Category: សង្គម និងសេដ្ឋកិច្ច

  • ផ្នែកឯកជន​ស្នើ​​ឱ្យរាជរដ្ឋាភិបាល​បង្កើតតំបន់ SME ដើម្បីងាយស្រួលទទួលបានឥណទាន

    ផ្នែកឯកជន​ស្នើ​​ឱ្យរាជរដ្ឋាភិបាល​បង្កើតតំបន់ SME ដើម្បីងាយស្រួលទទួលបានឥណទាន

    អ្នក​ប្រកប​ធុរកិច្ច​ក្នុង​ផ្នែក​ឯកជន​បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល​គេ​ជឿថា​ជា​តួអង្គ​សំខាន់​មួយ​ដែរ​ក្នុង​ការចរចា​បង្កើត​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច និង​មធ្យម​តាមរយៈ​គម្រោង​បង្កើត​ធនាគារ​សហគ្រាស​ខ្នាតតូច និង​មធ្យម(SME Bank) ដែលមាន​ដើមទុន​ដំបូង100លាន​ដុល្លារ។

    ក្នុង​វេទិកា​ស្ដីពី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅថ្មីៗនេះ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកសំណើ​ដល់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ដើមទុន​ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម ដោយ​អនុញ្ញាតឱ្យ​សហគ្រិន​អាចមាន​លទ្ធភាពទទួល​បាន​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​របស់​រាជ​រដ្ឋាភិបាល​ដែល​ទើប​ផ្តួចផ្តើម​នឹង​បង្កើត​នាពេលឆាប់ៗនេះ។

    លោក​ឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ “វា​ជាប់​ពាក់ព័ន្ធ​ដល់​វិស័យ​កសិកម្ម​ យើង​ច្រើននោះ​គឺ​ការអភិវឌ្ឍ​ផ្នែក​សិប្បកម្ម និង​ឧស្សាហកម្ម​ធុន​តូច និងមធ្យម ដោយហេតុថា ថ្មីៗនេះ​សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែន មាន​គម្រោង​ដើម្បី​បង្កើត​នូវ​ធនាគារ អេស អឹម អុី (SME) ដូច្នេះ​អ្វីដែល​សំខាន់​ដែល​យើង​ចង់ដឹង​នោះ​គឺ តើ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នេះ អាច​ទទួលបាន​នូវ​ឥណទាន​ពី​ធនាគារ​នោះ​តាមរបៀប​ណា?”

    លោក​ឧកញ៉ា បាន​អះអាងថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​គ្របដណ្តប់​ភាគច្រើន ទាំង​ផលិតកម្ម ទាំង​ធនធានមនុស្ស និង​កម្លាំង​ពលកម្ម ព្រោះ​ហេតុដូចនេះ ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​មានដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ល្អ វា​មាន​ភាពចាំបាច់​ក្នុង​បង្កើត​តំបន់​អភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច និង​មធ្យម​មួយ​ឡើង។ ការបង្កើត​តំបន់​នេះ ត្រូវបាន​គេ​ជឿថា នឹង​ផ្តល់​ភាពងាយស្រួល​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុងការ​ទទួលបាន​ដើមទុន​សម្រាប់​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​តា​មរយៈ​ការទទួលបាន​កម្ចី ការអនុគ្រោះផ្សេងៗ មាន​ពន្ធ និង​តម្លៃ​ភ្លើងអគ្គិសនី​ជាដើម។

    ឧកញ៉ា លឹម ហេង បាន​បន្ថែមថា៖ “ដើម្បី​ងាយស្រួល​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួលបាន​កម្ចីយើង​ស្នើសុំ​ឲ្យ​ឯកឧត្តម (វេ​ង សាខុន)ជួយ ព្រោះ​ឯកឧត្តម​ច្បាស់​ជាមាន​ការចូលរួម​ជជែក​ជាមួយ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ធនាគារ​អេស​អឹម​អុីនេះ​ឱ្យ​កើតឡើង ហើយ​ខ្ញុំ​ស្នើសុំ​ឯកឧត្តម​ជួយ​ជំរុញ​ដល់​ការបង្កើត​តំបន់​សិប្បកម្ម និង​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម (អេស​អឹម​អុី)ផង”។

    មូល​ហេតុដែល​ត្រូវបង្កើត​តំបន់​នេះ ព្រោះថាបើ​នៅ​រាយប៉ាយ​ដូច​សព្វថ្ងៃ គឺ​មិន​ងាយ​នឹង​ទទួលបាន​ឥណទាន​នោះទេ។ លោក​ឧកញ៉ា បាន​លើក​ឧទាហរណ៍​ថា ដូច​ការទិញ​បុរី ឬ​សំណង់ផ្សេងៗអ៊ីចឹង ដែល​គេ​ងាយស្រួល​ទទួលបាន​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ ព្រោះ​គេ​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង​សំណង់​តាមរយៈ​ការបង់​រំលស់។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ទទួលយកសំណើ​របស់​តំណាង​សភាពាណិជ្ជកម្ម ដោយបាន​ឆ្លើយតប​ទៅវិញ​ថា គំនិត​បង្កើត​ធនាគារ​ អេស​ អឹម ​អុីនេះ គឺ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ជា​សាធារណៈហើយ ក្រោយ​ការជួបប្រជុំ​ជាមួយ​ផ្នែក​ឯកជន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។  ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​នឹង​ដួលរលំ បើសិនជា​គ្មាន​ការកែច្នៃ​ផលិតផល​សម្រាប់​នាំចេញ​ទេនោះ។ ការកែច្នៃគឺ​ត្រូវ​ពឹង​ផ្អែកលើ​ទីតាំង​ណាមួយ​ជាក់លាក់​ដែល​ថាមពល​អគ្គិសនី​មានតម្លៃ​ថោក មាន​ទីតាំង​សម្រាប់​កែច្នៃ​ប្រកបដោយ​ស្តង់ដារ​អនាម័យ​ខ្ពស់ ហើយ​ជាពិសេស​បំផុត​នោះ​គឺ មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ឥណទាន​សម្រាប់​ប្រតិបត្តិការ​តែម្តង។

    ជា​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អះអាងថា៖“ក្រោយពី​យើង​ប្រជុំ​ជាមួយ​ផ្នែក​ឯកជន​និយាយ​ពី​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​រួចហើយ យើង​ចង់បាន​ការផ្តល់​ឥណទាន​នេះ។ ខ្ញុំ​និយាយ​ពិត និង​ត្រង់​ទៅ គឺ​ខ្ញុំ​ចង់​ជំរុញ​រឿងនេះ…”។

    សូម​រំឭកថា កាលពី​ថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 ដែល​ទើប​កន្លងផុតទៅថ្មីៗនេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា នៅពេល​ខាងមុខ​កម្ពុជា​នឹង​បង្កើតឱ្យមាន​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​មួយទៀត ដើម្បី​ឈានទៅ​ផ្តល់​កម្ចី​ឥណទាន​ដល់​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​សហគ្រាស​ទាំងឡាយណា​ដែលមាន​គំនិត​ចង់​បង្កើត​សហគ្រាសឬ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ដែល​នេះ​ជាការ​ជំរុញ​ការបង្កើន​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក។

    សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​បាន​អះអាងថា រាជរដ្ឋាភិបាល​នឹង​ឈានទៅ​បង្កើតឱ្យមាន​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ដើមទុន 100លាន​ដុល្លារ​អាមេរិក ដែល​រំពឹងថា វា​នឹង​កាត់បន្ថយ​សម្ពាធ​ពី​ការខ្វះ​ដើមទុន និង​សម្ពាធ​ពី​ការប្រកួតប្រជែង​ថ្លៃដើម៕

  • នេះ​ជា​លើក​ទី1ហើយ ដែល Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​​ច្រើន​យ៉ាង​នេះ

    នេះ​ជា​លើក​ទី1ហើយ ដែល Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​​ច្រើន​យ៉ាង​នេះ

    សេ​អ៊ូ​ល៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង Samsung Electronics បានប្រកាស​ឱ្យដឹងថា នៅក្នុង​ឆ្នាំ 2017 កន្លងទៅនេះ ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំ​រហូតដល់ 46,9ពាន់​លាន​ដុល្លារ​អាមេរិក តិចជាង​ការព្យាករណ៍។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Korea Herald ចេញផ្សាយ​នៅ​ថ្ងៃទី 10 ខែមករា ឆ្នាំ 2018 បានឱ្យដឹងថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមហ៊ុន Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំឆ្នាំ​រហូតដល់ 46,9ពាន់​លាន​ដុល្លារ​អាមេរិក ដែល​តួលេខ​នេះ​មិន​ធ្លាប់​កើតមានឡើង​ចាប់តាំងពី​ក្រុមហ៊ុន​ត្រូវបាន​បង្កើត​នៅក្នុង 1969។

    ក្រុមហ៊ុន Samsung នៅ​មិនទាន់​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ 2017 ទាំងមូល​នោះទេ ប៉ុន្តែ​បានធ្វើ​ការព្យាករណ៍​ថា ប្រាក់ចំណេញ​ប្រចាំត្រីមាស​ទី3 ចន្លោះ​ខែតុលា-ធ្នូ ឆ្នាំ 2017 នឹង​ទទួលបាន 14,1ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុមអ្នកតាមដាន​បាន​ព្យាករណ៍​ថា មាន​ត្រឹមតែ 12,8ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

  • Everton ត្រៀម​លក់ Niasse ទៅ​ឲ្យ Crystal Palace, Brighton ឬ West Brom

    Everton ត្រៀម​លក់ Niasse ទៅ​ឲ្យ Crystal Palace, Brighton ឬ West Brom

    Oumar Niasse នឹងត្រូវ​ចាកចេញ​ពី​ក្លិប Everton នៅ​ខែម​ករានេះ ខណៈដែល​ក្លិប Crystal Palace, Brighton & Hove Albion និង West Bromwich Albion សុទ្ធសឹង​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​របស់​ពួកគេ​ទៅលើ​កីឡាករ​រូបនោះ។

    ក្លិប​ទូកក្តោង Everton មានបំណង​លក់​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ ហើយ​ពួកគេ​បានដាក់​តម្លៃ​ខ្លួន13លាន​ផោន (ស្មើនឹង17.6លាន​ដុល្លារ​អាមេរិក) ខណៈដែល​ក្លិប​ទាំង3សុទ្ធសឹង​មានបំណង​យល់ព្រម​លើ​តម្លៃ​ខ្លួន​តាម​ការស្នើសុំ​នេះ​ទាំងអស់។

    ហេតុនេះ Niasse មាន​ជម្រើស​ក្នុងការ​សម្រេចចិត្ត​ធ្វើដំណើរ​ទៅកាន់​ក្លិប​ណាមួយ ហើយ​និង​ត្រូវធ្វើ​ការសម្រេចចិត្ត​រប​ស់​គេ​ដោយ​ផ្អែកទៅលើ​ទីតាំង​ដែល​រូបគេ​ត្រូវ​លេង។ ខ្សែប្រយុទ្ធ​វ័យ27ឆ្នាំ​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ពាក់កណ្តាល​នៃ​រដូវ​កាល​នេះ បើទោះបីជា​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​មិនបាន​គ្រប់ការ​ប្រកួត និង​ពេលខ្លះ​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ចំនួន9លើក​ផ្សេងទៀត​ក៏ដោយ។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី6គ្រាប់ ពោល​គឺជា​មធ្យម​រូបគេ​រកបាន1គ្រាប់​ក្នុង​រយៈពេល101.6នាទី។

    ក្លិប Everton ទើបតែ​បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​តួ​ក​គី Cenk Tosun មកពី​ក្លិប Besiktas ក្នុងតម្លៃ​ខ្លួន27លាន​ផោន ហើយ​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​លោក Sam Allardyce អាច​នឹង​សម្លឹង​រក​ការទិញចូល​កីឡាករ​ថ្មី​បន្ថែមទៀត នៅមុន​ពេល​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នាពេល​បច្ចុប្បន្ន។ Everton បាន​ទិញយក Niasse ពី​ក្លិប Lokomotiv Moscow ក្នុងតម្លៃ​ខ្លួន13.5លាន​ផោន កាលពី​ខែកុម្ភៈ ឆ្នាំ2016៕

    ប្រភពពី៖ The Guardian

  • តារាស្រី ប៊ី ណាំធីប ស្រក់ទឹកភ្នែកខណៈឪពុកទទួលមរណភាព

    តារាស្រី ប៊ី ណាំធីប ស្រក់ទឹកភ្នែកខណៈឪពុកទទួលមរណភាព

    តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយនៅថ្ងៃទី9 ខែមករា ឆ្នាំ2018 នេះ បានសម្ដែងក្ដីសោកសៅ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះតារាសម្ដែងស្រីលំដាប់ជួរមុខ ប៊ី ណាំធីប  ចុងរ៉ាត់តៈវិប៊ូនយ៍​ និងក្រុមគ្រួសារដែលត្រូវបាត់បង់លោកឪពុកក្នុងវ័យ 70 ឆ្នាំ បានទទួលមរណភាពដោយសារការឆ្លងមេរោគក្នុងសរសៃឈាម និងបណ្ដាលឱ្យហើមស្លាប់ ក្រោយពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់មួយរយៈមក។

    គួរបញ្ជាក់ផងដែរថា លោកឪពុករបស់តារាសម្ដែងស្រី ប៊ី ណាំធីប ក្រៅពីមានអាការរោគខាងលើហើយ លោកក៏មានអាការជំងឺបេះដូងពិការ និងកើតខ្យល់គ រហូតដល់ដួលបែកឆ្អឹងកងខ្នង។ នៅលើបណ្ដាញអ៊ីនស្តាក្រាមរបស់តារាស្រីរូបនេះ មានបង្ហោះវេលាកំណត់ និងកម្មវិធីធ្វើបុណ្យសព និងឧទ្ទិសកុសលជូនលោកឪពុកនៅក្នុងអំឡុងពីថ្ងៃទី 7 រហូតដល់ថ្ងៃទី10 ខែមករា ហើយសពនឹងត្រូវធ្វើពិធីបូជានៅថ្ងៃទី11 ខែមករា ឆ្នាំ2018 នេះ៕

  • អតីតសមាជិកដៃគូចម្រៀង Golf-Mike ឡើងកូដជាតារាសម្ដែងនៅហូលីវូដ

    អតីតសមាជិកដៃគូចម្រៀង Golf-Mike ឡើងកូដជាតារាសម្ដែងនៅហូលីវូដ

    ដោយយោងតាមសារព័ត៌មាន Teenee ដែលចេញផ្សាយនៅថ្ងៃទី9 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា អតីតដៃគូចម្រៀងបងប្អូនប្រុសកូនកាត់ថៃ-ជប៉ុន គឺសមាជិកក្រុមចម្រៀង Golf-Mike គឺលោក Mike PiratNitipaisalkul បានសម្រេចការងារយ៉ាងជោគជ័យជាមួយក្រុមការងារ Creative Artists Agency (CAA) នៅប្រទេសចិន និងបណ្ដាលឱ្យមានអ្នកគាំទ្រជនជាតិ ចិន ជប៉ុន កូរ៉េ និងក្នុងតំបន់អាស៊ានបង្ហាញការគាំទ្រការសម្ដែងរបស់លោកកាន់តែច្រើនឡើងៗនោះ ខណៈនេះ ក្រុមការងារ CAA បានសម្រេចយករូបលោក និងធ្វើការចុះកុងត្រាធ្វើជាតារាសម្ដែងនៅហូលីវូដ ក្រោមការគ្រប់គ្រងរបស់ Agency មួយនេះហើយ។

    គួរបញ្ជាក់ផងដែរថា ក្រុមការងារ Creative Artists Agency ឬហៅកាត់ថា CAA  គឺជាក្រុមការងារដែលបានគ្រប់គ្រងតារាល្បីៗរបស់ហូលីវូដជាច្រើនរួមមាន Brad Pitt, Tom Cruise, Natalie Portman, Emma Watson, Will Smith, Johnny Depp, Ryan Gosling, Nicole Kidman និងពន្លកតារាហូលីវូដថ្មីៗជាច្រើនរូបទៀតផងដែរ។

    តារាចម្រៀង និងជាតារាសម្ដែងកូនកាត់រូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកមានអារម្មណ៍សប្បាយចិត្ត និងរំភើបបំផុត ដែលក្នុងនាមជាតារាសម្ដែងរបស់ប្រទេសថៃម្នាក់ អាចបោះជំហានអភិវឌ្ឍន៍ខ្លួនទៅជាតារាសម្ដែងនៅក្នុងក្រុមការងារដ៏ធំមួយរបស់ហូលីវូដ។ លោកបន្ដថា លោកនឹងខិតខំព្យាយាមហ្វឹកហាត់ការសម្ដែងបន្ថែម រួមទាំងការនិយាយភាសាអង់គ្លេសផងដែរ ដើម្បីធ្វើជាកម្លាំងជំរុញចិត្តជូនដល់ប្រជាជនថៃ និងមានមោទនភាពគាំទ្រចំពោះរូបលោកកាន់តែខ្លាំងឡើងថែមទៀតផងដែរ៕

  • ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ទាប​ជាង​ចិន​ជិត 4ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ2017

    ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ទាប​ជាង​ចិន​ជិត 4ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ2017

    ភាពខុសគ្នា​រវាង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​នៅតែ​ឆ្ងាយ​ពីគ្នា​រហូតដល់​ជិត4ពាន់​លាន​ដុល្លារ​ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បេ្ត​ជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ធំ​បន្ថែមទៀត​នៅ​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​បន្តបន្ទាប់។

    យោងតាម​ទិន្នន័យ​ការនាំចេញ និង​នាំចូល​របស់​អគ្គនាយក​ដ្ឋា​ន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (កាំកុងត្រូល) នៃ​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា មាន​ទំនិញ​យ៉ាងហោចណាស់ 13 មុខ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ចិន ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ជិត 634លាន​ដុល្លារ ក្នុង​រយៈពេល11ខែ​ក្នុង​ឆ្នាំ2017។ មុខទំនិញ​សំខាន់​ដែល​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន រួមមាន ៖ ផល​នេសាទ ដំឡូង​មី​ស្ងួត ម្សៅដំឡូង​មី គ្រាប់ស្វាយចន្ទី អង្ករ​ប្រេងដូង​មិនទាន់​ចម្រាញ់ ម្សៅ​កា​កាវ កៅស៊ូ​ក្រែប ឈើ​កែច្នៃ ដែល​សរុប​ជា​ទឹកប្រាក់​មាន​ជាង 110 លាន​ដុល្លារ។ ទំនិញ​ខាងលើ​មាន​មូលដ្ឋាន​ដាំ​ដុះ ផលិត​និង​កែច្នៃ​បឋម​នៅ​កម្ពុជា។ ក្នុងចំណោម​ផលិតផល​របស់​កម្ពុជា​ទាំងនោះ អង្ករ​ជា​ទំនិញ​សំខាន់​ជាងគេ​ក្នុងការ​នាំចេញ​ទៅកាន់​ប្រទេស​ចិន ដោយមាន​ចំនួន​ទឹកប្រាក់​ជិត 90លាន​ដុល្លារ​អាមេរិក។

    កម្ពុជា​ក៏មាន​នាំចេញ​ផលិតផល​ខ្លះទៀត​ទៅកាន់​ទីផ្សារ​ចិន​ដែរ ដូចជា​ក្រណាត់ ស្បែក ស្បែក​កែច្នៃ សម្លៀកបំពាក់​របស់​វា​យ​ន​ភណ្ឌ និង​ស្បែកជើង និង​ទំនិញផ្សេងៗទៀត ដែលមាន​ទឹកប្រាក់​សរុប ជិត 524លាន​ដុល្លារ​អាមេរិក។  ផលិតផល​ទាំងនេះ ភាគច្រើន​កម្ពុជា​នាំ​វត្ថុធាតុដើម​ចូល ហើយ​កម្ពុជា​គ្រាន់តែ​លក់​កម្លាំង​ពលកម្ម​សម្រាប់​កាត់ដេរ​ប៉ុណ្ណោះ។

    របាយការណ៍​របស់​កាំ​កុងត្រូល​ដដែល​បាន​បង្ហាញថា កម្ពុជា​នាំចូល​ទំនិញ​ពី​ចិន​មិន​តិចតួច​នោះទេ ដែលមាន​ទឹកប្រាក់​សរុប​រហូតដល់​ទៅជិត 4.481លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល 11ខែ​ក្នុង​ឆ្នាំ2017។ ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ចិន​មកវិញ មាន​ទាំង​ទំនិញ​កសិកម្ម និង​ទំនិញ​ធុន​ធ្ងន់ ដែល​រួមមាន៖ សាច់​ស្រស់ ផល​នេសាទ ទឹកដោះ និង​ផលិតផល​ពី​ទឹកដោះ បន្លែស្រស់ ផ្លែឈើ​ស្រស់ ស្រូវ​សាលី និង​ទំនិញ​កសិកម្មផ្សេងៗទៀត។ ក្រៅពី​ទំនិញ​ខាងលើ នៅមាន​ទំនិញ​ជាច្រើន​ទៀត​ដែល​ចិន​នាំចូល​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា ដូចជា​ចំណី​សត្វ ថ្នាំជក់ និង បារី ឧស្ម័ន សារធាតុ​គីមី សេរ៉ូម និង​ឱសថ ជី​កសិកម្ម​សម្ភារ​កាត់​ដេរ ស្បែកជើង វត្ថុធាតុដើម​ផលិត​ស្បែកជើង សម្ភារ​សំណង់ រថយន្ត ម៉ូតូ និង ផ្សេងៗទៀត។

    ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក្នុងជំនួប​ជាមួយ ឯកឧត្តម WANG Bingnan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែវិច្ឆិកា​ក្នុង​ឆ្នាំ2017 បាន​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នឹង​កើនឡើង​លើស 5ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ព្រមទាំង​នឹង​រីក​ធំ​រហូតដល់ 6ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2020 ខាងមុខ។

    ឯកឧត្តម ស៊ា​ង ថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ដែលមាន​សម្លៀកបំពាក់ និង​ស្បែកជើង ក្រសួងពាណិជ្ជកម្ម​នឹង​ខិតខំ​ចរចា​ដើម្បី​បើក​ច្រក​ពាណិជ្ជកម្ម​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី (EAEU) ដែលមាន​សមាជិក​ចំនួន 5 ប្រទេស​គឺ រួមមាន​រុស្ស៊ី បេឡា​រុស កា​ហ្សា​ក់​ស្ថាន គី​ហ្ស៊ី​ស្ថាន និង​អា​មេ​នី​បន្ថែមទៀត ព្រោះ​កន្លងមក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​នៃ​ប្រទេស​ទាំងនោះ​ស្ថិតនៅ​តូច​នៅឡើយ។

    សម្រាប់​ទីផ្សារ​ប្រទេស​ចិន ថ្វីដ្បិតតែ​ចិន​អនុញ្ញាតឱ្យ​ផលិតផល​កសិកម្ម​កម្ពុ​ជា​រាប់រយ​មុខ​នាំចូល​ទៅកាន់​ទីផ្សារ​ចិន​ដោយ​ទទួលបាន​ការលើកលែង​ពន្ធ​មែន ប៉ុន្តែ​មាន​ទំនិញ​តែ​មិន​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដែល​ចិន​អនុញ្ញាតឱ្យ​នាំចូល៕

  • ហង្សមាស ទម្លាយរឿងមិនធ្វើសន្និសីទសារព័ត៌មានស្វាគមន៍លោក ខេមរៈ​ សិរីមន្ដ ដូចជាកូនប្រុស ព្រាប សុវត្ថិ

    ហង្សមាស ទម្លាយរឿងមិនធ្វើសន្និសីទសារព័ត៌មានស្វាគមន៍លោក ខេមរៈ​ សិរីមន្ដ ដូចជាកូនប្រុស ព្រាប សុវត្ថិ

    នៅថ្ងៃម្សិលមិញនេះ ខាងផលិតកម្មរស្មីហង្សមាស បានរៀបចំធ្វើកម្មវិធីសន្និសីទសារព័ត៌មានស្វាគមន៍តារាចម្រៀងថ្មីវ័យក្មេង និងជាអនាគតកំពូលតារាចម្រៀងប្រចាំទ្រនំរស្មីហង្សមាស គឺកូនប្រុសទាំង 3 រូបរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ រួមមាន សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាត និងសុវត្ថិ សិរីវឌ្ឍ ដែលត្រូវបានចុះកុងត្រាក្លាយជាតារាចម្រៀងរបស់រស្មីហង្សមាសក្នុងពេលតែមួយ។

    ទន្ទឹមនឹងមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ផលិតកម្មខាងលើ ចំពោះកូនប្រុសរបស់លោក ព្រាប សុវត្ថិ នៅក្នុងនោះមហាជនសង្កេតឃើញថា ផលិតកម្មដែលនាំមុខគេខាងផ្នែកកម្សាន្ដទី1 នៅប្រទេសកម្ពុជាមួយនេះ ពុំធ្លាប់ធ្វើកម្មវិធីសន្និសីទសារព័ត៌មានស្វាគមន៍តារាចម្រៀងថ្មីណាមួយឡើយ សូម្បីតែវត្តមានរបស់កំពូលតារាចម្រៀងដែលទាក់ទាញចិត្តយុវវ័យបំផុតគឺ លោក ខេមរៈ​ សិរីមន្ដ ដែលបានឈានជើងចូលមករួមទ្រនំគ្រួសារហង្សមាសនោះ ក៏គ្មានការរៀបចំធ្វើសន្និសីទសារព័ត៌មានស្វាគមន៍វត្តមានរបស់រូបលោកដែរ។ ចុះហេតុអ្វីបានជា ហង្សមាស ដូចជារាក់ទាក់ និងលើកតម្កើងចំពោះក្រុមគ្រួសាររបស់ ព្រាប សុវត្ថិ យ៉ាងនេះ?

    ស្របគ្នានោះដែរ អគ្គ​នាយក​រង​ផលិតកម្ម​ហង្សមាស​លោកស្រី អ៊ឹង គឹមលាង បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា «កន្លងមកខាងផលិតកម្មរស្មីហង្សមាសមានការជ្រើសរើស និងស្វែងរកតារាចម្រៀងថ្មីមកចូលរួមជាសមាជិកគ្រួសារហង្សមាស តាមបែបផែនខុសគ្នា នៅក្នុងនោះយើងក៏មានរៀបចំកម្មវិធីប្រឡងចម្រៀងជាច្រើន ដូចជា The Voice Cambodia , The Voice Kid Cambodia , Cambodian Idol និង Cambodian’s got Talent​ ជាដើម តែយ៉ាងណាមិញ ខាងផលិតកម្មក៏មិនបានផ្អែកទៅលើការប្រឡងចម្រៀងតែមួយមុខក្នុងការស្វែងរកតារាចម្រៀងដែលមានទេពកោសល្យនោះដែរ ពោលគឺចំពោះតារាចម្រៀងដទៃទៀត ក៏មានការរៀបចំពីសំណាក់ក្រុមការងាររបស់ផលិតកម្ម រស្មីហង្សមាស មួយក្រុមផ្សេងទៀតដែរ»។

    ជាចុងក្រោយ អគ្គ​នាយក​រង​ផលិតកម្ម​ហង្សមាសក៏បានបញ្ជាក់បន្ថែមទៀតដែរថា ដោយហេតុសង្កេតឃើញថា តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានប្រជាជនខ្មែរចាត់ទុកលោកជាកំពូលតារាចម្រៀងនៅក្នុងដួងចិត្ត ជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា និងពិសេសជាងនេះគឺលោកជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសផ្ទាល់ ការដែលរៀបចំធ្វើកម្មវិធីសន្និសីទសារព័ត៌មាន គឺជាការស្វាគមន៍ឈាមជ័ររបស់លោក ព្រាប សុវត្ថិ ទាំងមូល ដែលជាតារាចម្រៀងប្រកបដោយទេពកោសល្យ ដែលនឹងផ្ដល់រសជាតិថ្មីសម្រាប់ប្រជាជនខ្មែរទាំងបច្ចុប្បន្ន និងនាពេលខាងមុខនេះ៕

  • ទាំងនេះ​គឺជា​បុគ្គលិក 10រូប ដំបូង​គេ​បំផុត​របស់ Facebook

    ទាំងនេះ​គឺជា​បុគ្គលិក 10រូប ដំបូង​គេ​បំផុត​របស់ Facebook

    ពិភពលោក​បានទទួល​ស្គាល់ និង​ដឹង​ច្បាស់​ថា លោក Mark Zuckerberg គឺជា​ក្បាលម៉ាស៊ីន​ធំ​ដែល​ដឹកនាំ​បណ្ដាញ​សង្គម Facebook រហូត​ទទួលបាន​ជោគជ័យ ដែល​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ច្រើនជាង 2ពាន់​លាន​នាក់។ ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​នាំ​លោកអ្នក​ទៅ​ស្គាល់​បុគ្គលិក 10រូប​ដំបូង​បំផុត​របស់ Facebook។

    1 – លោក Gilles Mischler

    លោក Gilles Mischler ជា​បុគ្គលិក​ជំនាញ IT ដោយបាន​ចូល​បម្រើ​ការងារ​នៅក្នុង​បណ្ដាញ​សង្គម Facebook នៅ​ខែមិថុនា ឆ្នាំ2005 ។ វិស្វករ​ជំនាញ​ម្នាក់នេះ​បាន​ជួយ​រចនា និង​បង្កើត​នូវ​អ្វីថ្មីៗជាច្រើន សម្រាប់ Facebook ប៉ុន្តែ​នៅ​ឆ្នាំ2010 លោក​បាន​លាឈប់ ដោយ​ទៅ​បង្កើត​គេហទំព័រ SiteOps ដែល​ផ្ដោត​សំខាន់​លើ​ជំនាញ IT និង​បានធ្វើការ​ក្រៅ​ម៉ោង​នៅក្នុង​ក្រុមហ៊ុន Disney, Playdom និង​ចុងក្រោយ​គឺ​នៅ Nokia។

    2 – លោក Aaron Sittig

    មិន​ច្បាស់​ថា បុរស​ម្នាក់នេះ ចូលធ្វើការ​នៅ​ក្រុមហ៊ុន Facebook ក្នុង​ខែ​ណា​នោះទេ គ្រាន់តែ​ដឹងថា ចូល​ក្រោយ​លោក Mischler តែ​នៅក្នុង​ឆ្នាំ 2005។ លោក Aaron Sittig បាន​ចាក​ចេញពី Facebook វិញ​នៅ​ចុងឆ្នាំ 2010។ លោក Aaron Sittig គឺជា​អ្នកបង្កើត​មុខងារ Tagging និង Liking សម្រាប់​ការ Post នៅលើ​បណ្ដាញ Facebook។ បើតាម​ការបញ្ជាក់​ពី​មនុស្ស​ជំនិត Mark Zuckerberg បានឱ្យដឹងថា មានតែ Aaron Sittig ដែលជា​អតីត​បុគ្គលិក​Facebook ដំបូង​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅ​ចូលរួម​មង្គលការ​របស់ Mark Zuckerberg។

    3 – លោក Chris Hughes

    ជា​មនុស្ស​ម្នាក់​ដែល​ស្និទ្ធ​នឹង Mark Zuckerberg តាំងពី​បង្កើត Facebook ដោយមាន​តួនាទី ជា​អ្នកនាំពាក្យ​របស់ Facebook។ នៅក្នុងពេល​បម្រើការ​ងា​រ​នៅ Facebook លោក Chris Hughesបាន​ដើរតួនាទី​ជា​អ្នកនាំពាក្យ​របស់ Facebook បាន​យ៉ាង​ល្អ ប៉ុន្តែ​នៅ​ឆ្នាំ2012 លោក​បាន​ចាក​ចេញពី​បណ្ដាញ​សង្គម​មួយ​នេះ ដោយ​ទៅ​បម្រើ​ការងារ​នៅក្នុង​កាសែត The New Republic ក្នុងតួនាទី​ជា​និពន្ធ​នាយករង។

    4 – លោក James Pereira

    មិន​ច្បាស់​ថ្ងៃ​ចូលធ្វើការ​នៅ Facebook ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា គាត់​បាន​ចាកចេញ​នៅ​ឆ្នាំ2007 ក្នុងតួនាទី​ជា​វិស្វករ។ ក្រោយ​ចាក​ចេញពី Facebook ពុំមាន​ព័ត៌មាន​ទាក់ទង​នឹង​លោក​ឡើង ប៉ុន្តែតាមរយៈ Facebook Page របស់គាត់​បានឱ្យដឹង​ថា គាត់​បានបញ្ចប់​បរិញ្ញាបត្រ​នៅ Pacific Northwest College of Art ក្នុង​ឆ្នាំ2010 និង​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Portland។

    5 – លោក Steve Chen

    ជា​បុគ្គលិក​ផ្នែក​វិស្វកម្ម​កំពូល​របស់ Facebook នៅក្នុង​ឆ្នាំ2005 ប៉ុន្តែ​គួរឱ្យ​ស្ដាយ​គាត់​បាន​ចាក​ចេញពី Facebook ដោយ​ទៅ​បង្កើត YouTube រហូត​ក្លាយជា​មហាសេដ្ឋី ព្រោះ YouTube ត្រូវបាន Google ទិញយក​នៅ​ខែវិច្ឆិកា ឆ្នាំ2006 ក្នុងតម្លៃ 1,65ពាន់​លាន​ដុល្លារ​អាមេរិក។

    6 – លោក Eduardo Saverin

    ត្រូវបាន​គេ​ស្គាល់​ថា ជា​សហ​ស្ថាបនិក​មួយរូប​ក្នុងចំណោម 5រូប ដែល​បាន​បង្កើត Facebook រហូត​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​គាត់​ថា “The Social Network”។ លោក Eduardo Saverin ជា​បុគ្គលិក​មួយរូប ដែលមាន​ភាគហ៊ុន​នៅ Facebook ច្រើនជាងគេ​រហូតដល់ 30ភាគរយ នៃ​ភាគហ៊ុន Facebook ទាំងមូល ប៉ុន្តែ​ក្រោយមក លោក​បាន​លក់​ភាគហ៊ុន ដោយ​ទុក​ត្រឹមតែ 5ភាគរយ​ប៉ុណ្ណោះ។

    7 – លោក Daniel Neff

    លោក Daniel Neff ជា​បុគ្គលិក​ម្នាក់​ក្នុងចំណោម​បុគ្គលិក​ដំបូង​គេ​របស់ Facebook ដែល​បាន​ចូល​ម​ប្រើ​ការងារ​តាំងពី​ឆ្នាំ2005 ប៉ុន្តែ​គាត់​បាន​ចាក​ចេញពី Facebook ទៅ​បម្រើ​ការងារ​នៅ Adobe Systems ជា​ប្រធាន​ប្រតិបត្តិការ។

    08 – លោក Karel Baloun

    ជា​បុគ្គលិក​ផ្នែក​វិស្វករ​នៅ Facebook ប៉ុន្តែ​បាន​ចាកចេញ​វិញ​នៅ​ឆ្នាំ2006 ជាមួយនឹង​ពាក្យ​ចចាមអារ៉ាម​ថា គាត់​បាន​ចាកចេញ​ដើម្បី​បង្កើត​កម្មវិធី i2we ដែលជា​ក្រុមហ៊ុន​មួយ​បង្កើត​រាល់ App សម្រាប់​បណ្ដាញ​សង្គម ប៉ុន្តែ​ក្រោយមក មាន​ព័ត៌មាន​ថា គាត់​គឺជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​តាម​ទូរស័ព្ទដៃ Leap Commerce។

    9 – លោក Adam D’Angelo

    ជា​មិត្ត​ភ័ក្តិ​កាលពី​ក្មេង​របស់ Mark Zuckerberg ហើយ​ត្រូវបាន​ចូល​បម្រើ​ការងារ​នៅ Facebook ក្នុង​ចុងឆ្នាំ2006 ជា​ប្រធាន​បច្ចេកវិទ្យា និង​ជា​អ្នកបង្កើត App ឱ្យ Facebook ដំបូង​គេ។ គាត់​បាន​ចាក​ចេញពី Facebook នៅក្នុង​ឆ្នាំ2008 ជាមួយនឹង​ភាគហ៊ុន 8ភាគរយ ដែលមាន​តម្លៃ​ប្រមាណ​ជា 680លាន​ដុល្លារ​អាមេរិក ដោយ​ទៅ​បង្កើត​គេហទំព័រ​សំណួរ-ចម្លើយ Quora។

    10 – លោក Honorable Menion: Joe Green

    ជា​បុគ្គល​មួយរូប ដែល​ជួយ Mark Zuckerberg បង្កើត “Facemash” (ឈ្មោះ​ដំបូង​របស់ Facebook) តាម​ការជួយ​ណែនាំ​ពី​ឪពុក​របស់ Mark Zuckerberg ប៉ុន្តែ​ក្រោយមក​មិនដឹងថា គាត់​ទៅណា​នោះទេ៕

  • Coutinho បំពេញ​ការផ្ទេរ​ជា​ក្តី​ស​ម្រៃ​របស់គេ​ទៅកាន់ Barcelona

    Coutinho បំពេញ​ការផ្ទេរ​ជា​ក្តី​ស​ម្រៃ​របស់គេ​ទៅកាន់ Barcelona

    Philippe Coutinho បាន​និយាយថា រូបគេ​កំពុង​តែមាន​គោលដៅ​ឈ្នះ​ពាន​នានា​នៅឯ​ក្លិប Barcelona ក្រោយពី​បាន​បំពេញ​ការផ្ទេរ​ជា​ក្តី​សុបិន​របស់គេ​ជា​ផ្លូវការ​ក្នុងតម្លៃ​ខ្លួន160លាន​អឺរ៉ូ (ស្មើនឹង192លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Liverpool កាលពី​ថ្ងៃ​ចន្ទ។

    ខ្សែបម្រើ​ស្លាប​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល5ឆ្នាំ ក្នុង​កម្មវិធី​មួយ ខណៈដែល​រូបគេ​បាន​អង្គុយ​ជាប់​ជាមួយនឹង​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu ដើម្បី​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​លំដាប់​ទី3ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡាបាល់ទាត់។

    ក្រោយពី​បានបង្ហាញ​ខ្លួន​នៅឯ​កីឡដ្ឋាន Camp Nou ក្នុងនាម​ជា​កីឡាករ​របស់ Barcelonaរួចមក ខ្សែបម្រើ​ស្លាប Coutinho បាន​ឲ្យ​ដឹងថា៖ «វា​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ និង​ក៏​ជា​ក្តី​សុបិន​មួយ​ក្នុងការ​មក​ទីនេះ​ផងដែរ។ ខ្ញុំ​មាន​គោលដៅ​ជាច្រើន ពោលគឺ​ក្នុងការ​មក​ទីនេះ ដើម្បី​រីករាយ​ឈ្នះ​ពាន និង​ជួប​ភាព​រំភើប។ ខ្ញុំ​គិតតែ​លើ​បញ្ហា​នេះ​ប៉ុណ្ណោះ»។

    នៅ​មុនពេល​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ចុះហត្ថលេខា​លើ​កុងត្រា​របស់គេ ក្លិប Barcelona បាន​បញ្ជាក់ថា បញ្ហា​របួស នឹង​ពន្យារពេល​នៃ​ការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ រហូតដល់​ចុងខែ​មករា។ ក្រុម​កំពុងតែ​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ La Liga មួយ​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា Liverpool បាន​កាត់បន្ថយ​ចំនួន​នៃ​តម្លៃ​ខ្លួន​ដែល​បានស្នើ​សុំ​ពី​តម្លៃ​ខ្លួន200លាន​អឺរ៉ូ ក្រោយពី​ការអូសបន្លាយ​ពេល​នៃ​ការផ្ទេរ​មួយ​នេះ អស់​រយៈពេល​ដ៏​យូរ​ចាប់តាំងពី​រដូវក្តៅ​មុន។

    ការផ្ទេរ​នេះ​មានន័យថា Coutinho នឹង​ក្លាយជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​លំដាប់​ទី3 ក្រោយពី​ក្លិប Paris Saint-Germain បាន​ចំណាយ​ប្រាក់222លាន​អឺរ៉ូ ដើម្បី​ទិញ Neymar ពី​ក្លិប Barcelona មុនពេល​ជះ​ទឹកប្រាក់180លាន​អឺរ៉ូ ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Kylian Mbappe ពី​ក្លិប Monaco ក្នុង​រូបភាព​ខ្ចី​ជើង​សិន មុននឹង​បំពេញ​ការផ្ទេរ​នៅពេល​បញ្ចប់​រដូវ​កាល​បច្ចុប្បន្ន៕

    ប្រភពពី៖ Sport24

  • ប៉ូលិសឃាត់ខ្លួន Mario Maurer បង្កជម្លោះជាមួយអ្នកបើករថយន្ដតាក់ស៊ី

    ប៉ូលិសឃាត់ខ្លួន Mario Maurer បង្កជម្លោះជាមួយអ្នកបើករថយន្ដតាក់ស៊ី

    តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយនៅថ្ងៃទី9 ខែមករា ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាសម្ដែងឯកប្រុស Mario Maurer បានបើករថយន្ដប្រណីតរបស់ខ្លួនប្រជែងមុខរថយន្ដតាក់ស៊ីបណ្ដាលឱ្យមានជម្លោះជេរគ្នាទៅវិញទៅមក រហូតដល់អ្នកបើកតាក់ស៊ីក្ដៅស្លឹកត្រចៀកខ្លាំង ក៏ទាញចម្ពាមកៅស៊ូ មកបាញ់កញ្ចក់រថយន្ដរបស់តារាសម្ដែងប្រុសរូបនេះ បែកខ្ចាយ។ មន្ត្រីប៉ូលិសបានឃាត់ខ្លួនតារាឯកប្រុសរូបនេះ និងអ្នកបើករថយន្ដតាក់ស៊ីនៅក្នុងស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរដំណើររឿង។

    អ្នកបើករថយន្ដតាក់ស៊ីបានប្រាប់មន្ត្រីប៉ូលិសថា មុនពេលកើតហេតុ លោកបានបើករថយន្ដតាមបណ្ដោយផ្លូវ ផ្រៈរ៉ាម 6 រួចបត់ស្ដាំ លុះមកដល់ផ្លូវបំបែកក៏ត្រូវរថយន្ដរបស់តារាសម្ដែងប្រុស Mario Maurer បើកវ៉ាប្រជែងកាត់មុខរថយន្ដលោក ថែមទាំងបើកកញ្ចក់មកជេរស្ដីបន្ទោសលោកទាំងសម្ដីមិនសមរម្យទៀតផង។ មុនពេលដែលបានជេរតបគ្នាទៅវិញទៅមក លោក និងតារាប្រុសរូបនេះ បានបើករថយន្ដមកចតម្ដុំហួសភ្លើងស្ដុបផ្លូវបំបែកប្រៈទូណាម  គិតថាបម្រុងនឹងចុះមកនិយាយសម្របសម្រួលគ្នា តែផ្ទុយទៅវិញ លោកទ្រាំនឹងសម្ដីរបស់តារាប្រុសរូបនេះមិនបាន ក៏ទាញចម្ពាមកៅស៊ូ និងគ្រាប់ដុំថ្មពីក្នុងរថយន្ដ ហើយបាញ់បំបែកកញ្ចក់រថយន្ដខ្លួនឯងខាងឆ្វេង និងធ្លាយទៅបំបែកកញ្ចក់រថយន្ដតារាប្រុសរូបនេះខាងស្ដាំ បណ្ដាលឱ្យកញ្ចក់រថយន្ដទាំងពីរគ្រឿងបែកខ្ចាយក្នុងពេលតែមួយតែម្ដង។

    ចំណែកឯតារាសម្ដែងវ័យ 29 ឆ្នាំរូបនេះបាននិយាយថា លោកសូមមិនផ្ដល់សម្ភាសន៍អ្វីទាំងអស់ ពាក់ព័ន្ធជាមួយករណីដែលបានពោលខាងលើនេះ លោកសូមបញ្ចប់ និងមិនចង់ឱ្យមានរឿងកាន់តែធំជាងនេះតទៅទៀតទេ។ គួរបញ្ជាក់ផងដែរថា មន្ដ្រីបូលិសបានសម្រេចឱ្យតារាសម្ដែងប្រុសខាងលើនេះ សងថ្លៃការខូចខាត និងសងថ្លៃជំងឺចិត្តចំពោះការបង្កហេតុមិនល្អទៅលើអ្នកបើករថយន្ដតាក់ស៊ីក្នុងប្រាក់សំណងសមរម្យមួយ ដើម្បីបញ្ចប់រឿងត្រឹមហ្នឹង៕