Category: សង្គម និងសេដ្ឋកិច្ច

  • បញ្ហាសំខាន់​ដែល​បុរស​ចង់បាន​ចម្លើយ និង​មូល​ហេតុដែល​ទម្ងន់​មិន​ព្រម​ស្រក ទោះ​ព្យាយាម​ហាត់ប្រាណ​ក៏ដោយ

    បញ្ហាសំខាន់​ដែល​បុរស​ចង់បាន​ចម្លើយ និង​មូល​ហេតុដែល​ទម្ងន់​មិន​ព្រម​ស្រក ទោះ​ព្យាយាម​ហាត់ប្រាណ​ក៏ដោយ

    បញ្ហា​គឺអាច​ស្ថិតនៅលើ​ខ្លួន​យើង​ក៏មានដែរ សូម​កុំទៅ​សម្លឹង​អ្វីដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ខ្លួន​យើង​ឡើយ។ បញ្ហា​សុខភាព និង​ការហាត់​ប្រាណ​ទាំងអស់នេះ​គឺជា​បញ្ហាសំខាន់​ណាស់ ដែល​បុរស​ចង់បាន​ចម្លើយ​ថា តើ​មូល​ហេតុអ្វី​គីឡូ​មិន​ព្រម​ស្រក​ទាល់តែសោះ ទាំង​ដែល​ខ្លួន​កំពុងតែ​ព្យាយាម​ហាត់ប្រាណ​យ៉ាង​នឿយហត់​ក៏ដោយ។ សម្រាប់​បុរស​ទាំងឡាយ​ដែល​កំពុងតែ​ហាត់ប្រាណ​លើក​សាច់ដុំ​និង​ព្យាយាម​ចង់បាន​សាច់ដុំកង់ៗ តើ​លោកអ្នក​មានបាន​កត់សម្គាល់​ចំណុច​ប្លែក​នៃ​រាងកាយ​របស់ខ្លួន​ដែល​អាច​នឹង​ធ្លាប់​ជួប​បញ្ហា​ទាំងនេះ​ខ្លះ​ដែរឬទេ? យ៉ាងណាមិញ​បញ្ហា​មិនមាន​ច្រើនពេក​នោះទេ។

    បញ្ហា​នៃ​ការហាត់​ប្រាណ​ដែល​បាន​អនុវត្ត​ជាប្រចាំ ជួនកាល​ខ្លួន​អ្នក​ចង់​ព្យាយាម​ឱ្យ​ទម្ងន់​ស្រក​បានភ្លាមៗតាម​ក្ដី​ស្រមៃ​ពេក​ក៏​ជា​បញ្ហា​ដែល​ងាយ​នាំឱ្យ​ទម្ងន់​មិន​ស្រក​ដូចគ្នា​ផងដែរ។ ថ្ងៃនេះទស្សនា​វ​ដ្តី ឡា​រ៉ែ​ន មាន​ចម្លើយ​អំពី​បញ្ហា​មួយ​នេះ​ដែល​បាន​នាំយកមក​ប្រាប់​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប។ ហេតុផល​ដែល​ធ្វើឱ្យ​ទម្ងន់​មិន​ស្រក​នោះ ពោលគឺ​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​អ្នក​ឡើយ។ គ្រប់យ៉ាង​រមែង​អាច​កើតចេញ​ខ្លួន​អ្នក​ក៏​ថា​បាន នៅពេលដែល​បាន​មើលរំលង​ពី​ចំណុចតូចៗរបស់​វា។ តើ​សុភាពបុរស​ទាំងឡាយ​ធ្លាប់បាន​សង្កេត​ពី​មូល​ហេតុដែល​បង្កដោយ​ខ្លួនឯង​ដែរឬទេ?

    ដូច្នេះ​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​អាច​ប្រាប់​អ្នក​បាន​អំពី​មូលហេតុ​នៃ​ការ​សម្គាល់​ពី​ខ្លួនឯង​តាមបែបងាយ៖

    1/ ក្រោយពី​ការហាត់​ប្រា​ណហើយ ទៅ​ទទួលទាន​អាហារ​ឆ្ងាញ់ច្រើនៗ

    នេះហើយ!!… គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ស៊ើបអង្កេត​ស្វែងរក​ចម្លើយ​ជា​បន្ដទៀត​ទេ។ បញ្ហា​ដែល​ធ្វើឱ្យ​ទម្ងន់​អ្នក​មិន​ព្រម​ស្រក​ទាល់តែសោះ​នោះ​គឺ​ខណៈដែល​អ្នក​ទៅ​ទទួលទាន​អាហារឆ្ងាញ់ៗ ដើម្បី​បំពេញ​កម្លាំង​បន្ថែម​ឡើងវិញ​ក្នុងការ​បំបាត់​ភាព​នឿយហត់​ក្រោយ​ហាត់ប្រាណ​នេះឯង។ ក៏​ព្រោះថា​ការដែល​ទទួលទាន​អាហារឆ្ងាញ់ៗដែលមាន​ប្រូ​តេ​អី​ុ​ន និង​កាឡូរី​ច្រើន​គឺច្បាស់​ទទួលបាន​រង្វាន់​ធំ​ពី​ការឡើង​គីឡូ​យ៉ាង​លឿន​ជាក់​ជាមិនខាន​ឡើយ។ យើង​សូមបញ្ជាក់​ដោយ​ត្រង់​ទៅ​ចុះ​ថា អាហារ​ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​បំបាត់​ភាព​នឿយហត់​ក្រោយពី​ហាត់ប្រាណ​រួច ព្រមទាំង​មិន​ធ្វើឱ្យ​ឡើង​ទម្ងន់​នោះ​គឺ ទឹកដោះគោ យ៉ា​អួរ ផ្លែឈើ​ស្រស់ ជាពិសេស​គឺ​ផ្លែ​ប៉ោម​ខៀវ។

    2/ បញ្ហា​នៃ​អារម្មណ៍​តប់ប្រមល់​ខ្លាំងពេក

    ភាព​តានតឹង និង​អារម្មណ៍​តប់ប្រមល់ វា​មិន​ត្រឹមតែ​ជា​បញ្ហា​ដែល​បាន​ហុច​ផល​ដល់​សុខភាព និង​សុខភាព​ផ្លូវចិត្ត​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​វា​ក៏​នៅ​ហុច​ផល​អាក្រក់​ដល់​រាងកាយរបស់​អ្នក​ថែម​ទៀតផង។ ព្រោះថា​នៅពេលណា​ដែល​រាងកាយ​របស់​អ្នក​ស្ថិតក្នុង​សភាព​អួល​អាប់​មាន​អារម្មណ៍​តានតឹង​តប់ប្រមល់​ខ្លាំងពេក​នោះ​រាងកាយ​របស់​អ្នកនឹង​បញ្ចេញ​អ័រម៉ូន Cortisolចេញមក​ច្រើនពេក ទើបបានជា​អ័រម៉ូន​នោះ​ទៅ​ជំរុញ​ភាព​ស្រែក​ឃ្លាន​អាហារ​ដល់​រាងកាយ​អ្នក​កាន់តែខ្លាំង​ឡើង។ ដូច្នេះហើយ​ទើប​អ្នក​ត្រូវ​បង្ខំ​ទទួលទាន​អាហារ​ជាច្រើន​ក្រោយពេល​ធ្វើការ​ហាត់ប្រាណ​រួច។

    3/ ការ​សម្រាក​មិន​គ្រប់គ្រាន់

    ការ​គេង​តិចតួច គេង​យប់​ជ្រៅ និង​ការ​សម្រាក​មិន​គ្រប់គ្រាន់​ជាដើម​នោះ គឺ​បណ្ដាលឱ្យ​បាក់កម្លាំង និង​រាងកាយ​មាន​សភាព​ល្វើយ​នឿយហត់ ជាមួយ​អារម្មណ៍​តានតឹង​មកពី​គេង​មិន​លក់​នេះ។ ចំពោះ​ការ​គេង​យប់​ជ្រៅ​អាចធ្វើឱ្យ​រាងកាយ​របស់​អ្នក​ដុត​កម្តៅ​បាន​យឺត​បំផុត ហើយ​ប្រព័ន្ធ​ដុត​កម្ដៅ Metabolism មិន​អាចធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​គ្រប់គ្រាន់​ឡើយ​ទើប​បណ្ដាលឱ្យ​កើត​អាការ​ឈឺក្បាល​ដោយសារ​ចុះ​ជាតិ​ស្ករ៕

  • អ៊ុន អា​លីហ្សា នៅ​មិនទាន់​ច្បាស់​ពី​គម្រោង​រៀបការ

    អ៊ុន អា​លីហ្សា នៅ​មិនទាន់​ច្បាស់​ពី​គម្រោង​រៀបការ

    កញ្ញា អ៊ុន អា​លីហ្សា ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​មួយ​ដួង​ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​គួរសម ជាពិសេស​នៅក្នុង​អំឡុង​ឆ្នាំ2010 ដែល​ស្ទើរតែ​គ្រប់​កម្មវិធី​បង្ហាញ​ម៉ូដសម្លៀកបំពាក់ ឬ​កម្មវិធី​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​នានា​គឺ​តែងមាន​វត្តមាន​របស់​នាង​ជានិច្ច។ បន្ថែម​ពីនេះ អា​លីហ្សា ក៏​ធ្លាប់បាន​ធ្វើជា​អ្នកតំណាង​កម្ពុជា​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់​នៅលើ​វេទិការ​បង្ហាញ​ម៉ូដ​អន្តរជាតិ​ផងដែរ។

    ដោយឡែក និយាយ​ពី​រឿងរ៉ាវ​នៃ​ជីវិត​ឯកជន​វិញ អ៊ុន អា​លីហ្សា ក៏​ស្ថិតនៅក្នុង​ការតាមដាន​ពី​សំណាក់​មហាជន​មិន​ចាញ់​តារា​ស្រីល្បីៗឯទៀត​នេះដែរ ពិសេស​គឺ​ជីវិត​ស្នេហា​ក្រៅ​ឆាក​របស់​នាងតែម្ដង ខណៈដែល​គេ​ដឹងថា​បុរស​ជា​គូ​កំណាន់ចិត្ត​របស់​នាង​គឺជា​អ្នកជំនួញ​ធំ​ម្នាក់ និង​មានឈ្មោះ​គួរសម​នៅក្នុង​សង្គម​ផងដែរ។ បើទោះជា​យ៉ាងណាក៏ដោយ អ៊ុន អា​លីហ្សា នៅតែ​បង្ហាញ​ពី​ការព្យាយាម​លាក់បាំង​មុខមាត់ និង​អត្តសញ្ញាណ​គូស្នេហ៍​ដដែល ជាក់ស្ដែង សូម្បីតែ​នៅក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​របស់ខ្លួន ក៏​នាង​មិន​អនុញ្ញាតឱ្យ​បណ្ដា​មិត្ត​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​បានឃើញ​មុខ​បុរស​ម្នាក់​នោះ​ច្បាស់​នោះដែរ ពោលគឺ​នាង​បាន​យក​ស្ទីក​គ័​រ​បិតមុខ​ប្រុស​ស្នេហ៍​តែម្ដង។

    ជាមួយនឹង​ដំណើររឿង​ខាងលើនេះ មាន​សំណួរ​ជាច្រើន​បានកើត​ឡើង ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ចម្ងល់​ដែល​បាន​សួរ​តាមរយៈ​បណ្តាញ Facebook នៅលើ​គណនី​របស់​នាង​ថា តើ​ហេតុអ្វីចាំបាច់​បិតបាំង​មុខ​ប្រុស​ស្នេហ៍​ដូច្នេះ? តើ​នាង​ខ្លាច​អ្វី​ឱ្យ​ប្រាកដ? ខ្លាច​ប៉ះពាល់​កិត្តិយស​របស់​ប្រុស​ស្នេហ៍ ឬ​ខ្លាច​ប្រពន្ធដើម​ប្រុស​ស្នេហ៍​ដឹង? ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ត្រូវបាន​តារា​រូបនេះ​បង្ហើប​ប្រាប់ថា មូលហេតុ​ុ​ដែល​នាង​ព្យាយាម​បិទបាំង និង​មិន​បង្ហាញ​ពី​អត្តសញ្ញាណ​ប្រុស​ស្នេហ៍ ក៏​ព្រោះតែ​នាង​នៅ​មិនទាន់​ច្បាស់​ពី​គម្រោង​អនាគត​ជាមួយ​បុរស​ម្នាក់នេះ​នៅឡើយ។

    អា​លីហ្សា បាន​ប្រាប់​អ្នកព័ត៌មាន​កាលពីពេល​កន្លងទៅ​យ៉ាង​ដូច្នេះ​ថា “មិនមាន​អី​ជា​អាថ៌កំបាំង​អី​នោះទេ ហើយក៏​មិន​បារម្ភ​ខ្លាច​អ្នកណា​នោះដែរ គ្រាន់តែ​ពេលនេះ​ទំនាក់ទំនង​របស់​ពួកយើង​នៅ​មិនទាន់មាន​ការកំណត់​ច្បាស់លាស់100% អំពី​ពេលវេលា​រៀបការ​នៅឡើយ។ ម្យ៉ាងទៀត​ខ្ញុំ​គិតថា ចាំ​ដល់​ថ្ងៃ​មង្គល​ចាំ​បង្ហាញ​ពី​អត្តសញ្ញាណ​គាត់​ក៏​មិនទាន់​ហួសពេល​នោះដែរ”៕

  • ការអាន​លើ​ឯកសារ​បោះពុម្ព និង​ការអាន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយណា​ល្អ​ជាង?

    ការអាន​លើ​ឯកសារ​បោះពុម្ព និង​ការអាន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយណា​ល្អ​ជាង?

    មនុស្ស​ភាគច្រើន​គ្រប់គ្នា​សរសើរ​បច្ចេកវិទ្យា​ដែល​អាចបង្កើត PDF អាចមាន​កម្មវិធី​អាន និង​អាចធ្វើឱ្យ​យើង​ទទួលបាន​ចំណេះដឹង​ច្រើន ខណៈដែល​ពេលមុន​មិន​ធ្លាប់មាន។ បណ្ណាល័យ​មួយ​អាចដាក់​សៀវភៅ​បាន​ច្រើន ឬ​តិច​គឺ​អាស្រ័យ​លើ​ទំហំ​នៃ​អគារ តែ​ពេលនេះ​កាន់តែ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មួយ អាចដាក់​បណ្ណាល័យ​មួយ​តាម​ខ្លួន​ដោយ​លែង​បារម្ភ។

    ទន្ទឹម​នឹងមាន​ចំណុច​ល្អ​នេះ មនុស្ស​មួយចំនួនធំ បាន​លើកឡើងថា​ទូរស័ព្ទ និង​កុំព្យូទ័រ​របស់គាត់​មាន​សៀវភៅ​ច្រើន តែ​ពេលខ្លះ​ពិបាក​អាន។ ពិបាក​មិនមែន​មកពី​គាត់​មិនទាន់​ទម្លាប់​ជាមួយនឹង​បច្ចេកវិទ្យា ឬ​មកពី Screen ខុសពី​សៀវភៅ​នោះទេ តែ​ពិបាក​ត្រង់​ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង។ នៅពេលដែល​កាន់​ឧបករណ៍​អេឡិចត្រូនិក​ដើម្បី​អាន មានរឿង​ជាច្រើន​បាន​លោត​ឡើង​ស្រប​ពេលដែល​គាត់​អាន ហើយ​ធ្វើឱ្យ​ចិត្ត​គាត់​ចង់​បើក​មើល ចង់ដឹង​ពី​ហេតុការណ៍​នៃ Notification ដែល​បាន​លោត​ឡើង​នោះ ហើយក៏​ចង់​ចូលទៅ​កាន់​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​នៅក្នុង​ដៃ​របស់គាត់។

    ជា​ដំណោះស្រាយ​នៃ​បញ្ហា​ខាងលើនេះ មាន​មនុស្ស​មួយចំនួន​បានឱ្យ​យោបល់​ថា គ្រាន់តែ​បិទ Internet នៅពេលដែល​យើង​កំពុង​អាន​សៀវភៅ​ជាការ​ស្រេច តែមាន​អ្នកខ្លះ​លើកឡើងថា បើទោះបីជា​គ្មាន Internet ក៏ដោយ ក៏​គាត់​នៅតែ​ពិបាក​ដែរ ព្រោះ​មានកម្ម​វិធី​ដែល​គាត់​ជក់ចិត្ត​ច្រើនណាស់​នៅក្នុង​ដៃ​របស់គាត់ ហើយ​រង់ចាំ​ឱ្យ​គាត់​ទៅ​បើ​កវា​មើល។

    ជារួម​គឺ​បច្ចេកវិទ្យា​ល្អ តែ​មកពី​មនុស្ស​ខ្លួនឯង​គ្រប់គ្រង​វា​មិន​បានល្អ។ សំណួរ​សួរថា ចុះបើ​ពិបាក​គ្រប់គ្រង​ម្លឹងៗ ម្តេចក៏​មិន​ប្រើ​វា​ឱ្យមាន​តុល្យភាព? កុំ​បដិសេធ​ការប្រើ​បច្ចេកវិទ្យា តែ​ក៏​កុំ​ភ្លេច​ការមើល​ឯកសារ​បោះពុម្ព​ដែរ៕

  • បុកល្ហុង ក្តាមប្រៃ

    បុកល្ហុង ក្តាមប្រៃ

    សូម​មក​មើល​វិធី​បុកល្ហុង​បែប​ខ្មែរ​ដ៏​ឈ្ងុយឆ្ងាញ់​ម្តង​ពី​អាហារ​ដ្ឋា​ន គ្រួសារ​រីករាយ ដែល​ល្បី​ខាង​បុកល្ហុង​ឆ្ងាញ់ និង​សម្បូរបែប​តែម្តង។ តោះ​មក​មើល​ពី​របស់​ធ្វើ​បុកល្ហុង​ដ៏​ឆ្ងាញ់​ពិសា​ពី​មេ​ចុងភៅ​ធំ ថ្វីដៃ​ល្អ​ឯក​វិញ​ម្តង​មើល៎!

    គ្រឿងផ្សំ

    – ក្តាមប្រៃ
    – កាពិ (កែវ​ថៃ) 1/3 ស្លាបព្រា​បាយ
    – ស្ករស 1ស្លាបព្រា​បាយ
    – ខ្ទឹមស 2កំពឹស
    – ម្ទេស​ស្រស់ 2-5ផ្លែ
    – ក្រូចឆ្មារ 2ផ្លែ
    – បង្គា​ក្រៀម
    – សណ្តែកដី​លីង
    – ល្ហុង​ឈូស ឬ​សាប់
    – ត្រកួន
    – សណ្តែកកួរ
    – ត្រប់
    – ប៉េងប៉ោះ
    – ជីរ​ណា
    – ប្រហុក​ខ្មែរ 1/3 ស្លាបព្រា​កាហ្វេ
    – ការ៉ុត
    – ត្រសក់

    របៀប​ធ្វើ

    ដំបូង​ត្រូវដាក់​ខ្ទឹមស និង​ម្ទេស​ស្រស់​ចូលក្នុង​ត្បាល់ រួច​បុក​ចូលគ្នា បន្ទាប់មក​ដាក់​កាពិ ស្ករស និង​ប្រហុក​ចូល​បុក​ចូលគ្នា​ឱ្យ​សព្វ សឹម​ច្របាច់​ក្រូចឆ្មារ​ចូល រួច​កូរ​ឱ្យ​រលាយ​ចូលគ្នា។ ដាក់​សណ្តែកកួរ ត្រកួន និង​ល្ហុង​ឈូស​ចូល រួច​បុក​ឱ្យ​សព្វ សឹម​ដាក់​ក្តាមប្រៃ​ចូល​បុក​ជាមួយគ្នា​ឱ្យ​បែក​សាច់​ក្តាមប្រៃ បន្ទាប់មក​កាត់​ប៉េងប៉ោះ និង​ត្រប់​ដាក់ចូល​ក្នុង​ត្បាល់ រួច​កូរ​ឱ្យចូល​ជាតិ​គ្នា​ល្អ។ ជា​ចុងក្រោយ​ចូរ​រៀប​ការ៉ុត និង​ត្រសក់​ដាក់​ក្នុង​ចាន និង​ដួស​បុកល្ហុង​ដាក់​ពីលើ ហើយ​រោយ​សណ្តែកដី​លីង បង្គា​ក្រៀម និង​ហាន់​ម្ទេស​ស្រស់​ដាក់​ពីលើ​បុកល្ហុង​ជាការ​ស្រេច៕

  • តុបតែង​ម៉ូដ​ក្រចក​ស្វាគមន៍​ឆ្នាំ​ថ្មី2018

    តុបតែង​ម៉ូដ​ក្រចក​ស្វាគមន៍​ឆ្នាំ​ថ្មី2018

    បន្ទាប់ពី​ឆ្នាំ​ចាស់​កន្លងផុតទៅ ឆ្នាំ​ថ្មី​បាន​ឈានចូល​មកដល់ ដូច្នេះ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ2018នេះ សូម​សម្អិតសម្អាង​ម៉ូដ​ក្រចកដៃ​របស់​អ្នក​ឱ្យ​ស្រស់ស្អាត​បំផុត​បែប Fashion Nail គឺ​ទាំង​ស្រស់ស្អាត និង​ជា​ម៉ូដ​កំពុង​ពេញនិយម​ទូទាំង​ពិភពលោក​ថែមទៀត នោះ​អ្នកនឹង​ក្លាយជា​នារី​ដ៏​លេចធ្លោ​នៅក្នុង​ចំណោម​មនុស្ស​ជាច្រើន។

    សូម​បង្ហាញ​ពី​ភាពស្រស់ស្អាត​របស់​អ្នក​ជាមួយនឹង​ម៉ូដ​ក្រចក​បែប Fashion ទាំងអស់គ្នា​ណា៎ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី៕

  • Brandeis Prometheus ស្មា​ត​ហ្វូ​ន​រាង​ប្លែក RAM 8GB

    Brandeis Prometheus ស្មា​ត​ហ្វូ​ន​រាង​ប្លែក RAM 8GB

    ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​ជា​ផលិតផល​ពី​ក្រុមហ៊ុន Brandeis ដែល​ក្រៅពី​រូបរាង​ដែល​មើលទៅ​ជំពប់​ភ្នែក​ចម្លែក​ខុសគេ​ហើយ​នោះ Brandeis Prometheus ថែមទាំង​ចេញមក​ជាមួយនឹង​លក្ខណៈសម្បត្តិ​ខាងក្នុង​ខ្លាំង​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​យីហោ​ដទៃទៀត​ឡើយ។

    ដោយ​អេក្រង់​បង្ហាញ​ទិន្នន័យ​ខ្នាត​ធំ 6អី​ុ​ញ ភាព​លម្អិត​ច្បាស់​កម្រិត 4K ដំណើរការ​ដោយ​ឈិ​ប​សិត​ប្រមូល​ទិន្នន័យ​លំដាប់ High End Snapdragon 835 ដែល​នឹងធ្វើ​ការរួម​ជាមួយ​អង្គ​ចងចាំ RAM 8GB។ ចំណែកឯ​ការថតរូប​ភាព​វិញ មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​គូ​ទាំងមុខ​ទាំងក្រោយ ព្រមជាមួយ​ភ្លើង​ហ្វ្លា​ស់បែប​សម្បូរបែប​ដល់​ទៅ 8គ្រាប់​នៅលើ​តួ​គ្រឿង​ការពារ​ទឹក និង​ធូលី​ដី​តាម​ស្តង់ដារ IP68 ដោយ​ខាង​ក្រុមហ៊ុន​បានបញ្ជាក់​ថា Prometheus នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 សេ​៊​រី​ថ្មី​ចុងក្រោយ​បំផុត ហើយ​សម្រាប់​លក្ខណៈសម្បត្តិ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ផ្សេងទៀត នោះ​មាន​ដូចតទៅ៖

    • អេក្រង់​បង្ហាញ​ទិន្នន័យ Freedom Display បែប Super AMOLED ទំហំ 6អី​ុ​ញ គ្រប​ដោយ​កញ្ចក់ Gorrla Glass 5
    • ឈិ​ប​សិត​ប្រមូល​ទិន្នន័យ​ក្រាហ្វិក (GPU) Adreno 540
    • អង្គ​ចងចាំ​ខាងក្នុង (ROM) ទំហំ​ផ្ទុក 256GB
    • កាមេរ៉ា​ឌីជីថល​ខាងមុខ និង​ខាងក្រោយ​បែប​គូ​ដូចគ្នា (Dual-Camera) ភាព​លម្អិត​ច្បាស់ 12មេ​ហ្គា​ភិ​ច​សេល ដូចគ្នា។
    • សេន​ស៊ើ​រ​ស្គែ​ន​ខ្ចៅ​ម្រាមដៃ​នៅលើ​ប៊ូ​តុង​ហូ​ម
    • Support ការប្រើ​ការ​បែប​ស៊ីម 2 Dual Nano-SIM
    • Support ការតភ្ជាប់​បណ្ដាញ 4G LTE
    • ថ្ម​បាត់​តេ​រី​ទំហំ 3500mAh support តិច​ណូ​ឡូ​ជី Quick Charge 4.0៕

    https://www.youtube.com/watch?v=8h74MmCe0mI

  • វិធីសាស្រ្តសម្រាប់អាណាព្យាបាល និងគ្រូបង្រៀនក្នុងការយកចិត្តកុមារ

    វិធីសាស្រ្តសម្រាប់អាណាព្យាបាល និងគ្រូបង្រៀនក្នុងការយកចិត្តកុមារ

    ក្មេងជាវ័យដែលត្រូវការក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីអាណាព្យាបាល ព្រោះមានក្មេងខ្លះកាន់តែរីកលូតលាស់ធំឡើង កាន់តែពូកែប្រឆាំងជំទាស់ ឬកាន់តែឃ្លាតឆ្ងាយពីអាណាព្យាបាល។ មានអាណាព្យាបាល និងអ្នកអប់រំជាច្រើនបានបង្ហាញក្តីកង្វល់របស់ខ្លួនពីបញ្ហាពិបាកក្នុងការធ្វើឱ្យក្មេងចូលចិត្ត ហើយស្តាប់តាម ឬនិយាយឱ្យងាយស្រួលគឺឱ្យក្មេងស្រឡាញ់ចូលចិត្ត។

    ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីធ្វើឱ្យក្មេងៗចូលចិត្ត និងទទួលយកបំណងល្អដែលយើងផ្តល់ជូនទៅកាន់គាត់៖

    1. និយាយពីអ្វីដែលក្មេងចូលចិត្ត កុំនិយាយពីអ្វីដែលយើងចង់បានខ្លួនឯងនៅពេលដែលអាណាព្យាបាល ឬអ្នកបង្រៀន​ ចង់ឱ្យក្មេងធ្វើអ្វីមួយតាមដែលខ្លួនចង់បាន ពួកគេមួយចំនួនបានធ្វើការបង្ខំ ឬពន្យល់តែអ្វីដែលពួកគាត់ចង់ធ្វើតែប៉ុណ្ណោះដែលធ្វើឱ្យក្មេងកាន់តែប្រឆាំងព្រោះគំនិតនេះអាចមិនស្របជាមួយនឹងកម្រិតយល់ដឹងរបស់ក្មេង។

    ចំណុចល្អដែលអាណាព្យាបាលគួរធ្វើគឺ បំផុសសំណួរមួយចំនួនដើម្បីឱ្យក្មេងជាអ្នកឆ្លើយហើយយើងគ្រាន់តែសម្រួល លើចម្លើយដែលគេឆ្លើយនោះដោយប្រើហេតុផលមួយចំនួនទៅកាន់ក្មេងៗនោះគេនឹងគិតថាអាណាព្យាបាលកំពុងឱ្យតម្លៃលើរូបគេ។ ការបញ្ចូលនូវគំនិតមួយចំនួនដែលយើងចង់ឱ្យក្មេងយល់នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នហើយធ្វើយ៉ាងណាឱ្យក្មេងយល់ថា យើងកំពុងតែស្របតាមអ្វីដែលគេឆ្លើយ ហើយយើងលើកទឹកចិត្តឱ្យមានការអនុវត្តនូវគំនិតនោះដោយគ្រាន់តែបញ្ចូលលក្ខណៈកាន់តែល្អៗមួយចំនួនប៉ុណ្ណោះ។ នៅពេលដែលក្មេងគិតថាមនុស្សចាស់អនុវត្តតាមការសម្រេចចិត្តរបស់គេ គេក៏នឹងផ្តល់ក្តីគោរពមកវិញ ហើយរីករាយនឹងធ្វើតាមអ្វីដែលអាណាព្យាបាលចង់ឱ្យគេធ្វើដោយក្តីពេញចិត្ត និងយល់ហេតុផល។

    1. ត្រូវធ្វើជាអ្នកស្តាប់ដ៏ពូកែ ក្មេងជាវ័យដែលចូលចិត្តបង្ហាញពីរឿងល្អៗដែលគេធ្វើបាន ឬរឿងអស្ចារ្យដែលគេគិតថាមិនធ្លាប់បានធ្វើពីមុនមក។ អារម្មណ៍ចង់បង្អួតស្នាដៃរបស់ក្មេង អាចធ្វើឱ្យមនុស្សធំចំណេញបានផលយ៉ាងច្រើន ព្រោះប្រសិនបើយើងអាចដាក់ចិត្ត ដាក់កាយស្តាប់គេតែបន្តិច យើងនឹងក្លាយជាអ្នកដែលគេចូលចិត្តរួចបាត់ទៅហើយ ព្រោះក្មេងនៅត្រូវការយើងដើម្បីស្តាប់រឿងអស្ចារ្យរបស់គេជាច្រើនទៀត។ ប្រសិនបើអាណាព្យាបាលឆ្លាត យើងគួរចំណាយពេលសួរនាំ និងចេះសរសើរនៅពេលដែលក្មេងបង្ហាញពីសកម្មភាពវិជ្ជមាន ឬអួតពីសមត្ថភាពរបស់គេ។ ទន្ទឹមនឹងនេះ អាណាព្យាបាលក៏អាចបង្ហាញពីផ្លូវដែលកាន់តែអស្ចារ្យ និងរីករាយដើម្បីឱ្យកូនកាន់តែខិតខំប្រឹងប្រែងដើម្បីយកវាឱ្យបាន ដូចជាលើកទឹកចិត្តឱ្យខំប្រឹងប្រែងយកពានរង្វាន់ បង្ហាញផ្លូវបង្កើតផលិតផលងាយៗ ក៏ដូចជាវិធីសាស្រ្តនិយាយឱ្យកាន់តែមានភាពចាស់ទុំជាដើមដល់កូនៗ។
    2. ត្រូវធ្វើជាអ្នកពូកែនិយាយរឿង ក្រៅពីការលេង ក្មេងចូលចិត្តបំផុតគឺការស្តាប់រឿងរ៉ាវដែលមនុស្សធំនិយាយ ព្រោះពួកគេចង់ធ្វើដូចមនុស្សធំ។ ចំណុចដែលអាណាព្យាបាលអាចទាក់ទាញចំណាប់អារម្មណ៍ពីក្មេង គឺយករឿងល្អៗ ឬគំរូនៃមេរៀនជីវិតដែលមានប្រយោជន៍តំណាលប្រាប់ក្មេង។ នៅពេលនោះ ក្មេងនឹងយល់ថាយើងជាអ្នកដែលធ្វើឱ្យគេរីករាយ ខណៈពេលដែលយើងកំពុងបង្រៀនគេដោយសីលវិធីល្អបំផុតមួយ៕
  • ម៉ៃ​យ៉ា កាន់តែ​ល្បី កាន់​មមាញឹក កាន់​តែមាន​បុរស​ចោម​ស្រឡាញ់

    ម៉ៃ​យ៉ា កាន់តែ​ល្បី កាន់​មមាញឹក កាន់​តែមាន​បុរស​ចោម​ស្រឡាញ់

    ជា​តារា​សម្តែង​ស្រី និង​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CNC ដែល​ទើប​តែមាន​វ័យ20ឆ្នាំ កញ្ញា ម៉ែ​យ៉ា ត្រូវបាន​ទស្សនិកជន​ទូទៅ​ទទួលស្គាល់ថា តារា​ស្រី​វ័យក្មេង​មាន​រូបឆោម​ល្អ សាច់​សខ្ចី មាន​ទម្រង់​មុខ​ស្អាត​ជា​កូនកាត់​ខ្មែរ-អាល្លឺម៉ង់​នោះ កំពុងតែ​កាក់កប​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ ទាំង​ការងារ​ផ្នែក​ថត​ស្ប៉ត ការងារ​សម្ដែង ក៏ដូចជា​មានកម្ម​វិធី​កាន់កាប់​នៅក្នុង​ដៃ​ច្រើន​គួរសម បើ​ប្រៀបធៀប​ជាមួយ​តារា​រួម​ជំនាន់​ជាមួយគ្នា​នោះ។ ជាមួយគ្នានេះ ម៉ៃ​យ៉ា ក៏មាន​ការលេចឮ​ផងដែរ​ថា នាង​កំពុង​តែមាន​បុរស​ជាច្រើន​កំពុងតែ​លង់​ស្នេហ៍​លើ​រូបនាង។

    ភ្ជាប់​ទៅនឹង​ការលើកឡើង​ខាងលើ​ដែល​និយាយថា ពេលនេះ ម៉ៃ​យ៉ាង មាន​បុរស​ជាច្រើន​កំពុង​ចោម​ស្នេហ៍​ដែល​ក្នុងនោះ​ក៏មាន​អ្នក​សម្បូរ​ធនធាន និង​ជា​អ្នកជំនួញ​ធំ​គួរសម​ផងដែរ​នោះ កញ្ញា ម៉ៃ​យ៉ា ហាក់ដូចជា​បាន​ឆ្លើយ​បែប​មិនមាន​ភាពជឿជាក់​លើ​ខ្លួនឯង និង​មាន​ភាព​អៀនប្រៀន​ផងដែរ​ថា “ខ្ញុំ​មិនទាន់​ច្បាស់​ពី​រឿងនេះ​នៅឡើយ​ទេ។ និយាយ​ទៅ​នាង​ខ្ញុំ​មិនទាន់​ចង់​គិតគូរ​អី​ទេ ព្រោះថា​នៅ​ពុំទាន់​ត្រូវចិត្ត​ឡើយ​ចង់​ផ្តោត​សំខាន់​លើ​ការងារ​សិល្បៈ​បន្ត​ឱ្យ​បានយូរ​ក្រែល​បន្តិច​សិន​ចាំ​គិត​ក៏​មិនទាន់​ហួសពេល​ដែរ​បង!។

    យ៉ាងណាក៏ដោយ​តារា​ស្រី​កូនកាត់ ដែលមាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ ម្តាយ​ជា​ជនជាតិខ្មែរ​រូបនេះ​បាន​ទទួលស្គាល់ថា ហាក់​មាន​រាសី​ឡើង​ខ្លាំង​ខុសពី​ឆ្នាំមុន ពោលគឺ​មួយរយៈ​ចុងក្រោយ​នេះ កញ្ញា​មានឱកាស​ចាប់យក​ឱកាស​ថតកុន​ទាំង​រឿង​ដុំ និង​រឿង​ភាគច្រើន​គួរសម សឹងតែ​គ្មាន​ពេលទំនេរ​ទេ ហើយ​ក្នុងនោះ​គឺ​ទទួលបាន​តំណែង​ជា​តួឯក​ស្រី​រហូត ដូចជា​រឿង “ហង្ស​បាក់​ស្លាប” ឱ្យ​ទូរទស្សន៍ប៉ុស្តិ៍​លេខ5 ស្របពេល​នេះ​នាង​ក៏បាន​តំណែង​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ CNC នៃ​កម្មវិធី​កំពូល​តន្ត្រី​ប៉ូ​ការី​ស្វេត​ផងដែរ។ ក្រៅពីនេះ​នាង​ច្រើន​លេចមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ស្ទើរតែ​គ្រប់ផ្នែក ជាពិសេស រឿង​ភាគ​ចុងក្រោយ​ដែល​ជិត​ចាក់​បញ្ចាំង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​នៅ​ប៉ុស្តិ៍​លេខ5 គឺ​រឿង “កូនក្រមុំ​ថៅកែ​ត្បូង​ពេជ្រ។ ជាមួយគ្នានេះ តារា​ស្រី​កូនកាត់​សាសន៍​អាស៊ី​អឺរ៉ុប កញ្ញា ម៉ៃ​យ៉ា ក៏បាន​បង្ហើប​ឱ្យដឹងពី​ភាព​មមាញឹក​ក្នុង​ការថត​ខ្សែភាពយន្ត​ផងដែរ បើ​ទោះ​នាង​ជាតា​រា​ស្រី​រលក​ក្រោយ​រះ​លើ​វិថី​សិល្បៈ​បាន​តិច​ក៏ពិតមែន ប៉ុន្តែ​នាង​ស្ទើរតែ​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់​ផង។

    គួរកត់សម្គាល់​ផងដែរ​ថា កញ្ញា ម៉ៃ​យ៉ា ដែលមាន​ឈ្មោះ​ពិត​ប្រាកដថា ខា​ហ្គឺ​ម៉ៃ​យ៉ា សូ​រ៉ៃ​យ៉ាម៉ា​ថា ទើបតែ​បាន​ចូលប្រឡូក​នៅក្នុង​វិស័យ​សម្ដែង​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​នាង​ត្រូវបាន​សាយភាយ​ល្បី​រន្ទឺ និង​សុះសាយ​ខ្លាំង បន្ទាប់ពី​បានបង្ហាញ​រូបរាង​នៅក្នុង​ស្ប៉ត​ផ្សព្វផ្សាយ​ទឹក​ផ្លែឈើ​ជំនួយ​សម្រស់ ដែលមាន​តារា​ប្រុស លោក ខាត់ វៃ​ហាំង ជា​ដៃគូ​សម្ដែង។ បន្ទាប់

    ពី​នោះ នៅមាន​ខ្សែភាពយន្ត​មួយចំនួនទៀត​ដូចជា រឿង “អម្ពិលផ្អែម” របស់​ស្ថានីយទូរទស្សន៍ PNN និង​រឿង​ភាគ​មួយទៀត គឺ​រឿង “ភូមិ​ខ្ញុំ​ក្រមុំ​ឆ្នាស” ថត​ឱ្យ​ខាង​ផលិតកម្ម​ទូរទស្សន៍​បាយ័ន និង​រឿង​ដុំ​មួយចំនួនទៀត​ដែល​បាន​ចាក់​បញ្ចាំង​តាម​រោងកុន​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពីពេល​កន្លង​ទៅនោះ៕

  • ពុល​អាហារ៖ មូលហេតុ អាការ និង​វិធី​ព្យាបាល

    ពុល​អាហារ៖ មូលហេតុ អាការ និង​វិធី​ព្យាបាល

    ពុល​អាហារ ឬ​ទទួលទាន​អាហារ​មាន​ជាតិពុល​ចូលទៅក្នុង​ខ្លួន មានន័យ​អំពី ការ​រាករូស (បន្ទោបង់​ចេញមក​ជា​ទឹក) ដោយសារតែ​បណ្ដាលមកពី​ការបរិភោគ​អាហារ ឬ​ទទួលទានទឹក​ដែលមាន​លាយឡំ​សារធាតុពុល ដែល​អាចជា​សារធាតុពុល​កើតចេញពី​មេរោគ​ដែលមាន​ច្រើន​ប្រភេទ និង​សារ​ធាតុគីមី ឬ​រុក្ខ​ជាតិពុល ឬ​សត្វ​មាន​ជាតិពុល និង​ច្រើនតែ​សង្កេតឃើញថា ក្នុង​ក្រុម​អ្នក​ដែល​បរិភោគ​ជាមួយគ្នា នឹងមាន​អាការ​ពុលដំណាលៗគ្នាច្រើន​នាក់ និង​អាចមាន​អាការ​ខ្លាំង​ខ្សោយ​ខុសប្លែក​ពីគ្នា​អាស្រ័យ​លើ​បុគ្គល និង​បរិមាណ​ដែល​បាន​ទទួលទាន​ចូលទៅ។

    មូលហេតុ​របស់​អាការ​ពុល​អាហារ

    អាការ​ពុល​អាហារ​ភាគច្រើន​តែងតែ​បណ្ដាលមកពី​ការបរិភោគ​អាហារ ឬ​ទទួលទាន​ទឹក​ដែល​លាយឡំ​ដោយ​មេរោគ​បាក់តេរី ឬ​មេរោគ​វីរុស​ក្រៅពីនេះ​នៅ​អាច​ប្រទះឃើញ​មាន​ខ្លះ​ដែរ​គឺមាន​លាយឡំ​ដោយ​ពួក​សត្វ​ប៉ារ៉ាស៊ីត ដូចជា អា​មី​បា (Amoeba) ជាដើម ចំណែក​ការបរិភោគ​អាហារ​ដែលមាន​លាយឡំ​ដោយ​សារធាតុពុល​ផ្សេងទៀត​ដែល​មិនមែនជា​មេរោគ​ដែលប្រទះឃើញ​ញឹកញាប់​នោះ​គឺ ពុល​សារ​ធាតុគីមី (ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត សារធាតុ​សំណ និង​សារធាតុ​បា​រ៉​ត​ជាដើម) រុក្ខ​ជាតិពុល ដូចជា ផ្សិត​មើម​ក្ដួច និង​សត្វ​ដែលមាន​ជាតិពុល ដូចជា គីង្គក់​ត្រី​កំពត និង​អាហារ​សមុទ្រ​ជាដើម។

    អាការ​របស់​ការពុល​អាហារ

    មេរោគ​ជាច្រើន​ប្រភេទ​អាច​បញ្ចេញ​ជាតិពុល (Toxin) ចេញមក​លាយឡំ​នៅក្នុង​អាហារផ្សេងៗ ហើយ​នៅពេល​មនុស្ស​បរិភោគ​អាហារ​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារធាតុពុល​ទាំងនោះ​ចូល​ទៅនឹង​ធ្វើឱ្យ​កើត​អាការស្រដៀងៗគ្នា​គឺ ចុកពោះ​រមួល​ជាដំណាក់ៗ ក្អួត (ច្រើន​តែមាន​កម្ទេច​អាហារ​ចេញមក​ជាមួយ) និង​រាក​ញឹកញាប់។ អ្នកខ្លះ​អាចមាន​គ្រុនក្ដៅ​ខ្លួន និង​អស់កម្លាំង​ខ្លាំង​រួមជាមួយ​ផង។ អាការ​ទាំងអស់នេះ​អាច​ខ្លាំង ឬ​ខ្សោយ​អាស្រ័យ​លើ​ភាព​តិច ឬ​ច្រើន​របស់​ជាតិពុល​ដែល​ទទួលទាន​ចូលទៅ។ ជាទូទៅ​បើសិនជា​តិចតួច មិន​ធ្ងន់ធ្ងរ អាការ​ទាំងនោះ​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល 24-48ម៉ោង។ ចំណែក​អ្នក​ដែល​ធ្ងន់ធ្ងរ អាច​នឹងមាន​អាការ​ក្អួត និង​រាករូស​ខ្លាំងក្លា​រហូតដល់​រាងកាយ​ខ្វះ​ជាតិ​ទឹក និង​សារធាតុ​រ៉ែ​យ៉ាងធ្ងន់ធ្ងរ​បាន។

    វិធី​ព្យាបាល​អាការ​ពុល​អាហារ

    ការព្យាបាល និង​ការមើល​ថែទាំ​ខ្លួនឯង​ជាបឋម អ្នកជំងឺ​ពុល​អាហារ​គួរ​ប្រតិបត្តិ​តាម​ការណែនាំ​ដូចខាងក្រោម​នេះ៖

    1. បើ​មាន​អាការ​ចុកពោះ​ខ្លាំងក្លា រាករូស​ធ្ងន់ធ្ងរ (បន្ទោបង់​ចេញមក​សុទ្ធតែ​ទឹកម្ដងៗច្រើន)ក្អួត​ខ្លាំង (រហូតដល់​ថ្នាក់​ទទួលទាន​ទឹក ទទួលទាន​ទឹកអំបិល​រ៉ែ ឬ​ទឹក​បបរ​លែងកើត) នៅពេលក្រោក​អង្គុយ​ហើយ​មាន​អាការ​វិលមុខ និង​មាន​សភាវ​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ (បបូរមាត់​ស្ងួត បំពង់ក​ស្ងួត ភ្នែក​រូង បត់ជើងតូច​ចេញមក​តិច និង​ជីព​ចរលោត​ញាប់) ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។
    2. បើ​មិនមាន​អាការ​ធ្ងន់ធ្ងរ​ដូចខាងលើ​ទេ ចូរ​ឱ្យ​អ្នកជំងឺ​ពុល​អាហារ​ទទួលទាន​ទឹកអំបិល​រ៉ែ ឬ​ទឹកស្អាត​ឱ្យបាន​ញឹកញាប់ ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅដោយ​សារ​ការ​ក្អួត និង​រាក និង​ទទួលទាន​រហូត​ទាល់តែ​ទឹកមូត្រ​ចេញមក​ថ្លា ឬ​អាការ​រាករូស​បាន​ធូរស្រាល​ឡើងវិញ។
    3. ហាម​លេបថ្នាំ​ដើម្បី​បញ្ឈប់​ការ​រាករូស ព្រោះ​មិនមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​នោះទេ ហើយ​បើ​ប្រើប្រាស់​ខុស​វិធី​ផង​នោះ អាច​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​បាន។
    4. បើ​មាន​គ្រុនក្ដៅ​ខ្លួន ចូរ​ឱ្យ​លេបថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដើម្បី​បញ្ចុះ​កម្ដៅ៕