Category: សង្គម និងសេដ្ឋកិច្ច

  • កូនស្រី Dwayne Johnson ទទួលតំណែងទូតសុឆន្ទៈភូគោលមាសពិភពលោក នៅក្នុងកម្មវីធី Golden Globe 2018!

    កូនស្រី Dwayne Johnson ទទួលតំណែងទូតសុឆន្ទៈភូគោលមាសពិភពលោក នៅក្នុងកម្មវីធី Golden Globe 2018!

    កាលពីពេលថ្មីៗនេះ កូនស្រីវ័យ 16 ឆ្នាំរបស់តារាសម្ដែងឯកប្រុស Dwayne Johnson ឬ The Rock  គឺនាង Simone Garcia Johnson បានទទួលតំណែងជាទូតសុឆន្ទៈភូគោលមាសពិភពលោក ដោយមានការសម្រេចចិត្តពីសមាគមអ្នកសារព៍័ត៌មានពិភពលោក ឬហៅថា HFPA ដែលជាអង្គការនាំមុខគេក្នុងការរៀបចំកម្មវិធី Golden Globe 2018!នេះ។

    ការដាក់ស្នើសុំឱ្យមានឈ្មោះកូនស្រី The Rock រូបនេះ គឺមានការជ្រោមជ្រែងពីសំណាក់ក្រុមអ្នកសារព័ត៌មាននៃតំបន់ប៉ែកខាងជើងសហរដ្ឋអាមេរិក ព្រមទាំងគ្រោងធ្វើឡើងនៅលើទឹកដី West Hollywood ផងដែរ។ គួររំឭកផងដែរថា នាង  Simone Garcia Johnson គឺជាកូនស្រីបង្កើតរបស់អ្នកស្រី Dany Garcia អតីតភរិយាលោក Dwayne Johnson ដែលបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ។ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន តារាស្រីរាងតូចច្រលឹងរូបនេះ បានពោលប្រាប់អ្នកសារព័ត៌មានថា «នាងខ្ញុំធ្លាប់បានចូលរួមកម្មវិធីនេះជាមួយឪពុកម្ដាយតាំងពីឆ្នាំ2015 មកម្ល៉េះ ដូច្នោះហើយទើបនាងខ្ញុំទទួលបានបទពិសោធល្អៗជាច្រើន ព្រមទាំងសង្ឃឹមថា នាងខ្ញុំអាចធ្វើបាន ដោយសារមានការលើកទឹកចិត្ត និងគាំទ្រពីមនុស្សជាច្រើន»។

    សូមជម្រាបន្ថែមទៀតថា ទន្ទឹមនឹងមានតំណែងជាទូតសុឆន្ទៈភូគោលមាសពិភពលោក នៅក្នុងនោះក៏មានវត្តមានកូនស្រីរបស់តារាល្បីឈ្មោះលោក Sylvester Stallone ផងដែរ ដែលបានជាប់ជាកញ្ញាឯក Miss Golden Globe បានទៅលើនាង Sophia Stallone ​និង Scarlett Johansson ៕

  • ធ្វើយ៉ាងណា​ឱ្យក្លាយ​ជា​អ្នកមាន​លុយ​ច្រើន​ក្នុង​រយៈពេល 1ឆ្នាំ?

    ធ្វើយ៉ាងណា​ឱ្យក្លាយ​ជា​អ្នកមាន​លុយ​ច្រើន​ក្នុង​រយៈពេល 1ឆ្នាំ?

    អ្នកណាៗក៏​ចង់​ក្លាយជា​អ្នកមាន​លុយ​ច្រើន ឬ​សេដ្ឋី​ដែរ តែ​មនុស្ស​ជាច្រើន​គិតថា ប្រហែលជា​ត្រូវ​ប្រើពេល​វេលា​ច្រើន​ឆ្នាំ ឬ​ជួនកាល​អាច​ដល់​រាប់សិប​ឆ្នាំ​ផង ទើបបាន​ក្លាយជា​សេដ្ឋី​ដូច​ចិត្ត​នឹក​ស្រមៃ។ តែបើ​សាកល្បង​នាំយក​គន្លឹះ 5 យ៉ាង​ដែល ឡា​រ៉ែ​ន កំពុង​នឹង​រៀបរាប់​ឱ្យដឹង​ខាងក្រោម​នេះ​ទៅ​កែច្នៃ​ប្រើ​យ៉ាង​ស័ក្តិសម​នោះ មិន​ប្រាកដ​ដែរ លោកអ្នក​អាច​ប្រើ​ពេលវេលា​ត្រឹមតែ 1 ឆ្នាំ​ក៏​អាច​រំកិល​ឋានៈ​របស់ខ្លួន​ពី​មនុស្ស​ធម្មតា​ទូទៅ​មកជា​អ្នកមាន​លុយ​ច្រើន​ម្នាក់​ក៏​អាច​ថា​បានដែរ។

    គន្លឹះ​ទី 1ប៉ាន់ប្រមាណ​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន

    កត់ត្រា​ប្រាក់ចំណូល-ចំណាយ​ឱ្យ​គ្រប់សព្វ​ទាំងអស់​ដើម្បីឱ្យ​បានដឹងថា ក្នុងមួយថ្ងៃៗយើង​ចំណាយ​ប្រាក់​ទៅលើ​អ្វីខ្លះ។ វិធី​នេះ​ជួយ​ឱ្យ​មើលឃើញ​ពី​ភាពច្បាស់លាស់​របស់​ចំនួន​ប្រាក់​ដែល​បាត់បង់​ទៅក្នុង​មួយថ្ងៃ។ បន្ទាប់ពីនោះ រៀប​ផែនការ​ចាយវាយ​ដោយ​កំណត់​ការចំណាយ​ឱ្យ​ច្បាស់លាស់ និង​កាត់​ការចំណាយ​ណា​ដែល​មិនចាំបាច់​ចេញ​ឱ្យបាន​ច្រើន​បំផុត។ ក្រៅពីនេះ​ត្រូវ​ចេះ​សន្សំ​ប្រាក់​ដោយ​បែងចែក​គណនី​ប្រាក់​បញ្ញើ​ជា 2 គណនី គឺ គណនី​ប្រាក់​បញ្ញើ​ដើម្បី​បម្រុង​ទុកពេល​ផុត​អាយុ​ការងារ និង​គណនី​ប្រាក់​បញ្ញើ​សម្រាប់​ចាយវាយ​ពេល​អាសន្ន។ ពេល​ដាច់​ខែ​បើក​លុយ ចូរ​យកប្រាក់​ទៅ​ដាក់ចូល​គណនី​ទាំង 2 នេះ មុននឹង​ដកយក​ទៅប្រើ។

    គន្លឹះ​ទី 2រកប្រាក់​ចំណូល​បន្ថែម

    បន្ទាប់ពី​ការរៀប​ផែនការ​ចាយវាយ​ប្រាក់កាស​រួចរាល់​ហើយ ចូរ​គិត​រិះរក​ច្រក​ផ្លូវ​នៃ​ការរក​ប្រាក់ចំណូល​បន្ថែ​ម ព្រោះ​ការ​នឹង​ក្លាយជា​អ្នកមាន​លុយ​ច្រើន​បាន មិនមែន​ត្រឹមតែ​កាត់ថ្លៃ​កាហ្វេ​ក្នុងមួយថ្ងៃៗចេញ​នោះទេ តែ​ត្រូវ​រិះរក​វិធី​បង្កើន​ប្រាក់ចំណូល​ផងដែរ ដូចជា លក់​អីវ៉ាន់​តាម​អន​ឡាញ ធ្វើការ Part Time  ជា Broker និង​ទីប្រឹក្សា​ឯករាជ្យ ជាដើម (ក្នុងករណី​ដែលមាន​ភាព​ចំណាន​ក្នុង​រឿង​ណាមួយ​ជាពិសេស)។

    គន្លឹះ​ទី 3 – បង្កើន​ជំនាញថ្មីៗឱ្យ​ខ្លួនឯង​គ្រប់ពេលវេលា

    ការរៀន​យល់ដឹង​ពី​ជំនាញថ្មីៗជាប់​ជានិច្ច​នឹង​ជួយ​បង្កើន​សក្ដានុពល​ក្នុង​ការធ្វើការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង។ រឹតតែ​ដឹង​ច្រើន រឹតតែ​ធ្វើឱ្យ​អាច​ចូល​ទៅរក​អ្នកជំនាញ​ដទៃទៀត​បាន​កាន់តែ​ងាយស្រួល​ឡើង ហុច​ផល​ឱ្យមាន Connection ច្រើនឡើង​ដែលជា​ប្រយោជន៍​ដល់​ការធ្វើការងារ ឬ​ការធ្វើ​ជំនួញ។ វិធី​បង្កើន​ជំនាញ​ឱ្យ​ខ្លួនឯង​អាចធ្វើ​បាន​ទាំង​ការអាន​សៀវភៅ ទៅ​ចូលរួម​វគ្គ​សិក្សា ឬ​សិក្ខាសាលា ធ្វើ​ការងារ Workshop  រៀន​អន​ឡាញ និង​ស្ដាប់ Podcasts រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាដើម។

    គន្លឹះ​ទី 4 – សន្សំសំចៃ

    ការ​សន្សំសំចៃ​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​របស់​ការ​ក្លាយជា​អ្នកមាន​លុយ​ច្រើន។ វិធី​សន្សំសំចៃ​ដែល​អាច​ធ្វើបាន​យ៉ាងងាយៗមានដូចជា ប្រើ​ប័ណ្ណ​បញ្ចុះតម្លៃ​ទិញ​ទំនិញ​ប្រ៊ែ​ន​ដ៍​របស់​សូ​ភើរ​ម៉ា​ឃេ​ត ប្រើ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ និង​ធ្វើ​ម្ហូបអាហារ​ញ៉ាំ​ខ្លួនឯង​ជំនួស​ឱ្យ​ការទិញ​របស់គេ។ តែ​ទាំងអស់នេះ​ត្រូវ​ចៀសវាង​ផងដែរ​នូវ​ទង្វើ​ណា​ដែល​ធ្វើឱ្យ​កើតមាន​បំណុល។

    គន្លឹះ​ទី 5 – កុំ​ចំណាយលុយ​ដើម្បី​បំបាត់​ភាព​ធុញទ្រាន់

    មនុស្ស​តែងមាន​អារម្មណ៍​ធុញទ្រាន់​ដូចគ្នា​ទាំងអស់ តែ​អ្នក​ដែល​នឹង​ក្លាយជា​មនុស្ស​មាន​លុយ​ច្រើន​នា​ថ្ងៃ​អនាគត​នឹងមិន​ដើរ​ទិញ​ទំនិញ​ដើម្បីឱ្យ​បាត់​ភាព​ធុញទ្រាន់​នោះទេ  តែ​នឹង​ជ្រើសរើស​ធ្វើ​កិច្ចការងារ​ណា​ដែល​មិនបាច់​អស់​លុយ តែ​អាច​សម្រាល​ភាព​ធុញទ្រាន់​បាន ដូចជា​អង្គុយ​សមាធិ អាន​សៀវភៅ ហាត់ប្រាណ ធ្វើ​ម្ហូបអាហារ និង​ធ្វើ​ធុរកិច្ច​ដែល​ចូលចិត្ត៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • អ្នក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍ធំៗបង្ហាញ​បទពិសោធ​រៀបចំ​សិក្ខាសាលា

    អ្នក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍ធំៗបង្ហាញ​បទពិសោធ​រៀបចំ​សិក្ខាសាលា

    ការរៀបចំ​សិក្ខាសាលា​គឺជា​រឿង​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា ជាពិសេស​យុវជន​កំពុង​ចាប់អារម្មណ៍ ព្រោះថា កម្មវិធី​ប្រភេទ​នេះ​អាចជួយ​ទាំង​អ្នករៀបចំ និង​អ្នកចូលរួម​ឱ្យ​ទទួលបាន​បទពិសោធ​ជីវិត និង​ទទួលបាន​នូវ​ភាពជោគជ័យ​លើ​ការជំរុញ​អំពើ​ល្អ និង​ចំណេះដឹង​ក្នុងសង្គម។

    ជាទូទៅ​យើង​ធ្លាប់​ចូលរួម​សិក្ខាសាលា​នានា យើង​អាច​គិត​មិន​ដល់​ទេ​អំពី​ភាពលំបាក និង​ចំណុច​ប្រឈម​នានា​ទម្រាំ​កើតមាន​វេទិកា​ចែករំលែកមួយៗកើតឡើង ហើយ​ប្រហែលជា​នឹក​មិន​ដល់​ផង​ថា វេទិកា​ដែល​ធ្វើឱ្យ​អ្នក​ទាំងអស់គ្នា​រីករាយ ត្រូវ​រៀបចំ​ដោយ​ដំណាក់កាល​ណាខ្លះ។

    នៅថ្ងៃនេះ ឡា​រ៉ែ​ន បាន​ជួប​សម្ភាស​ជាមួយនឹង​លោក ពេជ្រ ពិសាល ស្ថាបនិក​ក្រុមយុវជន Daily Plus ដែល​បាន​បង្កើត​សិក្ខាសាលាធំៗជាច្រើន​ដោយ​ក្នុងនោះ​មាន​និស្សិត​រាប់ពាន់​អ្នកចូលរួម និង​វាគ្មិនសំខាន់ៗជាច្រើន​មកពី​វិស័យ​សាធារណៈ និង​ឯកជន​នៅ​កម្ពុជា​ចូលរួម។

    1. តើ​ហេតុអ្វី​ទើប​គួរ​បង្កើត​សិក្ខាសាលា​មួយ​ឡើង? សិក្ខាសាលា​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​អ្នកចូលរួម និង​អ្នកស្ម័គ្រចិត្ត​រៀបចំ​កម្មវិធី?

    ការបង្កើត​សិក្ខាសាលា​មួយ​ឡើង ខ្ញុំ​ផ្តោតលើ​មូលហេតុសំខាន់ៗចំនួន3 គឺ
    ទី1/ ខ្ញុំ​តែងតែ​រំពឹងថា អ្នកចូលរួម​នឹង​ទទួលបាន​ការចែករំលែក​នូវ​បទពិសោធ​ច្រើន ដែល​មិនមាន​បង្រៀន​នៅក្នុង​សាលា តែ​វា​បង្រៀន​ពី​ជីវិត​ជាក់ស្តែង ការងារ​ជាក់ស្តែង គន្លឹះ​ជាក់ស្តែង ដែល​អាច​យកទៅអនុវត្ត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ការងារ និង​ជំនួញ​បាន​តាមរយៈ​ការទទួលបាន​ចំណេះដឹង​ពី​ការចែករំលែក​ពី​អ្នកជំនាញ និង​វាគ្មិន​ជោគជ័យ​នានា។

    ទី2/ សម្រាប់​វាគ្មិន​វិញ​គឺ​គាត់​ជា​បុគ្គល​ដែល​ឆ្លងកាត់​បទពិសោធ​ជីវិត​ច្រើន​ទាំង​ការជោគជ័យ និង​បរាជ័យ​ក្នុង​រង្វង់​ជីវិត​ផ្ទាល់ខ្លួន ការងារ ជំនួញ គ្រួសារ និង​ការសិក្សា។ ហេតុនេះ​គាត់​អាច​ប្រើ​វេទិកា​នេះ​ដើម្បី​និយាយ ផ្តល់​ដំបូន្មាន ឬ​មានឱកាស​ក្នុងការ​ចែករំលែក​នូវ​ការខិតខំ​របស់គាត់​ដល់​អ្នកចូលរួម​ដែលជា​យុវជន​ជំនាន់​ក្រោយ​ឱ្យទទួល​បាន​ចំណេះដឹង និង​បទពិសោធ​ពី​ពួកគាត់។ ម្យ៉ាងវិញទៀត វាគ្មិន​ក៏​អាចមាន​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ពី​ខ្លួន​គាត់​ផ្ទាល់ និង​ពី​អាជីវកម្ម​របស់គាត់​ក្នុង​កម្មវិធី​នេះ​ផងដែរ។

    ទី3/ សម្រាប់​អ្នករៀបចំ​វិញ គឺ​ពួកគាត់​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​បទពិសោធ​ក្នុង​ការធ្វើការងារ​គ្រប់គ្រង​គម្រោង បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ទទួលបាន​ការបណ្តុះបណ្តាល​ជាច្រើន។

     2.តើ​ការបង្កើត​សិក្ខាសាលា​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ?

    ការបង្កើត​គម្រោង​សិក្ខាសាលា​មួយ ប្រៀបដូចជា​យើង​បើក​ក្រុមហ៊ុន​មួយ​អ៊ីចឹង​ដែរ។ វា​ទាមទារ​ឱ្យមាន​ផ្នែក​ច្រើន ឬ​តិច​អាស្រ័យ​ទៅតាម​ទំហំ​នៃ​គម្រោង ឬ​អាជីវកម្ម។ ក្នុងដំណាក់កាល​បង្កើត​គម្រោង​មួយ យើង​ចែកជា3 ដំណាក់កាល គឺ​ដំណាក់កាល​មុន​កម្មវិធី ដំណាក់កាល​កម្មវិធី និង​ដំណាក់កាល​ក្រោយ​កម្មវិធី។

    ក្នុងដំណាក់កាល​មុន​កម្មវិធី យើង​ត្រូវ​មានគំនិត ហើយ​ជ្រើស​រើសយក​ប្រធានបទ​ដែល​សំខាន់​ដើម្បី​គ្រោង​ដាក់ឱ្យ​មានការ​ពិភាក្សា​ដេញដោល បន្ទាប់មក​ទើប​សរសេរ​គម្រោង​ទាំងមូល ដោយមាន​ការចូលរួម​ពី​សមាជិក​ក្នុង​គម្រោង ដែល​សម្រាប់​ខ្ញុំ​យ៉ាងហោចណាស់​ក៏មាន​សមាជិក 4 ឬ5នាក់​ដែរ​ចូលរួម ដើម្បី​ពិភាក្សា និង​បែងចែក​ផ្នែក​ឱ្យបាន​ច្បាស់លាស់​សម្រាប់​អនុវត្ត។ បន្ទាប់ពី​បែងចែក​ផ្នែក​សម្រាប់​ប្រតិបត្តិ​ហើយ យើង​ត្រូវ​ស្វែងរក​សមាជិក​បន្ថែម​ដើម្បី​ទ្រ​ង​ទ្រង់​ឱ្យមាន​សកម្មភាព​ទៅតាម​គោលដៅនីមួយ។

    ដើម្បី​អនុវត្ត​គម្រោង​ទៅបាន ថវិកា​ទ្រទ្រង់​គម្រោង​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវមាន ហេតុនេះ​ក្រុម​ទាំងមូល​ត្រូវ​ចាត់​ឱ្យមាន​ក្រុម​មួយ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ទៅតាម​ក្រុមហ៊ុន ដើម្បី​សុំ​ការចូលរួម​ឧបត្ថម្ភ​ថវិកា ឬ​សម្ភារ​ដើម្បី​ធានាថា យើង​អាច​កាត់បន្ថយ​ការចំណាយ​បាន និង​ផ្តល់​ផលចំណេញ​តប​ទៅវិញ​សមស្រប​សម្រាប់​ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ។ បន្ទាប់មក ការលក់​សំបុត្រ ក៏​អាចជា​វិធីសាស្ត្រ​មួយ​ក្នុង​ការប្រមូល​អ្នកចូលរួម និង​ជា​ជំនួយ​ដល់​ការចំណាយ​ទាំងស្រុង​ផងដែរ។

    ក្នុងដំណាក់កាល​កម្មវិធី គឺ​ត្រូវ​បែងចែក​តួនាទី​តាម​ផ្នែកនីមួយៗ មានដូចជា​ផ្នែក​ពិធីករ ពិធី​ការិនី ផ្នែក​បដិសណ្ឋារកិច្ច ផ្នែក​ចុះឈ្មោះ ផ្នែក​គ្រប់គ្រង​សណ្តាប់ធ្នាប់ និង​ផ្នែក​ថតរូប​ជាដើម។ បន្ទាប់មក​ត្រូវ​ចាត់ចែង​ឱ្យ​ច្បាស់​ពី​ការគ្រប់គ្រង​របៀបវារៈ​ឱ្យបាន​រលូន​ដើម្បី​ធានាថា ផែនការ​ធ្វើទៅបាន​ដោយ​រលូន។

    ក្នុងដំណាក់កាល​ក្រោយ​កម្មវិធី គឺជា​ពេលដែល​គម្រោង​ត្រូវ​បញ្ចប់ ឬ​កម្មវិធី​ត្រូវ​បញ្ចប់ អ្នករៀបចំ​គម្រោង​ត្រូវ​សរសេរ​របាយកាណ៍​ពី​កម្មវិធី និង​បង្ហាញ​ពី​លទ្ធផល​ទៅកាន់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​វិញ។

    3.អ្វី​ជា​ចំណុច​ប្រឈម​ដែល​តែងតែ​កើតមាន​នៅពេល​បង្កើត​សិក្ខាសាលា​ឡើង?

    ចំណុច​ប្រឈម​ដែល​តែងតែ​កើតមានឡើង​ក្នុង​សិក្ខា​លា​លា វា​មាន​តិច ឬ​ច្រើន​ទៅតាម​ការរៀបចំ​រួចជាស្រេច​មុនពេល​ដំណើរការ​កម្មវិធី។ ភាគច្រើន មានដូចជា​បញ្ហា​បច្ចេកទេស​ភ្លើង សំឡេង អាកាសធាតុ ទីតាំង​កម្មវិធី ការគ្រប់គ្រង​សណ្តាប់ធ្នាប់​មិនបាន​ល្អ និង​ចំណុច​មួយចំនួនទៀត។

    4.តើ​ការប្រមូល​ថវិកា​ដើម្បី​បង្កើត​សិក្ខាសាលា និង​ការចំណាយ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ធានាថា សិក្ខាសាលា​អាចធ្វើ​បាន​ប្រកបដោយ​ភាពជោគជ័យ និង​រៀបរយ?

    គម្រោង​មួយ​ដំណើរការ​ទៅបាន គឺ​ត្រូវមាន​ថវិកា​គ្រប់គ្រាន់ ដូច្នេះ​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវធ្វើ​ផែនការ​ដើម្បី​ការចំណាយ​ទាំងមូល​ឱ្យបាន​ច្បាស់លាស់។ ការធ្វើ​គម្រោង​ចំណាយ គឺ​អ្នករៀបចំ​ត្រូវ​ប្រជុំពិភាក្សា​ពី​តម្រូវការ​តាម​ផ្នែកនីមួយៗ និង​តម្រូវការ​បម្រុង​ទុក​ឱ្យបាន​ត្រឹមត្រូវ បន្ទាប់មក​ទើប​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​ផ្គត់ផ្គង់។

    ៥. តើ​លោក​មានមតិ​យោបល់​អ្វី​ផ្តាំផ្ញើ​ដល់​យុវជន​ដែល​ចង់​ស្វែងយល់​ពី​ការបង្កើត​សិក្ខាសាលា​ដែរឬទេ?

    សម្រាប់​មតិយោបល់​ដែល​ចង់​ផ្តាំផ្ញើ​ដល់​យុវជន​នោះ​គឺ យុវជន​ទាំង​អស់​គួរតែ​ចូលរួម​ក្នុង​ការចូលរួម​ស្ម័គ្រចិត្ត ដឹកនាំ​គម្រោង ឬក៏​ស្ម័គ្រចិត្ត​ក្នុង​ផ្នែក​ណាមួយ​នៃ​គម្រោង ជាពិសេស​និស្សិត​ឆ្នាំ​ទី1 ទៅ2 គួរតែ​ចូលរួម។ ការចូលរួម​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​មួយ ធ្វើឱ្យ​យើង​ស្គាល់​ពី​ខ្លួនឯង​កាន់តែច្បាស់ បង្កើត​បណ្តាញ​ទំនាក់ទំនង មាន​បទពិសោធ​ក្នុង​ការងារ មាន​ការគិត​ស៊ីជម្រៅ មាន​ភាពជា​អ្នកដឹកនាំ មាន​ភាពជា​សហគ្រិន រៀនធ្វើការ​ងារ​ជា​ក្រុម បង្កើត​ក្ដី​ក្លាហាន និង​ជំនឿ​ជាក់​លើ​ខ្លួនឯង និង​មានឱកាស​ជាច្រើន​ទៀត។ ការដឹកនាំ​គម្រោង​មួយ​ប្រៀបដូចជា​យើង​កំពុង​គ្រប់គ្រង និង​ដឹកនាំ ខ្លួនឯង គ្រួសារ ក្រុមហ៊ុន​មួយ ឬក៏​សង្គម​អ៊ីចឹង​ដែរ ដែល​យើង​នឹងមាន​ឱកាស​ក្នុង​ការជួប​បញ្ហា​ជាច្រើន ទាំង​ការបរាជ័យ និង​ជោគជ័យ​ផងដែរ៕

  • គោលនយោបាយ​ដំឡូង​មី រង​ការរិះគន់ ព្រោះ​ជា ដំណាំ​មិនមាន​សក្តានុពល

    គោលនយោបាយ​ដំឡូង​មី រង​ការរិះគន់ ព្រោះ​ជា ដំណាំ​មិនមាន​សក្តានុពល

    ខណៈពេលដែល​ក្រសួងពាណិជ្ជកម្ម កំពុង​ប្រឹងប្រែង​បង្កើត​គោលនយោបាយ​ដំឡូង​មីនោះ​អ្នកជំនាញ​មាន​ក្តី​រំពឹងថា គោលការណ៍​ដំឡូង​មី​នឹង​អាចមាន​ភាព​ប្រហាក់ប្រហែល​ជាមួយ​គោលនយោបាយ​ស្រូវ​អង្ករ​ដែល​បច្ចុប្បន្នកំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ទាំង​ផ្លូវច្បាប់ និង​មូលនិធិ។

    អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​ខ្លះ​ហាក់​បង្ហាញ​ពី​ភាពមិន​យល់ស្រប​ទៅនឹង​គំនិត​បង្កើត​គោលនយោបាយ​ដំឡូង​មី ដែលមាន​គោលបំណង​លើកស្ទួយ​ដល់​ការដាំដុះ ការវិនិយោគ នីតិវិធី​នាំចេញ​និង​ការបង្កើន​ជីវភាព​ដល់​ប្រជាជន​ក្រីក្រ ដោយ​អ្នកខ្លះ​អះអាងថា​ប្រាក់ចំណូល​ពី​ដំឡូង​មីនេះ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ក្នុង​កិច្ចសន្ទនា​តាម​បណ្តាញ​សង្គម​ក្នុងចំណោម​អ្នក​ធុរកិច្ច​ក្នុង​វិស័យ​ស្រូវ​អង្ករ អ្នក​ប្រកប​ធុរកិច្ចសំខាន់ៗ ហាក់​បង្ហាញ​ពី​ការមិន​ឯកភាព​ចំពោះ​ការលើកស្ទួយ​ធុរកិច្ច​ក្នុង​ផ្នែក​ដំឡូង​មីនេះ​ទេ។

    លោក​បណ្ឌិត សុក ហាច នាយក​ក្រុមហ៊ុន​ហ្គោ​ដិ​ន រ៉ា​យស៍ ដែលជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុងការ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​លើក​ជា​សំណួរ​ថា “តើ​ការវិនិយោគ និង​ការលើកស្ទួយ​ធុរកិច្ច​ដំឡូង​មី ជា​ជម្រើស​ល្អ?។ ចំណែក លោក​ឧកញ៉ា ចាន់ សុឃាង នាយក​ក្រុមហ៊ុន Signature Asia បាន​លើកឡើងថា ការដាំដុះ​ដំឡូង​មី តាម​គោលការណ៍​ធម្មជាតិ​ទទួលបាន​ទិន្នផល​តិច​ណាស់។ ដំណាំ​ដំឡូង​មី ត្រូវការ​សារធាតុចិញ្ចឹម​ខ្ពស់ជាង​ដំណាំផ្សេងៗទៀត ហើយ​មិនសូវ​ទទួលបាន​តម្លៃ​ខ្ពស់​នោះទេ។ លោក​ឧកញ៉ា អះអាង៖“យើង​គួរ​សម្លឹងមើល​ដំណាំ​ផ្សេង​វិញ​ជាជាង​ដំឡូង​មី​ដែលមាន​តម្លៃ​តែ​ពី700-800ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា។ រឿងនេះ​គេ​មិនគួរ​ធ្វើ​សោះឡើយ។

    លោក ដេវីត វណ្ណ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Deewee Management Consultants ដែលជា​វាគ្មិន​មួយរូប​នៃ​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្នែក​ដំឡូង​មី បាន​អះអាងថា ការរៀបចំ​គោលនយោបាយ​ដំឡូង​មីនេះ​គឺមាន​លក្ខណៈ​ស្រដៀង​គ្នា បើ​ធៀប​ទៅនឹង​គោលនយោបាយ​ស្រូវ​អង្ករ។ លោក​បាន​និយាយថា គ្មាន​ប្រជាកសិករ​ច្រើន​ទេ​ដែល​ដឹង​ច្បាស់​ពី​ទីផ្សារ ការដាំដុះ ការប្រើប្រាស់​ពូជ និង​ការគាំទ្រផ្សេងៗទៀត។ នៅពេលណា​រដ្ឋា-ភិ​បាល​ផ្តល់​ការគាំទ្រ អ្វីៗនឹង​ប្រសើរឡើង​ដូចជា​វិស័យ​ស្រូវ​អង្ករ​ដូច្នេះ​ដែរ ដែលមាន​ការរៀបចំ​យ៉ាង​ល្អ ហើយ​បាន​ក្លាយជា​រូបភាព​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ទិដ្ឋភាព​វិនិយោគ។

    ជា​អ្នកវិនិយោគ​ក្នុង​ផ្នែក​ដំឡូង​មី លោក ប្រាក់ ដា​វីដ នាយក​គ្រប់គ្រង​ដំណាំ​នៃ​ក្រុមហ៊ុន បាត់ដំបង កសិឧស្សាហកម្ម បាន​ប្រាប់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បាន​ជួប​ការលំបាក​មួយចំនួន​ក្នុង​ការប្រមូលទិញ​ដំឡូង​មី​ពី​ប្រជាកសិករ ដោយសារ​គុណភាព​ដំឡូង​មី​មិនទាន់​សមស្រប ហើយ​ទិន្នផល​មាន​តាម​រដូវ​ប៉ុណ្ណោះ។ ក្នុង​រយៈពេល​មួយឆ្នាំ រោងចក្រ​នេះ​ផលិត​បាន46,000តោន​ជា​ម្សៅ ដែលមាន​បរិមាណ​ប្រមាណ20ម៉ឺន​តោន​នៃ​ដំឡូង​មី​ស្រស់។ ម្សៅដំឡូង​មី​មានតម្លៃ​ជាង300ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន។

    លោក ដា​វីដ បាន​បញ្ជាក់ថា៖“ការរៀបចំ​គោលនយោបាយ​ដំឡូង​មីនេះ​អាចជា​ផែ្ន​កមួយ​សំខាន់​ជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​ផ្នែក​ដំឡូង​មី​ឱ្យទទួល​បាន​នូវ​ការជួយជ្រោមជ្រែង​ពី​អ្នកជំនាញ​បន្ថែមទៀត។

    លោក Nick Beresford នាយក​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ដែលជា​អ្នកផ្តល់​មូលនិធិ​សម្រាប់​រៀបចំ​វេទិកា​ធុរកិច្ច និង​វិនិយោគ​ដំឡូង​មី លើក​ទី1 នេះ​បានផ្តល់​ហេតុផល​ថា ការផ្តោត​លើ​ការកសាង​គោលនយោបាយ​ដំឡូង​មីនេះ គឺ​ស្របទៅតាម​សក្តានុពល​មួយចំនួន​ដែល​កសិករ​តាម​បណ្តា​ខេត្ត​មួយចំនួន​កំពុង​អនុវត្ត។

    លោក និយាយថា៖“ពិត​ហើយ ដំឡូង​មី​មានឱកាស​ច្រើន វា​អាច​បន្ថែម​ទៅលើ​កំណើនសេដ្ឋកិច្ច និង​មាន​ចង្វាក់​តម្លៃ​ខ្ពស់ ព្រមទាំង​បង្កើន​ពិពិធ​កម្ម​ផលិតផល ដោយ​មិន​ផ្តោត​តែ​លើ​ផ្នែក​ស្រូវ​អង្ករ។ យើង​ក៏​សង្កេតឃើញ​ប្រជាកសិករ​នៅក្នុង​ខេត្តបាត់ដំបង និង​នៅ​តំបន់ផ្សេងៗទៀត​គេ​ភាគច្រើន​មិនមែនជា​អ្នកមាន ដោយ​ពួកគាត់​ត្រូវការ​កំណើន​លើ​ប្រាក់ចំណូល។ បើសិន​យើង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​របៀប​នៃ​ការដាំដុះ មានពូជ​ល្អ មាន​ទិន្នផល​ខ្ពស់ និង​មាន​ទីផ្សារ​ល្អ ទាំងនេះ​នឹង​ក្លាយជា​ឱកាសល្អ​សម្រាប់​ភាព​រីកចម្រើន ដូចជា​រួមបញ្ចូល​សហ​គម​ន៍​ក្រីក្រ​ទៅក្នុង​ភាព​រីកចម្រើន។ ដូចនេះ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​នឹង​ត្រូវបាន​ចែករំលែក ដើម្បី​ភាព​រីកចម្រើន​នៅ​កម្ពុជា។

    ការនាំចេញ​បង្ហាញឱ្យឃើញថា កាលពី​ឆ្នាំ2014 កម្ពុជា​នាំចេញ​ដំឡូង​មី​សរុប1,419,142តោន ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន មាន​បរិមាណ 94,209តោន ប្រទេស​វៀតណាម មាន​បរិមាណ 524,133តោន និង ប្រទេស​ថៃ មាន​បរិមាណ​ជាង 800,800តោន។ ចំណែក​ឆ្នាំ2015 ការនាំចេញ​មាន​បរិមាណ​សរុប2,266,261តោន ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​បរិមាណ149,412 តោន ប្រទេស​វៀតណាម330,874តោន និង​ប្រទេស​ថៃ1,785,975តោន។ សម្រាប់​ឆ្នាំ2016 ការនាំ​ចេញទៅ​ប្រទេស​ទាំង3 មាន​បរិមាណ​សរុប2,888,833តោន ដោយ​ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​បរិមាណ 87,433តោន ប្រទេស​វៀតណាម294,400តោន និង​ប្រទេស​ថៃ មាន​បរិមាណ 2,507,000តោន។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ដំឡូង​មីនា​ពេលនេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​សម្រាប់​នាំចេញ ដោយសារ​ដំឡូង​មីនេះ​ជា​វត្ថុធាតុដើម​សំខាន់​មួយ​ក្នុង​ការផលិត និង​កែច្នៃ​ទៅជា​ផល​ផលផ្សេងៗជាច្រើន​ទៀត៕

  • កម្ពុជា-កូរ៉េ អនុវត្ត​គម្រោង​សាកល្បង​រួមគ្នា​លើ​ការគ្រប់គ្រង​ផ្លូវ

    កម្ពុជា-កូរ៉េ អនុវត្ត​គម្រោង​សាកល្បង​រួមគ្នា​លើ​ការគ្រប់គ្រង​ផ្លូវ

    ដើម្បី​ទទួលបាន​បទពិសោធ និង​បច្ចេកវិទ្យា​ថ្មី​ក្នុងការ​គ្រប់គ្រង​ផ្លូវថ្នល់ ចៀសវាង​ពី​ការរិះគន់​ដែលថា ធ្វើ​ហើយ​ធ្វើ​ទៀត ធ្វើ​មិនចេះចប់ និង​ធ្វើ​ខាងមុខ ខូច​ខាងក្រោយ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​វិទ្យាស្ថាន KICT របស់​កូរ៉េ​ក្នុង​គោលបំណង​សហការគ្នា​គ្រប់គ្រង​ថែទាំ​ផ្លូវថ្នល់ និង​បង្កើត​នូវ​ការស្រាវជ្រាវ និង​កម្មវិធី​សហប្រតិបត្តិការ​រួមគ្នា។

    ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ក្រោម​អធិបតីភាព​ឯកឧត្តម សួង ហេង រដ្ឋមន្ត្រី​ស្តីទី​ជាមួយ​លោក​បណ្ឌិត Pyeong Jun Yoo តំណាង​វិទ្យាស្ថាន​កូរ៉េ​ក្នុង​គោលបំណង​បង្កើត​ការស្រាវជ្រាវ និង​កម្មវិធី​សហប្រតិបត្តិការ​រួមគ្នា​ដើម្បី​ដឹកនាំ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​រួម និង​ការអនុវត្ត​កម្មវិធី​សាកល្បង ការប្រឹក្សា​បច្ចេកទេស ការផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធ​តាមរយៈ​កិច្ចប្រជុំ​បច្ចេកទេស​រួម និង​សិក្ខាសាលា​ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ។

    ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី សួង ហេង បាន​គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ភាគច្រើន​ពឹង​ផ្អែកលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​គួរឱ្យ​ទុកចិត្តបាន​រួមមាន ផ្លូវថ្នល់ និង​ស្ពាន ផ្លូវដែក និង​ការដឹកជញ្ជូន​ផ្លូវអាកាស និង​ផ្លូវទឹក។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា រួមទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា។ ដើម្បី​ទទួលបាន​ភាពជោគជ័យ​នូវ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ខាងលើ តម្រូវឱ្យមាន​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជាជីវៈ និង​ជំនាញ។

    ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់ខ្លួន​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំងពីរ និង​រំពឹងថា ការអនុវត្ត​អនុស្សរណៈ​នេះ​មាន​ប្រសិទ្ធភាព​សម្រាប់​អត្ថប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។

    ចំណែក​ភាគី​តំណាង​វិទ្យាស្ថាន​កូរ៉េ លោក​បណ្ឌិត Pyeong Jun Yoo បាន​ថ្លែង​ដោយ​គូស​បញ្ជាក់ដែរថា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​ដើម្បី​បង្កើត​ក៏ដូចជា​ការចែករំលែក​ចំណេះដឹង និង​ជំនាញ​ដល់​គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​ល្អ​ប្រសើរឡើង​ជាមួយ​គ្នា។

    យ៉ាងណាក៏ដោយ​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ភាគី​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​បទពិសោធ និង​ចំណេះដឹងថ្មីៗពី​ដៃគូ​ប្រទេស​កូរ៉េ​ក្នុងការ​គ្រប់គ្រង​ផ្លូវថ្នល់​ឱ្យ​កាន់តែ​ប្រសើរឡើង ដោយសារ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កូរ៉េ​កាន់​ត្រូវបាន​គេ​មើលឃើញថា មាន​ភាពល្អប្រសើរ​ខ្លាំង​ជាង​កម្ពុជា៕

  • រកឃើញម្ចាស់មកុដ Miss Global 2017 ហើយ កាលពីយប់មិញនេះ

    រកឃើញម្ចាស់មកុដ Miss Global 2017 ហើយ កាលពីយប់មិញនេះ

    នៅរាត្រីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 ក្នុងបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ កម្មវីធីប្រកួតបវរកញ្ញាពិភពលោក ឬ Miss Global 2017 បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើកញ្ញា Barbara Vitorelli ជាបវរកញ្ញាជាប់ជយលាភីមកពីប្រទេស ប្រេស៊ីល ។

    នាងគឺជានារីដែលលក្ខណៈប្រសើរជាងគេបំផុតក្នុងចំណោមនារីទាំង 50 រូបទៀតដែលបានមកពីបណ្ដាប្រទេសនានាលើពិភពលោកដែលទទួលបានជោគជ័យបន្ដពីបវរកញ្ញាពិភពលោកឆ្នាំ 2016 គឺកញ្ញា Angela Bonilla មកពីប្រទេស Ecuador ។

    គួរបញ្ជាក់ផងដែរថា កញ្ញា Barbara Vitorelli ជាសាស្រ្តាចារ្យដែលមានបទពិសោធបង្រៀនជាច្រើនឆ្នាំ ហើយបានសម្លឹងឃើញគោលដៅមួយនៅក្នុងជីវិតដើម្បីស្រវាយកពានរង្វាន់ឯកនៅប្រេស៊ីល ថែមទាំងយប់មិញនេះនាងបានពាំនាំនូវជោគជ័យយ៉ាងធំធេងក្នុងការគ្រងមកុដបវរកញ្ញាពិភពទៅកាន់ប្រទេសកំណើតរបស់នាងវិញទៀតផង។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែម សូមទស្សនាវីដេអូ និងរូបភាពទាំងអស់ខាងក្រោមនេះ៖

  • NUS ជា​សាកលវិទ្យាល័យ​ដែលមាន​និស្សិត​មានការ​ងារ​ធ្វើ​ច្រើន​លំដាប់​ទី 16 លើ​ពិភពលោក

    NUS ជា​សាកលវិទ្យាល័យ​ដែលមាន​និស្សិត​មានការ​ងារ​ធ្វើ​ច្រើន​លំដាប់​ទី 16 លើ​ពិភពលោក

    យោងតាម​ការស្ទង់មតិ​ជា​សកល​មួយ​បាន​បង្ហាញថា អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី National University of Singapore (NUS) មានការ​ងារ​ធ្វើ​ច្រើន​លំដាប់​ទី 16 លើ​ពិភពលោក។

    NUS ជា​សាកលវិទ្យាល័យ​មួយ​របស់​សិង្ហ​បុរី​ដែល​ស្ថិត​ក្នុងចំណោម​សាកលវិទ្យាល័យ​ល្អ​បំផុត​ទាំង 20លើ​ពិភពលោក​ដែលមាន​និស្សិត​ទទួលបាន​ការងារ​ធ្វើ​ច្រើន​បំផុត។

    សាស្ត្រាចារ្យ Tan Eng Chye នាយករង​ផ្នែក​កិច្ចការ​អប់រំ​របស់ NUS បាន​ថ្លែងថា លក្ខខណ្ឌ​ដែល​ធ្វើឱ្យ NUS ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នេះ គឺ​ផ្អែកទៅលើ​ភាពល្អប្រសើរ​ក្នុងការ​ចែករំលែក​ចំណេះដឹង ការគ្រប់គ្រង​ភាព​តានតឹង ឬ​ភាព​ធុញថប់​ក្នុងការ​សិក្សា ការអនុវត្ត និង​បទពិសោធ​បានល្អ និង​ការជំរុញ​ឱ្យមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នសំខាន់ៗនានា​លើ​ពិភពលោក​ជាដើម។

    សាស្ត្រាចារ្យ Tan Eng Chye បាន​និយាយថា៖ «NUS នឹង​បន្ត​អនុវត្ត និង​អភិវឌ្ឍ​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​និស្សិត​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​ស្របតាម​ការផ្លាស់ប្តូ​ររ​បស់​ពិភពលោក ហើយនឹង​ទាន់​តម្រូវការ​ទីផ្សារការងារ​នៅ​ថ្ងៃ​អនាគត​ដែល​នឹង​ចូលមក​ដល់»។

    សាស្ត្រាចារ្យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា សាកលវិទ្យាល័យ​ដ៏​ល្បី​នេះ​នឹង​បន្ត​អភិវឌ្ឍ​មុខជំនាញ និង​មេរៀន​របស់ខ្លួន​ដូចជា​ការបង្កើត​វិទ្យាស្ថាន​ដើម្បី​សិក្សា​ឱ្យមាន​ជីវិត​រស់នៅ​យូរអង្វែង (lifelong learning) ហើយនឹង​បន្ត​តាមដាន និង​អភិវឌ្ឍ​សមត្ថភាពថ្មីៗដល់​និស្សិត​ឱ្យស្រប​នឹង​ការងារ​ក្នុងប្រទេស​សិង្ហ​បុរី និង​ពិភពលោក​ទាំងមូល។

    គួរបញ្ជាក់​ផងដែរ​ថា របាយការណ៍​នៃ​ការស្ទង់មតិ​ជាស​កល​នេះ គឺធ្វើឡើង​ដោយ​ស្ថាប័ន Time Higher Education ដែល​ស្ថាប័ន​ដ៏​ល្បីល្បាញ​នេះ​បានធ្វើ​ការស្ទង់មតិ​លើ​ស្ថាប័នឯកជន​ជាច្រើន​ដែល​ក្នុង​ស្ថាប័ននីមួយៗមាន​បុគ្គលិក​ប្រមាណ​ជាង 5,000នាក់ ហើយ​បានជ្រើសរើស​បុគ្គលិក​ប​ន្ថែ​ម​ប្រហែលជា 50នាក់​ជា​រៀងរាល់ឆ្នាំ។

    ជា​លទ្ធផល​នៅក្នុង​ឆ្នាំនេះ សាកលវិទ្យាល័យ​ដែល​ល្អ​ជាងគេ​បំផុត​គឺ California Institute of Technology និង​ដេញតាម​ពីក្រោយ​ដោយ​សាកលវិទ្យាល័យ Harvard University និង Columbia University តាម​លំដាប់៕

  • Miss Global កម្ពុជាធ្វើឱ្យទស្សនិកជនភ័យបុកពោះនាយប់មិញ

    Miss Global កម្ពុជាធ្វើឱ្យទស្សនិកជនភ័យបុកពោះនាយប់មិញ

    នៅរាត្រីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 ក្នុងបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ មានទស្សនិកជនជាច្រើនបានទន្ទឹងរង់ចាំមើលការប្រកាសលទ្ធផលការប្រកួតបវរកញ្ញាពិភពលោក ឬMiss Global 2017 ដោយម្នាក់ៗនាំគ្នាភ័យអរៗ និងបុកពោះជាខ្លាំង ព្រោះនឹកស្មានថា ចំណាត់ថ្នាក់របស់ Miss Global កម្ពុជាអាចនឹងរបូតទៅហើយ បើទោះបីជាកម្ពុជាជាម្ចាស់ផ្ទះក៏ដោយ ក៏ប៉ុន្ដែអ្វីដែលសឹងតែនឹកស្មានមិនដល់នោះគឺ ការប្រកាសជ័យលាភីនៅក្នុងចំណាត់ថ្នាក់ Top 10 ស្រាប់តែមានឈ្មោះកម្ពុជាស្ថិតក្នុងលំដាប់ចុងក្រោយគេបង្អស់ក្នុងលេខរៀងទី 11។

    យ៉ាងណាមិញ កញ្ញា យស ប៉ូលីណា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា បានជាប់បន្ដទៀតនៅក្នុងចំណោមបេក្ខភាពទាំង 11 ប្រទេសគឺ កញ្ញា សូម៉ាលី ចិន ន័រវែស ប្រេស៊ីល អូស្ត្រាលី អាល្លឺម៉ង បាហាម៉ាស់ ឡេបាណុន មិកស៊ិក អាមេរិក​ និងកម្ពុជា៕

     

     

  • ទាំង Real និង Atletico ជួប​បញ្ហា​ដូច​គ្នា​ពេល​ប៉ះគ្នានៅ​ថ្ងៃ​​សៅរ៍​នេះ

    ទាំង Real និង Atletico ជួប​បញ្ហា​ដូច​គ្នា​ពេល​ប៉ះគ្នានៅ​ថ្ងៃ​​សៅរ៍​នេះ

    ខណៈ​ដែល​មានភាព​ស៊ាំ​ទៅ​នឹង​ចំណាត់​ថ្នាក់កំពូល​តារាងក្នុង​រដូវកាលថ្មី​ៗនេះ ក្រុម Real Madrid និង Atletico Madrid នឹង​​ចាប់​ផ្តើម​​ធ្វើការ​ប្រជែង​គ្នា​​ជា​ថ្មី​នៅកីឡ​ដ្ឋាន​ថ្មីមួយនៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែលក្រុម​ទាំង​ពីរ​​សុទ្ធ​សឹង​ត្រូវការ​ឈ្នះ​ដូច​គ្នា​។

    ការ​ជួប​ភាព​ត្រដាប​ត្រដួសនៅដើម​រដូវកាល បាន​ធ្វើ​ឲ្យក្រុម​ទាំងពីរ​ដេញតាម​ពី​ក្រោយក្រុមកំពុងនាំមុខ​លើ​តារាង La Liga គឺ Barcelona រហូតដល់​ទៅ​8ពិន្ទុ និង​4​ពិន្ទុ​តាមពីក្រោយក្រុម​ឈរលេខ​2 Valencia​។ ក្រុម​ទាំងពីរ​ធ្លាប់បាន​ជួប​គ្នាក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ​2លើក និង​បាន​ឈ្នះ​ពាន​ La Liga មួយ​លើក​ដូចគ្នាក្នុង​រយៈពេល​4​​រដូវកាលចុងក្រោយ​នេះ​។ ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុងម៉ា​ឌ្រីដដូចគ្នា​​នៅថ្ងៃ​សៅរ៍នេះនឹងក្លាយ​ជា​ការ​ជួប​​គ្នា​ជាលើក​ទី​1​នៅ​កីឡដ្ឋាន Wanda Metropolitano របស់ Atletico  ប៉ុន្តែជាលើក​ទី​20 ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​2014មក ដោយក្រុម​ទាំងពីរ​ដណ្តើមបាន​ជ័យ​ជម្នះ​6​លើក និងស្មើ​7​លើក​​ដូចគ្នានៅក្នុង​ការ​​ជួប​គ្នា​13​លើកចុងក្រោយ​របស់​ពួកគេ ដែលជាការបង្ហាញ​ថា ពួក​គេ​មានកម្រិតលេង​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា ក្រោយពីជួប​ភាព​ត្រដាប​ត្រដួស​ដូចគ្នានៅឆ្នាំនេះ ទាំងក្រុម Real និង Atletico សុទ្ធ​សឹង​​ត្រូវ​ធ្វើការ​ប្រជែង​ដើម្បី​តាម​ឲ្យ​ទាន់ក្រុមខ្លាំង Barcelona​។ ការ​ធ្លាក់់​ចុះ​ទម្រង់​លេង​​របស់​តារាឆ្នើមនៃក្រុម​ទាំងពីរគឺ Cristiano Ronaldo និង Antoine Griezmann បាន​ក្លាយ​ជា​បញ្ហា​ដ៏ចម្បង​របស់ក្រុមទាំងពីរដែល​ស្ថិតក្នុង​ទីក្រុងម៉ា​ឌ្រីដ​​នេះ។

    Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​1គ្រាប់​គត់​ក្នុង​ចំណោមការ​ប្រកួតក្រប​ខ័ណ្ឌ La Liga 7​លើកក្នុង​រដូវ​កាល​មក​ទល់​ពេលនេះ បើ​ទោះបី​បាន​ស៊ុត​បាល់សំ​ដៅ​ទី​ដល់​ទៅ​48​លើកក៏ដោយ​។ Ronaldo បាន​ប្រាប់​កាសែត​កីឡា​ប្រចាំ​ថ្ងៃ​របស់​បារាំង L’Equipe កាលពីថ្ងៃព្រហស្បតិ៍ថា៖ «វា​មិនមែន​ជាកំហុស​របស់​ខ្ញុំឡើយ បើសិនជាបាល់វា​មិន​ចង់ចូល​ទី​។ មនុស្ស​ជា​ច្រើន​មើល​មកខ្ញុំ ដូច​ជា​ខ្ញុំ​ជា​ម៉ា​ស៊ីន​រកគ្រាប់​បាល់ ដូច​ជា​​អ្នក​ដែល​អាច​​រកគ្រាប់​បាល់​បានគ្រប់ពេលវេលា​អ៊ី​ចឹង​»​។ ការ​​ប្រកួត​នេះ​នឹង​ចាប់​ផ្តើមនៅម៉ោង​2:45ទៀបភ្លឺ​៕

    ប្រភព​ពី៖ Sports.yahoo.com

     

     

  • តើភាពជោគជ័យ និងការមានបានរបស់មនុស្សកើតមកពីឫសគល់អ្វី?

    តើភាពជោគជ័យ និងការមានបានរបស់មនុស្សកើតមកពីឫសគល់អ្វី?

    ភ្នំពេញ៖ មនុស្សកើតមកតែងមានវាសនាផ្សេងគ្នា ខ្លះកើតមកជាកូនអ្នកក្រមានតែបាតដៃទទេ ខ្លះកើតមកជាកូនអ្នកមាន មានទ្រព្យចាយមិនអស់ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ឋតែមានអនាគតល្អដូចៗគ្នា ប្រសិនបើចេះចាប់យកឱកាសហុចឱ្យ និងព្យាយាមធ្វើការប្រកបដោយភាពអំណត់អត់ធ្មត់ខ្ពស់។ ​

    លោកឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal (KFA) ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សិក្សា​គម្រោង​ប្លង់ ឌី​ហ្សាញ ការសិក្សា​ពី​គម្រោង​នៃ​ការវិនិយោគ សាងសង់ ផ្តល់​ការប្រឹក្សា​ និង​ដៃគូ​វិនិយោគ ព្រមទាំង​ផ្តល់​សេវាកម្ម​ទិញ​-លក់-​ជួល​អចលនវត្ថុ​ផងដែរនោះ បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនថា រាល់ទ្រឹស្តីទាំងអស់គឺមិនខុសគ្នាទេ តែសំខាន់គឺយើងបានអនុវត្តនូវអ្វីដែលយើងចង់ធ្វើ ដែលខាងក្រោមនេះជាចំណុចមួយចំនួន ដែលជាដើមចមធ្វើឱ្យមនុស្សក្លាយជាអ្នកមានបាន៖

    1.គេថា មនុស្សកើតមករៀនមិនចេះចប់ រៀនហើយរៀនទៀត ការសិក្សាមិនមែនរៀនតែនៅក្នុងសាលានោះទេ គឺរៀនបានគ្រប់ទីកន្លែង រៀនពីមិត្តភ័ក្តិ រៀនពីមនុស្សនៅជុំវិញខ្លួន ឬក៏ឧស្សាហ៍អានសៀវភៅ ពិសេសអានពីប្រវត្តិជីវិតមនុស្សជោគជ័យ ហើយមកអនុវត្តដោយខ្លួនឯង។

    2.សន្សំគ្រប់បែបយ៉ាង មិនមែនសន្សំប្រាក់តែមួយមុខនោះទេ ត្រូវតែសន្សំញាតិ សន្សំពេលវេលា ចេះសន្សំចំណេះដឹងទុកពីមួយថ្ងៃទៅមួយថ្ងៃនឹងក្លាយជាមនុស្សដែលកាន់តែពូកែឡើងៗ។

    3.ហ៊ានវិនិយោគ នៅពេលដែលយើងសន្សំបានប្រាក់ សន្សំចំណេះដឹងបានគ្រប់គ្រាន់ហើយ នៅពេលឱកាសហុចឱ្យគឺយើងត្រូវហ៊ានវិនិយោគទើបយើងអាចក្លាយខ្លួនជាអ្នកមានបាន។

    4.ការសេពគប់មិត្តភ័ក្តិគឺជារឿងសំខាន់ ដូចពាក្យចាស់លោកថា សេពពាលនឹងក្លាយជាពាលសេពបណ្ឌិតនឹងក្លាយជាបណ្ឌិត ដូច្នេះយើងត្រូវសេពគប់មិត្តភ័ក្តិល្អចេះជួយគ្នាទៅវិញទៅមកទើបជាការប្រសើរ។  

    ក្រៅពីនេះ ដើម្បីឱ្យជោគជ័យក្នុងជីវិត មនុស្សត្រូវមានវិន័យលើខ្លួនឯង ចេះកំណត់គោលដៅក្នុងជីវិត មានឆន្ទៈមោះមុត មានការព្យាយាមខ្ពស់ តែបើធ្វើកិច្ចការអ្វីមួយកុំរំពឹងបានជោគជ័យខ្ពស់ពេក ក្រែងមិនបានសម្រេចដូចបំណងប្រាថ្នានាំខកចិត្តធំដូចគ្នា ព្រោះថា រាល់មុខរបរទាំងអស់សុទ្ធតែមានហានិភ័យ ហើយយើងត្រូវចេះកែតម្រូវឱ្យហានិភ័យមានកម្រិតទាបបំផុត និងមិនត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនោះទេ កុំកាត់ម្រាមដៃយើងដើម្បីតម្រឹមដៃគេ ហើយត្រូវរីករាយជាមួយអ្វីៗដែលខ្លួនមាន និងត្រូវបន្តគូសវាសផែនការខ្លី មធ្យម និងផែនការវែងសំរាប់អនាគត ព្រោះសកម្មភាពយើងថ្ងៃនេះនឹងបញ្ជាក់គ្រប់យ៉ាងពីជោគវាសនានាពេលអនាគត៕