Category: សង្គម និងសេដ្ឋកិច្ច

  • ចៀសវាង​អាជីវកម្ម​បរាជ័យ ធុរជន​ត្រូវ​គិត​លើ 5ចំណុច​នេះ

    ចៀសវាង​អាជីវកម្ម​បរាជ័យ ធុរជន​ត្រូវ​គិត​លើ 5ចំណុច​នេះ

    អ្នកអុំទូក​គេ​ចាប់​ច្រ​វ៉ា​សម្លឹងមើល​ត្រើយ​ដើម្បី​ធ្វើដំណើរ​ឆ្ពោះ​ទៅដល់​គោលដៅ ចំណែក​សហគ្រិន​វិញ គេ​ប្រកាន់យក​ចំណុចសំខាន់ៗមួយចំនួន​ដើម្បី​ឆ្ពោះ​ទៅដល់​គោលដៅ​ជោគជ័យ។ ចំណុច​ទាំងអស់នោះ​មិនមែន​ងាយ​រក ឬ​រើស​បាន​តាមផ្លូវ​នោះទេ តែ​វា​ត្រូវការ​ផ្នត់គំនិត​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ដើម្បី​អនុវត្ត​ឱ្យមាន​ភាព​រីកចម្រើន និង​គុណ​តម្លៃ។

    ខាងក្រោម​នេះ​គឺជា​ផ្នត់គំនិតសំខាន់ៗចំនួន5ដែល​សហគ្រិន​គួរ​អនុវត្ត៖

    1/ ការធ្វើ​អាជីវកម្ម មិនត្រូវ​គិត​ទៅលើ​ប្រាក់ចំណេញ​តែមួយ​មុខ​នោះទេ

    ជាទូទៅ​គេ​រាយ​មង​ចងសន្ទូច គឺ​ក្នុង​គោលបំណង​ចាប់​ត្រី​ឱ្យបាន​ច្រើន ការចាប់ផ្តើម​អាជីវកម្ម​មួយ​គ្រប់​និយោជក​តែង​សម្លឹង​ចង់បាន​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន។ ផ្នត់គំនិត​រកស៊ី​ចង់​បានតែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួនឯង​នេះ​ជា​គំនិត​អាត្មានិយម ឬ​ស្ទើរ​ហួស​សម័យ​ទៅហើយ បើទោះជា​បាន​ជោគជ័យ​ក៏​ជោគជ័យ​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ដែរ ហើយ​វា​នឹង​ឆាប់​ទទួល​បរាជ័យ​ទៅវិញ។ នៅក្នុង​ប្រទេស​ជប៉ុន​អាជីវកម្ម​ជោគជ័យ គឺ​តែង​ជោគជ័យ​រយៈពេល​វែង​តកូនតចៅ​រហូតដល់​ជាង 1,500ឆ្នាំ​ក៏មាន។

    ចំណុច​សំខាន់​ដើម្បីឱ្យ​អាជីវកម្ម​ជោគជ័យ​មាន​រយៈពេល​វែង គឺ​មិនត្រូវ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែមួយ​មុខ​នោះទេ តែ​ត្រូវ​គិតពី​ប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​អតិថិជន​ជាធំ មិន​ថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ឬ​ផលិតកម្ម​នោះឡើយ បើសិនជា​ក្រុមហ៊ុន​ផ្តល់នូវ​ផលិតផល​មួយ​ដែលមាន​សេវាកម្ម​ល្អ មានគុណ​ភាព​គួរ​ជាទី​ទុកចិត្ត ក្រុមហ៊ុន​នោះ​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង។ នៅលើ​របត់​ទីផ្សារសេរី​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​មួយចំនួន​ដែល​ចេញលក់​ផលិតផល​នៅលើ​ទីផ្សារ​លើកដំបូង​ត្រូវគេ​មើលឃើញថា ភាគច្រើន​តែង​ផ្តល់នូវ​គុណភាព និង​សេវាកម្ម​ល្អ ប៉ុន្តែ​នៅពេល​ទទួលបាន​ការគាំទ្រ​ច្រើន​ហើយ ក្រុមហ៊ុន​ខ្លះ​បាន​បន្ថយ​គុណភាព និង​បរិមាណ​ផលិតផល​របស់ខ្លួន ដែលជា​យុទ្ធសាស្ត្រ​ទីផ្សារ​ស្វែងរក​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន តែ​យុទ្ធសាស្ត្រ​នេះ​ជាការ​យល់ច្រឡំ​មិនអាច​ជោគជ័យ​រយៈពេល​វែង​នោះទេ។

    2/ កង្វះ​ការស្វែងយល់​ពី​ទីផ្សារ និង​អតិថិជន​គោលដៅ

    ការធ្វើ​អាជីវកម្ម​មិន​ខុសពី​ការ​ដាក់មង​ចងសន្ទូច​ប៉ុន្មាន​នោះទេ គេ​ដាក់មង​ក្រឡា​ធំ ដើម្បី​ចាប់​ត្រី​ធំ ប៉ុន្តែ​តាមច្បាប់​សត្យានុម័ត​ត្រី​ធំ​មិនមាន​ច្រើន​ដូច​ត្រី​តូច​នោះទេ ជួនកាល​ដាក់មង​ក្រឡា​តូច​បាន​ត្រី​តូច​មែន​ប៉ុន្តែ​បាន​ច្រើនជាង​ត្រី​ធំ។ សម្រាប់​ធុរជន​ការចាប់ផ្តើម​អាជីវកម្ម​ដោយ​មិនបាន​សិក្សា​ទីផ្សារ និង​អតិថិជន​គោលដៅ​ជាមុន​ហាក់បីដូចជា​ប្រថុយប្រថាន​ខ្លាំងណាស់ ជួនកាល​មាន​ផលិតផល​ល្អ​ប៉ុន្តែ​អតិថិជន​គោលដៅ ជីវភាព​រស់នៅ​របស់​ពួកគេ​មិន​សមល្មម​នឹង​ទទួលយក​វត្ថុ​ទាំងនោះ​មកប្រើប្រាស់ ឬ​ទទួលទាន។ ឧទាហរណ៍​ទីផ្សារ​កាហ្វេ​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ហាង​ទំនើប មានគុណ​ភាពល្អ មាន​សេវាកម្ម​ល្អ មាន​ម៉ាស៊ីនត្រជាក់ លក់​ក្នុងតម្លៃ1កែវ 2ដុល្លារ​ឡើងទៅ​នោះ មាន​អតិថិជន​គាំទ្រ​ប្រមាណ 20-30%ប៉ុណ្ណោះ ប៉ុន្តែ​កាហ្វេ​ដែលមាន​តម្លៃ​ចន្លោះ​ពី1-2ដុល្លារ ហើយ​មាន​គុណភាព​ក្រោម​បន្តិច ឬ​ប្រហាក់ប្រហែល​កាហ្វេ​ទំនើប បែរ​ជាមាន​អតិថិជន​គាំទ្រ​ច្រើន​ចន្លោះ​ពី 30-70% នៃ​ចំណែក​ទីផ្សារ​អ្នក​និយម​ទទួលទាន​កាហ្វេ ដូច្នេះ​បើសិនជា​ចាប់ផ្តើម​អាជីវកម្ម​កាហ្វេ គួរ​ត្រូវ​ជ្រើសរើស​អតិថិជន​គោលដៅ​មួយណា?

    3/ កង្វះ​ការសិក្សា​ទៅលើ​ដៃគូ​ប្រកួតប្រជែង

    សម្រាប់​ធុរជន​ខ្លះ ដោយសារ​គិតថា​ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ផលិតផល​ល្អ​ហើយ​នោះ​ក៏​ចាប់ផ្តើម​ចែកចាយ​នៅលើ​ទីផ្សារ​តែម្តង ដោយ​មិន​បានគិត​ទៅលើ​ដៃគូ​ប្រកួតប្រជែង​នោះឡើយ​ដែលជា​កត្តា​សំខាន់​មួយ​ធ្វើឱ្យ​ខ្លួន​មិន​ទទួលបាន​ការគាំទ្រ ឬ​ទទួលបាន​ការគាំទ្រ​តិចតួច។ ដើម្បីឱ្យ​មានការ​គាំទ្រ​ច្រើន ធុរជន​គួរតែ​សិក្សា​អំពី​ដៃគូ​ប្រកួតប្រជែង តើ​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ជា​អ្នកណា? ហើយ​គេ​បានធ្វើ​អ្វីខ្លះ? ចែកចាយ​ផលិតផល​បែបណា​នៅលើ​ទីផ្សារ​ឱ្យបាន​ដឹង​ច្បាស់​ជាមុន​ដើម្បី​ទាញយក​ចំណែក​ទីផ្សារ​បស់​យើង​មកវិញ។

    4/ កង្វះ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើឱ្យ​ម៉ាក​សញ្ញា​របស់ខ្លួន​មានឈ្មោះ​ល្បី

    មុននឹង​ចរាចរណ៍​លក់​ផលិតផល​នៅលើ​ទីផ្សារ​ក្រុមហ៊ុនធំៗជាច្រើន​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​ធ្វើការ​ផ្សាយពាណិជ្ជកម្ម​អំ​ពី​ផលិតផល​របស់ខ្លួន​ឱ្យ​អតិថិជន​បាន​ស្គាល់​ជាមុន (Build Brand) បំណង​ឱ្យ​ឆាប់​ទទួលបាន​ការគាំទ្រ។ យុទ្ធសាស្ត្រ​នេះ​មិន​ថា​ក្រុមហ៊ុន​តូច ឬ​ធំ​នោះទេ គឺត្រូវធ្វើ​យ៉ាងណា​រក​វិធីសាស្ត្រ​ពង្រីក​បណ្តាញ​ចែកចាយ​ឱ្យបាន​ទៅដល់​គ្រប់​អតិថិជន​គោលដៅ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។ ឧទាហរណ៍​ហាង​កាហ្វេតូចៗគាត់​មាន​សមត្ថភាព​ឆុង​កាហ្វេ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ មិន​ចាញ់​ហាង​កាហ្វេ​ទំនើប ប៉ុន្តែ​បើ​គាត់​ភ្លេច​គិតពី​ការ​សាង​កេរ្តិ៍ឈ្មោះ ការ​សាង​ម៉ាក​សញ្ញា​របស់គាត់ ធុរជន​នោះ​នឹង​មិនអាច​ពង្រីក​ទីផ្សារ​បាន​ច្រើន និង​មិនមាន​អតិថិជន​គាំទ្រច្រើនឡើងៗនោះទេ។

    5/ កង្វះ​ការថែរក្សា​អតិថិជន

    ដោយសារ​ចង់បាន​អតិថិជន​ឱ្យមាន​ចំនួន​កាន់តែច្រើនឡើងៗ ធុរជន​ខ្លះ​គិតតែ​ធ្វើ​យុទ្ធសាស្ត្រ​ដណ្តើមយក​អតិថិជន​ថ្មី ភ្លេច​គិតពី​ការថែរក្សា​អតិថិជន​ចាស់ ប្រៀបដូចជា​ចាប់​ត្រី​បានដាក់​ទៅក្នុង​ទ្រុង​ដែល​បែកធ្លាយ គឺ​ធ្វើឱ្យ​ត្រី​ចូល​តាម​មាត់​ទ្រុង និង​ចេញ​ទៅវិញ​តាម​គូទ​ទ្រុង​រហែក​អ៊ីចឹង​ដែរ។ ដូច្នេះ​មានតែ​ការថែរក្សា​អតិថិជន​ចាស់ ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ល្អ រួម​នឹង​សេវាកម្ម​ល្អ រហ័ស​ទាន់​ចិត្ត​ធ្វើឱ្យ​អតិថិជន​ចាស់​លើកសរសើរ និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែលជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​បាន​លឿន​បំផុត៕

  • ហេតុអ្វី​បានជា​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ​ចេះតែ​ចេញចូល​ញឹកញាប់?

    ហេតុអ្វី​បានជា​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ​ចេះតែ​ចេញចូល​ញឹកញាប់?

    សកម្មភាព​បុគ្គលិក​ចេញចូល​ច្រើន ឬ​ធ្វើការ​បានតែ​មួយរយៈ​ពេល​ខ្លី ហើយ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ភាព​អសកម្ម​មួយ​ដែល​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ដែល​បញ្ហា​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សក​ម្ម​ភាព​ការងារ​នៃ​ក្រុមហ៊ុន និង​បុគ្គលិក​នោះ​ផ្ទាល់​ផងដែរ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea Plus បាន​លើកឡើងថា មាន​កត្តា​សំខាន់ 2យ៉ាង​ដែល​ធ្វើឱ្យ​បុគ្គលិក​ចេញចូល​ច្រើន​នៅក្នុង​ស្ថាប័ន​មួយ។ ទី1 គឺ​កត្តា​ផលប្រយោជន៍ (Profit) និង​ទី2 គឺ​កត្តា​អារម្មណ៍ ឬ​មនោសញ្ចេតនា (Emotion)។ លោក ប៊ុន​និ​ត បាន​បញ្ជាក់ថា កត្តា​ផលប្រយោជន៍​ភាគច្រើន​អាច​កើត​មកពី​ការគិត​របស់​មេដឹកនាំ​នៃ​ស្ថាប័ននីមួយៗដែល​តែងតែ​គិតថា​មាន​លុយ​គឺ​ប្រាកដជា​អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង តែ​តាមពិតទៅ​បុគ្គលិក​មិន​ប្រាកដថា​ត្រូវការ​លុយ​ទាំងស្រុង​នោះទេ។ ក្រៅពី​កត្តា​លុយកាក់ បុគ្គលិក​ក៏ត្រូវ​ការ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ការយកចិត្តទុកដាក់ និង​កត្តា​មួយចំនួនទៀត។

    លោក ប៊ុន​និ​ត បាន​និយាយថា ៖ “មនោសញ្ចេតនា​ក្នុង​ស្ថាប័ន និង​កត្តា​ផលប្រយោជន៍​ជា​ផ្នែក​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ព្រោះថា​ប្រសិនបើ​មានតែ​មនោសញ្ចេតនា​ហើយ​ខ្វះ​លុយកាក់​មនុស្ស​គឺ​មិនអាច​ទ្រទ្រង់​ជីវភាព​បានទេ តែ​ប្រសិន​មានតែ​លុយកាក់ ហើយ​ខ្វះ​មនោសញ្ចេតនា​មនុស្ស​ក៏​ធ្វើ​ការមិន​បានយូរ​ដូចគ្នា​ដែរ។ លោក​បាន​បន្ថែមទៀតថា ក្រៅពី​កត្តាបរិស្ថាន​ក្នុង​ក្រុមហ៊ុន ឬ​កត្តាបរិស្ថាន កត្តា​បុគ្គលិក​ក៏​ជា​ផ្នែក​មួយ​ផងដែរ​នៃ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង។ ការដែល​បុគ្គលិក​មើល​ឃើញតែ​ផលប្រយោជន៍ ឬ​ធ្វើការ​ដោយ​ផ្តោត​តែ​ទៅលើ​ប្រាក់ខែ​ខ្លាំងពេក​ក៏​អាចធ្វើឱ្យ​ពួកគេ​ចាកចេញ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​បាន​នោះដែរ ព្រោះថា​ឱ្យតែ​ក្រុមហ៊ុន​ណា​ហ៊ាន​ចំណាយ​ប្រាក់ខែ​ឱ្យ​គាត់​លើស​បន្តិចបន្តួច​គាត់​នឹង​ទៅ​ភ្លាម។ ម្យ៉ាងវិញទៀត​ការធ្វើការ​ដោយ​មិន​ស្គាល់​ខ្លួនឯង​ច្បាស់​ក៏​ជា​ផ្នែក​មួយ​ផងដែរ​ដែល​អាចធ្វើឱ្យ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ការងារ​ជា​ញឹកញាប់ ព្រោះ​នៅពេលដែល​ធ្វើការ​ងារ​មួយយូរៗទៅ​គាត់​អាច​នឹងមាន​អារម្មណ៍​ថា​មិន​ពេញចិត្ត ឬ​នឿយហត់​ខ្លាំង​ប្រសិនបើ​ការងារ​នោះ​មិន​ស្រប​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​របស់គាត់។

    ប្រធាន​ក្រុមហ៊ុន​ធនធានមនុស្ស​ខាងលើ​បានផ្តល់​ដំណោះស្រាយ​ថា ដើម្បី​កុំឱ្យ​ខ្លួន​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​ផ្លាស់ប្តូរ​ការងារ​ពីមួយ​កន្លែង​ហើយ​ទៅមួយ​កន្លែង​ទៀត សូម​ពិចារណា​ឱ្យបាន​ច្បាស់លាស់​មុនពេល​សម្រេចចិត្ត​ធ្វើការ​ងារ​នៅក្នុង​ស្ថាប័ន​ណាមួយ មិនមែន​ស្វែងរក​ការងារ​ដើម្បី​តែ​ឱ្យ​បានធ្វើ​សិន​នោះទេ។ ចំណុច​ដែល​ត្រូវ​មើល​ជាដំបូង​គឺ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​ថា តើ​មាន​លក្ខណៈ​ស្រប​នឹង​គោលដៅ និង​ចំណង់​ចំណូលចិត្ត​របស់​យើង​ដែរ ឬទេ? ហើយ​វប្បធម៌ និង​បរិស្ថាន​នៃ​ការធ្វើការងារ​ក្នុង​ស្ថាប័ន​នោះ​មាន​លក្ខណៈ​ប្រសើរ​ស្រប​នឹង​សមត្ថភាព​របស់​យើង​ដែរ ឬទេ?

    បង្ហាញ​លើ​ចំណុច​ដូចគ្នានេះ លោក រិ​ន រ៉ាវុធ ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​ជា​សាស្ត្រាចារ្យ​ផងដែរ​នោះបាន​លើកឡើង​ថា ការផ្លាស់ប្តូរ​ការងារ​ញឹកញាប់​របស់​បុគ្គលិក​អាច​ផ្តល់​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​ស្ថាប័ន និង​បុគ្គលិក​ដែល​ដាក់ពាក្យ​ធ្វើការ​ងារ​នោះ។ សម្រាប់​ស្ថាប័ន គឺ​លំបាក​ក្នុង​ការរៀប​ផែនការ ឬ​ត្រូវ​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​ជ្រើសរើស​បុគ្គលិក​ថ្មី ហើយ​ពេលខ្លះ​ក៏​អាចធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​នៃ​ការងារ​របស់​ក្រុមហ៊ុន​ថែម​ទៀង​ផង។ សម្រាប់​បុគ្គលិក​វិញ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​នោះដែរ ព្រោះថា​នៅពេលដែល​គាត់​ផ្លាស់ប្តូរ​កន្លែងធ្វើការ​ងា​រ​ច្រើន គាត់​នឹង​អាចមាន​បញ្ហា​លើ​តម្លៃ​នៃ​ខ្លួន​គាត់​សម្រាប់​ស្ថាប័ន​នានា​ដែល​គាត់​ដាក់ពាក្យ​ធ្វើ​ការងារ។ នៅក្នុង CV ប្រសិនបើ​គាត់​បង្ហាញ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រងារ​ច្រើន ស្ថាប័ន​ថ្មី​នោះ​អាច​នឹងមិន​ហ៊ាន​ទទួលយក​យើង​ទៅធ្វើ​ការ​នោះទេ ព្រោះ​គេ​ខ្លាច​យើង​ចូល​បានតែ​ក្នុង​រយៈពេល​ខ្លះ​ហើយ​ចេញ​ទៅទៀត​ជាដើម។

    លោក រ៉ាវុធ បាន​និយាយថា ៖ “ដើម្បី​កុំឱ្យ​ខាត​ទាំងអស់គ្នា ទាំង​ស្ថាប័ន និង​ទាំង​បុគ្គលិក​ខ្លួនឯង គួរ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​លើ​ផ្នែក​ធនធានមនុស្ស ព្រោះនេះ​ជា​ផ្នែក​សំខាន់​សម្រាប់​ដំណើរ​ការងារ​របស់​ក្រុមហ៊ុន​ទូទៅ។

    លោក រិ​ន រ៉ាវុធ បាន​បន្ថែមទៀតថា ដើម្បី​ចៀសវាង​បញ្ហា​បុគ្គលិក​ផ្លាស់ប្តូរ​ការងារ​ញឹកញាប់ សម្រាប់​ស្ថាប័ន​គួរផ្តល់​ឱ្យនូវ​លក្ខខណ្ឌ​ល្អប្រសើរ ហើយ​ជ្រើសរើស​តែ​បុគ្គលិក​ណា​ដែលមាន​ឆន្ទៈ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​យូរអង្វែង ឬ​ជា​អ្នក​ដែលមាន​បំណង​កសាង​អនាគត​យូរអង្វែង​ជាមួយ​ស្ថាប័ន។ ការជ្រើសរើស​បុគ្គលិក​ដែលមាន​គោលដៅ​ច្បាស់លាស់ ហើយ​ជជែក​គ្នា​ឱ្យ​ច្បាស់​ពី​គោលបំណង​រួម​របស់​ស្ថាប័ន និង​ផ្តល់​ផលប្រយោជន៍​យូរអង្វែង​ទៅវិញទៅមក​រវាង​ស្ថាប័ន និង​បុគ្គលិក​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ ព្រោះថា​បុគ្គលិក​ដែល​យល់​ពី​តម្លៃ​របស់ខ្លួន​នៅក្នុង​ស្ថាប័ន និង​យល់​ពី​តម្លៃ​របស់​ស្ថាប័ន​ចំពោះ​ខ្លួន​ភាគច្រើន​ជា​អ្នក​ដែល​វិនិយោគ​ខ្លួនឯង​យូរអង្វែង​នៅក្នុង​ស្ថាប័ន​មួយ​បាន​ច្រើន​ឆ្នាំ ដែល​អាច​នាំ​ទាំង​ខ្លួនគេ​ផ្ទាល់ និង​ស្ថាប័ន​ឆ្ពោះទៅរក​ភាពជោគជ័យ៕

  • លោក Mourinho រិះគន់​ទៅលើ​ការ​មានប្រៀប​របស់ Man City

    លោក Mourinho រិះគន់​ទៅលើ​ការ​មានប្រៀប​របស់ Man City

    លោក Jose Mourinho បានធ្វើការ​រិះគន់​នៅ​ថ្ងៃបុណ្យ​ណូអែល​ទៅលើ​ក្រុម Manchester City តាមរយៈ​ការបញ្ជា​ក់ថា ក្រុម​កំពុង​នាំមុខ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការ​មានប្រៀប​ដ៏​អយុត្តិធម៌​តាមរយៈ​ការលេង​ការប្រកួត​បន្ទាប់​ទៅទៀត​របស់​ពួកគេ​ក្នុង​រយៈពេល​ច្រើនជាង​ក្រុម Man United របស់លោក​មួយថ្ងៃ។

    Man United នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Burnley នា​កីឡដ្ឋាន Old Trafford នៅ​រាត្រី​នេះ ប៉ុន្តែ ក្រុម Man City ដែល​កំពុងតែ​នាំមុខ13ពិន្ទុ​ដាច់​លើ​គូប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួកគេ​នោះ នឹងមិន​បាន​លេង​ឡើយ​រហូតដល់​រាត្រី​ថ្ងៃ​ពុធ ដែល​នៅពេលនោះ​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Newcastle។ ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម Leicester កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន គឺជា​ការប្រកួត​ទី1ក្នុងចំណោម​ការប្រកួត​ទាំង4លើក​នៃ​ក្របខ័ណ្ឌ​អង់គ្លេស Premier League ក្នុង​រយៈពេល10ថ្ងៃ​សម្រាប់​ក្រុម Man United។ លោក Mourinho បាន​ប្រាប់​ទូរទស្សន៍ Sky Sports News ថា៖ «ខ្ញុំ​មិនមែនជា​ក្រុម​ដែលមាន​សិទ្ធិ​ពិសេស​ដែលមាន​រយៈពេល6ថ្ងៃ​ក្នុងការ​សម្រាក​ឡើយ និង​ក៏ដូចជា​មាន​ពេលវេលា​ច្រើន​ក្នុង​ការត្រៀម​សម្រាប់​ការប្រកួត​នោះដែរ ប៉ុន្តែ​ខ្ញុំ​សំដៅ​ទៅលើ​ក្រុម​ដែលមាន​ពេលវេលា​ច្រើនជាង​យើង​បន្តិច ជាពិសេស​ក្រុម​មួយ​ដែល​នឹង​លេង​បន្ទាប់ពី​ថ្ងៃស្អែក។ ការ​មាន​ពេល​សម្រាក​ច្រើនជាង1ថ្ងៃ ពិតជា​មានប្រៀប​ណាស់»។

    គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ប្រហែលជា​មានន័យថា ពួកគេ​មិនចាំបាច់​ធ្វើការ​នៅថ្ងៃនេះ​ឡើយ វា​មានន័យថា ពួកគេ​អាច​វិល​ទៅធ្វើ​ការ​វិញ​នៅ​ថ្ងៃស្អែក និង​ត្រៀម​សម្រាប់​ការប្រកួត​បន្ទាប់។ បញ្ហា​ដែល​ខ្ញុំ​មើលឃើញ​នៅទីនេះ​គឺមាន​ភាព​ផ្សេងគ្នា​រវាង​ក្រុម​មួយចំនួន»។ ការប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

    ប្រភពពី៖ Sky Sports

  • មាស សុខសោភា បំបែកឯតទគ្គកម្មផ្នែកម៉ូដសម្លៀកបំពាក់បានមួយទៀតហើយ

    មាស សុខសោភា បំបែកឯតទគ្គកម្មផ្នែកម៉ូដសម្លៀកបំពាក់បានមួយទៀតហើយ

    នាពេលថ្មីៗនេះ ក្រៅពីត្រូវបានជ្រើសរើសឱ្យធ្វើជាទូតសុឆន្ទៈរបស់ផលិតផលល្បីៗហើយនោះ កញ្ញាមាស សុខសោភា ដែលជាកំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំបែកឯតទគ្គកម្មផ្នែកម៉ូដសម្លៀកបំពាក់បានមួយទៀតហើយ និងបានធ្វើការដាក់បង្ហាញជាលើកដំបូង នូវពានរង្វាន់អាណាចក្រតារា និងរ៉ូបជាទីស្រឡាញ់របស់ខ្លួនដែលបានរចនា និងច្នៃប្រឌិតម៉ូដចេញពីក្រណាត់សារុង និងក្រណាត់ខ្មៅប៉ាក់ឌិនក្បាច់ដ៏មានតម្លៃ នៅក្នុងបរិវេណភោជនីយដ្ឋានដ៏ល្បីឈ្មោះលំដាប់ពិភពលោកដែលមានបម្រើមុខម្ហូបបែបអាមេរិកដែលទើបតែបើកសាខាថ្មីនៅទីក្រុងភ្នំពេញ។

    ជាមួយនឹងភាពរួសរាយរាក់ទាក់ ទឹកដមសំនៀងដ៏ក្រអូនក្រអៅ ពីរោះ និងស្នូរតន្ត្រីចម្រុះឧបករណ៍ពិសេសខ្នាតធំ Rock”N Roll ដ៏សែនកន្ត្រាក់អារម្មណ៍របស់កញ្ញា មាស សុខសោភា បានញុំាងឲ្យការទទួលទានអាហារ របស់ភ្ញៀវកិត្តិយស ដៃគូសហការ និង អ្នកគាំទ្រ (Fans) របស់ខ្លួននៅភោជនីយដ្ឋាន ហាតរ៉ក់ កាន់តែមានឱជារស និងបរិយាកាស អ៊ូអរសប្បាយរីករាយយ៉ាងក្រៃលែង។

    កញ្ញាមាស សុខសោភា បានឲ្យដឹងថា កញ្ញាពិតជាមានមោទនភាពខ្លាំងណាស់ ដោយពានរង្វាន់អាណាចក្រតារា និងរ៉ូបជាទីស្រឡាញ់ ដ៏មានតម្លៃត្រូវបានអនុញ្ញាតឲ្យដាក់តាំងបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅភោជនីយដ្ឋាន លំដាប់ពិភពលោកមួយនេះ៕

  • ទុនវិនិយោគវិស័យ​សំណង់​នៅ​កម្ពុជា​កើនឡើង​ជិត​30%

    ទុនវិនិយោគវិស័យ​សំណង់​នៅ​កម្ពុជា​កើនឡើង​ជិត​30%

    បើ​ទោះបី​ជា​សកម្មភាព​នៃ​ការ​ទិញ​ លក់​អចលន​ទ្រព្យ​ហាក់​មិន​សូវ​មាន​ភាព​ផុលផុស​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​ប្រមាណ​ជិត​30% ក្នុង​រយៈពេល​10​ខែ​ដំបូង នៃ​ឆ្នាំ2017 នេះ។

    រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ឯកឧត្តម ប៉ែន សុផល បាន​ឱ្យ​ដឹង​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​លំនៅឋាន​បុរី​ប្រណីត អ & អេស្វ របស់​ក្រុមហ៊ុន R&F Properties Hs (Cambodia) Co., Ltd ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​60​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​លើ កាល​ពី​សប្តាហ៍​មុន​ថា​រយៈពេល​10​ខែ ឆ្នាំ2017 នេះ​វិស័យ​សំណង់​កើន​ឡើង​ប្រមាណ​27.68%។ ឯកឧត្តម​ បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​2016 កន្លង​ទៅ​ទុន​វិនិយោគ​វិស័យ​សំណង់ មាន​ប្រមាណ​5,580 លាន​ដុល្លារ​សហរដ្ឋ បើ​ធៀប​នឹង​ឆ្នាំ​2015 កើន​ឡើង​ប្រមាណ​67.15% និង​នៅ​ក្នុង​រយៈពេល​10ខែ នៃ​ឆ្នាំ 2017 នេះ​មាន​ប្រមាណ 6,267 លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2016 គឺ​មាន​កំណើន​ប្រមាណ ​27,68% និង​បង្កើត​ការងារ​ជូន​ប្រជាពល​រដ្ឋ​បាន​ប្រមាណ​ជាង​200,000​នាក់​ក្នុង​មួយ​ថ្ងៃ។

    ស្រប​នឹង​ការ​រីក​ចម្រើន​នេះ សហគ្រាស​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ បាន​ចុះបញ្ជី​នៅ​ក្រសួង ដែល​នៅ​មាន​សុពលភាព​បាន​កើន​ដល់​1,038 ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មាន​42 និង​ក្រុមហ៊ុន​សាង​សង់​សរុប​មាន​ចំនួន​996។ ទន្ទឹម​នេះ​ក្រសួង​ក៏​បាន​និង​កំពុង​ពង្រឹង​ការ​គ្រប់គ្រង​សំណង់ ពិសេស​សំណង់​អគារ​ធំ​ៗ​ឱ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​គតិយុត្ត​បច្ចេកវិទ្យា​ស្តង់ដារ​ខ្ពស់ និង​មាន​អត្តសញ្ញាណ​វប្បធម៌​ជាតិ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សោភណភាព បរិស្ថាន​បៃតង និង​ភាព​សុខុដុម​រមណីយ​កម្ម​ទៅ​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

    ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា តាម​ការ​សិក្សា​របស់​ក្រសួង​អំពី​ក្របខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទីក្រុង​នៅ​កម្ពុជា ​ឃើញ​ថា​ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​រាជធានី-ក្រុង និង​ទីប្រជុំជន​នៅ​ឆ្នាំ​2014 មាន​ចំនួន​ប្រមាណ​4,5​លាន​នាក់​ត្រូវ​ជា​27,1​% នឹង​បាន​បន្ត​កើន​ឡើង​ដល់​7,92​លាន​នាក់​ត្រូវជា​44​% នៅ​ឆ្នាំ​2030។ តាម​ទិន្នន័យ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រយៈពេល​15​ឆ្នាំ (2015-2030) តម្រូវ​ការ​លំនៅ​ឋាន​សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​80​ម៉ឺន​លំនៅឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​5​ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំៗ​។

    ឆ្លើយតប​នឹង​កំណើន​នេះ ក្រសួង​បាន​និង​កំពុង​សកម្ម​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី ប្លង់គោលនិង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោល​នយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​ឱ្យ​ស្របតាម​តម្រូវការ​នៃ​ការ​រីក​លូតលាស់​ផ្នែក​នគរូបនីយ​កម្ម និង​កំណត់​តំបន់​ទិសដៅ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ក្រុង ពង្រីក​ទីក្រុង តំបន់​ស្នាក់​នៅ និង​ជា​ពិសេស​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធនិង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប​ និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​សមធម៌៕

  • នាំគ្នាមកស្គាល់ពីប្រវត្តិបទចម្រៀង “TakTunTuang” ដែលកំពុងកក្រើកពេញពិភពលោក

    នាំគ្នាមកស្គាល់ពីប្រវត្តិបទចម្រៀង “TakTunTuang” ដែលកំពុងកក្រើកពេញពិភពលោក

    បទចម្រៀង “TakTunTuang” ជាការនិពន្ធ និងបកស្រាយដោយអ្នកនាង Upiak Isli ដែលត្រូវបាននិពន្ធទំនុកច្រៀង និងសម្រួលតន្ត្រីតាំងតែពីអំឡុងខែវិច្ឆិកា ឆ្នាំ​2014 មកម្ល៉េះ ហើយត្រូវបានអ្នកគាំទ្ររបស់អ្នកនាងយកមកបង្ហោះឡើងវិញនៅលើបណ្ដាញសង្គមយូធូប។ អស់រយៈពេលជាង 3 ឆ្នាំមកហើយដែលបទចម្រៀងនេះទទួលបានការគាំទ្រនៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី តែនៅឆ្នាំ 2017 នេះ បទចម្រៀងមួយបទនេះស្រាប់តែទទួលបានគាំទ្រយ៉ាងគគ្រឹក​គគ្រេងពីបណ្ដាប្រទេសនានានៅលើពិភពលោក ដោយចាប់ផ្ដើមបែកគំនិតចេញពីប្រទេសថៃ។

    តារាចម្រៀង  Upiak Isli ឬមានឈ្មោះពិតថា Silvia Nanda មានវ័យ 32 ឆ្នាំ ជាសិល្បការិនីចម្រៀង រ៉ុក និងចម្រៀងបែបបែកស្លុយជាទីពេញនិយមរបស់យុវវ័យ បានផលិតវីដេអូចម្រៀងនេះជាថ្មីម្ដងទៀត ដោយបានបង្ហោះនៅលើគណនីយូធូប MVM MUSIC នៅថ្ងៃទី29 ខែវិច្ចិកា ឆ្នាំ2017កន្លងមក ហើយមកទល់ពេលនេះ ម៉ោងនេះ មានអ្នកចូលទស្សនាចំនួន 11,043,017 ដងហើយ។ អ្នកនាងបានថ្លែងនៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ BNC នៅក្នុងកម្មវិធី Wisma Bernama ថា «នាងខ្ញុំពិតជាមិនអស់សង្ឃឹមមែនចំពោះបទចម្រៀងមួយនេះ ព្រោះទទួលបានការគាំទ្រតបស្នងមកវិញយ៉ាងច្រើនលើសលប់ វាមិនមែនជាក្ដីសុបិនទេ តែជាការពិត»។

    អ្នកនាងបានបញ្ជាក់ផងដែរថា «ចាប់តាំងពីបានធ្វើការងារជាតារាចម្រៀង ចាប់ពីអាយុ 13 ឆ្នាំមក ខ្ញុំបានផលិតអាល់ប៊ុមចម្រៀងបានចំនួន 19 អាល់ប៊ុមហើយ។ ក៏ប៉ុន្ដែចំពោះអាល់ប៊ុមទី 14 នេះ គឺពិតជាធ្វើឱ្យនាងខ្ញុំដើរញញឹម និងច្រៀងដូចជាមនុស្សឆ្កួតទៅតាមបទ TakTunTuang ដែលមានន័យថា មិនខ្វល់ពីនរណា ឬមិនទើសនឹងនរណាម្នាក់ឡើយ»។ សូមជម្រាបបន្ថែមថា បទនេះ តារាចម្រៀងស្រីជនជាតិម៉ាឡេស៊ីរូបនេះ បានសហការនិពន្ធជាមួយមិត្តសំណព្វចិត្តរបស់ខ្លួនមានឈ្មោះ ArdiTanjung ជាតន្ត្រីករលេងឧបករណ៍ហ្គីតារ៕

  • បន្លែ​សុវត្ថិភាព​កំពុង​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​កម្ពុជា

    បន្លែ​សុវត្ថិភាព​កំពុង​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​កម្ពុជា

    កសិករ​ដាំ​ដំណាំ​នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​បាន​និយាយថា ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ​តាមបែប​បុរាណ មក​ដាំ​តាមបែប​បច្ចេកវិទ្យា​ថ្មី​ដោយ​មិនមាន​សារធាតុ​គីមី​កំពុង​ទទួលបាន​ផល​យ៉ាងច្រើន និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

    លោក ជួង វ៉ុ​ន កសិករ​ដាំ​ម្រះ នៅ​ជើងភ្នំ​ស្អាង​ក្នុង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ​ថា ក្នុងនាម​ជា​កសិករ​គ្មាន​ពេលណា​សប្បាយចិត្ត​ជាង​ពេលដែល​ដំណាំ​ទទួលបាន​ផល​ល្អ និង​លក់បាន​ថ្លៃ​នោះទេ ព្រោះ​វា​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត​ដ៏​ខ្លាំង​សម្រាប់​កសិករ​ក្នុង​ការបន្ត​ការដាំដុះ។ លោក​បន្តថា គ្រួសារ​របស់គាត់​បាន​ចាប់​របរ​ដាំ​បន្លែ​តាម​ទម្លាប់​ចាស់​ជាង10ឆ្នាំ​មកហើយ ដោយ​ទើបតែ​បាន​ប្តូ​រម​កដាំ​តាម​បច្ចេកទេស​ទំនើប​បែប​បន្លែ​សុវត្ថិភាព​នេះ​ជាង1ឆ្នាំ​ប៉ុណ្ណោះ។ ការផ្លាស់ប្តូរ​ទម្លាប់​នេះ គឺ​ក្រោយពី​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អង្គការ​លាស់​ថ្មី ដែល​ធ្វើឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

    កសិករ​ខាងលើ​បន្តថា តម្លៃ​ផ្លែ​ម្រះ​នៅ​ឆ្នាំនេះ​បាន​ថ្លៃ​គ្រាន់បើ ដោយ​កាលពី​ឆ្នាំមុន1គីឡូក្រាម​លក់បាន​តម្លៃ​ត្រឹមតែ1,000រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​បាន2,000រៀល តែ​ក៏មាន​ពេលខ្លះ​ធ្លាក់​មក​នៅត្រឹម​ចន្លោះ​ពី1,200-1,300រៀល​ផងដែរ។

    ចំណែក លោកស្រី ជីវ ជីតា ដែល​បាន​ប្រកប​របរ​ដាំ​ម្រះ បាន​ប្រាប់​ដែរ​ថា ម្រះ​មុននឹង​ដាំ គឺ​គេ​ត្រូវ​ភ្ជូ​រ​ដី​ហាល​ចោល​ពី1-2សប្តាហ៍​ដើម្បីឱ្យ​ដី​ឆ្អិន​ល្អ ទើប​ផ្គុំ​រង និង​បាច​កំបោរ​ស​ដើម្បី​សម្លាប់​មេរោគ ហើយ​ចាប់ផ្តើម​រាយ​បង្កប់​ទុយោ ក្រាល​កៅស៊ូ​លើ​រង និង​ដោត​ឫស្សី​សម្រាប់ធ្វើ​ទ្រើង។ បន្ទាប់មក​គេ​យក​កូន​ម្រះ​ដែល​បណ្តុះ​រួម មក​ដាំ​តាម​ប្រហោង​ដែល​បាន​ចោះ​ទុក និង​ដាំ​ឃ្លាត​ពីគ្នា​ប្រហែល20សង់ទីម៉ែត្រ។ មុននឹង​បានកូន​ម្រះ​ដំបូង​គេ​ត្រូវយក​គ្រាប់​ម្រះ​ត្រាំ​ក្នុង​ទឹក​ក្តៅអ៊ុនៗចន្លោះ​ពី2-3ម៉ោង រួច​យកទៅ​ផ្អាប់​ក្នុង​ដី2-3យប់​ទើប​យក​ដី​មួយ​ភាគ អាចម៍គោ2ភាគ និង​ផេះ​អង្កាម2ភាគ មក​លាយ​ចូលគ្នា​ហើយ​ដាក់ចូល​ខ្ទះ​លីង​ប្រមាណ15នាទី​ទុកឱ្យ​ត្រជាក់​ទើប​យកទៅដាក់​ក្នុង​ត្រេ​ដាក់​គ្រា​ប់ម្រះ​ចូល​ដើម្បី​បណ្តុះ។ លោកស្រី បាន​បញ្ជាក់ថា ការដាំ​ដោយ​ក្រាល​កៅស៊ូ និង​បង្កប់​ទុយោ​នេះ យើង​មិន​ហត់​ក្នុង​ការធ្វើ​ស្មៅ ឬ​ស្រោច​ទឹក​ទេ ហើយ​ក្រោយ​ដាំ1ខែ10ថ្ងៃ គឺអាច​បេះ​បាន​ហើយ ដោយ2ទៅ3ថ្ងៃ​បេះ​ម្តង និង​បន្ត​បេះ​រហូតដល់​ទៅ1ខែ​ឯណោះ​ទើប​គេ​រើ​ដើម​ចាស់​ចោល​ដាំ​សាជាថ្មី។

    លោក ប៉ុល អភិរក្ស ប្រធាន​សាខា​អង្គការ​លាស់​ថ្មី ប្រចាំខេត្ត​កណ្តាល បាន​និយាយថា អង្គការ​របស់​លោកមា​ន​គោលដៅ​ជួយ​បង្រៀន​កសិករ​ឱ្យដាំ​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នក​ដាំ​ក៏ដូចជា​អ្នក​ទទួលទាន ដោយ​បង្រៀន​នូវ​បច្ចេកទេស​ដល់​ពួកគាត់ ព្រមទាំង​វិធីសាស្ត្រ​ដាំ​ដុះ ថែទាំ ក៏ដូចជា​ការប្រើប្រាស់​ជី និង​ថ្នាំពុល​គីមី ឱ្យបាន​ត្រឹមត្រូវ និង​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ​ផងដែរ។

    ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​ស្អាង លោក អ៊ុក សុគន្ធ មានប្រសាសន៍ថា ស្អាង​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ក្រុង​ទាំង11 របស់​ខេត្តកណ្តាល ដែលមាន​សក្តានុពល​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​បន្លែ​នាំមុខគេ​ក្នុង​ខេត្តកណ្តាល ដោយ​ក្នុង​មួយថ្ងៃ​អាចមាន​បរិមាណ​ពី50-60តោន។ ទូទាំង​ស្រុក​ស្អាង​មាន​ផ្ទៃដី​ដាំ​បន្លែ​ចម្រុះ​ចំនួន2,037ហិកតា។ លោក​បាន​បន្ថែមទៀតថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព អ្នក​ទទួលទាន​ទាំងអស់​គួរតែ​ងាក​ទៅរក​ការដាំដុះ​បែប​បច្ចេកទេស​ទំនើប គឺ​បន្លែ​សុវត្ថិភាព​ដើម្បី​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ។

    គួរ​បញ្ជាក់ថា បន្លែ​សុវត្ថិភាព​មាន​លក្ខណៈ​ខុសពី​បន្លែ​សរីរាង្គ ដោយ​វា​ស្ថិតនៅ​ចន្លោះ​បន្លែ​មាន​សារធាតុ​គីមី និង​បន្លែ​សរីរាង្គ​ដែល​គ្មាន​ជាតិគីមី​សោះ។ លោក សុគន្ធា និយាយថា បន្លែ​សុវត្ថិភាព​គេ​ប្រើ​ជីគីមី​ខ្លះ​ដែរ ដើម្បី​ថែរក្សា​ដំណាំ​ឱ្យ​ល្អ ប៉ុន្តែ​គេ​ប្រើ​ក្នុង​កម្រិត​តិចតួច​បំផុត ហើយ​មុននឹង​កាត់​យកទៅលក់ ឬ​ទទួលទាន គេ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​គីមី​ជាច្រើន​ថ្ងៃ ដោយ​មិន​ដូច​បន្លែ​គីមី ដែល​ជួនកាល​ពេល​គេ​កាត់​យកទៅលក់​ហើយ​នោះ នៅតែ​បន្ត​ជ្រលក់​ថ្នាំ​គីមី​បន្ថែម​ដើម្បី​រក្សា​សោភ័ណភាព​ឱ្យនៅ​បានយូរ៕

  • ការផ្ទេរ​ប្រាក់​របស់​ព​លករ​ពី​កូរ៉េ មក​កម្ពុជា តាមរយៈ​ធនាគារ​អេស៊ីលីដា បន្ត​កើនឡើង

    ការផ្ទេរ​ប្រាក់​របស់​ព​លករ​ពី​កូរ៉េ មក​កម្ពុជា តាមរយៈ​ធនាគារ​អេស៊ីលីដា បន្ត​កើនឡើង

    ការផ្ទេរ​ប្រាក់​មកពី​សា​ធារ​ណ​រដ្ឋ​កូរ៉េ មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ឆ្នាំ2017 នេះ​បាន​កើនឡើង​ជាង12% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2016 ខណៈ​មាន​ក្រុមហ៊ុន និង​ភ្នាក់ងារថ្មីៗជាច្រើន​ទៀត​ក៏​ទទួល​បម្រើសេវា​ដូចគ្នានេះដែរ។

    យោងតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា បាន​បង្ហាញថា ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ មក​កម្ពុជា ក្នុងឆ្នាំនេះ​មាន​ចំនួន​ជិត235លាន​ដុល្លារ​អាមេរិក ដោយមាន​កំណើន​ប្រមាណ13% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ចំនួន​ទឹកប្រាក់​ជិត 208លាន​ដុល្លារ។ ទិន្នន័យ​ដដែល​បង្ហាញថា តាមរយៈ​ចំនួន​ទឹកប្រាក់​ខាងលើនេះ​ចំនួន​នៃ​ការផ្ទេរ​ប្រាក់​ក៏បាន​កើនឡើង​ប្រមាណ15% រហូតដល់​ចំនួន 84,057ដង ក្នុង​ឆ្នាំ2017 ធៀប​នឹង​ឆ្នាំ2016 ដែល​ចំនួន​នៃ​ការផ្ញើ​ប្រាក់​មាន​ចំនួន73,146ដង។

    លោកស្រី​បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា ក្រោយពី​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​កូរ៉េ ក៏ដូចជា​ដៃគូ​ដែលជា​ភ្នាក់ងារ​ផ្ទេរប្រាក់ គឺ​ពិតជា​បានផ្តល់​នូវ​ភាពងាយស្រួល​ច្រើន​ដល់​ការបម្រើ​សេវា​ផ្ទេរប្រាក់​របស់​ប្រជា​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ។

    លោកស្រី​បណ្ឌិត បានបញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ថា៖“ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ធនាគារ​អេស៊ីលីដា មាន​ភាពងាយស្រួល ដោយសារ​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ធំ មាន​បណ្តាញ​ច្រើន​រហូតដល់​ចំនួន 260សាខា​នៅ​ទូទាំងប្រទេស​កម្ពុជា។ គេ​អាច​ផ្ទេរប្រាក់​ប្រកបដោយ​ភាពងាយស្រួល និង​គ្មាន​បញ្ហា​អ្វី​នោះទេ។ ស្របពេល​នៃ​ការរីកចម្រើន​លើ​សេវា​ផ្ទេរប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ ដោយសារ​មាន​ប្រជា​ពលករ​ខ្មែរ​យ៉ាងហោចណាស់​ជាង4ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ក៏មាន​ក្រុមហ៊ុនថ្មីៗទៀត​បាន​ហក់ចូល​ប្រកួតប្រជែង​ក្នុង​សេវា​ផ្ទេរប្រាក់​នេះ​ផងដែរ។

    កាលពី​ថ្ងៃទី20 ខែធ្នូ​នេះ ធនាគារ​គូក​មីន​កម្ពុជា និង​ធនាគារ​ឯកទេស​វី​ង បានប្រកាស​ពី​ការដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​មក​ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​របស់​ធនាគារ​គូក​មីន ដែលជា​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

    លោក អ៊ុក វ៉ាន់ដា អនុប្រធាន​ធនាគារ​គូក​មីន​កម្ពុជា បាន​លើកឡើងថា ភាពជា​ដៃគូ​នេះ​នឹង​ធ្វើឱ្យ​សេវាកម្ម​ផ្ទេរប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា កាន់​តែមាន​ភាពងាយស្រួល មាន​សុវត្ថិភាព និង​លឿន​ជាង​មុន។ លោក​បាន​បន្តថា​ធនាគារ​គូក​មីន​កម្ពុជា មាន​ចំនួន​គណនី​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ច្រើនជាងគេ ហើយ​ចំនួន​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ 90%បាន​ផ្ញើ​ប្រាក់​មក​ស្រុកកំណើត​តាមរយៈ​ធនាគារ​គូក​មីន​នៅ​ប្រទេស​កូរ៉េខាងត្បូង។

    សកម្មភាពពលករខ្មែរនៅកូរ៉េខាងត្បូង រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    លោក វ៉ាន់ដា បញ្ជាក់ថា ពលករ​ខ្មែរ​នៅ​កូរ៉េ អាច​ផ្ញើ​ប្រាក់​តាម​កម្មវិធី​ស្មា​ត​ហ្វូ​ន Liiv KB Cambodia ដែល​ត្រូវបាន​ដាក់បញ្ចូល​ជាមួយ​វី​ង​ឬ​ដោយ​គ្រាន់តែ​ទៅ​សាខា​ណាមួយ ក្នុងចំណោម​សាខា​ប្រមាណ1,500កន្លែង​នៅ​ប្រទេស​កូរ៉េ ហើយ​ធ្វើ​ប្រតិបត្តិការ ចំណែកឯ​ការទទួលប្រាក់​នៅ​ប្រទេស​កម្ពុជា​វិញ​គឺ​កាន់តែ​ងាយស្រួល​ជាង​មុន ជាមួយ​បណ្តាញ​ភ្នាក់ងារ​វី​ង​ប្រមាណ5,000កន្លែង​ទូទាំងប្រទេស។

    លោក សុធី សុ​វិ​ត្យា នាយក​ទទួលបន្ទុក​ផ្នែក​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង បាន​អះអាងថា ការផ្ញើ​ប្រាក់​នេះ​កាន់តែ​ងាយស្រួល​ដោយ​ចំណាយពេល​ត្រឹមតែ10នាទី​រវាង​ប្រទេស​ទាំងពីរ ហើយ​ការចាប់ផ្តើម​អនុវត្ត គឺ​ចាប់ពី​ថ្ងៃទី20 ខែធ្នូ​នេះ​តទៅ​ជាមួយ​តម្លៃ​សេវា​សមរម្យ​ចាប់ពី1ម៉ឺន​រៀល​ឡើងទៅ។

    ឯកឧត្តម ហេង សួរ ប្រធាន​អង្គភាព​នាំ​ពលករ​ទៅ​ក្រៅប្រទេស និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់បាន​អះអាងថា ប្រាក់បៀវត្ស​ខ្ពស់​នៅ​ប្រទេស​កូរ៉េ​គឺជា​មូលហេតុ​ចម្បង​នៃ​ការទាក់ទាញ​ពលករ​ខ្មែរ ថ្វីត្បិតតែ​គេ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​មុននឹង​បាន​ចេញទៅ ដោយ​ពលករ​ម្នាក់​ត្រូវ​ចំណាយ​យ៉ាងហោចណាស់1,000ដុល្លារ​ដែរ​សម្រាប់​លិខិតស្នាមផ្សេងៗមុននឹង​បានចេញ​ទៅ។

    ឯកឧត្តម បានឱ្យដឹងថា ពលករ​ខ្មែរ​ដែល​ទៅ​បម្រើការ​នៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​ដំបូង​បានទទួល​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន950ដុល្លារ​ក្នុង​មួយខែ។ នាពេល​កន្លងមក ក្រសួង​ធ្លាប់​បានធ្វើ​ការស្ទង់មតិ​ចំពោះ​កម្មករ​ហើយ​ដឹងថា​កម្មករ​ម្នាក់​អាច​សន្សំ​បានជា​មធ្យម650ដុល្លារ ក្នុង1ខែ ដោយ​ពួកគាត់​អាច​ផ្ញើមក​ស្រុក​វិញ​ចំនួន​ប្រហែល 500ដុល្លារ​ក្នុង​មួយខែ៕

  • បាតុភូតចម្លែក “ព្រះច័ន្ទខៀវ” នាថ្ងៃបុណ្យសពរបស់ Kim Jong Hyun

    បាតុភូតចម្លែក “ព្រះច័ន្ទខៀវ” នាថ្ងៃបុណ្យសពរបស់ Kim Jong Hyun

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី 25 ខែធ្នូ ឆ្នាំ2017 បាចេញផ្សាយថា អ្នកគាំទ្រក្រុមច្រៀងប្រុស SHINEE នៅក្នុងប្រទេសជប៉ុនបានបង្ហោះរូបបាតុភូតសចម្លែក ព្រះច័ន្ទខៀវ ឬ Pearl Aqua  ដែលជាព័ណ៌តំណាងឱ្យក្រុម SHINEE ជាហេតុការណ៍បានកើតឡើងស្របពេលប្រារព្ធពិធីបុណ្យសពរបស់ Kim Jong Hyun ។

    នៅក្នុងថ្ងៃដែលលោកបានចាកចេញទៅ ព្រះច័ន្ទបានអណ្ដែតខ្លួននៅឱ្យឃើញនាពេលដែលព្រះអាទិត្យជិតអស្ដង្គត។ អ្នកលេងបណ្ដាញសង្គមដែលបានបង្ហោះរូបទាំងអស់នេះ បានប្រាប់ឱ្យដឹងថា « ខ្ញុំមិនសូវជាជឿលើរឿងកម្លាំងធម្មជាតិប៉ុន្មានទេ ក៏ប៉ុន្តែនៅពេលនេះ គឺខ្ញុំជឿជាក់ហើយ។ ខ្ញុំជឿថា ព្រះច័ន្ទនោះគឺជាដួងវិញ្ញាណរបស់  Kim Jong Hyun ដែលកំពុងតែចង់ប្រាប់យើងថា នៅទីបំផុតលោកមានសេរីភាពពីជំងឺបាក់ទឹកចិត្តហើយ ក្ដីឈឺចាប់ទាំងអស់បានរលាយចេញពីលោកហើយ។ លោកទៅកាន់សុគតិភពយ៉ាងស្ងប់សុខ #RIPJonghyun »៕

    ចង់ដឹងថា បាតុភូតចម្លែកនេះ មានរូបភាពបែបណានោះ សូមទស្សនារូបភាពទាងឡាយខាងក្រោម៖

  • យុវជន​មកពី​គ្រប់​មហាវិទ្យាល័យ​នឹង​រួមគ្នា​ជជែក​ពិភាក្សា និង​បង្ហាញ​ទស្សនៈ​លើ​បញ្ហា​សង្គម

    យុវជន​មកពី​គ្រប់​មហាវិទ្យាល័យ​នឹង​រួមគ្នា​ជជែក​ពិភាក្សា និង​បង្ហាញ​ទស្សនៈ​លើ​បញ្ហា​សង្គម

    មនុស្ស​គ្រប់រូប​សុទ្ធតែជា​កោសិកា​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម ហើយ​សង្គម​មួយ​អាច​អភិវឌ្ឍ ឬ​មាន​បញ្ហា​អាស្រ័យ​លើ​ឥរិយាបថ​របស់​ប្រជាជន​វិជ្ជមាន ឬ​អវិជ្ជមាន។ ដោយ​មើលឃើញ​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​ប្រជាជន​ខ្មែរ ពិសេស​យុវជន​ដែល​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​នៅ​កម្ពុជា កម្មវិធី The Perspectives Cambodia ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​បាន​បញ្ចេញ​មតិ​ជា​សាធារណៈ។

    ប្រធាន​គ្រប់គ្រង​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី2 លោក ហួរ តុលា បាន​លើកឡើងថា​ដោយសារ​ការអប់រំ​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​ជា​លំដាប់ ហេតុនេះ​សមត្ថភាព​របស់​យុវជន​ក៏មាន​ការកើនឡើង​ស្រប​ពេលដែល​សង្គម​កំពុងមាន​ការអភិវឌ្ឍ តែ​បញ្ហា​ប្រឈម​មួយចំនួន​សម្រាប់​យុវជន​ក៏​កើតមាន​ផងដែរ ពិសេស​គឺ​ភាព​ស៊ីជម្រៅ​នៃ​ការគិត និង​ការបញ្ចេញមតិ​លើ​បញ្ហា​នានា​ក្នុងសង្គម។ សង្គម​មួយ​អាច​អភិវឌ្ឍ​ទៅមុខ​បាន​លឿន គឺ​ដោយសារតែ​សង្គម​នោះ​មាន​ប្រជាជន​ដែលមាន​ទស្សនវិស័យ និង​មាន​ការគិត​បែប​វិជ្ជមាន​ច្រើនដើម្បី​រួមគ្នា​កសាង​សមត្ថភាព​ចូលរួមចំណែក​អភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​សង្គម​នានា​ប្រកបដោយ​សន្តិភាព។

    លោក តុលា បាន​និយាយថា ៖ “ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ និង​និរន្តរភាព​សង្គម ដោយ​ឈរលើ​មូលដ្ឋាន​ចំណេះដឹង ក្រុមការងារ The Perspectives Cambodia បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ខ្មែរ​ឱ្យ​បានទទួល​ចំណេះដឹង​ពី​អ្នកជំនាញសំខាន់ៗនៅ​កម្ពុជា ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នោះ​ទៅ​បង្ហាញ​ជា​សាធារណៈ​តាមរយៈ​ការប្រកួត​តស៊ូ​មតិ​លើបញ្ហាសំខាន់ៗនៅ​កម្ពុជា។

    សមាជិក​ស្ថាបនិក​នៃ​កម្មវិធី​ខាងលើ​បាន​លើកឡើងថា នៅ​ប្រទេស​អភិវឌ្ឍ គឺ​គេ​មាន​ធនធានមនុស្ស​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ក្នុងការ​បញ្ចេញ​ទស្សនវិស័យ​ដែល​គេ​ចង់ឃើញ​ទៅកាន់​សង្គម​របស់គេ។ ជាក់ស្តែង​យុវជន​នៅ​ប្រទេស​សិង្ហ​បុរី គេ​មាន​ក្រុម​អ្នក​ចងក្រង​ទស្សនវិស័យ ហើយ​ផ្តល់ឱកាស​ឱ្យ​យុវជន​ចូលរួម​បង្ហាញ​ពី​ទស្សនវិស័យ​ផ្ទាល់ខ្លួន​របស់គេ ខណៈ​កម្ពុជា​យើង​ក៏​ចង់ឃើញ​យុវជន​មាន​ការគិត​វែងឆ្ងាយ និង​មាន​ទស្សនវិស័យ​ផងដែរ។ លើសពីនេះទៅទៀត ការគិត​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​សង្គម ព្រោះ​ប្រសិនបើ​យុវជន ដែលជា​ប្រជាជន​សកម្ម​មានគំនិត​ប្រកបដោយ​គុណ​តម្លៃ សក្តានុពល និង​សីលធម៌ នោះ​សង្គម​របស់​យើង​នឹង​អាច​អភិវឌ្ឍ​បាន​យ៉ាង​លឿន​ប្រកបដោយ​សន្តិភាព។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក រិ​ន រ៉ាវុធ ប្រធាន​ក្រុមបច្ចេកទេស​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា ក្នុង​គោលបំណង​ចង់​កសាង​វេទិកា​សង្គម​សម្រាប់​យុវជន ដើម្បី​កសាង​សមត្ថភាព ចំណេះដឹង និង​ការចែករំលែក តាមរយៈ​ការជជែក​ដេញដោល តស៊ូ​មតិ និង​ពិភាក្សា​លើ​ស្ថានភាព​សង្គម​ជាក់ស្តែង​នៃ​វិស័យ​អភិវឌ្ឍ​នានា យើង​បាន​បង្កើត​កម្មវិធី The Perspectives Cambodia ឡើង​ដែល​កម្មវិធី​នេះ​នឹង​អាច​បំផុសទឹកចិត្ត​យុវជន​ឱ្យ​កាន់តែ​មាន​ភាព​សកម្ម​ក្នុងការ​ចូលរួម។ តាមរយៈ​កម្មវិធី​តស៊ូ​មតិ​ដ៏​មាន​សារៈសំខាន់​នេះ យើង​បានជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព និង​សក្តានុពល ដើម្បី​មក​បណ្តុះបណ្តាល​បន្ថែម​ជាមួយនឹង​គ្រូបង្វឹក​ដែល​សុទ្ធតែជា​អ្នកជំនាញ​មកពី​ពហុ​វិស័យ មុននឹង​ឱ្យ​បេក្ខជន​នោះ​ទៅ​តស៊ូ​មតិ​ដណ្តើមយក​ពានរង្វាន់​ថ្នាក់ជាតិ​លើ​ការតស៊ូ​មតិ។

    លោក រិ​ន រ៉ាវុធ បាន​អះអាងថា ៖ “ក្រៅពី​ការ​ផ្តល់ឱកាស​ឱ្យ​យុវជន​មកពី​គ្រប់​សាកលវិទ្យាល័យ​បាន​សិក្សា និង​ប្រកួត​តស៊ូ​មតិ យើង​ក៏​ជួយ​ពួកគាត់​ក្នុងការ​បណ្តុះ​គំនិត​សង្គម​វិជ្ជមាន​នៃ​ការរស់នៅ​ជាមួយគ្នា​ក្នុង​ភាព​ចម្រុះ​នៃ​គំនិត។

    លោក បាន​បន្ថែមថា នៅពេលដែល​យុវជន ឬ​ប្រជាជន​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​នានា និង​មាន​ភាពក្លាហាន​ក្នុង​ការជជែក​ពិភាក្សា​លើ​បញ្ហា​សង្គម នៅពេលនោះ​យើង​នឹង​បានឃើញ​ភាព​ចម្រុះ​នៃ​គំនិត​ប្រកបដោយ​ភាព​វិជ្ជមាន​ដែល​អាច​រុញច្រាន​ឱ្យ​សកម្មភាព​នានា​ក្នុងសង្គម​នឹង​វិវត្តន៍​ឆ្ពោះទៅរក​ភាព​វិជ្ជមាន។ ជា​គោលដៅ និង​ជា​គុណ​តម្លៃ​របស់​កម្មវិធី The Perspectives Cambodia គឺ​យើង​ចង់ឃើញ​យុវជន និង​បណ្តុះបណ្តាល​យុវជន​ឱ្យ​ក្លាយជា​មនុស្ស​មាន​សីលធម៌ ចេះ​គោរព​គ្នា និង​មាន​ភាពជា​អ្នក​វិជ្ជាជីវៈ​និយម។ លើសពីនេះទៅទៀត យើង​ក៏​បណ្តុះបណ្តាល​ពួកគាត់​ឱ្យមាន​សេចក្តីក្លាហាន​ផងដែរ តាមរយៈ​ការពង្រឹង​គំនិត និង​ឥរិយាបថ​ប្រកបដោយ​ឆន្ទៈ​នៃ​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​ភាព​វិជ្ជមាន និង​ជំរុញ​ឱ្យ​គាត់​ក្លាយជា​មនុស្ស​ដែលមាន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការចូលរួម និង​មាន​សតិសម្បជញ្ញៈ​ក្នុង​ស្មារតី​សាមគ្គីភាព ហើយ​ទទួលយក​នូវ​គំនិត​ចម្រុះ​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ត្រឹមត្រូវ៕