Category: សង្គម និងសេដ្ឋកិច្ច

  • តារាចម្រៀង CL សម្រក់ទឹកភ្នែកព្រោះតែរឿង…

    តារាចម្រៀង CL សម្រក់ទឹកភ្នែកព្រោះតែរឿង…

    តាមរយៈសារព័ត៌មាន koreaboo ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា កំពូលតារាចម្រៀងស្រីកញ្ញា CL ដែលជាអតីតសមាជិកក្រុមចម្រៀង 2NE1 បានយំខណៈដែលនាងកំពុងរៀនរាំបង្វិលខ្លួននៅលើបង្គោលដែក។

    តារាចម្រៀង Kpop និងជាអតីតប្រធានក្រុមចម្រៀង 2NE1 ដ៏ល្បីល្បាញ កញ្ញា CL ដែលតែងតែពូកែអង្រួនឆាកតន្ត្រីជាមួយក្បាច់រាំដ៏ញ័រញាក់របស់នាង និងបានធ្វើឲ្យប្រិយមិត្តបង្ហាញនូវការគាំទ្រយ៉ាងច្រើនកុះករទាំងក្នុង និងក្រៅប្រទេសឱ្យស្លុងអារម្មណ៍ទៅតាមនោះ តាមពិតនាងមានការភ័យខ្លាចខ្លាំងណាស់ចំពោះក្បាច់រាំតោងបង្គោលដែក ដោយនៅក្នុងឃ្លីបវីដេអូមួយបានបង្ហាញអំពីរូបនាងកំពុងរៀនជំនាញថ្មីមួយទៀតគឺ បង្កើតក្បាច់រាំតោងបង្គោលដែក។

    ជាមួយនឹងការផ្ដល់បទសម្ភាសក្នុងកម្មវិធី “Livin’s The Double Life” តារាស្រីរូបនេះត្រូវបានអ្នករៀបចំកម្មវិធីបង្កឱ្យមានភាពភ្ញាក់ផ្អើល ដោយស្នើឲ្យនាងរាំជាមួយបង្គោលដែកជាលើកដំបូងក្នុងជីវិត។ គួរបញ្ជាក់ផងដែរ ទាំងពិធីករ និងតារាកិត្តិយស ដំបូងឡើយមានការជឿជាក់ទៅកញ្ញា CL យ៉ាងខ្លាំង ដោយយល់ថា នាងអាចរាំបានដោយគ្មានបញ្ហាអ្វីទាំងអស់ ក៏ប៉ុន្ដែលទ្ធផលចុងក្រោយ នាងមិនអាចចាប់ដងបង្គោលដែកនោះបានសូម្បីតែបន្ដិច ហើយត្រូវបានអ្នកផលិតកម្មវិធីរាយការណ៍មកថា នាងថែមទាំងបានយំទៀតផង។  ក្រោយពីបរាជ័យក្នុងការព្យាយាមជាច្រើនលើកច្រើនសាររួចមក តារាចម្រៀងដែលធ្លាប់តែពោរពេញដោយទេពកោសល្យរូបនេះ បានអស់សំណើច និងមើលខ្លួនឯងទាំងបិទមាត់មិនជិតរកនិយាយអ្វីក៏មិនចេញទៀតផង៕

  • មានតែ​សេវាកម្ម​ផ្ទេរប្រាក់​ប៉ុណ្ណោះ ​មានការ​ប្រើប្រាស់​ច្រើន​សម្រាប់ Mobile Banking

    មានតែ​សេវាកម្ម​ផ្ទេរប្រាក់​ប៉ុណ្ណោះ ​មានការ​ប្រើប្រាស់​ច្រើន​សម្រាប់ Mobile Banking

    ធនាគារជាតិ​នៃ​កម្ពុជា (NBC) កំពុង​ជំរុញ​ការធ្វើ​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​តាមរយៈ​ទូរស័ព្ទដៃ ខណៈដែល​ការធ្វើ​ប្រតិបត្តិការ​តាម​មធ្យោបាយ​នេះ​នៅមានកម្រិត​នៅឡើយ បើទោះបីជា​ការប្រើប្រាស់​ទូ​រ​ស័ព្ទ​ទំនើប​របស់​ប្រជាជន​ខ្មែរ​មាន​និន្នាការ​កើនឡើង​ច្រើន​ក៏ដោយ។

    នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​បច្ចេកវិទ្យា​ក្នុងការ​ប្រតិបត្តិ​សេវា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ននេះ។ គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ជំរុញឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា ការរៀបចំ​សិក្ខាសាលា​ក្នុងឆ្នាំនេះ គឺ​តួនាទី​នៃ​បច្ចេកវិទ្យា​ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដែល​បច្ចេកវិទ្យា​កំពុង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ជាស​កល។ តាមរយៈ​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ប្រធានបទ​ដែល​បានធ្វើ​បទ​បង្ហាញ​ពី​តួនាទី​របស់​ទូរស័ព្ទ​ចល័ត តើ​ប្រជាជន​ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ​អាចមាន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ច្រើនជាង ដែល​គ្មាន​ទូរស័ព្ទដៃ ឬ​យ៉ាងដូចម្តេច?

    សម្រាប់​បរិបទ​នៃ​ប្រទេស​កម្ពុជា អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាមរយៈ​ទូរស័ព្ទដៃ​មានការ​កើនឡើង ប៉ុន្តែ​មានតែ​សេវាកម្ម​ខ្លះ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អ្នកប្រើប្រាស់​ចូលរួម ខណៈដែល​សេវាកម្ម​ជាច្រើន​ទៀត​មិន​ទទួលបាន​ការចាប់អារម្មណ៍។

    លោកជំទាវ​អគ្គនាយិកា​បច្ចេកទេស បាន​មានប្រសាសន៍ថា៖“ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ខ្ចីលុយ​ក្នុងប្រទេស​កម្ពុជា ខ្ញុំ​យល់ថា​មាន​ល្បឿន​លឿន​គួរសម ព្រោះ​ឥឡូវនេះ​មាន​អ្នកផ្តល់​សេវា​ក្នុងនាម​ជា​ភាគី​ទី3ច្រើន ប៉ុន្តែ​ការប្រើប្រាស់​បច្ចេក-វិទ្យា​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដូចជា ការមើល​សមតុល្យ​ក្នុង​គណនី​របស់គាត់ ឬក៏​របៀប​ប្រតិបត្តិការផ្សេងៗទៀត គឺ​នៅមានកម្រិត។ លោកជំទាវ​បាន​បន្ថែមថា៖“យើង​លឿន​ក្នុងការ​ផ្ទេរ​លុយ ប៉ុន្តែ​យើង​មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​ទៀត​តាម​បច្ចេកវិទ្យា​ទូរស័ព្ទដៃ មិនទាន់​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅឡើយ។

    លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ បានឱ្យដឹងថា អតិថិជន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងតែ​បន្សាំ​ខ្លួន​ចំពោះ​របត់​ថ្មី​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដោយសារ​ការរីកចម្រើន​ខ្លាំង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា។ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​រហូតមកដល់​ពេលនេះ​មាន​អតិថិជន​របស់ខ្លួន​ប្រមាណ 8,000នាក់​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ ដោយ​ភាគច្រើន​នៃ​អ្នកប្រើប្រាស់ បាន​ប្រតិបត្តិការ​សម្រាប់​ផ្ទេរប្រាក់ និង​បញ្ចូល​កាត​ទូរស័ព្ទ ដោយឡែក​សេវាកម្មផ្សេងៗទៀត​មិនទាន់មាន​ប្រើប្រាស់​ច្រើន​នោះទេ។

    លោក​ឧកញ៉ា ហួត អៀង​តុង បាន​និយាយថា៖ “តាមរយៈ Mobile Banking យើង​ក៏​អនុញ្ញាត​ឱ្យមាន​ការស្នើ​ប្រាក់កម្ចី​តាម​ទូរស័ព្ទ​បាន ប៉ុន្តែ​រាល់​ដំណើរការ​ត្រួតពិនិត្យ​គឺ​នៅ​អនុវត្ត​តាមរបៀប​ចាស់​ដដែល ដោយ​តម្រូវឱ្យ​ភ្នាក់ងារឥណទាន​ចុះទៅ​ដល់ផ្ទះ​របស់​អតិថិជន ដើម្បី​ពិនិត្យមើល​ពី​ការរីកចម្រើន​ក្នុង​អាជីវកម្ម និង​លទ្ធភាព​ទទួល​កម្ចី​ជាក់ស្តែង។ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2017 នេះ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា រួមមាន ធនាគារពាណិជ្ជ39 ធនាគារ​ឯកទេស15 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ 66ប្រតិបត្តិ​ករ​ឥណទាន​ជនបទ267 ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ12 អ្នកដំណើរ​កា​រត​តិ​យ​ភាគី13ក្រុមហ៊ុន ក្រេ​ឌី​ត​ប្យូ​រ៉ូ​កម្ពុជា1 ការិយាល័យ តំណាង​ធនាគារ​បរទេស 6 និង​អាជីវករ​ប្តូរប្រាក់ 2,437៕

  • ស្ត្រី​មានគភ៌​ដូច​យើង…ធ្វើ​ម៉េច​ដឹងថា កូន​ក្នុង​គភ៌​រឹងមាំ?

    ស្ត្រី​មានគភ៌​ដូច​យើង…ធ្វើ​ម៉េច​ដឹងថា កូន​ក្នុង​គភ៌​រឹងមាំ?

    ក្នុងអំឡុងពេល​តាំង​គភ៌ ក្ដី​វិតក្ក​កង្វល់ ក្ដី​តានតឹង​ក្នុង​អារម្មណ៍​តែងតែ​កើតឡើង​ចំពោះ​ស្ត្រី​មានគភ៌​បាន​យ៉ាង​ងាយ​ជាង​ប្រក្រតី​ជា​កង្វល់​ពាក់ព័ន្ធ​នឹង​កូន​ថា តើ​កូន​នឹង​យ៉ាងម៉េច​ដែរ? រឹងមាំ​ឬទេ? មាន​អវយវៈ​គ្រប់32 ឬទេ? រាប់សិប​រាប់រយ​កង្វល់​ដែល​ស្ត្រី​មានគភ៌​នឹក​បារម្ភ គឺ​ដោយសារតែ​សេចក្ដីស្រឡាញ់​ដែលមាន​ចំពោះ​កូនតូច​ក្នុង​ផ្ទៃ​ហ្នឹងឯង។ តើ​ស្ត្រី​មានគភ៌​ទាំងអស់​ចង់ដឹង​ទេ​ថា  តើ​យើង​ធ្វើ​ម៉េច​នឹង​ដឹងបាន​ទៅ​ថា កូនតូច​ក្នុង​ផ្ទៃ​របស់​យើង​ហ្នឹង​រឹងមាំ​ល្អ​ដែរឬទេ? សូម​តាមដាន​ជា​បន្ត…។

    ធ្វើ​ម៉េច​នឹង​ដឹងបាន​ទៅ​ថា កូន​នៅក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​រឹងមាំ?

    ទារក​តូច​នៅក្នុង​គភ៌​នឹង​រឹងប៉ឹង​មាំមួន​ល្អ​ឬទេ​នោះ មួយផ្នែក​មកពី​សុខភាព​របស់​អ្នក​ម្ដាយ ដូច្នេះ​ពេល​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព មិនថាតែ​ការពិនិត្យ​សម្ពាធ​ឈាម ពិនិត្យ​ទឹកមូត្រ​ពិនិត្យ​ឈាម​មើលថា តើ​ស្លេកស្លាំង​ឬទេ? ហើម​ឬទេ? ពិនិត្យមើល​ទម្ងន់​ដែល​កើន​ច្រើនឡើង​រួមទាំង​ការសាកសួរ​ពី​អា​ការខុស​ប្រក្រតីផ្សេងៗនោះទេ អ្វីដែល​សំខាន់​លំដាប់ដំបូងៗមុនគេ​នោះ​គឺ ការពិនិត្យ​គភ៌ នៅពេលដែល​ដឹងថា ខ្លួនឯង​ច្បាស់​ជាមាន​ផ្ទៃពោះ​ហើយ។

    ការពិនិត្យ​គភ៌​គឺជា​ជម្រើស​មួយ​ដែល​គួរ​ធ្វើ​ខ្លាំង​បំផុត បើសិនជា​ស្ត្រី​មានគភ៌​ទៅពិនិត្យ​គភ៌ និង​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ជាប់លាប់ នៅពេល​មាន​សញ្ញា​ដាស់តឿន​ដែល​អាច​កើតមាន​ភាពខុសប្រក្រតី​ណាមួយ​ដែល​បង្ហាញថា ទារក​អាច​នឹងមាន​សុខ​ភាពមិន​រឹងមាំ ដូចជា ទម្ងន់​ខ្លួន​កើនឡើង​តិចជាង​ប្រក្រតី ទំហំ​ស្បូន​រីក​ធំ​យឺត កូន​លែង​សូវ​រើ ស្ត្រី​មានគភ៌​ខ្លួនឯង​មាន​អាការ​ហើម​ខ្លួន​ខ្លាំង ឬ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គ្រូពេទ្យ​នឹង​បានជ្រើសរើស​វិធី​ការត្រួតពិនិត្យ​ព្យាបាល​ដែល​ត្រឹមត្រូវ​ស័ក្តិសម​នឹង​សភាវ​ខុស​ប្រក្រតីផ្សេងៗដែល​កើតឡើង​នោះ។

    ការពិនិត្យ​វិនិច្ឆ័យ​ថា តើ​កូន​ក្នុង​គភ៌​រឹងមាំ​ឬទេ?

    បច្ចុប្បន្ននេះ ឧបករណ៍​ដែល​ប្រើប្រាស់​ក្នុងការ​ពិនិត្យមើល​ទារក​ក្នុង​គភ៌​មាន​ភាពទាន់សម័យ​ខ្លាំងណាស់ តាមរយៈ​ការវិវឌ្ឍ​តិច​ណូ​ឡូ​ជី​ខាង​ផ្នែក​វេជ្ជសាស្ត្រ ដូចជា៖

    ការពិនិត្យ​មើល​អេកូ​ដែល​អាច​សាង​រូបភាព 4D របស់​ទារក​បាន​មើល​ធ្លុះ​ចូលទៅក្នុង​ផ្ទៃ ទៅដល់​ស្បូន​ដោយផ្ទាល់​រហូត​អាច​មើលឃើញ​រូបរាង​របស់​ទារក​ច្បាស់លាស់ សឹងតែ​ដឹង​តែម្ដង​ថា ទារក​នោះ​មានមុខមាត់​ស្រដៀង​ឪពុក ឬ​ម្ដាយ ហើយ​ថែមទាំង​អាច​ពិនិត្យមើល​ប្រព័ន្ធ​ហូរ​វិល​របស់​ឈាម​តាម​អវយវៈផ្សេងៗ តាំងពី​សុក ទងសុក បេះដូង ឬ​សូម្បីតែ​ខួរក្បាល​ទៀតផង ដើម្បី​ពិនិត្យ​មើលថា កូនតូច​របស់​អ្នក​រឹងប៉ឹង និង​មាន​សុវត្ថិ​ភាពល្អ។

    ការពិនិត្យ​ស្ដាប់​សំឡេង​បេះដូង​ទារក និង​កត់ត្រា​ចេញមក​ជា​គំនូស​ហ្ក្រា​ហ្វិ​ក ដើម្បី​ប្រើ​ក្នុងការ​ពិនិត្យ​សុខភាព​របស់​ទារក។ ក្នុងករណី​ទូទៅ ការពិនិត្យ​គភ៌​ប្រក្រតី គ្រូពេទ្យ​ពិនិត្យមើល​ខ្នាត​របស់​ស្បូន និង​ទារ​កដោយ​ការប្រើ​ដៃ​ស្ទាប រួមជាមួយ​ការ​ស្ដាប់​សំឡេង​ការ​លោត​របស់​បេះដូង​ដែល​ទៀងទាត់​ក្នុង​រយៈពេលខ្លីៗ ក៏​អាច​ប្រាកដ​ក្នុង​ចិត្តបាន​ទៅហើយ​ថា កូនតូច​មាន​សុខ​ភាពល្អ។

    ករណី​ដែល​ពិនិត្យឃើញថា កើតមាន​ភាពខុសប្រក្រតី ឬ​កូនតូច​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​កើតមាន​គ្រោះថ្នាក់​ណាមួយ ឬ​ប្រថុយប្រថាន​នឹង​ការស្លាប់ គ្រូពេទ្យ​នឹង​ប្រញាប់​ផ្ដល់​ការជួយ​សង្គ្រោះ ហើយ​បើសិន​ស្ថិតក្នុង​រយៈ​ប្រសូត​ដែល​សុវត្ថិភាព គ្រូពេទ្យ​ក៏​នឹង​អាចជួយ​ដោយ​ការវះកាត់​ប្រសូត​បានភ្លាមៗទាន់ពេលវេលា​ផងដែរ។

    អ្វីដែល​សំខាន់ ក្នុងអំឡុងពេល​តាំង​គភ៌ ក្រៅពី​ការ​ទៅពិនិត្យ​គភ៌​តាំងពីដំបូងៗហើយ ស្ត្រី​មានគភ៌​ត្រូវ​ថែរក្សា​សុខភាព អនាម័យ​ឱ្យបាន​រឹងមាំ​ខ្ជាប់ខ្ជួន ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម ដូចជា ប្រូ​តេ​អី​ុ​ន ខា​បូ​ហាយ​ដ្រេ​ត (ធញ្ញជាតិ បាយ​ម្សៅ ស្ករ-ល-) សារធាតុ​រ៉ែ (បន្លែ ផ្លែឈើ) វីតាមីន​និង​ខ្លាញ់។ ក្រៅពីនេះ​ត្រូវ​ទទួលទាន​ទឹក សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ធ្វើ​ចិត្ត​ឱ្យ​ស្រស់ស្រាយសប្បាយៗ និង​មិន​ធុញថប់​តានតឹង អាចធ្វើ​ការងារស្រាលៗ ស្ដាប់​បទ​ភ្លេង ឬ​អាន​សៀវភៅ​ជាដើម។ ការ​ហែល​ទឹក ការដើរតិចៗ និង​ហាត់​យ៉ូ​ហ្គា គឺជា​ការធ្វើ​លំ​ហាត់ប្រាណ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ រួមទាំង​ការចៀសវាង​ពីអ្វី​ដែល​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់ ដូចជា ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ផ្សែង​បារី អាហារ​ដែល​មិនល្អ ការ​អង្គុយ ឬ​ឈរយូរៗ គឺ​សុទ្ធតែ​ហុច​ផល​អាក្រក់​ដល់​ស្ត្រី​មានគភ៌ និង​ទារក​ក្នុង​ផ្ទៃ​ទាំងអស់ ដូច្នេះហើយ​ទើប​គួរ​ចៀសវាង ដើម្បីឱ្យ​ទារក​តូច​ក្នុង​គភ៌​មាន​សុខភាព​រឹងមាំ​ល្អ៕

  • អាថ៌កំបាំង​ជួយ​ឱ្យ​ស្បែ​កមុខ «​ស» ​ស្អាត​ជាទី​គាប់ចិត្ត

    អាថ៌កំបាំង​ជួយ​ឱ្យ​ស្បែ​កមុខ «​ស» ​ស្អាត​ជាទី​គាប់ចិត្ត

    មិនមាន​អ្នកណា​បដិសេធ​មិន​ចង់បាន​ស្បែក​ស្រស់ស្អាត​នោះទេ មិន​ថា​អ្នកនោះ​ស្ថិតក្នុង​វ័យក្មេង ចាស់ ប្រុស ឬ​ស្រី​នោះទេ ឱ្យតែ​មាន​គេ​សួរថា ចង់បាន​ស្បែក​ស្រស់ស្អាត​ឬ​អត់ ពិតជា​ឆ្លើយថា​ចង់​គ្រប់​តែ​គ្នា​ហ្នឹង។ បើ​ដូច្នេះ​មែន សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បី​ទទួលបាន​ផ្ទៃមុខ​ដ៏​ស្រស់​ផូរផង់​ដូច​បំណង។

    ស្បែក​ស្រស់ស្អាត​ចាប់ផ្តើម​ឡើងជា​មួយ​ការលាង​សម្អាត៖ ការសម្អាត​ស្បែ​កមុខ​តាមបែប​ធម្មជាតិ​ទាំង​ពេលព្រឹក និង​ពេល​រាត្រី​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​គ្រប់គ្នា​គួរតែ​បានដឹង និង​ត្រូវតែ​ធ្វើ។ ការលាង​សម្អាត​ស្បែក​លើ​បរិវេណ​ផ្ទៃមុខ​តាម​វិធី​ធម្មជាតិ​មាន​ភាពងាយស្រួល​បំផុត ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​បន្តិច​ទៅ​លាយ​ជាមួយ​ទឹកដោះគោឆៅ1ស្លាបព្រា​បាយ  ហើយ​យក​វា​ទៅ​កម្តៅ 23វិនាទី រួច​សឹម​យកមក​លាប​លើ​ផ្ទៃមុខ និង​ក ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

    ចំហុយ​ស្បែ​កមុខ៖ ចំហុយ​ស្បែក​មុខ​របស់​អ្នក​រាល់​មួយ​សប្តាហ៍​ម្តង​ដើម្បី​សម្លាប់​ជាតិពុល​ដែលមាន​នៅលើ​ស្បែ​កមុខ កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ស្នាម​ជាំផ្សេងៗពី​ស្បែ​កមុខ។ បន្ថែម​ដោយ​ការ​លាបប្រេង​ដែល​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក​គឺ​កាន់តែ​ប្រសើរ។ សូម​ចងចាំ​ថា ការ​ចំហុយ​ផ្ទៃមុខ​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា និង​រលោង​ស្រស់ស្អាត​ដូច​បំណងប្រាថ្នា។

    គ្រឿង​ខាត់​ស្បែក​ធ្វើ​ដោយ​ខ្លួនឯង៖ ដុសខាត់​សម្អាត​ស្បែក​ជាមួយនឹង​គ្រឿង​ខាត់​ស្បែក​ដែល​ធ្វើឡើង​ដោយ​ខ្លួនឯង 1 ឬ2ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗចោល នាំមក​នូវ​សភាព​ស្បែក​ដែល​មានតែ​ភាព​រលោង​ស្អាត ដោយ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយ​ស្ករ​ក្រហម​បន្តិច រួច​យក​វា​មក​ត្រដុសថ្នមៗលើ​ស្បែក ហើយ​សឹម​សម្អាត​វា​ចេញ​ឱ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្តៅតិច។ យក​ទឹក​ត្រជាក់​មក​លាប​លើ​ផ្ទៃមុខតិចៗដើម្បី​បិទ​រន្ធ​រោម​ជាការ​ស្រេច។

    រក្សា​សំណើម​ផ្ទៃមុខ​ជានិច្ច៖ ប្រេង​បន្លែ​គឺជា​សារធាតុ​ផ្សំ​ដែលមាន​ប្រយោជន៍​បំផុត​ក្នុងការ​ជួយផ្តល់​សំណើម​ដល់​ស្បែក ការពារ​ស្បែក​ពី​ភាព​ជ្រីវជ្រួញ។

    កុំ​ភ្លេច​ម៉ាស​បិទមុខ៖ ម៉ាស​បិទមុខ​តាមបែប​ធម្មជាតិ​ជួយ​ការពារ​អ្នក​ពី​បញ្ហាផ្សេងៗដែល​តែង​កើត​ឡើងលើ​ផ្ទៃមុខ។ អនុវត្ត​យ៉ាងតិចណាស់​មួយ​សប្តាហ៍​ម្តង បើ​ចង់ឱ្យ​ក្តីបារម្ភ​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ត្រូវ​កម្ចាត់​ចោល។

    ស្បែក​មុខស្រស់​ស្រាយ៖ សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​មុខស្រស់​ស្អាត ឡា​រ៉ែ​ន សូម​ណែនាំ​វិធី​ងាយ​បំផុត ព្រមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មួយ​វិធី​គឺ លាងមុខ​ជាមួយ​ទឹក​សម្បក​ក្រូច​មួយ​សប្តាហ៍​ម្តង។ យក​សម្បក​ក្រូច​ទៅ​ស្ងោរ​ជាមួយ​ទឹក​ប្រមាណ5នាទី រួច​ទុក​វា​ឱ្យ​ត្រជាក់។ បន្ទាប់មក​យក​ទឹក​ស្ងោរ​សម្បក​ក្រូច​នេះ​ទៅ​លាប​លើ​ផ្ទៃមុខ​របស់​អ្នក។ វិធី​មួយ​នេះ​ហាក់ដូចជា​ប្លែក​ជាង​វិធី​រាល់ដង​ដែល​អ្នក​ធ្លាប់​ជួប ប៉ុន្តែ​អ្នក​ដែល​ធ្លាប់បាន​អនុវត្តតាម​វិធី​នេះ​បាន​ប្រាប់ថា វា​ជួយ​ឱ្យ​ស្បែ​កមុខ​មើលទៅ​មាន​ភាព​ស្រស់ស្រាយ​ជាង​ការដែល​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែសោះ។ សូម​សាកល្បង​បន្តិច​មើល!

    សូម​ចងចាំ​ផងដែរ​ថា ការប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់ថ្ងៃ ការមិន​ជក់បារី ការទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន តែ​បុរាណ និង​ទឹក​ផ្លែឈើ​ស្រស់​ក៏​ជា​ជំនួយការ​ដ៏​សំខាន់​ចំពោះ​សម្រស់​ស្បែក​មុខ​របស់​អ្នក​ដូចគ្នា​ដែរ៕

  • សុខ ជំនោរ និងភរិយាកាន់ដៃគ្នាទៅផ្អែមល្ហែមនៅទីក្រុងម៉ាកាវ

    សុខ ជំនោរ និងភរិយាកាន់ដៃគ្នាទៅផ្អែមល្ហែមនៅទីក្រុងម៉ាកាវ

    នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ 2017នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ស្រី សុ​រង្សី ដែលត្រូវជាភរិយារបស់លោក សុខ ជំនោរ នៅពេលថ្មីនេះៗបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីដំណើរកាន់ដៃគ្នាទៅក្រេបច័ន្ទទឹកឃ្មុំយ៉ាងផ្អែមល្ហែមនៅក្នុងទីក្រុង ម៉ាកាវ។

    ដោយឡែករូបថតរបស់គូស្នេហ៍មួយគូនេះ បានសម្ញែងកែវភ្នែកមហាជនឱ្យព្រឺសម្បុរ និងហូរឈាមតាមច្រមុះលេង តាមរយៈកាយវិការនែបនិត្យរបស់អ្នកទាំងពីរ ព្រោះថា ទាំងលោក សុខ ជំនោរ និងភរិយាបានបង្ហាញស្នាមថើបលើបបូរមាត់ឱ្យគ្នាទៅវិញទៅមកនៅលើទឹកដីម៉ាកាវ ព្រមទាំងសរសេរបញ្ជាក់ថា “ប្ដីថា ពេល Kiss អូនឆ្ងាញ់”។ គ្រាន់តែបានអាន និងឃើញភ្លាមនោះ ក៏ធ្វើឱ្យមជ្ឈដ្ឋានមហាជនទប់អារម្មណ៍សឹងតែមិនបានទៅហើយ និងថែមទាំងជារដូវរងាទៀតផង រឹតកាន់តែអត់មិនច្រណែនមិនបានឡើយ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ និងបន្ថែមភាពព្រឺព្រួចឡើងថែមទៀតនោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ​៖

  • បទថ្មី មាស សុខសោភា “My Only One” បញ្ជេញម៉ូដសិចស៊ីដ៏ព្រឺព្រួច

    បទថ្មី មាស សុខសោភា “My Only One” បញ្ជេញម៉ូដសិចស៊ីដ៏ព្រឺព្រួច

    ជាការពិតណាស់ ជាទូទៅមហាជនគ្រប់គ្នាតែងសម្គាល់តារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា និងមើលឃើញថា វីដេអូចម្រៀងរបស់នាងនីមួយៗ គឺពិតជាប្លែកទៅតាមអត្ថន័យបទចម្រៀង ដែលមានបទខ្លះនាងបានតុបតែងខ្លួនបែបសាមញ្ញ ចំណែកឯបទខ្លះទៀតវិញ នាងក៏តែងខ្លួនបែបទាន់សម័យជាដើម។ ចំពោះបទចម្រៀង Original Song របស់នាងតែងតែទទួលបានការគាំទ្រខ្លាំង ពិសេសវីដេអូចម្រៀងរបស់តារាស្រីរូបនេះ រមែងទៅផ្ដិតយករូបភាពប្លែកៗស្អាតៗពីតំបន់ទេសចរណ៍នានានៅក្រៅប្រទេស និងបង្ហាញពីរូបរាងសិចស៊ីរបស់នាងផងដែរ។

    ដោយឡែក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះវីដេអូសកម្មភាពក្រៅឆាកក្នុងការថតវីដេអូចម្រៀងថ្មីមានចំណងជើងថា “My Only One” នៅក្នុងប្រទេស គុយបា។ កាន់តែពិសេសទៅទៀត តារាស្រីរូបនេះ បានបង្ហាញប្លង់ពាក់អាវធ្វើពីស្បៃដ៏ស្ដើងពណ៌ទឹកក្រូច ដែលអាចមើលឃើញឆ្លុះទៅដល់អាវទ្រនាប់ខាងក្នុងពណ៌ទឹកសមុទ្រដ៏មូលក្លំបានយ៉ាងច្បាស់ និងមួយប្លង់ទៀតបង្ហាញពីឈុតប៊ីគីនីស្បៃពណ៌ខ្មៅ ដែលអាចធ្វើឱ្យមហាជនបានឃើញពីដងខ្លួនសិចស៊ី និងខោក្នុងពណ៌ខ្មៅយ៉ាងច្បាស់ផងដែរ។

    គួរបញ្ជាក់ផងដែរថា ចំពោះតារាស្រី មាស សុខសោភា មិនមែនមានតែអ្នកគាំទ្រជនជាតិខ្មែរប៉ុណ្ណោះទេ ដែលបានសរសើរពីសមត្ថភាពសំឡេងនៃការច្រៀងរបស់នាង សូម្បីតែបទចម្រៀងបរទេស ក៏តារាស្រីរូបនេះមានសមត្ថភាពទាក់ទាញជនបរទេសឱ្យស្ញើចសរសើរនាងមិនដាច់ពីមាត់ផងដែរ ជាពិសេសបទចម្រៀងនៅលើទំព័រ Vevo។ សូមជម្រាបបន្ថែមថា មកទល់ពេលនេះការទស្សនាវីដេអូសកម្មភាពក្រៅឆាករបស់តារាស្រីសិចស៊ីរូបនេះ បានកើនឡើងដល់ 92K Views ទៅហើយ ចុះទម្រាំតែ Full Mv វិញ តើសម្ទុះនៃការគាំទ្រនឹងស្ទុះហក់ឡើងប៉ុនណាទៅ?៕

    #throwbackthursday #camtraxmusic #cubanlink

    A post shared by Meas Soksophea-Official (@meassoksophea_official) on

  • ចង់បាន​ស្នាមញញឹម​ស្រស់ស្អាត កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ

    ចង់បាន​ស្នាមញញឹម​ស្រស់ស្អាត កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ

    ប្រាកដ​ណាស់​ថា ស្នាមញញឹម​របស់នារីៗគឺជា​មន្ត​ស្នេហ៍​មួយ​សម្រាប់​អ្នក​ដែល​បានឃើញ​ដូច្នេះ​អ្នក​ត្រូវតែមាន​វិធី​មើលថែទាំ​ធ្មេញ​របស់​អ្នក​ឱ្យ​ស្អាត ស និង​រឹងមាំ ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ​ឱ្យ​អ្នក​ដែល​នៅ​ជុំវិញខ្លួន​ឈ្លក់​វង្វេង តែ​តើ​ត្រូវ​ទទួលទាន​អ្វីខ្លះ ដើម្បីឱ្យ​ធ្មេញ​ស​ស្អាត និង​រឹងមាំ​នោះ សូម​តាមដាន​ជា​បន្ត…។

    • អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត

    អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត ដែលមាន​ដូចជា ម្សៅ បាយ និង​នំប៉័ង​ជាដើម ច្រើនតែ​ជាប់​នៅតាម​ប្រឡោះ​ជើងធ្មេញ ឬ​បរិវេណ​អញ្ចាញធ្មេញ បន្ទាប់ពីនោះ​ម្សៅ​នឹង​បំបែក​ខ្លួន​ក្លាយជា​ស្ករ​មាន​មេរោគ​បាក់តេរី ធ្វើឱ្យ​កើត​ស្នាម​កំណក និង​អាច​កើត​ជំងឺ​អញ្ចាញធ្មេញ​បាន ហើយក៏​អាចធ្វើឱ្យ​ធ្មេញ​ពុក​បានដែរ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ ខា​បូ​ហាយ​ដ្រេ​ត នេះ​គួរ​ទទួលទាន​ចំពោះតែ​ពេល​អាហារចម្បងៗដូចជា ពេលព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច​បាន​ហើយ ចៀសវាង​ទទួលទាន​លេង​នៅ​ចន្លោះពេល​អាហារ​ទាំងនោះ ព្រោះថា​នៅក្នុងពេល​អាហារចម្បងៗទាំងនោះ អ្នកនឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់ ទើប​កម្ទេច​កំណក​អាហារ​ទាំងនោះ​ត្រូវបាន​លាង​សម្អាត​ចេញ​អស់​ដោយ​ងាយ។

    • គួរ​ទទួលទាន​ទឹកតែ​ជាប្រចាំ

    មិនថាតែ​ធម្មតា តែ​ខ្មៅ ឬ​តែ​បៃតង​នោះទេ​សុទ្ធ​តែមាន​សារធាតុ ផូ​លី​ហ្វើ​ណូ​ល ដែលជា​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​រុក្ខជាតិ​ដែល​ការពារ​មិនឱ្យ​កំណក​កខ្វក់លឿងៗមក​តោង​ជាប់​នៅលើ​ធ្មេញ ជួយ​កាត់បន្ថយ​ឱកាស​ក្នុងការ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​អញ្ចាញ​ឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់ ដោយមាន​គុណសម្បត្តិ​ទប់ស្កាត់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែលជា​មូលហេតុ​របស់​ក្លិន​មាត់​ថែមទៀត ហើយ​ទឹកតែ​ភាគច្រើន​នៅមាន ភ្លូ​អ​រ៉ា​យ​ដ៍ ដែល​បានមកពី​ស្លឹក​តែ​ទៀតផង។

    • ទទួលទាន​វីតាមីន C ឱ្យបាន​គ្រប់គ្រាន់

    វីតាមីន C ប្រៀបដូចជា​ស៊ីម៉ង់ត៍​ដែល​ភ្ជាប់​កោសិកាផ្សេងៗឱ្យ​ចូលមក​ជាប់​ជាមួយគ្នា វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នា​នឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ផងដែរ។ អ្នក​ដែល​ទទួលទាន​វីតាមីន C តិចជាង60មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ នឹងមាន​ឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់ជាង​អ្នក​ដែល​ទទួលទាន​វីតាមីន C 180 មី​ល្លី​ក្រាម ឬ​ច្រើនជាង​នេះ 25% ដូច្នេះហើយ​ទើប​វីតាមីន C ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​មើលថែទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង។

    ត្រឹមតែ​វិធី3យ៉ាងងាយៗនេះ ធានាថា ធ្មេញ​របស់​អ្នកនឹង​ស្រស់ស្អាត ភ្លឺ​ស និង​រឹងមាំ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៏​ស្រស់ស្រាយ និង​មាន​មន្ត​ស្នេហ៍​យ៉ាងពិត​ប្រាកដ៕

  • Ronaldo សម្លឹង​រកពាន​បន្ថែម​ទៀត ក្រោយពី​ជួយ​ឲ្យ Real ការពារ​ពាន Club World Cup

    Ronaldo សម្លឹង​រកពាន​បន្ថែម​ទៀត ក្រោយពី​ជួយ​ឲ្យ Real ការពារ​ពាន Club World Cup

    ខ្សែប្រយុទ្ធ Cristiano Ronaldo រំពឹងទុក​ថា នឹង​បន្ត​ស្ថិតនៅ​លើផ្លូវ​នៃ​ជ័យជម្នះ​របស់គេ និង​ឈ្នះ​ពាន​បន្ថែមទៀត​នៅឯ​ក្លិប Real Madrid ក្រោយពី​បាន​រក​គ្រាប់​បាល់​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 1-០ លើ​ក្រុម Gremio ក្នុងការ​ប្រកួត​ពាន Club World Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ32ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​ពិន័យ Free-kick កោង​ចូល​ទី​យ៉ាង​ល្អ ខណៈដែល Real បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុងការ​ឈ្នះ​ពាន Club World Cup ពីរលើកជាប់ៗគ្នា។ Ronaldo ទើបតែ​បានឈ្នះ​ពាន​បាល់​មាស Ballon d’Or ជា​លើក​ទី5របស់គេ​កាលពី​ដើមខែ​នេះ ហើយក៏​បានឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ចំនួន​នៃ​ការ​ឈ្នះ​ពាន​នឹង​ប្រាប់​ដោយ​ខ្លួនឯង។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ខ្ញុំ​នៅតែមាន​ការលើកទឹកចិត្ត ដើម្បី​រក្សា​ការ​ឈ្នះ​ពានផ្សេងៗ ពោលគឺ​ទាំង​ពាន​ជា​ក្រុម និង​ពាន​ឯកជន»។ Ronaldo បាន​បន្ថែមទៀតថា៖ «យើង​ចង់​ឈ្នះ ពីព្រោះ Real Madrid មិន​ធ្លាប់​បានឈ្នះ​ពាន​ចំនួន5ក្នុង​ឆ្នាំ​តែមួយ​ឡើយ។ ខ្ញុំ​គិតថា យើង​បាន​លេង​ក្នុង​ការប្រកួត​យ៉ាង​ល្អ និង​ពិតជា​ស័ក្តិសម​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ»។ បច្ចុប្បន្ន Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី15គ្រាប់​ហើយ ក្នុងការ​បង្ហាញខ្លួន20លើក​សម្រាប់​ក្រុម Real Madrid នៅ​រដូវ​កាល​នេះ បើទោះបី​ហាក់ដូចជា​ធ្លាក់ចុះ​ទម្រង់​លេង​បន្តិច​ក្នុង​ក្របខ័ណ្ឌ La Liga ក៏ដោយ៕

    ប្រភពពី៖ BBC

  • គ្រាន់តែទទួលសញ្ញាបត្រភ្លាម អ្នកគាំទ្រភ្លូកទឹកភ្លូកដីអបអរសាទរ ចេមស៍ ជិ

    គ្រាន់តែទទួលសញ្ញាបត្រភ្លាម អ្នកគាំទ្រភ្លូកទឹកភ្លូកដីអបអរសាទរ ចេមស៍ ជិ

    តាមរយៈគេហទំព័រសារព័ត៌មាន Teenee នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ​2017នេះ បានបង្ហាញពីតារាឯកប្រុសប្រចាំប្រទេសថៃលោក ចេមស៍ ជិរ៉ាយុ ដែលទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វករ 4 ឆ្នាំ និងបន្ថែមលើការសិក្សាមុខវិជ្ជាច្បាប់រយៈពេល 1ឆ្នាំទៀតផងនោះ បានឡើងទទួលសញ្ញាបត្រនៅថ្ងៃទី17 ម្សិលមិញនេះ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ មានអ្នកគាំទ្រជាច្រើននាក់នាំគ្នាទៅចូលរួមយ៉ាងភ្លូកទឹកភ្លូកដីដើម្បីសម្ដែងការត្រេកអរ និងសាទរចំពោះភាពជោគជ័យរបស់តារាប្រុសរូបនេះ ដែលមិនធ្លាប់មានពីមុនមកឡើយនៅក្នុងប្រទេសថៃ។

    គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ បានបញ្ចប់ថ្នាក់គ្រប់គ្រងពាណិជ្ជកម្ម និងនីតិសាស្ត្រពាណិជ្ជកម្មរយៈពេល 1 ឆ្នាំបន្ថែម ហើយនៅក្នុងព្រឹត្តិការណ៍នោះ គេសង្កេតឃើញថា មានការធ្វើ Live Video ផ្ទាល់នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោក និងមើលឃើញថា លោកពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានអ្នកគាំទ្រជាច្រើនពាន់នាក់ បានមកតាមដង្ហែរូបលោក ហើយចូលរួមសម្ដែងក្ដីត្រេកអរជាមួយក្រុមគ្រួសាររបស់លោក សូម្បីតែ អ៊ំៗ និងយាយៗ ក៏បានអញ្ចើញមកមហាវិទ្យាល័យរបស់លោកផងដែរ  ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូ និងរូបភាពទាំងឡាយរបស់តារាប្រុសរូបនេះ ជាមួយអ្នកគាំទ្រដូចខាងក្រោមនេះ៖

  • Liverpool លត់ Bournemouth ចាស់ដៃ ខណៈ Man Utd ផ្តួល West Brom

    Liverpool លត់ Bournemouth ចាស់ដៃ ខណៈ Man Utd ផ្តួល West Brom

    ក្រុម​ហង្ស​ក្រហម Liverpool បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4វិញ ក្រោយពី​បាន​ផ្តួល​ក្រុម Bournemouth យ៉ាង​រាប​ដូច​កន្ទេល​ក្នុង​លទ្ធផល 4-០ ខណៈដែល​ក្រុម Manchester United បាន​រក្សា​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​តាមរយៈ​ការ​ផ្តួល​ក្រុម West Bromwich Albion 2-1 កាលពី​ថ្ងៃអាទិត្យ។

    ស្រប​ពេលដែល​ក្រុម Manchester City កំពុង​តែមាន​ពិន្ទុ​នាំមុខ​ដាច់​យ៉ាង​ឆ្ងាយ​នៅលើ​កំពូល​តារាង​នោះ ក្រុម Man United ត្រូវតែ​ដណ្តើម​ជ័យជម្នះ​ឲ្យ​បាន​នៅ​កីឡដ្ឋាន Hawthorns ដើម្បី​មានឱកាស​ណាមួយ​ក្នុងការ​ដេញតាម​ឲ្យ​ទាន់​គូប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួកគេ។ ខ្សែប្រយុទ្ធ Romelu Lukaku បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Jose Mourinho មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី27 ហើយ​ខ្សែបម្រើ Jesse Lingard រកបាន1គ្រាប់​ទៀត​ដើម្បី​បន្ថែម​ការនាំ​មុខ​របស់​ក្រុម​ខ្លួន​នៅ​នាទី​ទី35។ ប៉ុន្តែ Man United មិនបាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ឡើយ ក្រោយពី​ខ្សែបម្រើ Gareth Barry បានធ្វើការ​វាយបក​បាន1គ្រាប់​វិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​ទី77។ ប៉ុន្តែ Man United នៅតែ​បានបញ្ចប់​ការប្រកួត​នេះ​តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​មួយ​ដែល​បានធ្វើ​ឲ្យ​ពួកគេ​រក្សា​ការ​ដេញតាម​ពីក្រោយ​ក្រុម Man City ចំនួន11ពិន្ទុ។ លោក Mourinho បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈ្នះ​ហើយ។ យើង​គឺជា​ក្រុម​ខ្លាំង​បំផុត។ យើង​បាន​គ្រប់គ្រង​ការប្រកួត​នេះ​អស់​រយៈពេល​ជា​យូរ។ ភាពស្វិតស្វាញ​ក្នុង​តង់​ទី1 មិន​ដូច​ភាពស្វិតស្វាញ​ក្នុង​តង់​ទី2ឡើយ»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែបម្រើ​ប្រយុទ្ធ Mohamed Salah និង Philippe Coutinho បាន​ជួយ​ឲ្យ​ក្រុម Liverpool ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 4-០ នៅលើ​ទឹកដី​ក្រុម Bournemouth ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4នៅលើ​តារាង​ក្របខ័ណ្ឌ Premier League វិញ៕

    ប្រភពពី៖ Sport24