Category: សង្គម និងសេដ្ឋកិច្ច

  • ពោះវៀន​តាន់​បុក​សណ្តែកកួរ​រសជាតិ​ថ្មី

    ពោះវៀន​តាន់​បុក​សណ្តែកកួរ​រសជាតិ​ថ្មី

    សម្រាប់​ការចេញផ្សាយ​លេខ​ថ្មី​ទី114 របស់​ទស្សនាវដ្ដី​ដ៏​មាន​ប្រជាប្រិយភាព ឡា​រ៉ែ​ន នា​ខែវិច្ឆិកា ឆ្នាំ2017នេះ ទំព័រមុខ​ម្ហូបឆ្ងាញ់ៗប្រចាំខែ សូម​ណែនាំ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ឱ្យ​ស្គាល់​នូវ​មុខម្ហូប​មួយទៀត​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ បែប​កូនកាត់ ដែល​ច្នៃ​ចេញពី​ពោះវៀន​តាន់​ជា​គ្រឿង​សំខាន់ ដាក់​បំពង​នៅក្នុង​ប្រេងឆា​ក្ដៅ ដែល​បង្កើតឡើង​ដោយ​មេ​ចុងភៅ​មាន​បទពិសោធ​ក្នុងការ​ចម្អិន​ច្រើន​ឆ្នាំ​ប្រចាំ​នៅ​ភោជនីយដ្ឋាន Cow boy ដែល​ស្ថិតនៅ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    គ្រឿងផ្សំ
    ពោះវៀន​តាន់
    ម្សៅ​បំពង
    អំបិល
    ខ្ទឹមស
    ម្សៅ​ស៊ុបខ្នរ
    ពងមាន់ (ផ្នែក​ស)
    សណ្តែកកួរ
    ទឹកត្រី​កោះកុង
    ត្រសក់
    ប៉េងប៉ោះ
    សាលាដ
    ក្រូចឆ្មារ
    ម្ទេស
    បង្គា​ក្រៀម
    បន្លែ

    របៀប​ធ្វើ
    បន្ទាប់ពី​យក​ពោះ​តាន់​លាង​សម្អាត និង​កាត់​ជា​ដំ​ុតូចៗរួច ចូរ​យកទៅ​ប្រឡាក់​ជាមួយនឹង​គ្រឿងផ្សំ​ដែល​បាន​ត្រៀម​ទុក រួមមាន​ដូចជាអំបិល ម្សៅ​ស៊ុបខ្នរ ម្សៅ​បំពង ពងមាន់ ដោយ​ក្រឡុក​បញ្ចូល​គ្នា​ឱ្យ​សព្វ រួច​យកទៅ​បំពង​ឱ្យ​ឆ្អិន​ល្អ ហើយ​ស្រង់​ទុក​មួយអន្លើ។ យក​សណ្តែកកួរទឹកត្រី​កោះកុង និង​ទឹកក្រូចឆ្មារ បុក​លាយ​បញ្ចូល​គ្នា ដោយ​បន្ថែម​ខ្ទឹមស​បន្តិច (បុកល្មមៗកុំឱ្យ​ម៉ដ្ឋ​ពេក)។ ជា​ចុងក្រោយ លោកអ្នក​គ្រាន់តែ​យក​ពោះ​តាន់​ដែល​បាន​បំពង​រួច និង​សណ្តែកកួរ​ដែល​បាន​បុក​រួច​នោះមក​រៀបចំ​ដាក់​នៅលើ​ចាន​រួមគ្នា​ឱ្យមាន​របៀប ដោយ​បន្ថែមបន្លែ​បន្តិច​គ្រាន់​ជាការ​លម្អ​ជាការ​ស្រេច។ ឃើញ​ទេ ងាយ! ប៉ុន្តែ​ទទួលបាន​នូវ​មុខម្ហូប​ដ៏​មាន​រសជាតិ​សម្រាប់​ទទួលទាន​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ក្នុង​ថ្ងៃ​ឈប់សម្រាក​រួច​បាត់ទៅហើយ៕

  • ទស្សនាពីរបៀប Make Up ទម្រង់មុខឱ្យដូចតារាចម្រៀង CL

    ទស្សនាពីរបៀប Make Up ទម្រង់មុខឱ្យដូចតារាចម្រៀង CL

    ដូចដែលគេហទំព័រ​ ឡារ៉ែន ធ្លាប់បានជម្រាបជូនប្រិយមិត្តអ្នកគាំទ្រកម្ពុជាទាំងអស់រួចហើយថា កំពូលតារាចម្រៀងកូរ៉េ កញ្ញា CL នឹងមកអង្រួនឆាកប្រគំតន្រ្តីខ្នាតយក្សក្នុងបរិវេណកោះពេជ្រដែលនឹងប្រារព្ធឡើងនៅថ្ងៃទី9 ខែធ្នូ ខាងមុខនេះ ដែលនាំមកជូនដោយក្រុមហ៊ុន Smart ។ ដូច្នេះប្រាកដណាស់ ច្បាស់ជាមានអ្នកគាំទ្រជាច្រើននាក់ទន្ទឹងរង់ចាំវត្តមានរបស់កំពូលតារាចម្រៀងរូបនេះ ហើយក៏ប្រាកដជាចង់ដឹងអំពីរបៀបផាត់ទម្រង់មុខឱ្យស្អាតដូចជាកញ្ញា CL ដែរមិនខាន។

    គួរបញ្ជាក់ថា ការប្រគំតន្រី្ត Smart Mega Concert នេះក៏មានការចូលរួមពីក្រុមតារាចម្រៀង Original Song ជាច្រើនដួង រួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ….​ផងដែរ។

    ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់​ និងបានឃើញឱ្យច្បាស់អំពីរបៀបផាត់មុខឱ្យដូចតារាចម្រៀងរូបស្អាត CL នោះ សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖

    https://www.youtube.com/watch?v=8PcE8txixIg

  • កម្ពុជា​ស្នើឱ្យ​ចិន​ជួយ​រៀបចំ​ផែនការមេ និង​បណ្តុះបណ្តាល​ផ្នែក​ទេសចរណ៍​តំបន់ឆ្នេរ

    កម្ពុជា​ស្នើឱ្យ​ចិន​ជួយ​រៀបចំ​ផែនការមេ និង​បណ្តុះបណ្តាល​ផ្នែក​ទេសចរណ៍​តំបន់ឆ្នេរ

    ដោយ​សម្លឹង​ឃើញ​ខេត្ដ​សាន​ទុង របស់​ប្រទេស​ចិន មាន​ទីតាំងនៅ​ជាប់មាត់​សមុទ្រ និង​មាន​បទពិសោធ​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​តំបន់​ឆ្នេរសមុទ្រ​នោះ ថ្នាក់ដឹកនាំ​នៃ​ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ​បានស្នើ​សុំឱ្យ​គណៈប្រតិភូ​ចិន មកពី​ខេត្ត​សាន​ទុង ជួយ​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ជំរុញ​ការវិនិយោគ​ផលិតផល​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឱ្យបាន​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត។

    រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បាន​លើកឡើងថា កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដ៏​ច្រើន​សម្បូរបែប ទាំង​តំបន់​មាត់សមុទ្រ តំបន់​វប្បធម៌ តំបន់​អេកូ​ទេសចរណ៍ តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​ជីវចម្រុះ​បឹង​ទន្លេសាប ជាដើម។

    ឯកឧត្តម​បាន​បន្តថា ដោយសារ​កម្ពុជា​មា​នស​ក្ដា​នុព​ល​ទេសចរណ៍​ខ្ពស់​បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​កើន​ឡើងជា​រៀងរាល់ឆ្នាំ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ2016 កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង5លាន​នាក់ ដោយមាន​កំណើន5% បើ​ធៀប​នឹង​ឆ្នាំ2015 ខណៈ​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​ជាង83ម៉ឺន​នាក់។

    ការ​ព្យាករ​មួយ​បាន​បង្ហាញថា នៅ​ឆ្នាំ2020 ខាងមុខ​ភ្ញៀវទេសចរ​ចិន​នឹង​ចេញទៅ​ទស្សនា​ក្រៅប្រទេស​ប្រមាណ200លាន​នាក់ ក្នុងនោះ​កម្ពុជា​ក៏​បាននិងកំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​រប​ស់​ប្រទេស​នេះ​ផងដែរ ដែលមាន​ដូចជា ការដាក់ចេញ​ឱ្យប្រើ​ប្រាស់​នូវ​សៀវភៅ​ស China Ready ការសម្រួល​ទិដ្ឋាការ​ជូន​ទេសចរ​ចិន ការដាក់​ស្លាក​សញ្ញា​ស្គាល់ សញ្ញា​ប្រាប់​ទិស​ជា​ភាសា​ចិន និង​ការបណ្ដុះបណ្ដាល​មគ្គទេសក៍​ភាសា​ចិន​ជាដើម។

    ឯកឧត្តម បាន​លើកឡើងថា ទន្ទឹមនឹង​ការត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ចិន ក៏ដូចជា​ភ្ញៀវទេសចរ​អន្ដរជាតិ​ដទៃទៀត កម្ពុជា​ក៏ត្រូវ​មាន​ផែនការមេ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​មធ្យោបាយ​ធ្វើដំណើរ​ផងដែរ។

    ឯកឧត្ដម ថោង ខុន បាន​មានប្រសាសន៍ថា៖ “រហូតមកដល់​ពេលនេះ​នៅតាម​បណ្តា​ខេត្ត និង​គោលដៅ​ទេសចរណ៍​មួយចំនួន​របស់​កម្ពុជា នៅ​មិនទាន់មាន​ផែនការមេ​សម្រាប់​វិស័យ​ទេសចរណ៍​នោះទេ ហេតុនេះ​យើង​ស្នើ​ដល់​មិត្ត​ចិន តាមរយៈ​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក ជី ចាង​ឈី នាពេលនេះ​ឱ្យជួយ​សិក្សា​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត ខណៈ​សាន​ទុង ជា​ខេត្ត​មាន​បទពិសោធ​ជោគជ័យ​ក្នុងការ​រៀបចំ​ផែនការ​អភិវឌ្ឍ​លើ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់ខ្លួន ពិសេស​នៅ​តំបន់ឆ្នេរ​សមុទ្រ​តែម្ដង។

    ឯកឧត្ដម​បញ្ជាក់ថា ការកសាង​រៀបចំ​ផែនការមេ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាចមាន​សមត្ថភាព​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវទេសចរ ឆ្លើយតប​ទៅនឹង​ស្ដង់ដារ​រួម​របស់​អាស៊ាន ពោល​សេវា​មួយ​ស្ដង់ដារ​មួយ​ដែល​ទាមទារ​ឱ្យមាន​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ឱ្យបាន​ហ្មត់ចត់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ។ ជាមួយគ្នានេះ​ឯកឧត្ដម​ក៏បាន​ស្នើ​ដល់​ភាគី​ចិន​ឱ្យជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទេសចរ​ជាតិ-អន្តរជាតិ ខណៈ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍​ប្រមាណ 5ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។

    គួរ​បញ្ជាក់ថា រយៈពេល9ខែ ឆ្នាំ2017 នេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន3,522,383នាក់​កើនឡើង12% ក្នុងនោះ​តំបន់ឆ្នេរ​ទទួលបាន554,613នាក់ កើនឡើង15.7%។ ជា​ចក្ខុវិស័យ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ7លាន​នាក់ ដែល​អាច​នាំ​ចំណូល​ចូលជាតិ​ប្រមាណ 5ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត1លាន​នាក់។

    អភិបាលរង​ខេត្ត​សាន​ទុង លោក ជី ចាង​ឈី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចិន មក​ទស្សនកិច្ច​កម្ពុជា ដើម្បី​ពិនិត្យមើល​សក្ដានុពល និង​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​នោះ បាន​គាំទ្រ​សំណើ​របស់​កម្ពុជា​ដោយ​បញ្ជាក់ថា លោក​នឹង​ពាំនាំ​សំណើ​របស់​កម្ពុជា​ដាក់ជូន​រដ្ឋាភិបាល​រប​ស់​ខ្លួន។ ជាមួយគ្នានេះ​លោក​ក៏បាន​លើកសរសើរ​ថា កម្ពុជា​ពិតជា​មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ពិតប្រាកដ​មែន ដែល​ខុសពី​អ្វីដែល​ពួកគេ​បាន​ឮថា​កម្ពុជា​មានតែ​ប្រាសាទអង្គរវត្ត​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​តែប៉ុណ្ណោះ៕

  • ជឿ ឬ​មិន​ជឿ? កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​ទី6លើ​ពិភពលោក

    ជឿ ឬ​មិន​ជឿ? កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​ទី6លើ​ពិភពលោក

    ភ្នំពេញ៖ ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​សាជាថ្មី​ដោយ​ដកស្រង់​របាយការណ៍រ​បស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (WB)ដែល​បាន​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​លំដាប់​ទី6 នៅលើ​ពិភពលោក​ក្នុង​រង្វង់ 20ឆ្នាំជាប់ៗគ្នា​នា​រយៈពេល​ចុងក្រោយ​នេះ។

    ឯកឧត្តម​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ការត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី2របស់​កម្ពុជា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​ស នៅ​ថ្ងៃទី21 ដល់ ខែវិច្ឆិកា​​ថា «ទោះបីជា​កម្ពុជា​ជា​ប្រទេស​តូច​ក៏ដោយ ក៏​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​របប​ទីផ្សារសេរី និង​សេដ្ឋកិច្ច​បើកចំហ​ដែរ»។

    ដោយសារ​គោលនយោបាយ​ទីផ្សារសេរី និង​សេដ្ឋកិច្ច​បើកចំហ​នេះហើយ ដែល​ចាប់តាំងពី​ឆ្នាំ2011មក កម្ពុជា​បានសម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ7%ក្នុង​មួយឆ្នាំ ខណៈដែល​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្សម្នាក់ៗមាន​ចំនួន 1,302 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2016 ធៀប​នឹង​ឆ្នាំ2011 ដែលមាន​ត្រឹមតែ 911ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ថា​ម​វ័​ន្ត​នេះ​បានធ្វើឱ្យ​មានការ​រីកចម្រើន​លើ​សុខុមាលភាព​ប្រជាជន​កម្ពុជា និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី 53 ភាគរយ​ក្នុង​ឆ្នាំ2004 មក​នៅត្រឹម13.5 ភាគរយ​ក្នុង​ឆ្នាំ2014 និង​អត្រា​គ្មាន​អក្ខរកម្ម​កើន​ពី 79.9 ភាគរយ​ក្នុង​ឆ្នាំ2011 ដល់ 80.5ភាគរយ ក្នុង​ឆ្នាំ2015។

    ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​ធ្លាប់បាន​លើកឡើងថា វា​ជា​ការពិត បើ​យើង​ក្រឡេកមើល​ទៅលើ ល្បឿន​សេដ្ឋកិច្ច​ដែលមាន​កំណើនថេរ​ក្នុង​រយៈពេល​ជិត2ទសវត្សរ៍​ចុងក្រោយ​នេះ ដែលជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​ឈរលើ​លំដាប់​ទី6នៅលើ​ពិភពលោក​ពិតមែន ប៉ុន្តែ​ដោយសារ​កម្ពុជា​ជា​ប្រទេស​តូច​មាន​ប្រជាជន​តិច ទើប​ទោះបី​ជាមាន​កំណើនសេដ្ឋកិច្ច​ថេរ​ដូច្នេះ​ក៏ដោយ ក៏​មិនអាច​ប្រៀបធៀប​នឹង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​រយ​លាន​នាក់​បានដែរ ទោះជា​សេដ្ឋកិច្ច​របស់គេ​កើនឡើង​ត្រឹមតែ 1 ឬ2% ក៏​ច្រើនជាង​យើង7%នេះដែរ៕

  • Lychee Mojito ស្រា​ក្រឡុក​ជំនួយ​សុខភាព

    Lychee Mojito ស្រា​ក្រឡុក​ជំនួយ​សុខភាព

    បច្ចុប្បន្ននេះ ស្រា​ក្រឡុក បាននិង​កំពុងតែ​មានការ​ពេញនិយម​ជាខ្លាំង​ពី​មហាជន​ទូទៅ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​សំណាក់​មិត្ត​យុវវ័យ​ដែល​មាន​​ធនធាន​តែម្ដង ដ្បិត​ស្រា​ប្រភេទ​នេះ​មាន​រសជាតិ​ឈ្ងុយ ផ្អែម​ឆ្ងាញ់​ជាប់មាត់ មិន​ពិបាក​លេប​ដូច​ប្រភេទ​វី​ស្គី​ទូទៅ ឬ​ស្រា​បៀរ​នោះទេ។ បន្ថែម​ពីនេះ ស្រា​ក្រឡុក ក្រៅពី​បានបង្ហាញ​ពី​ភាពទាន់សម័យ​ចំពោះ​អ្នក​ទទួលទាន​នោះ វា​ក៏​អាច​ចូលរួមចំណែក​ក្នុង​ការជួយ​បំប៉ន​សុខភាព​ផងដែរ ខណៈដែល​ការ​ទទួល​​ទាន​ត្រូវបាន​ធ្វើឡើង​ស្របតាម​ការកំណត់ គ្រាន់តែ​ថា វា​មានតម្លៃ​ថ្លៃ​បន្តិច​តែប៉ុណ្ណោះ។

    គ្រឿងផ្សំ
    • ស្រាស (white rum)
    • ជី​អង្កាម (Mint Leaves)
    • ស្ករត្នោត (Brown Sugar)
    • ផ្លែក្រូច​ឆ្មារ (Lime)
    • ផ្លែ​គូ​លេន (Ly Chee fruit)
    • ទឹក​សូ​ដា (Soda)

    វិធី​លាយ
    សម្រាប់​របៀប​ធ្វើ ឬ​លាយ​បង្កើតជា​ស្រា​ក្រឡុក ដែលមាន​ឈ្មោះថា​ Lychee Mojito នេះ ហាក់​មិនមាន​អ្វី​ពិបាក​នោះទេ។ រាល់​វត្ថុធាតុដើម ឬ​គ្រឿង​ផ្សំ​ទាំងអស់​សុទ្ធតែ​ងាយ​ស្វែង​រកបាន ហើយ​ចំពោះ​កម្រិត ឬ​បរិ​មាណនៃ​ការប្រើ ក៏​អាស្រ័យទៅលើ​ចំណូលចិត្ត​របស់​អ្នក​ទទួលទាន​ផ្ទាល់ ប៉ុន្តែ​សង្កត់​ធ្ងន់​​លើ​បរិមាណ​របស់​ផ្លែ​គូ​លេន​ច្រើនជាងគេ​បន្តិច ដ្បិតថា ស្រា​មួយ​ប្រភេទ​នេះ​ត្រូវបាន​ផ្តោតទៅលើ​រសជាតិ​ផ្អែម​ឈ្ងុយ​នៃ​ផ្លែ​គូ​លេន។ យក​គ្រឿងផ្សំ​ទាំងអស់​​វាយ​ក្រឡុក​បញ្ចូល​គ្នា ដោយ​ទុក​ត្រឹមតែ​សមាសធាតុ​របស់​សូ​ដា ដែល​ត្រៀម​សម្រាប់​ចាក់​បន្ថែម​ពីលើ​ក្រោយ​គេ។ ជាមួយគ្នានេះ ជាការ​បង្កើន​សោភ័ណភាព លោកអ្នក​ក៏​អាច​យក​ចំណិត​ផ្លែក្រូច​ឆ្មារ​បំពាក់​ពីលើ​មាត់​កែវ​ជាការ​ស្រេច។ លោកអ្នក​ក៏​អាច​ស្វែងរក​ស្រា​ក្រឡុក​ប្រភេទ​នេះ​បាន​នៅ​ភោជនីយដ្ឋាន Cowboy នៅ​ផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ៕

  • Barca ទៅ​ជួប Juventus ខណៈ Chelsea សម្លឹង​កៅអី​វគ្គ 16ក្រុម រាត្រី​នេះ

    Barca ទៅ​ជួប Juventus ខណៈ Chelsea សម្លឹង​កៅអី​វគ្គ 16ក្រុម រាត្រី​នេះ

    ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ធ្លាក់​ទម្រង់​លេង Juventus ក្នុងការ​ប្រកួត​វគ្គ​ចែក​ពូ​ល​នេះ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ស្រប​ពេលដែល​ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស Chelsea សម្លឹង​រក​កៅអី​វគ្គ16ក្រុម​ចុងក្រោយ នៅពេលដែល​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​អា​ស៊ែ​បៃ​ហ្ស​ង់ ដើម្បី​ប៉ះ​ជាមួយនឹង​ក្រុម Qarabag។

    ស្របពេល​ជាមួយគ្នានេះ Roma អាច​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅ​វគ្គ​បន្ទាប់ តាមរយៈ​ការ​ដណ្តើមបាន1ពិន្ទុ​លើទឹក​ដី​ក្រុម Atletico Madrid ស្របពេល Chelsea នឹង​ឈានទៅ​វគ្គ16ក្រុម ដោយ​ការយក​ឈ្នះ​លើ​ក្រុម Qarabag ឬ​ប្រសិនបើ Atletico មិនអាច​ដណ្តើមបាន​ជ័យជម្នះ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ។ Roma បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការយក​ឈ្នះ Lazio 2-1 ក្នុងការ​ប្រកួត​លី​ក​របស់​ពួកគេ។ ក្នុង​ពូ​ល C ដូចគ្នានេះ Chelsea នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ទាំង​ការជឿជាក់ ក្រោយពី​បាន​លត់​ក្រុម Qarabag យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុងពេល​ក្រុម​ទាំង​បាន​ជួបគ្នា​កាលពី​ថ្ងៃ​បើកឆាក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​តោ​ខៀវ​មួយ​នេះ បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម West Brom ក្នុង​លទ្ធផល 4-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​មុននេះ។ ស្របពេល​ជាមួយគ្នានេះ ក្រុម Barcelona នឹង​បញ្ចប់​ដោយ​ឈរលើ​លេខ1ក្នុង​ពូ​ល តាមរយៈ​ការដណ្តើម​បាន​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​រង Juventus កាលពី​ឆ្នាំមុន ។ ក្រុម Juventus បាន​រង​បរាជ័យ​ដ៏​កម្រ​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​ចាញ់​ក្រុម Sampdoria 3-2 ក្នុងពេល​អ្នកចាំទី Gianluigi Buffon និង​ខ្សែការពារ Andrea Barzagli មិនត្រូវ​បានដាក់​ឲ្យ​ចូល​លេង។ ប៉ុន្តែ លោក  Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​សារភាព​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ទស្សនា​ការរង​បរាជ័យ​ក្នុង​លទ្ធផល 3-០ ក្រោម​ស្នាដៃ​ក្រុម Juventus កាលពី​រដូវ​កាល​មុន ម្តង​ហើយ​ម្តងទៀត ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League ក្នុង​ទីក្រុង Turin នៅ​រាត្រី​នេះ។

    លោក Valverde ដែល​បាន​ចូល​ជំនួស​កន្លែង​របស់លោក Luis Enrique កាលពី​ខែឧសភា កន្លងទៅ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​ជើង​ទី1ម្តង​ហើយ​ម្តងទៀត ដើម្បី​ត្រៀមលក្ខណៈ។ នេះ​គឺជា​វគ្គ​ចាញ់​ធ្លាក់ ហើយ​ស្ថានភាព​ក៏​ខុសគ្នា​ដែរ​នៅពេលនេះ ប៉ុន្តែ យើង​ពិតជា​ដឹងថា Juventus នឹង​ចាប់ផ្តើម​យ៉ាងរឹងមាំ ហើយ​យើង​ត្រូវតែ​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​សម្រាប់​ការ​វាយបក»។ Chelsea នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ម៉ោង12 អធ្រាត្រ ខណៈ Barca និង Juventus ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ sports.yahoo.com

  • កំពូលតារាចម្រៀង Jay Park  ទម្លាយរឿងអាថ៌កំបាំងនៅក្នុងចិត្ត

    កំពូលតារាចម្រៀង Jay Park  ទម្លាយរឿងអាថ៌កំបាំងនៅក្នុងចិត្ត

    នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មាន Koreaboo បានចេញផ្សាយបានឱ្យដឹងថា ថ្មីៗនេះ កំពូលតារាចម្រៀងកូរ៉េ Jay Park ទើបតែបានបញ្ចេញរូបភាពដែលថត និងផ្ដល់បទសម្ភាសជាមួយទស្សនាវដ្ដី បុរស ឬ Men’s Magazine។

    នៅក្នុងជំនួបជាមួយទស្សនាវដ្តីខាងលើ លោកត្រូវបានតម្រូវឱ្យឆ្លើយតបបទសម្ភាស អំពីនារីនៅក្នុងក្ដីសុបិនដែលបានលាក់ទុកជាអាថ៌កំបាំងនៅក្នុងចិត្តលោកជាយូរមកហើយ និងអ្វីដែលសំខាន់នោះគឺរឿង គូអនាគត ព្រោះថាមកទល់ពេលនេះ តារាប្រុសរូបនេះនៅមិនទាន់មានគូស្នេហ៍នៅឡើយ។

    បើនិយាយពីរឿងស្នេហា តារាប្រុសរូបសង្ហាម្នាក់នេះប្រាប់ថា «ខ្ញុំមិនបានលង់ងប់ងល់ជាមួយស្នេហាគ្រាដំបូងឡើយ តែប្រសិនបើខ្ញុំប្រាថ្នាចង់ទាក់ទងនរណាម្នាក់ ខ្ញុំនឹងចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងនោះជាមួយគេម្ដងបន្តិចៗ និងកាន់តែខ្លាំងឡើងៗ»។ ចុះខណៈមានស្នេហា តើនារីប្រភេទណាដែលលោកប្រាថ្នាចង់មានក្ដីស្នេហ៍ពិតប្រាកដជាមួយនាង? នេះ គឺជាសំណួររបស់ទស្សនាវដ្តីដដែលនោះ។

    កំពូលតារាចម្រៀង Jay Park បានឆ្លើយបញ្ជាក់បន្ថែមថា «ទោះជាយ៉ាងណាក្ដី នារីដែលគួរតែក្លាយជាមិត្តស្រី ឬក៏ជានារីម្នាក់ដែលអាចចូលមករស់នៅក្នុងក្រុមគ្រួសារខ្ញុំបាន លុះត្រាតែខ្ញុំបានដកពិសោធចិត្តគ្នាក្នុងរយៈពេលដ៏យូរមួយ និងជានារីដែលមានការខិតខំប្រឹងប្រែងបង្ហាញពីសញ្ញានៃក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នោះទើបជាស្នេហាប្រាកដប្រជារបស់ខ្ញុំ»៕

  • នី រតនា ឡើងកូដ ដូររថយន្ដប្រណីត Mazda ថ្មីសន្លាងមែនឬ?

    នី រតនា ឡើងកូដ ដូររថយន្ដប្រណីត Mazda ថ្មីសន្លាងមែនឬ?

    នៅថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ម្ចាស់ពានកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian iDol រដូវកាល​ទី 1 លោក នី រតនា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក និងសារដ៏មានអត្ថន័យនៅក្នុងជីវិតឱ្យមហាជនបានដឹង។ រូបភាពមួយសន្លឹកនោះបានស្ដែងឱ្យឃើញថា ​លោកកំពុងតែ​ឈរ​នៅពី​មុខ​ឡាន​ទំនើប​មួយ​គ្រឿង​ម៉ាក Mazda ខុសពីពេល​កន្លង​មកដែលលោក​ជិះ​ឡាន​ Lexus RX 350 នៅឡើយ។

    ​តារាចម្រៀង​ប្រចាំផលិត​កម្មហង្សមាសបានរៀបរាប់ថា «យើងអាចនឹងកើតមក មិនបានរស់នៅលើគំនរទ្រព្យដូចគេក៏ពិតមែន  ក៏ប៉ុន្តែអ្វីដែលយើងយកមកជាមួយនោះ គឺទេពកោសល្យ នឹងជំនាញពិសេសផ្ទាល់ខ្លួន។ ទ្រាំបន្តិចទៀត! ប្រឹងបន្តិចទៀត! តស៊ូបន្តិចទៀត! យើងនឹងឈានទៅដល់គោលដៅរបស់យើងជាក់ជាមិនខាន…»។

    សារព័ត៌មាន ឡារ៉ែន បានព្យាយាមសុំការបកស្រាយបញ្ជាក់ពីលោក នី រតនា តាមរយៈសារអេឡិចត្រូនិក និងត្រូវបានលោកបញ្ជាក់ប្រាប់មកវិញថា «នោះមិនមែនជារថយន្ដរបស់ខ្ញុំទេបង! ការពិត គឺជារថយន្ដសម្រាប់ថតរឿងភាគថ្មី ដែលមានចំណងជើងថា ”រាជបុត្រកង្កែប“ ទេ»៕

  • គង់ ចាន់ស្រីមុំ និងស្វាមីបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយសាងសង់ខ្លោងទា្វរសាលាដូង

    គង់ ចាន់ស្រីមុំ និងស្វាមីបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយសាងសង់ខ្លោងទា្វរសាលាដូង

    បន្ទាប់ពីបានបាត់មុខមួយរយៈពីពិភពសិល្បៈ ពីការសម្ដែង MV វីដេអូចម្រៀង ស្ប៉តពាណិជ្ជកម្ម ក៏ដូចជារឿងភាគទូរទស្សន៍ និងកំពុងទទួលបានជោគជ័យលើមុខជំនួញនោះ ថ្មីៗនេះសារព័ត៌មាន ឡារ៉ែន ទទួលបានដំណឹងថា អ្នកនាង​គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក សីហា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 7,77០ ,០០០ រៀល ក្នុងគោលបំណងជួយសាងសង់​ខ្លោងទ្វារសាលា​ដូង​បន្ថែម ដែលមាន​ប្រវែង 150 ម៉ែត្រ និង​ជួយ​ឧបត្ថម្ភដល់​ជីវភាពក្មេង​កំព្រាជាច្រើននាក់​ឲ្យ​បានចៀសផុត​ពីដើរ​ការ​សុំទាន​តាមផ្លូវ ព្រមទាំងឧបត្ថម្ភជំនួយដល់មនុស្សចាស់​ជរា​ទៀត​ផង។

    សូមជម្រាបថា ​ខ្លោងទ្វារសាលាដូង​ដែលគ្រោងនឹងសាងសង់បន្ថែមប្រវែង 150 ម៉ែត្រនេះ​​ នឹងត្រូវ​ធ្វើទ្បើងពីឈើ និងសម្បកកំប៉ុងអេតចាយ​។ យ៉ាងណាមិញ ក៏មានសាងសង់បន្ថែមនូវរោងប្រក់ស្បូវមួយខ្នងសម្រាប់​ក្រុមមនុស្សចាស់ជរា​ដែលមានទំហំ 12ម៉ែត្រផងដែរ​។

    នាឱកាសដ៏វិសេសវិសាលខាងលើ តារាស្រីរូបនេះក៏បាននាំយកនូវថវិកា​ សារុង​ ក្រមា​ និងនំនែកមួយចំនួនទៅចែកជូនលោកតា លោកយាយ និងកុមារៗនៅទីនោះផងដែរ។

    អ្នកនាង ​គង់ ចាន់ស្រីមុំ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «នាងខ្ញុំពិតជារំភើប និងរីករាយខ្លាំងណាស់ដែលបានជួយដល់សាលាដូង​គិរីរម្យ និង​មនុស្សចាស់ជរា​ ក្មេងៗដែលស្នាក់នៅក្នុងទីនេះ​ឱ្យចៀសផុតពីការសុំទាននៅតាមដងផ្លូវ​។ វាគ្រាន់តែជាមួយចំណែកតូចមួយដែលនាងខ្ញុំអាចជួយដល់សង្គមរបស់យើងប៉ុណ្ណោះ ហើយនាងខ្ញុំក៏សូមអរគុណផងដែរទៅដល់ក្រុមការងារ និងមិត្តភ័ក្តិទាំងអស់​ រួមទាំងពុកម៉ែបងប្អូនដែលតែងតែគាំទ្រនាងខ្ញុំកន្លងមក។ សូមផ្ញើសេចក្តីស្រឡាញ់មួយនេះនៅក្នុងដួងចិត្តអ្នកគ្រប់គ្នាផង»។

    គួរបញ្ជាក់ផងដែរថា សាលាដូង គឺជាមណ្ឌលសប្បុរសធម៌ដែលប្រមែប្រមូល និងជួយដល់កុមារកំព្រា និងចាស់ជរាដែលគ្មានទីពំនាក់។ នៅក្នុងសាលាដូង មានថ្នាក់រៀនសម្រាប់កុមារកំព្រាដែលមិនចេះអក្សរ  មានរោងសម្រាប់ស្នាក់នៅ និងចិញ្ចឹមមើលថែទាំជនកំព្រាទាំងនោះទៀតផង។ សាលាដូងអាចរស់នៅបានដល់សព្វថ្ងៃនេះគឺ ដោយសារការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា។ សាលាដូងមិនរើសអើងចំពោះអំណោយ ឬជំនួយឡើយ សូម្បីដែលរបស់របរចាស់ៗដែលលែងប្រើហើយ សម្បកកំប៉ុងអេតចាយ(សំរាម) ឬអ្វីក៏ដោយ ក៏សាលាដូងទទួលយកដែរ។ សាលាដូងសព្វថ្ងៃមាន 2 សាខា គឺទីមួយនៅកោះដាច់ និងទីពីរនៅឧទ្យានជាតិគីរីរម្យ៕

  • ល្បី​ថា iPad Pro ស៊េរី 2018 នឹងមាន TrueDepth និង Face ID ដែរ

    ល្បី​ថា iPad Pro ស៊េរី 2018 នឹងមាន TrueDepth និង Face ID ដែរ

    Ming-Chi Kuo អ្នកវិភាគ​ល្បីឈ្មោះ​មកពី KGI Securities បាន​បង្ហើប​ឱ្យដឹងថា Apple នឹង​បង្ហាញ iPad Pro ស៊េរី​ថ្មី​ក្នុង​ឆ្នាំ 2018 ដែល​នឹង​ចេញមក​ព្រមជាមួយ Feature ល្អៗលេចធ្លោ​ដូចគ្នា​នឹង iPhone X ដែរ។

    អាច​នឹងមាន​ឈ្មោះថា iPad Pro X។ បន្ទាប់ពី Apple បង្ហាញខ្លួន iPhone X ស្មា​ត​ហ្វូ​ន​ស៊េរី​ខួបកំណើត10ឆ្នាំ ជា iPhone ដែល​ចេញមក​ព្រមជាមួយ​កាមេរ៉ា​អច្ឆរិយៈ (TrueDepth) ប្រព័ន្ធ​បញ្ជាក់​ខ្លួន​ម្ចាស់​តាមរយៈ​ផ្ទៃមុខ​ដ៏​ទំនើប​បំផុត (Face ID) និង​អេក្រង់​គ្មាន​គែម កម្រិត​ភាពច្បាស់​ខ្ពស់​រួចមក ក៏​ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន រហូតដល់​មាន​អ្នកវិភាគ​ខ្លះ​ជឿថា Apple អាច​នឹង​នាំយក Featuer ទាំងនេះ​ទៅ​ដាក់​ក្នុង iPad Pro ស៊េរី​ថ្មី​ដែល​នឹង​ចេញ​ក្នុង​ឆ្នាំ2018 ខាងមុខនេះ​ទៀតផង។

    iPad Pro ក៏​ជា​ឧបករណ៍​លើក​កេរ្តិ៍ឈ្មោះ​មួយ​របស់ Apple ដែរ ព្រោះ​អាច​រាប់បាន​ថា​ជា​ធេ​ប្លេ​ត​ស៊េរី​កំពូល​របស់​ក្រុមហ៊ុន​ផងដែរ ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​បើសិនជា Apple ចង់យក Featuer ក្នុង iPhone X មក​ដាក់​ក្នុងiPad Pro ស៊េរី​បន្ទាប់​ទៀត ហើយ​ថែម​ជាការ​ជួយ​បង្កើន​ភាពល្បីល្បាញ​របស់ Featuer ស្គែ​ន​ផ្ទៃមុខ​នេះ​ទៀតផង ធ្វើឱ្យ​អ្នក​អភិវឌ្ឍទាំងឡាយ​ងាក​មក​ចាប់អារម្មណ៍​តិច​ណូ​ឡូ​ជី​នេះ​កាន់តែ​ច្រើនឡើង៕