Category: សង្គម និងសេដ្ឋកិច្ច

  • ឆ្នាំ2017 កំណើន GDP ប្រជាជន​កម្ពុជា​ម្នាក់​មាន​ចំនួន1,434 ដុល្លារ

    ឆ្នាំ2017 កំណើន GDP ប្រជាជន​កម្ពុជា​ម្នាក់​មាន​ចំនួន1,434 ដុល្លារ

    ស្ថិតក្នុង​បរិស្ថាន​អំណោយផល​ពី​កំណើនសេដ្ឋកិច្ច​ពិភពលោក សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា6.9% នៅ​ឆ្នាំ2017 ទាប​ជាង​ឆ្នាំ2016 បន្តិច​ចំនួន7.0%។ កត្តា​នេះ​បានធ្វើឱ្យ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក(GDP)កើនឡើង​ប្រមាណ​ជា 89ទ្រី​លាន​រៀល ស្មើនឹង22ប៊ី​លាន​ដុល្លារ​អាមេរិក​ដែលនាំឱ្យ​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​កើនឡើង​ដល់1,434ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017កន្លងទៅ។

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​មានប្រសាសន៍​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ2017 និង​លើក​ទិសដៅ​ការងារ​ឆ្នាំ 2018កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា កំណើន​នេះ​ត្រូវបាន​គាំទ្រចម្បងៗដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​រឹងមាំ​ស្រប​ពេលដែល​ចលនា​នៃ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​នាំចេញ​កំពុង​ត្រូវបាន​លើកកម្ពស់។

    វិស័យ​កសិកម្ម​មាន​ស្ថាន​ភាពល្អ​ជាង​ឆ្នាំ​កន្លងទៅ ដោយមាន​កំណើន​ប្រមាណ​ជា1.5% ធៀប​នឹង​ឆ្នាំ2016មាន​ចំនួន1.4% បន្ទាប់ពី​មាន​កំណើន​ទាប​បំផុត​នៅ​ឆ្នាំ2015 គឺ​ចំនួន0.2%ក្នុងអំឡុងពេល 10ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​នៅតែ​បន្ត​រួមចំណែក​តិចតួច​ក្នុង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប(GDP)0.3%។

    កំណើន​នេះ​សម្រេចបាន​ដោយ​សារភាព​អំណោយផល​ជាង​មុន​នៃ​កត្តា​អាកាសធាតុ និង​ការកើនឡើង​នៃ​ផលិតកម្ម​ដំណាំ ជាពិសេស​ស្រូវ និង​ជលផល គួបផ្សំ​នឹង​ការបង្កើន​ចំណាយ​លើ​វិស័យនេះ​របស់​រដ្ឋាភិបាល​ដែល​កើនឡើង17% និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង4%។ បរិមាណ​ស្រូវ​ដែលមាន​ចំណែក​ធំធេង​ក្នុង​វិស័យ​កសិកម្ម 59% បាន​កើនឡើង6.6% ដល់​ប្រមាណ860ពាន់​តោន ធៀប​នឹង4%ក្នុង​ឆ្នាំ2016 ហើយ​ផល​នេសាទ​មាន​កំណើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ2016 ក្នុង​អត្រា7%។

    ចំណែក​វិស័យ​ឧស្សាហកម្ម​សម្រេចបាន​កំណើន 10.5% គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​ក្នុង​វិស័យ​កាត់ដេរ រួមចំណែក1.4%នៃ​កំណើន​GDP វិស័យ​សំណង់​រួមចំណែក1.5%នៃ​GDP និងការរួមចំណែកច្រើនជាងមុននៃផលិតផលឧស្សាហកម្មមិនមែនសម្លៀកបំពាក់។ ក្នុងវិស័យកាត់ដេរ ការនាំចេញសម្លៀកបំពាក់សមាមាត្រ64%នៃការនាំចេញសរុបបានកើនដល់ប្រមាណជិត6ប៊ីលានដុល្លារអាមេរិកមានល្បឿនកំណើន8% យឺតជាងឆ្នាំមុនបន្តិច9% ខណៈដែលការនាំចេញស្បែកជើង សមាមាត្រ8% នៃការនាំចេញសរុបបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ប្រមាណ 700លានដុល្លារជាមួយនឹងអត្រាកំណើន 25% ធៀបនឹងពេលវេលាដូចគ្នា 16%។

    កំណើននៃការនាំចេញសម្លៀកបំពាក់បានគាំទ្រដោយការកើនឡើងនៃការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក2% ធៀបនឹងកំណើនអវិជ្ជមានឆ្នាំមុន9% និងប្រទេសជប៉ុនកើន15% ទោះជាការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារធំជាងគេរបស់កម្ពុជាថយចុះ16%ក៏ដោយ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រាក់ឈ្នួលអប្បបរមាកើនឡើងជាមធ្យម 9% ដល់ 153ដុល្លារអាមេរិកក្នុងឆ្នាំ2017 ក៏ប៉ុន្តែការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមានេះហាក់មិនទាន់មានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើវិស័យកាត់ដេរនៅឡើយទេ។

    កំណើនវិនិយោគបរទេសគួបផ្សំនឹងការធ្វើសមាហរណកម្មខ្សែចង្វាក់ផលិតកម្ម កម្ពុជាក៏ចាប់ផ្តើមបង្កើនការនាំចេញផលិតផលឧស្សាហកម្មមិនមែនវាយនភណ្ឌ ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងបរិក្ខារ និងបន្លាស់យានយន្តជាដើម។  រោងចក្រចក្ខុវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌបានកើនឡើងដល់ចំនួន127 ស្មើនឹង8%នៃចំនួនរោងចក្រសរុបក្នុងឆ្នាំ2012 ស្របពេលដែលការនាំចេញផលិតផលក្នុងវិស័យនេះកើនដល់454លានដុល្លារដែលមានកំណើន74% ធៀបនឹងរយៈពេលដូចគ្នា។ ការនាំចេញផលិតផលនេះមានសមាមាត្រស្មើនឹងប្រមាណ 8% នៃការនាំចេញសរុប។

    នៅក្នុងវិស័យសំណង់ ការហូរចូលនៃការវិនិយោគ និងកំណើនតម្រូវការ ជាពិសេសប្រជាជន ដែលមានចំណូលមធ្យមបានរួមចំណែកជំរុញឱ្យវិស័យនេះបន្តមានកំណើនខ្ពស់ ប៉ុន្តែក្នុងល្បឿនយឺតជាងមុន។ បើពិនិត្យមើលលើសូចនាករដែលបង្ហាញពីកំណើននៃវិស័យសំណង់ឃើញថា ការនាំចូលសម្ភារសំណង់មានការកើនឡើង36% យឺតជាងឆ្នាំមុន42% ដោយសារសំណង់ភាគច្រើនបានឈានដល់ការបញ្ចប់គម្រោងដែលបណ្តាលឱ្យការនាំចូលសម្ភារបរិក្ខារប្រើប្រាស់ផ្សេងៗ ដូចជាម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនភ្លើងជាដើមបានកើនឡើងជាបន្តបន្ទាប់ ជាមធ្យមក្នុងអត្រា40%។ ម្យ៉ាងទៀតកំណើនក្នុងវិស័យសំណង់ក៏បានរួមចំណែកគាំទ្រដោយកំណើនឥណទានចំពោះវិស័យនេះដែលបន្តមានកម្រិតខ្ពស់ក្នុងអត្រា35% ប្រហាក់ប្រហែល នឹងកម្រិតជាមធ្យម5ឆ្នាំចុងក្រោយនេះ ទោះបីកំណើនឥណទានជារួមបានថមថយក៏ដោយ។

    ចំពោះវិស័យសេវាកម្មមានកំណើន6.2% គាំទ្រដោយកំណើនភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងដល់5.5លាននាក់ជាមួយនឹងអត្រាកំណើន12% ខ្ពស់ជាង2ដងនៃកំណើនមធ្យមក្នុងរយៈពេល3ឆ្នាំចុងក្រោយ6%។ ចំណូលពីវិស័យទេសចរណ៍បានកើនដល់3.8ប៊ីលានដុល្លារអាមេរិក មានកំណើន17% ដែលរួមចំណែកដោយកំណើនខ្ពស់នៃភ្ញៀវទេសចរចិន46% ឡាវ48% ជប៉ុន7% ខណៈភ្ញៀវទេសចរមកពីប្រទេសដែលធ្លាប់រួមចំណែកធំបានថយចុះវិញ ដូចជាប្រទេសវៀតណាម-15% កូរ៉េខាងត្បូង-3% និងថៃ-5%៕

  • វិធី​ថែទាំ​ស្បែក​មុខ​សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

    វិធី​ថែទាំ​ស្បែក​មុខ​សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

    ស្ត្រី​ទាំងអស់​នៅពេល​ឈានចូល​ដល់​វ័យ​អស់​រដូវ​ហើយ​នោះ ភាពប្រែប្រួល​ដែល​កើតឡើង​យ៉ាងច្បាស់​នោះ​គឺ បញ្ហា​ស្បែក​ដែល​រុះ​រោយ​ស្រពោន​ស្រអាប់ មើលទៅ​លែង​ស្រស់ស្អាត​ភ្លឺ​ថ្លា​ដូចពេលមុន​ទៀតហើយ រហូត​ធ្វើឱ្យ​ស្ត្រី​ជាច្រើន​នាក់​ត្រូវ​ប្រញាប់​ស្វះស្វែង​រិះរក​វិធី​ជាច្រើន​មក​មើលថែ​បំប៉ន​ស្បែក​យ៉ាង​ប្រញាប់។ ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​គន្លឹះល្អៗដែល​ជួយ​បំប៉ន និង​ថែទាំ​ស្បែក​មុខ​ឱ្យ​ស្អាត​ម៉ដ្ឋ​ថ្លា​មក​ជម្រាបជូន​ដូចខាងក្រោម​នេះ៖

    1/ ថែបំប៉ន​ស្បែ​កមុខ​ដោយ​គ្រី​ម

    មើលថែទាំ និង​បំប៉ន​ស្បែក​ឱ្យ​ស័ក្តិ​សមល្មម ដោយ​ការ​លាប​គ្រី​ម​បំប៉ន​ដែលមាន​គុណសម្បត្តិ​ជួយ​ពន្យារ​ភាពចុះ​ទ្រុឌទ្រោម​របស់​កោសិកា​ស្បែក និង​ស្តារ​សភាព​ស្បែក​ដែល​ជ្រីវ​យារ​ឱ្យ​តឹង​ស្មើ​ឡើងវិញ ដែលមាន​វីតាមីន A វីតាមីន C វីតាមីន E និង​ខូ​ឡា​ជេន។ ក្រៅពីនេះ អ្នក​គួរ​លាប​គ្រី​ម​ការពារ​កម្តៅថ្ងៃ​ដែល មាន​ចំណែក​ផ្សំ​របស់​ម៉ូ​ជី​រ៉ា​យ​ស័​រ និង​សារធាតុ​ពន្យារ​ការកើត​ស្លាកស្នាម ដើម្បី​ជួយ​ការពារ​ការឡើង​ស្រអាប់​ខ្មៅ និង​ការពារ​មិនឱ្យ​កើត​ស្នាម​ជ្រួញ​យារ​នៅលើ​ស្បែក ដោយសារ​ត្រូវ​កម្តៅថ្ងៃ​ទៀតផង។

    2/ ប្រើ​គ្រឿងសម្អាង​ជា​ជំនួយ

    សម្អាត​ស្បែ​កមុខ​ឱ្យ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច ដោយសារតែ​ស្ត្រី​ស្ថិតក្នុង​វ័យ40ឆ្នាំ​ជាង ភាគច្រើន​តែងតែ​ប្រើ​គ្រឿងសម្អាង ដើម្បី​បិទបាំង​ស្លាកស្នាម​ជាប្រចាំ​រៀងរាល់ថ្ងៃ ទើប​ជាហេតុ​ធ្វើឱ្យ​ស្បែ​កមុខ​មើលទៅ​ចុះខ្សោយ និង​ងាយ​កើតមាន​ស្នាម​ជ្រីវជ្រួញ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ស្បែក​មុខ​កាន់​តែមាន​បញ្ហា​ខ្លាំង​ជាង​មុន​នោះ​អ្នក​គួរប្រើ​ម្សៅ​ផាត់មុខ​ដូចជា ម្សៅ​ទ្រនាប់ ឬ​ប៊ី​ប៊ី​គ្រី​ម​សាច់ស្តើងៗ បន្ទាប់ពីនោះ ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ អ្នក​គួរ​ជូត​សម្អាត​ស្បែក​មុខ​របស់​អ្នកចេញ ដោយ​ការយក​សំឡី​ជ្រលក់​ទឹក​សម្រាប់​សម្អាត​ផ្ទៃមុខ​លាង​សម្អាត​គ្រឿងសម្អាង​ហើយ​សឹម​ជូត​ចេញ​យ៉ាង​ថ្នមដៃ។

    3/ សម្រាក​ឱ្យ​គ្រប់គ្រាន់

    គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ក្នុងខណៈ​ពេលដែល​អ្នក​កំពុង​គេង​លក់ រាងកាយ​នឹង​បញ្ចេញ​សារធាតុ មេ​ឡា​ថូ​នី​ន និង​សារធាតុ អេ​ន​ដូ​ហ្វ៊ី​ន ដែលមាន​ចំណែក​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​ឡើង​ស្រស់ថ្លា​ភ្លឺរលោង និង​មើលទៅ​ក្មេង​ជាង​វ័យ។

    4/ អាហារ​បំប៉ន​ស្បែក

    ទទួលទាន​អាហារ​បំប៉ន​ស្បែក ដែលមាន​ដូចជា អាហារ​ពពួក​បន្លែ និង​ផ្លែឈើ​ស្រស់​ពណ៌​បៃតង ពណ៌​លឿង និង​ពណ៌​ក្រហម ដោយសារតែ​បន្លែ​ផ្លែឈើ​ទាំងអស់នោះ​សម្បូរ​ទៅដោយ​វីតាមីន សារធាតុ​រ៉ែ រួមទាំង​សារធាតុ​ប្រឆាំងនឹង​អនុ​មូល​ឥស្សរ: ដែល​ធ្វើឱ្យ​ស្បែក​ស្អាត​ស្រស់ថ្លា និង​មាន​ភាពយឺត​តឹង។

    5/ ទទួលទាន​ទឹក​ជំនួយ​ដល់​ស្បែក

    ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ពីព្រោះ​ការទទួល​ទាន​ទឹក​មិន​ត្រឹមតែ​ជួយ​ចិញ្ចឹម​ប្រព័ន្ធ ធ្វើ​ការងារ​របស់​រាង​កាយ​ឱ្យ​ដំណើរការ​ប្រក្រតី​នោះទេ នៅ​ហុច​ផល​ល្អ​ដល់​ស្បែក​របស់​អ្នក​បាន​ទៀតផង ជួយ​ពន្យឺត​ភាព​ជ្រួញ​យារ​របស់​ស្បែក ថែមទាំង​ផ្លាស់ប្តូរ​ស្បែក​ដើម​ដែល​ធ្លាប់តែ​ក្រៀម​ស្វិត​ឱ្យ​មើលទៅ​ស្រស់ស្អាត តឹង​ណែន មាន​សុខ​ភាពល្អ​មិន​ចាញ់​គ្រី​ម​បំប៉ន​ស្បែក​តម្លៃថ្លៃៗនោះឡើយ។

    6/ ចៀសវាង​សកម្មភាព​មិនល្អ​មួយចំនួន

    ចំពោះ​សុខភាព​ស្បែក​ចៀសវាង​ពី​អ្វីដែល​ធ្វើឱ្យ​ស្បែក​ក្រៀម​ជ្រួញ​មិន​ស្រស់ថ្លា ដូចជា ការ​ដុស​សម្អាត​មុខខ្លាំងៗ ការ​ធុញថប់​មួម៉ៅ ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល និង​កាហ្វេ​អុ​ី​ន ដែលជា​កត្តា​បំផ្លាញ​ភាពស្រស់ថ្លា​របស់​ស្បែក​ឱ្យ​ឆាប់​រុះ​រោយ និង​មើលទៅ​ចាស់​ជាង​វ័យ។

    កុំ​រវល់​តែ​ឆ្លុះកញ្ចក់ ហើយ​អង្គុយ​ពិបាក​ចិត្តនឹង​បញ្ហា​ស្បែក​មុខ​របស់​អ្នក​តទៅទៀត​អី ចូរនាំគ្នាចាប់ផ្តើមមើលថែបំប៉នស្បែកឱ្យស្រស់ស្អាតចាប់ពីថ្ងៃនេះតទៅវិញប្រសើរជាង ជាមួយនឹងវិធីបែបងាយៗទាំង6ចំណុចដូចខាងលើនេះ៕

  • អូហូ!!  Miley Cyrus និងគូស្នេហ៍ផ្អែមល្ហែមគ្នាដល់ម្លឹងហ្ន៎!

    អូហូ!!  Miley Cyrus និងគូស្នេហ៍ផ្អែមល្ហែមគ្នាដល់ម្លឹងហ្ន៎!

    តាមរយៈសារព័ត៌មាន kenh 14 ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 មុននេះ​បន្ដិច បានឱ្យដឹងថា តារាចម្រៀងស្រី Miley Cyrus និងគូស្នេហ៍ Liam Hemsworth បានទម្លាយរូបភាពផ្អែមល្ហែម ខណៈដែលនាងបានធ្វើដំណើរកម្សាន្ដទៅកាន់ផ្ទះខាងប្រុសនៅក្នុងទីក្រុង Byron Bay ប្រទេសអូស្ត្រាលី។ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមធ្វីតធើរ ដែលស្ដែងឱ្យឃើញពីភាពសប្បាយរីករាយនាថ្ងៃចុងសប្ដាហ៍របស់នាងនៅលើឆ្នេរខ្សាច់ដ៏សក្បុស។ គេសង្កេតឃើញថា អ្នកទាំងពីរពិតជាស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែមណាស់ ក្នុងនោះដែរ អ្នកគាំទ្របានរំពឹងទុកថា​ សេចក្ដីស្នេហារបស់តារាចម្រៀងរូបនេះនឹងមានអត្ថន័យជ្រាលជ្រៅដូចបទចម្រៀងដែលនាងទើបតែបញ្ចេញមកកាលពីពេលថ្មីនេះផងដែរ។

    ចង់ដឹងថា តារាស្រី Miley Cyrus និងគូស្នេហ៍ Liam Hemsworth ផ្អែមល្ហែមនឹងគ្នាដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • មូល​ហេតុដែល​បណ្ដាលឱ្យ​សក់ស្កូវ​មុន​អាយុ

    មូល​ហេតុដែល​បណ្ដាលឱ្យ​សក់ស្កូវ​មុន​អាយុ

    កាលណា​និយាយ​ពីស​ក់ គឺ​អ្នកនឹង​នឹកឃើញ​ទៅដល់​ស្បែក​ភ្លាម ដែល​ពណ៌​សម្បុរស្បែក​អាស្រ័យទៅលើ​កោសិកា​ស្បែក​ម្យ៉ាង​ឈ្មោះថា មេ​ឡា​ណូ​សាយ។ មានន័យថា កោសិកា​ស្បែ​កមេ​ឡា​ណូ​សាយ​នេះ​ឱ្យ​ពណ៌​ទាំង​ស្បែក ទាំង​សក់​ដូចគ្នា។ ម្យ៉ាងទៀត​លោកអ្នក​ដែលមាន​សក់​ពណ៌​ខ្មៅ ឬ​សក់​ពណ៌​ផ្សេងទៀត​ដូចជា ពណ៌​ក្រហម​ស្លេក​មាន​តាំងពី​កំណើត​មក គឺ​អាស្រ័យ​ទៅតាម​ហ្សែ​ន​ដែលមាន​នៅក្នុង​ខ្លួន​របស់​បុគ្គលម្នាក់។

    ដូចនេះ​គេ​អាច​កំណត់​ពី​មូលហេតុ​សក់ស្កូវ​មុន​អាយុ​បាន​តាមរយៈ​ចំណុច​មួយចំនួន​ដូចជា ៖

    • មេ​តា​ប៉ូលីស៖ ការប្រែប្រួល​របស់​មេ​តា​ប៉ូ​ស​លី​ស ដែល​បំប្លែង​សារធាតុ​ប្រូ​តេ​អី​ុ​ន ជាតិ​ស្ករ ជាតិ​ខ្លាញ់ និង​បំប្លែង​សារធាតុផ្សេងៗទៀត​នៅក្នុង​ខ្លួន បណ្ដាលឱ្យ​ពណ៌​សក់​មានការ​ប្រែប្រួល​ខុសពី​ពណ៌​សក់​ធម្មជាតិ។
    • ការប្រើប្រាស់​ឱសថ៖ ការទទួល​ទាន​ឱសថ​មួយចំនួន​ដូចជា ឱសថ​ព្យាបាល​ជំងឺមហារីក ជំងឺគ្រុនចាញ់ ឬ​ប្រើប្រាស់​ឱសថ ដើម្បី​បន្ថយ​សម្ពាធ​ឈាម​ក៏​ជា​កត្ដា​ធ្វើឱ្យ​សក់​មានការ​ស្លក់​ពណ៌​បន្ដិចម្ដងៗរហូត​សក់​ប្រែ​ពណ៌​ទៅជា​ស្កូវ។
    • ការ​កង្វះ​វីតាមីន៖ ភាព​កង្វះ​វីតាមីន​មួយចំនួន​ដូចជា កង្វះ​វីតាមីន B12 និង​កង្វះ​ជាតិ​ដែក​ជាដើម​ក៏​ជា​មូលហេតុ​ធ្វើឱ្យ​សក់​ស្លក់​ពណ៌​ដែរ។
    • បញ្ហា​លើ​ស្បែក៖ ស្បែក​មាន​ជំងឺ​ដូចជា កើត​ឃ្លង់ល្ពៅ​នៅលើ​ស្បែក​នៅត្រង់​កន្លែង​ណា​ធ្វើឱ្យ​ស្បែក​កន្លែង​នោះ​ប្រែ​ពណ៌​ទៅ​ជាស​ស្លែត​ដោយសារ​កោសិកា​ស្បែក មេ​ឡា​ណូ​សាយ មក​ពាក់ព័ន្ធ ហើយ​បណ្ដាលឱ្យ​ស្បែក និង​សក់​ប្រែ​ពណ៌​ខុសពី​ធម្មជាតិ។

    វិធី​បង្ការ​សក់ស្កូវ​មុន​អាយុ

    ដោយសារ​អ្នក​បានដឹង​ពី​មូលហេតុ​មួយចំនួន​នៃ​សក់ស្កូវ​មុន​អាយុ អ្នក​ក៏​អាច​ទប់ស្កាត់​កុំឱ្យ​កើតឡើង​បានដែរ។ លោកអ្នក​មិនត្រូវ​បណ្ដាលឱ្យមាន​កង្វះ​ជាតិ​ដែក និង​ជាតិ​ស្ករ​នៅក្នុង​ខ្លួន​នោះទេ។ មិនត្រូវ​ទទួលទាន​ឱសថ​ណា​ដែល​ប៉ះពាល់​ដល់​សរសៃសក់​ធ្វើឱ្យមាន​ការប្រែប្រួល​ពណ៌​សក់​ឡើយ ហើយ​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន និង​ប្រូ​តេ​អី​ុ​ន​ឱ្យបាន​គ្រប់គ្រាន់។

    ត្រូវការពារ​ស្បែក​កុំ​ឱ្យមាន​បញ្ហា​ដូចជា កើត​ឃ្លង់ល្ពៅ កើត​ជំងឺ ឬ​រោគ​សើ​ស្បែកផ្សេងៗ ព្រោះ​វា​អាចធ្វើឱ្យ​កោសិកា​ស្បែក មេ​ឡា​ណូ​សាយ មាន​ពាក់ព័ន្ធ បណ្ដាលឱ្យ​ស្បែក​ស្លក់​ពណ៌ ក៏ដូចជា​ធ្វើឱ្យ​សក់​មានការ​ប្រែប្រួល​ពណ៌​ផងដែរ៕

  • ថន លក្ខិណា សប្បាយ​កើប​លុយ​ពេក​រហូត​ជំងឺ​ធ្វើទុក្ខ

    ថន លក្ខិណា សប្បាយ​កើប​លុយ​ពេក​រហូត​ជំងឺ​ធ្វើទុក្ខ

    ចាប់តាំងពី​ដើមឆ្នាំ2017រហូតមក ពិធី​ការិនី​និង​ជា​តារា​សម្ដែង​ម្ដងម្កាល កញ្ញា ថន លក្ខិណា​ត្រូវបាន​គេ​សម្លឹង​ឃើញថា បាន​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​ខ្លាំង​ទ្វេដង រួមជាមួយ​នឹង​ការទទួលបាន​ការងារ​ជាច្រើន​កាន់កាប់​ក្នុង​ដៃ ជាពិសេស បន្ទាប់ពី​ជាប់​ឈ្មោះ​ជាតា​រា​តំណាងឱ្យ​ផលិតផល​តែ​បៃតង​អី​ុ​ឈី​តាន់ ក៏ដូចជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស។ ជាមួយនឹង​ការបង្កើន​ភាពល្បីល្បាញ និង​មាន​ការងារ​មមាញឹក​ខាងលើនេះ ពិធី​ការិនី​ដែលមាន​ស្រុកកំណើត​នៅឯ​ខេត្តកោះកុង​ម្នាក់នេះ​មានឱកាស​កើប​លុយ​បាន​យ៉ាង​សន្ធឹកសន្ធាប់ រហូត​ភ្លេចខ្លួន​មាន​ជំងឺ​ដោយ​បញ្ហា​ឈឺក្រពះ​ដែល​តម្រូវឱ្យមាន​ការពិនិត្យ និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត។

    ក្រោយពី​បាន​ក្លាយខ្លួនជា​តារា​តំណាង​ផលិតផល​តែ​បៃតង​អី​ុ​ឈី​តាន់​ភ្លាម ថន លក្ខិណា បានក្លាយ​ទៅជា​ពិធី​ការិនី​លំដាប់​កំពូល​មួយរូប​ដែលមាន​កម្មវិធី​កាន់កាប់​ក្នុង​ដៃ​យ៉ាងច្រើន រួម​ជាមួយនឹង​ការទទួលបាន​ប្រាក់ចំណូល​កប់​ក្តោង​រាប់ម៉ឺន​ដុល្លារ​ក្នុងមួយខែៗរហូត​ភ្លេច​គិតពី​សុខភាព បណ្ដែត​បណ្តោយឱ្យ​កើតមាន​ជំងឺ​ដោយ​បញ្ហា​ក្រពះ។

    ដោយ​មិន​មានការ​លាក់បាំង ថន លក្ខិណា បាន​ប្រាប់​ឱ្យដឹងថា “ជំងឺ​ក្រពះ​នេះ​បាន​កើតមាន​ជា​យូរណាស់​មកហើយ គ្រាន់តែ​កាលពីមុន​វា​មិនសូវ​ធ្វើទុក្ខ​ខ្លាំង។ គ្រូពេទ្យ​ប្រាប់ថា វា​បណ្តាលមកពី​ការទទួល​ទាន​មិន​ទៀងទាត់។ មែន​បង…ភាគតិច​ណាស់​ដែល​បាន​ញាំ​ុ​បាយ​ទាន់ពេល ជូន​កាល​បាយ​ថ្ងៃត្រង់​របស់ខ្ញុំ គឺ​ម៉ោង3 ឬ​ម៉ោង4ល្ងាច ក៏មានដែរ ឬ​ពេលខ្លះ​ញាំ​ុ​បាយល្ងាច​ជំនួស​បាយ​ថ្ងៃត្រង់​ក៏មានដែរ។ កញ្ញា បាន​បន្តទៀតថា “ពេល​វា​ធ្វើទុក្ខម្ដងៗពិបាក​ទ្រាំ​ណាស់ ហើយ​ពេលនេះ​គ្រូពេទ្យ​ឱ្យ​ញាំ​ុ​ថ្នាំ​ជាប់​ជាប្រចាំ ហើយ​កំណត់​ឱ្យមាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​ត្រឹមត្រូវ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​ញាំ​ុ​បាយ​ឱ្យ​ទៀងពេល​វិញ។ យ៉ាងណាក៏ដោយ លក្ខិណា ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​ជំងឺ​ក្រពះ​ដែល​តែង​ធ្វើទុក្ខ​ជា​ញឹកញាប់​នេះ នាង​មិនបាន​ប្រាប់​ឱ្យ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​នាង​បានដឹង​នោះឡើយ ខណៈដែល​អ្នក​ម្តាយ​រូបនេះ​ក៏មាន​បញ្ហា​សុខភាព​មិនសូវ​រឹងមាំ​ផងដែរ​នោះ។

    គួរកត់សម្គាល់​ផងដែរ​ថា កញ្ញា ថន លក្ខិណា នាពេល​បច្ចុប្បន្ននេះ​បានក្លាយ​ទៅជា​ពិធី​ការិនី​ឈានមុខ ដែល​ស្ថិតនៅ​លំដាប់​កំពូល និង​មាន​កម្មវិធី​ជាច្រើន​កាន់​នៅក្នុង​ដៃ រាប់ទាំង​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN ក៏ដូចជា​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែលមាន​កម្មវិធី​តន្ត្រី​កម្សាន្ត អី​ុ​ឈី​តាន់ និង​តន្ត្រី​ខា​រ៉ា​បាវ​ប្រចាំ​សប្ដាហ៍ រួម​ជាមួយនឹង​ការប្រគំ​តន្ត្រី​ទេសចរណ៍​តាម​បណ្តា​ខេត្ត​ក្រុង​រៀងរាល់​សប្ដាហ៍​ផងដែរ។ បន្ថែម​ពីនេះ​នៅមាន​កម្មវិធី​ជា​លក្ខណៈ​ឯកជនផ្សេងៗជាច្រើន​ទៀត ដូចជា ការសម្ពោធ​ក្រុមហ៊ុន និង​ការបង្ហាញ​ផលិតផល​ថ្មី​ជាដើម៕

  • ម្ចាស់បទ “Zombie” ទទួលមរណភាពដោយមិនដឹងមូលហេតុ

    ម្ចាស់បទ “Zombie” ទទួលមរណភាពដោយមិនដឹងមូលហេតុ

    នៅថ្ងៃទី15 ខែមករា ឆ្នាំ2018  សារព័ត៌មាន AP បានចេញផ្សាយពីហេតុការណ៍ដ៏គួរឱ្យរន្ធត់ និងសោកសៅបំផុតនៅក្នុងពិភពសិល្បៈតន្ត្រីពិភពលោកដោយសារតារាស្រីអ្នកច្រៀងនាំមុខក្រុមចម្រៀង The Cranberry ដែលមានឈ្មោះថា Dolores Orion Dan បានស្លាប់បាត់បង់ជីវិតយ៉ាងទាន់ហន់ក្នុងវ័យ 46​ឆ្នាំ និងជាម្ចាស់បទ “Zombie” ដ៏ល្បីល្បាញ។

    សារព័ត៌មានដដែលបានអះអាងថា អ្នកនាំពាក្យរបស់តារាស្រី Orion Dan បានរៀបរាប់ថា តារាចម្រៀងរូបនេះបានបាត់បង់ជីវិតនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍ តែនៅមិនទាន់មានការប្រកាសពីមូលហេតុពិតប្រាកដនៃការស្លាប់នៅឡើយទេ  ខណៈដែលក្រុមគ្រួសារ និងមិត្តសម្លាញ់របស់នាងបានប្រាប់ថា មរណភាពនេះអាចបណ្ដាលមកពីរឿងផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ។ អ្នកនាំពាក្យដដែលនេះបានបន្ដទៀតថា «យើងទទួលបានដំណឹងថា នាងបានបាត់បង់ជីវិតក្នុងអំឡុងពេលដែលនាងទៅសម្ដែងនៅទីក្រុងឡុងដ៍ តែយ៉ាងណា យើងនៅមិនទាន់ទទួលបានព័ត៌មានលម្អិតទេ»។

    គួរបញ្ជាក់ផងដែរថា ការស្លាប់របស់តារាស្រីល្បីឈ្មោះវ័យ 46 ឆ្នាំនេះ ត្រូវបានមជ្ឈដ្ឋានមហាជនសង្ស័យថា បណ្ដាលមកពីបញ្ហាសុខភាពរបស់នាង ព្រោះថា នៅអំឡុងឆ្នាំ 2017 តារាស្រីខាងលើនេះ មានគម្រោងប្រគំតន្ត្រីទេសចរណ៍ទៅតាមបណ្ដាតំបន់ជាច្រើននៅក្នុងសហរដ្ឋអាមេរិក សភាពអឺរ៉ុប និងចក្រភពអង់គ្លេស ផងដែរ។

    គួររំឭកដែរថា Orion Dan បានចូលប្រឡូកនៅក្នុងពិភពសិល្បៈតន្រ្តី និងចម្រៀងជាក្រុមធំនៅឆ្នាំ1998 ដែលមានសមាជិកក្រុមដូចជា Noel Hogan, Mike Hogan, Fergal Lawler, និង Niel Quinn ក្រោយមកក៏បន្ថែម Quinn Split នៅឆ្នាំ1990 ម្នាក់ទៀត។

    សូមជម្រាបបន្ថែមថា ក្រុមតន្ត្រី និងចម្រៀង The Cranberry បានសម្រេចចិត្តបំបែកក្រុមម្ដងហើយនៅអំឡុងឆ្នាំ 2003 តែនៅឆ្នាំ 2009 ក៏សម្រេចផ្សះផ្សាគ្នាវិញ ហើយបានផលិតបទចម្រៀងទាំងអស់ 7 អាល់ប៊ុម៕

  • កសិករ​ដាំ​មៀននៅ​ប៉ៃលិន​មានសង្ឃឹម ខណៈ​រដ្ឋាភិបាល​ស្នើ​ចិន​ឱ្យ​រក​ទីផ្សារ

    កសិករ​ដាំ​មៀននៅ​ប៉ៃលិន​មានសង្ឃឹម ខណៈ​រដ្ឋាភិបាល​ស្នើ​ចិន​ឱ្យ​រក​ទីផ្សារ

    ប៉ៃលិន​គឺជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្លាំង​ក្នុង​ការដាំដុះ​ដើមឈើ​ហូប​ផ្លែ ជាពិសេស​ដំណាំ​មៀន​ដែល​កំពុង​ចែកចាយ​យ៉ាង​ផុលផុស​នៅលើ​ទីផ្សារ​ក្នុងស្រុក។ ដើម្បី​លើកកម្ពស់​កសិផល​ក្នុងស្រុក រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​បានស្នើ​សុំឱ្យ​ប្រទេស​ចិន​ទទួលយក​ផ្លែ​មៀន​ពី​កម្ពុជា​ទៅ​បំពេញ​ទីផ្សា​របស់ខ្លួន​ប​ន្ថែ​ម​ទៀត បន្ទាប់​ទីផ្សារ​អង្ករ។

    ក្នុងជំនួប​ជាមួយ​ប្រតិភូ​កសិកម្ម​ចិន​ដែល​ដឹកនាំ​ដោយ​លោក ហ៊ី ជៀន​យ៉ាង (He Jianxiang) អគ្គនាយករង​ទទួលបន្ទុក​ការិយាល័យ​កែច្នៃ​ផលិតផល​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ប្រទេស​ចិន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានស្នើ​ភាគី​ចិន​ឱ្យធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃបន្ថែម​សម្រាប់​ដំណាំ​ដំឡូង​មី និង​ផ្លែ​មៀន​ប៉ៃលិន​ដើម្បី​ពង្រីក​ការនាំចេញ​ផលិតផល​ទាំងពីរ​នេះ​ឱ្យបាន​អតិបរមា។

    ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​ដំឡូង​មី​ដែលជា​ដំណាំ​អាទិភាព​ទី2 និង​មាន​សក្តានុពល​នាំចេញ​ខ្ពស់​របស់​កម្ពុជា​បន្ទាប់​ពី​ដំណាំ​ស្រូវ ព្រមទាំង​ផ្លែ​មៀន​ប៉ៃលិន ដែលជា​ដំណាំ​ឈើ​ហូប​ផ្លែ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ។

    ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុង​ចងក្រង​គោលនយោបាយ​ដំឡូង​មី និង​ដំណាំផ្សេងៗរួមទាំង​មៀន​ប៉ៃលិន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ការនាំចេញ​សំដៅ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​ជូន​ប្រជាជន និង​កាត់បន្ថយ​ភាពក្រីក្រ។ ឯកឧត្ដម​មានប្រសាសន៍​ថា “កម្ពុ​ជាមាន​ដី​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ដំឡូង​មី និង​ដំណាំ​មៀននៅ​ខេត្ត​ប៉ៃលិន ហើយ​យើង​ចង់​សហការ​ជាមួយ​វិនិយោគិន​ចិន​ដើម្បី​កែច្នៃ​ផលិតផល​ទាំងពីរ​នេះ​សំដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​បីដូច​ពេលបច្ចុប្បន្ន។

    ជាការ​ឆ្លើយតប លោក ហ៊ី ជៀន​យ៉ាង បាន​សន្យា​នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ និង​សិក្សា​បន្ថែម​អំពី​លទ្ធភាព​សហការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​នៃ​ផលិតផល​ទាំងពីរ គឺ​ដំឡូង​មី និង​ផ្លែ​មៀន​ប៉ៃលិន និង​ដំណាំ​សក្តានុពលផ្សេងៗទៀត​របស់​កម្ពុជា ដូចជា ពោត ស្រូវ និង​ស្វាយ​ជាដើម។

    ទន្ទឹមគ្នា​នេះដែរ លោក ហ៊ឺ ជៀន​យ៉ាង ក៏បាន​ជម្រាប​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ដែរ​ថា លោក​នឹង​លើកយក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​ចិន​ដែល​នឹង​អញ្ជើញ​អមដំណើរ​ឯកឧត្តម លី កឺ​ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ដើម​សប្តាហ៍​ក្រោយនេះ។

    ទាក់ទង​នឹង​ព័ត៌មាន​នេះ​លោក​ប៊ុន ថេ​ង កសិករ​ដាំ​មៀននៅ​ខេត្ត​ប៉ៃលិន​មានប្រសាសន៍ថា លោក​រីករាយ​ណាស់​ដែល​រដ្ឋាភិបាល​កំពុង​ស្វែងរក​ទីផ្សារ​ជូន​កសិករ​ដាំ​មៀន​ដូច្នេះ។ លោក​បន្តថា ដោយសារ​ទីផ្សារ​មៀន​ក្នុងស្រុក​មាន​តម្រូវការ​ខ្ពស់ លោក​បាន​ដាំ​សាកល្បង​នៅលើ​ផ្ទៃដី​ទំហំ​ត្រឹម1ហិកតា​ប៉ុណ្ណោះ​ហើយ​នៅពេល​ទទួលបាន​ផល ផ្លែ​មៀន​របស់លោក​មិន​ខ្វះ​ទីផ្សារ​នោះទេ គឺមាន​ម៉ូ​យមក​ទទួល​ទិញ​ដល់ទី​កន្លែង​តែម្តង ហើយ​លោក​ថា បើសិន​ផ្លែ​មៀន​ប៉ៃលិន​ត្រូវបាន​រដ្ឋាភិបាល​ចិន​នាំ​ចូលទៅ​ទីផ្សារ​របស់ខ្លួន​ទៀតផង​នោះ លោក​នឹង​ពង្រីក​ចម្ការ​មៀនឱ្យ​កាន់តែ​ធំ​ជាង​នេះ​ថែមទៀត។

    សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​ចិន និង​កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជាមធ្យម26%ក្នុង​រយៈពេល10ឆ្នាំ​ចុងក្រោយ។ កាលពី​ឆ្នាំ2016 ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ដល់​ទៅ4,800លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ 830លាន​ដុល្លារ និង​នាំចូល 3,900លាន​ដុល្លារ។ ចិន​គឺជា​ប្រទេស​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា​ដែល​គិត​ត្រឹម​ឆ្នាំ2017 វិនិយោគ​របស់​ចិន​មាន​ចំនួន 5,000,100លាន​ដុល្លារ លើ​វិស័យ​មួយចំនួន ដូចជា​កម្មន្តសាល សំណង់ វាយ​ន​ភណ្ឌ និង​អគ្គិសនី។ ដោយឡែក​ភ្ញៀវទេសចរ​ចិន​ដែល​មក​កម្ពុជា​បាន​កើន​ដល់83ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ 2017 គឺ​បាន​កើនឡើង 20% បើ​ធៀប​នឹង​ឆ្នាំ2016។ នៅក្នុង​ឆ្នាំ2018នេះ ចិន​ក៏បាន​យល់​ព្រមឱ្យ​កម្ពុជា​នាំចូល​អង្ករ 30ម៉ឺន​តោន​ផងដែរ៕

  • Microsoft បង្ហាញ NoteBook ឈុត​ថ្មី​ប្រើ ARM ចំណុចខ្លាំង​លើ​ថ្ម​ប្រើ​បាន​ពេញ​មួយថ្ងៃ

    Microsoft បង្ហាញ NoteBook ឈុត​ថ្មី​ប្រើ ARM ចំណុចខ្លាំង​លើ​ថ្ម​ប្រើ​បាន​ពេញ​មួយថ្ងៃ

    កាលពីពេល​មុននេះ​មាន​បែកធ្លាយ​ព័ត៌មាន​រឿង​ឧបករណ៍​ដែល​ប្រើ ARM ពី ASUS ដែល​បំពាក់ Windows 10 ស៊េរី​ធម្មតា​អាច​ប្រើការ​ប្រូ​ក្រាម​ដែល​ដំណើរការ​លើ x86 របស់ Intel, AMD ភាគច្រើន​បាន​នោះ ឥឡូវនេះ រឿងនេះ​បាន​ក្លាយជា​ការពិតហើយ។

    Microsoft និង Qualcomm បានប្រកាស​បង្ហាញ​ជា​ផ្លូវការ​ហើយ​នូវ Notebook ដែល​ប្រើ CPU ARM ពី Qualcomm ដែល​ប្រើ Windows 10 ស៊េរី​ធម្មតា (ដូច​កុំព្យូទ័រ​ទូទៅ) ដែល​ប្រើ​ឈិ​ប Qualcomm Snapdragon 835 ដែល HP និង ASUS កំពុងតែ​បើក​បង្ហាញ​ឧបករណ៍​ទាំងនេះ​ក្នុងថ្ងៃនេះ ហើយ​គេ​រំពឹងថា Lenovo ក៏​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុង​មិន​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះដែរ។

    កាលពីពេល​មុននេះ Microsoft ធ្លាប់បាន​បង្ហាញឱ្យឃើញ​ថា Windows 10 អាច​ប្រើការ​នៅលើ ARM បាន និង​លេង​ហ្គេម ឬ​លេង​កម្មវិធី​ទូទៅ​បាន​ដូចជា​Adobe Photoshop សម្រាប់ Windows ធម្មតា​បានភ្លាមៗកាលពី​ខែធ្នូ ឆ្នាំ2016 កន្លងមក។

    ទាំងអស់នេះ​ឧបករណ៍​របស់ HP និង Asus នឹង​ប្រកបដោយ Windows 10S ដែល​រចនា​ម៉ូដ​ចេញមក​ដើម្បី​ប្រើការ Application តាមរយៈ Windows Store តែប៉ុណ្ណោះ តែ​អ្នកប្រើប្រាស់​នឹង​អាច Upgrade ទៅជា Windows 10 Pro បាន​ដោយ​មិន​អស់ថ្លៃ​ចំណាយ​អ្វី​ទាំងអស់។

    Microsoft បានបង្ហាញ​ចំណុច​លេចធ្លោ​ថា ការប្រើ ARM ធ្វើឱ្យ​ថ្ម​បាត់​តេ​រី​អាច​នៅបាន​ពេញ​មួយថ្ងៃ​ប្រើការ​បាន​ប្រមាណ​ជា 20-22ម៉ោង ហើយ​បាន​រៀន​យល់ដឹង​ពី​ចំណុច​ខុសឆ្គង​ពី​ការធ្វើ Windows RT កាលពី​អតីតកាល​មក​កែសម្រួល​ទៀតផង។

    សម្រាប់​ព័ត៌មាន​របស់​លក្ខណៈសម្បត្តិ​ដែល​ចេញមក មាន Asus NovaGo 2-in-1ប្រកបដោយ​អេក្រង់ HD ទំហំ 13.3អី​ុ​ញ RAM ខ្ពស់បំផុត 8GB និង​កន្លែង​ផ្ទុក​ឯកសារ​បាន 256GB ថែមទាំង​អាច​ប្រើ​ប៊ិច​ស្តៃ​ឡាស់ និង​មាន​ផត USB 3.1 ផត HDMI ព្រមទាំង microSD ទៀតផង។

    ចំណែក HP Envy X2 វិញ​ចេញមក​ព្រមជាមួយ​អេក្រង់​បង្ហាញ​ទិន្នន័យ​ទំហំ 12.3អី​ុ​ញ RAM 8GB និង​ផ្ទៃ​ផ្ទុក​ឯកសារ 256GB និង HP នៅ​អាច​ប្រើការ​ជាមួយ​ប៊ិច​ស្តៃ​ឡា​ស់បាន ហើយ​ទាំងពីរ​ស៊េរី​នេះ នឹង​ចេញមក​ព្រមជាមួយ​ការតភ្ជាប់ LTE ទៀតផង៕

  • Man Utd ទុក​រឿង Sanchez មួយ​ឡែក ដើម្បី​ផ្តួល Stoke  

    Man Utd ទុក​រឿង Sanchez មួយ​ឡែក ដើម្បី​ផ្តួល Stoke  

    ក្រុម Manchester United បាន​ទុក​រឿង​ការ​ប្រជែង​ទិញ​ខ្សែប្រយុទ្ធ Alexis Sanchez របស់​ក្លិប Arsenal មួយ​ឡែក​សិន ដើម្បី​កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Stoke នា​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​ចន្ទ។

    ខ្សែបម្រើ Antonio Valencia និង​ខ្សែប្រយុទ្ធ Anthony Martial សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​នៅ​តង់​ទី1 ហើយ Romelu Lukaku បាន​បន្ថែម 1គ្រាប់​ទៀត​នៅ​តង់​ទី2 ខណៈដែល​លោក Jose Mourinho បាន​ផ្តួល​ក្រុម Stoke ជា​លើក​ទី1 ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Man United ក្នុងចំណោម​ការជួបគ្នា 4លើក។

    ប៉ុន្តែ ការបង្ហាញ​ពី​ទម្រង់​លេង​របស់ Man United ពី​ការប្រកួត​នេះ​មានការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន និង​នៅតែ​បង្ហាញ​ឲ្យ​ឃើញថា លោក Mourinho ត្រូវតែ​បន្ថែម​តារា​ឆ្នើម Sanchez របស់​ក្លិប Arsenal ចូលក្នុង​ក្រុម​របស់លោក អំឡុងពេល​នៃ​ការដោះដូរ​កីឡាករ​នៅ​ខែម​ករានេះ បើទោះបីជា​បាន​កាត់បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Manchester City នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League មក​នៅត្រឹម 12ពិន្ទុ​ក៏ដោយ។

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Paul Pogba របស់ Man United បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ពិតណាស់ យើង​ឃើញ Manchester City កំពុងតែ​នាំមុខ​យើង ហើយ​ពួកគេ​បាន​រង​បរាជ័យ។ ពួកគេ​កំពុងតែ​នាំមុខ ហេតុនេះ យើង​តែងតែ​ចង់​តាម​ពួកគេ​ឲ្យ​ទាន់ ហេតុនេះ វា​ជា​រឿង​ល្អ​ដែរ​ដែល​ពួកគេ​បាន​រង​បរាជ័យ ហេតុនេះ សម្រាប់​យើង យើង​ត្រូវតែ​គិត​អំពី​ខ្លួន​យើង»៕

    ប្រភពពី៖ Channel News Asia

  • កក្រើកពិភពសិល្បៈថៃ តារាស្រី កុប ស៊ុវៈណាន់ ប៉ះ ផ្លយ ឈើម៉ានយ៍

    កក្រើកពិភពសិល្បៈថៃ តារាស្រី កុប ស៊ុវៈណាន់ ប៉ះ ផ្លយ ឈើម៉ានយ៍

    តាមរយៈសារព័ត៌មានថៃ TNews ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា នាទីនេះពិតជាល្បីល្បាញមិនធម្មតាទេ ព្រោះទទួលបានព័ត៌មានមកថា កំពូលតារាស្រីឆ្នាស់កាចឆ្នើម 2 ដួងគឺ  កុប ស៊ុវៈណាន់(ផ្កាយព្រឹក) និងតារាឯកស្រីរូបស្រស់ ផ្លយ ឈើម៉ានយ៍ បានប៉ះគា្នជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ថ្មីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 គឺរឿង  “ปมรักอาฆาตแค้น” ។ ប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈបានបង្ហើបថា អត្ថបទសម្ដែងរឿង បានធ្លាក់ទៅដល់ដៃរបស់តារាស្រីទាំងពីរដួងនេះរៀបរយហើយ ដូច្នេះយើងនៅរង់ចាំមើលថា តើនឹងមានភាពកក្រើកបែបណាខ្លះទៅ?

    គួរបញ្ជាក់ផងដែរថា ការវិលត្រឡប់មកកាន់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7​ជាថ្មីម្ដងទៀតរបស់តារាស្រី ផ្លយ ឈើម៉ានយ៍ ក៏ព្រោះតែនាងបានបញ្ចប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 រួចស្រេចហើយ។ តែយ៉ាងណាមិញ តារាស្រីរូបនេះ ក៏នៅតែបន្ដសម្ដែងជាមួយស្ថានីយទូរទស្សន៍ដទៃទៀតដែរ ដូចជា ប៉ុស្តិ៍លេខ1 និង GMM និងប៉ុស្តិ៍លេខ 25 ជាដើម។ ចំណែកឯតារាស្រី កុប ស៊ុវៈណាន់ វិញ បន្ទាប់ពីត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 អញ្ចើញឱ្យសម្ដែងរឿង “ទឹកច្រោះខ្សាច់” រួចមក ចំពោះរឿងថ្មីនេះ គឺជារឿងភាគទី 2 របស់នាងហើយដែលត្រូវបានគេអញ្ចើញជាថ្មីម្ដងទៀត ដោយពុំមានចុះកិច្ចកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 ឡើយ៕