Category: សង្គម និងសេដ្ឋកិច្ច

  • ការសិក្សា 2ជំនាញ មិន​ដូច​ការសិក្សា 2មហាវិទ្យាល័យ​នោះទេ

    ការសិក្សា 2ជំនាញ មិន​ដូច​ការសិក្សា 2មហាវិទ្យាល័យ​នោះទេ

    មនុស្ស​ពូកែរៀន និង​មនុស្ស​រៀន​ពូកែ​មិន​ដូចគ្នា​នោះទេ ដោយ​មនុស្ស​មួយចំនួន​ខំ​សិក្សា​ខ្លាំង​ជ្រុល​រហូត​ធ្វើឱ្យ​ខ្លួនឯង​មិនអាច​រីកចម្រើន​បាន តែម​នុស្ស​មួយចំនួនទៀត​បាន​រក​ឃើញ​នូវ​វិធីសាស្ត្រ​សម្រួច​គោលដៅ​របស់ខ្លួន​បាន​យ៉ាង​ល្អ​ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព និង​ភាពជោគជ័យ​ក្នុង​ជីវិត។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មានការ​លើកឡើងថា កុំ​សិក្សា 2មហាវិទ្យាល័យ​ក្នុងពេល​តែមួយ ព្រោះថា​ការសិក្សា​បែបនេះ​អាចធ្វើឱ្យ​ពួកគេ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ស្វែងរក​បទពិសោធ តែ​គួរ​សិក្សា2ជំនាញ​ទៅវិញ​ដើម្បី​ក្លាយជា​អ្នក​ដែលមាន​គំនិត​អភិវឌ្ឍន៍​ឆ្ពោះទៅរក​ជោគជ័យ​ក្នុង​ជីវិត​ការងារ។

    មនុស្ស​ជាច្រើន​ប្រហែលជា​គិតថា សិក្សា2មហាវិទ្យាល័យ និង​ការសិក្សា2ជំនាញ​ដូចគ្នា តែបើ​គិត​ឱ្យបាន​ស៊ីជម្រៅ​បន្តិច​យើង​នឹង​ឃើញថា វា​ស្ទើរតែ​ដូច តែ​មិន​ដូច​នោះទេ។ ការសិក្សា 2មហាវិទ្យាល័យ​ចាំបាច់​ត្រូវតែ​ជ្រើសរើស 2ជំនាញ​តែ​ការសិក្សា 2ជំនាញ​មិន​ប្រាកដថា​សិក្សា 2មហាវិទ្យាល័យ​នោះទេ។

    ជាការ​ពិតណាស់​ការធ្វើ​ការងារ​មួយ​ជោគជ័យ វា​ទាមទារ​ឱ្យមាន​ចំណេះដឹង​ជា​មូលដ្ឋាន​ច្រើន មិនមែន​សិក្សា​តែមួយ​ជំនាញ​គោល​គ្រប់គ្រាន់​នោះទេ។ បើសិន​អ្នក​ចង់​ក្លាយជា​អ្នកការទូត​ពូកែ អ្នក​ត្រូវតែ​ចេះ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ផង ភាសាបរទេស​ផង តែបើ​ចង់​ក្លាយជា​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម ក៏ត្រូវ​ការជំនាញ​ពាណិជ្ជកម្ម​ជា​គោល​និង​ច្បាប់​ជាច្រើន​ផ្សេងទៀត​ដែរ ហើយ​ដើម្បី​សម្រេច​គោលដៅ​បានល្អ​លុះត្រាតែ​យើង​បំពេញបាន​នូវ​ចំណេះដឹងសំខាន់ៗទាំងអស់នោះ ដែល​លើស​ពីមួយ។

    ត្រង់ចំណុច​នេះហើយ​ដែល​និស្សិត​ជាច្រើន​នៅ​កម្ពុជា មានការ​យល់ច្រឡំ ហើយ​សិក្សា​លើ​មហាវិទ្យាល័យ 2 ក្នុងពេល​តែមួយ​ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​ទៅវិញ ប្រសិនបើ​ពួកគេ​មិនអាច​គ្រប់គ្រង​បានល្អ។ ទោះជា​យ៉ាងនេះ​ក្តី មាន​និស្សិត​មិនតិច​ទេ​ដែល​ជោគជ័យ​ក្នុង​ជីវិត​បន្ទាប់ពី​បញ្ចប់​ការសិក្សា 2មហាវិទ្យាល័យ​ក្នុងពេល​តែមួយ តែ​ជាទូទៅ​អ្នកជំនាញសំខាន់ៗ ដោយ​រួមទាំង​អ្នក​ធ្លាប់​សិក្សា 2មហាវិទ្យាល័យ​ផង​នោះ បាន​ណែនាំ​មនុស្ស​ជាច្រើន​ផ្សេងទៀត​ឱ្យ​សិក្សា​តែ1មហាវិទ្យាល័យ​បាន​ហើយ ដើម្បី​មាន​ពេលវេលា​ច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​លើ​ផ្នែក​ដែល​ខ្វះខាត។

    ការសិក្សា​តែ 1មហាវិទ្យាល័យ អាចធ្វើឱ្យ​និស្សិត​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ហាត់​ការ​នៅក្នុង​ស្ថាប័ន​ដែល​គេច​ង់​ធ្វើ និង​ស្វែងរក​បទពិសោធ មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ពី​មេរៀន​ដែល​គេ​សិក្សា​បានល្អ និង​អាចមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​ចំណេះដឹង​ជាច្រើន​ផ្សេងទៀត​ដែលជា​តម្រូវការ​របស់​ជំនាញ។

    តែ​ទោះបីជា​យ៉ាងណា​ការសិក្សា​តែមួយ​មហាវិទ្យាល័យ ក៏​មិន​ប្រាកដថា​ល្អ​ទាំងស្រុង​នោះដែរ​ប្រសិនបើ​ពួកគេ​គ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ ព្រោះ​ជាទូទៅ​ការគ្រប់គ្រង​ខ្លួនឯង មិនមែន​ងាយស្រួល​នោះទេ​សម្រាប់​យុវវ័យ​ដែល​កំពុងតែ​ចង់​ស្វែង​រករឿងថ្មីៗសម្រាប់​ជីវិត។ មាន​និស្សិត​ជាច្រើន​បាន​យក​លេស​ថា ទុកពេល​ឱ្យ​ច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ដោយ​ផ្តោតលើ​ការសិក្សា​មុខវិជ្ជា​មួយ​ឱ្យបាន​ច្បាស់លាស់ តែ​អ្វីដែល​គាត់​ធ្វើ​ពិតប្រាកដ​គឺ​គាត់​យក​ពេលវេលា​ដែល​សល់​ពី​ការសិក្សា​ដើម្បី​ធ្វើ​រឿង​ជាច្រើន​ដែល​មិនមាន​ប្រយោជន៍ ហើយ​បណ្តោយឱ្យ​ការសិក្សា​ត្រូវបាន​បញ្ចប់​ទៅដោយ​មិនមាន​ទាំង​បទពិសោធ និង​គ្មាន​គុណភាព។

    ជាទូទៅ​ជា​ជម្រើស​ល្អ​សម្រាប់​ការសិក្សា​តែមួយ​មហាវិទ្យាល័យ​ឱ្យបាន​ល្អ និស្សិត​គួរ​កុំ​ទុក​ពេលវេលា​ដែល​នៅសល់​ច្រើន​ដើម្បី​ធ្វើ​រឿង​គ្មាន​ប្រយោជន៍ ព្រោះ​ពួកគេ​មាន​ជម្រើស​ច្រើនណាស់​សម្រាប់ធ្វើ​ការងារ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឆ្ពោះទៅរក​ភាពជោគជ័យ​លើ​អាជីព​នា​ថ្ងៃ​អនាគត។

    និស្សិត​អាច​សិក្សា​ជំនាញ​បន្ថែម តែ​មិនមែន​មានន័យថា​ត្រូវតែ​សិក្សា​មហាវិទ្យាល័យ​មួយ​ផ្សេងទៀត​នោះទេ។ ដូចដែល​ឧទាហរណ៍​ខាងដើម ដើម្បី​ជោគជ័យ​ក្នុងការ​សិក្សា និង​អាជីព គឺ​ត្រូវមាន​ជំនាញ​បន្ថែម​ជាច្រើន​ក្រៅពី​ជំនាញ​គោល​នៅ​មហាវិទ្យាល័យ ហេតុនេះ​ការសិក្សា​ជំនាញ​ភាសា ជំនាញ​ទំនាក់ទំនង និង​ជំនាញ​គួបផ្សំ​ជាច្រើន​ទៀត គឺ​សុទ្ធតែជា​ជម្រើស​ល្អ​បំផុត​សម្រាប់​នាំ​អ្នក​ទាំងអស់គ្នា​ឱ្យ​សម្រេច​គោលដៅ។ ម្យ៉ាងវិញទៀត ការសិក្សា​ជំនាញផ្សេងៗពី​គ្រឹះស្ថានសិក្សា​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​អាចធ្វើឱ្យ​និស្សិត​ទទួលបាន​នូវ​ចំណេះដឹង​ជាច្រើន​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកគ្រប់គ្រង នៅពេល​គាត់​ដាក់ពាក្យ​ធ្វើការ​ងារ៕

  • Man City បង្កើត​កំណត់ត្រា​ឈ្នះជាប់ៗគ្នា ខណៈ Lukaku សង្គ្រោះ Man United

    Man City បង្កើត​កំណត់ត្រា​ឈ្នះជាប់ៗគ្នា ខណៈ Lukaku សង្គ្រោះ Man United

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល David Silva បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម Manchester City ដែល​កំពុង​នាំមុខ​ដាច់​លើ​តារាង​ក្របខ័ណ្ឌ Premier League បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-០ នៅលើ​ទឹកដី​ក្រុម Swansea City កាលពី​ថ្ងៃ​ពុធ ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​នៃ​ការ​ឈ្នះជាប់ៗគ្នា​ក្នង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី15ជាប់ៗគ្នា។

    ក្រុម​របស់លោក Pep Guardiola ទើបតែ​បានទទួល​ជ័យជម្នះ 2-1 លើ​ក្រុម​ឈរ​លេខ2 Manchester United កាលពី​ថ្ងៃអាទិត្យ ដោយ​យកឈ្នះ​បាន​យ៉ាង​ស្រួល​នៅ​កីឡដ្ឋាន Liberty ដើម្បី​បំបែក​កំណត់ត្រា​នៃ​ការ​ឈ្នះជាប់ៗគ្នា​ចំនួន14លើក​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម Arsenal កាលពី​ឆ្នាំ2002។ លោក Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City បាន​ឲ្យ​ដឹងថា៖ «ការដណ្តើម​បាន​ជ័យជម្នះ15លើកជាប់ៗគ្នា  ផ្តល់​ឲ្យ​យើង​នូវ​ការជឿជាក់​ជាច្រើន។ ប្រសិនបើ​មាន​មនុស្ស​ជាច្រើន​រីករាយ​ក្នុង​ការមើល​ការប្រកួត​របស់​យើង ជ័យជម្នះ​នោះ​គឺជា​កាដូ​ដ៏​ល្អ​បំផុត»។

    Man City នៅតែ​រក្សា​ការនាំ​មុខ11ពិន្ទុ​លើ​ក្រុម Man United ហើយ​បច្ចុប្បន្ន​បាន​ស៊ុត​បាល់​បញ្ចូល​ទី52គ្រាប់ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក17លើក​របស់​ពួកគេ ដើម្បី​ពង្រឹង​ការធ្វើដំណើរ​របស់​ពួកគេ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន។ ស្របពេល​ជាមួយគ្នានេះ ក្រុម Man United បាន​ស្តារ​មុខមាត់​ពី​ការ​ចាញ់​ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ តាមរយៈ​ការ​ផ្តួល​ក្រុម Bournemouth ក្នុង​លទ្ធផល 1-០ ខណៈដែល​ការ​ភ្លាត់ស្នៀត​របស់​ក្រុម Liverpool និង Arsenal បានធ្វើ​ឲ្យ​ក្រុម Tottenham Hotspur ឡើងទៅ​ឈរ​លេខ4 តាមរយៈ​ការ​ផ្តួល​ក្រុម Brighton & Hove Albion ក្នុង​លទ្ធផល 2-។ ខ្សែប្រយុទ្ធ Romelu Lukaku បា​នរក​គ្រាប់​បាល់​កាត់សេចក្តី ខណៈដែល Man United បាន​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ​តាមរយៈ​ការ​ផ្តួល​ក្រុម Bournemouth៕

    ប្រភពពី៖ Sport24

  • រឿង​ដែល​ស្ត្រី​គួរ​ដឹង…តើ​រាងកាយ​ស្ត្រី​មានគភ៌​ផ្លាស់ប្ដូរ​យ៉ាងណាខ្លះ​ក្នុង​រយៈពេល 9ខែ?

    រឿង​ដែល​ស្ត្រី​គួរ​ដឹង…តើ​រាងកាយ​ស្ត្រី​មានគភ៌​ផ្លាស់ប្ដូរ​យ៉ាងណាខ្លះ​ក្នុង​រយៈពេល 9ខែ?

    ដំបូងបង្អស់ សូម​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​អនាគត​អ្នក​ម្ដាយ​ដែល​កំពុង​តាំង​គភ៌​ក្នុងខណៈ​ពេលនេះ។ ស្ត្រី​ជាច្រើន​នាក់​នៅពេល​ដឹងថា ខ្លួនឯង​ចាប់ផ្ដើម​តាំង​គភ៌​ហើយ តែង​អត់​មិន​នឹក​សង្ស័យ​មិនបាន​ឡើយ​ថា តើ​រាងកាយ​របស់ខ្លួន​នឹង​ចាប់ផ្ដើម​ប្រែប្រួល​នៅពេលណា? ក្បាលពោះ​នឹង​ប៉ោង​ធំ​នៅពេលណា? សាច់​ស្បែក សម្បុរ-សម្បក​នឹង​ប្រែប្រួល​ដូចដែល​អ្នក​ឯទៀត​គេ​ធ្លាប់​ប្រាប់​ឬ​អត់? ដូច្នេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា តើ​អ្វីខ្លះ​ដែល​នឹង​ប្រែប្រួល​យ៉ាង​មើលឃើញ​ច្បាស់​ក្នុងអំឡុងពេល​តាំង​គភ៌​បន្ត​ពី​ពេលនេះ​តទៅ​ដូចខាងក្រោម​នេះ។

    ទម្ងន់​ខ្លួន

    ស្ត្រី​មានគភ៌​នឹងមាន​ទម្ងន់​ខ្លួន​កើនឡើង​ប្រមាណ​ជា10ដល់12គីឡូក្រាម​រហូត​មួយ​រយៈពេល​មានគភ៌ គឺ​នឹង​កើន​ឡើងជាបណ្ដើរៗ ដូចតទៅ​នេះ ៖

    – ត្រីមាស​ដំបូង ឬ3ខែ​ដំបូង៖ ភាគច្រើន​មិនសូវ​ប្រែប្រួល​ច្រើន​ឡើយ។ អ្នកខ្លះ​អាច​នឹង​ថយចុះ​ទៅវិញ​ទៀតផង ព្រោះ​ស្ថិតក្នុង​អំឡុងពេល​ចាញ់កូន ឬ​បើ​កើនឡើង​ក៏​មិន​លើស2គីឡូក្រាម​ដែរ ហើយ​រឹតតែ​មានគភ៌​កូន​ដំបូង​ផង​នោះ​រឹតតែ​មើល​មិនដឹងថា កំពុង​មានគភ៌​ទៀតផង។

    – ត្រីមាស​ទី2 តាំងពី4ខែ​ឡើងទៅ៖ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ក្នុង​មួយអាទិត្យ​ប្រមាណ​ជា 1/2គីឡូក្រាម ឬ​ក្នុង​មួយខែ 2គីឡូក្រាម។ ពេលនេះ​លែង​ជា​អាថ៌កំបាំង​ទៀតហើយ ដោយសារតែ​ចាប់ពី​ខែ​ទី5នេះ​ទៅ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ក្នុង​មួយខែ1 – 2គីឡូក្រាម​ហ្នឹងឯង។

    – លុះដល់​ខែ​ទី6 ឡើងទៅ និង​កំពុង​ឈាន​ចូលដល់​ត្រីមាស​ទី3៖ ពេលនេះ​ទម្ងន់​ខ្លួន​អាច​នឹង​កើនឡើង​ក្នុង​មួយខែ2 – 3 គីឡូក្រាម (ចង់​លាក់​រឿង​មាន​ផ្ទៃពោះ​ទៀត​យ៉ាង​មេច​នឹង​បាន បើ​ក្បាលពោះ​ប៉ោង​ឡើង​គ្រប់​តែ​ពេល​យ៉ាង​នេះនោះ)។

    ទំហំ​របស់​ស្បូន និង​ក្បាលពោះ

    រឹតតែ​អនាគត​អ្នក​ម្ដាយ​មាន​អាយុ​គភ៌​ច្រើនឡើង​ប៉ុនណា ក្បាលពោះ​ក៏​នឹង​រឹតតែ​រីកធំឡើង​ដែរ ដោយ​ខណៈពេល​តាំង​គភ៌​ក្រោយ3ខែ អនាគត​អ្នក​ម្ដាយ​អាច​នឹង​ស្ទាប​ប៉ះ​ដុំ​សាច់​អ្វី​ម្យ៉ាង​រឹង​ទល់​ឡើង​នៅ​ម្ដុំ​ថ្ងាស(ក្បាលពោះ​ផ្នែក​ក្រោម​ផ្ចិត) នោះ​គឺ ស្បូន​ដែល​រីកធំឡើងសន្សឹមៗពី​ប្រឡោះ​ឆ្អឹងត្រគាក រហូតដល់​ចំណុច​ផ្ចិត។ លុះដល់​ខែ​ទី7 – 9 ចុង​កំពូល​ស្បូន​ក៏​នឹង​ឡើង​មកដល់​ចំណុច​ចុងដង្ហើម។ អំឡុងពេល​នេះឯង​ដែល​ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​ថា ទើស​ទែង និងថប់ៗនោះ។

    – មុនពេល​តាំង​គភ៌ ស្បូន​មាន​ទំហំ​ប៉ុន​ផ្លែ​ជម្ពូ

    – ពេល​អាយុ​គភ៌ 12សប្ដាហ៍ ស្បូន​នឹងមាន​ទំហំ​ប៉ុន​ផ្លែ​ក្រូចថ្លុង

    – ពេល​អាយុ​គភ៌ 22សប្ដាហ៍ ស្បូន​នឹងមាន​ទំហំ​ប៉ុន​បាល់ទាត់

    – ពេល​អាយុ​គភ៌ 36សប្ដាហ៍ ពោះ​នឹង​រុញ​ខ្ពស់​ឡើងទៅ​ជិត​ដល់​ឆ្អឹង​ដើមទ្រូង។

    ខណៈពេល​តាំង​គភ៌ ស្បូន​របស់​ស្ត្រី​មានគភ៌​រីកធំឡើង​ខ្លាំង ដើម្បី​ឱ្យមាន​ទីកន្លែង​សម្រាប់​ទារក​ដែល​កំពុង​ចម្រើន​ធំធាត់​ឡើង។ នៅ​ខាងក្នុង​ស្បូន​ប្រកបដោយ​សាច់ដុំ​មួយ​ប្រភេទ​ហៅថា​សាច់ដុំ​រាប។ អ័រម៉ូន​ផូ​ជេ​ស្ទើ​រ៉ូ​ន នឹង​ធ្វើឱ្យ​សាច់ដុំ​រាប​បន្ធូរ​ខ្លួន និង​ធ្វើឱ្យ​យឺត​យារ​បាន​កាន់តែខ្លាំង​ឡើង ដូច្នេះហើយ​ទើប​វា​អាច​ពង្រីក​ខ្លួន​បាន​ដោយ​ងាយ។

    ស្បែកក្បាល​ពោះ​ឡើង​សង្វារ

    ជា​រឿង​សំខាន់ និង​ជា​រឿង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​កង្វល់​ចិត្តខ្លាំង​ជាងគេ។ បើសិន​ឃើញថា ស្បែក​នៅ​ម្ដុំ​ក្បាលពោះ​យឺត​រីក​ស្រដៀង​ចង់​ប្រេះ​បែក​នោះ គេ​ហៅថា សង្វារ​ពោះ។ វា​នឹងមាន​លក្ខណៈ​ស្រដៀង​ជា​ខ្សែឆ្នូតៗពណ៌ផ្កាឈូកៗ ឬ​អាច​នឹងមាន​ពណ៌​ស្រគាំខ្លះៗនៅលើ​ក្បាលពោះ ត្រគាក គល់ភ្លៅ សុដន់ ឬ​ជើង​ផ្នែក​ខាងលើ។ ចំណែក​ការណែនាំ​គឺ ចូរ​លាប​ឡេ​ថែបំប៉ន​ស្បែក​ដែល​គ្មាន​ចំណែក​លាយ​ផ្សំ​របស់​សារធាតុ​វ៉ៃ​ថេ​ន​នី​ង។ លាប​តាំងពី​ចាប់ផ្ដើម​ដឹងថា ខ្លួន​តាំង​គភ៌​តែម្ដង ឬក៏​ប្រើ​ឡេស​ម្រា​ប់​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ជាពិសេស ឬ​ប្រើ​ផលិតផល​ពី​ធម្មជាតិ ដូចជា​ប្រេងដូង​ក៏​ល្អ​ម្យ៉ាងដែរ ស្បែក​នឹង​បាន​ស្រស់ថ្លា និង​មាន​សុវត្ថិភាព​ពីសារ​ធាតុគីមី​ទៀតផង។

    សុដន់​រីក​ធំ

    ស្ត្រី​មានគភ៌​នឹង​ចាប់ផ្ដើម​សង្កេតឃើញថា ទំហំ​សុដន់​របស់ខ្លួន​នឹង​ចាប់ផ្ដើម​រីក​ធំ បន្ទាប់ពី​មាន​ផ្ទៃពោះ​បាន2ខែ​មក។ សរសៃឈាម​នៅ​នឹង​សុដន់​អាច​នឹង​រីកធំឡើង​រហូតដល់​មើ​ល​ឃើញច្បាស់។ ក្បាល​សុដន់​នឹង​រីក​ធំ និង​មាន​ពណ៌​ស្រគាំ។ អនាគត​អ្នក​ម្ដាយ​ខ្លះ​អាច​នឹងមាន​ដុំ​អ្វី​ម្យ៉ាងទល់ៗនៅក្រោម​ក្លៀក តែ​មិនបាច់​ភ្ញាក់ផ្អើល​ទេ ភាគច្រើន​នោះ​គឺជា​ការរីក​ធំធាត់​របស់​សុដន់ ដើម្បី​ត្រៀម​អ័រម៉ូន​ក្នុង​ការផលិត​ទឹកដោះ​ហ្នឹងឯង។ ដូច្នេះហើយ​ទើប​ទំហំ​របស់​សុដន់​អ្នក​រីកធំឡើង​ខ្លាំង ហើយនឹង​ចាប់ផ្ដើម​ផលិត​សារធាតុ​ដែល​ហៅថា ទឹកដោះ​លឿង តែ​នៅ​មិនទាន់​ផលិត​ទឹកដោះ​អ្វី​ទាំងអស់​រហូត​ទាល់តែ​ឆ្លងទន្លេ​ហើយ2 – 3ថ្ងៃ។

    រន្ធ​ស្បូន​ប្រែប្រួល

    ស្ត្រី​មានគភ៌​នឹងមាន​ទឹករំអិល និង​ធ្លាក់ស​កើនឡើង ដោយសារ​តែមាន​ការហូ​រ​វិល​របស់​លោហិត​ម​ក​ចិញ្ចឹម​ច្រើនជាង​ប្រក្រតី។ បើ​ធ្លាក់ស​មិន​ច្រើន អា​ចរាប់ថា ប្រក្រតី តែបើ​សិន​មាន​ធ្លាក់ស​មក​ច្រើន និង​មាន​អាការ​រមាស់ មាន​ពណ៌​ខុស​ប្រក្រតី ឬ​មាន​ក្លិន​មិនល្អ​វិញ​នោះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់។

    ហាម​ទិញ​ថ្នាំ​យកមក​សុល (ញាត់​ចូល) រន្ធ​ស្បូន​ដោយ​ខ្លួនឯង​ជាដាច់ខាត ព្រោះ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្លាំងណាស់ អាច​ហុច​ផល​អាក្រក់​ដល់​ទារក​ក្នុង​គភ៌​ថែម​ទៀតផង។ ដូច្នេះ ស្ត្រី​មានគភ៌​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួលយក​ការព្យាបាល​ដែល​ត្រឹមត្រូវ​ទើប​ជាការ​ប្រសើរ​បំផុត។

    ស្ត្រី​មានគភ៌ រាងកាយ​នឹងមាន​ការប្រែប្រួល​ច្រើនណាស់ ដើម្បី​សម្រួល​ឱ្យ​ស័ក្តិសម​នឹង​តម្រូវការ​របស់​ទារក និង​ភាព​ត្រៀម​ជាស្រេច​ក្នុងការ​ប្រសូត​បុត្រ។ ការប្រែប្រួល​ផ្លាស់ប្ដូរ​ទាំងអស់នេះ​កើតចេញពី​ការជំរុញ​របស់​សារធាតុ​គីមី​ដែល​ហៅថា អ័រម៉ូន​ដែល​នឹងត្រូវ​ដឹកជញ្ជូន​ទៅ​ទូទាំង​សារពាង្គកាយ​ដោយ​ឈាម តែ​អាការផ្សេងៗ មិនថាតែ​រឿង​សាច់​ស្បែក​ដែល​ប្រែប្រួល កើតមុន ជាំមុខ អាចម៍រុយ​នោះ  នឹង​រលុប​បាត់​ទៅវិញ​ជាបណ្ដើរៗនៅពេល​ឆ្លងទន្លេ​រួច។

    ដូច្នេះ​ចូរ​កុំទៅ​វិតក្ក​កង្វល់​ធ្វើ​អ្វី ត្រៀម​កាយ ត្រៀម​ចិត្ត​សម្រាប់​ចិញ្ចឹម​មើលថែទាំ​កូនតូច​ជាទី​ស្រឡាញ់​របស់​អ្នក​វិញ​ទៅ​ប្រសើរ​ជាង៕

  • ថ្ងៃនេះ រង្វង់​មូល​កាំ​កូ ប្រែ​មកជា​ស្តុ​ប​កាំ​កូ​ហើយ!!!

    ថ្ងៃនេះ រង្វង់​មូល​កាំ​កូ ប្រែ​មកជា​ស្តុ​ប​កាំ​កូ​ហើយ!!!

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី 14 ខែធ្នូ​នេះ ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់រ​ង្វ​ង់​មូល​កាំ​កូ ហាក់​មាន​អារម្មណ៍​ប្លែក ដោយសារតែ​រង្វង់​មូល​ត្រូវបាន​រំលាយចោល និង​ជំនួស​មកវិញ​នូវ​ភ្លើងស្ដុប ដែល​ចំណាត់ការ​នេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា​ធ្វើឡើង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍។

    កាលពី​ពាក់កណ្ដាល​ខែតុលា​កន្លង​ទៅនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​លុបចោលរ​ង្វ​ង់​មូល​កាំ​កូ និង​ដាក់ជំនួស​មកវិញ​ដោយ​ការដំឡើង​ភ្លើងស្ដុប។ ជាមួយគ្នា​នឹង​ការប្រកាស​លុប​រង្វង់​មូល​កាំ​កូ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​បង្ហាញ​នូវ​របៀប​ធ្វើ​ចរាចរណ៍​នៅពេល​ដាក់អោយ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពីពេល​កន្លងទៅ​ក៏បាន​លុបចោល​រង្វង់​មូល​ទួលគោក ដាក់ជំនួស​វិញ​ដោយ​ភ្លើងស្តុប​ផងដែរ។ ចំណាត់ការ​នេះ បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ទីតាំង​នោះ និង​ទទួល​បានការ​សារ​ទ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ៕

  • កំណើនសេដ្ឋកិច្ច​ថេរ តើ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​អ្វីខ្លះ?

    កំណើនសេដ្ឋកិច្ច​ថេរ តើ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​អ្វីខ្លះ?

    ប្រទេស​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ជា​មធ្យម 7.6% ចាប់ពី​ឆ្នាំ 1994 ដល់​ឆ្នាំ2015 ហើយ​បាន​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ2015 និង​កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​មក​នៅត្រឹម 6.9%នៅ​ឆ្នាំ2017 នេះ។ កំណើន​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការនាំចេញ​ទំនិញ និង​សេវាកម្ម (ភាគច្រើន​សម្លៀកបំពាក់ និង​ទេសចរណ៍) ដែល​កើន​ឡើងជា​មធ្យម19.6%ក្នុង​មួយឆ្នាំ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក។

    របាយការណ៍​បង្ហាញថា វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល 2 ទសវត្សរ៍​កន្លងមក​នេះ ដោយបាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ 3.6លាន​កន្លែង ដែលជា​ផ្នែក​មួយ​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា។ កំណើនសេដ្ឋកិច្ច​បាន​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ធ្លាក់ចុះ​ពី 47.8% ក្នុង​ឆ្នាំ2007 មក​នៅត្រឹម 13.5% ក្នុង​ឆ្នាំ2014។

    ក្នុងឋាន:ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហាថ្មីៗមួយចំនួន​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់ខ្លួន​ផងដែរ ក្នុងនោះ​ដំណើរ​ឆ្ពោះទៅមុខ​របស់​កម្ពុជា ត្រូវគេ​មើលឃើញថា ទំនងជា​មិនអាច​ពឹងផ្អែក​ទៅលើ​កត្តាដដែលៗក្នុងការ​ជំរុញឱ្យមាន​ការរីកចម្រើន​ខ្លាំងក្លា និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមក​នោះទេ។

    កំណើនសេដ្ឋកិច្ច​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹងធ្វើ​ឱ្យ​ថយចុះ​ជាបណ្ដើរៗនូវ​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្តល់​ហិរញ្ញប្បទាន​ពី​សំណាក់​ម្ចាស់ជំនួយ​នានា។ ទំនិញ​កសិផល​មានតម្លៃ​ទាប រួម​ជាមួយនឹង​ការដំឡើង​ប្រាក់ខែ នឹង​តម្រូវឱ្យមាន​ការបង្កើន​ផលិតភាព​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង។

    ឧបសគ្គ​ក្នុង​បរិយាកាស​ធុរកិច្ច (ធ្វើ​អាជីវកម្ម) បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ចំពោះ​ភាព​រឹង និង​កំណើន​សេដ្ឋកិច្ចជាតិ។ លទ្ធផល​នៃ​ការរៀនសូត្រ​មិនល្អ និង​កង្វះ​អាហារូបត្ថម្ភ នៅតែ​បន្ត​គម្រាមកំហែង​ដល់​អនាគត​នៃ​ប្រជាជន​ខ្មែរ។ អត្រា​បញ្ចប់​ការសិក្សា​នៅ​អនុវិទ្យាល័យ (43% ក្នុង​ឆ្នាំ 2013) នៅមានកម្រិត​ទាប​ជាខ្លាំង​បើ​ធៀប​ទៅនឹង​មធ្យមភាគ​សម្រាប់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប(71%) ចំណែក39% នៃ​សិស្ស​ថ្នាក់​ទី 6មាន​សមត្ថភាព​ទាប​ជាង​កម្រិត​មូលដ្ឋាន​ក្នុង​ការអាន​ភាសា​ខ្មែរ និង​មួយ​ភាគបី​នៃ​កុមារ​អាយុ​ក្រោម5ឆ្នាំ​ជា​កុមារ​ក្រិន។ ហានិភ័យ​ដែល​បង្កឡើង​ដោយ​ការ​រេច​រិល​ធនធានធម្មជាតិ អាច​ប៉ះពាល់​ដល់​និរន្តរភាព​សេដ្ឋកិច្ច។

    ការប៉ាន់ប្រមាណ​ជា​ផ្លូវការ​បង្ហាញថា គម្រប​ព្រៃឈើ​បាន​ធ្លាក់ចុះ​ពី​ជិត60% ក្នុង​ឆ្នាំ2006 មក​នៅត្រឹម​ចំនួន​តិចជាង 47% ក្នុង​ឆ្នាំ2014។ អ្នកជំនាញ​បានធ្វើការ​វិនិច្ឆ័យ​ស្ថានភាព​ប្រទេស​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​បានកំណត់ “គន្លង” ឬ​វិធីសាស្ត្រ​សម្រាប់​ការរក្សាបាន​នូវ​កំណើន​រឹងមាំ និង​មាន​និរន្តរភាព​ជាមួយនឹង​ការកាត់បន្ថយ​ភាពក្រីក្រ ការបង្កើន​ភាព​ប្រកួតប្រជែង និង​ពិពិធ​កម្ម​ផ្នែក​សេដ្ឋកិច្ច​ដើម្បី​ធានាបាន​នូវ​កំណើន​ខ្ពស់ និង​បង្កើត​ការងារ។ ការកាត់បន្ថយ​ចំណាយ​នៃ​ការបង្កើត​និង​ដំណើរការ​អាជីវកម្ម និង​ការជំរុញ​វិនិយោគសាធារណៈ និង​ឯកជន គឺជា​គន្លឹះ​នៃ​ការបន្ត​ការប្រកួតប្រជែង​ដែល​បំពេញបន្ថែម​ដោយ​ការពង្រឹង​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ទាំងមូល។

    ការវិនិយោគ​លើ​ជំនាញ ដើម្បី​សម្រួល​ដល់​វិបុលភាព​ជារួម​អាចធ្វើ​បាន​តាមរយ:ការលើកកម្ពស់​ការទទួល​ស្គាល់​យន្តការ​ធានា​គុណភាព​នៅ​កម្រិត​មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា​ក៏ដូចជា​ការបណ្តុះបណ្តាល​បច្ចេកទេស / វិជ្ជាជីវៈ៕

  • បែកធ្លាយ​លក្ខណៈសម្បត្តិ​ និងរូបរាង Huawei Enjoy 7S

    បែកធ្លាយ​លក្ខណៈសម្បត្តិ​ និងរូបរាង Huawei Enjoy 7S

    អាមេរិក៖ Huawei ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​លំដាប់​ទី 3 នៅលើ​ពិភពលោក ថ្មីៗនេះ ត្រូវបាន​គេ​ដឹងថា គ្រោង​នឹង​ប្រកាស​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​មួយទៀត​គឺ Huawei Enjoy 7S ដែលជា​ស្មា​ត​ហ្វូ​ន​ពោរពេញ​ដោយ​សមត្ថភាព ហើយ Huawei ក៏បាន​រំពឹងថា ស្មា​ត​ហ្វូ​ន​មួយ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន។

    យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ GSM Arena បាន​ឲ្យ​ដឹងថា Huawei Enjoy 7S នឹង​ប្រើ Kirin 659 chipset រួមជាមួយ CPU ប្រភេទ octa-core ល្បឿន 2.36 GHz ជាពិសេស​គឺមាន​អេក្រង់​ទំហំ 5.65អ៊ីង ជា​ប្រភេទ FullView (Full HD+ resolution)។ ក្នុងនោះ Enjoy 7S គឺមាន RAM រហូតដល់ 4GB និង​មាន​ទំហំ storage រហូតដល់ 64GB។

    នៅ​មិនទាន់​អស់​ទេ Huawei Enjoy 7S មាន​កាមេរ៉ា​ភ្លោះ​ទំហំ 13MP សម្រាប់​ផ្នែក​ខាងក្រោយ និង 2MP សម្រាប់​កាមេរ៉ា​មុខ ហើយ​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 1080p។ បើ​និយាយ​ពី​រឿង​ពណ៌​វិញ ត្រូវបាន​គេ​ដឹងថា មាន​ពណ៌​មាស ពណ៌​ខៀវ និង​ខ្មៅ៕

  • អន្ទាក់​អន្តរាយ 5 រឿង​គឺ រណ្ដៅ​កប់​មុខ​ជំនួញ

    អន្ទាក់​អន្តរាយ 5 រឿង​គឺ រណ្ដៅ​កប់​មុខ​ជំនួញ

    ការធ្វើ​ធុរកិច្ច ឬ​ធ្វើ​ជំនួញ ក្រៅតែពី​ត្រូវ​គិត​ឱ្យបាន​ច្រើន និង​ចេះ​ក្នុងការ​គិតគូរ​ហើយ​នោះ នៅ​ត្រូវ​គិត​ឱ្យបាន​គ្រប់ផ្នែក​ទៀតផង មិន​ដូច្នោះ​ទេ ក្ដី​អន្តរាយ​អាច​នឹង​មក​សួរសុខទុក្ខ ឬ​ចូល​មកលេង​យើង​ក៏​អាច​ថា​បានដែរ។ នៅក្នុង​អត្ថបទ​នេះ ឡា​រ៉ែ​ន​នឹង​នាំ​មិត្ត​អ្នកអាន ឬ​អ្នក​ដែល​ចង់​ក្លាយខ្លួនជា​អ្នកជំនួញ ឬ​ជា​សហគ្រិន​ទៅ​ជួបនឹង​អន្ទាក់ 5 យ៉ាង​ដែល​អាច​នឹង​ក្លាយជា​រណ្ដៅ​កប់​មុខ​ជំនួញ​របស់លោក​អ្នក​បាន ដូចខាងក្រោម​នេះ។

    អន្ទាក់​ទី1 . គ្មាន​គូប្រជែង នៅលើ​ទីផ្សារ

    សម្លឹងមើល​យ៉ាងម៉េច​ក៏​ឃើញថា​ជា​ឱកាសល្អ​ដែរ…នៅពេល​គ្មាន​គូប្រជែង ច្បាស់​ជា​ស៊ី​រាប​លើ​ទីផ្សារ​ទាំងមូល​តែម្ដង…តែ​ឈប់​សិន! កុំអាល​ប្រញាប់​ពេក! សាកល្បង​ពិនិត្យមើល​បន្តិច​សិន​យ៉ាងម៉េច​ដែរ?។

    ដែល​គ្មាន​គូប្រជែង​នេះ គឺ​ដោយសារ​អ្វី? អត់​មាន​ទីផ្សារ? អត់​មាន​អតិថិជន? អត់​មាន​អ្នកទិញ? ឬ​បើសិន​មាន​ក៏​តិចតួច ឬ​ចំពោះតែ​មនុស្ស​មួយក្រុម​តូច? ឬ​ការរីក​ធំធាត់​ខាង​ទីផ្សារ​ទាប​ពេក? ឬ​ត្រូវ​ចាយ​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​លើ​ទីផ្សារ និង​ការធ្វើ​ឱ្យគេ​ស្គាល់​ប្រ៊េ​ន​ដ៍​ខ្ពស់ជាង​ប្រក្រតី?។ សាកល្បង​ពិចារណា​មើលថា បើសិន​វា​បែប​ហ្នឹង តើ​នឹង​រីកចម្រើន​ទៅមុខ​ដែរឬទេ?។

    អន្ទាក់​ទី2 . មិនចេះ​គណនា​ដើមទុន

    លក់បាន មិនមែន​មានន័យថា ត្រូវតែមាន​កម្រៃ​ជានិច្ច​នោះទេ។ ចំណុច​នេះ​សម្រាប់​សហគ្រិន​ថ្មោងថ្មីជាច្រើនៗតែ​ដួល​បាក់ក​ស្លាប់​បែប​មិនដឹង​ខ្លួន ព្រោះ​មិនចេះ​គណនា​ដើមទុន ដូចជា ភ្លេច​គិតថ្លៃ​ពលកម្ម​ឱ្យ​ខ្លួនឯង ភ្លេច​គណនា​ថា ក្នុងអំឡុងពេលដំបូងៗដែលមាន​ចំនួន​លក់បាន​តិច ប្រាក់​ដើមទុន​បង្វិល​ខាង​ជំនួញ​ដែល​ខ្លួន​កំពុងមាន​អាច​ប្រើការ​ក្នុង​ការធ្វើ​ជំនួញ​បាន​ប៉ុន្មាន​ខែ? ឬ​ភ្លេច​បូក​ថ្លៃ​ដឹកជញ្ជូន​ចូលទៅក្នុង​តម្លៃ​ទំនិញ ជាដើម។

    ទាំងអស់នេះ គឺ​ក្ដី​អន្តរាយ​ដែល​សហគ្រិន​ថ្មោងថ្មីជាច្រើនៗមើលរំលង។

    អន្ទាក់​ទី3 . ប្រើ​តិច​ណូ​ឡូ​ជី…យ៉ាងណា​ក៏​មុខ​ជំនួញ​ជោគជ័យ​ដែរ

    ក្នុង​យុគសម័យ​នេះ ធុរកិច្ច​ត្រូវ​ដើរទៅ​មុខ​ដោយ​តិច​ណូ​ឡូ​ជី​ទំនើប តិច​ណូ​ឡូ​ជីថ្មីៗស្អី​ចេញមក​ត្រូវតែ​មិន​ខកខាន។ ការគិត​បែបនេះ​អាច​នឹង​មិនមែនជា​រឿង​ល្អ​ក៏បាន​ដែរ។ ទោះជា​ការប្រើប្រាស់​តិច​ណូ​ឡូ​ជី​គឺជា​រឿង​មួយ​ដែល​ល្អ ព្រោះ​វា​អាចជួយ​សម្រួល​ភាពងាយស្រួល​ដល់​មុខ​ជំនួញ​បាន​ក៏ដោយ តែ​ត្រូវ​មើល​ពី​ភាព​ស័ក្តិសម​ផងដែរ។ មុខ​ជំនួញ​របស់​លោកអ្នក​ត្រៀម​រួចជាស្រេច និង​ស័ក្តិសម​ជាមួយនឹង​តិច​ណូ​ឡូ​ជីថ្មីៗនេះដែរ​ទេ? ឬ​ដែល​សំខាន់​នោះ​គឺ តើ​អតិថិជន​របស់​អ្នក គេ​ត្រូវការ​តិច​ណូ​ឡូ​ជី​បែប​ហ្នឹង​ដែរឬទេ?។ បើ​ចម្លើយ​គឺ​ទេ ត​ឱ្យ​តិច​ណូ​ឡូ​ជី​ល្អ​ប៉ុនណា ក៏​មុខ​ជំនួញ​របស់​អ្នក​ទៅ​មិន​ដល់​គោលដៅ​យ៉ាងពិត​ប្រាកដ។

    អន្ទាក់​ទី4 . របស់​ហ្វ្រ៊ី ជួយ​ឱ្យ​អតិថិជន​ឆាប់​ចំណាំ​ប្រ៊េ​ន​ដ៍​បាន

    កុំ​គិតថា របស់​ហ្វ្រ៊ី​នឹង​សាង​នូវ​ការទទួល​ដឹង និង​ស្គាល់​ទៅដល់​អតិថិជន​បានឱ្យ​សោះ ជាពិសេស​មុខ​ជំនួញថ្មីៗ ព្រោះ​អតិថិជន​ភាគច្រើន​ដែល​បានទទួល​របស់​ហ្វ្រ៊ី​មក​នោះ អាច​នឹង​មើលរំលង មើលមិនឃើញ​គុណ​តម្លៃ ព្រោះ​ពួកគេ​មិនបាន​ធ្លាប់​ស្គាល់​ពីមុនមក ដូច្នេះ​ភាព​ស្មោះស្ម័គ្រ​ចំពោះ​ប្រ៊េ​ន​ដ៍​ក៏​ទាប​ទៅតាម​នោះដែរ។ ក្លាយជា​ថា សហគ្រិន​ត្រូវ​រែកពន់​ដើមទុន​ខាង​ទីផ្សារ​ដែល​ខ្ពស់​ឡើង​ដោយ​បរិយាយ។

    អន្ទាក់​ទី5 . ចាប់ផ្ដើម​ជំនួញ​នៅពេលណា​ដែល​ទំនិញ​ត្រៀម​រួចរាល់​ក្នុងការ​ចេញទៅ​ទីផ្សារ

    ក្រែង​វា​ជា​រឿង​ដែល​ត្រឹមត្រូវ​ហើយ​តើ ការ​មាន​ទំនិញ​ត្រៀម​រួចរាល់​ក្នុង​ការចេញ​ឆ្ពោះទៅ​ទីផ្សារ​ជាមុន​ហើយ​សឹម​ចាប់ផ្ដើម​ធុរកិច្ច​នោះ?។

    អ្នកណា​គិត​បែប​ហ្នឹង អាច​ត្រូវ​ត្រឡប់មក​សម្លឹងមើល​ជាថ្មី ព្រោះ​ការពិតទៅ​យើង​គួរ​ចាប់ផ្ដើម​ពី​ផែនការ​ធុរកិច្ច​ជាមុន សម្លឹង​មើលថា អ្នកណា​ជា​អតិថិជន?  មាន​ទំនិញ​សាកល្បង​ឱ្យ​ក្រុម​អតិថិជន​បាន​សាកល្បង ជាការ​ចាប់ផ្ដើម​សាង​ការដឹង និង​ស្គាល់​ប្រ៊េ​ន​ដ៍​ដំណាលគ្នា​ផងដែរ​ហើយ​ឬ​នៅ?។ បើ​អតិថិជន​មិន​ចូលចិត្ត ក៏​យើង​នៅ​កែសម្រួល​ទាន់ ផ្លាស់ប្ដូរ​តម្លៃ​បាន តែបើ​ទំនិញ​ត្រៀម​រួចរាល់​ក្នុង​ការចេញ​ទៅក្នុង​ទីផ្សារ​ហើយ តែ​តម្លៃ​មិន​ទាក់ទាញ​ចិត្ត​ឱ្យ​ចង់​ទិញ ថែមទាំង​រក​ក្រុម​អតិថិជន​មិនបាន​ទៀតផង​នោះ ហ្នឹងហើយ​គឺ​ការ​ដួល​បះជើងពិតៗនោះ!៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • អ៊ុន អាលីហ្សា បិទបាំងមុខស្នេហានៅថ្ងៃខួបកំណើតខ្លួន

    អ៊ុន អាលីហ្សា បិទបាំងមុខស្នេហានៅថ្ងៃខួបកំណើតខ្លួន

    នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2017 នេះ តារាសម្តែង និងជាមន្ត្រីនគរបាល កញ្ញា អ៊ុន អាលីហ្សា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីក្ដីរំភើបសប្បាយរីករាយនៅក្នុងថ្ងៃខួបកំណើតរបស់នាង ព្រមទាំងបញ្ចេញសារផ្អែមល្ហែមនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនបានភ្ញាក់ផ្អើលទៀតផង។

    នៅថ្ងៃម្សិលមិញទី12 ខែធ្នូ ឆ្នាំ2017 គឺជាថ្ងៃខួបកំណើតរបស់កញ្ញា អ៊ុន អាលីហ្សា និងអ្វីដែលធ្វើឱ្យនាងរំភើបចិត្តបំផុតនោះគឺ បុរសជាគូស្នេហារបស់នាងបានរៀបចំកម្មវិធីភ្ញាក់ផ្អើលមួយសម្រាប់នាង ហើយតារាស្រីរូបនេះបានបញ្ជាក់ថា «Thanks you honey សម្រាប់យប់នេះ អូនពិតជារំភើបណាស់ ទោះជាយើងនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងយើងនៅជិតគ្នារហូត អូនស្រឡាញ់បង»។ មានមតិមហាជនជាច្រើនបានលាន់មាត់ថា ហេតុអ្វីបានជាអ៊ុន អាលីហ្សា ចាំបាច់បិទបាំងមិនបង្ហាញមុខគូស្នេហ៍ធ្វើអ្វី បើមើលទៅផ្អែមល្ហែម និងរស់នៅជាមួយគ្នាទៅហើយនោះ?។

    គួរបញ្ជាក់ផងដែរថា ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបានក៏បញ្ជាក់ឱ្យដឹងដែរថា «អ៊ុន អាលីហ្សា មានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញម្នាក់នោះជាយូរណាស់មកហើយ ហើយចាស់ទុំក៏បានដឹងឮដែរ»។ ប្រភពដដែលបានបន្តថា «នាងនៅលាក់បាំងមុខគូស្នេហ៍ ព្រោះតែនាងមិនទាន់មានគម្រោងរៀបការច្បាស់លាស់ ដូច្នេះហើយនាងសុំលាក់មុខអនាគតស្វាមីនេះសិន»៕

  • លាង​សម្អាត​ស្បែក​មុខ​ឱ្យ​ស្រស់ថ្លា​ដោយ​រូបមន្ត​បែប​ធម្មជាតិ

    លាង​សម្អាត​ស្បែក​មុខ​ឱ្យ​ស្រស់ថ្លា​ដោយ​រូបមន្ត​បែប​ធម្មជាតិ

    ការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ខ្លួនឯង​គឺ​ពិតជា​មាននៅ​ពេលដែល​អ្ន​កបាន​ឃើញថា អ្នកដទៃ​មាន​ស្បែក​ដែល​ស្រស់ស្អាត ខណៈដែល​ផ្ទៃមុខ​របស់​អ្នក បែរជា​មើលទៅ​មិន​ស្រស់ស្រាយ​ទាល់តែសោះ។ ការបន្ថែម​ភាពស្រស់ស្អាត​ដល់​ផ្ទៃមុខ​តាមរយៈ​វិធីសាស្ត្រ​ធម្មជាតិ​គឺជា​វិធី​ល្អ​បំផុត។ បើ​វិធី​មួយចំនួន​នៅ​មិនទាន់បាន​បង្ហាញ​ពី​លទ្ធផល​ជាទី​គាប់ចិត្ត​នោះ អ្នក​ក៏​អាច​សាកល្បង​វិធីផ្សេងៗទៀត​បានដែរ ហេតុនេះ​សូមកុំ​បារម្ភ​ពេក​អី។ សូម​សាកល្បង​វិធី​ថ្មី​មួយចំនួន​ដែល ឡា​រ៉ែ​ន ផ្តល់ជូន ដើម្បី​ទទួលបាន​ស្បែក​ស្រស់ស្អាត​ដូចខាងក្រោម​នេះ ៖

    1/ ជូត​មុខ​ដោយ​កន្សែង​ក្តៅឧណ្ហ៖ យក​កន្សែង​ជូត​មុខ​របស់​អ្នក​ទៅ​ជ្រលក់​នៅក្នុង​ទឹក​ក្តៅឧណ្ហៗ ហើយ​យ​កវាម​កដា​ក់លើ​មុខ​របស់​អ្នក។ ទឹក និង​ចំហាយក្តៅៗ នឹង​ជួយ​សម្អាត​ធូលី ព្រមទាំង​ជាតិ​កខ្វក់ផ្សេងៗចេញពី​រន្ធ​ញើស ហើយ​វា​ក៏​ជួយ​បើក​រន្ធ​ញើស ដែល​ធ្វើឱ្យ​អ្នក​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​សម្អាត​ស្បែ​កមុខ​បាន​ជ្រៅ។ តែ​អ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹក​ដែល​ត្រូវ​យកមកប្រើ​ផងដែរ គឺ​មិន​ត្រូវឱ្យ​វា​ក្តៅ​ពេក​នោះទេ។

    2/ លាងដៃ​អ្នក​ឱ្យ​ស្អាត​ជាមួយ​សាប៊ូ​សម្លាប់​មេរោគ៖ អ្នក​ពិតជា​មិនអាច​លាងមុខ​របស់​អ្នក​ឱ្យបាន​ជ្រះ​ស្អាត​បានទេ ប្រសិនបើ​ដៃ​របស់​អ្នក​នៅមាន​សារធាតុ​កខ្វក់​នៅឡើយ​នោះ។ ហេតុនេះ​អ្នក​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ថា ដៃ​របស់​អ្នក​បាន​លាង​យ៉ាង​ស្អាត​ដោយ​សាប៊ូ ដែល​អាច​សម្លាប់​មេរោគ​យ៉ាងពិត​ប្រាកដ ដើម្បី​ការពារ​កុំឱ្យ​សារធាតុ​កខ្វក់​ទាំងនោះ​ឆ្លងទៅ​ដល់​ផ្ទៃមុខ​របស់​អ្នក​បាន​តាមរយៈ​ដៃ​របស់​អ្នក។

    3/ ល្បាយ​ស្ករស និង​ទឹក៖ យក​ទឹក2ស្លាបព្រា លាយ​ជាមួយ​ស្ករស2ស្លាបព្រា កូរ​វា​ឱ្យ​រលាយ​ចូលគ្នា។ ដាក់​ល្បាយ​នោះ​នៅលើ​ម្រាមដៃ ហើយ​យក​វា​ទៅ​លាប​នៅលើ​ផ្ទៃមុខ ដោយ​ផ្ទៃមុខ​របស់​អ្នក​ត្រូវមាន​សភាព​សើមតិចៗផង។ រួច​ទុក​វា​ចោល​ប្រមាណ​ជា1នាទី ទើប​លាង​សម្អាត​ចេញ​ជាការ​ស្រេច។

    4/ ទឹ​ក្រូចឆ្មារ៖ ច្របាច់​យក​ទឹកក្រូច​ឆ្មារ​ប្រហែលជា10តំណក់​ដាក់​លើ​បាតដៃ បន្ទាប់មក​យក​វា​មក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​ប្រហែលជា10វិនាទី ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ទឹកក្រូច​ឆ្មារ​ផង ប្រសិនបើ​ទឹកក្រូច​ឆ្មារ​កាត់​ខ្លាំងពេក​នោះ អ្នក​គួរតែ​ទុកចោល​ត្រឹមតែ3វិនាទី​ទៅបាន​ហើយ ហើយ​ធ្វើ​ការលាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ជាមួយនឹង​ទឹកស្អាត​ធម្មតា​ជាការ​ស្រេច វិធី​នេះ​អាចជួយ​កម្ចាត់​សារជាតិ​កខ្វក់​ចេញពី​រន្ធ​រោម​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    5/ ប្រើ​ទឹក​ត្រជាក់ ឬ​ត្រដុស​ផ្ទៃមុខ​ដោយ​ដុំ​ទឹកកក៖ ទឹក​ប្រៀប​បី​ដូចជា​កូនសោ​ដែល​ចាំ​បិទ​បើក​រន្ធ​ញើស​របស់​អ្នក។ បន្ទាប់ពី​អនុវត្តតាម​ដំណាក់កាល​ទី1ខាងលើ ដោយ​ការបើក​រន្ធ​ញើស​ជាមួយ​ទឹក​ក្តៅ ដើម្បី​ជួយ​បណ្តេញ​ធូលី ក៏ដូចជា​បាក់តេរីផ្សេងៗឱ្យចេញ​ក្រៅ នៅ​ដំណាក់កាល​ចុងក្រោយ បន្ទាប់ពី​បាន​បណ្តេញ​សារធាតុ​កខ្វក់​ចេញពី​រន្ធ​ញើស​រួចហើយ អ្នក​គ្រាន់តែ​យក​ទឹក​ត្រជាក់​មក​លុប​លាងមុខ ឬ​យក​ដុំ​ទឹក​មក​ត្រដុស​លើ​ផ្ទៃមុខ របស់​អ្នក ហើយ​ជូត​សម្អាត​ដោយ​កន្សែងពោះគោ​ដែលមាន​សាច់​ក្រណាត់​ទន់​ជាការ​ស្រេច។ អនុវត្ត​វិធី​នេះ​រាល់ថ្ងៃ​បាន​ត្រឹម​រយៈពេល​មួយ​សប្តាហ៍ នោះ​ផ្ទៃមុខ​របស់​អ្នកនឹង​ទទួលបាន​នូវ​ភាពស្រស់ស្អាត​គួរ​ជាទី​ពេញចិត្ត​ជាក់​ជាមិនខាន​ឡើយ៕

  • ប៊ុត សីហា បាត់មុខពីសិល្បៈដោយសារមូលហេតុអ៊ឺចឹងសោះ…

    ប៊ុត សីហា បាត់មុខពីសិល្បៈដោយសារមូលហេតុអ៊ឺចឹងសោះ…

    ម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀង The Voice Cambodia រដូវកាលទី 1 លោក ប៊ុត សីហា ដែលត្រូវជាកូនសិស្សក្រុមគ្រូបង្វឹកលោក ឆន សុវណ្ណរាជ ដែលបានបាត់មុខមួយរយៈធំ រហូតដល់មានមតិរិះគន់របស់មហាជនមួយចំនួនបានបន្ទោសទៅខាងផលិតកម្មថា បានទុកលោកចោល មិនព្រមចេញបទចម្រៀងឱ្យលោកច្រៀង ហើយមានអ្នកខ្លះទៀតបានលើកឡើងថា តារាចម្រៀងរូបនេះបានវិលត្រឡប់ទៅកាប់គាស់ដី លីសែងធ្វើស្រែចម្ការ នៅខេត្តកំពង់ស្ពឺ វិញបាត់ទៅហើយ…។

    អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសម្ចាស់ពានរូបនេះ បានបង្ហាញមុខជាថ្មីលើកញ្ចក់ទូរទស្សន៍ អ៊ីធីវី (ETV) តាមរយៈកម្មវិធី ETV Golden Concert ធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុត និងសម្តែងក្តីនឹករឭកគ្រប់ៗគ្នា។ ជុំវិញបញ្ហារឿងមិនមានចេញបទចម្រៀង  និងការដែលមានបំណងផ្លាស់ប្ដូរទ្រនំជ្រកនោះ លោក ប៊ុត សីហា មិនបានលើកឡើងទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ការដែលមិនសូវបានបង្ហាញមុខមាត់ និងចេញច្រៀងតាម Concert នានានោះ ព្រោះតែលោកមានភារកិច្ចជាប់រវល់បន្ដិច ព្រមទាំងថ្មីៗនេះ លោកមានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទៀតផង។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងសំឡេងកាចរូបនេះ បានសន្យាជាមួយទស្សនិកជនថា ក្រោយពីលោកត្រឡប់មកពីអាមេរិកវិញ លោកនឹងបង្ហាញជូននូវស្នាដៃចម្រៀងថ្មី និងស្តាយល៍ប្លែកៗ ដែលធានាថា នឹងទាក់ទាញចិត្តទស្សនិកជនខ្លាំងបំផុត ពោលគឺ លោកមិនបោះបង់វិថីសិល្បៈចម្រៀងមួយនេះឡើយ៕

    https://youtu.be/LhfkekEaGVY