Category: សង្គម និងសេដ្ឋកិច្ច

  • អតីត CEO របស់ Google លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល

    អតីត CEO របស់ Google លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល

    អាមេរិក៖ លោក Eric Schmidt អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google នៅថ្ងៃនេះ បានប្រកាស​លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល ដោយ​ក្នុងនោះ មូលហេតុ​នៃ​ការលាឈប់​មិនត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​ឱ្យដឹង​នោះទេ។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ក្រុមហ៊ុន Alphabet (ក្រុមហ៊ុន​ធំ​របស់ Google)។

    តាម​ការបញ្ជាក់​ពី Google បាន​ឲ្យ​ដឹងថា លោក Schmidt បាន​លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក៏ពិតមែន ប៉ុន្តែ​លោក​នៅ​កាន់តំណែង​ជា​ទីប្រឹក្សាបច្ចេកទេស និង​ជា​សមាជិក​ក្រុមប្រឹក្សា​យោបល់​ដដែល ខណៈ​មូលហេតុ​នៃ​ការលាឈប់​នៅតែ​មិន​បញ្ជាក់​ឱ្យដឹង។

    លោក Schmidt បាន​ក្លាយជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google នៅ​ឆ្នាំ 2001 និង​ក្រោយមក 10ឆ្នាំ លោក​បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​រហូតមក​ដល់​បច្ចុប្បន្ន ហើយ​នៅពេលនេះ Google នៅ​មិនទាន់​សម្រេចចិត្ត​ជ្រើសតាំង​អ្នកថ្មី​ជំនួស​លោក​នោះទេ៕

  • ភ្ញាក់ផ្អើល!! អ្នកគាំទ្រថៃរាប់ពាន់នាក់គោរពវិញ្ញាណក្ខន្ធ Kim Jonghyun តាមបែបព្រះពុទ្ធសាសនា

    ភ្ញាក់ផ្អើល!! អ្នកគាំទ្រថៃរាប់ពាន់នាក់គោរពវិញ្ញាណក្ខន្ធ Kim Jonghyun តាមបែបព្រះពុទ្ធសាសនា

    នៅព្រឹកថ្ងៃទី22 ខែធ្នូ ឆ្នាំ2017នេះ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee បានឱ្យដឹងថា ក្រុមអ្នកគាំទ្រក្រុមចម្រៀង SHINEE ប្រចាំប្រទេសថៃ ដែលមានចំនួនជាង 1000 នាក់ បានប្រមូលផ្ដុំគ្នា និងដើរដង្ហែក្បួនគ្នារៀបចំពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់តារាចម្រៀងប្រុស Kim Jonghyun ដែលបានធ្វើអត្តឃាតដោយសារវិបត្តិផ្លូវចិត្ត។ កម្មវិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្ត សុតធិវៈរ៉ារ៉ាម ផ្លូវចៈរើនគ្រុង ដោយមានការតម្កល់ផ្កាកុលាបស្រស់នៅពីមុខរូបថតតារាប្រុសរូបនេះ ដែលជាទំនៀមទម្លាប់តាមបែបសាសនាគ្រិស្ត។ បន្ទាប់មកទៀត មានកម្មវិធីសរសេរបង្ហាញពីអារម្មណ៍អាឡោះអាល័យនៅក្នុងសំបុត្រ ដែលបញ្ជាក់ពីការលាគ្នាជាចុងក្រោយចំពោះតារារូបនេះ និងចុងក្រោយគឺកម្មវិធីធ្វើបុណ្យបញ្ជូនកុសលដល់វិញ្ញាណក្ខន្ធរបស់តារារូបនេះ ឱ្យបានទៅកាន់សុគតិភព តាមបែបព្រះពុទ្ធសាសនា។

    គួររំឭកផងដែរថា សម្រាប់ការបាត់បង់ជីវិតរបស់តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះ បានកើតឡើងនៅល្ងាចថ្ងៃទី18 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយដំបូងដោយសារព័ត៌មានកូរ៉េល្បីឈ្មោះ yonhapnewsបានផ្សាយឱ្យដឹងថា តារាប្រុស Kim Jonghyun វ័យ 27 ឆ្នាំ ជាសមាជិកនៅក្នុងក្រុមចម្រៀង SHINEE ត្រូវបានប្រទះឃើញកំពុងដេកសន្លប់នៅក្នុងបន្ទប់ដេកប្រមាណជាជាង 6 ម៉ោងមកហើយ។ បងស្រីរបស់លោកបានទូរស័ព្ទបញ្ជូនដំណឹងទៅប៉ូលិសដើម្បីសុំជំនួយ ព្រោះនាងបានដឹងជាមុនថា ប្អូនប្រុសបម្រុងនឹងធ្វើអត្តឃាត។ មុនពេលធ្វើអត្តឃាត តារាប្រុសរូបនេះ បានផ្ញើសារអេឡិចត្រូនិកចុងក្រោយចូលទូរស័ព្ទដៃបងស្រីថា «រហូតដល់ពេលនេះវានៅតែលំបាកណាស់ សូមមេត្តាបណ្ដោយខ្ញុំទៅ ខ្ញុំវេទនាណាស់ »៕

  • Dybala វិល​ទៅកាន់​ទម្រង់​លេង​ល្អ​វិញ ខណៈ Juventus សម្លឹង​រក​ចំណាត់ថ្នាក់​លេខ1

    Dybala វិល​ទៅកាន់​ទម្រង់​លេង​ល្អ​វិញ ខណៈ Juventus សម្លឹង​រក​ចំណាត់ថ្នាក់​លេខ1

    តារា​ឆ្នើម Paulo Dybala បាន​វិល​ទៅរក​ទម្រង់​លេង​យ៉ាង​ល្អ​របស់គេ​វិញ​ក្នុង​ពេលវេលា​ដ៏​សំខាន់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Juventus ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង AS Roma ដើម្បី​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ1អំឡុង​ថ្ងៃបុណ្យ​ណូអែល ក្នុងការ​ប្រកួត​មួយ​ដែល​អាច​នឹង​ក្លាយជា​ចំណុច​កាត់សេចក្តី​លើ​ការ​ប្រជែង​ពាន Serie A។

    ក្រុម​ខ្លាំង​ទាំង4នៅលើ​តារាង​នៃ​ក្របខ័ណ្ឌ​របស់​អ៊ីតាលី កំពុងតែ​ដេញតាម​ពីក្រោយ​គ្នា​យ៉ាង​ប្រកិត​ត្រឹមតែ4ពិន្ទុ​ប៉ុណ្ណោះ ខណៈដែល Napoli ឈរ​លេខ1 ដោយមាន42ពិន្ទុ ពី​ការប្រកួត17លើក ដោយ​នាំមុខ1ពិន្ទុ​ពីលើ​ក្រុម Juventus។ ក្រុម Inter Milan ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយ​ដេញតាម​ពីក្រោយ1ពិន្ទុ ហើយ Roma ឈរ​លេខ4 ដោយ​នៅសល់1ប្រកួត​ក្នុង​ដៃ។ Napoli នឹង​សម្លឹង​រក​ការពង្រឹង​ពិន្ទុ​នាំមុខ​របស់ខ្លួន​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ឈរ​លេខ6។

    Sampdoria ដែល​បាន​រង​បរាជ័យ4លើក​ក្នុងចំណោម​ការប្រកួត5លើកចុងក្រោយ​របស់​ពួកគេ។ ប៉ុន្តែ ចំណាត់ថ្នាក់​ទាំងអស់​នឹង​មានការ​ប្រែប្រួល នៅ​សប្តាហ៍​បន្ទាប់ ខណៈដែល​ក្រុម Juventus នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម Verona ហើយ​ក្រុម Napoli នឹង​ប្រកួត​នៅលើ​ទឹកដី​ក្រុម Crotone ហើយ Inter ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Lazio។ ការ​សម្រាក​នា​រដូវរ​ងា​នៅ​ឆ្នាំនេះ​របស់​ក្របខ័ណ្ឌ​អ៊ីតាលី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៦ ខែមករា ហេតុនេះ ការ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​នា​រដូវរងា​នេះ នឹង​មិនមាន​សកម្មភាព​ឡើយ ចាប់ពី​ដើមខែ​ក្រោយ។ ប៉ុន្តែ ការវិល​ទៅកាន់​រដូវក្តៅ​វិញ នឹង​ផ្តល់នូវ​ការ​មានប្រៀប​ដោយ​ក្រុម Juventus ខណៈដែល Dybala បានបញ្ចប់​ការមិនអាច​រកបាន​គ្រាប់​បាល់​របស់គេ​ក្នុងពេល​ក្រុម Juventus ដណ្តើមបាន​ជ័យជម្នះ 2-0 លើ​ក្រុម Genoa ក្នុងការ​ប្រកួត​ពាន Italian Cup កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ។ ទាក់ទង​នឹង​ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្លិប Juventus បាន​ឲ្យ​ដឹងថា៖ «រូបគេ​ត្រូវការ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​មួយ ប៉ុន្តែ ជាមួយនឹង​គ្រាប់​បាល់​នេះ វា​អាចជួយ​ឲ្យ​រូបគេ​មាន​អារម្មណ៍​ស្ងប់ និង​ជឿជាក់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • នៅចាំស្ត្រីសម្រាលកូនម្ដង បានភ្លោះ8នាក់ទេ? ពេលនេះពួកគេធំៗអស់ហើយ

    នៅចាំស្ត្រីសម្រាលកូនម្ដង បានភ្លោះ8នាក់ទេ? ពេលនេះពួកគេធំៗអស់ហើយ

    តាមរយៈសារព័ត៌មាន khaosod ដែលបានដកស្រង់ព័ត៌មានចេញពីគេហទំព័រ Daily Mail នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 បានចេញផ្សាយថា ស្ត្រីជនជាតិអាមេរិកមានឈ្មោះ Otto Mammoth ដែលប្រសូតបានបុត្រភ្លោះ 8 នាក់ដែលបង្កភាពភ្ញាក់ផ្អើលពាសពេញពិភពលោកនោះ ឥឡូវនេះកូនៗរបស់នាងបានធំៗឡើង និងប្រកបដោយសុខភាពល្អអស់ហើយ ហើយរូបគាត់ផ្ទាល់ក៏មានសេចក្ដីសុខនៅក្នុងជីវិតដែរ។ ដោយឡែក កាលពីឆ្នាំ 2009 អ្នកម្ដាយរូបនេះ ត្រូវធ្លាក់ខ្លួននៅក្នុងស្ថានភាពក្រលំបាកយ៉ាងខ្លាំង រហូតដល់គ្មានការងារធ្វើដើម្បីចិញ្ចឹមកូនៗទៀតផង។ សារព័ត៌មានអាមេរិកមួយធ្លាប់បានចេញផ្សាយថា ដោយសារតែគ្មានទឹកដោះគោឱ្យកូន 6 នាក់បៅ និងត្រូវបង់ថ្លៃចិញ្ចឹមកូននៅក្នុងកែវ 2 នាក់ទៀតនោះ គាត់ធ្លាប់គិតថា ចង់សម្លាប់ខ្លួន។

    អ្នកម្ដាយវ័យ 42 ឆ្នាំរូបនេះ បាន​ប្រាប់ពីការតស៊ូក្នុងការចិញ្ចឹមកូនៗថា  «នៅទីបំផុត ពេលនេះជីវិតត្រូវបានចាប់ផ្ដើមទំព័រថ្មី បញ្ហារឿងលុយកាក់ និងភាពតានតឹង ដែលត្រូវចិញ្ចឹមកូនទាំងអស់ 14 នាក់នោះ គឺត្រូវបានព្យាយាមរកដំណោះសា្រយបន្ដិចម្ដងៗ ដោយការចាប់ផ្ដើមពីអត់ឃ្លាន អត់ធ្មត់គ្រប់បែបយ៉ាងនៅក្នុងជីវិត»។ អ្នកស្រីក៏បានបន្ដប្រាប់ទៀតថា «ខ្ញុំធ្លាប់មានអារម្មណ៍តានតឹង និងពេលខ្លះវាបានសង្កត់ខ្ញុំជាប់មិនឱ្យក្រោកឡើង ហើយមិនចង់ឱ្យខ្ញុំមានជីវិតរស់បន្ដទៅមុខទៀតឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមិនមានតម្លៃដូចជាមនុស្សទេដែលត្រូវបង្កើតកូនមកច្រើនយ៉ាងនេះ ក៏ប៉ុន្ដែក្ដីស្រឡាញ់ និងទឹកមុខរបស់កូនៗបានក្លាយជាកម្លាំងជំរុញចិត្តឱ្យខ្ញុំត្រូវតែតស៊ូ និងរស់នៅចិញ្ចឹមគ្រួសារឱ្យទាល់តែបាន។ អ្វីដែលខ្ញុំទទួលបានគុណតម្លៃមកវិញគឺ កិត្តិយសរបស់ខ្លួន និងធ្វើឱ្យកូនៗបានឃើញ និងចងចាំមេរៀនជីវិតមួយនេះ។ មានរឿងខ្លះ ខ្ញុំត្រូវបង្ខំចិត្តធ្វើអ្វីដែលខ្ញុំចង់ធ្វើទាល់តែសោះ ព្រោះខ្ញុំភ័យខ្លាចថា មិនអាចមើលថែរក្សាកូនៗឱ្យបានល្អ»។

    ស្ត្រីខាងលើនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា ខណៈនេះកូនៗរបស់នាងបានចម្រើនធំធាត់ឡើងហើយ កូនច្បងធំជាងគេឈ្មោះ Elijah អាយុ 16 ឆ្នាំ។ បន្ទាប់មកគឺ Amerahមានអាយុ 15 ឆ្នាំ , Joshua មានអាយុ 13 ឆ្នាំ, Aden អាយុ 11ឆ្នាំ និង Cali និងCaleមានអាយុ 10 ឆ្នាំ ហើយឈុតភ្លោះ 8 នាក់នោះគឺមានអាយុ 9 ឆ្នាំហើយ។ កូនៗទាំង 14 នាក់នេះ គឺជាបេះដូងរបស់នាងខ្ញុំ៕

  • លោក Giggs ច្រានចោល​ចំពោះ​ព័ត៌មាន​ដែលថា នឹង​ទៅ​ដឹកនាំ​ក្លិប Swansea

    លោក Giggs ច្រានចោល​ចំពោះ​ព័ត៌មាន​ដែលថា នឹង​ទៅ​ដឹកនាំ​ក្លិប Swansea

    លោក Ryan Giggs អតីត​តារាបាល់ទាត់​ដ៏​ឆ្នើម​របស់​ក្លិប Manchester United បាន​ច្រានចោល​ព័ត៌មាន​ដែលថា លោក​កំពុងតែ​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅកាន់​ការចូល​កាន់តំណែង​ជា​គ្រូបង្វឹក​នៅឯ​ក្លិប Swansea របស់​ក្របខ័ណ្ឌ Premier League ក្រោយពី​ការចាកចេញ​របស់លោក Paul Clement។

    ស្រប​ពេលដែល Swansea កំពុងតែ​ស្វែងរក​គ្រូបង្វឹក​ទី3របស់ខ្លួន​ក្នុង​រយៈពេល​តិចជាង12ខែ​នោះ លោក Giggs ត្រូវបាន​គេ​គិតថា មាន​ទំនាក់ទំនង​ជាមួយនឹង​តួនាទី​នេះ រួមជាមួយ​នឹង​លោក Ronald Koeman, Tony Pulis  និង​លោក Louis van Gaal។ លោក Giggs ត្រូវបាន​ចោទសួរ​ថា តើ​លោក​មានការ​ចាប់អារម្មណ៍​ក្នុងការ​ដឹកនាំ​ក្លិប​មួយ​ដែល​លោក​ធ្លាប់​ត្រូវបាន​គេ​ទាក់ទង​កាលពី​ពេលមុន នៅមុន​ពេល​លោក Bob Bradley ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​កាលពី​ខែតុលា ឆ្នាំ២០១៦ ឬ​យ៉ាងណា?

    លោក Giggs បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ទេ ខ្ញុំ​ធ្លាប់បាន​ពិភាក្សា​ជាមួយនឹង​ពួកគេ​កាលពីមុន ពោលគឺ​មុនពេល​ពួកគេ​បានធ្វើការ​តែងតាំង​លោក Bob Bradley ទៅទៀត»។ លោក Giggs បាន​បញ្ជាក់ថា ការលក់​តារា​ឆ្នើម​ដូចជា Gylfi Sigurdsson និង Fernando Llorente កាលពី​រដូវក្តៅ​មុន បានធ្វើ​ឲ្យ​ក្រុម Swansea ចុះខ្សោយ។ លោក Giggs បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិនដឹង​ទេ ខ្ញុំ​មិនមែន​ស្ថិតក្នុង​ក្លិប​នោះឡើយ ប៉ុន្តែ​ពិតណាស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វា​ពិតជា​មានដំណើរ​កា​រយ៉ា​ង​ល្អ​ក្នុង​ក្លិប​នេះ ដែល​ស្ថិតនៅ​លើផ្លូវ​ដ៏​ត្រឹមត្រូវ និង​ក្លាយជា​ក្រុម​មួយ​ដ៏​មាន​ស្ថិរភាព​របស់​ក្របខ័ណ្ឌ Premier League»។

    បុរស​សញ្ជាតិ​វេ​លស៍​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ វា​ពិតជា​លំបាក​នៅពេលនេះ អ្នកឃើញ​ស្រាប់​ហើយ​ថា ក្រុម​នេះ​ធ្លាក់ចុះ​ទម្រង់​លេង។ វា​កាន់តែ​ស្វិតស្វាញ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ពួកគេ​បាន​បាត់បង់​កីឡាករឆ្នើមៗជាច្រើន តើ​មែន​ទេ? ពួកគេ​បាន​បាត់បង់ Sigurdsson ពួកគេ​បាន​បាត់បង់ Llorente ហើយ​ប្រហែលជា​មិន​ទិញ​ចូល​កីឡាករ​ដើម្បី​ជំនួស​កន្លែង​របស់​ពួកគេ​ឡើយ។ នោះ​គឺជា​បញ្ហា»៕

    ប្រភពពី៖ Sky Sports

  • អ្នក​ចិត្តសាស្ត្រ​បង្ហាញ​ហេតុផល​ដែល​ក្មេង​តូច​ចូលចិត្ត​សួរ “ហេតុអ្វី?”

    អ្នក​ចិត្តសាស្ត្រ​បង្ហាញ​ហេតុផល​ដែល​ក្មេង​តូច​ចូលចិត្ត​សួរ “ហេតុអ្វី?”

    ពាក្យ​ថា “ហេតុអ្វី?” ជា​សំណួរ​ដែល​មនុស្ស​ទូទៅ​តែងតែ​សួរ​នៅពេលដែល​គេ​ជួប​រឿង​ដែល​មិនអាច​គ្រប់គ្រង​បាន ឬ​ជួប​ស្ថានការណ៍​ដែល​កើតឡើង​មិន​នឹកស្មាន​ដល់ តែ​សម្រាប់​ក្មេង​វិញ​ស្ទើរតែ​គ្រប់​រឿង​ទៅហើយ​ដែល​ពួកគេ​ជួប​គឺជា​រឿងថ្មី។ ក្មេងតូចៗចូលចិត្ត​សួរ​សំណួរ​ថា “ហេតុអ្វី​បានជា​បែបនេះ?” ជា​ច្រើនដង​ក្នុងមួយថ្ងៃៗ ព្រោះថា ពួកគេ​កំពុង​ស្វែងយល់​ពី​រឿង​គ្រប់យ៉ាង​នៅក្នុង​ជីវិត ដែល​ពួកគេ​បាន​ជួបប្រទះ ហើយក៏​ជា​ពេលវេលា​ចាប់​ផ្តើមដំបូង​បំផុត​ដែល​ទទួលយក​ហេតុផល​ពី​មនុស្ស​ធំ​ផងដែរ។

    តាមពិតទៅ​ប្រសិនបើ​ក្មេង​បាន​ចម្លើយ​ច្រើន​ពី​មនុស្ស​ធំ​ដែល​ឆ្លើយ​ដោយ​ត្រឹមត្រូវ​នោះ ពួកគេ​នឹង​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​លឿន​បំផុត ព្រោះថា​គេ​អាច​នឹង​ចងចាំ​រឿង​គ្រប់យ៉ាង​បានល្អ ហើយ​ថែមទាំង​សួរ​នូវ​សំណួរ​ពាក់ព័ន្ធ​នានា​ជាច្រើន​ទៀត​ដើម្បី​យល់ច្បាស់​នូវ​រឿង​ដែល​ពួកគេ​ចង់ដឹង។ ហេតុនេះហើយ​ទើប​អ្វីដែល​យើង​គ្រប់គ្នា​គួរ​ពិចារណា​គឺ​ត្រូវ​ត្រៀម​ចម្លើយ​ឱ្យបាន​ល្អ និង​ប្រកបដោយ​ហេតុផល​វិជ្ជមាន​សម្រាប់​ឆ្លើយ​នឹង​សំណួរ​ថា “ហេតុអ្វី?” ដែល​គេ​នឹង​ចោទសួរ​រាប់រយ រាប់ពាន់​សំណួរ​មុន​ពួកគេ​ក្លាយជា​ក្មេង​ជំទង់។

    លោក​បណ្ឌិត Rebecca Palacios អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​កុមារ បាន​លើកឡើងថា ជាទូទៅ​តាម​ធម្មជាតិ ក្មេងៗអាច​ទទួលបាន​ចំណេះដឹង​ជាច្រើន​ក្នុង​ជីវិត​របស់​ពួកគេ និង​មាន​លក្ខណៈសម្បត្តិ​ល្អ ឬ​អាក្រក់​តាមរយៈ​សំណួរ​របស់​ពួកគេ​ដែល​សួរ​ដល់​ទៅ​រាប់រយ​សំណួរ​ក្នុងមួយថ្ងៃ។ ពួកគេ​ឆ្ងល់​ពី​ពិភព​នៅ​ជុំវិញខ្លួន ឆ្ងល់​ពី​សកម្មភាព​រប​ស់មនុស្ស​ធំ ឆ្ងល់​ពី​ជំនាញ​ដែល​មនុស្ស​ទូទៅ​កំពុង​ធ្វើ ឆ្ងល់​ពី​ការប្រើប្រាស់​ពាក្យ និង​ព្យាយាម​ស្វែងយល់​នូវ​រឿង​ជាច្រើន​ទៀត​នៅក្នុង​ជីវិត។ អ្វីដែល​មនុស្ស​ធំ​អាច​ផ្តល់ឱ្យ​ពួកគេ គឺ​តាមរយៈ​ការធ្វើជា​ប្រភពព័ត៌មាន​ដែល​ត្រឹមត្រូវ​សម្រាប់​ពួកគេ ដើម្បី​ជំរុញ​ការគិត​របស់ក្មេងៗឱ្យ​ក្លាយជា​មនុស្ស​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត។

    អ្នកជំនាញ​ខាងលើ​បាន​បន្តថា នៅពេលដែល​ក្មេងតូចៗសួរ​សំណួរ​ថា “ហេតុអ្វី?” យើង​ត្រូវតែ​ដឹង​ឱ្យ​ច្បាស់​ថា ពួកគេ​ត្រូវ​ការដឹង​ចម្លើយភ្លាមៗជាការ​ផ្តល់យោបល់​រប​ស់គា​ត់ គឺ​ក្នុងនាម​ជា​ឪពុកម្តាយ ឬ​ជា​អ្នក​បង្រៀន​ត្រូវតែ​ឆ្លើយភ្លាមៗទោះបីជា​ចម្លើយ​នោះ​ខ្លី ឬ​វែង​ក៏ដោយ តែ​ត្រូវ​ឆ្លើយ​ឱ្យចំ​ចំណុច និង​ឱ្យ​ច្បាស់។

    ពេលខ្លះ​ចម្លើយសាមញ្ញៗ និង​ចម្លើយលឿនៗគឺជា​អ្វីដែល​គេ​ត្រូវការភ្លាមៗ ហើយ​ប្រសិនបើ​យើង​ពន្យា​ពេល​ក្នុង​ការឆ្លើយ គេ​អាច​នឹង​ភ្លេច ហើយ​បន្ត​សួរ​រឿង​ថ្មីផ្សេងៗទៀត​ជាមិនខាន ដែល​កត្តា​នេះ​គឺអាច​ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស​ក្នុង​ការរៀន​ពីអ្វី​ដែល​គេ​កំពុង​ចង់ដឹង។ ឧទាហរណ៍ ប្រសិនបើ​ក្មេង​តូច​សួរថា “ហេតុអ្វី​ឆ្មា​មាន​រោម?” យើង​អាច​ឆ្លើយ​នូវ​ចម្លើយងាយៗភ្លាម​ថា “ឆ្មា​មាន​រោម​ព្រោះ​វា​អាចធ្វើឱ្យ​ឆ្មា​មាន​ភាពកក់ក្តៅ បើទោះបីជា​យើង​ដឹងថា គ្រប់​ឆ្មា​ទាំងអស់​គឺ​ត្រូវតែមាន​រោម​ពី​ធម្មជាតិ​ក៏ដោយ។ ការព្យាយាម​ធ្វើបែបនេះ​គឺអាច​ជំរុញ​ឱ្យកូនៗរបស់លោក​អ្នក​បាន​ស្គាល់​ពិភពលោក​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ពួកគេ​នឹងមាន​បញ្ញា​កាន់តែ​ខ្ពស់ នៅពេលដែល​ពួកគេ​ទទួលបាន​ចម្លើយ​កាន់តែច្រើន។

    លើសពីនេះទៅទៀត ប្រសិនបើ​យើង​ជា​មនុស្ស​ធំ អាចធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​លើ​សំណួរ​ទី1នេះហើយ យើង​ប្រាកដជា​អាច​នាំ​គេ​ទៅរក​ប្រភព​ចំណេះដឹងល្អៗជាច្រើន​ទៀត​ដែល​គេ​រីករាយ​នឹង​ស្តាប់។ កូនក្មេង​តាមពិតទៅ បើ​ចូលចិត្ត​អ្នកណាម្នាក់​ហើយ ឬ​ពេញ​ចិត្តនឹង​ចម្លើយ​ណាមួយ​ហើយ គេ​នឹង​ដេញដោល​សួរ​ឱ្យដល់​ទីបញ្ចប់។

    ឧទាហរណ៍ ចំពោះ​រឿង​ខាងលើ យើង​អាច​ឆ្លើយ​ទៅកាន់​គាត់​បន្ថែម​ឱ្យ​លម្អិត​ប្រសិនបើ​យើង​នឹកឃើញភ្លាមៗដូចជា “ឆ្មា​មាន​រោម​ព្រោះ​វា​អាចធ្វើឱ្យ​ឆ្មា​មាន​ភាពកក់ក្តៅ ហើយ​ឆ្មា​គឺជា​សមាជិក​ម្នាក់​នៅក្នុង​គ្រួសារ​របស់​ឆ្មា​ទាំងអស់ ដែល​ឆ្មា​ទាំងអស់​គឺ​ត្រូវតែមាន​រោម។ ឆ្មា​ជាស​ត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដូច​មនុស្ស​យើង​ដែរ ដែល​សូម្បីតែ​ពួកយើង​ក៏មាន​រោម​ដែរ គ្រាន់តែ​យើង​ខុសគ្នា​ពី​ឆ្មា​ត្រង់​ថា​យើង​មាន​សក់​ក្រាស់ ហើយ​ឆ្មា​មាន​រោម​ក្រាស​តែប៉ុណ្ណោះ។

    ការឆ្លើយ​របស់​យើង​បែបនេះ គឺជា​វិធី​មួយ​នាំក្មេងៗដោយ​គំនិតងាយៗដែល​ពួកគេ​កំពុង​ចង់ដឹង​ទៅកាន់​មេរៀន​ជាច្រើន​ទៀត​ដែល​គេ​អាច​នឹង​ចងចាំ​បានល្អ​ពី​ហេតុផល​ច្បាស់លាស់​នៃ​ការរស់នៅ៕

  • វិធី​ធ្វើឱ្យ​បន្លែ​សាលាដ នៅ​ស្រស់ និង​ស្រួយ​ជាប់​ជានិច្ច​

    វិធី​ធ្វើឱ្យ​បន្លែ​សាលាដ នៅ​ស្រស់ និង​ស្រួយ​ជាប់​ជានិច្ច​

    បើ​ចង់​ទទួលទាន​មុខម្ហូប​ធ្វើ​ពីសា​លាដ​ឱ្យ​ឆ្ងាញ់​នោះ បន្លែ​សាលាដ​ត្រូវតែ​នៅ​ស្រស់ និង​ស្រួយ​តែ​ជា​ច្រើនដង​ណាស់ ពេលដែល​យើង​យក​ចេញពី​ក្នុង​ទូទឹកកក​មក​តែ​ប៉ុន្មាន​នាទី​សោះ បន្លែ​សាលាដ​ក៏​មើលទៅ​ទ្រោម​ស្លោក​ទន់ និង​មើលទៅ​មិនគួរ​ឲ​ទទួលទាន ។

    បញ្ហា​នេះ​អាច​កែរ​ខៃ​បាន​ដោយ​វិធី​ដ៏​ងាយ​បំផុត គឺ​នៅពេលដែល​លោកអ្នក​ហែក ឬ​ហាន់​បន្លែ​សាលាដ​រួចរាល់​ហើយ ចូរ​នាំយកទៅ​លាង​នឹង​ទឹកស្អាត បន្ទាប់មក​ត្រាំ​ចោល​នៅក្នុង​ទឹក​ប្រមាណ 5នាទី រួចហើយ​យក​អំបិល​បន្តិច​មក​ដា​ក់​ចូលក្នុង​ទឹក​ដែល​ត្រាំ​សាលាដ​នោះ ទុកឱ្យ​អំបិល​រលាយ​បន្តិច​ទើប​ស្រង់​ឡើង​ទុក​ឲ​ស្រស់ទឹក​រួច​សឹម​យកទៅ​ធ្វើ​ម្ហូ​ម​ពិសា ។ តែ​ប៉ុណ្ណឹង​បន្លែ​សាលាដ​របស់លោក​អ្នកនឹង​ស្រស់ ស្រួយ​ឆ្ងាញ់​ពិសា​ទៅហើយ៕

  • វិធីថែបំប៉ន​ស្បែក​មុខស្ងួត​ ដោយប្រើ​ផ្លែឈើ

    វិធីថែបំប៉ន​ស្បែក​មុខស្ងួត​ ដោយប្រើ​ផ្លែឈើ

    ស្បែក​មុខស្ងួត របក​ឡើង​ហុយ បើនារីៗយើង​ធ្លាប់​ជួប​បញ្ហា​នេះ អាច​បណ្តាលមកពី​ច្រើន​មូលហេតុ ជាពិសេសនារីៗដែល​ត្រូវ​អង្គុយ​ធ្វើការ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ជាប់​រហូត​រយៈពេល​យូរ ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​សម្រួល​ខ្លួន​មិនទាន់​រហូតដល់​ខ្វះ​សំណើម និង​ខ្វះ​ភាពស្រស់​បស់។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ផ្លែឈើ5ប្រភេទ​មក​ណែនាំ​ក្នុង​ការជួយ​ថែបំប៉ន​ស្បែក​មុខ​របស់នារីៗយើង​ឱ្យ​ត្រឡប់មក​មាន​សំណើម​ស្រស់បស់​កាន់តែខ្លាំង​ឡើងវិញ តើ​មាន​អ្វីខ្លះ​នោះ សូម​តាមដាន​ជា​បន្ត។

    1/ ប្រទាល​កន្ទុយក្រពើ (Aloe Barbadensis Mill)

    ស្លឹក​ប្រទាល​កន្ទុយក្រពើ​មានគុណ​សម្បត្តិ​ជួយ​កា​ពារ​ស្បែក​មិនឱ្យ​ស្ងួត បន្ថែមសំណើម ប្រឆាំង​ការ​រលាក ធ្វើឱ្យ​ស្បែក​រាប​រលោង ការពារ​ពន្លឺ​អ៊ុ​ល​ត្រា​វិ​យ៉ូ​ឡេ។ ស្លឹក​ប្រទាល​កន្ទុយក្រពើ​មាន​ជ័រខាប់ៗ និង​សាច់ថ្លាៗដែល​អាចជួយ​រក្សា​សំណើម​នៅលើ​ស្រទាប់​ស្បែក​ខាងក្រៅ​បាន ក្រៅពីនេះ​នៅមាន​សារធាតុ Carboxypeptidase ដែល​ជួយ​ភ្ជិត​ស្បែក ជួយ​បក​ស្រទាប់​ស្បែក​ដែល​ក្រៀម​ស្ងួត​ចេញ និង​បង្កើត​ស្រទាប់​ស្បែក​ថ្មី​ដែល​រាប​រលោង​ឡើងមក​ជំនួស​វិញ។

    2/ ត្រសក់ (Cucumis Sativus Linn)

    ផ្លែ​ត្រសក់​មាន​សារធាតុ Cystin, Methionin និង​នៅមាន​សារធាតុ ផូ​លី​ស៊ែ​ក​ខា​រ៉ា​យ ដែល​ជួយ​ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា​មាន​សំណើម ប្រឆាំងនឹង​ការឡើង​ស្នាម​កន្ទួល​ក្រហម ល្អ​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត និង​អ្នក​មានមុខ​ឡើង​ខ្លាញ់ បង្កើន​ភាព​តឹង​ណែន​របស់​ស្បែក រក្សា​ភាព​ក្មេង​ជាង​វ័យ និង​ថែមទាំង​មាន​សារធាតុ​រ៉ែ​ផ្សេងទៀត​ដែល​ជួយ​ធ្វើឱ្យ​កើតមាន​សំណើម​តាម​ធម្មជាតិ​នៅលើ​ស្រទាប់​ស្បែក​ទៀតផង។

    3/ ផ្លែ​ម្នាស់ (Anana Comosus (Linn) Merr)

    ផ្លែ​ម្នាស់ ជួយ​ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ កាត់បន្ថយ​ការ​ក្លាយ មាន​អង់​ហ្ស៊ី​ម Papain ជួយ​រំលាយ​កោសិកា​ដែល​ស្លាប់​ហើយ​របស់​ស្រទាប់​ស្បែក​ឱ្យ​របូត​ចេញមក មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​មុន​ក្បាល​ខ្មៅ​នៅលើ​ផ្ទៃមុខ ធ្វើឱ្យ​ស្បែក​កាន់តែ​ស្រស់ថ្លា​ឡើង។ ម្នាស់​មានគុណ​សម្បត្តិ​ក្នុង​ការជួយ​កាត់បន្ថយ​ការ​រលាក​ក្លាយ និង​នៅមាន​វីតាមីន A វីតាមីន C ជួយ​ប្រឆាំង​អនុ​មូល​ឥស្សរៈ និង​មាន​សារធាតុ​រ៉ែ​ច្រើន​ប្រភេទ​ទៀត​ដែល​ជួយ​ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា​មាន​សំណើម មិន​ស្ងួត​ក្រៀម។

    4/ ផ្លែ​ប៉េងប៉ោះ​ទុំ (Lycopersicon Esculentum Mill)

    ផ្លែ​ប៉េងប៉ោះ​ទុំ ជួយ​បង្កើន​សំណើម ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ ធ្វើឱ្យ​ផ្ទៃមុខ​ស​ឡើង។ ទឹក​ចម្រាញ់​ពី​ផ្លែ​ប៉េងប៉ោះ​មាន​វីតាមីន​ច្រើន​ប្រភេទ និង​មាន​សារធាតុ​គ្លុយ​ខូ​អាល់​ខា​ឡយ​ដ៍​ឈ្មោះ ថូ​ម៉ា​ធី​ន ជា​សារធាតុ​ដែលមាន​ឥទ្ធិពល​ភ្ជិត​សន្លាក​ស្នាម ក្រៅពីនោះ​នៅមាន​ឬ​ទ្ធិ​ជា​ទឹក​អាស៊ីត​ខ្សោយ​ជួយ​លាង​ផ្ទៃមុខ​ឱ្យ​ស្អាត​ទន់​រលោង និង​សម្រួល​សភាព​ស្បែក​មុខ​ដែល​ស្ងួត​ក្រៀម​ឱ្យមាន​សំណើម​ស្រស់ថ្លា​ឡើងវិញ​បាន​យ៉ាង​ល្អប្រសើរ។

    5/ ផ្លែ​ចេក (Musa Paradisiacal L.Var. sapientum O.Ktze)

    ផ្លែ​ចេក មាន​សារ​ធា​ត​រំអិល​បង្កើន​ភាពស្រស់​ស្រាយ និង​ថែមទាំង​មាន​វីតាមីន សារធាតុ​រ៉ែ ប្រូ​តេ​អុ​ី​ន​ច្រើន​ប្រភេទ​ដែលមាន​ប្រយោជន៍​ដល់​ស្បែក​ក្នុង​ការបង្កើន​សំណើម លុប​ស្នាម​ជ្រីវជ្រួញ ព្យាបាល​សន្លាក​ស្នាម ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា និង​ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ​ទៀតផង។

    អាន​រួចហើយ​គឺ​មិន​គួរឱ្យ​ជឿ​សោះ​ថា បន្លែ​ផ្លែឈើ​ទាំងអស់នេះ​មានគុណ​ប្រយោជន៍​ចំពោះ​ស្បែក​មុខ​របស់​យើង​បាន​ច្រើន​ដល់​ថ្នាក់​នេះឡើយ ហើយ​ថែមទាំង​មិន​ពិបាក​រក​ទៀតផង ចង់ឱ្យនារីៗយើង​សាកល្បង​យកមក​ថែបំប៉ន​ស្បែក​មុខ​ល​មើល ចង់​យកមក​ចិត​ជា​បន្ទះស្តើងៗបិទ​នៅលើ​ផ្ទៃមុខ ឬ​យកមក​កិន​ឱ្យ​ម៉ដ្ឋ​ហើយ​បំពោក​លើ​ផ្ទៃមុខ ទុកចោល3-5នាទី ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹកស្អាត​ក៏បាន។ ក្រៅពី​ថែបំប៉ន​ស្បែក​មុខ​ហើយ សូមកុំ​ភ្លេច​ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម គេង​សម្រាក និង​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ផង តែ​ប៉ុណ្ណឹង​ស្បែក​មុខ​របស់នារីៗយើង​នឹង​ស​ស្អាត ភ្លឺរលោង តឹង​ណែន លែង​ខ្មៅ​ជ្រី​ញ​ជ្រួញ​តទៅទៀត​មិន​ខាន៕

  • ហេតុផល​ឆ្លាត​វៃ​មួយចំនួន​បង្ហាញថា​ក្មេង​តូច​គួរ​សិក្សា​ពី​ហិរញ្ញវត្ថុ

    ហេតុផល​ឆ្លាត​វៃ​មួយចំនួន​បង្ហាញថា​ក្មេង​តូច​គួរ​សិក្សា​ពី​ហិរញ្ញវត្ថុ

    ការចាយវាយ​របស់កូនៗជា​រឿង​ដែល​អាណាព្យាបាល​តែងតែ​ព្រួយបារម្ភ ហើយ​មានពេលខ្លះ​ក៏ត្រូវ​ចំណាយពេល​ច្រើន​ដើម្បី​ស្វែងរក​ការប្រឹក្សា ឬ​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ការចាយវាយ​របស់​ពួកគេ​ផងដែរ ខណៈ​អ្នក​ខ្លះទៀត​ចង់ឱ្យ​កូន​យល់​ពី​ការលំបាក​របស់ខ្លួន​ដែល​ខិតខំ​ប្រឹងប្រែង​ដើម្បី​រកលុយ តែ​កូន​បែរ​ចាយវាយ​ច្រើន​ដោយ​មិនសូវ​ខ្វល់​ទៅវិញ។

    ជាទូទៅ​គេ​រកឃើញថា បញ្ហា​ទាំងអស់នេះ​កើតចេញពីកូនៗទាំងអស់នោះ​មិនមាន​ទម្លាប់​ក្នុងការ​សន្សំ​ប្រាក់ ឬ​មិន​យល់​ពី​ការរៀបចំ​ផែនការ​នៅពេលដែល​ពួកគេ​មាន​វ័យក្មេង ហេតុនេះ​ទើប ឡា​រ៉ែ​ន ពាណិជ្ជ បាន​ដកស្រង់​នូវ​ចំណុចសំខាន់ៗមួយចំនួន​ពី​ការស្រាវជ្រាវ​មក​ជម្រាបជូន​ពី​ហេតុផល​ក្នុងការ​ជំរុញ​ក្មេង​តូច​ឱ្យ​សិក្សា​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាំងពី​នៅ​វ័យក្មេង។

    1. ក្មេង​អាយុ5ឆ្នាំ​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀន​សន្សំ

    តាម​ការស្រាវជ្រាវ​រប​ស់​ស្ថាប័ន Customer Financial Protection Bureau (CFPB) បាន​បង្ហាញថា ក្មេង​អាច​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​សន្សំ​ប្រាក់​ចាប់ពី​អាយុ5ឆ្នាំ​ឡើងទៅ ហេតុនេះ​អាណាព្យាបាល​គួរ​បណ្តុះ​គំនិត​នៃ​ការ​សន្សំ តាមរយៈ​ការផ្តល់​ឱ្យនូវ​កូនជ្រូក​សន្សំ​លុយ (Piggy Bank) ឬ​គណនេយ្យ​សន្សំ​ដែល​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ចេះ​សន្សំ​ប្រាក់​ដោយ​ខ្លួនឯង។ ជាការ​កត់សម្គាល់ នៅពេលដែល​ក្មេង​តូច​ម្នាក់​មាន​ទម្លាប់​សន្សំ​ប្រាក់ គាត់​បាន​ស្គាល់​នូវ​រសជាតិ​នៃ​ការគ្រប់គ្រង​លុយកាក់ ហើយ​គាត់​អាច​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ចេះ​គ្រប់គ្រង​លុយកាក់​បានល្អ ឬ​មាន​គម្រោង​ក្នុងការ​បង្កើត​លុយ​ថែម​ទៀតផង​នៅពេលដែល​ពួកគេ​ចូលដល់​វ័យ​កណ្តាល។ ការដែល​កុមារ​ចម្រើន​វ័យ​ជាមួយនឹង​លុយ​សន្សំ​ដែល​គាត់​មាន​ស្រាប់ គាត់​អាច​នឹងមាន​អ្វី​គ្រប់យ៉ាង​ដែល​គាត់​ចង់បាន​សម្រាប់​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់គាត់ ហើយ​ការចាយវាយ​របស់គាត់​ក៏​ហ្មត់ចត់​ត្រឹមត្រូវ​ហើយ​ចំ​គោលដៅ​ល្អ ព្រោះ​គាត់​យល់ច្បាស់​ពី​តម្លៃ​នៃ​ពេលវេលា និង​លុយ​ដែល​គាត់​ខំ​សន្សំ​តាំង​ពីមុនមក។

    1. ក្មេង​អាច​ចង់បាន​ដំបូន្មាន​ច្រើនជាង​លុយកាក់​នៅពេលដែល​គេ​ចូលចិត្ត​សន្សំ​ប្រាក់

    អាណាព្យាបាល​ជាច្រើន​ប្រហែលជា​ផ្តល់រ​ង្វាន់​ដល់​កូន​ជា​លុយកាក់ ឬ​ជា​របស់របរ​ដែល​ចំណាយលុយ​ទិញ។ របស់​ទាំងអស់នេះ​អាចជួយ​ឱ្យ​កូន​សប្បាយចិត្ត តែ​ពេលខ្លះ​មិន​ប្រាកដថា​អាចជួយ​គេ​បាន​ច្រើន​នោះទេ។ ពេលខ្លះ​អាណាព្យាបាល​អាច​ចំណាយលុយ​តិច តែ​បាន​ផល​ច្រើន​ចំពោះ​ការផ្តល់​មេរៀនល្អៗដល់ក្មេង។ នៅពេលដែលក្មេងៗយល់​ពី​តម្លៃ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឬ​ការ​សន្សំ​ផ្ទាល់ខ្លួន អាណាព្យាបាល​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​ថវិកា​មួយចំនួន ជាមួយនឹង​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយចំនួន​ក្នុងការ​សន្សំ​ប្រាក់​ដែល​ពួកគេ​មិន​ធ្លាប់​ដឹង​ពីមុនមក។ការធ្វើ​បែបនេះ អាចជា​រង្វាន់​យ៉ាង​ល្អ​ដែល​ក្មេង​អាច​ចេះ​ទាំង​ទ្រឹស្តី និង​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​រីករាយ ព្រោះថា​នៅពេលដែល​យើង​ផ្តល់ឱ្យ​គាត់​នូវ​លុយ​សន្សំ បង្ហាញ​វិធី​ក្នុងការ​សន្សំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ហើយ​ទុកឱ្យ​គាត់​ជា​អ្នកអនុវត្ត​ដោយ​ខ្លួនឯង ហើយ​ទទួលបាន​លទ្ធផល​នោះ គាត់​នឹង​រីករាយ​ក្នុងការ​សន្សំ​នោះ​ដោយ​ជក់ចិត្ត។ ការ​ទុក​ឱកាស​ក្នុងការ​សម្រេចចិត្ត​ខ្លះ​ដល់​ក្មេងតូចៗ និង​ឱ្យ​គាត់​ដឹង​ពី​ចំនួន​លុយ​ច្បាស់លាស់​របស់គាត់​ផ្ទាល់​ផង អាចធ្វើឱ្យ​គាត់​កាន់​តែមាន​ចំណង់​កាន់តែខ្លាំង​ក្នុងការ​សន្សំ​ប្រាក់។

    1. អាណាព្យាបាល​នឹង​លែង​សូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន​នៅ​វ័យ​ជំទង់ បើ​គេ​ចេះ​សន្សំ​ប្រាក់​ពី​តូច

    អាណាព្យាបាល​ជាច្រើន​តែង​បារម្ភ​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​កូន ឬ​ចូលខ្លួន​ទៅ​ជ្រៀតជ្រែក​លើ​ការសម្រេចចិត្ត​នានា​ពាក់ព័ន្ធ​នឹង​លុយកាក់​របស់​កូន។ ការធ្វើ​បែបនេះ​គឺអាច​ធ្វើឱ្យ​គាត់​ទុកចិត្ត តែ​គាត់​នឹង​បាត់បង់​ឱកាស​ក្នុងការ​ផ្តល់ឱ្យ​កូន​នូវ​ភាពចាស់ទុំ​ពិតប្រាកដ​ផ្នែក​ហិរញ្ញវត្ថុ ហេតុនេះ​ការដែល​តាមដាន និង​ឃ្លាំមើល​ក្មេង​ពី​តូច អាចធ្វើឱ្យ​អាណាព្យាបាល​មិនសូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន។ ក្មេងៗដែលមាន​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​មនុស្ស​ដែល​ចង់បាន​ឱកាស​ច្រើន​ក្នុងការ​សម្រេចចិត្ត​ចាយវាយ ព្រោះ​ពួកគេ​ជឿ​លើ​សមត្ថភាព​ខ្លួនឯង និង​មាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ដែល​អាចធ្វើឱ្យ​ឪពុកម្តាយ​មានការ​ទុកចិត្ត។ គាត់​អាច​នឹង​សួរ​ច្រើន​ទៅ​ឪពុកម្តាយ ឬ​សុំ​ការពិភាក្សា​មុនពេល​ចាយវាយ​លើ​របស់​ដែលមាន​តម្លៃ​ថ្លៃ៕

  • ម្ដាយ Selena Gomez ប្រកាសស្អប់កូនស្រី ក្រោយទាក់ទង JB វិញ

    ម្ដាយ Selena Gomez ប្រកាសស្អប់កូនស្រី ក្រោយទាក់ទង JB វិញ

    តាមរយៈសារព័ត៌មាន Teenee នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 នេះ បានចេញផ្សាយថា តារាចម្រៀងប្រុស Justin Biber និងតារាចម្រៀងស្រី Selena Gomez ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីឆ្នាំ 2011 ហើយបានបែកផ្លូវគ្នានៅឆ្នាំ 2014 ប៉ុន្ដែធ្លាប់មានអ្នកបានឃើញអ្នកទាំងពីរប្រាប់ថា ពួកគេនៅតែលបទាក់ទងគ្នាម្ដងម្កាលដោយលួចលាក់នោះ ឥឡូវមានកាយវិការបង្ហាញឱ្យដឹងថា ពួកគេចង់ត្រឡប់មកជានាគ្នាវិញក្រោយពីបានបែកគ្នាអស់រយៈពេល 3 ឆ្នាំមកហើយនោះ។

    ខណៈនេះ អ្នកគាំទ្រតារាចម្រៀងទាំងពីរកំពុងតែសាទរចំពោះចំណងមេត្រីភាពដែលទើបត្រូវបានផ្សារភ្ជាប់គ្នាឡើងវិញ ក៏ប៉ុន្តែជាអកុសល អ្នកម្ដាយរបស់តារាស្រីខាងលើនេះ លោកស្រី Mandy Teefey បានផ្ដល់បទសម្ភាស និងប្រកាសប្រាប់សារព័ត៌មាន TMZ ថា លោកស្រី ស្អប់ និងមិនអាចអភ័យទោសចំពោះទង្វើរបស់កូនស្រី និងមិនព្រមទទួលយកតារាចម្រៀងប្រុស Justin Biber ឱ្យចូលមករស់នៅក្នុងក្រុមគ្រួសាររបស់លោកស្រីជាដាច់ខាត។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ Justin Biber គឺជាមនុស្សបង្កបញ្ហានៅក្នុងសង្គមមករហូត ហើយបានធ្វើខុសច្បាប់ និងមិនគប្បីចំពោះក្រុមគ្រួសារលោកស្រីទេ។ ផ្ទុយទៅវិញ អ្នកម្ដាយរបស់តារាប្រុស Justin ក៏បានប្រាប់អ្នកសារព័ត៌មានវិញដែរថា គ្រួសារ Justin មានសេចក្ដីរីករាយបំផុតដែលកូនប្រុសបានត្រឡប់មកទាក់ទងជាមួយនាង Selena Gomez  ដែលបង្ហាញពីក្ដីស្នេហាស្មោះស្ម័គ្រ។

    គួរបញ្ជាក់ផងដែរថា ខណៈនេះស្ថានភាពជំងឺវះកាត់ក្រលៀនរបស់តារាស្រី Selena Gomez មានស្ថានភាពប្រសើរឡើងបន្ដិចហើយ តែក៏ត្រូវមកស្រងាកចិត្តយ៉ាងខ្លាំង ដែលនាងត្រូវម្ដាយបង្កើតប្រកាសក្ដែងៗថា ស្អប់កូនស្រីដែលត្រឡប់ទៅត្រូវគ្នាជាមួយកំពូលមនុស្សបង្កបញ្ហាដូចជា Justin Biber វិញ៕