទប់​ប្រមាណ2,000បន្ទប់ និង​គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ70លាន​ដុល្លារ។ ដែលមាន​បន្ទប់​Gពីរ​ប្រភេទ។ ទីមួយ​ប្រភេទ​ស្ទី​ឌី​យោ មាន​ទំហំ23-24ម៉ែត្រការ៉េ និង​ប្រភេទ​ទី​ពីរ មាន2បន្ទប់​គេង។ ព្រមទាំង​មាន​ចំណត​ជាន់​ក្រោម​ដី 2ជាន់​ដែល​អាច​ចត​រថយន្ដ​បាន300គ្រឿង និង​ជាន់​ផ្ទាល់​ដី​សម្រាប់​ចត​ម៉ូតូ និង​កង់។ គម្រោង​នេះ​មានតម្លៃ​ចន្លោះ​ពី2-3ម៉ឺន​ក្នុង​មួយ​យូ​នី​ត​ដែល​តម្លៃ​នេះ​ក្រុមហ៊ុន​កំពុងតែ​សិក្សា​បន្ថែម និង​អាចមាន​ការកំណត់​តម្លៃ​ជាក់លាក់​មួយ​ក្រោយពី​សាងសង់​បាន6ខែ ក្រោយ​គិត​ចាប់ពីពេលនេះ ដែល​អា​រ៉ា​ខា​វ៉ា​នឹង​ជូន​សម្រាប់​អតិថិជន​ទូទៅ​ទាំងអស់។

    ឯកឧត្ដម ជា សុផារ៉ា ទេស​រដ្ឋ​ម​ន្រី្ដ រដ្ឋ​ម​ន្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា៖« គម្រោង​នេះ​ពិតជា​ល្អ និង​មានតម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះថា ប្រសិនបើ​លក់​ក្នុងតម្លៃ​ថ្លៃ​ដែល​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន វា​លែង​ក្លាយជា​គម្រោង​ដែលមាន​តម្លៃ​សមរម្យ​ទៀតហើយ»។

    ជាមួយគ្នានេះដែរ ឯកឧត្ដម​បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគ​ក្នុង និង​ក្រៅ​ស្រុក​ទាំងអស់ ពិសេស​អ្នកវិនិយោគ​ជប៉ុន​បន្ដ​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​លើ​គម្រោង​នានា និង​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ ទោះបី​គម្រោង​នេះ​តូចក្ដី​ធំក្ដី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ចូលរួម​គាំទ្រ​ពេញទំហឹង និង​ជំរុញ​ឱ្យ​កិច្ចការ​អភិវឌ្ឍ​ឆ្ពោះទៅមុខ​យ៉ាង​រហ័ស ដើម្បី​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុ​ជាមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​អាចមាន​លទ្ធភាព​ទិញ​លំនៅឋាន​រស់នៅ​បាន​សម​រម្យ​ដូច​គេ​ដូច​ឯង។

    គួរ​បញ្ជាក់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន Arakawa ជា​គម្រោង​ទី3ហើយ​ដែល​ធ្វើការ​អភិវឌ្ឍ ខណៈ​គម្រោង​ទី1 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា សៀ ឫទ្ធី នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គម្រោង​ទី2 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ប៊ុន ចេស នៅ​ភាគ​ខាងជើង​នៃ​រាជធានី៕

  • ទឹក​ល្មុតមានប្រសិទ្ធភាព​ការពារ​ជំងឺមហារីក​ពោះវៀន

    ទឹក​ល្មុតមានប្រសិទ្ធភាព​ការពារ​ជំងឺមហារីក​ពោះវៀន

    មុននឹង​ធ្វើ​ទឹក​ល្មុត​ដើម្បី​ទទួលទាន អ្នក​ត្រូវ​ដឹង​ពី​គុណប្រយោជន៍​នៃ​ផ្លែ​ល្មុត​ជាមុនសិន ហើយ​នៅពេលនេះ ឡា​រ៉ែ​ន បាន​ដកស្រង់​នូវ​អត្ថបទ​ដ៏​ល្អ និង​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រិយមិត្ត​អ្នកអាន​ទាំងឡាយ ឱ្យបាន​ជ្រាប​អំពី​គុណប្រយោជន៍​របស់​ទឹក​ល្មុត ក្នុងការ​ការពារ​ជំងឺមហារីក​ពោះវៀន​ដូចតទៅ។

    ផ្លែ​ល្មុត ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ការពារ​ជំងឺមហារីក​ពោះវៀន ហើយម្យ៉ាងទៀត វា​ថែមទាំង​ធ្វើឱ្យ​អ្នកទទួល​ទាន​មានអារម្មណ៍​ថា​ផ្អែម​ឆ្ងាញ់​ជាប់មាត់​ថែម​ទៀតផង។ ប្រសិនបើ​អ្នកទទួល​ទាន​ផ្លែ​ល្មុត​ជាប្រចាំ និង​ជួយឱ្យ​ប្រព័ន្ធ​រំលាយ​អាហា​ដំណើរការ​បានល្អ​ជាធម្មតា ទើប​វា​មិន​បណ្ដាលឱ្យមាន​ផលប៉ះពាល់ ឬ​ហុច​ផល​អាក្រក់​ដល់​ពោះវៀន​របស់​អ្នក ក៏ប៉ុន្ដែ វា​អាច​ការពារ​រោគ​ជំងឺមហារីក​ពោះវៀន​បាន​យ៉ាង​ល្អប្រសើរ ដោយសារតែ​ផ្លែ​ល្មុត​មាន​កាក​សរសៃ​អាហារ​ដែលមាន​បរិមាណ​ច្រើន។

    ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា នៅក្នុង​ផ្លែ​ល្មុត សម្បូរ​ទៅដោយ​ស្ករ Fructose និង​មាន​កាក​សរសៃ​អាហារ​ក្នុង​បរិមាណ​ច្រើន​គួរសម ដែល​ហុច​ផល​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក។ ក្រៅពីនេះ ផ្លែ​ល្មុត នៅមាន​សារធាតុ​ជាច្រើន​ទៀត​ដូចជា វីតាមីន A, វីតាមីន C, ផូស្វ័រ និង​កាល់ស្យូម​ផងដែរ។ នៅពេល​បាន​ជ្រាប​ពី​គុណប្រយោជន៍​របស់​ផ្លែ​ល្មុត ដូច្នេះ​អ្នក​គួរតែ​ធ្វើ​ទឹក​ល្មុត​ជាមួយនឹង​គ្រឿងផ្សំ​ដូចខាងក្រោម​នេះ​ទាំងអស់គ្នា។

    គ្រឿងផ្សំ​ក្នុងការ​ធ្វើ​ទឹក​ល្មុត
    • សាច់​ល្មុត 1 កែវ
    • ទឹកបរិសុទ្ធ 1 កែវ
    • អំបិល 1/4 ស្លាបព្រា​កាហ្វេ
    • ទឹកកក 1 កែវ

    វិធី​ធ្វើ
    • ត្រៀម​គ្រឿងនីមួយៗឱ្យ​គ្រប់​តាម​ចំនួន​ដែលបាន​រៀបរាប់​ខាងលើ។
    • យក​ផ្លែ​ល្មុត​ទៅ​ចិត​សម្បក ហើយ​យក​គ្រាប់​ចេញ គឺ​យកតែ​សាច់​ល្មុត​តែប៉ុណ្ណោះ បន្ទាប់​មកចាក់​ចូលក្នុង​ម៉ាស៊ីន​ទឹកក្រឡុក។
    • បន្ថែម​អំបិល ទឹកបរិសុទ្ធ និង​ទឹកកក​ចូលទៅក្នុង​ម៉ា​សី​ុ​ន​ក្រឡុក។
    • រួច​ចាប់ផ្ដើម​ក្រឡុក ឱ្យ​គ្រឿងផ្សំ​ទាំងអស់​ម៉ដ្ឋ និង​រលាយ​ចូលគ្នា។
    • បន្ទាប់មក​ចាក់ទឹក​ល្មុត​នោះ​ដាក់​ក្នុង​កែវ ដោយ​អ្នក​អាច​ទទួលទាន​បែបត្រជាក់ៗ ដើម្បី​កាត់បន្ថយ​អាការ​ក្រហាយ​ពោះ​បានភ្លាមៗតែម្តង៕