Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកលេងបណ្ដាញសង្គមម្នាក់រិះគន់សារព័ត៌មានរបស់គូស្នេហ៍ ចន ចន្ទលក្ខិណា ថាវាយក្បាលមាស សុខសោភា

    អ្នកលេងបណ្ដាញសង្គមម្នាក់រិះគន់សារព័ត៌មានរបស់គូស្នេហ៍ ចន ចន្ទលក្ខិណា ថាវាយក្បាលមាស សុខសោភា

    បន្ទាប់ពីមានការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា តារា-ញូស៍ ឬ Dara-News បានចុះផ្សាយពីរឿងអាស្រូវរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មថោន គឺកញ្ញា មាស សុខសោភា ដែលទើបតែបញ្ចេញបទចម្រៀងថ្មីរបស់នាងដែលមានបង្ហាញរូបរាងសិចស៊ីនោះ សារព័ត៌មាននោះបានដាក់ចំណងជើងធ្ងន់ៗថា «អាវទ្រនាប់ និងខោក្នុងរបស់មាស សុខសោភា ត្រូវបានបញ្ចេញក្នុងបទ…» ដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចេញមុខរិះគន់យ៉ាងចាស់ដៃថា ជាព័ត៌មានអុចអាល ហើយវាយសំពងតារាស្រីរូបនេះ។

    ជាមួយគ្នានេះដែរ សារព័ត៌មានខាងលើត្រូវគេស្គាល់ថាជាសារព័ត៌មានរបស់លោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា ហើយក៏បានស៊ែរព័ត៌មាននេះនៅលើហ្វេសប៊ុករបស់លោកផ្ទាល់ផងដែរ។ ដោយឡែក អ្នកលេងបណ្ដាញសង្គមម្នាក់បានរិះគន់ចំៗដោយលើកឡើងថា «អានតែចំណងជើងអត្ថបទហើយ ក៏ដឹងដែរថា ផេចតារាសិល្បៈ តារា-នីវស៍ ស្អីគេនេះ អ្នកកាន់ផេចត្រូវគេស្គាល់ថា ចូលចិត្តសរសេរតែរឿងចាក់ដោត អង្អែលខោកក្បាលតារាសឹងតែគ្រប់គ្នា ហើយលើកកន្ថោរសរសើរតែប្រពន្ធអត់ខាន់ស្លារបស់ខ្លួន! Sic មើលចុះ! សរសេរដាក់ថា អាវទ្រនាប់ និងខោក្នុងមាស សុខសោភា… មិនខុសពីចង់វាយក្បាលមាស សុខសោភាថា អត់កេរ្ត៍ខ្មាសនោះទេ។ តារាៗដែលមានមុខលើផេចអាប៉ិហ្នឹង ល្មមៗដូចឱ្យវាសម្អុយលេង»៕

     

  • Ignite Phnom Penh ជា​វេទិកា​និយាយ​សាធារណៈ​ខ្លី តែមាន​ន័យ​ខ្លឹម​សម្រាប់​ជីវិត

    Ignite Phnom Penh ជា​វេទិកា​និយាយ​សាធារណៈ​ខ្លី តែមាន​ន័យ​ខ្លឹម​សម្រាប់​ជីវិត

    មនុស្សម្នាក់ៗតែងមាន​គំនិត និង​គន្លឹះ​ជោគជ័យ​សម្រាប់​ជីវិតរៀងៗខ្លួន ដែល​ប្រភព​ចំណេះដឹង និង​ការគិត​ទាំងអស់នោះ​គឺជា​កូនសោ​ដ៏​សំខាន់​ដែល​អាចធ្វើឱ្យ​ជីវិត​មានការ​អភិវឌ្ឍ ឬ​មាន​ភាព​រីកចម្រើន​ទៅមុខ។

    ដើម្បី​ផ្តល់ឱកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​ដែលមាន​គន្លឹះ​ជីវិតល្អៗបាន​ចែករំលែក​នូវ​អ្វី​ដែលជា​កូនសោ​ជីវិត​របស់ខ្លួន​ទៅកាន់​មនុស្ស​ជាច្រើន​ទៀត​នៅ​កម្ពុជា Ignite Phnom Penh បានរៀបចំ​វេទិកា​និយាយ​សាធារណៈ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក។

    Ignite Talks គឺជា​កម្មវិធី​និយាយ​ជា​សាធារណៈ​មួយ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ2006 នៅ​ទីក្រុង​ស៊ា​ថ​ល រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយ​លោក Brady Forrest និង លោក Bre Pettis។ នា​ឆ្នាំ2016 Ignite Talks ត្រូវបាន​នាំមក​កាន់​ប្រទេស​កម្ពុជា​ដែលមាន​ឈ្មោះថា Ignite Phnom Penh ហើយ​បាន​ប្រារព្ធ​ធ្វើ​ចំនួន2លើក ដោយមាន​ចំនួន​វាគ្មិន​សរុប31នាក់ និង​អ្នកចូលរួម​សរុប​ចំនួន​ជាង 1,500នាក់។

    ប្រធាន​គ្រប់គ្រង​កម្មវិធី Ignite Phnom Penh លោក ជា សុខ​ហ៊ី បាន​លើកឡើងថា គោលបំណង​ដែល​នាំ​កម្មវិធី​នេះ​មក​កម្ពុជា​គឺ​ចង់​ពង្រឹងសមត្ថភាព​នៃ​ការនិយាយ​ជា​សាធារណៈ​ដល់​ប្រជាជន​គ្រប់រូប និង​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស យុវជន និង​កូន​ខ្មែរ​ទាំងអស់​អាច​ឡើង​និយាយ​ពី​គំនិត​របស់ខ្លួន​ដែល​ចង់​ចែករំលែក​ទៅ​សាធារណជន​ទាំងឡាយ។ ប្រធានបទ​មានការ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ ការលើក​ទឹក​ចិ​ត្ដ ការចែករំលែក​ពី​ភាពជោគជ័យ ក្ដី​ស្រមៃ និង​គោលដៅ​របស់ខ្លួន។

    លោក សុខ​ហ៊ី បាន​និយាយថា ៖ “ចំណុច​ពិសេស​របស់​កម្មវិធី Ignite Phnom Penh គឺ​វាគ្មិននីមួយៗត្រូវធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ 5នាទី និង​ស្លាយ (Slide) ចំនួន20។ ចំណុច​នេះ​គឺ​តម្រូវឱ្យ​វាគ្មិននីមួយៗមានការ​ត្រៀម​រៀបចំខ្លួន​យ៉ាង​ល្អ។ អាស្រ័យហេតុនេះ វាគ្មិន​ទទួលបាន​បទពិសោធថ្មីៗដែល​ជួយ​ឱ្យ​ពួកគាត់​អាច​គ្រប់គ្រង​ពេលវេលា​ក្នុងការ​ធ្វើ​បទ​បង្ហាញ​ឱ្យបាន​ល្អ។

    សហ​ស្ថាបនិក​កម្មវិធី​និយាយ​សាធារណៈ​ដែល​ប្រកបដោយ​គុណ​តម្លៃ​មួយ​នេះ​បាន​លើកឡើងថា កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន 15 រូប​មកពី​គ្រប់​ស្ថាប័ន ដោយមាន​វាគ្មិន​មួយចំនួន​ជា​អ្នក​ដែលមាន​បទពិសោធ​នៅក្នុង​សង្គម​ជាច្រើន​ឆ្នាំ និង​វាគ្មិន​មួយចំនួនទៀត​ជា​សិ​ស្សា និស្សិត​ដែល​មកពី​វិទ្យាល័យ និង​មហាវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

  • ក្រុមគ្រួសារ និងមិត្តស្រីបានអះអាងថា ខំព្យាយាមសង្គ្រោះ Jonghyun មុនពេលធ្វើអត្តឃាត

    ក្រុមគ្រួសារ និងមិត្តស្រីបានអះអាងថា ខំព្យាយាមសង្គ្រោះ Jonghyun មុនពេលធ្វើអត្តឃាត

    បើតាមគេហទំព័រព័ត៌មាន Koreaboo ដែលបានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា សមាជិកក្រុមចម្រៀង SHINeeទាំងអស់បានរំឭកថា ពួកគេមានភាពសប្បាយរីករាយបំផុតកាលពីសប្ដាហ៍មុនជាមួយតារាប្រុស​ Jonghyun មុនពេលលោកទទួលមរណភាពយ៉ាងនឹកស្មានមិនដល់នោះ។

    បើយោងតាមការអះអាងរបស់អ្នកគ្រប់គ្រងផ្នែក Dear Cloud’s  Agency បានអះអាងថា តារាចម្រៀងប្រុស  Jonghyun បានទុកលិខិតមួយច្បាប់មុនពេលលោកបានសម្ដែងការប្រគំតន្ត្រីចម្រៀងទោលរបស់លោក ដោយបានសរសេរបញ្ជាក់ប្រាប់អំពីក្រុមគ្រួសាររបស់លោក។ អ្នកគ្រប់គ្រងរូបនេះបានលើកឡើងថា «Jonghyun បានផ្ញើលិខិតមួយច្បាប់មកកាន់ពួកយើងកាលពីប៉ុន្មានថ្ងៃកន្លងទៅមុនការប្រគំតន្ត្រីរបស់លោក។ យើងមិនដឹងថា នឹងមានរឿងកើតឡើងដូច្នេះទេ យើងបានត្រឹមតែចូលរួមការប្រគំតន្ត្រីរបស់លោក ដើម្បីប្រាប់ក្រុមគ្រួសាររបស់គាត់អំពីរឿងនេះ។ ក្រុមគ្រួសារតារារូបនេះដឹងថា Jonghyun ឈឺចាប់ខ្លាំងណាស់ ទើបខំព្យាយាមលួងលោមលោកបន្ថែមទៀត បន្ទាប់មកពួកយើងក៏ព្យាយាមទាក់ទងជាមួយ Jonghyun ជាប់ជានិច្ចដើម្បីជួយជាកម្លាំងចិត្តដល់គាត់ តែក្រោយមកក៏ទទួលដំណឹងដ៏រន្ធត់នេះតែម្ដង»។

    គួរបញ្ជាក់ផងដែរថា អ្នកគ្រប់គ្រងតារារូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «Jonghyun បាននិយាយពាក្យចុងក្រោយដោយបានលាបងស្រីរបស់លោក និងមិត្តស្រីរបស់លោក កញ្ញា Nine Muses មុនពេលលោកធ្វើអត្តឃាត។ មិត្តស្រីរបស់លោកបានព្យាយាមទូរស័ព្ទហៅប៉ូលិសឱ្យជួយស្វែងរករូបលោក តែវាយឺតពេលបាត់ទៅហើយ។ គាត់ទទួលមរណភាពបាត់ទៅហើយ»៕

  • តារាថៃ-កូរ៉េ Nichkhun ចូលរួមរំលែកទុក្ខសពលោក Jonghyun

    តារាថៃ-កូរ៉េ Nichkhun ចូលរួមរំលែកទុក្ខសពលោក Jonghyun

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនាពេលមុននេះបន្ដិចបានឱ្យដឹងថា សមាជិកក្រុមចម្រៀង 2PM ដែលជាតារាចម្រៀងតារាថៃ-កូរ៉េ គឺលោក Nichkhun បានបង្ហោះសារដ៏ក្រៀមក្រំមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធើរ។

    ចេញពីករណីតារាចម្រៀង Kim Jonghyun អាយុ 27 ឆ្នាំ ដែលបានធ្វើអត្តឃាតបញ្ចប់ជីវិតរបស់ខ្លូនដោយការរុំខ្លួននឹងផ្សែងពុលនៅក្នុងផ្ទះសំណាក់ ក្នុងតំបន់ Cheongdam-dong ទីក្រុងស៊េអូល ប្រទេសកូរ៉េនោះ  ដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ និងបណ្ដាប្រទេសនានានៅលើពិភពលោក។ ទីបំផុត តារាចម្រៀង Nichkhun ដែលជាសមាជិកក្រុមចម្រៀង  2PM បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីប្រទេសថៃ​ ដោយបង្ហោះរូបភាពក្នុងឈុតសម្លៀកបំពាក់ ស-ខ្មៅ និងបូកាន់ទុក្ខជាមួយរូបថត Jonghyun ថែមទាំងបានសរសេរបញ្ជាក់លើធ្វីតធើរថា «​Rest in Peace» ទៀតផង៕

  • ផលិតកម្ម SM រៀបចំពិធីបុណ្យសពតារាចម្រៀង Jong hyun

    ផលិតកម្ម SM រៀបចំពិធីបុណ្យសពតារាចម្រៀង Jong hyun

    តាមរយៈសារព័ត៌មាន koreaboo បានចេញផ្សាយនៅថ្ងៃទី19 ខែធ្នូ ឆ្នាំ 2017 បានឱ្យដឹងថា មុននេះបន្ដិចខាងផលិតកម្ម S.M. Entertainment បានចេញសាររំលែកទុក្ខចំពោះតារាចម្រៀងប្រុស Jong hyun ដែលជាសមាជិកក្រុមចម្រៀង SHINEE ថែមទាំងបានរៀបចំកន្លែងមួយសម្រាប់អ្នកគាំទ្រដើម្បីចូលគោរពវិញ្ញាណក្ខន្ធនិងពិធីបុណ្យសពរបស់តារាប្រុសរូបនេះទៀតផង។

    កាលពីថ្ងៃទី18 ខែធ្នូ ឆ្នាំ2017នេះ ផលិតកម្ម S.M. Entertainment  បានបញ្ជាក់ថា តារាចម្រៀងប្រុស Jong hyun គឺជាតារាចម្រៀងដែលល្អបំផុត ជាអ្នកដែលស្រឡាញ់តន្ត្រីជានរណាៗទាំងអស់ តែភ្លាមៗលោកបានចាកចេញពីយើងទៅដោយគ្មាននរណាម្នាក់ដឹងមុនឡើយ។ បេះដូងរបស់ពួកយើងឈឺចាប់បំផុត នៅពេលបានទទួលដំណឹងដ៏គួរឱ្យរន្ធត់ និងក្រៀមក្រំនេះ ដោយសារអ្នកគាំទ្រកំពុងតែបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេជារៀងរហូតហើយ។ ស្របតាមបំណងប្រាថ្នារបស់គ្រួសារតារារូបនេះ ពួកយើងនឹងរៀបចំកន្លែងសមរម្យមួយសម្រាប់អ្នកគាំទ្រ សមាជិកក្រុមគ្រួសារចូលគោរពវិញ្ញាណក្ខន្ធ និងសម្ដែងក្ដីសោកស្ដាយចំពោះ Jonghyun ដែលបានប្រើរយៈពេលជាច្រើនឆ្នាំនៅជាមួយពួកយើង។

    ផលិតកម្មខាងលើក៏បានបញ្ជាក់ទៀតដែរថា ការគោរពវិញ្ញាណក្ខន្ធនឹងចាប់ផ្តើមពីថ្ងៃទី19 ខែធ្នូ វេលាម៉ោង 12 ថ្ងៃត្រង់ (KST) នេះតទៅ ក្រុមអ្នកគាំទ្រអាចចូលធ្វើការគោរពរបស់ពួកគេនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្តសេអ៊ូលអេស៊ាន បន្ទប់ក្រោមដីលេខ 1 នៅសាលសូន្យ។ សូមបង្ហាញអារម្មណ៍ដ៏កក់ក្តៅរបស់អ្នកចំពោះ Jonghyun ដែលជាសិល្បករឆ្នើមដ៏អស្ចារ្យបំផុត ដែលបានសម្រាកដោយស្ងប់សុខជានិរន្តរ៍។ ជាថ្មីម្តងទៀត យើងខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រួសាររបស់សពលោក Jonghyun៕

  • ក្រមា​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ក្រៅប្រទេស

    ក្រមា​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ក្រៅប្រទេស

    បើទោះបី​បច្ចុប្បន្ន​យុវជន​មួយចំនួន​មានការ​ពេញនិយម​ចំពោះ​សម្លៀកបំពាក់​សម័យថ្មី​ក៏ដោយ ក៏​ក្រមា​ខ្មែរ​នៅតែមាន​ការពេញនិយម​ប្រើប្រាស់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ព្រម​ទាំងពី​សំណាក់​ជនបរទេស​ផងដែរ។

    លោកស្រី គឹម ដាវី ប្រធាន​សមាគម​សិប្បក​ម្ម​អង្គរ បាន​មានប្រសាសន៍ថា ដោយមាន​ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស សមាគម​របស់​លោកស្រី​បានរៀបចំ​សិប្បកម្ម​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ ជាពិសេស​ក្រមា​អំបោះ​ត្បាញ​ដោយ​ដៃ​ផ្ទាល់​ដែលមាន​ការគាំទ្រ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុងប្រទេស និង​ក្រៅប្រទេស។

    លោកស្រី​បាន​ប្រាប់ថា ជា​មធ្យម​ក្នុង​មួយខែ​សមាគម​សិប្បកម្ម​អង្គរ​លក់​ក្រមា កន្សែង និង​ភួយ​ក្នុងស្រុក បាន​ចន្លោះ​ពី 7,000 ទៅ 8,000 និង​បាន​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ប្រទេស​មួយចំនួន​ដូចជា អូស្ត្រាលី កាណាដា ន័​រវេ​ស និង​នូវ៉ែល​សេ​ឡង់​ជាដើម ដែលមាន​ចំនួន​ប្រមាណ​ចន្លោះ​ពី 1,500 ទៅ 1,800ក្រមា​ថែម​ទៀតផង។ នេះ​អាច​និយាយថា ជា​សកម្មភាព​មួយ​ក្នុងការ​ជួយផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន សម្រាប់​រក​ចំណូល​បន្ថែម​ពី​ការងារ​ស្រែចម្ការ ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​បាន​មួយចំណែក​ផងដែរ។ អ្វីដែល​ធ្វើឱ្យ​ក្រមា​ខ្មែរ​មានការ​ពេញនិយម​ប្រើប្រាស់​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក គឺ​ដោយសារ​ក្រមា​ត្បាញ​ដោយ​ដៃ​សិប្បករ​ខ្មែរ​មានគុណ​ភាពល្អ​ជាង​ក្រមា​ផលិត​ចេញពី​រោងចក្រ​នាំចូល​មកពី​ក្រៅប្រទេស។

    គួរ​បញ្ជាក់ថា សមាគម​សិប្បកម្ម​អង្គរ មិនមែន​ផលិត​ក្រមា​តែមួយ​ប្រភេទ​នោះទេ ពោលគឺ​មាន​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​ថែមទៀត សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ហើយ​មានការ​ពេញនិយម​គាំទ្រ​យ៉ាងខ្លាំង​ពី​ជនបរទេស។ លោកស្រី ដាវី បាន​បញ្ជាក់ថា៖“ដោយ​សង្កេតឃើញ​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស មក​លក់​ទៅឱ្យ​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា សមាគម​ក៏បាន​ផ្តួចផ្តើម​គំនិត​ផលិត​វត្ថុ​អនុស្សាវរីយ៍​នេះ​ឡើង​ដើម្បី​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ពួកគាត់​មាន​ជីវភាព​បាន​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

    សិប្បកម្ម​ចម្លាក់​ទាំងនោះ ត្រូវបាន​ចែកចេញជា​ផ្នែកផ្សេងៗគ្នា​មានដូចជា ទី1 សិប្បកម្ម​ចម្លាក់​ប្រាក់ ថ្ម ឈើ ស្ពាន់ ស្បែក និង​គំនូរ​ធម្មជាតិផ្សេងៗទៀត ទី2 សិប្បកម្ម​បែប​សរសៃ​ធម្មជាតិ​សម្រាប់​ធ្វើជា​កន្ត្រក កញ្ច្រែង កញ្ជើ ល្អី ឬ​សម្បក​វេច​ខ្ចប់​ជំនួស​ថង់​ផ្លា​ស្ទិ​ក​ជាដើម ដែល​ធ្វើ​ពី​វត្ថុធាតុដើម​ដូចជា ល្ពា​ក់ ផ្តៅ ស្លឹកត្នោត និង​គាវត្នោត​ជាដើម។ ចំណែក​ទី3 សិប្បកម្ម​វាយ​ន​ភណ្ឌ​អំបោះ សរសៃ​ក្រមា ភួយ​និង​សរសៃសូត្រ​ជាដើម ទី4 សិប្បកម្ម​ផលិត​ឧបករណ៍​តន្ត្រីបុរាណ​មាន​ដូចជា​ស្គ តាខេ ទ្រ ភ្លេង​រនាត​ពិណពាទ្យ ចាប៉ីដងវែង​ជាដើម និង​ទី5 សិប្បកម្ម​ផលិត​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា ប្រអប់​ដាក់​ក្រដាស ប្រអប់​ដាក់​សាប៊ូ ដែល​ផលិត​ចេញ​ជា​ចម្លាក់​រូប​អប្សរា និង​រូបភាព​ទាក់ទាញ​ផ្សេងទៀត ផលិត​ចេញពី​កម្ទេច​ឈើតូចៗ ឬ​ឈើ​ដែល​គេ​បោះចោល​ប្រើប្រាស់​លែងកើត។

    មកទល់​បច្ចុប្បន្ន សមាគម​សិប្បកម្ម​អង្គរ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ប្រមាណ 4,000នាក់ ពិសេស​ជា​ស្ត្រី​មេផ្ទះ​អាច​មើលថែទាំ​ផ្ទះ មើលថែទាំ​កូនចៅ​នៅផ្ទះ​ផង និង​ឆ្លៀត​ពេលធ្វើ​ការងារ​សិប្បកម្ម​ខាងលើនេះ ដែល​ភាគច្រើន​ពួកគាត់​រស់នៅ​ក្នុងស្រុក​ពួក និង​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប។ ជាមួយគ្នានេះ​លោកស្រី​ប្រធាន​សមាគម​សិប្បកម្ម​អង្គរ ក៏បាន​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ ឱ្យជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ផ្តល់​ការងារ ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

  • រន្ធត់!! សមាជិកក្រុមចម្រៀង SHINEE  ធ្វើអត្តឃាតបញ្ចប់ជីវិត

    រន្ធត់!! សមាជិកក្រុមចម្រៀង SHINEE  ធ្វើអត្តឃាតបញ្ចប់ជីវិត

    តាមរយៈសារព័ត៌មាន koreaboo នៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយមុននេះបន្ដិច បានបង្ហើបឱ្យដឹងពីសំបុត្ររបស់តារាចម្រៀងប្រុស Jong hyun ដែលជាសមាជិកក្រុមចម្រៀង SHINEE បានផ្ញើឱ្យបងស្រីរបស់ខ្លួនមុនពេលធ្វើអត្តឃាតបញ្ចប់ជីវិត។ នៅក្នុងអត្ថន័យរបស់សំបុត្របានបញ្ជាក់ពីហេតុផលនៃការស្លាប់ និងមូលហេតុដែលបានធ្វើឱ្យជីវិតទទួលរងនូវការឈឺចាប់ ដោយលោកបានសរសេរថា ដើមហេតុគឺ បណ្ដាលមកពីអាការបាក់ទឹកចិត្ត។

    នៅក្នុងសំបុត្ររបស់តារាប្រុសរូបនោះបានសរសេរថា «ខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែងនៅក្នុងអំឡុងពេលដែលខ្ញុំកំពុងត្រៀមចម្រៀងទោលនៅឡើយ រាងកាយរបស់ខ្ញុំនឿយហត់ខ្លាំងបំផុត ជាធម្មតាខ្ញុំមានកម្លាំងខណៈដែលបាននៅជុំជាមួយសមាជិកដទៃទៀត ក៏ប៉ុន្ដែនៅពេលនេះខ្ញុំនៅតែម្នាក់ឯងធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ឯកា និងតែលតោល»។ លោកបានបញ្ជាក់ទៀតថា «ខ្ញុំនឿយហត់ណាស់ សូមប្រាប់ពួកគេផងថា ដោះលែងខ្ញុំទៅ ដែលពេលកន្លងមកខ្ញុំធ្វើយ៉ាងប្រឹងប្រែងនោះ គឺជាការតាំងចិត្តខិតខំរបស់ខ្ញុំនាពេលចុងក្រោយ»។

    គួរបញ្ជាក់ផងដែរថា មិត្តជិតស្និទ្ធរបស់តារា​ប្រុសរូបនេះដែលបានជួបលោកនៅថ្ងៃទី18 ម្សិលមិញនេះបានបញ្ជាក់ប្រាប់មន្ត្រីប៉ូលិសថា «ពួកយើងបានជជែកគ្នា ហើយប្រាប់ Jong hyun ថា ប្រសិនបើអត់ធ្មត់បន្ដិច អ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញមិនខាន ហើយខ្ញុំក៏បានណែនាំគាត់ឱ្យទៅជួបគ្រូពេទ្យ តែគាត់បដិសេធ»។ មិត្តស្និទ្ធស្នាលរបស់លោកម្នាក់នេះបានបន្ដទៀតថា «មិនថាសំណូមពរទី1 ឬទី2 នោះទេ គឺលោកគិតអំពីចម្រៀងទាំងអស់ គាត់តែងតែនិយាយញឹកញាប់ថាមិនអាចធ្វើឱ្យក្រុមគ្រួសារយល់ពីចិត្តលោកបាន ព្រោះលោកចង់ធ្វើឱ្យបានល្អជាងនេះ ក៏ប៉ុន្ដែសមត្ថភាពលោកមិនមានគ្រប់គ្រាន់ និងអាយុក៏ច្រើន ទើបត្រូវគេដកចេញ ហើយមានអារម្មណ៍លំបាកចិត្តខ្លាំងណាស់»៕

  • ប្រភពព័ត៌មាន៖ Barca ឈានដល់​ការព្រមព្រៀង​ដើម្បី​ទិញ Griezmann ពី​ក្លិប Atletico

    ប្រភពព័ត៌មាន៖ Barca ឈានដល់​ការព្រមព្រៀង​ដើម្បី​ទិញ Griezmann ពី​ក្លិប Atletico

    បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​កីឡា​ប្រចាំថ្ងៃ Mundo Deportivo របស់​អេ​ស្ប៉ា​ញ ក្លិប​យក្ស Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​រួចហើយ​ក្នុងការ​នាំយក​តារា​ឆ្នើម Antoine Griezmann ពី​ក្លិប Atletico Madrid ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាងមុខនេះ។  លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​ជួបពិភាក្សា​ជាមួយនឹង​ក្រុមគ្រួសារ​របស់​ខ្សែប្រយុទ្ធ Griezmann ខណៈដែល​លោក​កំពុងតែ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ចំណាយ​ប្រាក់​ទិញ​រំលាយ​កិច្ចសន្យា​ចំនួន100លាន​អឺរ៉ូ (ស្មើនឹង118លាន​ដុល្លារ​អាមេរិក) របស់ Griezmann។

    ការនាំយក​តារា​ឆ្នើម​អន្តរជាតិ​បារាំង​រូបនេះ​ទៅកាន់​កីឡដ្ឋាន Camp Nou ត្រូវបាន​គេ​រំពឹងទុក​ថា ក្លិប Barca មានបំណង​ក្នុងការ​ឲ្យ​រូបគេ​ចាប់​ដៃគូ​ជាមួយនឹង Lionel Messi និង Luis Suarez ក្រោយពី​ការចាកចេញ​របស់ Neymar ទៅកាន់​ក្លិប Paris Saint-Germain កាលពី​ខែសីហា ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក222លាន​អឺរ៉ូ។ កាសែត Mundo Deportivo បានចេញ​ផ្សាយ​ថា៖ «Barca បានចាត់ទុក Griezmann ជា​គោលដៅ​មួយ​សម្រាប់​ឆ្នាំ2018 ហើយ​ពួកគេ​បាន​សាកសួរ​ពី​ចិត្ត​របស់ Griezmann ដើម្បី​ឲ្យ​ដឹងថា តើ​រូបគេ​ចង់​ពាក់អាវ​ពណ៌​ខៀវ លាយ​ក្រហម​ឬ​យ៉ាងណាដែរ»។

    ខណៈដែល​កាសែត Mundo Deportivo បន្ថែមទៀតថា Bartomeu ទើបតែ​បាន​ជួប​ជាមួយនឹង​ក្រុមគ្រួសារ​របស់ Griezmann នាពេលថ្មីៗនេះ ដើម្បី​ពិសា​អាហារ​ជាមួយគ្នា កាសែត​នោះបាន​បញ្ជាក់ថា៖ «លោក​ប្រធាន​ក្លិប​លោក Josep Maria Bartomeu បច្ចុប្បន្ន បានធ្វើ​ដំណើរ​ទៅ​បំពេញ​ប្រតិបត្តិការ​នេះ »។ Griezmann វ័យ26ឆ្នាំ បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​មួយ​ជាមួយនឹង​ក្លិប Atletico កាលពី​ខែមិថុនា ក្រោយពី​ការប្តឹង​ឧទ្ធរណ៍​របស់​ពួកគេ​ប្រឆាំងនឹង​បម្រាម​ទិញ​ចូល​កីឡាករ ត្រូវបាន​ច្រានចោល។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Diego Simeone គ្រូបង្វឹក​របស់ Atletico បានទទួល​ស្គាល់​នៅ​សប្តាហ៍​នេះ​ថា ការចាកចេញ​របស់ Griezmann មិនអាច​ចៀស​រួច​ឡើយ៕

    ប្រភពពី៖ Sport24

  • វិធី​បង្កើត​ទម្លាប់​ល្អ ដើម្បី​ភាពស្រស់ស្អាត​គ្រប់គ្នា​ក្នុង​គ្រួសារ

    វិធី​បង្កើត​ទម្លាប់​ល្អ ដើម្បី​ភាពស្រស់ស្អាត​គ្រប់គ្នា​ក្នុង​គ្រួសារ

    មិនចាំបាច់​ទាល់តែ​ទៅ​ស្វែងរក​សេវាកម្ម​ថែរក្សា​សម្រស់ ក៏​លោកអ្នក​អាច​ទទួលបាន​ភាពស្រស់​ស្អាត​ដែរ ព្រោះថា​ការដែល​លោក​អ្នកមាន​ទម្លាប់ល្អៗសម្រាប់​អនុវត្ត​ហើយ​នោះ ភាពស្រស់ស្អាត​ក៏​ពិតជា​មិន​រត់​ទៅណា​ដែរ។ កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ ប្រសិនបើ​អ្នក​អាច​ធ្វើជា​អ្នកដឹកនាំ​គ្រប់គ្នា​នៅក្នុង​គ្រួសារ​ឱ្យមាន​ទម្លាប់​ថែរក្សា​ភាព​ស្អាត​ឱ្យបាន​ត្រឹមត្រូវ​ដូច​អ្នក​ដែរនោះ ធានាថា​គ្រប់គ្នា​ពិតជា​បាន​ស្រស់​ជាមិនខាន។

    សូម​ចាំ​ថា​ការអនុវត្ត​វិធីងាយៗនៅផ្ទះ​ដោយ​ខ្លួនឯង​ឱ្យបាន​ញឹកញាប់​វា​នឹង​ក្លាយជា​ទម្លាប់ ហើយ​នៅពេលដែល​គ្រប់គ្នា​នៅក្នុង​គ្រួសារ​មាន​ទម្លាប់​ល្អ​ហើយ​នោះ​សូម​ធានាថា ក្តីបារម្ភ​ដែល​ទាក់ទង​នឹង​ការថែរក្សា​សម្រស់​ក៏​ពិតជា​មិន​អាចមក​រំខាន​អ្នកណាម្នាក់​នៅក្នុង​ផ្ទះ​រប​ស់​អ្នក​បាន​ទៀតឡើយ។

    ស្បែក​ស្អាត​ត្រូវ​ចាប់ផ្តើម​ពី​ការសម្អាត៖ ការសម្អាត​ស្បែក​ជាប្រចាំ​នាពេល​ព្រឹក និង​ពេលយប់​ជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើឱ្យបាន​ជាប់​ជាប្រចាំ។ ក្នុងករណី​ដែល​អ្នក​ចង់ឱ្យ​ការសម្អាត​ផ្ទៃមុខ​របស់អ្នក​កាន់​តែមាន​លក្ខណៈ​ពិសេស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ផ្តល់នូវ​គុណប្រយោជន៍​ជាច្រើន​ដល់​សម្រស់​ស្បែក​របស់​អ្នក​ទៀត​នោះ​អ្នក​អាច​យក​ទឹកឃ្មុំ​បន្តិច​លាយ​ជាមួយ​ទឹកដោះគោឆៅ​មួយ​ស្លាបព្រា រួច​យក​វា​ទៅ​កម្តៅ3-4វិនាទី​ក្នុង​ម៉ាស៊ីន​មៃ​ក្រូ​វេ​វ ហើយ​យកមក​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ និង​ក រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅតិចៗជាការ​ស្រេច។

    ចំហុយ​ជា​កូនសោ​បើកទ្វារ​នៃ​ភាព​ស្រស់ស្រាយ៖ ចំហុយ​មុខ​របស់​អ្នក​ឱ្យបាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​សម្អាត​ជាតិពុល មុន​ក្បាល​ខ្មៅ និង​ស្នាមតូចៗចេញពី​ស្បែ​កមុខ។ ការបន្ថែម​ប្រេងផ្សេងៗឱ្យ​ត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក គឺជា​ការជួយ​ឱ្យ​ការ​ចំហុយ​ស្បែក​មុខ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង។  សូម​ចាំ​ថា ការ​ចំហុយ​ស្បែក​គឺជា​វិធី​ដែល​ជួយ​ឱ្យ​ស្បែក​មាន​ភាព​ស្រស់ស្រាយ និង​មាន​សុខភាព​ល្អ​ជាប់​ជានិច្ច។

    ចងចាំ​ជានិច្ច​ថា​ស្បែក​ត្រូវមាន​សំណើម៖ ប្រេង​បន្លែ ដូចជា ប្រេង​អាល់​ម៉ុ​ន​ជាដើម​ត្រូវបាន​គេ​ទុក​ថា​ជា​ជំនួយការ​ដ៏​ល្អ​បំផុត​ក្នុងការ​នាំមក​នូវ​សំណើម​ដល់​ស្បែក និង​កាត់បន្ថយ​ស្នាម​ជ្រួញ។

    គ្រឿង​ម៉ាស្សា​នៅផ្ទះ៖ ការ​ម៉ាស្សា​សម្អាត​ស្បែក​ដោយ​ប្រើ​ផលិតផល​ដែលមាន​ស្រាប់​នៅក្នុង​ផ្ទះ​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​ទម្លាប់​ដ៏​ប្រសើរ​មួយ ដែល​អ្នក​គួរតែ​នាំគ្នា​អនុវត្ត។ គ្រាន់តែ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយនឹង​ស្ករត្នោត​បន្តិច ហើយ​យកមក​ត្រដុសថ្នមៗលើ​ស្បែក រួច​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហ។ ក្រោយមក​បន្តិច​កុំ​ភ្លេច​បិទ​រន្ធ​ញើស​របស់​អ្នក​ដោយ​ការ​សាចទឹក​ត្រជាក់​លើ​ផ្ទៃមុខ​ផង។ វិធី​នេះ​នឹងចូលរួម​ចំណែក​ធ្វើការ​កម្ចាត់ និង​សម្អាត​ស្បែកចាស់ៗចេញ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ស្បែក​ថ្មី​បានបង្ហាញ​វត្តមាន​នៅលើ​ផ្ទៃមុខ​របស់​អ្នក​វិញ​ជាមិនខាន។

    កុំ​បំភ្លេច​ម៉ាស​ជំនួយ​ផ្ទៃមុខ៖ ការប្រើ​ម៉ាស​បិទមុខ​ដែល​អ្នកទិញ​មកស្រាប់ៗអាច​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ប្រឈម​នឹង​បញ្ហាផ្សេងៗ ហើយ​អ្នក​ក៏​អាច​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យមាន​ភាព​ចំណេញ និង​មិនមាន​ក្តីបារម្ភ​ទៀត​នោះ សូម​សាកល្បង​នាំ​សមាជិក​ក្នុង​គ្រួសារ​បិទ​ម៉ាស​ដែល​អ្នក​ធ្វើឡើង​ដោយ​ខ្លួនឯង ដែល​បានមកពី​ការ​ផ្សំ​ចូលគ្នា​នៃ​គ្រី​ម មួយ​ស្លាបព្រា ចេកទុំ​កិន​ម៉ដ្ឋ​មួយ​ផ្លែ និង​វីតាមីន​Eមួយ​គ្រាប់។ លាប​លើ​ផ្ទៃមុខ​ទុកចោល​ប្រហែលជា 15នាទី​សឹម​សម្អាត​ចេញ​ជាការ​ស្រេច។

    ទាំងនេះ​សុទ្ធតែជា​វិធី​ដែល​អាច​នាំ​អ្នក និង​សមាជិក​ក្នុង​គ្រួសារ​របស់​អ្នក​ទៅរក​ភាពស្រស់ស្អាត ប៉ុន្តែ​សូម​ចងចាំ​ផង​ថា ក្រៅពី​ការធ្វើ​តាម​វិធី​ទាំងនេះហើយ​នោះ លោកអ្នក​ក៏ត្រូវ​ថែរក្សា​ស្បែ​កដោយ​ការ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យបាន​ជាប្រចាំ កុំ​ជក់បារី ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ មិន​ថា​ជា​ទឹក​ធម្មតា ឬ​ទឹក​បន្លែ ផ្លែឈើ​ដែល​ចម្រាញ់​ចេញពី​ផ្លែឈើស្រស់ៗនោះទេ៕

  • កសិករ​ងាក​មក​ដាំ​ស្វាយ​តៃវ៉ាន់ ខណៈដែល​ដំណាំ​នេះ​ទទួលផល​បាន​ច្រើនជាង​ស្វាយ​ក្នុងស្រុក

    កសិករ​ងាក​មក​ដាំ​ស្វាយ​តៃវ៉ាន់ ខណៈដែល​ដំណាំ​នេះ​ទទួលផល​បាន​ច្រើនជាង​ស្វាយ​ក្នុងស្រុក

    អ្នកជំនាញ​ផ្នែក​កសិកម្ម តែង​និយាយថា​ការផ្លាស់ប្តូរ​ប្រភេទ​ដំណាំ​ដាំ​ដុះ​នឹង​ជួយ​ឱ្យ​ដី​មាន​ជីជាតិ​បានយូរ និង​ធ្វើឱ្យ​ដំណាំ​កសិកម្ម​បាន​ផល​ច្រើន ហើយ​លើសពីនេះ​ដំណាំ​ប្រភេទថ្មីៗក៏​តែងមានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ផងដែរ។ ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការផ្លាស់ប្តូរ​ប្រភេទ​ដំណាំ​នេះ កសិករ​មួយចំនួន​ដែល​ដាំ​ស្វាយកែវ-រមៀត​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បាននាំគ្នា​ងាក​មក​ដាំ​ពូជ​ស្វាយ​តៃវ៉ាន់​ជំនួស​វិញ ព្រោះ​ដំណាំ​នេះ​ទទួលបាន​ផល​ច្រើន និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

    អ្នកស្រី ហ៊ីម តេង​ងី​ម ជា​កសិករ​រស់នៅ​ភូមិ​លេខ3 ឃុំ​ត្រើយ​ស្លា បាន​និយាយថា គាត់​បានចាប់ផ្តើម​ដាំ​ស្វាយ​តៃវ៉ាន់ នេះ​រយៈពេល4ឆ្នាំ​មកហើយ​ដោយ​ពូជ​ស្វាយ​នេះ​គឺ​ទិញ​មកពី​ប្រទេស​វៀតណាម​ក្នុង​មួយ​ដើម​តម្លៃ1ម៉ឺន​រៀល និង​បាន​ដាំ​ចំនួន 400ដើម​នៅលើ​ផ្ទៃដី​ទទឹង 70ម៉ែត្រ និង​បណ្តោយ 250ម៉ែត្រ។

    អ្នកស្រី​បាន​បន្តថា ស្វាយ​តៃវ៉ាន់ ងាយស្រួល​ដាំ និង​មិន​ពិបាក​ថែទាំ​ទេ ហើយ​ឆាប់​ផ្តល់​ផល​ដោយ​ចំណាយពេល​ត្រឹមតែ2ឆ្នាំ​អាច​បេះ​ផ្លែ​លក់បាន និង​លក់បាន​ថ្លៃ​ជាង​ស្វាយកែវ​រមៀត​ទៀតផង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​សាច់​ស្រួយ​ថែមទៀត។ ស្វាយ​តៃវ៉ាន់ នេះ​មាន 2ប្រភេទ គឺ​ពូជ​ផ្លែ​ធំ ដោយ​មួយ​ផ្លែ​អាចមាន​ទម្ងន់​ដល់​ទៅ 1.5គីឡូក្រាម និង​ពូជ​តូចប៉ុនៗស្វាយកែវ​រមៀត​ដែរ។ សព្វថ្ងៃ​ស្វាយ​តែ​វ៉ាន់ ធំ1គីឡូក្រាម​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ​ក្នុងតម្លៃ​ចន្លោះ​ពី 4,000-5,000រៀល ចំណែក​ពូជ​តូច​បាន​ថ្លៃ 2,500រៀល។

    កសិករ​ដដែល​បាន​ប្រាប់ទៀតថា ការថែទាំ​ស្វាយ​ប្រភេទ​ថ្មី​នេះ មិន​ខុសពី​ស្វាយកែវ​រមៀត​នោះទេ បើ​រដូវប្រាំង10-15ថ្ងៃ​បូមទឹក​ដាក់​ម្តង ហើយ​ចាប់ពី​ចេញ​ផ្កា​រហូតដល់​បាន​បេះ​ផ្លែ​មាន​រយៈពេល3ខែ។ នៅពេល​បេះ​អស់វា​នឹង​ចេញ​ផ្កា​ម្តងទៀត និង​មិនសូវ​ត្រូវការ​ជី ទឹក និង​ថ្នាំ ដូចជា​ស្វាយកែវ​រមៀត​នោះទេ ដោយ​គ្រាន់តែ​ឧស្សាហ៍​លះ​មែក​វា​ចេញ​ខ្លះ​ដើម្បី​កុំឱ្យ​ស៊ុបទ្រុប​ពេក។

    ចំណែក​អ្នកស្រី សេង ពុ​យ អ្នកលក់​ផ្លែឈើ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ21 ក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង បាន​និយាយថា គាត់​បាន​ប្រកប​របរ​លក់​ផ្លែឈើ​ដែល​ទទួល​ពី​បងប្អូន​ប្រជាកសិករ​នៅទីនេះ​រយៈពេល​ជាង 10ឆ្នាំ​មកហើយ។ សម្រាប់​ផ្លែស្វាយ​តៃវ៉ាន់ ដែល​គាត់​ដាក់លក់ គឺ​ទទួល​ទិញ​ពី​ឃុំ​ត្រើយ​ស្លា ដោយ​នៅក្នុង​ថ្ងៃបុណ្យ ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ អាច​លក់​បានជា​មធ្យម50គីឡូក្រាម​ក្នុង1ថ្ងៃ។

    អ្នកដំណើរ​ម្នាក់ លោក ពេជ្រ ពន្លឺ ដែល​ឈប់​ទិញ​ផ្លែឈើ​បាន​ប្រាប់ថា ស្វាយ​តៃវ៉ាន់​នេះ​ពិតជា​ស្រួយ​ឆ្ងាញ់​មែន ហើយ​នៅពេលដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​លោក​តែង​ឈប់​ទិញ​ហូប និង​យកទៅ​ផ្ញើ​បងប្អូន​មិនដែល​ខាន​ឡើយ។ លោក អ៊ុន សុគន្ធ ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​ស្អាង មានប្រសាសន៍ថា ស្អាង​ជា​ស្រុក​មាន​ដំណាំ​ស្វាយ​សរុប153ហិកតា ដោយ​ក្នុងនោះ​ស្វាយ​តៃវ៉ាន់ មាន​ប្រមាណ10% និង​ទើប​ត្រូវបាន​ដាំ​ដុះ​ប្រមាណ4ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ។ ស្វាយ​តៃវ៉ាន់​ពិតជា​ទទួលបាន​ទិន្នផល​ខ្ពស់ និង​បាន​ថ្លៃ​ជាង​ស្វាយកែវ​រមៀត។ នេះ​ជាស​ញ្ញា​ល្អ​ដែល​បងប្អូន​ប្រជាកសិករ​ចេះ​សម្លឹងមើល​អំពី​តម្រូវការ​ទីផ្សារ​ដែលមាន​ការវិវត្ត​ជា​បន្តបន្ទាប់៕