Category: សង្គម និងសេដ្ឋកិច្ច

  • ការប្រើប្រាស់​ភាសា​ខ្មែរ​ខុស​លើ​បណ្តាញ​សង្គម​អាចជា​ចំណុច​គ្រោះថ្នាក់

    ការប្រើប្រាស់​ភាសា​ខ្មែរ​ខុស​លើ​បណ្តាញ​សង្គម​អាចជា​ចំណុច​គ្រោះថ្នាក់

    «វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន» នេះ​ជា​សុភាសិត​ដែល​ប្រជាជន​ខ្មែរ​គ្រប់គ្នា​បានដឹង បាន​ចាំ និង​បានឮ​យ៉ាងហោចណាស់​ម្តង​ក្នុង​ជីវិត តែថ្មីៗនេះ​យើង​មើលឃើញ​ជាទូទៅ​ថា ការប្រើប្រាស់​ភាសា​ខ្មែរ​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​វប្បធម៌ ហាក់​ត្រូវបាន​គេ​ប្រើប្រាស់​ខុស​ច្រើន​នៅក្នុង​បណ្តាញ​សង្គម ជាពិសេស​នៅក្នុង​បណ្តាញ Facebook។

    អ្នក​ដែល​បាន​ប្រើ​ភាសា​ខ្មែរ​ខុស​នោះ​មាន​ទាំង​យុវជន និស្សិត អ្នកជំនាញ​បច្ចេកទេស អ្នកធ្វើការងារ​ក្នុង​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន និង​អ្នក​ខ្លះទៀត​ជា​អ្នក​ដែលមាន​ប្រជាប្រិយភាព​ក្នុងសង្គម​ថែមទៀត​ផង ដែល​ចំណុច​ទាំងអស់នេះ​បាន​ជំរុញឱ្យមាន​ការយល់ច្រឡំ និង​បញ្ហា​កើតឡើង​សម្រាប់​វិស័យ​អក្សរសាស្ត្រ​ខ្មែរ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសន៍​ជាមួយ​លោក ឈិន សីហា ប្រធាន​ស្ថាបនិក​ក្លិប​អក្សរសាស្ត្រ​ខ្មែរ ដើម្បី​បង្ហាញ​ពី​ផល​លំបាក​នៃ​ការប្រើប្រាស់​ភាសា​ខុស និង​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នៅក្នុង​សង្គម៖

    តើ​ការប្រើប្រាស់​ភាសា​ខុស​ក្នុង​បណ្តាញ​សង្គម​បាន​ជះ​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម?

    ការប្រើប្រាស់​ភាសា​ខុស​ជា​រឿង​គ្រោះថ្នាក់​មួយ​សម្រាប់​វិស័យ​អក្សរសាស្ត្រ​ជាតិ ព្រោះថា​នៅពេលដែល​យើងទាំងអស់គ្នា​ជា​មនុស្ស​ទូទៅ​ដែល​មិន​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​សាធារណជន​សរសេរ​ខុស​វា​មិនសូវ​ជា​បញ្ហា​ប៉ុន្មាន​នោះទេ តែ​ប្រសិនបើ​មនុស្ស​ដែលមាន​ប្រជាប្រិយភាព​សរសេរ​ខុស​វិញ​នោះ គេ​គ្រប់គ្នា​នឹង​គិតថា​សំណេរ​នោះ​ត្រូវ ហើយនឹង​អនុវត្តតាម។ ការអនុវត្ត​តាម​គ្នា​នេះ​អាចធ្វើឱ្យ​មនុស្ស​ទូទៅ​លែង​ស្គាល់​ពាក្យ​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ក្លាយជា​រឿង​ខុស​ដោយ​មិនដឹង​ខ្លួន។ ម្យ៉ាងវិញទៀត ពេលខ្លះ​យើង​ក៏​ឃើញ​មាន​ស្ថាប័ន​សាធារណៈ​មួយចំនួន​បាន​សរសេរ​ផ្ទាំង​ផ្សព្វផ្សាយ​របស់ខ្លួន​ដោយមាន​កំហុស​អក្ខរាវិរុទ្ធ​ផងដែរ ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាជនមាន​ការយល់ច្រឡំ។

    តើ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក្យ​ខុស​នេះ​ក្នុង​ស្ថាប័ន​សាធារណៈ?

    ចំពោះ​ការសរសេរ​ខុស នៅក្នុង​ស្ថាប័ន​សាធារណៈ​គឺជា​រឿង​មួយ​ដែល​មិនគួរ​កើតឡើង​នោះឡើយ​ព្រោះ​ការផ្សព្វផ្សាយ​របស់គាត់​ជាការ​ផ្សព្វផ្សាយ​ផ្លូវ​ការដែល​មនុស្ស​ជឿទុកចិត្ត​ច្រើន ហេតុនេះ​នៅពេលដែល​គាត់​សរសេរ​ខុស ប្រជាជន​នឹង​យល់ថា​ត្រូវ ហើយ​នៅពេលដែល​ឃើញ​ពាក្យ​ត្រូវ​វិញ​ប្រជាជន​អាច​គិតថា​ខុស។ ហេតុនេះ​ដើម្បី​ដោះស្រាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ក្នុងការ​ធ្វើ​វិ​ក្រឹ​ត​ការ​ផ្នែក​អក្សរសាស្ត្រ​ដើម្បីឱ្យ​មន្ត្រី ឬ​បុគ្គលិក​បាន​យល់ច្បាស់​ពី​ការប្រើប្រាស់​ភាសា ឬ​ចំណុច​មួយចំនួន​ដែលមាន​ការយល់ច្រឡំ ហើយ​ចៀសវាង​កំហុស​ដទៃទៀត។ ក្រៅពីនេះ​យើង​ក៏​អាចធ្វើ​សិក្ខាសាលា​មួយចំនួន​ដោយ​អញ្ជើញ​អ្នកជំនាញ​អក្សរសាស្ត្រ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ការប្រើប្រាស់​អក្សរសាស្ត្រ​ជា​ទៀងទាត់ តែ​កុំឱ្យ​រំខាន​ច្រើន​ដល់​ការធ្វើ​កិច្ចការងារ​របស់គាត់ ដើម្បី​ផ្តល់ឱកាស​ឱ្យ​គាត់​បាន​ស្វែងយល់​ពី​អក្សរសាស្ត្រ​ឱ្យបាន​ទូលំទូលាយ។ លើសពីនេះទៅទៀត ការធ្វើ​សេចក្តីណែនាំ​ជា​លាយ​លក្ខ​អក្សរ ឬ​ជាការ​ពិន័យ​រដ្ឋបាល​ចំពោះ​កំហុសដដែលៗអាចជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រើប្រាស់​ភាសា​ក្នុងការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​សាធារណៈ។

    តើ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ឱ្យ​សាធារណជន​ទូទៅ​ប្រើប្រាស់​ភាសា​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ក្នុង​បណ្តាញ​សង្គម Facebook?

    ការប្រើប្រាស់​ភាសា​ខុស​ក៏​ជា​កត្តា​ប្រឈម​ផងដែរ​ដែល​កំពុង​ជួបប្រទះ​ក្នុងសង្គម​របស់​យើង ព្រោះ​នៅពេល​បច្ចុប្បន្ននេះ​យើងទាំងអស់គ្នា​បានឃើញ​ហើយ​ថា​ការប្រើប្រាស់​ភាសា​របស់​ប្រជាជន​ខ្មែរ​យើង​នៅមានកម្រិត ដែល​មនុស្ស​មួយចំនួន​កំពុង​ប្រើប្រាស់​ភាសា​ខុស​លើ​សំណេរ​របស់ខ្លួន ហើយ​តែងតែ​បង្ហាញ​ជា​សាធារណៈ​នៅក្នុង​បណ្តាញ​សង្គម។ បញ្ហា​ទាំងអស់នេះ​អាច​បណ្តាលមកពី​ពួកគាត់​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ តែ​វា​ក៏​អាចមកពី​យើង​មិនទាន់មាន​យន្តការ​ក្នុងការ​ដោះស្រាយ​បញ្ហា​អក្សរសាស្ត្រ​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​ផងដែរ។

    ជា​ដំណោះស្រាយ យើង​ឃើញ​ហើយ​ថា​សម្រាប់​ភាសាបរទេស​មួយចំនួន​គេ​មាន​កម្មវិធី​កែតម្រូវ​លើ​បណ្តាញ​បច្ចេកវិទ្យា រួមទាំង​កម្មវិធី​បង្ហា​ញ​កំហុស​អក្ខរាវិរុទ្ធ ដោយ​ដាក់​សញ្ញាផ្សេងៗដើម្បី​បង្ហាញថា​សំណេរ​នោះ​មិន​ត្រឹមត្រូវ ខណៈ​កម្មវិធី​មួយទៀត​គឺ​បាន​បិទ​មិនឱ្យ​សរសេរ​ពាក្យ​ខុស​នោះ​ថែម​ទៀតផង។ សម្រាប់​ភាសា​ខ្មែរ​យើង តាមពិតទៅ​យើង​ក៏​អាចធ្វើ​បែប​នោះ​បានដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ។

    ប្រសិនបើ​យើង​កំណត់ឱ្យ​ពាក្យ​ខុស​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​មិនអាច​សរសេរ​បាន នោះ​ប្រជាជន​យើង​នឹង​ស្វែងរក​ពាក្យ​ត្រូវ​មក​សរសេរ​វិញ ខណៈ​ពេលខ្លះ​កម្មវិធី​បង្ហាញ​ពាក្យ​ខុស​មួយចំនួន​ក៏​អាចជា​ដំណោះស្រាយ​លើ​កត្តា​ប្រឈម​ផងដែរ ដែល​អាចធ្វើឱ្យ​ប្រជាជន​ខ្មែរ​យើង​ដឹងខ្លួនភ្លាមៗបន្ទាប់ពី​គាត់​បាន​សរសេរ​ខុស ហើយ​ងាយ​កែតម្រូវ​វិញ៕

  • គុណភាព​សេវាកម្ម​វិស័យ​ទេសចរណ៍​នឹង​កាន់តែ​ល្អប្រសើរ

    គុណភាព​សេវាកម្ម​វិស័យ​ទេសចរណ៍​នឹង​កាន់តែ​ល្អប្រសើរ

    វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវ​អន្តរជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​វិស័យនេះ​ហាក់​នៅតែ​មិនទាន់​រៀបរយ​បានល្អ​នោះទេ​លើ​ផ្នែក​មួយចំនួន​ដូចជា ការផ្តល់សេវា​ប្រកបដោយ​គុណភាព និង​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព រហូតដល់​ចុងក្រោយ​នេះ​អាជ្ញាធរ​បាន​លូកដៃ​ចូល​ដោយ​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​បី​ផ្សេងទៀត​នាំ​កំណើនសេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា។

    នាពេល​កន្លងមក​ផ្នែក​ឯកជន​ធ្លាប់បាន​លើកឡើង​ពី​គុណវិបត្តិ​នៃ​ការប្រកួតប្រជែង​ដែល​តែង​កើតមាន​នៅក្នុង​វិស័យ​ទេសចរណ៍ ដូចជា ការលក់​បញ្ចុះតម្លៃ​ទាប​ខ្លាំង​នៅពេល​មាន​ភ្នាក់ងារ​ទិញ​ណាមួយ​ចរចា​តម្លៃ​ជាមួយ​ក្រុមហ៊ុន​នានា​ក្នុងស្រុក ដោយ​អ្នក​ប្រកប​អាជីវកម្ម​ក្នុងស្រុក​បញ្ចុះតម្លៃ​ដ៏​ទាប​ក្នុងន័យ​ទាក់ទាញ​អតិថិជន​ឱ្យមក​ទទួល​សេវា​របស់ខ្លួន ប៉ុន្តែ​នៅពេលដែល​ភ្ញៀវ​ទទួល​សេវា អ្នកផ្តល់​សេវា​បាន​កាត់បន្ថយ​គុណភាព​សេវាកម្ម​របស់ខ្លួន​យ៉ាងច្រើន​ដើម្បី​ទប់ទល់​ការ​ខាត​តម្លៃ​ដើម ឬ​ទទួលបាន​ប្រាក់ចំណេញ។ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ធ្លាប់​បានស្នើ​ជាច្រើនលើក​អំពី​ការបញ្ឈប់​ការប្រកួតប្រជែង​គ្នាឯង​ដោយ​បន្ទាប​តម្លៃ ឬ​បន្ថយ​គុណភាព​សេវាកម្ម។

    ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ទាំងអស់នោះ​ក្រសួងទេសចរណ៍ កាលពីពេល​កន្លងមក បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការដាក់ឱ្យ​អនុវត្តន៍​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ប្រកាស​នេះ​បានចែង​លម្អិត​នូវ​ចំណុច​មួយចំនួន​ដូចជា ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ដែលមាន​គោលបំណង​ការពារ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រតិបត្តិ​វិជ្ជាជីវៈ​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ព្រមទាំង​ធានា​ឱ្យបាន​នូវ​សេចក្តីថ្លៃថ្នូរ​របស់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ក្នុងការ​ប្រកប​រប​រវិ​ជ្ជា​ជីវៈ​ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​ភ្ញៀវទេសចរ។ ប្រកាស​នោះ​ក៏បាន​ចែង​ដែរ​ថា ត្រូវ​ដាក់ឱ្យអនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ក្នុង​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍ លើកកម្ពស់​សីលធម៌​សង្គម និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការអនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងនាម​ជា​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ចំពោះ​ភ្ញៀវ​ដែល​បាន​ទិញ​សេវាកម្ម ឬ​កញ្ចប់​ខ្សែ​ទស្សនកិច្ចផ្សេង។

    លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) បាន​ថ្លែងថា ក្រមសីលធម៌​ដែល​ក្រសួងទេសចរណ៍​ប្រកាស​នេះ​ជា​រឿង​ល្អ ព្រោះ​វា​មិន​នាំឱ្យ​ខាតបង់​ដល់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នោះទេ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​អនុវត្ត​ឱ្យបាន​ព្រម​គ្នា​ទាំង​មន្ត្រី និង​ទាំង​វិស័យ​ឯកជន។

    លោក ស៊ីណាន បាន​បញ្ជាក់ថា៖“រឿងនេះ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ទាំងអស់គ្នា​ទាំង​អ្នក​ប្រកប​អាជីវកម្ម និង​អ្នកអនុវត្ត​ច្បាប់។ បើ​មានច្បាប់ អនុវត្ត​តាមច្បាប់ វា​នឹង​ជួយ​ឱ្យ​ពាណិជ្ជកម្ម​ល្អ ព្រមទាំង​ធ្វើឱ្យ​បរិយាកាស​អាជីវក​ម្មមា​ន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ប្រទេសជាតិ។

    យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិត​មកដល់ពេលនេះ​មាន​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​នៅ​កម្ពុជា​សរុប​ចំនួន 682ក្រុមហ៊ុន ក្នុងនោះ​សាខា​មាន​ចំនួន88។ ក្រសួង បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ការី​ទេសចរណ៍​នាំ​ភ្ញៀវ​ចូលក្នុង​ប្រទេស​ចំនួន487 ការី​ទេសចរណ៍​នាំ​ភ្ញៀវ​ចេញ​ក្រៅប្រទេស​ចំនួន49 ការី​ទេសចរណ៍​នាំ​ភ្ញៀវ​កម្សាន្ត​ក្នុងស្រុក​ចំនួន44 និង​ភ្នាក់ងារទេសចរណ៍ ចំនួន238៕

  • សម្លៀកបំពាក់​គូស្នេហ៍​ដ៏​ស្រស់​សោភា

    សម្លៀកបំពាក់​គូស្នេហ៍​ដ៏​ស្រស់​សោភា

    គ្រាន់តែ​ក្រឡេក​ភ្នែក​ឃើញ​ក៏​ដឹងបាន​បាត់ទៅហើយ​ថា អ្នក​ទាំង2គឺជា​គូស្នេហ៍​នឹង​គ្នា ហើយ​គឺជា​គូស្នេហ៍​ដ៏​ស្រស់​ស្អា​ត់ និង​ស៊ីវី​ល័យ​ថែម​ទៀតផង ដោយសារតែ​សម្លៀកបំពាក់​គូ​ដ៏​ទាន់សម័យ​របស់​អ្នក។ បន្ទាប់ពី​រៀបការ​រួច ដល់ពេល​ដែល​អ្នក​ត្រូវ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​របស់​អ្នក​ម្តង​ហើយ ព្រមទាំង​ប្រកាសប្រាប់​ពិភពលោក​ទាំងមូល​ថា អ្នក​ទាំង2ត្រូវជា​អ្វី​នឹង​គ្នា​យ៉ាង​ពេញមុខ​ពេញមាត់​តែម្តង។ ដូច្នេះ​សូម​ពិនិត្យ​បន្តិច​មើល៎ ហើយ​សូម​ធ្វើការ​ជ្រើសរើស​ឈុត​គូស្នេហ៍​ដែល​អ្នក​ពេញចិត្ត​សម្រាប់​ចុងឆ្នាំ2017នេះ ស្លៀកពាក់​នៅក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក និង​គូស្នេហ៍៕

  • សុភាពនារី​កាន់តែ​ទាន់សម័យ និង​ថ្លៃថ្នូរ ជាមួយនឹង​កាបូប​ម៉ាក Cromia

    សុភាពនារី​កាន់តែ​ទាន់សម័យ និង​ថ្លៃថ្នូរ ជាមួយនឹង​កាបូប​ម៉ាក Cromia

    Cromia គឺជា​ម៉ាក​សញ្ញា​ផលិតផល​កាបូប​មនុស្ស​ស្រី​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​អ៊ីតាលី​ដែលមាន​អាយុកាល​ជាង50ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​ក៏បាន​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​យ៉ាង​ទូលំទូលាយ ជាមួយនឹង​ការទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​លើសលប់​ពី​សំណាក់​សុភាពនារី​ជាច្រើន តាមរយៈ​ការនាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន Unique Fashion Cambodia។

    ជា​យូរណាស់​មកហើយ​ដែល Cromia ត្រូវបាន​គេ​ស្គាល់​ថា ជា​ម៉ាក​សញ្ញា​កាបូប​មនុស្ស​ស្រី​ដ៏​ល្បីឈ្មោះ មាន​ប្រភពដើម​នៅក្នុង​ប្រទេស​អី​ុ​តា​លី ដែល​ត្រូវបាន​បង្កើតឡើង​ដោយ លោក Germano តាំងពី​អំឡុង​ឆ្នាំ1963 នៅ​រដ្ឋ Tolentino ក្នុង​តំបន់ Marche ដែលជា​ទីកន្លែង​ប្រមូលផ្ដុំ​ទៅដោយ​សិប្បកម្ម​ស្បែក​សត្វ​បែប​ប្រពៃណី​បុរាណ ដោយ​ផ្ដើមដំបូង​ក្នុង​រូប​ភាពជា​អាជីវកម្ម​ស្បែក​សត្វ​ដ៏​តូច​មួយ​ក្នុង​តំបន់​នេះ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយមក ដោយសារ​សម្លឹង​ឃើញ​ពី​ការពេញនិយម​គាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​ដែល​រស់នៅក្នុង​តំបន់​ផ្ទាល់ ក៏ដូចជា​នៅ​តំបន់​ជិតខាង​លោក​ក៏​ចាប់ផ្តើម​បង្កើន​ការផលិត​ជាមួយនឹង​ការបង្កើត​គំនិតថ្មីៗក្នុងការ​ច្នៃប្រឌិត​នូវ​ម៉ូដប្លែកៗជាច្រើន ដើម្បី​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង និង​ពង្រីក​វិសាលភាព​របស់ខ្លួន។

    បន្ទាប់ពី​បានធ្វើការ​អភិវឌ្ឍ​ទៅលើ​អាជីវកម្ម​របស់ខ្លួន​ឥតឈប់ឈរ ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ក្រោម​ការខិតខំ​យ៉ាង​យកចិត្តទុកដាក់​បន្ថែម​របស់​កូនប្រុស​របស់លោក​ចំនួន2រូប​ទៀត​នោះ ផលិតផល Cromia ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលាយ​ពាសពេញ​ប្រទេស​អី​ុ​តា​លី​តែម្ដង រហូត​មាន​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ផលិតផល​ធ្វើ​អំពី​ស្បែក​សត្វ ជាពិសេស ផ្នែក​ខាង​កាបូប និង​ស្បែកជើង​ស្ត្រី​តែម្ដង បាន​មកសុំ​សហការ ដើម្បី​បន្តដំណើរ​ការផលិត និង​ចែកចាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅលើ​សាកលលោក។ លើសពីនេះទៅទៀត អ្វី​ដែលជា​មោទនភាព​បំផុត​នោះ គឺ​នៅត្រឹម​ឆ្នាំ2003 ម៉ាក​សញ្ញា Cromia ត្រូវបាន​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ស្ថាប័ន​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​អី​ុ​តា​លី​ចេញ​លិខិត​ទទួលស្គាល់ ជាមួយនឹង​ការផ្ដល់​ប័ណ្ណសរសើរ​ដល់​ក្រុមហ៊ុន​ថែម​ទៀតផង។

    លោក គឹម សោភា នាយក​គ្រប់​គ្រង់​នៃ​ក្រុមហ៊ុន Unique Fashion Cambodia ដែល​បាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​កាបូប​មនុស្ស​ស្រី​ម៉ាក Cromia ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា “ដោយសារ​មើលឃើញ​ពី​សក្ដានុពល​របស់ Cromia ក្រុមហ៊ុន Unique Fashion Cambodia បានសម្រេច​សុំ​សិទ្ធិ​ពី​ក្រុមហ៊ុន​ផ្ទា​ល់ពី​ប្រទេស​អី​ុ​តា​លី នាំចូល​និង​ចែកចាយ​ផ្ដាច់មុខ​កាបូប​ម៉ាក Cromia នៅ​កម្ពុជា កាលពី​ឆ្នាំ2015 ដែល​ត្រឹម​រយៈពេល2ឆ្នាំនេះ​យើង​លក់​ចេញ​បាន​ច្រើន​គួរឱ្យកត់សម្គាល់។ ការទទួល​បានការ​គាំ​ពី​សំណាក់​អតិថិជន​ទាំងនេះ ក៏​ព្រោះ​ពួកគេ​បាន​ស្គាល់​ច្បាស់​ពី​គុណភាព និង​កេរ្តិ៍ឈ្មោះ​របស់ Cromia។ បន្ថែម​ពីនេះ ក៏​ព្រោះតែ​កាបូប Cromia មានតម្លៃ​សមរម្យ និង​មាន​ច្រើន​ជម្រើស ច្រើន​ម៉ូដ ច្រើន​ពណ៌ ដែល​សុទ្ធតែ​ស្រស់ស្អាត ជាមួយ​លក្ខណៈពិសេសរ​បស់​កាបូប ដែល​អាចជួយ​លើក​តម្លៃ​អ្នកប្រើប្រាស់​ឱ្យមាន​ភាពទាន់សម័យ ថ្លៃថ្នូរ ស័ក្តិសម​នឹង​កិត្តិយស កេរ្តិ៍ឈ្មោះ​នៅក្នុង​សង្គម។

    លោក​បាន​បន្តទៀតថា “សម្រាប់​អតិថិជន​កាលពី​ដំបូង​ឡើយ ភាគច្រើន​គឺជា​ជនបរទេស ដោយសារ​ពួកគាត់​បាន​ស្គាល់ និង​ដឹង​ពី​ម៉ាក​សញ្ញា​នេះ​ច្បាស់។ ដោយឡែក​នៅត្រឹម​មួយឆ្នាំ​ចុងក្រោយ​នេះ អតិថិជន​ភាគច្រើន​គឺជា​ជនជាតិខ្មែរ​វិញ។ លោក​បាន​សង្កត់ធ្ងន់ថា “សម្រាប់​កាបូប​ដែល Unique Fashion Cambodia យកមក​ដាក់លក់​នាពេល​នេះ គឺមាន​ច្រើន​ប្រភេទ ច្រើន​ម៉ូដ តម្រូវ​ទៅតាម​មនុស្ស​គ្រប់​វ័យ និង​អាច​ប្រើ​បាន​គ្រប់​កម្មវិធី ដែល​ក្នុងនោះ​រួមមាន​ដូចជា​កាបូបយួរ​ដៃ កាបូបដៃ​តូច កាបូបដៃ​ធំ កាបូបស្ពាយ​ចំហៀង​បែប​ក្លា​ស៊ី​ក និង​កាបូបស្ពាយ​ពីក្រោយ​សម្រាប់​យុវវ័យ​ជាដើម។

    ងាក​មក​ចាប់​អា​ម្មណ៍​ពី​ទីផ្សារ​ចែកចាយ​ផលិតផល​កាបូប​ម៉ាក Cromia វិញ​ម្តង នាពេល​បច្ចុប្បន្ននេះ​គឺ​ក្រៅពី​មាន​លក់​នៅ​ទីស្នាក់ការ​កណ្តាល​ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ហើយ ផលិតផល​កាបូប​ម៉ាក Cromia ក៏មាន​នៅតាម​បណ្តា​ហាង​នានា​នៅតាម​ខេត្ត ក្រុង​មួយចំនួន​ផងដែរ៕

  • មាស សុខសោភា ប្រកាសចង់រៀបការហើយ!!!

    មាស សុខសោភា ប្រកាសចង់រៀបការហើយ!!!

    ចាប់តាំងពីបានបែកធ្លាយរូបភាពឱបថើបបឺតជញ្ជក់មាត់គ្នាយ៉ាងស្រើបស្រាល កាលពីអំឡុងឆ្នាំ2008 ខណៈដែលនាងទើបតែចេញបទចម្រៀងនៅក្នុងផលិតកម្ម M  នៅពេលរឿងអាស្រូវរបស់ មាស សុខសោភាមួយនេះ បានធ្វើឱ្យនាងធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ រហូតដល់នាងព្យាយាមលាក់បាំងអំពីសាវតាពិតរបស់គូស្នេហ៍ សូម្បីតែឈ្មោះក៏គ្មានអ្នកសារព័ត៌មានណាបានដឹងដែរ។ ដោយឡែក តារាស្រីល្បីឈ្មោះរូបនេះ ធ្លាប់បានគ្រោងរៀបការនៅអំឡុងឆ្នាំ2009 ដែរ ប៉ុន្តែបានសម្រេចចិត្តឆាចោលវិញ ហើយសម្រេចចិត្តរួមរស់ជាមួយគូស្នេហ៍ដោយការឆ្លងដែន ព្រោះនាងចង់សាងកេរ្តិ៍ឈ្មោះឡើងវិញ រហូតបានជោគជ័យដល់សព្វថ្ងៃនេះ។

    មួយរយៈថ្មីៗ ជុំវិញព័ត៌មានស្នេហារបស់តារាស្រីសំឡេងផ្អែមក្រអួនក្រអៅរូបនេះ ត្រូវបានមហាជនទម្លាយឱ្យដឹងថា គូស្នេហ៍របស់ មាស សុខសោភា មានឈ្មោះថា លោក អ៊ឹត រ៉ាដា អាណិកជនខ្មែរនៅកាណាដា ដែលពួកគេមានទំនាក់ទំនងស្នេហាអស់រយៈពេល 11ឆ្នាំមកហើយ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍នោះទេ ពោលគឺបានរួមរស់ជាម្ចាស់ស្នេហ៍ក្នុងរូបភាពលាក់លៀម ដែលមានការលើកឡើងថា ដោយសារតែនាងខ្លាចពិបាកដណ្តើមការគាំទ្រនៅលើវិថីចម្រៀង ទើបខ្លាចរោងការ ។ តែថ្មីៗនេះ ស្រាប់តែគេសង្កេតឃើញថា តារាស្រីរូបនេះ បានបណ្ដើរប្រុសស្នេហ៍ជាសាធារណៈ យ៉ាងបើកចំហ ក្រោយពីមានតារាល្បីៗជំនាន់ស្រកគ្នា បានចូលរោងការទាំងមានការគាំទ្រពីមហាជនយ៉ាងខ្លាំង។

    ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានបណ្ជាក់ឱ្យដឹងផងដែរថា ថ្មីនេះៗ មាស សុខសោភា បង្ហើបថាគ្រោងចូលរោងក្នុងអំឡុងពេល 2-3 ឆ្នាំខាងមុខទៀត។ ប្រភពដដែលបានបន្ដថា ទំនាក់ទំនងស្នេហារបស់ពួកគេ ឈានដល់ដំណាក់កាលរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះតែមួយយូរណាស់មកហើយ ហើយពួកគេហាក់ដូចជាមិនបានលាក់លៀមអ្វីឡើយ ដោយមជ្ឈដ្ឋានខ្លះលើកឡើងថា នាងមិនលាក់លៀមទៀតទេ ព្រោះតារាចម្រៀង មាស សុខសោភា និងលោក អ៊ឹត រ៉ាដា មានគម្រោងដឹកដៃគ្នាចូលរោងការឆាប់ៗនេះ៕

     

  • ញាក់សាច់ !! G-Davith ជូនរ​ថ​យ​ន្ត​ប្រណិតដល់ ទេព បូព្រឹក្ស

    ញាក់សាច់ !! G-Davith ជូនរ​ថ​យ​ន្ត​ប្រណិតដល់ ទេព បូព្រឹក្ស

    តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2017 នេះ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានទម្លាយរូបថតជាច្រើនសន្លឹកជាមួយប្រុសស្នេហ៍ដែលស្ដែងឱ្យមានជនបានដឹងថា តារាចម្រៀង G-Davith បាន​ទិ​ញ​កា​ដូ​ថ្មី​មួ​យ​ទៀ​ត​​ស​ម្រា​ប់​ខួ​ប​កំ​ណើ​ត​គឺ​ ​រ​ថ​យ​ន្ត​ប្រណិតប្រ​ភេ​ទ​ M​U​S​T​A​N​​G​ ​​។​ ​

    ទេព បូព្រឹក្ស បានបញ្ជាក់នៅលើហ្វេសប៊ុកថា «​អ​រគុ​ណ​ ​M​y​ ​r​e​d ​b​o​y ​N​g​o​u​n​ ​C​ha​n​ ​D​a​v​i​t​​h​ ​ដែ​លស​ម្រេ​ច​បំ​ណ​ង​ប្រា​ថ្នា​ខ្ញុំ​មុ​ន​ថ្ងៃ​ ​B​i​r​​t​h​d​a​y​ នេះ​ជា​កា​ដូ​ដ៏​ធំ​បំ​ផុ​ត​ស​ម្រា​ប់​ខ្ញុំ​ក្នុ​ង​ឆ្នាំ​នេះ​ហើយក៏​​​ជា​ចំ​ណ​ង​ដៃ​មុ​ន​ពួ​ក​​យើង​បើក​មុ​​ខ​រ​ប​រ​រ​កស៊ី ​ហេ​​ង​ហេង​ណា​​​​ សេះ​ក្រ​​ហ​ម​រំ​​ភើប​​ខ្លាំ​ង​ណាស់​​និ​យា​យ​ហ្ស៊ី​ន​​​នឹ​ក​ស្មា​ន​មិ​ន​ដ​ល់​ ​#​M​U​S​T​A​N​G​ »។

    គួរបញ្ជាក់ផងដែរថា តារានៅក្នុងទ្រនំហង្សមាសទាំងពីរដួងនេះ  កាន់តែមិនលាក់លាមបានសម្ងែងភាពផ្អែមល្ហែមដូចទឺកឃ្មុំ ហើយកាន់តែលើសពីស្រមោចរោមស្ករទៅទៀត នៅលើហ្វេសប៊ុករៀងៗខ្លួន ដើម្បីឱ្យមហាជនបានឃើញថាទំនាក់ទំនងស្នេហារបស់ពួកគេមានភាពស្អិតរមួតដល់កម្រិតណា៕

  • ទឹកអប់ម៉ាកល្បីរបស់ Kim Kardashian ត្រូវជនជាតិអូស្រ្តាលីកម្ទេចចោល

    ទឹកអប់ម៉ាកល្បីរបស់ Kim Kardashian ត្រូវជនជាតិអូស្រ្តាលីកម្ទេចចោល

    តាមរយៈគេហទំព័រសាព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2017 នេះ បានឱ្យដឹងថា ក្រុមគ្រួសារអ្នកជំនួញធំដូចជាតារាស្រីត្រកៀកធំ Kim Kardashian បានឧស្សាហ៍ព្យាយាមបញ្ចេញផលិតផលរក្សាសម្រស់ថ្មីនៅទីផ្សារ ដើម្បីទាក់ទាញចិត្តស្រីៗ បើទោះបីជាផលិតផលទាំងអស់នោះមានតម្លៃថ្លៃក៏ដោយ។

    ក៏ប៉ុន្ដែនៅទីបំផុតភាពល្បីឈ្មោះរបស់តារាស្រីរូបនេះមិនអាចជួយអ្វីបានឡើយ នៅពេលដែលឈុតទឹកអប់ថ្មីរបស់នាងត្រូវជនជាតិអូស្ត្រាលីកម្ទេច និងបំផ្លាញចោល ដោយសារតែទឹកអប់ប្រភេទមានក្លិនឆួលខ្លាំង និងមានគ្រោះថ្នាក់អន្តរាយដល់សុខភាពខ្លាំងពេក។ ក្លិនទឹកអប់នេះ មានឈ្មោះថា Crystal Gardenia ហើយក៏បានប្រើថ្មីគ្រីស្តាលមកផលិតជាដបទឹកអប់ថែមទៀតផង ទើបបានប៉ុន្មានថ្ងៃមុននេះ ដែលជាថ្ងៃបើកសម្ពោធដាក់លក់ជាផ្លូវការដំបូង មានអតិថិជនបានទិញផលិតផលមួយនេះ អស់រហូតដល់ 3សែនដប នៅក្នុងរយៈពេល 24ម៉ោង ហើយចំណេញបានជាង 10លានដុល្លារសហរដ្ឋអាមេរិក។

    តែមិនបានយូរប៉ុន្មានផង ក៏ទទួលបានដំណឹងមកថា ជនជាតិអូស្ត្រាលីបានកម្ទេចទឹកអប់ប្រភេទនេះចោល ព្រោះរកឃើញថា សារធាតុផ្សំនៅក្នុងទឹកអប់នេះមានគ្រោះថ្នាក់ហើយមានកម្រិតនៃជាតិអាកុលខ្ពស់ពេក ដូច្នោះហើយទើបបានជាអតិថិនជននៅក្នុងប្រទេស អូស្ត្រាលី និង នូវែលហ្សេឡង់ ទាមទារលុយពីក្រុមហ៊ុនផលិតវិញ ដោយសំអាងបញ្ជាក់ផងដែរថា​« Kim Kardashian មិនបានសរសេរបម្រាមនៃការប្រើប្រាស់ក្លិននៅលើដប ហើយក៏មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់នៅលើគេហទំព័រអនឡាញន៍ ទាំងនេះក្រុមហ៊ុនរបស់នាង Kim Kardashian កំពុងតែបោកប្រាស់យកលុយពីអតិថិជន ដូច្នោះពួកយើងនឹងធ្វើការទាមទារលុយមកវិញ»៕

  • កញ្ចប់​ថវិកា​របស់រ​ដ្ឋ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ប្រើប្រាស់​តិចតួច

    កញ្ចប់​ថវិកា​របស់រ​ដ្ឋ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ប្រើប្រាស់​តិចតួច

    បន្ទាប់ពី​ការ​ត្អូញត្អែរ​អំពី​ការខ្វះខាត​ទុន​សម្រាប់​ទិញស្រូវ​ជា​បន្តបន្ទាប់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​រយៈពេល2ឆ្នាំ ឬ2រដូវ​កាល​ប្រមូល​ផល​ស្រូវ​ចុង​ក្រោយនេះ បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ 50លាន​ដុល្លារ​សម្រាប់​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ខ្ចី​ធ្វើជា​ដើមទុន​ទិញស្រូវ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែលជា​អ្នកគ្រប់គ្រង​ចាត់ចែង​កញ្ចប់​ថវិកា​នោះ បាន​អះអាងថា មាន​ថវិកា​តិចតួច​ប៉ុណ្ណោះ​ត្រូវបាន​គេ​ខ្ចី​យកទៅ​ប្រើប្រាស់។

    ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្នុង​រយៈពេល2ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន50លាន​ដុល្លារ​សម្រាប់​ត្រៀម​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន និង​អ្នក​ទិញស្រូវ​សម្រាប់​ប្រើប្រាស់​ជា​ទុន​បង្វិល ប៉ុន្តែ​ថវិកា​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ខ្ចី​យកទៅ​ប្រើប្រាស់។ ឯកឧត្តម បាន​លើកឡើងថា ទឹកប្រាក់​ប្រមាណ17លាន​ដុល្លារ​នៃ​កញ្ចប់​ថវិកា50លាន​ដុល្លារ​ត្រូវបាន​ផ្នែក​ឯកជន​ខ្ចី​យកទៅ​ប្រើប្រាស់ ដោយមាន​អ្នក​ខ្ចី​ជាង30នាក់ ស្ថិតនៅក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ ភ្នំពេញ និង​ខេត្តព្រៃវែង។

    ការទទួលយក​ថវិកា​ក្នុង​ចំនួន​តិចតួច​នេះ​ដែល​មិន​សមស្រប​ចំពោះ​ការ​ត្អូញត្អែរ​ក្នុងពេល​កន្លងមក ត្រូវបាន​គេ​សន្និដ្ឋានថា បណ្តាលមកពី​មូលហេតុ​មួយចំនួន​ដូចជា ម្ចាស់​រោង​ម៉ាស៊ីន​មិន​ខ្វះ​ទុន​បង្វិល​នោះទេ ប៉ុន្តែ​បង្កើត​ក្តី​ព្រួយបារម្ភ​រឿង​ខ្វះ​ទុន, ការខ្ចី​បន្ថែម​អាចជា​ក្តីបារម្ភ​ចំពោះ​ការជាប់​បំណុល​បន្ថែម ខណៈ​ទីផ្សារ​មិន​ច្បាស់លាស់, ការទិញ​ស្រូវ​ស្តុក​មាន​ស្រាប់​ហើយ ក៏​បង្វិល​ស្រូវ​ចេញទៅ​កាន់​ទីផ្សារ​ទាន់ពេល​សម្រាប់​បាន​ទុន​យកមក​ទិញស្រូវ​បន្តទៀត។

    បច្ចុប្បន្ននេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ កំពុង​ប្រើប្រាស់​ថវិកា​ជិត100លាន​ដុល្លារ​សម្រាប់​ត្រៀម​ឱ្យ​វិស័យ​ស្រូវ​អង្ករ​ខ្ចី ដោយ​ក្នុងនោះ​ថវិកា50លាន​ដុល្លារ​ជា​កញ្ចប់​ថវិកា​ពិសេស 37លាន​ដុល្លារ​ជា​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ផ្ទាល់។ ធនាគារ​អភិវឌ្ឍន៍ជនបទ ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់5%ក្នុង​មួយឆ្នាំ ព្រមទាំង​បូក​បន្ថែម​កម្រៃ​សេវាកម្ម1%ពីលើ។

    ឯកឧត្តម​អគ្គនាយក បានឱ្យដឹងថា ក្នុងចំណោម​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ 54%នៃ​ថវិកា​នោះ​ត្រូវ​ប្រើប្រាស់​សម្រាប់​វិស័យ​ស្រូវ​អង្ករ។ ឯកឧត្តម បាន​បញ្ជាក់ថា៖“ការទម្លាក់​ថវិកា​ទៅលើ​ផ្នែក​តែមួយ​ច្រើន​បែបនេះ​គឺជា​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​មួយ ប៉ុន្តែ​វា​មិន​ថ្វី​ទេ ការអនុវត្ត​បែបនេះ​បាន​ដោយសារ​ប្រភព​ទុន​នេះ​ជា​ថវិកា​របស់​រដ្ឋ។

    លោក ហេង ផេង នាយក​ក្រុមហ៊ុន​ថ្មគោល រាយ​ស៍ នៅក្នុង​ខេត្តបាត់ដំបង បាន​អះអាងថា លោក​មិន​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​សម្រាប់​បង្វិល​ទិញស្រូវ​នោះទេ ប៉ុន្តែ​លោក​បាន​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារពាណិជ្ជ​សម្រាប់​ទិញស្រូវ​ក្នុង​រដូវ​ប្រមូល​ផលម្តង។ លោក ហេង ផេង និយាយថា៖“ខ្ញុំ​បាន​ប្រើប្រាស់​សេវា​ធនាគារពាណិជ្ជ​ជា​យូរ​មកហើយ ដូចនេះ​ខ្ញុំ​យល់ថា​វា​មាន​ភាពងាយស្រួល​សម្រាប់​ខ្ញុំ។ ម្យ៉ាងទៀត​ការចំណាយ​លើ​អត្រា​ការប្រាក់ និង​ការចំណាយផ្សេងៗទៀត ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។

    ម្ចាស់​រោង​ម៉ាស៊ីន​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា ប្រភព​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​ក្នុងពេល​កន្លងមក​ម្ចាស់​រោង​ម៉ាស៊ីន​មួយចំនួន​មិន​ទៅរក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវា1% ពីលើ​ទំហំ​ឥណទាន គឺមាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​ប្រភព​ហិរញ្ញវត្ថុ​ពី​វិស័យ​ឯកជន​ដែរ។

    លោក បាន​បន្ថែមថា វិស័យ​ហិរញ្ញវត្ថុ​ឯកជន​មាន​លក្ខណៈ​ងាយស្រួល​ជាង ដោយសារ​សេវា​របស់​វិស័យ​ឯកជន​យកចិត្តទុកដាក់​ជាមួយ​អតិថិជន ដែល​អ្នកស្វែងរក​សេវា​ត្រូវការ​ភាពកក់ក្តៅ​លើ​របៀបរបប​នៃ​បដិសណ្ឋារកិច្ច៕

  • វិនិយោគិន​ចិន​គ្រោង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា

    វិនិយោគិន​ចិន​គ្រោង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា

    ដើម្បី​ចូលរួម​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជា​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​កាន់តែច្រើន ក្រុម​អ្នកវិនិយោគ​ចិន​ជាច្រើន បាន​សហការគ្នា​គ្រោង​នឹង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា​នៅពេល​ខាងមុខ។

    តំណាង​ប្រតិភូ​មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន លោក​បណ្ឌិត Wang Dongsheng បាន​ថ្លែង​ឱ្យដឹង​ក្នុង​ពេលធ្វើ​បទឧទ្ទេសនាម​បង្ហាញ​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​សប្តាហ៍​កន្លងទៅ​ថា ក្រុមហ៊ុន​របស់លោក​ត្រូវការ​ផ្ទៃដី​សាងសង់​ប្រមាណ​ចន្លោះ​ពី500-600ហិកតា ដើម្បី​សាងសង់​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា និង​សង់​រោងចក្រ​ឱ្យបាន​ច្រើន​ផ្នែក​ទៀត។ លោក​បន្តថា ការសាងសង់​តំបន់ឧស្សាហកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សាងសង់​បណ្តុំ​រោងចក្រ​មួយចំនួន​ដូចជា រោងចក្រ​ផលិត​ទឹកស្អាត និង​ឧបករណ៍​បរិស្ថាន រោងចក្រ​ផលិត​អាលុយមីញ៉ូម ដែលជា​ធាតុ​ផ្សំ​សម្រាប់​ផលិត​ជា​វត្ថុធាតុដើម​បម្រើឱ្យ​ការផលិត​ទឹកស្អាត សួន​ឧស្សាហកម្ម​គីមី រោងចក្រ​ថ្នាំពេទ្យ សាលា ឬ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា​ជាន់ខ្ពស់ និង​សាកលវិទ្យាល័យ​ជាដើម។

    លោក​ប្រាប់ទៀតថា ទីតាំង​ដែលមាន​សក្តានុពល​ក្នុងការ​សាងសង់​សួន​ឧស្សាហ​កម្មនេះ មិនមែន​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ គឺធ្វើឡើង​នៅតាម​បណ្តា​ខេត្ត ដែល​បង្ក​ភាពងាយស្រួល​ដល់​វិស័យ​ដឹកជញ្ជូន ពិសេស​តំបន់​មាត់សមុទ្រ​ដូចជា​ខេត្តកំពត​ជាដើម ដោយសារ​ខេត្ត​នេះ​នៅជាប់​មាត់សមុទ្រ​ផង និង​មាន​ដី​នៅសល់​ទំនេរ​ច្រើន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍​ចំពោះ​គម្រោង​ការសាងសង់​តំបន់ឧស្សាហកម្ម​ដ៏​ធំ​នេះ និង​បាន​និយាយថា ជាការ​ប្រសើរ​ណាស់​ប្រសិនបើ​ក្រុមហ៊ុន​អាច​ស្វែងរក​ទីតាំង​បាន​នៅ​ខេត្តកំពត។ ជាមួយគ្នានេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​ប្រតិភូ​ខាងលើ​ថា បើសិន​ខ្វះ​ទីតាំង​មិនអាច​រកបាន​នៅក្នុង​ខេត្តកំពត កម្ពុជា​ក៏​នៅមាន​ទីតាំង​សក្តានុពលផ្សេងៗទៀត​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​វិស័យ​ដឹកជញ្ជូន​ដែរ ដូចជា​ក្នុង​ខេត្តកំពង់ស្ពឺ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ពីព្រោះ​ទីនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ មាន​បណ្តាញ​ផ្លូវគោក កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ផ្លូវ​រថភ្លើង និង​ព្រលានយន្តហោះ​ជាដើម។

    គួរ​បញ្ជាក់ថា ដោយសារ​កម្ពុ​ជាមាន​តម្រូវការ​ផ្នែក​វត្ថុធាតុដើម​សម្រាប់​ផលិត​ទឹកស្អាត គឺ​ប៉ូ​លី-អាលុយមីញ៉ូម​ក្ល​រ៉ៃ ហៅ​កាត់​ថា ភី​អេ​ស៊ី (PAC) ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​កសាង​រោងចក្រ​ផលិត​ជាតិ PAC ដែលជា​សារធាតុ​ម្យ៉ាង​សម្រាប់​ចាប់​កករ​ក្នុង​ទឹក នៅ​ទីតាំង​ផ្ទៃដី​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ព្រែក​តាសេក​ជាយ​រាជធានី​ភ្នំពេញ។

    ក្រោយពី​កិច្ចពិភាក្សា​ក្រុមហ៊ុន​ចិន បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុងការ​សាងសង់​រោងចក្រ​នៅ​កម្ពុជា​ឱ្យបាន​ឆាប់ ហើយ​ថា​នៅ​ដើមឆ្នាំ2018 ខាងមុខ​ក្រុម​ប្រតិភូ​ខាងលើ​នឹងធ្វើ​ដំណើរ​មក​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ជាថ្មី​ម្តងទៀត មុននឹង​សម្រេច​ជ្រើសរើស​ទីតាំង​ណាមួយ​ពិតប្រាកដ ដើម្បី​សាងសង់​តំបន់ឧស្សាហកម្ម​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន៕

  • វិធី5យ៉ាង​ជួយ​ឱ្យ​បបូរមាត់​កាន់តែ​គួរឱ្យ​ស្រឡាញ់

    វិធី5យ៉ាង​ជួយ​ឱ្យ​បបូរមាត់​កាន់តែ​គួរឱ្យ​ស្រឡាញ់

    បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច ការធ្វើដំណើរ​កម្សាន្ត​សម្រាប់​រាត្រី​ទឹកឃ្មុំ​បាន​ក្លាយជា​ទម្លាប់​មួយ​សម្រាប់​គូរ​ស្វាមីភរិយា​សម័យថ្មី។ ការធ្វើដំណើរ​បន្ទាប់ពី​ការរៀប​ការ​រួច​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាព​រីករាយ បន្ថយ​ភាព​ហត់នឿយ​បន្ទាប់ពី​មមាញឹក​អស់​រយៈពេល​យ៉ាងយូរ​នា​មុនពេល​រៀបការ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការជួយ​បង្កើន​អនុស្សាវរីយ៍ រឹតបន្តឹង​ចំណងស្នេហា​មនុស្ស​ពីរ​នាក់​ឱ្យ​កាន់តែ​តឹង​ណែន ស្រឡាញ់គ្នា​កាន់តែខ្លាំង​ឡើង​ផងដែរ។

    មនុស្ស​ជាច្រើន​បាន​និយាយថា ស្នេហា​ពិតប្រាកដ​គឺ​មិន​ស្ថិតនៅលើ​រូប​សម្រស់​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅលើ​ចិត្ត។ មែនហើយ​វា​ពិតជា​ត្រឹមត្រូវ​ណាស់ ប៉ុន្តែ​សូម​កុំភ្លេចថា ភាព​ទាក់ទាញ​ពី​ខាងក្រៅ​ដែល​អ្នកមាន​ក៏​នៅតែមាន​ចំណែក​ចូលរួម​ក្នុងការ​ធ្វើឱ្យ​ស្នេហា​របស់​អ្នក​កាន់តែ​កើនឡើង​ដែរ។ បបូរមាត់​ដ៏​ទាក់ទាញ​គួរឱ្យ​ចង់​ថើប​ជា​ផ្នែក​មួយ​នៃ​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ដូច្នេះ​អ្នក​គួរតែ​ចេះ​យក​វា​មក​ធ្វើជា​ប្រយោជន៍ ដើម្បី​បង្កើន​នូវ​ចំណង​ស្នេហ៍​នា​រាត្រី​ទឹកឃ្មុំ​របស់​អ្នក​ឱ្យ​កាន់​តែមាន​អត្ថន័យ​ឡើង​ថែម​មួយកម្រិត​ទៀត។ អូ​ខេ! មក​មើល​បន្តិច​ទៅ​មើល៍ថា តើ​ដើម្បីឱ្យ​បបូរមាត់​របស់​អ្នក​ក្លាយជា​បបូរមាត់​ដែល​គួរឱ្យ​ស្រឡាញ់​នោះ ត្រូវធ្វើ​ដូចម្តេចខ្លះ?

    1/ ការពារ​គឺជា​កូនសោ៖ បបូរមាត់​របស់​អ្នកមាន​ស្រទាប់​ស្បែក​ខាងលើ​ស្តើង​ខ្លាំងណាស់ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវការពា​រ​វា​ឱ្យបាន​ល្អ​ពី​កម្តៅថ្ងៃ។ ចូរ​ប្រើ​ផលិតផល​លាប​លើ​បបូរមាត់​ណា​ដែលមាន​ជាតិ SPF, UVA, UVB ជាប្រចាំ។ ទុកដាក់​វា​នៅក្បែរ​ដៃ​ចៀសវាង​ការ​ភ្លេច​ហើយ​បើ​អ្នក​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​ទៀត​នោះ គួរតែ​ដាក់​វា​ក្នុង​កាបូបស្ពាយ​ជាប់​ខ្លួន​របស់​អ្នក។

    2/ រក្សា​សំណើម៖ បបូរមាត់​នឹង​ឡើង​ស្ងួត​ប្រេះ​បែក ប្រសិនបើ​អ្នក​មិនបាន​បំពេញ​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ដូច្នេះ​មិន​ថា​អ្នក​ទៅដល់​ទីណា​នោះទេ ទឹក​ត្រូវតែ​នៅ​ជាមួយ​អ្នកជា​និច្ច ហើយ​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្តល់នូវ​ជាតិ​សំណើម​ដល់​រាងកាយ​របស់​អ្នក ក៏ដូចជា​បបូរមាត់រ​បស់​អ្នក​ផងដែរ។

    3/ កុំ​លិទ្ធ​បបូរមាត់៖ ការ​លិទ្ធ​បបូរមាត់​មិនមែនជា​វិធី​ផ្តល់​សំណើម​នោះទេ តែ​វា​នឹង​កាន់តែ​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ស្ងួតទៅៗម្តង​បន្តិច។ ជំនួស​ដោយ​ការប្រើ​អណ្តាត​លិទ្ធ​បបូរមាត់ អ្នក​គួរតែ​ព្យាយាម​លាប​ផលិតផល​ដូចដែល​បាន​ជម្រាបជូន​ខាងលើ​ឱ្យបាន​ញឹកញាប់​វិញ​ប្រសើរ​ជាង។

    4/ វីតាមីន៖ ជឿ​ឬទេ​ដែលថា​កង្វះ​វីតាមីន​ធ្វើឱ្យប៉ះពាល់​ដល់​រាងកាយ ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ? ហើយ​វា​ក៏​នាំឱ្យ​បបូរមាត់​ប្រេះ​បែក​ផងដែរ។ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អាហារ​ដែល​អ្នកទទួលទាន​ជា​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយក៏​កុំ​ភ្លេច​ដាក់បញ្ចូល​វីតាមីន​ចម្រុះ​ដូចជា វីតាមីន B, C, E… ផងដែរ។

    5/ អាហារ​ល្អ៖ ពេលធ្វើ​ដំណើរ​កម្សាន្ត​អ្នក​ពិត​ជាមាន​ជម្រើស​ច្រើនណាស់​ក្នុងការ​ភ្លក្ស​អាហារផ្សេងៗតាម​តំបន់ ប៉ុ​ន្ត​សូម​កុំភ្លេចថា អាហារ​មួយចំនួន​ដែលមាន​ផ្ទុក​អាស៊ីត​ខ្លាញ់ និង​អាហារ​មួយចំនួនទៀត​ដូចជា ផ្លែឈើ បន្លែ ត្រី ធញ្ញជាតិ និង​ប្រេង​អូ​លីវ​ជាដើម គឺជា​អាហារ​ដ៏​សំខាន់​សម្រាប់​អ្នក​ដែលមាន​បបូរមាត់​ស្ងួត​ប្រេះ​បែក​ដូចជា​រូបអ្នក ដើម្បី​ជួយ​ឱ្យ​សុខភាព​ស្បែក​ត្រង់​បបូរមាត់​របស់​អ្នក​ប្រែ​មកជា​មាន​សភាព​ស្រស់ថ្លា និង​មាន​សំណើម​គួរ​ជាទី​ពេញចិត្ត​វិញ។

    អនុវត្តតាម​វិធីងាយៗខាងលើ នោះ​អ្នកនឹង​ទទួលបាន​នូវ​បបូរមាត់​ដែល​ទន់​រលោង មាន​សុខ​ភាពល្អ​គួរឱ្យ​ចង់​ថើប និង​គួរឱ្យ​ទាក់ទាញ​ដូច​បំណង​ជាមិនខាន៕