Category: សង្គម និងសេដ្ឋកិច្ច

  • ការផលិត​ស្ករត្នោត​ក្លែង ក្លាយ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ផលិតផល​តំណាង​ជាតិ

    ការផលិត​ស្ករត្នោត​ក្លែង ក្លាយ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ផលិតផល​តំណាង​ជាតិ

    ស្ថាបនិក​ក្រុមហ៊ុន​ ខនហ្វីរេល (Confirel) ដែលជា​ក្រុមហ៊ុន​កម្ពុជា​ដ៏​ល្បី​​ក្នុង​ការ​កសាង​យីហោស្ករត្នោត​កម្ពុជា​នៅ​លើ​ទីផ្សារ​​ពិភពលោក និង​ទើប​ទទួល​បាន​ពាន​រង្វាន់​លេខ1 ថ្នាក់​តំបន់​អាស៊ានបានសម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​ក្នុង​ការ​លុប​បំបាត់​សកម្មភាព​កែច្នៃ​ស្ករស​ឱ្យ​ទៅ​ជា​ស្ករត្នោត។

    បន្ទាប់​ពី​មាន​ការ​បែកធ្លាយ និង​ការ​ចាត់​វិធានការ​ចុះ​បង្ក្រាប​ការ​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ឱសថ​បណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកនិង​ជា​នាយក​ក្រុមហ៊ុន​ខនហ្វីរេល ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ការ​កែច្នៃ​ផលិតផល​ពី​ស្ករត្នោត បាន​ហៅ​ការ​ក្លែង​បន្លំ​ផលិតផល​ស្រដៀង​ស្ករត្នោត​នេះ​ថា ជា​ការ​បំផ្លាញ​ផលិត​ផល​ជាតិ និង​សេដ្ឋកិច្ច​ជាតិ។ ឱសថ​បណ្ឌិត ហៃ លី​អ៊ាង បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​ដ៏​ម៉ឺងម៉ាត់​របស់​ថ្នាក់​ដឹកនាំ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ការ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ខិលខូច​ដែល​លួច​ក្លែង​បន្លំ ធ្វើ​ឱ្យ​ខូច​នូវ​ផលិតផល​ស្ករត្នោត​របស់​ខ្មែរ និង​ផលិតផល​ខ្មែរ​ផ្សេងៗ​ទៀត​ដែល​ជា​មរតក​ដ៏​វិសេស​វិសាល និង​ជា​និមិត្តរូប​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​តែ​ឱ្យ​តម្លៃ​ និង​ទទួល​ស្គាល់​ជា​អន្តរជាតិ។

    លិខិត​របស់​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ​កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​ បាន​សរសេរ​ថា ការ​យក​ស្ករ​តោ្នត​ទៅ​ក្លែង​បន្លំ​ក្នុង​រូបភាព​ណា​មួយ វា​ពិត​ជា​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មុខមាត់​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ការ​បំផ្លាញ​ដល់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ឡើង​ត្នោត​នៅ​ទីជនបទ ពិសេស​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ទាំង​មូល។ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នា​ពេល​កន្លង​មក​បាន​ចេញ​បញ្ជា​ដល់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ រាជធានី ​ខេត្ត​ទាំង​25ត្រូវ​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ជា​បន្ទាន់​នូវ​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ ខណៈ​នា​ពេល​ថ្មីៗ​នេះ​មាន​ករណី​បង្ក្រាប​បាន​ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ។

    តាម​រយៈ​លិខិត​របស់​ឯកឧត្តម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាល​ពី​ថ្ងៃទី​12 ខែធ្នូ ឆ្នាំ2017 បាន​ដាក់​បទ​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ ខេត្ត ​ទាំង​អស់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ធ្វើការ​លុប​បំបាត់​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

    លិខិត​នោះ​បាន​បញ្ជាក់​ថា ដោយ​កន្លង​មក​មានការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ ដែល​បាន​ផលិត​ចេញពី​វត្ថុ​ធាតុ​ដើម​ស្ករស ឬ​ស្ករ​ប្រភេទ​ផ្សេង​ទៀត ហើយ​បាន​កែច្នៃ​ទៅជា​ផលិតផល​ស្ករ​ដែលមាន​រសជាតិក្លិន ពណ៌ និង​ទ្រង់​ទ្រាយ​ដូចគ្នា​ទៅនឹង​ស្ករត្នោត និង​បាន​យកទៅ​ចរាចរ​លើ​ទីផ្សារ​បន្លំ​ធ្វើជា​ស្ករត្នោត​ខ្មែរ ដែល​សកម្មភាព​នេះ គឺ​ជា​វិច្ឆេទកម្ម​សេដ្ឋកិច្ច ដើម្បី​បំផ្លាញ​កិត្តិនាម​ស្ករត្នោត​ខ្មែរ ដែលជា​អត្តសញ្ញាណ​ផលិតផល​ជាតិ កំពុង​ត្រូវបាន​ទទួលស្គាល់​ជា​សាធារណៈ​ទាំង​ក្នុង និង​ក្រៅប្រទេស។

    គួរ​រំឭក​ថា ចំណាត់ការ​នេះ​បាន​ធ្វើឡើង​ក្រោយពី​មាន​បាតុភាព​មួយ​បាន​កើតឡើង​នៅ​ស្រុក​បាទី ខេត្ត​តាកែវ គឺ​ការផលិត​នូវ​ផលិតផល​ស្ករត្នោត ដែល​ប្រើប្រាស់​ធាតុ​ផ្សំ​អំពី​ស្ករស100​% ដោយ​យកទៅ​កម្លោច​លាយ​ជា​មួយ​ទឹក រួច​យកទៅ​កូរ​ធ្វើ​ឱ្យ​មាន​រូបភាព​ដូច​ស្ករត្នោត​ពិតៗ។ ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​ផ្ដល់​ឋានៈ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) កាលពី​ឆ្នាំ2010។ ចាប់តាំងពី​ពេល​នោះ​មក ផលិតផល​ស្ករត្នោត​កម្ពុជា​កាន់តែ​មាន​ភាព​ល្បីល្បាញ​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហើយ មាន​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​ច្រើន​គាំទ្រ​ផលិត​សរីរាង្គ​ល្អ​បំផុត​មួយ​នេះ។

    នៅក្នុង​សន្និសីទ​ម្ហូបអាហារ​អាស៊ាន ​លើក​ទី15 ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​វៀតណាម កាលពី​ពាក់​កណ្ដាល​ខែវិច្ឆិកា​ ឆ្នាំ​មុន​ ស្ករត្នោត​កម្ពុជា​ត្រូវ​បាន​ផ្តល់​ពាន​រង្វាន់​លេខ1 ក្នុងឋានៈ​ជា​ផលិតផល​សរីរាង្គ​ល្អ​បំផុត។ អ្នក​ជំនាញ​នៅ​ក្នុង​ផលិតកម្ម​ស្ករត្នោត​ពិត​ប្រាកដ​ បាន​អះអាង​ថា ការ​ឈ្នះ​ពាន​រង្វាន់​​នេះ​នឹង​ធ្វើ​ឱ្យ​ស្ករត្នោត​កម្ពុជា​កាន់​តែ​ល្បី​នៅ​ទីផ្សារ​អន្តរជាតិ៕

  • ភាពខុសគ្នា​ដែល​ឪពុកម្តាយ​មិនបាន​ដឹង​រវាង​កូនតូច​ចូលរៀន​តាំងពី​អាយុ 2ឆ្នាំ និង​ចូលរៀន​នៅ​អាយុ 6ឆ្នាំ

    ភាពខុសគ្នា​ដែល​ឪពុកម្តាយ​មិនបាន​ដឹង​រវាង​កូនតូច​ចូលរៀន​តាំងពី​អាយុ 2ឆ្នាំ និង​ចូលរៀន​នៅ​អាយុ 6ឆ្នាំ

    សំណួរ​ដែល​អាណាព្យាបាល​ជាច្រើន​ចាប់អារម្មណ៍​ចង់ដឹង​នាពេល​បច្ចុប្បន្ននេះ​គឺ តើ​រវាង​កុមារ​តូច​ដែល​ចូលរៀន​តាំងពី​អាយុ 2-3ឆ្នាំ និង​កុមារ​តូច​ដែល​ចូលរៀន​នៅ​អាយុ 6ឆ្នាំ មាន​ភាពខុសគ្នា​ដូចម្តេចខ្លះ? សំណួរ​នេះ​ត្រូវបាន​គេ​លើកឡើង​ស្របពេល​ដែលមាន​សាលា​ជាច្រើន​នៅ​កម្ពុជា​ចាប់ផ្តើម​បង្កើត​សេវាកម្ម​ទទួល​មើលថែទាំ និង​បង្រៀន​ក្មេងតូចៗតាំងពី​អាយុ6ខែ​ឡើងទៅ​ខណៈដែល​ឪពុកម្តាយ​ជាច្រើន​ជាប់រវល់​ធ្វើការ​ដោយ​មិនមាន​ពេល​នៅ​មើលថែទាំ​កូន​បាន​គ្រប់គ្រាន់។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី គឹម សុជាតា នាយិកា​សាលា​អន្តរជាតិ សាស្តា បាន​លើកឡើងថា ក្មេងតូចៗដែល​បាន​ចូល​សាលា​តាំងពី​អាយុ2-3ឆ្នាំមាន​ភាពរហ័សរហួន​ជាង​ក្មេង​ដែល​ចូល​សាលា​នៅ​អាយុ6ឆ្នាំ ព្រោះថា​ក្មេង​តូច​អាយុ​ក្រោម 6ឆ្នាំ​ត្រូវការ​ការ​គាំពារ​ច្រើន​ពី​ការមើល​ថែទាំ​ផ្នែក​សុខភាព​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ទាំង​ចំណីអាហារ ការហ្វឹកហាត់​ឥរិយាបទ និង​ត្រូវ​បង្រៀន​ពី​របៀប​នៃ​ការរស់នៅផ្សេងៗទៀត។

    លោកស្រី គឹម សុជាតា បាន​និយាយថា ៖ ប្រសិនបើ​អាណាព្យាបាល​មិនសូវ​បានគិត​គូរ​ខ្វល់​ពី​រឿង​របប​អាហារ​របស់​កូនតូច​នោះទេ អាចធ្វើឱ្យ​សុខភាព​របស់​ក្មេង​ខ្សោយ ហើយ​កាលណា​សុខភាព​ខ្សោយ ខួរក្បាល​ក៏​មិនសូវ​រហ័សរហួន​តាម​នោះដែរ។

    លោកស្រី​បានលើកឡើង​ថា អាណាព្យាបាល​គួរ​ចេះ​ជ្រើសរើស​សាលា​ដែល​ល្អ​អាច​ទុកចិត្តបាន​ប្រសិនបើ​ចង់​ដាក់​កូន​ឱ្យ​ចូលរៀន​តាំងពី​អាយុ2-3ឆ្នាំ ព្រោះ​គេ​មាន​អ្នកជំនាញ​ផ្នែក​អាហារ​ដែល​ធ្វើ​តម្រូវ​ទៅតាម​លក្ខខណ្ឌ​សុខភាព និង​វ័យ​របស់​ក្មេង​តូច។ ជាទូទៅ​ក្មេងតូចៗត្រូវការ​អាហារ និង​វីតាមីន​ច្រើន​ប្រភេទ​ក្នុង​មួយថ្ងៃ​ដែល​យើង​ត្រូវ​ផ្តល់ឱ្យ​គាត់ ដោយមាន​តុល្យភាព​ត្រឹមត្រូវ មិនអាច​ខ្វះ ឬ​លើស​ច្រើនពេក​នោះទេ បើ​ពុំ​នោះទេ វា​អាច​នឹង​ប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​ក្មេង។ លោកស្រី​បាន​បន្តថា កុមារតូចៗដែល​ទទួលបាន​ការមើល​ថែទាំ​ដិតដល់​ដោយ​អ្នកជំនាញ​នៅក្នុង​សាលា​នឹង​អាច​ក្លាយជា​មនុស្ស​ដែលមាន​ភាពឈ្លាសវៃ ក្លាហាន និង​រហ័សរហួន ចំណែក​កុមារ​ដែលមាន​សុខភាព​មិនល្អ​ដោយសារ​កង្វះ​ការថែទាំ​ភាគច្រើន​ជា​ក្មេង​ដែល​មិនសូវ​ស្វាហាប់ មិនសូវ​ចុះ​ចំណោម​នៅពេលដែល​ក្មេង​ដទៃ​កំពុង​លេង។

    ស្រដៀង​គ្នា​នេះដែរ លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា កុមារតូចៗដែល​ទទួលបាន​ការបង្រៀន​ត្រឹមត្រូវ​នៅក្នុង​សាលា​បណ្តុះបណ្តាល​នៅ​វ័យ2-3ឆ្នាំ គឺមាន​ភាព​ឆ្លាត​វៃ ហើយ​មានការ​ទទួលខុសត្រូវ​ខ្ពស់ជាង​កុមារ​ដែល​ចូលរៀន​នៅ​វ័យ​ធំ​ស្រាប់​អាយុ6ឆ្នាំ​ឡើង ព្រោះថា​កុមារ​ត្រូវការ​ការយកចិត្តទុកដាក់ និង​មើលថែទាំ​ដោយ​អ្នកជំនាញ​ច្បាស់លាស់។

    លោក ប៉ូ​ឡែ​ន បាន​និយាយថា ៖ ជាទូទៅ​ការបង្រៀន​កុមារតូចៗគឺមាន​លក្ខណៈ​ខុសគ្នា​ពី​ការបង្រៀន​កុមារធំៗ ព្រោះថា​កុមារ​ខ្លះ​មិនទាន់​ចេះ​និយាយ ឬ​មិនទាន់​យល់​ច្រើន​ដូច​កុមារធំៗដែលមាន​វ័យ5-6ឆ្នាំ​នៅឡើយ  តែ​អ្នកជំនាញ​នឹង​បង្រៀន​ពួកគាត់​ដោយ​ការលេង​ល្បែង​ដែល​អាច​បណ្តុះ​សមត្ថភាព​ដល់​ពួកគាត់​ផ្នែក​គំនិត​ស្មារតី​ឱ្យ​ចេះ​មានការ​ទទួលខុសត្រូវ និង​រៀន​តាមរយៈ​កាយវិការ ក៏ដូចជា​ការលេង​ជាដើម។

    អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​បន្ថែមទៀតថា កុមារតូចៗដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​គំនិត​បានល្អ គាត់​នឹង​អាច​ងាយស្រួល​ក្នុងការ​បណ្តុះបណ្តាល​ឱ្យក្លាយ​ជា​មនុស្ស​ពូកែ​នៅពេលដែល​គាត់​ឈានដល់​វ័យ​ចូលរៀន​នៅ​បឋមសិក្សា ព្រោះថា​នៅពេលដែល​គាត់​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ពី​អ្នកជំនាញ ការគិត និង​កម្រិត​ខួរក្បាល​របស់គាត់​គឺ​ត្រូវបាន​អភិវឌ្ឍ​ជាដំណាក់កាលៗ ចាប់តាំងពី​ទារក​រហូតដល់​ក្លាយជា​សិស្ស​ពេញវ័យ។ ជាទូទៅ ក្មេង​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​បានល្អ​តាំងពី​តូច​មក ច្រើន​មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ មានគំនិត​ច្រើន​ដែល​អាចធ្វើ​ការដោះស្រាយ​បញ្ហា​បាន​លឿន។

    លោកស្រី ឡាយ មុនី​រ័ត្ន ជា​អ្នក​ម្តាយ​ដែលមាន​កូនប្រុស​ច្បង​បានចាប់ផ្តើម​ចូលរៀន​នៅ​វ័យ6ឆ្នាំ និង​កូនប្រុស​ប្អូន​ចូលរៀន​នៅមុន​អាយុ3ឆ្នាំ បាន​លើកឡើងថា កាលណោះ​សាលា​ឯកជន​មិនទាន់មាន​ច្រើន​ដូច​ពេលបច្ចុប្បន្ន ដូច្នេះ​កូនប្រុស​ច្បង​របស់លោក​ស្រី​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​អាយុ6ឆ្នាំ​តែម្តង ខុសពី​កូន​ប្អូន​ដែល​បាន​ចូលរៀន​ម​ត្តេ​យ្យ​តាំងពី​អាយុ​តិចជាង3ឆ្នាំ។ ជាការ​សង្កេត លោកស្រី​មើលឃើញថា កូន​ដែល​បាន​ចូលរៀន​នៅ​វ័យ​តិចជាង3ឆ្នាំ មាន​ភាពក្លាហាន និង​មានការ​ទទួលខុសត្រូវ​ច្រើន​ជា​កូន​ដែល​ចូលរៀន​នៅ​វ័យ6ឆ្នាំ។

    លោកស្រី ឡាយ មុនី​រ័ត្ន បាន​អះអាងថា ៖ “ជាការ​សង្កេត ខ្ញុំ​ឃើញថា​កូន​ប្អូន​ដែល​បាន​ចូលរៀន​តាំងពី​តូច គាត់​មាន​ភាពខុសប្លែក​មួយចំនួន ដូចជា​ការធ្វើ​អ្វីមួយ​គាត់​មិនសូវ​ពឹង​មនុស្ស​ធំ​នោះទេ គឺ​គាត់​ចូលចិត្ត​ធ្វើអ្វីៗដោយ​ខ្លួនឯង ដូចជា​ការរៀបចំ​សម្ភារ​រៀន​របស់គាត់ គាត់​មិន​ចង់ឱ្យ​យើង​រវល់​ជាមួយ​គាត់​នោះទេ គាត់​តែងតែ​ទារ​ចង់​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​បង្ហាញថា​គាត់​ធំ​ដឹងក្តី​ហើយ បើទោះបីជា​គាត់​ទើបនឹង​រៀន​ថ្នាក់​ទី1ក៏ដោយ។

    លោកស្រី​ក៏បាន​ប្រាប់​ផងដែរ​ថា កូន​ដែល​ចូលរៀន​នៅ​វ័យ​ធំ​ហើយ គាត់​មិន​ខុសពី​យើង​នៅក្មេងៗប៉ុន្មាន​ឡើយ មានការ​អៀន​ច្រើន ខ្លាច​ជួប​មនុស្ស​ឬ​ធ្វើ​អ្វីមួយ​ចាំបាច់​ត្រូវ​ពឹង​មនុស្ស​ធំ គាត់​ហាក់​មិនសូវមាន​ភាពជឿជាក់​លើ​ខ្លួនឯង​ប៉ុន្មាន​ឡើយ។ តែ​ទោះជា​យ៉ាងណា​ក៏​យើង​មិនអាច​បន្ទោស​គាត់​បានដែ​រ ព្រោះ​នៅពេលដែល​គាត់​នៅ​ក្មេង​យើង​មិនបាន​ដាក់​គាត់​ឱ្យ​រៀន​សាលា​ល្អ ហេតុនេះ​មានតែ​ខំ​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់ឱ្យ​គាត់​នូវ​ក្តី​ស្រឡាញ់ និង​ការលើកទឹកចិត្ត​ឱ្យ​គាត់​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​ភាពជឿជាក់​ខ្លាំង​ជាង​មុន តែ​សម្រាប់​កូន​ប្អូន​វិញ គឺ​មិន​ពិបាក​និយាយ​ច្រើន​នោះទេ ព្រោះ​គាត់​មាន​ទម្លាប់​ល្អ​ច្រើន​ពី​ក្មេង​រួចទៅហើយ ហេតុនេះ​អ្វីដែល​ឪពុកម្តាយ​ត្រូវធ្វើ គឺ​ជួយ​តម្រង់ទិស និង​បង្កើន​ភាពស្និទ្ធស្នាល​ដើម្បី​ផ្តល់​ភាពកក់ក្តៅ ក៏ដូចជា​សហការ​ល្អជា​មួយ​សាលា​ជាដើម៕

  • ថ្ងៃដំបូង ឆ្នាំថ្មី ឆ្នាំ 2018 Huawei វាយលុកទីផ្សារមិនបង្អង់ដៃ កក្រើកអ៊ីអន

    ថ្ងៃដំបូង ឆ្នាំថ្មី ឆ្នាំ 2018 Huawei វាយលុកទីផ្សារមិនបង្អង់ដៃ កក្រើកអ៊ីអន

    Huawei ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ 2018 ភ្លាម ចាប់ផ្តើមវាយលុកទីផ្សារផ្លាប់ៗ មិនបង្អង់ដៃ

    គ្រាន់តែបើកឆាកថ្ងៃដំបូងឆ្នាំថ្មី ឆ្នាំ 2018 នាថ្ងៃទី 01 មករា  Huawei ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដ និងទទួលបានការពេញនិយមនៅទូទាំងពិភពលោក បានរៀបចំសម្ពោធជាផ្លូវការ Huawei Mate 10 Pro ដើម្បីវាយលុកទីផ្សារមិនបង្អង់ដៃយ៉ាងកក្រើកផ្សារទំនើបអ៊ីអន ដោយមានការចូលរួមពីតារាចម្រៀង លោក ថេណា . អ្នកនាង រ៉ូលីន ព្រមទាំងតារាបង្ហាញម៉ូដដ៏ស្រស់ស្អាត កញ្ញា ចាន់ គង្ការ ,​កញ្ញា សុផា លីនដា , កញ្ញា ពីយ៉ា វ៉េហ្គា , និងលោក ឈាង ដាវុធ រួមជាមួយបណ្តាអ្នកសារព័ត៌មានមកពីស្ថាប័ននានាយ៉ាងគគ្រើកគគ្រេង ក្រោមការចូលរួមគាំទ្រពីសំណាក់មនុស្សម្នាកក់កុញណែនណាន់តាន់តាប់ផងដែរ។

    Huawei បានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជា តាមរយៈការចេញលក់ Huawei Y7 Prime, Huawei P10/P10 Plus, Huawei Nova 2i និងចុងក្រោយនេះ Huawei Mate 10 Pro ស៊េរីថ្មីៗ ។ ជាពិសេស Huawei Nova 2i ដែលមានរហ័សនាមថា “អាភ្នែក4 (កាមេរ៉ា 4)” ធ្វើឱ្យអតិថិជន, អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាង ដោយលុកលុយទីផ្សារ អង្រួនបេះដូងអតិថិជននៅកម្ពុជា ។

    លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ មានប្រសាសន៍ថា  “Huawei ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ទទួលបានចំណាត់ទី2 កំពុងឡើងកូដ និងរាល់គ្រប់ស៊េរីថ្មីៗ ទទួលបានការពេញនិយម និងលក់ដាច់បំផុតនៅកម្ពុជា និងអាចឈរជើងប្រកួតប្រជែងខ្លាំង បានយ៉ាងលើ 25 ខេត្តក្រុង និងប្រមាណ 1500 ហាង នៅទូទាំងប្រទេស ។ ក្រុមហ៊ុននឹងបន្តនាំចូលនូវស៊េរីល្អៗតម្លៃល្អៗ ពោរពេញទៅដោយអត្ថប្រយោជន៍ជាច្រើន ដែលក្នុងនោះរួមមានដូចជា Huawei P11/ P20, Huawei Nova3i /Nova 2s, Huawei Matebook ថេបប្លេតល្អៗ T3 (7”) & T3 (8”)  ដើម្បីក្តោបយកចំណែកទីផ្សារឱ្យបាន 40% នៅត្រឹមចុងឆ្នាំ 2018 ។ ឆ្លៀតក្នុងឱកាសនេះ លោកក៍បានថ្លែងអំណរគុណ និងជូនពរដល់អតិថិជនក្នុងឱកាសឆ្នាំថ្មី ឆ្នាំ 2018 ពី Huawei ! សូមអរគុណដល់អតិថិជន ម្ចាស់ហាង​ ទាំងអស់ដែលតែងតែគាំទ្រ ស្មាតហ្វូន Huawei អ្នកសារព៌ត័មាន ក៏ដូចជាអ្នកថតរូបអាជីព ដៃគូរសហការណ៍ផ្សព្វផ្សាយ បុគ្គលិកហ៊ួរវ័យ និងយ៉ាកូ ដេប៉ូចែកចាយស្របច្បាប់ និងតែមួយគត់នៅកម្ពុជា ដេប៉ូហ៊ួរវ័យតាមតំបន់​ ក៍ដូចជាប្រជាជនកម្ពុជាទាំងអស់ ។ សូមជូនពរលោកអ្នកក្នុងឱកាសឆ្នាំថ្មី ឱ្យជូបតែសំណាងល្អ សុខភាពល្អ សេចក្តីសុខក្នុងក្រុមគ្រួសារ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងជិតទាំងឆ្ងាយទាំងអស់ , សូមជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំង4ប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។ ”

    Huawei    Nova 2i មានចំណុចខ្លាំង 4 គឺ (1) កាមេរ៉ា 4 ដំបូងបង្អស់លើពិភពលោក ពោលគឺ កាមេរ៉ាក្រោយ 2: Take Photos Like Pro ច្បាស់ថត​ស្អាតមុខងារ​ Pro​ Mode​​ កាមេរ៉ាមុខ​ 2: Selfie Level Pro ច្បាស់ស្អាត​កប់​ ខូ្យត​កប់ បន្ថែមមុខងារកំប្លែងៗតុក្តតា (2) ល្បឿនលឿនជាង ទំហំ RAM 4GB ទំហំក្នុងម៉ាស៊ីន ROM 64GB (3) រូបរាងទាក់ទាញស្រោបលោហធាតុមាំធន់ (4) អាចប្រើ Twin apps ពោលគឺប្រើកម្មវិធី Facebook / LINE/Messenger/ QQ/WeChat ឈ្មោះពីរលើ apps តែមួយ ។

    សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីយល់លម្អិតអំពី Huawei Nova 2i

    https://www.youtube.com/watch?v=psznhhiYR_0

    ស៊េរីកប់ៗខ្លាំងៗរបស់ហ៊ួរវ័យ គឺ Huawei Mate 10 Pro រូបរាងរលើបរលោង ខ្លាំងជាងមុន លឿនជាងមុន បន្ថែមតួនាទីអាចដើរតួរជាកុំព្យូទ័រ លឿនជាង 25 ដង ខ្លាំង 25 ដង ដែល CPU បំពាក់បច្ចេកវិទ្យា   AI (Artificial Intelligent) ដំបូងគេបង្អស់លើពិភពលោក (Word’s First AI Processor Inside) ដែលមានលក្ខណៈពិសេសៗ ដូចជា (1) អេក្រង់លាតដល់ពេញគែមទំហំ 6.0″ AMOLED  (2) បច្ចេកវិទ្យាកាមេរ៉ាសហការណ៍ជាមួយ  Leica 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm) និងកាមេរ៉ាមុខ 8 MP, f/2.0 ថតរូបដោយបច្ចេកវិទ្យា AI ដំបូងបង្អស់លើពិភពលោក ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ (3) RAM 6GB ទំហំក្នុងម៉ាស៊ីន ROM 128GB  (4) ល្បឿនប្រតិបត្តិការ CPU: Hisilicon Kirin 970 (5) បច្ចេកវិទ្យាការពារជម្រាបទឹកក្នុងជម្រៅទឹក 1 ម៉ែត្រ រយៈពេលកន្លះម៉ោង ជាពិសេសបន្ថែមជូនកាដូស៊ីអារម្មណ៍ ឧបករណ៍តាមដានទម្ងន់ និងវាស់ជាតិខ្លាញ់ (Huawei Smart Fat Scale) និង ស៊ីមស្មាតលេខល្អ បន្ថែមកញ្ចប់ស្មាតធំម៉្មង 24 សប្តាហ៍ ។

    សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីយល់លម្អិតអំពី Huawei Mate 10 Pro

    https://www.youtube.com/watch?v=g1zaJNp9DJg

    https://www.youtube.com/watch?v=FKxvXaKyfqQ

    ថ្លែងក្នុងកម្មវិធីនេះផងដែរ បុរសសង្ហា លោក ថេណា ក៏បានប្រាប់ឱ្យដឹងផងដែរថា ៖ លោកកំពុងប្រើ Huawei P10 Plus និង Huawei Nova 2i” ដោយឡែក កញ្ញាស្រស់សោភា និងជាកំពូលតារាបង្ហាញម៉ូត សុផា លីនដា, កញ្ញា ចាន់ គង្ការ, កញ្ញា ពីយ៉ា វេហ្គា ក៍បានបញ្ផាក់ដែរថា ពេលនេះពួកគាត់កំពុងប្រើ Huawei nov2i និងកំពុងសន្សំលុយថែមយក Huawei Mate 10 Pro ម្នាក់មួយទៀត ។

    លោកអ្នកត្រៀមកាដូលួងចិត្តខ្លួនឯង ឬជូនគូស្នេហ៍ ក្រុមគ្រួសារ កូនៗ អ្នកមានគុណ ញាតិសណ្តាន បងប្អូន ពូមីង មិត្តភក្តិ ហើយឬនៅ ?តើមានត្រៀមវត្ថុអនុស្សារវីយ៍សម្រាប់ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ 2018 , ទិវានៃក្តីស្រឡាញ់ ថ្ងៃ 14 កុម្ភៈ , ពិធីបុណ្យប្រពៃណី ជនជាតិចិន 15-16 កុម្ភៈ , ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា ហើយឬនៅ ? បើរកនឹងមិនឃើញ ឬពិបាកជ្រើស គឺគ្រាន់តែទិញ  Huawe Nova2i  រឺ  Huawe Mate 10 Pro មួយគ្រឿង ទៅដឹងតែលង់ចិត្តបានម៉្មង ។  ហ៊ួរវ័យ អ្វីក៍មាន តម្លៃប៉ុណ្ណាក៍មាន Huawei Y3II 3G (79$), Huawei Y3 2017 (115$), Huawei Y6 II (149$), Huawei Y7 Prime (229$), Huawei T3 (10) 269$ ។

  • សួស វីសា និយាយពីរឿងស្នេហាជាមួយកំលោះវ័យក្មេង ថមមី

    សួស វីសា និយាយពីរឿងស្នេហាជាមួយកំលោះវ័យក្មេង ថមមី

    នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការផ្ទុះឡើងនូវរឿងរ៉ាវស្នេហាលួចលាក់របស់តារាចម្រៀងស្រី ជាមួយសមាជិកក្រុមរាំរបស់ខ្លួន ហើយព័ត៌មានដែលត្រូវបានគេទម្លាយពីរឿងកញ្ញា សួស វីសា លួចបង្កាត់ភ្លើងស្នេហាជាមួយប្រុសក្មេងថមមី ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍នៅពេលនេះ និងបានធ្វើឱ្យតារាស្រីរូបនេះភ័យបះសក់ច្រូង ថែមទាំងចេញមុខមកបកស្រាយពីរឿងរ៉ាវស្នេហារបស់ខ្លូនភ្លាមៗ ដោយមិនបង្អង់យូរឡើយ។

    តាមរយៈរូបថតជាច្រើនសន្លឹកដែលស្ដែងពីភាពស្អិតល្មួតរវាងតារាស្រីរូបនេះ ជាមួយកំលោះសង្ហាមានសាច់ដុំពោះកង់ៗ ថមមី មិនអាចទប់ចិត្តមហាជនមិនឱ្យគិតថា នាងគ្មានទំនាក់ទំនងស្នេហាបានឡើយ។ តែដោយឡែក វីសា បានចេញមុខបកស្រាយថា «ចង់ប្រាប់រឿងមួយដល់អ្នកគាំទ្រនឹងស្រឡាញ់ចូលចិត្តខ្ញុំទាំងអស់ឱ្យបានដឹងថា រឿងនេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ឱ្យច្បាស់ជាយូរមកហើយ។ ខ្ញុំសូមជម្រាបដល់បណ្តាអ្នកគាំទ្រខ្ញុំទាំងអស់ និងបងៗសារព័ត៌មានថា ខ្ញុំ សួស វីសា ជាមួយប្អូនប្រុស ថមមី គ្មានទំនាក់ទំនងស្នេហាអ្វីទេ»។

    កញ្ញា សួស វីសា  បានបញ្ជាក់បន្តថា គ្រប់យ៉ាងពួកនាងគ្រាន់តែសម្តែងប៉ុណ្ណោះ ហើយពួកនាងស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត រីឯថមមី អាយុប្អូននាងដល់ទៅបីឆ្នាំ ហើយនាងស្រឡាញ់គេ ដូចប្អូនប្រុសបង្កើតដោយមិនចង់ថែមថយអីទៀតទេ ។ នាងបន្ដថា «សូមបកស្រាយខ្លីៗ វាជាការពិត ងាយយល់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងអស់ចម្ងល់ទៀតមិនខាន ហើយណាមួយការចេញមុខបញ្ជាក់បែបនេះ គឺដោយសារពួកខ្ញុំក៏ចង់បានស្នេហាមែនទែន ដូចគេដូចឯងដែរ ព្រោះអាយុច្រើនហើយ បើរវល់តែសម្តែងជាមួយគ្នាអ៊ីចឹងទៀត កាលណានឹងមានគូស្នេហ៍មែនទែននឹងគេ??? នេះឆ្នាំ 2018 ហើយ មិនចង់ single ទៀតទេ សុំទោសដល់ ALL MY FANS ផងណាដែលធ្វើឱ្យឆ្ងល់អស់មួយរយៈ…»។

    សូមជម្រាបបន្ថែមថា ការបែកធ្លាយរឿងរ៉ាវ សួស វីសា ស្អិតល្មួតជាមួយប្រុសក្មេងថមមី នៅពេលនេះបានធ្វើឱ្យមហាជនគិតថា នាងគ្រាន់តែចង់លប់ដានស្នេហាចាស់ជាមួយអតីតគូដណ្តឹងរបស់នាង គឺលោកមាស សាឡី ដែលបានរៀបការប្រពន្ធថ្មីចោលនាង ក្រោយពេលបែកបាក់គ្នាដោយភាពចម្រូងចម្រាស កាលពីឆ្នាំ2010 នោះប៉ុណ្ណោះ៕

  • សាពូន មីដាដា ញញឹមបិទមាត់មិនជិត ខណៈភរិយាប្រសូតបានកូនប្រុស

    សាពូន មីដាដា ញញឹមបិទមាត់មិនជិត ខណៈភរិយាប្រសូតបានកូនប្រុស

    បន្ទាប់ពីកើតទុក្ខធំដោយសារអ្នកម្ដាយបានទទួលមរណភាពកាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស លោក សាពូន មីដាដា កំពុងតែសប្បាយចិត្ត និងត្រេកអរបំផុតដែលភរិយារបស់លោកអ្នកនាង សឿ សុធារា ប្រសូតបានកូនប្រុសយ៉ាងស្រស់ស្អាត និងបានដាក់ឈ្មោះថា សាពូន ដារ៉ាបុរស។

    តាមរយៈរូបថតជាច្រើនសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន តារាចម្រៀងប្រុសរូបនេះក៏បានឱ្យបញ្ជាក់ឱ្យដឹងផងដែរថា នៅថ្ងៃសីល 15 កើត ខែបុស្ស ពេញបរមី ឆ្នាំរកា នព្វសក ព.ស 2561 ត្រូវនឹងថ្ងៃ1 មករា ឆ្នាំ 2018 វេលាម៉ោង 3 និង58នាទីព្រឹក “កូនប្រុសពុក សាពូន ដារ៉ាបុរស បានកើតមកហើយ លើទឹកដីសុវណ្ណភូមិ ដ៏ស្រស់ស្អាតនេះ ឪពុកជូនពរកូនឱ្យក្លាយជាមនុស្សសែនរឹងមាំ ដែលប្រកាន់ខ្ជាប់នូវសុចរិតភាពជានិច្ច និងមានជ័យជោគ ក្នុងឆាកជីវិត…” នេះគឺជាសាររបស់លោក មីដាដា។

    លោកក៏បានរំឭកផងដែរថា «ស្រ្តីមានផ្ទៃពោះគឺមហាសែនលំបាកក្រៃ ដេក ដើរ ឈរ អង្គុយ គឺប្រៀបបាននឹងដាក់ខ្អមទឹកពេញនៅនឹងពោះអីចឹង ហ៊ឺ!!!! អាណិតអូនណាស់ ទ្រាំបន្តិចណាអូន សល់តែ9ថ្ងៃទៀតទេ អាមីដូចដូចកូនប្រុសពូជយើង នឹងចេញមកឃើញពិភពលោកដ៏ស្រស់ស្អាតនេះហើយ…»៕

  • ការផ្លាស់ប្តូរនៃវិស័យអចលនទ្រព្យកាលពី 20ឆ្នាំមុនធៀបនឹងពេលបច្ចុប្បន្ន

    ការផ្លាស់ប្តូរនៃវិស័យអចលនទ្រព្យកាលពី 20ឆ្នាំមុនធៀបនឹងពេលបច្ចុប្បន្ន

    ធ្វើការជាភ្នាក់ងារទិញ លក់អចលនទ្រព្យ ជួនកាលមានឱកាសទទួលបានជោគជ័យ ប៉ុន្តែក៏មានមួយចំនួនមិនមានឱកាស ក៏ដូចជាកង្វះសមត្ថភាពក្នុងការប្រកួតប្រជែង ហើយក៏បរាជ័យនៅលើអាជីពរបស់ខ្លួនទៅវិញ។ ចង់ដឹងថា តើកាលពី20ឆ្នាំមុន មុខរបររកស៊ីលើវិស័យអចលនទ្រព្យ មានភាពងាយស្រួល ឬលំបាកយ៉ាងណានោះ អ្នកយកព័ត៌មាននៃកាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសន៍ជាមួយ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា CPL ដែលជាក្រុមហ៊ុនអចលនទ្រព្យបង្កើតឡើងដំបូងគេនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងចំណេះដឹងជូនដល់អ្នករកស៊ីខាងវិស័យអចលនទ្រព្យ ក៏ដូចជាអ្នកអានឱ្យបានដឹង។

    លោកឧកញ៉ា បានមានប្រសាសន៍ថា ការងាររកទទួលទានផ្នែកអចលនទ្រព្យបើប្រៀបធៀបកាលពីមុន និងពេលបច្ចុប្បន្នគឺវាមានភាពងាយស្រួល និងលំបាកប្រហាក់ប្រហែលគ្នា។ រំលឹកទៅដល់បទពិសោធកាលពី20ឆ្នាំមុន ឃើញថារបរផ្នែកនេះមានភាពទូលំទូលាយ ពោលគឺមិនសូវមានការប្រកួតប្រជែងដូចពេលនេះទេ ដោយសារពេលនោះប្រទេសកម្ពុជាទើបនឹងចាប់ផ្តើមដំបូងលើការវិនិយោគវិស័យដីធ្លី។

    នៅពេលនោះមានក្រុមហ៊ុនចំនួន2 បានបង្កើតឡើងដំបូងគេ គឺក្រុមហ៊ុនអចលនទ្រព្យ CPL និងក្រុមហ៊ុនអចលនទ្រព្យ King Group ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន King Group បានបាត់ឈ្មោះទៅហើយ នៅសល់តែក្រុមហ៊ុន CPL ដែលរស់រានមានជីវិតមកទល់សព្វថ្ងៃ ហើយអាចនិយាយបានថាជាក្រុមហ៊ុនមានវ័យចំណាស់ជាងគេ និងជាក្រុមហ៊ុននាំមុខគេនៅក្នុងឧស្សាហកម្មដីធ្លីនៅកម្ពុជាផងដែរ។ លោកឧកញ៉ាបន្តថា សម័យកាលដំបូងនោះភ្នាក់ងារអចលនទ្រព្យ រួមនឹងប្រជាពលរដ្ឋជាម្ចាស់ដីឬម្ចាស់ផ្ទះ មិនសូវយល់ដឹងពីច្បាប់ទម្លាប់និងមិនសូវ
    មានក្រមសីលធម៌ក្នុងការនិយាយស្តីនោះទេ ដោយភាគច្រើននិយាយភាសាសាមញ្ញ “អញ ឬឯង” ហើយក៏មិនបានដឹងតម្លៃនៃកម្រៃជើងសារនោះដែរ។ កម្រៃជើងសារ ក្នុងការលក់អចលនទ្រព្យនាពេលនោះ គឺផ្តល់ជូនអាស្រ័យទៅលើការចរចាផ្ទាល់មាត់ ដោយមិនដូចពេលបច្ចុប្បន្នដែលកំណត់យក 3%នៃតម្លៃដី ឬផ្ទះដែលលក់ចេញទៅឱ្យអតិថិជននោះទេ ហើយសម័យនោះដែរ ម្ចាស់ផ្ទះ ឬម្ចាស់ដីមិនសូវគោរពពាក្យសំដីរបស់ខ្លួននោះទេ ជួនកាលមុនលក់បានសន្យាថា ផ្តល់កម្រៃជើងសារឱ្យ3% លុះពេលលក់ដាច់បែរជាថាឱ្យតែ1.5%វិញ ជួនកាលដល់ពេលទៅយកប្រាក់ឱ្យតែ1% វិញក៏មានដែរ។

    អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា CPL បានបន្តថា ទោះជាការនិយាយស្តីនៅសម័យនោះមនុស្សមិនសូវមានក្រមសីលធម៌ក៏ដោយ តែដោយសារចង់ជោគជ័យលើអាជីពនេះ លោកតែងតែជម្នះគ្រប់យ៉ាង សំខាន់ឱ្យតែលក់ដី លក់ផ្ទះ ឬជួលផ្ទះឱ្យអតិថិជនបានជោគជ័យ។ ក្រោយមកក៏មានជនបរទេសជាច្រើនបានចូលមកធ្វើការ និងខ្លះទៀតបានមករកស៊ីដីធ្លីនៅកម្ពុជា ដោយនាំមកទាំងចំណេះដឹង និងបទពិសោធពីក្រៅស្រុកមកចែករំលែកដល់ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកយើង។ ពួកគាត់ប្រាប់ថា នៅប្រទេសគេពេលជួលផ្ទះបាន គេឱ្យកម្រៃជើងសារមួយខែ បើលក់ផ្ទះ ឬដីបានគេផ្តល់ជូន3% ហើយជួនកាលក្រុមហ៊ុនខ្លះគេយកកម្រៃជើងសារទាំងអ្នកលក់ និងអ្នកទិញផងក៏មាន។ ក្រោយមកទើបយើងនិយាយតម្លៃកម្រៃជើងសារប្រាប់ទៅម្ចាស់ផ្ទះ ឬម្ចាស់ដី ដោយអ្នកខ្លះយល់ព្រមហើយអ្នកខ្លះទៀតក៏មិនយល់ព្រម ព្រោះពួកគាត់គិតថា ការផ្តល់ជូនកម្រៃជើងសារដល់ភ្នាក់ងារនោះមានចំនួនច្រើនពេក តែយើងប្រាប់គាត់វិញថា ភ្នាក់ងារអចលនទ្រព្យធ្វើការមិនមានប្រាក់ខែ ហើយទោះជាផ្តល់ឱ្យប្រាក់កម្រៃជើងសារច្រើន ប៉ុន្តែប្រាក់ដែលយើងទាក់ទងឈ្មួញមកទិញក៏ច្រើនដែរ ធ្វើឱ្យការជជែកដេញដោលឈានដល់ការយល់ចិត្តគ្នាបន្តិចម្តងៗ និងមានភាពប្រសើររហូតទល់សព្វថ្ងៃ។

    សម្រាប់បទពិសោធរបស់ លោកឧកញ៉ា ចេង ខេង វិញ មិនមានការកំណត់យកប្រាក់កម្រៃជើងសារពីអ្នកទិញទេ កម្រៃជើងសារជាទូទៅគឺបានពីអ្នកលក់ប៉ុន្តែក៏មានអ្នកទិញខ្លះធ្លាប់បានផ្តល់ប្រាក់កម្រៃជើងសារនេះម្តងម្កាលឱ្យភ្នាក់ងាររបស់លោកដែរ ដោយសារភ្ញៀវខ្លះគេមានលុយ គេចង់បានទីតាំងដីមួយកន្លែងប្រញាប់ ដើម្បីយកទៅសាងសង់ផ្ទះ ឬទុកលក់បន្តបានប្រាក់ចំណេញច្រើន។

    សព្វថ្ងៃភ្នាក់ងារអចលនទ្រព្យ និងអតិថិជនមានការយល់ចិត្តគ្នាកាន់តែច្រើនឡើងៗ ហើយក៏មានការគោរពពាក្យសម្តីគ្នាទៅវិញទៅមក រហូតឈានដល់មានការចុះហត្ថលេខាព្រមព្រៀងគ្នាជាមុន មុននឹងឈានដល់ការចាប់ផ្តើមនាំអតិថិជនទៅទិញអចលនទ្រព្យរបស់គាត់ រហូតដល់មានការកំណត់ដោយច្បាប់ត្រឹមត្រូវដែលធ្វើឱ្យយើងមានមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់ភ្នាក់ងារអចលនទ្រព្យរបស់យើង។

    ដោយសារមុខរបរដីធ្លីនេះមានភាពងាយស្រួលក្នុងការធ្វើ អាចនិយាយបានថា បុគ្គលិកក្រុមហ៊ុនដែលមានបទពិសោធនាំភ្ញៀវទិញ លក់ ឬជួល ពេលដែលឈប់ធ្វើការ ក៏អាចមានសមត្ថភាពក្នុងការបើករកស៊ីដោយខ្លួនឯងបានដែរ សំខាន់ឱ្យតែមានទំនាក់ទំនងស្គាល់ភ្ញៀវច្រើន និងមានព័ត៌មានអចលនទ្រព្យច្រើន គឺអាចធ្វើបានហើយ ដូច្នេះទើបបច្ចុប្បន្នយើងឃើញថាក្រុមហ៊ុនក៏ដូចជាភ្នាក់ងារអចលនទ្រព្យបានបង្កើតឡើងច្រើននៅកម្ពុជា ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។

    លោកឧកញ៉ាបញ្ជាក់ថា ទោះជាមានក្រុមហ៊ុន ក៏ភ្នាក់ងារអចលនទ្រព្យច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែវាពិបាកឈានទៅរកភាពជោគជ័យណាស់ បើសិនជាមិនមានដើមទុនគ្រប់គ្រាន់ ក៏ដូចជាខ្វះភាពជឿជាក់ ទាំងការផ្តល់ទំនុកចិត្ត និងភាពស្មោះត្រង់នៅមានកម្រិត។ ដូច្នេះក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ ត្រូវតែខិតខំប្រឹងប្រែងកសាងទំនុកចិត្តទៅដល់អតិថិជនឱ្យបានច្រើន ទើបអាចទទួលបានជោគជ័យនៅលើទីផ្សារ៕

  • ភាពយន្ដ Star Wars: The Last Jedi  និង Beauty andthe Beast រកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ 2017

    ភាពយន្ដ Star Wars: The Last Jedi  និង Beauty andthe Beast រកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ 2017

    ដោយយោងតាមសារព័ត៌មាន Khaosod ដែលចេញផ្សាយនៅពេលថ្មីនេះៗ បានឱ្យដឹងថា តាមរបាយការណ៍របស់សារព័ត៌មាន AP បានប្រកាសពីខ្សែភាពយន្ដខ្នាតធំចំនួនពីររឿងរបស់សហរដ្ឋអាមេរិកគឺ Star Wars: The Last Jedi វគ្គទី 8 និងរឿង Beauty and the Beast បានក្លាយជាភាពយន្ដលំដាប់ទី 1 ដែលរកបានចំណូលច្រើនជាងគេបង្អស់ប្រចាំឆ្នាំ 2017។

    Star Wars: The Last Jedi បានប្រកាសពីចំណូលរបស់ខ្លួននៅក្នុងអំឡុងពេលដាក់បញ្ជាំងបានប៉ុន្មានសប្ដាហ៍ចុងឆ្នាំ 2017នេះ គឺអាចរកបាន  52.4 លានដុល្លារនៅសហរដ្ឋអាមេរិក ​ហើយបាន 517 លានដុល្លារនៅក្នុងតំបន់អាមេរិកខាងជើង និងសម្រេចបាន 1.000 លានដុល្លារអាមេរិក។ Global Movie Market  បានអះអាងថា ភាពយន្ដដ៏ល្បីល្បាញមួយនេះ បានបំបែកស្ថិតិភាពយន្ដ និងដណ្ដើមបានជ័យជម្នះលើខ្សែភាពយន្ដ Beauty and the Beast ដែលរកចំណូលសរុបប្រចាំឆ្នាំ 2017 បានត្រឹមតែ 504 លានដុល្លារសហរដ្ឋអាមេរិក។

    គួរបញ្ជាក់ផងដែរថា យ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា ភាពយន្ដខ្នាតធំទាំងពីរនេះ គឺជាភាពយន្ដលំដាប់ទី 1 ដែលរកបានចំណូលច្រើនជាងគេប្រចាំ 2017 ផងដែរ ហើយភាពយន្ដដែលជាប់លំដាប់លេខ 2 ប្រចាំឆ្នាំ 2017នេះ គឺបានទៅលើរឿង Jumanji ដែលអាចរកចំណូលបាន 50.6 ដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ៕

  • ទេព បូព្រឹក្ស គ្រោងបើកហាងលក់ផលិតផលគ្រឿងសម្អាងតម្លៃ 14 ម៉ឺនដុល្លារ

    ទេព បូព្រឹក្ស គ្រោងបើកហាងលក់ផលិតផលគ្រឿងសម្អាងតម្លៃ 14 ម៉ឺនដុល្លារ

    ខណៈដែលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ទើបតែទទួលបានកាដូចំណងស្នេហាពីសំណាក់ប្រុសស្នេហ៍របស់នាងគឺតារាចម្រៀង G-Davith ដែលបាន​ទិ​ញ​កា​ដូ​ថ្មី​ឱ្យកាលពីថ្ងៃ​ខួ​ប​កំ​ណើ​ត​គឺ​ ​រ​ថ​យ​ន្ត​ប្រណីតប្រ​ភេ​ទ​ M​U​S​T​A​N​​G​  ដែលមានតម្លៃ​​ថ្លៃរួចមកនោះ ស្រាប់តែថ្មីៗនេះសារព័ត៌មាន ឡារ៉ែន ទទួលបានដំណឹងមកថា តារាស្រីរូបនេះត្រៀមបើកមុខជំនួញថ្មីមួយជាមួយគូស្នេហ៍គឺ ហាងលក់ផលិតផលគ្រឿងសម្អាង ដែលមានតម្លៃជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមរិក និងលេចចេញជារូបរាងនៅឆ្នាំ 2018នេះ។

    គួរ​រំឭក​ផង​ដែរ​ថា កាលពីថ្ងៃខួបកំណើតរបស់តារាស្រីវ័យ 24 ឆ្នាំរូបនេះ នាង​ធ្លាប់​បានបង្ហើប​ប្រាប់មហាជនថា កាដូដែលគួស្នេហ៍បានប្រគល់ឱ្យនាងនោះ គឺជាចំណងដៃមុនពួកគេបើកដំណើរការរកស៊ីមុខរបរថ្មី ហើយថ្មីៗនេះ ទេព បូព្រឹក្ស និងងួន ចាន់ដេវីត ពិតជាមិនធម្មតាមែន ទើបតែចាប់ដៃគ្នាសាងស្នេហ៍បានជាង1ឆ្នាំសោះ ស្រាប់តែពួកគេហ៊ានបោះទុនចូលគ្នា បង្កើតមុខជំនួញរកស៊ីមួយមុនរៀបការទៅហើយ ដោយតារាស្រីរូបនេះបានសម្លឹងឃើញទីផ្សាលក់ផលិតផលគ្រឿងសម្អាងសម្រាប់បុរសនារី ថែមទាំងប្រុងចុះទៅសិក្សាពីផលិតផលគ្រឿងសម្អាងទាំងនោះដល់រោងចក្រនៅប្រទេសសាំងហ្គាពួផ្ទាល់ និងពេលនេះនាងកំពុងតែរកទីតាំងល្អៗសម្រាប់បើកហាងនៅកណ្តាលក្រុងភ្នំពេញដើម្បីដាក់បង្ហាញផលិតផលទាំងនោះទៀតផង។

    កញ្ញា ទេព បូព្រឹក្ស បានឱ្យដឹងថា “ខ្ញុំគ្រោងបើកលក់ផលិតផលថែរក្សាសម្រស់ទាំងដងខ្លួន ស្បែក សក់ និងផ្ទៃមុខ និយាយរួមទៅ គឺជា Cosmetic តែម្តង ហើយអាចនៅដើមឆ្នាំ 2018នេះនឹងចេញជារូបរាងហើយ។ តាមគម្រោង ខ្ញុំចង់ចុះទៅផ្ទាល់ដល់រោងចក្រហ្នុង គឺនៅសាំងហ្គាពួ ហើយកាលណាយើងទិញ License បានហើយ គឺរាល់ផលិតផលទាំងនោះមានដាក់ជារូបយើងតែម្តង នៅពេលដែលយើងយកមកលក់នៅស្រុកខ្មែរ។ ជាដំណាក់កាលដំបូង គឺយើងនឹងដាក់ទុន 14ម៉ឺនដុល្លារសិន អាហ្នឹងមិនទាន់ចូលទ្រង់ទ្រាយធំផង ព្រោះបើយើងរកស៊ី ដំបូងគឺធ្វើពីតូចទៅធំអ៊ីចឹងហើយ”។

    គួរបញ្ជាក់ផងដែរថា នេះត្រឹមតែអាជីពជាតារាចម្រៀងស្រីល្បីឈ្មោះ និងមានគូស្នេហ៍ជាតារាចម្រៀងល្បីដូចគ្នាប៉ុណ្ណេះ ពួកគេអាចរកចំណូលបានពីសិល្បៈក្នុងការទិញផ្ទះវីឡា រថយន្ដប្រណីត បើកមុខជំនួញ ដោយចាយទុនអស់រាប់ម៉ឺនដុល្លារបានយ៉ាងងាយស្រួល ព្រោះថា គ្រាមុននេះនាងទើបតែទិញវីឡាដ៏ប្រណីត1ខ្នងនៅបុរីប៉េង ហួត បឹងស្នោ តម្លៃ14ម៉ឺនដុល្លារ និងទិញរថយន្តទំនើបម៉ាក Land Cruiser V8 តម្លៃជិត10ម៉ឺនដុល្លារទៀតផង៕

     

  • Justin Bieber ដឹកដៃ Selena Gomez  ឆ្លងឆ្នាំថ្មីយ៉ាងផ្អែមល្ហែមនៅ Mexico

    Justin Bieber ដឹកដៃ Selena Gomez  ឆ្លងឆ្នាំថ្មីយ៉ាងផ្អែមល្ហែមនៅ Mexico

    បើតាមរយៈសារព័ត៌មាន Radaronline ដែលចេញផ្សាយនៅថ្ងៃទី2​ ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា តារាចម្រៀងប្រុស​ Justin Bieber បានបញ្ចេញរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីការចំណាយពេលវេលាដ៏ផ្អែមល្ហែមជាមួយ Selena Gomez នៅថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល 2018 នៅលើទឹកដីឆ្នេរខ្សាច់ប្រទេសម៉ិកស៊ិក។

    សារព័ត៌មានខាងលើបានអះអាងថា​ Justin Bieber បានចំណាយលុយជួលរីសតប្រណីតសម្រាប់ស្នាក់នៅជាមួយមិត្តស្រី ដែលមានតម្លៃ 18,000 ដុល្លារនៅក្នុងមួយយប់។ ហើយមិត្តស្និទ្ធស្នាលរបស់ពួកគេ ក៏បានបញ្ជាក់ប្រាប់ផងដែរថា អ្នកទាំងពីរកំពុងតែចាប់ផ្ដើមរួមរស់ជាមួយគ្នាជាគ្រួសារតែមួយដោយបើកចំហនៅក្នុងឆ្នាំថ្មីនេះហើយ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ម្ដាយរបស់ Selena កំពុងតែខឹង JB យ៉ាងខ្លាំង និងថែមទាំងបានព្យាយាមទាញកូនស្រីឱ្យត្រឡប់មកផ្ទះវិញ តែយឺតពេលទៅហើយ ព្រោះ Selena Gomez ត្រូវបាន JB ទាក់ចិត្តឱ្យរស់នៅជាមួយរូបគេបានសម្រេចដូចបំណងបាត់ទៅហើយ។

    គួរបញ្ជាក់ផងដែរថា ខណៈនេះតារាចម្រៀង The Weeknd ក៏កំពុងតែពិបាកចិត្តយ៉ាងខ្លាំងផងដែរ ហើយក៏ទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់តារាស្រីរូបនេះយ៉ាងអន្ទះសាដែរ នេះបើតាមការបញ្ជាក់ប្រាប់ពីមិត្តស្និទ្ធស្នាលរបស់លោកទៅសារព័ត៌មាន Radar៕

  • Costa និង Vitolo ត្រូវ​បាន​ប្រកាស​ជាកីឡាករ​របស់ក្លិប Atletico ជាផ្លូវការ

    Costa និង Vitolo ត្រូវ​បាន​ប្រកាស​ជាកីឡាករ​របស់ក្លិប Atletico ជាផ្លូវការ

    ខ្សែ​ប្រយុទ្ធ​​អេ​ស្ប៉ាញ​ដើមកំណើត​ប្រេស៊ីល Diego Costa បាន​បង្ហាញខ្លួន​ទៅកាន់​អ្នកគាំទ្រ​នៃក្លិប Atletico Madrid រួម​ជាមួយ​នឹង​​ខ្សែ​បម្រើស្លាប​អន្តរ​ជាតិ​អេស្ប៉ាញម្នាក់​ទៀត​គឺ Vitolo ក្រោយ​ពី​ក្លិប​យក្ស​អេ​ស្ប៉ាញមួយនេះ បានប្រកាស​ពីការផ្ទេរកីឡាករ​ទាំង​ពីរ​ជាផ្លូវ​ការ​កាលពីថ្ងៃអាទិត្យ​។

    តា​រាឆ្នើម Costa បាន​សម្រេច​ក្តី​សុបិន​របស់​គេ​ក្នុង​ការ​​វិល​ទៅកាន់​ក្លិប Atletico ក្រោយ​ពីបាន​ចំណាយ​ពេល​អស់​៣​ឆ្នាំ ជាមួយ​នឹងក្លិប Chelsea និង​ឈ្នះពានក្រប​ខ័ណ្ឌ Premier League ចំនួន​2លើក​។ នៅពេល​ដែល​​ត្រូវ​បាន​ចោ​ទ​សួរ​ថា តើ​ពេល​វេលា​​របស់​គេ​ជាមួយនឹងក្លិប Chelsea យ៉ាង​ម៉េច​ដែរ រូបគេ​បាន​សើច​ និងនិយាយ​ថា៖ «ខ្ញុំ​បាន​រៀន​ភាសា​អង់គ្លេសនៅ​ទី​នោះ​។ អ្នកគាំទ្រ មនុស្សក្នុងក្លិប និង​មិត្ត​រួមក្រុមរ​បស់ខ្ញុំ​បានជួយ​ខ្ញុំ​យ៉ាងច្រើន​​​។ Chelsea ជា​ក្លិបដ៏អស្ចារ្យមួយ​ហើយ​ខ្ញុំ​មានការ​ចង​​ចាំ​ដ៏ល្អ​នៅ​ទីនោះ​»​។

    Costa វ័យ​29​ឆ្នាំ មិនអាចលេង​ឲ្យក្រុម Atletico របស់​លោក Diego Simeone បានឡើយ ដោយ​សារ​តែ​ក្លិប​នេះ​ជាប់ពិន័យព្យួរលើការ​ទិញចូល​កីឡាករ​ថ្មី មុននឹង​ការពិន័យនេះ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី1 ខែមករា ម្សិលមិញ​។ កាល​ពី​ខែ​កញ្ញា ក្លិប Atletico បាន​ប្រកាស​ពី​ការ​​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង Costa ខណៈ​ដែល​បណ្តាញ​សារ​ព័ត៌​មាន​អេ​ស្ប៉ាញ បាន​បញ្ជាក់ថា ​ពួក​គេ​បាន​យល់​ព្រម​ចំណាយ​ប្រាក់​ឲ្យ Chelsea 60​លាន​អឺ​រ៉ូ (ស្មើ​នឹង​71.3​លាន​ដុល្លារ​អាមេរិក) ដើម្បី​នាំ​យក​​កីឡាករ​ម្នាក់ ដែល​ធ្លាប់​ជា​តា​រាឆ្នើម​របស់​ពួក​គេ ក្នុង​ពេល​ពួក​គេ​បាន​ឈ្នះ​ពាន La Liga និង​ឈាន​ទៅ​ប្រកួត​វ​គ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្រប​ខ័ណ្ឌ Champions League ក្នុង​រដូវ​កាល​ឆ្នាំ​2013-2014​។ ស្រប​ពេល​ជាមួយ​គ្នានេះ Atletico ក៏​យល់​ព្រម​​លើ​តម្លៃខ្លួន​37.5​លាន​​​អឺ​រ៉ូ ដើម្បី​ចុះ​ហត្ថ​លេខា​យក Vitolo ពី​ក្លិប Sevilla ផងដែរ​។ Vitolo បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវ​​កាល​នេះ​​ក្នុង​នាម​ជា​កីឡាករ​កម្ចីនៅ​ឯ​ក្លិប Las Palmas បើ​ទោះ​បី​រូប​គេ​​បាន​អវត្ត​មាន​កាល​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​តែ​បញ្ហា​របួស​ភ្លៅ​ក៏ដោយ​​៕

    ប្រភព​ពី៖ The Sun