Category: សង្គម និងសេដ្ឋកិច្ច

  • Chelsea ផ្តល់​ការរីករាយ​ដល់​លោក Conte ខណៈ Burnley ឡើងឈរ​លេខ4

    Chelsea ផ្តល់​ការរីករាយ​ដល់​លោក Conte ខណៈ Burnley ឡើងឈរ​លេខ4

    ក្រុម​តោ​ខៀវ Chelsea បាន​ឆ្លើយតប​យ៉ាង​ល្អឥតខ្ចោះ​ទៅកាន់​ការអះអាង​របស់​លោកគ្រូ​បង្វឹក Antonio Conte ថា ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ដណ្តើមពាន​ក្របខ័ណ្ឌ Premier League បានបញ្ចប់​ទាំងស្រុង​ហើយ តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 នៅលើ​ទឹកដី​ក្រុម Huddersfield Town កាលពី​ថ្ងៃ​អង្គារ។

    ខ្សែបម្រើ Tiemoue Bakayoko បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​តង់​ទី1 តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ដើម្បី​ឆ្លើយតប​ទៅនឹង​អ្នកគាំទ្រ​ដែល​បាន​រិះគន់​រូបគេ សម្រាប់​ការបង្ហាញ​ពី​ទម្រង់​លេង​មិន​ល្អជា​បន្តបន្ទាប់ ក្រោយពី​ផ្ទេរ​មកពី​ក្លិប Monaco កាលពី​ខែកក្កដា។ ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Willian បានតែ​តបាល់​ដើម្បី​ទទួលបាន​គ្រាប់​បាល់​ទី2 នៅ​មុនពេល​បញ្ចប់​តង់​ទី1 ហើយ Pedro បា​នរក​គ្រាប់​បាល់​ទី3 ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea តាម​ស្មើ​ពិន្ទុ​ជាមួយនឹង​ក្រុម​ឈរ​លេខ2 Manchester United ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Bournemouth នៅ​រាត្រី​នេះ។ លោក Conteបាន​ប្រាប់​ទូរទស្សន៍ BBC Sport ថា៖ «នេះ​ជា​ជ័យជម្នះ​ដ៏​ល្អ​មួយ។ ចាប់តាំងពី​នាទី​ដំបូង យើង​លេង​បាន​យ៉ាង​ល្អ»។ ស្របពេល​ជាមួយគ្នានេះ ក្រុម Burnley ដេញតាម​ពីក្រោយ​ក្រុម Chelsea តែ1ចំណាត់ថ្នាក់​គត់ ក្រោយពី​បាន​ផ្តួល​ក្រុម Stoke City ក្នុង​លទ្ធផល 1-០ ស្រប​ពេលដែល​ក្រុម Crystal Palace បាន​ឡើង​ផុតពី​តំបន់​កាត់ចោល តាមរយៈ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​បាន2គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត ដើម្បី​កត់ត្រា​ជ័យជម្នះ 2-1 លើ​ក្រុម Watford។

    ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Sean Dyche រកបាន​ដល់​ទៅ31ពិន្ទុ​ពី​ការប្រកួត17លើក ដើម្បី​ឡើងទៅ​ឈរ​ពីលើ​ក្រុម Tottenham Hotspur, Arsenal និង Liverpool ដែល​នឹងត្រូវ​លេង​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ៕

    ប្រភពពី៖ BBC

  • Jannine Weigel បកស្រាយរឿងគេថា កែសម្ផស្សផ្ទៃមុខ

    Jannine Weigel បកស្រាយរឿងគេថា កែសម្ផស្សផ្ទៃមុខ

    តាមរយៈគេហទំព័រសារព័ត៌មាន Teenee នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ 2017 បានចេញផ្សាយឱ្យដឹងថា តារាចម្រៀងដែលមានសំឡេងផ្អែមពីរោះនាង Jannine Weigel  ឬមានឈ្មោះពិតថា ផ្លយ ឈុំភូ ត្រូវបានមហាជនអ្នកគាំទ្ររិះគន់នាង ដែលបានផ្លាស់ប្ដូរសម្ផស្សផ្ទៃមុខកាលពីពេលថ្មីៗកន្លងមក ដោយបានរិះគន់ថា ទៅឡើងជ្រុញឱ្យគ្រូពេទ្យវះកាត់មុខមាត់ ផ្លាស់ប្ដូររូបឆោមឱ្យថ្មីស្អាតជាងមុនមែនទេ?។

    នៅទីបំផុត តារាស្រី ផ្លយ ឈុំភូ  ក៏បានចេញមុខមកបកស្រាយរឿងនេះថា «មិនបានទៅធ្វើអ្វីមកទាំងអស់ នាងខ្ញុំគ្រាន់តែផ្លាស់ប្ដូរស្តាយល៍ផាត់មុខ និងការតែងខ្លួនតែប៉ុណ្ណោះ។ ហើយចំពោះរឿងផ្ទាល់ខ្លួនវិញ ក៏នាងខ្ញុំបានទៅគិតអ្វីធ្ងន់ធ្ងរហ្មត់ចត់ពេកដែរសម្រាប់ព័ត៌មាននេះ។ ព័ត៌មាននេះផ្សាយចេញមក ពោលគឺមានលក្ខណៈគួរឱ្យអស់សំណើចច្រើនជាង ដូច្នេះសូមបញ្ជាក់ឱ្យច្បាស់ថា នាងខ្ញុំនៅមិនទាន់គិតចង់ធ្វើការកែសម្ផស្សអ្វីទេនៅពេលនេះ»៕

  • ភ្ញាក់ផ្អើល!! ប្អូនប្រុស Fan BingBing កំពុងក្លាយជាតារាចម្រៀងកូរ៉េ

    ភ្ញាក់ផ្អើល!! ប្អូនប្រុស Fan BingBing កំពុងក្លាយជាតារាចម្រៀងកូរ៉េ

    តាមរយៈសារព័ត៌មាន Teenee នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2017នេះ បានចេញផ្សាយឱ្យដឹងថា លោក Fan Chengchengមានវ័យ 19ឆ្នាំ ត្រូវជាប្អូនប្រុសរបស់តារាឯកស្រីប្រចាំប្រទេសចិន  និងជាតារាសម្ដែងលំដាប់ជួរមុខគេ នាង Fan BingBing នោះ ឥឡូវនេះកំពុងតែហ្វឹកហាត់ក្បាច់រាំនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយកំពុងតែរៀបចំគម្រោងបើកឆាកបង្ហាញខ្លួននៅក្នុងពិភពសិល្បៈកូរ៉េនាពេលឆាប់ៗនេះ។

    តារាសម្ដែងស្រី Fan BingBing អាចចាត់ទុកថា គឺជាតារាលំដាប់លេខ1 នៅក្នុងចំណោមតារាសម្ដែងរបស់ប្រទេសចិន ដែលមានសម្រស់ស្រស់ស្អាតជាងគេបំផុត ហើយមនុស្សជាច្រើនក៏បានផ្ដល់ចំណាប់អារម្មណ៍ទៅលើរូបរាង រូបសម្រស់របស់ប្អូនប្រុសនាងផងដែរ។ គួរបញ្ជាក់ផងដែរថា ចំពោះព័ត៌មានបន្ថែមដែលបញ្ជាក់ពីការបើកបង្ហាញខ្លួនរបស់តារាចម្រៀង លោក Fan Chengcheng នៅក្នុងពិភពសិល្បៈកូរ៉េត្រូវបានលាក់ទុកជាការសម្ងាត់៕

  • ការផ្តល់ជូន​ពិសេស​ក្នុងឱកាស​សម្ពោធ​សាខា LG BrandShop ថ្មី សាខា​ស្ទឹងមានជ័យ

    ការផ្តល់ជូន​ពិសេស​ក្នុងឱកាស​សម្ពោធ​សាខា LG BrandShop ថ្មី សាខា​ស្ទឹងមានជ័យ

    ភ្នំពេញ៖ ដើម្បី​ចូល​រូ​ម​អបអរ​ក្នុងឱកាស​បើកសម្ពោធ​សាខា ស្ទឹងមានជ័យ ថ្មី​របស់ LG Brand Shop ក្រុមហ៊ុន LG បានរៀបចំ​ឲ្យ​មាននៅ​ការលក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​រហូតដល់ 30% រយៈពេល 4ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 14 ដល់​ថ្ងៃទី 17 ធ្នូ ឆ្នាំ 2017 នេះ។

    ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ លោកអ្នក​នឹងមាន​ឱកាស​ទទួលបាន​ការដូ និង​ឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់
    ដែលមាន​ដូចជា៖ ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោក​សំលៀកបំពាក់ LG និង​រង្វាន់​ជាច្រើន​ផ្សេងទៀត។

    សូម​អញ្ជើញ​អតិថិជន​ទាំងអស់ មក​ទស្សនា​នៅ​ការដាក់​តាំង​ផលិតផល​និង​ទទួលយក​នៅ​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​នេះ នៅ​សាខា LG BrandShop ស្ទឹងមានជ័យ ថ្មី​របស់​យើងខ្ញុំ។

    ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ 023 222 699 / 016 999 481
    គិតពី​ផលិតផល​សុទ្ធ​ដែលមាន​ការធានា​ត្រឹមត្រូវ គិតដល់ LG BrandShop !

    LG BrandShop ទំនិញ​មានគុណ​ភាព តម្លៃ​សមរម្យ សេវាកម្ម​ល្អ…

  • តារាស្រីល្បីឈ្មោះ Nicole Kidman តែងខ្លួនដូចជនអនាថា អត់មាននរណាស្គាល់…

    តារាស្រីល្បីឈ្មោះ Nicole Kidman តែងខ្លួនដូចជនអនាថា អត់មាននរណាស្គាល់…

    អ្នកនាង Nicole Kidman វ័យ50ឆ្នាំ មិនត្រូវបាននរណាម្នាក់មើលស្គាល់ឡើយ នៅក្នុងកម្មវិធីមួយនៅរដ្ឋឡូសអ៊ែនជើលេស បន្ទាប់ពីទទួលបានពានរង្វាន់ Golden Globe ក្រោយពីនាងបានសម្តែងនៅក្នុងខ្សែភាពយន្តបែបឧក្រិដ្ឋកម្មរឿង “Destroyer” ជាភាពយន្ត​ឈរដែលនៅលំដាប់​កំពូលសម្រាប់កម្មវិធី Big Little Lies នៃបុស្តិ៍ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក HBO។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី12 ខែធ្នូ ឆ្នាំ2017នេះ។

    តារាស្រីដែលទទួលបានពានរង្វាន់របស់ Academy រូបនេះ តែងតែតុបតែងខ្លួនបែបសក់ពណ៌​មាស និងរាងសំពីងសំពោង រួមជាមួយអាវធំដែលមិនសមនឹងតួខ្លួន ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈជាតួអង្គនៅក្នុង​ខ្សែភាពយន្តរឿង KarynKusama។ ការតែងខ្លួនដ៏ចម្លែក រួមទាំងខោខូវប៊យហៀរកែងជើងរបស់នាង អមជាមួយនឹងការផាត់មុខពណ៌ជាំខ្មៅៗផងនោះ មើលទៅដូចជាមនុស្សមានមុខជាំ និងភ្នែករូងខូងដ៏ស្គមកំព្រឹង និងល្ហិតល្ហៃម្នាក់។

    Nicole បានបញ្ជាក់ថា ការដែលអ្នកនាងតុបតែងខ្លួនបែបនេះ ក៏ព្រោះតែទទួលបានការគាំទ្រយ៉ាង​​ភ្លូកទឹក​ភ្លូកដីពីសំណាក់ទស្សនិកជនជុំវិញពិភពលោក ហេតុដូច្នេះហើយទើបនាងរីករាយក្នុងការបង្ហាញអាការ និងតុបតែងរាងកាយបែបនេះ នៅក្នុងឱកាសសំខាន់ៗ ជាពិសេសកម្មវិធីទទួលពានរង្វាន់​ដែលមានតារាល្បីៗជាច្រើនរូបចូលរួម ហើយក៏នឹងបន្តធ្វើខ្លួនបែបនេះ នៅពេលដើរទៅណាមកណា​ជាមួយមិត្តភ័ក្តិទៀតផង៕

  • PSG ពេញចិត្ត​នឹង​ឱកាស​ទៅ​ជួប Real ខណៈ Chelsea ជួប Barca ក្នុង Champions League

    PSG ពេញចិត្ត​នឹង​ឱកាស​ទៅ​ជួប Real ខណៈ Chelsea ជួប Barca ក្នុង Champions League

    លោក Unai Emery គ្រូបង្វឹក​របស់​ក្រុម Paris Saint-Germain ជឿជាក់ថា ក្រុម​របស់​លោកមា​នស​ម​ត្ថ​ភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ក្រោយពី​ក្រុម​ទាំងពីរ​ត្រូវបាន​ចាប់ឆ្នោត​ឲ្យ​ជួបគ្នា​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ចន្ទ។

    ក្រុម​ទាំងពីរ​នឹងត្រូវ​ជួប​ប្រកួត​គ្នា​ក្នុង​វគ្គ16ក្រុម​ចុងក្រោយ ដែល​មិនមែនជា​ជំនួប​ដែល​ក្រុម PSG ចង់បាន​ឡើយ ក្រោយពី​បានឈ្នះ​លេខ1ក្នុង​ពូ​ល ដោយ​ឈរ​ពីលើ​ក្រុម Bayern Munich។ ក្រុម Real ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក2សម័យកាល និង​ជា​ម្ចាស់​ជើងឯក12សម័យ​កាលបើ​សរុប​ទាំងអស់ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 បន្ទាប់ពី​ក្រុម Tottenham Hotspur ក្នុង​ពូ​ល​របស់​ពួកគេ ហើយនឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ក្រុម PSG នា​ថ្ងៃទី14 ខែកុម្ភៈ ក្នុងការ​ប្រកួត​ជើង​ទី1។

    លោក Emery បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា វា​មិនមែនជា​ការចាប់​ឆ្នោត​ដ៏​អាក្រក់​មួយ​ឡើយ។ ខ្ញុំ​គិតថា យើង​កំពុងតែ​ស្ថិតក្នុង​កម្រិត​លេង​ដែល​យើង​អាច​លេង​ជាមួយនឹង​ក្រុម Real Madrid បាន។ វា​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​យើង»។ ដោយឡែក ក្រុម Chelsea ត្រូវតែ​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​ទម្លាក់​ក្រុម​ម្ចាស់​ជើងឯក5សម័យកាល Barcelona ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ឱ្យបាន ស្រប​ពេលដែល​ក្រុម Tottenham ក៏​នឹងត្រូវ​ជួប​ការប្រកួត​ដ៏​តានតឹង​មួយ​ផងដែរ ដោយ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​រងជើង​ឯកកាល​ពីលើ​ក​មុន Juventus។

    ប៉ុន្តែ ក្រុម Manchester City នឹងត្រូវ​ជួប​ការប្រកួត​ដ៏​ងាយស្រួល​មួយ នៅពេលដែល​ពួកគេ​ត្រូវបាន​ចាប់ឆ្នោត​ឲ្យ​ជួប​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​របស់​ស្វ៊ី​ស Basel ខណៈដែល Liverpool ទៅ​ជួប Porto។ ក្រុម Manchester United ក៏​នឹង​ជួប​ការប្រកួត​ដ៏​ងាយស្រួល​ផងដែរ ដោយ​ពួកគេ​នឹងត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម Sevilla ដើម្បី​ប្រជែង​កៅអី​ទៅ​វគ្គ8ក្រុម​ចុងក្រោយ៕

    លទ្ធផល​ទាំងស្រុង​នៃ​ការចាប់​ឆ្នោត

    Juventus vs Tottenham Hotspur

    Basel vs Manchester City

    Porto vs Liverpool

    Sevilla vs Manchester United

    Real Madrid vs Paris St Germain

    Advertisement

    Shakhtar Donetsk vs AS Roma

    Chelsea vs Barcelona

    Bayern Munich vs Besiktas

    ប្រភពពី៖ The Guardian

  • កញ្ញា សុខ សីឡាលីន គ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា

    កញ្ញា សុខ សីឡាលីន គ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា

    កន្លង​មក​មាន​ការ​ជជែក​គ្នា​យ៉ាង​ផុលផុស​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ទាំង​នៅ​កម្ពុជា និង​ថៃ ជុំវិញ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ល្ខោន​ពាក់​ស្រោមមុខ​ដែល​ខ្មែរ​ហៅ​ថា “ល្ខោនខោល” និង​ថៃហៅ​ “ខូន” ក្រោយ​ពេលដែល​ថៃ គ្រោង​ដាក់​ល្ខោន​ខូនរបស់​ខ្លួនដែល​មាន​ទម្រង់​ស្រដៀង​គ្នា​នឹង​ល្ខោនខោល​របស់​កម្ពុជាចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គកាយូណេស្កូ។ នៅក្នុងនោះដែរកម្ពុជាក៏បានធ្វើការស្នើសុំឱ្យមានការដាក់បញ្ជូលរបាំល្ខោនខោលរបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងមនុស្សជាតិដូចគ្នា។

    ថ្មីៗនេះ ស្រាប់តែតារាចម្រៀងខ្មែរប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ សីឡាលីន បានគ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយអំពីល្ខោនខោលខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់ និងដឹងច្បាស់ពីកេរដំណែលដ៏មហស្ចារ្យដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅ។

    តាមរយៈសមាជិកក្រុមយុវជនល្ខោនខោលកម្ពុជា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mo KhonChansithyka បានបញ្ជាក់ឱ្យដឹងដែរថា «ក្រុមយុវជនល្ខោនខោលកម្ពុជា មានកិត្តិយសប្រកាសជាផ្លូវការថា កញ្ញា សុខ សីឡាលីន តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស គឺជាទូតសុឆន្ទៈរបស់ពួកយើង។ ដោយហេតុគាត់បានចូលរួមជួយផ្សព្វផ្សាយព័ត៌មានអំពីពួកយើងតាំងពីកម្មវិធីដំបូងនៃការកកើតក្រុមយុវជនល្ខោនខោលកម្ពុជា និងបន្តមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានឧបត្ថម្ភរាល់កម្មវិធីសម្តែងរបស់ពួកយើងផងដែរ!។ នេះជាការយល់ព្រមដោយបេះដូងស្រឡាញ់សិល្បៈវប្បធម៌ និងរួមចំណែកក្នុងការផ្សព្វផ្សាយល្ខោនខោល ជាមួយយុវជនល្ខោនខោលកម្ពុជា!។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា។ វត្តមាននេះគឺពិតជាមានតម្លៃណាស់»។

    គួររំឭកផងដែរថា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា ក៏​ធ្លាប់បានថ្លែងដែរ​ថា រវាង​ការ​ស្នើ​សុំ​ដាក់​បញ្ចូល​ល្ខោនខោល​ខ្មែរ និង​ល្ខោន​ខូន​របស់​ថៃ ពុំ​បាន​ប៉ះពាល់​ដល់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នោះ​ទេ ហើយកាល​ពី​ថ្ងៃ​ទី​30 ខែ​វិច្ឆិកា ឆ្នាំ2016នោះ ក្រសួង​បាន​ដាក់​ចាប៉ី​ដង​វែង​ខ្មែរចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ។ ក្រៅពី​ល្ខោនខោល កម្ពុជា​ក៏​គ្រោង​រៀបចំ​ឯកសារ​ផ្សេង​ទៀត ស្នើ​ទៅ​អង្គការ​យូណេស្កូ ដាក់​បញ្ចូល​ភ្លេង​អារក្ស តម្បាញ​សូត្រ​ខ្មែរ​ជាដើម ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិផងដែរ៕

  • តារាចម្រៀង Step ទទួលសញ្ញាបត្រអនុបណ្ឌិតនៅអូស្ត្រាលី

    តារាចម្រៀង Step ទទួលសញ្ញាបត្រអនុបណ្ឌិតនៅអូស្ត្រាលី

    នៅថ្ងៃទី12 ខែធ្នូ ឆ្នាំ2017 នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់បងប្រុសតារាចម្រៀង Step គឺលោក សុខ សិរីវឌ្ឍនា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញអំពីការទទួលសញ្ញាបត្រអនុបណ្ឌិតនៅប្រទេសអូស្ត្រាលី របស់ប្អូនប្រុសរបស់លោក។

    ដោយឡែកប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា ​​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាសរូបនេះ ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​ ​នៅ​សាកល​វិទ្យាល័យ Charles Sturt University ដោយ​ទើប​តែ​ព្រឹក​មិញ​នេះប៉ុណ្ណោះ​ដែល​លោក​បាន​ទៅ​ទទួល​សញ្ញា​បត្រ​ដោយ​ផ្ទាល់​នៅប្រទេសអូស្ត្រាលី។ លោកសុខ សិរីវឌ្ឍនា បានបញ្ជាក់ផងដែរថា «ពេលឃើញប្អូនទទួលសញ្ញាបត្រអនុបណ្ឌិត ក្នុងចិត្តបងត្រេកអរឡើងចង់ហោះ។ អបអរសាទរប្អូនប្រុស ដែលទទួលបានសញ្ញាបត្រអនុបណ្ឌិតនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី12-12-2017»។

    គួរបញ្ជាក់ផងដែរថា នៅក្នុងរូបថតជាច្រើនសន្លឹកនៅលើហ្វេសប៊ុករបស់បងប្រុសតារាចម្រៀង Step គេសង្កេតឃើញមាន បងប្រុស ម្ដាយ និងឪពុករបស់លោកបានចូលរួមសម្ដែងក្ដីត្រេកអរចំពោះកូនប្រុសដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ៕

  • Samsung Galaxy S9 ទំនង​មិន​ប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​ឡើយ

    Samsung Galaxy S9 ទំនង​មិន​ប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​ឡើយ

    ចិន៖ នៅ​សប្ដាហ៍​មុន មាន​ព័ត៌មាន​លេចឮ​មក​ថា ក្រុមហ៊ុន Samsung កំពុង​សំងំ​បង្កើត​បច្ចេកវិទ្យា​ថ្មី​គឺ​ស្គែ​ន​បាតដៃ​ដើម្បី​ចាក និង​ដោះ​សោ ប៉ុន្តែ​នៅពេលនេះ សារព័ត៌មាន​ចិន បានចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​ទាក់ទង​នឹង​ស្មា​ត​ហ្វូ​ន Galaxy S9 របស់ Samsung។

    យោងតាម​ការចេញផ្សាយ​របស់​បណ្ដាញ​សង្គម Weibo បាន​ឲ្យ​ដឹងថា Samsung Galaxy S9 គឺ​ប្រើ​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​ដដែល ពោលគឺ​មិនបាន​ផ្លាស់ប្ដូរ​ទៅប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​ឡើយ ដោយ​វា​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង Galaxy S8។ បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នេះ ត្រូវបាន Weibo បញ្ជាក់ថា អ្នក​ប្រើ​គ្រាន់តែ​យក​ម្រាមដៃ​ទៅ​ដា​ក់នៅ​ពីមុខ​កាមេរ៉ា​ក្រោយ​របស់​ទូរស័ព្ទ ពេលនោះ​កាមេរ៉ា នឹងធ្វើ​ការ​ស្គែ​ន​នូវ​ម្រាមដៃ​ដើម្បី​ផ្ទៀ​ត​ផ្ទាត់។

    ជាមួយគ្នា​នោះ​ផងដែរ សារព័ត៌មាន GSM Arena បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ នឹងមិន​បង្ហាញ Samsung Galaxy S9 នៅក្នុង​ព្រឹត្តិការណ៍ CES 2018 នៅ​ទីក្រុង Las Vegas ឡើយ៕

  • បុរសម្នាក់ព្យាយាមថតសែលហ្វ៊ីលើអគារខ្ពស់រកលុយរៀបការ តែភ្លាត់ស្នៀត…

    បុរសម្នាក់ព្យាយាមថតសែលហ្វ៊ីលើអគារខ្ពស់រកលុយរៀបការ តែភ្លាត់ស្នៀត…

    បើតាមរយៈសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនៅថ្ងៃទី12 ខែធ្នូ មុននេះប​ន្ដិចបានឱ្យដឹងថា នេះពិតជាវិនាទីដ៏គួរឱ្យស្រៀវឆ្អឹងខ្នង និងរន្ធត់ព្រលឹងខ្លាំងណាស់ ដែលបុរសម្នាក់មានឈ្មោះថា Wu Yong Ning ជាតារាសម្ដែង និងមានឈ្មោះល្បីខាងផ្នែកថតសែលហ្វ៊ីបែបប្លែកៗពីលើអគារខ្ពស់ៗ មានវ័យ​26 ឆ្នាំ បានភ្លាត់ស្នៀតធ្លាក់ពីលើអគារកម្ពស់ 62 ជាន់ស្លាប់ភា្លមៗ ខណៈដែលលោកកំពុងព្យាយាមថតសែលហ្វ៊ីជារូបភាពវីដេអូ ដើម្បីបង្ហោះរកលុយរៀបមង្គលការជាមួយមិត្តស្រី។

    គួរបញ្ជាក់ផងដែរថា មិត្តស្រីរបស់បុរសម្នាក់នេះឈ្មោះ JinJin បានបង្ហើបឱ្យដឹងថា លោក Wu Yong Ning  បានព្យាយាមតាំងចិត្តសន្សំប្រាក់ឱ្យគ្រប់ 8 ម៉ឺនយ័ន ដែលបានពីការសម្ដែងនៅក្នុងឃ្លីបវីដេអូដែលលោកថត ដើម្បីយកមកសុំនាងរៀបការ ក៏ប៉ុន្ដែជាអកុសលលោកត្រូវបានបញ្ចប់ជីវិតយ៉ាងគួរឱ្យរន្ធត់ និងតក់ស្លុតបែបនេះទៅវិញ។ គួររំឭកផងដែរថា បុរសខាងលើនេះមុនពេលបាត់បង់ជីវិត លោកធ្លាប់បានថត និងបង្ហោះវីដេអូចំនួន 300 ឃ្លីប នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ដែលអាចធ្វើការ Live Stream ( ផ្សាយផ្ទាល់​) និងរកប្រាក់បានចំនួន 55,000 យ័នរួចមកហើយ៕

    https://youtu.be/NMN4986slUA