Category: សង្គម និងសេដ្ឋកិច្ច

  • YouTube ចេញ​គោលការណ៍​ថ្មី ដែលនាំឱ្យ​អ្នករក​លុយ អាច​នឹង​បាត់បង់​ចំណូល

    YouTube ចេញ​គោលការណ៍​ថ្មី ដែលនាំឱ្យ​អ្នករក​លុយ អាច​នឹង​បាត់បង់​ចំណូល

    អាមេរិក៖ ក្រុមហ៊ុន​វីដេអូ​យក្ស YouTube បានចាប់ផ្ដើម​អនុវត្តន៍​នូវ​គោលការណ៍​របស់ខ្លួន ដោយ​ធ្វើការ​រឹង​បន្តឹង​ទៅលើ​ការត្រួតពិនិត្យ​វីដេអូ ដែល​គោលការណ៍​ថ្មី​នេះ អាចធ្វើឱ្យ​អ្នកបង្កើត​វីដេអូ​រកលុយ​តាមរយៈ YouTube អាច​ធ្លាក់​ចំណូល ជាពិសេស​គឺ​សម្រាប់ YouTube Channels ល្បីៗតែម្ដង។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមហ៊ុន YouTube បានចាប់ផ្ដើម​អនុវត្តន៍​គោលការណ៍​ថ្មី ដោយ​ប្រើប្រាស់​មនុស្ស​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​វីដេអូ ហើយ​បើ​ត្រឹមត្រូវ​ទៅតាម​លក្ខ​ណៈហើយ​នោះ ទើប​ក្រុមហ៊ុន YouTube អនុញ្ញាតិ​ឱ្យចេញ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម។

    នៅក្នុង​គោល​ការ​ថ្មី​នេះ​ផងដែរ បណ្ដា​ក្រុមហ៊ុន​ផ្សព្វផ្សាយផ្សេងៗ មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​របស់ខ្លួន​នៅលើ​វីដេអូ​ទាំងឡាយណា​ដែលមាន​សញ្ញា Google Preferred ព្រោះ​រាល់​វីដេអូ​ដែលមាន​សញ្ញា​នេះ គឺ​សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ និង​បំពេញ​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​របស់ YouTube។

    ក្រុមហ៊ុន YouTube បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ផងដែរ​ថា ការត្រួតពិនិត្យ​ទៅលើ YouTube Channels ដើម្បី​ដាក់ចេញ​នូវ​សញ្ញា Google Preferred និង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​សម្រាប់ Channels ដែលមាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ហើយ​សម្រាប់​ក្រៅពី​សហរដ្ឋអាមេរិក នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា។

    ពីដំបូង​ឡើយ ដើម្បី​បង្កើត YouTube Channels រកលុយ​បាន​ជាមួយនឹង YouTube Partner Program (YPP) ពួកគេ​ចាំបាច់​ត្រូវមាន​អ្នក Views វីដេអូ​រហូតដល់​ជាង 10,000 views ប៉ុន្តែ​សម្រាប់​គោលការណ៍​ថ្មី គឺ​ត្រូវមាន​អ្នក Subscribers ទៅលើ Channels 1,000នាក់ និង​ត្រូវមាន​អ្នក Views វីដេអូ​រហូតដល់ 4,000ម៉ោង ក្នុង​រយៈពេល 12ខែ​ចុងក្រោយ បើ​មិន​គ្រប់​លក្ខខណ្ឌ​នេះ​ទេ នោះ​មិនអាច​យក​រកលុយ​បានឡើយ។

    គោលការណ៍ និង​លក្ខខណ្ឌ​ថ្មី​នេះហើយ ដែល​ធ្វើឱ្យ​អ្នករក​លុយ​តាម​បណ្ដាញ YouTube អាច​នឹង​ធ្លាក់​ចំណូល ឬ​អាច​បាត់បង់​ចំណូល​តែម្ដង ហើយ​ការចេញ​គោលការណ៍​ថ្មី​នេះ​ផងដែរ គឺ​ក្រោយពេល​កើតមាន​រឿងអាស្រូវ​ស្ដេច​រកលុយ YouTube ដែលមាន​ឈ្មោះថា Logan Paul ដែល​បាន​បង្ហោះ​រូបភាព​ជនរងគ្រោះ​ដោយ​អំពើ​អត្តឃាត​ក្នុង​វីដេអូ​របស់លោក ជាហេតុ​នាំឱ្យមាន​ការផ្ទុះ​កំហឹង​ពី​សាធារណជន៕

  • ស៊ុប​មាន់​ខ្មៅ​ចំហុយ​ថ្នាំ​ចិន

    ស៊ុប​មាន់​ខ្មៅ​ចំហុយ​ថ្នាំ​ចិន

    ស៊ុប​សុខភាព​មួយ​មុខ​ទៀត​ពី​អាហា​រដ្ឋា​ន គ្រួសារ​រីករាយ ដែល​ស្ថិតនៅ​លើផ្លូវ​កោសដូង សម្រាប់​សមាជិកគ្រួសារ​ជាទី​ស្រឡាញ់​របស់​អ្នក ដូច្នេះ​សូម​រៀន​ធ្វើ​មុខម្ហូប “ស៊ុប​មាន់​ខ្មៅ​ចំហុយ​ថ្នាំ​ចិន” ទាំងអស់គ្នា ដែលជា​ការណែនាំ​ពី​ម្ចាស់​អាហា​រដ្ឋា​ន​ផ្ទាល់​តែម្តង។

    គ្រឿងផ្សំ

    – មាន់​ខ្មៅ 1ក្បាល (1គីឡូ-1,3គីឡូ)

    – គ្រឿងផ្សំ​ថ្នាំ​ចិន​មួយកញ្ចប់ មានដូចជា យិន​សិ​ុ​ន ដំឡូង ខ្មៅ​ស្អិត គ្រាប់​ក្រហម គ្រាប់​ពុទ្រា​ក្រហម និង​ចំណិត​ចេក (អា​ចរក​ទិញ​បាន​នៅ​ហាង​ចិន​សែ)

    – ដុំ​ស៊ុប​ខ្នរ 1ដុំ

    – ស្ករស 1ស្លាបព្រា​កាហ្វេ

    របៀប​ធ្វើ

    ដំបូង​ត្រូវដាក់​ទឹក រួច​ដាក់​ថ្នាំ​ចិន​ទាំងអស់​ចូល ដាំ​ឱ្យចេញ​ជាតិ។ បន្ទាប់មក​ត្រូវ​លាង​មាន់​ខ្មៅ​ឱ្យ​ស្អាត រួច​កាប់​មាន់​ខ្មៅ​ជាដុំៗ ដាក់ចូល​ទៅក្នុង​ឆ្នាំង​រំងាស់​ពី2-3ម៉ោង​រហូតដល់​មាន់​ខ្មៅ​ផុយ​ល្អ រួច​សឹម​ដាក់​ស្ករស និង​ដុំ​ស៊ុប​ខ្នរ​ចូល ចូរ​កូរ​ឱ្យ​សព្វ​ភ្លក្ស​រសជាតិ​តាម​ចំណង់​ចំណូលចិត្ត ជា​ចុងក្រោយ​ដួស​ស៊ុប​ដាក់​ចាន​ជាការ​ស្រេច៕

  • 10 រូបមន្ត​ចងចិត្ត​ស្វាមី ពី​ភរិយា​មហាសេដ្ឋី ជែក ម៉ា ជូន​ចំពោះ​ស្ត្រី​ទូទាំង​ពិភពលោក

    10 រូបមន្ត​ចងចិត្ត​ស្វាមី ពី​ភរិយា​មហាសេដ្ឋី ជែក ម៉ា ជូន​ចំពោះ​ស្ត្រី​ទូទាំង​ពិភពលោក

    តើ​មិត្ត​អ្នកអាន​ជឿ​ឬទេ​ថា នៅ​ពីក្រោយ​ភាពជោគជ័យ​ដ៏​ធំធេង​របស់ Jack Ma (ជែក ម៉ា) មហាសេដ្ឋី​លំដាប់​លេខ1របស់​ចិន និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​យក្ស Alibaba មាន​ភរិយា​ដ៏​ស្រស់ស្អាត “ចាង យី​ង” ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ជួយ​គាំទ្រ​ផ្នែក​កម្លាំងចិត្ត និង​នៅក្បែរ​រូបគាត់​ក្នុង​គ្រប់​ស្ថានការណ៍ ធ្វើឱ្យ​គាត់​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីព និង​ក្លាយ​ជាទី​ទទួលស្គាល់​របស់​មនុស្ស​ទូទាំង​ពិភពលោក​ដូច​សព្វថ្ងៃនេះ។

    ទាំង​គូ​ជា​មិត្តភក្តិ​សម័យ​រៀន​មហាវិទ្យាល័យ​ជាមួយគ្នា ហើយ​រៀបការ​នឹង​គ្នា​ភ្លាម​តែម្ដង​នៅពេល​បញ្ចប់​ការសិក្សា ដោយ ចាង យី​ង បាន​បង្ហើប​ឱ្យដឹងថា “ជែក ម៉ា មិនមែនជា​មនុស្សរូប​សង្ហា​សោះឡើយ ហើយ​ថែមទាំង​ដូចជា​រាង​អាក្រក់​បន្តិច​ទៀតផង តែ​រឿង​ដែល​ខ្ញុំ​ពេញចិត្ត​ចំពោះ​ខ្លួន​គាត់​នោះ​គឺ គាត់​អាចធ្វើ​អ្វី​បានជា​ច្រើន​ខណៈដែល​បុរស​រូប​សង្ហា​ទាំងឡាយ​មិន​ចាប់អារម្មណ៍​នឹងធ្វើ។ ខ្ញុំ​មិនបាន​សម្រេចចិត្ត​ខុស​ឡើយ ធុរកិច្ច​អា​លី​បា​បា​របស់គាត់​ក្លាយជា​វត្ថុ​ដ៏​មហស្ចារ្យ​ក្នុង​ពិភព​ធុរកិច្ច​អន​ឡាញ អ្នកណាៗក៏​ហៅ​គាត់​ថា “មហា​មនុស្ស​នៃ​ការបង្កើត​មុខជំនួញ” ដែរ ដែល​វា​បាន​សាង​នូវ​មោទនភាព​ចំពោះ​ខ្ញុំ​ខ្លាំងណាស់។

    ខាងក្រោម​នេះ​គឺ 10ចំណុច​ដាស់តឿន​ចិត្ត​របស់​ឧ​ត្ត​ម​ភរិយា​របស់ ជែក ម៉ា ដែល​ត្រូវការ​ប្រាប់​ដល់​ស្ត្រី​ទូទាំង​ពិភពលោក​ដូចខាងក្រោម​នេះ៖

    1/ ក្រោយពេល​រៀបការ អ្នកនឹង​ប្ដូរ​ឋានៈ​ទៅជា​ឧត្ដម​ភរិយា និង​ជា​ម្ដាយ​របស់​កូន។ ចូរ​កុំ​គិតតែ​ពី​ចិត្ត​ខ្លួនឯង​ដូច​កាលពី​សម័យមុន​រៀបការ មើលថែទាំ​ស្វាមី ថែទាំ​កូន ជួយ​ជា​កម្លាំង​គាំទ្រ​ដល់​ស្វាមី។

    2/ បើ​ស្រឡាញ់​ស្វាមី ត្រូវ​ស្រឡាញ់​ឪពុកម្ដាយ​របស់​ស្វាមី​ជាមុន ព្រោះ​បើ​គ្មាន​ឪពុកម្ដាយ​គាត់ ក៏​គ្មាន​រូបគាត់​មកឱ្យ​យើង​ស្រឡាញ់​ដែរ ហើយ​កុំ​យក​ទស្សន​គតិ ឬ​ទង្វើ​របស់​ឪពុកម្ដាយ​របស់​ស្វាមី​ដែល​ធ្វើ​ចំពោះ​យើង​ទៅ​ប្រៀបធៀប​ជាមួយនឹង​អ្វីដែល​យើង​បានទទួល​ពី​ឪពុកម្ដាយ​បង្កើត​របស់​យើង​ជាដាច់ខាត។

    3/ រួម​កាយ រួមចិត្ត កុំ​សួរដេញដោល​គ្រប់​រឿង​គ្រប់​រ៉ាវ រឿង​ខ្លះ​ជាគោលការណ៍ ឬ​ជា​វិធី​ការ​ផ្ទាល់ខ្លួន​ក្នុង​ការធ្វើការងារ​រប​ស់គា​ត់ ដែល​មិនចាំបាច់​ត្រូវ​អធិប្បាយ​ឱ្យ​យើង​ដឹង​គ្រប់​រឿង​នោះទេ។ នៅចាំ​ផ្ដល់​កម្លាំងចិត្ត និង​នៅចាំ​ជួយផ្ដល់​ការជួយ​យកអាសា ក៏​គ្រប់គ្រាន់​ហើយ។

    4/ ស្វាមី​ដែល​ត្រូវបាន​ត្រួតត្រា ចុះចាញ់​អ្នក​តែ​មាត់ តែ​ស្វាមី​ដែល​ត្រូវបាន​ស្រឡាញ់ ចុះចាញ់​អ្នក​ដោយ​ដួងចិត្ត។ ស្រឡាញ់​គេ​ទៅ កុំ​គិតតែ​ពី​ចង់​គ្រប់គ្រង​គេ​ឱ្យ​ជាប់​អី។ រឹតតែ​នៅ​ចំពោះមុខ​ក្រុម​មិត្តភក្តិស្រីៗដូចគ្នា​ផង​នោះ ភរិយា​ដែល​ល្អ​នឹងមិន​និយាយដើម​ប្ដី​ឱ្យ​អ្នកដទៃ​ស្ដាប់​ជាដាច់ខាត។

    5/ កុំ​គិត​ចង់​ផ្លាស់ប្ដូរ​គាត់ តែ​អាច​សាង​កម្លាំង​ជំរុញ​ចិត្ត​ដល់​គាត់ ព្រោះ​ជាទូទៅបុរសៗច្រើនតែ​ខ្ជិល មិនសូវ​ជា​ស្រឡាញ់​ភាព​ស្អាតបាត​ប៉ុន្មាន​ទេ។ ការងារ​តូចតាច​នៅ​ក្នុងផ្ទះ​មិនចាំបាច់​បង្ខំ​តឿន​ឱ្យ​គាត់​ធ្វើ​ទេ ទុកឱ្យ​គាត់​ប្រើ​សមត្ថភាព​ក្នុង​រឿង​ធ្វើ​ការរកស៊ី​ឱ្យបាន​ពេញទំហឹង​វិញ​ប្រសើរ​ជាង។

    6/ ពេល​ស្វាមី​ត្រឡប់មកផ្ទះ ភរិយា​គួរ​នៅផ្ទះ។ ស្វាមី​ត្រឡប់មកផ្ទះ​ប្រហែលជា​ចង់ឃើញ​មុខ​ភរិយា ចង់​ឮ​សំឡេង​ភរិយា​ចង់​ជជែក​គ្នា​ដោយ​ក្ដី​យល់ចិត្ត​យល់​ថ្លើម តែ​មិនមែន​បានឮ​តែ​សំឡេង​រអ៊ូរទាំ​របស់​ភរិយា​នោះទេ។

    7/ កុំ​យកក្ដី​សង្ស័យ​របស់​ខ្លួនឯង​ធ្វើជា​ចំណុច​សម្រេច​លើ​រឿង​អ្វីមួយ។ កុំ​គិតតែ​ម្នាក់ឯង រួច​អុ​ឺ​អើ​តែម្នាក់ឯង​ជាដាច់ខាត កុំ​យកក្ដី​សង្ស័យ​មក​គិត​ធ្វើជា​រឿង​ពិត​ឱ្យសោះ ព្រោះវា​នឹង​ក្លាយជា​រឿង​ប៉ះពាល់​ដែល​មិនល្អ​ដល់​ស្វាមី ហើយ​រូប​អ្នកនឹង​ក្លាយជា​ភរិយា​ដែល​គ្មាន​ភាពជឿជាក់​លើ​ខ្លួនឯង។

    8/ កុំ​ធ្វើខ្លួន​ជា​សត្វ​កាំប្រមា។ បើ​ធ្វើខ្លួន​ជា​សត្វ​កាំប្រមា​ដែល​ចាំតែ​ចាក់​ដោត​ស្វាមី​គ្មាន​ស្វាមី​ណា​ចង់​នៅ​ជិត​អ្នក​ទេ ប្រៀប​ដូច​ភ្លើង និង​ចំបើង​ស្ងួត នៅ​ជាមួយគ្នា​មិន​បានទេ។

    9/ កុំ​ព្យាយាម​ប្រកែក​តវ៉ា​នឹង​ស្វាមី​ខ្លួនឯង និង​ហាម​ជេរប្រមាថ​ស្វាមី​ជាដាច់ខាត រឹតតែ​ប្រកែក​តវ៉ា​ស្វាមី​ច្រើន​ប៉ុនណា ក៏​រឹតតែ​សាង​នូវ​ក្ដី​មិន​ពេញចិត្ត​ឱ្យ​ខ្លួនឯង​កាន់តែច្រើន​ប៉ុន​នោះដែរ ហើយ​ការជេរប្រមាថ​ស្វាមី មិន​ថា​ត្រូវ ឬ​ខុស​ក៏ដោយ នឹងមាន​ផល​អាក្រក់​ជះ​ត្រឡប់​ទៅរក​ខ្លួន​អ្នក​វិញ​យ៉ាង​ប្រាកដ។

    10/ សេចក្ដីស្រឡាញ់​ប្រៀបដូចជា​គ្រាប់​ខ្សាច់ ចាប់​កាន់​បាន តែ​ចងភ្ជាប់​មិនបាន។ កុំ​គិតតែ​ព័ទ្ធចាប់​ស្វាមី ព្រោះ​ព័ទ្ធចាប់​អាច​បានតែ​ខ្លួន​គាត់ ដូច្នេះ​ស៊ូ​បាន​ដួងចិត្ត​គាត់​មក​គ្រប់គ្រង​វិញ​នឹង​ប្រាកដច្បាស់​ជាង។ បង្រៀន​កូន​នៅមុខ​អ្នកដទៃ​បានតែ​ពេលស្ងាត់ៗចូរ​ប្រឹក្សា​ជាមួយ​ស្វាមី។ ហាម​បំបាក់មុខ​ស្វាមី​នៅ​ចំពោះមុខ​អ្នកដទៃ​ជាដាច់ខាត។

    បុរស​ដែលជា​អ្នកធ្វើ​ការរកស៊ី​នៅក្នុង​សង្គម​រឿង​ដែល​សំខាន់បំផុត​នោះ​គឺ មុខមាត់ និង​កិត្តិយស​របស់គាត់  ហើយ​បុរស​គ្រប់រូប​ក៏​ហួងហែង និង​ថែរក្សា​រឿង​ទាំងអស់នេះ​ខ្លាំងណាស់។ ភរិយាដែល​ចេះ​រៀបចំ​ដាក់ខ្លួន​បានល្អ ជីវិត​នឹងមាន​សេចក្ដីសុខ តែ​ភរិយា​ដែល​មានតែ​ក្ដី​មិន​ពេញចិត្ត​រក​សេចក្ដី​ស្ងប់​សុខ​ក្នុង​ជីវិត​មិនបាន​ឡើយ៕

  • លោក កែវ ឡង់ឌី “ចង្ក្រាន​ជើង3 បាក់​អស់ សល់​តែ​ជើង1 តែ​នៅតែ​អាច​ចម្អិន​បាន”

    លោក កែវ ឡង់ឌី “ចង្ក្រាន​ជើង3 បាក់​អស់ សល់​តែ​ជើង1 តែ​នៅតែ​អាច​ចម្អិន​បាន”

    ជា​អ្នកជំនួញ​មួយរូប​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ និង​យកចិត្តទុកដាក់​ពី​សាធារណជន​ជាច្រើន​នៅ​កម្ពុជា លោក កែវ ឡង់ឌី ម្ចាស់​អាជីវកម្ម​នៃ​ក្រុមហ៊ុន Baby Outlet និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ស្រមោច Trading Solution បាន​អភិវឌ្ឍ​ខ្លួន​ពី​កុមារភាព​ដ៏​ជូ​ចត់ តែ​បុរស​រូបនេះ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​បំប្លែង​ការឈឺចាប់​នានា​ឱ្យ​ក្លាយជា​គុណសម្បត្តិ​ថែមទៀតផង។

    ជីវិត និង​ការសិក្សា​លោក កែវ ឡង់ឌី បានកើត​នៅ​ឆ្នាំ1983 ក្នុង​គ្រួសារ​ដែលមាន​កម្រិតជីវភាព​ក្រោម​មធ្យម​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​តម្លៃ​ខ្លាំង​បំផុត​លើ​ការអប់រំ។  កាល​នៅ​ជា​កុមារ លោក​បាន​ជួប​រឿង​មួយ​ដែល​ធ្វើឱ្យ​លោក​ចងចាំ​មិន​ភ្លេច និង​ធ្វើឱ្យ​លោក​ចាប់ផ្តើម​ដឹង​ច្បាស់​ពី​ការលំបាក​របស់​គ្រួសារ​ដែល​មិនសូវមាន​ថវិកា​សម្រាប់​ឱ្យ​លោក​បាន​រៀនសូត្រ។ នៅពេលនោះ លោក​ចូលរៀន​ថ្នាក់​ភាសា​ខ្មែរ​ផង និង​ភាសា​ចិន​ផង ដោយ​ថ្នាក់​ភាសា​ចិន​គឺ​ត្រូវ​ចំណាយ​ប្រមាណ​តែ 35ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​តែ​ឪពុក​របស់លោក​មិនមាន​លទ្ធភាព​ដើម្បី​បង់​នោះទេ។

    លោក​បាន​លើកឡើងថា ៖ “កាលនោះ​ខ្ញុំ​នៅ​ក្មេង​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​គាត់​ចេះតែ​ពន្យារពេល​បង់ថ្លៃ​សាលា​មួយថ្ងៃ​ហើយ​មួយថ្ងៃ​ទៀត​ដែល​ធ្វើឱ្យ​ខ្ញុំ​មិន​ចង់​ហ៊ាន​ចូលរៀន តែ​ក្រោយមកទើប​ខ្ញុំ​ដឹង​ច្បាស់​នៅពេលដែល​គាត់​យក​ចិញ្ចៀន​របស់គាត់​ទៅ​លក់​ដើម្បី​បង់ថ្លៃ​សាលា​ឱ្យ​ខ្ញុំ។ ចាប់ពី​ថ្ងៃ​នោះមក ខ្ញុំ​តាំងចិត្ត​ថា ខ្ញុំ​ត្រូវតែ​ខំរៀន​ឱ្យ​ខ្លាំង ព្រោះ​បើ​ខ្ញុំ​មិន​ខំ មិនដឹង​ជា​គាត់​ខកចិត្ត​ប៉ុនណា​ទេ។ ដោយមាន​ការតាំង​ចិត្ត លោក​ឡង់ឌី បានទទួល​លទ្ធផល​នៃ​ការសិក្សា​ល្អ​គួរសម រហូត​បាន​ជោគជ័យ​ក្នុងការ​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ2001។ ក្រោយ​ប្រឡង​ជាប់​បាក់​ឌុប លោក​មិនដែល​ស្រមៃ​ថា លោក​នឹង​បាន​ចូលរៀន​មហាវិទ្យាល័យ​នោះទេ ព្រោះ​លោក​ដឹង​យ៉ាងច្បាស់​ពី​កម្រិតជីវភាព​នៃ​គ្រួសារ។ បន្ទាប់មក​លោក​បាន​ប្រឡង​ជាប់​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) ដែល​និស្សិត​ភាគតិច​ណាស់​អាចមាន​ស​ម​ត្ថ​ភាព​ប្រឡង​ជាប់​នៅ​សាលា​នេះ តែបើ​ទោះជា​ប្រឡង​ជាប់​ក៏​នៅតែ​តម្រូវឱ្យ​បង់ថ្លៃ​សាលា​ដែរ។

    ភាពស្ទាក់ស្ទើរ​នៅពេលនោះ បានធ្វើឱ្យ​បងប្រុស​របស់លោក​សម្រេច​ចិត្ត​ឈប់រៀន ហើយ​ចេញ​ធ្វើការ​រកប្រាក់​ចំណូល​ដើម្បី​ខ្លួនឯង​ផង និង​សម្រាប់​បង់ថ្លៃ​សិក្សា​ឱ្យ​ប្អូន​ផង។ តែ​ជា​អកុសល បងប្រុស​របស់លោក​បាន​ទទួលមរណភាព​នៅពេល​ដែល​លោក​ទើបនឹង​ចូលរៀន​បាន​មួយ​ត្រីមាស​តែប៉ុណ្ណោះ មិនទាន់​ទាំង​បាន​បង់ថ្លៃ​សិក្សា​ឱ្យ​លោក​សូម្បី​តែម្តង​ផង។ លោក​ឡង់ឌី​នៅពេលនោះ​ជា​និស្សិត​ឆ្នាំ​ទី1 បាន​ស្វែងរក​ការងារ​ដោយ​ខ្លួនឯង លោក​បានសម្រេច​ចិត្ត​ខំ​អស់​លទ្ធភាព​ដើម្បី​ចេញ​បង្រៀន​នៅ​សាលា​ចំនួន 6កន្លែង​ផ្សេងគ្នា ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្លួន​នៅ​មហាវិទ្យាល័យ។ ទីបំផុត លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​បាន​ត្រដែត​ឡើង​នៅ​ឆ្នាំ2005។ លោក កែវ ឡង់ឌី បានបញ្ចប់​ការសិក្សា​ជា​ស្ថាពរ​នៅ​កម្រិត​មហាវិទ្យាល័យ​ដែល​លោក​មិន​ធ្លាប់​សូម្បីតែ​ស្រមៃ​ថា​មាន​ថ្ងៃនេះ។ តែ​នៅ​ឆ្នាំ​ដដែល​នោះ​ឪពុក​របស់លោក​បានទទួល​មរណភាព​ម្នាក់ទៀត ធ្វើឱ្យ​លោក​អស់សង្ឃឹម​សាជាថ្មី។ នៅពេលនោះ​ស្ថានភាព​គ្រួសារ​បានចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​ជំរុញ​ឱ្យ​លោក​ចាប់ផ្តើម​គិត និង​ជំរុញ​ខ្លួនឯង​ឱ្យ​ខំ​កាន់តែខ្លាំង​ឡើង​ដែរ។ លោក កែវ ឡង់ឌី បាន​រំឭកថា ៖ “នៅពេលនោះ​ខ្ញុំ​បានគិត​សាជាថ្មី​ម្តង​ទៀតថា ចង្ក្រាន​ជើង3 ទើប​ចម្អិន​បាន តែ​នៅពេលនេះ​ចង្ក្រាន​នៅសល់តែ​ជើង1ប៉ុណ្ណោះ ហេតុនេះ​ដើម្បី​ចម្អិន​បាន​លុះត្រាតែ​ចង្ក្រាន​នោះ​ខ្លាំង​បំផុត។

    ជីវិត​ការងារ និង​ការតស៊ូ​លោក កែវ ឡង់ឌី បាន​និយាយថា ការគិត​បែប​វិជ្ជមាន​ជា​រឿង​សំខាន់បំផុត​ដែល​រុញច្រាន​លោក​ឱ្យមាន​ថ្ងៃនេះ។ លោក​បានចាប់ផ្តើម​ចូលធ្វើការ​នៅ​សាលា​អន្តរទ្វីប​អាមេរិកាំង​ក្នុង​ឆ្នាំ2005 ដែល​ពេលនោះ​លោក​មិនទាន់​បានបញ្ចប់​ការសិក្សា​ទាំងស្រុង​នៅ​សាកលវិទ្យាល័យ​នៅឡើយ​ទេ។ ពេលនោះ​អ្វីដែល​លោក​ធ្វើបាន​គឺ​ការ​ខំប្រឹងប្រែង​ឱ្យអស់​លទ្ធភាព មិន​ខ្លាច​ការនឿយហត់ និង​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ទទួលយក​រឿង​ថ្មី។ មាន​ថ្ងៃមួយ​គ្រូបង្រៀន​ទាំង​អស់គេ​បាន​សួរ​គ្នា​ថា ម្នាក់ៗទទួលបាន​ប្រាក់​ម៉ោង​ប៉ុន្មាន? មាន​អ្នកខ្លះ​ប្រាប់ថា គេ​ទទួលបាន​ប្រាក់​ម៉ោង 3ដុល្លារ អ្នកខ្លះ​ទទួលបាន​ប្រាក់​ម៉ោង 2.5ដុល្លារ ខណៈ​លោក​ខ្លួនឯង​បានទទួល​ត្រឹមតែ 2ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង។ ហើយ​ចម្លើយ​នៃ​សំណួរ​ទាំងអស់នោះ​អាចជា​រឿង​វាយប្រហារ​មួយ​មកលើ​រូបលោក តែ​លោក​នៅតែ​ញញឹម ហើយ​នៅតែ​គិត​វិជ្ជមាន​សម្រាប់​ខ្លួន​លោក​ជានិច្ច។

    លោក កែវ ឡង់ឌី បាន​និយាយថា ៖ “នៅពេលនោះ​ខ្ញុំ​គិត​ឡើងវិញ​ថា គ្រូ​ដែល​និយាយថា​បាន 3ដុល្លារ​នោះគេ​មាន​បទពិសោធ​បង្រៀន​ពីរ​បី​ឆ្នាំ​រួចហើយ ហើយ​គ្រូ​ដែល​បាន 2.5ដុល្លារ​នោះគេ​បានបញ្ចប់​ការសិក្សា​យូរ​គួរសម​ដែរ ហើយ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មិនទាន់​រៀន​ចប់​ស្រួលបួល​ផង បាន​ប៉ុណ្ណឹង​គឺជា​រឿង​ល្អ​ខ្លាំងណាស់ ខ្លាច​តែ​គេ​មិន​ព្រម​ទទួល​ឱ្យមក​បង្រៀន​ផង។

    ចាប់ពីពេលនោះ​មក លោក​ក៏បាន​ជំរុញ​ខ្លួនឯង​ឱ្យ​ខំប្រឹង​ប្រកបដោយ​ការគិត​បែប​វិជ្ជមាន​តាមរយៈ​ការខិតខំ​ធ្វើការ​ងារ​ទាំ​ង​ឡាយ​ណា​ដែល​ថ្មី និង​លំបាក​រហូត​ទទួលបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់។ លោក​បានចាប់ផ្តើម​ពី​គ្រូបង្រៀន​ធម្មតា មក​បន្ថែម​ការងារ​ជា​អ្នក​ប្រឹក្សា​សេវាកម្ម​អប់រំ​ជាមួយ​អាណាព្យាបាល រហូត​ក្លាយជា​អ្នកគ្រប់គ្រង​លើ​សាលារៀន​ទាំងអស់​ដែល​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​រីកចម្រើន។

    កត្តា​ទាំងអស់នេះ​គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង និង​រក្សា​នូវ​គំនិត​បែប​វិជ្ជមាន​ខ្ពស់បំផុត ក្នុង​ការគិត និង​រាល់ពេល​ជួប​ការលំបាក​ទាំងឡាយ​ក្នុង​ដំណើរ​ជីវិត។

    បច្ចុប្បន្ន លោក កែវ ឡង់ឌី បានចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន គឺ​ក្រុមហ៊ុន Baby Outlet និង​ក្រុមហ៊ុន ស្រមោច Trading Solution ដែលមាន​បុគ្គលិក​ដល់​ទៅ 140នាក់៕

  • តើ​អ្វី​ជា​ឧបសគ្គ​នៃ​ការនាំ ចេញ​ផលិតផល​កម្ពុជា?

    តើ​អ្វី​ជា​ឧបសគ្គ​នៃ​ការនាំ ចេញ​ផលិតផល​កម្ពុជា?

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ឧបសគ្គ​សំខាន់​នៃ​ការនាំ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ទៅកាន់​ទីផ្សារ បណ្តាលមកពី​មធ្យោបាយ​ដឹកជញ្ជូន​ថ្លៃ​ខ្ពស់​ពេក ដោយសារ​ការចំណាយ​លើ​ការលើកដាក់​ច្រើនដង​មុន​ទៅដល់​ប្រទេស​គោលដៅ។

     

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និង​នេសាទ បាន​លើកឡើងថា កម្ពុជា​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ដែល​រហ័ស ព្រមទាំង​មានតម្លៃ​សមរម្យ ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​អ្នក​នាំចេញ និង ប្រទេស​ដែល​ត្រូវការ​ទំនិញ។ ឯកឧត្តម រដ្ឋមន្ត្រី​បាន​អះអាង​ដែរ​ថា មូលហេតុ​សំខាន់បំផុត​មួយទៀត​ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស ដោយសារ​កម្ពុជា​គ្មាន​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​ឲ្យ​កប៉ាល់ធំៗចូល​ចត និង​ដឹកទំនិញ​ចេញ។ ដោយសារ​ឧបសគ្គ​ចំពោះមុខ​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ក៏បាន​ប្រាប់​ពី​មូលហេតុ​ចម្បង​នេះ​ទៅកាន់ នាយករដ្ឋមន្ត្រី ដើម្បី​រក​ដំណោះស្រាយ។

    ឯកឧត្តម វេ​ង សាខុន បញ្ជាក់ថា “យើង​ត្រូវ​រុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​ឲ្យ​បាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​បណ្តា​វិនិយោគិន​បាន​រាងចាល ដោយសារ​ការនាំចេញ

    ព្រោះ​គេ​ត្រូវ​ផ្ទេរ​នៅ​ប្រទេស​សិង្ហ​បុរី ព្រោះ​វា​ចាំបាច់​ណាស់​រឿង​កំពង់ផែ​ទឹក​ជ្រៅ​នេះ ដោយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន។ វិស័យ​ឯកជន​ធ្លាប់បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​នាំចេញ​ផលិត​ទៅកាន់​ទីផ្សារ​បរ​ទេស។

    ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​នំ​ស្រួយ​លី​លី​ដែល​បាន​នាំ​ផលិតផល​របស់ខ្លួន​ទៅកាន់​ប្រទេស​ជាង10 សម្រាប់​សាកល្បង​ទីផ្សារ ធ្លាប់បាន​បញ្ជាក់ថា ដោយសារ​ឧបសគ្គ​នៃ​ការដឹកជញ្ជូន​នេះ ខ្លួន​បាន​សុខចិត្ត​បោះបង់​ទីផ្សារ​ខ្លះ​នៅក្នុង​តំបន់ ដូចជា​ទីផ្សារ​ប្រទេស​មី​យ៉ាន់​ម៉ា ជាដើម។ ឧកញ៉ា កែវ មុំ បញ្ជាក់ថា៖ “ខ្ញុំ​សង្កេតឃើញថា​ការដឹកជញ្ជូន​នេះ​ស្មុគស្មាញ ដោយ​ខ្ញុំ​នាំ​ផលិតផល​នំ​ស្រួយ​លី​លី​ទៅកាន់​មី​យ៉ាន់​ម៉ា យើង​ត្រូវ​ផ្ទេរ​ទំនិញ​នៅ​សិង្ហ​បុរី ព្រោះតែ​យើង​គ្មាន​ការដឹកជញ្ជូន​ត្រង់​រវាង​ប្រទេស​ទាំងពីរ។ វា​មិន​ត្រឹមតែ​ចំណាយ​ខ្ពស់​ប៉ុណ្ណោះ​ទេ​សូម្បី​ពេលវេលា​នៃ​ការដឹកជញ្ជូន​ក៏​ប្រើពេល​យូរ​ដែរ​រហូតដល់1ខែ​អី​ឯណោះ រីឯ​ចិន​ដឹក​ទៅ​មី​យ៉ាន់​ម៉ា ប្រើពេល​តែមួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ដល់​ទៅហើយ។

    កម្ពុជា​ទំនងជា​ត្រូវ​រង់ចាំ​រហូតដល់4ឬ5ឆ្នាំ​ទៀត គឹ​រហូតដល់​ឆ្នាំ2022 ដើម្បី​មាន​កំពង់ផែ​ទឹក​ជ្រៅ​សម្រាប់​បញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន ដោយ​មិន​ពឹង​ផ្អែកលើ​ការផ្ទេរ​ទំនិញ​នៅ​ប្រទេសណាមួយ​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​មាន​កប៉ាល់​ដឹកជញ្ជូន​ខ្នាត​ធំ​ចូល​ចត​ផ្ទុកទំនិញ​បាន។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​កាលពី​ខែឧសភា ឆ្នាំ2016កន្លងមក​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹងមាន​កំពង់ផែ​ទឹក​ជ្រៅ នៅ​ឆ្នាំ 2022 ខាងមុខ ហើយ​គ្រោង​ចំណាយ​សរុប​ប្រមាណ 200លាន​ដុល្លារ​អាមេរិក ដោយ​រដ្ឋាភិបាល​ខ្ចីប្រាក់​ពី​អង្គការ JICA ជប៉ុន​ជាង170លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បដិភាគ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាង22លាន​ដុល្លារ​អាមេរិក។

    តាម​ការសិក្សា​ក្នុងពេល​កន្លងមក កំពង់ផែ​ដែល​គ្រោង​សាងសង់​នោះ មាន​ប្រវែង 250ម៉ែត្រ និង​មាន​ជម្រៅ​ទឹក 14.5ម៉ែត្រ ព្រម​ទាំ​បំពាក់​ដោយ​គ្រឿងចក្រទំនើបៗ ដើម្បី​បម្រើ​ដល់​សកម្មភាព​លើកដាក់​ទំនិញ​ប្រកបដោយ​ប្រសិទ្ធភាព និង ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការដឹកជញ្ជូន៕

  • ម៉ូដ​សក់​ត្រូវតែ​ស្រស់ស្អាត​ជា​គូ​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់

    ម៉ូដ​សក់​ត្រូវតែ​ស្រស់ស្អាត​ជា​គូ​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់

    បន្ទាប់ពី​បានជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​បាន​ហើយ ចូលមក​ដល់​ការតុបតែង​ម៉ូដ​សក់​វិញ​ម្តង គឺ​ម៉ូដ​សក់​ត្រូវតែ​ជ្រើសរើស​ឱ្យ​សី​ុ​គ្នា​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នក នោះអ្នកនឹង​ក្លាយជា​នារី​ដ៏​ទាន់សម័យ និង​ស្រស់​សោភា​បំផុត​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​ជាមិនខាន។

    កុំ​ភ្លេច​ណា៎ ជ្រើសរើស​ម៉ូដ​សក់​ឱ្យ​ត្រូវ​ជាមួយនឹង​ស្តាយ​របស់​អ្នក ហើយ​បង្ហាញ​ទៅដល់​មនុស្ស​ទាំងអស់​បាន​ឃើញ​ពី​ភាពស្រស់ស្អាត​របស់​អ្នក និង​ភាព​សី​ុ​វី​ល័យ​របស់អ្នក​ជាមួយនឹង​ម៉ូដ​សក់ និង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នក​សម្រាប់​រដូវរងា​នេះ​ដូចតទៅ៕

  • កញ្ញា ផៃ ច័ន្ទ​រ៉ានូ ជោគជ័យ​លើ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ

    កញ្ញា ផៃ ច័ន្ទ​រ៉ានូ ជោគជ័យ​លើ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ

    គ្រាន់តែ​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ក្នុង​ចង្កោម​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់ស្អាត​មួយរយៈ​តូច​តែប៉ុណ្ណោះ  ពេលនេះ កញ្ញា ផៃ ច័ន្ទ​រ៉ានូ បានបង្ហាញ​មុខ​យ៉ាង​រីករាយ​ជាមួយនឹង​ការទទួលបាន​ជំនាញ​ផ្នែក​រដ្ឋបាល​សាធារណៈ​ថ្នាក់អនុបណ្ឌិត​យ៉ាង​ពេញមុខ​នៅ​សាកលវិទ្យាល័យ CUS ខណៈដែល​បច្ចុប្បន្ន​ក៏​កំពុងតែ​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ក្របខណ្ឌ​មួយរូប​នៅក្នុង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ផងដែរ​នោះ។ យ៉ាងណាក៏ដោយ បើទោះបីជា​ពេលនេះ​កញ្ញា​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ក៏ដោយ ប៉ុន្តែ​ចំពោះ​ការងារ​ជា​អ្នកសិល្បៈ​នេះ​គឺ​នៅតែ​ព្យាយាម​ថែរក្សា​ដដែល រហូត​អស់​ពេល​ចូលប្រឡូក​ទើប​សម្រេចចិត្ត​សាជាថ្មី។

    ជាទូទៅ សម្រាប់​វត្តមាន​របស់​កញ្ញា ផៃ ច័ន្ទ​រ៉ានូ​មិនសូវ​បានបង្ហាញ​មុខមាត់​ជា​សាធារណៈ​ឱ្យ​ទូលាយ និង​ញឹកញាប់​ដូច​បណ្តា​អ្នកសិល្បៈ​ដទៃទៀត​នោះទេ ដ្បិតអី​កញ្ញា​មិនមាន​ចំណូលចិត្ត​ទៅលើ​ការសម្ដែង និង​ចម្រៀង​នោះទេ ម្យ៉ាង​ក៏​មិនមាន​ការពេញចិត្ត​ពី​សំណាក់​សមាជិកគ្រួសារ​ជាពិសេស​ឪពុកម្តាយ​តែម្ដង។ ប៉ុន្តែ​បើ​ចំពោះ​ការដើរ​បង្ហាញ​ម៉ូដ​វិញ រ៉ានូ ពិតជា​ឧស្សាហ៍​ឡើង​បង្ហាញ​សមត្ថភាព និង​រូប​សម្រស់​នៅលើ​ឆាកធំៗទាំង​កម្មវិធី​ថ្នាក់ជាតិ ក៏ដូចជា​អន្តរជាតិ ដែល​ចេញទៅ​បង្ហាញ​ម៉ូដ​ជា​ក្រុម ដើម្បី​ជាការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​នានា​តាមរយៈ​ការគាំទ្រ និង​ជំរុញ​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ ដូចជា ក្រសួងទេសចរណ៍ និង​ក្រសួងពាណិជ្ជកម្ម​ជាដើម។

    ស្រី​ស្រស់ ច័ន្ទ​រ៉ានូ បាន​បង្ហើប​ថា តាម​ការពិតទៅ​សមាជិក​ក្នុង​គ្រួសារ ក៏ដូចជា​សែស្រឡាយ​ក្នុង​វង្ស​ត្រកូល​ទាំងអស់​មិនមាន​អ្នកណាម្នាក់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ជា​អ្នកសិល្បៈ​នោះទេ ហើយ​សម្រាប់​សមាជិក​ក្នុងផ្ទះ​ក៏​មិនសូវមាន​អ្នកមាន​ចំណូលចិត្ត​ផ្នែក​ខាង​ហ្នឹង​ដែរ ពោលគឺ​មានតែ​កញ្ញា​ម្នាក់​ប៉ុណ្ណោះ ដែល​ស្នេហា​វិស័យនេះ។ កញ្ញា​បាន​បញ្ជាក់ថា “ដំបូង​ឡើង​នៅពេលដែល​អ្នកផ្ទះ​បាន​ឮថា​ខ្ញុំ​ចង់​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ គឺ​គ្មាន​អ្នកគាំទ្រ​នោះទេ ប៉ុន្តែក្រោយៗមក​ខ្ញុំ​ចេះតែ​ព្យាយាម​ជម្នះ​រហូត​ពួកគាត់​ទន់​ចិត្ត​ព្រម​តាម​សំណើរ​របស់ខ្ញុំ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​មិន​ព្រមឱ្យ​ខ្ញុំ​ចូលប្រឡូក​ឱ្យ​កប់​ជ្រៅ​ខ្លាំង​នោះដែរ ពោលគឺ​អនុញ្ញាត​ត្រឹមតែ​ជា​អ្នក​បង្ហាញ​ម៉ូដ​នៅ​ក្រុម Cambodia Super Model ដែលមាន​អ្នកនាង ឌួង ហ្សូ​រី​ដា ជា​ប្រធាន​ក្រុម។

    ជាការ​ពិតណាស់ រហូតមកដល់​ពេលនេះ កញ្ញា ផៃ ច័ន្ទ​រ៉ានូ ទើបតែ​មាន​អាយុ​ត្រឹម26ឆ្នាំ​តែប៉ុណ្ណោះ ហើយ​ក្រៅពី​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់ស្អាត និង​វ័យក្មេង​នោះ កញ្ញា​ក៏​ជា​មន្ត្រីរាជការ​មួយរូប​ផងដែរ ខណៈដែល​សមាជិក​ក្នុង​គ្រួសារ ដែល​រួមមាន​បងប្អូន3នាក់ រួមជាមួយ​ឪពុកម្តាយ សុទ្ធតែជា​អ្នកបម្រើ​ការងារ​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ទាំងអស់។ សម្រាប់​គោលបំណង​ទៅ​ថ្ងៃ​អនាគត ក្រៅពី​ចង់​បម្រើ​ការងារ​នៅក្នុងនាម​ជា​មន្ត្រីរាជការ​ដែលមាន​ស្នាដៃ ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ កញ្ញា​ក៏​ចង់​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​ដែលមាន​ទំហំ​មធ្យម​មួយ ដើម្បី​ជា​ចំណូល​បន្ទាប់បន្សំ​សម្រាប់​ផ្គត់ផ្គង់​កម្រិតជីវភាព​ឱ្យ​ល្អប្រសើរ​នៅក្នុង​សង្គម​ផងដែរ៕

  • Mario Maurer អះអាងលែងបើករថយន្ដប្រជែងនៅតាមផ្លូវទៀតហើយ

    Mario Maurer អះអាងលែងបើករថយន្ដប្រជែងនៅតាមផ្លូវទៀតហើយ

    តាមរយៈសារព័ត៌មាន Khaosod បានចេញផ្សាយនៅថ្ងៃទី 19 ខែមករា ឆ្នាំ2018 បានចេញផ្សាយថា ក្រោយពីតារាសម្ដែងឯកប្រុស Mario Maurer បានបើករថយន្ដប្រណីតរបស់ខ្លួនប្រជែងមុខរថយន្ដតាក់ស៊ីបណ្ដាលឱ្យមានជម្លោះជេរគ្នាទៅវិញទៅមក រហូតដល់អ្នកបើកតាក់ស៊ីក្ដៅស្លឹកត្រចៀកខ្លាំង ក៏ទាញចម្ពាមកៅស៊ូ មកបាញ់កញ្ចក់រថយន្ដរបស់តារាសម្ដែងប្រុសរូបនេះ បែកខ្ចាយហើយនោះ ព័ត៌មាននេះ បានវាយប្រហារប្រជាប្រិយភាពរបស់តារាសម្ដែងរូបនេះយ៉ាងខ្លាំងក្លា រហូតដល់លោកបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាសាធារណៈ និងអះអាងលែងបើករថយន្ដប្រជែងគ្នានៅតាមដងផ្លូវទៀតហើយ។

    នៅក្នុងកម្មវិធី The New King Power Rangnam តារាសម្ដែងេកប្រុសខាងលើ បានបកស្រាយរឿងកន្លងទៅនេះ ប្រាប់អ្នកសារព័ត៌មានថា « ខ្ញុំមិនចង់និយាយអ្វីច្រើនជាងនេះទេ បញ្ហានោះមានការទាស់ស្ដីច្រើនខ្លះដែរ តែខ្ញុំក៏ព្រមទទួលស្គាល់ថាខ្លួនជាអ្នកខុសផងដែរ ដែលបានបើកឡានប្រជែងមុខគាត់​ ទើបបានជាខ្ញុំសុំទោសបងប្រុសអ្នករត់តាក់ស៊ីហើយដែរ។ គាត់ក៏បានសុំទោសមកកាន់ខ្ញុំវិញ ហើយខ្ញុំជាអ្នកទទួលខុសត្រូវសងថ្លៃខូចខាត ដើម្បីឱ្យគ្រប់យ៉ាងចប់ទៅបានយ៉ាងងាយស្រួល»។

    យ៉ាងណាក៏ដោយ លោក Mario ក៏បានបន្ដប្រាប់បញ្ចាក់បន្ថែមថា « ខ្ញុំមិនបានគិតថា រឿងនេះបានក្លាយជារឿងធំយ៉ាងដូច្នោះឡើយ តាមការពិតទៅនៅថ្ងៃកើតហេតុ ខ្ញុំក៏មានអារម្មណ៍ខឹងខ្លាំងផងដែរ តែខ្ញុំបានរំងាប់អារម្មណ៍វិញ ហើយមិនចង់បំផ្លាញអ្វី ឬប្រើហឹង្សាដាក់បងប្រុសនោះឡើយ។ ហេតុផលដែលធ្វើខឹងបែបខណៈនោះគឺ ម្នាក់ៗខឹងរៀងខ្លួន និងចង់ឈ្នះចាញ់រៀងខ្លួន តែយ៉ាងណាមិញ ខ្ញុំក៏បានប្រាប់ប៉ូលិសឱ្យបញ្ចប់រឿងក្ដីមួយនោះ ព្រមទាំងបង់ឱ្យប៉ូលិសម្នាក់ 1000 បាត និងសងថ្លៃជំងឺចិត្ត ព្រមទាំងសំណងជួសជុលរថយន្ដផងដែរ»៕

  • តើ​ការ​រស់នៅក្នុង​បុរី និង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​មួយណា​ប្រសើរ​ជាង?

    តើ​ការ​រស់នៅក្នុង​បុរី និង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​មួយណា​ប្រសើរ​ជាង?

    បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ពិសេស​យុវជន​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ហាក់​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការស្វែងរក​លំនៅឋាន​ផ្ទាល់ខ្លួន ដើម្បី​រស់នៅ​សាង​សុភមង្គល​គ្រួសារ និង​មានជីវិត​ដែល​ឯករាជ្យ។ ក្នុង​នោះគេ​មើលឃើញថា មាន​អ្នកខ្លះ​មាន​ចំណាប់អារម្មណ៍​ទៅលើ​ការទិញ​ផ្ទះ​នៅក្នុង​គម្រោង​បុរី រីឯ​អ្នក​ខ្លះទៀត​បាន​សម្លឹង​ទៅលើ​ការរស់នៅ​ក្នុង​លំនៅឋាន​ខាងក្រៅ​ដោយឡែក​ជា​លក្ខណៈ​ឯកជន​ជាជាង​ទិញ​ផ្ទះ​ក្នុង​បុរី។

    ដូច្នេះ​មាន​សំណួរ​មួយ​សួរថា តើ​ការទិញ​ផ្ទះ​នៅក្នុង​បុរី និង​ទិញ​ផ្ទះ​នៅ​ខាងក្រៅ​ខុសគ្នា​បែបណា?

    ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បាន​លើកឡើងថា រវាង​ការរស់នៅ​ក្នុង​បុរី និង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​ក្រៅ​បុរី គឺ​មានគុណ​សម្បត្ដិ និង​គុណ​វិបត្ដិ​ដូចគ្នា។ គុណ​សម្បត្ដិ​នៃ​ការរស់នៅ​ក្នុង​បុរី គឺ​អ្នក​រស់នៅក្នុង​បុរី​អាច​ទទួលបាន​សេវាកម្ម​ច្រើន មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ រស់​នៅមាន​ផាសុកភាព​តាមរយៈ​ការបង្កើត​តំបន់​បៃតង ផ្ទះ​មានការ​រចនា​ម៉ូដ​ស្រស់ស្អាត​ទាន់សម័យ ពិសេស​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ទោះជា​ការរស់នៅ​ក្នុង​បុរី ម្ចាស់ផ្ទះ​ត្រូវមាន​ភារកិច្ច​បង់ប្រាក់​លើ​សេវា​ច្រើនក្ដី។ លោក​ឧកញ៉ា​បញ្ជាក់ថា៖“តែ ការរស់នៅ​ក្នុង​បុរី​យើង​មិន​អាចធ្វើ​អ្វី​ទៅតាម​ចិ​ត្ដ​បានទេ ឧទាហរណ៍ ដូចជា​រាល់​ការជួសជុល ឬ​សាងសង់​បន្ថែម​មិនអាច​ធ្វើ​បានទេ។ បើ​ប្លង់គោល​របស់គេ​មាន​ពីរ​ជាន់​យើង​អាចធ្វើ​បានតែ​ពីរ​ជាន់​ប៉ុណ្ណោះ មិនអាច​ធ្វើ​បន្ថែម​ឡើង​រហូតដល់​បី ឬ​បួន​ជាន់​ដូច​យើង​រស់នៅ​ឯកជន​ដោយឡែក​នោះទេ ព្រោះ​ការរស់នៅ​ក្នុង​បុរី ជាការ​រស់នៅក្នុង​លក្ខខណ្ឌ​មួយ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​បុរី ទាំង​សន្ដិសុខ សុវត្ថិភាព និង​សោភ័ណភាព​ដូច្នេះ​យើង​មិនអាច​ធ្វើ​អ្វី​ខុសពី​កិច្ចសន្យា​បានទេ។

    អគ្គនាយក​ក្រុមហ៊ុន KFA បន្ថែមថា ការរស់នៅ​ខាងក្រៅ​បុរី ឬ​លក្ខណៈ​ឯកជន​ដោយឡែក គឺ​យើង​រស់នៅ​ដោយមាន​សេរីភាព​យើង​អាចធ្វើអ្វីៗបាន​ច្រើន ដូចជា​ការសាងសង់​ប​ន្ថែ​ម​បាន ឱ្យតែ​ច្បាប់រដ្ឋបាល​អនុញ្ញាត តែ​ការរស់នៅ​ឯកជន​ដោយឡែក​មាន​បញ្ហា​ចោទ​ទៅលើ​រឿង​សន្ដិសុខ ព្រោះ​ការរស់នៅ​ឯកជន​ដោយឡែក​ត្រូវ​ពឹងផ្អែក​តែ​លើ​សន្ដិសុខ​រដ្ឋបាល​តែប៉ុណ្ណោះ រីឯ​ការរស់នៅ​ក្នុង​បុរី​គឺមាន​សន្ដិសុខ​ក្នុង​បុរី​ការពារ​មួយ​ជាន់​ហើយ និង​មាន​សន្ដិសុខ​រដ្ឋបាល​ភូមិ-ឃុំ​បន្ថែម​មួយ​ជាន់​ទៀត។

    ដូច្នេះ​អ្នករស់នៅ​ឯកជន​ដោយឡែក​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ជាង​ការរស់នៅ​ក្នុង​បុរី ផ្ទុយទៅវិញ​អ្នករស់នៅ​ក្នុង​បុរី​ចង់​ដើរហើរ​ទៅណា​មក​ណា​ក៏​ពុំ​សូវ​ជាមាន​ការបារម្ភ​ខ្លាំង​ដែរ។

    ជាមួយគ្នានេះដែរ​លោក​ឧក​ញ៉ា នួន រិទ្ធី បាន​បង្ហើប​ថា សូម​កុំឱ្យ​មហាជន​មានការ​យល់ច្រឡំ​ថា ការរស់នៅ​ក្នុង​បុរី ឬ​លក្ខណៈ​ឯកជន​ដោយឡែក វា​នឹង​ផ្ដល់​ប្រយោជន៍​ខុសគ្នា​នៅពេល​ចង់​លក់​អចលនទ្រព្យ​នោះ​ឱ្យសោះ ព្រោះ​ការទិញ-លក់ដូរ​អចលនទ្រព្យ ដើម្បី​ទទួលបាន​ផលចំណេញ វា​មិន​អាស្រ័យ​លើ​អចលនទ្រព្យ​នោះ​ស្ថិតនៅក្នុង​បុរី ឬ​ក្រៅ​បុរី​នោះទេ វា​អាស្រ័យ​លើ​លំនៅឋាន​នោះ​ស្ថិតក្នុង​តំបន់​ណា និង​ពេលវេលា​នៃ​ការលក់។ លោក​ឧកញ៉ា​បាន​ប្រាប់ទៀតថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា គឺ​នៅតែមាន​ការពេញនិយម​រស់នៅ​ជា​លក្ខណៈ​ឯកជន​ដោយឡែក​ជាង​ការរស់នៅ​ក្នុង​បុរី​នៅឡើយ។

    បុរី​ជាទី​ប្រជុំជន​បែប​ថ្មី​ដែលមាន​ការប្រមូលផ្ដុំ​ការរស់នៅ​របស់​មនុស្ស​ដែល​សំដៅ​ទៅលើ​បណ្ដុំ​ផ្ទះល្វែង ឬ​វីឡា ដែលមាន​ផ្សារ​ដើម្បី​បំពេញ​នូវ​តម្រូវការ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​អ្នករស់នៅ​ក្នុង​តំបន់​នោះ​អាច​ប្រើប្រាស់ និង​អាស្រ័យ​ផល​បាន បច្ចុប្បន្ន​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បានគិត​គូរ​ពី​តំបន់​បៃតង​ដើម្បី​ផ្ដល់នូវ​ការរស់នៅ​បែប​សុខដុមរមនា​ដល់​អតិ​ថិ​ជន។

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន មេគង្គ Century 21 បាន​លើកឡើងថា តាម​ការសិក្សា មូល​ហេតុដែល​ធ្វើឱ្យ​អតិថិជន ឬ​ពលរដ្ឋ​កម្ពុ​ជាមាន​ទំនោរ​ចង់ទៅ​រស់នៅក្នុង​បុរី ដោយសារ​ផ្ទះ​នៅក្នុង​បុរី​មាន​ចំណុច​វិជ្ជមាន​ច្រើន​សម្រាប់​ជា​បច្ច័យ​ដល់​អ្នកប្រើប្រាស់​ពិចារណា​ថា គួរ​ទិញ ឬ​មិនគួរ​ទិញ។ លោក​បញ្ជាក់ទៀតថា៖ “អ្នក​និយម​ទិញ​ផ្ទះ​ក្នុង​បុរី ពួកគាត់​គិតថា ការប្រើប្រាស់​បុរី​មាន​លក្ខណៈ​ល្អ ងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់។ ម្យ៉ាងវិញទៀត បណ្ដុំ​នៃ​អ្នកទិញ​អចលនទ្រព្យ​នៅក្នុង​បុរី​មាន​ជីវភាព​ប្រហាក់ប្រហែលគ្នា​ដែល​បង្ក​ភាពងាយស្រួល​ក្នុងការ​រស់នៅ។ ពិសេស​បុរី​ត្រូវបាន​វិនិយោគ​ជារួម​ទៅលើ ហេដ្ឋារចនាសម្ព័ន្ធ មាន​សួនច្បារ​សាធារណៈ សួន​លម្ហែកាយ និង​មាន​ផ្លូវ​ដើរ​សម្រាប់​ធ្វើការ​ហាត់ប្រាណ​សម្រាប់​អ្នករស់នៅ​ទីនោះ​ទៀតផង។ គុណ​តម្លៃ​ទាំងនេះ អាច​ទាញយក​ចំណាប់អារម្មណ៍​របស់​អតិថិជន​បាន​ខ្លាំង ពិសេស​ដោយសារតែ​វា​មានតម្លៃ​សមល្មម​ដែល​ពួកគាត់​គិតថា អាចមាន​សមត្ថភាព​ទិញ ឬ​បង់​រំលស់​បាន។

    លោក​រ័ត្ន វាសនា បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ដែល​កំពុងតែ​រស់នៅក្នុង​បុរី​មួយកន្លែង​នៅ​ម្ដុំ​ចំការ​ដូង​បាន​លើកឡើងថា បើទោះជា​ការរស់នៅ​ក្នុង​បុរី​មានគុណ​សម្បត្ដិ និង​គុណ​វិបត្ដិ​ដូចគ្នា​ក៏ដោយ តែ​យ៉ាងណា​ការរស់នៅ​ក្នុង​បុរី​មានគុណ​សម្បត្ដិ​ច្រើនជាង។ លោក​បាន​បន្ដថា សម្រាប់​អ្នកធ្វើការងារ ឬ​បុគ្គលិក​ការងារ​រដ្ឋ​ដែល​ធ្វើ​ការងារ ច្រើន​ចូល​ចិ​ត្ដ​រស់នៅ​កន្លែង​ដែលមាន​ភាពស្ងប់ស្ងាត់ និង​ការរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ការរស់នៅ​ក្នុង​បុរី​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ពួកគាត់។ បុគ្គលិក​ក្រុមហ៊ុន​រូបនេះ​បញ្ជាក់ថា៖ “ទោះបីជា​ការរស់នៅ​ក្នុង​បុរី​តម្រូវឱ្យមាន​ការបង់​សេវា​ច្រើន ឬ​ពេលធ្វើ​កម្មវិធី​នៅផ្ទះម្ដងៗតម្រូវឱ្យមាន​ការអនុញ្ញាត​ពី​ការិយាល័យ​គ្រប់គ្រង​បុរី និង​អាជ្ញាធរ ដែល​បង្កលក្ខណៈ​សាំញ៉ាំ​ជាង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​ដោយឡែក​ក៏ដោយ ក៏ប៉ុន្ដែ​ការរស់នៅ​ក្នុង​បុរី​មាន​លក្ខណៈ​ល្អ ត្រង់​នៅ​ទីនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ មាន​កន្លែង​លម្ហែ​សម្រាប់​ហាត់ប្រាណ មាន​សុវត្ថិ​ភាពល្អ ពិសេស​អ្នករស់នៅ​ជិតខាង​មានការ​យល់ដឹង និង​មិនសូវមាន​ភាព​រញ៉េរញ៉ៃ ខ្ញុំ​រស់នៅ​ទីនោះ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ខ្ញុំ​មាន​អារម្មណ៍​ថា វា​មាន​ភាពងាយស្រួល​ជាង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​ដោយឡែក​ឆ្ងាយ​ណាស់ ឧទាហរណ៍​ដូចជា​នៅពេល​យើង​ចង់​ដើរ​កម្សាន្ដ​ទៅឆ្ងាយៗ គឺ​យើង​ពុំ​ចាំបាច់​បារម្ភ​ពី​ផ្ទះ​យើង​ឡើយ។

    លោក រ័ត្ន វាសនា បន្ថែមថា កន្លងមក​មាន​មនុស្ស​ជាច្រើន​បានលើកឡើង​ថា ការរស់នៅ​ក្នុង​បុរី​ពិបាក​បង្កើត​អាជីវកម្ម ប៉ុន្ដែ​សម្រាប់​លោក​គិតថា សម្រាប់​អ្នក​ចង់​រកស៊ី​នៅតែ​អាចបង្កើត​អាជីវ​កម្មបាន គ្រាន់តែ​អ្នករស់នៅ​ក្នុង​បុរី​ត្រូវ​ចេះ​រៀបចំ​ឱ្យមាន​សណ្ដាប់ធ្នាប់ ឬក៏​អាចបង្កើត​អាជីវកម្ម​នៃ​ការលក់​សេវាកម្ម​ក៏បាន ហើយ​អាច​លក់​សម្រាប់​អ្នក​នៅក្នុង​បុរី ឬ​អ្នក​មកពី​ខាងក្រៅ​ក៏បាន​ដូចគ្នា។

    ដោយឡែក​លោក រ៉េត សារុន ដែលមាន​លំនៅឋាន​នៅ​ជិត​ផ្សារ​ទួល​សង្កែ បាន​លើកឡើងថា លោក​យល់ថា ការរស់នៅ​ក្នុង​បុរី​ពិត​ជាមាន​ភាពស្ងប់ស្ងាត់​ល្អ​មែន ប៉ុន្ដែ​សម្រាប់​អាជីវករ​លក់ដូរ​ដូច​រូបលោក​ដែល​ទទួលបាន​កម្រៃ​ជាប្រចាំ ពិតជា​គិតថា ការរស់នៅ​ក្នុង​ទីប្រជុំជន​ខាងក្រៅ ពិសេស​តំបន់​ផ្សារ​មាន​សារៈសំខាន់​ក្នុង​ជីវិត​របស់គាត់ ព្រោះ​សេដ្ឋកិច្ច​គ្រួសារ​ទាំងមូល​របស់លោក​ត្រូវ​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់ដូរ​នេះ។

    លោក​បញ្ជាក់ថា៖“ខ្ញុំ​រស់នៅក្នុង​ជីវភាព​អ៊ូអរ​យូរ​មកហើយ តាំងពីក្មេង​រហូត​មានកូន​ចៅធំៗអស់ហើយ អាច​និយាយបានថា ជា​ទម្លាប់​ក្នុង​ជីវិត​ទៅហើយ។ ដូច្នេះ​ទោះបីជា​ខ្ញុំ​មាន​លុយ​ច្រើន​អាច​ទិញ​ផ្ទះ​ក្នុង​បុរី​បាន ក៏​ខ្ញុំ​អត់​ទិញ​ដែរ ព្រោះ​ខ្ញុំ​អត់​ចេះ​រស់នៅក្នុង​ភាព​ស្ងប់​សា្ង​ត់​ទេ”៕

  • សិស្ស​ថ្នាក់​ទី12ចាប់ផ្តើម​មានឱកាស​សិ​ក្សា​ផ្នែក​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន

    សិស្ស​ថ្នាក់​ទី12ចាប់ផ្តើម​មានឱកាស​សិ​ក្សា​ផ្នែក​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន

    មុខវិជ្ជា​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន (MIL) ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយនឹង​អង្គការ DW Akademie សហការគ្នា​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​សម្រាប់​សិស្ស​ថ្នាក់​ទី12 ដើម្បី​ផ្តល់​ជា​បំ​ណិ​ន​ជីវិត​ដល់​ពួកគេ​ឱ្យបាន​យល់ដឹង​អំពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម។ មុខវិជ្ជា​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​ម៉ោង​សិក្សា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​សារ​ទូរគមនាគមន៍ (ICT) ដែល​ក្រសួង​បានដាក់​ចេញរួច​មកហើយ។

    យោងតាម​ការបង្ហាញ​នៅលើ​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ឃើញថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ភាគច្រើន​នៃ​ប្រជាជន​វ័យក្មេង​ទាំងនេះ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​អី​ុ​ន​ធើ​ណិ​ត។ ការទំនាក់ទំនង គ្នា​តាមរយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កំពុងមាន​ការពេញនិយម ខណៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Facebook បាន​ក្លាយជា​ជម្រើស​យ៉ាងសំខាន់​សម្រាប់​ពួកគេ។ ស្របតាម​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុងការ​ទំនាក់ទំនង​នៅ​កម្ពុជា​យើង​ឃើញថា មាន

    បញ្ហា​ជាច្រើន​ដែល​ត្រូវការ​ស្វែងយល់​អំពី​ភាពស្មុគស្មាញ និង​ផលប៉ះពាល់​របស់​វា​មកលើ​យុវជន​កម្ពុជា។ កម្មវិធី​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន (MIL) ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​កម្ពុជា​អាច​សិក្សា​ពី​របៀប​ប្រើប្រាស់​មេ​ឌៀ​គ្រប់​ទម្រង់​ដូចជា វិទ្យុ ទូរទស្សន៍ ឯកសារ​បោះពុម្ព ប្រព័ន្ធ​អី​ុ​ន​ធើ​ណិ​ត និង​បច្ចេកវិទ្យា​ឌីជីថលថ្មីៗជាច្រើន​ទៀត។

    យោងតាម​ឯកសារ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​អង្គការ DW Akedemie បានឱ្យដឹងថា តាមរយៈ​ការសហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ DW Akedemie បាន​បង្កើត និង​អភិវឌ្ឍ​សៀវភៅពុម្ព​សម្រាប់​វិស័យ​បច្ចេកវិទ្យា និង​ទំនាក់ទំនង​ព័ត៌មាន (ICT) សម្រាប់​សិស្ស​ថ្នាក់​ទី12 ដែល​ក្នុងនោះ​មាន​សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​នេះ​ចំនួន 94,500នាក់​នៅ​កម្ពុជា។

    ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​សុខ ថា បាន​លើកឡើងថា “ចាប់តាំងពី​សារ​នៃ​មេ​ឌៀ និង​បច្ចេកវិទ្យា​ថ្មី​នៃ​ការទំនាក់ទំនង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការរស់នៅ​របស់​យុវជន​កម្ពុជា វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ពួកគេ​ក្នុងការ​ជម្នះ​នូវ​ឧបសគ្គ និង​ចាប់យក​ឱកាស​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ពួកគេ។

    លោក សុខ ថា បានលើកឡើង​ផងដែរ​ថា សិស្ស​ត្រូវការ​ការយល់​ដឹង​ពី​ផលប៉ះពាល់​នៃ​អី​ុ​ន​ធើ​ណិ​ត​និង​វិធីសាស្ត្រ​ដើម្បី​ការពារ​ខ្លួន​ចេញពី​ឧក្រិដ្ឋកម្ម​អន​ឡាញ។ លោក​ទទួលស្គាល់​ផងដែរ​ថា សារៈសំខាន់​នៃ​បច្ចេកវិទ្យា​អី​ុ​ន​ធើ​ណិ​ត និង​គេហទំព័រ​ដែល​ផ្តល់​ការអប់រំ​សម្រាប់​សិក្សា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​កត្តា​ទាំងអស់នេះ​នឹង​ក្លាយជា​ចំណុចខ្លាំង​របស់​សង្គម​ខណៈ​សិស្ស​អាច​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (ICT) និង​មេ​ឌៀ (MIL) ដើម្បី​ប្រើ​វា​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម។

    យោងតាម​ទិន្នន័យ​ចុងក្រោយ​បំផុត​របស់​ស្ថាប័ន​ទូរគមនាគមន៍​របស់​រដ្ឋ​បានបង្ហាញ​ឱ្យឃើញថា ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​កម្ពុជា​ប្រមាណ 15.9លាន​នាក់​ទទួលបាន​សេវា​អី​ុ​ន​ធើ​ណិ​ត​ប្រើប្រាស់ ខណៈពេលដែល​អ្នកប្រើប្រាស់ Facebook មាន​ចំនួន​ប្រមាណ 3.4លាន​នាក់ (កើនឡើង 1.1លាន​នាក់​កាលពី2ឆ្នាំមុន)។

    លោកស្រី Ute Schaeffer ប្រធាន​ផ្នែក​អភិវឌ្ឍន៍​មេ​ឌៀ​នៃ​អង្គការ DW Akademie បាន​លើកឡើងថា ដើម្បី​ដឹង​ពី​ប្រភពព័ត៌មាន​យ៉ាង​សម្បូរបែប​នៅលើ​ពិភពលោក ប្រជាជន​ទាំងអស់​ចាំបាច់​ត្រូវតែមាន​ជំនាញ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត ប្រជាជន​ក៏ត្រូវ​តែ​ដឹង​ពី​វិធី​និង​កន្លែង​ដែល​អាច​ស្វែងរក​ប្រភពព័ត៌មាន​ដែល​ច្បាស់ការ និង​វិធីសាស្ត្រ​ក្នុងការ​ទំនាក់ទំនង​ដោយ​សុវត្ថិភាព និង​ដោយ​សេរី​ផងដែរ។ លោកស្រី Ute Shaeffer បាន​និយាយថា៖ “ពួកគេ​ត្រូវតែ​ជា​អក្ខរជន​ផ្នែក​មេ​ឌៀ”៕