Category: សង្គម និងសេដ្ឋកិច្ច

  • Aguero រឹង​មាំ​ក្នុង​ការ​ចូលលេង​ឲ្យ Man City ក្រោយ​មាន​បញ្ហា​សុខ​ភាព

    Aguero រឹង​មាំ​ក្នុង​ការ​ចូលលេង​ឲ្យ Man City ក្រោយ​មាន​បញ្ហា​សុខ​ភាព

    Sergio Aguero ពិត​ជា​រីករាយក្នុង​ការ​​​បង្ហាញខ្លួន​ឲ្យក្រុម Manchester City នៅលើ​ទឹកដីក្រុម Leicester City ក្នុង​​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅថ្ងៃ​សៅរ៍​នេះ បើ​ទោះបី​​មាន​ការ​បារម្ភ​ពី​​បញ្ហា​សុខ​ភាព​​ក្នុង​ពេល​បំពេញ​កា​តព្វកិច្ច​អន្តរ​ជាតិក៏ដោយ​។

    ខ្សែ​ប្រយុទ្ធ​រូបនេះ​ត្រូវ​បានប​ញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យ ដើម្បីការ​ពារ​ទុកជាមុន ក្រោយ​ពី​​ត្អូញ​ត្អែរ​ពី​ការ​​វិល​មុខ​ ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អា​ហ្សង់​ទីន បានចាញ់ក្រុម​ជម្រើស​ជាតិនីហ្សេ​រីយ៉ា 4-2 ក្នុង​ការ​ប្រកួត​មិត្ត​ភាពនៅ​ទីក្រុង Krasnodar របស់​រុស្ស៊ី កាលពីថ្ងៃអង្គារ​។ Man City បាន​ធ្វើការ​ច្រានចោល​​ព័ត៌​មានដែល​ថា Aguero សន្លប់​​បាត់​ស្មារតី ក្រោយពីការអស់កម្លាំង​ខ្លាំង ដោយបាន​បញ្ជាក់​ថា រូបគេ​ថែមទាំងអាច​​ចាក​ចេញ​ពី​កីឡដ្ឋាន ដោយ​មិន​ត្រូវ​​ការ​ជំនួយទៀតផង​។ រូប​គេ​បានវិលទៅកាន់​ទីក្រុង Manchester វិញដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យសុខ​ភាព​បន្ថែម​ទៀត​ កាលពីថ្ងៃ​ពុធ ស្រប​ពេលដែល​​ឈាមមួយ​ដំណក់ក្នុងសម្ពាធ​ឈាម​របស់​គេ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​ដើម​ហេតុ​ដែលធ្វើ​ឲ្យគេ​ធ្លាក់​ខ្លួន​ឈឺ​។ លោក Pep Guardiola ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​តាមដានការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ទៅលើ Aguero ចាប់​តាំងពីពេលនោះមក ប៉ុន្តែ រូបគេ​​បាន​ចូលរួម​ហ្វឹកហាត់​​ជាមួយនឹងមិត្ត​រួមក្រុមរបស់ខ្លួន​កាល​ពីថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នេះ ហើយ​ត្រូវ​បាន​រំពឹង​ទុកថា នឹង​ចូលលេង​​នៅកីឡដ្ឋាន King Power​​។ Aguero បាន​ស្ថិត​ក្នុង​ទម្រង់លេងយ៉ាងល្អ​ឥ​តខ្ចោះ នៅ​មុនពេលសម្រាកសម្រាប់​​​ការប្រកួត​អន្តរ​ជាតិ ដោយ​រកបាន​10គ្រាប់ពីការប្រកួត​12លើក​សម្រាប់ក្លិប​របស់គេ ខណៈ​ដែល Man City បាន​ទទួល​ជ័យ​ជម្នះ​16លើក​ពីការប្រកួត​17​លើក​ក្នុង​រាល់​យុទ្ធ​​នាការ​ទាំងអស់ នៅ​រដូវកាលនេះ​។

    Man City កំពុង​តែ​ស្ថិតក្នុង​ទម្រង់លេង​យ៉ាង​រឹងមាំ ដោយ​បាន​កក់​កៅអី​រួច​ជា​ស្រេចក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​16ក្រុមចុងក្រោយ តាមរយៈការផ្តួល Napoli 4-2 មុនពេល​ផ្តួល​ក្រុម Arsenal 3-1 ដើម្បី​ធ្វើ​ឲ្យពួកគេ​នាំមុខ​8ពិន្ទុ​ដាច់លើ​​តារាង Premier League​​។ ការ​ប្រកួតនេះនឹង​ចាប់​ផ្តើមនៅ​ម៉ោង​10​យប់​៕

    ប្រភព​ពី៖ Sky Sports

  • តោខៀវ Chelsea រីក​រាយ​ចំពោះការ​ធ្វើ​ដំណើរ​ទៅជួប West Brom ថ្ងៃ​សៅរ៍នេះ

    តោខៀវ Chelsea រីក​រាយ​ចំពោះការ​ធ្វើ​ដំណើរ​ទៅជួប West Brom ថ្ងៃ​សៅរ៍នេះ

    ក្រុម​​តោខៀវ Chelsea អាចនឹង​ទុក​ការ​ចាប់ផ្តើម​ដ៏ខកចិត្ត​ចំពោះការ​ការពារ​ពាន Premier League របស់ខ្លួនមួយ​ឡែក តាមរយៈ​ការ​បន្ត​កំណត់ត្រា​ឈ្នះ​របស់ពួកគេនៅលើ​ទឹកដីក្រុម West Bromwich Albion នៅ​ថ្ងៃ​សៅរ៍នេះ​។

    ក្រុម​របស់​លោក Antonio Conte កំពុង​តែ​ដេញ​តាមពីក្រោយក្រុម Manchester City ​រហូត​ដល់​ទៅ​9​ពិន្ទុ​ ក្រោយ​ពី​ការ​ប្រកួត​11​លើក​។ ប៉ុន្តែ ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯកមួយនេះ បាន​ឈ្នះ​រាល់​ការ​ប្រកួតលីក​ទាំង​4​លើកចុង​ក្រោយ​​របស់​ពួកគេ ហើយ​អាច​នឹង​ឡើង​ចេញពី​ចំណាត់ថ្នាក់​លេខ​4 ទៅកាន់​ចំណាត់​ថ្នាក់លេខ​2 ប្រសិន​បើ​ក្រុម Manchester United និង Tottenham ដែលកំពុង​តែ​​ឈរ​ពីលើ​ពួក​គេ មិនអាច​ដណ្តើម​បាន​ជ័យ​ជម្នះ​ពីការ​ប្រកួត​របស់​​ពួកគេ​។ លោក Conte បាន​ឃើញក្រុម​របស់​លោក​​រង​បរា​ជ័យ​យ៉ាង​ខក​ចិត្តក្រោមស្នា​ដៃក្រុម Roma ក្នុងក្រប​ខ័ណ្ឌ Champions League កាលពីចុង​ខែមុន ប៉ុន្តែ ការ​យកឈ្នះលើក្រុម Manchester United 1-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League បាន​បង្ហាញ​ថា មិនមានការ​ខកចិត្ត​ដ៏​ធំ​​ពី​ប្រទេស​អ៊ីតាលី នៅ​តែ​កើតឡើងក្នុងក្រុមមួយ​នេះទៀតឡើយ​។ ស្រប​ពេល​ជាមួយ​គ្នានេះ ខ្សែ​បម្រើ​ស្លាប Victor Moses ក៏​បាន​គិត​បែបនោះ​​ផងដែរ​។ Moses បាន​ឲ្យ​ដឹង​ថា៖ «ក្នុងនាម​ជាក្រុម​មួយ ទោះបី​ជា​មាន​អ្វី​កើតឡើងក៏ដោយ  ក៏យើង​នៅតែ​ស្ថិតនៅ​​ជាមួយគ្នា និង​ធ្វើ​ឲ្យ​បានល្អ​បំផុត​តាម​ដែលយើងអាច​​។ មនុស្ស​ជាច្រើន​​​មិន​មានការរីករាយ ប៉ុន្តែ យើង​​មិនត្រូវ​គិត​​ពី​បញ្ហា​នោះ ឬផ្តោតលើអ្វី​ដែល​​មនុស្ស​ជាច្រើនកំពុង​តែនិយាយឡើយ​»​។

    ខ្សែ​បម្រើ​រូបនេះ​បានបន្ថែមទៀតថា៖ «ការ​រិះគន់​ទាំងនេះ គឺ​ជា​ប្រភេទនៃកត្តា​ដែល​​ធ្វើ​ឲ្យកីឡាករម្នាក់ៗកាន់​តែ​រឹងមាំ​។ យើង​ដឹង​​ថា យើង​ត្រូវ​តែ​ជឿ​ជាក់លើខ្លួន​យើង និង​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​ថា ពួក​គេកំពុងតែ​យល់​ខុស​។ យើង​មាន​សាម​គ្គីភាព​100ភាគ​រយ​។ យើង​ដូច​ជា​បង​ប្អូន​អ៊ី​ចឹង​នៅ​ទីនេះ​»​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​10​យប់​៕

    ប្រភព​ពី៖ sports.yahoo.com

     

  • ចម្លើយ8យ៉ាង​ដែល​អ្នកនឹង​បានទទួល ពេល​ប្រាប់​ឱ្យ​កូន​ប្រមូលរបស់​លេង​ទុក

    ចម្លើយ8យ៉ាង​ដែល​អ្នកនឹង​បានទទួល ពេល​ប្រាប់​ឱ្យ​កូន​ប្រមូលរបស់​លេង​ទុក

    ពេលនេះ​កូន​របស់​អ្នក​អាយុ​ប៉ុន្មាន​ហើយ? ធំ​ល្មម​នឹង​ចេះ​សម្អាតផ្ទះ ឬ​ប្រមែ​ប្រមូលរបស់​លេង​របស់​ខ្លួនឯង​ឱ្យមាន​របៀបរៀបរយ​ហើយ​ឬ​នៅ? ជា​ប្រក្រតី យើង​ត្រូវ​បង្ហាត់បង្រៀន​កូន​ឱ្យ​ចេះ​ប្រមូល​ទុកដាក់​របស់​លេង ឬ​របស់របរ​ខ្លួនឯង​នៅពេលដែល​គេ​មាន​អាយុប្រមាណ18ខែ​ឡើងទៅ ព្រោះ​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​ស្ដាប់បង្គាប់ និង​យល់​ពី​ពាក្យ​បញ្ជា​បាន​ហើយ។ បើ​យើង​ឆាប់​ចាប់ផ្ដើម​បង្រៀន​កូន កូន​នឹង​ស៊ាំ​ធ្លាប់​នឹង​ការប្រមូល​ទុកដាក់​របស់របរ តែបើ​ចាប់ផ្ដើម​បង្ហាត់បង្រៀន​កូន​ពេល​គេ​ធំ​ហើយ វា​នឹង​ក្លាយជា​បញ្ជា​ដែល​កូន​មិន​ចង់​ធ្វើតាម នៅពេលនោះ​តើ​អ្នក​ចង់ដឹង​ទេ​ថា ពេល​អ្នកបញ្ជា​ឱ្យ​កូន​បោសសម្អាត ឬ​ប្រមូល​ទុកដាក់​របស់​លេង តើ​អ្នកនឹង​បាន​ជួបនឹង​ទង្វើ ឬ​ចម្លើយ​បែបណាខ្លះ?

    1 ការតវ៉ា ៈ “កូនសុំ​ប្រមូលរបស់​លេងក្រោយពេល​ញ៉ាំ​បាយល្ងាច​ហើយ​បានទេ? ពេលនេះ​កូន​ហត់​ខ្លាំងណាស់” នេះ​គឺ​ការតវ៉ា ហើយ​ចុងក្រោយ គឺ​អត់​ប្រមូល​ទុក​នោះទេ។
    2 រង់ចាំ​មួយ​ភ្លែត​សិន ៈ “ចាំ​ឱ្យ​កូន​ធ្វើ​ត្រង់នេះ​ឱ្យ​រួច​សិន ចាំ​ឱ្យ​កូន​បាត់​ហត់​បន្តិច​សិន ចាំ​បន្តិច​កូន​នឹង​ត្រឡប់​ទៅលេង​ទៀតហើយ”។
    3 ធ្វើ​ព្រងើយ ៈ អត់​ប្រមូល អត់​ធ្វើ អត់​បដិសេធ ធ្វើ​កិច្ចការងារ​ផ្សេង​ត​ទៀត​យ៉ាង​ព្រងើយ ទីបំផុត​អ្នក​ម្តាយ​ធុញ​រំខាន ខ្ជិល​ចាំ ក៏​ប្រមូល​ទុកដាក់​ខ្លួនឯង​ទៅ។
    4 បន្តិចទៀត​ប្រមូល ៈ ទីបំផុត​ក៏​អត់​ប្រមូល​ទុក ងងុយគេង ឡើងទៅ​បន្ទប់​គេង​បាត់​ហើយ​ចា៎ស។
    5 កំពុងតែ​លេង ៈ បើ​កូន​កំពុងតែ​លេង​របស់​លេង​ច្រើន​មុខកុំអាល​ឱ្យ​កូន​ប្រមូល​ទុកដាក់​អី ព្រោះ​កូន​ច្បាស់​ជា​មិន​ព្រម​ប្រមូល​ទុកដាក់​របស់​លេង​ទាំងនោះ​ជាដាច់ខាត ព្រោះ​គេ​នឹងមាន​អារម្មណ៍​ថា កំពុង​ត្រូវ​បង្អាក់​ការលេង​សប្បាយ​របស់គេ។


    6 អត់! ៈ (ភាគច្រើន​ជា​ក្មេង​ដែលមាន​អាយុប្រមាណ​ជា2ឆ្នាំ​ដែល​ចូលចិត្ត​និយាយ​ពាក្យ​នេះ) អ្នក​ម្ដាយ​នឹង​ជួប​ចម្លើយ​បដិសេធ​ភ្លាម​តែម្ដង តែ​នេះ​គឺជា​វិវឌ្ឍនាការ​របស់​ក្មេង​ក្នុង​វ័យ​នេះ។
    7 សុំ​លេង​ឱ្យអស់​ចិត្ត​សិន ហើយនឹង​ប្រមូល​ទុក ៈ សន្យាថា នឹង​ប្រមូល​ទុក​ដាក់ឱ្យ​ស្អាតបាត​ក្រោយ​លេង​រួច ឬ​ប្រើការ​រួច តែ​ចុងក្រោយ​ក៏​មិន​បានធ្វើ…។
    8 ច្រើនតែ​សុំ​ដូរ​ដោះ​ដោយ​អ្វី​ម្យ៉ាង ៈដូចជា បើ​ប្រមូលរបស់​លេង​ទុកសុំ​ដូរ​ជាមួយ​អៃ​ស្គ្រី​ម ឬ​បាន​អង្គុយ​មើល​រឿង​តុក្កតា។ បើជា​រឿង​ទាំងអស់​ហ្នឹង អ្នក​ម្ដាយ​ក៏​គួរតែ​ឱ្យបាន។អាច​រាប់បាន​ថា ជា​លក្ខខណ្ឌ​ដូរ​ដោះ ដែល​កូន​នឹង​បាន​រៀន​យល់​ដឹងថា គ្មានអ្វី​មួយ​ដែល​នឹង​
    បានមក​ដោយ​ស្រួល​ទេ។

    បើ​អ្នក​ម្ដាយ​ចង់ឱ្យ​កូន​ចេះ​ប្រមូល​រៀបចំ​ទុកដាក់​របស់​លេង ឬ​របស់​ប្រើប្រាស់ផ្សេងៗរបស់​ខ្លួនឯង​ឱ្យមាន​របៀប មាន​ភាព​ទទួលខុសត្រូវ មិនចាំបាច់​ប្រាប់​នោះ អ្នក​ម្ដាយ​ត្រូវ​បង្ហាត់បង្រៀន​ឱ្យ​កូន​ចេះ​ធ្វើ​តាំងពី​នៅតូចៗ ព្រោះ​ពេល​នៅ​តូចកូន​នឹងមិន​តវ៉ា ឬ​តតាំង​ឡើយ តែ​ដល់​ធំ​ឡើង​បន្តិច សឹម​ចាប់ផ្ដើម​ដាក់​លក្ខខណ្ឌ​ជាមួយ​រឿងនេះ ដូច​ជាមាន​រង្វាន់​ឱ្យ​ជាដើម ដើម្បី​កូន​នឹង​បាន​ស៊ាំ​ធ្លាប់ ហើយនឹង​ធ្វើ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ត្រូវ​ប្រាប់​តទៅទៀត​ឡើយ៕

  • Justin Bieber និង Selena Gomez គ្រោងទិញផ្ទះតម្លៃរាប់លានដុល្លារនៅរដ្ឋ California

    Justin Bieber និង Selena Gomez គ្រោងទិញផ្ទះតម្លៃរាប់លានដុល្លារនៅរដ្ឋ California

    នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 បើតាមសារព័ត៌មាន keng14 បានចេញផ្សាយឱ្យដឹងថា នាប៉ុន្មានសបា្ដហ៍មុននេះតារាចម្រៀង Justin Bieber និង Selena Gomez បានបង្ហើបប្រាប់សារព័ត៌មានបរទេសថា អ្នកទាំងពីរគ្រោងនឹងទិញផ្ទះប្រណីតមួយដែលមានតម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងតំបន់មួយក្នុងរដ្ឋ California ដើម្បីចំណាយពេលវេលាដ៏មានន័យ រស់នៅជុំគ្នាជារៀងរហូត។

    នៅក្នុងនេះ បើយើងមើលតាមការចេញផ្សាយរបស់ទស្សនាវដ្ដីល្បីមួយរបស់អាមេរិក ក៏បានឱ្យដឹងបន្ថែមដែរថា តារាពីរដួងនេះព្យាយាមបំពេញការរស់នៅតាមលក្ខណៈសាមញ្ញៗ និងសម្របខ្លួនតាមធម្មជាតិ ពោលគឺ ពួកគេចូលចិត្តទៅតំបន់ឆ្ងាយៗ ហើយមានធម្មជាតិខៀវស្រស់ត្រកាល។ ប្រភពស្និទ្ធនឹង​JB ក៏បានអះអាងថា គម្រោងទិញផ្ទះរបស់គេក៏ស្ថិតនៅក្បែរតំបន់ភ្នំផងដែរ។

    គួរបញ្ជាក់ដែរថា ថ្មីៗនេះជីវិតឯកជនរបស់ Selena Gomez និង  Justin Bieber ហាក់បីដូចជាមានសេចក្ដីសុខខ្លាំងបំផុត ដែលគេបានសង្កេតមើលទៅ ទំនងជានេះគឺជាពេលវេលាចុងក្រោយនៃការថែរក្សាសុខភាពរបស់ Selena Gomez អ៊ីចឹងដែរ។ ក្រុមគ្រួសារ និងមនុស្សជំនិតរបស់ Selena Gomez បានថ្លែងប្រាប់សារព័ត៌មានបរទេសកន្លងមក អំពីទំនាក់ទំនងជាថ្មី​ជាមួយ Justin Bieber ថា «ពួកយើងចង់ឱ្យនាងខ្លួនឯងមានសុខភាពល្អ ហើយនេះក៏ជាកំហុសដ៏ធ្ងន់មួយនៅក្នុងជីវិតរបស់ពួកយើងផងដែរ អ្វីដែលអាចធ្វើបាន គឺដើម្បីសុខភាពនាង»៕

     

  • ប្រដាប់ពិនិត្យមើលគភ៌ គឺជាអ្វី តើត្រូវមើលនៅពេលណា និងមានប្រភេទណាខ្លះ?

    ប្រដាប់ពិនិត្យមើលគភ៌ គឺជាអ្វី តើត្រូវមើលនៅពេលណា និងមានប្រភេទណាខ្លះ?

    សម្រាប់នារីៗដែលកំពុងត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ឬសង្ស័យថា ខ្លួនឯងប្រហែលជាកំពុងមានគភ៌ និងចង់ពិនិត្យមើលថា ខ្លួន​ឯងមានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯងនោះ មុនគេបង្អស់ប្រហែលជានឹកដល់ “ប្រដាប់ពិនិត្យមើលគភ៌” ហើយមែនទេ? តែទាំង​អស់​នេះសម្រាប់អ្នកដែលមិនធ្លាប់ប្រើប្រហែលជាមានសំណួរច្រើននៅក្នុងចិត្តជាមិនខានថា អាប្រដាប់ពិនិត្យគភ៌នោះគឺជាអ្វី? មានប៉ុន្មាន​បែប? និងពិនិត្យឃើញច្បាស់លាស់ប៉ុនណាទៅ?ឥឡូវសរុបថា ដើម្បីឱ្យបងប្អូននារីៗយើងអស់កង្វល់ក្នុងចិត្ត ឡារ៉ែន មានរឿង​ដែល​គួរយល់ដឹងពាក់ព័ន្ធនឹងប្រដាប់ពិនិត្យគភ៌នេះមកជម្រាបជូនដូចតទៅ។

    ប្រដាប់ពិនិត្យគភ៌ គឺជាអ្វី?
    សម្រាប់ “ប្រដាប់ពិនិត្យគភ៌” ឈ្មោះរបស់វាក៏បានប្រាប់យើងចំៗហើយថា ជាឧបករណ៍ទុកសម្រាប់ពិនិត្យមើលថា តើយើង​មានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯង។ ប្រដាប់ពិនិត្យគភ៌គឺជាការពិនិត្យរកមើលអ័រម៉ូន HCG(Human Chorionic Gonadotropin) នៅ​ក្នុងទឹកមូត្រដែលអ័រម៉ូននេះនឹងត្រូវបង្ហូរចេញមកក្រោយពីមានការចាប់បដិសន្ធិរួចហើយប្រមាណជា6-7ថ្ងៃ ដោយប្រដាប់​ពិនិត្យ​គភ៌​នេះមានភាពច្បាស់លាស់ប្រមាណជា99% ហើយដែលអាចពិនិត្យមើលបានតាំងពីថ្ងៃទី1នៃការបាត់វដ្តរដូវ តែបើអ្នកណា​ចង់ឱ្យ​ប្រាកដ​ក្នុងចិត្តមែនទែននោះ គួរពិនិត្យនៅក្នុងអំឡុងពេលក្រោយការចាប់បដិសន្ធិរួចហើយប្រមាណ8-12សប្ដាហ៍ ឬវដ្ត​រដូវ​បាត់តាំងពី​ថ្ងៃ​ទី10-14ឡើងទៅ លទ្ធផលដែលចេញមកនឹងមានភាពច្បាស់លាស់ខ្លាំងបំផុត។

    ត្រូវពិនិត្យនៅពេលណា?
    ការពិនិត្យការមានគភ៌ដើម្បីទទួលបានលទ្ធ-ផលដែលច្បាស់លាស់ គួរពិនិត្យពីទឹកមូត្រនៅពេលព្រឹកក្រោយភ្ញាក់ពីដំណេក ព្រោះពេលនោះទឹកមូត្រមានភាពខាប់ និងធ្វើឱ្យទទួលបានលទ្ធផលដែលទៀង និងច្បាស់លាស់បំផុត។

    តើប្រដាប់ពិនិត្យគភ៌មានបែបណាខ្លះ?
    • ប្រដាប់ពិនិត្យគភ៌បែបជ្រលក់ មានលក្ខណៈជាបន្ទះវែងៗដែលមានកូនពែងតូចមួយសម្រាប់ដាក់ទឹកមូត្រមកជាមួយ។ វិធីការពិនិត្យ ចូរចាប់ផ្តើមពីការត្រងទឹកមូត្រដាក់ចូលពែង ហើយយកបន្ទះពិនិត្យគភ៌ខាងផ្នែកដែលមានរូបសញ្ញាព្រួញចង្អុល ជ្រលក់​ចូល​ទៅក្នុងទឹកមូត្រប្រមាណជា3-5វិនាទី រួកយកចេញមក ហើយរង់ចាំមើលលទ្ធផលប្រមាណជា5នាទី។
    • ប្រដាប់ពិនិត្យគភ៌បែបបន្តក់ ឧបករណ៍នឹងប្រកបទៅដោយដន្លាប់សម្រាប់ពិនិត្យគភ៌ កូនពែងដាក់ទឹកមូត្រ និងបំពង់បន្តក់។ វិធីប្រើ ចូរចាប់ផ្តើមពីការត្រងទឹកមូត្រដាក់ចូលកូនពែងបន្ទាប់មកចូរយកបំពង់បន្តក់បឺតយកទឹកមូត្រហើយបន្តក់ទឹកមូត្រនោះ​នៅលើ​ដន្លាប់ពិនិត្យគភ៌ប្រមាណជា3ដំណក់ រួចហើយរង់ចាំលទ្ធផលប្រមាណជា5នាទី។
    • ប្រដាប់ពិនិត្យគភ៌បែបឆ្លងកាត់ មានត្រឹមតែបន្ទះសម្រាប់ពិនិត្យគភ៌មួយប៉ុណ្ណោះ ឯវិធីប្រើវិញក៏ងាយស្រួលដែរ គឺគ្រាន់តែ​យក​បន្ទះពិនិត្យនោះមកកាន់ដោយឱ្យសញ្ញារូបព្រួញចង្អុលចុះក្រោម បន្ទាប់ពីនោះក៏ឱ្យទឹកម៉ូត្រហូរឆ្លងកាត់​បន្ទះពិនិត្យ​គភ៌នោះ​ឱ្យ​សើម​ជោក រួចហើយទុកចោលប្រមាណជា5នាទីដើម្បីរង់ចាំលទ្ធផល។

    លទ្ធផលការពិនិត្យនៅលើប្រដាប់ពិនិត្យគភ៌
    នៅពេលធ្វើការពិនិត្យការតាំងគភ៌រួចស្រេចហើយ ហើយក្រោយពីរង់ចាំលទ្ធផលប្រមាណជា5នាទីរួចហើយ លទ្ធផល​ដែល​ទទួល​បានតាមបែបនីមួយៗនឹងបញ្ជាក់ប្រាប់ដូចតទៅនេះ ៖
    • នៅលើបន្ទះពិនិត្យគភ៌មានឡើង1ឆ្នូត ឬមាន1ឆ្នូតឡើងក្នុងទីតាំងអក្សរ C នោះមានន័យថា មិនមានគភ៌ទេ។
    • នៅលើបន្ទះពិនិត្យគភ៌មានឡើង2ឆ្នូត ឬមានឆ្នូតឡើងទាំងក្នុងទីតាំងអក្សរ C និងអក្សរ T នោះមានន័យថា មាន​គភ៌​ហើយ​។
    • នៅលើបន្ទះពិនិត្យគភ៌មានឡើងតែ 1ឆ្នូតក្នុងទីតាំងអក្សរ T មួយគត់ នោះមានន័យថា មិនច្បាស់លាស់ អាចបណ្តាលមក​ពី​ប្រដាប់ពិនិត្យគភ៌នោះខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។
    • នៅលើបន្ទះពិនិត្យគភ៌គ្មានឡើងស្នាមឆ្នូតអ្វីទាំងអស់ មានន័យថា មិនច្បាស់លាស់ អាចបណ្តាលមកពីប្រដាប់​ពិនិត្យគភ៌​នោះ​ខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។

    ទាំងអស់នេះ នៅពេលពិនិត្យការតាំងគភ៌រួចហើយ ប្រដាប់ពិនិត្យគភ៌បង្ហាញលទ្ធផលមិនច្បាស់លាស់ ឡារ៉ែន សូមណែនាំ​ឱ្យសាកល្បងពិនិត្យឡើងវិញម្ដងទៀត ដោយប្ដូរប្រដាប់ពិនិត្យគភ៌ថ្មី ឬប្ដូរម៉ាកយីហោផ្សេងណាមួយទៀតគឺជាការល្អបំផុត ឬបើអ្នក​ណា​ពិនិត្យ​ហើយឃើញលទ្ធផលវិជ្ជមាន ឬមានគភ៌នោះ ដើម្បីឱ្យច្បាស់លាស់ និងពិតប្រាកដ100% ឡារ៉ែន សូមណែនាំឱ្យទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យម្ដងទៀត ដើម្បីភាពប្រាកដប្រជា ព្រោះយ៉ាងណាប្រដាប់ពិនិត្យគភ៌គ្រាន់តែជាឧបករណ៍ពិនិត្យគភ៌រយៈដំបូងប៉ុណ្ណោះ៕

  • សុគន្ធ នីសា បដិសេធថា​ អនាគត​ស្វាមី​មិនមែន​ផ្កាយ​បី

    សុគន្ធ នីសា បដិសេធថា​ អនាគត​ស្វាមី​មិនមែន​ផ្កាយ​បី

    ផ្ទុយស្រឡះ​ពី​ការចេញផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ពី​បណ្តាញសារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន ដែល​អាស្រ័យ​ទៅតាម​ពាក្យ​ចចាមអារ៉ាម​ស្រែក​បន្ត​គ្នា​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កពាក់​ព័ន្ធ​ទៅនឹង​ដំណើររឿង​ចោទប្រកាន់​ទៅលើ​កំពូ​តារាចម្រៀង
    សុគន្ធ នីសា ថា​មាន​ភាពលំអៀង និង​មាន​ទំនោរ​ទៅលើ​កូនក្រុម​របស់ខ្លួន កុមារី ស៊ីវ​ហេង ដែលមាន​ឪពុក​ជាម​ន្ដ្រី​ផ្កាយ3 និង​ជា​គូ​ដណ្ដឹង​របស់ខ្លួន។ បន្ថែម​ពីនេះ នៅមាន​ការទិតៀន​ថាតារាចម្រៀង​ស្រី​រូបនេះ​ព្យាយាម​យិ​ត​យោង​សណ្តោង​អនាគត​កូនស្រី​ក្រៅ​ខាន់ស្លា​ឱ្យបាន​ជាប់​ជា​បន្តបន្ទាប់​រហូត​បាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី “The Voice Kids Cambodia” រដូវ​កាល​ទី1 ថែម​ទៀតផង។

    ភ្ជាប់​ទៅនឹង​ការលើកឡើង​ខាងលើនេះ សុគន្ធនីសា បានចេញ​មុខ​ធ្វើការ​បកស្រាយ​បញ្ជាក់​យ៉ាងច្បាស់​ជា​សាធារណៈ​ថា ចំពោះ​ព័ត៌មាន​ទាំង​អម្បាលម៉ាន​ដែល​ធ្លាប់​ចេញផ្សាយ​កាលពីពេល​កន្លងទៅ​គឺ​សុទ្ធតែជា​រឿង​ប្រាសចាក​ពី​ការពិត​ទាំងស្រុង។ នាង​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​មិនដឹងថា​ពួកគាត់​បាន​ព័ត៌មាន​មកពី​ប្រភព​ណា​នោះទេ ហើយ​មុនពេល​ពួកគាត់​ចេញផ្សាយ​ក៏​មិនបាន​ជួប​សម្ភាស​ជាមួយ​ខ្ញុំ​ដែរ។ ព័ត៌មាន​ដែលថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ផ្កាយ3នោះ គឺ​ខ្ញុំ​សុំ​អះអាងថា​មិនមែនជា​ការពិត​នោះទេ។ ខ្ញុំ​ប្រាប់ថា ខ្ញុំ​ពិតជា​មាន​គូ​កំណាន់ និង​មាន​គម្រោង​ចូល​រោងការ​នៅត្រឹម​ខែធ្នូ ចុងឆ្នាំ2017ខាងមុខនេះ​ពិតមែន ប៉ុន្តែ​គាត់​គ្រាន់តែ​ជាម​នុស្ស​សាមញ្ញ និង​មិនមែនជា​ឪពុក​របស់​កុមារី ស៊ីវ​ហេងដែលជា​មន្ត្រីរាជការ​ដូ​ច​គេ​ថា​នោះឡើយ”។

    ជាមួយនឹង​ការបកស្រាយ​ប្រាប់​ពី​ការពិត​នូវ​រឿងរ៉ាវ​ជីវិត​ឯកជន​ខាងលើនេះ តារាចម្រៀង​ស្រី​ចូលចិត្ត​ភាព​ស្រគត់ស្រគំ​ម្នាក់នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នាង​មិន​មានការ​អាក់អន់ស្រពន់ចិត្ត​ទៅនឹង​អ្នក​ប្រឌិត​រឿង​ខាងលើនេះ​នោះឡើយ ដោយ​នាង​បាន​ចាត់ទុកថា វា​អាចជា​ចេតនា​ល្អ​មួយ ដែល​គេ​ចាប់អារម្មណ៍​ចំពោះ​រូបនាង ហើយ​មិន​ចង់ឱ្យ​នាង​មាន​ភាពស្ងប់ស្ងាត់៕

  • Untitled post 14919

    សញ្ញា5យ៉ាង​បង្ហាញ​ពី​ គ្រោះថ្នាក់​របស់​ជំងឺ​ក្រលៀន

    ជំងឺ​ក្រលៀន គឺជា​ជំងឺ​ដែល​បណ្ដាលមកពី​ការដែល​ក្រលៀន​ធ្វើ​ការខុស​ប្រក្រតី មាន​ប្រសិទ្ធភាព​ថយចុះ បង្ក​ឱ្យ​កើតការ​ដក់​ស្ទះ​នូវ​វត្ថុ​កាកសំណល់​នៅក្នុង​រាងកាយ រហូត​ហុច​ផលប៉ះពាល់​ដល់​ការធ្វើការងារ​ក្នុង​ប្រព័ន្ធផ្សេងៗទូទាំង​រាងកាយ ហើយ​អាច​ហុច​ផល​ឱ្យ​កើត​សភាវ​គាំង​ក្រលៀន​បាន ដែល​ការពិតទៅ​វា​អាច​កើតឡើង​បាន​ពី​ច្រើន​មូលហេតុ ទាំង​កើតឡើង​តាំងពី​កំណើត កើត​ពី​ការ​រលាក​ក្លាយ ឆ្លង​មេរោគ ដក់​ស្ទះ​ក្នុង​តម្រងនោម ឬ​មាន​ដុះ​សាច់​ជាដើម ដោយ​វា​នឹង​បង្ហាញ​អាការ​ចេញមក​ខុសប្លែក​ពីគ្នា ដែល​យើង​អាច​សរុប​អាការ​ដែល​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ក្រលៀន​បាន​ដូចខាងក្រោម​នេះ។

    1- ទឹកមូត្រ​មាន​លក្ខណៈខុស​ប្រក្រតី
    ទាំង​ការ​បន្ទោបង់​ទឹកមូត្រ​ចេញមក​មាន​លាយ​ឈាម ទឹកមូត្រ​មាន​ពពុះ​ច្រើន ឬ​ទឹកមូត្រ​ខាប់​ជាដើម អាចសន្និដ្ឋាន​ទុកជាមុន​បានតែ​ម្ដងថា អាច​នឹង​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ក្រលៀន​ហើយ គួរតែ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជាបន្ទាន់​បំផុត ជាពិសេស​អ្នក​ដែល​បន្ទោបង់​ទឹកមូត្រ​ចេញមក​មាន​ឈាម​ចេញមក​ជាមួយ ព្រមជាមួយ​មាន​សរសៃខាប់(ដូច​ស៊ុត-ស) ឬ​មាន​ប្រូ​តេ​អី​ុ​ន​ចេញមក​លាយឡំ​ជាមួយ​ទឹកមូត្រ​ជាដើម។

    2- ឈឺពោះ​ខ្លាំង
    អាច​កើតឡើង​រួមជាមួយ​ការ​បន្ទោបង់​ចេញមក​មាន​ឈាម ទឹកមូត្រ​ខាប់ ឬ​មាន​គ្រាប់​ខ្សាច់តូចៗ ដោយ​អាការ​ទាំងអស់នេះ​ប្រថុយប្រថាន​ក្នុង​ការកើត​ក្រួស​ក្នុង​តម្រងនោម និង​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តម្រងនោម។

    3- ឃើញ​មាន​ដុំ​អ្វី​ម្យ៉ាង​នៅ​ម្ដុំ​ក្រលៀន
    បើសិនជា​ស្ទាប​ទៅហើយ​ឃើញ​មាន​ដុំ​សាច់​អ្វី​ម្យ៉ាង​នៅត្រង់​ម្ដុំ​ចង្កេះ​ទាំងសងខាង​របស់​អ្នក នេះ​អាចជា​សញ្ញា​គ្រោះថ្នាក់​មួយរបស់​ជំងឺ​ក្រលៀន​ដែល​បណ្តាលមកពី​ការស្ទះ​ថង់​ទឹកមូត្រ ការ​ណែន​ស្ទះ​របស់​ក្រលៀន ឬ​ការដុះ​សាច់​នៅក្នុង​ក្រលៀន​ជាដើម។

    4- សម្ពាធ​ឈាម​ឡើង​ខ្ពស់
    ដោយសារតែ​ក្រលៀន​បំពេញ​តួនាទី​សាង​សារធាតុ​គ្រប់គ្រង​សម្ពាធ​ឈាមប្រកប​ជាមួយ​ក្រលៀន​ដែលមាន​តួនាទី​រក្សា​តុល្យភាព​របស់​ទឹក និង​អំបិល​រ៉ែ​ក្នុង​រាងកាយ ដូច្នេះហើយ​ទើប​ការដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្តាលមកពី​ជំងឺ​ក្រលៀន​ដោយ​ត្រង់។


    5- អាការ​ហើម
    អ្នក​ដែល​កើត​ជំងឺ​ក្រលៀន​នឹងមាន​អាការ​ហើម ជាពិសេស​នៅលើ​ស្បែក​ភ្នែក​នៅពេល​ព្រឹក ឬ​ហើម​មុខតែ​ម្ដង ដែល​បើសិនជា​ធ្ងន់ធ្ងរ​នឹងមាន​អាការ​ហើម​បែបនេះ​ពេញ​ទាំង​ដងខ្លួន​តែម្ដង។ តែ​យ៉ាងណាក៏ដោយ អាការ​ហើម​នេះ​ក៏​អាច​បណ្ដាលមកពី​ជំងឺថ្លើម ជំងឺ​បេះដូង
    ការខ្វះ​សារធាតុ​អាហារ ឬ​ភាពខុសប្រក្រតី​ពាក់ព័ន្ធ​នឹង​អ័រម៉ូន​បានដែរ ដូច្នេះ​គួរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បីឱ្យ​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ និង​ដើម្បី​ទទួល​ការព្យាបាល​មុនពេលអ្វីៗហួសពេល​នឹង​កែកុន​ទៅបាន៕

  • ហាម​បរិភោគ​អាហារ​ប្រភេទ​នេះ បើ​មិន​ចង់​អាយុ​ខ្លី

    ហាម​បរិភោគ​អាហារ​ប្រភេទ​នេះ បើ​មិន​ចង់​អាយុ​ខ្លី

    សុខភាព​ល្អ​គឺជា​អ្វីដែល​យើងទាំងអស់គ្នា​ប្រាថ្នា​ចង់បាន ក៏ប៉ុន្តែ​នៅពេល​ខ្លះ​ក៏​យើង​បាន​មើលរំលង ដោយ​ការបរិភោគ​អាហារ​ដែលមាន​លក់​សម្បូ​រ​បែប​ដូច​សព្វថ្ងៃនេះ។ សោ​ភ័​ណ្ឌ​ភាព​អាហារ​ដែល​ត្រូវបាន​ច្នៃប្រឌិត​ឱ្យមាន​ភាព​វិចិត្រ ទាក់ទាញ​ចិត្ត​ឱ្យ​ចង់​ទទួលទាន តាមពិតទៅ​វា​ក៏មាន​គ្រោះថ្នាក់​ដល់​សុខភាព​យើង​ដោយ​មិនដឹង​ខ្លួន។ ដូច្នេះ​ប្រសិនបើ​នរណាម្នាក់​មិន​ចង់ឱ្យ​អាយុ​ខ្លី​ទេនោះ គួរតែ​ជ្រាប​ពី​អាហារ​មួយចំនួន​ដែល​អ្នកជំនាញ​ហាមឃាត់ និង​គួរ​ចៀសវាង​ដូចខាងក្រោម​នេះ។

    1- ភេ​ស្ជ​ជៈ​ជាតិ​ហ្គាស់
    ភេ​ស្ជ​ជៈ​ដែលមាន​សារជាតិ​ហ្គាស់ វា​ត្រូវបាន​រកឃើញថា សម្បូរ​ទៅដោយ​សារធាតុ​គីមី និង​បរិមាណ​ជាតិ​ស្ករ​ច្រើន ប្រសិនបើ​អ្នកទទួល​ទាន​វា​ជា​រៀងរាល់ថ្ងៃ នោះ​អ្នកនឹង​ប្រឈម​មុននឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់ ហើយ​វា​ក៏មាន​គ្រោះថ្នាក់​ដូចជា​ ជំងឺមហារីក​ពោះវៀនធំ និង​ជំងឺ​រលាក​ក្រពះ​ផងដែរ។

    2- ប្រភេទ​សាច់​សម្រេច
    អាហារ​ប្រភេទ​សាច់​សម្រេច​ដូចជា សាច់ក្រក ហ​ត​ដក ប្រហិត​កញ្ចប់ ណែម សាច់​ងៀត ដែល​ត្រូវបាន​ក្រុមហ៊ុន​ឧស្សាហកម្ម​នានា​ផលិតឡើង គឺមាន​លាយ​ផ្សំ​ជាមួយ​សារជាតិ​គីមី​ជាច្រើន​ដូចជា សារធាតុ​ការពារ​ចំណីអាហារ​ឱ្យមាន​អាយុកាល​យូរ សារធាតុ​ខ្លាញ់​ច្រើនសូ​ដ្យូ​ម និង​សារធាតុ​ដែល​ការពារ​មិនឱ្យ​សើម ហើយ​ស្អុយ​ជាដើម។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​សាច់​ប្រភេទ​នេះ ក៏​មិនមាន​គុណប្រយោជន៍​អ្វី​ចំពោះ​រាងកាយ​របស់​អ្នក​នោះទេ។

    3- ប្រភេទ​នំ​កញ្ចប់
    អាហារ​ប្រភេទ​នេះ ជា​អាហារ​កែច្នៃ​ដែល​មិនសូវមាន​សារធាតុ​អាហារូបត្ថម្ភ ហើយ​នៅពេលដែល​អ្នក​បរិភោគ​ចូលក្នុង​រាងកាយ​អ្នក នោះ​នឹង​ទទួលបាន​មកវិញ​តែ​ជាតិ​សូ​ដ្យូ​ម ជាតិ​ស្ករនិង​ជាតិ​ខ្លាញ់​ដែលមាន​បរិមាណ​ច្រើនតែ​ប៉ុណ្ណោះគឺ​វា​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​អ្នកខ្លាំង​ណាស់អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​វា​អាច​បណ្ដាលឱ្យ​កើត​ជំងឺមហារីក​ពោះវៀនធំ ជំងឺ​ប្រព័ន្ធ​សរសៃឈាម និង​ជំងឺ​បេះដូង​បាន​ផងដែរ៕

  • កុមារ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​ការអាន​តាម​បណ្តាញ​បច្ចេកវិទ្យា

    កុមារ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​ការអាន​តាម​បណ្តាញ​បច្ចេកវិទ្យា

    បង្កើត​វប្បធម៌​នៃ​ការអាន ជា​ចំណុច​សំខាន់​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​កំពុង​យកចិត្តទុកដាក់ ហើយ​បានដាក់​គោលដៅ​លើ​កុមារ​ដើម្បី​ជំ​រុញឱ្យ​វប្បធម៌​នេះ​កាន់តែ​រីកសាយ​ឡើង​នៅ​ថ្ងៃ​អនាគត។

    នៅពេលថ្មីៗនេះ កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា TEST (Technology for Education Systems Transformation) ត្រូវបាន​គម្រោង Development Innovation សហការ​ជាមួយនឹង​ក្រសួង​អប់រំ បង្កើតឡើង​ដើម្បី​សម្រួល​ដល់​ការវាយតម្លៃ​សមត្ថភាព​អំ​ណាន​របស់​សិស្ស កំណត់​វិធីសាស្ត្រ​ជួយ​សិស្ស​ដែល​ត្រូវ​ការរៀន​បន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព និង​ពង្រឹងសមត្ថភាព​អំ​ណាន​របស់​សិស្ស​ផងដែរ។

    កម្មវិធី TEST ជា​កម្មវិធី​ទូរស័ព្ទដៃ​មួយ​ដែល​អាចជួយ​សិស្សសាលា​ក្នុងការ​វាយតម្លៃ​ការអាន​របស់​ពួកគេ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ,Tablet និង​កុំព្យូទ័រ។

    កម្មវិធី​នេះ គឺ​បាន​ជួយ​ត​ភ្ជាប់​ការអប់រំ​រវាង​គ្រួ និង​សិស្ស​បានល្អ​ក្នុង​កាលៈទេសៈ​ជាច្រើន​ដែល​សាលា​ភាគច្រើន​នៅ​កម្ពុជា​មិនទាន់បាន​បង្រៀន​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យមាន​តុល្យភាព​ដើម្បី​បង្កើន​ចំនួន​សិស្សសាលា​តាម​អាយុ។ កម្ម​វី​ធី​នេះ​អនុញ្ញាតឱ្យ​គ្រូបង្រៀន​កំណត់​ពី​លំហូរ​នៃ​ការសិក្សា​របស់​សិស្ស​នៅក្នុង​ថ្នាក់រៀន​របស់ខ្លួន​បាន​យ៉ាង​ងាយ ហើយ​គាត់​ក៏​អាច​វាយតម្លៃ​ពី​ភាពប្រែប្រួល​ជា​លក្ខណៈ​បុគ្គល និង​តម្រូវការ​រៀនសូត្រ​រប​ស់សិស្សម្នាក់ៗផងដែរ។

    ចំណុច​ពិសេស​នៃ​កម្មវិធី TEST នេះ​គឺអាច​ជួយ​ឱ្យ​សិស្ស​អាច​អភិវឌ្ឍ​ការអាន​របស់ខ្លួន​តាម​រយៈ​ការអាន​សៀវភៅ និង​លេងល្បែង​ពាក់ព័ន្ធ​នឹង​ការអាន​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិក ដែលមាន​នៅក្នុង​បណ្ណាល័យ​នៃ​សាលាបឋមសិក្សា​មួយចំនួន​នៅ​កម្ពុជា។ តាមរយៈ​កម្មវិធី​នេះ គ្រូ​ក៏​អាច​តាមដាន​ការសិក្សា​របស់​សិស្ស​ដែល​បាន​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​នេះ ដែល​វា​ជាការ​ងាយស្រួល​គ្រប់គ្រង និង​អភិវឌ្ឍ​សមត្ថភាព​ពួកគេ​យ៉ាង​ងាយស្រួល និង​ប្រកបដោយ​ប្រសិទ្ធភាព។

    សព្វថ្ងៃ​មាន​សិស្សានុសិស្ស​ជាង 11,600នាក់ និង​គ្រូបង្រៀន​ជាង 280នាក់​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ។ ក្រោម​ការគាំទ្រ​របស់ USAID តាមរយៈ​គម្រោង Development Innovations នៅ​ឆ្នាំ 2017នេះ អង្គការ​អប់រំ​ពិភពលោក​កំពុង​បង្កើត​កម្មវិធី​នេះ​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី3៕

  • ទទួលទាន​ទឹក​ស្លឹកគ្រៃ ព្យាបាល​រោគ​រលាក​សន្លាក់​ហ្គោ​តរបស់​មនុស្ស​ចាស់

    ទទួលទាន​ទឹក​ស្លឹកគ្រៃ ព្យាបាល​រោគ​រលាក​សន្លាក់​ហ្គោ​តរបស់​មនុស្ស​ចាស់

    ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​វិធី​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោ​ត ដែល​កើតមាន​ចំពោះ​មនុស្ស​មាន​វ័យ​ចំណាស់ តាមបែប​ឱសថ​ដែល​ងាយរ​កនៅ​ក្នុងផ្ទះ បើទោះបីជា​នៅតាម​ទីជន-បទ ឬ​ទីក្រុង​ក៏ដោយ អាចរ​កមក​ផ្សំ ហើយ​ដាំទឹក​ពិសា​បាន​យ៉ាង​ជាសះស្បើយ ព្រមទាំង​មិនបាច់​ភ័យព្រួយ​ខ្លាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ថែមទៀត​ផង។ មុននឹង​រៀបរាប់​អំពី​ឱសថ​ព្យាបាល​រោគ​ជំងឺ​ខាងលើនេះ ជាបឋម​សូម​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ជាមុន​អំពី​អ្វី​ទៅជា​រោគ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ត​សិន​ថា កើត​នៅ​កន្លែង​ណាខ្លះ​នៃ​រាងកាយ​របស់​មនុស្ស​យើង?

    រោគ​ហ្គោ​ត ឬ​រលាក​សន្លាក់​ហ្គោ​ត ជា​ភាវៈ​ជំងឺ​ដែល​អាច​សង្កេត​ពី​អាការ​រលាក​សន្លាក់​រ៉ាំរ៉ៃហើយ​ផ្ដល់នូវរោគសញ្ញាឱ្យមាន​អារម្មណ៍​ឈឺចាប់​ស្រួចស្រាវ​ដដែរៗ ហើយ​មានចេញ​អុច​ពណ៌​ក្រហម ឡើង​ពង​ទឹក រលាក ហើម​ត្រង់​គន្លាក់​សន្លាក់ សន្លាក់ឆ្អឹង​បាតជើង ម្រាមជើង ម្រាមដៃ ជាពិសេស​រមែង​កើត​ត្រង់​សន្លាក់​មេជើង ដែល​ទទួលរង​នូវ​ផលប៉ះពាល់​គ្រោះថ្នាក់​ខ្លាំង​បំផុត ហើយ​ធ្លាប់​កើត​លើ​ក្រុមមនុស្ស​ប្រមាណ​ជា50%​នៃ​អ្នកជំងឺ​លោកខាងលិច។ ក្រៅពីនេះ អាច​ជួបប្រទះ​រោគសញ្ញាហើម​ពងទឹក​លើ​ស្បែក ក្រួស​ក្នុង​តម្រងនោម និងរោគ​តម្រងនោម​ដែល​កើត​ពី​អាស៊ីតអ៊ុយ​រិ​ក។ល។ រោគ​នេះ​កើតឡើង​នៅពេល​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​នៅក្នុង​ឈាមហើយ​អាស៊ីត​នេះ​ច្រើន​គ្រាប់ ដែលមាន​សណ្ឋាន​ដូច​គ្រាប់​គ្រី​ស្ដា​ល់ចំ​សរសៃ និង​ជុំវិញ​សរសៃ​យាវ។

    ការស្រាវជ្រាវ​របស់​គ្រូពេទ្យ​ជំនាញចំពោះការ​ពិនិត្យ​ដុំ​គ្រី​ស្ដា​ល់​ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​ក្រួសតម្រងនោម​នេះ​បាន​រកឃើញថា វិធីព្យាបាលជំងឺនេះគឺអាចធ្វើទៅបាន​ដោយប្រើថ្នាំ​បំបាត់​ការ​រលាក​មួយ​ប្រភេទ ដែល​មិន​ប្រើ​ស្តេ​រ៉ូ​អីុ​ដ(NSAIDs) និង Colchicine អាច​ព្យាបាល​ឱ្យ​អ្នកជំងឺ​មាន​អាការ​ប្រសើរឡើង បន្ទាប់ពីចាប់ផ្ដើម​មាន​អាការ​រលាក​ស្រួចស្រាវ​កើតឡើង ហើយ​កម្រិត​នៃ​ទឹក​អាស៊ីត​អ៊ុយ​រិ​ក​ដែលមាន​នៅក្នុង​ឈាម​ក៏​ថយចុះ​វិញ​ដែរ។ ជំងឺនេះ​អាចជា​សះ-ស្បើយ​បាន​ដោយ​ការផ្លាស់ប្ដូរ​របៀប​រស់នៅរបស់អ្នកជំងឺពោលគឺ​អ្នក​ដែលមាន​អាការ​រោគនេះ​អាច​ប្រើ Allopurinol ឬថ្នាំ​ចាក់ Prome-nade ដើម្បី​ការពារ​ក្នុង​រយៈពេល​យូរអង្វែង។

    ចំនួន​អ្នកជំងឺ​រោគ​រលាក​សន្លាក់​ហ្គោ​ត អាច​នឹង​កើតជំងឺនេះឡើងវិញ​នៅក្នុងអំឡុងរយៈពេល10ឆ្នាំក្រោយមក ហើយគេ​ជឿជាក់​ថា ជំងឺ​រលាក​សន្លាក់​ហ្គោ​ត អាច​ហុច​ផល​វិជ្ជមាន​​មួយចំនួន​​ចំពោះក្រុមមនុស្សដែលមាន​ជំងឺ​មេ​តា​បូ​លិ​កក្រុមមនុស្សដែល​អាយុ​ច្រើន និងក្រុមមនុស្សដែលមាន​ទង្វើ​នៃ​ការបរិភោគ​អាហារ​​ផ្លាស់ប្ដូរជារឿយៗ។ ពី​មុន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ត​ធ្លាប់មាន​ឈ្មោះថា ជា​ជំងឺ​អ្នកមាន ឬ​ជំងឺ​ស្ដេច។

    វិធី​ព្យាបាល ​និងវិធីការពារខ្លួនពីជំងឺ​រោគ​រលាក​សន្លាក់​ហ្គោ​ត
    1. ស្លឹកគ្រៃ​សុទ្ធ 4-5 ដើម
    2. ស្លឹក​តើយ​សុទ្ធ 2-3 សន្លឹក
    3. ទឹកបរិសុទ្ធ 2 លីត្រ

    វិធី​ធ្វើ
    1. ដាំទឹក​ស្លឹកគ្រៃ និង​ស្លឹក​តើយ​រហូតដល់​ពុះ។ នៅពេល​ពុះ​ហើយ ក៏​បន្ថយ​ភ្លើងចុះបន្ដិច​វិញ។
    2. រំងាស់វាបន្ដរយៈពេល15នាទី ហើយនៅពេលរំងាស់ហាម​បិទ​គម្រប​ឆ្នាំង​ជាដាច់ខាត។
    3. បន្ទាប់ពីគ្រប់15នាទី​ហើយ សឹមពន្លត់ភ្លើង រួចទុកចោល​ឱ្យ​ត្រជាក់។
    4. ចូរទទួលទានទឹកស្លឹកគ្រៃនេះ​ជំនួស​ទឹក​ធម្មតា​ចំនួន1សប្ដាហ៍ ដើម្បី​លាង​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​នៅក្នុង​ឈាម ដែលជា​មូលហេតុ​បណ្ដាល​ឱ្យ​កើតអាការ​ឈឺជង្គង់ ឬសន្លាក ដែល​កើត​ពី​​ជំងឺ​រលាក​សន្លាក់​ហ្គោ​តនេះ ឱ្យជា​សះស្បើយ និងមានភាពប្រសើរ​ឡើង​ដោយ​មិនបាច់​ប្រើប្រាស់​ថ្នាំអ្វីទាំងអស់។ ចំពោះអ្នកដែលមានអាយុច្រើន តែមិនទាន់កើតមានជំងឺ​រលាក​សន្លាក់​ហ្គោ​ត ក៏អាចទទួលទានទឹកស្លឹកគ្រៃនេះ ដើម្បីការពារខ្លួនពីជំងឺនេះបានដែរ៕