Category: សង្គម និងសេដ្ឋកិច្ច

  • Chocolate Hillsបណ្ដុំ​កូនភ្នំ​ចម្លែក​នៃ​កោះ បូ​ហល ហ្វ៊ី​លី​ពី​ន

    Chocolate Hillsបណ្ដុំ​កូនភ្នំ​ចម្លែក​នៃ​កោះ បូ​ហល ហ្វ៊ី​លី​ពី​ន

    ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ានរបស់​យើង​មួយទៀត​ដែលមាន​តំបន់ស្អាតៗគួរឱ្យ​ចង់ទៅ​កម្សាន្ត​ជាច្រើន​កន្លែង មិនថាតែ​ឆ្នេរ បូរ៉ា​ហ្គា​យ ដ៏​ស្រស់ស្អាត និង​ល្បីល្បាញ​នោះទេ តែ​ក៏​នៅមាន​ទីកន្លែង​ដែល​ចម្លែក​ភ្នែក​មួយទៀត​ដែល​កើតឡើង​ពី​ការបង្កើត​របស់​ធម្មជាតិ ថែមទាំង​មានឈ្មោះ​ដូចគ្នា​នឹង​ស្ករ​គ្រាប់​ទៀតផង គឺ សូកូឡា ហៀ​ល។ តើ​ទីនោះ​មាន​អ្វី​ខ្លះទៅ ទំព័រ​ទេសចរណ៍​ឡា​រ៉ែ​ន នឹង​នាំ​មិត្ត​អ្នកអាន​ទៅ​ទស្សនា​ទាំងអស់គ្នា…។សូកូឡា ហៀ​ល (Chocolate Hills) ស្ថិតនៅលើ​កោះ បូ​ហល ប៉ែក​ខាងកើត​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន។ កោះ​នេះ​មានឈ្មោះ​ថា​ជា​កោះ​ដែល​ធំជាងគេ​បំផុត​របស់​ហ្វ៊ី​លី​ពី​ន មាន​ភាពស្រស់ស្អាត​តាម​ធម្មជាតិ​ដែល​ល្អឥតខ្ចោះ។ ឆ្នេរសមុទ្រ​ត្រូវបាន​ក្រាល​ដោយ​ខ្សាច់​ពណ៌​សក្បុស មានសម្បត្តិ​ធម្មជាតិ​ក្រោម​សមុទ្រ​ដ៏​សែន​ស្រស់ស្អាត ដែល​អ្នក​មុជទឹក​ទាំងឡាយ​តែង​នឹក​ស្រមៃ​ចង់​ទស្សនា តែ​ទីកន្លែង​ដែល​ធ្វើឱ្យ បូ​ហលមាន​លក្ខណៈ​ឯក លេចធ្លោ​ខុសពី​ទីកន្លែង​ផ្សេងទៀត​នោះ​គឺ ដែនដី​មួយ​នេះឯង។

    ទ្រង់ទ្រាយ​របស់ សូកូឡា ហៀ​ល គឺជា​កូនភ្នំតូចៗ ជា​រាង​សាជី​ផ្កាប់ ដែលមាន​លក្ខណៈ​ហាក់ដូចជាប៉ុនៗគ្នា រៀង​គ្នា​ជា​ជួរ​ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ គ្របដណ្ដប់​លើ​ផ្ទៃដី​ជាង50គីឡូម៉ែត្រ​ការ៉េ ដែល​គេ​ប៉ាន់​ស្មានថា មាន​ចំនួន​ប្រមាណ​ជា1,260 ទៅ 1,776កូនភ្នំ។ កម្ពស់​ជា​មធ្យម​គឺ​ប្រមាណ​ជា30-50ម៉ែត្រ ចំណែក​កូនភ្នំ​ដែល​ធំជាងគេ​បំផុត​មាន​កម្ពស់120ម៉ែត្រ។ គ្រោង​សាង​កូនភ្នំ​ទាំងនេះ​គឺជា​ថ្មកំបោរ ដែល​គ្របដណ្ដប់​ដោយ​ដើម​ស្មៅ ដោយ​កូនភ្នំ​ទាំងនេះ​កើត​ពី​ស្នាដៃ​របស់​ធម្មជាតិ​ដ៏​អស្ចារ្យ​ពន់ពេក។ ចំណែក​ប្រភព​នៃ​ឈ្មោះ​ដែល​ហៅថា ភ្នំ​ស្ករ​សូកូឡា​នេះ គឺ​មកពី​វា​មាន​រូបរាង​លក្ខណៈ​ស្រដៀង​នឹង​គ្រាប់ស្ករ​សូកូឡាមូលតូចៗជាច្រើន​ដុំ​ដែល​មក​រួមគ្នា​នៅក្នុង​កន្លែង​តែមួយ​ហ្នឹងឯង។

    ចំណែក​ប្រវត្តិ​ដែល​ធ្វើឱ្យ​កើតជា​កូនភ្នំ​តូចធំ​ឡើង​ចំនួន​ច្រើន​បែបនេះ គេ​នាំគ្នា​និយាយថា កាលពី​យូរលង់​ច្រើន​លាន​ឆ្នាំមុន នៅ​បរិវេណ​នោះ​គឺជា​ផ្ទៃ​មហាសមុទ្រ ហើយ​នេះ​គឺ​ជួរ​ផ្កាថ្ម​ដ៏​សែន​សម្បូរបែប ក្រោយមក​ទឹកសមុទ្រ​បាន​កើតការ​រីងស្ងួត​ហួតហែង​អស់ បន្ទាប់ពី​នោះមក​ក៏​កើតមាន​ការកកើត​ការ​ពូ​នគរ​របស់​ថ្មកំបោរ​ឡើង​រហូត​ក្លាយជា​កូនភ្នំ​ទាំងនោះ។

    តែបើ​តាម​រឿងរ៉ាវ​និទាន​របស់​អ្នក​ស្រុកភូមិក្បែរៗនោះ​វិញ គេ​នាំគ្នា​តំណាល​ថា កាលពី​ច្រើន​លាន​ឆ្នាំមុន មាន​យក្ស2ក្បាល តែងតែ​ឈ្លោះ​គ្នា​ជាប្រចាំ ពេល​ខឹងសម្បា ក្រេវក្រោធម្ដងៗ តែងតែ​លើក​ដុំថ្មធំៗគប់​ដាក់គ្នា។ ឈ្លោះ​គ្នា​គ្មាន
    ​លស់​ថ្ងៃ​រហូតដល់​ធុញទ្រាន់ ក៏​បែរមក​ចរចា​ត្រូវរ៉ូវ​គ្នា និង​បានក្លាយ​មិត្តសម្លាញ់​នឹង​គ្នា​វិញ​នៅ​ទីបំផុត។ បន្ទាប់ពី​នោះមក​មហា​យ​ក្ស​ទាំង2 មិន​ព្រម​បោសសម្អាត​ទីកន្លែង​ដែល​ខ្លួន​ធ្លាប់​លើក​ដុំថ្ម​គប់​ដាក់គ្នា​នោះឡើយ ទើប​វា​ក្លាយជា​គំនរ​ថ្ម និង​ដី​ដែលមាន​ចំនួន​ដ៏​ច្រើន​មហាសាល​ឱ្យ​យើង​បាន​ទស្សនា​នៅថ្ងៃនេះ។ឯ​រឿង​មួយទៀត​បាន​តំណាល​ថា គឺជា​សោកនាដកម្ម​រ៉ូ​មែន​ស៍ ដែល​បង្កឡើង​ដោយ​មហា​យក្ស​មួយ​ក្បាល​ដែល​លង់​ស្នេហ៍​នឹង​នារី​ម្នាក់ តែ​ក្រោយមក​នារី​ម្នាក់​នោះបាន​ស្លាប់ចោល ធ្វើឱ្យ​មហា​យក្ស​ខូចចិត្ត​សោកស្ដាយ ក៏​ស្រែក​ទួញ​សោក​ទ្រហោយំ រហូត​ទឹកភ្នែក​ក្លាយជា​កូនភ្នំ​ទាំងនោះ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។

    ទោះជា​មានរឿង​តំណាល​ពី​ប្រវត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដុំ​ភ្នំ សូកូឡា ហៀ​ល នេះ​ជាច្រើន​រឿង​ក៏ដោយ តែ​ទីបំផុត​ទៅ ទ្រឹស្ដី​ខាង​ធរណីវិទ្យា មើលទៅ​ហាក់ដូច​ជាមាន​ភាព​ពិត​ត្រឹមត្រូវ​ជាមួយនឹង​ចម្លើយ​ខ្លាំង​បំផុត តែ​ក៏​នៅតែមាន​ចំណុច​សង្ស័យ​ដដែល​ថា តើ​វាគរ​ពីលើ​គ្នា​យ៉ាងណា បានក្លាយ​ជា​រូប​សាជី​ផ្កាប់​ដែលមាន​ទំហំ​សឹងតែប៉ុនៗគ្នា​ដល់​ថ្នាក់​នេះ? ដែល​សូម្បីតែ​អ្នកជំនាញការ​ក៏​មិនទាន់​រក​ចម្លើយ​ច្បាស់លាស់​ឃើញ​នៅឡើយ​ដែរ…៕

  • Kane សាទរ​ជ័យជម្នះ​របស់ Spurs ខណៈ Real លត់ APOEL ចាស់ដៃ

    Kane សាទរ​ជ័យជម្នះ​របស់ Spurs ខណៈ Real លត់ APOEL ចាស់ដៃ

    ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham  Hotspur បានសាទរចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ធំមួយនៃក្រុមរបស់គេ តាមរយៈការបញ្ចប់ដោយការឈរលេខ១លើពូ H ក្នុងក្របខ័ណ្ឌ Champions  League ក្រោយពីបានវាយបកដើម្បីផ្តួលក្រុម Borussia Dortmund 2-1

    Spurs មាន​សុវត្ថិភាព​ក្នុងការ​ឈរ​លេខ1ក្នុង​ពូ​ល H ក្រោយពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់ Kane និង Son Heung-min បាន​បំពេញ​ជ័យជម្នះ​របស់​ពួកគេ ក្រោយពី​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្រុម Dortmund បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​មុន។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម Tottenham ដែល​បានឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​រួចជាស្រេច​នោះ មាន13ពិន្ទុ និង​បានធ្វើ​ឲ្យ​ក្រុម Real Madrid ត្រូវមាន​វាសនា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ខណៈដែល​នៅសល់1ប្រកួត​ទៀត។ Kane បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា៖ «វា​ជា​រាត្រី​ដ៏​ធំ និង​អស្ចារ្យ​មួយ​សម្រាប់​យើង សម្រាប់​អ្នកគាំទ្រ សម្រាប់​ក្លិប ក្នុងការ​បញ្ចប់​ដោយ​ឈរលើ​កំពូល​នៃ​តារាង​ពូ​ល ខណៈដែល​នៅសល់1ប្រកួត​ទៀត។ គ្រប់គ្នា​បានដាក់​ក្តីសង្ឃឹម​មកលើ​យើង នៅ​មុនពេល​ប្រកួត។ វា​ជា​កន្លែង​ដ៏​លំបាក​ក្នុងការ​ទៅដល់ និង​ឈ្នះ។ ពិតជា​រាត្រី​ដ៏​អស្ចារ្យ​មែន»។

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid បាន​លត់​ក្រុម APOEL យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុង​ទីក្រុង​ស៊ី​ប ដើម្បី​ឈានទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ក្រុម Liverpool បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំមុខ3គ្រាប់​ក្នុងការ​ប្រកួត​ដ៏​រំភើប​នៅលើ​ទឹកដី​ក្រុម Sevilla។

    ក្រុម Real របស់លោក Zinedine Zidane បានធ្វើ​ការស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​របស់​ពួកគេ​ក្នុង​លទ្ធផល 3-1 នៅលើ​ទឹកដី​ក្រុម Tottenham Hotspur កាលពី​ជុំ​មុន តាមរយៈ​ការ​លត់​ក្រុម APOEL យ៉ាង​ចាស់ដៃ ខណៈដែល​ពួកគេ​បាន​រកបាន4គ្រាប់​នៅត្រឹម​តង់​ទី1៕

    ប្រភពពី៖ Daily Stars

  • កម្ពុជា និង​មី​យ៉ាន់​ម៉ា ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅមក​ដើម្បី​ទាក់ទាញ​ទេសចរ

    កម្ពុជា និង​មី​យ៉ាន់​ម៉ា ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅមក​ដើម្បី​ទាក់ទាញ​ទេសចរ

    ភ្នំពេញ៖ ក្នុង​គោលដៅ​ទាក់ទាញ​ទេសចរ​នៃ​ប្រទេស​ទាំងពីរ​ឱ្យមាន​ចំនួន​កាន់តែច្រើន រដ្ឋមន្ត្រីក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា ឯកឧត្តម U Onh Maung បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ឆ្នាំ 2017-2020 ដោយ​ផ្តោតលើ​ការពិភាក្សា​ស៊ីជម្រៅ​លើ​ចំណុចសំខាន់ៗ 4 រួមមាន៖ ការជំរុញ​ការតភ្ជាប់​ការហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​បា​ហ្កា​ន ការផ្សព្វផ្សាយ​រួមគ្នា ការសម្រួល​ការធ្វើដំណើ​រ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។

    ក្រោយ​កិច្ចពិភាក្សា ភាគី​កម្ពុជា និង​មី​យ៉ាន់​ម៉ា​បាន​ឯកភាពគ្នា​ដូចតទៅ៖

    1 – ជំរុញ​ការបង្កើន​ជើងហោះហើរ​ពី​ទីក្រុង​ឌូ​បៃ​នៃ​សហភាព​អ៉ា​រ៉ាប់​អេ​ម៊ី​រ៉ា​ត-យ៉ាំង​ហ្គោ​ន- ភ្នំពេញ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Fly Emirates និង​ការជំរុញ​ការតភ្ជាប់​ជើងហោះហើរ ពី​ទីក្រុង​យ៉ាំង​ហ្គោ​ន-សៀមរាប​អង្គរ រវាង​ក្រុមហ៊ុន​អាកាសចរណ៍​មី​យ៉ាន់​ម៉ា និង​អាកាសចរណ៍​កម្ពុជា Cambodia Angkor Air ដែល​ក្រុមហ៊ុន​ទាំងពីរ​នឹង​បន្ត​ពិភាក្សា​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការហោះហើរ​ត្រង់​ឱ្យបាន​ឆាប់។

    2 – ជំរុញ​ការផ្សព្វផ្សាយ​រួមគ្នា​ដើម្បី​បន្ត​រក្សា​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​បានធ្វើ​រួមគ្នា ដូចជា​ការបោះ​ពុ​ម្ភ​ប័ណ្ណ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​សៀមរាប​អង្គរ និង​បា​ហ្គា​ន (ប្រទេស​ពីរ គោលដៅ​តែមួយ) ការផ្លាស់ប្តូរ​ទស្សនកិច្ច Farm Trip សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការសម្តែង​វប្បធម៌​រួមគ្នា។

    3 – ខណៈពេលដែល​ប្រទេស​ទាំងពីរ​មានការ​លើកលែង​ទិដ្ឋាការ​រួចហើយ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ភាគី​ទាំងពីរ​នឹង​បន្ត​ខិតខំ​សម្រួល​ការផ្តល់​ទិដ្ឋាការ​សម្រាប់​ទេសចរ​មក​ពី​ប្រទេស​ទី3ទៀត ដោយ​ផ្តល់​ទិដ្ឋាការ​ពេលមកដល់ (Visa-on-arrival និង​E-visa)ដើម្បី​ចូលមក​កាន់​ប្រទេស​ទាំងពីរ។

    4 – ការជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​ដកស្រង់​បទពិសោធ​រវាង​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​បុគ្គលិក​ជំនាញ​មកពី​វិស័យ​ឯកជន​ដើម្បី​ចែករំលែក​បទពិសោធ​អនុវត្តល្អៗ សំដៅ​កសាង​សមត្ថភាព​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

    សូម​កត់សម្គាល់ថា ភាគី​ទាំងពីរ​ក៏បាន​ស្នើ​ឱ្យមាន​ជំនួប​ពិភាក្សា​ការងារ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ឱ្យបាន​យ៉ាងតិច​មួយដង​ក្នុង​មួយឆ្នាំ និង​បង្កើត​ជំនួប​ពិភាក្សា​រវាង​ក្រុមការងារ​ជំនាញ និង​ផ្នែក​ឯកជន​ឱ្យបាន​ច្រើនដង​ជា​រៀងរាល់ឆ្នាំ៕

  • គម្រោងទឹកស្អាតនៅកម្ពុជា ផ្គត់ផ្គង់បានត្រឹមតែជាង2លានគ្រួសារប៉ុណ្ណោះ

    គម្រោងទឹកស្អាតនៅកម្ពុជា ផ្គត់ផ្គង់បានត្រឹមតែជាង2លានគ្រួសារប៉ុណ្ណោះ

    ភ្នំពេញ៖ យោងតាមគេហទំព័រ Country​ Meters ដែលជាគេហទំព័រដ៏ធំមួយសម្រាប់រាប់ចំនួនមនុស្សនៅលើពិភពលោកបានឱ្យដឹងថា មកទល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរមានចំនួនប្រមាណ​ជា 16,181,734 នាក់ ប៉ុន្តែក្នុងចំណោមប្រជាជនខ្មែរទាំងអស់នោះ មានប្រមាណតែជាង 2លានគ្រួសារប៉ុណ្ណោះដែលទទួលបានទឹកស្អាតប្រើប្រាស់។

    ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញរបាយការណ៍ថ្មីមួយឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសអត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធ​បណ្តាញនៅទីប្រជុំជនបានកើនឡើងពី52% នៅឆ្នាំ​2008 ដល់68,5% នៅឆ្នាំ2012 និង86% នៅឆ្នាំ2017 ដោយគិតជាចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់កើនដល់ 2.300.000គ្រួសារ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថាសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមានប្រាក់​ចំណូលតិចនឹងទទួលបានការប្រើប្រាស់ទឹកស្អាតដែលមានតម្លៃថោកក្នុងកម្រិតអប្បបរមា ព្រមទាំងកំណត់តម្លៃទឹកស្អាតលក់ជូនម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឱ្យកម្មករ-កម្មការិនី បុគ្គលិក សិស្ស-និស្សិត (ប្រមាណ 131.020 បន្ទប់) ក៏ទទួលបានការផ្គត់ផ្គង់ទឹកស្អាតពីបំពង់ចែកចាយរបស់រដ្ឋក្នុងតម្លៃថោកសមរម្យដូចគ្នាដែរ។ លើសពីនោះ ប្រជាពលរដ្ឋក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញក៏ទទួលបានការឧបត្ថម្ភធនក្នុងការតភ្ជាប់បណ្តាញទឹកស្អាតដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួនប្រមាណជា​ង 3ម៉ឺនគ្រួសារ។

    ឯកឧត្តមបន្តថា ការជំរុញឱ្យមានការចូលរួមរបស់ផ្នែកឯកជន គឺជាយុទ្ធសាស្រ្តដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការប្រមូលធនធានសម្រាប់ការវិនិយោគលើការអភិវឌ្ឍក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត។ ការពង្រីកសមត្ថភាពផលិត និងលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន ក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាយុទ្ធសាស្ត្រមួយដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មតែងបានប្រកាន់ខ្ជាប់។ ផ្តើមចេញពីនយោបាយនេះ វិស័យឯកជនបានចូលរួមចំណែកយ៉ាងសកម្មផងដែរនៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជន​នានាដែលមានប្រជាជនរស់នៅចាប់ពី​300 ដល់5.000គ្រួសារ​។

    គួររំឭកថា នៅមុនឆ្នាំ2008 ក្រុមហ៊ុនឯកជន​វិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានតែ76ទីប្រជុំជនប៉ុណ្ណោះ តែបច្ចុប្បន្ននេះបានកើនដល់222ទីប្រជុំជន។ កំណើននេះដោយសារមានការចូលរួមពីវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងក្រោមជំនួយឥណទាន, ជំនួយកម្ចីហិរញ្ញប្បទានរបស់អង្គការ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈ´អង្គការ JICA, អង្គការ UN-HABITAT, កម្មវិធីទឹកស្អាត និងអនាម័យនៃធនាគារពិភពលោក(WSP), អង្គការសុខភាពពិភពលោក​ (WHO), ធនាគារអភិវឌ្ឍន៍​អាស៊ី​(ADB), ធនាគារពិភពលោក(WB), ទីភ្នាក់ងារ​​​អភិវឌ្ឍន៍បារាំង(AFD) លើការងារពង្រីកប្រព័ន្ធផ្គត់ផ្គង់ និងបណ្ដាញចែកចាយ និង​​ការពង្រីក​សមត្ថភាពផលិតទឹកស្អាត និងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីតាមបណ្តាអង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជនផងដែរ។

    ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតកាន់តែច្រើន ក្រសួងបានកំណត់ថា «ប្រជាជនរស់នៅតាមតំបន់ទីប្រជុំជននឹងទទួលបានទឹកស្អាតប្រើប្រាស់100%នៅឆ្នាំ2025»៕

     

  • មុននឹងឱ្យគេទំនាក់ទំនង ទាល់តែយើងមានអត្តសញ្ញាណផ្ទាល់ខ្លួនល្អសិន

    មុននឹងឱ្យគេទំនាក់ទំនង ទាល់តែយើងមានអត្តសញ្ញាណផ្ទាល់ខ្លួនល្អសិន

    មិនថាតែការធ្វើពាណិជ្ជកម្ម ឬការធ្វើការងារអ្វីនោះទេ ការទំនាក់ទំនងជារឿងសំខាន់មួយដែលមនុស្សត្រូវគិតគូរ តែមនុស្សជាច្រើនហាក់ពិបាកក្នុងការបង្កើតទំនាក់ទំនងល្អពីមនុស្សទូទៅ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឆាក់ សុជាតិ ម្ចាស់ក្រុមហ៊ុន សេដ្ឋីនី បានលើកឡើងថា ការទំនាក់ទំនងជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះថា​ អ្នកលក់ត្រូវការអតិថិជន និងទាក់ទងដៃគូពាណិជ្ជកម្មឱ្យបានច្រើន ហើយអ្នកធ្វើការងារក៏ត្រូវការពឹងពាក់គ្នាដើម្បីជួយឱ្យគម្រោងនីមួយៗដំណើរការទៅបានដោយរលូន តែមនុស្សមួយចំនួនធំហាក់មើលរំលងពីបញ្ហានេះ។

    លោក ឆាក់ សុជាតិ បាននិយាយថា៖ «​គន្លឹះសំខាន់ក្នុងការទំនាក់ទំនងល្អ គឺការកសាងអត្តសញ្ញាណ (Branding)ខ្លួនឯង ព្រោះថា មនុស្សគ្រប់គ្នានឹងចង់ទាក់ទងយើង បើគាត់ស្គាល់ថា យើងមានអ្វីឱ្យគាត់ ឬយើងមានចំណុចពិសេសអ្វីដែលគាត់ត្រូវទាក់ទង»។

    សហគ្រិនខាងលើបានលើកឡើងផងដែរថា មុននឹងគេទាក់ទងយើង លុះត្រាតែយើងមានអ្វីឱ្យគេទាក់ទងដែរ​។ ចំណុចនេះមិនមែនមានន័យថា ទាល់តែយើងមានទ្រព្យធនច្រើនទើបគេមកទាក់ទងនោះទេ តែយើងអាចអភិវឌ្ឍខ្លួនឯង ហើយកំណត់អត្តសញ្ញាណល្អរបស់ខ្លួនឯងតាមរយៈការប្រើប្រាស់ចំណុចពិសេស​នៃសក្តានុពលរបស់ខ្លួនឯង។ ប្រសិនបើយើងពូកែសរសេរ យើងត្រូវតែបង្ហាញថា យើងចេះសរសេរច្បាស់ ហើយមានលទ្ធភាពជួយគេផ្នែកសរសេរ ហើយប្រសិនបើយើងពូកែនិយាយ ឬពូកែបច្ចេកទេស យើងត្រូវអភិវឌ្ឍជំនាញនោះឱ្យអស់លទ្ធភាពដើម្បីបង្ហាញថា ​យើងពូកែលើផ្នែកនោះ។ នៅពេលដែលគេស្គាល់យើងច្បាស់ថា ជាមនុស្សដែលមានចំណុចលេចធ្លោត្រង់ណាមួយហើយ មនុស្សគ្រប់គ្នានឹងមករកយើង នៅពេលដែលគេត្រូវការជំនួយអំពីយើង។ ពេលនោះហើយ ជាពេលដែលយើងអាចប្រើសមត្ថភាពខ្លួនឯងដើម្បីទំនាក់ទំនង ឬដើម្បីបង្កើតសកម្មភាពការងារជាមួយគ្នាបានយ៉ាងល្អ ព្រោះយើងបានជួយដល់អ្នកដទៃ ដែលជាធម្មតាអ្នកនោះនឹងជួយយើងវិញនៅពេលដែលយើងត្រូវការគាត់៕

  • សាច់មាន់​ហ្វី​ឡេ ឆា​ម្ទេស​ក្រៀម​រសជាតិ​ប្លែក

    សាច់មាន់​ហ្វី​ឡេ ឆា​ម្ទេស​ក្រៀម​រសជាតិ​ប្លែក

    ភាគច្រើន សាច់​ភ្លៅ​មាន់ គឺជា​ប្រភេទ​សាច់​ដែលមាន​ការពេញនិយម​ពី​សំណាក់​អ្នក​ទទួលទាន ក៏ដូចជា​ការពេញនិយម​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​ដាំ​ស្ល​យកទៅ​ច្នៃ​ធ្វើជា​ម្ហូបអាហារ​ជាច្រើន​មុខ ដែល​ក្នុងនោះ​រួមមាន​ដូចជា អាំងស្ងោរ ចៀន ឆា រំលីង បំពង និង​អប់​គ្រឿង​ជាដើម។ ដោយឡែក​ពេលនេះ ក្រោម​ការជ្រើសរើស​យ៉ាង​ពិសេស​ពី​សំណាក់​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន Cowboy ដែល​ស្ថិតនៅ​តាមផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ប្រភេទ​សាច់មាន់​ហ្វី​ឡេ បាន​លេចចេញ​ជា​មុខម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​គួរ​ជាទី​ទាក់ទាញ​មួយ​មុខ​ទៀត ក្រោម​ការរួម​ផ្សំ​ពី​គ្រឿងផ្សំសំខាន់ៗមួយចំនួន ជាពិសេស ម្ទេស​ក្រៀម​ក្លិនក្រអូប​តែ​ម្ដង។

    គ្រឿងផ្សំ
    • សាច់​ភ្លៅ​មាន់​ហ្វី​ឡេ
    • ម្ទេសដៃនាង​ក្រៀម
    • ខ្ទឹមស ចិញ្ច្រាំ
    • ប្រេងខ្យង
    • ស្ករស
    • អំបិល
    • ម្សៅ​ស៊ុបខ្នរ
    • ប្រេង​ម្ទេស
    • ប្រេងឆា

    វិធី​ចម្អិន
    ត្រូវដាក់​ប្រេងឆា​កម្ដៅ​ឱ្យ​ក្ដៅ​ល្អ។ រួចយក​ភ្លៅ​មាន់​ហ្វី​ឡេកាប់​ជា​ដុំ​តូច​ល្មម ហើយ​ច្របល់​ជាមួយ​គ្រឿងផ្សំ​មួយចំនួន​ដូចជា ស្ករស ប្រេងខ្យង អំបិល និង​ម្សៅ​ស៊ុប​ខ្នរ រួច​យកទៅ​បំពង​រួមគ្នា​ជាមួយ​ម្ទេស​ក្រៀមឱ្យ​ឆ្អិន​ល្មមហើយ​ស្រង់​ចេញ​ទុក​មួយអន្លើ។ ដាក់​កម្ដៅ​ឆ្នាំង​ខ្ទះ​ឱ្យ​ក្ដៅចាក់​ប្រេង​ម្ទេស​ចូល​លាយ​ជាមួយ​ខ្ទឹមស ហើយ​យក​សាច់មាន់​ហ្វី​ឡេ​ដែល​បាន​បំពង​នោះ ឆា​ជាថ្មី​ម្ដងទៀត ​ដោយ​រោយ​ស្ករស​បន្ថែម​ពីលើបន្តិចៗ (រសជាតិ​ផ្អែម ឬ​ប្រៃ​អា-ស្រ័យ​តាម​ចំណូលចិត្ត) ហើយ​ចាក់​ប្រេងខ្យង​ចូល​បន្ដិចកូរ​ឱ្យ​សព្វ​រហូត​ឃើញថា ស្ងួត​ល្មម និង​ឡើង​ពណ៌​ក្រហម​ល្អ​គួរឱ្យ​ចង់​ទទួលទាន​ហើយ សឹមលើក​ចេញពី​ចង្ក្រាន រួច​ដួស​ដាក់​ចាន​ជាការ​ស្រេច៕

  • អារម្មណ៍ស្រស់ស្រាយជាមួយស្រាក្រឡុក Cowboy Pub

    អារម្មណ៍ស្រស់ស្រាយជាមួយស្រាក្រឡុក Cowboy Pub

    Cowboy ត្រូវបានមនុស្សមួយចំនួន ជាពិសេសអ្នកដែលនិយមការលំហែកាយ និងស្វែងរកអារម្មណ៍ស្រស់ស្រាយនៅតាមបណ្តាភោជនីយដ្ឋានក៏ដូចជាកន្លែងកម្សាន្តបែបទាន់សម័យនាពេលរាត្រីទទួលស្គាល់ថាជាទីកន្លែងដ៏ស័ក្ដិសមក្នុងការអង្គុយទទួលទានអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងបណ្ដែត​អារម្មណ៍ជាមួយសូរសំឡេងនៃបទភ្លេងលាន់ឮរងំ ជាមួយការក្រេបរសជាតិភេសជ្ជៈត្រជាក់ៗ។ បន្ថែមពីនេះ ជាការផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជនដែលមកគាំទ្រនៅភោជនីយដ្ឋានមួយនេះ បច្ចុប្បន្នអ្នកជំនាញផ្នែក
    ភេសជ្ជៈបានបង្កើតស្រាក្រឡុកមួយប្រភេទទៀតដែលមានឈ្មោះថា Cowboy Pub ក្រោមការផ្សំចេញពីវត្ថុធាតុមួយចំនួនដូចបានបង្ហាញជូនខាងក្រោមនេះ។

    គ្រឿងផ្សំ
    • ស្រាស (White Rum)
    • ទឹកម្នាស់ (Pineapple Juice )
    • Triple Sec
    • Galliano
    • Blue Curacao

    របៀបលាយ
    ជាទូទៅសម្រាប់ការលាយបញ្ចូលគ្នានូវគ្រឿងផ្សំដូចបានរៀបរាប់ជូនខាងលើនេះ ភាគច្រើនគឺសុទ្ធតែមានសារធាតុស្រវឹង (Alcohol) លើកលែងតែប្រភេទទឹកម្នាស់តែប៉ុណ្ណោះ ដែលអ្នកជំនាញដាក់បញ្ចូលដើម្បីបន្ថែមក្លិនក្រអូបឈ្ងុយ។ ដោយឡែក នៅពេលលាយ គឺគ្រាន់តែយកគ្រឿង​ផ្សំ​សំខាន់ៗ​ទាំងនេះដាក់បញ្ចូលគ្នា ទៅតាមបរិមាណដែលបានកំណត់ (រសជាតិ និងកម្រិតជាតិ Alcohol អាចតម្រូវបានតាមចំណូលចិត្ត​របស់​អ្នក​ទទួលទាន)​។ ចង់ដឹងទេថា ស្រាក្រឡុកដែលមានឈ្មោះ Cowboy Pubមានរសជាតិឆ្ងាញ់ គួរជាទីទាក់ទាញដល់កម្រិតណានោះ សូមមក​ទទួល​យក​នូវ​រសជាតិដើម​​នៅភោជនីយដ្ឋាន Cowboy ដែលស្ថិតនៅផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញទាំងអស់គ្នា៕

  • ម៉ាក់ សែនសូនីតា បញ្ចេញក្បាច់រាំ “PANAMA” យ៉ាងសិចស៊ី

    ម៉ាក់ សែនសូនីតា បញ្ចេញក្បាច់រាំ “PANAMA” យ៉ាងសិចស៊ី

    ថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់តារាស្រី ម៉ាក់ សែនសូនីតា បានបង្ហោះរូបភាពមួយចំនួន និងឃ្លីបវីដេអូបង្ហាញក្បាច់រាំតាមបទចម្រៀង “PANAMA” ដែលជាបទចម្រៀងកំពុងពេញនិយមបំផុតនៅក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះ។ នៅក្នុងឈុតប៊ីគីនីដ៏សិចស៊ីពណ៌ខ្មៅ បានធ្វើឱ្យតារាស្រីរូបនេះកាន់តែបង្ហាញពីដងខ្លួនដ៏តូចច្រឡឹង និងស្រឡូនសិចស៊ី ខណៈកំពុងពត់ពេនបញ្ជេញក្បាច់រាំផងនេះ កាន់តែធ្វើឱ្យសុខភាពបេះដូងបុរសៗទាំងចាស់ទាំងក្មេងទាំងឡាយលោតញាប់ញ័ររញ្ជួយសឹងតែធ្លាយចេញមកតាមមាត់ ព្រោះតែគ្នាន់ក្នាញ់នឹងក្បាច់រាំរបស់នាង។

    បើប្រិយមិត្តទាំងឡាយចង់ញាប់ញ័របេះដូងដែរនោះ សូមទស្សនាក្បាច់រាំ “PANAMA” របស់កញ្ញា ម៉ាក់ សែនសូនីតា នៅលើវាលខ្សាច់នាពេលថ្ងៃរៀបអស្ដង្គតទាំងអស់គ្នា ៖

  • ចន ច័ន្ទលក្ខិណា​ បារម្ភពីស្ថានភាពជំងឺម្ដាយ និងថ្ងៃមង្គលការប្អូនស្រីពៅ

    ចន ច័ន្ទលក្ខិណា​ បារម្ភពីស្ថានភាពជំងឺម្ដាយ និងថ្ងៃមង្គលការប្អូនស្រីពៅ

    នាពេលថ្មីៗនេះ តាមរយៈហ្វេសប៊ុករបស់តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា ម្ដាយរបស់អ្នកនាងកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ជាក់ស្តែងក្នុងប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពជំងឺរបស់អ្នកស្រី វណ្ណ ដានី ត្រូវជាម្ដាយអ្នកនាងដែលមានវ័យ 63ឆ្នាំហើយនោះ បានធ្វើទុក្ខខ្លាំងរហូតដល់ត្រូវទៅសម្រាកនៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យបានតាមដានជំងឺ។ បើតាមប្រភពដែលសារព័ត៌មាន ឡារ៉ែន ទទួលបាន គឺអ្នកនាង​ ចន ច័ន្ទលក្ខិណា បានបង្ហោះសារជូនពរម្តាយដោយរំលេចនូវក្តីបារម្ភលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមជូនពរឱ្យម៉ាក់ឆាប់ជា ព្រោះជិតដល់ថ្ងៃការកូនស្រីពៅហើយ បើម៉ាក់ឈឺអត់មានអ្នកណាអង្គុយលើក្បាលកន្ទេលថ្ងៃរៀបការកូនស្រីទេ” ។

    រូបថតជាច្រើនសន្លឹកបានបង្ហាញឱ្យឃើញដែរថា ម្ដាយតារាស្រីរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យឯកជនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្ដែយ៉ាងណាមិញ អ្នកស្រីក៏ទទួលបានភាពកក់ក្ដៅ និងការលើកទឹកចិត្ត ដោយក្ដីព្រួយបារម្ភពីសំណាក់កូនៗទាំងអស់ និងញាតិមិត្តដែលបានមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្ដងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • BlackBerry បង្ហាញ BlackBerry Motion ថ្ម​ខ្លាំងជាងគេ

    BlackBerry បង្ហាញ BlackBerry Motion ថ្ម​ខ្លាំងជាងគេ

    ក្រុមហ៊ុន TCL បានបង្ហាញ​ខ្លួន BlackBerry Motion ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពី BlackBerry ដោយ​លើក​នេះ​ចេញមក​ព្រមជាមួយ​ឌី​ហ្សា​ញ​ថ្មី កាត់​ឃីបត​ដែលជា​ឯក​លក្ខណៈ​របស់ BlackBerry ចេញ។ ក្រៅពីនេះ​នៅមាន​ថ្ម​បាត់​តេ​រី 4,000 mAh ដែល​អាច​រាប់បាន​ថា​ជា​ទំហំ​ដែល​ធំ​បំផុត​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ពី BlackBerry ទាំងអស់ និង​ចេញមក​ព្រមជាមួយ​ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក​ស្តង់ដារ IP67 ទៀតផង។

    ក្នុង​ផ្នែក​នៃលក្ខណៈសម្បត្តិ​វិញ BlackBerry Motion ចេញមក​ព្រមជាមួយ​អេក្រង់​ទំហំ 5.5 អីុញ ភាព​លម្អិត​ច្បាស់ Full HD និង​កញ្ចក់​ការពារ​ស្នាម​ឆ្កូត Premium Anti-Scratch ប្រើ CPU ឈិ​ព Snapdragon 625, RAM 4GB, Support តិច​ណូ​ឡូ​ជី Quick Charge 3.0 ដែល​អាច​សាក​ថ្ម​ពី 0-50% ក្នុង​ពេលវេលា​ត្រឹមតែ40នាទី​ប៉ុណ្ណោះ និង​ធ្វើការ​លើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ Android 7.1 ដែល​នឹង​អាប់​ឌែ​ត​ឡើង​ទៅជា Android 8.0 Oreo ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ។

    ក្រៅពីនេះ BlackBerry នៅ​ចេញមក​ព្រមជាមួយ Feature Locker​ ដែល​ជួយ​ឱ្យ​រក្សាទុក​ព័ត៌មាន​បាន​យ៉ាង​មាន​សុវត្ថិភាព ដោយ​លេខ​កូដ Pin ឬ​ប្រើការ​ស្គែ​ន​ខ្ចៅដៃ ដោយ​ព័ត៌មាន​ទាំងអស់​នឹង​ស្ថិតនៅក្នុង​អង្គ​ចងចាំ​ក្នុង​ម៉ាស៊ីន​ជំនួស​ឱ្យ​ការ​នៅក្នុង​Clound៕