Category: សង្គម និងសេដ្ឋកិច្ច

  • Sanchez នឹង​ក្លាយជា​កីឡាករ​មាន​ចំណូល​ច្រើនជាងគេ​របស់ Man Utd

    Sanchez នឹង​ក្លាយជា​កីឡាករ​មាន​ចំណូល​ច្រើនជាងគេ​របស់ Man Utd

    Alexis Sanchez នឹង​ក្លាយជា​កីឡាករ​ដែល​ទទួលបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​របស់​ក្លិប Manchester United ប្រសិនបើ​រូបគេ​ចាក​ចេញពី​ក្លិប Arsenal ក្រោយពី​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចហើយ។ នេះ​បើ​យោងតាម​បណ្តាញសារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ពុធ។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ ហាក់ដូចជា​នឹងត្រូវ​ចាក​ចេញពី​ក្រុម​កាំភ្លើង​ធំ​នៅ​ខែ​នេះហើយ ឯ​Man United ក៏​មិនបាន​លាក់បាំង​ពី​ការចាប់អារម្មណ៍​របស់​ពួកគេ​ដែរ។ លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man United បានទទួល​ស្គាល់​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​របស់លោក​មានឱកាស​មួយ​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Sanchez ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែមករា​នេះ ខណៈដែល​ក្លិប Manchester City បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា បាន​បោះ​បង់ការ​ប្រជែង​ទិញយក​ខ្សែប្រយុទ្ធ​វ័យ29ឆ្នាំ​រូបនេះ​ហើយ ដោយសារតែ​បញ្ហា​តម្លៃ​ខ្លួន។

    បើ​យោងតាម​គេហទំព័រ The Telegraph  ក្លិប Man United បានផ្តល់​កុងត្រា​រយៈពេល4ឆ្នាំកន្លះ​ទៅ​ឲ្យ Sanchez ជាមួយនឹង​ប្រាក់ចំណូល​ប្រចាំឆ្នាំ27លាន​ផោន (ស្មើនឹង37.35លាន​ដុល្លារ​អាមេរិក) នៅមុន​ពេល​កាត់​ពន្ធ ដែល​នឹងធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ក្លិប​នេះ។ បើ​បូក​ទាំង​ការចំណាយ​លើ​តម្លៃ​ខ្លួន ប្រាក់ឧបត្ថម្ភ​សម្រាប់​ការចុះ​កុងត្រា និង​ការចំណាយ​ទៅ​ឲ្យ​ភ្នាក់ងារ​តំណាង​ឲ្យ​កីឡាករ​រូបនេះ​ផង វា​មានន័យថា Man United អាច​នឹងត្រូវ​ចំណាយ​ស​រុ​ប150លាន​ផោន ប្រសិនបើ​ពួកគេ​ឈានដល់​ការ​ព្រមព្រៀងគ្នា​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Sanchez៕

    ប្រភពពី៖ The Telegraph

  • «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់»​  ចាក់ដោតអារម្មណ៍យុវវ័យឱ្យស្រក់ទឹកភ្នែក

    «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់»​  ចាក់ដោតអារម្មណ៍យុវវ័យឱ្យស្រក់ទឹកភ្នែក

    បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបស្រស់ផូរផង់កញ្ញា សុខ ពិសី ត្រូវបានគេដឹងថា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ព្រមទាំងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់មិត្តៗយុវវ័យ។ ថ្មីៗនេះ MV នៃបទចម្រៀងថ្មីបែបមនោសញ្ចេតនារបស់នាងកំពុងតែធ្វើឱ្យមិត្តៗយុវវ័យពេញចិត្តយ៉ាងខ្លាំង ដែលបទនោះមានចំណងជើងថា៖ «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់»​ ក្នុងនោះដែរ យើងគេឃើញមានហ្វ៊ែនៗរបស់កញ្ញា សុខ ពិសី ចែករំលែកតៗគ្នាជាច្រើននាក់ផងដែរ។

    ជាក់ស្ដែង រាល់បទចម្រៀងរបស់តារាស្រីសាច់សខ្ចីរូនេះហាក់កំពុងតែកក្រើកពេញបណ្ដាញហ្វេសប៊ុក ខណៈដែល MV បទចម្រៀងថ្មីបែបមនោសញ្ចេតនារណ្ដំចិត្តយុវវ័យដែលមានចំណងជើងថា «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់» បានចេញ Full MV មកហើយ ។ ជាងនេះទៅទៀត គ្រាន់តែ MV បទថ្មីរបស់កញ្ញា សុខ ពិសី ចេញផ្សាយលើបណ្ដាញសង្គមមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយ។ ចំពោះបទថ្មីនេះដែរ មិនត្រឹមតែពីរោះនោះទេ សូម្បីអត្ថន័យសាច់រឿងក៏ចាក់ដោតបេះដូងអ្នកទស្សនាឱ្យសឹងស្រក់តែទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង៕

    ចង់ដឹងថា សាច់រឿងស្នេហាក្នុងបទចម្រៀង «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់»​ មានភាពកម្សត់ និងសណ្ដំបេះដូង រំជួលអារម្មណ៍មិត្តយុវវ័យយ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://www.youtube.com/watch?v=beLvOHYq-O8

  • Tosun ស្រេកឃ្លាន​រក​គ្រាប់​បាល់ ខណៈ Walcott បំពេញ​ការផ្ទេរ​ទៅ Everton

    Tosun ស្រេកឃ្លាន​រក​គ្រាប់​បាល់ ខណៈ Walcott បំពេញ​ការផ្ទេរ​ទៅ Everton

    ខ្សែប្រយុទ្ធ Cenk Tosun ជឿជាក់ថា រូបគេ និង Theo Walcott អាច​ចូល​បំពេញ​កន្លែង​ទំនេរ​ដែល​ត្រូវបាន​កើតឡើង​ដោយសារតែ​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ Romelu Lukaku ពី​ក្លិប Everton ក្រោយពី​ខ្សែបម្រើ​ស្លាប​របស់​អង់គ្លេស​រូបនេះ បាន​បំពេញ​ការផ្ទេរ​របស់គេ​ពី​ក្លិប Arsenal ក្នុងតម្លៃ​ខ្លួន25លាន​ផោន (ស្មើនឹង34លាន​ដុល្លារ​អាមេរិក)។

    Everton បាន​ចំណាយ​ប្រាក់​ច្រើនជាង40លាន​ផោន ដើម្បី​ជួសជុល​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​នៅ​ខែ​នេះ ក្រោយពី​បាន​ចំណាយ​ប្រាក់21លាន​ផោន ដើម្បី​ទិញយក Tosun ពី​ក្លិប Besiktas របស់​តួ​ក​គី​មុនពេល​ការចូលរួម​របស់ Walcott កាលពី​ថ្ងៃ​ពុធ។

    ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អង់គ្លេស​រូបនេះ បានបញ្ចប់​អាជីព​រយៈពេល12ឆ្នាំ​របស់គេ​ជាមួយនឹង​ក្លិប Arsenal ដើម្បី​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី2របស់លោក Sam Allardyce ដែលជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Everton។ រូបគេ​ត្រូវបាន​រំពឹងទុក​ថា នឹង​ទទួលបាន​ចំណូល11ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍ បូក​រួមទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗទៀត​នៅឯ​កីឡដ្ឋាន Goodison Park ដែល​ស្មើនឹង​ប្រាក់ខែ​របស់គេ​នៅឯ​ក្លិប Arsenal ហើយ​រូបគេ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល3ឆ្នាំកន្លះ។

    Walcott បាន​ឲ្យ​ដឹងថា៖ «វា​មានរឿង​ជាច្រើន​ទាក់ទង​នឹង​ការផ្ទេរ​នេះ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ល្អ។ ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​វា​ដល់ពេល​សម្រាប់​ខ្ញុំ​ក្នុងការ​ផ្លាស់ប្តូ​រហើយ។ វា​ជា​រឿង​សោកសៅ​មួយ ប៉ុន្តែ​វា​ក៏​ជា​រឿង​ដ៏​រំភើប​មួយ​ដែរ ហើយ​ខ្ញុំ​ចង់​សង្គ្រោះ​អាជីព​របស់ខ្ញុំ​ត្រឡប់មកវិញ និង​ជួយ​ឲ្យ​ក្រុម Everton ទទួល​ជ័យជម្នះ​ដូចដែល​ពួកគេ​ធ្លាប់​បានធ្វើ​កាលពី​ពេលមុន»៕

    ប្រភពពី៖ The Guardian

  • ជោគវាសនា​មនុស្ស​អាស្រ័យ​លើ​ការប្រើ​ពេលវេលា

    ជោគវាសនា​មនុស្ស​អាស្រ័យ​លើ​ការប្រើ​ពេលវេលា

    មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក​សុទ្ធតែ​មានមុខមាត់​ខុសគ្នា មាន​ស្ថានភាព​នៃ​ការរស់នៅ និង​បរិស្ថាន​ខុសគ្នា តែមាន​រឿង​មួយ​ដែល​ត្រូវតែ​ស្មើគ្នា ហើយ​មិនអាច​ប្រកែក​បាន​នោះ​គឺ​ពេលវេលា។ មនុស្ស​ណា​ក៏មាន​ពេលវេលា​មិន​ច្រើនជាង 24ម៉ោង​ក្នុង​មួយថ្ងៃ​ដែរ តែ​ក្នុង​រយៈពេល​ដូចគ្នានេះ មនុស្ស​អាចបង្កើត​បាន​នូវ​លទ្ធផល​ខុសគ្នា ហេតុនេះហើយ​ទើប​ជាទូទៅ​គេ​មើលឃើញថា ការគ្រប់គ្រង​ពេលវេលា គឺជា​រឿង​សំខាន់​សម្រាប់​ការកំណត់​ជោគវាសនា​មនុស្ស។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី ឡាយ សុធា​នី ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា បាន​លើកឡើងថា ការគ្រប់គ្រង​ពេលវេលា​ឱ្យបាន​ច្បាស់លាស់​គឺជា​រឿង​ដែល​សំខាន់​ខ្លាង​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ ជាពិសេស គឺ​យុវវ័យ​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ព្រោះថា យើង​អាចធ្វើ​រឿង​លើស​ពីមួយ​ក្នុងពេល​តែមួយ​បាន ប្រសិនបើ​យើង​អាចបែងចែក​ពេលវេលា​បាន​ត្រឹមត្រូវ ហើយ​យើង​ក៏​អាច​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​ប្រសិនបើ​យើង​ដឹង​ច្បាស់​ថា​ពេលណា​យើង​ត្រូវធ្វើ​អ្វី​នោះ។

    លោកស្រី ឡាយ សុធា​នី បាន​និយាយថា ៖“ដើម្បី​បែងចែក​ពេលវេលា​ឱ្យបាន​ល្អ ដើម្បី​ធ្វើ​ការងារ​ច្រើន​ប្រភេទ​ក្នុងពេល​តែមួយ​នោះ យើង​ត្រូវ​បែងចែក និង​ដឹងខ្លួន​ឱ្យ​ច្បាស់​ពី​តួនាទី​របស់ខ្លួន​ថា​ពេលណា​យើង​ត្រូវ​ដើរតួ​ជា​អ្នកគ្រប់គ្រង ឬ​អ្នកធ្វើការ ពេលណា​យើង​ត្រូវ​ដើរតួ​ជា​សិស្ស ពេលណា​យើង​ត្រូវ​ដើរតួ​ជា​ម្តាយ ឬ​ជា​សមាជិក​គ្រូ​សារ។

    លោកស្រី សុធា​នី បាន​បន្ថែមទៀតថា នៅពេលដែល​យើង​បែងចែក​ពេលវេលា និង​តួនាទី​ច្បាស់ យើង​នឹង​អាចមាន​ភាពងាយស្រួល​ក្នុងការ​អនុវត្ត និង​ថ្លឹងថ្លែង​ពី​កាតព្វកិច្ច​របស់​យើង​ឱ្យ​រឿង​គ្រប់យ៉ាង​ទទួលបាន​លទ្ធផល​ល្អ។ ក្រៅពីនេះ យើង​ត្រូវតែ​អភិវឌ្ឍ​ខ្លួនឯង​ជាប់​ជានិច្ច ដោយ​ចាប់ផ្តើម​ពី​បែងចែក​តួនាទី​ដែល​ខ្លួន ត្រូវ​ធ្វើឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ការផ្តោត​សំខាន់ (Focus) លើ​រឿង​ទាំងអស់នោះ រហូតដល់​យើង​អាច​ទទួលបាន​ពិន្ទុ​ល្អ​លើ​គ្រប់ពេលវេលា ទាំង​ក្នុង​ការងារ ការសិក្សា និង​គ្រួសារ។

    លោកស្រី ឡាយ សុធា​នី បានបញ្ជាក់​ផងដែរ​ថា នៅពេល​មួយ​ដែល​ចាប់ផ្តើម​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដំបូង​លោកស្រី​មានការ​លំបាក​ខ្លាំង​ព្រោះថា​ត្រូវ​ចេញពី​ធ្វើការ ហើយ​ទៅ​រៀន​ថ្នាក់អនុបណ្ឌិត បន្ទាប់មក​ទើបត្រូវ​ត្រឡប់ទៅផ្ទះ ដែល​ត្រូវមាន​តួនាទី​ជា​អ្នកធ្វើការងារ​ផង ជា​សិស្ស​ផង និង​ជា​ម្តាយ​ផង តែ​ក្រោយ​ពេលដែល​លោកស្រី​បានចាប់ផ្តើម​កំណត់​ពី​ចំណុច​អាទិភាព​ដែល​ត្រូវធ្វើ (Job description) ច្បាស់លាស់​ហើយ លោកស្រី​ក៏​អាចធ្វើ​វា​បាន​ដោយ​រលូន។

    លោក ម៉េង ពុ​ទ្ធី បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​ជា​អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​ក្នុង​គម្រោងធំៗជាមួយ​យុវជន បាន​លើកឡើងថា ការគ្រប់គ្រង​ពេលវេលា​គឺ​ពិតជា​សំខាន់ ហើយ​អាចធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​បានល្អ តែ​អ្វីដែល​សំខាន់​គឺ​មនុស្សម្នាក់ៗចេះ​គ្រប់គ្រង​វា​បាន​កម្រិតណា ហើយ​អនុវត្ត​បានល្អ​កម្រិតណា​ដែរ។

    តាមពិតទៅ​មនុស្សម្នាក់ៗអាច​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​នៅក្នុង​ចន្លោះ​ថ្ងៃនីមួយៗបាន​ច្រើនណាស់ តែ​ពេលខ្លះ​មកពី​យើង​មិនទាន់​ចេះ​លៃ​ពេល​ទាំងអស់នោះ​ឱ្យទៅជា​តម្លៃ ហើយក៏​បណ្តោយឱ្យ​វា​រំលង​ផុត​ទៅជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​លទ្ធផលដដែល។ ការពិចារណា​ពី​ការប្រើប្រាស់​ពេលវេលា​អាចធ្វើឱ្យ​យើង​ទទួលបាន​នូវ​រឿង​ជាច្រើន​សម្រាប់​ជីវិត ព្រោះថា ប្រសិនបើ​យើង​ប្រើប្រាស់​ពេលវេលា​ដោយ​ការហ្វឹកហាត់​ខ្លួនឯង​នៅក្នុង​បរិស្ថាន​ដែល​ស្វាហាប់ និង​ល្អិតល្អន់ យើង​នឹង​ទទួលបាន​លទ្ធផល​ខ្ពស់ជាង​មនុស្ស​ធម្មតា​ដែល​ធ្វើ​ការងារ​ដើម្បីតែ​ឱ្យ​ចប់​ភារកិច្ច​ប្រចាំថ្ងៃ ហើយ​គាត់​នឹង​អាច​មើលឃើញ​ដោយ​ខ្លួនឯង​នៅពេលដែល​គាត់​ធ្វើការ​ដល់​ចុងខែ​ហើយ​ក្រឡេកមើល​សម្មិទ្ធផល​ក្នុង​ខែនីមួយៗរបស់ខ្លួន។ ក្រៅពីនេះ មនុស្សម្នាក់ៗក៏​អាច​ប្រើប្រាស់​ពេលវេលា​របស់ខ្លួន​ដែល​សេសសល់​ដើម្បី​ជួប​មនុស្សថ្មីៗដើម្បី​ទទួលយក​យោបល់​បន្ថែម​មក​អភិវឌ្ឍ​សមត្ថភាព និង​ការរស់នៅ​របស់ខ្លួន​ផងដែរ។

    លោក ម៉េង ពុ​ទ្ធី បាន​និយាយថា ៖ “មនុស្ស​ជាច្រើន​គិតថា​ការធ្វើការងារ​ច្រើន​ក្នុងមួយថ្ងៃៗគឺជា​រឿង​លំបាក តែ​តាមពិត​វា​មិន​ប្រាកដ​ទាំងស្រុង​នោះទេ វា​អាស្រ័យ​លើ​ការគ្រប់គ្រង​ផ្ទាល់​របស់​សាមីខ្លួន ថា​តើ​យើង​បានរៀបចំ​វា​បានច្បាស់លាស់ និង​ល្អិតល្អន់​កម្រិតណា។

    លោក ពុ​ទ្ធី បានលើកឡើង​ផងដែរ​ថា ការធ្វើការងារ​ជាក់ស្តែង និង​ការបែងចែក​ពេលវេលា​មិន​ខុសពី​ការរស់នៅ​ប្រចាំថ្ងៃ​ប៉ុន្មាន​នោះទេ នៅពេលដែល​យើង​ហាត់ប្រាណ​មនុស្ស​គ្រប់គ្នា​អាច​នឹង​គិតថា​ហត់ តែ​ប្រសិនបើ​យើង​មិនបាន​ហាត់ប្រាណ​គ្រប់គ្រាន់ រាងកាយ​យើង​នឹង​ទន់ខ្សោយ និង​ប្រាកដ​ជាមាន​បញ្ហា​សុខភាព​ជាក់​ជាមិនខាន ហេតុនេះ​ការបែងចែក​ពេលវេលា​ឱ្យមាន​តុល្យភាព​គឺជា​រឿង​សំខាន់​ដែល​អាចធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ក្លាយជា​មនុស្ស​ខ្លាំង​បាន។

    ស្ថាបនិក​គម្រោង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា​ដែលមាន​ឈ្មោះថា អនន្ត  និង​ជា​បុគ្គលិក​ដែល​កំពុង​បំពេញការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​មួយ លោក ម៉ៅ គង្គារ បាន​លើកឡើងថា មនុស្សម្នាក់ៗកើតមក​ជាមួយនឹង​ធម្មជាតិ​ដែលមាន​ច្បាប់ធម្មជាតិ​ត្រឹមត្រូវ ហេតុនេះ​ការរស់នៅ​គឺ​ចាំបាច់​ត្រូវតែមាន​ក្រឹត្យក្រម​ដូចគ្នា។ ជាទូទៅ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​បណ្តោយ​ពេលវេលា​របស់គាត់​ច្រើនពេក និង​មិនដឹងថា​ខ្លួនឯង​ត្រូវធ្វើ​អ្វី នោះ​គាត់​នឹង​ក្លាយជា​មនុស្ស​ដែល​បណ្តោយឱ្យ​របស់​ដែលមាន​តម្លៃ​បំផុត​រំលង​ផុត​ទៅ។ ពេលវេលា គឺ​មិនអាច​ត្រឡប់មក ក្រោយ​វិញ​នោះទេ តែ​ជីវិត​របស់​យើង​ផ្ទាល់​អាចមាន​ពេល​ឡើង និង​ពេល​ចុះ ហេតុនេះ​ការយកចិត្តទុកដាក់ ជាមួយនឹង​ការកំណត់​ពេលវេលា​ជាក់លាក់​អាចជា​ចំណុច​គន្លឹះ​មួយ​ក្នុងការ​ជំរុញ​មនុស្ស​ឱ្យមាន​ការរស់នៅ​ប្រកបដោយ​អត្ថន័យ និង​ប្រយោជន៍​ខ្ពស់​សម្រាប់​ខ្លួនឯង និង​សង្គម។

    លោក ម៉ៅ គង្គារ បាន​និយាយ​បន្ថែមទៀតថា ៖ “ក្រោយ​ពេលដែល​យើង​រៀបចំ​ពេលវេលា​បានល្អ​ហើយ​យើង​នឹង​អាច​រកឃើញ​ពី​ពេលវេលា​មួយចំនួន​សម្រាប់​ខ្លួនឯង​ក្នុង​ការរៀន​អនុវត្ត និង​ប្រើ​ពេលវេលា ទាំងនោះ​ទៅ​បន្ត​ចែករំលែក​ដល់​មនុស្ស​ជំនាន់​ថ្មី”៕

  • សមាជិកក្រុមចម្រៀង 2PM បង្ហើបថា លោកធ្លាប់មានជំងឺបាក់ទឹកចិត្តដូច Jonghyun

    សមាជិកក្រុមចម្រៀង 2PM បង្ហើបថា លោកធ្លាប់មានជំងឺបាក់ទឹកចិត្តដូច Jonghyun

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី18 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា  តារាចម្រៀងប្រុសលោក Wooyoung ដែលជាសមាជិកក្រុមចម្រៀង 2PM បានចេញមុខមកអះអាងថា លោកធ្លាប់ស្ថិតនៅក្នុងស្ថានភាពបាក់ទឹកចិត្តដូចអតីតតារាចម្រៀងប្រុស Kim Jonghyun សមាជិកក្រុមចម្រៀង SHINee ដែរ។

    កាលពីថ្ងៃទី15 ខែមករា កន្លងទៅ តារាប្រុសរូបសង្ហាម្នាក់នេះ បានចេញមុខនៅក្នុងកម្មវិធីសម្ភាសរបស់ស្ថានីយទូរទស្សន៍ TV Report​ ក្នុងកម្មវិធីប្រ៉ូម៉ូតអាល់ប៊ុមចម្រៀងថ្មីរបស់លោក ដែលជាអាល់ប៊ុមចម្រៀងទោលជាលើកទី 2 ។ លោក Wooyoung បានផ្ដល់បទសម្ភាសថា «កាលពីពេលកន្លងទៅ ខ្ញុំបានដឹងពីព័ត៌មានដ៏រន្ធត់របស់តារាចម្រៀង Kim Jonghyun សមាជិកក្រុមចម្រៀង SHINee ហើយខ្ញុំជឿថា គាត់សម្រេចចិត្តបែបនេះ ក៏ព្រោះតែគាត់រងសម្ពាធផ្លូវចិត្តខ្លាំងក្លាជាងខ្ញុំ។ បើគិតឱ្យស៊ីជម្រៅបន្តិច ខ្ញុំអាចយល់ពីជម្រៅចិត្តរបស់គាត់ ហើយខ្ញុំក៏ជឿថា នៅមានតារាល្បីៗជាច្រើនទៀតកំពុងស្ថិតក្នុងស្ថានភាពជំងឺដូចគាត់ដែរ។ ខ្ញុំក៏ជាអ្នកជំងឺបាក់ទឹកចិត្តម្នាក់ដែរ កាលពី 5 ឆ្នាំមុន ហើយខ្ញុំបានជួបហេតុការណ៍ស្រដៀងគ្នានឹង Jonghyun ដែរ»។

    តារាប្រុសរូបនេះ បានបន្ដបញ្ជាក់ថា «ជំងឺបាក់ទឹកចិត្តរបស់  Kim Jonghyun ដូចរឿងរ៉ាវរបស់ខ្ញុំដែរ។ នៅពេលនោះ ខ្ញុំចង់យកឈ្នះដោយចិត្តខ្លួនឯងដោយវិធីច្រើនយ៉ាងដែលគិតថាអាចធ្វើទៅបាន។ ខ្ញុំបាននឹកឃើញពីសមាជិកក្រុមចម្រៀង 2PM ទើបខ្ញុំអាចបញ្ចប់រឿងនោះបាន ក៏ប៉ុន្ដែ វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់ខ្ញុំ។ ខ្ញុំបានព្យាយាមគិតថា ខ្ញុំចាំបាច់ត្រូវតែបញ្ចប់បញ្ហាមួយនេះដោយភាពរឹងមាំរបស់ខ្ញុំតែម្ដង»។

    ចុងបញ្ចប់ លោក Wooyoung បានយកឈ្នះជំងឺបាក់ទឹកចិត្ត និងបានប្រាប់បន្ថែមថា «ខ្ញុំបានរកឃើញវិធីសាស្ត្រដោះស្រាយបញ្ហាតាមបែបផែនរបស់ខ្ញុំ គឺខ្ញុំទៅរៀនគូររូប និងជ្រមុជទឹក ហើយខ្ញុំបានស្វែងរកបទពិសោធ និងជំនួយពីក្រុមបងៗដែលមានអាយុច្រើនជាងខ្ញុំ ព្រមទាំងចំណាយពេលអានសៀវភៅ និងរឿងក្ដីដែលកើតមាននៅក្នុងសង្គមជាច្រើនផងដែរ»៕

  • Selena Gomez ប្រកាសឆ្អែតឆ្អន់ និងលែងយោគ​យល់ចំពោះពាក្យរិះគន់របស់ម្ដាយ

    Selena Gomez ប្រកាសឆ្អែតឆ្អន់ និងលែងយោគ​យល់ចំពោះពាក្យរិះគន់របស់ម្ដាយ

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Radar Online នៅថ្ងៃទី18 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀងអាមេរិកដ៏ស្រស់ផូរផង់ គឺកញ្ញា Selena Gomez អាចឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងជាមួយ​ម្តាយ​បង្កើត​របស់​ខ្លួន​ដោយសារតែអត់ទ្រាំលែងបាននឹងការរិះគន់ដដែលជាដដែលរបស់អ្នកម្តាយរូបនេះមកលើគូស្នេហ៍ជាតារាចម្រៀងដូចគ្នា ដែល​ទើប​ត្រូវ​រ៉ូវ​គ្នាសាជា​ថ្មី​​ គឺ​​កំពូលតារាចម្រៀងដើមកំណើតកាណាដា លោក Justin Bieber។

    ប្រាកដណាស់ ទំនាក់ទំនងរបស់ Selena Gomez និង Justin Bieber ពិតជាបានវិលត្រឡប់មករកភាពផ្អែមល្ហែមឡើងវិញមែន ហើយ​ពុំ​មាននរណាម្នាក់អាចបញ្ឈប់រឿងនេះបានឡើយ រួមទាំងអ្នកម្តាយដែលមានក្តីកង្វល់ច្រើនរបស់តារាចម្រៀងប៉ុបវ័យ25ឆ្នាំរូបនេះ គឺ​លោកស្រី Mandy Teefey ផង។

    បន្ទាប់ពីលោកស្រី Teefey បាននិយាយយ៉ាងបើកចំហថា លោកស្រីមិនសប្បាយចិត្តសោះ អំពីជម្រើសរបស់កូនស្រី​របស់​ខ្លួន ក្នុងការទៅត្រូវរ៉ូវគ្នាវិញជាមួយតារាចម្រៀង Justin Bieber វ័យ23ឆ្នាំ។ ប្រភពជិតស្និទ្ធនឹង Selena បានបង្ហើបឱ្យដឹងថា តារាចម្រៀង​អាមេរិកដែលមានប្រជាប្រិយជាខ្លាំងនៅក្នុងស្រទាប់យុវវ័យជុំវិញពិភពលោករូបនេះ នឹងមិនឈរឱបដៃមើល ហើយបណ្តោយ​ឱ្យម្តាយរបស់ខ្លួន និយាយរិះគន់ពេញៗមាត់ទៅលើ Justin បែបនេះឡើយ។ ប្រភពដដែលបានបន្ថែមថា Selena បានឆ្អែតឆ្អន់ជាមួយការយោគ​យល់អធ្យាស្រ័យដល់ម្តាយខ្លួនហើយ ដោយអ្នកទាំងពីរ សព្វថ្ងៃនេះ គឺមិននិយាយរកគ្នាទាល់តែសោះ។ លោកស្រី Mandy អាច​និយាយរិះគន់តាមតែចិត្តខ្លួន ប៉ុន្តែទង្វើនេះគឺបានត្រឹមតែរុញច្រាន Selena ឱ្យឃ្លាតកាន់តែឆ្ងាយទៅប៉ុណ្ណោះ។

    គួរជម្រាបថា ​រឿងរ៉ាវវិវាទរវាងម្តាយនឹងកូននេះ បានផ្ទុះឡើងនៅលើបណ្តាញសារព័ត៌មាននានា បន្ទាប់ពី​​ កញ្ញា Selena Gomez បានសម្រេចចិត្តចំណាយពេលវេលាឆ្លងឆ្នាំសកលថ្មីៗនេះ ជាមួយ Justin Bieber នៅឯប្រទេសម៉ិកស៊ិក ដោយមិនបាននៅរីករាយជាមួយក្រុមគ្រួសាររបស់នាង​ដូចសព្វដង ហើយមកទល់ពេលនេះស្ថានការណ៍ គឺពុំបានល្អប្រសើរឡើងឡើយ៕

  • ទឹកប្រាក់ 40លាន​ដុល្លារ​នៃ​គម្រោង​វិនិយោគ​ចំនួន5 ត្រូវបាន​អនុម័ត​មុនគេ​នៅ​ដើមឆ្នាំ2018

    ទឹកប្រាក់ 40លាន​ដុល្លារ​នៃ​គម្រោង​វិនិយោគ​ចំនួន5 ត្រូវបាន​អនុម័ត​មុនគេ​នៅ​ដើមឆ្នាំ2018

    ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន5 ដែលមាន​ទឹកប្រាក់​វិនិយោគ 40លាន​ដុល្លារ​នៅ​សប្តាហ៍​ដំបូង​នៃ​ឆ្នាំ2018 ដែល​គម្រោង​វិនិយោគ​ទាំងនោះ​ស្ថិតនៅក្នុង​ខេត្ត និង​ក្រុងផ្សេងៗពីគ្នា។

    ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា នៅក្នុង​សប្តាហ៍​ទី1នៃ​ខែមករា ឆ្នាំ2018នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន 5 ផ្សេងគ្នា​មានតម្លៃ​ទុនវិនិយោគ​ជិត 40លាន​ដុល្លារ ដោយ​ផ្តោតលើ​រោងចក្រ​កែច្នៃ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រោងចក្រ​ផលិត​ស្បែកជើង។ ទិន្នន័យ​នៃ​ការអនុម័ត​លើ​គម្រោង​វិនិយោគ​បន្ថែម​នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​វិជ្ជមាន​សម្រាប់​វិស័យសេដ្ឋកិច្ច​កម្ពុជា បន្ទាប់ពី​មាន​ក្តី​ព្រួយបារម្ភ​មួយចំនួន​ចំពោះ​លទ្ធភាព​នៃ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ2018នេះ​ដែល​រង​ឥទ្ធិពល​មកពី​បញ្ហានយោបាយ។

    ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុម័ត​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រូ​ម​មាន ៖ ទី1 គឺ​ក្រុមហ៊ុន “RED BOAT ENTERPRISE CO., LTD” ដោយ​ក្រុមហ៊ុន​នេះ​មាន​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ និង​កែច្នៃ​ម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និង​ស្ករត្នោត)។ ក្រុមហ៊ុន​នេះ​នឹង​បោះទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ1 ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ 2.83លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 384កន្លែង។

    ទី2 គឺ​ក្រុមហ៊ុន​“GLOBAL HOUSE (CAMBODIA) CO., LTD” ។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​នេះ​បាន​ទម្លាក់​ទុនវិនិយោគ​ចំនួន 10លាន​ដុល្លារ​ក្នុងពេល​អនាគត និង​អាចបង្កើត​ការងារ​បាន​ចំនួន 2.000កន្លែង។ ទី3 គឺ​ក្រុមហ៊ុន “METRO LIFESTYLE DEVELOPMENT CO., LTD” មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មណ្ឌល2 សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

    ក្រុមហ៊ុន​នេះ​មាន​ទុនវិនិយោគ​ប្រមាណ 19.49លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 135កន្លែង​ក្នុងពេល​ដំណើរការ។ ទី4 គឺ​ក្រុមហ៊ុន​“SANYO PACKAGE ASIA (CAMBODIA) CO., LTD” ដោយមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ក្រដាស​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដីឡូត៍​លេខ142 ភូមិ​លំ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ទុនវិនិយោគ​ប្រមាណ 2.22លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 76កន្លែង។

    ចំណែក​ទី5 គឺ​ក្រុមហ៊ុន “GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ4 ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 4.51លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន 1.575កន្លែង។ ក្នុង​ដើមឆ្នាំ2018 ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានស្នើ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គាំទ្រ​ឲ្យ​មានការ​បង្កើត​នូវ​តំបន់​ពិសេស​មួយ​សម្រាប់​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុងស្រុក​ដែល​ផ្នែក​ឯកជន​យល់ថា វា​នឹង​ជួយ​សម្រួល​ដល់​ការតភ្ជាប់​អគ្គិសនី​មានតម្លៃ​ថោក និង មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អ​ដែល​ងាយស្រួល​ដល់​ការអភិវឌ្ឍ​ការកែច្នៃ​ផលិតផល​កសិកម្ម​ក្នុងស្រុក៕

  • រដ្ឋាភិបាល​ទំនងជា​បែងចែក​អគ្គិសនី​សម្រាប់​ការកែច្នៃ​ផលិតផល​ពី​កសិកម្ម

    រដ្ឋាភិបាល​ទំនងជា​បែងចែក​អគ្គិសនី​សម្រាប់​ការកែច្នៃ​ផលិតផល​ពី​កសិកម្ម

    រដ្ឋាភិបាល​ទំនងជា​នឹង​លៃលក​បែងចែក​ចរន្ត​ថាមពល​អគ្គិសនី​ក្នុង​កម្លាំង20 ទៅ30 មេ​ហ្គា​វ៉ា​ត់​សម្រាប់​ប្រើប្រាស់ និង​លើកទឹកចិត្ត​ដល់​សិប្បកម្ម ឬ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ចេញពី​កសិកម្ម​នៅក្នុង​ពេលខាងមុខ។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    ក្នុង​វេទិកា​កសិកម្ម​ឆ្លើយតប​ចំពោះ​សំណូមពរ​របស់​ផ្នែក​ឯកជន​ដើម្បី​ទទួលបាន​ការអនុគ្រោះ និង ការលើកទឹកចិត្ត​សម្រាប់​បង្កើត​សហគ្រាស​ផលិតកម្ម​ក្នុងស្រុក​ឱ្យបាន​ច្រើន ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា ប្រមុខ​រដ្ឋាភិបាល​គ្រោង​លៃលក​ថាមពល​មួយផ្នែក​សម្រាប់​សហគ្រាស​កែច្នៃ​ផលិតផល​ពី​កសិកម្ម​នេះ​នៅ​ថ្ងៃ​អនាគត។

    ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា៖ “សម្តេចនាយក​រដ្ឋមន្ត្រី [ហ៊ុន សែន]បាន​មានប្រសាសន៍ថា នៅពេលដែល​វា​រី​អគ្គិសនី​ដើរ​ដល់​កម្រិត​មួយ សម្ដេច​នឹង​លៃលក​ប្រមាណ​ពី20 ទៅ30មេ​ហ្គា​វ៉ា​ត់ ដោយ​ធ្វើ​យ៉ាងម៉េច​ផ្គត់ផ្គង់​ទៅកាន់​ផលិតកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​នេះ​នាពេលខាងមុខ។ សង្ឃឹមថា សេ​សាន​ក្រោម2 ដើរ​ពេញបន្ទុក​នឹង​មានឱកាស​ពិនិត្យ​ពិចារណា​លើ​ការបន្ធូរបន្ថយ​ថ្លៃ​ភ្លើង​ផលិត​បន្ថែមទៀត។

    វា​រី​អគ្គិសនី​កំពុង​ក្លាយជា​ក្តីសង្ឃឹម​ក្នុងការ​កាត់បន្ថយ​ភាពខ្វះខាត​ខ្លាំង​លើ​វិស័យ​ថាមពល និង​កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ថាមពល​ពី​ប្រទេសជិតខាង​ទាំង3 រួមមានៈ ឡាវ ថៃ និង​ប្រទេស​វៀតណាម។ វា​រី​អគ្គិសនី​សេសា​ន​ក្រោម2 ដែលមាន​មូលដ្ឋាន​ផលិត​ថាមពល​កកើត​ឡើងវិញ នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង និង​ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​វៀតណាម​កំពុង​ក្លាយជា​ក្តីសង្ឃឹម​សម្រាប់​ការ​ងើបឡើង​នៃ​ការកែច្នៃ ដោយ​រំពឹង​លើ​ការទទួលបាន​ថាមពល​អគ្គិសនី​ក្នុង​តម្លៃថោក។

    ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​នឹង​កាត់បន្ថយ​ការខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ការផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​របស់ខ្លួន​ដែលមាន​កំណើន​ក្នុង​រង្វង់​ជិត20%ប្រចាំឆ្នាំ បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម2 ដែល​សាងសង់ឡើង​នៅ​ខេត្តស្ទឹងត្រែង​ដែលមាន​កម្លាំង​ផលិត​ថាមពល​សរុប 400មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយ​ម៉ោង​នោះ នឹង​ចាប់ផ្តើម​ដំណើរការ​តួប៊ីន​ទី1 ដែលមាន​អានុភាព​ផលិត​ថាមពល 50មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយ​ម៉ោង ចាប់ពី​ចុងខែ​តុលា ឆ្នាំ2017កន្លងមក រីឯ​តួប៊ីន7ផ្សេងទៀត​នឹងត្រូវ​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ2018 នេះ។

    វា​រី​អគ្គិសនី​សេសា​ន​ក្រោម2 គឺ​ត្រូវបាន​វិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន Hydrolancang International Energy មាន​ភាគហ៊ុន51% ក្រុមហ៊ុន​នៅ​កម្ពុជា Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន 39% និង​ក្រុមហ៊ុន EVN មកពី​ប្រទេស​វៀតណាម​កាន់កាប់​ភាគហ៊ុន10% ជាមួយនឹង​ទុនវិនិយោគ​ក្នុង​ទឹកប្រាក់​ជាង 800លាន​ដុល្លារ​អាមេរិក។

    ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទីផ្សារ​អន្តរជាតិ​សម្រាប់​អង្ករ​កម្ពុជា មានតែ​ជាង30ប្រទេស​ប៉ុណ្ណោះ ហើយ​ក្នុង​ឆ្នាំ2017ការនាំចេញ​បាន​ជាង63.5ម៉ឺន​តោន។

    ឯកឧត្តម​បាន​បន្តថា បញ្ហា​ចម្បង​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា គឺ​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ ហើយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ធ្លាប់​បានស្នើ​ទៅ​រាជរដ្ឋាភិបាល​ឱ្យជួយ​បញ្ចុះតម្លៃ​អគ្គិសនី​ឱ្យទាប ដើម្បី​ប្រកួតប្រជែង​លើ​ថ្លៃដើម​ផលិត ព្រមទាំង​បាន​ស្វែងរក​ទីផ្សារ​ក្រៅប្រទេស​បន្ថែមទៀត ដើម្បី​នាំចេញ​អង្ករ​ឲ្យ​បាន​កាន់តែច្រើន ដូចជា​ទីផ្សារ​ប្រទេស​ចិន ទីផ្សារ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេសផ្សេងៗទៀត៕

  • ប្រយ័ត្ន! សូម្បីតែ​ជំងឺ​គ្រុនផ្ដាសាយ ក៏មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង និង​មនុស្ស​ចាស់​ដែរ

    ប្រយ័ត្ន! សូម្បីតែ​ជំងឺ​គ្រុនផ្ដាសាយ ក៏មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង និង​មនុស្ស​ចាស់​ដែរ

    សុខភាព​របស់​ក្រុមគ្រួសារ​គឺជា​រឿង​សំខាន់បំផុត ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សមាជិកគ្រួសារ​ទាំងមូល​រួមមាន ឪពុកម្ដាយ កូន ក្មួយ និង​ចៅ​ជាដើម​ដោយឡែក​ជំងឺ​គ្រុនផ្ដាសាយ ក៏​អ្នក​គួរតែ​យកចិត្តទុកដាក់​ពី​វា​ផងដែរ។ ជំងឺ​កើតឡើង​មិន​ប្រកាន់​ចំពោះមុខ​សមាជិក​ក្រុមគ្រួសារ ឬ​ប្រកាន់​ថា​កើត​ចំពោះ​នរណា​នោះឡើយ។ ប្រសិនបើ​សមាជិក​ម្នាក់​នៅក្នុង​គ្រួសារ​កើត​ជំងឺ​នេះហើយ វា​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​បាន នៅពេលដែល​ការសម្អាត​ឬ​អនាម័យ​មិន​ស្អាត និង​បរិភោគ​អាហារ​ជុំគ្នា ដែល​អាច​ឆ្លង​តាមរយៈ ក្អក កណ្ដាស់ និង​តាមរយៈ​ផ្លូវដង្ហើម​ជាដើម។

    បើតាម​ការបកស្រាយរ​បស់​គ្រូពេទ្យ​ជំនាញ​បានឱ្យដឹងថា គ្រុន​ផ្ដាសាយធំ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​វីរុស​គ្រុនផ្ដាសាយ​ផ្ដល់​អត្រា​គ្រោះថ្នាក់​ខ្ពស់ជាង​ជំងឺ​គ្រុនផ្ដាសាយ​ធម្មតា និង​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ។

    លោកអ្នក​អាច​ឆ្លង​ជំងឺ​ប្រភេទ​នេះ​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​ដោយ​រង​សម្ពាធ​ពី​អ្នកជំងឺ ឬ​អ្នក​ផ្ទុកមេរោគ​គ្រុន​ផ្ដាសាយធំ នៅពេល​អ្នកជំងឺ​ក្អក ឬ​កណ្ដាស់, អាច​ឆ្លងតាម​ការប៉ះពាល់​អ្នកជំងឺ​ដោយផ្ទាល់ ឬ​តាម​ការប៉ះពាល់​វត្ថុ​ដែលមាន​វីរុស​បង្ក​គ្រុនផ្ដាសាយ។

    ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​បញ្ហា​ជំងឺ​គ្រុនផ្ដាសាយ និង​ប្រការ​ប្រុងប្រយ័ត្ន​ការពារ​មិនឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង​និង​មនុស្ស​ចាស់​នៅក្នុង​ក្រុមគ្រួសារ​របស់​អ្នក​ដូចខាងក្រោម​នេះ៖

    1/ គ្រោះថ្នាក់​អាក្រក់​កើតឡើង​ពី​ជំងឺ​គ្រុន​ផ្ដាសាយធំ

    មនុស្ស​គ្រប់រូប​សុទ្ធតែ​មានឱកាស​នៃ​ការកើតមាន​ជំងឺ​គ្រុន​ផ្ដាសាយធំ​ទាំងអស់ បើទោះជា​អ្នក​ទាំងនោះ​មាន​សុខ​ភាពល្អ​មាំមួន​ក៏ដោយ ក៏​មិន​ប្រាកដថា​អាច​ចៀស​ផុតពី​ជំងឺ​ប្រភេទ​នេះ​បានដែរ​ព្រោះថា​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ពី​មនុស្ស​ម្នាក់​ទៅកាន់​អ្នកដទៃ​វា​ប្រព្រឹត្ត​ទៅដោយ​មិនដឹង​ខ្លួន។ មនុស្ស​ចាស់ជរា កុមារ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ជំងឺហឺត ខ្សោយតម្រងនោម គឺ​ប្រឈម​កាន់តែ​ខ្ពស់ នោះ​ការគំរាមកំហែង​អាយុជីវិត​ក៏​កាន់តែខ្លាំង នៅពេលដែល​គ្រុន​ផ្ដាសាយធំ​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គ្រុន​ផ្ដាសាយធំ​ក៏បាន​ហុច​ផល​អាក្រក់​មួយចំនួនទៀត​ដូចជា​បង្កឱ្យមាន​ជំងឺ​រលាក​សួត​ដោយ​បាក់តេរី រលាក​ត្រចៀក រលាក​ស៊ីនុស បាត់បង់​ជាតិ​ទឹក ជាពិសេស​អាចធ្វើឱ្យ​ស្ថានភាព​ជំងឺ​ប្រចាំកាយ​ដូចជា​ជំងឺ​បេះដូង ជំងឺហឺត ឬ​ជំងឺ​ទឹកនោមផ្អែម​កាន់​ធ្ងន់ធ្ងរ​ថែម​មួយកម្រិត​ទៀត។

    2/ កំណត់សម្គាល់​អំពី​រោគសញ្ញា

    ជាការ​ពិតណាស់ ជំងឺ​គ្រុន​ផ្ដាសាយធំ មិន​ដូចជា​គ្រុនផ្ដាសាយ​ធម្មតា​នោះទេ ដូច្នេះ​នៅពេលដែល​លោកអ្នក​បាន​ជួបនឹង​អាការ​មួយចំនួន​ដូចជា មាន​គ្រុនក្ដៅ ចាប់ពី​កម្ដៅ 38-39 អង្សា​សេ ឈឺក្បាល ក្អក​ខ្លាំង អស់កម្លាំង ល្ហិតល្ហៃ ឈឺខ្លួន​ប្រាណ​ស្ងួត​បំពង់ក ក្រហាយ​ភ្នែក នោះ​លោកអ្នក​ប្រហែលជា​កំពុង​កើត​ជំងឺ​គ្រុន​ផ្ដាសាយធំ​ហើយ ដែល​តម្រូវឱ្យ​លោកអ្នក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ និង​ធ្វើការ​ព្យាបាល​បាន​ទាន់ពេលវេលា បើ​មិន​ដូច្នោះ​ទេ ពោល​គឺមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​លោកអ្នក។

    3/ ការការពារ

    វិធី​ងាយស្រួល​បំផុត​សម្រាប់​ការពារ​ពី​ជំងឺ​ផ្ដាសាយធំ លោកអ្នក​គ្រាន់តែ​ចេះ​ថែរក្សា​ខ្លួនប្រាណ​ដោយ​ការប្រើ​ម៉ាស ឧស្សាហ៍​ពិសា​ទឹក​ក្ដៅ​ជាប្រចាំ ហើយ​ជាពិសេស នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកមាន​ផ្ទុកមេរោគ​គ្រុនផ្ដាសាយ និង​ផ្ដាសាយធំ។ ម្យ៉ាងវិញទៀត ដោយសារតែ​វេជ្ជសាស្ត្រ​កាន់តែ​ទំនើប ដែលមាន​ថ្នាំ​បង្ការ និង​វាក់​សាំង​ហេតុនេះ​លោកអ្នក​អាច​ស្វែងរក​វិធី​ការពារ​ដោយ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្ដាសាយ​ជាការ​ស្រេច​នៅ​តា​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​គ្លីនិក​ឯកជន​ក៏បាន៕

  • តារាចម្រៀង​ថៃ7ដួង ​ល្បីដោយសារ​បទ​និពន្ធ​ថ្មី​ដោយ​ខ្លួនឯង

    តារាចម្រៀង​ថៃ7ដួង ​ល្បីដោយសារ​បទ​និពន្ធ​ថ្មី​ដោយ​ខ្លួនឯង

    បើ​និយាយ​ពី​រឿង​ចម្រៀង តន្ត្រី ដែលមាន​ការប្រកួតប្រជែង​ក្នុងការ​តាក់តែង​និពន្ធ​បទ​ថ្មី ទំនុកភ្លេង​ថ្មី និង​និយាយ​អំពី​សាច់រឿង​របស់​ចម្រៀង ដែល​ធ្វើឱ្យ​អ្នក​ស្ដាប់​មានការ​ទាក់ចិត្ត​ទាក់​អារម្មណ៍​មានការ​គាំទ្រ​ច្រើន វា​ជា​រឿង​ដ៏​ពិបាក ទំរាំ​តែ​ទទួលបាន​ភាពជោគជ័យ។ ដោយឡែក​មាន​តារាចម្រៀង​ថៃ​ចំនួន7ដួង ដែល​បាន​បញ្ចេញ​បទ​ចម្រៀង​របស់ខ្លួន​មួយ​បទ​ដំបូង ហើយ​មានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ជាច្រើន បើ​ចង់ដឹងថា​ជា​តារាចម្រៀង​ថៃ​ណាខ្លះ​នោះ សូម​ទស្សនា​រូបភាព និង​ប្រវត្តិខ្លះៗរបស់​ពួកគេ​ដូចខាងក្រោម​នេះ ៖

    1. ឡាំ​យ៉ៃ ហៃ​ថង​ខាំ

    សូម​ចាប់ផ្ដើម​ពី​តារា​ដំបូង​ដែលជា​ម្ចាស់​បទ “ผู้สาวขาเลาะ ” ( ភូ​សាវ​ខា​ឡក់) ចម្រៀង​ដោយ ឡាំ​យ៉ៃ ហៃ​ថង​ខាំ ក៏​ចង់​ប្រាប់ថា នាង​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត ដែល​ដំបូង​ឡើយ​នាង​បានត្រឹមតែ​បង្ហោះ​បទ​ចម្រៀង​ដែល​ខ្លួន​និពន្ធ​នៅលើ​បណ្ដាញ​សង្គម​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ននេះ នាង​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ធំ​មួយ ព្រមទាំង​បាន​បញ្ចេញ​នូវ​បទ​និពន្ធ​ថ្មី2បទ​ទៀត​ដែល​កំពុងមាន​ការគាំទ្រ​យ៉ាងខ្លាំង។ គួរបញ្ជាក់​ផងដែរ​ថា តារា​ស្រី​រូបនេះ និយម​ការ​ស្លៀកពាក់​សិច​ស៊ី និង​មាន​សំឡេង​ពីរោះ​តាមបែប​ចម្រៀង លូក​ធុង (បទ​មនោសញ្ចេតនា​ស្រុកស្រែ)។

    1. យី​ង​លី ស្រ៊ី​ជុម​ផុន

    បទ​ចម្រៀង​ពីមុន​នេះ​របស់​នាង​ដែល​ល្បីល្បាញ​បំផុត មាន​អ្នក​ចូលទៅ​ទស្សនា​ច្រើនជាងគេ​ប្រចាំឆ្នាំ គឺ​បទ “ขอใจเธอแลกเบอร์โทร” (ខ​ចៃ​ធឺ​លែ​ក​បឺ​រ​ថូ) ជា​បទ​ចម្រៀង​និពន្ធ​របស់​នាង ដែល​ទទួលបាន​ការពេញនិយម​បំផុត​ពេញ​មួយឆ្នាំ​តែម្ដង ហើយដោយ​សារ​បទ​នេះ​បានធ្វើឱ្យ​តារា​ស្រី​រូបនេះ កើប​លុយ​ជាច្រើន ព្រមទាំង​ទិញ​ផ្ទះ និង​ជួយ​ទំនុកបម្រុង​ឪពុកម្ដាយ​បាន​រស់​ស្រួល ព្រមទាំង​បាន​ជូន​កាដូ​ជាទី​គាប់ចិត្ត​ដល់​អ្នក​ពន្ធ​បទ​ភ្លេង​ឱ្យ​នាង​ទៀតផង។

    1. ជេន​នី​ហ្វ័​រ ឃីម

    ជា​តារាចម្រៀង​ដែល​ឆ្លងកាត់​ការប្រឡង​ចម្រៀង និង​និពន្ធ​ចម្រៀង​បាន​មួយ​បទ ដោយ​ទទួលបាន​ការគាំទ្រ​ជាខ្លាំង ហើយ​ចម្រៀង​របស់​នាង​ត្រូវបាន​យកទៅ​ធ្វើជា​បទ​ចម្រៀង​នៅក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​ដែល​ចម្រៀង​នោះ​មាន​ចំណងជើង​ថា “คิดถึงเธอทุกที ” ( ឃិត​ធឹង​ធឺ​ធុ​ក​ធី) មានន័យ​ជា​ភាសា​ខ្មែរ​ថា នឹក​បង​គ្រប់​ទីកន្លែង។ បន្ទាប់មកទៀត​សង្កេតឃើញថា តារា​ស្រី​រូបនេះ ហាក់បីដូចជា​ស្ងាត់​ការនិពន្ធ​បទ​ចម្រៀង បែរមក​ច្រៀង​បទ​បរទេស​ច្រើនជាង​បទ​ថៃ​ទៅវិញ។

    1. ប៉ើ​ន ប៉ៈ​ថុ​ម​រ៉ា​ត

    ជា​តារាចម្រៀង​ដែលមាន​សមត្ថភាព​តាក់តែង​និពន្ធ​ទំនុកច្រៀង បទ​ភ្លេង លេង​ឧបករណ៍​តន្ត្រី និង​មាន​សមត្ថភាព​ជាច្រើន​ទៀត ដែល​លោក​ចាប់ផ្តើម​ទទួលបាន​ភាពល្បីល្បាញ និង​ការគាំទ្រ​ចេញពី​ការ​បង្ហោះ​ឃ្លិប​វីដេអូ​ចម្រៀង​នៅលើ​បណ្ដាញ​សង្គម Facebook រហូត​បាន​ក្លាយជា​តារា Net Idol ដែលមាន​អ្នកគាំទ្រ និង​ទស្សនា100លាន​វី​យូ (Views) ដែល​បទ​ចម្រៀង​របស់​លោក​មាន​ចំណងជើង​ថា “อ้ายมีเหตุผล”(អាយ​មី​ហេ​ត​ផុន) មានន័យថា បង​មាន​ហេតុផល ដែលមាន​នៅក្នុង​ផលិតកម្ម RSiam។

    1. ចាក់ នុង​ផៈ​នី

    មាន​មនុស្ស​ជាច្រើន​ធ្លាប់​ស្គាល់​នាង​ថា ចាក់ អា​ស្យាម ជា​តារាចម្រៀង​សិច​ស៊ី និង​មាន​ក្បាច់​រាំ​ស្រើបស្រាល​បំផុត ក៏ប៉ុន្ដែ​នាង ត្រូវបាន​អ្នកគាំទ្រ​ស្គាល់​ដំបូងបង្អស់​តាមរយៈ​បទ​ចម្រៀង​របស់​តារា​កំប្លែង នាយ ជេ​ត ដែល​នាង​គ្រាន់តែ​ជា Dancer នៅក្នុង​វីដេអូ​ចម្រៀង​តែប៉ុណ្ណោះ។

    1. កង ហួយ​រ៉ៃ

    ជា​តារាចម្រៀង​ដែល​ល្បីល្បាញ​តាមរយៈ​បណ្ដាញ​សង្គម Youtubeដែល​ដំបូង​ឡើយ​លោក​បាន​បង្ហោះ​បទ​ចម្រៀង​តែង​និពន្ធ​ថ្មី​របស់លោក ដែលមាន​ចំណងជើង​ថា “ไสว่าสิบ่ถิ่มกัน” (សៃ​វ៉ា​ស៊ិ​ប​ធី​មកា​ន់) ដែល​បទ​ខ្មែរ​យើង​បាន​យកមក​ច្រៀង​ផងដែរ គឺមាន​ចំណងជើង​ថា “ស៊ី​បាន​ចេះតែ​ស៊ី​ទៅ។ តារាចម្រៀង​វ័យ27ឆ្នាំ​រូបនេះ មាន​សមត្ថភាព​ខាង​ផ្នែក​សិល្បៈ​ជាច្រើន​ជំនាញ ហើយថ្មីៗនេះ លោក​បាន​សម្ដែង​រឿង​ភាគ​នៅតាម​បុ​៉​ស្តិ៍​ទូរទស្សន៍​ទៀតផង។

    1. ប៉េ​ក ផៈលិត​ឆូ​គ

    តារាចម្រៀង​រូបនេះ ជា​តារាចម្រៀង ដែល​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ដោយ​ខ្លួនឯង​ផ្ទាល់ មាន​ស្នាមញញឹម​ស្រស់​សង្ហា ហើយ​លោក​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅពេលដែល​ចូលទៅ​ប្រលង​ក្នុង​កម្មវិធី The Mask Singer ហើយ​លោក​ក៏បាន​យក​បទ​ចម្រៀង​ដែល​លោក​និពន្ធ​ទៅ​ប្រលង​ផងដែរ ដែល​បទ​នោះ​មាន​ចំណងជើង​ថា “Love On Top” និង​បទ “Versace on The Floor”៕