Category: សង្គម និងសេដ្ឋកិច្ច

  • ជីវប្រវត្តិ​បុរស​ទី2 ដែល​ទទួលបាន​បណ្ឌិត​កិត្តិយស​ សង្គមកិច្ច​ពី St. Elizabeth បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ

    ជីវប្រវត្តិ​បុរស​ទី2 ដែល​ទទួលបាន​បណ្ឌិត​កិត្តិយស​ សង្គមកិច្ច​ពី St. Elizabeth បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ

    នៅ​កម្ពុ​ជាមាន​ជន​​បរទេស​មិន​ច្រើន​ទេ​ដែល​ទទួលបាន​ការប្រទាន​សញ្ជាតិ​ខ្មែរ​ពី​ព្រះមហាក្សត្រ ហើយ​ក៏​​មិន​មាន​ជន​បទេស​ច្រើន​ទេ​ដែល​បាន​ចំណាយ​ស្ទើរ​គ្រប់យ៉ាង​ក្នុង​ជីវិត​ដើម្បី​ជួយ​ដល់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​ដែល​កំពុង​ត្រូវការ​ជំនួយ។ ក្នុងចំណោម​មនុស្ស​ដ៏​ឧ​ត្ត​ម​ទាំងអស់នោះ លោក Scott Neeson ក៏​ជា​បុរស​ម្នាក់​ដែល​បាន​បំពេញ​កិច្ចការងារយ៉ាង​យកចិត្តទុកដាក់​ក្នុងការ​ជួយ​សង្គ្រោះ​កុមារ​រើស​សំរាម​ជាច្រើន​នាក់​ផង​ដែរ​នៅ​តំបន់​ស្ទឹង​មាន​ជ័យ​ ឱ្យទទួល​បាន​ពន្លឺ​នៃ​អនាគត​យ៉ាង​ត្រចះត្រចង់។

    កុមារ​ជាច្រើន​នៅ​តំបន់​ចាក់សំរាមស្ទឹងមានជ័យបាន​ចាត់ទុក​​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​អង្គការ​មូល​និធិ​​កុមារ​កម្ពុជា (FCC) រូបនេះ​ថា​ជា​លោកឪពុក​ទី2 ដែល​បានផ្តល់​ក្តី​ស្រឡាញ់ ការយកចិត្តទុកដាក់ និង​ថវិកា​ដើម្បី​ការ​រៀនសូត្រ​ក្នុង​បរិស្ថាន​យ៉ាង​ល្អប្រសើរ​បំផុត។ ប្រជាជន​ខ្មែរ​ជាច្រើន​ដែល​ធ្លាប់​ឮឈ្មោះ លោក Scott Neeson សុទ្ធ​តែ​​ដឹងថា​បុរស​រូបនេះ​ជាម​នុស្ស​ដែល​គួរឱ្យ​គោរព តែ​មិនបាន​ដឹង​ពី​សាវតា​​រ​លម្អិតរ​បស់​គាត់​​ឡើយ។

    លោក Scott Neeson ជា​ផលិតករ​ភាពយន្ត​ជនជាតិ​ស្កុ​តឡែន​ កូនកាត់​អូស្ត្រាលី ដែល​កើត​នៅ​រដ្ឋធានី Edinburgh ប្រទេស​ស្កុ​តឡែ​ន ហើយ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅកាន់​ប្រទេស​អូស្ត្រាលី​នៅពេលដែល​លោក​មាន​អាយុ 5​ឆ្នាំ។

    លោក Scott បាន​ចូល​បម្រើ​ការងារ​ដំបូង​របស់ខ្លួន​នៅ​ក្រុមហ៊ុន​ឯកជន​មួយនា​ទីក្រុង Elizabeth ដែលជា​ទីក្រុង​ដ៏​​សំខាន់​មួយ​ក្នុងប្រទេស​អូស្ត្រាលី ដោយពេល​នោះ​លោក​មិនបាន​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នោះ​ទេ​។ លោក​បានចាប់ផ្តើម​​ការងារ​ដំបូង​​បំផុត​ក្នុងនាម​ជា​អ្នក​ដឹក​ជ​ញ្ជូ​នប​ណ្ណ​ភាពយន្ត ដែល​អាជីព​នេះ​បាន​ជំរុញ​ឱ្យ​លោក​រក្សា បាន​បទពិសោធ​​យ៉ាងច្រើនក្នុង​វិស័យ​ភាពយន្ត រហូត​ក្លាយជា​ផលិតករ​ដ៏​ល្បី​​ល្បាញ​ម្នាក់។ នៅ​ឆ្នាំ​1993 លោក Scott Neeson បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ភាពយន្ត 20th Century Fox International ដែលជា​ក្រុមហ៊ុន​​ល្បី​នៅ​អាមេរិក។

    នៅ 20th Century Fox International លោក Scott Neeson បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​10ឆ្នាំ​រហូត​ទទួលបាន​តំណែង​ជា​នាយ​កក្រុមហ៊ុន​មួយ​នេះ និង​បាន​ផលិត​ខ្សែភាពយន្ត​​ល្បីល្បាញ​ជាច្រើន ដែល​មាន​ខ្លះ​ប្រជាជន​ខ្មែរ​ក៏​ធ្លាប់បាន​ទស្សនាដែរ​ តែ​មិនបាន​ដឹងថា​បុរស​ជនជាតិ​ស្កុ​ត​ឡែ​ន (ដែល​ក្រោម​មក​ទទួល​បាន​សញ្ជាតិ​ខ្មែរ) ដ៏​​អស្ចារ្យ​នេះ​ជា​អ្នក​ផលិត។ សាច់រឿង​ដែល​គួរឱ្យកត់សម្គាល់​មួយចំនួន​ដែល​ត្រូវបាន​ចេញផ្សាយ និង​ដឹកនាំ​ដោយ​លោក Scott Neeson មានដូចជា​រឿង The Star Wars រឿង X-Men រឿង Titanic រឿង Brave heart រឿង Independence Day និង​រឿង​ប្រមាណ​ជាង 100ផ្សេងទៀត។

    បន្ទាប់ពី​​​លាលែង​តំណែង​ពី​ក្រុមហ៊ុន 20th Century Fox International នៅ​ឆ្នាំ​2003 លោក Scott Neeson បាន​​ធ្វើ​ដំណើរ​ស្រាវជ្រាវ​រយៈពេល​ខ្លី​នៅ​តំបន់​អាស៊ី មុន​ចូល​បម្រើ​ការងារ​​នៅ​ក្រុមហ៊ុន Sony Picture Entertainment​។ នៅក្នុង​ដំណើរ​កម្សាន្ត និង​ស្រាវជ្រាវ​រយៈពេល​ខ្លី​នេះ លោក Scott បាន​មកដល់​តំបន់​ចាក់សំរាម​នៅ​កម្ពុជា ហើយ​ជីវិត​របស់លោក​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​នៅពេលនោះ។ នៅតំបន់ចាក់សំរាមស្ទឹងមានជ័យ​បានធ្វើឱ្យ​លោក​មាន​ភាព​ក្តុកក្តួលជាមួយនឹង​ស្ថានភាព​កុមារដែលកំពុងរស់នៅក្នុងសភាព​ក្រីក្រ កំព្រា និង​បញ្ហា​សុខភាព​អនាម័យ ដែល​រឿងរ៉ាវ​ទាំងអស់​នេះហើយ​ដែល​ធ្វើឱ្យ​លោក Scott Neeson សម្រេចចិត្ត​បង្កើត​មូលនិធិ​កុមារ​កម្ពុជា (CCF) ឡើង។

    បន្ទាប់ពី​បង្កើត​មូល​និ​ធិ​កុមារ​កម្ពុជា​នៅក្នុង​ឆ្នាំ​2003 លោក Scott Neeson បាន​វិលត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​​វិញ​ដើម្បី​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Sony Picture មួយរយៈ​ពេលខ្លះ ហើយក៏​សម្រេចចិត្ត​លាឈប់​ពី​ការងារ​នៅ​ពិភព​ហូលីវូដ ដោយ​លក់​ទ្រព្យសម្បត្តិ​របស់លោក ហើយ​ផ្លាស់​មករស់នៅ​ប្រទេស​កម្ពុជា​ក្នុងនាមជាស្ថាបនិក និងជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា (CCF)។

    បច្ចុប្បន្ន​អង្គការ​ CCF ផ្តល់​ការព្យាបាល និងថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​ និង​សមាជិក​សហគមន៍​ជាង 30,000នាក់​ជា​រៀងរាល់ឆ្នាំ ផ្តល់​អាហារ​ដល់​កុមារ​ដែល​អត់ឃ្លាន​ចំនួន400​នាក់​ជា​រៀងរាល់ថ្ងៃ ជា​មួយ​នឹង​កម្មវិធី​អាហារ​ពេល​ល្ងាច និង​បាន​អប់រំ​សិស្ស​ជាង 3,000នាក់​ពីសា​លាម​ត្តេ​យ្យ​រហូតដល់​មហា​វិទ្យាល័យ។

    លោក Neeson បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​តាមរយៈ​អង្គការ​របស់លោក​ដើម្បី​ធានាថា​ អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ភាពក្រីក្រ​ធ្ងន់ធ្ងរ ទទួលបាន​ការថែទាំ​សុខភាព ការអប់រំ និង​ទទួលបាន​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ​​សម្រាប់​ការរស់នៅប្រកបដោយ​ស្តង់ដារ។​ ការងារ​របស់លោក​បាន​ផ្លាស់​ប្តូរជីវិតរស់នៅរបស់ពលរដ្ឋខ្មែរ​​ជាច្រើន តាមរយៈ​ការផ្តល់​សេចក្តីថ្លៃថ្នូរ​ដល់​ពួកគេ និង​ផ្លាស់ប្តូរ​របៀប​ដែល​ពួកគេ​មើលឃើញ​ខ្លួនឯង​និង ​ពិភពលោក។

    ជា​លទ្ធផល​ចំពោះ​ការខិតខំ​ប្រឹងប្រែង លោកឪពុកទី2 នៃ​កុមារ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ Scott Neeson បានទទួល​ពានរង្វាន់ Q Prize ពី​លោក Quincy Jones នៅ​ឆ្នាំ​2007 នៅក្នុង​កម្មវិធី​សម្ពោធ​សាលា Harvard School of Public Health លើ​ភាពជា​អ្នកដឹកនាំ​ដ៏​សាមញ្ញ​របស់លោក​ក្នុងការ​ទ្រទ្រង់ និង​ឧបត្ថម្ភ​កុមារ​នៅ​កម្ពុជា។ ​នៅ​ឆ្នាំ​នោះ​ផង​ដែរ លោក​ក៏​ទទួលបាន​ពានរង្វាន់ Rex Foundation Bill Graham ដែល​ផ្តល់​ក្នុងនាម​ជា​អ្នកបង្កើត​ទីជម្រក​សម្រាប់​កុមារ​កម្ពុជា ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​លើ​ការអប់រំ។ លើសពីនេះទៅទៀត នៅ​ឆ្នាំ2014​ លោក Scott Neeson បាន​ក្លាយ​ជា​​បេក្ខជន​ប្រកួត​ផ្តាច់​ព្រ័ត្រនៃ​ពានរង្វាន់​មនុស្សធម៌ Rotary International One។ កាល​ពី​ថ្ងៃទី​27 ខែវិច្ឆិកា ឆ្នាំ2017 ថ្មីៗ​នេះ លោក Scott Neeson ទទួលបាន​សញ្ញាបត្រ​បណ្ឌិតកិត្តិយស​ផ្នែក​សង្គមកិច្ច ពី​សាកលវិទ្យាល័យ​សុខាភិ​បាល និង​វិទ្យាសាស្ត្រ​សង្គម St. Elizabeth ដែល​នៅ​ព្រះរាជាណាចក្រ​កម្ពុជាមានតែ​លោក Neeson ប៉ុណ្ណោះ​ជា​បុគ្គល​ទី2 ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​សាកលវិទ្យាល័យ​ស្លូ​វ៉ា​គី​បន្ទាប់ពី​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

  • ផ្សារ Makro នឹង​បើក​ដំណើរ​ការ​នា​ពាក់កណ្ដាល​ខែធ្នូនេះ​

    ផ្សារ Makro នឹង​បើក​ដំណើរ​ការ​នា​ពាក់កណ្ដាល​ខែធ្នូនេះ​

    ផ្សារ​លក់​ទំនិញ​ដ៏​ធំ​លំដាប់​អន្ដរជាតិ Makro ដែល​មាន​ទីតាំង​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ពោងពាយ របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ក្បែរ​ផ្សារ​ទំនើប អុីអន ទី2 នឹង​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី17 ខែវិច្ឆិកា ខាងមុខ​នេះ​ហើយ។

    ផ្សារ​ទំនើប​លំដាប់​អន្ដរជាតិ​នេះ​នឹង​មាន​លក់​ទំនិញ​ជាច្រើន​ប្រភេទ​ទាំង​ការ​លក់​បោះ​ដុំ និង​លក់រាយ។ Makro ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី5​ហិកតា​នេះ ​ជា​ក្រុមហ៊ុន​មួយ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន​ស៊ីភី គ្រុប ដែល​ជា​ក្រុមហ៊ុន​កសិ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​ថៃ សហការ​ជាមួយ​ក្រុមហ៊ុន L.Y.P Group របស់​អ្នកឧកញ៉ា លី យ៉ុងផាត់។

    លោកស្រី ស៊ុឆាដា អ៊ីធីចារូគូស អគ្គ​នាយក​ក្រុមហ៊ុន ស្យាម ម៉ាក្រូ បាន​លើក​ឡើង​ថា វា​ជា​មោទនភាព​បំផុត​សម្រាប់​ទីផ្សារ​ដ៏​ធំ​នេះ ដែល​បាន​បើក​សាខា​ដំបូង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ពី​ប្រជាជន​ថៃ​រយៈពេល​30​ឆ្នាំ​កន្លង​មក៕

  • គយគន់សម្រស់តារាឯកស្រីថៃជួរមុខ 3 ដួងនៅក្នុងរឿង ស្រ៊ីអៈយោថៈយ៉ា

    គយគន់សម្រស់តារាឯកស្រីថៃជួរមុខ 3 ដួងនៅក្នុងរឿង ស្រ៊ីអៈយោថៈយ៉ា

    ដោយយោងតាមសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី6 ខែធ្នូ​ ឆ្នាំ2017 នេះ បានឱ្យដឹងថា នៅថ្ងៃទី 5 ម្សិលមិញស្ថានីយទូរទស្សន៍ True 4U បានដាក់បញ្ចាំងរឿងភាគខ្នាតធំបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតប្រចាំឆ្នាំ2017 នេះនៅលើផ្ទាំងកញ្ចក់ទូរទស្សន៍ហើយ។ គ្រាន់តែបើកឆាកដំបូង តារាស្រីជួរមុខ3ដួងនៅក្នុងរឿងនេះ ត្រូវបានមហាជនគាំទ្រ និងកោតសរសើទេពកោសល្យសម្ដែងរបស់ពួកនាង ហើយជាពិសេសបានសរសើរចំពោះសម្រស់តារាទាំង 3 ដួងនេះ ខណៈគ្រងឈុតបុរាណថៃដែលប្រកបទៅដោយគ្រឿងអលង្ការពណ៌មាសយ៉ាងស្រស់ស្អាតបំផុត។

    គួរបញ្ជាក់ផងដែរថា តារាល្បីៗទាំង 3 ដួងនេះ រួមមាន កញ្ញា នុន វរ៉ានុត សម្ដែងជា ចៅហ្វាស័ងវ៉ានយ៍ ដែលជាគតិនារីប្រកបដោយចំណេះដឹងផ្លូវច្បាប់ ។ កញ្ញា ផេន ខេក សម្ដែងជា បុស្សបាបាន់ ព្រះនាងម្ចាស់ដែលស្ថិតក្នុងសែស្រឡាយរាជវង្ស ប្រាមណ៍ និងតារាសម្ដែងស្រី ភីងគី ​សម្ដែងជាសម្ដេចបុរម្យរាជិនី។ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

     

  • ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ2017

    ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ2017

    សមាគម​អ្នក​សាងសង់​កម្ពុជា កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​បាន​រៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ2017 ដែល​បាន​ប្រព្រឹត្ដ​ទៅ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ចំនួន​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី30 ខែវិច្ឆិកា ដល់​ថ្ងៃទី02 ខែធ្នូ ឆ្នាំ2017។ កម្មវិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​ពី​សំណាក់ ឯកឧត្ដម ជា សុផារ៉ា ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​លោក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា។

    ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ2017 នេះ​គេ​សង្កេត​ឃើញ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​កម្រិត​ស្ដង់ដារ​អន្ដរជាតិ​ជាច្រើន ដែល​មាន​ដូចជា ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងចក្រ សម្ភារ​សំណង់ និង​គ្រឿងអគ្គិសនី​ជាដើម៕

  • នារីជប៉ុនអនុញ្ញាតឱ្យក្រុមបុរសៗចាប់ដើមទ្រូង ដើម្បីទាមទារសន្ដិភាពពិភពលោក

    នារីជប៉ុនអនុញ្ញាតឱ្យក្រុមបុរសៗចាប់ដើមទ្រូង ដើម្បីទាមទារសន្ដិភាពពិភពលោក

    យោងតាមសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2017 ព្រឹកមិញនេះ បានឱ្យដឹងថា ក្រុមនារីជប៉ុនដែលនិយមប្រើប្រាស់បណ្ដាញសង្គមយូធូប និងក្រុមនារីៗមួយចំនួនធំទៀត ដែលដឹកនាំដោយកញ្ញា Pepsi Lu បានផ្ដើមគំនិតអនុញ្ញាតឱ្យពួកក្រុមបុរសៗដែលធ្វើដំណើរតាមដងផ្លូវចាប់ច្របាច់ដើមទ្រូងពួកនាងក្នុងន័យទាមទារឱ្យមានសន្ដិភាពពិភពលោក។

    កាលពីក្នុងអំឡុងខែ​វិច្ឆិកាកន្លងទៅ នៅក្នុងទីក្រុង តូក្យូ ក្នុងសង្កាត់ Shibuya  ក្រុមនារីៗខាងលើនេះបាននាំគ្នាធ្វើសកម្មភាពដោយលើកបដាដែលមានសរសេរថា “Free Oppai (breast)” ដែលមានន័យថា សុដន់ឥតគិតថ្លៃ បែបនេះម្ដងរួចមកហើយ និងបានបង្កឱ្យសង្កាត់នេះទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។ ឥឡូវមកដល់ដើមខែធ្នូនេះ បដារបស់ពួកនាងនៅតែធ្វើឱ្យក្រុមបុរសជប៉ុន និងជនបរទេសដែលជាភ្ញៀវទេសចរដែលទៅកម្សាន្ដនៅទីនោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងដដែល ដោយពួកគេបានដើរចូលមកចាប់ប៉ះដើមទ្រូងរបស់ពួកនាង។

    នាង Pepsi Lu បានប្រាប់អ្នកសារព័ត៌មានថា ចំពោះរូបនាងមានបុរសមិនតិចជាង 60 នាក់ទេដែលបានមកប៉ះដើមទ្រូងរបស់នាង។ នាងបានបន្ដទៀតថា «ពិភពលោកនឹងមានសុខសន្ដិភាព ព្រោះដើមទ្រូងនេះនឹងជួយដល់ពិភពលោក»។

    គួរបញ្ជាក់ផងដែរថា ក្រុមនារីខាងលើនេះនឹងបន្ដធ្វើសកម្មភាពបែបនេះតទៅទៀត ហើយព្រមទាំងថតឃ្លីបវីដេអូបង្ហោះនៅក្នុងបណ្ដាញសង្គមយូធូប ដែលក្រុមនាងបានរំពឹងទុកថា ក្នុងមួយឃ្លិបវីដេអូយ៉ាងហោចណាស់ក៏បាន 1 លានអ្នកចូលទស្សនាដែរ។  សូមបញ្ជាក់ថា ទាំងអស់នេះ គឺដើម្បីសម្រេចការបំបែកឯតទគ្គកម្មពិភពលោកក្នុងការទាមទារសន្ដិភាពពិភពលោក៕

    https://youtu.be/-J-4uVi1NEg

  • ការប្រមូល​ផល​ស្រូវ​នៅរដូវ​កាលនេះ​នឹង​កើនដល់ជាង10លាន​តោន

    ការប្រមូល​ផល​ស្រូវ​នៅរដូវ​កាលនេះ​នឹង​កើនដល់ជាង10លាន​តោន

    ផ្អែក​លើ​សណ្ឋាន​ដី និង​អាកាសធាតុ​មាន​ភាព​អំណោយផល​ជាង​ឆ្នាំ​មុន មន្ត្រីជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រំពឹង​ថា ​ការ​ប្រមូល​ផល​ស្រូវ​ក្នុង​ឆ្នាំ​នេះ​នឹង​កើន​លើស​ឆ្នាំ​មុន ស្រប​ពេល​ដែល​ទីផ្សារ​អន្តរ​ជាតិ​កំពុង​មាន​តម្រូវការ​ខ្លាំង និង​តម្លៃ​បាន​ប្រសើរ​ជាង​មុន។

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តម វេង សាខុន បាន​ថ្លែង​ថា ​ទិន្នផល​ស្រូវ​ឆ្នាំនេះ​នឹង​កើន​ដល់​ជាង​10​លាន​តោន ខណៈ​ឆ្នាំមុន​ការ​ប្រមូល​ផល​ស្រូវ បាន​ប្រមាណ​ជាង 9,950,000​តោន​ដោយសារ​ការ​ដាំដុះ​ដំណាំ​ស្រូវ​ឆ្នាំ​នេះ​សម្រេច​លើស​ផែនការ​ចំនួន​6,45ហិកតា។ ឯកឧត្តម​បន្ត​ថា ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ឆ្នាំនេះ​មាន​ទំហំ 2,657,768​ហិកតា និង​ប្រមូល​ផល​បាន​ចំនួន​1,022,478​ហិកតា។

    រហូតមកទល់​ពេលនេះ​​ទិន្ន​ផល​​ស្រូវ​ប្រមូលបាន​មាន​ចំនួន​3,361,164តោន ហើយ​ទិន្នផល​ជា​មធ្យម​ប្រមូល​បាន​គឺ​ចំនួន 3,263គីឡូក្រាម​ក្នុង​មួយ​ហិកតា។

    ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​បន្តថា ​ផល​ស្រូវ​ប្រមូលបាន​នា​ឆ្នាំនេះ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ក្រអូប ជាការ​ផលិត​សម្រាប់​តម្រង់ទិស​សម្រាប់​ការនាំចេញ។ តម្លៃ​ស្រូវ​ក្រអូប​ឆ្នាំនេះ​មានតម្លៃ​ចន្លោះ​ពី1,000​ទៅ1,3000រៀល និង​ស្រូវធម្មតា​មានតម្លៃ​ចន្លោះ​ពី 800 ទៅ 900រៀល​ក្នុង​មួយ​គីឡូក្រាម។

    មន្ត្រី​ជំនាញ​កសិកម្ម​និយាយថា ដើម្បីឱ្យ​ទិន្នផល​ស្រូវ​មានការ​កើនឡើង​កសិករ​គួរ​ចេះ​ផ្លាស់​ពូជ​ដំណាំ​ដែល​​ស៊ាំ​ដី​យូរ​ឆ្នាំ មកជា​ប្រភេទ​ដំណាំ​ស្រូវ​ប្រភេទ​ថ្មីដែល​អាចជួយ​លើក​គុណភាព​ដី​ផង និង​​ជួយ​ឱ្យ​ផលដំណាំ​កាន់តែប្រសើរ​​។ ជាក់​ស្ថែង​​ដូចជា​ក្រុម​អ្នកជំនាញ​ចិន ដែល​នាំ​ពូជស្រូវ​ប្រភេទ​ថ្មី​មក​ដាំ​សាកល្បង​នៅ​លើដី​កម្ពុជាបានទទួល​ជោគជ័យ​ជាង​ខ្លាំង ដោយ​សារបាន​ទិន្នផល​ខ្ពស់​ជា​ស្រូវ​ធម្មតា៕

  • បងស្រី ដេននី ក្វាន់ ទម្លាយរឿងកែសម្ផស្សអស់ជាង 15,200$

    បងស្រី ដេននី ក្វាន់ ទម្លាយរឿងកែសម្ផស្សអស់ជាង 15,200$

    នៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2017នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានរបស់បងស្រីរបស់តារាសិចស៊ី ដេននី ក្វាន់ បានបង្ហោះរៀបរាប់អំពីតម្លៃនៃការកែសម្ផស្សរបស់អ្នកនាង នៅក្នុងប្រទេសថៃ ដែលសរុបតម្លៃអស់ជាង 15,200$។

    អ្នកនាង ចោម ចាន់ បងស្រីរបស់ ដេននី ក្វាន់ បានបង្ហោះឱ្យដឹងថា «ថ្ងៃនេះសុំបង្ហាញពីតម្លៃវះកាត់កែសម្ផស្សរបស់ខ្ញុំ!!!!! អ៊ីចឹងៗសម្រាប់អ្នកមានលុយ គឺមិនច្រើនទេ!! ដើម្បីប្តូរយកភាពស្រស់ស្អាតជាមួយភាពជឿជាក់ និងសុវត្ថិភាព លទ្ធផលដែលទទួលបានគឺពិតជាគាប់ចិត្ត។ ធម្មជាតិផ្តល់ឱ្យ គឺមិនគ្រប់ដប់ឡើយ ដូចនេះត្រូវកែច្នៃបន្ថែមទើបល្អប្រសើរ!!!! សម្រាប់ភាពស្រស់ស្អាតរបស់ខ្ញុំគឺចំណាយត្រឹមតែ10,200$ ទេ តែបូកនឹងថ្លៃស្នាក់នៅ ថែទាំ ចាយវាយ 5,000$ ទៀត អ៊ីចឹងសរុបទៅ 15,200$ អ៊ីចឹងលុយខ្ញុំមិនស្តាយទេ តែអ្វីដែលស្តាយនោះគឺ ខ្ញុំមានលុយហើយនៅមុខអាក្រក់ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្ញុំគឺមិនខ្លាចរាល់ការចំណាយលុយ និងពេលវេលា តើមិត្តយើងចាប់អារម្មណ៍ទេ?»។

    ទន្ទឹមគ្នានោះដែរ តារាស្រីសិចស៊ី ដេននី ក្វាន់ ក៏បានលើកឡើងពីរឿងកែសម្ផស្សនេះ​ដែរថា នៅលើលោកនេះមនុស្សប្រុសស្រីណាដែលមិនចង់មានសម្រស់ស្រស់ស្អាត? ទាំងខ្ញុំទាំងគេ…? ជាធម្មតាមនុស្សគ្រប់រូបកើតមកលើផែនដីនេះសុទ្ធតែចង់បានរូបរាងស្រស់ស្អាតទៅតាមសេចក្តីប៉ងប្រាថ្នា តែយើងមិនអាចបញ្ជាច្បាប់ធម្មជាតិបានទេ។ តែយើងអាចតុបតែង កែប្រែរូបសម្រស់របស់យើងតាមការចង់បានរបស់យើងបាន ទាំងនេះវាមិនមែនជាកំហុស ឬក៏ជាការប្រព្រឹត្តអំពើអាក្រក់នោះឡើយ…ងាកមកសង្គមបច្ចុប្បន្នដែលជាសង្គមស៊ីវិល័យវិញ គ្រាន់តែចង់បានរូបរាងមុខមាត់ស្អាតបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនសោះ ម្តេចក៏ត្រូវទទួលបានការដៀមដាម មើលងាយ ពេបជ្រាយ( ថា ក្នុងខ្លួនសុទ្ធតែគីមី ) ទៅវិញ?។

    នាងក៏បានបញ្ជាក់បន្ថែមទៀតដែរថា ខ្ញុំមិនយល់សោះ លុយខ្ញុំ ខ្លួនខ្ញុំ សម្រស់ខ្ញុំ មិនបានពាក់ព័ន្ធ ឬទៅយកលុយពីបុគ្គលណាផ្សេងឡើយ ម្តេចក៏ចេះដឹងឈឺឆ្អាលខ្លាំងម្ល៉េះ? មនុស្សខ្ញុំហ៊ានធ្វើ គឺហ៊ានទទួល ខ្លាចអីនឹងប្រាប់គេថា ខ្ញុំស្អាតដោយ​សារកែសម្ផស្ស! អ្នកខ្លះគ្មានលុយកែក៏មកទើស  ឯអ្នកខ្លះទៀតមានលុយកែហើយ តែនៅតែមិនស្អាត អាហ្នឹងវាម៉េចវិញ? ឈប់បានឈប់ទៅណា៎ អ្នកទើសមួយចំនួន ព្រោះខ្ញុំមិនបានយកខ្លួនប្រាណអ្នកឯងមកកែសម្ផស្សទេ៕

     

  • ស្មា​ត​ហ្វូ​ន Samsung ជំនាន់​ក្រោយ​នឹងមាន​ទំហំ Storage រហូតដល់ 512GB

    ស្មា​ត​ហ្វូ​ន Samsung ជំនាន់​ក្រោយ​នឹងមាន​ទំហំ Storage រហូតដល់ 512GB

    អាមេរិក៖ បច្ចុប្បន្ន​ទំហំ Storage ដ៏​ពេញនិយម​សម្រាប់​ទូរស័ព្ទដៃ​គឺ 32GB និង 64GB ប៉ុន្តែ​ក៏មាន​អ្នកប្រើប្រាស់​មួយចំនួន​ទាមទារ​ចង់បាន​រហូតដល់ 256GB ជាពិសេស​គឺ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsung តែម្ដង។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន GSM Arena បាន​ឲ្យ​ដឹងថា នៅពេលនេះ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង Samsung បាននិងកំពុង​តែ​បង្កើន​ការផលិត​មេ​ម៉ូ​រ៉ី​ទំហំ 512GB សម្រាប់​ទូរស័ព្ទដៃ ដែល​វា​នឹង​ភ្ជាប់​មកជា​មួយ​ទូរស័ព្ទ​តែម្ដង។ តាម​ការបញ្ជាក់​មេ​ម៉ូ​រ៉ី​ថ្មី​របស់ Samsung គឺមាន​សមត្ថភាព​ខ្ពស់ ជាពិសេស​គឺអាច​បញ្ជូន​ឯកសារ​ដែលមាន​ទំហំ 5GB ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ៦វិនាទី​ប៉ុណ្ណោះ។

    ជាមួយគ្នា​នោះ​ផងដែរ ក្រុមហ៊ុន Samsung បាន​បញ្ជាក់ថា បើ​និយាយ​ពី​ការ​រក្សាទុក​វីដេអូ 4K វិញ​គឺមាន​រហូតដល់ 21ម៉ោង ប៉ុន្តែ​មិនបាន​បញ្ជាក់ថា មេ​ម៉ូ​រ៉ី​ថ្មី​នេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​ស្មា​ត​ហ្វូ​ន​ស៊េរី​ណាមួយ​នោះទេ៕

  • សហគ្រាស​ក្នុង​ស្រុក​កាន់​តែ​ច្រើន​នឹង​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ

    សហគ្រាស​ក្នុង​ស្រុក​កាន់​តែ​ច្រើន​នឹង​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ

    នៅ​រយៈពេល​ប្រមាណ​ជាង​2​សប្តាហ៍​ទៀត​ការ​រៀបចំ​បុណ្យ​សមុទ្រ​នឹង​ឈាន​ចូល​លើក​ទី6 ដើម្បី​ជាការ​រួម​ចំណែក​អបអរ​សាទរ​ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​ក្នុង​ពិភពលោក​កាល​ពី​ឆ្នាំ2011។

    ចាប់​តាំង​ពី​ពេល​នោះ​មក សកម្មភាព​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​បន្ត​បន្ទាប់​​ដើម្បី​រួម​ចំណែក​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ទៅ​ទស្សនា​តំបន់ឆ្នេរ ហើយ​សកម្មភាព​ពាណិជ្ជ​កម្ម ក៏​ត្រូវ​បាន​លើក​កម្ពស់​ដោយ​ផ្សារ​ភ្ជាប់​ផលិតផល​ក្នុងស្រុក​ទៅ​នឹង​ផលិតផល​នាំចូល​ពី​បរទេស។

    សម្រាប់​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2017 នេះនឹង​ត្រូវ​រៀបចំ​ឡើង​ចាប់​ពី​​ថ្ងៃទី21-24 ខែធ្នូ ឆ្នាំ2017 នៅ​ក្រុងកែប ដែល​នេះ​ជា​លើក​ទី​​2 ហើយ​សម្រាប់​ខេត្ត​ដ៏​តូច​មួយ​នេះ​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ខណៈ​​អ្នក​​រៀបចំ​កម្មវិធី​នឹង​រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន400 សម្រាប់​តាំង​បង្ហាញ​ផលិតផល​ទាំង​ក្នុងស្រុក និង​នាំចូល។

    មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ឱ្យ​ដឹង​ថា គណៈកម្មការ​នឹង​រៀបចំ​ពិព័រណ៍​ដោយ​បែក​ចែក​ជា​ស្តង់​សម្រាប់​ផលិតផល​ក្នុងស្រុក និង​​នាំចូល។

    លោក សុខ ដារិទ្ធិ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ផ្តល់​អាទិភាព​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​ស្តង់​ត្រូវ​មាន​តម្លៃថោក​សមរម្យ ពិសេស​រំលេច​ឱ្យ​ឃើញ​ពី​ផលិតផល​ក្នុង​ស្រុក​ឱ្យបាន​ច្រើន​ប្រភេទ​ដែលជា​ផលិតផល​មាន​សក្តានុពលរបស់​កម្ពុជា។

    ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ​នា​ពេល​ខាង​មុខ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​បានស្នើ​ឱ្យ​អាជ្ញារ​ខេត្ត​ជួយ​សម្របសម្រួល និង​ត្រៀម​រៀបចំ​សណ្ឋាគារ​សម្រាប់​ក្រុម​សិល្បករ​ដែល​មកពី​ប្រទេសផ្សេងៗ។

    ក្រសួងទេសចរណ៍ បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ដែល​ជា​ទេសចរណ៍​បែប​ធម្មជាតិ បន្ទាប់​ពី​វិស័យ​ឯកជន​ធ្លាប់​បាន​ស្នើ​ឱ្យ​មាន​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត ដោយ​បង្វែរ​ចេញពី​ផលិតផល​ទេសចរណ៍​ទោល គឺ“ការ​ផ្តោតលើ​ទេសចរណ៍​វប្បធម៌” នៅក្នុង​ខេត្ត​សៀម​រាប​។

    ថ្នាក់​ដឹកនាំ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថាព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ លើក​ទី6 ដែល​បាន​រៀប​ចំ​
    ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ2016 មាន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ចូលរួម​ទស្សនា​ប្រមាណ​
    ជាង 50​ម៉ឺន​នាក់។

    ស្ថិតិ​ក្រសួងទេសចរណ៍ បង្ហាញ​ថា ត្រឹម​រយៈពេល​9​ខែ ឆ្នាំ​2017 កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន 3,912,761នាក់ ដោយ​មាន​កំណើន 11.5% និង​បាន​នាំ​មក​នូវ​ប្រាក់ចំណូល​ជាតិ​ប្រមាណ3,400​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង 62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​បន្ថែមទៀត ក្នុង​នោះ​កម្លាំង​ពលកម្ម​ជា​ស្ត្រី​មាន​ប្រមាណ 60%នៃ​កម្លាំង​ពលកម្ម​សរុប៕