Category: សង្គម និងសេដ្ឋកិច្ច

  • តើជនបរទេសនៅស្រុកខ្មែរត្រូវបង់ពន្ធលើប្រាក់ខែដែរឬទេ?

    តើជនបរទេសនៅស្រុកខ្មែរត្រូវបង់ពន្ធលើប្រាក់ខែដែរឬទេ?

    ការបង់ពន្ធជាកាតព្វកិច្ចយ៉ាងសំខាន់មួយដែលប្រជាជនគ្រប់រូបត្រូវយកចិត្តទុកដាក់​ ព្រោះក្នុងនាមជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវ ត្រូវតែបំពេញឱ្យបាននូវកាតព្វកិច្ចដ៏សំខាន់មួយនេះ។

    ពាក់ព័ន្ធនឹងបញ្ហានេះ មានសំណួរបានចោទឡើងថា ប្រជាជនខ្មែរត្រូវបានច្បាប់ចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចដែលត្រូវបង់ពន្ធតាម​លទ្ធភាពរកប្រាក់ចំណូល ឬប្រាក់ខែរបស់ខ្លួន ចុះជនបរទេសធ្វើការនៅស្រុកខ្មែរវិញ តើត្រូវបង់ពន្ធដែរឬទេ បើគាត់មិនមែនជាប្រជាជនខ្មែរផងនោះ?។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជីវ គីមស្រូយ នាយិកា​សេវាកម្ម​ពន្ធ និង​ប្រឹក្សាយោបល់នៃក្រុមហ៊ុន Deloitte (Cambodia) Co., Ltd បានលើកឡើងថា សម្រាប់បញ្ហាជនបរទេសធ្វើការនៅកម្ពុជាគឺ តាមច្បាប់កម្ពុជាគេបែងចែកចេញជា 2ប្រភេទ។ ប្រភេទទី1 គឺជនដែល​ស្នាក់នៅកម្ពុជាលើសពី 182ថ្ងៃ ដែលយើងហៅថាជានិវេសនជន (resident) និងមួយប្រភេទទៀតដែលស្នាក់នៅតិចជាង 182ថ្ងៃ ហើយត្រឡប់ទៅប្រទេសរបស់គាត់វិញដែលយើងហៅថាជាអនិវេសនជន (non-residence)។

    លោកស្រី ជីវ គីមស្រូយ បាននិយាយថា៖ «ចំពោះជនដែលជានិវេសនជន មានន័យថាគាត់បានរស់នៅ និងធ្វើការនៅកម្ពុជាច្រើនជាង​ 182ថ្ងៃ គាត់ត្រូវមានកាតព្វកិច្ចបង់ពន្ធទៅតាមច្បាប់របស់កម្ពុជា»។

    លោកស្រី គីមស្រូយ បានបន្ថែមទៀតថា ចំពោះអ្នកដែល​ស្នាក់នៅ ឬរស់នៅប្រទេសកម្ពុជាតិចជាង 182ថ្ងៃ ដែលអ្នកខ្លះអាចមកធ្វើការនៅស្រុកខ្មែរតែ​ប្រមាណ 2ខែ បន្ទាប់មកគាត់ត្រឡប់ទៅផ្ទះវិញ គាត់មិនបាច់បង់ពន្ធលើប្រាក់ខែនោះទេ តែគាត់​ត្រូវបង់ប្រាក់ប្រមាណ 20% នៃ​ប្រាក់ចំណូលរបស់គាត់ក្នុងចន្លោះពេលនោះ៕

  • អ្នកជំនាញ​បង្ហាញ​ពី​ហេតុផល​ដែល​ក្រសួង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ

    អ្នកជំនាញ​បង្ហាញ​ពី​ហេតុផល​ដែល​ក្រសួង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ

    ការ​គាំពារ​បុគ្គលិក និង​ការជំរុញ​ឱ្យមាន​ការគោរព​សិទ្ធិ​ការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ ជា​រឿង​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់។

    វិធានការ​មួយចំនួន​ដែល​រដ្ឋាភិបាល ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សេនាធិការ បានចាប់ផ្តើម​ធ្វើ​ចំពោះ​ក្រុមហ៊ុន​ឯកជន​នាពេល​បច្ចុប្បន្ននេះ គឺ​ការដាក់ពិន័យ​ទៅលើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​មិន​គោរព​តាមច្បាប់​ការងារ ជាពិសេស​លើ​លក្ខខណ្ឌ​មួយចំនួន​ស្តីពី​សិទ្ធិ​ការងារ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​មេធាវី សោម ចំណាន ដែលជា​អ្នកជំនាញ​ផ្នែក​ច្បាប់​ការងារ​បាន​លើកឡើងថា នេះ​ជា​ពេលវេលា​ដ៏​សំខាន់​ដែល​ក្រសួង​ចាប់ផ្តើម​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​មិន​គោរព​សិទ្ធិ​ការងារ។ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​យន្តការ​នេះ ក្រសួង​បាន​បង្កើតឱ្យមាន​ក្រុមអធិការកិច្ច​ដែល​ក្នុងនោះ តួនាទី​របស់​ពួកគាត់​គឺ​ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន ឬ​សហគ្រាស​ទាំងឡាយណា​ដែល​មិន​គោរព​សិទ្ធិ​បុគ្គលិក។

    លោក​មេធាវី សោម ចំណាន បាន​និយាយថា៖ «នៅ​ឆ្នាំ 2015 ដល់​ឆ្នាំ 2016 មានការ​ផាកពិន័យ​កើនឡើង​ដល់​ទៅ 100%។ វា​ជា​ពេលដែល​ត្រូវ​ផាកពិន័យ​ហើយ ព្រោះ​ច្បាប់​ការងារ​បានធ្វើ​ប្រមាណ​ជាង 30ឆ្នាំ មកហើយ ហេតុនេះ​ល្មម​ដល់​ពេលដែល​ក្រុមហ៊ុន​នានា​យល់ច្បាស់ និង​ចូលរួម​អនុវត្ត​ហើយ»។

    ក្រៅពីនេះ ហេតុផល​ដែល​ជំរុញឱ្យមាន​ការផាកពិន័យ​កាន់តែច្រើន​នេះ ព្រោះ​ក្រសួង​មាន​យន្តការ​លើកទឹកចិត្ត​ដល់​ក្រុមអធិការកិច្ច ដោយ​ក្រសួង​បានផ្តល់​ថវិកា​ប្រមាណ 70% នៃ​ចំនួន​ទឹកប្រាក់​ដែល​បានមកពី​ការផាកពិន័យ​ឱ្យទៅ​ក្រុមអធិការកិច្ច​ដែល​បាន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ឯកជន។ ក្រៅពីនេះ សហជីព​អន្តរជាតិ​ក៏​តែងតែ​ធ្វើការ​ស្នើសុំ (Complain) និង​ជំរុញ​ដើម្បីឱ្យ​ក្រសួង​ចាត់វិធានការ​ឱ្យបាន​ដិតដល់​ជុំវិញ​បញ្ហា​នេះ​ផងដែរ៕

  • ច្បាស់ការហើយ! រឿងថ្ងៃចូលរោងការរបស់កញ្ញា សុគន្ធ នីសា

    ច្បាស់ការហើយ! រឿងថ្ងៃចូលរោងការរបស់កញ្ញា សុគន្ធ នីសា

    កំពូលតារាចម្រៀងសំឡេងផ្អែម និងមានទឹកដមប្រកបដោយមនោសញ្ចេតនាកញ្ញា សុគន្ធ នីសា ត្រូវបានគេបង្ហើបឱ្យដឹងថា នឹងចូលរោងការនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ នៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាប្រាំ សូហ្វីតែល ភូគីត្រា ជាមួយនឹងអនាគតស្វាមីលោក សាំបា ដែលជាអាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ ដែលនៅក្នុងនោះ​ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ​ ជាពិសេសគឺ អ្នកសិល្បៈ ដែលសរុបទាំងអស់មិនក្រោម 1000 នាក់ឡើយ។

    នៅក្នុងនោះត្រូវបានគេដឹងថា តារាស្រីរូបនេះត្រៀមចំណាយថវិកាជាច្រើនម៉ឺនដុល្លារក្នុងការតុបតែងលម្អនៅក្នុងបរិវេណកន្លែងទទួលភ្ញៀវរបស់នាង ដែលរាប់ចាប់តាំងពីផ្លូវចូលរោង ផ្លូវដើរអមសងខាងដោយរបងផ្កាស្រស់ ក្លោងទ្វារ​ ក៏ដូចជាការតុងតែងនៅលើឆាកក្នុងការត្រៀមស្វាគមន៍កូនកំលោះ-កូនក្រមុំផងដែរ។ ជាមួយគ្នានេះ គេក៏បានដឹងដែរថា កញ្ញា សុគន្ធ នីសា បានត្រៀមចំណាយលុយជាច្រើនម៉ឺនដុល្លារទៀតសម្រាប់ទិញលំនៅដ្ឋានដ៏ស្រស់ស្អាតមួយទៀត ដែលមានទីតាំងនៅក្នុងបុរីដ៏ធំមួយក្នុងរាជធានីភ្នំពេញ។

    គួររំឭកផងដែរថា ជិតដល់ថ្ងៃរៀបការ កញ្ញា សុគន្ធ នីសា បានជំពប់នឹងព័ត៌មានអាស្រូវជាច្រើន ដែលក្នុងនោះសុទ្ធតែបានលើកឡើងពីភាពរង្គោះរង្គើរវាងស្នេហារបស់នាង និងអតីតសង្សារចាស់ជាកវីនិពន្ធដ៏ល្បីឈ្មោះដែលបានបាក់បែកគ្នាហើយ គឺលោក សុខ ជំនោរ។ ស្របគ្នានោះដែរ គេក៏បានដឹងថា លោក សុខ ជំនោរ ជាអតីតគូស្នេហ៍ដ៏ស្អិតល្មួតរបស់នាងដែលធ្លាប់បានរួមរស់ជាមួយគ្នានៅក្រោមដំបូលផ្ទះតែមួយរាប់ឆ្នាំនោះ ក៏នឹងរៀបមង្គលការផងដែរ ដោយលោក សុខ ជំនោរ នឹងចូលរោងការមុននាង 4 ថ្ងៃ៕

  • ភ្ញាក់ផ្អើល!! រកឃើញប្រសាទបុរាណអាយុ 3000 ឆ្នាំកប់ក្រោមបាតបឹងតួកគី

    ភ្ញាក់ផ្អើល!! រកឃើញប្រសាទបុរាណអាយុ 3000 ឆ្នាំកប់ក្រោមបាតបឹងតួកគី

    បើតាមរយៈសារព័ត៌មាន The Independence ដែលបានចេញផ្សាយនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017នេះបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាមកពីសាកលវិទ្យាល័យ Van Yushchenko បានសហការជាមួយក្រុមអ្នកជំនាញមុជទឹកបាតសមុទ្រ បានស្វែងរកឃើញប្រាសាទបុរាណចំណាស់អាយុ​ 3000 ឆ្នាំកប់នៅក្រោមបាតបឹង វេន( Lake Van) ប្រទេស តួកគី និងបានអះអាងថា បើតាមរចនាបទ និងក្បាច់ក្បូរចម្លាក់ ធ្វើឱ្យគេដឹងថា ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅក្នុងយុគសម័យ Iron Age ស្ថិតក្នុងអំឡុងឆ្នាំ 600-900 មុនគ.ស។

    Said Kinsey ជាអ្នកដឹកនាំក្រុមស្រាវជ្រាវបុរាណវិទ្យា បានថ្លែងថា «ក្រុមអ្នកមុជទឹកធ្លាប់បានសង្ស័យអំពីបឹងនេះ ទើបប្រាប់អ្នកស្រាវជ្រាវបុរាណវិទ្យា តែក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាមិនជឿថា នឹងមានអ្វីចម្លែកនៅក្រោមបាតបឹងនេះទេ តែក្រោយមកក្រុមការងារក៏ចេះតែព្យាយាមមុជរកតទៅទៀត រហូតដល់បានប្រទះឃើញគ្រោងប្រសាទបុរាណ ដែលមានកំពែងវែងរហូតដល់ 1 គីឡូម៉ែត្រ»។

    បើទោះបីជាគ្រោងកំពែងនេះត្រូវបានសាងសង់នៅក្រោមបាតបឹង និងកប់ចោលរាប់ពាន់ឆ្នាំហើយក្ដី​ តែសភាពរបស់វានៅតែរក្សាបានរូបរាងល្អដដែល ដែលគេអាចមើលឃើញយ៉ាងច្បាស់ពីរយៈកម្ពស់ 3 ទៅ 4 ម៉ែត្រពីលើទៅ។ Kinsey បានបន្ដទៀតថា «មានប្រជាជនជាច្រើនបានមកតាំងលំនៅឋាននៅក្បែរបឹងនេះ ទើបដាក់ឈ្មោះថា Lake Van ហើយឈ្មោះបឹងនេះទៀតសោតក៏នៅមានអត្ថន័យយ៉ាងអាថ៌កំបាំងជាច្រើនទៀត ដែលយើងត្រូវបន្តស្រាវជ្រាវអំពីអាថ៌កំបាំងរបស់បឹងមួយនេះ ដែលមកពេលនេះ បឹងនេះមានអាយុជាង 6 សែនឆ្នាំទៅហើយ»៕

     

     

  • ធនាគារ CIMB សហការ​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ ផ្តល់​រង្វាន់​ដល់​និស្សិត​ជាប់​ជយលាភី

    ធនាគារ CIMB សហការ​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ ផ្តល់​រង្វាន់​ដល់​និស្សិត​ជាប់​ជយលាភី

    ភ្នំពេញ៖ ដើម្បី​លើក​ចិត្ត​ដល់​និស្សិត​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ធនាគារ CIMB បាន​សហការ​ជា​មូ​យ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) ប្រគល់​រង្វាន់​ជយលាភី​ថ្នាក់ជាតិ​ដល់​ក្រុម​ជយលាភីកំពូល3ក្រុម​ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ2017 នៅ​ប្រទេស​កម្ពុជា។

    ក្រុម​ជយលាភី​ថ្នាក់ជាតិ​ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការប្រកួត​ថ្នាក់​តំបន់ គឺ​ក្រុម The Brilliant។ ជាមួយគ្នានេះ​ក្រុម​ជយលាភី​លេខ1គឺ​ក្រុម Team Potatoes មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន ទទួលបាន​ប្រាក់រង្វាន់800ដុល្លារ​ពី​ធនាគារ CIMB និង 500ដុល្លារ​ពី CSX  រីឯ​ក្រុម​ជយលាភី​លេខ2 គឺ​ក្រុម​The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា ទទួលបាន​ប្រាក់រង្វាន់ 500ដុល្លារ​ពី​ធនាគារ CIMB និង 350ដុល្លារ​ពី CSX ខណៈដែល​ក្រុម​ជយលាភី​លេខ3 គឺ​ក្រុម The Gravity មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន ទទួលបាន​ប្រាក់រង្វាន់ 400ដុល្លារ​ពី​ធនាគារ CIMB និង 250ដុល្លារ​ពី​CSX។ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ស៊ី​អាយ​អិ​ម​ប៊ី​ក្នុងការ​អភិវឌ្ឍ​ទេពកោសល្យ​យុវជន​ជំនាន់​ក្រោយ ក្រុម​កំពូល​ទាំង3 ក៏​នឹង​ទទួលបាន​ឱកាស​ក្លាយជា​បុគ្គលិក​ហាត់​ការ នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផងដែរ។

    លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ CIMB បានបង្ហាញ​ចំណាប់អារម្មណ៍​ដោយបាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ក្រុម​បេក្ខជន​ដែល​ទទួលបាន​ជយលាភី​ទាំងអស់ ជាពិសេស​គឺ​ក្រុម​ជើងឯក​ថ្នាក់ជាតិ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ជយលាភី​តំណាង​កម្ពុជា​ទៅ​ចូលរួម​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ2017 នៅ​ប្រទេស​ឥណ្ឌូនេស៊ី នាពេល​ខាងមុខនេះ។

    លោក​បន្ថែមថា ការចូលរួម​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន គឺ​មិន​ត្រឹមតែ​បង្កើន​ចំណេះដឹង និង​ជំនាញ​វិនិយោគ Platform ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​លើកកម្ពស់​ការទទួលស្គាល់​លើ​សមត្ថភាព​របស់​និស្សិត​កម្ពុជា​ពី​តំបន់​អាស៊ាន​ដ៏​ទូលំទូលាយ​ទៀតផង។

    ជាមួយគ្នានេះ ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍ថា កន្លងមក​ដើម្បី​គាំទ្រ​កម្មវិធី​ប្រកួតប្រជែង​នេះ​ឱ្យ​ទទួលបាន​ភាពជោគជ័យ ក្រុមហ៊ុន​ផ្សារ​មួ​លប​ត្រ​កម្ពុជា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ក៏ដូចជា​សិក្ខាសាលា​មួយចំនួន​ដែរ​ដោយ​សហការ​ជាមួយ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ដើម្បី​ពន្យល់​ពី​របៀប​ដាក់​ការបញ្ជា​ជួញដូរ និង​ការវិភាគផ្សេងៗដែលជា​ទុន​សម្រាប់ប្អូនៗនិស្សិត​ក្នុងការ​ប្រកួត។ ជាការ​ពិត ការចូលរួម​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​បែបនេះ​នឹង​ញ៉ាំងឱ្យប្អូនៗនិស្សិត​កាន់តែ​មាន​ទំនុកចិត្ត​មួយកម្រិត​ថែមទៀត​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​មូល​ប​ត្រ​នាពេល​អនាគត​ក្នុងនាម​ជា​វិនិយោគិន ឬ​ជាម​ន្ត្រី​បុគ្គលិក ដែល​ទទួលបន្ទុក​ការងារ​ពាក់ព័ន្ធ និង​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​ផ្ទាល់​តែម្តង។

    មកដល់ពេលនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន​បាន​ឈាន​មកដល់​ឆ្នាំ​ទី8ហើយ ហើយ​ប្រទេស​កម្ពុជា​ទើបតែ​បាន​ចូលរួម​កម្មវិធី​ប្រកួត​ថ្នាក់​តំបន់​នេះ ចំនួន 3ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ក្រុម​ជើងឯក​តំណាង​កម្ពុជា​តែងតែ​បង្ហាញ​នូវ​ភាព​លេចធ្លោ​របស់ខ្លួន ដោយ​ដណ្តើមបាន​តំណែង​រងជើង​ឯក​ថ្នាក់​តំបន់ 2ឆ្នាំ​ជាប់​គ្នា និង​ជយលាភី​លេខ4កាលពី​ឆ្នាំមុន​ទៀតផង។ កម្មវិធី​នេះ​មានការ​គាំទ្រ​យ៉ាង​ផុលផុស​ពី​បណ្តា​សាកលវិទ្យាល័យ​នានា និង​មានការ​ចូលរួម​ប្រកួត​ពី​សំណាក់​និស្សិត​ដែល​កាន់តែ​កើន​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ក្នុងឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ប្រកួតប្រជែង​កើនឡើង​រហូតដល់124ក្រុម​មកពី​សាកលវិទ្យាល័យ​ចំនួន23 នៅក្នុង​រាជធានី​ភ្នំពេញ៕

  • ការប្រកួត​ប្រដាល់​ក្បាច់គុន “THAI FIGHT 2017” វគ្គ​ជម្រុះ​ជុំ​ទី1 នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី25 វិច្ឆិកា

    ការប្រកួត​ប្រដាល់​ក្បាច់គុន “THAI FIGHT 2017” វគ្គ​ជម្រុះ​ជុំ​ទី1 នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី25 វិច្ឆិកា

    ដើម្បី​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និត​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក្រុមហ៊ុន ISUZU បាន​ចូលរួម​រៀបចំ​ការប្រកួត​ប្រដាល់​ក្បាច់គុន​ថៃ​លំដាប់​ពិភពលោក “THAI FIGHT 2017” ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី1 ក្នុងការ​ប្រ​គួ​ត “KHMER – THAI FIGHT” ដោយ​នាំយក​កីឡាករ “សេន​សា​ថា​ន ភី.ខេ សេន​ឆៃ មួយ​ថៃ​យី​ម” ( Saensatharn PK Saenchaimuaythaigym) ម្ចាស់​ជើងឯក ISUZU CUP SUPER FIGHT 2017 ជួប​ជាមួយនឹង “កីឡាករ ទី​អា​កូ កួ​ឡា​តេ” (Thiago Goulate) មកពី​ប្រេ​ស៊ី​ល ព្រមជាមួយ​វត្តមាន​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ៤រូប​ទៀត​មកពី​ប្រទេស​កម្ពុជា រួមមាន ពេជ្រ ម្ទេសខ្មាំង, ឃឹម ឌី​ម៉ា, មឿ​ន សុភា និង ឡៅ ចិ​ត្រា។

    ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នឹង​រៀបចំឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ សៅរ៍ ទី25 ខែ វិច្ឆិកា ពី​ម៉ោង 6:20 នាទី​ល្ងាច ដល់​ម៉ោង 10:00នាទី​យប់ ឬ​លោកអ្នក​អាច​ទស្សនា​តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង 18:20 នាទី ដល់​ម៉ោង 21:45នាទី​យប់​តទៅ។ ក្នុងឱកាស​នេះ​ផងដែរ ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. និង ក្រុមហ៊ុន K (CAMBODIA) Co., Ltd. ក៏​នឹងមាន​ការតាំង​បង្ហាញ​រថយន្ដ​ម៉ូ​ឌែ​ល​ចុងក្រោយ​បំផុត​ដែលជា​រថយន្ដ​ពហុមុខ​ងារ គឺ រថយន្ដ Isuzu MU-X និង Isuzu D-Max V-Cross 4×4 នៅ​បញ្ជារ​តាំង​បង្ហាញ Isuzu នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ៕

  • បន្ទាប់ពីភ្លាត់ស្នៀតរអិលដួលផ្កាប់មុខ នារីម៉ូដែលចិនបង្ហាញរូបភាពហើមកជើង

    បន្ទាប់ពីភ្លាត់ស្នៀតរអិលដួលផ្កាប់មុខ នារីម៉ូដែលចិនបង្ហាញរូបភាពហើមកជើង

    យោងតាមសារព័ត៌មាន Kenh 14 ដែល​បានចេញផ្សាយនៅព្រឹកថ្ងៃទី​24 ខែវិច្ឆិកា ឆ្នាំ2017នេះ បានឱ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះតារាម៉ូដែលចិននាង មីង ​ស៊ី​ ឬ Pastor Dao ដែលបានរអិលជើងដួលផ្កាប់មុខនៅលើឆាកដល់ទៅ 2 ដងដោយសារតែភ្លាត់ស្នៀតជាមួយស្បែកជើងកែងចោតកាលពីថ្ងៃទី20 កន្លងទៅថ្មីៗនោះ ខណៈនេះ តារាម៉ូដែលស្រីរូបនោះបានបង្ហោះរូបភាពបញ្ជាក់ពីអាការហើមកជើង និងអង្គុយបានតែនៅលើរទេះរុញ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    តារាស្រីវ័យ 28 ឆ្នាំរូបនេះ បានថ្លែងអំណរគុណចំពោះអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ ដែលមានក្ដីបារម្ភចំពោះរូបនាង និងថែមទាំងបានផ្ញើសារលើកទឹកចិត្តនាងទៀតផងដែរ។ នាងក៏បានបញ្ជាក់ថែមផងដែរថា  «ខណៈនេះ គ្រូពេទ្យបានសាកល្បងបង្វិលកជើងរបស់នាងខ្ញុំមើល ឃើញថា វាបានធូរស្បើយគ្រាន់ និងបាត់ហើមបន្ដិចហើយ  ពិតជាអស្ចារ្យមែន!…»៕

  • ទួលគោក ត្រូវបាន​អ្នកវិនិយោគ​សម្លឹង​ឃើញ​បន្ទាប់ពី​តំបន់​បឹង​កេងកង

    ទួលគោក ត្រូវបាន​អ្នកវិនិយោគ​សម្លឹង​ឃើញ​បន្ទាប់ពី​តំបន់​បឹង​កេងកង

    ភ្នំពេញ – បច្ចុប្បន្ន​ក្រៅពី​បឹង​កេងកង1 – 2 និង3 ទួលគោក​ត្រូវបាន​គេ​ចាត់ទុកជា​តំបន់​សក្ដានុពល​ទី​ពីរ​ដែល​អ្នកវិនិយោគ​ផ្នែក​អចលនវត្ថុ​នានា​មិនអាច​មើលរំលង​បាន​ក្នុងការ​អភិវឌ្ឍ ខណៈដែល​គម្រោងធំៗ ផ្សារ​ទំនើប និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង ពិសេស​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដែល​កំពុងតែធ្វើការ​ងារ​សាងសង់​អគារ​របស់ខ្លួន​បាន​បង្កើន​សកម្មភាព​ដើម្បីឱ្យ​បញ្ចប់​តាម​ការសន្យា​ជាមួយ​អតិថិជន​ផងដែរ។

    លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Realestate បាន​ថ្លែងថា ទួលគោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​មាន​សក្ដានុពល​ទី​ពីរ បន្ទាប់ពី​តំបន់​បឹង​កេងកង១ ដោយសារតែ​តំបន់​នេះ​មានផ្ទះធំៗ ដី​ទំនេរធំៗ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ។ ពិសេស​បច្ចុប្បន្ន តំបន់​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​អគារខ្ពស់ៗជាច្រើន ដែល​ធ្វើឱ្យ​តំបន់​ទួលគោក​ផ្លាស់ប្តូរ​មុខមាត់ ជាក់ស្ដែង​ដូចជា​នៅ​តំបន់​បឹងកក់ ជាដើម។ លើសពីនេះទៅទៀត​នឹងមាន​ផ្លូវ30ម៉ែត្រ​ថ្មី​មួយ​ខ្សែ​ដែល​សព្វថ្ងៃ​កំពុង​សាងសង់​នៅលើ​ផ្លូវ​រថភ្លើង​ចាស់​ដែល​ស្ថិតនៅ​ចន្លោះ​ទួលគោក និង​បឹងកក់​ដែល​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រុស្សី​ទៅកាន់​សង្កាត់​ឬ​ស្សី​កែវ​ទៀតផង។

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា តម្លៃ​ដី​នៅ​តំបន់​ទួលគោក​ស្ថិតក្នុង​សភាព​ថេរ​នៅពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ទៅនឹង​តំបន់​អភិវឌ្ឍន៍​ជាស្រេច​ផ្សេងទៀត​នៅក្នុង​ទីក្រុង។ តម្លៃ​ដី​នៅ​តំបន់​ទួលគោក​មិនមាន​ការកើនឡើង ឬ​ថយចុះ​នោះទេ​នៅក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ។

    លោក សន សៀ​ប បន្ដថា លោក​ទទួលស្គាល់ថា តំបន់​ទួលគោក​ជា​តំបន់​ដែលមាន​សក្ដានុពល​ខ្លាំង ព្រោះ​វា​ហ៊ុមព័ទ្ធ​ទៅដោយ​គម្រោងធំៗជាច្រើន​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​នៃ​ការរស់នៅ​ពី​ប្រជាជន​ដោយសារតែ​ពួកគេ​ងាយស្រួល​រក​សេវាកម្ម​នានា​ដែល​មាននៅ​ជិត​ខ្លួន​ដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប និង​ភោជនីយដ្ឋានល្បីៗជាដើម ។

    អគ្គនាយក​ក្រុមហ៊ុន Key Realestate បន្ថែមទៀតថា ទួលគោក​ជា​តំបន់​ដែល​ត​ភ្ជាប់​ទៅ​តំបន់​នានា​ជាច្រើន​ពិសេស​ភ្នំពេញ​ថ្មី​ដែល​សម្បូរ​ទៅដោយ​គម្រោង​នានា និង​មាន​ប្រជាជន​រស់នៅ​ច្រើន និង​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ទៀតផង។ ជាង​នេះ​ទួលគោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​ខណ្ឌ​នៅ​កណ្ដាល​ទីក្រុង​ក្នុងចំណោម​ខណ្ឌ​ទាំង 4ដែលមាន​ការអភិវឌ្ឍ​ខ្លាំងជាងគេ​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធផ្លូវធំៗ ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើងខ្លាំងៗនាពេលខាងមុខ​ដ៏​ខ្លី៕

  • ក្រុម​ឡើង​ទម្រង់​លេង Valencia ត្រៀម​ប៉ះ​ជើង​ខ្លាំង Barca ថ្ងៃអាទិត្យ​នេះ

    ក្រុម​ឡើង​ទម្រង់​លេង Valencia ត្រៀម​ប៉ះ​ជើង​ខ្លាំង Barca ថ្ងៃអាទិត្យ​នេះ

    ក្នុងនាម​ជា​ក្រុម​មិន​ស្គាល់​ចាញ់​ដូចគ្នា​ក្នុង​ក្របខ័ណ្ឌ La Liga នា​រដូវ​កាល​នេះ ក្រុម Valencia នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Barcelona ក្នុងការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​មានបំណង​បង្ហាញថា ភាពខ្លាំង​ក្នុងនាម​ជា​ក្រុម​ប្រជែង​ពានរ​បស់​ពួកគេ គឺជា​ការពិត។

    ក្រោយពី​ជួប​ភាព​ត្រដាបត្រដួស​អស់​រយៈពេល2រដូវ​កាល និង​បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​អស់​ជាច្រើន​នាក់ រួមទាំង​ការ​ចោទសួរផ្សេងៗទៅលើ​ការគ្រប់គ្រង​ក្លិប​នេះ​ពី​មហាសេដ្ឋី​សញ្ជាតិ​សិង្ហ​បុរី​លោក Peter Lim រួចមក ទីបំផុត Valencia ត្រូវបានធ្វើ​ឲ្យ​មាន​ភាពខ្លាំង​ឡើងវិញ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Marcelino Garcia Toral និង​ប្រធាន​ផ្នែក​កីឡា​លោក Mateu Alemany ដើម្បី​ជួយ​ឲ្យ​ពួកគេ​កត់ត្រា​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​ចំនួន8លើកជាប់ៗគ្នា។ ទោះបីជា​យ៉ាងណា ពួកគេ​នៅតែ​ដេញតាម​ពីក្រោយ​ក្រុម Barca ចំនួន4ពិន្ទុ​នៅលើ​កំពូល​តារាង ខណៈដែល​ក្រុម​មាន​មូលដ្ឋាន​នៅ Catalonia មួយ​នេះ រកបាន​ដល់​ទៅ34ពិន្ទុ​ពី​ការប្រកួត​ដែល​ផ្តល់​ពិន្ទុសរុប​ចំនួន36ពិន្ទុ។ ខ្សែប្រយុទ្ធ Simone Zaza របស់ Valencia ដែល​បាន​វិល​មករក​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​វិញ ក្រោយពី​ជួប​ពេលវេលា​ខ្ចី​ជើង​ដ៏​សែន​ខកចិត្ត​នៅឯ​ក្លិប West Ham United កាលពី​រដូវ​កាល​មុន​នោះបាន​ឲ្យ​ដឹងថា៖ «រឿង​ដែល​ពិតប្រាកដ​នោះ​គឺថា ក្រុម​នេះ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង។ មិន​ត្រឹមតែ​អាច​លេង​ក្នុង​កម្រិត​ល្អ​មួយ​ឡើយ ប៉ុន្តែ​ថែមទាំង​មាន​ស្មារតី​ប្រយុទ្ធ​ផងដែរ។ នេះ​គឺជា​អ្វីដែល​គ្រូបង្វឹក​បាន​ជួយ​ដល់​យើង​ជាច្រើន»។

    លោក Marcelino នឹងត្រូវ​អង្គុយ​មើល​ពី​កៅអី​ទស្សនិកជន​នៅ​ថ្ងៃអាទិត្យ​នេះ ដោយសារតែ​បាន​រង​ពិន័យ​កាត​ក្រហម​បណ្តេញចេញ​ក្នុងពេលដែល​ក្រុម​របស់លោក​ទទួល​ជ័យជម្នះ 2-០ នៅលើ​ទឹកដី​ក្រុម Espanyol កាលពី​ចុង​សប្តាហ៍​នេះ។ បច្ចុប្បន្ន​លោក​កំពុង​ព្យាយាម​ផ្តួល​ក្រុម Barcelona ជា​លើក​ទី​ដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក​នៅពេល​ជួបគ្នា​ជា​លើក​ទី15 នេះ។ ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Daily Stars

  • អាល់ប៊ុមរបស់តារាចម្រៀង Beyoncé លក់ដាច់ច្រើនជាងក្នុងឆ្នាំ2017

    អាល់ប៊ុមរបស់តារាចម្រៀង Beyoncé លក់ដាច់ច្រើនជាងក្នុងឆ្នាំ2017

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Tvpool នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា កំពូលតារាចម្រៀងស្រីសម្បុរស្រអែមស្រស់ Beyoncé បានគ្រងតំណែងជាតារាចម្រៀងស្រីលំដាប់ទី 1 ដែលលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនបាន 105 លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2017 នេះ។ ចំណែកទស្សនាវដ្តី Forbes ដែលចេញផ្សាយក្នុងខែនេះក៏បានអះអាងដែរថា អាល់ប៊ុមចម្រៀងដែលមានឈ្មោះថា Lemonade របស់តារាចម្រៀងស្រីរូបនេះត្រូវបានលក់ដាច់ច្រើនជាងគេបង្អស់។

    ខាងក្រោមនេះគឺជាកំណត់ត្រាទឹកប្រាក់ដែលបានមកពីការលក់អាល់ប៊ុមចម្រៀងរបស់កំពូលតារាចម្រៀង 10 រូបក្នុងឆ្នាំ 2017 ដែលបានដកស្រង់ចេញពីទស្សនាវដ្តី Forbes៖

    1.Beyoncé 105 លានដុល្លារសហរដ្ឋអាមេរិក

    2.Adele 69 លានដុល្លារសហរដ្ឋអាមេរិក

    3.Taylor Swift 44 លានដុល្លារសហរដ្ឋអាមេរិក

    4.Celine Dion 42 លានដុល្លារសហរដ្ឋអាមេរិក

    5.Jennifer Lopez  38 លានដុល្លារសហរដ្ឋអាមេរិក

    6.Dolly Parton 37 លានដុល្លារសហរដ្ឋអាមេរិក

    7.Rihanna 36 លានដុល្លារសហរដ្ឋអាមេរិក

    8.Britney Spears 34 លានដុល្លារសហរដ្ឋអាមេរិក

    9.Katy Perry 33 លានដុល្លារសហរដ្ឋអាមេរិក

    10.Barbra Streisand 30 លានដុល្លារសហរដ្ឋអាមេរិក