Category: សង្គម និងសេដ្ឋកិច្ច

  • ងាយៗ6យ៉ាងធ្វើឱ្យ ផ្ទះភ្លឺស្រឡះគួរឱ្យចង់រស់នៅ

    ងាយៗ6យ៉ាងធ្វើឱ្យ ផ្ទះភ្លឺស្រឡះគួរឱ្យចង់រស់នៅ

    បន្ទប់ដែលភ្លឺស្រឡះជួយឱ្យមានអារម្មណ៍ធូរស្រាលស្រឡះ មានជីវិតរស់រវើក និងត្រៀមជាស្រេចក្នុងការធ្វើតែរឿងល្អៗសម្រាប់ជីវិត។ សម្រាប់មិត្តអ្នកអានជាច្រើនដែលកំពុងគិតមិនចេញ ចង់រកវិធីគេចចេញពីបន្ទប់ដែលនៅក្នុងទីតាំងអាប់ពន្លឺមិនភ្លឺស្វាងនោះ ថ្ងៃនេះ ឡារ៉ែន មានចំណុចល្អៗ 6វិធីដែលនឹងជួយផ្លាស់ប្ដូរបន្ទប់ដែលងងឹតអាប់ឱ្យប្រែកាយជាបន្ទប់ថ្មីឆើតឆាយជាងមុនបាន។ តើមានវិធីអ្វីខ្លះទៅ សូមតាមដានជាបន្ត…។


    1-ប្រើវាំងននថ្លាចាំងពន្លឺ
    វាំងនន និងមាត់បង្អួចមានផលយ៉ាងខ្លាំងក្នុងការជួយនាំពន្លឺឱ្យចូលមកក្នុងបន្ទប់ ការជ្រើសរើសប្រើវាំងននដែលស័ក្តិសម អាចបង្កើនពន្លឺដល់បន្ទប់បាន។ បើត្រូវការសន្សំសំចៃការចំណាយ ក៏គ្រាន់តែរកផ្ទាំងក្រណាត់ដែលថ្លាៗទំហំប៉ុនផ្ទាំងវាំងនននៅផ្ទះ មកបិទជាប់ជាមួយក្រណាត់វាំងននចាស់នោះ ហើយរូតបើកវាំងននក្រណាត់ តែទុកផ្ទាំងក្រណាត់ថ្លានោះនៅបាំងមាត់បង្អួច តែប៉ុណ្ណឹងក៏អាចធ្វើឱ្យបន្ទប់មានពន្លឺចាំងចូលមកគ្រប់គ្រាន់ទៅហើយ។

    2-ភ្លើងចង្កៀងគោមលើតុបែបភ្លឺច្បាស់
    ភ្លើងចង្កៀងគោមក៏ជាបច្ច័យមួយទៀតក្នុងការជួយកំណត់ពន្លឺដែលនឹងចេញមកយ៉ាងណាបានដែរ។ បើត្រូវការឱ្យបន្ទប់ភ្លឺខ្លាំងឡើង គួរជ្រើសរើសប្រើចង្កៀងគោមដែលជាក្រណាត់ពណ៌សស្តើង ព្រោះវាអាចជួយជះពន្លឺបានល្អ និងធ្វើឱ្យមានពន្លឺច្រើនឡើង។

    3-ប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់
    សម្រាប់បន្ទប់ដែលល្មមអាចមានពន្លឺពីធម្មជាតិចាំងចូលមកដល់ខ្លះដែរនោះ ការជ្រើសរើសប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់អាចលើកកម្រិតភាពភ្លឺស្រឡះរបស់ពន្លឺខ្លាំងឡើងបាន ជាពិសេសបើយកទៅដាក់នៅជិតចំណុចទទួលពន្លឺ ដូចជា ជិតមាត់បង្អួច ឬផ្លូវដើរជាដើម វានឹងជួយបង្កើនមន្តស្នេហ៍​ដល់ពន្លឺដែលចាំងចូលមកប៉ះនឹងកញ្ចក់នៅក្នុងបន្ទប់បាន។

    4-ជ្រើសរើសប្រើទ្វារកញ្ចក់
    ជាវិធីដ៏ឆ្លាតវៃមួយ គ្រាន់តែប្ដូរផ្ទាំងទ្វារក្នុងផ្ទះពីទ្វារបែបបាំងជិតមើលមិនឃើញមកជាទ្វារផ្ទាំងកញ្ចក់វិញក៏អាចបញ្ជូនពន្លឺពីធម្មជាតិពីបន្ទប់មួយទៅបន្ទប់មួយបានយ៉ាងល្អ និងជួយឱ្យខាងក្នុងផ្ទះភ្លឺ និងមានអារម្មណ៍ថាស្រឡះឡើងទៀតផង។

    5-ប្ដូរអំពូលភ្លើងថ្មី
    មិត្តអ្នកអានមួយចំនួនអាចនឹងធ្លាប់កើតមានអាការងឿងឆ្ងល់ថា ហេតុអីបានជាចង្កៀងគោមដដែលរបស់អ្នកដែលធ្លាប់ប្រើពីមុនមក មកដល់ថ្ងៃនេះបែរជាមិនផ្ដល់ពន្លឺគ្រប់គ្រាន់ដូចពេលកន្លងមកអីុចឹង? ដល់ពេលត្រូវប្ដូរអំពូលថ្មីហើយចា៎ស…
    គឺជាវិធីងាយៗបំផុត ដែលនឹងធ្វើឱ្យចង្កៀងគោមរបស់អ្នកត្រឡប់មកភ្លឺស្វាងល្អដូចមុនវិញ។

    6-បំពាក់ប្រព័ន្ធដំឡើង និងបន្ថយពន្លឺភ្លើង
    គឺជាវិធីមួយទៀតដែលអ្នកច្នៃម៉ូដខាងក្នុងផ្ទះភាគច្រើននិយមប្រើ និងបានច្នៃម៉ូដទុកជាស្រេច ដើម្បីបំពាក់នៅក្នុងផ្ទះសម័យថ្មី​នេះ ពីព្រោះវាជួយឱ្យអាចសម្រួលកម្រិតពន្លឺដែលស័ក្តិសមដល់បន្ទប់នីមួយៗបានក្នុងពេលវេលាដែលខុសប្លែកពីគ្នានៅអំឡុងពេលថ្ងៃបាន។
    បានដឹងពីគន្លឹះងាយៗក្នុងការជួយបង្កើនពន្លឺនៅក្នុងផ្ទះរួចហើយ បន្ទាប់ពីនេះទៅ ចូរសាកល្បងសង្កេតមើលថា តើនៅខាងក្នុងផ្ទះរបស់អ្នកមានបន្ទប់ណា ឬជ្រុងណាមួយនៅអាប់ពន្លឺដែរឬទេ?រួចហើយសាកល្បងនាំយកវិធីងាយៗនៅក្នុងអត្ថបទនេះ ទៅកែសម្រួលប្រើ បន្ទប់ដែលធ្លាប់តែធុញថប់ បរិយាកាសដែលធ្លាប់តែងងឹតស្រទំ នឹងប្លែកខុសពីមុនជាមិនខាន៕

  • Selena Gomez ឡើងកូដជាតារាលេចធ្លោជាងគេនារាត្រី AMAs

    Selena Gomez ឡើងកូដជាតារាលេចធ្លោជាងគេនារាត្រី AMAs

    តាមរយៈសារព័ត៌មាន vogue ដែលបានចេញផ្សាយនៅថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា រយៈពេលថ្មីៗនេះ គេសង្កេតឃើញថា កំពូលតារាចម្រៀងពន្លកថ្មីដូចជា Selena Gomez ត្រូវបានប្រិយមិត្តអ្នកគាំទ្រ ព្រមទាំងបណ្ដាអ្នកសារព័ត៌មានទាំងឡាយ កំពុងតែចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងកម្មវិធីរាត្រី AMAs (American Music Awards) ។

    នៅក្នុងជំនួបជាមួយអ្នកគាំទ្រ និងអ្នកសារព័ត៌មាន Selena Gomez  បានប្ដូរស្ទីលសក់មកលេងពណ៌ទឹកមាសខ្ចី ស្លៀកឈុតសម្លៀកបំពាក់ស្បែកពណ៌ខ្មៅ បង្ហាញដងខ្លួនតូចច្រឡឹង និងភាពសិចស៊ីដ៏អស្ចារ្យរបស់នាងនៅលើកម្រាលព្រំក្រហមផងដែរ។ តារាចម្រៀងស្រីរូបនេះត្រូវបានអ្នកសារព័ត៌មាន និងអ្នកគាំទ្ររបស់នាងចោមរោមយ៉ាងណែនណាន់តាន់តាប់ព្រោះចង់ដឹង ចង់ឮរាល់ព័ត៌មានដែលទាក់ទងរវាងនាង និងJustin Bieber។ តែជាអកុសល នៅយប់នោះJustin Bieber មិនបានបង្ហាញខ្លួនចូលរួមជាមួយនាងឡើយ ហើយនាងបានត្រឹមតែបង្ហាញវត្តមាន និងថតរូបតែប៉ុណ្ណោះ  មិនបានបកស្រាយព័ត៌មានអ្វីទាំងអស់។

    គួរបញ្ជាក់ផងដែរថា ឈុតសម្លៀកបំពាក់ដែលតារាចម្រៀងស្រីម្នាក់នេះបានប្រើប្រាស់នៅក្នុងកម្មវិធីខាងលើនេះ គឺត្រូវបានរចនាតាមលំនាំស្ទីលឆ្នាំ1941 និងដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពរបស់ Selena Gomez ​និង បណ្ដាតារាល្បីៗទាំងឡាយដែលបានចូលរួមក្នុងកម្មវិធី American Music Awards ទាំងអស់ដូចខាងក្រោមនេះ៕

  • តើ​រៀបការ​រួច គួរ​ទៅ​​ក្រេបចន្ទ​ទឹកឃ្មុំ​នៅឯណា?

    តើ​រៀបការ​រួច គួរ​ទៅ​​ក្រេបចន្ទ​ទឹកឃ្មុំ​នៅឯណា?

    ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​មានន័យ​ត្រូវបាន​បញ្ចប់ ពេលវេលា​ដែល​ត្រូវ​គិតដល់​ទីតាំង​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូ​មែន​ទិ​ក ក៏ត្រូវ​ចូលមក​ដល់​ដែរ។ សម័យ​បច្ចុប្បន្ននេះ ការធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​អាច​ចាត់ទុកថា ជា​រឿង​ដែលមាន​ភាព​សំខាន់​មួយ​ដែរ ព្រោះថា​សម្រាប់​គូស្នេហ៍​ដែល​ទើបតែ​រៀបការ​រួច​ថ្មោងថ្មី​ដូចជា​អ្នក​ទាំងពីរ ការធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ គឺ​ប្រៀបដូចជា ការជួយ​បង្កើន​នូវ​ការចងចាំ​អនុស្សាវរីយ៍​ដ៏​រីករាយ បន្ថែម​ជាមួយនឹង​ភាព​ផ្អែមល្ហែម​ដ៏​សែនមានន័យ​មិនអាច​បំភ្លេចបាន។ “គិត​ចេះតែ​គិត​ហើយ ប៉ុន្តែ​ដូច​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​សោះ​ថា​នឹង​ទៅ​ក្រេបទឹក​ឃ្មុំ​នៅឯណា​ល្អ​នោះទេ?” នេះ​គឺជា​ប្រយោគ​មួយ​ដែល​ស្ថិតនៅក្នុង​ចិត្ត​គូ​ស្វាមីភរិយា​មួយចំនួនមែនដែរ​ទេ? បើ​ដូច្នេះ​ចូរ​សាក​មក​ទទួលយក​ទីតាំង​មួយចំនួន​ដែល ឡា​រ៉ែ​ន បានបង្ហាញ​ជូន​ដូចខាងក្រោម​នេះ ៖

    តំបន់​កម្សាន្ត​លើ​កោះ ៈ អាច​និយាយបានថា ជាទី​តាំង​ល្អ​លេខ​មួយ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ទីតាំង​ក្រេប​ចន្ទ​ទឹកឃ្មុំ​លំដាប់​ល្អ​ដាច់គេ​នោះ។ ជា​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំងជាងគេ​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ការធ្វើដំណើរ​កម្សាន្ត​នៅ​ទីតាំងផ្សេងៗទៀត តែ​ក៏​អាច​នឹងត្រូវ​ចំណាយ​អស់​ច្រើនជាងគេដែរ ប៉ុន្តែ​អ្វីដែល​អ្នកទទួលបាន​ពី​តំបន់​កម្សាន្ត​នៅលើ​កោះ​នោះ ក៏​ស្ទើរតែ​រក​មិនឃើញ​ភាពខ្វះ​ចន្លោះ​ទាល់តែសោះ​ដែរ។ សម្រាប់​ទីតាំង​ពិសេស​បែបនេះ​អ្នក​អាច​នឹក​គិតដល់​តំបន់​មួយចំនួន​ដូចជា កោះ​ម៉ា​ល់​ឌី​វ កោះ​ឡាំង​កា​វី កោះ​តា​ហី​ទី កោះ​បាលី និង​កោះ​សាមុយ​ជាដើម តែបើ​អ្នក​គិតថា​មិន​ចង់ទៅដល់​បរទេស​ទេនោះ អ្នក​អាច​គិតដល់​កោះ​មួយចំនួន​នៅក្នុង​ប្រទេស​យើង​ក៏បាន គឺអាច​ផ្តល់នូវ​ភាព​រ៉ូ​មែន​ទិ​ក​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​រាត្រីច​ន្ទ​ទឹកឃ្មុំ​របស់​អ្នក​ដូចគ្នា។

    តំបន់​មាត់សមុទ្រ ៈ ខ្យល់​ត្រជាក់​បក់​ផាត់​នាំយក​ក្លិន​ដ៏​ប្រហើរ​នៃ​ទឹកសមុទ្រ រួមជាមួយ​នឹង​សំឡេង​រលក​បោក​ច្រាំង​ទាំងថ្ងៃទាំងយប់​ឥតឈប់ឈរ រួម​ជាមួយនឹង​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​សមុទ្រ​នឹង​ជួយ​ធ្វើឱ្យ​ភាព​ផ្អែមល្ហែម​នៃ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ឡើង​មួយកម្រិត​ទៀត ហើយ​បើ​បានទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅលើ​ឆ្នេរ​ខ្សាច់​យ៉ាង​រ៉ូ​មែន​ទិ​ក​ក្រោម​ពន្លឺ​ភ្លើងទៀន និង​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ទៀត​នោះ​គឺ​កាន់តែ​បង្កើន​នូវ​ក្តី​ស្រឡាញ់ និង​ភាព​ផ្អែមល្ហែម​មិនអាច​បំភ្លេច​បានឡើយ។

    តំបន់ភ្នំ ៈ នៅតាម​តំបន់ភ្នំ​ជា​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ មាន​ភាព​ត្រជាក់​ស្រួល ស្ងប់​ស្អា​ត់ មាន​ទេសភាព​ស្រស់ស្អាត មាន​ពណ៌បៃតង​ស្រស់ មាន​សំឡេង​សត្វ​បក្សាបក្សី​ខ្ញា​វ​ខ្ញារ និង​សំឡេង​ទឹកជ្រោះ​ជាត​ន្ត្រី​កំដរ​គូស្នេហ៍​ដែល​ស្រឡាញ់​ចូលចិត្ត​ធម្មជាតិ និង​សម្រាប់​គូស្នេហ៍ដែល​ចូលចិត្ត​ភាពស្ងប់ស្ងាត់​ឱ្យ​កាន់តែ​រ៉ូ​មែន​ទិ​ក មាន​សេចក្តីសុខ និង​មាន​ភាព​រីករាយ​កាន់តែ​ច្រើនឡើង ហើយក៏​ជួយ​ឱ្យ​គូស្នេហ៍​ថ្មោងថ្មី​មាន​ភាព​ពពុះ​ពារ និង​ចេះ​ជួយ​គ្នា​នៅក្នុង​ដំណើរ​ឡើង​ភ្នំ និង​ដើរកាត់​ព្រៃព្រឹក្សា​ផងដែរ ដើម្បីឱ្យ​ទៅដល់
    ​គោលដៅ​មួយ​រួមគ្នា។ នេះ​គឺជា​បទពិសោធ​ថ្មី​ដែល​គូស្នេហ៍​របស់​អ្នក​អាចធ្វើ​រួមគ្នា​ជា​លើកដំបូង​ដ៏​ល្អ​មិនអាច​បំភ្លេចបាន​នៅក្នុង​ជីវិត​គូ​របស់​អ្នក។

    ប្រសិនបើ​អ្នក​មិន​ចង់​ទៅណា​ឆ្ងាយ​រហូតដល់​ឆ្លង​ប្រទេស​ទេនោះ ចូរ​ស្វែងរក​ទីតាំងពិសេសៗនៅក្នុង​ប្រទេស​យើង​ក៏បាន​ដែរ ហើយ​ទីតាំង​ក្នុងប្រទេស​ដែល​និយាយ​នោះ វា​គ្មានអ្វី​ក្រៅពី​តំបន់​សមុទ្រ (ដូចជា ក្រុងព្រះសីហនុ និង​ក្រុងកែប) ឬ​តំបន់​កោះ (ដូចជា កោះ​សង្សារ កោះ​ឫស្សី និងកោះរ៉ុង​សន្លឹម កោះរ៉ុង កោះ​ឋានសួគ៌ កោះទន្សាយ និង​កោះ​ស្តេច​ជាដើម) និង​តំបន់ភ្នំ (ដូចជា ភ្នំ​បូកគោ និង​គីរីរម្យ​ជាដើម)៕

  • កម្ពុជា​ត្រូវបាន UN យក​ធ្វើជា​ប្រទេស​គំរូ​នៅ​តំបន់​អាស៊ី​លើ​ការពង្រឹង​វិស័យ​ឧស្សាហកម្ម

    កម្ពុជា​ត្រូវបាន UN យក​ធ្វើជា​ប្រទេស​គំរូ​នៅ​តំបន់​អាស៊ី​លើ​ការពង្រឹង​វិស័យ​ឧស្សាហកម្ម

    ភ្នំពេញ៖ លោក Machele Clara អ្នកជំនាញ​មកពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) បាន​ជ្រើស​យក​ប្រទេស​កម្ពុជា​ធ្វើជា​ប្រទេស​គំរូ​មួយ​នៅក្នុង​តំបន់​អាស៊ី លើ​ការពង្រឹង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ប្រកបដោយ​ចីរភាព។

    ការយក​ប្រទេស​កម្ពុជា​ធ្វើជា​គំរូ​នៅក្នុង​ចំណោម​ប្រទេស​នានា​នៅ​អាស៊ី  គឺ​កម្ពុជា​មានការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​ដែល​ធ្វើឡើង​តាមរយៈ​ការពង្រឹង​នូវ​យន្តការ​មួយចំនួន​ដូចជា៖ គណនា​ឱ្យឃើញ​នូវ​តម្លៃ​ខ្សែចង្វាក់​ផលិតកម្ម ជំរុញ​ប្រសិទ្ធភាព​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ការកាត់បន្ថយ​បែបបទ​រដ្ឋបាល​ស្មុគស្មាញ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ការបណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ​និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ជាដើម។

    លោក Machele Clara បាន​លើកឡើងថា ការចាត់​ទុកជា​ប្រទេស​គំរូ​នេះ គឺ​កម្ពុជា​ទទួលបាន​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ម្ចាស់ជំនួយ​មួយចំនួន​ជាពិសេស​ពី​ប្រទេស​កូរ៉េ​ក្នុងការ​អនុវត្ត​ភាពជា​ដៃគូ​ដែលមាន​ជំនាញ​ផ្នែក​អភិវឌ្ឍ​ន៏​សួន​ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា«អង្គការ​UNIDOនឹង​ខិតខំ​សហការ​ធ្វើយ៉ាងណា​ជួយ​ពង្រឹងសមត្ថភាព​ស្ថាប័ន ធនធានមនុស្ស ជាពិសេស​សិក្សា និង​កសាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព»។

    ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ UNIDO ដែល​សប្តាហ៍​កន្លងទៅនេះ​បានមក​រៀបចំ​សិក្ខាសាលា​មួយ​ស្តីអំពី​ក្របខ័ណ្ឌ​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (PCP) សម្រាប់​ការស្វែងយល់​នូវ​អ្វី​ជា​ឱកាស និង​ភាព​ប្រឈម​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ព្រមទាំង​ប្រសិទ្ធភាព​នៃ​ការទទួល និង​ប្រើប្រាស់​ជំនួយ​អន្តរជាតិ ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​ស្នើឱ្យ​តំណាង​អង្គការ UNIDO គិតគូរ​លើ​ការកសាង​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​សំដៅលើ​ការធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម។ ជាពិសេស​គឺ​ការទាក់ទាញ​ការវិនិយោគ​ឱ្យចំ​គោលដៅ ជា​ប្រភេទ​ឧស្សាហកម្ម​ដែលមាន​ចរិត​ជា យុទ្ធសាស្ត្រ​ដូចជា៖ វិស័យ​អេឡិចត្រូនិក-គ្រឿងយន្ត​ជាដើម…។ ទាក់ទង​នឹង​ជំនួយ​មូលនិធិ​គាំទ្រ​ពី​ភាគី​កូរ៉េ កម្ពុជា​រំពឹង​សង្ឃឹមថានឹង​ទទួលបាន​នូវ​បទពិសោធ​ចំណេះដឹង និង​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ភាគី​កូរ៉េ​ក្នុង​ការចូលរួម​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ទៅ​មុខជា​លំដាប់៕

  • ការផ្គត់ផ្គង់​អា​ផាត​មិន ក្នុង​រាជធានី​កើនឡើង ខណៈ​តម្រូវ​ការថយចុះ

    ការផ្គត់ផ្គង់​អា​ផាត​មិន ក្នុង​រាជធានី​កើនឡើង ខណៈ​តម្រូវ​ការថយចុះ

    ភ្នំពេញ៖ វា​ជា​រឿង​ធម្មតា​ដែល​នៅពេល​មានការ​ផ្គត់ផ្គង់​កើនឡើង​ច្រើន តម្រូវការ​នៃ​ការប្រើប្រាស់​តែងមាន​ការធ្លាក់ចុះ ជាក់ស្តែង​របាយការណ៍​សិក្សា​ថ្មី​មួយ​បាន​រកឃើញថា កាលពី​ឆ្នាំ​កន្លងទៅ​ចំនួន​អា​ផាត​មិន (Apartment) ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ប្រមាណ​ជា 20% ខណៈដែល​តម្រូវ​ការប្រើ​ប្រាស់​ធ្លាក់ចុះ​រហូតដល់ 8%ឯណោះ។

    យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ដែល​បង្ហាញ​កាលពីពេលថ្មីៗបាន​រកឃើញថា ការផ្គត់ផ្គង់​អា​ផាត​មិន​នៅលើ​ទីផ្សារ​បាន​កើនឡើង​ប្រមាណ​ជា20ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ស្របពេល​ជាមួយ​តម្រូវការ​ប្រើប្រាស់​បាន​ធ្លាក់ចុះ8% ដោយសារ​ការផ្គត់ផ្គង់​អា​ផាត​មិន​កើនឡើង​ច្រើន​នៅលើ​ទីផ្សារ។

    លោក​ឧកញ៉ា​នួន រិទ្ធី​អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​មានប្រសាសន៍​ទទួលស្គាល់​ថា ចំនួន​នៃ​ការផ្គត់ផ្គង់​អគារ​អា​ផាត​មិន​ពិតជា​មានការ​កើនឡើង ហើយ​ចំនួន​តម្រូវ​ការជួល​ស្នាក់នៅ​មានការ​ធ្លាក់ចុះ​ប្រាកដ​មែន ដែល​កន្លងមក​ការជួល​បន្ទប់​អា​ផាត​មិន កាលពី​ឆ្នាំមុន​កើនឡើង​ដល់90% ប៉ុន្តែ​បច្ចុប្បន្ន​តម្រូវការ​បាន​ធ្លាក់​ចុះមក​នៅត្រឹម​ប្រមាណ​ជា 70% ប៉ុណ្ណោះ។

    លោក​ថា អតិថិជន​គោលដៅ​ដែល​ជួល​បន្ទប់​អា​ផាត​មិន​ស្នាក់នៅ មាន​ទាំង​ប្រជាជន​ខ្មែរ និង​បរទេស ហើយ​សម្រាប់​តម្លៃ​ក្រោម1,000ដុល្លារ​ក្នុង​មួយខែ ភាគច្រើន​គឺ​ក្រុម​អ្នកវិនិយោគ​នៅ​អាស៊ី​ស្នាក់នៅ​កម្ពុជា ចំណែក​តម្លៃ​ចាប់ពី1000ដុល្លារ​ឡើងទៅ គឺ​ភាគច្រើន​ជា​អ្នកវិនិយោគ ឬ​ជនបរទេស​មកពី​អឺរ៉ុប។

    ជាមួយគ្នានេះដែរ​លោក សន សៀ​ប ប្រធាន​ក្រុមហ៊ុន Key Real Estate Co.ltd ក៏បាន​ថ្លែង​ទទួលស្គាល់ថា ដោយសារ​ការសង់​អគារ​អា​ផាត​មិន មានការ​ប្រកួតប្រជែង​គ្នា​កាន់​តែមាន​ចំនួនច្រើនឡើងៗ បានធ្វើឱ្យ​ការផ្គត់ផ្គង់​កើនឡើង​ខ្លាំង​នៅ​រយៈពេល​ចុងក្រោយ​នេះ​ដែលជា​ការលំបាក​ក្នុងការ​ស្វែងរក​អតិថិជន​សម្រាប់​ជួល​ស្នាក់នៅ។ លោក​បញ្ជាក់ថា អតិថិជន​គោលដៅ​ជួល​អគារ​ស្នាក់នៅ​គឺជា​ជនបរទេស ចំណែក​ប្រជាជន​ខ្មែរ​មិនទាន់មាន​ទំនោរ​ជួល​បន្ទប់​អា​ផាត​មិន​ស្នាក់នៅ​នោះទេ ភាគច្រើន​ស្នាក់​នៅផ្ទះ​ផ្ទាល់ខ្លួន មិន​សុខចិត្ត​ជួល​គេ​ទេ និង​ស៊ូ​ទិញ​បង់​រំលស់ យូរៗទៅនឹង​ក្លាយជា​កម្មសិទ្ធិ​របស់ខ្លួន។

    គួរ​បញ្ជាក់ថា ចំនួន​អា​ផាត​មិន​ដាក់ចូល​ទីផ្សារ​បាន​កើនឡើង​យ៉ាងខ្លាំង ជាក់ស្តែង​គិត​ត្រឹម​ដំណាច់​ឆ្នាំមុន អា​ផាត​មិន និង​ខុន​ដូ​ចំនួន 292 គម្រោង និង​មានផ្ទះ​ចំនួន​ប្រមាណ10,000 យូ​នី​ត​បានដាក់​ចូលទៅក្នុង​ទីផ្សារ៕

  • ក្រុមតារាចម្រៀង Original Song ត្រៀមប៉ះកំពូលតារាកូរ៉េ CL នៅកោះពេជ្រ

    ក្រុមតារាចម្រៀង Original Song ត្រៀមប៉ះកំពូលតារាកូរ៉េ CL នៅកោះពេជ្រ

    នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017នេះ តាមរយៈសន្និសីទសារព៏ត៌មាននៅក្នុងបរិវេណអគារក្រុមហ៊ុន Smart បានឱ្យដឹងថា ក្រុមតារាចម្រៀង Original Song ជាច្រើនដួងរួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ….​នឹងប៉ះគ្នាជាលើកដំបូងជាមួយកំពូលតារាចម្រៀងកូរ៉េ កញ្ញា CL នៅលើឆាកប្រគំតន្រ្តីខ្នាតយក្សក្នុងបរិវេណកោះពេជ្រដែលនឹងប្រារព្ធឡើង នៅថ្ងៃទី9 ខែធ្នូ ខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីខ្នាតអន្តរជាតិនេះត្រូវបានផ្តួចផ្ដើមជាពិសេសពីក្រុមហ៊ុន Smart សហការជាមួយ HD&S Media Group ដែលជាភ្នាក់ងារមួយមានឯកទេសជំនាញខាងរៀបចំផែនការក្នុងប្រព័ន្ធផ្សព្វផ្សាយ ផលិតភាពយន្ដ និងការគ្រប់គ្រងការប្រគំតន្ត្រី៕

     

  • កូន​មិន​ស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវ​ប្រញាប់​បណ្ដុះ​និស្ស័យ4យ៉ាងនេះ​ឱ្យបាន​មុន​អាយុ8ឆ្នាំ!

    កូន​មិន​ស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវ​ប្រញាប់​បណ្ដុះ​និស្ស័យ4យ៉ាងនេះ​ឱ្យបាន​មុន​អាយុ8ឆ្នាំ!

    កូន​មិនសូវ​ស្ដាប់បង្គាប់​ឪពុកម្ដាយ ទង្វើ​នេះ​នឹង​ចាប់ផ្ដើម​ធ្ងន់ធ្ងរ​ឡើង​មែនទែន​នៅពេល​កូន​ឈានចូល​ដល់​វ័យ8-12ឆ្នាំ ដែលជា​អំឡុង​វ័យ​នៃ​ការ​មាន​ឥស្សរភាព​ក្នុងការ​សម្រេចចិត្ត ព្រោះ​កុមារ​ក្នុង​វ័យ​នេះ​នឹង​ចាប់ផ្ដើម​ចេះ​គិត និង​មាន​បុគ្គល​ភាពជា​របស់​ខ្លួនឯង​ច្បាស់លាស់ មើល​អ្វី​ជុំវិញខ្លួន និង​សម្រេចចិត្ត​តាមបែប​របស់​ខ្លួនឯង ដោយ​មិនចាំបាច់​ឆ្លងកាត់​ការយល់ឃើញ​ពី​មនុស្ស​ចាស់​ឡើយ។ ថ្ងៃនេះ​ទំព័រ​គ្រួសារ​របស់​ទស្សនា​វ​ដ្តី ឡា​រ៉ែ​នសូម​អនុញ្ញាត​ពាំនាំ​ពាក្យ​ណែនាំ​ពី​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​គ្រួសារ និង​កុមារ​ដែល​បាន​រៀបរាប់​យ៉ាង​លម្អិត ព្រមទាំង​ដំបូន្មាន​សម្រាប់​ឪពុកម្ដាយ ក្នុងការ​ចិញ្ចឹម​ថែទាំ​កូន​ជាមួយនឹង​ជំនាញ4យ៉ាងសំខាន់ៗដែល​គួរតែ​បង្ហាត់បង្រៀន​កូន​ឱ្យបាន​មុននឹង​កូន​ឈានទៅដល់​អាយុ8ឆ្នាំ​មក​ជូនជ្រាប​ជា​ចំណេះដឹង​ដូចតទៅ។

    1- សាង​ទម្លាប់​ឱ្យ​ស្រឡាញ់​ការអាន

    នៅពេលដែល​កូន​មាន​ទម្លាប់ និងឧបនិស្ស័យ​នេះហើយ នឹង​ជួយ​បន្ធូរ​កម្លាំង​ឪពុកម្ដាយ​បាន​ច្រើនណាស់ ដែល​សំខាន់​នោះ​គឺ ក្នុងពេលដែល​កូន​ចាប់ផ្ដើម​ចេះ​គិត ចេះ​សម្រេចចិត្ត និង​សម្លឹងអ្វីៗជុំវិញខ្លួន​ដោយ​ទស្សនៈ​របស់គេ​ហើយ។ គឺជា​វិធី​មួយទៀត​ដែល​កូន​នឹង​បានទទួល​ឥទ្ធិពល​ខាង​ការគិតល្អៗ និង​ពេលដែល​កូន​ស្ដាប់​យើង​កាន់តែ​តិចនិង​ចង់​ស្ដាប់​អ្នកដទៃ​ច្រើនឡើង​នោះ សៀវភៅល្អៗជួយ​ផ្លាស់​ប្ដូរជីវិត រឹតតែ​ក្នុង​យុគសម័យ​ដែលមាន​ព័ត៌មានល្អៗ ងាយស្រួល​ចូលដល់​ផង​នោះ យើង​ចង់​អភិវឌ្ឍ​ជីវិត​លើ​ផ្នែក​ណាមួយ ក៏​អាន​សៀវភៅ​របស់​អ្នក​ដែល​ជោគជ័យ​ក្នុង​រឿង​នោះ។ ចង់​ជោគជ័យ​ក្នុង​ជីវិត ក៏មាន​សាស្ត្រា​នៃ​ភាពជោគជ័យ​ឱ្យ​អាន ចង់​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ការងារ សម្ពន្ធភាព សុខភាព ចិត្ត​វិញ្ញាណ គ្រប់យ៉ាង​សុទ្ធ​តែមាន​ឯកសារល្អៗទាំងអស់។ បើ​កូន​ស្រឡាញ់​ការអាន​ ហើយ​បាន​អនុវត្ត​ទៀតផង​នោះ ជីវិត​នឹង​ពេញ​ទៅដោយ​សេចក្ដីសុខ បាន​ជោគជ័យ​ដូច​បំណង មាន​ពេលវេលា មាន​កម្លាំង និង​បាន​ចែករំលែក​រឿងល្អៗដល់​សង្គម​ទៀតផង​ក៏​អាច​ថា​បានដែរ។

    2 បង្ហាត់​ជំនាញ​ពី​ការធ្វើជា​ម្ចាស់​លើ​អារម្មណ៍​ខ្លួនឯង

    រឿង​សំខាន់​មួយ​ដែល​ត្រូវតែមាន​គឺ “ជំនាញ​នៃ​ការគ្រប់គ្រង​ខ្លួនឯង” គឺជា​ឧបនិស្ស័យ​មួយ​សំខាន់​ខ្លាំងណាស់​ដែល​មនុស្ស​ជោគជ័យ​ត្រូវតែមាន។ ចាប់ផ្ដើម​ពី​ចំណុច​ទី6 នៅក្នុង​សៀវភៅ​ពេទ្យ និង​ការហ្វឹកហាត់ កុមារៗតាមរយៈ​ស្ថានការណ៍​ក្នុង​ជីវិត​ប្រចាំថ្ងៃ។ កុមារ​ដែលមាន​ជំនាញ​នៃ​ការធ្វើជា​ម្ចាស់​លើ​អារម្មណ៍ នឹង​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បានល្អ មិន​ថា​ផ្នែក​ណាក៏ដោយ។ គ្រប់គ្រង​ខ្លួនឯង​តទល់​នឹង​កម្លាំង​ជំរុញ​ឱ្យ​ចង់​លេង​ហ្គេម ចង់​ទិញ​នេះ​ទិញ​នោះ ខឹងក្រេវក្រោធ​ពេល​ត្រូវ​អ្នកដទៃ​ថាឱ្យ ឬ​អ្នកដទៃ​ធ្វើបាប​ជាដើម ក្មេង​ដែលមាន​ជំនាញ​លើ​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង នឹង​ចេះ​អត់ទ្រាំ ចេះ​រង់ចាំ និង​ចេះ​ចាត់ការ​ដោយ​សន្តិវិធី។ ជំនាញ​នេះ​អាច​មិន​បានមកភ្លាមៗក្នុង​វ័យ​នេះ​ទេ តែបើ​មាន​គ្រឹះ​មូលដ្ឋាន​ដែល​ល្អ​ហើយ នឹង​ទទួលបាន​ជោគជ័យ 50%មុន​បាត់ទៅហើយ។

    3- ជំនាញ​នៃ​ការធ្វើជា​ម្ចាស់​លើ​តិច​ណូ​ឡូ​ជី

    មុននឹង​យើង​ចង់​ប្រគល់ឱ្យ ឬអាណាព្យាបាល​ខ្លះ​នឹង​ប្រគល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទៅឱ្យ​កូន យើង​ត្រូវប្រគល់​ជំនាញ​នេះ (ជំនាញ​នៃ​ការធ្វើជា​ម្ចាស់​លើ​តិច​ណូ​ឡូ​ជី) ឱ្យទៅ​កូន​ជាមុនសិន ព្រោះ​តិច​ណូ​ឡូ​ជី​ត្រូវបាន​ច្នៃ​ម៉ូដ​ឡើង​ឱ្យ​មនុស្ស​ចាប់អារម្មណ៍ ឱ្យ​មនុស្ស​ចូលចិត្ត​លេង ចង់​ប្រើ​ម្ដង​ហើយ​ម្ដងទៀត​ហ្នឹងឯង។ សាក​ល្បងមើល​មនុស្ស​ធំ​ក្នុង​យុគសម័យ​នេះ​ចុះ យើង​ខ្លួនឯង​នៅ​ពិបាក​គ្រប់គ្រង​ខ្លួនឯង​ផង ចុះ​ទម្រាំ​ក្មេង​ដែល​នៅ​មិនទាន់​បានទទួល​ការហ្វឹកហាត់​ការគ្រប់គ្រង​ខ្លួនឯង​ផង​នោះ នឹង​ទៅជា​យ៉ាងណា? ដូច្នេះ​បើ​បង្ហាត់​កូន​ឱ្យ​ចេះ​ប្រើ ចេះ​ស្វែងរក​ចំណេះ និង​ចេះ​ធ្វើជា​ម្ចាស់​លើ​តិច​ណូ​ឡូ​ជី​នឹងមាន​ប្រយោជន៍​ច្រើនណាស់​ចំពោះ​ជីវិត។

    4- ជំនាញ​នៃ​ការធ្វើជា​ចៅហ្វាយនាយ​របស់​លុយ

    កុមារ​គួរតែ​បានទទួល​ការបង្ហាត់បង្រៀន​ពី​ការមើលឃើញ​ពី​គុណ​តម្លៃ​របស់​អ្វីដែល​យើង​មាន។ កុមារ​គួរតែ​បាន​ស្គាល់​ពាក្យ​ថា “ចាំបាច់” និង “តម្រូវការ”។ កុមារ​គួរតែ​បាន​រៀន​យល់ដឹង​ពី​ការគ្រប់គ្រង​ចាត់ចែង​លុយកាក់ ដោយមាន​ម្ដាយ​នៅចាំ​មើលថែទាំ និង​ឱ្យអំណាច​បន្តិចម្ដងៗក្នុងការ​ប្រើប្រាស់​លុយកាក់​របស់គេ​ម្ដងបន្តិច។ ជំនាញ​ក្នុង​រឿងនេះ លទ្ធផល​ដែល​នឹង​តាម​មក​គឺ កុមារ​នឹង​បានដឹង​ពី​គុណ​តម្លៃ​របស់​ប្រាក់ ដឹងថា លុយកាក់​មាសប្រាក់​មិនមែន​ធ្លាក់​ចុះមក​ពីលើ​មេឃ​ទេ ចេះ​គ្រប់គ្រង​ការគិត មានគំនិត​ច្នៃប្រឌិត​លើ​ការចាយវាយ​លុយ ដើម្បីឱ្យ​កើតមាន​ក្តី​មោទនភាព​លើ​ខ្លួនឯង​នាពេល​អនាគត៕

  • ភរិយាស្ថាបនិកក្រុមហ៊ុន Snap Chart កំពុងតាំងគភ៌បុត្រដំបូង

    ភរិយាស្ថាបនិកក្រុមហ៊ុន Snap Chart កំពុងតាំងគភ៌បុត្រដំបូង

    តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយឱ្យដឹងនាពេលថ្មីៗនេះថា តារាស្រីល្បីឈ្មោះ Miranda Kerr កំពុងតែតាំងគភ៌បុត្រដំបូងជាមួយនឹងស្វាមីនាង គឺស្ថាបនិកក្រុមហ៊ុន Snap Chart Inc ជនជាតិរុស្ស៊ីលោក Evan Speigel។

    គួរំឭកផងដែរថា តារាស្រីវ័យ 36 ឆ្នាំរូបនេះ ធ្លាប់មានកូនប្រុសម្ដងរួចមកហើ់យជាមួយអតីតស្វាមីនាងគឺ តារាហូលីវូដរូបសង្ហា លោក Orlando Bloom តាំងពីឆ្នាំ2013 និងរហូតទល់ពេលនេះ កូនប្រុសនោះមានឈ្មោះថា Flynn Christopher Bloom មានអាយុ 4 ឆ្នាំហើយ ព្រមទាំងរស់នៅ និងស្ថិតក្រោមការមើលថែទាំ បីបាច់ពីសំណាក់នាង Miranda ផ្ទាល់។

    គួរបញ្ជាក់ផងដែរថា ក្រោយពីបានរៀបអាពាហ៍ពិពាហ៍កាលពីប៉ុន្មានខែមុនរួចមក បច្ចុប្បន្នតារាស្រីរូបនេះកំពុងតាំងគភ៌បុត្រដំបូងបាន 6 ខែហើយ និងមិនទាន់បានបញ្ជាក់បន្ថែមនៅឡើយថា ជាកូនស្រី ឬប្រុសនោះទេ៕

     

  • ហេតុផល​ឆ្លាត​វៃ​មួយចំនួន​បង្ហាញថា ក្មេង​តូច​គួរ​សិក្សា​ពី​ហិរញ្ញវត្ថុ

    ហេតុផល​ឆ្លាត​វៃ​មួយចំនួន​បង្ហាញថា ក្មេង​តូច​គួរ​សិក្សា​ពី​ហិរញ្ញវត្ថុ

    ការចាយវាយ​របស់កូនៗជា​រឿង​ដែល​អាណាព្យាបាល​កំពុង​បារម្ភ ហើយ​មានពេលខ្លះ​ក៏​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ស្វែងរក​ការប្រឹក្សា​យោបល់ ឬ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ការចាយវាយ​របស់​ពួកគេ ខណៈ​អ្នក​ខ្លះទៀត​ចង់ឱ្យ​កូន​យល់​ពី​ការលំបាក​របស់ខ្លួន​ដែល​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​រកលុយ តែ​កូន​ចាយវាយ​ច្រើន​ដោយ​មិនសូវ​ខ្វល់​ជាដើម។

    ជាទូទៅ គេ​រកឃើញថា បញ្ហា​ទាំងអស់នេះ​កើតចេញពីកូនៗទាំងអស់នោះ​មិនមាន​ទម្លាប់​ក្នុងការ​សន្សំ​ប្រាក់ ឬ​មិន​យល់​ពី​ការរៀបចំ​ផែនការ​នៅពេលដែល​ពួកគេ​មាន​វ័យក្មេង ហេតុនេះ​ទើប​ឡា​រ៉ែ​ន បាន​ដកស្រង់​នូវ​ចំណុចសំខាន់ៗមួយចំនួន​ពី​ការស្រាវជ្រាវ​របស់​ស្ថាប័ន​មួយចំនួន​មក​ជម្រាបជូន​ពី​ហេតុផល​ក្នុងការ​ជំរុញ​ក្មេង​តូច​ឱ្យ​សិក្សា​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាំងពី​វ័យក្មេង។

    1.ក្មេង​អាយុ 5ឆ្នាំ​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀន​សន្សំ

    តាម​ការស្រាវជ្រាវ​រប​ស់​ស្ថាប័ន Customer Financial Protection Bureau (CFPB) បាន​បង្ហាញថា ក្មេង​អាច​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​សន្សំ​ប្រាក់​ចាប់ពី​អាយុ 5ឆ្នាំ​ឡើងទៅ ហេតុនេះ​អាណាព្យាបាល​គួរ​បណ្តុះ​គំនិត​នៃ​ការ​សន្សំ​ដោយ​ការផ្តល់​ឱ្យនូវ​កូនជ្រូក​សន្សំ​លុយ (Piggy Bank) ឬ​គណនេយ្យ​សន្សំ​ដែល​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ចេះ​សន្សំ​ប្រាក់​ដោយ​ខ្លួនឯង។ ជាការ​កត់សម្គាល់ នៅពេលដែល​ក្មេង​តូច​ម្នាក់​មាន​ទម្លាប់​សន្សំ​ប្រាក់ គាត់​បាន​ស្គាល់​នូវ​រសជាតិ​នៃ​ការគ្រប់គ្រង​លុយកាក់ ហើយ​គាត់​អាច​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ចេះ​គ្រប់គ្រង​លុយកាក់​បានល្អ ឬ​មាន​គម្រោង​ក្នុងការ​បង្កើត​លុយ​ថែម​ទៀតផង​នៅពេលដែល​ពួកគេ​ចូលដល់​វ័យ​កណ្តាល។ ការដែល​កុមារ​ចម្រើន​វ័យ​ជាមួយនឹង​លុយ​សន្សំ​ដែល​គាត់​មាន​ស្រាប់ គាត់​អាច​នឹងមាន​អ្វី​គ្រប់យ៉ាង​ដែល​គាត់​ចង់បាន​សម្រាប់​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់គាត់ ហើយ​ការចាយវាយ​របស់គាត់​ក៏​នឹង​ហ្មត់ចត់​ត្រឹមត្រូវ ហើយ​ចំ​គោលដៅ​ល្អ ព្រោះ​គាត់​យល់ច្បាស់​ពី​តម្លៃ​នៃ​ពេលវេលា និង​លុយ​ដែល​គាត់​ខំ​សន្សំ​តាំងពី​តូច​មក​នោះ។

    2.ក្មេង​អាច​ចង់បាន​ដំបូន្មាន​ច្រើនជាង​លុយកាក់​នៅពេលដែល​គេ​ចូលចិត្ត​សន្សំ​ប្រាក់

    អាណាព្យាបាល​ជាច្រើន​ប្រហែលជា​ផ្តល់រ​ង្វាន់​ដល់​កូន​ជា​លុយកាក់ ឬ​ជា​របស់របរ​ដែល​ចំណាយលុយ​ទិញ។ របស់​ទាំងអស់នេះ​អាចជួយ​ឱ្យ​កូន​សប្បាយចិត្ត តែ​ពេលខ្លះ​មិន​ប្រាកដថា អាចជួយ​គេ​បាន​ច្រើន​នោះទេ តែ​ពេលខ្លះ​អាណាព្យាបាល​អាច​ចំណាយលុយ​តិច តែ​បាន​ផល​ច្រើន​ចំពោះ​ការផ្តល់​មេរៀនល្អៗដល់​ក្មេង។ នៅពេលដែល​ក្មេង​យល់​ពី​តម្លៃ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឬ​ការ​សន្សំ​ផ្ទាល់ខ្លួន អាណាព្យាបាល​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​ថវិកា​មួយចំនួន ជាមួយនឹង​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយចំនួន​ក្នុងការ​សន្សំ​ប្រាក់​ដែល​ពួកគេ​មិន​ធ្លាប់​ដឹង​ពីមុនមក។ ការធ្វើ​បែបនេះ អាចជា​រង្វាន់​យ៉ាង​ល្អ​ដែល​ក្មេង​អាច​ចេះ​ទាំង​ទ្រឹស្តី និង​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​រីករាយ ព្រោះថា នៅពេលដែល​យើង​ផ្តល់ឱ្យ​គាត់​នូវ​លុយ​សន្សំ បង្ហាញ​វិធី​ក្នុងការ​សន្សំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ហើយ​ទុកឱ្យ​គាត់​ជា​អ្នកអនុវត្ត​ដោយ​ខ្លួនឯង ហើយ​ទទួលបាន​លទ្ធផល​នោះ គាត់​នឹង​រីករាយ​ក្នុងការ​សន្សំ​នោះ​ដោយ​ជក់ចិត្ត។ ការដែល​ទុក​ឱកាស​ក្នុងការ​សម្រេចចិត្ត​ខ្លះ​ដល់​ក្មេងតូចៗ និង​ឱ្យ​គាត់​ដឹង​ពី​ចំនួន​លុយ​ច្បាស់លាស់​របស់គាត់​ផ្ទាល់​ផង អាចធ្វើឱ្យ​គាត់​កាន់​តែមាន​ចំណង់​កាន់តែខ្លាំង​ក្នុងការ​សន្សំ​ប្រាក់​នេះ។

    3.អាណាព្យាបាល​នឹង​លែង​សូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន​នៅ​វ័យ​ជំទង់ បើ​គេ​ចេះ​សន្សំ​ប្រាក់​ពី​តូច

    អាណាព្យាបាល​ជាច្រើន​តែងតែ​បារម្ភ​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​កូន ឬ​ចូលខ្លួន​ទៅ​ជ្រៀតជ្រែក​លើ​ការសម្រេចចិត្ត​នានា​ពាក់ព័ន្ធ​នឹង​លុយកាក់​របស់​កូន។ ការធ្វើ​បែបនេះ​គឺអាច​ធ្វើឱ្យ​គាត់​ទុកចិត្ត តែ​គាត់​នឹង​បាត់បង់​ឱកាស​ក្នុងការ​ផ្តល់ឱ្យ​កូន​នូវ​ភាពចាស់ទុំ​ពិតប្រាកដ​ផ្នែក​ហិរញ្ញវត្ថុ ហេតុនេះ​ការដែល​តាមដាន និង​ឃ្លាំមើល​ក្មេង​ពី​តូច អាចធ្វើឱ្យ​អាណាព្យាបាល​មិនសូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន។

    ក្មេងៗដែលមាន​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​មនុស្ស​ដែល​ចង់បាន​ឱកាស​ច្រើន​ក្នុងការ​សម្រេចចិត្ត​ចាយវាយ ព្រោះ​ពួកគេ​ជឿ​លើ​សមត្ថភាព​របស់ខ្លួន និង​មាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ដែល​អាចធ្វើឱ្យ​ឪពុកម្តាយ​មានការ​ទុកចិត្ត។ គាត់​អាច​នឹង​សួរ​ច្រើន​ទៅកាន់​ឪពុកម្តាយ ឬ​សុំ​ការពិភាក្សា​មុនពេល​ចាយវាយ​លើ​របស់​ដែលមាន​តម្លៃ ដោយ​មិនចាំបាច់​ឱ្យ​អាណាព្យាបាល​បារម្ភ​នោះទេ៕

  • កម្ពុជា​ចាត់វិធានការសំខាន់ៗ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ

    កម្ពុជា​ចាត់វិធានការសំខាន់ៗ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ

    ភ្នំពេញ – កម្ពុជា​កំពុងមាន​ការព្រួយបារម្ភ និង​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ការកើនឡើង​នៃ​កម្ដៅ​ផែនដី  កម្ពុជា​បានបង្ហាញ​ពី​ជំហរ និង​ឆន្ទៈ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ចូលរួម​ទប់ស្កាត់​នៃ​ការប្រែប្រួល​អាកាសធាតុ ខណៈ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​បញ្ជាក់ថា ទឹកជំនន់ ខ្យល់ព្យុះ និង​អគ្គិភ័យ បានកើត​ឡើងជា​ញឹកញាប់ និង​កាន់តែ​សាហាវ​ដែល​កំពុង​វាយប្រហារ​ពិភពលោក។

    ការលើកឡើង​បែបនេះ​ធ្វើឡើង​នៅពេល​ឯកឧត្តម ឃុ​ត ចាន់​ដា​រ៉ា តំណាង​ប្រតិភូ​នៃ​វិស័យ​បរិស្ថាន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​វិស័យ​បរិស្ថាន​ចូលរួម​ក្នុង​សន្និសីទ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី23 (COP23) ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី6 ដល់17 ខែវិច្ឆិកា ឆ្នាំ2017កន្លងមក នៅ​ទីក្រុង​បោ​ន សាធារណរដ្ឋ​អាល្លឺម៉ង់។

    ឯកឧត្ដម ឃុ​ត ចាន់​ដា​រ៉ា បានបញ្ជាក់​ពី​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការផ្តល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​បាន​ដាក់ជូន​នូវ​ផែនការ​ជាតិ​រួមចំណែក​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (NDC)។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ផ្តល់នូវ​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ទិសដៅ​ផែនការ​របស់ខ្លួន​ដែល​នឹង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន 27%ត្រឹម​ឆ្នាំ 2030 នឹង​សន្យា​បង្កើន​ចំនួន​ព្រៃឈើ​នៅក្នុង​ប្រទេស​ឲ្យ​បាន​ចន្លោះ​ពី 47 ទៅ 60 ភាគរយ។

    ក្នុងនោះ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការសំខាន់ៗមួយចំនួន​ដូចខាងក្រោម៖

    (1) ការកសាង​សមត្ថភាព​ស្ថាប័ន
    (2) ការរៀបចំ និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា
    (3) ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការអភិវឌ្ឍន៍
    (4) ការ​កៀរគរ​ធនធាន
    (5) ការអភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល
    (6) ការអភិរក្ស​ព្រៃឈើ
    (7) ការអនុវត្ត​គម្រោង​នានា​សំដៅ​កសាង​ភាព​ធន់​របស់​សហគម​ន៍ និង​របរ​ចិញ្ចឹមជីវិត​ដែលមាន​និរន្តរភាព។

    វិធានការ​នេះ​នឹងចូលរួម​ចំណែក​ធានា​ឱ្យបាន​លើ​ការអភិវឌ្ឍ​ដោយ​ចីរភាព ផ្តោតលើ​ការធានា​សន្តិសុខ​ថាមពល ទឹក និង​ស្បៀងអាហារ ការកែលម្អ​សុខភាព ការកសាង​សមត្ថភាព ការផ្ទេរ​បច្ចេកវិទ្យា ការទទួលបាន​នូវ​ធនធាន​ហិរញ្ញវត្ថុ និង​ការកាត់បន្ថយ​ភាពក្រីក្រ និង​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់៕