Category: សង្គម និងសេដ្ឋកិច្ច

  • តើ​ការជួល​ផ្ទះ​គេ​នៅ និង​ការទិញ​ផ្ទះ​បង់​រំលស់​មួយណា​ចំណេញ​ជាង?

    តើ​ការជួល​ផ្ទះ​គេ​នៅ និង​ការទិញ​ផ្ទះ​បង់​រំលស់​មួយណា​ចំណេញ​ជាង?

    បច្ចុប្បន្ន​និន្នាការ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​សម្រាប់​រស់នៅ​កំពុងមាន​ភាព​ផុសផុល​យ៉ាងខ្លាំង ខណៈដែល​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង​ជាច្រើន​បាន​សហការ​ជាមួយ​ធនាគារ​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​អាច​ទិញ​ផ្ទះ​បង់​រំលស់​បានយូរ​ឆ្នាំ ទន្ទឹមគ្នា​នេះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​នៅតែ​ជ្រើស​យក​ការជួល​ផ្ទះ​គេ​ស្នាក់នៅ ដោយ​គិតថា​មិន​ចង់​ជាប់ជំពាក់​បំណុល​ធនាគា​រ។ ដូច្នេះ​ទើប​គេ​សួរថា តើ​ការទិញ​ផ្ទះ​បង់​រំលស់ និង​ការជួល​ផ្ទះ​គេ​នៅ មួយណា​ចំណេញ​ជាង?

    លោកស្រី ឃិត សុភ័ក្ត្រ ដែល​សព្វ​ថ្ងៃជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ភ្នំពេញ​ថ្មី​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​បាន​និយាយថា រាល់ថ្ងៃ​លោកស្រី​បាន​ជួល​ផ្ទះ​គេ​នៅ​ដែលមាន​តម្លៃ 200ដុល្លារ ក្នុង​មួយខែ។ លោកស្រី​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​នៅ​ខ្លួនឯង​នោះទេ បើទោះជា​ត្រូវ​ទិញ ដោយ​ការបង់​រំលស់​ក៏​តម្រូវឱ្យមាន​ប្រាក់​ផ្ទាល់ខ្លួន​យ៉ាងហោចណាស់30%ដើម្បី​បង់​ដំណាក់កាល​ដំបូង​ដែរ ហើយ​លក្ខខណ្ឌ​នៃ​ការខ្ចីប្រាក់​ពី​ធនាគារ​មាន​ភាពសាំញ៉ាំ​ច្រើន ប្រសិនបើ​ជ្រើសរើស​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី​វិញ យើង​ពិបាក​ក្នុងការ​ជ្រើសរើស​ទីតាំង​ផ្ទះ​ដែល​យើង​ចង់​ទិញ ព្រោះថា ម្ចាស់​បុរី​ខ្លះ​មិន​ទទួលយក​ការបង់​រំលស់​នេះ​ទេ មាន​ម្ចាស់​បុរី​តិចតួច​ទេ ដែល​ទទួល​ឱ្យ​បង់​រំលស់ តែ​ការប្រាក់​ថ្លៃ​ចន្លោះ​ពី12%-15%ក្នុង​មួយឆ្នាំ ហើយ​ការបង់​មាន​រយៈពេល​ខ្លី ដូច្នេះ​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ការជួល​ផ្ទះ​គេ​នៅ​គឺ ត្រូវ​ចំណាយ​ខ្ពស់ជាង​ថ្លៃ ឈ្នួល 2-3ដង​ឯណោះ ហេតុនេះហើយ​ទើប​លោកស្រី​សម្រេច​ជួល​ផ្ទះ​គេ​នៅ​បណ្តោះអាសន្ន​សិន។

    លោកស្រី តាំង ហ៊ួ ប្រធាន​ក្រុមហ៊ុន AMATAK Property Service មានប្រសាសន៍ថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនោរ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​មានការ​កើនឡើង​យ៉ាងខ្លាំង​គួរឱ្យកត់សម្គាល់ ខណៈដែល​ម្ចាស់​សំណង់​បុរី និង​អគារ​ផ្ទះល្វែង​មួយចំនួន​ប្រកាស​លក់​ផ្ទះ​ដោយ​មិនមាន​ប្រាក់​កក់ ឬ​មាន​ប្រាក់​កក់​ត្រឹមតែ20%ទៅ30% អាច​ចូល​រស់នៅ​ផ្ទះ​ថ្មី​បាន​ដោយ​បង់​រំលស់​ជាមួយ​ធនាគារ ដែលមាន​ការប្រាក់​ទាប​សមរម្យ​អាច​ទទួលយកបាន។

    លោកស្រី​បាន​បញ្ជាក់ថា សម្រាប់​គូស្រករ​ដែល​ទើប​រៀបការ​រួច ហើយ​មាន​ការងារ​ធ្វើ​ទាំងពីរ​នាក់ ពួកគេ​តែងតែ​យកប្រាក់​ខែ​ខាង​ណាមួយ​ទៅ​បង់​រំលស់​ផ្ទះ​ថ្មី និង​ទុក​ប្រាក់ខែ​ម្នាក់ទៀត​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ ដែល​ធ្វើឱ្យ​ពួកគេ​មានការ​ចាយវាយ​ត្បិតត្បៀត ចេះ​សន្សំសំចៃ និង​មិនសូវ​ចាយវាយ​ខ្ជះខ្ជាយ​ដូច​កាលពីមុន។ វិធី​មួយ​នេះ​បានធ្វើឱ្យ​ពួកគេ​ទទួលបាន​ផលចំណេញ​ត្រឡប់មកវិញ ដែល​ចំណេញ​ ទី1 គឺ​ទោះជា​ជួល​ផ្ទះ​គេ​បង់​ប្រចាំខែ​យូរ​ប៉ុនណា​ក៏​នៅតែ​ជា​ផ្ទះ​គេ ទី2.បើសិនជា​ទិញ​ផ្ទះ​បង់​រំលស់ ជួន​កាលបើ​ទិញ​ត្រូវ​តំបន់ ផ្ទះ​នឹង​ឡើងថ្លៃ​លក់បាន​ប្រាក់ចំណេញ ទី3.បើសិនជា​គិតថា​មិន​ចង់​ជំពាក់​គេ ហើយ​រង់ចាំ​សន្សំ​ប្រាក់​គ្រប់​ចាំ​ទិញ​តែម្តង ដូចជា​លំបាក​ខ្លាំង ដោយសារ​តម្លៃ​ដីធ្លី ផ្ទះល្វែង​ឡើងថ្លៃ​ជា​រៀងរាល់ឆ្នាំ ហើយ​មិនមាន​ពេល​ធ្លាក់​ថ្លៃ​នោះទេ

    ទោះយ៉ាងណា​លោកស្រី តាំង ហ៊ួ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ផ្ទះ​បង់​រំលស់​ជាមួយ​ធនាគារ ប្រសើរ​ជាជាង​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី ឬ​អគារ​ផ្ទះល្វែង ដោយសារ​ធនាគារ​អាច​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ហើយ​មាន​អត្រា​ការប្រាក់​ទាប​ជាង​ម្ចាស់​បុរី ឬ​ក្រុមហ៊ុន​ផ្ទះល្វែង​ទាំងនោះ។

    ជាមួយគ្នានេះដែរ​អ្នកនាង Grace Rachny Fong នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century21 Cambodia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា បើសិន​ទិញ​ផ្ទះ​បង់​រំលស់​គួរ​បង់​ជាមួយ​ធនាគារ​ប្រសើរ​ជាង​បង់​ជាមួយ​ម្ចាស់​បុរី​ផ្ទះល្វែង ដោយសារ​រយៈពេល​កន្លងមក​មាន​ភាព​អសកម្ម​មួយចំនួន​ដោយសារតែ​ម្ចាស់​សំណង់​ផ្ទះល្វែង​ខ្លះ​បាន​លក់​ផ្ទះ​បង់​រំលស់​ទៅឱ្យ​អតិថិជន​រួចហើយ តែ​បែរជាយក​ប្លង់​ទៅ​ដាក់​នៅ​ធនាគារ​យកលុយ​ចាយ​អស់​ធ្វើឱ្យ​កើត​មានរឿង​ប្តឹងផ្តល់​គ្នា​ទៀតផង។ លើសពីនេះ មុននឹង​ទិញ​ត្រូវ​ស៊ើប​មើល​ពី​ប្រវត្តិ​របស់​បុរី ឬ​ផ្ទះល្វែង​នោះ​ឱ្យ​ច្បាស់​ទើប​មិនមាន​ហានិភ័យ ហើយ​បើ​ចង់​ទិញ​ឱ្យបាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ គួរ​ស្វែងរក​ការប្រឹក្សា​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ​ទើប​មិន​ខកបំណង។

    លោក ចូ ហ្វី​ឡេ​ន (Joe Phelan)នាយក​សេវា​ធនាគារ​សម្រាប់​អតិថិជន​បុគ្គល​នៃ​ធនាគារ ហុង លី​អុង (ខេ​ម​បូ​ឌា) ភីអិលស៊ី ក៏បាន​ផ្តល់យោបល់​ផងដែរ​ថា ការជួល​ផ្ទះ​សម្រាប់​នៅ​ពិតជា​ត្រូវ​ចំណាយ​ច្រើន ហើយ​មិន​ងាយស្រួល​ដូច​នៅផ្ទះ​ផ្ទាល់ខ្លួន​នោះទេ ដូច្នេះ​ការទិញ​ផ្ទះ​ដោយ​បង់​រំលស់​ចំណេញ​ច្រើនជាង។ បច្ចុប្បន្ននេះ​ការប្រាក់​ធនាគារ​ក៏​មិនសូវ​ជា​ខ្ពស់​ខ្លាំង​ដូច​កាលពី​ពេលមុន​ដែរ ជាពិសេស​ធនាគារ​ភាគច្រើន​ក៏បាន​លើកទឹកចិត្ត និង​ផ្តល់​លក្ខខណ្ឌ​ល្អ​ដល់​អតិថិជន​សម្រាប់​ក​ម្ចី​ទិញ​ផ្ទះ​នេះដែរ ជាក់ស្តែង​ធនាគារ ហុង លី​អុង ក៏បាន​បង្កើត​ការផ្តល់

    ជូន​ជាពិសេស​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​ផ្ទះ​ជាមួយ​អត្រា​ការប្រាក់​យ៉ាង​ទាប​ត្រឹមតែ Honey Moon Rate 6.99 ភាគរយ​សម្រាប់ 3ឆ្នាំ​ដំបូង សម្រាប់​ទិញ​គេហដ្ឋាន និង​ខុន​ដូ។ លោក​បន្តថា៖ “ពុំទាន់​មាន​ធនាគារ​ណា​ដែល​ផ្តល់ជូន​នូវ​ការប្រាក់​ទាប​បែបនេះ​ទេ ដូច្នេះហើយ​យើង​ទទួលបាន​ការចាប់អារម្មណ៍ និង​មាន​អតិថិជន​ទិញ​ផ្ទះ​តាមរយៈ​ឥណទាន​ទិញ​គេហដ្ឋាន​បានក្លាយ​ជា​ម្ចាស់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ជាច្រើន​នាក់​រួចមកហើយ។

    លោក​បាន​បន្តថា៖ “ធនាគារ ហុង លី​អុង បាន​សហការ​ជាមួយ​បុរីធំៗជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ជា​ដៃគូ ដែល​ការសហការ​នេះ​បាន​ផ្តល់ជូន​នូវ​ជម្រើស​ដ៏​ពិសេស​ដល់​គ្រប់​អតិថិជន ជាមួយនឹង​អត្រា​ការប្រាក់​ទាប និង​អាច​ខ្ចី​បាន​រហូតដល់ 80%នៃ​តម្លៃ​ផ្ទះ ឬ​អាច​ជ្រើស​យក​កម្ចី​ដែលមាន​រយៈពេល​រហូត​ដល់ 25ឆ្នាំ ដែល​អតិថិជន​អាច​ខ្ចី​បាន​ចាប់ពី10,000 ដុល្លារ​ឡើងទៅ​ទៀតផង។

    ប្រសិនបើ​អតិថិជន​ចង់​ស្នើ​កម្ចី​ឥណទាន​ទិញ​គេហដ្ឋាន​ជាមួយ​ធនាគារ ហុង លី​អុង ចំពោះ​អតិថិជន​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្រុមហ៊ុន យើង​តម្រូវឱ្យមាន​កិច្ចសន្យាការងារ និង​លិខិតបញ្ជាក់​ប្រាក់ខែ។ ចំពោះ​អតិថិជន​អ្នករកស៊ី ឬ​អ្នកជំនួញ​តម្រូវឱ្យ​ភ្ជាប់​មកជា​មួយ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ចំនួន 3ឆ្នាំ​ចុងក្រោយ៕

  • Angelina Jolie បណ្ដើរកូនចិញ្ចឹមជាតិវៀតណាមឡើងទទួលរង្វាន់

    Angelina Jolie បណ្ដើរកូនចិញ្ចឹមជាតិវៀតណាមឡើងទទួលរង្វាន់

    តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា អ្នកនាង Angelina Jolie បានបង្ហាញវត្តមានជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំសម្បើមមួយប្រចាំឆ្នាំ ព្រមទាំងបានបណ្ដើរកូនប្រុសចិញ្ចឹមជនជាតិវៀតណាមឈ្មោះ PaxThien នៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី Golden Globes ជំនាន់ទី 75 ដែលអ្នកនាងបានឈ្នះពានរង្វាន់រឿងហូលីវូដនិយាយភាសាបរទេសល្អបំផុត និងជាភាពយន្ដស្ដីអំពីសិទ្ធិមនុស្ស រឿង “First They Killed My Father”។

    អ្នកនាង Angelina Jolie  បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមានឱកាសបានធ្វើការងារជាមួយពួកគាត់ ( ជំនួយការផលិតជនជាតិកម្ពុជា ) ហើយកូនៗរបស់ខ្ញុំពីរនាក់ទៀតក៏បានចូលរួមនៅក្នុងការងារថតខ្សែភាពយន្ដនេះដែរ ហើយជាផ្លូវការ អ្នកទាំងអស់គ្នាក៏មានចំណែកបានជួយគាំទ្រខ្សែភាពយន្ដនេះដូចគ្នាដែរ។ ការពិតទៅ ខ្ញុំគ្មានសមត្ថភាពជាម្ដាយ ដែលមិនបានចែករំលែកបទពិសោធនៅក្នុងជីវិតដើម្បីកសាងសេចក្ដីសុខជូនកូនៗបាននោះទេ នោះគឺមកពីខ្ញុំបានជ្រើសរើសពួកគាត់( កូនៗ) ឱ្យមានការពាក់ព័ន្ធជាមួយការងារនេះ ។ ខ្ញុំមានគំនិតមួយចង់បង្ហាញឱ្យពួកគាត់បានឃើញពីបទពិសោធនៃសិល្បៈនេះ ហើយអ្វីដែលសំខាន់ជាងនោះគឺ ភាពពិតប្រាកដ»៕

  • ម្ដាយរបស់ Kim Jonghyun លើកទឹកចិត្តក្រុមចម្រៀង SHINee

    ម្ដាយរបស់ Kim Jonghyun លើកទឹកចិត្តក្រុមចម្រៀង SHINee

    តាមរយៈសារព័ត៌មាន koreaboo ដែលចេញផ្សាយនៅថ្ងៃទី10 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា សមាជិកក្រុមចម្រៀង SHINee បានទម្លាយអារម្មណ៍ និងភាពសោកសៅរបស់ខ្លួននៅលើសំបុត្រដែលបានបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមសម្ដែងចំពោះវិញ្ញាណក្ខន្ធរបស់ Kim Jonghyun ។ នៅក្នុងនោះដែរ តារាចម្រៀង Onew ដែលជាប្រធានក្រុម SHINee ក៏បានរៀបរាប់យ៉ាងក្ដុកក្ដួលអួលដើមក និងបានទម្លាយឱ្យដឹងថា អ្នកម្ដាយរបស់ Kim Jonghyun បានលើកទឹកចិត្តចំពោះក្រុមចម្រៀង SHINee កុំឱ្យបោះបង់ក្ដីស្រមៃរបស់អ្នកគាំទ្រ ឬកើតមានជំងឺបាក់ទឹកចិត្តដូចកូនប្រុសគាត់ឱ្យសោះ។

    នៅក្នុងសាររបស់ Onew  បានរៀបរាប់យ៉ាងដូច្នេះថា ៖ «សួស្តី! ខ្ញុំគឺ Onew របស់ក្រុម SHINee

    ខ្ញុំមិនដឹងថាត្រូវនិយាយបែបណាឡើយ! ខ្ញុំចង់អរគុណចំពោះអ្នកគ្រប់គ្នាដែលបានគាំទ្រក្រុម​របស់​យើងខ្ញុំយ៉ាងខ្លាំង។​ ខ្ញុំក៏ចង់សុំទោសផងដែរទៅកាន់អ្នកគាំទ្រ (ហ្វ៊ែនៗ) របស់យើងខ្ញុំ ចំពោះការធ្វើឲ្យពួកគេព្រួយបារម្ភកន្លងមក។

    ខ្ញុំបានគិតថា ប្រហែលជាគ្មានថ្ងៃអាចទៅរួចនោះទេ! ខ្ញុំបានគិតថា យើងពិតជាមិនអាចធ្វើការ​ប្រគំតន្ត្រីនានាបានទេ។ តែទោះជាបែបនេះក្តី អ្នកម្តាយរបស់ Jonghyun បាននិយាយ​ថា ចូរកុំឱ្យបោះបង់ចោលឲ្យសោះ  យើងជាមនុស្ស​ដែលផ្តល់ក្តីសង្ឃឹមដល់​អ្នកដទៃ និងដល់មនុស្សទូទៅដែលជួបបញ្ហានៅទីកន្លែងផ្សេងៗ។

    ប្រសិនបើខ្ញុំអាចផ្តល់នូវសុភមង្គល ពង្រីកនូវសុភមង្គល ទោះបីជាខ្ញុំជាមនុស្សតូចតាចក្តី ខ្ញុំបានសម្រេចថា យើងត្រូវតែធ្វើការប្រគំតន្ត្រី ហើយខ្ញុំនឹងធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពដើម្បី​ឲ្យវាល្អបំផុត។ ខ្ញុំមានការខ្វះខាតស្ទើរគ្រប់មធ្យោបាយ ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចទៅរួច ជាមួយនឹងក្រុម SHINee ដើម្បីបង្ហាញនូវអ្វីដែលប្រសើរបំផុត។ ទោះបីជាស្ថានភាពពេលនេះលំបាក ខ្ញុំនៅតែព្យាយាមឲ្យខ្លាំងបានបំផុត ដើម្បីបង្ហាញអ្នកទាំងអស់​គ្នានូវលទ្ធផលដ៏ល្អបំផុត។ Jonghhyun នឹងនៅតែជាសមាជិក SHINee ជារៀងរហូត នៅក្នុងបេះដូងខ្ញុំ និងបេះដូងហ្វ៊ែនៗគ្រប់គ្នា។

    ការពិតដែលយើងចងចាំរៀងរហូតមកនោះគឺអ្វីដែលនឹងមិនអាចផ្លាស់ប្តូរចំពោះខ្ញុំ និងអ្នក​ទាំងអស់គ្នាដូចគ្នា។ ខ្ញុំនឹងទន្ទឹងរង់ចាំពេលខាងមុខ ដើម្បីអ្វីដែលប្រសើរបំផុតដោយខ្លួនខ្ញុំ នៅក្នុងសកម្មភាពទាំងអស់របស់ក្រុម SHINee នាថ្ងៃអនាគត។ អរគុណខ្លាំងណាស់ ចំពោះគ្រប់ៗគ្នា…»

  • អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

    អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

    1. អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់
    • សន្សំសំចៃថាមពលបាន 70%

    ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ ​Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

    • កាន់តែឆាប់ត្រជាក់ 40%

    Dual Inverter​​​ Compressor របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter​ Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និង​សាយភាយខ្យល់ត្រជាក់បានលឿន​ជាងមុន។

    • គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)

    Dual Inverter Compressor របស់ LG​មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ​ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុនមក។ LG បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនឆាប់ពុកខូច។

    • កាន់តែមានភាពងាយស្រួលជាងមុន

    LG បានបំពាក់បន្ថែមនូវ Wifi Control សម្រាកដាក់ដំណើរការ smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។ កាត់បន្ថយសម្លេងរំខាន និង​មានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពអោយមានលំនឹង។ លើសពីនេះក៏មានបន្ថែមនូវមុខងារ Healthcare ការពារប៉ាកតេរី និង លម្អងធូលីផងដែល។

    1. អត្ថប្រយោជន៏សម្រាប់ជាងតម្លើង
    • ងាយស្រួលក្នុងការជួសជុល

    ងាយស្រួលក្នុងការផ្តូហ្គ្រាស់ និងមានផ្ជាប់នូវ SIMs 2.0 សម្រាប់ត្រូតពិនិត្យប្រព័ន្ធ និងការរាំងស្ទះផ្សេងនៅក្នុងម៉ាស៊ីនត្រជាក់។ SIMs 2.0 មានផ្ជាប់នូវ wireless communication Module តរផ្ជាប់ជាមួយស្មាតហ្វូតសម្រាប់ដំណើការត្រូតពិនិត្យផ្សេងៗនៅក្នុងម៉ាស៊ីនត្រជាក់។

    • ងាយស្រួលក្នុងការដំឡើង

    ក្បាលក្តៅរបស់ម៉ាស៊ីនត្រជាក់មានលក្ខណះតូច​ ស្តើង ដែលធ្វើអោយការតំឡើងមានភាពងាយស្រួល​ ឆាប់រហ័ស ដែលជាហេតុជួយកាត់បន្តយកំលាំងពលកម្ម និង ពេលវេលា។

    ***ចុចមើលវីឌីអូដើម្បីមើលលំអិត

    https://www.youtube.com/watch?v=dWgep5wa9WQ

  • អ្នកជំនាញ​ប្រាប់​ពី​វិធី​សន្សំ​ប្រាក់​ដើម្បី​ជីវិត​រុងរឿង

    អ្នកជំនាញ​ប្រាប់​ពី​វិធី​សន្សំ​ប្រាក់​ដើម្បី​ជីវិត​រុងរឿង

    មនុស្ស​ជាច្រើន​នៅ​កម្ពុជា​បាន​អភិវឌ្ឍ​សមត្ថភាព រួមទាំង​លទ្ធភាព​ក្នុងការ​ស្វែងរក​ប្រាក់ចំណូល​របស់ខ្លួន​បាន​យ៉ាង​ល្អ​ស្រប​ពេលដែល​សង្គម​កំពុងមាន​ការវិវឌ្ឍ​ទៅ​ជាមួយនឹង​ចរន្ត​នៃ​សាកលភាវូបនីយកម្ម ពាណិជ្ជកម្ម និង​វិទ្យាសាស្ត្រ តែ​ទោះជា​យ៉ាងនេះ​ក្តី ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ថវិកា គឺ​នៅតែ​ជា​ប្រធានបទ​សំខាន់​មួយ​ដែល​ត្រូវបាន​គេ​លើកឡើង ខណៈ​មនុស្ស​មួយចំនួន​មាន​ប្រាក់ខែ​តិច តែ​អភិវឌ្ឍ​បាន​លឿន ឯ​អ្នក​ខ្លះទៀត​មាន​ប្រាក់ចំណូល​ខ្ពស់ តែ​បែរជា​មានការ​លំបាក​ក្នុងការ​អភិវឌ្ឍ​ទៅវិញ។

    គន្លឹះ​ក្នុងការ​សន្សំ​លុយ​ដើម្បី​ក្លាយជា​មនុស្ស​ដែលមាន​សុភមង្គល និង​ភាព​ថ្កុំថ្កើង​ក្នុង​ជីវិត លោក Boon Song អគ្គនាយក​ក្រុមហ៊ុន La Fete បាន​លើកឡើងថា លុយ​មិនមែនជា​អ្វី​គ្រប់យ៉ាង​សម្រាប់​ជីវិត​នោះទេ តែ​ប្រសិនបើ​គ្មាន​លុយ យើង​ក៏មាន​ភាពលំបាក​ក្នុងការ​រស់នៅ​ដែរ។ ការគ្រប់គ្រង​លុយកាក់​គឺជា​រឿង​សំខាន់​មួយ​ដែល​ទាមទារ​ឱ្យមាន​ចំណេះដឹង​ច្បាស់លាស់ ទើប​អាច​ទទួលបាន​ទាំង​ទ្រព្យសម្បត្តិ ចំណេះដឹង សេចក្តីសុខ​ផ្នែក​ផ្លូវចិត្ត សុភមង្គល​ក្នុង​គ្រួសារ និង​ការទទួលស្គាល់​ពី​សង្គម។

    លោក Boon Song បាន​និយាយថា ៖ “ខ្ញុំ​កើត​ក្នុង​ត្រកូល​ក្រីក្រ​បំផុត​នៅក្នុង​ឆ្នាំ1975 នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ពេលនោះ​ខ្ញុំ​គ្មានអ្វី​ទាំងអស់ តែ​អ្វីដែល​ខ្ញុំ​មាន គឺ​លោកឪពុក​ដែល​ពូកែ​ខាង​សន្សំ​លុយ​បំផុត ទើប​អាចធ្វើឱ្យ​ខ្ញុំ​មានឱកាស​ចេញទៅ​រៀន​នៅ​ប្រទេស​អូស្ត្រាលី ក្លាយជា​វិស្វករ​នៅ​ទីក្រុង​ឌូ​បៃ និង​ក្លាយជា​សហគ្រិន​ម្នាក់។ គ្រួសារ​របស់ខ្ញុំ​តស៊ូ​ខ្លាំង​បំផុត​ក្នុងការ​ប្រើប្រាស់​លុយ​យ៉ាង​ហ្មត់ចត់​ដើម្បី​ផ្លាស់​ប្តូរជីវិត ហើយ​ខ្ញុំ​តែងតែ​ចែករំលែក​វិធី​ទាំងអស់នោះ​ដើម្បីឱ្យ​មនុស្ស​ជាច្រើន​ផ្សេងទៀត​ផ្លាស់​ប្តូរជីវិត​ផងដែរ។

    អ្នកជំនាញ​ផ្នែក​សន្សំ​លុយ​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា ការ​សន្សំ គឺ​ទាមទារ​ឱ្យមាន​ទម្លាប់​សន្សំ និង​ទ្រាំ​ឱ្យបាន​សម្រាប់​ទម្លាប់​ថ្មី​នេះ​យ៉ាងហោចណាស់1ខែ។ វា​អាចជា​រឿង​លំបាក​ក្នុងការ​តាំងចិត្ត​បង្កើត​ទម្លាប់​ថ្មី ដើម្បី​សន្សំ​លុយ​ព្រោះ​យើង​មិន​ធ្លាប់ធ្វើ​វា​ពីមុនមក ហើយ​យើង​ត្រូវការ​កាត់បន្ថយ​ទម្លាប់​មិនល្អ​មួយចំនួន​ចោល​ក្នុង​រយៈពេល​វែង។

    វិធី​ដែល​លោក Boon Song លើកឡើង គឺមាន 6ផ្នែកធំៗ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ដឹង​ពី​ហេតុផល​ពិតប្រាកដ​នៃ​ការបែងចែក​លុយ​ទៅតាម​ផ្នែកនីមួយៗ ព្រោះថា ប្រសិនបើ​យើង​ដឹង​ពី​វិធី​ច្បាស់លាស់​ហើយ យើង​នឹង​មើលឃើញថា ការ​សន្សំ​គឺ​សំខាន់​ជាង​អ្វីដែល​យើង​កំពុងតែ​ចង់បាន​ដែល​វា​មិនសូវ​ចាំបាច់ ហើយ​យើង​នឹង​ក្លាយជា​មនុស្ស​ដែល​អាច​គ្រប់គ្រង​ខ្លួនឯង​ក្នុងការ​ចាយលុយ​មិនត្រូវ​ខ្ទង់បាន​ទៀតផង ព្រោះ​យើង​មានរឿង​សំខាន់​ជាង​នេះ​ដែល​ត្រូវធ្វើ។

    -ផ្នែក​ទី1 ដែល​យើង​ត្រូវ​បែងចែក​គឺ ត្រូវ​ទុក​លុយ​ចំណាយ 55% សម្រាប់​ប្រតិបត្តិ​ការដែល​ចាំបាច់​បំផុត​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ (NEC)ដូចជា ចំណាយ​លើ​ថ្លៃ​ទូរស័ព្ទ ចំណាយ​លើ​ការធ្វើដំណើរ ចំណាយ​លើ​អាហារ និង​សម្លៀកបំពាក់​ដែល​ចាំបាច់​ជាដើម។ លោក​បាន​បញ្ជាក់ថា មនុស្ស​ជាច្រើន​សុខចិត្ត​ធ្វើការ​ងារ​ប្រចាំថ្ងៃ ទាំង​ជួនកាល​ការងារ​នោះ​មិនត្រូវ​នឹង​ចំណូលចិត្ត​របស់ខ្លួន​ក៏ដោយ​ដើម្បី​តែ​រកលុយ​មក​ផ្គត់ផ្គង់​ឱ្យ​គ្រប់​លើ​តម្រូវការ​ចំណាយ​មួយ​នេះ ខណៈ​អ្នកខ្លះ​ចាយ​មិន​ចង់​គ្រប់​ផង​ក្នុង​មួយខែ។ សម្រាប់​លោក​គឺ​លោក​ចង់ឱ្យ​យើង​បែងចែក​ផែនការ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ឱ្យបាន​នូវ​ប្រភព​ចំណូល​ពិតប្រាកដ​ដើម្បី​ធានាថា​មាន​ខ្ទង់ចំណាយ​ត្រឹមត្រូវ ហើយ​យើង​អាចមាន​លទ្ធភាព​សល់​លុយ​សម្រាប់​សន្សំ​ដើម្បី​ត្រៀម​ថវិកា​មួយចំនួន​សម្រាប់​ការអភិវឌ្ឍ​ផ្នែកផ្សេងៗទៀត។

    -ទី2 គឺ​ត្រូវ​បែងចែក​លុយ​ចំនួន 10% សម្រាប់​ការអប់រំ (EDU)ព្រោះថា ការអប់រំ​គឺជា​កូនសោ​យ៉ាងសំខាន់​សម្រាប់​បន្ត​ភាព​ថ្កុំថ្កើង។ មិន​ថា​វ័យ​ណាក៏ដោយ ការអប់រំ​តែងតែ​ត្រូវការ​ជា​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​ការរៀន​អាចធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែល​ខ្លាំង​ឡើង​គ្រប់ពេលវេលា មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ការរៀន​នៅទីនេះ គឺ​មិន​សំដៅ​តែ​លើ​ការរៀន​ក្នុង​សាលា​តែមួយ​មុខ​នោះទេ តែ​វា​សំដៅលើ​ការរៀន​ពី​គ្រប់​មជ្ឈដ្ឋាន​ទៅតាម​លទ្ធភាព​ដែល​យើង​មាន ដូចជា​ប្រើ​លុយ​ដែល​យើង​មាន​សម្រាប់​ទិញ​សៀវភៅ ចូលរួម​វគ្គ​សិក្ខាសាលា​មួយចំនួន​ដែលមាន​តម្លៃ​សមរម្យ ឬ​ទិញ​ស៊ី​ឌី​ដែល​សំខាន់​សម្រាប់​បង្ហាញ​ពី​ការរស់នៅ និង​អាជីព​ជាក់ស្តែង​ជាដើម។

    -ទី3 គឺ​ត្រូវ​បែងចែក​លុយ 10% សម្រាប់​បម្រុង​ទុក (LTSS) ថវិកា​ផ្នែក​នេះ​គឺ​យើង​អាច​សន្សំ​សម្រាប់​ទិញ​នូវ​របស់​មួយចំនួន​ដែល​ជីវិត​របស់​យើង​ត្រូវការ ដូចជា​ទិញ​ឡាន​ថ្មី គ្រឿងសង្ហារិម​ទំនើប​សម្រាប់​លម្អ​ផ្ទះ ធ្វើដំណើរ​កម្សាន្ត​ទៅ​បរទេស ឬ​សម្រាប់​ប​ញ្ចូ​ន​កូន​ទៅ​រៀន​នៅ​មហាវិទ្យាល័យល្អៗជាដើម។ នៅពេលដែល​យើង​មាន​ថវិកា​មួយចំនួន​សម្រាប់​បម្រុង​ទុក​ត្រឹមត្រូវ​ហើយ ជីវិត​យើង​នឹង​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ហើយ​ទទួលបាន​នូវ​សមិទ្ធផលថ្មីៗកើន​ឡើងជា​លំដាប់​សម្រាប់​ការរស់នៅ ចំណែកឯ​កម្រិត​ងាយស្រួល​ក្នុងការ​រស់នៅ​ក៏​កាន់តែ​ប្រសើរ​ផងដែរ។

    -ទី4 គឺ​ត្រូវ​បែងចែក​លុយ 10% សម្រាប់​វិនិយោគ ឬ​ធ្វើ​អ្វី​ដែលមាន​ប្រយោជន៍​សម្រាប់​បង្កើត​លុយ​បន្តទៀត (FFA)។ ថវិកា​នេះ គឺ​ត្រូវជា​លុយ​ដែល​អ្នក​អាចមាន​សេរីភាព​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​វា ដោយ​មិន​ខ្លាច​ខាតបង់ ព្រោះ​បើ​ខាត​បង់លុយ​ក្នុង​ទំហំ​នេះ​ក៏​មិន​ធ្វើឱ្យ​យើង​លំបាក​ខ្លាំង​នោះដែរ។ ហេតុនេះ​យើង​គួរតែ​សន្សំ 10% សម្រាប់​ការសាកល្បង​វិនិយោគ​លើ​គំនិត​អាជីវកម្ម​ដែល​ឆ្លាត​វៃ ហើយ​ស្របទៅតាម​លទ្ធភាព​ដែល​ខ្លួន​មាន។ វា​អាចជា​ការបោះ​ជំហាន​មួយ​ថ្មី​ទៀត​ដើម្បី​គ្រប់គ្រង​ជោគវាសនា​ដោយ​ខ្លួនឯង និង​ដើម្បី​ជួយ​ដល់​អ្នកដទៃ​ផ្សេងទៀត​ឱ្យមាន​ការងារ​ធ្វើ​តាមរយៈ​ការបង្កើត​សហគ្រាស ឬ​អាជីវកម្ម​របស់​យើង។

    -ទី5 គឺ​ចំណាយ​ថវិកា 10% សម្រាប់​ការកម្សាន្ត (ENTERTAIN) ឬ​ធ្វើឱ្យ​ជីវិត​ស្រស់បំព្រង​ដើម្បី​ជា​កម្លាំង​ក្នុងការ​បន្តដំណើរ​ដ៏​ស្វិតស្វាញ​បន្តទៀត។ នៅពេលដែល​យើង​មាន​ថវិកា​កំណត់​មួយ​សម្រាប់​ចំណាយ​លើ​ការកម្សាន្ត នោះ​យើង​នឹងមិន​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង​ពេក​នោះទេ ព្រោះថា មនុស្ស​ណា​ក៏​ចង់​សប្បាយ​ដែរ តែ​ប្រសិនបើ​សប្បាយ​ភ្លេចខ្លួន យើង​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ជាក់​ជាមិនខាន។

    -ទី6 គឺ​ចំណាយ 5% សម្រាប់​ការបរិច្ចាគ ឬ​ការធ្វើ​ទាន (GIVE) ព្រោះថា មនុស្សម្នាក់ៗមិនអាច​រស់នៅ​លើ​ពិភពលោក​ដោយមាន​សេចក្តីសុខ​តែម្នាក់ឯង​នោះទេ ហេតុនេះ​ការជួយ​គ្នា​គឺជា​រឿង​ដែល​ធ្វើឱ្យ​យើង​មាន​សេចក្តីសុខ​ផ្នែក​ផ្លូវចិត្ត​ផងដែរ។ ពេលដែល​យើង​បាន​ជួយ​មនុស្ស​ដទៃ​ដែល​កំពុង​ត្រូវការ​ជំនួយ ហើយ​ឃើញ​គេ​មាន​សភាព​ប្រសើរឡើង​នោះ យើង​ក៏មាន​ចិត្ត​រីករាយ ហើយ​ជំរុញ​ទឹកចិត្ត​របស់​យើង​ឱ្យ​ខិតខំ​កាន់តែខ្លាំង​ឡើង​ដែរ៕

  • មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា 36លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្ដល់​សេវា​សុខភាព​ជូន​កុមារ​កម្ពុជា ក្នុង​ឆ្នាំ 2017

    មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា 36លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្ដល់​សេវា​សុខភាព​ជូន​កុមារ​កម្ពុជា ក្នុង​ឆ្នាំ 2017

    ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត Denis Laurent អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ក្នុង​មួយឆ្នាំ2017 កន្លងទៅនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បានផ្តល់​សេវា​សុខភាព​ជូន​កុមារ​កម្ពុជា​នៅក្នុង​មន្ទីរពេទ្យ​បាន​ចំនួន 909.192នាក់ និង​បាន​សម្រាក​ព្យាបាល​ជំងឺ​ចំនួន 167.790នាក់ ហើយ​មន្ទីរពេទ្យ​បាន​ចំណាយ​ថវិការ​អស់​ប្រមាណ 36លាន​ដុល្លារ​អាម៉េរិក សម្រាប់​កិច្ចដំណើរការ​ព្យាបាល​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ឱ្យ​រួច​ផុតពី​ការគំរាមកំហែង​នៃ​ជំងឺ​គ្រប់​ប្រភេទ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ AKP នៅ​ថ្ងៃទី 10 ខែមករា ឆ្នាំ 2018។

    លោក​វេជ្ជបណ្ឌិត Denis Laurent បានបញ្ជាក់​បន្ថែមទៀត​ថា ភាគច្រើន​កុមារ​ដែលមាន​ជំងឺ​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺជា​កុមារ​ជា​កូនចៅ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រដែល​ពួកគេ​ត្រូវ​បានទទួល​ការពិនិត្យ និង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​គ្រប់​ទីកន្លែង ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ដោយ​ឥតគិតថ្លៃ ហើយ​ថវិកា​សម្រាប់​ចំណាយ​ទាំងអស់ គឺ​បានមកពី​រាជរដ្ឋាភិបាល​កម្ពុជា កាកបាទក្រហមកម្ពុជា គ្រឹះស្ថាន​អង្គរ ជំនួយ​ពី​ប្រទេស​ស្វី​ស និង​ការបរិច្ចាគ​ដោយ​សប្បុរសជន​ក្នុងស្រុក។

    ជាក់ស្តែងថ្មីៗនេះ សមាគម​ប្រតិបត្តិ​ករ​ទេសចរ ខេត្តសៀមរាប បានផ្តល់​ថវិកា​ចំនួន 1ម៉ឺន​ដុល្លា​ដល់​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ខេត្តសៀមរាប ដើម្បី​ជួយ​ដល់​កុមារ​នៅ​កម្ពុជា​ផងដែរ៕

  • បែកធ្លាយ! តួឯកប្រុសក្នុងរឿង Train To Busan សម្ងំរៀបការស្ងាត់ៗជាមួយតួស្រី Jung Yu Mi

    បែកធ្លាយ! តួឯកប្រុសក្នុងរឿង Train To Busan សម្ងំរៀបការស្ងាត់ៗជាមួយតួស្រី Jung Yu Mi

    តាមរយៈសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា មានពាក្យចចាមអារ៉ាមលេចឮមកថា តារាសម្ដែង Gong Yoo ជាតួសម្ដែងល្បីនៅក្នុងរឿង Train To Busan បានសម្ងំរៀបចំពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងស្ងាត់ៗជាមួយតារាស្រី Jung Yu Mi នៅក្នុងប្រទេសកូរ៉េ បណ្ដាលឱ្យមានភាពភ្ញាក់ផ្អើលឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមអនឡាញ។

    អ្នកនិយមលេងបណ្ដាញសង្គមនៅក្នុងប្រទេសកូរ៉េ បានបង្ហោះការប្រកាសពីកាលបរិច្ឆេទកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាទាំងពីរដួងនេះនៅក្នុងសណ្ឋាគារ Shillaនាទីក្រុងសេអ៊ូល។ ប្រភពដដែលនេះបានអះអាងថា មានបុគ្គលិកនៅក្នុងសណ្ឋាគារ Shillaដែលជាសណ្ឋាគារលំដាប់ផ្កាប្រាំ និងជាទីកន្លែងរៀបអាពាហ៍ពិពាហ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េ បានប្រាប់គាត់ថា  Gong Yoo និង Jung Yu Mi កំពុងរៀបការនៅទីនោះយ៉ាងស្ងាត់ៗព្រោះមិនចង់ឱ្យមានការភ្ញាក់ផ្អើល។

    ប៉ុន្តែ អ្នកគ្រប់គ្រងតារាស្រី Jung Yu Mi បានបកស្រាយ និងអះអាងប្រាប់សារពត៌មានខាងលើនោះថា «វាជារឿងមិនពិតសោះឡើយដែលថា Gong Yoo និង​ Jung Yu Mi កំពុងសម្ងំរៀបអាពាហ៍ពិពាហ៍នោះ។ ពួកគេគ្រាន់តែជាមិត្តស្និទ្ធស្នាលនឹងគ្នាធម្មតាប៉ុណ្ណោះ បច្ចុប្បន្ន កញ្ញា Jung Yu Mi កំពុងតែមមាញឹកថតភាពយន្ដរឿង “Youn’s Kitchen 2”  ដូច្នេះនាងកំពុងតែផ្តោតអារម្មណ៍ទៅលើការសម្ដែង និងការផ្សាយផ្ទាល់តែប៉ុណ្ណោះ ហើយនាងថែមទាំងកាត់សក់ខ្លីទៀតផង»។

    សូមជម្រាបបន្ថែមថា តារាឯកប្រុស Gong Yoo និងតារាស្រី Jung Yu Mi ទើបតែបានជួបគ្នាជាលើកដំបូងក្នុងខណៈដែលបានថតខ្សែភាពយន្ដរឿង “Train To Busan” ជាមួយគ្នា៕

  • ដាំ​ត្រសក់​លើដី15 អា មួយថ្ងៃ​បេះ​លក់បាន​ប្រាក់​ពី 15 – 20ម៉ឺន​រៀល

    ដាំ​ត្រសក់​លើដី15 អា មួយថ្ងៃ​បេះ​លក់បាន​ប្រាក់​ពី 15 – 20ម៉ឺន​រៀល

    ត្រសក់​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​ដែលមាន​តម្រូវការ​ទទួលទាន​ខ្ពស់​គ្រប់​ក្រុមគ្រួសារ​ដោយសារតែ​វា​អាច​យកទៅ​ច្នៃ​ធ្វើជា​ម្ហូប​បាន​ច្រើន​ប្រភេទ ដូចជា​ធ្វើជា​បន្លែ​ឆា ធ្វើជា​អន្លក់ ឬ​ធ្វើ​បន្លែ​ជ្រក់​ក៏បាន។ ដោយសារតែ​តម្រូវការ​បែបនេះហើយ ទើប​ធ្វើឱ្យ​កសិករ​បោះបង់​ការដាំ​ដំណាំផ្សេងៗ ហើយ​បែរមក​ប្រកប​របរ​ដាំ​ត្រសក់​វិញ។

    កសិករ​ដាំ​ត្រសក់​នៅក្នុង​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល លោក​ទុន ចាន់ណា​បានឱ្យដឹងថា កន្លងមក​គ្រួសារ​គាត់​ក៏ដូចជា​គ្រួសារ​កសិករ​ដទៃទៀត​ដែរ​ចូលចិត្ត​ដាំ​បន្លែ​ម្រះ និង​ត្រឡាច ដោយសារ​បន្លែ​ប្រភេទ​នេះ​មានតម្លៃ​សមរម្យ​នៅលើ​ទីផ្សារ ក៏ប៉ុន្តែ​ដោយសារ​ហាងឆេង​ឡើង​ចុះ​មិន​ទៀងទាត់ គ្រួសារ​គាត់ និង​អ្នកភូមិ​មួយចំនួន​បាន​ងាក​មក​ដាំ​ត្រសក់​ជំនួស​វិញ​ប្រមាណ​ជា​ជិត 2ឆ្នាំ​ចុង​ក្រោយនេះ ហើយ​លក់​ចេញ​បាន​តម្លៃ​សមរម្យ​អាច​ទទួលយកបាន​ដែល​ជា​កត្តា​ធ្វើឱ្យ​ពួកគាត់​បន្ត​ដាំ​ត្រសក់​រហូតមកទល់​ប​ច្ចុ​ប្បន្ន។

    កសិករ​ខាងលើ​បន្តថា បន្ទាប់ពី​ប្រកបមុខរបរ​ដាំ​ត្រសក់​រយៈ2ឆ្នាំ​មក ឃើញថា​ត្រសក់​គឺជា​ដំណាំ​ងាយស្រួល​ដាំ ហើយ​ទទួលបាន​ផល​ខ្ពស់​ទៀតផង​បើ​ប្រៀបធៀប​ជាមួយ​ដំណាំផ្សេងៗ ដោយ​ដាំ​លើ​ផ្ទៃដី​តែ​ប្រមាណ14អា ក៏​ក្នុង​មួយថ្ងៃ​អាច​បេះ​បាន​ចន្លោះ​ពី 200 ទៅ300គីឡូក្រាម​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ដែរ ដោយ​ក្នុង1គីឡូក្រាម​អាច​លក់បាន​ចន្លោះ​ពី800រៀល ទៅ1.000រៀល និង​លក់ដាច់​ជាប្រចាំ​ដោយសារ​ពួកគាត់​មាន​បច្ចេកទេស​ដាំ​ដុះ ដោយ​មិន​ប្រើប្រាស់​ថ្នាំ​គីមី​នាំឱ្យ​ប៉ះពាល់​សុខភាព​គ្រួសារ​ពួកគាត់ និង​អ្នក​ទទួលទាន​ឡើយ ដោយសារ​មានការ​បណ្តុះបណ្តាល​បច្ចេក​ទេស​ដាំ​ដុះ​ថ្មី​ពី​អង្គការ“លាស់​ថ្មី។

    ប៉ុន្តែ​យ៉ាងណាក៏ដោយ កសិករ​ក្នុងភូមិ​ពាម​សាលា​បាន​ត្អូញត្អែរថា ដោយសារតែ​ឆ្នាំនេះ​ផ្លែ​ត្រសក់​ពួកគាត់​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំមុន ដោយ​កាលពីពេល​កន្លងទៅ​ពួកគាត់​អាច​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី1.500រៀល​ដល់1.700រៀល និង​មាន​ម៉ូ​យមក​ទទួលយក​ដល់​កន្លែង​ទាំងអស់​ទៀតផង។ តែ​ឥឡូវនេះ​ពួកគាត់​អះអាងថា ដោយសារ​មាន​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​ច្រើនពេក ជាពិសេស​ប្រទេស​វៀតណាម។

    របរ​ដាំ​ត្រសក់​មិន​ត្រឹមតែ​រក​ចំណូល​ឱ្យ​អ្នក​ដាំ​បាន​ដោយ​ស្រួល​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នក​មើលថែ​ចម្ការ​ឱ្យគេ​ក៏​អាច​រកប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បានដែរ។ លោក​អុំ ជឿន​សុផល អ្នក​មើលថែ​ចម្ការ​ខាងលើ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា គាត់​មិនមាន​ដី​ដាំ​បន្លែ​នឹង​គេ​ទេ ប៉ុន្តែ​ក្នុង​មួយ​ព្រឹក​គាត់​អាច​រក​ចំណូល​ពី​ការ​ស៊ីឈ្នួល​ធ្វើ​ស្មៅ និង​កាត់​ស្លឹក​ត្រសក់​ឱ្យគេ​ក៏បាន2ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ ហើយ​ពេលទំនេរ​ពី​ការធ្វើ​ស្មៅ គាត់​អាច​ទៅ​ស៊ីឈ្នួល​កាត់​បន្លែ​ឱ្យគេ​ដើម្បី​រក​ចំណូល​បន្ថែម​បាន​ទៀតផង។

    គួរ​បញ្ជាក់ថា ត្រសក់​គឺជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ​ដុះ​មិន​ពិបាក​ថែទាំ​ច្រើន​នោះទេ ហើយក៏​មិនសូវ​ប្រើ​ជី ឬ​បាញ់ថ្នាំ​គីមី​ដើម្បី​សម្លាប់​សត្វល្អិត​ច្រើនពេក​ដែរ និយាយ​រួម​ទៅ​គឺ​ចំណាយ​ដើមទុន​អស់​តិច តែ​ប្រមូល​ផល​បានយូរ​រហូត​ជាង1ខែ​ឯណោះ ទើប​ដើម​ទុំ​ចាស់​ងាប់​ស្លឹក ហើយ​សឹម​រៀបចំ​ដាំ​ថ្មី​ឡើងវិញ។

    ចំណែកឯ​វិធី​ដាំ​ដុះ​វិញ​កសិករ​ដដែល​នោះបាន​ប្រាប់ថា មុនពេល​ដាំ​គេ​ត្រូវ​ភ្ជួរ​រាស់​ដី ហើយ​ហាល​ដី​ចោល​រយៈពេល​មួយ​សប្តាហ៍ ទើប​ភ្ជួរ​ពូន​ជា​រង​បន្ទាប់មក​យក​គ្រាប់​កប់​ដាំ​តែម្តង។ នៅពេល​មិនទាន់​ដុះ ក្នុង​មួយថ្ងៃ​គេ​ត្រូវ​ស្រោច​ទឹក​វា3ដង​គឺ​ពេលព្រឹក ថ្ងៃត្រង់ និង​ល្ងាច លុះ​កូន​ត្រសក់​ដុះ​ហើយ​គឺ​ស្រោច​ទឹកតែ2ដង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ លុះ​ដល់ពេល​ត្រសក់​ឡើងទ្រើង កសិករ​អាច​យក​ជី និង​ថ្នាំ​ជំនួយ​ត្រួយ​មក​ដាក់​ត្រាំ​ក្នុង​ទឹកស្រះ​ដើម្បី​បូម​ស្រោច​តាម​គុម្ព​ត្រសក់​ទាំងនោះ​រយៈពេល​មួយ​សប្តាហ៍ រហូតដល់​អាយុ​បាន1ខែ ត្រសក់​អាច​ចេញ​ផ្កា និង​ក្ដិ​ប ហើយ​យើង​អាច​បន្ត​បេះ​វា​បាន​រហូតដល់ 1ខែ ឬ1ខែ​កន្លះ​ឯណោះ​ទើប​រើ​ទ្រើង​ដាំ​សាជាថ្មី។

    ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្អាង លោក អ៊ុក សុគន្ធ មានប្រសាសន៍ថា ផ្ទៃដី​ដាំ​បន្លែ​ចម្រុះ​នៅក្នុង​ស្រុក​ស្អាង​មាន​ប្រមាណ2.037ហិកតា ហើយ​ក្នុង​មួយថ្ងៃ​ទូទាំង​ស្រុក​ផលិត​បន្លែ​គ្រប់​ប្រភេទ​នាំ​ចេញទៅ​លក់​លើ​ទីផ្សារ​បាន​ពី50-60តោន។ លោក​បាន​បន្តទៀតថា កសិករ​គួរ​មាន​ទម្លាប់​ផ្លាស់ប្តូរ​ប្រភេទ​ដំណាំ និង​គួរ​ដាំ​ដំណាំ​ណា​ដែលមាន​តម្រូវការ​ទីផ្សារ ចៀសវាង​ការដាំដុះតាមៗគ្នា​ដែលនាំឱ្យ​បរិមាណ​ផ្គត់ផ្គង់​ច្រើន​លើស​តម្រូវការ​ដែលនាំឱ្យ​បន្លែ​នោះ​ធ្លាក់​ថ្លៃ៕

  • កំពូលតារាចម្រៀង Sam Smith និងគូស្នេហ៍គ្រោងរៀបមង្គលការនៅអូស្ត្រាលី

    កំពូលតារាចម្រៀង Sam Smith និងគូស្នេហ៍គ្រោងរៀបមង្គលការនៅអូស្ត្រាលី

    យោងតាមសារព័ត៌មាន Dialy Mail ដែលបានចេញផ្សាយនៅពេលថ្មីនេះៗបានឱ្យដឹងថា កំពូលតារាចម្រៀង Sam Smith និងគូស្នេហ៍លោក Brandon Flynn ​គ្រោងរៀបមង្គលការនៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការអះអាងរបស់ទស្សនាវដ្តីល្បីឈ្មោះ NW បានទម្លាយព័ត៌មានមកថា តារាចម្រៀង Sam Smith  និងតារាសម្ដែងនៅក្នុងរឿង “13 Reasons Why” លោក Brandon Flynn បានតៀមខ្លួនរួចជាស្រេចក្នុងការសម្រេចក្ដីស្រមៃរបស់ពួកគេក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។

    ប្រភពមួយបានបញ្ជាក់កាលពីថ្ងៃច័ន្ទកន្លងមកថា គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ មិនបានភ្ជាប់ពាក្យនឹងគ្នាពីមុនមកទេ តែពួកគេបានពិភាក្សាគ្នាថា ពួកគេនឹងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសអូស្ដ្រាលី នៅក្នុងអំឡុងពេលមួយសប្ដាហ៍ទៀត បន្ទាប់ពីប្រទេសនេះបានអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នារួចហើយ។ ប្រភពដដែលបានបន្ដថា តារាចម្រៀងរូបនេះ បានគិតគូររៀបចំកន្លែងពិសេសមួយសម្រាប់រៀបអាពាហ៍ពិពាហ៍ដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់គូស្នេហ៍ភេទដូចគ្នារបស់លោក។

    ប្រភពទស្សនាវដ្ដីខាងលើក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នកំពូលតារាចម្រៀង Sam Smith និងគូស្នេហ៍របស់លោកកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ហើយបានបញ្ចេញសកម្មភាពវិជ្ជមានជាច្រើននៅក្នុងភោជនីយដ្ឋានល្បីមានឈ្មោះ  Jonah ស្ថិតនៅក្នុងតំបន់ Palm Beach ដែលជាកន្លែងរៀបចំអាពាហ៍ពិពាហ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេស អូស្ដ្រាលី ៕

  • Tevez វិល​ទៅកាន់​ក្លិប Boca Junior ដើម្បី​ធ្វើជា​ស្ពាន​សម្រាប់ World Cup

    Tevez វិល​ទៅកាន់​ក្លិប Boca Junior ដើម្បី​ធ្វើជា​ស្ពាន​សម្រាប់ World Cup

    ខ្សែប្រយុទ្ធ Carlos Tevez សង្ឃឹមថា អាចនឹងវិលទៅកាន់ភាពជោគជ័យ និងប្រើប្រាស់ការវិលត្រឡប់របស់គេទៅកាន់ក្លិប Boca Juniors ដើម្បីធ្វើជាស្ពានក្នុងការវិលទៅចូលរួមក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនវិញ សម្រាប់ព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ី នៅឆ្នាំនេះ។

    Tevez បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​នៅសល់​រយៈពេល2ទៅ3ឆ្នាំ​ទៀត ហេតុនេះ ការចូលរួម​ក្នុងការ​ប្រកួត World Cup សម្រាប់​កីឡាករ​ម្នាក់​ដែលមាន​វ័យ​ដូច​ខ្ញុំ​នឹង​ក្លាយជា​រឿង​ដ៏​ពិ​សេសមួយ»។

    អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester United និង Juventus ដែល​នឹង​ឈានចូល​វ័យ34ឆ្នាំ​នៅ​ខែក្រោយ​រូបនេះ បាន​លេង​ជា​លើកចុងក្រោយ​សម្រាប់​ក្រុម​ជម្រើសជាតិ​កាលពី​ខែតុលា ឆ្នាំ2015។ ប៉ុន្តែ Tevez នឹង​រីករាយ​ក្នុងការ​កាត់បន្ថយ​ចំណូល ដើម្បី​ទទួលបាន​ឱកាស​លេង​កាន់តែច្រើន ក្រោយពី​ការផ្ទេរ​ដែល​ផ្តល់ប្រាក់​ចំណូល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​រយៈពេល12ខែ​ជាមួយនឹង​ក្លិប​បាល់ទាត់​របស់​ចិន Shanghai Shenhua។

    ខណៈដែល​រូបគេ​ត្រូវបាន​ឲ្យ​ធ្វើការ​បង្ហាញខ្លួន​ជា​សាធារណៈ​នៅ​ក្លិប​របស់គេ ក្រោយពី​ការផ្ទេរ​កាលពី​សប្តាហ៍​មុន​នោះ Tevez បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ចង់​រីករាយ​ជាមួយនឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ជាមួយនឹង Boca ពីព្រោះ​វា​ជា​រឿង​ចុងក្រោយ​ដែល​ខ្ញុំ​នៅសល់។ វា​កាន់តែ​ងាយស្រួល ប្រសិនបើ​ខ្ញុំ​រីករាយ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់»។ កីឡាករ​រូបនេះ បច្ចុប្បន្ន​កំពុងតែ​ហ្វឹកហាត់​ជាមួយនឹង​ក្លិប​កាលពី​កុមារភាព​របស់គេ​នៅ​ខាងក្រៅ​ទីក្រុង Buenos Aires៕

    ប្រភពពី៖ Sport24