Category: សង្គម និងសេដ្ឋកិច្ច

  • កុមារតូចៗចាប់ផ្តើម​រៀន​គ្រប់យ៉ាង​ពី​មនុស្ស​ធំ តែ​យើង​គ្រប់គ្នា​មិនដឹង​ខ្លួន

    កុមារតូចៗចាប់ផ្តើម​រៀន​គ្រប់យ៉ាង​ពី​មនុស្ស​ធំ តែ​យើង​គ្រប់គ្នា​មិនដឹង​ខ្លួន

    អាណាព្យាបាល​ជាច្រើន​ប្រហែលជា​មិនដែល​នឹក​ដល់​ទេ​ថា កូនតូចៗដែល​ពេលខ្លះ​ទើបនឹង​ចេះ​និយាយ​នោះ​កំពុង​រៀន​អ្វី​គ្រប់យ៉ាង​ពី​មនុស្ស​ធំ ដែល​ចំណុច​នេះ​ធ្វើឱ្យ​ឪពុកម្តាយ​ខ្លះ​មានការ​ភ្ញាក់ផ្អើល​នៅពេលដែល​ពួកគាត់​សង្កេតឃើញ​ចំណុច​អវិជ្ជមាន​របស់គាត់​ត្រូវបាន​ក្មេង​ធ្វើតាម​នៅពេល​ណាមួយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោកស្រី គឹម សុជាតា នាយិកា​សាលា​អន្តរជាតិ សាស្តា បាន​លើកឡើងថា ក្មេង​ចាប់ផ្តើម​រៀនសូត្រ និង​មាន​ការចេះ​គិត​តាំងពី​ពួកគេ​នៅ​វ័យក្មេង​បំផុត ហេតុនេះ​ការបង្រៀន​ពួកគាត់​គឺជា​រឿង​សំខាន់បំផុត​មួយ​ដែល​អាណាព្យាបាល​គួរតែ​យកចិត្តទុកដាក់ ហើយ​ការប្រើ​អាកប្បកិរិយា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​ពួកគេ​ចាប់យក​រូបភាព​គ្រប់យ៉ាង ទោះបីជា​ពួកគេ​មិនចេះ​និយាយ​ក៏ដោយ។

    លោកស្រី គឹម សុជាតា បាន​និយាយថា៖ «ក្មេង​ដែល​ទទួលបាន​ការអប់រំ​ត្រឹមត្រូវ​តាំងពី​នៅ​តូច​អាច​ក្លាយជា​ក្មេង​ដែលមាន​ភាពក្លាហាន​ច្រើនជាង​ក្មេង​ទូទៅ ដែល​រស់នៅ​ជាមួយនឹង​មនុស្ស​ធំ​តែ​មិនបាន​បង្រៀន​ហើយ​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ទម្លាប់​ប្រចាំថ្ងៃ»។

    អ្នក​អប់រំ​ក្មេង​តូច​ខាងលើ​បានបង្ហាញ​ឱ្យដឹង​ផងដែរ​ថា មនុស្ស​ធំ​គួរ​យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់​ពាក្យសម្តី និង​អាកប្បកិរិយាល្អៗជាមួយ​ក្មេងតូចៗ ព្រោះថា ពួកគេ​បាន​ចម្លង​យក​អ្វី​គ្រប់យ៉ាង​ដែល​មនុស្ស​ធំ​បានធ្វើ។ ការដែល​ដាក់ឱ្យ​កូន​រស់នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ អាចជា​ជម្រើស​ល្អ​មួយ​ដើម្បីឱ្យ​ពួកគេ​រស់នៅក្នុង​បរិស្ថាន​ដែល​ទន់ភ្លន់ កក់ក្តៅ និង​មាន​អ្នកជំនាញ​សម្រាប់​អប់រំ​ទាំង​សុខភាព និង​ផ្លូវចិត្ត​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ម្នាក់​នៅ​ថ្ងៃ​អនាគត។

    លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន បាន​លើកឡើងថា ក្មេងតូចៗ ក៏ត្រូវ​ការរៀន​ដូច​មនុស្ស​ធំ​ដែរ គ្រាន់តែ​ពេលខ្លះ​ការរៀន​របស់​ពួកគាត់​គឺ​ខុសប្លែក​ពី​ក្មេង​ដែល​និយាយ​ស្តាប់​គ្នា​បាន។ ក្មេង​តូច​ត្រូវការ​ការយកចិត្តទុកដាក់ ហើយ​ចូលចិត្ត​លេង​ជាង​ការរៀន​អ្វីដែល​លំបាក​គិត ហេតុនេះ​អ្នកជំនាញ​គេ​អាច​ប្រើប្រាស់​វិធី​លេង​ដែល​បង្កប់​ដោយ​ចំណេះដឹង និង​បំផុស​ការគិត​ដែល​អាចធ្វើឱ្យ​ក្មេង​នោះ​ក្លាយជា​មនុស្ស​ដែលមាន​ហេតុផល ចេះ​គិត និង​មាន​ភាពក្លាហាន​នៅពេលដែល​ពួកគេ​ធំ​ឡើង៕

  • Seagate បង្ហាញ Hard Disk ទំហំ 12TB សម្រាប់ Desktop និង NAS

    Seagate បង្ហាញ Hard Disk ទំហំ 12TB សម្រាប់ Desktop និង NAS

    Seagate បង្ហាញខ្លួន Hard Disk ស៊េរី​ថ្មី​ដែលមាន​ឈ្មោះថា BarraCuda Pro ទំហំ 3.5 inh សម្រាប់​កុំព្យូទ័រ​លើ​តុ ឬ Desktop PC និង IronWolf / IronWolf Pro សម្រាប់​ទុកដាក់​រក្សា​ព័ត៌មាន​ក្នុង​បណ្ដាញ ឬ NAS ។ចំណុច​លេចធ្លោ ក្រៅពី​ទំហំ​ផ្ទុក​កម្រិត 12TB(ថេ​រ៉ា​បៃ​ត៍) ហើយ ​ថែមទាំង​មាន​ល្បឿន​វិល​ក្នុង​កម្រិត 7200 rpm Support ឃែ​ច​បាន​ខ្នាត256MB ដោយ​ការតភ្ជាប់​ជា​ប្រភេទ SATA IIII។តែ​នៅលើ​ស៊េរី IronWolf និង IronWolf Pro នឹង​ខុសប្លែកគ្នា​គឺ ការគាំទ្រ​ការធ្វើការងារ​ដំណាលគ្នា​ទាំងអស់ 8-16 Bay ដូចគ្នា។

    តែ​ការធានា​ខុសគ្នា​នៅត្រង់​ដែល BarraCuda Pro និង IronWolf Pro នឹង​បានទទួល​ការធានា5ឆ្នាំ ខណៈដែល IronWolf ធានា​តែ3ឆ្នាំ​ប៉ុណ្ណោះ និង​ការកំណត់​ពេលវេលា​ចេញលក់​នៅលើ​ទីផ្សារ​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយទេ៕

  • ប៊ី សុធារី ត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរ ព្រោះនៅសល់តែ 4 ថ្ងៃទៀតទេ

    ប៊ី សុធារី ត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរ ព្រោះនៅសល់តែ 4 ថ្ងៃទៀតទេ

    នៅសល់តែ 4 ថ្ងៃទៀតទេ គឺជាថ្ងៃដែលបវរកញ្ញាឯក ប៊ី សុធារី  នឹងត្រូវឡើងប្រកួតលើវេទិកាលំដាប់អន្ដរជាតិ Miss Universe 2017  វគ្គចុងក្រោយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27 វិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ ។ បើតាមរយៈហ្វេសប៊ុកផ្លូវការរបស់ Miss Universe Cambodia បានឱ្យដឹងថា នេះជាលើកដំបូងក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ ដែលប្រទេសកម្ពុជាមានកិត្តិយសបានទៅបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយនេះដែរ ដែលវាមិនមែនជារឿងងាយស្រួលឡើយ។

    បន្ទាប់ពីបានគ្រងតំណែងជាជយលាភីកញ្ញាឯកកម្ពុជាឆ្នាំ 2016 កញ្ញា ប៊ី សុធារី បានត្រៀមលក្ខណៈជាច្រើនដូចជាកម្លាំងចិត្ត និងបញ្ញាស្មារតីសម្រាប់ចូលរួមក្នុងការប្រកួតកម្មវិធីមួយនេះអស់រយះពេលជិតមួយឆ្នាំមកហើយ។

    នាងបាន​បង្កើនភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយគ្រូបង្វឹករបស់នាងដែលមិនមែនត្រឹមតែជាភ្នាក់ងាររៀបចំកម្មវិធីកញ្ញាឯកកម្ពុជានោះទេ។ នាងបានធ្វើដំណើរទៅប្រទេសហ្វីលីពីនដើម្បីធ្វើការហ្វឹកហាត់បន្ថែមក្នុងការដើរបង្ហាញម៉ូដ រួមទាំងការហ្វឹកហាត់ឆ្លើយសំនួរដែលទាក់ទងនឹងកម្មវិធីប្រកួតផងដែរ។

    កញ្ញា ប៊ី សុធារី បានបញ្ជាក់ប្រាប់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរទាំងអស់ នាងខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានឱ្យអស់ពីសមត្ថភាពដើម្បីក្លាយជាកញ្ញាឯកតំណាងប្រទេសកម្ពុជាដ៏មានតម្លៃរបស់ប្រទេសដ៏ស្រស់ស្អាតរបស់យើង។ នាងខ្ញុំនៅតែសំណូមពរ សូមឱ្យអ្នកទាំងអស់គ្នានៅតែបន្តការគាំទ្ររូបនាងខ្ញុំបន្តទៀត»។

    គួរបញ្ជាក់បន្ថែមផងដែរថា ខណៈនេះកញ្ញា ប៊ី សុធារី កំពុងត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរយើងជាខ្លាំងក្នុងការបោះឆ្នោតគាំទ្ររូបនាងដើម្បីឱ្យបានជាប់បន្ដជា Miss Popular Vote ដែលនឹងជាប់ដោយស្វ័យប្រវត្តិទៅវគ្គចុងក្រោយ ព្រោះថា នៅសល់តែ 4 ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះសូមចូលរួមបោះឆ្នោតលើកទឹកចិត្ត និងគាំទ្ររូបនាងទាំងអស់គ្នាផង តាមរយៈLink ៖  vote.missuniverse.com ៕

     

  • Kerala ឋានសួគ៌​ធម្មជាតិ​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៃ​ទិសនិរតី​ប្រទេស​ឥណ្ឌា

    Kerala ឋានសួគ៌​ធម្មជាតិ​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៃ​ទិសនិរតី​ប្រទេស​ឥណ្ឌា

    Kerala ជា​រដ្ឋ​មួយ​ពោរពេញ​ដោយ​វប្បធម៌​ដ៏​ចំណាស់ និង​ជាទី​តាំង​ដ៏​ស្រស់បំព្រង​នៃ​ឆ្នេរសមុទ្រ​ដ៏​វែង​អន្លាយ​របស់​ប្រទេស​ឥណ្ឌា ជាប់​ជាមួយនឹង​សមុទ្រ​អារ៉ាប់។ ទឹកដី​ដែល​ត្រូវបាន​ដាក់ឈ្មោះ “ដែនដី​គ្រប់គ្រង​ដោយ​ព្រះ” មួយ​នេះ ត្រូវបាន​ចាត់ទុក​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត 1ក្នុងចំណោម10នៅ​ទូទាំង​ពិភពលោក ព្រោះ​វា​បង្កប់​ទៅដោយ​រឿងរ៉ាវ​ដ៏​អស្ចារ្យ ជាពិសេស​គឺ​កសាង​រមនីយដ្ឋាន​ឱ្យស្រប​ទៅតាម​បែប​ធម្មជាតិ ជាពិសេស​ទូក​ទេសចរណ៍​ធ្វើ​អំពី​ឈើ ដែលញាំុងឱ្យ​ភ្ញៀវទេសចរ ជាពិសេស​គូស្នេហ៍​ដ៏​រ៉ូ​មែន​ទិ​ក​អាច​លំហែកាយ និង​កសាង​នូវ​អនុស្សាវរីយ៍ ដែល​មិនអាច​បំភ្លេចបាន​ក្នុង​ឆាកជីវិត។

    ការធ្វើដំណើរ​កម្សាន្ត​នៅក្នុង​តំបន់ Kerala នេះ ភ្ញៀវទេសចរ​ក៏​នឹង​ស្វែងយល់​អំពី​របៀប​រស់នៅ ជាពិសេស​ខ្សែទឹក​ទន្លេ និង​ដងព្រែក​ដ៏​ឆ្វាត់ឆ្វែង ព្រមទាំង​វាលស្រែ​ដាំ​ដំណាំ​ជាច្រើន​ប្រភេទហើយ​ក៏មាន​ដំណាំ​កាហ្វេ​ផងដែរ ជាពិសេស​គឺ​ដើម​ដូង​ច្រូងច្រាងខ្ពស់ៗ និង​លំនៅឋាន​បែបប្រពៃណីសាងសង់អំពី​ឈើ​នៅតាមបណ្តោយដង​ទន្លេ និង​ដងព្រែក​នេះ​តែម្តង។ មិនទាន់​អស់​ទេ ឆ្នេរ​ខ្សាច់​នៅ​រដ្ឋ Kerala ដ៏​វែង​អន្លាយ គឺជា​ឆ្នេរ​ពណ៌​មាស​ទល់មុខ​នឹង​សមុទ្រ​អារ៉ាប់ វា​នឹងធ្វើ​ឱ្យជើង​របស់លោក​អ្នក ទទួល​នូវ​អារម្មណ៍​ថ្មី​ប្លែក​មួយបែប​ទៀត​ពេល​អ្នក​បាន​ដើរលេង​នៅលើ​ឆ្នេរ​ខ្សាច់​នេះ។ កុំ​ភ្លេច​ណា​ភ្ញៀវ​ទេសចរ​ទាំងឡាយ សូម​ទៅ​ទស្សនា​ឧទ្យាន​ជាតិ​នានា ព្រមទាំង​ឧ​ទ្យា​ជីវៈចម្រុះ​អភិរក្ស​សត្វព្រៃ​ផង ដើម្បីឱ្យ​បានដឹង​បន្ថែមថា Kerala មាន​ធនធានធម្មជាតិ​កម្ររ​កបាន​អ្វីខ្លះ​ដែល​ពិសេស​ប្លែក​ពី​គេ។

    ដោយឡែកចំពោះ​ការធ្វើដំណើរ​មកកាន់​ដែនដី​ដ៏​ស្រស់ស្អាត​នេះ​គឺអាច​ធ្វើដំណើរ​តាមផ្លូវ​អាកាស ដោយ​ត្រូវ​ធ្វើដំណើរ​មកកាន់​ព្រលានយន្តហោះ ដែលមាន​ទាំង​ព្រលានយន្តហោះ​ជាតិនិង​ព្រលានយន្តហោះ​អន្តរជាតិ សរុប​ចំនួន3កន្លែង ហើយ​បើ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​វិញ Keralaមាន​កំពង់ផែ​សមុទ្រ Cochin និង​ផ្លូវគោក​គឺ​ភ្ជាប់​គ្នា​រវាង​រដ្ឋ Karnataka និង​រដ្ឋ Tamil Nadu តែម្តង ដោយមាន​ទាំង​ផ្លូវថ្នល់ ជាពិសេស​ម​ធ្យោ​បាយ​តាម​រថភ្លើង​ដ៏​ពេញនិយម និង​អាចឱ្យ​អ្នកទេស-ចរ​ រីករាយ​នឹង​ទេសភាព​នៅតាម​ដងផ្លូវ​បន្ថែម​ទៀតផង។

    បន្ថែម​ពីនេះ ​សេវាកម្ម​ហាង​លក់ទំនិញ ផ្សារ​ទំនើប អាហា​រដ្ឋា​ន បូក​រួមទាំង​ចំណីអាហារ​ដ៏​សម្បូរបែប និង​ផ្ទះសំណាក់ រហូតដល់​សណ្ឋាគារ​ប្រណិត​លំដាប់​អន្តរជាតិ គឺមាន​គ្រប់គ្រាន់ ទាំង​នៅតាម​តំបន់​មាត់សមុទ្រ និង​នៅតាម​ដងព្រែក ដង​ទន្លេ ព្រមទាំង​តំបន់​ឧទ្យាន​ជាច្រើន​ទៀត​របស់ Kerala ដែ​លេ​ជា​កន្លែង​ទេសចរណ៍ និង​ជាទី​ដ៏​មនោ​រម្យ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដែល​មិនចេះ​ជិនណាយ​ឡើយ៕

  • Barca និង Chelsea ទៅ​វគ្គ​16ក្រុម ខណៈ Man Utd ចាញ់​​លើ​ទឹកដី Basel

    Barca និង Chelsea ទៅ​វគ្គ​16ក្រុម ខណៈ Man Utd ចាញ់​​លើ​ទឹកដី Basel

    ក្រុម Barcelona និង Chelsea បាន​កក់​​កៅអី​របស់​ពួក​គេ​រៀង​ៗខ្លួន​ទៅ​កាន់វគ្គ​16​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែក្រុម​​បិសាចក្រហម Manchester United បាន​​រង​បរា​ជ័យ​ដ៏​មិន​នឹក​​​ស្មាន​ដល់​​ក្នុង​លទ្ធផល 1-០ នៅ​លើ​ទឹក​ដីក្រុម Basel​​។

    ក្រុម Barcelona​ បាន​បញ្ចប់​​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Juventus ក្នុង​ទីក្រុង Turin ដើម្បី​​​ទទួល​បាន​1ពិន្ទុ ដែល​​គ្រប់​គ្រាន់​ក្នុង​ការ​​ជួយ​ឲ្យ​ពួក​គេឈាន​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជាក្រុម​ឈរ​លេខ​1ក្នុង​ពូល D បើ​ទោះ​បី Lionel Messi ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​នាម​​ជា​​កីឡាករ​បម្រុង​ក៏ដោយ​។ ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ក្រុម Chelsea ក៏បាន​ឈាន​ទៅ​វគ្គ​បន្តដោយសុវត្ថិ​​​​ភាពដែរ​ ក្រោយ​ពី​បាន​ផ្តួល​ក្រុម Qarabag របស់​អា​ស៊ែ​បៃ​ហ្សង់ យ៉ាងបរិបូណ៌​ក្នុង​លទ្ធ​ផល 4-០ ដើម្បី​រក្សា​ការ​ឈរ​លេខ​1ក្នុង​ពូល C ពី​លើ​ក្រុម Roma ដែល​បាន​ចាញ់​ក្រុម Atletico Madrid 2-០ នៅ​ថ្ងៃ​ដដែល​នោះដែរ​។ ប៉ុន្តែ ក្រុម Man Utd ដែលហាក់ដូច​ជាកំពុង​ស្ថិត​នៅ​លើ​ផ្លូវ​​ក្នុង​ការ​ទទួល​បាន​ពិន្ទុ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ការ​បានកក់​កៅអី​ទៅ​វគ្គ​16​​ក្រុម​ចុង​ក្រោយ​ទៅហើយនៅក្នុង​ប្រទេស​ស្វ៊ីសនោះ ស្រាប់តែត្រូវបាន​​កីឡាករ Michael Lang ​រក​គ្រាប់​បាល់​ឈ្នះ​ឱ្យក្រុម Basel បាននៅ​នាទីទី​89 ធ្វើឱ្យពួកគេខកចិត្តយ៉ាងខ្លាំង​។

    ក្រុម​​របស់​លោក Antonio Conte បាន​ឈាន​ទៅ​វគ្គ​16​ក្រុម​ចុង​ក្រោយ​ ខណៈ​ដែល​នៅ​សល់​តែ1​មួយ​ប្រកួត​ទៀត ក្រោយ​​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ពី​សំណាក់​ខ្សែ​​បម្រើ​ឆ្នើម Eden Hazard និង William នា​កីឡដ្ឋាន Olympic ស្រប​​ពេល​​ដែលជ័យ​ជម្នះ​នេះបាន​ទម្លាក់​ក្រុម​ Qarabag របស់​អា​ស៊ែ​បៃ​ហ្សង់​ ចេញពី​យុទ្ធ​នា​ការ​នេះ​តែ​ម្តង​។ Hazard បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​​ធ្វើ​បាន​ល្អមែន​។ យើង​គួរ​តែ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ​។ វា​ពិត​ជា​រឿង​ដ៏​ងាយស្រួល​ណាស់ក្នុង​ការ​លេង​ជា​មួយ​នឹង​កីឡាករ​ឆ្នើម​ៗ​ទាំងនេះ​»​៕

    ប្រភព​ពី៖ The Sun

  • លោក Emery ផ្តោត​លើ​ការ​ជួប Bayern ក្រោយ PSG បំ​បាក់ Celtic ចាស់​ដៃ

    លោក Emery ផ្តោត​លើ​ការ​ជួប Bayern ក្រោយ PSG បំ​បាក់ Celtic ចាស់​ដៃ

    លោក Unai Emery គ្រូ​បង្វឹក​របស់​ក្រុម Paris Saint-Germain បាន​ជំ​រុញ​ឲ្យ​ក្រុម​របស់​លោក​រក្សា​​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកួត​ក្នុង​យុទ្ធ​នា​​ការ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូល​របស់​ពួក​គេ ក្រោយ​ពី​​តារា​ឆ្នើម Neymar បាន​ជួយ​ឲ្យក្រុម​របស់ខ្លួន​​​បំ​បាក់​ក្រុម Celtic យ៉ាង​ចាស់​ដៃ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

    ក្រុម PSG បាន​ធ្វើ​ការ​វាយ​បក​ដេញ​តាម​ពី​ក្រោយ​ដើម្បី​ផ្តួល​ក្រុម​​ម្ចាស់​ជើង​ឯក​ស្កុត​ឡេន​មួយ​នេះ ក្នុង​លទ្ធផល 7-1 នា​កីឡដ្ឋាន Parc des Princes ក្រោម​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​របស់ Neymar ដែល​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​2​​គ្រាប់ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Moussa Dembele បាន​ជួយ​ឲ្យ​​ក្រុម Celtic មាន​គ្រាប់​បាល់​នាំ​មុខ​មុន​។​ ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់​បញ្ចូល​​ទី​2​គ្រាប់​ផងដែរ ស្រប​ពេល​ដែល​ Kylian Mbappe, Marco Verratti និង Dani Alves​ រក​បាន​ម្នាក់​1​​គ្រាប់​ដូច​​គ្នា ដើម្បី​​ធ្វើ​ឲ្យ​ក្រុម​របស់​ពួក​គេ​​រក​បាន​គ្រាប់​បាល់​សរុប​24​គ្រាប់​ក្នុង​វគ្គ​ចែក​ពូល ​ខណៈ​ដែល​នៅ​សល់​តែ1​ប្រកួត​​ទៀតប៉ុណ្ណោះ​ក្នុង​ពូល B របស់​ពួក​គេ​។​ ការ​ទទួល​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​ពុធ ក៏​ជា​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំផុត​របស់ PSG ផងដែរក្នុងយុទ្ធ​នា​ការ​នេះ ក្រោយ​ពី​បាន​បំ​បែក​កំណត់​ត្រា​កាលពី​មុន​របស់​ពួក​គេ គឺ​ការ​យកឈ្នះ 7-2 លើ​ក្រុម Rosenborg​កាល​ពី​ខែ​តុលា ឆ្នាំ​2០០០ ដែលនៅ​ពេល​​នោះ​ខ្សែ​ប្រយុទ្ធ​ Nicolas Anelka បាន​​ស៊ុត​បាល់​បញ្ចូល​ទី​2​គ្រាប់​។

    ខណៈ​ដែល​បាន​ឈាន​ទៅ​វគ្គ​16ក្រុម​ចុងក្រោយ​រួ​ច​ស្រេចហើយ​មុន​ពេល​ការ​ប្រកួត​នេះ PSG នឹង​សម្លឹង​រក​ការ​​ឈ្នះ​កៅអី​​លេខ​1ក្នុង​ពូល B ពី​លើ​ក្រុម Bayern Munich នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​អាល្លឺ​ម៉ង់ សម្រាប់​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល​របស់​ពួក​គេ​នៅ​ខែ​ក្រោយ​៕ លោក Emery បាន​​ឲ្យ​ដឹង​ថា៖ «Bayern គឺជា​ក្រុម​ដ៏ខ្លាំង​មួយ​។ វា​នឹងក្លាយ​​ជា​ការ​សាក​ល្បង​ដ៏​ល្អ​មួយ​។ ពួក​គេ​​ស្ថិ​តក្នុង​ចំណោម​ក្រុម​ដែល​អាច​ឈ្នះ​ពាន Champions League»​​៕

    ប្រភពពី៖ Sport24

  • ម៉េង កែវពេជ្ជតា រិះគន់រូបិយប័ណ្ណថ្មីម៉ាទំហឹង

    ម៉េង កែវពេជ្ជតា រិះគន់រូបិយប័ណ្ណថ្មីម៉ាទំហឹង

    នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ 2017​ ម្សិលមិញនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អ្នកនាង ម៉េង កែវពេជ្ជតា បានទម្លាយសាររិះគន់រូបិយប័ណ្ណក្រដាសប្រាក់ដែលទើបតែចេញថ្មីថា ងាយភាន់ច្រឡំ ងាយវង្វេងវង្វាន់ក្នុងការចាយវាយ។ សាររបស់អ្នកនាងហាក់បីដូចជាបានរិះគន់ទៅកាន់ធនាគារជាតិ និងរាជរដ្ឋាភិបាលចំៗតែម្ដងដើម្បីសុំឱ្យពិចារណារឿងនេះឡើងវិញ។

    នៅក្នុងនោះដែរតារាចម្រៀងស្រីជើងចាស់ និងមានឈ្មោះល្បីរូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកថា «និយាយពីរឿង​ រូបិយប័ណ្ណ​ (​ លុយ​ )​ នៅស្រុកខ្ញុំវិញ​ ម្តេចក៏មានច្រើនរូប​ ច្រើនបែបម្ល៉េះ​? ចំនួនទឹកប្រាក់តែមួយ​ ប៉ុន្តែមានរូបរាង​ ពណ៌​ រូបភាព​ ទំហំផ្សេងៗគ្នា​ ធ្វើឱ្យអ្នកចាយមានការវង្វេងវង្វាន់ភាន់ច្រឡំ​។ នេះសម្រាប់ប្រជាពលរដ្ឋខ្មែរផង​ ចុះទម្រាំជនបរទេសទៀត​ តើគេនឹងពិបាកសម្គាល់​​យ៉ាងណាទៅ​? ខ្ញុំមិនដឹងថា​ ​នេះជាគោលការណ៍សេដ្ឋកិច្ចអ្វីទេ​ តែខ្ញុំឆ្ងល់​មែនទែន​ ព្រោះមិនដែលឃើញលុយ​ អាមេរិក​ បារាំង​ អូស្ត្រាលី​អី ​គេដូរញឹកញាប់ដូច្នេះផង​ គឺទាល់តែយូរណាស់​ ទើបដូរម្តង…ឆ្ងល់…»។

    សូមជម្រាបផងដែរថា នៅខាងក្រោមសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា  គេសង្កេតឃើញមានមតិមហាជនជាច្រើននាក់ បានចូលមកគាំទ្រសាររបស់អ្នកនាង ព្រមទាំងសម្ដែងការមិនពេញចិត្តដូចគ្នាដែរ៕

  • “កោះ​អូននិង​កោះ​បង”គ្រាន់តែ​ឮឈ្មោះ​ភ្លាម ធ្វើឱ្យ​គូស្នេហ៍​ចង់ទៅ​ក្រេបទឹក​ឃ្មុំ​ភ្លែត!

    “កោះ​អូននិង​កោះ​បង”គ្រាន់តែ​ឮឈ្មោះ​ភ្លាម ធ្វើឱ្យ​គូស្នេហ៍​ចង់ទៅ​ក្រេបទឹក​ឃ្មុំ​ភ្លែត!

    មិន​ពិបាក​រក​នោះទេ ព្រោះ​កោះ​នេះ​ស្ថិតនៅ​ប្រជុំ​កោះរ៉ុង តំបន់​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ដែល​ពោរ​ពេញ​ដោយ​ទេសភាពនៃ​វាល​ខ្សាច់ពណ៌សក្បុស ហ៊ុមព័ទ្ធ​ដោយ​ផ្ទះ​ឈើ​ប្រក់​ស្បូវ​ដ៏​ប្រណីត គឺជា​ឋានសួគ៌ពិតៗរបស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់​ទី​រមណីយដ្ឋាន “កោះ​អូន និង​កោះ​បង ឬកោះ​សង្សារ”។ គ្រាន់តែ​ឃើញ​រូបភាព​ប៉ុណ្ណោះ ក៏​លោកអ្នក​អាច​ដឹងភ្លាមៗតែ​ម្តងថា កោះ​ដ៏​តូច​ច្រឡឹង​មួយ​នេះ គឺជា​ឋានសួគ៌​ក្នុង​ក្ដី​ស្រមៃ នា​រាត្រី​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូ​មែន​ទិច និង​ជា​ទីកន្លែង​ដែល​ផ្សាភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និង​សត្វព្រៃបាត់ទៅហើយ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន មាន​កិត្តិយស​សូម​នាំ​ដំណើរ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ទាំង​ឡាយទៅកាន់អារម្មណ៍ដ៏​រ៉ូ​មែន​ទិច និង​ប្លែកមិន​ធ្លាប់មាន​ពីមុន​នៅលើ​ទឹកដី “កោះ​អូន និង​កោះ​បង”។

    សម្រាប់​ដំណើរកម្សាន្ត​ទៅកាន់​កោះ​​អូន និង​កោះ​បង ឬកោះសង្សារ អ្នក​គ្រាន់តែធ្វើដំណើរចេញពីកំពង់ផែ​ខេត្ត​ព្រះសីហនុ ចម្ងាយ29គីឡូម៉ែត្រ​ ឬ​ចម្ងាយ​ប្រមាណ​ជា232គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កាត់​តាម​ខេត្តកំពង់ស្ពឺ ទៅតាម​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ នោះ​លោក​អ្នកនឹង​ទៅដល់​ទីឋាន​ក្នុង​ក្ដី​សុបិន​មួយ​នេះជាមិនខាន។ កោះ​សង្សារ​ទាំង​គូ​ស្ថិតនៅ​គម្លាត​ពីគ្នា​មិន​ដល់1គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាច​ឆ្លង​ទៅវិញទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក។ កោះ​ទាំង2នេះ​មាន កោះ​បង គឺជា​កោះ​ដែលមាន​ទិដ្ឋភាព​ស្រស់បំព្រង និង​គ្របដណ្ដប់​ទៅដោយ​រុក្ខជាតិធំៗដូចនៅ​ក្នុង​ព្រៃភ្នំ។ នៅ​ទីនោះ​មិនមាន​​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​អ្វី​ច្រើន​ទេ ពោលគឺ​ភ្ញៀវ​អាច​ដើរលេង​ទស្សនា​បក្សាបក្សីនិងតំបន់ឆ្នេរដែលមាន​ដុំ​សិលា​ដ៏​ស្ងប់ស្ងាត់ និង​លន្លង់លន្លោច ព្រមទាំង​មានផ្ទះ​វីឡា​ឈើ​ដ៏​ប្រណីតចំនួន27ខ្នង បាន​បំផុស​ខ្លួន​ចេញពី​ព្រៃព្រឹក្សា តំបន់ឆ្នេរ និង​ខ្លះទៀត​ស្ថាបនា​លេចចេញ​ពី​ផ្ទៃ​សាគរ។ ផ្ទះ​វីឡានីមួយៗមានតម្លៃ​ខុសគ្នា និងរៀបចំ​តុបតែងប្លែកៗពីគ្នា ​ដោយ​ប្រើ​សម្ភារ និងឧបករណ៍​ដ៏ទំនើបៗទៅតាម​ស្តង់ដារ​ ផ្ទះ​វីឡាទាំង​នេះគឺជា​សណ្ឋាគារដ៏ប្រណីត​លំដាប់អន្តរជាតិ។ ពិតមែន​ហើយ ទេសភាព​បែបនេះ​កំពុង​ក្លាយខ្លួនជា​ចំណី​ចក្ខុ​ដ៏​កម្រ​នៅក្នុង​ប្រទេស​​កម្ពុជាដែល​ពិភពលោក​កំពុង​សម្លឹង​រកមើល។

    រីឯ​កោះ​មួយទៀត​នោះ​មាន​ឈ្មោះថា កោះ​អូន ដែល​គ្រាន់តែ​ឭ​ឈ្មោះ​មួយ​នេះ​ភ្លាម លោក​អ្នកជា​គូស្នេហ៍ដ៏​ផ្អែមល្ហែម ប្រាកដ​ជាដឹងហើយថា វាមានន័យថា “កោះសង្សារ”។ ទេសភាពធម្មជាតិ ឆ្នេរខ្សាច់ពណ៌​ស​ស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ​ដ៏​ស្រស់បំព្រង និង​សត្វ​មច្ឆាដ៏សម្បូរបែប ជា​ចំណុចដ៏ទាក់ទាញ​របស់​កោះ​​​អូន និង​កោះ​បង ឬកោះសង្សារ រួមផ្សំ​ជាមួយនឹង​ការច្នៃ​ប្រឌិតតុបតែងដ៏​ប្រណីត និង​ពោរពេញទៅដោយ​ភាព​ទាក់ទាញ​បន្ថែមទៀត​នោះ កុំ​គិត​ច្រើន​ទៀត​អី វា​ជា​ឋានសួគ៌​កំពុង​រង់ចាំ​លោក​អ្នកទៅ​កសាង​អនុស្សាវរីយ៍ដែល​មិនអាច​បំភ្លេចបាននៅទី​នោះ​ហើយ។

    ងាក​មក​មើល​សេវា​ដឹកជញ្ជូន​វិញ ពី​ទីក្រុង​ព្រះសីហនុទៅកាន់​កោះ​​អូន និង​កោះ​បង ឬកោះ​សង្សារ លោកអ្នក​​ត្រូវ​ចំណាយ​ពេលធ្វើដំណើរ​តាម​ផ្ទៃ​ទឹកតែ35ទៅ40នាទីប៉ុណ្ណោះ ដោយ​ប្រើ​នាវា​ដែលមាន​ល្បឿន​លឿន និងធានា​សុវត្ថិភាព​ខ្ពស់​បំផុត​។ ចំណុច​វិសេស​បន្ថែមមួយទៀតគឺ ​នៅ​ក្នុងផ្ទះ​វីឡាដ៏ប្រណីត​នៅលើ​កោះ​ទាំង2នេះ គឺមាន​អាង​ហែល​ទឹក ស្ប៉ា-ម៉ាស្សា និងមាន​ប្រព័ន្ធ Wi-fi ជាពិសេសក៏មាន​សេវាកម្មរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ និង​ការ​មុជទឹក​មើល​ផ្កាថ្ម ដែលជា​ជីវៈចម្រុះដែលកំពុង​ទាក់ទាញ និងប្លែក​ភ្នែកថែមទៀតផង។ បើលោកអ្នកមាន​កាមេរ៉ា​ថត​ក្នុង​ទឹកបាន​ទៀត​នោះ គឺ​អេ​ម​តែម្តងដោយនៅពេលថត​ហើយ លោកអ្នក​អាច​បង្ហោះរូបរបស់លោកអ្នកនៅក្នុង​បណ្តាញ​សង្គមFacebook, Instagram ឬក៏ Line បានភ្លាមៗតែម្តង៕

  • បែកធ្លាយ​រូបភាព NOKIA 9 អេក្រង់​កោង កាមេរ៉ា​គូ CARL ZEISS

    បែកធ្លាយ​រូបភាព NOKIA 9 អេក្រង់​កោង កាមេរ៉ា​គូ CARL ZEISS

    Nokia 9 ស្មា​ត​ហ្វូ​ន​ដែល​ស៊េរី​ថ្មី​ចុងក្រោយបន្តទៀត​របស់ Nokia ដែល​មនុស្ស​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ​នោះ ថ្មីៗបំផុត​នេះ​មាន​សកម្មភាព​ចេញមក​ឱ្យបាន​ឃើញខ្លះៗហើយ ដោយ​លើក​នេះ​គឺជា​រូបភាព​មួយទៀត​ដែល​បែកធ្លាយ​ចេញមក​ឱ្យ​យើង បានឃើញយ៉ាងច្បាស់ៗតែម្ដង។

    រូបភាព​ដែល​ទាំងអស់គ្នា​បានឃើញ​នេះ តាមរយៈ​ប្រភពព័ត៌មាន​នៅក្នុង​ប្រទេស​ចិន​បាន​បង្ហើប​ឱ្យឃើញ​ពី​ឌី​ហ្សា​ញ​តួ​គ្រឿង​ទាំង​ខាងមុខ និង​ខាងក្រោយ​របស់ Nokia 9 យ៉ាងច្បាស់។ ផ្នែកខាងមុខ បង្ហាញឱ្យឃើញ​ពី​អេក្រង់​គែម​កោង គ្មាន​ប៊ូ​តុង Home ចំណែក​ខាងក្រោយ​ចេញមក​ព្រមជាមួយ​កាមេរ៉ា​បញ្ឈរ​មួយគូ លេន​ស៍ Carl Zeissព្រមជាមួយ​ភ្លើង​ហ្វ្លា​ស់ LED និង​មាន​សេន​ស៊ើ​រ​ស្គែ​ន​ខ្ចៅ​ម្រាមដៃ ឯ​តួ​គ្រឿង​ត្រូវបាន​គេ​សន្និដ្ឋានថា ជា​លោហៈ​ភ្ជាប់​កញ្ចក់។

    ចំណែក​លក្ខណៈសម្បត្តិ​វិញ គេ​រំពឹងថា Nokia 9 នឹង​ចេញមក​ព្រមជាមួយ​អេក្រង់​បង្ហាញ​ទិន្នន័យ​ប្រភេទ OLED។ ប្រើ​ប្រភព​ថាមពល Snapdragon 835 64-bit octa-core RAM6GB និង​អាចមាន​ស៊េរី​ខ្ពស់បំផុត 8GB ចេញមក​ជាមួយ​ទៀតផង និង​នៅមាន​គុណសម្បត្តិ​ការពារ​ធូលី​ដី​តាម​ស្តង់ដារ IP68។ ចំណែកឯ​ការបង្ហាញ​ខ្លួន និង​ដាក់លក់​ជា​ផ្លូវការ គេ​រំពឹងថា នឹង​ស្ថិត​ក្នុងអំឡុង​ចុងឆ្នាំ​នេះ ឯ​តម្លៃ​ក៏​ស្ថិតក្នុង​រង្វង់ 879 ដុល្លារ​អាមេរិក៕

  • ប្រជាជន​ចាប់ផ្តើម​ចេះ​អាន តែ​មិនទាន់​ស្គាល់​ច្បាស់​ពី​បណ្ណាល័យ

    ប្រជាជន​ចាប់ផ្តើម​ចេះ​អាន តែ​មិនទាន់​ស្គាល់​ច្បាស់​ពី​បណ្ណាល័យ

    នាពេល​បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ចូលចិត្ត​អាន និង​មើលឃើញ​ពី​តម្លៃ​នៃ​ការអាន​កាន់តែ​ច្រើនឡើង​ហើយ តែ​អ្វីដែល​នៅតែ​ជា​បញ្ហា​នោះ គឺ​ពួកគាត់​មិនទាន់​ស្គា​ល់ពី​សេវាកម្ម​របស់​បណ្ណាល័យ​ច្បាស់​នៅឡើយ ដែល​ពេលខ្លះ​ធ្វើឱ្យ​ពួកគាត់​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ការអាន​ទៅវិញ នៅពេលដែល​គាត់​មិនសូវ​ទៅ​បណ្ណាល័យ ឬ​ធ្វើ​អ្វី​ផ្សេង​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​បង្កើន​ទម្លាប់​នៃ​ការអាន​នេះ។

    អ្នកស្រី ខ្លូត វិបុល​ឡា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា​បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ ថ្វីដ្បិតតែ​ទម្លាប់​នៃ​ការអាន​នៅមានកម្រិត​ក្តី តែ​កំណើន​នៃ​ការអាន​ក៏​ចាប់ផ្តើម​មានខ្លះៗដែរ​ហើយ​ក្នុងចំណោម​យុវជន​ខ្មែរ ព្រោះថា ជាក់ស្តែង​យើង​បាន​មើលឃើញ​តាមរយៈ​ការធ្វើ​ពិព័រណ៍​សៀវភៅ​ប្រចាំឆ្នាំ​ជា​រៀងរាល់ឆ្នាំ ដែល​បង្ហាញថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សៀវភៅ​ដែល​ដាក់តាំង​នៅក្នុង​ពិព័រណ៍​សៀវភៅ​បាន​លក់ដាច់​រាប់ម៉ឺន​ក្បាល ហើយ​សម្រាប់​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​មួយចំនួន​ក៏បាន​ពង្រីក​ស្តង់​របស់​ខ្លួន​ពី 2 ស្តង់​នៅ​ឆ្នាំមុន មក5ស្តង់​នៅ​ឆ្នាំនេះ។

    លោកស្រី ខ្លូត វិបុល​ឡា បាន​មានប្រសាសន៍ថា៖ «តាមពិតទៅ​ចំនួន​អ្នកអាន​បាន​កើនឡើង តែ​អ្វី​ដែលជា​បញ្ហា គឺ​ប្រជាជន​ជាច្រើន​ទៀត​នៅ​ខ្វះ​ទម្លាប់​នៃ​ការអាន និង​មិនទាន់​ស្គាល់​ពី​បណ្ណាល័យ​ដែលមាន​យ៉ាងច្រើន​នៅ​កម្ពុជា​យើង​នៅឡើយ»។

    លោកស្រី ខ្លួ​ត វិបុល​ឡា បាន​បន្ថែមទៀតថា ជាក់ស្តែង​ដូចជា​បណ្ណាល័យ​ជាតិ មនុស្ស​ជាច្រើន​គិតថា ជា​បណ្ណាល័យ​របស់​រដ្ឋា​ភិ​បាល ហើយ​មិន​ហ៊ាន​ចូល​មើល តាមពិត​បណ្ណាល័យ​ជាតិ គឺ​បើក​ឱ្យ​សាធារណជន​ទូទៅ​បាន​ចូល​អាន​ផងដែរ។

    លោក គឹម ច័ន្ទ​ត្រា​បុត្រ គណៈកម្មការ​រៀបចំម​ហោ​ស្រព​បណ្ណាល័យ​កម្ពុជា និង​ជា​អ្នកបច្ចេកទេស​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បានលើកឡើង​ថា ជាការ​មើលឃើញ​របស់​លោក ប្រជាជន​ដែល​ស្គាល់​ពី​បណ្ណាល័យ​ច្បាស់​មាន​តិច​ណាស់។ ការ​ស្គាល់​បណ្ណាល័យ​នេះ​សំដៅលើ​ការ​ស្គាល់​សេវា​របស់​បណ្ណាល័យ ដែលមាន​សេវា​ផ្សេងទៀត​ជាច្រើន​ក្រៅពី​ការដែល​គ្រាន់តែ​ចូលទៅ​អាន​សៀវភៅ។

    លោក គឹម ច័ន្ទ​ត្រា​បុត្រ បាន​និយាយថា៖ «ប្រសិន​បើតាម​ការមើល​ឃើញ​របស់លោក សម្រាប់​អ្នក​នៅក្នុង​ទីក្រុង​មាន​អ្នក​ស្គាល់​ពី​សេវា​បណ្ណាល័យ​ប្រហែល​ច្រើនជាង 20% តែ​សម្រាប់​អ្នក​ដែល​រស់នៅ​តំបន់​ជនបទ​វិញ​មាន​ត្រឹមតែ​ប្រមាណ 5%ប៉ុណ្ណោះ»។

    លោក គឹម ច័ន្ទ​ត្រា​បុត្រ បាន​លើកឡើងថា បញ្ហា​នេះ​អាច​ជះឥទ្ធិពល​ខ្លះ​ដែរ​ដល់​ការអាន​នៅ​កម្ពុជា ហេតុនេះ​អ្វីដែល​អាច​ជំរុញឱ្យមាន​ដំណោះស្រាយ គឺ​យើង​បង្កើតជា​ពិព័រណ៍​បណ្ណាល័យ​ឡើង​ដើម្បី​បង្ហាញឱ្យឃើញ​ពី​ចំនួន​បណ្ណាល័យ និង​សេវាកម្ម​យ៉ាង​សម្បូរបែប​របស់​បណ្ណាល័យ​ដែលមាន​សម្រាប់​ប្រជាជន​កម្ពុជា​យើង៕