Category: សង្គម និងសេដ្ឋកិច្ច

  • អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

    អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

    សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា ចាប់ផ្តើម​តាំង​គភ៌​ហើយ​នោះ? សំណួរ​នេះ​គឺជា​សំណួរ​មួយ​ដែល​ស្ត្រី​យើង​ជាច្រើន​ចង់ដឹង​ខ្លាំងណាស់ ដូច្នេះ​កុំ​បង្អង់​យូរ​អី ឡា​រ៉ែ​ន​ សូម​នាំនារីៗយើង​ទាំងអស់​មក​ពិនិត្យមើល​សញ្ញា​របស់​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​1​សប្តាហ៍​ដំបូង​ថា តើខ្លួន​អ្នក​កំពុងមាន​អាការ​ទាំងនេះ​ដែរឬទេ?

    1- វដ្ត​រដូវ​មក​យឺត ឬ​បាត់​មិនឃើញ​មក​តែម្តងនេះ​គឺ​បណ្តាលមកពី​រាងកាយ​យើង​កើតមាន​ការចាប់បដិសន្ធិ​ហើយ​ហ្នឹងឯង។
    2- ធ្លាក់-ស​ច្រើនជាង​ប្រក្រតី ៈ កើត​ពី​អ័រម៉ូន​អេ​ស្ត្រូ​ជេន​មានការ​ប្រែប្រួល ទើប​ធ្វើឱ្យ​មានទឹក​ហូរ​ចេញមក​តាម​រន្ធ​ស្បូន​ច្រើន​ឡើង និង​របូត​ចេញ​មកជា​ធ្លាក់-ស។
    3- មាន​ឈាម​ហូរ​ចេញមកតិចៗ ៈ ស្រដៀងៗគ្នា​នឹង​ពេល​ជិត​អស់វដ្ដ​រដូវ​ប្រចាំខែ​ដែរ ដែល​អាច​បណ្តាលមកពី​តួ​កំណើត​ដែល​​ទៅ​បង្កប់ខ្លួន​នៅលើ​សាច់​ជញ្ជាំង​ស្បូន។
    4- មាន​អារម្មណ៍​ថាតឹងៗសុដន់ ៈ ដោយសារតែ​សុដន់​នឹង​កើតការ​ប្រែប្រួល អាច​នឹងមាន​អារម្មណ៍តឹងណែនស្រដៀងៗគ្នា​នឹង​​មុនពេល​មាន​វដ្ដ​រដូវ​ប្រចាំខែ​ដែរ ឬ​ពេលខ្លះ​ឈឺស្រៀវតិចៗ ដែល​អាការ​នេះ​នឹង​កើតឡើង​បន្ទាប់ពី​បាត់​វដ្ដ​រដូវ​ប្រចាំខែ​ប្រមា​ជា1​សប្តាហ៍។
    5- ដកដង្ហើម​ញាប់​ឡើង ៈ ការដកដង្ហើម​លឿន ឬ​ញឹក​ឡើង កើតឡើង​ដោយសារ​តួ​កំណើត​នៅក្នុង​គភ៌​ត្រូវការ​អុក​ស៊ី​ែ​ហ្ស៊ន ទើប​​ធ្វើឱ្យ​រាងកាយ​ត្រូវ​ដកដង្ហើម​ញាប់​ឡើង​ទ្វេដង​ហ្នឹងឯង។
    6- វិលមុខ ងងឹតមុខ ៈ បណ្តាលមកពី​អ័រម៉ូន និង​សម្ពាធ​ឈាម​ក្នុង​រាងកាយ​ចាប់ផ្តើម​មានការ​ប្រែប្រួល អាច​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​វិលមុខ និង​ងងឹតមុខ​ញឹកញាប់​បាន។
    7- មាន​អារម្មណ៍​ថា​ខ្លួនប្រាណ​ក្តៅស្ទិញៗចង់​គ្រុន ៈ ដោយសារតែ​រាងកាយ​មាន​សីតុណ្ហភាព​ខ្ពស់​ឡើង។
    8- ឈឺ​បត់ជើងតូច​ញឹកញាប់ ៈ ការឈឺ​បត់ជើងតូច​ញឹកញាប់​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់បាន​ថា អ្នក​កំពុង​ចាប់ផ្តើម​តាំង​គភ៌​ហើយ ព្រោះ​ការតាំង​គភ៌ រាងកាយ​នឹងត្រូវ​ប្រើ​ក្រលៀន​ធ្វើការ​ខ្លាំង ដោយសារ​រាងកាយ​ត្រូវ​ផលិត​ឈាម​ទៅ​ចិញ្ចឹម​ផ្នែកផ្សេងៗច្រើន​ឡើង​។
    9- ងងុយគេង​ញឹកញាប់ ៈ អ្នក​ដែល​កំពុង​ចាប់-ផ្តើម​តាំង​គភ៌ រាងកាយ​នឹងមាន​អារម្មណ៍​ទន់​ល្វើយ ងងុយគេង​ញឹកញាប់ និង​ចង់តែ​គេងយូរៗ ដែល​នេះ​ជា​លទ្ធផល​មកពី​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​ដែល​ប្រែប្រួល​ហ្នឹងឯង។
    10- ចុក​រួយ​តាម​ខ្លួនប្រាណ ៈ នឹងមាន​អារម្មណ៍​ថា ខ្លួនប្រាណ​ញ័រ​ជាប់​ជានិច្ច ដោយសារ​រាងកាយ​នឹង​ចាប់ផ្តើម​ប្រែប្រួល ដើម្បីត្រៀម​ទប់ទល់​ជាមួយ​ការតាំង​គភ៌​។
    11- ទល់លាមក ៈ ដោយសារតែ​អ័រម៉ូន​ក្នុង​រាងកាយ​ដែល​ប្រែប្រួល​ធ្វើឱ្យមាន​ផល ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ទោបង់​ធ្វើការ​ងារ​យឺតទើប​ជា​មូលហេតុ​នៃ​ការ​ទល់លាមក។
    12- មាន​អារម្មណ៍​ឆាប់​ខឹង​មួម៉ៅ ៈ ស្ត្រី​ជាច្រើន​អាច​ នឹងមាន​អារម្មណ៍​មួម៉ៅ​ឡើង​បែប​គ្មាន​មូលហេតុ អារម្មណ៍​ងាយ​ឆាប់​ប្រែ​ប្រួល ដោយសារតែ​អ័រម៉ូន​ប្រូ​ជេ​ស្ទើ​រ៉ូ​ន​មានការ​ប្រែប្រួល។
    13- ច្រមុះ​ឆាប់​ធុំក្លិន ៈ មិន​ថា​ក្លិន​អ្វីដែល​នៅ​ជុំវិញខ្លួន​នោះទេ អ្នក​ដែល​កំពុង​តាំង​គភ៌​នឹង​អាច​ដឹងបាន​លឿន​ជាង​មនុស្ស​ទូទៅដែលជា​លទ្ធផល​មកពី​អ័រម៉ូន​អេ​ស្ត្រូ​ជេន​ដែល​កើនឡើង​ហ្នឹងឯង។
    14- លក្ខណៈ​ការហូបចុក​ផ្លាស់ប្តូរ ៈ អ្នកខ្លះ​អាច​នឹង​ចង់​ទទួលទាន​របស់ប្លែកៗ ដែល​មិន​ធ្លាប់​ទទួលទាន ឬ​អ្នកខ្លះ​ក៏​អាច​នឹង​ធុញ-ទ្រាន់​អាហារ​ដែល​ខ្លួន​ធ្លាប់​ចូលចិត្ត ឬ​ជួនកាល​ក៏​អាច​ចង់​ទទួលទានរបស់ជូរៗជាដើម។

    ទាំងអស់នេះ​គឺ លក្ខណៈ​អាការ​ទូទៅ​ដែល​កំពុង​ចង់​ប្រាប់​អ្នក​ថា អ្នក​កំពុងតែ​ជិត​បាន​ក្លាយជា​អ្នក​ម្តាយ​គេ​ហើយ តែ​ទាំងអស់​នេះ ម្នាក់ៗអាច​នឹងមាន​អា​ការដែល​បង្ហាញ​ចេញមក​មិន​ដូចគ្នា​ទេ អ្នកខ្លះ​អាចមាន​ច្រើនជាង10ចំណុច ឬ​អ្នក​ខ្លះទៀត​មាន​ត្រឹមតែ2-3​ចំណុច​ក៏មាន ដូច្នេះ​វិធី​ដែល​ល្អ បើ​អ្នក​ចាប់ផ្តើម​មាន​លក្ខណៈ ​អាការ​ដូចដែល​បាន​ប្រាប់ និង​សង្ស័យថា កំពុង​តាំង​គភ៌​ឬ​អត់​នោះ ឡា​រ៉ែ​ន​ សូម​ណែនាំ​ឱ្យទៅ​ទិញ​ប្រដាប់​ពិនិត្យ​គភ៌​មក​ពិសោធ​មើល ឬ​ទៅ​ជួប​គ្រូពេទ្យ​តែម្តង​ទើប​ជាការ​ប្រសើរ​បំផុត៕

  • ពណ៌សក់របស់ក្រុមចម្រៀងប្រុស BTS ធ្វើឱ្យកក្រើកកម្មវិធី American Music Awards

    ពណ៌សក់របស់ក្រុមចម្រៀងប្រុស BTS ធ្វើឱ្យកក្រើកកម្មវិធី American Music Awards

    នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មាន Daily Mail បានចេញផ្សាយឱ្យដឹងថា ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង BTS ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី AMAs (American Music Awards) ដែលខណៈពេលបង្ហាញវត្តមានរបស់ពួកគេនៅក្នុងពិភពសិល្បៈហូលីវូដនោះ ពួកគេបានធ្វើឱ្យកម្មវិធីទាំងមូលមានភាពភ្ញាក់ផ្អើល និងកក្រើកជាខ្លាំងចំពោះការរចនាម៉ូដសម្លៀកបំពាក់ និងពណ៌សក់ចម្រុះគ្នាតែម្ដង។

    ក្រុមតារាចម្រៀងប្រុសខាងលើនេះបានធ្វើឱ្យការចូលរួមជាលើកដំបូងរបស់ពួកគេ ក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក ព្រមទាំងបានសម្ដែងនូវបទចម្រៀងល្បីរបស់ពួកគេគឺបទ DNA។ បើតាមរយៈទស្សនាវដ្តី Vogue ក៏បានឱ្យដឹងផងដែរថា ឈុតសម្លៀកបំពាក់ដែលក្រុមចម្រៀងប្រុសមួយនេះបានលើកយកមកបង្ហាញនៅក្នុងកម្មវិធីខាងលើនោះ ត្រូវបានរចនាម៉ូដដោយលោក Anthony Vaccarello ដែលជាអ្នកជំនាញរចនាម៉ូដសម្លៀកបំពាក់ឈុតខ្មៅ បែបរ៉ុក ប្រចាំប្រ៊េនដ៍ល្បី Saint Laurent។

    សូមជម្រាបបន្ថែមថា ក្រុមចម្រៀង BTS បានចូលប្រឡូកនៅក្នុងសិល្បៈចម្រៀង​ Kpop នៅអំឡុងឆ្នាំ2013 ហើយទទួលបានប្រជាប្រិយភាព និងភាពជោគជ័យជាខ្លាំងរហូតមកដល់បច្ចុប្បន្ននេះផងដែរ៕

  • យុវជន​មួយក្រុម​បង្កើត​គម្រោង​លក់​សៀវភៅ​ដើម្បី​ជួយ​អ្នកនិពន្ធ និង​និស្សិត

    យុវជន​មួយក្រុម​បង្កើត​គម្រោង​លក់​សៀវភៅ​ដើម្បី​ជួយ​អ្នកនិពន្ធ និង​និស្សិត

    «ដោយ​មើលឃើញ​ពី​តម្រូវការ​ផ្នែក​អាន និង​ចង់​ជំរុញ​វប្បធម៌​នៃ​ការអាន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ផុសផុល​ឡើង ពួកយើង​ក៏​បង្កើត​កម្មវិធី​មួយ​ដើម្បី​លក់​សៀវភៅ​របស់​អ្នកនិពន្ធ​កម្ពុជា​ឱ្យបាន​ទូលំទូលាយ» នេះ​ជាការ​លើកឡើង​របស់​យុវជន រ៉ា វ៉ាន ស្ថាបនិក​នៃ​បណ្ណាគារ “ស្លឹករឹត” ដែលជា​កន្លែង​លក់​សៀវភៅ​នៅតាម​សាកលវិទ្យាល័យ ឬ​អាច​ដឹកជញ្ជូន​ដល់ទី​កន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ។

    ជា​និស្សិត​សាកលវិទ្យាល័យ និង​ជា​យុវជន​ម្នាក់​ដែល​ស្រឡាញ់​ការងារ​សង្គម រ៉ា វ៉ាន បាន​ថ្លែងថា ការអាន​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សង្គម​មួយ ព្រោះ​វា​បាន​ជួយ​ទាំង​ផ្នែក​អប់រំ​ចិត្តសាស្ត្រ​ដល់​ប្រជាពលរដ្ឋ អប់រំ​ចំណេះដឹង អប់រំ​ជំនាញ និង​ជំរុញឱ្យមាន​រឿងល្អៗកើតឡើង​នៅក្នុង​ការរស់នៅ​របស់​មនុស្សម្នាក់ៗ ដែលជា​កោសិកា​យ៉ាងសំខាន់​របស់​សង្គម។ ការអាន​អាច​កាត់បន្ថយ​អំពើហិង្សា​ក្នុងសង្គម ហើយ​ថែមទាំង​ជា​វិធីសាស្ត្រ​យ៉ាង​ល្អ​បំផុត​ក្នុង​ការបណ្តុះ​នូវ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ប្រជាជន តែ​ជា​អកុសល នៅក្នុង​ប្រទេស​របស់​យើង ការអាន​ហាក់​នៅមានកម្រិត​នៅឡើយ​ក្នុងចំណោម​ប្រជាជន និង​ជាពិសេស​គឺ​យុវជន។

    យុវជន រ៉ា វ៉ាន បាន​និយាយថា៖ «ការដែល​យុវជន​មិន​ចូលចិត្ត​អាន អាចមកពី​គាត់​មិនទាន់មាន​ទម្លាប់​អាន និង​អាចមកពី​គាត់​មិនដឹងថា តើ​គាត់​ត្រូវ​រក​ឯកសារ​ដែល​គាត់​ចង់បាន​ពី​ប្រភព​ណាខ្លះ ហេតុនេះ​ទើប​ពួកយើង​ព្យាយាម​បង្កើត​កម្មវិធី​បង្ហាញ​សៀវភៅ​ដែលមាន​គុណប្រយោជន៍​ទៅកាន់​យុវជន ដើម្បី​ជា​ជម្រើស​ក្នុង​ការទិញ ឬ​ជ្រើស​រើសយក​សៀវភៅ​មក​អាន»។

    យុវជន​ខាងលើ​បានលើកឡើង​ផងដែរ​ថា បណ្ណាគារ “ស្លឹករឹត” ជា​កន្លែង​មួយ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកនិពន្ធ​សៀវភៅ អ្នកលក់​សៀវភៅ និង​អ្នកអាន​សៀវភៅ។ សម្រាប់​អ្នកនិពន្ធ គឺ​គាត់​អាចដាក់​លក់​សៀវភៅ​របស់គាត់​ដោយ​កំណត់​ថ្លៃ​ដូច​លក់​ឱ្យ​បណ្ណាគារ​នានា​ដែរ ហើយ​គាត់​នឹង​ទទួលបាន​ការផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមយុវជន​យើង​តាមរយៈ​ការដាក់​បង្ហាញ​នៅតាម​សាកលវិទ្យាល័យ នៅតាម​សិក្ខាសាលា​មួយចំនួន និង​បណ្តាញ​សង្គម។ សម្រាប់​និស្សិត​ដែលជា​ក្រុមការងារ​វិញ គាត់​នឹង​បានទទួល​ផលប្រយោជន៍​ពី​កម្រៃ​ចំណេញ​ដែល​អ្នកនិពន្ធ​កំណត់ឱ្យ​ហើយ​កម្រៃ​ទាំងអស់នេះ ថ្វីដ្បិតតែ​មិន​ច្រើន​ក៏ដោយ តែ​វា​បង្ហាញ​ពី​ទឹកចិត្ត​នៃ​ការចែករំលែក​វប្បធម៌​នៃ​ការអាន និង​ថវិកា​ដែល​កើតចេញពី​អ្វីដែល​ខ្លួន​ស្រឡាញ់។ ចំណែកឯ​សាធារណជន​វិញ គាត់​នឹង​អាច​ទទួលបាន​ព័ត៌មាន​ពី​សៀវភៅ​នានា​តាម​បណ្តាញ​សង្គម និង​វេទិកា​ដែល​ពាក់ព័ន្ធ​នឹង​ការអប់រំ ហើយ​ព័ត៌មាន​ទាំងអស់នោះ​អាចជា​ជម្រើស​នៃ​ចំណេះដឹង​ដែល​អ្នក​កំពុង​តាមរក​ផងដែរ។

    សហ​ស្ថាបនិក​បណ្ណាគារ “ស្លឹករឹត” យុវជន រស់ សុភា​រម្យ បាន​លើកឡើងថា ថ្វីដ្បិតតែ​ពេលនេះ​ក្រុមការងារ​មាន​សមាជិក​ច្រើន​គួរសម និង​មាន​គ្រឹះស្ថានបោះពុម្ពផ្សាយ​មួយចំនួន​សហការ​ហើយ​ក្តី តែ​យុវជន​កម្ពុជា​មួយចំនួន​ហាក់​មិនទាន់​ចាប់អារម្មណ៍​ខ្លាំង​លើ​ការអាន​នៅឡើយ​ទេ។ ហេតុនេះ​ការជំរុញ និង​ការផ្សព្វផ្សាយ​ពី​ការអាន​ជា​រឿង​សំខាន់​មួយ​ដែល​ពួកយើង​ត្រូវធ្វើ ព្រោះថា​ចាប់ផ្តើម​ពី​ការបង្កើត​សេវា​លក់​នេះ យើង​នឹង​បង្កើន​ការផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ដើម្បីឱ្យ​មនុស្ស​គ្រប់គ្នា​បានដឹង ហើយ​អាច​គិតថា​ការទិញ​សៀវភៅ​ពី​បណ្ណាគារ “ស្លឹករឹត” ជា​ជម្រើស​យ៉ាង​ងាយស្រួល​មួយ​ដែល​គាត់​មិនបាច់​ពិបាក​ចំណាយពេល​ច្រើន ព្រោះ​យើង​អាចមាន​ការដឹកជញ្ជូន​សៀវភៅ​ជូន​ដល់​កន្លែង។

    គួរបញ្ជាក់​ផងដែរ​ថា នៅពេល​បច្ចុប្បន្ននេះ បណ្ណាគារ “ស្លឹករឹត” អាច​លក់​សៀវភៅ​ចេញ​បាន​ប្រមាណ​ពី 10 ទៅ 20ក្បាល​ជា​រៀងរាល់ថ្ងៃ៕

  • អ្នកឯកទេស​អង់គ្លេស នឹង​រៀបចំ​បណ្តុះបណ្តាល​ជំនាញ​ដល់ក​ម្មករ​នៅ​កម្ពុជា

    អ្នកឯកទេស​អង់គ្លេស នឹង​រៀបចំ​បណ្តុះបណ្តាល​ជំនាញ​ដល់ក​ម្មករ​នៅ​កម្ពុជា

    ភ្នំពេញ៖ លោក Jonathan Ledger ជា​អ្នកឯកទេស​ខាង​កិច្ច​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​សន្យាថា លោក​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នៅ​កម្ពុជា​ដើម្បីឱ្យ​សាធារណជន ពិសេស​កម្មករ-កម្មការិនី​បាន​សិក្សា​ជំនាញ​ពួកគេ​បន្ថែម​ឱ្យ​កាន់តែ​ប្រសើរ។

    ការសន្យា​ធ្វើឡើង​នៅពេលដែល​លោក Jonathan Ledger បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង កាលពី​ថ្ងៃទី17 ខែវិច្ឆិកា ម្សិលមិញ​នេះ។

    គោលបំណង​នៃ​ជំនួប​នេះ​គឺ ដើម្បី​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅ​កម្ពុជា ទន្ទឹមនឹងនេះ​ភាគី​អង់គ្លេស​ក៏មាន​បំណង​ចង់​ចែករំលែក​បទពិសោធ​ពាក់ព័ន្ធ និង​ប្រព័ន្ធ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​ដ៏​ល្អ​នៅ​អង់គ្លេស និង​សមត្ថភាព​ក្នុង​វិស័យនេះ។

    ក្នុងការ​ពិភាក្សា​ខាងលើ​លោក Jonathan Ledger បាន​សន្យាថា នឹង​បន្ត​ការខិតខំ​បង្កើតឱ្យមាន​ជា​គម្រោង​កិច្ច​សហប្រតិបត្តិ​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ TVET នេះ ហើយ​បានទទួល​ការគាំទ្រ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​រួចហើយ។ ជា​ជំហាន​ដំបូង លោក​នឹង​រៀបចំ​ឱ្យមាន​ជា​ទស្សនកិច្ច​សិក្សា​ជូន​មន្ត្រី​បច្ចេកទេស​កម្ពុជា​ទៅកាន់​ទីក្រុង​ឡុង​ដ៏ ដើម្បី​សិក្សា​ស្វែងយល់​ជាក់ស្តែង សម្រាប់​ជា​មួលដ្ឋាន​យកមក​អភិវឌ្ឍ​វិស័យនេះ​នៅ​កម្ពុជា។

    ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Jonathan Ledger ដែល​បាន​ចាប់អារម្មណ៍​ក្នុង​ការជួយ​ដល់​កម្ពុជា​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ TVET នេះ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតបបាន​ទៅនឹង​ការវិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ការវិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បទពិសោធ​របស់​ប្រទេស​អង់គ្លេស​ដែល​បាន​បង្កើតឱ្យមាន​ប្រព័ន្ធ TVET តាំងពី​ឆ្នាំ1632 ដោយ​ចាត់ទុកថា គុណភាព​លំដាប់​ពិភពលោក​ដែល​តាមរយៈ​ប្រព័ន្ធ​នេះ​បានធ្វើឱ្យ​សមត្ថភាព​កម្លាំង​ពលកម្ម​របស់​អង់គ្លេស​មាន​ជំនាញ​ខ្ពស់​ចូលរួម​អភិវឌ្ឍ​ប្រទេស​អង់គ្លេស​ឱ្យក្លាយ​ទៅជា​ប្រទេស​អភិវឌ្ឍន៍​បាន​យ៉ាង​ឆាប់រហ័ស។

    គួរ​បញ្ជាក់ថា ភាគី​ទាំង​ពីរបាន​មើលឃើញ​ពី​សារៈសំខាន់​ក្នុង​ការបើក​ច្រក​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ចែករំលែក​បទពិសោធ​បង្កើត​ភាពជា​ដៃគូ ដែលមាន​សាកលវិទ្យាល័យ វិទ្យាស្ថាន និង​អង្គការ​របស់​រដ្ឋាភិបាល​អង់គ្លេស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ក្នុងការ​ផ្តល់​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា៕

  • Juventus ចាញ់ Sampdoria ខណៈដែល Buffon និង Barzagli មិន​ចូល​លេង

    Juventus ចាញ់ Sampdoria ខណៈដែល Buffon និង Barzagli មិន​ចូល​លេង

    ប្រធាន​ក្រុម Gianluigi Buffon និង​ខ្សែការពារ Andrea Barzagli ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្រាក ដោយ​ក្លិប Juventus បន្ទាប់ពី​ការធ្លាក់​ចេញពី World Cup របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្របខ័ណ្ឌ Serie A មួយ​នេះ បាន​ចាញ់​នៅលើ​ទឹកដី​ក្រុម Sampdoria ក្នុង​លទ្ធផល 3-2 កាលពី​ថ្ងៃអាទិត្យ។

    Juventus បាន​ដេញតាម​ពីក្រោយ​ដល់​ទៅ3គ្រាប់​ក្នុងពេល​ជិត​បញ្ចប់​ការប្រកួត ក្រោយពី​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Duvan Zapata ខ្សែបម្រើ​អ៊ុយ​រូ​ហ្គា​យ និង​ខ្សែការពារ​អ៊ីតាលី Gian Marco Ferrari បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​ក្នុង​តង់​ទី2សម្រាប់​ក្រុម​ម្ចាស់ផ្ទះ។ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង6សម័យកាល​មួយ​នេះ​បាន​រក​គ្រាប់​បាល់​បាន2គ្រាប់​វិញ​នៅ​នាទី​បន្ថែម ដោយ​ខ្សែប្រយុទ្ធ Gonzalo Higuain បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី1គ្រាប់ ហើយ​កីឡាករ​បម្រុង Paulo Dybala បាន​បន្ថែម​គ្រាប់​បាល់​ទី2នៅមុន​ពេល​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត​បន្លឺឡើង។

    ក្រុម Juventus បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ3 នៅលើ​តារាង​នៃ​ក្របខ័ណ្ឌ​របស់​អ៊ីតាលី ដោយមាន4ពិន្ទុ​តាម​ពីក្រោយ​ក្រុម Napoli ដែល​បាន​កត់ត្រា​ជ័យជម្នះ 2-1 លើ​ក្រុម AC Milan កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Inter Milan ឡើងទៅ​ឈរ​លេខ2 ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Atalanta ក្នុង​លទ្ធផល 2-។ ក្រុម Napoli មាន35ពិន្ទុ​ពី​ការប្រកួត13លើក ដោយ​នាំមុខ2ពិន្ទុ​ពីលើ​ក្រុម Inter Milan ខណៈដែល​ក្រុម Juventus មាន31ពិន្ទុ ហើយ​ក្រុម Roma កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដោយ​ដេញតាម​ពីក្រោយ​ក្រុម​លេខ3 ចំនួន1ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត1លើក​ទៀត​ក្នុង​ដៃ ក្រោយពី​បាន​ផ្តួល​ក្រុម Lazio ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង Rome តែម្តង កាលពី​ថ្ងៃ​សៅរ៍។

    លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្រុម Juventus បាន​ឲ្យ​ដឹងថា៖ «នេះ​គឺជា​ការ​ទះ​មួយ​កំផ្លៀង​ចំ​ផ្ទៃមុខ​ដោយ​ឥត​រំពឹងទុក​មួយ»៕

    ប្រភពពី៖ BBC

  • លោក Moyes អាម៉ាស់មុខ​ថ្ងៃ​បើកឆាក ខណៈ Watford ផ្តួល​ក្រុម​ញញួរ​ធំ

    លោក Moyes អាម៉ាស់មុខ​ថ្ងៃ​បើកឆាក ខណៈ Watford ផ្តួល​ក្រុម​ញញួរ​ធំ

    លោក David Moyes ត្រូវបាន​គេ​ប​ន្យ​ល់​ទុក​ឲ្យ​នូវ​ទំហំ​ការងារ​ដ៏​ធំ​មួយ​នៅ​ពីមុខ​រូបលោក ខណៈដែល​ក្រុម​ញញួរ​ធំ West Ham បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-0 នៅលើ​ទឹកដី​ក្រុម Watford កាលពី​ថ្ងៃអាទិត្យ។

    ការប្រកួត​ជា​លើក​ទី1របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​នៃ​ក្រុម​ញញួរ​ធំ​រូបនេះ បានបញ្ចប់​ទាំង​ការខកចិត្ត ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Will Hughes និង Richarlison បានធ្វើ​ឲ្យ​ក្រុម Watford វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ។ បើទោះបី​លោក Moyes បានដឹងថា លោក​ត្រូវបាន​គេ​បន្សល់ទុក​នូវ​តំបន់​ការពារ​ដ៏​អន់​បំផុត​ក្នុង​ក្របខ័ណ្ឌ​កំពូល​ក៏ដោយ ប៉ុន្តែ លោក​ក៏​ត្រូវតែ​ដោះស្រាយ​ទៅលើ​បញ្ហា​តំបន់​ប្រយុទ្ធ​ផងដែរ។ ក្រុម​ញញួរ​ធំ​មួយ​នេះ​នៅតែ​ស្ថិតក្នុង​តំបន់​កាត់ចោល​នៃ​តារាង​ក្របខ័ណ្ឌ Premier League ដោយ​ដេញតាម​ពីក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​មាន​សុវត្ថិភាព​ចំនួន1ពិន្ទុ ក្រោយពី​លោក Moyes បានចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ​លើ​បញ្ហាផ្សេងៗដែល​ធ្វើ​ឲ្យ​លោក Slaven Bilic បាត់បង់​តំបន់​ការពារ​របស់លោក។

    បើទោះបី​ជួប​ពេលវេលា​មិន​ជោគជ័យ​ក្រោយពី​ដឹកនាំ​ឲ្យ​ក្រុម Sunderland ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​ក៏ដោយ ប៉ុន្តែ លោក Moyes បាន​ទទួលយក​កិច្ចសន្យា​រយៈពេល​ខ្លី ជាមួយនឹង​ក្រុម West Ham។ ការបរាជ័យ​របស់លោក​នៅឯ​ក្លិប Sunderland, Manchester United និង Real Sociedad បាន​បង្ខូច​កេ​រិ៍្ត​ឈ្មោះ​ដ៏​ល្អឥតខ្ចោះ​របស់លោក​នៅឯ​ក្លិប Everton ហើយ​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​ត​ឡេ​ន​រូបនេះ អាច​នឹង​ប្រឈមមុខ​នឹង​ការខកចិត្ត​មួយ​ផ្សេងទៀត។ លោក Moyes បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​តែងតែ​គិតថា នេះ​គឺជា​ការងារ​ដ៏​ធំ​មួយ។ កីឡាករឆ្នើមៗមួយចំនួន​ដែលមាន​កេ​រិ៍្ត​ឈ្មោះ​បានធ្វើ​ឲ្យ​ខ្ញុំ​ខកចិត្ត​យ៉ាងខ្លាំង។ ខ្ញុំ​បាន​គិតថា ពួកគេ​នឹង​បង្ហាញ​ខ្ញុំ​ឲ្យ​បាន​ច្រើនជាង​នេះ។ ពួកគេ​ត្រូវតែ​បង្ហាញ​ខ្ញុំ​ពី​មូល​ហេតុដែល​ពួកគេ​បានទទួល​កេ​រិ៍្ត​ឈ្មោះ​ទាំងនោះ»៕

    ប្រភពពី៖ Daily Mail

  • ហេតុ​អី្វ​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវ​ទទួលទាន​ផ្លែឈើ​ស្រស់?

    ហេតុ​អី្វ​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវ​ទទួលទាន​ផ្លែឈើ​ស្រស់?

    ផ្លែឈើ​គួរតែ​ត្រូវបាន​រួមបញ្ចូល​ទៅក្នុង​ពេល​អាហារចម្បងៗរបស់​ស្ត្រី​មានគភ៌​ផងដែរ ព្រោះ​សារធាតុ​អាហារសំខាន់ៗដែលមាន​នៅក្នុង​ផ្លែឈើដូចជា បេ​តា​ឃែ​រ៉ូ​ធី​ន មាន​ចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​សាច់​ភ្នាស និង​កោសិកា​សម្រាប់​ប្រព័ន្ធ​ការពារ​ជំងឺ​របស់​ទារក រួម​ទៅដល់​ការជួយ​សាង​ធ្មេញ និង​ឆ្អឹង​ឱ្យ​រឹងមាំ ព្រមទាំង​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ហ្វូ​លិ​ក ដែល​នឹង​ជួយ​ការពារ​អាការ​ខុស​ប្រក្រតី​របស់​ទារក​នៅក្នុង​គ​ភ៌​បាន​ទៀតផង។ តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​ស្ត្រី​មានគភ៌​គួរតែ​ទទួលទាន សូម​តាមដាន​ជា​បន្ត៖

    • ផ្លែ អេ​ព្រីខ​ត់(Apricot) សម្បូរ​ទៅដោយ​វីតាមីន A, C, E, បេ​តា​ឃែ​រ៉ូ​ធី​ន, ហ្វូ​ស្វ័​រ, ស៊ិ​លិ​ខន, កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម មាន​ចំណែក​ជួយ​ក្នុងការ​អភិវឌ្ឍ​សុខភាព​របស់​ទារក​ក្នុង​គភ៌និង​ធាតុដែក​ដែល​ជួយ​ការពារ​ជំងឺ​ស្លេកស្លាំង​ទៀតផង។ ស្ត្រី​មានគភ៌​គួរ​ទទួលទាន​ផ្លែ​អេ​ព្រីខ​ត់ 2-4ផ្លែ​ក្នុង​មួយថ្ងៃ។
    • ផ្លែ​ប៉ោម សម្បូរ​ទៅដោយ​វីតាមីន A, E, D និង​ជាតិ​ស័ង្កសី(Zinc) ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ជំងឺ និង​ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​គភ៌កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ពី​ការកើត​រោគ​ហឺត និង​រោគ​ឃ្លង់​នៅលើ​ក្មេង​បានល្អ​ទៀតផង។
    • ផ្លែស្វាយ​ទុំ សម្បូរ​ទៅដោយ​វីតា​មីន C ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការរំលាយ​អាហារ​របស់​ស្ត្រី​មានគភ៌ កាត់បន្ថយ​អាការ​ទល់លាមក និង​សម្រាល​អាការ​ឆ្លង​មេរោគ​ក្នុងអំឡុងពេល​មានគភ៌។
    • ផ្លែ​ស្ត្រ​ប៊ើ​រី សម្បូរ​ទៅដោយ​វីតាមីន C, A, B1, B2, ហ្វូ​លេ​ត, ធាតុដែក, ម៉ាញេស្យូម, ហ្វ្លា​វ៉ូ​ណ​យ​ដ៍, ស័ង្កសី និង​កាក​សរសៃ​អាហារ ជួយ​បញ្ចុះ​សម្ពាធ​ឡើង​ខ្ពស់​របស់​ស្ត្រី​ខណៈ​មានគភ៌ ការពារ​អាការ​ខុស​ប្រក្រតី​ខាង​ខួរក្បាល​របស់​ទារក។
    • ផ្លែ​ចេកទុំ សម្បូរ​ទៅដោយ​វីតាមីន C, B6,ហ្វូ​លេ​ត, ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម​ដែល​ជួយ​ការពារ​ការ​ប្រសូត​មុន​កំណត់​របស់​ទារក និង​ជួយ​ការពារ​រោគ​សរសៃឈាម​ក្នុង​ខួរក្បាល និង​សភាវ​ជ្រៀតជ្រែក​ដែល​ពាក់ព័ន្ធ​នឹង​ការតាំង​គភ៌ផ្សេងៗ។

    ចុងក្រោយ​គេ​គឺ ផ្លែក្រូច ជា​ផ្លែឈើ​សម្រាប់​ស្ត្រី​មានគភ៌ ព្រោះ​សម្បូរ​ទៅដោយ​វីតាមីន Cនិង​ហ្វូ​លេ​ត​ដែល​ជួយ​បំប៉ន​ឱ្យ​ស្ត្រី​មានគភ៌​មាន​ទឹកដោះ​ដែល​ពេញ​ទៅដោយ​សារធាតុ​អាហារ និង​ជួយ​សាង​គ្រាប់​ឈាមក្រហម និង​ជួយ​ការពារ​រោគផ្សេងៗដែល​ធ្វើឱ្យ​ទារក​ពិការ​តាំងពី​កំណើត​បាន​ទៀតផង៕

  • កីឡា​ដែល​ស័ក្តិសម​សម្រាប់​ស្ត្រី​មានគភ៌​

    កីឡា​ដែល​ស័ក្តិសម​សម្រាប់​ស្ត្រី​មានគភ៌​

    ក្រៅពី​ការជួយ​ជំ​រុញឱ្យ​ម្តាយចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯង​យ៉ាងតិច​បំផុត6ខែ និង​ឱ្យ​កូន​បាន​ញ៉ាំ​ទឹកដោះ​គួបផ្សំ​ជាមួយ​អាហារ​តាម​វ័យ​ជា​បន្តបន្ទាប់​ដល់2ឆ្នាំ​ហើយ​នោះ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៅបាន​គាំទ្រ​ឱ្យ​ស្ត្រី​មានគភ៌​មាន​សុខភាព​រឹងប៉ឹង ដោយ​ការហាត់​ប្រាណ​ក្នុង​កម្រិត​សមរម្យ​ទៀតផង ដោយបាន​ណែនាំ​ដូចខាងក្រោម។

    ស្ត្រី​មានគភ៌​មិនមែនជា​អ្នកជំងឺ​ទេ តែ​វា​ជា​អំឡុងពេល ដែល​ស្ត្រី​គួរ​មាន​រាងកាយ​រឹងប៉ឹង​បំផុត​ក្នុង​ជីវិត ព្រោះ​រាងកាយ​ស្ត្រី​មានគភ៌​ត្រូវ​មើលថែទាំ​ជីវិត​ដល់​ទៅ2ក្នុងពេល​តែមួយ និង​កំពុង​ត្រៀមខ្លួន​ចូល​ឆ្ពោះទៅរក​កម្មវិធី​ការ​ប្រសូត ដូច្នេះ​ការហាត់​ប្រាណ​នឹង​ជួយ​ឱ្យ​សុខភាព​រាងកាយ​រឹងមាំ​និង​ការធ្វើការងារ​របស់​ប្រព័ន្ធ​លំហូរ​វិល​របស់​ឈាម​ឆ្ពោះទៅកាន់​ទារក​ក្នុង​គភ៌​កាន់តែ​ល្អ​ឡើង​បានទទួល​សារធាតុ​អាហារ​គ្រប់គ្រាន់ និង​ចម្រើន​ធំធាត់​បានល្អ។ ក្រៅពីនេះ​នៅពេល​អ្នក​ម្តាយ​ធ្វើលំ​ហាត់ប្រាណ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​អេ​ន-ដូ​ហ្វ៊ី​ន ឬ​អ័រម៉ូន​នៃ​សេចក្តីសុខ​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​សភាវ​ខាង​អារម្មណ៍ល្អ ដែលមាន​ចំណែក​ធ្វើឱ្យ​ទារក​រឹងប៉ឹង និង​មាន​អារម្មណ៍​ភ្លឺ​ថ្លា។

    វេជ្ជបណ្ឌិត​ជំនាញ​បាន​ណែនាំ​បន្ថែមថា​ស្ត្រី​មានគភ៌​ដែល​ហាត់ប្រាណ​ត្រូវ​ពិចារណា​ពីស​ភាវ​និង​គ្រឹះ​ភាពរឹងមាំ​របស់​រាងកាយ​ជាមុនសិន​ថា តើ​មុនពេល​តាំង​គភ៌​ធ្លាប់​ហាត់ប្រាណ​យ៉ាង​ជាប់លាប់​ដែរឬទេ? ហាត់ប្រាណ​ខ្លាំងក្លា​ប៉ុនណា?នៅពេល​តាំង​គភ៌​ហើយ​នៅ​អាច​ហាត់ប្រាណ​ជា​បន្តបន្ទាប់​បាន​ក្នុង​រយៈវេលា និង​ភាពខ្លាំង​ក្លា​របស់​ការហាត់​ប្រាណ​ដែល​ស័ក្តិសម​ចំពោះ​សភាព​រាងកាយ និង​សភាវ​ការតាំង​គភ៌​ក្នុងអំឡុង​អាយុ​គភ៌ផ្សេងៗ រួមទាំង​ត្រូវ​ឧស្សាហ៍​សង្កេតមើល​អា​ការដែល​កើតឡើង​ក្នុងខណៈពេល​ហាត់ប្រាណ​ឬ​ក្រោយពេល​ហាត់ប្រាណ​ហើយ​ផង ដូចជា បើ​មាន​អាការ​នឿយ​ល្វើយ បញ្ជាក់ថា អ្នក​ហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក​ហើយ ហើយ​ចំពោះ​ស្ត្រី​មានគភ៌​ដែល​ចាប់អារម្មណ៍​ការហាត់​ប្រាណ តែ​រាងកាយ​មាន​សភាវ​ជ្រៀតជ្រែក​ពី​អាការផ្សេងៗនោះ​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​បាន។

    កម្រិត​កំណត់ និង​ចំណុច​គួរ​ប្រយ័ត្ន​ក្នុងការ​ហាត់ប្រាណ​របស់​ស្ត្រី​មានគភ៌

    1/ ចាប់ផ្តើម​ដោយ​ការហាត់​ប្រាណ​បែបស្រាលៗ នៅពេល​រាងកាយ​ស៊ាំ​ធ្លាប់​ហើយ ទើប​អាច​បង្កើន​កម្រិត​ភាពលំបាក​បាន។

    2/ ស្ត្រី​មានគភ៌​ដែល​អាយុ​គភ៌​នៅ​មិនទាន់​ដល់3ខែ មិនគួរ​ហាត់ប្រាណ​ក្នុង​កន្លែង​ដែល​ធាតុអាកាស​ក្តៅ និង​សើម​ឡើយ។

    3/ ចៀសវាង​ការ​ត្រាំ​ក្នុង​ទឹក​ដែលមាន​សីតុណ្ហភាព​ក្តៅឧណ្ហៗខ្លាំង​លើស​កម្រិត។

    4/ ចៀសវាង​ក្បាច់​ដែល​ពន្យឺត​ពង្រឹង​ខ្លួន​ក្បាច់​ដែល​ប្រថុយប្រថាន​នឹង​ការ​ប៉ះពាល់​ជាមួយ​ផ្ទៃ ឬ​ក្បាច់​ដែល​ស្ត្រី​មានគភ៌​ត្រូវ​បញ្ចេញ​កម្លាំង​ខ្លាំង។

    5/ មិនគួរ​សម្រុក​ហាត់ប្រាណ​រហូត​រាងកាយ​មាន​អារម្មណ៍​ថា នឿយ​ល្វើយ​ឡើយ។

    6/ គ្រប់​ពេលដែល​ហាត់ប្រាណ​គួរ​ទទួលទាន​ទឹកស្អាត ដើម្បី​បំពេញ​ជំនួស​ញើស​ដែល​បាត់បង់​ទៅ។

    7/ បើ​មាន​អារម្មណ៍​ថា ដកដង្ហើម​មិនទាន់​ឈឺ​ដើមទ្រូង វិលមុខ រកកល​ខ្យល់ មាន​ឈាម ឬ​វត្ថុ​រាវ​ចេញមក​តាម​រន្ធ​ស្បូន ឬ​មាន អា​ការឈឺ​ដោយសារ​ស្បូន​បង្រួញ​ខ្លួន (ច្រើនជាង6-8ដង​ក្នុង1ម៉ោង) គួរ​បញ្ឈប់​ការហាត់​ប្រាណ​ភ្លាម និង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ដើម្បី​សុវត្ថិភាព។

    កីឡា​ដែល ឡា​រ៉ែ​ន ចង់​ណែនាំ​សម្រាប់​ស្ត្រី​មានគភ៌

    1/ ហែល​ទឹក

    ជួយ​ធ្វើឱ្យមាន​អារម្មណ៍​ធូរស្រាល និង​សប្បាយខ្លួន សាច់ដុំ​គ្រប់ផ្នែក​របស់​រាងកាយ​រឹងមាំ។

    2/ ការហ្វឹកហាត់​យ៉ូ​ហ្កា

    ជួយ​ឱ្យ​អាច​គ្រប់គ្រង​ខ្យល់​ដង្ហើម សាច់ដុំ​រឹងមាំ​ធូរស្រាល មាន​សតិ​ស្មារតី និង​សមាធិ​ក្នុងអំឡុងពេល​ប្រសូត។

    3/ រាំ​អ៊ែ​រ៉ូ​ប៊ិក ធ្វើ​ចលនា​រាងកាយ

    ជួយ​ធ្វើ​ចលនា​សាច់ដុំ​ស្ទើរតែ​គ្រប់ផ្នែក​ក្នុង​រាងកាយ​ធ្វើឱ្យមាន​អារម្មណ៍​ធូរស្រាល។

    ទាំងអស់នេះ ស្ត្រី​មានគភ៌​អាច​ហាត់ប្រាណ បាន​យ៉ាង​ជាប់លាប់​រៀងរាល់ថ្ងៃ ឬមួយ​ថ្ងៃ​ខាន​មួយថ្ងៃ យ៉ាងតិច​ក្នុងម្តងៗ 30នាទី តាម​ក្បួនខ្នាត​នៃ​ការហាត់​ប្រាណ​របស់​ស្ត្រី​មានគភ៌៕

  • តើនរ​ណាមួយ​ជា​អ្នក​គ្រង​មកុដ​កញ្ញាឯក World Miss University ប្រចាំ​កម្ពុជា

    តើនរ​ណាមួយ​ជា​អ្នក​គ្រង​មកុដ​កញ្ញាឯក World Miss University ប្រចាំ​កម្ពុជា

    ភ្នំពេញ៖ កា​ប្រកួត​កញ្ញាឯក​សាកលវិទ្យាល័យ​ពិភពលោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​ជា​ផ្លូវការ​នៅថ្ងៃនេះ ជាមួយនឹង​ការប្រកាស​នូវ​បេ​ក្ខ​នារី​គួរ​ឲ្យ​ស្រលាញ់​ចំនួន 20រូប ដែល​មកពី​សាកលវិទ្យាល័យផ្សេងៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    ការប្រកួត​ក្នុងប្រទេស នឹង​ស្វែងរក​ម្ចាស់​ជ័យលាភី​តំណាង​ប្រទេស​កម្ពុជា​ដើម្បី​គ្រង​មកុដ​កញ្ញាឯក​សាកលវិទ្យាល័យ​ពិភពលោក​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រារព្ធ​ពី​ធី​នៅ​ថ្ងៃទី20 ខែធ្នូ ឆ្នាំ2017។

    កា​ប្រកួត​កញ្ញាឯក​សាកលវិទ្យាល័យ​ពិភពលោក គឺជា​ព្រឹត្តិការណ៍​ដើម្បី​ជ្រើសរើស​បេក្ខភាព​តំណាង World Miss University Peace Corps ជាមួយនឹង​តម្លៃ​ស្នូល​នៃ​ការលើកកម្ពស់​សន្តិភាព​ពិភពលោក តាមរយៈ ចលនា​សន្តិភាព​សម្រាប់​ការរួបរួម​គ្នា​របស់​ពិភពលោក ដូច​ពាក្យស្លោក “ក្នុង​ពិភពលោក​មួយ មនុស្សធម៌ ប្រៀបបាន​ដូចជា​បងប្អូន​ប្រុស​ស្រី” “ចលនា​បរិស្ថាន​នៃ​មនុស្សធម៌​ដើម្បី​រស់​នៅលើ​ភពផែនដី។

    នេះ​គឺជា​លើកដំបូង​ដែល​ការប្រកួត​នេះ​ត្រូវបាន​គេ​ប្រារព្ធ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការអនុញ្ញាត​ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​រៀប​ចំ​កម្មវិធី​ការប្រកួត​កញ្ញាឯក​សាក​ល​វិទ្យាល័យ​ពិភពលោក។

    រាត្រី​គ្រង​មកុដ​នៃ​កម្មវិធី​ប្រកួត​កញ្ញាឯក​សាកលវិទ្យាល័យ​ពិភពលោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា 2017 នឹង​ប្រារព្ធ​នៅ​ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2017 នៅ​សាល1 នៃ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា នៅវេលា​ម៉ោង 7:០០ ល្ងាច។

    សូម​អញ្ជើញ​ទៅ​ជួប​ជាមួយ​បេ​ក្ខ​នារី​គួរ​ឲ្យ​ស្រលាញ់​ទាំង 20រូប ក្នុងការ​ប្រកួត​ដើម្បី​គ្រង​តំណែង កញ្ញាឯក​សាកលវិទ្យាល័យ​ពិភពលោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា 2017 ទាំងអស់គ្នា៕

  • គម្រោង​ខុន​ដូ The Parkway បើក​លក់​ជា​ផ្លូវការ បន្ទាប់ពី​បង្ហាញ​ភាពរឹងមាំ​របស់ខ្លួន

    គម្រោង​ខុន​ដូ The Parkway បើក​លក់​ជា​ផ្លូវការ បន្ទាប់ពី​បង្ហាញ​ភាពរឹងមាំ​របស់ខ្លួន

    បន្ទាប់ពី​ធ្វើការ​អភិវឌ្ឍ​អស់​រយៈពេល 7ខែ គម្រោង​ខុន​ដូ The Parkway បាន​បើក​លក់​ជា​ផ្លូវការ​ដើម្បី​ផ្ដល់ជូន​អតិថិជន​ដែលមាន​បំណង​ចង់បាន​បន្ទប់​ស្នាក់នៅ​យ៉ាង​ល្អ​នៅក្នុង​គម្រោង​នេះ ។

    លោក សួ សុខ​ថេ​ង នាយក​ប្រតិ​ប​ត្ដិ​នៃ​ក្រុមហ៊ុន Parkway Investment Co., Ltd បាន​លើកឡើងថា អ្វីដែល​ធ្វើឱ្យ​យើង​សម្រេច​ចិ​ត្ដ​បោះទុន​វិនិយោគ​លើ​គម្រោង The Parkway ព្រោះ​យើង​ផ្អែក​ទស្សនវិស័យ​វែងឆ្ងាយ និង​ការបោះ​ជំ​ហ៊ាន​ទៅមុខ​យ៉ាង​លឿន​របស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ដែល​ធ្វើឱ្យ​ប្រជាជន​កាន់​តែមាន​កម្រិតជីវភាព​ល្អប្រសើរ ។

    The Parkway ស្ថិតនៅក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន Parkway Investment Co., Ltd សហការ​ជាមួយ​ក្រុមហ៊ុន Nantong City Da xin Engineering (Cambodia) Co., Ltd ដោយ​ចំណាយ​ទុនវិនិយោគ​ប្រមាណ​ជាង 100លាន​ដុល្លារ​អារ​មេ​រិ​ក។ គម្រោង​នេះ​នឹង​បង្កើតឱ្យមាន​អគារ​ចំនួន​បី  ដែល​អគារ​ទីមួយ​មាន​កម្ពស់ 29ជាន់ និង​អគារ​ទី​ពីរ​មាន​កម្ពស់ 25ជាន់ ព្រមទាំង​អគារ​ទី​បី​មាន​កម្ពស់ 35ជាន់។ ក្នុងនោះ​មាន​អគារ​ពាណិជ្ជកម្ម និង​មាន​បន្ទប់​ទំនើប 1500យូ​នី​ត ដែលមាន​ទំហំ​ចាប់ពី 45-135ម៉ែត្រការ៉េ គម្រោង​នេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ 2020។

    គម្រោង The Parkway នឹងត្រូវ​បាន​សង់​ឡើង​ដោយ​ក្រុមហ៊ុន Da Xin Ltd ជា​ក្រុមហ៊ុន​ល្បីឈ្មោះ​នៅ​ប្រទេស​ចិន​ដែល​បាន​សាងសង់​ពហុកីឡាដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​គម្រោង​នេះ​ត្រូវបាន​រៀបចំ​ឱ្យមាន Sky bar ,Sky Garden ,Sky Swimming pool និង​កន្លែង​ហាត់ប្រាណ​ជាដើម។ អគារ​នេះ​ត្រូវបាន​សាងសង់ឡើង​បំពាក់​ដោយ​សម្ភារៈ​បរិក្ខាទំនើបៗ និង​ប្រព័ន្ធ​ការពារ​យ៉ាង​ល្អ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ រួមទាំង​មាន​ចំណតរថយន្ដ​ប្រមាណ 800កន្លែង។  ជាង​នេះ​វា ត្រូវបាន​គ្រប់​គ្រង់​ការសាងសង់​ដោយ​លោក Leon Zheng   មាន​តួនាទី​ជា Director of Business Operations of Pelli Design International ដែលជា​ស្ថាប​ត្យ​ការកម្រិត A នៅ​សហរដ្ឋអាមេរិក។

    នាយក​ប្រតិ​ប​ត្ដិ​នៃ​ក្រុមហ៊ុន Parkway Investment Co., Ltd បន្ថែមថា មូលហេតុ​លោក​សម្រេច​ចិ​ត្ដ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​ទួលគោក​ដែល​ស្ថិតនៅ​លើផ្លូវ273 ព្រោះ​លោក​យល់ថា​ក្រៅពី​តំបន់​ដែលមាន​សក្ដានុពល​នៅក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ដូចជា​តំបន់​បឹង​កេងកង ទួល​គោល​ក៏​ជា​តំបន់​មាន​សក្ដានុពល​ក្នុងការ​អភិវឌ្ឍ​ដែរ ពិសេស​បច្ចុប្បន្ន​តំបន់​នេះ​កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង​ដែល​ហ៊ុំព័ទ្ធ​ទៅដោយ​អគារខ្ពស់ៗជា​ច្រើ ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម TK និង​ផ្សារ​ទំនើប​អ៊ី​អន​ពីរ​ជាដើម ដែល​យើង​មើលឃើញថា វា​ជា​កម្លាំងចលករ​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អតិថិជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​យ៉ាង​ល្អ។

    ជាមួយគ្នានេះ​លោក​សួ សុខ​ថេ​ង បញ្ជាក់ថា៖ «មូលហេតុ​ដែល The Parkway ទើបតែ​ប្រកាស​លក់​គម្រោង​របស់ខ្លួន​ក្រោយពី​មានការ​សាងសង់​រយៈពេល 7ខែ​មកនេះ ព្រោះ​យើង​ចង់​សាងសង់​ឱ្យបាន​ចេញ​ជា​រូបរាងខ្លះ។ ការធ្វើ​បែបនេះ​យើង​ចង់បង្ហាញ​ឱ្យឃើញថា យើង​ជា​ម្ចាស់​គម្រោង​ដែលមាន​ទុនវិនិយោគ​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ដែល​អាច​ផ្ដល់​ទំនុក​ចិ​ត្ដ​ជូន​ដល់​អតិថិជន​បាន100%»៕