Category: សង្គម និងសេដ្ឋកិច្ច

  • បវរកញ្ញា Ghana ព្យាយាមសួរបវរកញ្ញាកូរ៉េ សុំលេខទូរស័ព្ទរបស់ Lee Min Ho

    បវរកញ្ញា Ghana ព្យាយាមសួរបវរកញ្ញាកូរ៉េ សុំលេខទូរស័ព្ទរបស់ Lee Min Ho

    តាមរយៈសារព័ត៌មាន Koreaboo បានចេញផ្សាយនៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិច បានឱ្យដឹងថា នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គ​មអ៊ីស្ដាក្រាមរបស់បវរកញ្ញាកូរ៉េ កញ្ញា Cho Se Whee បានរំឭករឿងរបស់បវរកញ្ញា Ghana គឺកញ្ញា Ruth Quarshie ដែលធ្លាប់បាននិយាយគ្នាជាសម្ងាត់កាលពីនៅទីក្រុង Las Vegas ក្នុងអំឡុងពេលប្រកួតបវរកញ្ញាចក្រវាឡ Miss Universe 2017 នៅសហរដ្ឋអាមេរិក។

    ការបង្ហោះសាររបស់បវរកញ្ញាកូរ៉េបានឱ្យដឹងថា «កញ្ញា Ruth Quarshie នាងបានសួរខ្ញុំប្រហែលជា 80 ដងហើយថា តើនៅពេលណាដែលនាងបានលេខទូរស័ព្ទ និងអាស័យដ្ឋានរបស់លោក Goo JoonPyo ( Lee Min Ho) ខណៈដែលតារាប្រុសរូបនេះ បានចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍ហើយ​»។ នៅពេលនេះកញ្ញា Cho Se Whee បានតបទៅវិញថា « ខ្ញុំមិនបានដឹងទាល់តែសោះថា គាត់ ( Lee Min Ho)  មានមិត្តស្រី ប្រសិនបើអ្នកណាបានដឹង សូមប្រាប់ខ្ញុំផង… (រួចក៏សើច)»។

    ទន្ទឹមនឹងនោះ បវរកញ្ញាកូរ៉េរូបនេះក៏បានបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលប្រកួតនោះ នាងមានភាពស្និទ្ធស្នាលជាងគេជាមួយកញ្ញា Ruth Quarshie ហើយក៏ទទួលបានបទពិសោធ និងទំនាក់ទំនងល្អពីគ្នាទៅវិញទៅមកផងដែរ៕

  • Silva ជួយ​ឲ្យ Man City រក្សា​ការនាំ​មុខ8ពិន្ទុ​ដាច់​លើ​ក្រុម Man United

    Silva ជួយ​ឲ្យ Man City រក្សា​ការនាំ​មុខ8ពិន្ទុ​ដាច់​លើ​ក្រុម Man United

    ក្រុម Manchester City បាន​រក្សា​ការនាំ​មុខ8ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល David Silva បាន​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម West Ham កាលពី​ថ្ងៃអាទិត្យ។

    ក្រុម​របស់លោក Pep Guardiola បាន​រក្សា​ទម្លាប់​នាពេលថ្មីៗនេះ​របស់​ពួកគេ​តាមរយៈ​ការ​វាយបក​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត ខណៈដែល Silva បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​នៅ​រយៈពេល7នាទីចុងក្រោយ​នា​កីឡដ្ឋាន Eastlands ដើម្បី​ជួយ​ឲ្យ​ក្រុម Man City កត់ត្រា​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ជា​លើក​ទី13ជាប់ៗគ្នា​របស់​ពួកគេ។ Silva បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយពី​ខ្សែការពារ Nicolas Otamendi ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទី2 ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែការពារ Angelo Ogbonna នៃ​ក្រុម West Ham នៅ​ចុង​តង់​ទី1។ Man City បាន​តាម​ស្មើ​កំណត់ត្រា​របស់ Chelsea ក្នុង​រដូវ​កាល​ឆ្នាំ2016-2017 និង​ក្រុម Arsenal ក្នុង​រដូវ​កាល​ឆ្នាំ2001-2002 សម្រាប់​ការកត់ត្រា​ជ័យជម្នះជាប់ៗគ្នាច្រើន​ជាងគេ​បំផុត ក្នុង​រដូវ​កាល​តែមួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ Premier League។ លោក Pep Guardiola បាន​ឲ្យ​ដឹងថា៖ «យើង​បានចាប់ផ្តើម​យ៉ាង​ល្អ ប៉ុន្តែ យើង​បាន​បាត់បង់​ការអត់ធ្មត់។ យើង​មិនមាន​ការលេង​ប្រកបដោយ​ការ​ស៊ីចង្វាក់​គ្នា ដោយសារតែ​អ្នកចាំទី​របស់​ក្រុម West Ham គឺ Adrian បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​រាល់ពេល​ទាំងអស់»។

    គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ពួកគេ​បាន​លេង​កីឡាករ10នាក់​ក្នុង​ប្រអប់​ទី វា​ស្ទើរតែ​មិនអាច​ទៅរួច​ឡើយ។ វា​ជាការ​ទទួល​ជ័យជម្នះ​ដ៏​ធំ​មួយ។ វា​បានបង្ហាញ​ពី​ទីតាំង​របស់​យើង»៕

    ប្រភពពី៖ Sky Sports

  • Angelina Jolie នាំកូនៗទៅវត្តធ្វើបុណ្យ រំឭកដល់ថ្ងៃកំណើតកូនប្រុសចិញ្ចឹមជនជាតិវៀតណាម

    Angelina Jolie នាំកូនៗទៅវត្តធ្វើបុណ្យ រំឭកដល់ថ្ងៃកំណើតកូនប្រុសចិញ្ចឹមជនជាតិវៀតណាម

    តាមរយៈសារព័ត៌មាន Mthai នៅថ្ងៃទី3 ខែធ្នូ ឆ្នាំ2017 នេះ បានចេញផ្សាយឱ្យដឹងថា កំពូលតារាសម្ដែងស្រី Angelina Jolie បាននាំកូនៗទាំង 5 នាក់ រួមជាមួយនឹងមិត្តភ័ក្ដិជំនិតរបស់អ្នកនាងដែលជាអ្នកនិពន្ធរឿង “ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” គឺ អ្នកស្រី អ៊ឺង លួង ទៅថ្វាយបង្គំព្រះពុទ្ធ និងធ្វើបុណ្យនៅក្នុងអារាមខ្មែរមួយក្នុង​ទីក្រុង​ Long Beach រដ្ឋ​ California សហរដ្ឋអាមេរិក។

    បើតាមការបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់អ្នកនាងដែលមានឈ្មោះថា @angelina.jolie គេសង្កេតឃើញមានវត្តមានកូនៗទាំងអស់ និងអ្នកនាង Angelina Jolie បានទៅធ្វើបុណ្យ ថ្វាយបង្គំព្រះ អុជធូបទាំងអស់គ្នា លើកលែងតែកូនប្រុសចិញ្ចឹមជនជាតិវៀតណាម ( Pax )ម្នាក់ ដែលអវត្តមានមិនបានចូលរួមសាងកុសលជាមួយគ្នា។ គួរបញ្ជាក់បន្ថែមថា នៅក្នុងថ្ងៃធ្វើបុណ្យនេះផងដែរ គឺក្នុងគោលបំណងរំឭកដល់ថ្ងៃកំណើតរបស់ Pax Thien ដែលបានរំលងកាលពីថ្ងៃពុធ ទី 29 ខែវិច្ឆិកា សប្ដាហ៍មុននេះផងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • អេ​ស្ប៉ាញ និង​ព័រទុយ​ហ្គាល់ ស្ថិតក្នុងពូល​តែមួយក្នុង World Cup 2018​

    អេ​ស្ប៉ាញ និង​ព័រទុយ​ហ្គាល់ ស្ថិតក្នុងពូល​តែមួយក្នុង World Cup 2018​

    ក្រុម​ជិត​ខាងគ្នា អេ​ស្ប៉ាញ និង​ព័រ​ទុយហ្គាល់នឹង​ត្រូវ​​​ប្រជែងគ្នាក្នុង​យុទ្ធនា​ការ World Cup នៅ​ឆ្នាំក្រោយនេះ ក្រោយពី​​ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យស្ថិតក្នុងពូល​តែមួយនៅក្នុងការ​ចាប់​ឆ្នោតចែកពូលដែល​​បានរៀប​ចំឡើង​ក្នុង​ទីក្រុងម៉ូស្គូ កាលពី​​ថ្ងៃ​សុក្រ​​​។

    ស្រប​ពេល​ជាមួយគ្នានេះ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯកអាល្លឺ​ម៉ង់ ស្ថិតក្នុងពូល F ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​ម៉ិក​ស៊ិក ស៊ុយ​អែត និងក្រុម​ជម្រើស​ជាតិកូរ៉េ​ខាងត្បូង​។ ការ​ប្រកួត​បើក​ឆាកនៃយុទ្ធនាការ World Cup លើកនេះនឹង​តម្រូវ​ឲ្យ​ក្រុមម្ចាស់ផ្ទះត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិអា​រ៉ា​ប៊ីសាអ៊ូ​ឌីត ក្នុងការ​ប្រកួត​ពូល A នាថ្ងៃព្រហស្បតិ៍ ទី​14 ខែ​មិថុនា​។ ដោយឡែក ក្នុង​ពូល B ក្រុមម្ចាស់​ជើង​​ឯក​ឆ្នាំ​​2010 អេស្ប៉ាញ និងក្រុមម្ចាស់​ជើង​​​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប ព័រ​ទុយហ្គាល់ ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ស្ថិតនៅ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ម៉ា​រ៉ុក និង​អ៊ី​រ៉ង់ ដែល​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​​គ្រូ​បង្វឹក​សញ្ជាតិព័រ​ទុយ​ហ្គាល់​លោក Carlos Queiroz​។

    ហេតុនេះ មានន័យថា​ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់​ព័រ​ទុយហ្គាល់ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​​នឹងកីឡាករ​អេ​ស្ប៉ាញ​ជាច្រើន​ដែលលេង​ឲ្យក្លិប Real Madrid ដូច​គ្នា និងក្រុមដែល​ត្រូវ​បានដឹកនាំ​ដោយ​លោក Queiroz ដែល​ជា​អតីត​គ្រូ​បង្វឹកនៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់​។ ខ្សែ​ការ​ពារអន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Jose Fonte របស់ក្លិប West Ham បានប្រាប់​ទូរ​ទស្សន៍ BBC Sport ថា៖ «វា​ជា​ការ​ប្រជែង​គ្នា​ដ៏​ធំមួយ ហើយ​វានឹងក្លាយ​ជាការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់​តែមួយ​។ វាពិត​ជា​អស្ចារ្យណាស់​។ គ្រប់គ្នាពិត​ជា​ស្រេក​​ឃ្លានក្នុងការ​ទស្សនាការ​ប្រកួតនេះ​»​។ ដោយឡែក អង់គ្លេស ត្រូវ​បាន​​ចាប់​ឆ្នោត​ឲ្យស្ថិតក្នុងពូល G រួម​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ប៉ា​ណាម៉ា និងទុយនី​ស៊ី​៕

    ប្រភពពី៖ BBC

     

  • ដេនី ក្វាន់ បរិច្ចាគថវិកាផ្ទាល់ខ្លួន និងចែករំលែកក្ដីស្រឡាញ់ជូនកុមារនៅក្នុងសាលាបឋមសិក្សា សូរ ខេត្តព្រៃវែង

    ដេនី ក្វាន់ បរិច្ចាគថវិកាផ្ទាល់ខ្លួន និងចែករំលែកក្ដីស្រឡាញ់ជូនកុមារនៅក្នុងសាលាបឋមសិក្សា សូរ ខេត្តព្រៃវែង

    នៅថ្ងៃទី​1 ខែធ្នូ ឆ្នាំ2017 នេះ តាមរយៈហ្វេសប៊ុករបស់តារាស្រីល្បីឈ្មោះ ដេនី ក្វាន់ បានឱ្យដឹងថា នាងបានធ្វើដំណើរទៅកាន់ខេត្តព្រៃវែងជាមួយនឹងក្រុមការងារដើម្បីចែកសម្ភារសិក្សា និងកង់មួយចំនួនជូនដល់ប្អូនៗកុមារទីទាល់ក្រនៅក្នុងឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង។

    តារាស្រីរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា ក្នុងនាមរូបនាងជាសិល្បការិនីម្នាក់ដែលត្រូវជាប់ពិន័យរយៈពេល1ឆ្នាំពីក្រសួងវប្បធម៌មិនឱ្យមានគ្រប់សកម្មភាពក្នុងវិស័យសិល្ប: អាស្រ័យហេតុនេះនាងមិនអាចបង្ហាញខ្លួនឬសម្តែងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសិល្ប:បានឡើយ ប៉ុន្ដែនាងក៏មិនបានអាក់អន់ចិត្ត ឬខឹងសម្បាអ្វីនោះទេ។ នាងបានបន្ដទៀតថា «នាងខ្ញុំបានបង្វែរការសម្តែងគ្រប់សកម្មភាពក្នុងសិល្ប: មកបង្កើតសកម្មភាពមនុស្សធម៏ដោយចេញពីចិត្ត ចេញពីបេះដូង ទោះបីតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពដែលនាងខ្ញុំមាន និងអាចធ្វើបាន។ ដូចជាម្សិលមិញនេះ ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 នាងខ្ញុំបាននាំយកនូវអំណោយសម្ភារសិក្សាផ្សេងៗដូចជា កង់3គ្រឿង សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប និង បន្ទាត់ ចំនួន490ឈុត(សម្រាប់490នាក់) ព្រមទាំងថវិកាបន្តិចបន្តួចទៅចែកជូនបងប្អូន និងលោកគ្រូ-អ្នកគ្រូដែលមានវត្តមាននៅសាលាបឋមសិក្សា សូរ ដែលស្ថិតនៅភូមិសូរថ្មី ឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង ដើម្បីជួយសម្រួលដល់ភាពខ្វះខាតរបស់ពួកគាត់»។

    នៅក្នុងទឹកចិត្តសប្បុរស និងការចូលរួមចែករំលែកក្ដីស្រឡាញ់ដែលជាផ្នែកមួយនៃការជួយការងារសង្គម តារាសិចស៊ីរូបនេះបានបញ្ជាក់បន្ថែមថា «មូលហេតុដែលនាងខ្ញុំធ្វើសកម្មភាពមួយនេះឡើង គឺដោយសារនាងខ្ញុំធ្លាប់នឹកស្រមៃកាលពីនាងខ្ញុំនៅតូចៗរៀននៅបឋមសិក្សា គឺនាងខ្ញុំធ្លាប់ឈររង់ចាំទទួលអំណោយបែបនេះដោយសប្បាយចិត្ត ទើបមកដល់ថ្ងៃនេះ ពេលនេះ វេលានេះខ្ញុំបានធ្វើសកម្មភាពមួយនេះឡើង។ ខ្ញុំសន្យានឹងខ្លួនឯងថា ខ្ញុំនឹងបន្តការងារផ្សេងៗទៀតដែលទាក់ទងនឹងមនុស្សធម៏តាមរយៈរូបភាពផ្សេងៗទៀតជូនដល់អ្នកដែលខ្វះខាត ។ វប្បធម៌ចែករំលែកមួយនេះ វាធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ជ្រះថ្លា សប្បាយរីករាយ ពេញចិត្តនឹងធ្វើ ហើយនឹងបន្តធ្វើវាទៀតតាមលទ្ធភាពនាងខ្ញុំ»៕

  • ទម្លាយរូបនារីមួយចំនួន ដែលព្យាយាមកែសម្ផស្សឱ្យដូចតារាហូលីវូដល្បីៗ

    ទម្លាយរូបនារីមួយចំនួន ដែលព្យាយាមកែសម្ផស្សឱ្យដូចតារាហូលីវូដល្បីៗ

    នៅថ្ងៃទី2 ខែធ្នូ ឆ្នាំ2017 នេះ បើតាមរយៈសារព័ត៌មាន kenh14 ដែលបានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា​ មាននារីៗមួយចំនួនដែលមានភាពក្លាហាន មិនភ័យខ្លាចមុខកាំបិតវះកាត់របស់គ្រូពេទ្យកែសម្ផស្សឡើយ ដោយសារតែចង់មានទម្រង់មុខដូចកំពូលតារាហូលីវូដល្បីៗ។

    ដើម្បីស្រាយចម្ងល់ឱ្យបានច្បាស់ឡើង សូមទស្សនារូបភាពនារីក្លាហានទាំងអស់នោះខាងក្រោមនេះ៖

    1.នាង Sahar Tabarវះកាត់ឱ្យដូច Angelina Jolie

    នាង Sahar Tamarahមានអាយុ 19 ឆ្នាំ ត្រូវបានគេស្គាល់ថាជាជនជាតិអ៊ឺរ៉ង់ មកពីទីក្រុងតេអេរ៉ង់  បានសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សផ្ទៃមុខ ដោយឆ្លងកាត់មុខកាំបិតរបស់គ្រូពេទ្យចំនួន 50 ដងរួចមកហើយក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ដើម្បីឱ្យមានទម្រង់ផ្ទៃមុខដូចកំពូលតារាល្បីឈ្មោះ Angelina Jolie។ នារីរូបនេះត្រូវស៊ូទ្រាំបង្អត់អាហារដើម្បីសម្រកទម្ងន់ខ្លួនឯងឱ្យនៅសល់ត្រឹមតែ 40 គីឡូ ដែលអាចឱ្យអ្នកឯទៀតចាប់អារម្មណ៍បែរមកតាមមើលនាងដែលមានរូបរាងដូចគ្នាបេះបិទនឹងតារាស្រីល្បីឈ្មោះ Angelina Jolie ។

    2.នាង Jordan James Parke វះកាត់ឱ្យដូច Kim Kardashian

    កាលពីឆ្នាំមុន , នារីភេទទីបីម្នាក់ត្រូវបានអ្នកសារព័ត៌មានស្គាល់ឈ្មោះថា Jordan Parkes បានព្យាយាមកែសម្ផស្ស និងភេទឱ្យដូចតារាស្រី Kim Kardashian ហើយនាងបានចំណាយប្រាក់ 130,000 ផោន ក្នុងការកែសម្ផស្សចំនួន 50 ដង ។

    3.ស្រ្តីពីរនាក់ម្ដាយកូនវះកាត់រូបរាង និងទម្រង់មុខឱ្យដូចតារាសម្ដែងនាង Katie Price

    ស្ត្រីជាម្តាយក្មេកមានឈ្មោះថា Georgina Clarke មានវ័យ 38 ឆ្នាំ និងកូនប្រសាស្រីឈ្មោះKayla Morris មានវ័យ 20 ឆ្នាំ បានធ្វើឱ្យភ្ញាក់ផ្អើលដល់បណ្ដាញសារព័ត៌មានអន្ដរជាតិ Daily Mail ខណៈដែលពួកគេទាំងពីរនាក់បានចំណាយប្រាក់ចំនួន 56,000 ផោន ព្យាយាមកែរូបរាង និងទម្រង់មុខឱ្យស្រដៀងទៅនឹងតារាសម្ដែងនាង Katie Price៕

  • រឿង “ធ្មប់” ប្រកាសថ្ងៃដាក់បញ្ជាំងជាផ្លូវការហើយ

    រឿង “ធ្មប់” ប្រកាសថ្ងៃដាក់បញ្ជាំងជាផ្លូវការហើយ

    បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ផលិតកម្ម មាតុចក្រ នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 នេះ​ បានបញ្ចេញនូវរូបភាពមួយចំនួន និងបង្ហាញជូនអំពីសកម្មភាពក្រៅឆាកនៃការផលិតខ្សែភាពយន្ដធំលំដាប់ស្ដង់ដាអន្ដរជាតិ ដែលកាន់តែធ្វើឱ្យទស្សនិកជនអត់ទ្រាំពុំបាន បើមិនបានទស្សនាភាពយន្ដល្បីមួយនេះ។

    ជាមួយគ្នានេះដែល លោកហ៊ុយ យ៉ាឡេង បានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា « ថ្ងៃ១៣កើត ខែមិគសិរ ឆ្នាំរកា ជាដើមខែធ្នូ! ធ្មប់ចេញរូបភាពផ្លូវការ Official Poster និងសកម្មភាពក្រៅឆាកដំបូង B-Roll និងចាក់បញ្ចាំងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា ខាងមុខនេះ! »។ គួរបញ្ជាក់ផងដែរថា រឿង ” ធ្មប់ ” នឹងដាក់បញ្ជាំងនៅថ្ងៃទី 25 ខែ មករា ឆ្នាំ2018 នេះ គ្រប់រោងកុននៅក្នុងប្រទេសកម្ពុជា ហើយរឿងនេះទៀតសោទ ក៏បានត្រៀមខ្លួនទៅបង្អួតសម្រស់របស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។

    សូមរំឭកផងដែរថា ប្រភេទរឿងមន្ដអាគមអូមអាម ធ្មប់ព្រាយបីសាច ដ៏សែនភ័យខ្លាចញាប់ញ័ររន្ធត់មួយនេះ ត្រូវបានចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួង ជាពិសេសរួមមាន កញ្ញា ហ៊ិន ច៍ន្ទនីរ័ត្ន និងលោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំរឿងល្បី ” វិកលចរឹត ” ផងដែរ ៕

    សូមទស្សនាសកម្មភាពក្រៅឆាកខាងក្រោមនេះ៖

  • តុលាការអន្តរជាតិ បង្គាប់​ឲ្យ BlackBerry បង់ប្រាក់ 137លាន​ដុល្លារ ទៅ​ក្រុមហ៊ុន Nokia ដើម្បី​បញ្ចប់​ជម្លោះ

    តុលាការអន្តរជាតិ បង្គាប់​ឲ្យ BlackBerry បង់ប្រាក់ 137លាន​ដុល្លារ ទៅ​ក្រុមហ៊ុន Nokia ដើម្បី​បញ្ចប់​ជម្លោះ

    អាមេរិក៖ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​កាណាដា BlackBerry នៅថ្ងៃនេះ ត្រូវបាន​តុលាការអន្តរជាតិ បង្គាប់​ឲ្យ​បង់ប្រាក់ 137លាន​ដុល្លារ​អាមេរិក ទៅ​ក្រុមហ៊ុន Nokia ដើម្បី​បញ្ចប់​ជម្លោះ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ទាំងពីរ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Phone Arena ចេញផ្សាយ​នៅ​ថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2017។

    ក្រុមហ៊ុន Nokia បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​អាជ្ញាកណ្ដាល​ពាណិជ្ជកម្ម​អន្តរជាតិ ឲ្យ​ជួយ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​ក្រុមហ៊ុន BlackBerry បាន​ល្មើស​ទៅនឹង​កិច្ចសន្យា ប៉ុន្តែ​នៅក្នុង​ពាក្យបណ្ដឹង​នោះ ក្រុមហ៊ុន Nokia មិនបាន​ស្នើ​ឲ្យ​តុលា​ការជួយ​ដោះស្រាយ​រឿង​ករណី BlackBerry រំលោភ​លើ​កម្មសិទ្ធិបញ្ញា​ឡើយ ខណៈដែល​គេ​ដឹងថា ក្រុមហ៊ុន BlackBerry បាន​ប្រើប្រាស់​នូវ​ប៉ាតង់​ជាច្រើន​របស់ Nokia ដោយ​មិនបាន​សុំ​សិទ្ធិ​ប្រើប្រាស់។

    ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រុមហ៊ុន BlackBerry នៅ​មិនទាន់មាន​ប្រតិកម្ម ឬ​សេចក្ដីថ្លែងការណ៍​ណាមួយ​ឡើយ ខណៈដែល​សារព័ត៌មាន​ជាច្រើន​កំពុងតែ​ផ្ដោត​សំខាន់​ទៅលើ​រឿងនេះ៕

  • មួយសន្លឹករបស់ សូរ្យ អេនណា ធ្វើឱ្យបុរសៗព្រឺរសម្បុរ

    មួយសន្លឹករបស់ សូរ្យ អេនណា ធ្វើឱ្យបុរសៗព្រឺរសម្បុរ

    នៅថ្ងៃទី 01 ខែធ្នូ ឆ្នាំ2017 នេះ តារាបង្ហាញម៉ូដស្រី និងជាប្រធានក្រុមបង្ហាញម៉ូដ “តារារះកម្ពុជា” ត្រូវបានគេស្គាល់ថាជាកញ្ញា សូរ្យ អេណា បានបង្ហោះរូបភាពមួយសន្លឹកអមដោយសារដ៏វែងអន្លាយនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលត្រូវបានគេមើលឃើញថា រូបភាពរបស់នាងបានស្ដែងពីភាពសិចស៊ី និងទម្រង់ដើមទ្រូងដ៏មូលក្លំ។

    ក៏ប៉ុន្ដែតាមរយៈសាររបស់នាង ត្រូវបានគេសង្កេតឃើញថា នាងហាក់បីដូចជាកំពុងមានទុកក្រៀមក្រំនៅក្នុងចិត្ត ឬមួយក៏នាងគ្រាន់តែចង់ស៊ីអារម្មណ៍ក៏អាចថាបាន។ នារីម៉ូដែលរូបនេះបានរៀបរាប់ជាភាសាអង់គ្លេស ដែលមាន័យថា « ​នារីប្រៀបបីដូចជាផ្លែមប៉ោមដែលនៅលើដើម។ ផ្លែដែលល្អជាងគេគឺនៅចុងដើម។ មានក្មេងប្រុសម្នាក់មិនចង់ឈោងបេះផ្លែដែលល្អមួយនោះទេ ពីព្រោះវាភ័យខ្លាចធ្លាក់ពីលើដើមឈើមកនឹងឈឺចាប់។ ផ្ទុយទៅវិញវាគ្រាន់តែចង់បេះផ្លែប៉ោមដែលនៅជុំវិញ និងរើសអារលួយៗពីដីមកតែប៉ុណ្ណោះ បើវាមិនល្អក្ដី ប៉ុន្តែងាយស្រួល»។

    រឿងនិទានរបស់នាងមួយនេះ ហាក់បីដូចជាកំពុងតែបង្រៀនជីវិតរបស់ខ្លួននាងឱ្យកាន់តែមានតម្លៃបន្ថែម និងព្យាយាមពង្រឹងខ្លួនបន្ថែមទៀតនៅក្នុងសង្គមសព្វថ្ងៃនេះ ទើបយ៉ាងនេះហើយបានជានាងបានបញ្ជាក់បន្ថែមទៀតថា « ដូច្នេះផ្លែប៉ោមនៅកំពូលគឺជាកំហុសឆ្គងអ្វីមួយដែលនៅជាប់ជាមួយនឹងពួកគេ នៅពេលដែលពួកគេគិតថា ខ្លួនគេពិតជាអស្ចារ្យបំផុត។ ពួកគេគ្រាន់តែរង់ចាំក្មេងប្រុសម្នាក់នោះ ឱ្យដើរតាមគេ ហើយក៏ជាម្នាក់ដែលក្លាហានគ្រប់គ្រាន់ ដើម្បីឡើងទៅឱ្យដល់ចុងមែកឈើផងដែរ។ ត្រូវអត់ធ្មត់។ អ្វីគ្រប់យ៉ាងកំពុងតែកើតឡើងតំណាលគ្នា។ ត្រូវបន្តមានពន្លឺហើយមិនដែលនៅស្ងៀមទេ។ អ្នកត្រូវបានបង្កើតឡើង ដើម្បីរស់នៅក្នុងជីវិតដ៏អស្ចារ្យ !!!! »៕

    0

  • គង់ ចាន់ស្រីមុំ ក្ដៅស្លឹកត្រចៀក ពន្លះសារព័ត៌មានថៃដែលប្រឌិតរឿងនាង

    គង់ ចាន់ស្រីមុំ ក្ដៅស្លឹកត្រចៀក ពន្លះសារព័ត៌មានថៃដែលប្រឌិតរឿងនាង

    នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ បានបង្ហោះសារដ៏សែនក្ដៅស្លឹកត្រចៀកមួយចំពោះសារព័ត៌មានថៃក្លែងក្លាយមួយដែលបានសរសេរប្រឌិតរឿងបំភ្លៃការពិត ដោយយករូបនាង និងស្វាមីនៅក្នុងថ្ងៃរៀបមង្គលការកំពុងសំពះផ្ទឹមទៅកាត់តជាមួយបុរសថៃវ័យចំណាស់ម្នាក់ និងថែមទាំងដាក់ចំណងជើងថា «រៀបការមិនអញ្ជើញឪពុក ព្រោះអៀនខ្មាសដែលឪពុកក្របើកម៉ូតូកង់បី  បានប្រពន្ធអ្នកមានបោះបង់ឪពុកក្រលំបាកចោល ឪពុកក្រគ្មានលុយ អត់អីស៊ី ស៊ីតែដៃម៉ូតូកង់បីរហូតដល់ឈឺស្លាប់»។

    ឃើញហើយទ្រាំមិនបាន តារាស្រីរូបនេះបានពន្លះព័ត៌មានក្លែងក្លាយនោះ និងបកស្រាយនៅលើហ្វេសប៊ុកខ្លួនថា «នាងខ្ញុំ​ និង​ស្វាមី​សូមបដិសេធព័ត៌មានថៃមួយនេះ​ ដែលសរសេរបំផ្លើសកាពិត សូមមេត្តាយកវិជ្ជាជីវៈជាអ្នកសារព័ត៌មានមកពិចារណាផងមុននឹងសរសេរ ហើយនាងខ្ញុំក៏មិនដឹងថា សារពត៌មាននេះចេញមកពីប្រភពណាទេ ហើយមានបំណងអ្វីដែរបានជាយករូបភាពយើងខ្ញុំទាំង2​ នាក់មកភ្ជាប់ជាមួយអត្ថបទមួយនេះ​ សូមមេត្តាកុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយមកបំផ្លាញកិត្តិយសអ្នកដទៃបែបនេះអី។ នេះជារូបភាពលោកឱពុក​ និង​អ្នកម្តាយ​ របស់ស្វាមីនាងខ្ញុំ​ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ​»។

    គង់ ចាន់ស្រីមុំ បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះសូមបងប្អូនទាំងអស់កុំមានការយល់ច្រឡំ​ ឬជឿលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់នេះទៀត។ សូមជួយ​ស៊ែរ​ផងដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត​។

    សូមអរគុណ​ចំពោះការស្រឡាញ់​ និងគាំទ្រយើងខ្ញុំទាំង2នាក់កន្លងមក៕