Category: សង្គម និងសេដ្ឋកិច្ច

  • យ៉ែម សំអូន សម្ញែងវីឡាប្រណីតសម្រាប់ឆ្នាំ2018

    យ៉ែម សំអូន សម្ញែងវីឡាប្រណីតសម្រាប់ឆ្នាំ2018

    គ្រាន់តែឆ្លងឆ្នាំសកលហើយភ្លាម ថ្មីៗនេះស្រាប់តែតារាចម្រៀងចាស់វស្សាលោក យ៉ែម សំអូន បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យដឹងថា បានទិញផ្ទះវីឡាប្រណីតដ៏ធំស្កឹមស្កៃមួយខ្នងនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាប្រុសរូបនេះហាក់ដូចជាកំពុងតែមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ក៏ដូចជាច្រៀងនៅតាមពិធីមង្គលការជាដើម។ បំណងប្រាថ្នារបស់លោកពេលនេះគឺបានសម្រេចហើយ ដោយគ្រាន់តែបើកឆាកចូលឆ្នាំថ្មីភ្លាម តារាប្រុសរូបនេះបានបើកឆាកទិញផ្ទះវីឡាធំមួយភ្លែតដែរ គឺជាអ្វីដែលលោកប្រាថ្នា និងជាក្ដីស្រមៃដែលបានសម្រេចព្រោះតែការខិតខំ។

    លោក យ៉ែម សំអូន បានរៀបរាប់នៅលើគណនីរបស់លោកថា «ថ្ងៃនេះខ្ញុំបានសម្រេចក្ដីស្រមៃរបស់ខ្លួនឯងដែលបានរង់ចាំមកជាយូរហើយ តែបើគ្រាន់តែគិតស្រមៃនោះវាមិនអាចក្លាយជាការពិតបានឡើយ គឺវាកើតចេញពីការតាំងចិត្ត ភាពអំណត់ ការអត់ធ្មត់ ឆន្ទៈ ការប្រឈមគ្រប់បញ្ហា ទាំងមនុស្សជុំវិញខ្លួន និងមិត្តភាពក្លែងក្លាយ ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែញញឹម បើទោះជាមានរឿងដែលដឹងជាច្រើនចំពោះមនុស្សនៅជុំវិញខ្លួន គិតអ្វី ធ្វើអ្វីដាក់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែញញឹម ពេលខ្លះលួចសសើរខ្លួនឯងដែរ ដែលអាចធ្វើបានដោយមិនខ្វល់ពីការសសើរបោកប្រាស់ពីមិត្តភាពក្លែងក្លាយ និងមនុស្សនៅជុំវិញខ្លួនមួយចំនួន វាជាកាពិតនៃជ្រុងមួយរបស់ជីវិត (ញើសឈាមរបស់ខ្ញុំ) សម្រាប់ដើមឆ្នាំថ្មី2018»៕

     

  • ម្ចាស់បទ “បៀមព្រះមកស្បថ ក៏មិនជឿ” ត្រូវប៉ូលិសចាប់ឃុំខ្លួនក្នុងពន្ធនាគារ

    ម្ចាស់បទ “បៀមព្រះមកស្បថ ក៏មិនជឿ” ត្រូវប៉ូលិសចាប់ឃុំខ្លួនក្នុងពន្ធនាគារ

    តាមរយៈសារព័ត៌មានថៃ Teenee ដែលបានចេញផ្សាយនៅថ្ងៃទី3 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា នៅវេលាម៉ោង 6 : 00 ថ្ងៃទី2 ខែមករា ឆ្នាំ2018 មន្ត្រីប៉ូលិសបាននាំខ្លួនតារាចម្រៀង សេក ឡូសូ ឬមានឈ្មោះពិត សេកសាន់ មកដុសខាត់ចរិត ហើយបញ្ជូនខ្លួនទៅមន្ទីឃុំឃាំងនៅក្នុងខេត្ត ណាខនស៊ីថាំមៈរ៉ាត ហើយខណៈនោះដែរ គេសង្កេតឃើញមិត្តស្រីរបស់លោក គឺកញ្ញា អ៊ីហ្វ បានតាមមើលថែរក្សាតារាចម្រៀងរូបនេះ មិនឃ្លាតឆ្ងាយមួយជំហានណាឡើយ។

    មូលហេតុដែលបណ្ដាលឱ្យមានការចាប់ខ្លួនតារាប្រុសរូបនេះ គឺនៅថ្ងៃប្រគំតន្ត្រីរបស់លោកដែលបានរៀបចំឡើងនៅក្នុងវត្តអាមនា ខេត្ត ណាខនស៊ីថាំមៈរ៉ាត  តារារូបនេះបានប្រើប្រាស់កាំភ្លើង និងបាញ់បោះខុសច្បាប់ ដោយលោកបានដើរសំដៅចូលទៅក្នុងព្រះវិហារ រួចបាញ់ឡើងទៅលើចំនួន 9 គ្រាប់ បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង មិនតែប៉ុណ្ណោះថែមទាំងមានការ Live Video នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ទៀតផង ជាហេតុបណ្ដាលឱ្យអ្នកគាំទ្រមួយចំនួនរិះគន់ថា ក្នុងនាមសិល្បករល្បីតែប្រព្រឹត្តទង្វើខុសច្បាប់ និងបង្ហាញចរិតពាល បាញ់កាំភ្លើងនៅទីសាធារណៈ ហើយកណ្ដាលវត្តអារាមទៀត។ បន្ទាប់ពីត្រូវបានឃាត់ខ្លួនភ្លាមៗហើយនោះ តារាចម្រៀងរូបនេះបានបដិសេធ ដោយនិយាយថា ខ្លួនវង្វេងស្មារតីដោយការប្រើប្រាស់ថ្នាំងងុយដេក ដើម្បីការពារជំងឺ Bipolar។

    មន្ត្រីបូលីសបានបញ្ជាក់ផងដែរថា បន្ទាប់ពីការធ្វើការត្រួតពិនិត្យទឹកមូត្ររបស់តារាចម្រៀងប្រុសរូបនេះរួចមក លទ្ធផលបានរកឃើញថា តារាចម្រៀង សេក ឡូសូ មានទឹកមូត្រពណ៌ស្វាយ ដែលជាសញ្ញាថាមានផ្ទុកសារធាតុថាំញៀនមួយប្រភេទ ក៏ប៉ុន្ដែសាមីខ្លួននៅតែបន្តធ្វើការបដិសេធ។ ចំពោះអាវុធខ្លីដែលបានបាញ់ដូចឃើញនៅក្នុងឃ្លីបវីដេអូដែលបានបង្ហោះនោះ ត្រូវបានសមត្ថកិច្ចដកហូតទុក និងធ្វើសំណុំរឿងបញ្ជូនខ្លួនទៅតុលាការជាបន្ត៕


  • អ្នក​ដែល​មើលរំលង​ការទំនាក់ទំនង​ភាគច្រើន​រកស៊ី​មិនសូវ​ជោគជ័យ តើ​នេះ​មកពី​ហេតុអ្វី?

    អ្នក​ដែល​មើលរំលង​ការទំនាក់ទំនង​ភាគច្រើន​រកស៊ី​មិនសូវ​ជោគជ័យ តើ​នេះ​មកពី​ហេតុអ្វី?

    ទំនាក់ទំនង គឺជា​រឿង​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ ពិសេស​សម្រាប់​ពាណិជ្ជករ​ដែលជា​អ្នកមាន​គោលដៅ​ទំនាក់ទំនង​ច្រើន​បំផុត​ទាំង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ទំនាក់ទំនង​ជាមួយ​អតិថិជន​និង​ជាមួយ​បុគ្គលិក ជាដើម។

    នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint លោក សោម សម្បត្តិ បាន​និយាយថា ការបង្កើត​ទំនាក់ទំនង​គឺជា​រឿង​ដ៏​ចាំបាច់​របស់​មនុស្ស ពិសេស​អ្នករកស៊ី​ដែលជា​ការចាំបាច់​ដើម្បី​ផ្តល់ឱ្យ និង​ទាក់ទាញ​ផលប្រយោជន៍​ពី​ដៃគូ​អាជីវកម្ម និង​អតិថិជន​របស់ខ្លួន។ លោក​បញ្ជាក់ថា ការបង្កើត​ទំនាក់ទំនង​ល្អ​អាច​ជំ​រុញឱ្យ​មនុស្ស​ម្នាក់​កាន់​តែមាន​សក្តានុពល​ក្នុងការ​រ​ស៊ី ព្រោះ​នៅពេលដែល​គាត់​លក់​ផលិតផល​ណាមួយ ឬ​ប្រកាស​ពី​ផលិតផល​ណាមួយ គាត់​នឹង​អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មនុស្ស​ទូទៅ ព្រោះ​មនុស្ស​បាន​ជឿជាក់​ទៅលើ​គាត់​មុន​ជឿជាក់​លើ​ផលិតផល​របស់គាត់​ទៀតផង​ដែរ។

    លោក សម្បត្តិ បាន​ថ្លែងថា៖“ក្រៅពី​ការបង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ ការបង្កើត​ទំនាក់ទំនង និង​យកចិត្តទុកដាក់​ជាមួយ​បុគ្គលិក​ក៏​ជា​រឿង​សំខាន់​មួយ​ផងដែរ​សម្រាប់​អ្នកជំនួញ ព្រោះថា​បុគ្គលិក​ជា​ផ្នែក​ដែល​សំខាន់​ដើម្បី​នាំ​អាជីវកម្ម​ឱ្យទទួល​ជោគជ័យ។ ប្រសិនបើ​បុគ្គលិក និង​ថៅកែ​មិន​យល់​ពីគ្នា​នោះ​បញ្ហា​នឹង​កើតឡើង​មិនចេះចប់​មិនចេះហើយ។

    នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​បន្ថែមទៀតថា ជាទូទៅ​អ្នករកស៊ី​ខ្លះ​តែងតែ​ភ្លេចខ្លួន​រឿង​ទំនាក់ទំនង​នេះ ដោយមាន​អ្នកខ្លះ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ តែ​ដល់​ពេលដែល​មានបាន​ក៏​ចាប់ផ្តើម​ឃ្លាតឆ្ងាយ​ពី​ការទំនាក់ទំនង ឬ​ចាប់ផ្តើម​ដំឡើង​ខ្លួន។ ចំណុច​នេះ​អាច​នឹង​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ងាយ​បរាជ័យ​បំផុត ព្រោះ​ការរកស៊ី​មិនមែន​ចេះតែ​ចំណេញ​រហូត​នោះទេ វា​ត្រូវតែមាន​ការប្រកួតប្រជែង ហេតុនេះ​ការរក្សា​ទំនាក់​ទំនងជា​រឿង​សំខាន់​ដែល​ត្រូវតែ​ធ្វើជា​រៀងរហូត ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ។

    បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​នេះដែរ លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន Mengly J. Quach បាន​ថ្លែងថា គ្រប់គ្នា​ដែល​នៅ​ជុំវិញខ្លួន​យើង​សុទ្ធតែជា​អតិថិជន ហេតុនេះ​ការធ្វើ​អ្វីមួយ​គឺ​ត្រូវតែ​ប្រយ័ត្ន។ ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​អ្នករកស៊ី ព្រោះ​ពេលខ្លះ​គេ​អាច​មើល​មនុស្ស​ណា​ម្នាក់​ហើយ​វាយតម្លៃ​គាត់​ថា គ្រាន់តែ​ជា​មនុស្ស​ធម្មតា ឬ​គ្រាន់តែ​ជា​អ្នក​ដែល​មិនសូវ​សំខាន់​ក្នុងសង្គម​ដែល​មិនចាំបាច់​ខ្វល់ខ្វាយ​ពី​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ប៉ុន្មាន​នោះទេ តែ​ពួកគេ​អាច​ភ្លេច​ថា​ក្រៅពី​ភាពជា​បុគ្គល​ធម្មតា អ្នក​ទាំងអស់នោះ​អាចមាន​មុខងារ​មួយទៀត​ដែល​យើង​ចាំបាច់​ត្រូវតែ​ទាក់ទង គឺ​គាត់​ជា​អតិថិជន​របស់​យើង។

    លោក​ឧកញ៉ា គួច ម៉េង​លី បាន​និយាយថា៖ “អ្នក​ដែល​នៅ​ជុំវិញខ្លួន​យើង អ្នកណា​ក៏ដោយ ក៏ត្រូវ​តែ​យកចិត្តទុកដាក់​ទាំងអស់ ព្រោះថា​មនុស្ស​មិនអាច​ធ្វើ​ការងារ ឬ​រស់​តែម្នាក់ឯង​បានទេ។ មនុស្ស​កុំ​មើលងាយ​មនុស្ស​ពេលខ្លះ​មនុស្ស​សាមញ្ញ​ម្នាក់​នៅថ្ងៃនេះ អាច​នឹង​ក្លាយជា​មនុស្ស​សំខាន់​ដែល​យើង​ត្រូវ​ទាក់ទង​នៅ​ថ្ងៃក្រោយ​ក៏​ថា​បាន។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ ខាងលើ​បាន​បញ្ជាក់ថា ទំនាក់​ទំនងជា​គន្លឹះ​យ៉ាងសំខាន់​ដែល​អាច​រុញច្រាន​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​ភាព​រីកចម្រើន។ ហេតុនេះ​សូមកុំ​មើលរំលង​រឿង​ដែល​សំខាន់​មួយ​នេះ ទោះបីជា​យើង​មាន​ស្ថាប័ន​ធំ​ហើយ​ក៏ដោយ ក៏​មិនអាច​មើលរំលង​ពី​មនុស្ស​គ្រប់គ្នា​ដែល​តូច​ទាប​ជាង​ខ្លួន​ដែរ។ ការព្យាយាម​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយគ្នា អាចជួយ​ឱ្យ​យើង​ទទួលជោគជ័យ​ទាំង​ការរកស៊ី និង​មាន​ភាពត្រជាក់ត្រជុំ​ក្នុងការ​រស់នៅ។

    អគ្គនាយក​ក្រុមហ៊ុន សេដ្ឋីនី លោក ឆាក់ សុជាតិ បាន​លើកឡើងថា ការទំនាក់ទំនង​ជាដ​ង្ហើ​មយ៉ាង​សំខាន់​សម្រាប់​ការរកស៊ី។ អ្នក​ដែល​ឱ្យ​តម្លៃ​ខ្លាំង​លើ​ការទំនាក់ទំនង​ជា​មនុ​ស្ស​ដែលមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុងការ​រកលុយ​ព្រោះថា មនុស្ស​ដែល​អាច​ទទួល​ប្រយោជន៍​ពី​សង្គម​ច្រើន​បំផុត គឺជា​អ្នក​ដែល​មើលឃើញ​ពី​តម្លៃ​នៃ​សង្គម និង​ការរស់នៅ​របស់​មនុស្ស​ទូទៅ។

    លោក សុជាតិ បាន​និយាយថា៖“យើង​សាក​ស្រមៃ​ទៅ​មើលថា យើង​មាន​មនុស្ស​ប្រហែល1លាន​នាក់​នៅក្នុង​ដៃ បន្ទាប់មក​យើង​បង្កើត​អាជីវកម្ម​មួយ​ដែល​ចំណេញ​តែ50សេន​ប៉ុណ្ណោះ​ក្នុង​មួយខែ គឺ​យើង​អាច​ចំណេញ​បាន 50ម៉ឺន​ដុល្លារ វា​ងាយ​ជាង​ការដែល​យើង​ទៅយក​លុយ 50ម៉ឺន​ដុល្លារ​ពី​មនុស្ស​ម្នាក់​ឆ្ងាយ​ណាស់។

    សហគ្រិន​រូបនេះ បាន​បន្ថែមទៀតថា មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ការរកស៊ី គឺ​ត្រូវតែ​ប្រមូល​ពី​អ្នកមាន​លុយធំៗទើប​ល្អ តែ​គំនិត​នេះ​មិន​ប្រាកដថា​ត្រូវ​នោះទេ ព្រោះ​បើ​យើង​ចង់បាន​លុយ 50ម៉ឺន​ដុល្លារ​ពី​នរណាម្នាក់ ម្ចាស់​លុយ​នោះ​ក៏មាន​វិធី​ការពារ​លុយ​របស់គេ​ដែរ តែ​ប្រសិនបើ​យើង​ប្រមូល​តែ 50សេន​ពី​មនុស្ស1លាន​នាក់ យើង​នឹង​អាច​ទទួលបាន50ម៉ឺន​ដុល្លារ​ដូចគ្នា។ ការរកស៊ី គឺ​ត្រូវមាន​ភាព​វៃឆ្លាត និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ ហេតុនេះ​ពេលខ្លះ​ការបង្កើត​ទំនាក់ទំនង​ល្អ អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នករកស៊ី​ជោគជ័យ​បាន ទោះបីជា​យើង​លក់​តូចតាច ឬ​បន្តិចបន្តួច​ក៏ដោយ៕

  • Sandara Park និយាយពីរឿងណាត់ជួបគូស្នេហ៍

    Sandara Park និយាយពីរឿងណាត់ជួបគូស្នេហ៍

    យោងតាមគេហទំព័រសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី3 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀងស្រី Sandara Park ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីជប់លៀងបុណ្យណូអែលរបស់កញ្ញា CL ហើយនាងបានវែកញែកអំពីជីវិតគូស្នេហ៍ជាមួយនឹងមិត្តភ័ក្ដិរបស់នាង។ តាមទំនៀមទម្លាប់នៅប្រទេសកូរ៉េ ថ្ងៃបុណ្យណូអែលគឺជាថ្ងៃឈប់សម្រាក ហើយនារីៗនៅកូរ៉េដែលនៅលីវ ពួកគេតែងតែនាំគ្នានិយាយពីរឿងទំនាក់ទំនងស្នេហា និងការណាត់ជួបសង្សារ។

    ខណៈដែលគ្រប់គ្នាកំពុងតែណែនាំគ្នាអំពីដំណើរកម្សាន្ដសម្រាប់ថ្ងៃណាត់ជួបសង្សារ កញ្ញា Sandara Park បានបង្ហាញពីអារម្មណ៍ថា នាងប្រហែលជាត្រូវបរាជ័យចំពោះកាលវិភាគសម្រាប់ថ្ងៃណាត់ជួបសង្សារហើយ ព្រោះតែបានស្ដាប់តាមសម្ដីណែនាំរបស់កញ្ញា CL។ ភ្លាមនោះតារាស្រី CL បានអស់សំណើចយ៉ាងខ្លាំង បន្ទាប់បានឮពាក្យអស់សង្ឃឹមរបស់ Sandara Park ដែលបានយកឈ្មោះនាងទៅអាង។ Sandara Park បានបន្ដថា បុរសចុងក្រោយដែលនាងត្រូវណាត់ជួបជាពិសេសនាឆ្នាំថ្មីនេះ ប្រហែលជាត្រូវអនុញ្ញាតឱ្យ CL ជាអ្នកណែនាំ និងរៀបគម្រោងទុកមុនហើយ ព្រោះនាងក៏គ្មានគូស្នេហ៍ដែរ ។

    គួរបញ្ជាក់ផងដែរថា គ្រប់គ្នាដែលនៅក្នុងពិធីជប់លៀងនោះក៏បានយល់ស្របតាមគំនិតរបស់  Sandara Park  ពីព្រោះវាគ្រាន់តែជាការផ្លាស់ប្ដូរគំនិតមួយក្នុងការណាត់ជួបគូស្នេហ័តែប៉ុណ្ណោះ៕

     

  • Samsung ប្រកាសថា នឹង​លក់​ស្មា​ត​ហ្វូ​ន​ឲ្យ​បាន 320លាន​គ្រឿង នៅក្នុង​ឆ្នាំ 2018

    Samsung ប្រកាសថា នឹង​លក់​ស្មា​ត​ហ្វូ​ន​ឲ្យ​បាន 320លាន​គ្រឿង នៅក្នុង​ឆ្នាំ 2018

    សេ​អ៊ូ​ល៖ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​កូរ៉េខាងត្បូង Samsung បានប្រកាស​ឲ្យ​ដឹង​ពី​ផែន​ការលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ 2018 ដែល​ផែនការ​នេះ មើលទៅ​គឺ​ចង់​រក្សា​តំណែង​លេខ​មួយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ធំជាងគេ។

    យោងតាម​សេចក្ដីប្រកាស​របស់ Samsung និង​ត្រូវបាន​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Phone Arena បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ប្ដេជ្ញាចិត្ត​លក់​ស្មា​ត​ហ្វូ​ន​ឲ្យ​បាន​យ៉ាងហោចណាស់ 320លាន​គ្រឿង​នៅក្នុង​ឆ្នាំ 2018 ដែល​តួលេខ​នេះ​គឺ​ខ្ពស់​គួរសម ហើយក៏​ប្រហែលជា​គ្មាន​ក្រុមហ៊ុនផ្សេងៗអាចធ្វើ​បានដែរ ខណៈដែល Apple និង Huawei ធ្វើបាន​ត្រឹមតែ 200លាន​គ្រឿង និង 150លាន​គ្រឿង។

    ក្នុងនោះ Samsung ក៏មាន​គម្រោង​លក់​ឧបករណ៍ Tablate របស់ខ្លួន​ឲ្យ​បាន 20លាន​គ្រឿង ព្រមទាំង​ឧបករណ៍ Wearable  ឲ្យ​បាន 5លាន​គ្រឿង​នៅក្នុង​ឆ្នាំ 2018៕

  • ធ្លាយរូប G-Dragon ដឹកដៃមិត្តស្រីទៅផ្អែមល្ហែមនៅលើកោះ ឆេជូ

    ធ្លាយរូប G-Dragon ដឹកដៃមិត្តស្រីទៅផ្អែមល្ហែមនៅលើកោះ ឆេជូ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី3 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា អ្នកប្រមាញ់រូបភាពតារាល្បីៗបានបញ្ចេញរូបភាពរបស់តារាចម្រៀងប្រុសល្បីឈ្មោះ G-Dragon ដែលជាសមាជិកក្រុមចម្រៀង BigBangបានធ្វើដំណើរជាមួយមិត្តស្រីរបស់លោក គឺកញ្ញា Lee Joo-yeon ដែលជាសមាជិកក្នុងក្រុមចម្រៀងស្រី After School តាមរយៈរថយន្ដវីអាយភីជាមួយគ្នា យ៉ាងលួចលាក់ តែផ្អែមល្ហែម ទៅកាន់កោះឆេជូ ទាំងយប់។

    សារព័ត៌មានកូរ៉េ Dispatch បានអះអាងថា រូបភាពដែលគេថតបាននោះ បានបង្ហាញឱ្យឃើញថា អ្នកទាំងពីរកំពុងតែធ្វើដំណើរតាមផ្លូវដោយជិះរថយន្ដប្រណីតទៅកាន់កោះ ឆេជូ រយៈពេល 3 ថ្ងៃ ហើយបានត្រឡប់មកវិញស្របពេលជាមួយគ្នាផងដែរ នៅវេលាម៉ោង 2 រំលងអធ្រាត្រ។ ជាមួយគ្នានោះដែរ អ្នកលេងបណ្ដាញសង្គមអ៊ីនស្តាក្រាមបានអះអាងថា រូបភាពដែលតារាស្រី EuJu Hyun បានបង្ហោះ និងរូបភាពរបស់ G-Dragon គឺស្ថិតនៅត្រង់កន្លែងតែមួយ ពោលគឹនៅខាងក្រោយអគារព្រលានយន្ដហោះ ខណៈដែលពួកគេប្រុងប្រៀបធ្វើដំណើរត្រឡប់មកទីក្រុងសេអ៊ូល វិញ។

    គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាចម្រៀងប្រុសរូបនេះ បានដឹកដៃមិត្តស្រីទៅឆ្លងឆ្នាំថ្មីយ៉ាងផ្អែមល្ហែមនៅលើកោះ និងមានការចាប់ដានអ្នកទាំងពីរជាប់យ៉ាងណាក្ដី ប៉ុន្ដែខាងផលិតកម្ម YG Entertainment  នៅមិនទាន់មានការចេញសេចក្ដីប្រកាសបកស្រាយពីទំនាក់ទំនងស្នេហារបស់តារាទាំងពីរដួងនេះនៅឡើយទេ៕

  • Man City វិល​ទៅ​ផ្លូវ​នៃ​ជ័យជម្នះ​វិញ ខណៈ Spurs ផ្តួល Swansea

    Man City វិល​ទៅ​ផ្លូវ​នៃ​ជ័យជម្នះ​វិញ ខណៈ Spurs ផ្តួល Swansea

    ក្រុម Manchester City បានធ្វើ​ការស្តារ​មុខមាត់ភ្លាមៗ ក្រោយពី​ការទទួល​ជ័យជម្នះជាប់ៗគ្នា​របស់​ពួកគេ​បាន​ឈានដល់​ទីបញ្ចប់​ត្រឹម18ប្រកួត តាមរយៈ​ការ​ផ្តួល​ក្រុម Watford ក្នុង​លទ្ធផល 3-1 កាលពី​ថ្ងៃ​អង្គារ ដើម្បី​នាំមុខ15ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​អង្គារ។

    ក្រោយពី Man City បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Crystal Palace ក្នុង​រយៈពេល48ម៉ោង​មុននេះ ខ្សែបម្រើ​ស្លាប Raheem Sterling បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ឆាប់រហ័ស​បំផុត ហើយ Sergio Aguero បាន​បន្ថែម1គ្រាប់​ទៀត ខណៈដែល Man City បាន​បន្ត​យុទ្ធនាកា​រលីក​ដែល​មិន​ស្គាល់​ចាញ់​របស់​ពួកគេ​តាមរយៈ​ការយក​ឈ្នះ​ដោយ​ងាយ​នៅ​កីឡដ្ឋាន Eastlands។

    ជាមួយគ្នានេះ ក្រុម​ភ្ញៀវ ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ10 ដោយសារតែ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​កាលពី​ដើមរដូវ​កាល​នេះ បាន​រង​បរាជ័យ10លើក​ក្នុងចំណោម​ការប្រកួត14លើកចុងក្រោយ​របស់​ពួកគេ។ លោក Pep Guardiola គ្រូបង្វឹក​របស់ Man City បាន​ឲ្យ​ដឹងថា៖ «ការប្រកួត​ជាមួយនឹង​ក្រុម Crystal Palace គឺជា​ការប្រកួត​លើក​ទី1ដែល​យើង​បាន​បាត់បង់​ពិន្ទុ ក្នុងចំណោម19ប្រកួត ហើយ​អ្នក​បានឃើញ​ពី​ប្រតិកម្ម​នៅ​រយៈពេល15នាទី​ដំបូង»។

    អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បន្ថែមទៀតថា៖ «នៅ​តង់​ទី2 យើង​គួរតែ​មានការ​អស់កម្លាំង​ជាង​មុន និង​ពេញចិត្ត​ទៅនឹង​លទ្ធផល ប៉ុន្តែ យើង​បានបង្ហាញ​ពី​ភាព​ផ្សេង​ពី​នោះ​ទាំងស្រុង»។ ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Fernando Llorente បាន​ជួយ​ឲ្យ​ក្រុម Tottenham ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅលើ​ទឹកដី​អតីត​ក្រុម​របស់ខ្លួន Swansea កាលពី​ថ្ងៃ​អង្គារ៕

    ប្រភពពី៖ The Guardian

  • ហេតុអ្វី​បានជា​ប្រទេស​ទាំងអស់​លើ​ពិភពលោក បណ្តុះ​ក្មេង​ជាមួយ​មុខវិជ្ជា​សិល្បៈ?

    ហេតុអ្វី​បានជា​ប្រទេស​ទាំងអស់​លើ​ពិភពលោក បណ្តុះ​ក្មេង​ជាមួយ​មុខវិជ្ជា​សិល្បៈ?

    ការបណ្តុះបណ្តាល​មនុស្ស​ជំនាន់​ថ្មី គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ព្រោះថា​ប្រទេស​ណា​ក៏​បណ្តុះបណ្តាល​មនុស្ស​ឱ្យ​សិក្សា​យ៉ាងហោចណាស់​កម្រិត​មូលដ្ឋាន​ដែរ ដើម្បីឱ្យ​ប្រជាជន​របស់គេ​ក្លាយជា​មនុស្ស​ដែលមាន​សក្តានុពល។ ក្នុង​នោះគេ​សង្កេតឃើញថា​សិល្បៈ គឺជា​មុខវិជ្ជា​ដែលមាន​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក ខណៈ​អាណាព្យាបាល​ខ្មែរ​ជាច្រើន​មិនសូវ​យកចិត្តទុកដាក់​នោះទេ។

    គេហទំព័រ​ផ្នែក​អប់រំ​កុមារ PBSparents បាន​លើកឡើងថា សិល្បៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​កុមារ​ដែល​មនុស្ស​ជាច្រើន​មើលរំលង តែ​ប្រសិនបើ​យើង​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ យើង​នឹង​ឃើញថា​វា​មាន​ធាតុសំខាន់ៗជាច្រើន​ដែល​អាច​ពង្រឹង​ផ្នែក​បញ្ញា​ស្មារតី​របស់​កុមារ។

    អត្ថប្រយោជន៍​របស់​សិ​ល្បៈ​សម្រាប់​កុមារ​មានដូចជា៖

    1. សិល្បៈ​ពង្រឹង​ជំនាញ​ក្នុងការ​សម្រេចចិត្ត

    អ្នកជំនាញ​ផ្នែក​សិល្បៈ និង​ជា​អ្នកនិពន្ធ​សៀវភៅ​សិល្បៈ​សម្រាប់​កុមារ MaryAnn Kohl បាន​លើកឡើងថា តាម​របាយការណ៍​រប​ស់ Americants for the Arts បាន​បង្ហាញថា សិល្បៈ​ជំរុញ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​ដោះស្រាយ​បញ្ហា និង​មាន​ជំនាញ​ក្នុង​ការគិត​បាន​ស៊ីជម្រៅ ព្រោះថា​នៅពេលដែល​កុមារ​ស្រឡាញ់​អ្វីមួយ​ដែលមាន​សម្រស់​ស្រស់ស្អាត ឬ​សមិទ្ធផល​សិល្បៈ​ដែល​រូបគេ​ចូលចិត្ត គេ​នឹង​ព្យាយាម​បង្កើត​វា​ដោយ​ខ្លួនឯង ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដើម្បី​ធ្វើ​វា​ឱ្យបាន។

    នៅពេលដែល​កុមារ​ចាប់ផ្តើម​ទទួលបាន​ការជំរុញ​ពី​សិល្បៈ​ឱ្យ​បង្កើត​អ្វី​ម្យ៉ាង​ដោយ​ខ្លួនឯង ក្មេង​នឹង​អាច​ក្លាយជា​អ្នកសម្រេចចិត្ត​ដ៏​ពូកែ ឬ​ហ៊ាន​សម្រេចចិត្ត​លើ​បញ្ហា​ដែល​គេ​កំពុង​ធ្វើ​ដោយ​ខ្លួនឯង ដែល​អាចធ្វើ​ឱ្យគេ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត។

    1. សិល្បៈ​ជំរុញឱ្យមាន​គំនិត​បង្កើត​ថ្មី

    សមិទ្ធផល​ទាំងអស់​នៅលើ​ពិភពលោក​កើតឡើង​ពី​ក្តី​ស្រឡាញ់ និង​សិល្បៈ​នៃ​ការបង្កើត​ស្នាដៃ​ថ្មី ហេតុនេះ​សិល្បៈ​គឺជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​មនុស្ស​ឱ្យមាន​គំនិត​ច្នៃប្រឌិត​ប្រកបដោយ​ថាមពល និង​ភាព​រីករាយ។ ជាធម្មតា ក្មេង​ដែល​ស្រឡាញ់​សិល្បៈ​គាត់​នឹង​ចង់​បង្កើត​ស្នាដៃ​សិល្បៈ ហើយ​នៅពេលដែល​គាត់​បង្កើតបាន​របស់​អ្វីមួយ គាត់​នឹង​យល់​ពី​ហេតុផល​នៃ​ធាតុ​ផ្សំ​នានា​ដែល​បង្កើតជា​ស្នាដៃ​នោះ។ ចំណេះដឹង​ជា​មូលដ្ឋាន​របស់​សិល្បៈ និង​គំនិតតូចៗរបស់​វា​អាច​នឹង​ក្លាយជា​ចំណុចសំខាន់ៗដែល​ជំរុញ​ឱ្យ​ក្មេង​ប្រើ​វា​ជា​មូលដ្ឋាន​ក្នុងការ​កែច្នៃ ឬ​រកឃើញ​គំនិត​ថ្មី​ដើម្បី​បង្កើត​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​មនុស្ស​ទូទៅ​នឹកស្មាន​មិន​ដល់។

    1. សិល្បៈ​ជួយ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន

    សិល្បៈ​បង្កើត​ក្តី​ស្រឡាញ់ ជាមួយនឹង​ភាពស្ងប់ស្ងាត់​ដែល​អាច​អនុញ្ញាតឱ្យ​ក្មេង​មានឱកាស​សិក្សា​ពី​ជីវិត​ខ្លួនគេ​បាន​យ៉ាង​ល្អ ហេតុនេះ​កុមារ​ដែលមាន​ចំណេះដឹង ឬ​កម្សាន្ត​ជាមួយ​សិល្បៈ​ដែល​វិជ្ជមាន នឹង​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​សុទិដ្ឋិនិយម និង​តស៊ូ​ជាង​កុមារ​ធម្មតា។ កុមារ​ដែលមាន​គំនិត​សិល្បៈ​ជាម​នុស្ស​ដែល​ចេះ​រង់ចាំ មាន​ភាពក្លាហាន​ក្នុង​ការមើល​លើ​រឿង​គ្រប់យ៉ាង​ដែល​កុមារ​ដទៃ​គិតថា​មិនអាច​ទៅរួច ហើយ​ថែមទាំង​ហ៊ាន​ប្រើ​ថាមពល​របស់ខ្លួន​ដើម្បី​សម្រេច​នូវ​រឿងល្អៗជាច្រើន​ដែល​អាចធ្វើឱ្យ​មនុស្ស​ធំ​ភ្ញាក់ផ្អើល ព្រោះ​សិល្បៈ​អាចធ្វើឱ្យ​ពួកគេ​អាចមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​មើល​ពី​ចំណុច​ជាច្រើន​ដែល​មនុស្ស​ដទៃ​មិនដែល​គិតដល់៕

  • Liverpool ចង់បាន​តម្លៃ​ខ្លួន​យ៉ាងតិច130លាន​ផោន​ពី Barca ដើម្បី​លក់ Coutinho

    Liverpool ចង់បាន​តម្លៃ​ខ្លួន​យ៉ាងតិច130លាន​ផោន​ពី Barca ដើម្បី​លក់ Coutinho

    តារា​ឆ្នើម Philippe Coutinho របស់​ក្លិប Liverpool ពិតជា​ស្រេកឃ្លាន​ក្នុងការ​ផ្ទេរ​ទៅកាន់​ក្លិប Barcelona នៅ​ខែមករា នេះ ប៉ុន្តែ ក្លិប Liverpool ដែលមាន​មូលដ្ឋាន​នៅ​តំបន់ Merseyside មួយ​នេះ​នឹង​ទាមទារ​តម្លៃ​ខ្លួន​យ៉ាងហោចណាស់130លាន​ផោន (ស្មើនឹង176.7លាន​ដុល្លារ​អាមេរិក) ទើប​ពិចារណា​ទៅលើ​ការពិភាក្សាគ្នា​បាន។

    ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ បាន​បង្កើត​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ឡើងវិញ​នៅ​កីឡដ្ឋាន Anfield ខណៈដែល Coutinho បានបញ្ជាក់​យ៉ាងច្បាស់​ថា រូបគេ​នៅតែ​ចង់​ចាកចេញ បើទោះបី​ក្លិប Liverpool ព្យាយាម​ការពារ​ធនធាន​កីឡាករ​របស់​ក្លិប​ក៏ដោយ។

    ជាមួយនឹង​ការ​មាន​ជំហរ​ផ្ទុយគ្នា​ស្រឡះ​កាលពី​រដូវក្តៅ​មុន វា​នៅតែមាន​ភាព​ស្ងៀមស្ងាត់​នៅឡើយ​ទៅលើ​បញ្ហា​ថា Coutinho នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ ឬ​យ៉ាងណា​នោះ។ នៅពេលដែល​សំណើ​ដេញថ្លៃផ្សេងៗពី​ក្លិប Barcelona ត្រូវបាន​ផ្តល់​ឲ្យ​កាលពី​ខែកក្កដា ឆ្នាំមុន ក្លិប Liverpool បានចេញ​សេចក្តីប្រកាស​មួយ​ដើម្បី​បញ្ជាក់ថា ពួកគេ​នឹងមិន​លក់​តារា​ឆ្នើម​របស់ខ្លួន​ឡើយ។

    ប៉ុន្តែ នៅពេលនេះ ជំហរ​របស់លោក Klopp បាន​ផ្លាស់ប្ដូរ ហើយ​ពាក្យសម្តី​ដ៏​មុតមាំ​នានា​កាលពី​ខែកក្កដា និង​សីហា​នោះបាន​បាត់ស្រមោល​អស់ហើយ។ ជាមួយគ្នានេះដែរ Coutinho នៅតែមាន​ការប្តេជ្ញា​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប Barcelona ហើយ​បើទោះបី​ការព្រមព្រៀង​គ្នា​មួយ​អាច​នឹង​កើតឡើង​នៅ​ខែ​នេះ ដែល​នឹង​អនុញ្ញាត​ឲ្យ​រូបគេ​ចាកចេញ​នៅ​រដូវក្តៅ​ខាងមុខ​ក៏ដោយ ប៉ុន្តែ បំណង​របស់គេ​គឺ​ការចាកចេញ​នៅត្រឹម​ខែមករា​នេះ។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី12គ្រាប់​ក្នុងការ​បង្ហាញខ្លួន20លើក​នៅ​រដូវ​កាល​នេះ និង​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការជួយ​ឲ្យ​ក្រុម​ខ្លួន​ឈានទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League៕

    ប្រភពពី៖ The Telegraph

  • ការបង់ពន្ធ នឹងមាន​ភាពងាយស្រួល​បន្ទាប់ពី​មាន​វត្តមាន «E-Payment»

    ការបង់ពន្ធ នឹងមាន​ភាពងាយស្រួល​បន្ទាប់ពី​មាន​វត្តមាន «E-Payment»

    ដោយ​មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច និង​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​កាន់តែ​មានកា​រវិ​វត្ដ​ទៅមុខ ពិសេស​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បង្កើត​សេវាកម្ម​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “E-Payment” ដើម្បី​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ពន្ធ។

    ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​ភាពចាំបាច់​និង​កាត់បន្ថយ​ការចំណាយ​ពេលវេលា​រប​ស់​អតិថិជន​ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​គិតគូរ​ជាប្រចាំ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់​ការបង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​កាតព្វកិច្ច​បង់​ពន្ធ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្កើត​នូវ​សេវាកម្ម​អន​ឡាញ​ឈ្មោះថា E-Payment។ ឯកឧត្ដម​បន្ដថា រាល់​អ្នកមាន​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់​ដែល​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ គឺ​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បានទេ ព្រោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ក្នុង Database ដូច្នេះ​អ្នកមាន​កាតព្វកិច្ច​អាច​ទៅ​បង់​នៅតាម​ធនាគារ​បាន។ ផ្ទុយទៅវិញ​សម្រាប់​ក្រុមហ៊ុន ឬ​អ្នក​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ មាន​ទិន្នន័យ​ក្នុង Database ហើយ​នោះ​គឺអាច​ដំណើរការ​នៃ​ការបង់ពន្ធ​តាមរយៈ​សេវា E-Payment បាន។

    ឯកឧត្ដម គង់ វិបុល បាន​បញ្ជាក់ថា៖“អតិថិជន​ចង់​ប្រើប្រាស់​សេវា E-Payment លុះត្រា​តែមាន​ព័ត៌មាន​ច្បាស់លាស់ ត្រឹមត្រូវ​នៅក្នុង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ។ សេវាកម្ម​នេះហើយ​ដែល​អតិថិជន​ជាប់ពន្ធ​ទាំងអស់​ចង់បាន​ប្រើប្រាស់​ដើម្បី​ងាយស្រួល​បង់ពន្ធ។ ឧទាហរណ៍​ពេលខ្លះ​គាត់​នៅ​ការិយាល័យ​ធ្វើ​ការងារ​លុះដល់​ពេល​ប​ង់​ពន្ធ​គាត់​ត្រូវ​ឆ្លៀតពេល​ទៅ​បង់​នៅតាម​សាខា។ បើ​ដូច​កាលពី​ពេលមុន​តាម​សាខា​ខ្លះ​អតិថិជន​ទៅ​អត់​ជួប​មន្ដ្រី​របស់​យើង​ទៀត​ធ្វើឱ្យ​គាត់​ត្រូវ​អង្គុយ​រង់ចាំ។ ទោះយ៉ាងណា​បច្ចុប្បន្ន​យើង​ក៏បាន​ចាត់ចែង​មន្ដ្រី​ឱ្យ​ដាក់​វេន​គ្នា​ធ្វើការ​ងារ​ដូច​មន្ដ្រី​ធនាគារ​អ៊ីចឹង ព្រោះ​យើង​ដឹងថា​នៅពេល​អតិថិជន​មក​បង់ពន្ធ​មិន​ជួប​មន្ដ្រី​ត្រឡប់​ទៅវិញ​ប្រាកដជា​មួម៉ៅ​មិន​ខាន។ ផ្ទុយទៅវិញ​អតិថិជន​ដែល​ប្រើប្រាស់​សេវា E-Payment គាត់​មិនចាំបាច់​មកដល់​កន្លែង​បង់ពន្ធ​ទេ គាត់​នៅ​ការិយាល័យ​ធ្វើការ​ងារ​ក៏ដោយ​គ្រាន់​តែមាន​កុំព្យូទ័រ​ចូលទៅក្នុង​គេហទំព័រ អាច​ស្វែងរក​កន្លែង​បង់ពន្ធ​បាន​យ៉ាង​ងាយ ដែល​ចរន្ដ​នេះ​បាន​ជួយ​កាត់បន្ថយ​ការចំណាយ​ដល់​អតិថិជន​បាន​យ៉ាងច្រើន។

    ទោះបីយ៉ាងណា​ឯកឧត្ដម​អគ្គនាយក ក៏បាន​សម្ដែង​នូវ​អារម្មណ៍​មិនទាន់​ស្កប់​ចិ​ត្ដ​ចំពោះ​អ្វីដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បង្កើតបាន​នេះ​ទេ ខណៈ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កំពុងមាន​ទិសដៅ នឹងដាក់​សេវាកម្ម​មួយទៀត​ឱ្យ​អតិថិជន​ប្រើប្រាស់ គឺ​ការដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ។ ជាមួយគ្នានេះដែរ​ឯកឧត្ដម​បាន​បន្ថែមថា ការពិត​សេវាកម្ម​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវបាន​បង្កើតឡើង​ហើយ ប៉ុន្ដែ​ទាមទារ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទៅលើ​យន្ដការ​មួយចំនួន​ដែល​នៅ​សេសសល់ និង​ត្រូវការ​ពេលវេលា​ក្នុងការ​បង្រៀន​ដល់​អតិថិជន​ឱ្យ​ចេះ​ប្រើប្រាស់​ផងដែរ។

    ជាងនេះទៅទៀត​ដើម្បី​ធានាបាន​នូវ​សក្ដានុពល និង​តម្លាភាព​ក្នុង​កិច្ចការងារ​បម្រើសេវា​ជូន​អតិថិជន អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​បង្កើត​ប្រព័ន្ធ​មួយទៀត​ជា​លក្ខណៈ​ផ្ទៃក្នុង ដើម្បី​គ្រប់គ្រង​ធនធានមនុស្ស​ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិក​ទាំងអស់​ប្រឹងប្រែង​ធ្វើការ ឱ្យមាន​សក្ដានុពល និង​មាន​តម្លា​ភាពមិន​បក្សពួកនិយម។

    ឯកឧត្ដម គង់ វិបុល បាន​បញ្ជាក់ថា ទោះ​មាន​សេវាកម្ម​ល្អ​យ៉ាងណា​សម្រាប់​បម្រើ​ជូន​អតិថិជន​ក៏ដោយ​បើ​បុគ្គលិក​មិន​យក​ចិ​ត្ដ​ទុកដាក់​បម្រើ​ការងារ​ជូន​អតិថិជន ក៏​ការងារ​គ្មាន​សក្ដានុពល និង​ប្រសិទ្ធភាព​ដែរ ដូច្នេះ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​នេះ​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់​ទាំង​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម ត្រូវមាន​របាយការណ៍​ការងារ​រាយការណ៍​ប្រចាំថ្ងៃ​ទៅក្នុង​ប្រព័ន្ធ ដោយ​សូម្បីតែ​ខ្លួន​ឯកឧត្ដម​ផ្ទាល់​ក៏​ត្រូវធ្វើ​របាយការណ៍​ដែរ។ ឯកឧត្ដម បាន​បន្ថែមថា នៅពេល​មាន​ប្រព័ន្ធ​នេះ​យើង​ងាយស្រួល​ដឹងថា​បុគ្គលិក​ណា​ប្រឹងប្រែង​ធ្វើការ​ងារ ដោយ​ប្រព័ន្ធ​ជា​អ្នកវិភាគ​ឱ្យតែ​ម្ដង។

    គួរ​បញ្ជាក់ថា ប្រព័ន្ធ​ទាំងបី​ខាងលើ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​កំពុង​តែមាន ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមការងារ​វិស្វករ​ខ្មែរ​តែម្ដង៕