Category: សង្គម និងសេដ្ឋកិច្ច

  • ចេមស៍ ជិ ទិញរថយន្ដប្រណីតជូនឪពុកតម្លៃជិត 8 លានបាត

    ចេមស៍ ជិ ទិញរថយន្ដប្រណីតជូនឪពុកតម្លៃជិត 8 លានបាត

    តាមរយៈសារព័ត៌មាន khaosod នៅថ្ងៃទី15 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា តារាសម្ដែង​ឯកប្រុសលោក ចេមស៍ ជិរ៉ាយុ បានទិញរថយន្ដប្រណីត Porsche 718 Cayman ដែលមានតម្លៃប្រមាណជិត 8 លានបាតជូនលោកឪពុក ក្នុងគោលបំណងចង់ឱ្យឪពុកបានដើរលេងយ៉ាងសប្បាយ ព្រោះលោកឪពុកមានអាយុកាន់តែច្រើនហើយ។

    ទន្ទឹមនឹងនោះដែរ តារាសម្ដែងឯកប្រុសប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 បានប្រាប់ឱ្យដឹងដែរថា «នេះចាត់ទុកថា ជាការប្រគល់ឱ្យក្រុមគ្រួសារ ព្រោះធ្លាប់នាំលោកឪពុកទៅជ្រើសរើសរថយន្ដជាច្រើនគ្រឿងហើយ តែលោកមិនពេញចិត្ត ទើបបានជាខ្ញុំសម្រេចចិត្តទិញជូនលោកតែម្ដងទៅ។ ការដែលលោកសម្រេចចិត្តយូរពេក ក៏ព្រោះតែលោកមិនធ្លាប់ទិញរថយន្ដបែបហ្នឹងពីមុនមក ហើយរថយន្ដដែលប្រើនៅក្នុងផ្ទះកន្លងមកនោះ គឺរថយន្ដ 15 កៅអី ទើបមិនអាចជិះទៅណាមកណាតែម្នាក់ឯងបាន»។

    យ៉ាងណាមិញ តារាប្រុសរូបនេះក៏បានបញ្ជាក់ទៀតដែរថា លោកចង់ឱ្យឪពុកម្ដាយលោកបានសប្បាយចិត្ត ព្រោះពួកគាត់ក៏ចូលចិត្តរថយន្ដបែបនេះដែរ។ ស្របគ្នានោះដែរ តារាឯកប្រុសរូបស្រស់សង្ហារូបនេះ បានបកស្រាយរឿងពាក្យចចាមអារ៉ាមស្នេហារបស់ខ្លួន ដែលមានដំណឹងលេចឮ​មកថា មានទំនាក់ទំនងស្នេហ៍ជាមួយមនុស្សក្រៅរង្វង់សិល្បៈ ទើបលោកអះអាងថា «សូមជម្រាបថា ត្រឹមតែជាអ្នករាប់អានគ្នាទើបត្រូវជាង ព្រោះពួកយើងបាននិយាយគ្នាជារឿយៗ គឺនិយាយគ្នាតាមភាសាបែបបងប្អូនច្រើនជាង និងមិនមានអ្វីក្រៅពីនោះឡើយ»៕

     

    วันเด็กแห่งชาติ 😊

    A post shared by Jirayu Tangsrisuk (@jirayu_jj) on

  • លោក Wenger ៖ ស្ថានភាព​របស់ Sanchez អាច​នឹងត្រូវ​កាត់សេចក្តី​រយៈពេល 48ម៉ោង​ទៀត

    លោក Wenger ៖ ស្ថានភាព​របស់ Sanchez អាច​នឹងត្រូវ​កាត់សេចក្តី​រយៈពេល 48ម៉ោង​ទៀត

    លោក Arsene Wenger បាន​បញ្ជាក់ថា Alexis Sanchez អាច​នឹង​ចាក​ចេញពី​ក្លិប Arsenal ក្នុង​រយៈពេល48ម៉ោង​ទៀត ប៉ុន្តែ ការរក​កីឡាករ​ម្នាក់​មក​ជំនួស​ក៏​អាច​នឹង​កើតឡើង​ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែមករា​នេះ ផងដែរ។

    Sanchez មិនបាន​ធ្វើដំណើរ​ជាមួយនឹង​ក្រុម Arsenal សម្រាប់​ការប្រកួត​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Bournemouth ឡើយ ខណៈដែល​ក្លិប Manchester United ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តួល​គូប្រជែង​របស់ខ្លួន​គឺ Manchester City ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​រូបនេះ។ នេះ​បើ​យោងទៅតាម​ប្រភព​របស់​ទូរទស្សន៍ Sky Sports។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ ដែល​បាន​ហ្វឹកហាត់​កាលពី​ថ្ងៃ​សៅរ៍ នៅជាប់​កិច្ចសន្យា​រយៈពេល6ខែ​ទៀត ហើយ​លោក Wenger ហាក់​យល់ព្រម​ក្នុងការ​បាត់បង់​កីឡាករ​រូបនេះ នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ នៅ​ថ្ងៃទី31 ខែមករា ខាងមុខនេះ។ ក្នុងពេល​ពន្យល់​ពី​ការ​អវត្តមាន​របស់ Sanchez មុនពេល​ចាប់ផ្តើម​ប្រកួត លោក Wenger បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា ខ្សែប្រយុទ្ធ​រូបនេះ​កំពុងតែ​មិន​ច្បាស់​ពី​អនាគត​របស់គេ ប៉ុន្តែ ដំណោះស្រាយ​នឹងត្រូវ​រកឃើញ​ក្នុងពេលឆាប់ៗនេះ។

    លោក Wenger បាន​ឲ្យ​ដឹងថា៖ «វា​នឹងត្រូវ​កាត់សេចក្តី​ក្នុង​រយៈពេល48ម៉ោង​ទៀត។ វា​ពិតជា​លំបាក​បន្តិច​ហើយ​សម្រាប់ Alexis ក្នុង​ការលេង​នៅ Bournemouth ពីព្រោះ​រូបគេ​កំពុងតែ​រង់ចាំ។ នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ប្រើប្រាស់​រូបគេ»។ Man United បានបញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់​ពួកគេ​ក្នុងការ​ផ្តួល​ក្រុម Man City ដើម្បី​ទិញយក Sanchez និង​ដើម្បី​ផ្តល់ប្រាក់​ចំណូល​ច្រើនជាង​ក្រុម Man City៕

    ប្រភពពី៖ Sky Sports

  • Liverpool បញ្ចប់​ការមិន​ស្គាល់​ចាញ់​របស់ Man City ខណៈ Arsenal ចាញ់ Bournemouth

    Liverpool បញ្ចប់​ការមិន​ស្គាល់​ចាញ់​របស់ Man City ខណៈ Arsenal ចាញ់ Bournemouth

    ក្រុម Liverpool បានធ្វើឱ្យ​ក្រុម Manchester City រង​បរាជ័យ​ជា​លើក​ទី1របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-3 កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញថា ពួកគេ​នៅតែមាន​ភាពខ្លាំង​បើទោះបី​លេង​ដោយ​គ្មាន​តារា​ឆ្នើម Philippe Coutinho ក៏ដោយ។

    ក្រុម Man City បានធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ដោយ​ការមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត30លើក​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស និង​ត្រូវបាន​រំពឹងទុក​ថា នឹង​ក្លាយជា​ក្រុម​ម្ចាស់​ជើងឯក ស្របពេល​មានការ​លើកឡើងថា ពួកគេ​អាច​នឹង​បញ្ចប់​រដូវ​កាល​ទាំងមូល​នេះ ដោយ​ការមិន​ស្គាល់​ចាញ់​សោះ​ទៀតផង។

    ប៉ុន្តែ រយៈពេល90នាទី​ក្រោយមក ក្រុម​របស់លោក Pep Guardiola បាន​ជួប​ការខកចិត្ត ក្រោយពី​រង​បរាជ័យ​ក្នុងការ​ប្រកួត​ពាន​ក្នុងស្រុក​ជា​លើក​ទី1របស់​ពួកគេ ចាប់តាំងពី​ចាញ់​ក្រុម Arsenal ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្ដង កាលពី​រដូវ​កាល​មុន។ Man City បាន​ចាញ់​ទាំង​ប្រផិតប្រផើយ ខណៈដែល​ក្រុម​របស់លោក Jurgen Klopp បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​លុបចោល​នូវ​ការព្រួយបារម្ភ​ថា ពួកគេ​អាច​នឹង​ត្រដាបត្រដួស ក្រោយពី​ការលក់​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Coutinho ទៅ​ឲ្យ​ក្លិប Barcelona។

    លោក Guardiola គ្រូបង្វឹក​របស់ Man City បាន​ឲ្យ​ដឹងថា៖ «ក្រោយពី​គ្រាប់​បាល់​ទី2 ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ទៀត​ក្នុង​ចន្លោះពេល​ត្រឹមតែ3 ទៅ4នាទី​ប៉ុណ្ណោះ ហើយ​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ស្រោចស្រង់​ឡើងវិញ។ ក្នុង​រាល់​សន្និសីទ​សារព័ត៌មាន​ទាំងអស់​កាលពី​ប៉ុន្មាន​ខែ​មុន គេ​បាន​និយាយថា ក្របខ័ណ្ឌ Premier League បញ្ចប់​ហើយ តែ​ខ្ញុំ​តែងតែ​និយាយថា មិនទាន់​ទេ វា​នៅតែ​ត្រូវធ្វើ​ឲ្យ​បញ្ចប់»។ ស្របពេល​ជាមួយគ្នានេះ ការរីករាយ​របស់​ក្រុម Liverpool មាន​ភាពផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​អារម្មណ៍​របស់លោក Arsene Wenger ក្រោយពី Arsenal ចាញ់​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Bournemouth៕

    ប្រភពពី៖ Worldsoccertalk

  • តើ​ស្បែក​របស់​អ្នក​បែបណា​ដែរ និង​គួរ​មើលថែទាំ​យ៉ាងណា​ទៅ?

    តើ​ស្បែក​របស់​អ្នក​បែបណា​ដែរ និង​គួរ​មើលថែទាំ​យ៉ាងណា​ទៅ?

    រឿង​សាច់​ស្អាត ស្បែក​រាប​ភ្លឺរលោង សម្រាប់នារីៗយើង គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​បើសិន​ស្បែក​ស្អាត មាន​សុខ​ភាពល្អ ពិតជា​មាន​ផល​ល្អ​ដល់​រូបអ្នក​វិញ​មិន​ខាន ដូច្នេះ​តើ​ស្បែក​របស់​អ្នក​យ៉ាងណាដែរ? ព្រោះ​ស្បែក​របស់​មនុស្ស​យើង​មិន​ដូចគ្នា​ទេ អ្នកខ្លះ​ស្បែក​ស្ងួត អ្នកខ្លះ​មាន​ស្បែក​ធម្មតា ឬ​ជួនកាល​ស្បែក​របស់​អ្នក​ឡើង​ជាតិ​ប្រេង (ឡើង​ខ្លាញ់)ច្រើន ដូច្នេះ តើ​អ្នកមាន​ដឹង​ពី​វិធី​ការមើល​ថែទាំ​ស្បែក​របស់​អ្នក​ដែរឬទេ? ថ្ងៃនេះ យើង​មានចំណេះដឹងល្អៗពាក់ព័ន្ធ​នឹង​ប្រភេទ​ស្បែក​របស់នារីៗយើង​មក​ជម្រាបជូន​ប្រី​យ​មិត្ត​អ្នកអាន​ដូចតទៅ ៖

    ឥលូវ យើង​នាំគ្នា​មក​សាកល្បង​ពិនិត្យមើល​ស្បែក​របស់​យើង​ថា តើ​ស្បែក​របស់​យើង ជា​ស្បែក​ប្រភេទ​បែបណា ។

    លាងមុខ​ឱ្យ​ស្អាត រួច​ទុកចោល​ប្រមាណ​ជា 2 – 3 ម៉ោង បើ​ធ្វើការ​សាកល្បង​មើល​ក្រោយពេល​លាងមុខ​ហើយភ្លាមៗនោះ អាចធ្វើឱ្យ​លទ្ធផល​ចេញមក​មិនសូវ​ប្រាកដ​ច្បាស់ ព្រោះ​សូម្បីតែ អ្នក​ដែលមាន​ផ្ទៃមុខ​ឡើងជា​តិ​ខ្លាញ់​ខ្លាំង​បំផុត នៅ​អាច​មើលទៅ​ឃើញ​ឡើង​ស្ងួត​បាន​បន្ទាប់ពី​លាង​សម្អាត​មុខ​ហើយថ្មីៗ ដូច្នេះ​ទើប​គួរ​ទុក​ចន្លោះពេល​ចោល​មួយរយៈ​ដើម្បី​រង់ចាំ​មើល​ការធ្វើការងារ​របស់​ក្រពេញ​ជាតិ​ខ្លាញ់ ដោយ​ការយក​ក្រដាសអនាម័យទន់ៗ ស្តើងៗ មក​បិទ​ពីលើ​មុខ បើ​ក្រដាស់​នោះ​ជាប់​នៅលើ​មុខ បញ្ជាក់ថា អ្នកមាន​ស្បែ​កមុខ​ប្រភេទ​ឡើង​ប្រេង បើ​ក្រដាស​មិន​ស្អឹ​ត​ជាប់​នៅលើ​មុខ​សោះ បញ្ជាក់ថា អ្នកមាន​ស្បែក​ស្ងួត បើ​ក្រដាស​ស្អឹ​ត​ជាប់​នៅលើ​ផ្ទៃមុខ​មួយផ្នែក ជាពិសេស​កន្លែង T zone(ក្តោងច្រមុះ និង​ថ្ងាស់)នោះ បញ្ជាក់ថា អ្នកមាន​ស្បែក​ប្រក្រតី។

    ស្បែក​ស្ងួត៖ ជា​ស្បែក​ដែល​មិនអាច​រក្សា​សំណើម​បាន ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​គ្មាន​ភាព​ស្រស់បស់ និង​មានឱកាស​ឆាប់​កើតស្លាកស្នាម​ជ្រីវជ្រួញ​បាន​ងាយ​ជាង​ស្បែក​ប្រភេទផ្សេងៗទៀតផង។ លក្ខណៈ​ផ្ទៃមុខ​របស់​អ្នក​ដែលមាន​ស្បែក​ស្ងួត គឺ​នៅ​ម្តុំ​ថ្ពាល់​ផ្នែក​ខាងក្រោម​ដែល​ជាប់​នឹង​ធ្គា​ម ហើយ​និង​ស្បែក​ក្រោម​ភ្នែក នឹង​មើលទៅ​ឃើញ​រាង​ស្ងួត ជួនកាល​រាងរបកៗហុយ​ទៀតផង។

    ដំណាក់កាល​ការមើល​ថែទាំ៖ ចៀសវាង​ការប្រើ​ឡូ​ស្សឹ​ន​ជូត​ស្បែក ព្រោះ​នឹងធ្វើ​ឱ្យ​ស្បែក​កាន់តែ​ស្ងួត​ឡើង វិធី​ដែល​ល្អ គឺ​គួរប្រើ​ទឹកស្អាត​លុប​លាងមុខ​នៅពេល​ព្រឹក ចំណែក​ពេល​ល្ងាច ដែលជា​ពេល​ត្រូវ​លាង​គ្រឿងសម្អាង​ចេញពី​មុខ​នោះ គួរ​ជ្រើសរើស​ប្រើ​គ្រី​ម​លាង​សម្អាត​ផ្ទៃមុខ​ណា​ដែលមាន​ចំណែក​ផ្សំ​របស់ ម៉​យ​ស៏​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ដែល​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ថា ស្បែក​រាងរអិលៗបន្ទាប់ពី​លាង​សម្អាត​មុខ​ហើយ។ ចំណែកឯ​មុនពេល​គេង គួរ​បំប៉ន​ស្បែក​មុខ​ដោយ​គ្រី​ម​បំប៉ន​ដើម្បី​បន្ថែមសំណើម និង​ភាព​ស្រស់បស់​ដល់​ស្បែ​កមុខ។ សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​ខ្លាំង រហូត​បែក​មាន​ស្នាម ចូរ​បន្ថែម ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍​នៅពេល​ព្រឹក និង​ពេល​ថ្ងៃតែ​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​ក៏មាន​ចំណុច​ល្អ​ដែរ គឺ​រន្ធ​រោម​ច្រើនតែ​បិទ​ជិត មើលទៅ​ឃើញ​ផ្ទៃមុខ​រាប​រលោង និង​មិនសូវមាន​បញ្ហារឿង​ផ្ទៃមុខ​ឡើង​ខ្លាញ់​រលើប ដែលជា​មូលហេតុ​ធ្វើឱ្យ​តុបតែង​មុខ​មិនសូវ​ជាប់​បានយូរ។

    ស្បែក​ឡើង​ប្រេង (ស្បែក​មុខ​ឡើង​ខ្លាញ់)៖ ស្បែក​ប្រភេទ​នេះ នឹងមាន​ភាព​ខ្លាញ់​រលើបរលោង​ពាសពេញ​ផ្ទៃមុខ និង​ឡើង​ច្រើន​ជាពិសេស​នៅ​កន្លែង T zone ឬ​ម្តុំ​ថ្ងាស់ ធ្គា​ម និង​ច្រមុះ។ អ្នក​ដែលមាន​ស្បែក​ឡើង​ខ្លាញ់ មើលទៅ​ហាក់ដូចជា​មិន​ងាយ​កើតស្លាកស្នាម​ដូច​អ្នក​ដែលមាន​ស្បែក​ស្ងួត​ទេ តែ​ក៏​ពិបាក​នឹង​លាង​សម្អាត​ដែរ និង​ដោយសារតែ​ក្រពេញ​ជាតិ​ប្រេង​ធ្វើការ​ខ្លាំង​ជាង​ប្រក្រតីនោះ ទើប​ធ្វើឱ្យ​រន្ធ​រោម​រីក​ធំ មើលទៅ​ឃើញ​ស្បែក​មុខ​រាង​គ្រើម​ជាង​អ្នក​ដែលមាន​ស្បែក​ស្ងួត។ បញ្ហា​មួយទៀត​របស់​អ្នក​ដែលមាន​ស្បែក​មុខ​ឡើង​ប្រេង គឺ​នៅពេល​ជាតិ​ប្រេង​ចេញមក​ស្រោប​លើ​ផ្ទៃមុខ​ច្រើន​នោះ នឹង​ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​រលើប​រងើម ជោរ​ប្រេង ផ្ទៃមុខ​មិន​ស្រស់ថ្លា តុបតែង​មុខ​មិនសូវ​ជាប់​បានយូរ។

    ដំណាក់កាល​ការមើល​ថែទាំ៖ ជ្រើសរើស​ប្រើ​សាប៊ូ​ប្រភេទខ្សោយៗ ឬ​ជេ​ល​លាងមុខថ្លាៗ និង​មិនចាំបាច់​លាងមុខ​ញឹកញាប់​នោះទេ  បើ​មាន​អារម្មណ៍​ថា ផ្ទៃមុខ​ឡើង​ប្រេង​ខ្លាំង ចូរ​ប្រើ​ក្រដាសអនាម័យ ជូត​រាង​ប្តិតៗជាតិ​ប្រេង​នោះ​ចេញ នឹង​ជួយ​ឱ្យ​ស្បែ​កមុខស្រស់​ឡើងវិញ​បាន ចំណែក​គ្រឿងសម្អាង គួរ​ជ្រើសរើស​ប្រើ​ប្រភេទ Oil – Free ដើម្បី​កុំឱ្យ​ផ្ទៃមុខ​ឡើង​រងើម។

    ស្បែក​ធម្មតា៖ ការពិតទៅ មនុស្ស​ភាគច្រើន ច្រើន​មាន​ស្បែក​ក្នុង​លក្ខណៈ​នេះ គឺមាន​ជាតិ​ប្រេង​ស្រោប​លើ​ស្បែក​បែបស្តើងៗនៅ​ម្តុំ T zone គឺ​ថ្ងាស់ និង​ច្រមុះ នឹងមាន​ភាព​រលើប​ខ្លាំង​ជាង​ផ្នែក​ខាង​ថ្ពាល់​បន្តិច ខណៈដែល​ស្បែ​កនៅ​ម្តុំ​កែវភ្នែក និង​ថ្ពាល់​ចុះ​មកដល់​បំពង់ក​មើលទៅ​ឃើញ​រាង​ស្ងួត​ជាង​ម្តុំ T zone។

    ដំណាក់កាល​ការមើល​ថែទាំ៖ គួរ​លាង​សម្អាត​ផ្ទៃមុខ​ដោយ​សាប៊ូ​ប្រភេទខ្សោយៗ និង​មិន​គួរប្រើ​ឡូ​ស្សឹ​ន​ដែលមាន​ចំណែក​ផ្សំ​របស់​អាល់កុល​ឡើយ  ព្រោះ​នឹងធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែលមាន​ស្បែក​ស្ងួត ចំណែក​ការប្រើ ម៉​យ​ស៏​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ចូរ​លាប​តែ​លើ​ថ្ពាល់ និង​ស្បែក​ជុំវិញ​កែវភ្នែក ដើម្បី​ការពារ​ការកើត​ស្លាកស្នាម​បាន​ហើយ។

    វិធី​មើលថែទាំ​ស្បែក​ប្រភេទនីមួយៗមិន​ដូចគ្នា​ទេ តែ​យ៉ាងណាក៏ដោយ នារីៗយើង​គួរ​សាកល្បង​ជ្រើសរើស​វិធី​ការមើល​ថែទាំ​ស្បែក​ណាមួយ​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង​ឱ្យបាន​ច្រើន​បំផុត ដើម្បី​ស្បែក​ដ៏​ស្អាត​ស្រស់ថ្លា​របស់​អ្នក​ហ្នឹងឯង៕

  • ការពិត!!  សុវត្ថិ មុនីវណ្ណ ថតចម្រៀង “លោកឪពុក” តាំងពីកុមារមកម្លេះ

    ការពិត!!  សុវត្ថិ មុនីវណ្ណ ថតចម្រៀង “លោកឪពុក” តាំងពីកុមារមកម្លេះ

    ក្រឡែកមកមើលបទចម្រៀងរបស់កំពូលតារាចម្រៀង  ព្រាប សុវត្ថិ ដែលមានចំណងជើងថា  “លោកឪពុក” ដែលបានរៀបរាប់ពីប្រវត្តិនៃការតស៊ូរបស់ឪពុកជាកម្មករសំណង់ម្នាក់ ប្រឹងប្រែរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូន។បទចម្រៀងនេះដែរ ត្រូវបានដឹកនាំសម្ដែងដោយលោក សុខ ជំនោរ ដោយសង្កេតឃើញថា សាច់រឿងទាំងមូលហាក់បីដូចជានិយាយរៀបរាប់ពីរឿងរ៉ាវរបស់លោកឪពុករបស់ព្រាប សុវត្ថិ ផងដែរ។

    ហើយក្នុងនោះដែរ តួអង្គដែលសម្ដែងជា ព្រាប សុវត្ថិ ពីកុមារភាព ត្រូវបានគេសង្កេតឃើញថា មុខស្រដៀងគ្នាទៅនឹងតារាចម្រៀងរូបនេះខ្លាំងណាស់ ​មហាជនបានចាប់អារម្មណ៍និងទម្លាយឱ្យដឹងដែរថា គឺជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ ជាអ្នកសម្ដែងក្នុងបទចម្រៀងនេះ។ យ៉ាងណាមិញ បើទោះបីជា សុវត្ថិ មុនីវណ្ណ ទើបតែមានការចុះកុងត្រាថ្មីៗ ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសហើយនោះ តែតាមធាតុពិត លោកធ្លាប់បានបង្ហាញមុខ និងសម្ដែងរួមជាមួយឪពុករបស់លោក តាមរយៈបទចម្រៀងខាងលើនេះទៅហើយ ដោយគ្រាន់តែគ្រានេះ មិនសូវជាការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនាវីដអូចម្រៀងខាងក្រោមនេះ៖

  • បែកធ្លាយ!! សន ផល្លីកា បង្ហោះរូបថតមានផ្ទៃពោះ ទាំងមិនទាន់មានដំណឹងរៀបការ

    បែកធ្លាយ!! សន ផល្លីកា បង្ហោះរូបថតមានផ្ទៃពោះ ទាំងមិនទាន់មានដំណឹងរៀបការ

    ពិតជាធ្វើឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលតារាចម្រៀងស្រី​ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សន ផល្លីកា បានបាត់ដំណឹងមួយរយៈ និងមិនខកខានចេញបទចម្រៀងនៅក្នុងផលិតកម្មនោះ ស្រាប់តែថ្មីៗនេះ នាងបានទម្លាយរូបថតជាច្រើនសន្លឹកនៅបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាម ដែលស្ដែងឱ្យមហាជនឃើញថា សភាពពោះរបស់នាងធំ ហាក់បីដូចជាកំពុងតែតាំងគភ៌យ៉ាងដូច្នោះ។

    គួរកត់សម្គាល់ផងដែរឃើញថា ថ្មីៗនេះ មានរូបភាពរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សន ផល្លីកា ជាច្រើនបានបង្ហោះឡើង ធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា ខណៈរូបទាំងនោះគេឃើញថា នាងកំពុងតែមានផ្ទៃពោះកូនក្នុងផ្ទៃប្រមាណជាពី7ទៅ8ខែ ទៀតផង ដោយសភាពពោះរបស់នាងបានខ្ទាតយ៉ាងធំ ជិតគ្រប់ខែទៅហើយ។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ ពួកគេកំពុងរងនូវមន្ទិលជាច្រើនថាតើ នាងផល្លីកា មានទម្ងន់ជាមួយនរណា? ព្រោះតាំងពីលឺដំណឹងមានស្នេហ៍ជាមួយមន្ត្រីធំមក គឺបាត់ដំណឹងនាងពីសិល្បៈឈឹងតែម្ដង ខណៈវិលមកវិញក្នុងស្ថានភាពបែបនេះ។

    សូមជម្រាបបន្ថែមផងដែរថា ការបង្ហាញខ្លួនក្នុងសភាពមានផ្ទៃពោះ ដោយមិនស្គាល់មុខស្វាមីរបស់ សន ផល្លីកា នេះ គឺពិតជាធ្វើឲ្យមហាជនគ្រប់ទិសទី សម្ដែងនូវការងឿងឆ្ងល់គ្រប់គ្នា ខណៈតារាស្រីរូបនេះមិនបានបង្ហាញមុខគូស្នេហ៍នោះទេ ស្រាប់តែលេចខ្លួនក្នុងស្ថានភាព មានផ្ទៃពោះជិតគ្រប់ខែទៅវិញ។ បន្ថែមពីលើនេះទៀត នាងផល្លីកា គឺជាតារស្រីមួយដួង ដែលធ្លាប់មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយមានទស្សនិកជនមិនតិចទេគាំទ្រនាង។ យ៉ាងណាមិញ វត្តមានរបស់នាងពេលនេះ ធ្វើឲ្យទស្សនិកជនដែលធ្លាប់គាំទ្រនាងជាច្រើន បង្កើតនូវមន្ទិលគ្រប់គ្នាៗ៕

    A post shared by Phalika Real (@phalika_sorn) on

  • ស្ថានភាពរបស់ឪពុក ករុណា ពេជ្រ នៅតែមិនទាន់ធូរស្បើយនៅឡើយ

    ស្ថានភាពរបស់ឪពុក ករុណា ពេជ្រ នៅតែមិនទាន់ធូរស្បើយនៅឡើយ

    អស់រយៈពេលជាច្រើនថ្ងៃហើយ ដែលលោកឪពុករបស់តារាចម្រៀង ករុណា ពេជ្រ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជប៉ុនសាន់ជប៉ុនសាន់រ៉ាយ ភ្នំពេញ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យនៅទីនោះ ក៏ប៉ុន្ដែស្ថានភាពជំងឺរបស់ឪពុក ក៏នៅមិនទាន់មានសភាពធូរស្បើយនៅឡើយដែរ។

    សង្កេតឃើញថាដោយមានក្ដីបារម្ភចំពោះ តារាចម្រៀងរូបនេះ បានបួងសួងដល់វត្ថុសក្ក័សិទ្ធគ្រប់ទិសទី កុងម៉ា ជីដូនជីតា ហើយជាពិសេសទទួលបានកម្លាំងចិត្ត សេចក្តីអាណិត ស្រលាញ់ របស់ ពុកម៉ែបងប្អូនអ្នកគាំទ្រ និងមិត្តនៅក្នុងបណ្ដាញសង្កមហ្វេសប៊ុកក្នុងការជួយបន់ស្រន់ជូនដល់លោកឪពុកបន្ថែមទៀតនេះ ខណៈនេះឪពុកតារាចម្រៀងរូបនេះមានសភាពធូរស្រាលគ្រាន់ជាមុនបន្តិចហើយ ដោយអាចបើកភ្នែក កំរើកដៃជើង បានខ្លះៗ តែនៅមិនទាន់ដឹងខ្លួននៅឡើយទេ។

    ដោយយោងទៅតាមគណនីហ្វេសប៊ុករបស់ លោក ករុណា ពេជ្រ បានប្រាប់ឲ្យដឹងថា «ធ្លាប់តែទៅធ្វើការឆ្ងាយៗពីផ្ទះ ប៉ា តែងតែឈរចាំបើកទ្វារឲ្យ រួចតែងតែជូនពរកូនឲ្យសុខសប្បាយតាមផ្លូវ និងជោគជ័យ… តែសម្រាប់ពេលនេះ ប៉ាគេងនៅពេទ្យ ពេលកូនលា ប៉ា ប៉ាបានត្រឹមតែប្រិចភ្នែក ហើយកូនក៏លាប៉ា ទោះបីប៉ាមិននិយាយមកកាន់កូន ក៏កូនដឹងពីជម្រៅចិត្តប៉ាហើយ។ លោកគ្រូពេទ្យ បាននិយាយថា ស្ថានភាពជំងឺប៉ា បានប្រសើរខ្លះហើយ សង្ឃឹមថា ពេលកូនត្រឡប់មកពីសៀមរាបវិញ ប៉ា កាន់តែប្រសើរ កាន់តែដឹងខ្លួន ណា…កូននឹងឆ្លៀតទៅអុជធូប បួងសួង ព្រះអង្គចេក ព្រះអង្គចម បន្តទៀត ដើម្បីឲ្យប៉ាឆាប់ដឹងខ្លួនណា…ពេលនេះយល់ហើយ យល់ថា ទំងន់ ៧០kg តែពេលដើរស្រាលដូចសំឡី…ដរាបណា កូននៅមានសង្ឃឹម ប៉ាក៏ត្រូវតែមានសង្ឃឹម ជាមួយកូនជានិច្ចណា…!»៕

  • Angelina Jolie ស្អាតដាច់គេ ខណៈបង្ហាញម៉ូដក្នុងកម្មវិធី  Critics’ Choice Awards 2018

    Angelina Jolie ស្អាតដាច់គេ ខណៈបង្ហាញម៉ូដក្នុងកម្មវិធី  Critics’ Choice Awards 2018

    តាមរយៈសារព័ត៌មាន kenh 14 បានចេញផ្សាយនៅថ្ងៃទី 13 ខែមករា ឆ្នាំ 2018 បានឱ្យដឹងថា នៅក្នុងកម្មវិធី Critics’ Choice Awards 2018 ដែលបានរៀបចំឡើងនៅក្នុងបរិវេណអគារ Santa Monica ក្នុងរដ្ឋ California សហរដ្ឋអាមរិក គេសង្កេតឃើញមានតារាហូលីវូដជាច្រើនដួងបានបង្ហាញខ្លួន រួមជាមួយឈុតរ៉ូបប្លែកៗក្នុងការបង្អួតសម្រស់គ្នា។ ភាពលេចធ្លោ និងមានការចាប់អារម្មណ៍ខ្លាំងជាគេងនៅក្នុងឆ្នាំ 2018 នេះ គឺបានទៅលើអ្នកនាង Angelina Jolie  ,  Gal Gadot  និង Kate Bosworth ជាដើម។

    បើទោះបីជាអ្នកនាង Angelina Jolie  មិនសូវជាមានសាច់ឈាមដូចជាតារាៗដទៃទៀត ក៏ប៉ុន្ដែ ការរៀបចំខ្លួន និងការរចនាម៉ូដស្រាប់ខ្លួនអ្នកនាងផ្ទាល់ បានធ្វើឱ្យទាក់ភ្នែកមហាជនជាច្រើនអ្នក មកចាប់អារម្មណ៍ចំពោះរ៉ូបរាត្រីស្រមោលសមួយនេះ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតផងនោះ សូមប្រិយមិត្តទាំងអស់គ្នាទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ហេតុអ្វីបានអររំភើបចិត្តខ្លាំងពេក យើងស្រក់ទឹកភ្នែក?

    ហេតុអ្វីបានអររំភើបចិត្តខ្លាំងពេក យើងស្រក់ទឹកភ្នែក?

    ត្រេកអររហូតដល់ស្រក់ទឹកភ្នែក…តើអ្នកធ្លាប់នឹកឆ្ងល់ទេថា ហេតុអ្វីបាននៅក្នុងវិនាទីដំបូងដែលយើងរំភើបចិត្តក្នុងអំឡុងពេលសំខាន់ៗ ដូចជា ពេលត្រូវសង្សាសុំរៀបការ ពេលប្រឡងជាប់ ឬពេលប្តល់កំណើតកូនសម្លាញ់ ធ្វើឱ្យយើងស្រក់ទឹកភ្នែកទាំងមិនមែនជាពេលវេលានៃការសោកសៅផងនោះ? ហើយដែលចម្លែកជាងនេះទៅទៀតនោះគឺ គ្រប់ពេលដែលនឹកត្រឡប់ទៅដល់អំឡុងពេលល្អៗទាំងនោះ អាការរំភើបរំជួលចិត្តក៏កើតឡើងជានិច្ច មូលហេតុបណ្តាលមកពីអ្វីនោះ ឡារ៉ែន មានចម្លើយមកជម្រាបជូន។

    លទ្ធផលនៃការវិភាគស្រាវជ្រាវថ្មីបំផុតដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តបត្រ Psychological Science របស់
    ប្រទេសអាមេរិកបានឱ្យយើងដឹងថា បើខួរក្បាលកើតការទទួលអារម្មណ៍ផ្នែកណាមួយខ្លាំងជ្រុលពេក រាងកាយនឹងមានប្រតិកម្មតបស្នងនឹងអារម្មណ៍នោះដោយការបង្ហូរទឹកភ្នែកចេញមក ធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាល ផ្ទុយទៅវិញបើយើងគ្មានអារម្មណ៍អ្វីច្រើនជាមួយនឹងហេតុការណ៍ដែលកើតឡើងនោះ ប្រតិកម្មនោះក៏មិនកើតឡើងដែរ។ រឿងទាំងអស់នេះកើតចេញពីកម្មវិធីការសម្រួលសម-តុល្យការខាងអារម្មណ៍របស់ខួរក្បាលដែលហៅថា ” Emotional Equilibrium”។

    Oriana Aragon អ្នកចិត្តវិទ្យាពីមហាវិទ្យាល័យ យេល បានធ្វើការសាកល្បងដើម្បីពិសោធន៍ថា ទ្រឹស្តីមួយចំណុចនេ គឺជារឿងពិត ដោយឱ្យក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ចំនួន 679 នាក់ មើលរូបថតក្នុងអំឡុងពេលនៃសេចក្តីសុខ ដូចជា រូបទារកទើបនឹងកើត រូបថតជួបជុំមិត្តចាស់ និងរូបថតអាពាហ៍ពិពាហ៍ ហើយរៀបរាប់ពីអារម្មណ៍ដែលមានចំពោះរូបថតនោះ។ លទ្ធផលនៃការសាកល្បង បានបង្ហាញថា អ្នកស្ម័គ្រចិត្តភាគច្រើនមានប្រតិកម្មតបស្នងចំពោះរូបភាពដែលគេបានឃើញខុសប្លែកពីគ្នាបន្តិចបន្តួច គឺ អ្នកខ្លះមើលរូបថតហើយគ្រាន់តែញញឹម នោះក៏ព្រោះតែគេមិនធ្លាប់មានបទពិសោធន៍នាអំឡុងពេលបែបនោះ តែដឹងថា នេះជារូបភាពដែលគួរឱ្យរីករាយស្វាគមន៍។ ខណៈដែលអ្នកខ្លះទៀតសម្តែងអាការរំជួលចិត្តចេញមកយ៉ាងមើលឃើញច្បាស់តែម្តង នេះក៏ដោយសារតែពួកគេនឹកទៅដល់អំឡុងពេលដែលនៅក្នុងរូបថតដែលធ្លាប់បានកើតឡើងចំពោះខ្លួនគេកាលពីពេលមុនហ្នឹងឯង។

    ឃើញច្បាស់ហើយថា ខួរក្បាលរបស់យើងចងចាំនូវរឿងរ៉ាវផ្សេងៗដែលយើងបានជួបប្រទះមកយ៉ាងច្បាស់លាស់ ទើបធ្វើឱ្យយើងមានប្រតិកម្មខាងអារម្មណ៍ចំពោះហេតុការដែលកើតឡើងនោះ តែយ៉ាងណាក៏ដោយ មិនថាហេតុការណ៍ដែលធ្លាប់ឆ្លងចូលមកក្នុងជីវិតយើងជារឿងល្អ ឬអាក្រក់ប៉ុនណាក៏ដោយ ក៏កុំទៅលង់នៅតែជាមួយអតីតកាលជ្រុលពេកអី បើកដួងចិត្តទទួលយករឿងថ្មីៗវិញប្រសើរជាង នោះជីវិតរបស់អ្នកនឹងមានពន្លឺ និងសេចក្តីសុខមិនខាន៕