Category: សង្គម និងសេដ្ឋកិច្ច

  • រ៉ូ​បូត​រឹងអាច​​ប្រែកាយ​​ជា​ធាតុ​រាវ រួច​ «ហែក​គុក» បាន​ មុន​ពេល​កាឡា​ខ្លួន​​ជា​រូប​រាង​ដើម

    រ៉ូ​បូត​រឹងអាច​​ប្រែកាយ​​ជា​ធាតុ​រាវ រួច​ «ហែក​គុក» បាន​ មុន​ពេល​កាឡា​ខ្លួន​​ជា​រូប​រាង​ដើម

    ក្នុងការ​ពិសោធ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក ប្រើប្រាស់​ដែក​ឆក់​ធ្វើឱ្យ​រ៉ូ​បូត​រលាយ​ទៅជា​ធាតុ​រាវ ហូរ​ឆ្លងកាត់​ចម្រឹង​ដែក​មក​ខាងក្រៅ រួច​កក​ទៅជា​រឹង​ដើម្បី​ត្រលប់​ទៅរក​រូបរាង​ដើម។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្កើតបាន​រ៉ូ​បូត​តូច​មួយ​ដែល​អាច​រំលាយ​ខ្លួន​​ទៅជា​ធាតុ​រាវ រួចហើយ​កក​រឹង​មកវិញ​ទៅតាម​បញ្ជា ជួយ​ឱ្យ​វា​ងាយស្រួល​ចាក​ផុតពី​ទី​ចង្អៀត។ ដើម្បី​ច្នៃ​ជា​រ៉ូ​បូត​ប្រែកាយ​នេះ ពួកគេ​ជ្រលក់​បន្ទះ​ដែក បូ​រ៉ុង (boron) និង​មេដែកនី​អូ​ឌី​ម​ដ៏​តូច​ទៅក្នុង​កា​ល្យូ​ម (gallium) រាវ ជា​លោហធាតុ​ដែល​រលាយ​ក្នុង​សីតុណ្ហភាព​ទាប និង​ទុកឱ្យ​វា​កក​មកវិញ។ លទ្ធផល​នៃ​ការពិសោធ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Matter កាលពី​ថ្ងៃទី 25 មករា។

    សមត្ថភាព​ក្នុងការ​ប្រែ​រូប​ជួយ​ឱ្យ​រ៉ូ​បូត​នេះ​ក្លាយជា​អ្នក «ហែក​គុក» ដ៏​ឆ្នើម។ អ្នកជំនាញ​ប្រើប្រាស់​មេដែក​ដើម្បី «ចេញ​បញ្ជា» ឱ្យ​រ៉ូ​បូត​រំលាយខ្លួន​ជា​ធាតុ​រាវ​ដើម្បី​ហូរ​តាម​ចន្លោះ​ចម្រឹង​ដែក​របស់​ទ្រុង ហើយ​ក្រោយ​មកវា​ប្រែកាយ​ទៅជា​រូបរាង​ដើម​នៅ​ខាងក្រៅ​ទ្រុង​នោះ។

    រ៉ូបូតរលាយទៅជាធាតុរាវ ហូរឆ្លងកាត់ចម្រឹងដែកមកខាងក្រៅ រួចកកទៅជារឹងដើម្បីត្រលប់ទៅរករូបរាងដើម

    ដើម្បី​ធ្វើឱ្យ​រ៉ូ​បូត​រលាយ​ជា​ធាតុ​រាវ អ្នកវិទ្យាសាស្ត្រ​កម្ដៅ​វា​តាមរយៈ​យន្តការ​អាំង​ឌុ​ច​ស្យុ​ង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច ដោយ​ប្រើប្រាស់​មេដែក​បង្កើតជា​ចរន្តអគ្គិសនី​ខាងក្នុង​រ៉ូ​បូត។ ចរន្តអគ្គិសនី​ដុត​រំលាយ​កា​ល្យូ​ម ហើយ​គ្រាប់​ម៉ាញេ​ទិច​អណ្ដែត​ខាងក្នុង ធ្វើឱ្យ​រ៉ូ​បូត​ត្រូវ​ឆក់​ទៅខាង​មេដែក។

    រ៉ូ​បូត​ថ្មី​នេះ​ត្រូវបាន​យក​លំនាំ​តាម Sea cucumber (សត្វ​ត្រសក់​សមុទ្រ) ដែលមាន​សមត្ថភាព​ប្រែកាយ​ពី​រឹង​ទៅ​ទន់​ដើម្បី​ការពារ​ខ្លួន។

    ក្រុម​អ្នកជំនាញ​យល់ថា រ៉ូ​បូត​នេះ​អាច​ប្រើប្រាស់​នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​សុខាភិបាល។ មកដល់ពេលនេះ វា​បាន​ឆ្លងកាត់​ការពិសោធ​ជាច្រើន​មកហើយ រួមមាន​ដូចជា​ ការជួស​ជុល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​ការផ្លាស់​ទី​ទៅដល់​គោល​ដី រួច​ប្រែ​រូប​ទៅជា​វត្ថុ​ធាតុ​សម្រាប់​ផ្សារភ្ជាប់ ការរំលាយ​ខ្លួន​ទៅជា​វី​ស និង​​ខ្ចៅ និង​ការយក​វត្ថុ​ចម្លែក​ចេញពី​ក្រពះ​ជាដើម៕

  • ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ-ហូជីមិញ អាច​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង

    ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ-ហូជីមិញ អាច​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាសថា អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បរទេស​បណ្ដាក់ទុន​វិនិយោគ 100% លើ​គម្រោង​ផ្លូវដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ-ហូជីមិញ។

    ខ្លឹមសារ​ខាងលើ​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​វិនិយោគ​បារាំង កាលពី​ថ្ងៃទី 25 មករា 2023។ យោងតាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្លូវដែក 2 ខ្សែ​ផ្សេងទៀត​ដែលមាន​ស្រាប់ ក៏​នឹងត្រូវ​ពង្រីក​ដោយមាន​ការវិនិយោគ​ពី​វិស័យ​ឯកជន​ផងដែរ។

    ភាគី​ប្រតិភូ​បារាំង​បាន​ថ្លែងថា គណៈប្រតិភូ​វិនិយោគ​របស់​បារាំង​មាន​ជំនឿ​ចិត្ត​លើ​ការវិនិយោគ​នៅ​កម្ពុជា និង​មានបំណង​​ស្វែង​រក​​ឱកាស​​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​ល្បឿន​លឿន ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ផ្លូវអាកាស និង​ថាមពល​ជាដើម។

  • ព្រឹត្តិការណ៍​បាល់ទាត់​​ធំៗ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ 2023

    ព្រឹត្តិការណ៍​បាល់ទាត់​​ធំៗ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ 2023

    សម្រាប់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ឆ្នាំ 2022 គឺជា​ឆ្នាំ​ដែល​ទាក់ទាញ​បំផុត ដោយមាន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup។ ឆ្នាំ 2023 ពុំមាន​ព្រឹត្តិការណ៍​ធំ​បំផុត​លើ​ពិភពលោក ឬ នៅ​អឺរ៉ុប ប៉ុន្តែ ឆ្នាំនេះ​នឹងមាន​ព្រឹត្តិការណ៍​អស្ចារ្យ​ និង​គួរ​ចាប់អារម្មណ៍​ដទៃទៀត។ ខាងក្រោម​នេះ​គឺជា​ព្រឹត្តិការណ៍​គួរឱ្យ​ទន្ទឹងរង់ចាំ​ទាំង 6 ក្នុង​វិស័យ​បាល់ទាត់​របស់​ពិភពលោក។

    1-FIFA Club World Cup

    តាម​ធម្មតា ពានរង្វាន់​ជើងឯក​បាល់​ទាត់​របស់​ម្ចាស់​ជើងឯក​មកពី​បណ្ដា​ទ្វីប​នៅលើ​ពិភពលោក​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​ធ្នូ។ ប៉ុន្តែ ដោយសារតែ​វត្តមាន​របស់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ទើប Club World Cup ត្រូវបាន​កំណត់ឱ្យ​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ 2023 វិញ។ FIFA Club World Cup ឆ្នាំ 2023 នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 01 ដល់ 11 កុម្ភៈ​នៅ​ម៉ា​រ៉ុ​ក ដោយមាន​ការចូលរួម​ប្រកួត​របស់​ក្រុមបាល់ទាត់​ចំនួន 7 មក​ពី​​សហព័ន្ធ​បាល់​ទាត់​ចំនួន 6 លើ​ពិភពលោក។

    ឈ្មោះ​ក្រុម​ម្ចាស់​ជើងឯក​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ FIFA Club World Cup ឆ្នាំ 2023 រួមមាន Real Madrid (អេ​ស្ប៉ា​ញ), Flamengo (ប្រេ​ស៊ី​ល), Seattle Sounders (សហរដ្ឋ​អាម៉េរិក), Auckland City (នូ​វែ​ល​សេ​ឡង់), Al Hilal (អា​រ៉ា​ប៊ី​សា​អូឌីត), Wydad Casablanca (ម៉ា​រ៉ុ​ក) និង Al Ahly (អេ​ហ្ស៊ី​ប)។

    2-វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

    តាម​ធម្មតា ព្រឹត្តិការណ៍​បាល់ទាត់​នេះ​ហាក់​មិនសូវ​ត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង ព្រោះថា វា​គ្រាន់តែ​ជា​ពានរង្វាន់​លំដាប់​ទី​ពីរ​របស់​ទ្វីបអឺរ៉ុប។ ក៏ប៉ុន្តែ Europa League 2022/2023 មាន​ចំណុច​ពិសេស​ជាងគេ​នៅពេល​មាន​វត្តមាន​របស់​ក្រុមបាល់ទាត់​លំដាប់កំពូលៗនៅ​អឺរ៉ុប មានដូចជា Man United, Barcelona, Juventus និង Ajax ជាដើម។

    នៅ​ចំពោះមុខ ក្នុង​ខែកុម្ភៈ​ខាងមុខ​នឹងមាន «ការប្រកួត​ផ្ដាច់ព្រ័ត្រ​សាកល្បង» រវាង Barcelona និង Manchester United។ ការប្រកួត​ផ្ដាច់ព្រ័ត្រ​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង​ក្នុង​ថ្ងៃទី 31 ឧសភា នៅ​កីឡដ្ឋាន Puska ប្រទេស​ហុង​គ្រី។

    3-វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ Champions League

    វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​តែងតែ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវបាន​ទន្ទឹងរង់ចាំ​បំផុត​ជា​រៀងរាល់ឆ្នាំ។ នៅ​ខែកុម្ភៈ​ខាងមុខ Champions League ដែលជា​ពានរង្វាន់​បាល់ទាត់​លំដាប់​លេខ​មួយ​នៅ​អឺរ៉ុប នឹងមាន​ការប្រកួត​វគ្គ 1/8។ វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ពាន​រង្វាន់​ Champions League នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 10 មិថុនា​នៅ Olympic Ataturk ប្រទេស​តួ​ក​គី។

    4-UEFA Nations League

    ឆ្នាំនេះ Nations League ដែលជា​ពាន​រង្វាន់​បាល់​ទាត់​អន្តរជាតិ​របស់សហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (Union of European Football Associations-UEFA) ប្រាកដជា​នឹងមាន​វត្តមាន​របស់​ម្ចាស់​ជើងឯក​ថ្មី​សន្លាង បន្ទាប់ពី​អតីត​ម្ចាស់​ជើងឯក​ព័រទុយហ្កាល់ និង​បារាំង​សុទ្ធតែ​ត្រូវបាន​ជម្រុះ។ តំណាង 4 ក្រុម​ដែល​នឹងមាន​វត្តមាន​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាប់ពី​ថ្ងៃទី 14 ដល់ 15 មិថុនា នឹង​រួមមាន ក្រុម​អេ​ស្ប៉ា​ញ ក្រូ​អាត អ៊ីតាលី និង​ហូ​ឡង់។ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 18 មិថុនា 2023។

    5-AFC Asian Cup 2023

    តាម​ផែនការ​ដំបូង ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ជើងឯក​អាស៊ី នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 16 មិថុនា រហូតដល់ 17 កក្កដា នៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែ ប្រទេស​នេះ​បាន​ដកខ្លួន​វិញ​ដោយសារ​កូ​វីដ-19 ហើយ​កាតា​ត្រូវបាន​ប្រកាសថា នឹង​ធ្វើជា​ម្ចាស់ផ្ទះ AFC Asian Cup 2023។

    AFC Asian Cup 2023 ប្រហែលជា​នឹងត្រូវ​យកទៅ​ប្រារព្ធ​នៅ​ចុង​ឆ្នាំនេះ ដោយសារតែ​អាកាសធាតុ​ក្នុង​រដូវក្ដៅ​នៅ​កាតា មាន​សភាព​ក្ដៅ​ខ្លាំង។

    6- FIFA Women’s World Cup 2023

    ឆ្នាំនេះ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ជើងឯក​នារី​ពិភពលោក​នឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ចាប់ពី​ថ្ងៃទី 20 កក្កដា ដល់ 20 សីហា 2023៕

  • ភាពយន្ត​ស្ដីពី Marilyn Monroe ក្លាយជា​ម្ចាស់​បេក្ខភាព​ចំនួន 8 នៅ​ពានរង្វាន់ Golden Raspberry

    ភាពយន្ត​ស្ដីពី Marilyn Monroe ក្លាយជា​ម្ចាស់​បេក្ខភាព​ចំនួន 8 នៅ​ពានរង្វាន់ Golden Raspberry

    «Blonde» ដែលជា​ភាពយន្ត​ប្រឌិត​ស្ដីពី Marilyn Monroe កំពុង​នាំមុខគេ​នៅ​ពានរង្វាន់ Golden Raspberry ដោយ​កាន់កាប់​បេក្ខភាព​ដល់​ទៅ 8 ឯណោះ។

    ភាពយន្ត «Blonde» ដែលជា​ស្នាដៃ​របស់​អ្នកដឹកនាំ​រឿង Andrew Dominik ទទួលបាន​ការជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​តំណែង «អ្នកដឹកនាំ​រឿង​អន់​បំផុត», «សាច់រឿង​អន់​បំផុត», «កំណែ​ថត​ឡើងវិញ​អន់​បំផុត», «តួរង​ប្រុស​អន់​បំផុត (ពីរ​នាក់)» និង​បេក្ខភាព «តារា​សម្ដែង​មួយគូ​អន់​បំផុត​ក្នុង​ភាពយន្ត»។

    «Blonde» ត្រូវបាន​ចាក់​បញ្ចាំង​តាំងពី​ថ្ងៃទី 28 កញ្ញា 2022។ តារា​សម្ដែង​ដើមកំណើត​គុយបា Ana de Armas ដើរតួ​ជា​កំពូល​តារា «និមិត្តរូប​ស៊ិ​ច» ដ៏​ល្បីឈ្មោះ​នៅ Hollywood គឺ Marilyn Monroe។ សាច់រឿង​របស់ Blonde គឺ​យោងទៅតាម​ប្រលោមលោក Blonde របស់​អ្នកនិពន្ធ Joyce Carol Oates ដែល​ចេញផ្សាយ​ដំបូង​កាលពី​ឆ្នាំ 2000។

    ខ្លឹមសារ​របស់​ប្រលោមលោក និង​ភាពយន្ត​ខាងលើ​យក​លំនាំ​តាម​ដំណឹង​ចចាមអារ៉ាម​ជុំវិញ​ជីវភាព​របស់ Marilyn Monroe ជំនួស​ឱ្យ​ការយក​លំនាំ​តាម​ជីវប្រវត្តិ​សង្ខេប។ អ្នកតាមដាន និង​អ្នកវិភាគ​ជាច្រើន​យល់ថា ភាពយន្ត Blonde នេះ​មាន​លក្ខណៈ​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់ Marilyn Monroe។

    អ្នកតាមដាន និង​អ្នកវិភាគ​ជាច្រើន​យល់ថា ភាពយន្ត Blonde នេះ​មាន​លក្ខណៈ​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់ Marilyn Monroe

    ភាពយន្ត​មួយចំនួន​ផ្សេងទៀត​ក៏ត្រូវ​បានជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​តំណែង​ភាពយន្ត​អន់​បំផុត ក្នុងនោះ​មានដូចជា Pinocchio របស់ Disney, Morbius និង The King’s Daughter។

    Golden Raspberry គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1981 ដើម្បី​ជាការ​ចំអក​ឱ្យ​បណ្ដា​ភាពយន្ត អ្នក​ដឹក​នាំរឿង និង​តារា​សម្ដែង​ដែល​បាន​បរាជ័យ។ ឆ្នាំនេះ ព្រឹត្តិការណ៍​របស់ Golden Raspberry នឹងត្រូវ​ធ្វើឡើង​ក្នុង​ថ្ងៃទី 12 មីនា មុន​ព្រឹត្តិការណ៍ Oscar មួយថ្ងៃ៕

  • អាជ្ញាកណ្ដាល​ «បញ្ចេញ​កាត​ស» ​នៅ​ព័រទុយហ្កាល់ ក្នុង​ការ​ប្រកួត​បាល់​ទាត់​នារី

    អាជ្ញាកណ្ដាល​ «បញ្ចេញ​កាត​ស» ​នៅ​ព័រទុយហ្កាល់ ក្នុង​ការ​ប្រកួត​បាល់​ទាត់​នារី

    ជា​លើកដំបូង​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​អាជ្ញាកណ្ដាល​បញ្ចេញ​កាត​ស​នៅក្នុង​ការប្រកួត​បាល់ទាត់​អាជីព​មួយ​នៅ​ប្រទេស​ព័រទុយហ្កាល់​កាលពី​ចុង​សប្ដាហ៍​កន្លង។

    កាត់​ក្រហម និង​កាត់​លឿង​ដែល​សម្រាប់​ការ​​ពិន័យ​ចំពោះ​កីឡាករ​ដែល​បាន​បង្កកំហុស ​គឺជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​នៅក្នុង​កីឡាបាល់ទាត់​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងមកនេះ។ ក៏ប៉ុន្តែ កាលពី​ចុង​សប្ដាហ៍​កន្លង ប្រទេស​ព័រទុយហ្កាល់​បាន «បង្ហាញ» កាត់​ស​ជា​លើកដំបូង ដើម្បី​ឆ្លើយតប​នឹង​គំនិត​ផ្ដួចផ្ដើម​មួយចំនួន​នៅ​ប្រទេស​នេះ។

    កាត​សត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទទួលស្គាល់ លើកទឹកចិត្ត​ឱ្យ​កីឡាករ​លេង​ដោយ​យុត្តិធម៌ និង​លើកតម្កើង​តម្លៃ​សីលធម៌​ក្នុង​កីឡា។ ឥរិយាបថ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ថ្មី​នៅ​ព័រទុយហ្កាល់ ក្នុង​បំណង​លើកទឹកចិត្ត​គ្រប់ភាគី​ប្រកួត​ដោយ​ស្មារតី​កីឡា ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន។

    កាត​សត្រូវ​បាន​ប្រើប្រាស់​ជា​លើកដំបូង​ក្នុងការ​ប្រកួត​វគ្គ 8 ក្រុម​ចុងក្រោយ​នៅ​ពានរង្វាន់​ជាតិ​ព័រទុយហ្កាល់ រវាង​ក្រុម​នារី Benfica និង Sporting Lisbon។ អាជ្ញាកណ្ដាល Catarina Campos បាន​ហូត​កាត់​ស​ជូន​បុគ្គលិក​សុខាភិបាល​ដែល​ចូលមក​កាន់​ទីលាន​ទាន់ពេល​ដើម្បី​ជួយ​ដល់​កីឡាករ​ដែល​រងរបួស។

    https://www.youtube.com/watch?v=Cf9_fjbhzjQ

    អាជ្ញាកណ្ដាល Catarina Campos បាន​ហូត​កាត់​ស​ជូន​បុគ្គលិក​សុខាភិបាល​

    កាត​សនឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការប្រកួត​បាល់ទាត់​នារី​អាជីព​នៅ​ព័រទុយហ្កាល់ ដែលមាន​ពានរង្វាន់​ថ្នាក់ជាតិ និង​ពានរង្វាន់​ជើងឯក​ជាតិ។

    ប្រធាន​របស់​ UEFA (ពានរង្វាន់ជើង​ឯកបាល់​ទាត់​នារី​អឺរ៉ុប) ធ្លាប់បាន​ស្នើឱ្យ​ប្រើប្រាស់​កា​ត​ស​សម្រាប់​ការ​​ពិន័យ​លើ​​កំហុស​ផ្នែក​ប្រតិកម្ម ធ្វើឱ្យ​កីឡាករ​មិនបាន​ទាត់​ក្នុង​រយៈពេល 10 នាទី និង​ដើម្បី​ប្រឆាំងនឹង «វិវាទ​អាជ្ញាកណ្ដាល»។ ក៏ប៉ុន្តែ សំណើ​នេះ​មិន​ទទួលបាន​ការអនុម័ត៕

  • វឌ្ឍនភាព​បច្ចុប្បន្ន​នៃ​ការ​​ស្ថាបនា​មហា​គម្រោង NEOM របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    វឌ្ឍនភាព​បច្ចុប្បន្ន​នៃ​ការ​​ស្ថាបនា​មហា​គម្រោង NEOM របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    Nadhmi Al-Nasr នាយក​ប្រតិបត្តិ​នៃ​គម្រោង NEOM បានឱ្យដឹងថា ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​មហា​ទីក្រុង​នេះ​សម្រេចបាន 20% ហើយ។

    យោងតាម Al-Nasr ដំណើរការ​សាងសង់​មហា​ទីក្រុង​អនាគត NEOM កំពុង​ប្រព្រឹត្តទៅ​ត្រូវ​តាម​គម្រោងការ។ វីដេអូ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចែករំលែក​ដោយ​គណៈ​គ្រប់គ្រង​គម្រោង​បានបង្ហាញ​នូវ​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​គម្រោងធំៗចំនួន 4 របស់​មហា​គម្រោង NEOM រួមមាន កោះ Sindalah, The Line, Trojena និង Oxagon នេះ​បើតាម Menafn ចុះផ្សាយ​កាលពី​ថ្ងៃទី 22 មករា 2023។

    គម្រោងធំៗចំនួន 4 របស់​មហា​គម្រោង NEOM រួមមាន កោះ Sindalah, The Line, Trojena និង Oxagon
    គម្រោង Sindalah

    Sindalah គឺជា​គម្រោង​ស្ថាបនា​កោះ​ប្រណិត​នៅ​ចំ​តំបន់​ប្រសព​គ្នា​រវាង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សមុទ្រ​ក្រហម អនុញ្ញាតឱ្យ​កប៉ាល់ និង​នាវា​ប្រណិត​របស់​ពិភពលោក​ទៅមក​បាន។ តំបន់​លំហែកាយ​នេះ​នឹង​រួមមាន​ក្លឹប​លើ​ឆ្នេរសមុទ្រ ក្លឹប​នាវា​ទេសចរណ៍ មជ្ឈមណ្ឌល​ហាត់ប្រាណ ស្ប៉ា ហាង​ទំនិញប្រណិត​រាប់សិប និង​ទីលាន​វាយកូនគោល សណ្ឋាគារ និង​កំពង់ផែ​ធំ​មួយ។ Sindalah នឹងមាន​ផ្ទៃដី​ឡើងដល់​ជាង 840,000 ម៉ែត្រក្រឡា។

    The Line គឺជា​ទីក្រុង​ឆ្លាត​វៃ​អាចដាក់​មនុស្ស​បាន 9 លាន​នាក់ ដោយមាន​ទំហំ 34 គីឡូម៉ែត្រ​ក្រឡា។ អាកាសធាតុ​នៅទីនេះ​នឹង​ត្រជាក់​ល្មម​ដោយសារ​មាន​រុក្ខជាតិ​ធម្មជាតិ​នៅ​ជុំវិញ។ ប្រជាជន​នៅទីនេះ​អាច​ទៅ​ទទួល​រាល់​សេវាកម្ម​ផាសុកភាព​ដោយ​ដើរ​តែ 5 នាទី​ប៉ុណ្ណោះ ហើយ​អាចធ្វើ​ដំណើរ​ពី​ដើម​ក្រុង​ទៅ​ចុង​ក្រុង​ដោយ​ជិះ​រថភ្លើង​ល្បឿន​លឿន​តែ 20 នាទី​។ The Line មិនមាន​រថយន្ត និង​មិន​មានការ​បំ​ភាយ​ឧស្ម័ន​ពុល ដោយសារ​ដំណើរការ​ដោយ​ថាមពល​កកើត​ឡើងវិញ 100%។ ទីក្រុង​នេះ​មាន​ទទឹង 200 ម៉ែត្រ, បណ្ដោយ 170 គីឡូម៉ែត្រ និង​កម្ពស់ 500 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។

    Trojena គឺជា​តំបន់​លំហែកាយ​សម្រាប់​អ្នកជិះ​ស្គី​លើទឹក​កក ស្ថិតនៅ​ចម្ងាយ 50 គីឡូម៉ែត្រ​ពី​តំបន់ឆ្នេរ​នៃ​ឈូង​សមុទ្រ Aqaba និង​មាន​កម្ពស់​ចាប់ពី 1,500 ម៉ែត្រ ដល់ 2,600 ម៉ែត្រ ហើយ​មាន​ទំហំ​ជិត 60 គីឡូម៉ែត្រ​ក្រឡា។ ដោយមាន​អាកាសធាតុ​ខុសគ្នា​នៅក្នុង​តំបន់ ជាទី​ដែល​សីតុណ្ហភាព​ក្នុង​រដូវរងា​ចុះ​ដល់​ក្រោម 0 អង្សា​សេ និង​អាកាសធាតុ​ពេញ​មួយឆ្នាំ​តែងតែ​ត្រជាក់​ជាង 10 អង្សា​សេ ធៀប​នឹង​តំបន់​ដទៃ គម្រោង​ Trojena នឹង​មាន​សេវាកម្ម​កីឡា​ជិះ​ស្គី​លើ​ទឹកកក​​នៅ​ខាងក្រៅអគារ និង​កីឡា​ផ្សងព្រេង​ជាច្រើន​ផ្សេងទៀត ដែល​គ្រោង​នឹង​ស្ថាបនា​រួចរាល់​នៅ​ឆ្នាំ 2026។

    Oxagon គឺជា​ទីក្រុង​ដែលមាន​រូបរាង​ជា 8 ជ្រុង (អដ្ឋ​កោន) ស្ថិតនៅ​ជាយ​ម្ខាង​របស់​មហា​គម្រោង NEOM។ Oxagon នឹង​អនុវត្ត​គោលការណ៍​រស់នៅ​ប្រកបដោយ​ភាព​សុខដុម​​ជាមួយ​ធម្មជាតិ និង​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក ដោយមាន​កំពង់ផែ​សមុទ្រ និង​ព្រលានយន្តហោះ​ទំនើប​បំផុត។ គម្រោង​នេះ​នឹង​បម្រើ​ដល់​វិស័យ​ចំនួន 7 រួមមាន ថាមពល​ប្រកបដោយ​និរន្តរភាព ការដឹកជញ្ជូន​ដោយ​ស្វ័យប្រវត្ត ការ​ផលិត​ទឹកស្អាត ការផលិត​អាហារ​ប្រកបដោយ​និរន្តរភាព ថែទាំ​សុខភាព បច្ចេកវិទ្យា និង​ការផលិត​ឧបករណ៍​បច្ចេកវិទ្យា​ឌីជីថល (រួមមាន ទូរគមនាគមន៍ បច្ចេកវិទ្យា​អវកាស រ៉ូ​បូត) រួម​នឹង​មធ្យោបាយ​សាងសង់​ទំនើប​បំផុត នេះ​បើតាម Interesting Engineering។

    វីដេអូស្ដីពី​មហា​គម្រោង NEOM របស់​អារ៉ាប៊ីសាអូឌីត

  • ពាក្យ​ចចាមអារ៉ាម​ដែលថា Messi នឹង​ចាក​ចេញពី PSG «ជិត​បាន​ក្លាយជា​អតីតកាល»

    ពាក្យ​ចចាមអារ៉ាម​ដែលថា Messi នឹង​ចាក​ចេញពី PSG «ជិត​បាន​ក្លាយជា​អតីតកាល»

    អនាគត​របស់ Lionel Messi ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​នៅ​ចំពោះមុខ​ពាក្យ​ចចាមអារ៉ាម​ដែលថា ម្ចាស់​ជើងឯក World Cup 2022 នឹង​ចាក​ចេញពី​ក្លឹប PSG នៅ​រដូវក្ដៅ​ឆ្នាំនេះ។

    ថ្មីៗនេះ​មាន​អ្នកសារព័ត៌មានល្បីៗជាច្រើន​បាន​បង្ហើប​ព័ត៌មាន​មួយចំនួន​ទាក់​ទិន​នឹង Messi ធ្វើឱ្យ​ច្របូកច្របល់​ក្នុង​វិស័យ​បាល់ទាត់។ ក្នុងនោះ​មាន​អ្នកខ្លះ​ថា Messi បាន​ផ្លាស់ប្ដូរ​គំនិត មិន​ចង់​បន្ត​កិច្ចសន្យា​ជាមួយ PSG នៅ​រដូវក្ដៅ​ឆ្នាំនេះ ខណៈដែល​អ្នកខ្លះ​ក៏​ថា ទំនាក់ទំនង​រវាង Messi និង​ក្លឹប PSG ក៏ដូចជា​អ្នកគាំទ្រ​នៅ​បារាំង​មាន​បញ្ហា​ធំ ក្រោយពី​ខ្សែប្រយុទ្ធ​រូបនេះ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022។ ចំណែក​អ្នក​ខ្លះទៀត​ក៏​យល់ថា Messi មិន​អើពើ​ដល់​រឿង​ប្រាក់កាស ដែល​នេះ​មានន័យថា គាត់​បន្ត​កិច្ចសន្យា​ជាមួយ PSG ក៏បាន មិន​បន្ត​ក៏ «មិនខ្ចី​​ខ្វល់»។

    ទោះជា​យ៉ាងណាក៏ដោយ បុគ្គល​មួយចំនួន​ដែល​គួរ​ជាទី​ទុកចិត្តបាន​ច្រានចោល​រាល់​ព័ត៌មាន​ខាងលើ។ លោក​Fabrizio Romano ដែលជា​អ្នកជំនាញ​ខាង​ព័ត៌មាន​ទិញដូរ​កីឡាករ​បាល់ទាត់ មកពី Sky Sport Italy របស់​អ៊ីតាលី បាន​អះអាងថា «ទោះ​ជាមាន​ពាក្យ​ចចាមអារ៉ាម​កន្លងមក Lionel Messi ជិត​បន្ត​កិច្ចព្រមព្រៀង​ជាមួយ PSG។ គាត់​កំពុងមាន​សុភមង្គល»។

    ​អ្នកខ្លះ​ថា ទំនាក់ទំនង​រវាង Messi និង​ក្លឹប PSG ក៏ដូចជា​អ្នកគាំទ្រ​នៅ​បារាំង​មាន​បញ្ហា​ធំ ក្រោយពី​ខ្សែប្រយុទ្ធ​រូបនេះ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022

    ក្រៅពីនេះ អ្នកសារព័ត៌មាន Gaston Edul របស់​ប៉ុស្តិ៍ TyC Sports (អា​ហ្ស​ង់​ទីន) ដែល​ស្និទ្ធ​ខ្លាំង​ជាមួយនឹង Messi ទើបតែ​បញ្ជាក់ថា កំពូល​តារាបាល់ទាត់រ​បស់​អា​ហ្ស​ង់​ទីន​រូបនេះ មិនមាន​បំណង​ចាក​ចេញពី PSG ឡើយ ក្រោយ​រដូវ​កាល​បច្ចុប្បន្ន។ «ការណ៍​ដែលថា Messi នឹង​ចាក​ចេញពី PSG គឺជា​រឿង​មិនមាន​មូលដ្ឋាន។ គាត់​កំពុង​ចរចា​ជាមួយ​ក្លឹប​បាល់ទាត់​បារី​ស​តែមួយគត់។ ភាគី​ទាំងពីរ​កំពុង​ត្រៀម «ដាស់» មាត្រា​ដែល​និយាយ​អំពី​ការបន្ត​កិច្ចព្រមព្រៀង​ដោយ​ស្វ័យប្រវត្ត​មួយ​រដូវ​កាល (រហូតដល់​ខែមិថុនា 2024) និង​ចុះហត្ថលេខា​បន្ថែម​មួយ​រដូវ​កាល​ទៀត»។

    បច្ចុប្បន្ន Lionel Messi មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទាក់ទង​នឹង​អនាគត ហើយ​គាត់​ហាក់​បាន​ស៊ាំ​នឹង​ជីវភាព​នៅ​បារី​ស បន្ទាប់​ពីមួយ​រដូវ​កាល​ដំបូង​ប្រកបដោយ​ការលំបាក។ មនុស្ស​មួយចំនួន​យល់ថា គោលដៅ​បន្ទាប់​របស់ Messi នឹងត្រូវ​បានកំណត់​ច្បាស់ នៅ​ពេល​​រដូវ​កាល​ឆ្នាំនេះ​បានបញ្ចប់៖ «បើ​ជួយ​ឱ្យ PSG ដណ្ដើមបាន​ពានរង្វាន់ Champions League Messi ប្រាកដជា​នឹង​បន្ត​នៅ​បារី​ស ប៉ុន្តែ បើ​មិន​ដូច្នេះ​ទេ គាត់​ទំនងជា​នឹងត្រូវ​ចែកផ្លូវ​គ្នា​ដើរ​ជាមួយនឹង PSG៕

  • ប្រាក់ចំណូល​របស់ «Avatar 2» កើន​លើសពី 2 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ប្រាក់ចំណូល​របស់ «Avatar 2» កើន​លើសពី 2 ពាន់​លាន​ដុល្លារ​អាម៉េរិក

    កំពូល​ភាពយន្ត «Avatar 2» រកចំណូលបាន​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក នាំឱ្យ​លោក James Cameron ក្លាយជា​អ្នកដឹកនាំ​រឿង​ដែលមាន​ភាពយន្ត 3 រឿង សុទ្ធតែ​រកចំណូលបាន​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យោងតាម Variety រឿង Avatar: The Way of Water គឺជា​ភាពយន្ត​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​នៅឯ​បន្ទប់​លក់​សំបុត្រ​ក្រោយ​វិបត្តិ​កូ​វីដ-19 និង​ជាប់​ចំណាត់ថ្នាក់​លេខ 6 ស្ដីពី​ខ្សែភាពយន្ត​ដែល​ទាក់ទាញ​ទស្សនិកជន​បាន​ច្រើនជាងគេ​នៅ​ទូទាំង​សកលលោក។ James Cameron កាន់កាប់​តំណែង​ចំនួន 3 នៅក្នុង Top 6 នេះ រួមមាន Titanic (រកបាន​ជិត 2.2 ពាន់​លាន​ដុល្លារ ជាប់​លេខ 3), Avatar វគ្គ​ដំបូង (រកបាន​ជាង 2.9 ពាន់​លាន​ដុល្លារ ជាប់​លេខ 1) និង Avatar 2។

    ប្រាក់ចំណូល​របស់ Avatar 2 នៅ​អាម៉េរិក​ខាងជើង​គឺ​ជិត 600 លាន​ដុល្លារ និង 230 លាន​ដុល្លារ​នៅ​ទីផ្សារ​ចិន ខណៈ​នៅ​ប្រទេស​បារាំង ភាពយន្ត​នេះ​រកបាន 130 លាន​ដុល្លារ។ ក្រៅពីនេះ ទីផ្សារ​ដែល Avatar 2 រកចំណូលបាន​ច្រើន​ដែរនោះ​រួមមាន អាល្លឺម៉ង់, កូរ៉េខាងត្បូង និង​អង់គ្លេស។ល។

    James Cameron កាន់កាប់​តំណែង​ចំនួន 3 នៅក្នុង Top 6 ស្ដីពី​ខ្សែភាពយន្ត​ដែល​ទាក់ទាញ​ទស្សនិកជន​បាន​ច្រើនជាងគេ​នៅ​ទូទាំង​សកលលោក

    យោងតាម The Hollywood Reporter ការចំណាយ​លើ​ការផលិត​រឿង Avatar 2 គឺ​ប្រហែល 400 លាន​ដុល្លារ​អាម៉េរិក ហើយ​បូក​ជាមួយនឹង​ខ្ទង់ចំណាយ​សម្រាប់​ការឃោសនា​ទៀត កញ្ចប់​វិនិយោគ​សម្រាប់​ខ្សែភាពយន្ត​នេះ​គឺ​យ៉ាងតិច 600 លាន​ដុល្លារ​អាម៉េរិក។

    លោក James Cameron ចាប់ផ្ដើម​ផលិត​រឿង Avatar 2 តាំងពី​ឆ្នាំ 2010 ក្រោយពី Avatar វគ្គ​មួយ​បាន​ក្លាយជា​ភាពយន្ត​ដែលមាន​អ្នកទិញ​សំបុត្រ​ចូល​ទស្សនា​ច្រើនជាងគេ​នៅ​គ្រប់​សម័យកាល។ បច្ចុប្បន្ន លោក Cameron បានសម្រេច​ចិត្ត​ផលិត​វគ្គ 3 របស់​ខ្សែភាពយន្ត​នេះ៕

  • របត់​ថ្មី​រវាង Lionel Messi និង​ក្លឹប​បារាំង PSG នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ

    របត់​ថ្មី​រវាង Lionel Messi និង​ក្លឹប​បារាំង PSG នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ

    យោងតាម​អ្នកយកព័ត៌មាន Gerard Romero កំពូល​តារាបាល់ទាត់ Lionel Messi មិនមាន​បំណង​ពន្យារ​សុពលភាព​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​បារាំង PSG នៅ​រដូវក្ដៅ​ឆ្នាំ​នេះឡើយ។

    ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ Messi ត្រូវបាន​គេ​ជឿថា បាន​ផ្លាស់ប្ដូរ​គំនិត​បន្ទាប់ពី​បាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​របស់​គាត់​ ​ដណ្ដើមបាន​តំណែង​​ជើងឯក World Cup 2022។ ប៉ុន្តែ Romero បាន​បញ្ជាក់ថា ប្រការនេះ​ក៏​មិនមែន​មានន័យថា គាត់​នឹង​ត្រលប់​ទៅកាន់ Barca វិញ​នោះដែរ។

    ចំណែក​អ្នកយកព័ត៌មាន Fabrizio Romano វិញ បែរជា​យល់ថា Messi មាន​គម្រោង​បន្ត​ស្ថិតនៅ​បារី​ស ហើយ​ការព្រមព្រៀង​មិនទាន់ជា​​ផ្លូវការ​រវាង Messi និង PSG ត្រូវបាន​ជំរុញ​តាំងពី​ខែធ្នូ 2022។

  • ប្រទេស​ចិន​ដំណើរការ​រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរក្នុង​ក្រុង ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង

    ប្រទេស​ចិន​ដំណើរការ​រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរក្នុង​ក្រុង ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង

    រថភ្លើង​អ៊ីដ្រូសែន​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដឹក​អ្នកដំណើរ​ក្នុង​ទីក្រុង ត្រូវបាន​នាំចេញ​ពី​រោងចក្រ​ដំឡើង​នៅ​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​ថ្ងៃទី 18 មករា 2023។

    ក្រុមហ៊ុន​ផ្លូវដែក​ចិន (CRRC) និង​ក្រុមហ៊ុន​ផ្លូវដែក Chengdu បាន​សហការគ្នា​អភិវឌ្ឍ​រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ប្រើប្រាស់​អ៊ីដ្រូសែន​ជា​ឥន្ធនៈ​ដំបូង​គេ​នៅ​ប្រទេស​ចិន។ រថភ្លើង​នេះ​អាចធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ 600 គីឡូម៉ែត្រ និង​មិន​បញ្ចេញ​ឧស្ម័ន​ពុល ដោយ​ប្រើប្រាស់​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន និង​ប្រព័ន្ធ​ស៊ុ​ប៉ែ​កា​ប៉ា​ស៊ី​ទ័​រ ( Super-capacitor – បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​រហ័ស)។

    រថភ្លើង​នេះ​មាន​មុខងារ​បើកបរ​ស្វ័យប្រវត្ត ទំនាក់ទំនង​ដោយ​ប្រព័ន្ធ 5G ចេញដំណើរ/ឈប់ និង​ត្រលប់​ទៅ​កន្លែង​ប្រមូលផ្ដុំ​គ្នា​ដោយ​ស្វ័យប្រវត្ត។

    រថភ្លើង​អ៊ីដ្រូសែន​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង Fuxing ដែលជា​រថភ្លើង​មាន​ក្បាល​ដូច​គ្រាប់កាំភ្លើង​ដែល CRRC ដំណើរការ​តាំងពី​ឆ្នាំ 2017 និង​មាន​ល្បឿន 350 គីឡូម៉ែត្រ/ម៉ោង។

    អ៊ីដ្រូសែន​ត្រូវបាន​ចាត់ទុកថា​ជា​ថាមពល​ស្អាត ដោយសារតែ​បញ្ចេញ​តែ​ចំហាយ​ទឹក​ប៉ុណ្ណោះ​នៅពេល​រត់ ឬ​បញ្ឆេះ​ម៉ាស៊ីន។ អ៊ីដ្រូសែន​អាច​ត្រូវបាន​ផលិតឡើង​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ មាន​ជាអាទិ៍ ខ្ស​ល់ កម្ដៅ​ព្រះអាទិត្យ និង​វា​រី​អគ្គិសនី​ជាដើម។

    សម្រាប់​រថភ្លើង​ដែល​ដើរ​ដោយ​អ៊ីដ្រូសែន ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមី​របស់​អ៊ីដ្រូសែន និង​អុកស៊ីសែន​បង្កើតបានជា​ថាមពល​ក្នុង​ថ្ម​ឥន្ធនៈ​អ៊ីដ្រូសែន។ ដំណើរការ​នៃ​ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមីនេះ​​មាន​ភាព​ស្ងាត់​ល្អ និង​ស្ថិរភាព។

    ក្រុម​អ្នកជំនាញ​គណនា​ឃើញថា រថភ្លើង​អ៊ីដ្រូសែន​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង រត់ 500 គីឡូម៉ែត្រ/ថ្ងៃ​អាច​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​បាន 10,000 គីឡូក្រាម​ជា​រៀងរាល់ឆ្នាំ។ ជាង​នេះ រថភ្លើង​នេះ​ក៏​មិន​ត្រូវការ​ការវិនិយោគ​ច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការថែទាំ​នោះដែរ៕