Category: សង្គម និងសេដ្ឋកិច្ច

  • បន្លែ​ពោត​បារាំង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    បន្លែ​ពោត​បារាំង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ភ្នំពេញ៖ ពោត​បា​រាំងជា​បន្លែ​មួយ​ប្រភេទ​ដែល​គេ​អាច​យកទៅ​ធ្វើ​ម្ហូប​ដូចជា ស្ងោរ ឆា ឬ​អាំង​ទៅតាម​ចំណង់​ចំណូលចិត្ត ហើយ​ដោយសារតែ​រសជាតិ​ផ្អែម​ឆ្ងាញ់​របស់​វា​បានធ្វើឱ្យ​ពោត​បារាំង​កំពុងតែ​មានការ​គាំទ្រ​នៅលើ​ទីផ្សារ​កាន់តែច្រើនឡើង។

    លោក Yone Ji ប្រធាន​ផ្នែក​បច្ចេកទេស​ដាំ​ដុះ​របស់​ក្រុមហ៊ុន Japan Farm Product ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់​តាមរយៈ​អ្នកបកប្រែ​ថា ដោយសារ​សណ្ឋាន​ដី​នៅ​កម្ពុជា​អំណោយផល និង​ដោយសារ​វា​ជា​ដំណាំ​ថ្មី​សម្រាប់​កម្ពុជា ដូច្នេះហើយ​ទើប​ក្រុមហ៊ុន Japan Farm Product ចាប់អារម្មណ៍​ដាំពោត​បារាំង​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​នេះ។ លោ​កថា​ក្រោយពី​ធ្វើការ​ពិសោធ​ដាំ​ដុះ​ដំណាំ​ពោត​បារាំង​បាន​មួយរយៈ​ពេល​ខ្លី​មក ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ទិញ​ដី​ចំនួន​ជាង1ហិកតា នៅក្នុង​ភូមិ​បឹង​ធំ សង្កាត់​ពោធិ៍​សែន និង​ជិត 1ហិកតា​ទៀត នៅ​ម្តុំ​រោងចក្រ​ Tiger ក្នុងស្រុក​កៀនស្វាយ​សម្រាប់ធ្វើ​ការដាំ​ដុះ។

    លោក​ថា គិត​ចាប់តាំងពី​ពេល​បណ្តុះ​កូន​រហូត​ទទួលបាន​ផល គឺ​ត្រូវ​ប្រើ​រយៈពេល50ថ្ងៃ ហើយ​អាច​ប្រមូល​ផល​បាន​រយៈពេល 3ខែ។ ក្នុងអំឡុងពេល​ប្រមូល​ផល ដំណាំ​ពោត​បារាំង​ហុច​ផល​ឱ្យ​អាច​បេះ​លក់បាន​ជាប្រចាំ​រៀងរាល់ថ្ងៃ  ក្នុង​មួយថ្ងៃ​មួយ​ដើម​បេះ​បាន1ផ្លែ​ឬ2ផ្លែ និង​យ៉ាងតិច​បំផុត​ទទួលបាន​ទិន្នផល​ជា​មធ្យម30គីឡូក្រាម​ក្នុង​មួយ​ហិកតា ហើយ​បច្ចុប្បន្ន​បន្លែ​ពោត​បារាំង​នេះ ត្រូវបាន​ក្រុមហ៊ុន​ដាក់លក់​នៅតាម​ផ្សារ​ទំនើប​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ មានដូចជា​ផ្សារ​ឡាក់​គី ផ្សា​ផេ​នស​ល ផ្សា​អា​រ៉ូ​ណា ផ្សារ​ថៃ​ហួត​ជាដើម។

    ពោត​បា​រាំងជា​ចំណាប់អារម្មណ៍​របស់​អតិថិជន​មកពី​ក្រៅប្រទេស ដូចជា​អ៊ឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ ចិន និង​វៀតណាម​ជាដើម ហើយ​សម្រាប់​ប្រជាជន​ខ្មែរ​វិញ​ក៏​កំពុងមាន​ការនិយម​ទទួលទាន​កាន់តែច្រើនឡើងៗផងដែរ ដោយសារ​វា​បាន​ក្លាយជា​បន្លែ​ប្រចាំថ្ងៃ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើ​ម្ហូប​ពិសា​បាន​ច្រើនយ៉ាង ដូចជា​យកទៅ​ធ្វើជា​បន្លែ​ស្ងោ ស្ល ឬ​ឆា ហើយ​ជាពិសេស​គេ​អាចយ​កវា​ទៅ​ស្ងោ​ធ្វើជា​បន្លែ​អន្លក់​ក៏បាន។

    ចំណែក​បច្ចេកទេស​ដាំ​ដុះ​វិញ​គេ​មិន​ប្រើ​ជីគីមី​ដូច​បន្លែផ្សេងៗមួយចំនួនទៀត​នោះទេ ពោល​មុនដំបូង​គេ​ត្រូវ​ភ្ជួ​រាស់​ដី​ដោយ​បាច​ជីលា​មក​គោ ហើយ​ហាល​ដី​ឱ្យ​ស្ងួត​រយៈពេល​មួ​យស​ប្តា​ហ៏​ក្រោយមកទៀត​ទើប​គេ​ត្រូវ​លើក​ជា​រង ដោយ​ត្រូវ​បាច​ជីលា​មក​គោ​ពូន​ជា​រង​ម្តងទៀត មុននឹង​ដាក់​គ្រាប់​ដាំ។ ក្រោយពី​ដាំ​ហើយ គេ​ត្រូវ​ស្រោច​ទឹក​វា​ព្រឹកល្ងាច​ជាប្រចាំ​ដូច​បន្លែផ្សេងៗដែរ ប៉ុន្តែ​សម្រាប់​រដូវវស្សា កសិករ​ត្រូវ​ចេះ​មើល​ដី​ថា តើ​ពេលណា​ត្រូវ​ស្រោច​ទឹក ពេលណា​មិនត្រូវ​ស្រោច។ ក្នុងដំណាក់កាល​លូតលាស់ គេ​ត្រូវ​ថែ​វា​ជាប្រចាំ​ព្រោះថា ដំណាំ​ប្រភេទ​នេះ​ក៏​ងាយ​ទទួលរង​កាយា​យី​ពី​សត្វល្អិត​មួយចំនួន​ដូចជា​ស្រមោច និង​ដង្កូវ​ជាដើម​ដែរ។ វិធីសាស្ត្រ​កម្ចាត់​សត្វល្អិត​ចង្រៃ​ទាំងនេះ គេ​មិន​ប្រើ​ជីគីមី​នោះទេ កសិករ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ដាក់​ត្រាំ​លាយ​ជាមួយ​ស្លឹកគ្រៃ និង​ផ្លែ​ម្ទេស​លាយ​គ្នា​ក្នុង​ទឹក​ល្បាយ​នោះ​រួច​យកមក​បាញ់ស្រោច​ពីលើ​ដំណាំ វា​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កម្ចាត់​សត្វល្អិត​ទាំងនោះ ហើយ​វា​ក៏​មិន​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកទទួល​ទាន​វា​ដែរ។ ដំណាំ​ប្រភេទ​នេះ​មិនសូវ​រើស​ដី​នោះទេ ទោះជា​ប្រភេទ​ដីក្រហម ឬ​ប្រភេទ​ដីខ្មៅ​ក៏​អាច​ដាំ​បានដែរ លើកលែងតែ​ដីល្បាយខ្សាច់​ដែលមាន​លក្ខណៈ​ស្ងួត​ប៉ុណ្ណោះ​មិន​អំណោយផល​ក្នុង​ការដាំដុះ​ទេ។

    លោក Yone Ji ដដែល​បាន​បន្តទៀតថា តាមពិតទៅ​មិនមែន​ថា ពោត​បារាំង​នេះ​ទើប​តែមាន​នោះទេ ពោលគឺ​ប្រជាជន​ខ្មែរ​បាន​ដាំ​ជា​យូរ​មកហើយ​នៅលើ​ទឹកដី​របស់ខ្លួន គ្រាន់តែ​ថា ជា​ការដាំ​គ្រាន់តែ​ទុក​សម្រាប់​ហូប​ជា​លក្ខណៈ​ក្រុមគ្រួសារ ឬ​ដាំ​នៅក្បែរ​របង​ដែល​គេ​ទុកចោល​ប៉ុណ្ណោះ មិនបាន​ដាំ​វា​សម្រាប់ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ជា​លក្ខណៈ​ក្រុមហ៊ុន​ដូច្នេះ​ទេ។ ប៉ុន្តែ​យ៉ាងណា​នោះ លោក​នៅតែ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ដាំពោត​បារាំង​នេះ​ដើម្បី​ទុកជា​របរ​បន្ថែម​ពីលើ​មុខរបរ​ដែលមាន​សព្វថ្ងៃ​ក្នុង​ការរកចំណូល​បន្ថែ​ម​ប្រចាំ​គ្រួសារ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​ទាមទារ​ឱ្យ​ការដាំដុះ ត្រូវគោរព​តាម​លក្ខខណ្ឌ​ស្តង់ដារ​នៃ​ការដាំដុះ ចៀសវាង​ដាច់ខាត​ពី​ការប្រើ​ជីគីមី​ដែលនាំឱ្យ​ខូចគុណភាព​បន្លែ និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ទៀតផង៕

  • ឱក សុគន្ធ​កញ្ញា ចូល​រោងការ​នៅ​ដើម​ឆ្នាំក្រោយ

    ឱក សុគន្ធ​កញ្ញា ចូល​រោងការ​នៅ​ដើម​ឆ្នាំក្រោយ

    នៅមុននេះ​បន្តិច មហាជន​ទូទៅ ជាពិសេស​បណ្តា​អ្នកគាំទ្រ​តែម្ដង បាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​បានឃើញ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ថា កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនប្រុស​ច្បង​របស់​ម្ចាស់​ក្រុមហ៊ុន​ហង្ស​មាស ជាមួយនឹង​ការទទួលបាន​តំណែង​ថ្មី​ជា​នាយិកា​គ្រប់គ្រង​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​ផងដែរ។ ប៉ុន្តែ​ក្រោយមក​បន្តិច ព័ត៌មាន​មួយ​នេះ​ត្រូវបាន​សាច់ញាតិ ជាពិសេស អ្នក​ម្តាយ​របស់​កំពូល​តារាចម្រៀង​រូបនេះ​ចេញមុខ​ធ្វើការ​បដិសេធ​ទាត់ចោល​ទាំងស្រុង ជាមួយនឹង​ការបញ្ជា​ក់ថា វា​គ្រាន់តែ​ជា​ព័ត៌មាន​ប្រឌិត​តែប៉ុណ្ណោះ។

    ដោយឡែក​ពេលនេះ ខណៈដែល​ព័ត៌មាន​និយាយ​ពី​ការ​ភ្ជាប់ពាក្យ​មិនទាន់បាន​សាបរលាប​ទៅវិញ​ផង​នោះ ស្រាប់តែ​មានការ​ទម្លាយ​ចេញពី​ប្រភព​ដែលជា​អ្នក​រួម​ក្រុមការងារ​ក្នុង​ផលិតកម្ម​តែមួយ​បង្ហើប​ថា ប្រសិនបើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ គឺ​នៅសល់​មិនយូរ​នោះឡើយ ពោលគឺ​ត្រឹម​ដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ ទស្សនិកជន ក៏ដូចជា​មហាជន​នឹងមាន​ភាព​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​នៅពេលដែល​កំពូល​តារា​ស្រី​មាន​ប្រជាប្រិយភាព​ខ្ពស់​ម្នាក់នេះ លាចាក​ភាព​នៅ​លីវដោយ​ការបោះ​ជំហាន​ដើរចូល​រោងការ ខណៈបុរស​ដែលមាន​សំណាង​បាន​ក្លាយជា​កូនកំលោះគឺ​គ្មាន​អ្នកណា​ក្រៅពី​កូនប្រុស​សំណព្វ​របស់​កំពូល​អ្នក​ជំនួញ​ផ្នែក​សិល្បៈ​កម្សាន្ត​ក្រុមហ៊ុន​ហង្ស​មាស​ដូច​ពាក្យ​ចចាមអារ៉ាម​នោះឡើយ។

    ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹង​ដំណឹង​ចុងក្រោយ​នេះថា ឱក សុគន្ធ​កញ្ញា គ្រោងនឹងចូល​រោងការ​នៅ​ដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ គេ​នៅ​មិនទាន់​អាច​ជឿជាក់បាន100%នៅឡើយ​នោះទេ ដូច្នេះ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ណា៎…៕

  • រុក្ខជាតិ​បណ្ដេញ​សត្វ​មូស ដ៏​ពូកែ​ដែល​អ្នក​គួរ​ដាំ​នៅក្នុង​ផ្ទះ

    រុក្ខជាតិ​បណ្ដេញ​សត្វ​មូស ដ៏​ពូកែ​ដែល​អ្នក​គួរ​ដាំ​នៅក្នុង​ផ្ទះ

    សត្វ​មូស ចូលចិត្ត​រស់នៅ​កន្លែង​ដែលមាន​ទឹក​ដក់ និង​នៅតាម​កន្លែង​ដែល​ស្តុក ព្រោះ​កន្លែង​ទាំងនោះគឺជា​ជម្រក និង​ជា​កន្លែង​បង្ក​កំណើត​សត្វ​មូស​ជាច្រើន​ពាន់​ច្រើន​មឺ​ុ​ន​ក្បាល។ ក៏ប៉ុន្ដែ​នៅក្នុង​ចំណោម​សត្វ​មូស​ទាំងអស់នោះ​គឺមាន សត្វ​មូស​ខ្លាដែលជា​សត្វ​ចម្លង​មេរោគ​គ្រុនឈាម​ដ៏​សាហាវ។ ដូច្នេះហើយ​នៅ​រដូវភ្លៀង​ធ្លាក់ អ្នក​ចាំបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាមួយនឹង​សត្វ​មូស មិនត្រូវ​បណ្ដោយឱ្យ​សត្វ​កំណាច​នេះ បានចាប់កំណើត​នៅក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក​នោះទេ ដើម្បី​ការពារ​បុត្រ​ធីតា​របស់​អ្នក​មិនឱ្យ​សត្វ​មូស​ខាំ ព្រោះ​វា​ជា​មូលហេតុ​បង្ក​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនក្ដៅផ្សេងៗ។

    គ្រោះថ្នាក់​ដែល​កើត​ពីស​ត្វ​មូស​ខាំ​មាន​ច្រើនណាស់​ដូចជា៖
    • ជំងឺគ្រុនឈាម ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ចម្លង​ដោយ​សត្វ​មូស​ខ្លាញី​ វា​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​មនុស្ស​ថែម​ទៀតផង។
    • ជំងឺ​រលាក​ខួរក្បាល ប្រភេទ JE ក៏​ជា​ប្រភេទ​ជំងឺ​ដែល​កើតឡើង​ដោយសា​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លង​ដូចគ្នា​ដែរ។
    • ជំងឺ​ហើមជើង​ដំរី ក៏​បណ្ដាលមកពី​សត្វ​មូស​ខាំ​ដែរ។
    • ជំងឺ​ស៊ីកា គឺជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ថ្មី​មួយទៀតដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន។

    ដូច្នេះហើយ​នៅក្នុង​ខែ​ថ្មី​នេះ ឡា​រ៉ែ​ន សូម​លើកយក​នូវ​ឥទ្ធិពល​របស់​រុក្ខជាតិ​មួយចំនួន​ដែលមាន​សមត្ថភាព​ក្នុងការ​បណ្ដេញ​សត្វ​មូស​កំណាច​ចេញពីផ្ទះ​របស់​អ្នក​បាន​តាមរយៈ​ក្លិន​របស់​វា។ ដូច្នេះ​សូម​តាមដាន និង​ស្វែងយល់​ទាំងអស់គ្នា​ដូចតទៅ។

    1- Rosemary
    រុក្ខជាតិ​មួយ​ប្រភេទ​នេះ មិនមែន​មានគុណ​ប្រយោជន៍​តែ​ជា​គ្រឿងទេស​សម្រាប់ធ្វើ​ម្ហូប​នោះទេ វា​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​បណ្ដេញ​សត្វ​មូស​ឱ្យ​ចេញពី​លំនៅឋាន​របស់​អ្នក​ផងដែរ ដោយ​គ្រាន់តែ​ដាំ​រុក្ខជាតិ​ប្រភេទ​នេះ នៅក្នុង​សួនច្បារ​ជាមួយ​រុក្ខជាតិ ឬ​ដើម​ផ្កាផ្សេងៗជាការ​ស្រេច។

    2- ស្លឹកគ្រៃ
    ស្លឹកគ្រៃ គឺជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ក្លិនក្រអូប តែ​ផ្ទុយទៅវិញ​ក្លិន​របស់​វា​មាន​ឥទ្ធិពល​អាច​បណ្ដេញ​សត្វ​មូស​យ៉ាង​ពូកែ។ ម្យ៉ាងវិញទៀតការដាំ​ស្លឹកក្រៃ​នៅក្បែរ​ផ្ទះ គឺជា​រឿង​ដ៏​ប្រសើរ​បំផុត ព្រោះ​វា​អាចជួយ​បណ្ដេញ​សត្វ​កំណាច​មួយចំនួន​បាន​ដូចជា សត្វ​ពស់ សត្វ​ក្អែប និង​សត្វ​មូស​ជាដើម។

    3- ជី​អង្កាម
    ជា​រុក្ខជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ ដែលមាន​សមត្ថភាព​អាច​បណ្ដេញ​សត្វ​មូស​បាន ដោយ​នៅក្នុង​ជី​អង្កាម​មាន​ក្លិន​ម៉ុង​តុល ឬ​ក្លិនប្រហើរ​រសជាតិ​ហឹរតិចៗ ដែល​ធ្វើឱ្យ​មូស​ចាញ់​ក្លិន និង​អាចឱ្យ​មូស​ស្លាប់​បាន។ មិន​ត្រឹមតែ​មូស​នោះទេ នៅមាន​សត្វ​ស្រមោច សត្វ​កន្លាត និង​សត្វ​ឃ្មុំ​ក៏​ចាញ់​ក្លិន​នេះដែរ។

    4- ជី​នាងវង
    ជនជាតិខ្មែរ​យើង​ពេញនិយម​ជាមួយនឹង​ក្លិន​ជី​នាងវង​នៅក្នុង​ការបង់​សម្លរ ឬ​ស្ងោរជ្រក់​ជាដើម តែ​អាថ៌កំបាំង​របស់​ជី​មួយ​ប្រភេទ​នេះ ក៏​អាចជួយ​កម្ចាត់​សត្វ​មូស​ឱ្យ​ចេញពីផ្ទះ​របស់​អ្នក​ផងដែរ។

    5- ជីប​ហោ
    ជីប​ហោ មិន​ត្រឹមតែ​ជា​ឱសថ​បុរាណ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម​នោះទេ វា​ក៏​អាច​កម្ចាត់​សត្វ​មូស​បាន ព្រមទាំង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ថែម​ទៀតផង៕

  • ប្រេង​ស្លឹក​ប្រេងខ្យល់! ប្រសិទ្ធភាព​កម្ចាត់​ស្នាម​ផ្លែ​លើ​ស្បែក​ដោយ​នឹកស្មាន​មិន​ដល់

    ប្រេង​ស្លឹក​ប្រេងខ្យល់! ប្រសិទ្ធភាព​កម្ចាត់​ស្នាម​ផ្លែ​លើ​ស្បែក​ដោយ​នឹកស្មាន​មិន​ដល់

    ស្នាម​ផ្លែ​លើ​សាច់ បាន​ក្លាយជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ស្ត្រី​មួយចំនួន​ត្រូវ​ស​ម្រ​ច​ចិត្ត​ជ្រើសរើស​ទិញ និង​ស្លៀកពាក់​សម្លៀកបំពាក់​មួយ​ចំនួន​ទាំង​ដែល​ខ្លួន​មិនបាន​ស្រឡាញ់​ពេញចិត្ត ហេតុផល​ក៏​ព្រោះតែ​ដើម្បី​បិទបាំង​ស្នាម​ផ្លែ​ដ៏​អាក្រក់​មើល​នៅលើ​ស្បែក។ ស្នាម​ផ្លែ​នេះ​ភាគច្រើន​កើតឡើង​ក្រោយពី​ការ​មាន​របួសស្នាមផ្សេងៗ ប៉ុន្តែ​វា​មិនមែន​កើតឡើង​លើ​សាច់មនុស្ស​គ្រប់គ្នា​នោះទេ។ ក្រោយពី​កើតមាន​សភាព​បែបនេះហើយ មាន​មនុស្ស​មួយចំនួន​បាន​ខិតខំ​ព្យាបាល​ដោយ​វិធីផ្សេងៗគ្នា ខ្លះ​ក៏បាន​ទទួលផល​ជាទី​ពេញចិត្ត ខ្លះទៀត​ក៏បាន​តិចតួច ចំណែក​អ្នក​ខ្លះទៀត​ក៏​មិន​ទទួលបាន​ផល​អ្វី​ទាល់តែសោះ ព្រោះតែ​គាត់​ខ្វះ​សេចក្តី​ព្យាយាម​ក្នុងការ​ព្យាបាល ឬ​ខ្វះ​លទ្ធភាព​ក្នុងការ​ចំណាយ​ជាដើម។ ប្រេង​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ឈ្មោះថា ដើម​ប្រេងខ្យល់ (Tea Tree Oil) ត្រូវបាន​រកឃើញថា​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ស្នាម​ផ្លែ​នៅលើ​ស្បែក​គួរឱ្យកត់សម្គាល់។

    បើទោះជា​អ្នកស្រាវជ្រាវ​បាន​កំណត់ថា ប្រេង​ស្លឹក​ប្រេងខ្យល់​បាន​ផ្តល់នូវ​គុណប្រយោជន៍​មួយចំនួន​ចំពោះ​សុខភាព​ក៏ពិតមែន ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​កំណត់ថា ជា​ប្រេង​រុក្ខជាតិ​ដែល​អាចជួយ​ព្យាបាល​បញ្ហា​នៅលើ​ស្បែក​ដូចជា ស្នាម ស្នាម​ដាច់រយះ ស្នាម​ផ្លែ និង​ស្នាម​មុន​ជាដើម​ផងដែរ។ ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​អ្នក​ត្រូវធ្វើ​ដូចម្តេចខ្លះ ដើម្បីឱ្យ​ប្រេង​ប្រភេទ​នេះ​ជួយ​កម្ចាត់​ផ្លែ​លើ​ស្បែក​របស់​អ្នក​បាន​នោះ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដូចតទៅ៖

    ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ថ្នាំ​អា​ស្ពេ​រី​ន ៈ យក​ថ្នាំ​អា​ស្ពេ​រី​ន​ចំនួន4គ្រាប់ កិន​វា​ឱ្យ​បែក លាយ​ជាមួយ​ទឹក3-4ដំណក់ កូរ​វា​ឱ្យ​រលាយ​សព្វ​ចូលគ្នា។ យក​ល្បាយ​ដែល​លាយ​រួច​ទៅ​លាប​លើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ផ្លែ រួច​ទុកចោល15-30នាទី រហូតដល់​វា​ស្ងួត។ បន្ទាប់មក​លាង​សម្អាត​ជាតិ​ថ្នាំ​នោះ​ចេញ​ជាមួយ​ទឹកស្អាត រួច​បន្ត​ដោយ​ការយក​ប្រេង​ស្លឹក​ប្រេងខ្យល់2-3ដំណក់​លាប​ត្រង់​កន្លែង​ផ្លែ​លើ​ស្បែក (មិនបាច់​លាង​ចេញ​ទៀត​ទេ)។ថ្នាំ​អា​ស្ពេ​រី​ន គឺជា​សារធាតុ​ផ្សំ​ដែល​អាចជួយ​សម្អាត​ស្បែក​ជាមួយ​សារធាតុ​ផ្សំ​សកម្ម ដែល​
    មិន​ត្រឹមតែ​អាច​ព្យាបាល​ស្នាម​នោះទេ តែ​វា​ថែមទាំង​អាច​ព្យាបាល​មុន និង​បញ្ឈប់​ការរីក​រាលដាល​នៃ​ផ្លែ​សាច់​បាន​ថែម​ទៀតផង។

    ប្រេង​ស្លឹក​ប្រេងខ្យល់ អំបិល និង​ប្រទាល​កន្ទុយក្រពើ ៈ អំបិល គឺជា​ភ្នាក់ងារ​សម្លាប់​មេរោគ​ដ៏​អស្ចារ្យ។ ដាក់​ទឹក2ស្លាបព្រាបាយ និង​អំបិល1ស្លាបព្រាបាយ ដាំ​លើ​ភ្លើង រួច​កូរ​រហូតដល់​អំបិល​រលាយ។ ជ្រលក់​សំឡី​មួយ​ដុំ​តូច​ចូលទៅក្នុង​ទឹក​នោះ រួច​យក​វា​មក​សង្កត់ពីលើ​សាច់​ផ្លែ​នោះ​ប្រហែល5នាទី សឹម​យក​សំឡី​នោះ​ចេញ ហើយ​លាបប្រេង​ស្លឹក​ប្រេងខ្យល់(3-5ដំណក់) ពីលើ។ រង់ចាំ​ប្រមាណ​ជា5នាទី រហូត​ទាល់តែ​ប្រេង​ស្លឹក​ប្រេងខ្យល់​នោះ​ត្រូវបាន​ស្រូប​ចូលទៅក្នុង​ស្បែក រួច​លាប​ប្រទាល​កន្ទុយ-ក្រពើ កន្លះ​ស្លាបព្រា​កា​េហ្វ​ពីលើ​ជាការ​ស្រេច។ជាតិ​អន្ធិល​នៃ​ប្រទាល​កន្ទុយក្រពើ ធ្វើការ​ជាមួយ​ប្រេង​ស្លឹក​ប្រេងខ្យល់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការ​រលាក​ហើមផ្សេងៗនៅលើ​ស្បែក​ដែលមាន​ផ្លែ។

    ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ប្រេង​វីតាមីន E ៈ ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ប្រេង​វីតាមីន E លាយ​ចូលគ្នា​ក្នុង​បរិមាណ​ស្មើគ្នា រួច​យកមក​លាប​ត្រង់​សាច់​ផ្លែ ហើយ​ទុក​វា​ចោល​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​ក៏បាន ប៉ុន្តែ​មុន​អនុវត្ត​សូម​សម្អាត​ស្បែក​របស់​អ្នក​ឱ្យបាន​ស្អា​ជាមុនសិន។
    វីតាមីន E ជា​ប្រភព​នៃ Antioxidants ដែល​អាចជួយ​ស្បែក​ប្រឆាំងនឹង​ការបំផ្លាញ​នានា។

    សូមបញ្ជាក់ថា​សម្រាប់​វិធីនីមួយៗខាងលើនេះ​ត្រូវធ្វើ​ឱ្យបាន​ម្តង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវធ្វើ​វា​ឱ្យបាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ។ ប្រេង​ស្លឹក​ប្រេងខ្យល់​ប្រហែលជា​មិនអាច​ព្យាបាល​សាច់​ផ្លែ​បាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​សូម​ចាំ​ថា​យ៉ាងហោចណាស់​វា​ក៏​អាច​បន្ថយ​ការបង្ហាញ​ចេញ និង​រារាំង​មិនឱ្យ​ផ្លែ​សាច់​រីកលូតលាស់​កាន់តែ​ធំ​បានដែរ ហើយ​ប្រសិនបើ​អ្នកធ្វើ​វា​ឱ្យបាន​ទៀងទាត់​នោះ រយៈពេល3-4សប្តាហ៍​ក្រោយមក​អ្នកនឹង​បានឃើញ​ពី​ភាពខុសប្លែក​គ្នា​រវាង​ពេលមុន និង​ក្រោយពេល​អនុវត្ត​ជាមិនខាន៕

  • នី មុន្នីនាថ ជាប់ចោទ​ពីបទ​ឆបោក

    នី មុន្នីនាថ ជាប់ចោទ​ពីបទ​ឆបោក

    មុននេះ​បន្តិច អ្នកណាៗក៏​សុទ្ធតែ​បាន​លើកសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ជោគវាសនា​របស់​កំពូល​តារា​សម្ដែង​សម្បុរ​ស្រអែម​មាន​ជំនាញ​ខាង​សម្រក់​ទឹកភ្នែក នី មុន្នីនាថ ដែល​ចៀស​ផុតពី​រឿងអាស្រូវ ជាពិសេស ថែមទាំង​មាន​គូ​ដណ្ដឹង​ជា​អាណិកជន មាន​ទ្រព្យធន​រាប់ម៉ឺន​ដុល្លារ និង​មាន​សមត្ថភាព​អាច​ធានា​រូបនាង​ឱ្យទៅ​រស់នៅ​ស្របច្បាប់​នៅ​សហរដ្ឋអាមេរិក​ថែម​ទៀតផង។

    ដោយឡែក​ពេលនេះ មិន​ថា​ចំពោះតែ​អ្នក​ធ្លាប់​កោតសរសើរ​ដែល​ស្ថិតនៅក្នុង​ចង្កោម​អ្នកមាន​អាជីព​សិល្បៈ​នោះទេ សូម្បីតែ​មហាជន​ទូទៅ​ក៏​នាំគ្នា​បើកភ្នែក​ធំ​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​ធ្លាយ​ដំណឹង​ដ៏​ក្ដៅគគុក​មក​ថាពេលនេះ នី មុន្នីនាថ បាននិងកំពុង​ជាប់ចោទ​ពីបទ​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត ដែល​ដើមបណ្ដឹង​គឺជា​គូ​ដណ្ដឹង​របស់​នាង គឺ​លោក អឹ​ុ​ង សូ​ឡា ដែល​ទើបតែ​ផ្តាច់ពាក្យថ្មីៗនោះ​តែម្ដង។ ចំពោះ​អង្គហេតុ​ក្នុង​ពាក្យបណ្ដឹង​ដែល​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ខាងលើ​បាន​លើកឡើងថា ដើមចម​រហូត​ឈានដល់​ដំណាក់​កាលប្ដឹង​ផ្តល់​នេះ គឺ​បណ្តាលមកពី នី មុន្នីនាថ មិន​គោរព​តាម​ការសន្យា ដែល​កាលដើមឡើយ បន្ទាប់​ពីអ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ជ្រាលជ្រៅ ភាគី​ខាង​បុរស គឺ​លោក អឹ​ុ​ង សូ​ឡា បាន​ចំណាយពេលនិង​ថវិកា ក្នុងការ​ចុះឡើង​រវាង​កម្ពុជា-អាមេរិក ដើម្បី​រត់ការ​ធានា នី មុន្នីនាថ ទៅ​រស់នៅ​អាមេរិក​ស្របច្បាប់ លុះ​ក្រោយមក នី មុន្នីនាថ មិន​ព្រម​ចេញទៅ​តាម​ការ​រត់ការ​ច្បាប់​នោះទេ ហើយ​ថែមទាំង​ព្យាយាម​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត រហូត​កើតមាន​បញ្ហា។

    យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ទៅនឹង​ការប្ដឹង​ផ្តល់​ខាងលើនេះ នី មុន្នីនាថ ហាក់​មិនបាន​បង្ហាញ​ពី​ភាព​ខ្លាចរអារ​នោះទេ ដោយ​នាង​ថែមទាំង​បាន​បញ្ជាក់ថា មិន​ថា​រឿងនេះ​ដំណើរការ​យ៉ាងណា​នោះទេ នាង​ក៏​នៅតែ​មិន​ព្រួយបារម្ភ​នោះដែរ ប៉ុន្តែ​បើ​ឈានដល់​ដំណាក់​កាលដែល​ទ្រាំលែងបាន នាង​នឹងដាក់​ពាក្យ​ប្ដឹង​បក​វិញ​ជាក់​ជាមិនខាន ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​នាង មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​នោះទេ៕

  • បកស្រាយ​ចម្ងល់iPhone 9 បាត់​ទៅណា?

    បកស្រាយ​ចម្ងល់iPhone 9 បាត់​ទៅណា?

    ដូចដែល​យើង​បានដឹង​តាំងពី​អំឡុងពេល​បង្ហាញខ្លួន​ហើយ​ថា Apple ប្រកាស​ឈ្មោះ​ហៅ​របស់ Apple ស៊េរី​ថ្មី​ថា Apple ten ដោយសារ​ស្ថិត​ក្នុងឋានៈ​ជា Apple ស៊េរី​អាយុ​គ្រប់1ទសវត្សរ៍ ទន្ទឹមគ្នា​នឹង iPhone 8 និង iPhone8 Plus ដែល​ទោះជា​ក្នុង​ផ្លូវ​ទិច​និក​វិញ លក្ខណៈសម្បត្តិ​ដែល​ចេញមក​នោះ យើង​អាច​ប្រាប់​បាន​ថា វា​គួរតែ​ជា iPhone 7s និង iPhone 7s Plus ច្រើនជាង​ក៏ដោយ។ ដូច្នេះ​នៅពេល Apple បង្ហាញ​ផលិតផល​ចេញមក​បែបនេះហើយ ក៏​មានន័យថា Apple មាន​ចេតនា​ឈាន​រំលង​ឈ្មោះ​របស់ iPhone 9 ទៅហើយ​ឬ​យ៉ាងណា?

    ប្រភពព័ត៌មាន The Verge បានផ្តល់​បទ​វិភាគ​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ថា អ្វីៗទាំងអស់នោះ​គឺ​មកពី​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​​ឈ្លាសវៃ​របស់Apple ដែល​ជ្រើសរើស​ប្រើ​ឈ្មោះ​របស់ iPhoneX តាំងពី​ក្នុងអំឡុងពេល​ពិធី​សម្ពោធ​បង្ហាញខ្លួន និង​ធី​ហ្ស៊ើ​រ៍ផ្សេងៗដើម្បីឱ្យ​អ្នកប្រើប្រាស់​បានដឹងថា វា​មាន​ភាព​ពិសេស​ខ្លាំង​ជា​ងស៊េរី iPhone 8។

    ទោះជា​ក្នុង​ផ្នែក​ទិច​និក ពួកគេ​នឹង​បញ្ចេញ​សំឡេង iPhone X ថា​ជា iPhone ten ក៏ដោយ តែ​ក៏​អ្នកប្រើប្រាស់​នឹង​ហៅ iPhone ស៊េរី​នេះ​ថា​ជា iPhone X តាំង​ពីមុន​រួចមកហើយ និង​មូលហេតុ​សំខាន់​ដែល Apple មិន​ប្រើ​ឈ្មោះថា iPhone ten តែម្ដង​ទៅនោះ គឺ​ដោយសារ​ថា បើសិនជា​ធ្វើ​បែប​នោះ iPhone 8 និង iPhone8 Plus នឹង​ក្លាយជា​ទំនិញ​ដែល​ចាស់​ជាង iPhone10 ភ្លាម​តែម្ដង​ហ្នឹងឯង។

    ប្រាកដ​ណាស់​ថា ល្បិច​ខាង​ទីផ្សារ​ទាំងនេះមិនមែនជា​រឿង​ថ្មី​នោះទេ ព្រោះ​កាលពីពេល​មុននេះ Microsoft ក៏​ធ្លាប់​បានធ្វើ​រួចមកហើយ​ក្នុងការ​បង្ហាញខ្លួន Windows 10 ដែល​ពួកគេ​ក៏បាន​រំលង Windows 9 ចោល​ដូចគ្នា ដែល​ការជ្រើសរើស​ធ្វើបែបនេះ គឺ​ដើម្បី​ជា​ចិត្តសាស្ត្រ​ឱ្យ​អតិថិជន​ដែល​កំពុង​ប្រើ Windows 7 នោះ មាន​អារម្មណ៍​ថា Windows ដែល​ខ្លួនឯង​កំពុង​ប្រើ​នេះ វា​ចាស់​ហើយ និង​ត្រូវ​ប្រញាប់​អាប់​ហ្ក្រេ​តទៅ​ប្រើ Windows 10 ហ្នឹងឯង។

    នៅពេល​ពិចារណា​ពី​ផ្នត់គំនិត​ខាងលើ​នោះ​ហើយ វា​ជា​រឿង​មួយ​ដែល​អាចទៅរួច​ខ្លាំងណាស់​ថា iPhone 9 អាច​នឹង​មិនបាន​ត្រូវ​រំលង​ចោល​រហូត​ទៅនោះ​ទេ តែ​អាច​នឹងត្រូវ​ប្រើ​ជាមួយ iPhone ថ្មី​ណាមួយ​ក្នុង​ឆ្នាំ2018ខាងមុខនេះ៕

  • ពោះវៀន​តាន់​បុក​សណ្តែកកួរ​រសជាតិ​ថ្មី

    ពោះវៀន​តាន់​បុក​សណ្តែកកួរ​រសជាតិ​ថ្មី

    សម្រាប់​ការចេញផ្សាយ​លេខ​ថ្មី​ទី114 របស់​ទស្សនាវដ្ដី​ដ៏​មាន​ប្រជាប្រិយភាព ឡា​រ៉ែ​ន នា​ខែវិច្ឆិកា ឆ្នាំ2017នេះ ទំព័រមុខ​ម្ហូបឆ្ងាញ់ៗប្រចាំខែ សូម​ណែនាំ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ឱ្យ​ស្គាល់​នូវ​មុខម្ហូប​មួយទៀត​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ បែប​កូនកាត់ ដែល​ច្នៃ​ចេញពី​ពោះវៀន​តាន់​ជា​គ្រឿង​សំខាន់ ដាក់​បំពង​នៅក្នុង​ប្រេងឆា​ក្ដៅ ដែល​បង្កើតឡើង​ដោយ​មេ​ចុងភៅ​មាន​បទពិសោធ​ក្នុងការ​ចម្អិន​ច្រើន​ឆ្នាំ​ប្រចាំ​នៅ​ភោជនីយដ្ឋាន Cow boy ដែល​ស្ថិតនៅ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    គ្រឿងផ្សំ
    ពោះវៀន​តាន់
    ម្សៅ​បំពង
    អំបិល
    ខ្ទឹមស
    ម្សៅ​ស៊ុបខ្នរ
    ពងមាន់ (ផ្នែក​ស)
    សណ្តែកកួរ
    ទឹកត្រី​កោះកុង
    ត្រសក់
    ប៉េងប៉ោះ
    សាលាដ
    ក្រូចឆ្មារ
    ម្ទេស
    បង្គា​ក្រៀម
    បន្លែ

    របៀប​ធ្វើ
    បន្ទាប់ពី​យក​ពោះ​តាន់​លាង​សម្អាត និង​កាត់​ជា​ដំ​ុតូចៗរួច ចូរ​យកទៅ​ប្រឡាក់​ជាមួយនឹង​គ្រឿងផ្សំ​ដែល​បាន​ត្រៀម​ទុក រួមមាន​ដូចជាអំបិល ម្សៅ​ស៊ុបខ្នរ ម្សៅ​បំពង ពងមាន់ ដោយ​ក្រឡុក​បញ្ចូល​គ្នា​ឱ្យ​សព្វ រួច​យកទៅ​បំពង​ឱ្យ​ឆ្អិន​ល្អ ហើយ​ស្រង់​ទុក​មួយអន្លើ។ យក​សណ្តែកកួរទឹកត្រី​កោះកុង និង​ទឹកក្រូចឆ្មារ បុក​លាយ​បញ្ចូល​គ្នា ដោយ​បន្ថែម​ខ្ទឹមស​បន្តិច (បុកល្មមៗកុំឱ្យ​ម៉ដ្ឋ​ពេក)។ ជា​ចុងក្រោយ លោកអ្នក​គ្រាន់តែ​យក​ពោះ​តាន់​ដែល​បាន​បំពង​រួច និង​សណ្តែកកួរ​ដែល​បាន​បុក​រួច​នោះមក​រៀបចំ​ដាក់​នៅលើ​ចាន​រួមគ្នា​ឱ្យមាន​របៀប ដោយ​បន្ថែមបន្លែ​បន្តិច​គ្រាន់​ជាការ​លម្អ​ជាការ​ស្រេច។ ឃើញ​ទេ ងាយ! ប៉ុន្តែ​ទទួលបាន​នូវ​មុខម្ហូប​ដ៏​មាន​រសជាតិ​សម្រាប់​ទទួលទាន​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ក្នុង​ថ្ងៃ​ឈប់សម្រាក​រួច​បាត់ទៅហើយ៕

  • រូបមន្ត​ធម្មជាតិ​កម្ចាត់​ស្នាម​ច្រែះ សម្រាប់បងៗស្ត្រី​មេផ្ទះ

    រូបមន្ត​ធម្មជាតិ​កម្ចាត់​ស្នាម​ច្រែះ សម្រាប់បងៗស្ត្រី​មេផ្ទះ

    ស្នាម​ច្រែះ ជា​ស្នាម​កខ្វក់​ដែល​មិន​ថា​កើត​នៅត្រង់ណា​ឡើយ វា​នឹង​ធ្វើឱ្យ​ទី​ត្រង់នោះ ឬ​ឧបករណ៍ប្រើប្រាស់​នោះ​មើលទៅ​ឃើញ​ចាស់​ទ្រុឌទ្រោម លែង​ស្អាត ហើយ​ស្នាម​ច្រែះ​អាច​រាប់បាន​ថា ជា​ស្នាម​កខ្វក់​មួយ​ដែល​ពិបាក​ក្នុងការ​សម្អាត ឬ​ធ្វើឱ្យ​បាត់ទៅ​វិញ​បាន​ណាស់ តែបងៗស្ត្រី​មេផ្ទះ​ជឿ​ឡា​រ៉ែ​ន​ចុះ​ថា វា​មិនបាន​ពិបាក​លើសពី​សមត្ថភាព​របស់​យើង​ឡើយ បើសិនជា​យើង​ស្គាល់​ពី​វិធី​កម្ចាត់​វា​ដូចខាងក្រោម​នេះ។

    1- រូបមន្ត ក្រូចឆ្មារ + អំបិល
    បងៗស្ត្រី​មេផ្ទះ​អាច​យក​អំបិល​សម្រាប់​ស្ល​ស្លុក​ធម្មតា​នោះមក​រោយ​ពីលើ​ស្នាម​កំណក​ច្រែះ​នោះ​ឱ្យ​ច្រើន​សមល្មម បន្ទាប់មក​ចូរ​ច្របាច់​ទឹកក្រូច​ឆ្មារ​ពីលើ​ចំណុច​ដែល​រោយ​អំបិល​នោះ​ឱ្យ​ជោក រួច​ទុកចោល​ប្រមាណ​ជា 2 – 3 ម៉ោង ឱ្យ​អំបិល និង​អាស៊ីត​នៅក្នុង​ទឹកក្រូច
    ​ឆ្មារ​បញ្ចេញ​ប្រតិកម្ម​ខាំ​បណ្ដាច់​ស្នាម​ច្រែះ​ទាំងនោះ​ចេញ រួចហើយ​យក​សម្បក​ផ្លែក្រូច​ឆ្មារ​ទាំង​នោះមក​ដុសខាត់​ត្រង់​កន្លែង​ស្នាម​ច្រែះ​នោះ​ម្តងទៀត។ ត្រឹមតែ​ប៉ុណ្ណឹង​ស្នាម​ច្រែះ​ដ៏​គួរឱ្យខ្លាច​ទាំងនោះ​នឹង​របូត​បាត់​អស់យ៉ាង​ងាយស្រួល។

    2- រូបមន្ត​ទឹកខ្មេះ + ក្រដាស​អាលុយមីញ៉ូម (ក្រដាសភ្លឺៗសម្រាប់​ខ្ចប់​ត្រី​ដុត)
    គឺជា​វិធី​មួយទៀត​ដែល​អាច​កម្ចាត់​ស្នាម​ច្រែះ​បាន​យ៉ាង​ដាច់ខាត និង​ក៏​ជា​វិធី​មួយ​ដែល​គេ​និយម​ធ្វើជា​ទូទៅ​ដែរ គឺ​យក​ក្រដាស​អាលុយមីញ៉ូម​ជ្រលក់​ទៅក្នុង​ទឹកខ្មេះ បន្ទប់​មក​យកមក​ដុសខាត់​ឱ្យ​សព្វកន្លែង​ដែលមាន​ស្នាម​ច្រែះ។ ខាត់​ទៅជាបណ្ដើរៗរហូត​ទាល់តែ​កំណក​
    ស្នាម​ច្រែះ​ទាំងនោះ​របូត​បាត់អស់។ បងៗស្ត្រី​មេផ្ទះ​ឃើញ​ទេ មិនមាន​ពិបាក​បន្តិច​ណា​សោះ…។

    3- រូបមន្ត​ម្សៅ​បេ​ក​ឃី​ង​សូ​ដា + ច្រាស​ដុសធ្មេញ
    បងៗស្ត្រី​មេផ្ទះ​អា​ចរក​ទិញ​ម្សៅ​បេ​ក​ឃី​ង​សូ​ដា​បាន​នៅតាម​ផ្សារ​ទំនើប ឬ​បើ​មាននៅ​ក្នុងផ្ទះ​ស្រាប់ ក៏​អាច​យកមក​កម្ចាត់​កំណក​ស្នាម​ច្រែះ​បានដែរ ដោយ​យ​កវាម​ករោយ​ពីលើ​កន្លែង​ដែលមាន​ច្រែះ​ស៊ី បន្ទាប់មក​ចូរ​យក​ច្រាស​ដុស​ធ្មេញចាស់​ដែល​លែង​ប្រើ​ហើយ​មក
    ​ជ្រល​ក់​ទឹក​ឱ្យ​ជោកហើយ​យកមក​ដុសខាត់​កម្ចាត់​ស្នាម​ច្រែះ​ទាំងនោះ​តែម្ដង តែ​វិធី​នេះ​គួរប្រើ​ជាមួយ​វត្ថុ​ណា​ដែល​មិនចាំបាច់​បារម្ភ​ថា​នឹង​កើតមាន​ស្នាម​ឆ្កូត​ធ្វើឱ្យ​លែង​ស្អាត។

    4- រូបមន្ត​ទឹកខ្មេះ
    សម្រាប់​វត្ថុ​ឧបករណ៍ប្រើប្រាស់​ធ្វើ​ពី​លោហៈតូចៗដែលមាន​ច្រែះ​ស៊ី ដូចជា កន្ត្រៃ​កាត់​ក្រចក ប្រដាប់​គាស់​គម្រប​ដប-ល- បងៗស្ត្រី​មេផ្ទះ​អាច​កម្ចាត់​ស្នាម​ច្រែះ​បាន​ដោយ​វិធីងាយៗ គឺ​គ្រាន់តែ​យកទៅ​ត្រាំ​ក្នុង​ទឹកខ្មេះ​ទុកចោល​មួយ​យប់​ប៉ុណ្ណោះ។ ព្រឹកស្អែក​ឡើងបងៗ
    នឹង​ឃើញថា ស្នាម​ច្រែះ​ដែល​ធ្លាប់តែ​តោង​ជាប់​លើ​ឧបករណ៍ប្រើប្រាស់​ទាំងនោះ​បាន​រលាយ​អន្តរធាន​បាត់អស់​យ៉ាង​គ្មាន​សល់​ស្លាកស្នាម​បន្តិច​ណា​ឡើយ(វិធី​នេះ​មិនចាំបាច់​ប្រើ​កម្លាំង​ដុសខាត់​ទៀតផង)។

    5- រូបមន្ត​មើមដំឡូង​បារាំង​ឆៅ + ទឹកសាប៊ូ​លាងចាន
    វិធី​ចុងក្រោយ បងៗស្ត្រី​មេផ្ទះ​អាច​កម្ចាត់​ស្នាម​កំណក​ច្រែះ​បាន​ដោយ​យក​មើមដំឡូង​បារាំង​ឆៅ​មក​ពុះ​ជា​ពីរ ហើយ​យកទៅ​ជ្រលក់​ទឹកសាប៊ូ​លាងចាន ឬ​ម្សៅ​បេ​ក​ឃី​ង​សូ​ដា​ក៏បានបន្ទាប់មក​យកទៅ​ដុសខាត់​លើ​ស្នាម​ច្រែះ​ទាំងនោះ។ នៅពេល​សាច់​ដំឡូងបារាំង​ចាប់ផ្ដើម​ប្រឡាក់​ស្នាម​ច្រែះ ចូរ​កៀរ​សាច់​ដែល​ប្រឡាក់​នោះ​ចេញ ហើយ​យកទៅ​ជ្រលក់​នឹង​ទឹកសាប៊ូ​លាងចាន​ម្ដងទៀត ហើយ​យកមក​ដុសខាត់​កន្លែង​មាន​ច្រែះ​នោះ​បន្ត។ ធ្វើ​បែប​នោះជារឿយៗរហូត​ទាល់តែ​ស្នាម​ច្រែះ​រលាយ​បាត់អស់។

    មិន​ថាបងៗស្ត្រី​មេផ្ទះ​នឹង​ជ្រើស​រើសយក​រូបមន្ត​ណា​ទៅ​កម្ចាត់​ស្នាម​ច្រែះ​នោះទេ តែ​ដំណាក់កាល​ចុងក្រោយ សូមកុំ​ភ្លេច លាង​ឧបករណ៍ប្រើប្រាស់​ទាំងនោះ​ដោយ​ទឹក​ឱ្យបាន​ស្អាត​ហ្មត់ចត់ រួចហើយ​ជូត​ឱ្យ​ស្ងួត​ល្អ​ដោយ​ក្រណាត់​ស្អាត ឬក៏​យកទៅដាក់​ហាលថ្ងៃ​ទៀត​ក៏បាន ព្រោះ​វា​អាច​ចៀស​ចេញ​ឆ្ងាយ​ពី​ការកើត​ច្រែះ​ស៊ី​បាន​យ៉ាង​និរន្តរ៍​ហ្នឹងឯង៕

  • ក្រុមបេក្ខនារី Miss Global ជាប់ចិត្តអាហារខ្មែរនៅក្នុងភោជនីយដ្ឋាន One More

    ក្រុមបេក្ខនារី Miss Global ជាប់ចិត្តអាហារខ្មែរនៅក្នុងភោជនីយដ្ឋាន One More

    កាលពីរាត្រី​ថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅ ភោជនីយដ្ឋាន One More មានកិតិ្តយសបានរៀបចំ និងទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមបេក្ខនារី Miss Global 2017 ដើម្បីភ្លក្សរសជាតិម្ហូបអាហារខ្មែរដ៏ឆ្ងាញ់ជាប់មាត់មិនអាចបំភ្លេចបាន ក្នុងព្រឹត្តការណ៍លំដាប់ពិភពលោកមួយនេះ ដែលបានរៀបចំជាពិសេស និងសម្រិតសម្រាំងស្នាដៃដោយចុងភៅឯកប្រចាំភោជនីយដ្ឋាន រួមមានអាហារ និងភេសជ្ជៈជាច្រើនមុខផងដែរ។

    កាន់តែពិសេសជាងនេះទៅទៀត ក្រុមបេក្ខនារីបវរកញ្ញាទាំង 65 រូបដែលមកពីបណ្ដាប្រទេសនានាបានទទួលនូវឱជារសម្ហូបអាហារដែលចម្អិនពីបន្លែធម្មជាតិដែលពុំ​ធ្លាប់បាន​ទទួលទាន​ពីមុនមក ព្រមទាំងមានការទទួល និងសាទរយ៉ាងរាក់​ទាក់ពីសំណាក់ភ្ញៀវគាំទ្រអាហារនៅទីនោះក្នុងការថតរូបសែលហ្វីជាមួយគ្នាទៀតផង​។

    ជំនួយការអ្នកគ្រប់គ្រងភោជនីយដ្ឋាន One More លោក ម៉េង ហុង បានប្រាប់អ្នកសារព័ត៌មានឡារ៉ែន ឱ្យដឹងថា ដោយសារតែនៅក្នុងភោជនីយដ្ឋាន One More មានបម្រើជូននូវសេវាកម្មម្ហូបអាហារខ្មែរ និងធ្លាប់មានកេរ្ដិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងរាជធានីភ្នំពេញនេះ ពោលគឺមិនថាតែម្ហូបអាហារ និងការតុងតែងរបស់ភោជនីយដ្ឋាននោះទេ គឺយើងខ្ញុំផ្ដោតសំខាន់ទៅលើរចនាប័ទ្មបែបខ្មែរ និងមានស្ដង់ដារកម្រិតអន្ដរជាតិ ដែលបើកស្វាគមន៍ទាំងភ្ញៀវជាតិ និងអន្ដរជាតិទៀតផងនោះ ទើបធ្វើឱ្យហាងយើងខ្ញុំទទួលបានការគាំទ្រយ៉ាងច្រើនកុះករបែបនេះ។ បុរសសម្បុរសកូនកាត់ចិន និងជាជំនួយការអ្នកគ្រប់គ្រងហាងរូបនេះ បានបន្ដទៀតថា «​ក្រុមបេក្ខនារីបវរកញ្ញាពិភពលោក បានធ្វើដំណើរមកកាន់ប្រទេស​កម្ពុជា ប្រាកដជាចង់ភ្លក្សនូវរសជាតិអាហារប្លែកៗ រសជាតិដើមឆ្ងាញ់ៗរបស់ខ្មែរយើងជាក់ជាមិនខាន ដោយ​សារ​តែនៅទីនេះមានអាហារប្រណីតៗបែបខ្មែរយ៉ាងសម្បូរបែប យើងបានរៀបចំជាពិសេសសម្រាប់ទទួលក្រុមបរវកញ្ញាពិភពលោក ឬ Miss Global  2017 នារាត្រីតែម្ដង»។

    ជាចុងក្រោយ លោកក៏បានបញ្ជាក់ប្រាប់ទៀតដែរថា ព្រោះតែការជឿទុកចិត្តពីអតិថិជនទាំងអស់ដែល​បានគាំទ្រ ចំពោះឱជារសម្ហូបអាហារ និងសេវាកម្មនៅភោជនីយដ្ឋាន One More ទើបធ្វើឱ្យអ្នកគ្រប់គ្រង និងរៀបចំកម្មវិធី Miss Global  2017 ជ្រើសរើសយកទីនេះ ព្រមទាំងមានទំនុកចិត្តលើថ្វីដៃចុងភៅប្រចាំភោជនីយដ្ឋានប្រណីតមួយនេះ សម្រាប់ធ្វើការភ្លក្សអាហារជាពិសេសដែលមិនធ្លាប់មានពីមុនមក។ លោកសង្កត់ធ្ងន់បន្ថែមទៀតថា «រសជាតិអាហារបែបខ្មែរនៅក្នុងភោជនីយដ្ឋាន One More ពិតជាទាក់ទាញក្រុមបេក្ខនារីបវរកញ្ញាពិភពលោកឱ្យពិសាបានច្រើន និងសរសើរមិនដាច់ពីមាត់ទៀតផង»៕

  • ចិន និង​សិង្ហ​បុរី ជា​ប្រទេស​មាន​សាកលវិទ្យាល័យ​លំដាប់​ខ្ពស់​ជាងគេ​នៅ​អាស៊ី

    ចិន និង​សិង្ហ​បុរី ជា​ប្រទេស​មាន​សាកលវិទ្យាល័យ​លំដាប់​ខ្ពស់​ជាងគេ​នៅ​អាស៊ី

    យោងតាម​ការបង្ហាញរ​បស់​គេហទំព័រ Times Higher Education បាន​បញ្ជាក់ថា សាកលវិទ្យាល័យ​ដែលមាន​លំដាប់​ខ្ពស់​ជាងគេ​នៅ​អាស៊ី​ក្នុង​ឆ្នាំ 2017 ភាគច្រើន​ជា​សាកលវិទ្យាល័យ​របស់​សិ​ង្ហ​បុរី និង​ចិន។

    ក្នុង​ការចាត់​លំដាប់ថ្នាក់​សាកលវិទ្យាល័យ​នៅ​អាស៊ី​របស់​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្នែក​អប់រំ​មួយ​នេះ គឺ​ប្រើ​មូលដ្ឋានគ្រឹះ និង​ចំណុចចម្បងៗដូចជា​ការចាត់​លំដាប់​ថ្នាក់​ជា​ផ្លូវការ​របស់​សាកលវិទ្យាល័យ​លើ​ពិភពលោក (The World University Ranking) ដែរ ប៉ុន្តែ​ស្ថាប័ន​វាយតម្លៃ​នៅ​អាស៊ី​ផ្តោត​សំខាន់​លើ​ចំណុច​ដែលជា​ក់លាក់​នៃ​ប្រទេស​ក្នុង​អាស៊ី​ច្រើន​បំផុត។

    នីតិវិធី​នៃ​ការចាត់​លំដាប់ថ្នាក់​នេះ​គឺ​ផ្តោត​សំខាន់​លើ​ចំណុច​គ្រឹះ​មួយចំនួន​ដូចជា ការបង្រៀន ការស្រាវជ្រាវ ការចែករំលែក​ចំណេះដឹង និង​ទស្សនវិស័យ​ជា​អន្តរជាតិ រួមទាំង​កត្តាចម្បងៗមួយចំនួនទៀត។

    នៅ​ឆ្នាំ2017 នេះ សិង្ហ​បុរី នៅតែ​បាន​គ្រង​តំណែង​ជា​ប្រទេស​ដែលមាន​សាកលវិទ្យាល័យ​ល្បី​ជាងគេ​នៅ​អាស៊ី​ដដែល ដោយនៅ​ក្នុងនោះ Time Higher Education បានបង្ហាញ​នូវ​ចំណាត់ថ្នាក់​ដូចខាងក្រោម៖

    1. សាកលវិទ្យាល័យ National University of Singapore នៃ​ប្រទេស​សិង្ហ​បុរី

    សាកលវិទ្យាល័យ​នេះ​មាន​និស្សិត​ប្រមាណ 38,000 នាក់​មកពី100ប្រទេស​លើ​ពិភពលោក ដែល​សាកលវិទ្យាល័យ National University of Singapore ក៏​ជា​សាកលវិទ្យាល័យ​ល្បី​បំផុត​មួយ​របស់​ប្រទេស​សិង្ហ​បុរី​ផងដែរ។

    1. សាកលវិទ្យាល័យ Peking University នៃ​ប្រទេស​ចិន

    សាកលវិទ្យាល័យ Peking University ជា​សាកលវិទ្យាល័យ​ដែលមាន​និស្សិត​ចុះឈ្មោះ​ចូលរៀន​ប្រមាណ 35,000នាក់ ហើយ​សាកលវិទ្យាល័យ​នេះ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ 27លើ​ពិភពលោក។

    1. សាកលវិទ្យាល័យ Tsinghua University នៃ​ប្រទេស​ចិន

    សាកលវិទ្យាល័យ Tsinghua University ជា​សាកលវិទ្យាល័យ​ដែលមាន​ទីតាំងនៅ​ទីក្រុង​ប៉េកាំង ហើយ​វា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1911។ សាកលវិទ្យាល័យ​នេះ​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​លេខ 30លើ​ពិភពលោក។

    1. សាកលវិទ្យាល័យ Nanyang Technological University នៃ​ប្រទេស​សិង្ហ​បុរី

    សាកលវិទ្យាល័យ Nanyang Technology University ជា​សាកលវិទ្យាល័យ​មួយ​ដែលមាន​ភាពល្បីល្បាញ​ដែលមាន​និស្សិត​ប្រមាណ 33,000នាក់។ សាកលវិទ្យាល័យ​នេះ​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​លេខ 52 របស់​ពិភពលោក។

    1. សាកលវិទ្យាល័យ University of Hong Kong នៃ​ទីក្រុង​ហុងកុង

    សាកលវិទ្យាល័យ University of Hong Kong ជា​សាកលវិទ្យាល័យ​មួយ​ដែលមាន​ភាពល្បីល្បាញ​នៅ​ទិ​ក្រុង​ហុងកុង មាន​សិស្ស​ច្រើនជាង 30,000នាក់ មកពី104 ប្រទេស​លើ​ពិភពលោក។ សាកលវិទ្យាល័យ​នេះ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ 40 របស់​ពិភពលោក៕