Category: សង្គម និងសេដ្ឋកិច្ច

  • គយគន់សម្រស់បវរកញ្ញាទេសចរណ៍អន្ដរជាតិ តំណាងប្រទេសកម្ពុជា

    គយគន់សម្រស់បវរកញ្ញាទេសចរណ៍អន្ដរជាតិ តំណាងប្រទេសកម្ពុជា

    នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2017នេះ តាមរយៈបណ្ដាញហ្វេសប៊ុករបស់ Miss Cambodia ដែលបានបង្ហោះនាពេលថ្មីនេះបានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍អន្ដរជាតិ ឬ  Miss Tourism International 2017 លើកទី 20 នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី6 ខែធ្នូកន្លងមកនេះនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ហើយអ្វីដែលពិសេសនេះគឺ បេក្ខភាពតំណាងប្រទេសកម្ពុជាយើងបានទៅចូលរួមបង្ហាញនូវឈុតតំណាងជាតិដែលបានខិតខំច្នៃពីផ្ទាំងគំនូរយ៉ាងផ្ចិតផ្ចង់បំផុត។ ក្នុងការបង្ហាញជូននេះ កញ្ញា គឹម ស្រីកែវ គឺជាបវរកញ្ញាទេសចរណ៍តំណាងប្រទេសកម្ពុជា ដែលមានរូបឆោមស្រស់ស្អាតបែបនារីខ្មែរពិតៗ។

    គួររំឭកផងដែរថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងបរិវេណសណ្ឋាគារណាហ្កាវើល បវរកញ្ញារូបនេះធ្លាប់បានលើកឡើងថា «ដោយសារតែនាងខ្ញុំជាបវរកញ្ញាទេសចរណ៍ នាងខ្ញុំនឹងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក ជាពិសេសគឺ ប្រាសាទអង្គរវត្តទៅកាន់ពិភពលោកឱ្យបានស្គាល់»។ នាងបន្ដថា រូបនាងផ្ទាល់មិនសូវមានក្ដីរំពឹងទុកខ្ពស់ក្នុងការប្រកួតនោះទេ ព្រោះនេះជាបទពិសោធលើកទីមួយដែលទៅប្រកួតលើឆាកអន្ដរជាតិ ក៏ប៉ុន្ដែអ្វីដែលនាងបានព្យាយាមប្ដេជ្ញាចិត្តនោះគឺ នាងសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់នាងដើម្បីដណ្ដើមយកជ័យលាភីឱ្យទាល់តែបាន។

    ចង់ដឹងថា សម្រស់ និងឈុតទេសចរណ៍ប្រចាំជាតិកម្ពុជា ដែលបង្ហាញនៅលើឆាកបវរកញ្ញាទេសចរណ៍អន្ដរជាតិ ស្រស់ស្អាតដល់កម្រិតណានោះ សូមគយគន់រូបភាពនៅខាងក្រោម៖

  • ហេតុអ្វីបានជាគេនិយាយថា Facebook គឺជាបណ្ដាញផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំ?

    ហេតុអ្វីបានជាគេនិយាយថា Facebook គឺជាបណ្ដាញផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំ?

    នាពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញ Facebook មានការរីកចម្រើនលើស​ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញអ្វីៗទាំងអស់ នៅក្នុងឆ្នាំ2017នេះ។ តើហេតុអ្វីបានជា Facebook មានឥទ្ធិពលក្នុងផ្សព្វផ្សាយពាណិជ្ជកម្ម?

    1/ Facebook មានអ្នកប្រើប្រាស់ច្រើនជាងបណ្ដាញសង្គមនានានៅទូទាំងសកលលោក ដែលគិតត្រឹមដើមខែ កុម្ភៈ ឆ្នាំ2017 ចំនួនអ្នកប្រើ Facebook បានកើនដល់ 1,8ពាន់លាននាក់ ស្មើនឹង1/7នៃប្រជាជនទូទាំងពិភពលោក។

    2/ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញ Facebook ចំណាយលុយតិច ប៉ុន្តែទទួលបានផលច្រើន មានន័យថា មានមនុស្សបានឃើញការផ្សព្វផ្សាយច្រើនជាងការផ្សព្វផ្សាយតាមវិធីសាស្ត្រផ្សេង។

    3/ ម្ចាស់ផលិតផល ឬសេវាកម្ម ប្រើប្រាស់មុខងារ Facebook Live ដើម្បីបង្ហាញនូវផលិតផល ឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនបានដោយផ្ទាល់ និងងាយស្រួល ជាពិសេសគឺការឆ្លើយឆ្លងនូវសំណួរផ្សេងៗទាក់ទងនឹងផលិតផល ឬសេវាកម្ម។

    4/ ការផ្សព្វផ្សាយផលិតផលតាមបណ្ដាញសង្គម Facebook គឺអនុញ្ញាតឱ្យម្ចាស់ផលិតផល ឬសេវាកម្ម ធ្វើការជ្រើសរើសអតិថិជនចំគោលដៅ ដូច្នេះគឺកាន់តែធ្វើឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពកាន់តែខ្លាំង។

    5/ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ Facebook គឺមិនតម្រូវឱ្យម្ចាស់ផលិតផល ឬសេវាកម្ម សិក្សាពីយុទ្ធសាស្ត្រនោះទេ ផ្ទុយទៅវិញគឺឱ្យតែចេះប្រើ Facebook គឺអាចធ្វើការផ្សព្វផ្សាយបាន៕

  • ធនាគារជាតិហាមមិនឱ្យប្រើប្រាស់រូបិយវត្ថុ Crypto Currency នៅកម្ពុជា

    ធនាគារជាតិហាមមិនឱ្យប្រើប្រាស់រូបិយវត្ថុ Crypto Currency នៅកម្ពុជា

    ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មីមួយ ហាមមិនឱ្យចរាចររូបិយវត្ថុ Crypto Currency នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយសារតែចៀសវាងកុំឱ្យមានហានិភ័យទៅដល់សាធារណជន។

    ខ្លឹមសារនៃសេចក្តីជូនដំណឹង ដែលបានជម្រាបទៅដល់គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានលើកឡើងថាធនាគារជាតិនៃកម្ពុជាបានពិនិត្យឃើញថា បច្ចុប្បន្នមានការចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto (Crypto Currency) ដូចជា BitCoin និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែលគ្នា ដោយមិនមានច្បាប់អនុញ្ញាត និងមិនមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។

    ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចបង្កហានិភ័យដល់សាធារណជន និងជាមធ្យោបាយសម្រាប់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងទីផ្សារងងឹត ដោយសារអ្នកប្រើប្រាស់ និងវិនិយោគិនមួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុ Crypto Currencies ដែលងាយឆបោក។ លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី4 កាលពីសប្តាហ៍មុននេះថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានទទួលព័ត៌មានមួយចំនួន ដែលបានចរាចររូបិយវត្ថុ Crypto Currency ហើយបានផ្តល់ឈ្មោះប្លែកៗគ្នា ដូចជា Bit Coin បន្ទាប់មកទៀតក៏មានក្រុមហ៊ុនមួយចំនួន កំពុងតែបំផុសបំផុលឱ្យប្រជាជនទិញយក។

    លោកជំទាវបញ្ជាក់ថា ធនាគារជាតិកម្ពុជាមិនគាំទ្ររូបិយវត្ថុ Crypto Currency ដែលមិនទទួលស្គាល់ដោយរដ្ឋាភិបាល ហើយបើសិនជាមានការបំផុសបំផុល ឱ្យប្រើប្រាស់ណាមួយ សូមកុំជឿតាមការបំផុសបំផុលរបស់គេ ព្រោះរូបិយវត្ថុប្រភេទនេះមិនអាចប្តូរយកប្រាក់សុទ្ធនៅធនាគារជាតិបានឡើយ៕

  • ឱក សុគន្ធកញ្ញា ៖ «បើស្រឡាញ់ ឱក សុគន្ធកញ្ញា  ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ»

    ឱក សុគន្ធកញ្ញា ៖ «បើស្រឡាញ់ ឱក សុគន្ធកញ្ញា  ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ»

    នៅព្រឹកថ្ងៃទី7 ខែធ្នូ ឆ្នាំ2017 កំពូលតារាចម្រៀងស្រី ដែលមានប្រជាប្រិភាពខ្លាំងបំផុត ព្រមទាំងមានអ្នកគាំទ្រជាច្រើននាក់ និងជារាជិនីតារាចម្រៀងនៅក្នុងទ្រនំរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានចូលរួមចែកមួកសុវត្ថិភាពដល់ប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងនាមជាអ្នកតំណាងផលិតផលទូរស័ព្ទដៃឆ្លាតវៃSamsung។

    នៅក្នុងជំនួបជាមួយប្អូនៗសិស្សានុសិស្ស និងផ្ដល់កិច្ចសំណេះសំណាល តារាស្រីរូបនេះ មិនមានអ្វីផ្ដាំផ្ញើច្រើនពេកនោះទេ តែមានសារខ្លីមួយដែលអត្ថន័យជ្រាលជ្រៅ និងផ្ដល់ការទូន្មានក្រើនរំឭកក្នុងការការពារអាយុជិវិតឱ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍។ កញ្ញា បានពោលថា «ការពាក់មួកសុវត្ថិភាពខណៈពេលធ្វើដំណើរ គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការការពារអាយុជីវិតប្អូនៗ ព្រោះថា វាអាចការពារក្បាល និងចង្កាបានល្អ និងរួចផុតពីការបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍»។

    ជាចុងក្រោយតារាស្រីដ៏មានប្រជាប្រិយភាពរូបនេះបានបញ្ជាក់ដែរថា «ប្អូនៗទាំងអស់មានឪពុកម្ដាយ និងសាច់ញាតិបងប្អូនដែលនៅចាំព្រួយបារម្ភ និងផ្ដល់ក្ដីស្រឡាញ់ជូនប្អូនៗគ្រប់ពេលវេលា ហើយកាន់តែពិសេសជាងនេះទៅទៀតនេះ គឺបងស្រី ឱក សុគន្ធកញ្ញា  ម្នាក់នេះផ្ទាល់តែម្ដង ដែលស្រឡាញ់ប្អូនៗទាំងអស់គ្នាខ្លាំងអស់ពីបេះដូង ដូច្នោះហើយបើស្រឡាញ់បងស្រី  ឱក សុគន្ធកញ្ញា  ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាទាំងអស់គ្នាណា៎»។ បន្ទាប់មកប្អូនៗសិស្សានុសិស្សបានផ្ដល់សំឡេងហ៊ោកញ្ជ្រៀវជាការគាំទ្រសម្ដីតារាស្រីរូបនេះយ៉ាងលាន់ឮពាសពេញបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ តែម្ដង៕

  • Ronaldo ត្រូវ​បានរំពឹង​ថា នឹង​ឈ្នះ​ពាន​​បាល់មាស Ballon d’Or ជាលើក​ទី​5​នៅថ្ងៃនេះ

    Ronaldo ត្រូវ​បានរំពឹង​ថា នឹង​ឈ្នះ​ពាន​​បាល់មាស Ballon d’Or ជាលើក​ទី​5​នៅថ្ងៃនេះ

    ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​តាមស្មើ​កំណត់ត្រា​របស់​តា​រា​ឆ្នើម Lionel Messi នៅថ្ងៃ​ព្រហស្បតិ៍នេះ តាមរយៈ​ការឈ្នះពាន​រង្វាន់បាល់​​មាស Ballon d’Or ជាលើកទី​5 ក្រោយ​ពី​ត្រូវបាន​ទទួល​ស្គាល់​ពី​សមិទ្ធផលក្នុងការ​ជួយ​ឲ្យក្រុម Real Madrid ឈ្នះ​ទាំង​ពានក្នុងក្រប​ខ័ណ្ឌ La Liga និង Champions League កាល​ពី​រដូវកាលមុន​។

    ​ខ្សែ​ប្រយុទ្ធ Messi វ័យ​3០​ឆ្នាំ​របស់ក្លិប Barcelona បាន​ឈ្នះ​ពាន​កិត្តិយសនេះ ចាប់ពី​ឆ្នាំ​2009 ដល់​ឆ្នាំ​2012 និង​ក្នុងឆ្នាំ​2015​។ ដោយឡែក ខ្សែ​ប្រយទ្ធអន្តរ​ជាតិ​ព័រ​ទុយហ្គាល់ ដែលមាន​វ័យ​32​ឆ្នាំ បាន​​ឈ្នះពានកីឡាករ​ឆ្នើម​​មួយនេះ ក្នុងឆ្នាំ​2008, 2013, 2014 និងឆ្នាំ​2016​។ Ronaldo ដែល​​បាន​ធ្វើការ​​អភិវឌ្ឍ​ទេព​កោសល្យ​របស់​ខ្លួន​ក្រោមការ​​បង្វឹក​យ៉ាងយក​ចិត្តទុក​របស់​អតីត​គ្រូបង្វឹក​របស់ក្លិប Manchester United លោក Alex Ferguson ​នោះ បាន​ឈ្នះពាន​ Ballon d’Or ជាលើក​ទី​4របស់​គេ ក្រោយ​ពី​បាន​ជួប​រដូវកាល​​ដែល​មិន​អាច​បំភ្លេច​បានមួយតាមរយៈ​ការ​ជួយ​ឲ្យក្រុម​ Real លើកពាន Champions League មុនពេល​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​របស់​គេ​ឈ្នះពាន Euro ឆ្នាំ​2016 ក្នុង​​ទីក្រុង​ប៉ារីស​។

    ពាន​រង្វាន់​របស់​ទស្សនា​វដ្តី France Football មួយ​នេះ ត្រូវ​បាន​កាត់​សេចក្តីដោយ​សំឡេង​ឆ្នោត​របស់​ក្រុម​អ្នក​យក​ព័ត៌​មានកីឡា​ ដែលមាន​ចំនួន​173សំឡេង​ក្នុង​ឆ្នាំ​2016 ដោយ​អ្នកយកព័ត៌មានម្នាក់​ៗ​ត្រូវ​ជ្រើស​រើសកីឡាករ​ចំនួន​5​នាក់ ពី​បញ្ជីមួយ​ដែលមាន​កីឡាករ​30នាក់​​៕

    ប្រភពពី៖ Sky Sports

     

  • សុគន្ធ នីសា ៖ «សូមបងៗអ្នកសារព័ត៌មានមេត្តាកុំសរសេរអ្វីដែលលើសតម្លៃអី»

    សុគន្ធ នីសា ៖ «សូមបងៗអ្នកសារព័ត៌មានមេត្តាកុំសរសេរអ្វីដែលលើសតម្លៃអី»

    នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2017 នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា ដែលទើបតែបានរៀបអាពាហ៍ពិពាហ៍ហើយថ្មីៗនេះ បានឱ្យដឹងថា អ្នកនាងបានបង្ហោះសារដែលស្ដែងពីការអរគុណ និងជាការសំណូមពរដល់បណ្ដាអ្នកសារព័ត៌មាន ដែលចេញផ្សាយពីរូបអ្នកនាងកន្លងមក ក្នុងន័យលើកតម្កើងជ្រុល និងហួសពីសមត្ថភាពអ្នកនាង ក្នុងការរៀបចំពីមង្គលការយ៉ាងអធិកអធមកាលពីថ្ងៃទី1 ខែធ្នូកន្លងទៅនៅក្នុងបរិវេណសណ្ឋាគារ សូហ្វីតែល។

    សារដំបូងរបស់តារាស្រីរូបនេះបានរៀបរាប់យ៉ាងរាក់ទាក់ជាមួយប្រិយមិត្តអ្នកគាំទ្រ និងអ្នកសារព័ត៌មានយ៉ាងដូច្នោះថា « ជម្រាបសួរបងប្អូនទាំងអស់ និងបងៗអ្នកសារព័ត៌មាន ខ្ញុំអរគុណណាស់ដែលបានចុះផ្សាយពីអាពាហ៍ពិពាហ៍យើងខ្ញុំ អរគុណណាស់ដែលចុះលើកតម្កើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់ឱ្យបងប្អូនទាំងអស់យល់ច្រទ្បំទេ»។ បន្ទាប់មកទៀតអ្នកនាងបានសង្កត់ធ្ងន់ទៅលើអ្នកសារព័ត៌មានយ៉ាងក្ដៅគគុកថា «មង្គលការរបស់ខ្ញុំនេះគឺ រៀបចំសន្សំសំចៃណាស់ មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះក្រុមគ្រួសារខ្ញុំទាំងពីរក៏មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីដែរ តម្លៃចិញ្ចៀនក៏មិនថ្លៃអីណាស់ណាទេ ហើយចំពោះការចំណាយភាគច្រើនដូចជាសម្អាងការ ដេគ័រ នំខេក រ៉ូបកាត់នំ គឺសុទ្ធតែបងៗដែលពួកគាត់ស្រទ្បាញ់រាប់អានខ្ញុំ ពួកគាត់បានជួយឧបត្ថម្ភដល់យើងខ្ញុំច្រើន»។

    ជាចុងក្រោយតារារូបឆោមស្រស់សោភារូបនេះបានអំពាវនាវចំពោះអ្នកសារព័ត៌មានដែលបានលើកតម្កើងរូបនាងថា អ៊ីចឹងសូមបងៗសារព័ត៌មានមេត្តាកុំសរសេរអ្វីដែលឱ្យលើសតម្លៃអី ព្រោះមនុស្សនាងខ្ញុំមិនចូលចិត្តចំណាយប្រាក់ឱ្យខ្ជះខ្ជាយទ្បើយ តែយ៉ាងណាក៏នៅតែអរគុណសារពត៌មានគ្រប់ផ្នែកដែលលើកតម្កើងនាងខ្ញុំ ហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលស្រទ្បាញ់ចូលចិត្តនាងខ្ញុំផងដែរ៕

  • Liverpool លត់ Spartak ចាស់​ដៃ ខណៈ Ronaldo បង្កើត​កំណត់ត្រាថ្មី

    Liverpool លត់ Spartak ចាស់​ដៃ ខណៈ Ronaldo បង្កើត​កំណត់ត្រាថ្មី

    ការ​ស៊ុត​បាល់​បញ្ចូល​ទី​3​គ្រាប់​របស់​​ខ្សែ​បម្រើ Philippe Coutinho បាន​ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម Liverpool រក​បាន​ដល់​ទៅ​៧7​គ្រាប់ ដើម្បីកត់ត្រា​ជ័យជម្នះ 7-០ លើក្រុម Spartak Moscow កាលពីថ្ងៃពុធ ខណៈ​ដែលពួកគេ​បាន​ចូល​រួម​ជា​មួយនឹងក្រុម Sevilla, Shakhtar Donetsk និង Porto ក្នុងការ​ឈានទៅវគ្គ​16ក្រុមចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League​។

    តា​រាឆ្នើម​ទាំង​បួន​របស់ Liverpool ដែលរួមមាន Coutinho, Sadio Mane, Roberto Firmino និង Mohamed Salah សុទ្ធ​សឹង​បាន​រកគ្រាប់បាល់បញ្ចូល​ទី​ដូច​គ្នា ដើម្បី​បំពេញ​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ក្រុមម្ចាស់ផ្ទះក្នុង​ការ​ប្រកួត​ជុំ​ចុងក្រោយនៃពូល ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក៏បានបង្កើត​កំណត់ត្រា​នៃការ​រកគ្រាប់បាល់​ក្នុង​យុទ្ធនាការ Champions League ផង​ដែរ​។ តារាឆ្នើម​អន្តរ​ជាតិ​​ព័រ​ទុយហ្គាល់​រូបនេះ រកបាន​គ្រាប់​បាល់​ទី9របស់​គេ​​​ក្នុងយុទ្ធ​នាការនៃរដូវ​កាលនេះ ដើម្បីជួយ​ឲ្យក្រុម Real Madrid ទទួល​ជ័យជម្នះ 3-2 ក្នុង​ផ្ទះ​ខ្លួន​ឯង​លើក្រុម Borussia Dortmund​។

    ជាមួយនឹងគ្រាប់​បាល់នេះ រូប​គេ​បានក្លាយ​ជាកីឡាករ​ដំបូង​គេ​ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទីក្នុង​រាល់​ការ​ប្រកួត​ទាំង​6​លើកនៃវគ្គ​ចែកពូល​ក្នុងក្រប​ខ័ណ្ឌ Champions League រដូវកាល​មួយ ស្រប​ពេល​ដែល​រូបគេ​ក៏​តាមស្មើ​កំណត់ត្រា​​របស់​តារាឆ្នើម Lionel Messi នៃក្លិប Barcelona នៃ​ការរក​បាន​គ្រាប់បាល់​សរុប​ក្នុង​ការប្រកួត​វគ្គ​ចែកពូល​ចំនួន​60គ្រាប់ផងដែរ​។ Liverpool បាន​ស្ថិតក្នុង​ទម្រង់លេងយ៉ាង​មុត​ស្រួច​នៅ​រដូវ​កាលនេះ ហើយ​ការយកឈ្នះលើក្រុម Spartak យ៉ាង​ចាស់​ដៃ គឺ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​ជាលើក​ទី​2 ក្រោយ​ពី​ពួកគេ​បានផ្តួល​ក្រុម Maribor ក្នុងលទ្ធផល 7-០ ដូច​គ្នា កាលពី​ខែ​តុលា​។

    ក្រោយពីបានជួយ​ឲ្យ Liverpool ឈាន​ទៅ​វគ្គ​16​ក្រុម​ចុង​ក្រោយ​​ជាលើក​ទី​1 ក្នុង​រយៈពេល​9ឆ្នាំ លោក Klopp បានប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «វា​ពិត​ជាលំ​បាកណាស់​នៅពេល​ដែល​យើង​ឈានទៅ​វគ្គបន្ត​ និង​ប្រើប្រាស់​គម្លាត​នេះ​។ វា​ជា​រឿង​ដ៏ល្អក្នុងការ​ទស្សនាការ​ប្រកួត​នៅ​រាត្រីនេះ​»​៕

    ប្រភពពី៖ Sport24

     

  • ដំណើរ​ក​ម្ដា​ន្ត FORD Adventure របស់​អតិថិជន FORD ប្រចាំឆ្នាំ2017 ចាប់ផ្ដើម​ចេញដំណើរ

    ដំណើរ​ក​ម្ដា​ន្ត FORD Adventure របស់​អតិថិជន FORD ប្រចាំឆ្នាំ2017 ចាប់ផ្ដើម​ចេញដំណើរ

    ភ្នំពេញ៖ នៅវេលា​ម៉ោង 6ព្រឹក ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ត្រង់ចំណុច​រោងចក្រ​ម្សៅ​មី ម៉ែន​សារុន អ្នកដំណើរ​តាមផ្លូវ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​តែមាន​ឃើញ​ក្បូន​ដំណើរ​របស់​រថយន្ត FORD បាន​ត្រៀមខ្លួន​ចេញដំណើរ នៅក្នុង​ដំណើរ​កម្សាន្ត FORD Adventure លើក​ទី11។

    នៅក្នុង​ដំណើរ​កម្សាន្ត​លើក​នេះ យើង​ឃើញថា​ម្ចាស់​រថយន្ត​គ្រប់រូប​សម្តែង​ការសប្បាយរីករាយ ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ដ៏​អស្ចារ្យ​ឆ្លងកាត់ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ទៅកាន់​ខេត្ត​រ៉ាក់យ៉ង និង​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដោយ​នៅក្នុង​ក្បួន​ដង្ហែ​រថយន្ត Ford មាន​រហូតដល់​ជាង 100គ្រឿង។

    នៅ​ឆ្នាំនេះ​ផងដែរ ក្នុង​ដំណើរការ​កម្សាន្ត FORD Adventure  ដែល​រៀបចំ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) គឺមាន​ការសហការ​ឧបត្ថម្ភ​កម្មវិធី​ដោយ​ក្រុមហ៊ុន តូ​តា​ល់ ខេ​ម​បូ​ឌា (TOTAL CAMBODGE)  ដែលជា​ប្រេងឥន្ធនៈ ឈានមុខ​គេ​នៅ​កម្ពុជា និង ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD  ហើយក៏​មានការ​ចូលរួម​សហការ​ជាមួយ ក្រុមហ៊ុន​សំបក​កង់ Coopertires និង​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

    ជាមួយគ្នានេះ​ផងដែរ នៅក្នុង​ដំណើរ​កម្សាន្ត FORD Adventure  ឆ្នាំ2017 ក៏មាន​ការសហការ​ចូល​រួម​ពី​សំណាក់​ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និង​ភ្នាក់ងា​យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូចជា Sticker City រួម​នឹង​ស្ថាប័ន​ព័ត៌មាន​ជាច្រើន​ទៀត។

    ក្នុង​ដំណើរ​កម្សាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី11 នេះ មាន​រយៈពេល 4ថ្ងៃ 3យប់ គឺ​ចាប់ពី​ថ្ងៃទី ដល់​ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 ដោយមាន​អ្នកដំណើរ ប្រមាណ 500នាក់ ដែល​អ្នកចូលរួម​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃភ្នំ នៅតាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទពិសោធន៍ បោះជំរុំ​ដ៏​អស្ចារ្យ​នៅលើ​វាលស្មៅ យ៉ាង​ស្រស់ត្រកាល នៃ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ។

    លើសពីនេះទៅទៀត  អ្នកចូលរួម​ទាំងអស់​នឹងមាន ឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សំបូរបែប ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ថែម​ទៀតផង។

    គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ2007 ទៅ​ខេត្ត​មណ្ឌល​គី​រី , ឆ្នាំ2008 ទៅកាន់​ខេត្ត​រតនគីរី , ឆ្នាំ2009 ទៅកាន់​ខេត្ត​ប៉ៃលិន, ឆ្នាំ2010 និង​ឆ្នាំ2011 ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ2012 ទៅកាន់​ខេត្ត​មណ្ឌល​គី​រី ឆ្នាំ2013 ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្នាំ2015 ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ2016 ទៅកាន់​ខេត្ត​បុរី​រាម​ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ៕

  • ហេតុអ្វី​បាន​ជា​យុវវ័យ​បច្ចុប្បន្ន​ ចូលចិត្ត​ប្រើ​ជីវិត​បែប​ស៊ីវិល័យ?

    ហេតុអ្វី​បាន​ជា​យុវវ័យ​បច្ចុប្បន្ន​ ចូលចិត្ត​ប្រើ​ជីវិត​បែប​ស៊ីវិល័យ?

    មិន​ថា​នៅ​ហាង​កាហ្វេ​ប្រ៊េន ភោជនីយដ្ឋាន​ទំនើប សណ្ឋាគារល្បីៗ ផ្សារទំនើប នៅ​លើ​យន្តហោះ នៅ​បរទេស ឬ​នៅ​កន្លែង​កម្សាន្ត​ល្បីៗ​នោះ​ទេ បច្ចុប្បន្ន​គេ​តែង​សង្កេត​ឃើញ​ថា​រូបភាព​នៅ​កន្លែង​ទាំង​អស់​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ផុសផុល​នៅ​ក្នុង​បណ្តាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស៊ីវិល័យ​ក្នុង​ការ​រស់​នៅ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Cambodia Co., Ltd បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ហើយ​កម្រិត​ជីវភាព​របស់ប្រជាជន​ក៏​ចាប់​ផ្តើម​ប្រសើរ​ឡើង​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ផ្លាស់ប្តូរ​ជីវិត​រស់​នៅ។ កាល​ពី​មុន​អ្វី​ដែល​ប្រជាជន​ត្រូវការ គឺ​អាហារ និង​តម្រូវការ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​គ្រប់គ្រាន់តែ​​ពេល​នេះ​មនុស្ស​ចាប់​ផ្តើមចេះ​ប្រើ​ជីវិត​ឱ្យ​កាន់​តែ​ប្រសើរ​ តាម​រយៈ​ការ​​ដើរ​កម្សាន្ត ការ​ប្រើប្រាស់​សម្ភារ​ទំនើបៗ និង​បែបបទ​នៃ​ការ​រស់​នៅ​បែប​ទំនើប។

    លោក​ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Cambodia Co., Ltd

    លោក​ឧកញ៉ា​មាន​ប្រសាសន៍​​​ថា ៖ “សម្រាប់​ការ​រកស៊ី​ក៏​ដូចគ្នា​ដែរ គឺ​ត្រូវ​តែ​ចេះ​មើល​ពី​ស្ថានការណ៍​សង្គម ស្រប​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​មាន​ជីវភាព​ល្អ​ប្រសើរ។ មនុស្ស​ជា​ច្រើន ចាប់​ផ្តើម​គិតគូរ​ពី​សម្រស់ និង​ការ​កម្សាន្ត ហេតុនេះ​ផលិតផល​រក្សា​សម្រស់​ជា​ជម្រើស​ល្អ​មួយ​ដែល​គួរ​យក​មក​គិត”។

    ចំណែក​ លោក លី តារា អ្នកនិពន្ធ​សៀវភៅ​យុវវ័យ បាន​និយាយ​ថា ​បច្ចុប្បន្ន​មាន​យុវជនមួយ​ចំនួន​ចាប់​ផ្តើម​ចូល​ចិត្ត​ប្រើ​ជីវិត​បែប​ស៊ីវិល័យ (Lifestyle) ដោយ​អ្នកខ្លះ​ចូលចិត្ត​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​ ​ចូលចិត្ត​ដើរ​កម្សាន្ត​នៅ​កន្លែង​ល្អៗ ហើយ​អ្នកខ្លះ​​​ចូលចិត្ត​​​ហាងប្រែ៊ន ជា​ដើម​។ ការ​ចូល​ចិត្ត​ប្រើ​ជីវិត​ស៊ីវិល័យ​បែប​នេះ គឺ​មក​ពី​ចរន្ត​នៃ​ការ​រស់នៅ និង​​​ទំនាក់ទំនង​កាន់​តែ​មាន​ភាព​ជឿនលឿន ដែល​ធ្វើឱ្យ​យុវវ័យ​​មើល​ឃើញ​កាន់​តែ​ច្រើន​ពី​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​នៅ​បរទេស ហើយ​ចរន្ត​នៃ​ភាព​ទំនើប​នេះ​អាច​ធ្វើ​ឱ្យ​មាន​ការ​អនុវត្ត​តាម​ក្នុង​ចំណោម​យុវជន​នៅ​កម្ពុជា។

    លោក លី តារា អ្នកនិពន្ធ​សៀវភៅ​យុវវ័យ

    លោក តារា ​និយាយ​ថា​ ៖ “ចំពោះ​ការ​ប្រើប្រាស់​ជីវិត​បែប​ស៊ីវិល័យ​របស់​យុវជន ខ្ញុំ​គិត​ថា​បណ្តាល​មក​ពី​ចរន្ត​នៃ​ការ​ឆ្លង​ចូល​របស់​វប្បធម៌​បរទេស ដែលធ្វើឱ្យ​យុវជន​ខ្មែរ​គិត​ថា​ឡូយ ហើយ​ក៏​ព្យាយាម​អនុវត្ត​តាម”។

    អ្នក​និពន្ធ​​​ខាង​លើ ​បាន​បង្ហាញ​ថា យុវវ័យ​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​ការធ្វើទំនាក់ទំនង ហេតុនេះ​បណ្តាញ​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម បាន​ធ្វើ​ឱ្យ​ពួក​គាត់​យល់​ឃើញ​យ៉ាង​ច្បាស់​ពី​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​នៅ​ក្នុង​ប្រទេស​នានា ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ទៅ​​បន្ត​ការ​សិក្សា​នៅ​ ឬ​ទៅទេសចរណ៍​នៅ​បរទេស​​ធ្វើ​ឱ្យ​ពួក​គាត់​បាន​ឃើញ ហើយ​ក៏​ចាប់​យក​ចំណុច​ល្អៗ​​មក​ប្រើ​ប្រាស់​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

    ជាមួយ​គ្នា​នេះ​ លោក ពេជ្រ ពិសាល ប្រធាន​គ្រប់គ្រង​គម្រោង Daily Plus ដែល​ជា​ស្ថាប័ន​រៀបចំ​សិក្ខា​សាលា​​សម្រាប់​យុវជន​លើ​ជំនាញ​សហគ្រិន និង​ការអប់រំ បាន​លើក​ឡើង​ថា មាន​កត្តា 2យ៉ាង​ដែល​យុវវ័យ​បច្ចុប្បន្ន​ចាប់​​ផ្តើម​ប្រើប្រាស់​ជីវិត​បែប​ទំនើប គឺ​ទី1 ​កត្តា​បច្ចេក​វិទ្យា ដោយ​សំដៅ​លើ​បណ្តាញ​សង្គម ដែល​មាន​ដូចជា Facebook ឬ Instagram ជាច្រើន​កំពុង​តែ​ប្រើប្រាស់​ជា​បណ្តាញ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ទី2 គឺ​លំហូរ​នៃ​អាជីវកម្ម​ទំនើប​ដែល​កំពុង​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

    លោក ពេជ្រ ពិសាល ប្រធាន​គ្រប់គ្រង​គម្រោង Daily Plus

    លោក ពិសាល បាន​និយាយ​ថា ៖ “​មនុស្ស​ជាច្រើន​ចាប់​ផ្តើម​រស់​នៅក្នុង​ពិភព Facebook ច្រើន​ប្រហាក់​ប្រហែល​នឹង​រស់​នៅ​ក្នុង​ជីវិត​ជាក់​ស្តែង​ដែរ ហេតុនេះ​ទើប​ពួកគេ​ចូលចិត្ត​បង្ហាញ​ពី​ជីវិត​បែប​ស៊ីវិល័យ​របស់​គេ​នៅ​ក្នុង​បណ្តាញ​សង្គម។ ចំណុច​នេះ​ហើយ​ទើប​ធ្វើឱ្យ​មនុស្ស​ជាច្រើន ពិសេស​យុវវ័យ​ចូលចិត្ត​រស់​នៅ​ក្នុង​ជីវិត​បែប​ទំនើប​ដើម្បី​ទទួល​បាន​រូបភាព​ទំនើប និង​ស្រស់ស្អាត​នៅក្នុង​បណ្តាញ​សង្គម​”។

    លោក ពេជ្រ ពិសាល បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​លំហូរ​នៃ​អាជីវកម្ម ក៏​មាន​ជាប់​ទាក់ទង​ច្រើន​ផង​ដែរ​លើ​ការ​ផ្លាស់​ប្តូរ​វិធី​រស់​នៅ​នេះ។ លោក​និយាយ​ថា បច្ចុប្បន្ន​មាន​និស្សិត​ជាច្រើន​បាន​ចេញ​ទៅ​សិក្សា​នៅ​បរទេស ហើយ​​បាន​ឃើញ​ពី​អាជីវកម្ម​ប្លែកៗ​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​មាន។ រូបភាព​ភាព​នៃ​ការផ្សព្វផ្សាយ​​អាជីវ​កម្ម​ទាំង​អស់​នោះ បាន​ជំរុញ​ឱ្យ​ប្រជាជន​ជាច្រើន​ទៀត​បានឃើញ និង​បាន​ស្គាល់​ពី​ជម្រើស​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ ស្រប​​ពេលដែល​កន្លែងល្អៗជាច្រើន​ផ្សេងទៀត​កំពុង​អភិវឌ្ឍ​ឱ្យ​ប្លែក និង​ដេញជើង​គ្នា​ជា​បន្តបន្ទាប់៕

  • កំពូលតារាសម្ដែងស្រីថៃនាង នុន វរ៉ានុត ត្រូវប៉ូលិសកូរ៉េខាងត្បូងឃាត់ខ្លួន….

    កំពូលតារាសម្ដែងស្រីថៃនាង នុន វរ៉ានុត ត្រូវប៉ូលិសកូរ៉េខាងត្បូងឃាត់ខ្លួន….

    យោងតាមសារព័ត៌មាន khaosod ដែលបានចេញផ្សាយនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិច បានឱ្យដឹងថា មន្ត្រីបូលិសកូរ៉េ ដែលល្បីល្បាញខាងរឿងតឹងរឹងម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យចំពោះអ្នកទេសចរណ៍ ឬ បុគ្គលដែលបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង មិនថាតែជាជនល្បី តារា ឬមនុស្សធម្មតាទូទៅនោះឡើយ។ ដោយឡែក កំពូលតារាស្រីលំដាប់ជួរមុខរបស់ថៃ នាង នុន វរ៉ានុត ក៏ត្រូវបានមន្ត្រីប៉ូលិសកូរ៉េឃាត់ខ្លួនដល់ទៅពីរដងដែរ ខណៈដែលនាងបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។

    តារាស្រីរូបនេះ បានបង្ហោះសារ និងរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធើររបស់នាង​នៅពេលកំពុងជាប់ក្នុងការឃាត់ខ្លួនថា «កញ្ញា នុន វរ៉ានុត គឺជាអ្នកដែលសំណាងល្អជាងគេដំបូងបង្អស់របស់ប្រទេសថៃ ដែលបានទទួលការអញ្ជើញឱ្យចូលបន្ទប់ឃាត់ខ្លួនយ៉ាងត្រជាក់ល្ហឹម ដែលមន្ត្រីប៉ូលិសកូរ៉េដាក់ស្លាកថា #worraworldwide »។ នាងក៏បានបញ្ជាក់ប្រាប់ទៀតដែរថា នេះគឺជាលើកទី 2 ហើយដែលបានចូលមកទីនេះ៕