Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន​កូន​ខ្មែរ​ដំបូង​ទ​ទូល​បាន​ពានរង្វាន់​កិត្តិយស​នៅលើ​ឆាក​អន្តរជាតិ

    ក្រុមហ៊ុន​កូន​ខ្មែរ​ដំបូង​ទ​ទូល​បាន​ពានរង្វាន់​កិត្តិយស​នៅលើ​ឆាក​អន្តរជាតិ

    ភ្នំពេញ៖ ពិតជា​គួរឱ្យ​មោទនភាព​ខ្លាំងណាស់​សម្រាប់​ក​ម្ពុ​ជា​យើង ខណៈដែល​ក្រុមហ៊ុន​កូន​ខ្មែរ​ដំបូង​គេ​ទទួលបាន​ពានរង្វាន់​កិត្តិយស​លើ​ឆាក​អន្តរជាតិ​សម្រាប់​ឆ្នាំ2017 ដែល​ត្រូវបាន​ប្រគល់ជូន​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស។

    ក្រុមហ៊ុន​ដែល​ទទួលបាន​ពានរង្វាន់​កិត្តិយស​នេះ​គឺ ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal Co, Ltd (KFA) ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ចេញផ្សាយ​ជា​សាធារណៈ​នូវ​វប្បធម៌​គុណភាព​នេះ (Quality Culture) ដល់​បុគ្គលិក អ្នកផ្គត់ផ្គង់​សម្ភារ​ដល់​អតិថិជន និង​សហគមន៍​ដែល​បាន​គាំទ្រ​ដោយ  QC 100  Total Quality Management Model។

    លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន (KFA) មានប្រសាសន៍ថា អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​លោក​ទទួលបាន​ពានរង្វាន់​កិត្តិយស​ដ៏​អស្ចារ្យ​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​អនុវត្ត​នូវ​គោលការណ៍​មួយចំនួន​ដូចជា ៖

    ទី1.គុណភាព គឺជា​ហេតុផល​មួយ​សម្រាប់​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន។

    ទី2.ជាមួយ​កម្រិត​គុណភាព​ដែល​បាន​បង្កើត​ក្នុង​ក្រុមហ៊ុន​ដោយយោង​ជាមួយនឹង​ពិន្ទុ​គុណភាព QC 100%។

    ទី3.លើកទឹកចិត្ត​ការចូល​រួម និង​ធ្វើការ​ជា​ដៃគូ​ក្នុងការ​សម្រេចចិត្ត។

    ទី4.មាន​ភាពសប្បាយ​រីករាយ​ចំពោះ​តម្រូវការ​អតិថិជន​របស់​យើង និង​ការរំពឹងទុក​របស់​ពួកគេ។

    ទី5.ផ្តល់​ធនធានមនុស្ស ទាំង​បច្ចេកទេស និង​សេដ្ឋកិច្ច​ដើម្បី​បន្ត​សម្រេចបាន​នូវ​ការរីកចម្រើន​និង​ការគោរព​ចំពោះ​បរិស្ថាន។

    ទី6. គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​ក្រុមហ៊ុន​ឱ្យ​ទទួលបាន​សក្ដានុពល​កម្រិត​ខ្ពស់។

    និង​ទី7.ធ្វើឱ្យ​បុគ្គលិក​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការតាំង​ចិត្ត​លើ​សកម្មភាព​មុខងារ​ផលប្រយោជន៍ និង​ទទួលបាន​លទ្ធផល​អាជីវកម្ម​ល្អ។

    ជាមួយនឹង​សក្ខីភាព​នៃ​ការទទួលបាន​ពានរង្វាន់​លំដាប់​ពិភពលោក​នាទី​ក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​ខាងលើនេះ លោក​ឧកញ៉ា នួន រិទ្ធី ក៏ដូចជា​ស្ថាបនិក និង​បុគ្គលិក​ទាំងអស់​បានបង្ហាញ​ពី​ក្ដី​រីករាយ ព្រមទាំង​មាន​មោទនភាព​ជាខ្លាំង​ជាមួយនឹង​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក។

    លោក​ឧកញ៉ា នួន រិទ្ធី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​មាន​សេចក្តី​រីករាយ​ឥតឧបមា រួម​ជាមួយនឹង​មោទនភាព​ចំពោះ​រូបខ្ញុំ​ផ្ទាល់ និង​យុវជន​ខ្មែរ​យើង​ដទៃទៀត​ដែល​តែង​នាំយកមក​នូវ​កិត្តិយស និង​កិត្តិ​ស័ព្ទ​ជូន​ដល់​ក្រុមគ្រួសារ​ក៏​ដូច​ប្រទេសជាតិ​ទាំងមូល។ ការទទួលបាន​ពាន​នេះ​គឺ​កើតឡើង​ដោយសារ​ការចូលរួម​គាំ​ទ្រំ​ពី​សំណាក់​អតិថិជន ការខិតខំ​ប្រឹងប្រែងរ​បស់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ស្ថេរភាព​សេដ្ឋកិច្ច​ដែល​រក្សា​កំណើន GDP 7% ។ បើ​គ្មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃ​ទេនោះ ម្ល៉េះ​រូបខ្ញុំ​ក៏​មិន​មានឱកាស​បញ្ចេញ​សមត្ថភាព​ដើម្បី​មក​ទទួល​ពានរង្វាន់​អន្តរជាតិ​នេះដែរ។ កត្តា​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ខ្ញុំ គឺជា​ការតស៊ូ ព្យាយាម និង​ស្មោះត្រង់»

  • គយគន់សម្រស់ Miss Universe តំណាងប្រទេសថៃ ក្នុងឈុតហែលទឹក

    គយគន់សម្រស់ Miss Universe តំណាងប្រទេសថៃ ក្នុងឈុតហែលទឹក

    បច្ចុប្បន្ននេះ អ្នកគាំទ្រកម្មវិធីប្រកួតប្រជែងបវរកញ្ញាលំដាប់អន្ដរជាតិ Miss Universe 2017 នៅក្នុងប្រទេសថៃ កំពុងតែជ្រួលច្របល់ជាមួយនឹងសម្រស់ ព្រមទាំងសមត្ថភាពរបស់ កញ្ញា ម៉ារីយ៉ា ភូនលើតឡាភ (มารีญา พูลเลิศลาภ ) ដែលជាបវរកញ្ញាចក្កវាឡតំណាងប្រទេសថៃ។ ថ្វីត្បិតតែនាងមិនបានគ្រងតំណែងម្ចាស់មកុដ Miss Universe 2017 ក្ដី តែនាងបានពាំនាំនូវមោទនភាពមួយសម្រាប់ប្រទេសថៃ ដោយសារនាងបានជាប់នៅក្នុងចំណោម Top 5។

    ដោយឡែកទាំងរូបសម្បត្តិ និងកិរិយានៅក្នុងដំណើរបង្ហាញម៉ូដឈុតហែលទឹកវិញ បវរកញ្ញារូបនេះក៏បានជាប់ជាបេក្ខនារីដែលលេចធ្លោជាងគេក្នុងចំណោមបវរកញ្ញាទាំង 5 នាក់នោះដែរ ដោយនាងគ្រងនូវឈុតប៊ីគីនីពណ៌ខ្មៅ។ កញ្ញា ម៉ារីយ៉ា ភូនលើតឡាភ គឺជាកូនកាត់ដែលជាប់សែស្រឡាយចិន និងបើតាមសារព័ត៌មាន Mthai ដែលធ្លាប់បានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នាងទើបតែមានវ័យ 25ឆ្នាំ ហើយនាងបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ ផ្នែកវិស្វកម្មអគ្គិសនី និងជាអតីតសាស្ត្រាចារ្យនៅសាលា American Tesol Institute ហើយនាងមានបងប្អូនភ្លោះប្រុស 1 នាក់ ផងដែរ។

    គួរបញ្ជាក់ផងដែរថា សមត្ថភាពពិសេសដែលធ្វើឱ្យនាង ម៉ារីយ៉ា មានភាពលេចធ្លោជាងគេ មិនមែនត្រឹមតែសម្រស់ប៉ុណ្ណោះទេ តែនាងអាចនិយាយបាន 5 ភាសា រួមមាន អង់គ្លេស ថៃ ស្វ៊ីស ចិន និងវៀតណាម។ ហើយក៏សូមរំឭកដែរថា កាលពីឆ្នាំកន្លងទៅ នាងធ្លាប់ត្រូវបានអញ្ជើញទៅកាន់សហរដ្ឋអាមេរិកមុនចូលប្រកួត ដើម្បីចូលរួមថតរូបបង្ហាញម៉ូដឱ្យទស្សនាវដ្តីល្បីឈ្មោះ Vogue Baeuty ផងដែរ។

    ដើម្បីឱ្យកាន់តែច្បាស់ថា តើរូបនាងរបស់តារារូបនេះ សិចស៊ីរោលរាលដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ​៖

  • លោក Allardyce វិល​ទៅកាន់​ការពិចារណា​វិញ​ដើម្បី​ក្លាយជា​គ្រូបង្វឹក​របស់ Everton

    លោក Allardyce វិល​ទៅកាន់​ការពិចារណា​វិញ​ដើម្បី​ក្លាយជា​គ្រូបង្វឹក​របស់ Everton

    ក្លិប​ទូកក្តោង Everton កំពុងតែ​ពិចារណា​ទៅលើ​ការពិភាក្សាផ្សេងៗជាមួយនឹង​លោក Sam Allardyce ជុំវិញ​ការតែងតាំង​រូបលោក​ធ្វើជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ ក្រោយពី​ការពិភាក្សា​ជាបឋម​ជាមួយនឹង​គ្រូបង្វឹក​វ័យ63ឆ្នាំ​រូបនេះ​ទទួល​បរាជ័យ​កាលពី​ដើមខែ​នេះ។

    ទីតាំង​របស់លោក Allardyce ក្នុងនាម​ជា​បេក្ខភាព​ដ៏​មាន​សក្តានុពល​ម្តងទៀត​បានបង្ហាញ​ថា ក្លិប Everton ត្រូវតែ​ស្វែងរក​គ្រូបង្វឹក​ជា​អចិន្ត្រៃយ៍​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់លោក Ronald Koeman ក្រោយពី​ការទាក់ទង​ជា​លើក​ទី1ជាមួយនឹង​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ត្រូវបាន​គេ​គិតថា បានទទួល​បរាជ័យ​ដោយសារតែ​ទំហំ និង​លក្ខខណ្ឌផ្សេងៗនៃ​កិច្ចសន្យា​ដែល​លោក​ត្រូវបាន​គេ​ផ្តល់​ឲ្យ។ រយៈពេល5សប្តាហ៍​បាន​កន្លងផុតទៅ ចាប់តាំងពី​លោក Koeman សញ្ជាតិ​ហូ​ឡង់ ត្រូវបាន​បណ្តេញចេញ កាលពី​ថ្ងៃទី23 ខែតុលា ហើយ​លោក David Unsworth ដែលជា​គ្រូបង្វឹក​ក្រុម​អាយុ​ក្រោម23ឆ្នាំ​របស់ Everton ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន។ ប៉ុន្តែ ទម្រង់​លេង​របស់​ក្រុម​បាន​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដូច​ក្នុងពេល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Koeman អ៊ីចឹង​ដែរ។ លោក Unsworth បាន​ដឹកនាំ​ឲ្យ​ក្រុម​ខ្លួន​រង​បរាជ័យ5លើក ក្នុងចំណោម​ការប្រកួត7លើក​ក្រោម​ការដឹកនាំ​របស់លោក​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ ខណៈដែល​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​តែ1លើក​គត់។

    ការរង​បរាជ័យ​ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃអាទិត្យ នៅលើ​ទឹកដី​ក្រុម Southampton បានធ្វើ​ឲ្យ​ក្រុម Everton មាន12ពិន្ទុ ពោលគឺ​នាំមុខ2ពិន្ទុ​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល ក្រោយពី​ការប្រកួត13លើក៕

    ប្រភពពី៖ The Guardian

  • Man United ស្រេកឃ្លាន​ជ័យជម្នះ​ពេល​ប៉ះ Watford រាត្រី​នេះ

    Man United ស្រេកឃ្លាន​ជ័យជម្នះ​ពេល​ប៉ះ Watford រាត្រី​នេះ

    ក្រុម​បិសាច​ក្រហម Manchester United នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Watford ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ដ៏​សំខាន់​នៅ​រាត្រី​នេះ ខណៈដែល​ពួកគេ​នឹង​សម្លឹង​រក​ការកាត់បន្ថយ​ពិន្ទុ​ដេញតាម​ពីក្រោយ​ក្រុម​កំពុងតែ​នាំមុខ Manchester City ។

    ស្រប​ពេលដែល Man City ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Southampton នៅ​រាត្រី​ថ្ងៃ​ពុធ​ដែរនោះ ក្រុម Man United ដែល​បាន​យកឈ្នះ​លើ​ក្រុម Brighton ទាំង​លំបាក​ក្នុង​លទ្ធផល 1-0 កាលពី​ថ្ងៃ​សៅរ៍​នោះ មិនត្រូវ​ធ្វើ​ឲ្យ​មានការ​ភ្នា​ត់​ស្នៀត​ឡើយនា​កីឡដ្ឋាន Vicarage Road ជា​កន្លែង​ក្រុម Watford ធ្លាប់បាន​បង្កើត​ការភ្ញាក់ផ្អើល​ម្ដង​រួចមកហើយ​តាមរយៈ​ការ​ផ្តួល​ក្រុម​របស់លោក Jose Mourinho 3-1 កាលពី​រដូវ​កាល​មុន។

    ស្រប​ពេលដែល​ក្រុម Watford បាន​កត់ត្រា​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ជឿជាក់​មួយ​ក្នុង​លទ្ធផល 3-0 នៅលើ​ទឹកដី​ក្រុម Newcastle កាលពី​ថ្ងៃ​សៅរ៍​នោះ ក្រុម Man United បាន​ជួប​ការលំបាក​ក្នុងការ​បំបែក​តំបន់​ការពារ​របស់​ក្រុម Brighton នា​កីឡដ្ឋាន Old Trafford នៅ​មុនពេល​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Lewis Dunk ពី​ការបញ្ជូន​បាល់​របស់​ខ្សែបម្រើ Ashley Young បាន​បំពេញ​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី2ជាប់ៗគ្នា​របស់​ពួកគេ​តែម្តង។ ខ្សែការពារ Victor Lindelof របស់​ក្រុម Man United សង្ឃឹមថា ក្រុម​របស់គេ​អាច​បន្ត​ដណ្តើមបាន​ជ័យជម្នះ​ទៀត ស្រប​ពេលដែល​កំពុងតែ​ស្វែងរក​ទម្រង់​លេង​ដ៏​មុត​ស្រួច​របស់​ពួកគេ​ត្រឡប់មកវិញ។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព​របស់​យើង​ក្នុង​ការប្រកួត​នេះ យើង​បាន​ព្យាយាម​លេង​ការប្រកួត​របស់​យើង ប៉ុន្តែ វា​មិនបាន​ដំណើរ​ការល្អ​ឡើយ»។ Lindelof បាន​បន្ថែមទៀតថា៖ «យើង​ទទួលបាន3ពិន្ទុ ហើយ​នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត។ យើង​មិនបាន​លេង​ការប្រកួត​ដ៏​ល្អ​បំផុត​របស់​យើង​ឡើយ ប៉ុន្តែ យើង​បានទទួល​ជ័យជម្នះ ហើយ​នោះ​គឺជា​ការបង្ហាញ​ពី​ភាពខ្លាំង​របស់​យើង»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង3ទៀបភ្លឺ៕

    ប្រភពពី៖ The Guardian

  • តើ​គួរ​តែធ្វើការ​សិក្សា​ស្រាវជ្រាវ​មុន​ពេលធ្វើ​អាជីវកម្ម ឬ​យ៉ាងណា?

    តើ​គួរ​តែធ្វើការ​សិក្សា​ស្រាវជ្រាវ​មុន​ពេលធ្វើ​អាជីវកម្ម ឬ​យ៉ាងណា?

    បច្ចុប្បន្ន​មាន​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​កំពុង​ចង់​បង្កើត​អាជីវកម្ម​ធំៗ ឬ​បង្កើត​ជា​ក្រុមហ៊ុន​មួយ​ដោយ​ប្រើ​ប្រាស់​ទុនវិនិយោគ​ច្រើន​សន្ធឹក​សន្ធាប់ ប៉ុន្ដែ​ពួក​គេ​ហាក់​នៅ​​ពុំទាន់​ច្បាស់​ក្នុង​ចិត្ត​ថា ខ្លួន​ឯង​កំពុង​ឈរ​នៅ​ត្រង់​ចំណុច​ណា​នោះ​ទេ? ហើយ​ក៏​ពុំ​ទាន់​បាន​កំណត់​ពី​គោល​ដៅ​ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ​។លោក​បណ្ឌិត ​តាន់ មុនីវណ្ណ ​អគ្គនាយករង​នៃ​ក្រុមហ៊ុន ម៉ុង ឫទី្ធ គ្រុប កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​លោក​ដើម្បី​ចែករំលែក​បទ​ពិសោធ​របស់​លោកទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​មុន​នឹងចាប់​ផ្តើម​ដំណើរ​ការ​អាជីវកម្ម។


    មុន​ពេល​បើក​ដំណើរ​ការ​ក្រុមហ៊ុន តើ​គេ​គួរ​ធ្វើ​អ្វី​ខ្លះ?
    ជា​ធម្មតា​មុន​ពេល​ចាប់​ផ្តើម​បើក​ដំណើរការ ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​តែ​រៀបចំ​គម្រោង​ផែនការ​នៃ​ការ​ធ្វើ​ជំនួញ​ឱ្យ​បាន​ច្បាស់​លាស់។ ប្រសិន​បើ​ក្រុមហ៊ុន​ដែល​គ្រោង​បើក​ដំណើរ​ការ​នោះ​គ្មាន​ទិន្នន័យ​ពី​ការ​ស្រាវ​ជ្រាវ គេ​នឹង​មិន​អាច​ដឹង​ពី​កិច្ចការ​រៀបចំ​ក្រុមហ៊ុន ឱកាស​លក់​ផលិត​ផល ការ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​ទីផ្សារ និង​ដៃគូ​ប្រកួត​ប្រជែង​ជា​នរណា​នោះ​ទេ។ ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ការ​រៀបចំ​គម្រោង​ផែនការ​​អាជីវកម្ម​​មិន​ល្អ ព្រោះ​យើង​ធ្វើ​ទៅ​តាម​​ការនឹកឃើញ ឬ​ការ​ស្រមើល​ស្រមៃ។ ជា​បទពិសោធ​​នៃ​ការងារ​គ្រប់គ្រង​ជាង10ក្រុមហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ ​ម៉ុង ឫទ្ធី ​គ្រុប រយៈ​ពេល​ជិត20ឆ្នាំ និង​ក្រុមហ៊ុន​ថ្មី​ចំនួន5​ដែល​ខ្ញុំ​ទើប​បង្កើត​ គឺ​ខ្ញុំ​តែង​តែ​ឱ្យ​តម្លៃខ្ពស់​​ទៅ​លើ​ការ​សិក្សា​​ស្រាវជ្រាវ។

    តើ​ការសិក្សា​ស្រាវជ្រាវ​នោះ​ត្រូវធ្វើឡើងក្នុង​​កម្រិតណា?
    ការសិក្សា​ស្រាវជ្រាវ យើង​មិនចាំបាច់​ធ្វើ​ទៅលើ​អ្វី​ច្រើន​នោះ​ទេ​ មានន័យ​ថាបើ​យើង​ចង់​រកស៊ី​អ្វី​យើង​ធ្វើ​ទៅ​លើ​ការងារ​នោះទៅ​។ ឧទាហរណ៍ ខ្ញុំ​ចង់​នាំ​សាច់​គោ​ចូលមកលក់​ក្នុង​ទីផ្សារ​កម្ពុជា គឺ​ខ្ញុំ​មិនអាច​ទៅយក​សាច់​ចូលមក​ទីផ្សារ​តែម្ដងនោះ​​ទេ ដោយ​​យើង​ត្រូវ​ដឹង​ពី​ព័ត៌មាន​ថា តើ​តម្រូវការ​សាច់​គោ​ក្នុង​ទីផ្សារ​កម្ពុ​ជាមាន​កម្រិត​ណា? មនុស្ស​ប្រភេទ​​ណា​ដែល​ត្រូវការ​សាច់​​យើង​ចង់​នាំ​ចូល? តើ​ប្រទេស​ណាខ្លះ​ ឬ​ក្រុមហ៊ុន​ណាខ្លះ​ដែល​នាំ​សាច់​ចូលមក​កម្ពុជា​? នៅពេល​យើង​ប្រមូល​ព័ត៌មាន​ទាំងអស់​ហ្នឹង​បាន​ហើយ ​ទើប​យើង​សិក្សា​ពី​ទិសដៅ និង​ការបញ្ជ្រាប​ខ្លួន​ចូល​ទៅ​កាន់​ទីផ្សារ ​ព្រមទាំង​ធ្វើការ​វិភាគ​លើ​ទីផ្សារ និង​ហានិភ័យ​មួយ​ចំនួន​។ ដូច្នេះ​ការសិក្សា​ស្រាវជ្រាវ​វា​នឹង​បង្ហាញ​យើង​​ឱ្យ​កាន់តែច្បាស់​ដើម្បីឱ្យ​ងាយស្រួល​ដឹងថា គួរតែ​ដំណើរ​ការងារ​នេះ​ដូចម្ដេច?

    តើ​ការសិក្សា​ស្រាវជ្រាវ​អាចជួយ​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​​​កម្រិតណាដែរ​?
    ជាទូទៅ​នៅ​ពេល​​​ទទួលបាន​លទ្ធផល ឬ​ទិន្នន័យ​នៃ​ការសិក្សា​ស្រាវជ្រាវ​ គឺ​យើង​មិនមែន​ជឿ​ភ្លាម100%​​ទេ តែ​យើងក៏​​ត្រូវយក​វា​មកធ្វើការ​វិភាគ​ដោយ​ខ្លួនឯង​បន្ថែមទៀត​អំពី​ផលិតផល​របស់​យើងថា ​តើ​យើង​អាច​ចែក​ចាយ​​វា ឬ​បញ្ជ្រាប​ចូលទៅ​ទីផ្សារ​តាមរយៈ​អ្វី? យើង​​មិនអាច​ជឿ​ជាក់​ទាំង​ស្រុង​ទៅ​លើ​ការសិក្សា​ស្រាវជ្រាវ​​ទេ ព្រោះ​​វា​គ្រាន់តែ​ជា​ផែនទី​ដែល​បង្ហាញផ្លូវ​យើង​សម្រាប់​ដើរ​​ប៉ុណ្ណោះ។ ហេតុ​អ្វី​បានជា​ខ្ញុំ​និយាយ​បែបនេះ? ព្រោះ​អ្វីៗ​វា​មាន​នៅតែ​លើ​ក្រដាស​ប៉ុណ្ណោះ។ តែ​ទោះបី​ជា​​យ៉ាង​ណា យ៉ាង​ហោចណាស់​យើង​ត្រូវ​យល់ថា​ការសិក្សា​ស្រាវ​ជ្រាវ​​មុន​ដំណើរការ​អាជីវកម្ម​ គឺ​វា​មានតម្លៃ​ខ្លាំង​ណាស់​។

    បន្ទាប់​ពី​​សិក្សា​ស្រាវជ្រាវ​បាន​បញ្ចប់ តើ​យើង​ត្រូវ​ធ្វើ​កិច្ចការ​ទាំងនេះ​បន្ដ​ជាប្រចាំទៀត ឬ​​ទេ?
    ​យើង​អាច​ប្រើ​ប្រាស់​បុគ្គលិក​បាន​សម្រាប់​ការ​ស៊ើប​ព័ត៌មាន​តិចតួច​ ប៉ុន្ដែ​នៅពេល​ដែល​យើង​ចង់ដឹង​ព័ត៌​មាន​​អ្វីមួយ​ធំដុំ គឺ​​យើង​ត្រូវតែ​​ជួល​ក្រុមហ៊ុន​ជំនាញ​ដើម្បីឱ្យ​គេ​ធ្វើ​ការ​​សិក្សា​ស្រាវជ្រាវ​ ព្រោះ​គេ​មាន​ពេល​ធ្វើ និង​មាន​ជំនាញ ពិសេស​គេ​មាន​ទិន្នន័យ​ក្នុង​ដៃ​ខ្លះ​ទៅហើយ ដូច្នេះ​គេ​ដឹង​ពី​មធ្យោបាយ​ធ្វើយ៉ាងណា​ដើម្បី​​ទទួលបាន​ទិន្នន័យ​ពិតប្រាកដ​ដែល​យើង​ចង់បាន។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដូចជា​យើង​ពិតជា​មិនដឹងថា​ទៅ​យក​ទិន្នន័យ​មកពីណា​នោះ​​ទេ? ឧទាហរណ៍​ដូចជា​រូបខ្ញុំ​ផ្ទាល់​មិនមែន​មិន​ធ្លាប់ប្រើ​បុគ្គលិក​ឱ្យ​ធ្វើ​​កិច្ចការ​នេះ​ទេ ប៉ុន្ដែ​វា​ចំណាយពេល​ច្រើន ហើយ​​​ថែមទាំង​ទទួលបាន​ព័ត៌មាន​មិន​ប្រាកដប្រជា​ទៀត។ តាម​បទ​ពិសោធ​​របស់​ខ្ញុំ យើង​អាច​ធ្វើបាន​ជាមួយ​បុគ្គលិក​ត្រឹមតែ​ប​ញ្ជូន​គា​ត់ទៅ​សិក្សា​បន្ថែម​លើ​ជំនាញ​ដែល​កំពុងធ្វើការ​ងារ​រាល់​ថ្ងៃ ដើម្បី​​បង្កើន​សមត្ថ-
    ភាព​ឱ្យ​ខ្លាំង។

    តើ​លោក​បណ្ឌិត​អាច​លើក​ជា​ករណី​សិក្សា​មួយ​បានទេ​ ពាក់ព័ន្ធ​គុណ​សម្បត្ដិ​លើ​ការសិក្សា​ស្រាវជ្រាវ?
    ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ ដូចជា​ខ្ញុំ​ចង់​បង្កើត​ក្រុមហ៊ុន​នាំចូល​សាច់គោ ពេល​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​ទើប​ខ្ញុំ​ដឹង​ថា ប្រទេស​របស់​យើង​ខ្វះ​សាច់គោ មិនតែប៉ុណ្ណោះ​យើង​អត់​ចេះ​កែច្នៃ​សាច់គោ​​ឱ្យមាន​តម្លៃ​ទៀត​ផង។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​​​​ដឹង​ថា ​មាន​ប្រទេស​ចំនួន​ប៉ុន្មាន​ដែល​នាំ​សាច់គោ​ចូល​មកកាន់​ប្រទេស​កម្ពុជា​? សាច់​គោ​មក​ពី​ប្រទេស​​ណា​នាំចូល​កម្ពុជា​​ច្រើនជាងគេ? ហើយ​ខ្ញុំ​​ថែមទាំង​ដឹងទៀត​ថា ​មូលហេតុ​អ្វី​បានជា​ប្រជាជន​​ខ្មែរ​ពុំ​សូវ​ចូល​ចិ​ត្ដ​ហូប​សាច់គោ? នៅពេល​យើង​មាន​ទិន្នន័យ​ហើយ យើង​ចង់​រៀប​យុទ្ធសាស្ដ្រ​ដាក់​តម្លៃ​សាច់គោ​នាំចូល​មកឱ្យ​មានការ​ប្រកួត​ប្រជែង​ជាមួយ​សាច់គោ​ក្នុងស្រុក​ក៏​អាច​ធ្វើបាន ឬ​ត្រូវ​កែច្នៃ​សាច់គោ​ក្នុង​ស្រុក​​​ឱ្យមាន​តម្លៃ ឬ​ស្ដង់ដារ​មួយ​សម្រាប់​ដាក់ចូល​ក្នុង​ទីផ្សារ​ដើម្បី​ទប់​ការនាំ​ចូលមក​ក៏​អាចធ្វើ​ទៅបាន។

    តាមរយៈ​បទពិសោធរបស់លោក​បណ្ឌិត​ តើ​ក្រុមហ៊ុន​គួរតែ​ចំណាយ​ប្រាក់​ទៅ​​​លើ​ការសិក្សា​ស្រាវជ្រាវ​ជា​មុន​​ដែរ ឬទេ?
    ជា​ទស្សនៈ​របស់ខ្ញុំ ប្រសិន​បើ​ចង់​បើក​​ក្រុមហ៊ុន​ យើង​ត្រូវតែ​ចាប់ផ្ដើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាមុន​សិន មុន​នឹង​ចាប់​ផ្តើម​បើក​ដំណើរការ​អាជីវកម្ម។ ក្នុង​ករណី​យើង​ចង់​បង្កើត​អាជីវ​កម្ម​ខ្នាត​តូច ដូចជា​លក់​គុយទាវ ឬ​ធ្វើ​អ្វី​​តិច​តួច យើង​គ្រាន់​តែ​មើល​ទីផ្សារ​ជុំវិញ​ខ្លួន​ឯង ឬ​សួរ​នាំ​អ្នក​ជិត​ខាង​ដែល​មាន​បទពិសោធ​ក៏​បាន។ ចំណុច​នេះ​ខ្ញុំ​​ចង់​បញ្ជាក់​ថាមិន​មែន​ការ​សិក្សា​ស្រាវជ្រាវ​ទាំង​អស់​សុទ្ធ​តែ​ប្រាកដ​ជា​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ទេ ប៉ុន្ដែ​យ៉ាង​ហោច​ណាស់​ហានិភ័យ​ក្រោយ​ពី​យើង​សិក្សា​ស្រាវជ្រាវ​រួច​វា​មាន​តិចតួច​បំផុត ព្រោះ​នៅ​ពេល​យើង​ស្រាវ​ជ្រាវ​វា​នឹង​បង្ហាញ​ឱ្យ​យើង​ឃើញ​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ថា យើង​ជា​អ្វី? នៅត្រង់ណា? ត្រូវ​ទៅ​​ណា? ពេល​នោះ​យើង​នឹង​ដឹងថា​យើង​នៅមាន​ចំណុច​ខ្វះខាត​អ្វីដែល​ធ្វើឱ្យ​យើង​មិនអាច​ទៅដល់​គោលដៅ។នៅ​ប្រទេស​អភិវឌ្ឍ​គេ​តែងតែ​ចំណាយ​ទុន​លើ​កិច្ចការ​ស្រាវជ្រាវ ដូច្នេះ​ទើប​ក្រុមហ៊ុន​របស់គេ​ពុំ​សូវ​ជួប​ភាព​បរាជ័យ​។ យើង​គួរ​តែ​ចាប់​ផ្ដើម ព្រោះ​ការ​ជួល​ឱ្យ​ក្រុមហ៊ុន​ជំនាញ​សិក្សា​ស្រាវជ្រាវ​ចំណាយ​ក្នុង​រង្វង់​ត្រឹម​តែ​2-3ពាន់​ដុល្លារ​ប៉ុណ្ណោះ។ ក្រោយ​ពី​ទទួល​បាន​ទិន្នន័យ​យើង​អាច​ធ្វើ​ការ​វិភាគ​ដោយ​ខ្លួន​ឯង​ថា គួរ ​ឬ​មិនគួរ បើ​មិន​អាច​ទៅ​រួច​យើង​បោះចោល​គំនិត​អាជីវកម្ម​ដោយ​គ្រាន់​តែ​ខាត​បង់​ថ្លៃ​ជួល​គេ​ស្រាវជ្រាវ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​បើ​យើង​ដើរ​ទៅមុខ​ដោយ​គ្មាន​ការ​ស្រាវជ្រាវ ដោយ​ក្ដី​ស្រមៃ ស្រពេចស្រពិល​យើង​នឹង​បាត់​បង់​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដូច្នេះ​ខ្ញុំ​ចង់​និយាយ​ថា​ ក្រុមហ៊ុន​នៅ​កម្ពុជា​គួរតែ​នាំគ្នា​ចាប់ផ្ដើម​គិត និង​ធ្វើ​រឿងនេះ។ កិច្ចការ​ទាំងនេះ​វា​ជា​រឿង​មួយ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​យើង​ខ្វះ​ការសិក្សា​ស្រាវជ្រាវ​នេះហើយ​ទើប​ធ្វើឱ្យ​អាជីវកម្ម​របស់​យើង​ចេះតែ​បរាជ័យ៕

  • មន្ត្រី​ជាន់​ខ្ពស់​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​ដាំដូង​សម្រាប់​លក់​លើ​ទីផ្សារ

    មន្ត្រី​ជាន់​ខ្ពស់​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​ដាំដូង​សម្រាប់​លក់​លើ​ទីផ្សារ

    ដូង ជា​ប្រភេទ​ដំណាំ​កសិកម្ម​ដែល​ងាយ​ស្រួល​ដាំនិង​មិន​ពិបាក​ថែទាំ​ដូច​ដំណាំ​ផ្សេង​ទៀត​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ផ្តល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ដែល​មិន​គួរ​មើល​រំលងទៀត​ផង​។ឯកឧត្តម គង់ ចាន់ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សាធារណៈ​អំពី​របាយការណ៍ និង​ការ​សិក្សា​ស្រាវជ្រាវ​ដំណាំ​ដូង​ នៅ​ប្រទេស​កម្ពុជា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា កាល​ពី​ចុង​សប្តាហ៍​មុន​ថា នៅ​ប្រទេស​កម្ពុជា ​ដំណាំ​ដូងនៅ​មិន​ទាន់​មាន​ការ​ដាំដុះ​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម ឬ​ឧស្សាហ​កម្ម​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​ទិន្នន័យ​ដំណាំ​ដូង​ក៏​ពុំ​ទាន់​មាន​គ្រប់​គ្រាន់​ដែរ។ ឯកឧត្តម​ បាន​បន្ត​ថា ផ្លែ​ដូងខ្ចី​បាន​ផ្តល់​ជា​ទឹក​សម្រាប់​បរិភោគ ចំពោះ​ដូងទុំ​ វិញគេ​អាច​ទាញ​យក​ជា​ខ្ទិះ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ជា​អាហារ ​និង​បង្អែម​។ ជាទូទៅ​កសិករ​​ច្រើន​ដាំ​ដូង ​ដោយ​មាន​​គម្លាត​​ពី​គ្នា7.5×7.5ម៉ែត្រ ហើយ​ជា​រួម​ក្នុង​1​ហិកតា មាន​ដើម​ដូង​សរុប​ចំនួន​177 ដើម។ អាយុ​កាល​របស់​ដើម​ដូង គឺ​ចន្លោះ​ពី​40-50​ឆ្នាំ​ ដោយ​វា​ផ្តល់​ផល​រយៈពេល​4-7ឆ្នាំ បន្ទាប់​ពី​ពេល​ដាំ។

    តាម​ការ​អង្កេត​ដំណាំ​ដូង​នៅ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ឆ្នាំ2010 ដើម​ដូង​មាន​ចំនួន​សរុប​ប្រមាណ​12​លាន​ដើម។ ដូង​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ ដែល​គេ​និយម​ដាំ​នៅ​​ជុំវិញ​ផ្ទះ ឬ​តាម​វាលស្រែ​ ដោយ​គេ​គ្រាន់​តែ​លើក​ដី​ឱ្យ​ខ្ពស់ រួច​ដាំ​តែ​ម្តង ដើម្បី​ចៀសវាង​ការ​ជាំ​ទឹក​នៅ​រដូវវស្សា។នៅ​​​កម្ពុជា​បច្ចុប្បន្ន ​ដូងខ្ចី​អាច​លក់​នៅលើ​ទីផ្សារ​ក្នុង​តម្លៃ​ជា​មធ្យម​0.5-0.62ដុល្លារ​ក្នុង​មួយ​ផ្លែ សម្រាប់​ការ​លក់​រាយ ហើយ​ការ​លក់​ដុំ​អាច​មាន​តម្លៃ​ពី​0.42-0.5​ដុល្លារ​ក្នុង​មួយ​ផ្លែ។ជាទូទៅ​កសិករ​អាច​លក់​ដូង​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ឬ​លក់​ទៅ​ឱ្យ​ឈ្មួញ​ប្រមូល​ទិញ។

    ក្នុង​មួយ​ហិកតា គេ​អាច​ដាំដូង​បាន​ចំនួន 177ដើម ហើយ​ក្នុង​មួយ​ដើម​អាច​ផ្តល់​ផ្លែ​បាន​ចំនួន​60 ដោយ​1ផ្លែ​លក់​បាន​​0.42ដុល្លារ។ ដូចនេះ​កសិករ​បាន​ទទួល​បាន​ប្រាក់​​ចំនួន 4,460ដុល្លារ​ក្នុង​មួយ​ហិកតា​ សម្រាប់​រយៈ​ពេល​​​មួយឆ្នាំ។ជាមួយ​គ្នានេះ ​លោក ង៉ ខេវិន តំណាង​ក្រុមហ៊ុន​ សោម៉ា គ្រុប មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​ការ​ដាំដូង ​នៅ​​មិន​ទាន់​មាន​លក្ខណៈ​កែច្នៃ​ជា​ឧស្សាហកម្ម​រោងចក្រ​សម្រាប់​នាំចេញ​ទេ គឺ​មាន​តែ​ការ​លក់​ដូង​ស្រស់​នៅ​លើ​ទីផ្សារ​តែ​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​តម្រូវការ​ផ្លែ​ដូង លោក​បាន​ដាំ​​​ដូង​ក្រអូប​សម្រាប់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ មក​ទល់​បច្ចុប្បន្ន​មាន​ចំនួន​45,000ដើម​នៅ​ស្រុក​បាទី ខេត្តតាកែវ និង​ខេត្តកំពត​ ដែលជា​ខេត្ត​ជាប់​ចំណាត់​ថ្នាក់​លេខ1 មាន​ដូង​ច្រើន​ជាង​គេ និង​ទឹកដូង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​គេ បើ​ធៀប​នឹង​ភូមិសាស្ត្រ​ផ្សេងៗ​នៅ​កម្ពុជា។

    លោក ចាន់​ប្រាន នៀ នាយក​វិទ្យាស្ថាន​សកល​សម្រាប់​អនាគត បាន​និយាយ​ថា ដោយ​មើល​ឃើញ​ពី​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ លោក​ ព្រម​ទាំង​​​សមាជិក​ក្រុម​ដទៃ​ទៀត មក​ពី​14​ប្រទេស​ក្នុង​តំបន់​អាស៊ី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ដំណាំ​ដូង​ពិត​ជាមាន​សក្តានុពល​នៅ​លើ​ទីផ្សារ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​​ទាន់​មាន​ក្រុមហ៊ុន​កែច្នៃ​ផ្លែ​ដូងទុំ​សម្រាប់​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​នៅឡើយ។លោកអះអាង​​ថា ការ​សិក្សា​អំពី​ដូង​នេះ​​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សិក្សា​ស្រូវ​អង្ករ​រួច​មក។ ជាមួយ​គ្នា​នេះ​លោក​​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក គួរ​សហការ​ជាមួយ​កសិករ​ដាំដូង​ឱ្យ​បាន​ច្រើន សម្រាប់​កែច្នៃ​នាំ​ចេញ​ទៅលក់​​នៅលើ​ទីផ្សារ​ក្រៅប្រទេស៕

  • តម្លៃ និង​តម្រូវ​ការ​ បាន​ធ្វើ​ឱ្យ​ការ​ដាំដុះ​ដំណាំ​ស្វាយចន្ទី​កើនឡើង​

    តម្លៃ និង​តម្រូវ​ការ​ បាន​ធ្វើ​ឱ្យ​ការ​ដាំដុះ​ដំណាំ​ស្វាយចន្ទី​កើនឡើង​

    អ្នក​ដាំ​ដំណាំ​ស្វាយចន្ទី និង​បណ្តុះ​កូន​ស្វាយចន្ទី លក់​បាន​មើល​ឃើញ​នូវ​កំណើន​ដ៏​ខ្ពស់​ក្នុង​ការ​ដាំដុះ​ស្វាយចន្ទី​ឡើង​វិញ បន្ទាប់​ពី​តម្លៃ​គ្រាប់​ស្វាយចន្ទី បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម និង​ជា​អ្នក​ចម្ការ​មួយរូប ឯកឧត្តម វ៉ា រុតសាន បាន​និយាយ​ថា ការ​ដាំដុះ​ស្វាយចន្ទី បាន​កើន​ឡើង​យ៉ាង​ច្រើន​​ក្នុង​ឆ្នាំ​នេះ ទាំង​ការ​ដាំ​ជា​លក្ខណៈ​គ្រួសារ និង​ក្រុមហ៊ុន។ឯកឧត្តមបន្ត​ថា មាន​មូលហេតុ​ ជាច្រើន​ដែល​នាំ​ឱ្យ​ប្រជាជន ក៏​ដូចជា​ក្រុមហ៊ុន​មួយ​ចំនួន​ងាក​មក​ចាប់​អារម្មណ៍​​ចំពោះ​ការ​ដាំ​ដុះ​ស្វាយចន្ទី​ឡើង​វិញ។ ហេតុផល​ទាំង​នោះ​មាន​ដូចជា មាន​ទីផ្សារ​នាំចេញ​ល្អ ការ​លក់​បាន​តម្លៃ​ខ្ពស់ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថែទាំ​ជា​ងដំណាំ​ម្រេច ដាំ​តែម្តង​​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​20-30​ឆ្នាំ មិន​ពិបាក​ទុក​ដាក់​ក្រោយ​ពេល​​ប្រមូល​ផល និង​មាន​ពូជ M-23 ដែល​ផ្តល់​ផល​ខ្ពស់ និង​គុណភាព​គ្រាប់​ល្អ។

    ឯកឧត្តម វ៉ា រុតសាន បាន​បញ្ជាក់​ថា តម្លៃ​គ្រាប់​ស្វាយចន្ទី ក្នុង​ឆ្នាំ2017 នេះ​មាន​រហូត​ដល់​2,350​ដុល្លារ ក្នុង​មួយ​តោន ដោយ​កើន​ឡើង​500​ដុល្លារ​ក្នុង​មួយ​តោន បើ​ធៀប​ជាមួយ​តម្លៃ​កាល​ពី​ឆ្នាំ2016 ដែល​មាន​តម្លៃ​ត្រឹម​តែ​1,850ដុល្លារ​ក្នុង​មួយ​តោន។ កាល​ពី​ឆ្នាំ2015 តម្លៃ​គ្រាប់​ស្វាយចន្ទី​មាន​ត្រឹម​តែ​1,550​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន។បច្ចុប្បន្ន​​​នេះកម្ពុជា​បាន​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​ទីផ្សារ​របស់​ប្រទេស​វៀតណាម ដោយសារ​ប្រទេស​វៀតណាម មាន​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ច្រើន ប៉ុន្តែ​មិន​មាន​ផលិតកម្ម​ស្វាយចន្ទី​​គ្រប់​គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​ខ្លួន។ឯកឧត្តម វ៉ា រុតសាន បានមាន​ប្រសាសន៍​ថា៖​“វៀតណាម មាន​រោងចក្រ​កែច្នៃ​ច្រើន ដោយ​ត្រូវ​ការ​ប្រហែល​1​លាន​តោន​ក្នុង​មួយ​ឆ្នាំ ខណៈ​វៀតណាម អាច​ផលិត​បាន​តែ​30-40​ម៉ឺន​​តោន​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហេតុ​នេះ​គេ​ត្រូវ​ការ​​នាំចូល​ពី​ប្រទេស​កម្ពុជា និង​ពី​តំបន់​អាហ្វ្រិក​បន្ថែម​”។

    លោក យីម សុខគង់ អ្នក​បណ្តុះ​កូន​ស្វាយចន្ទី​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​តែ​ចាប់​ផ្តើម​បណ្តុះ​កូន​ស្វាយ​ចន្ទី​លក់​ក្នុង​ឆ្នាំ2017 នេះ​បាន​អះអាងថា លោក​ទើប​តែ​​ងាក​មក​បណ្តុះ​កូន​ស្វាយចន្ទីលក់​កាល​ពី​ខែមិថុនា ឆ្នាំ​2017 ​នេះ​ដោយ​មើល​ឃើញ​ពី​សន្ទុះ​នៃ​ការ​ពេញ​ចិត្ត​ក្នុង​ការ​ដាំដុះ និង​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​​ហក់​ឡើង​ខ្ពស់។ ក្នុង​រយៈពេល​ជិត​កន្លះ​ឆ្នាំ​នេះ លោក​លក់​កូន​ស្វាយចន្ទី​បាន​ប្រមាណជាង​1ម៉ឺន​ដើម​។លោក សុខគង់ បាន​និយាយ​ថា៖​“មាន​ក្រុមហ៊ុន​ចិន​មួយ​កុម្ម៉ង់​ខ្ញុំ​រហូត​ដល់​ទៅ​20​ម៉ឺន​កូន​សម្រាប់​ដាំ​លើ​ផ្ទៃដី​ជាង​500​ហិកតា​នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ការ​ផ្តល់​តម្លៃ​របស់​គាត់​នៅ​ទាប ដូច្នេះ​ខ្ញុំ​​មិន​ទាន​់យល់​ព្រម​សម្រាប់​ផលិត​ឱ្យ​គាត់​ទេ”។លោក​ បាន​អះអាង​ថា តម្លៃ​គ្រាប់ស្វាយចន្ទី​បាន​ហក់​ឡើង និង​រក្សា​លំនឹង​បាន​យ៉ាង​ល្អ លើស​ពី​នេះ​ទីផ្សារ​​គ្រាប់​ស្វាយចន្ទី​មិន​ដែល​ខ្វះ​នោះ​ទេ។

    លោក​និយាយ​ថា៖“ខ្ញុំ​យល់​ថា​សន្ទុះ​នៃ​ការ​ដាំដុះ​នឹង​មិន​ថយចុះ​ទេ ព្រោះ​គ្រាប់​ស្វាយចន្ទី​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ ដូច​ជា​ថ្មីៗនេះ​ប្រទេស​កូរ៉េ ​ក៏​ចង់​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ពី​កម្ពុជា​ដែរ”។កាលពី​ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2017 លោក YoungKyu M00N ប្រធាន​ក្រុមហ៊ុន Hwashin Construction Co., LTD នៃ​សាធារណរដ្ឋ​កូរ៉េ និង​តំណាង​ក្រុមហ៊ុន M0C 101 កម្ពុជា​បាន​​​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កិច្ច​សហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​​លើ​គម្រោង​វិនិយោគ​ប្រមូលនិង​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​នាពេល​អនាគត។នា​ពេល​កន្លង​មក ឯកឧត្តម វេង សាខុន ក៏​ធ្លាប់​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី របស់​ក្រុមហ៊ុន Dan On Food Corporation នៅ​ខេត្ត​បិញឌួង ប្រទេស​វៀតណាម ដោយ​ក្រុមហ៊ុន​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នេះ​បាននិង​កំពុង​គាំទ្រ និង​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី​ពី​កម្ពុជា​​​ជា​បន្ត​បន្ទាប់។ ក្រុមហ៊ុន​​​នេះ មាន​សមត្ថភាព​កែច្នៃ វិច​ខ្ចប់ និង​នាំចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ជាង​10​លើ​ពិភពលោក ក្នុង​បរិមាណ​ប្រហែល​8,000តោន​ក្នុង​មួយឆ្នាំ។

    ឯកសារ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​ឱ្យ​ដឹង​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុ​ពល​ខ្ពស់​​​លើ​​​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ហើយ​ស្វាយចន្ទី គឺ​ជា​ដំណាំ​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន។ក្រៅ​ពី​សាច់ និងគ្រាប់​ដែល​គេ​យក​ទៅ​បក​សម្បក​ហើយ​លីង​សម្រាប់​ធ្វើ​ម្ហូប​អាហារ​ផ្សេងៗ​នោះ ផ្លែ​របស់​វា គេ​អាច​យក​ទៅ​កែច្នៃ​ធ្វើជា​អាហារ​បាន​ច្រើន​ថែម​ទៀត​ផង ដូចជា ទឹក​ផ្លែឈើ ដំណាប់ ទឹកខ្មេះ និង​ទទួល​ទាន​ផ្ទាល់​តែ​ម្ដង​​ក៏បាន។តំបន់​សំខាន់ៗ​ដែល​ផលិត​ស្វាយចន្ទី និង​ដាំ​ដុះ​ស្វាយចន្ទី​នៅក្នុង​កម្ពុជា គឺ​ស្ថិត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពត កោះកុង និង​ខេត្តកំពង់ស្ពឺ ជាដើម​៕

  • ការ​ព្យាករ ៖ សេដ្ឋកិច្ចកម្ពុជា​នឹងមាន​ល្បឿន​ថយចុះ​ជាង​ឆ្នាំ​ចាស់

    ការ​ព្យាករ ៖ សេដ្ឋកិច្ចកម្ពុជា​នឹងមាន​ល្បឿន​ថយចុះ​ជាង​ឆ្នាំ​ចាស់

    ភ្នំពេញ៖ ទោះបីជា​មានការ​អះអាង​អំពី​ស្ថេរភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​រយៈពេល​ជិត2ទសវត្សរ៍​ចុងក្រោយ​នេះ​ក៏ដោយ ក៏ប៉ុន្តែ​បើតាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក​បាន​បង្ហាញថា ឆ្នាំ2017នេះ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​ថយ​ចុះមក​នៅត្រឹម 6.8% ប៉ុណ្ណោះ។

    របាយការណ៍​បាន​លើកឡើងថា ការធ្លាក់ចុះ​នៃ​ល្បឿន​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ2017នេះ គឺ​ដោយសារ​ការថយចុះ​នូវ​ការនាំចេញ​សម្លៀកបំពាក់ ការ​ថមថយ​ល្បឿន​នៃ​វិស័យ​សំណង់ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​មួយចំនួន។

    ទោះជា​ដូច្នេះ​ក្តី យោងតាម​របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​បានលើកឡើង​ថា សេដ្ឋកិច្ចកម្ពុជា​បាន​បោះជំហាន​ឡើង​ខ្សែចង្វាក់​តម្លៃ​ក្នុង​វិស័យ​កម្មន្តសាល​ដែល​បានចេញ​ផ្សាយ​នៅ​ចុងខែ​វិច្ឆិកា​នេះ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ2018នឹង​កើន​ឡើងដល់6,9ភាគរយ​ធៀប​នឹង​ឆ្នាំនេះ។ របាយការណ៍​ដដែល​បាន​លើកឡើងថា ទោះបីជា​មានការ​ថយចុះ​នូវ​ការនាំចេញ​សម្លៀកបំពាក់​ក្តី ប៉ុន្តែ​វិស័យ​នាំចេញ​របស់​កម្ពុជា​បាន​ប៉ះប៉ូវ​មកវិញ​ដោយ​ការនាំចេញ​ម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​រថយន្ត​ដែល​ទើប​លេចចេញ​ជា​រូបរាង​កាលពីពេលថ្មីៗនេះ។

    ជាមួយគ្នានេះ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ទេសចរ​ពី​អាជ្ញាធរ វិស័យនេះ​ហាក់បីដូច​ជាមាន​លទ្ធផល​ល្អ ដោយមាន​ការ​ងើប​ឡើងវិញ​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែលជា​ផ្នែក​មួយ​នៃ​ការជួប​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច ជាក់ស្តែង​គិត​ត្រឹម​រយៈពេល9ខែ នៃ​ឆ្នាំ2017 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន3,912,761នាក់ ក្នុង​កំណើន11.5% ដោយបាន​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ3,400លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​បន្ថែមទៀត ដោយ​ក្នុងនោះ​ពលកម្ម​ជា​ស្ត្រី​មាន​ប្រមាណ 60%។

    របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​បាន​រកឃើញ​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​រឹងមាំ​នៅ​ឆ្នាំ2018 គឺ​ជំរុញ​ដោយ​ការធ្វើ​ពិពិធ​កម្ម​នៃ​ការនាំចេញ គាំទ្រ​ដោយ​ការហូរចូល​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ភាពប្រសើរឡើង​នៃ​ទស្សនវិស័យ​ពិភពលោក៕

  • មន្ត្រី​ជំនាញ​ចិន ​នឹង​មក​បណ្តុះបណ្តាល​ជំនាញ​សហជីព​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ

    មន្ត្រី​ជំនាញ​ចិន ​នឹង​មក​បណ្តុះបណ្តាល​ជំនាញ​សហជីព​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ

    ភ្នំពេញ៖ ក្នុងការ​ផ្លាស់ប្តូរ​ក៏ដូចជា​ពង្រឹង​ចំណេះដឹង និង​ជំនាញ​ដល់​កម្ពុជា មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ជំនាញ​ធនធានមនុស្ស និង​ពលករ​ចិន​នឹង​មក​កម្ពុជា​ដើម្បី​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​បណ្តា​សហជីព​នៅ​កម្ពុ​ជានា​ដើមឆ្នាំ​ក្រោយនេះ​ដើម្បី​ពង្រឹង​ឱ្យ​ពួកគេ​កាន់​តែមាន​ចំណះ​ដឹង​ក្នុងការ​បំពេញការងារ​របស់ខ្លួន។

    ឯកឧត្តម ប៉េង យ៉ុង អគ្គនាយក​មជ្ឈមណ្ឌល​ធនធានមនុស្ស និង​ពលករ​ចិន​ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មានប្រសាសន៍ថា តប​តាម​ការស្នើសុំ​របស់​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក​នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​មក​ធ្វើការ​បណ្តុះបណ្តាល កសាង​សមត្ថភាព​ដល់​សហជីព​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ ដែលជា​ផ្នែក​មួយ​ក្នុងការ​គាំទ្រ​ចំពោះ​ការពង្រឹង​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​ដល់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា។

    ឯកឧត្តម ប៉េង យ៉ុង បន្ថែមថា មិន​ត្រឹមតែ​ប៉ុណ្ណោះ គម្រោង​បណ្តុះបណ្តាល​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ និង​ជា​ផ្លូវ​មួយ​ជំរុញ​ដល់​អ្នកវិនិយោគ​ចិន​ឱ្យមក​កម្ពុជា​កាន់តែច្រើន​ឡើង​បន្ថែមទៀត​ផងដែរ។ ឯកឧត្តម​បញ្ជាក់ថា «បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ចិន និង​និយោជិត​ជាច្រើន​បានមក​វិនិយោគ និង​ធ្វើការ​នៅ​កម្ពុជា ដូច្នេះ​កិច្ចសហប្រតិបត្តិការ​នេះ និង​ជំរុញ​ផងដែរ​ឱ្យ​អ្នកវិនិយោគ និង​និយោជិត​ទាំងនោះ​គោរព​ទៅតាម​លក្ខខណ្ឌ និង​ច្បាប់​ការងារ​របស់​កម្ពុជា»

    ជាមួយគ្នានេះ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្តែង​ការ​សាទរ និង​ស្វាគមន៍​ចំពោះ​ភាគី​ចិន​ដែល​បាន​គាំទ្រ​កម្ពុជា​ចំពោះ​កិច្ចការ​អភិវឌ្ឍន៍ ពិសេស​ផ្តល់​ការគាំទ្រ​ចំពោះ​តម្លៃ​នៃ​សន្តិភាព និង​សេរីភាព។ ហើយ​វត្តមាន​របស់​ឯកឧត្តម ប៉េង យ៉ុង នៅ​កម្ពុជា​នាពេលនេះ គឺជា​កិច្ចសហប្រតិបត្តិការ​មួយ​ថ្មី​ទៀត​ក្នុង​ការជួយ​រួមចំណែក​អភិវឌ្ឍ​លើ​វិស័យ​ការងារ​នៅ​ម្ពុ​ជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ពិសេស​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​កសាង​សមត្ថភាព​ដល់​សហជីព​កម្ពុជា។

     

    ឯកឧត្តម​បញ្ជាក់ថា«ផែនការ​នេះ​វា​មិន​ត្រឹមតែ​បាន​ពង្រឹង​បន្ថែម​នូវ​កិច្ចទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អ​ឡើង​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ជួយ​ពង្រឹង​ដល់​វិស័យ​ការងារ​នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន​ជាង​នេះ​បន្ថែម​ទៀតផង»

  • ការ​នាំចូលគ្រឿងយន្ត​កសិកម្មទទួល​បានការកែសម្រួល​នៅតាមមាត់ច្រក​

    ការ​នាំចូលគ្រឿងយន្ត​កសិកម្មទទួល​បានការកែសម្រួល​នៅតាមមាត់ច្រក​

    អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​តម្រូវ​ឱ្យ​ការ​បំពេញ​បែបបទ​នាំ​ចូល​គ្រឿង​យន្ត​កសិកម្ម អាច​ធ្វើ​​បាន​នៅ​​តាម​មាត់​ច្រកនាំ​ចូល​តែម្តង ដោយ​អគ្គនាយក​ដ្ឋាន ​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា​​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​លើក​​ទឹក​ចិត្ត​សម្រាប់​អ្នក​ប្រកប​របរ​កសិកម្ម។

    យោង​តាម​លិខិត​របស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ ​ចុះ​ថ្ងៃទី​20 ខែវិច្ឆិកា ​ឆ្នាំ2017 ឯកឧត្តម​ គុណ ញឹម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ចំនួន​ពីរ​ចំណុច​សម្រាប់​ការ​នាំ​ចូល​គ្រឿង​យន្ត​កសិកម្ម ពិសេស​ត្រាក់ទ័រ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​។ ចំណុច​ទាំង​2​នោះ រួម​មាន ទី​1 មុខ​ទំនិញ​ត្រាក់ទ័រ និង​គ្រឿង​ចក្រ​កសិកម្ម​គ្រប់ប្រភេទ​នាំ​ចូល ដែល​ជាប់​អត្រា​ពន្ធ​គយ​0% ឬ​ពន្ធអាករ​ជាបន្ទុក​របស់​រដ្ឋ ត្រូវ​បាន​លើក​លែង​ការ​ផ្ទៀង​ផ្ទាត់​តម្លៃ​គិត​ពន្ធគយ ដោយ​អាច​ធ្វើ​ការ​បំពេញ​បែប​បទ​គយ​នៅ​អង្គភាព​គយ និង​រដ្ឋាករ​តាម​​មាត់​ច្រក​នាំ​ចូល​តែម្តង តាម​បទ​ប្បញ្ញត្តិ​ជាធរមាន និង​ចំណុច​ទី2 ចែង​ថា ឧបករណ៍​បរិក្ខា​សម្រាប់​បំពាក់​ជាមួយ​ត្រាក់ទ័រ ទាំង​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាង​ក្រោយ ដែល​ពុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ​អាករ ជា​បន្ទុក​របស់រដ្ឋ លើ​ការ​នាំ​ចូល អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ តម្លៃ​គិត​ពន្ធ​គយ​ក្នុង​ក្របខណ្ឌ​វិមជ្ឈការ។

    ឯកឧត្តម គុណ ញឹម បាន​ចាត់​ទុក​ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​លើក​ទឹកចិត្ត​ដល់​វិស័យ​កសិកម្ម តាម​រយៈ​ការ​ធ្វើ​​សាមញ្ញ​កម្ម​នីតិវិធីគយ។ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ហាក់​បាន​និង​កំពុង​បង្វែរ​សកម្មភាព​យ៉ាង​ច្រើន​ដើម្បី​ជួយ​លើក​ស្ទួយ​​វិស័យ​កសិកម្ម​នា​​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំប៉ុណ្ណោះ។យោង​តាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការ​ប្រើប្រាស់​គ្រឿង​យន្ត​ក្នុង​វិស័យ​កសិកម្ម​មាន​ស្ទើរ​តែ​100%​ទៅ​ហើយ​ក្នុង​​​ឆ្នាំ​2017 ​នេះ ខណៈ​ពេល​ដែល​ធនធាន​មនុស្ស​​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​ បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម​50​%។កាល​ពី​ឆ្នាំ2013 ការ​ភ្ជួរ​រាស់​ស្រែ​ចម្ការ​ដោយ​សត្វ​ពាហនៈ​មាន​ចំនួន​0.96​លាន​ហិកតា ស្មើនឹង​30% ខណៈ​ការ​ភ្ជួរ​រាស់​ដោយ​ប្រើ​ប្រាស់​ត្រាក់ទ័រ-គោយន្ត មាន​ចំនួន​2.31​លាន​ហិកតា ស្មើ​នឹង​70%ប៉ុន្តែ​ទិន្នន័យ​ឆ្នាំ​2016 បង្ហាញ​ថា ការ​ភ្ជូរ​រាស់​ស្រែចម្ការ​​ដោយ​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​ បាន​គ្រប​ដណ្តប់​ស្ទើរ​តែ​100%​ទៅ​ហើយ​។ប្រទេសកម្ពុជា​បាន​នាំ​ចូល​គ្រឿងយន្ត​កសិកម្ម​ជា​ច្រើន​ពី​ប្រទេស​ថៃ សហរដ្ឋ​អាមេរិក និង ប្រទេស
    អូស្រ្តាលី ជាដើម៕