Category: សង្គម និងសេដ្ឋកិច្ច

  • តារាចម្រៀងចិន Nicholas Tse បង្ហាញពីតិចនិកធ្វើម៉ូដសក់ល្បីកាលពី18ឆ្នាំមុន

    តារាចម្រៀងចិន Nicholas Tse បង្ហាញពីតិចនិកធ្វើម៉ូដសក់ល្បីកាលពី18ឆ្នាំមុន

    តទៅនេះគឺជាសម្រង់ព័ត៌មានចេញពីគេហទំព័រ Kenh14 នៅថ្ងៃទី22 ខែមករា ឆ្នាំ 2018 ដែលបានចេញផ្សាយថា តារាចម្រៀងចិនល្បីឈ្មោះលោក Nicholas Tse បានទម្លាយរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលស្ដែងឱ្យឃើញពីតិចនិកធ្វើម៉ូដសក់ល្បីរបស់លោកកាលពី18ឆ្នាំមុន ដែលកាលនោះមិនទាន់មានឧបករណ៍ច្នៃម៉ូដសក់ទំនើបៗដូចពេលបច្ចុប្បន្ននៅឡើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្ររូបលោក មានារភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ទាល់តែសោះ។

    តារាចម្រៀងរូបនេះបានបង្ហើបឱ្យដឹងដែរថា កាលពី18ឆ្នាំមុន មុនពេលឡើងសម្ដែងនៅលើឆាក ឬកម្មវិធីសម្ភាសនៅក្នុងស្ថានីយទូរទស្សន៍នីមួយៗម្ដងៗ លោកបានសម្រេចចិត្តយកឆ្នាំងអ៊ុតសម្លៀកបំពាក់ មកអ៊ុតសក់របស់លោកឱ្យត្រង់គ្រប់ពេល ហើយវាពិតជាមានផលលំបាកណាស់ ព្រោះកាលនោះនៅមិនទាន់មានឧបករណ៍ធ្វើម៉ូដសក់ទំនើបៗនៅឡើយទេ។ ស្របគ្នានោះដែរ មានអ្នកគាំទ្រតារាប្រុសរូបនេះជាច្រើនបានចូលទៅបញ្ចេញមតិថា «នេះមិនត្រឹមតែជារឿងដែលមិននឹកស្មានដល់នោះទេ តែវាថែមទាំងជារឿងដ៏គួរឱ្យអស់សំណើចទៀតផង តើលោកច្បាស់ជាចង់ក្លាយខ្លួនជាតារាកំប្លែងហើយមែនទេ?»។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ទីផ្សារ​ដំឡូង​មី​ឡើងថ្លៃ ប៉ុន្តែ​ទិន្នផល​ធ្លាក់ចុះ​ជាង​ឆ្នាំមុន

    ទីផ្សារ​ដំឡូង​មី​ឡើងថ្លៃ ប៉ុន្តែ​ទិន្នផល​ធ្លាក់ចុះ​ជាង​ឆ្នាំមុន

    កសិករ​ដាំដំឡូង​មី​នៅតាម​ខេត្ត​នានា បាន​សម្តែង​ក្តី​រីករាយ​ខណៈ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​តម្លៃ​ដំឡូង​មី​ឡើងថ្លៃ​ខ្ពស់ជាង​ឆ្នាំមុន និង​មាន​ឈ្មួញ​មក​ចាំ​ទទួល​ទិញ​ដល់ទី​កន្លែង​យកទៅលក់​បន្ត​នៅ​ប្រទេស​ថៃ​ប៉ុន្តែ​កសិករ​ខ្លះ​បាន​សម្តែង​ការសោកស្តាយ​ដោយសារ​ទិន្នផល​ធ្លាក់ចុះ ដែល​បណ្ដាលមកពី​កត្តា​អាកាសធាតុ និង​ការធ្លាក់​ថ្លៃ​កាលពី​ឆ្នាំមុន។

    លោក ស្រ៊ន កុយ កសិករ​ដាំដំឡូង​មី​នៅ​ភូមិ​អូរ​តា​ភ្លាវ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា តម្លៃ​ដំឡូង​មី​ក្រៀម​នៅ​ដើម​ឆ្នាំនេះ​លក់បាន​ថ្លៃ​ខ្ពស់ជាង​ឆ្នាំមុន ប៉ុន្តែ​ទិន្នផលថយចុះ​ខ្លាំង​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើនពេក។ លោក​បាន​បន្តថា កាលពី​ឆ្នាំទៅ តម្លៃ​ដំឡូង​មី​ក្រៀម​មានតម្លៃ​ចន្លោះ​ពី 370រៀល ទៅ400រៀល​ប៉ុណ្ណោះ​ក្នុង1គីឡូក្រាម ហើយ​នៅ​ឆ្នាំនេះ​តម្លៃ​ដំឡូង​មី​ក្រៀម​លក់​ចេញ​បាន​ថ្លៃ​ក្នុង​ចន្លោះ​ពី 600 ទៅ 640រៀល​ក្នុង 1គីឡូក្រាម “សម្រាប់​ដំឡូង​មី​កាលពី​ឆ្នាំទៅ លក់បាន​ក្នុង​មួយ​គីឡូក្រាម​តម្លៃ 300ជាង ទៅ400រៀល ទៅតាម​ដំឡូង​ស្ងួត​ល្អ ឬ​មិនសូវ​ស្ងួត​ល្អ ហើយ​ឆ្នាំនេះ​កសិករ​មាន​កម្លាំង​ធ្វើឡើង​វិញ ដោយសារ​ដំឡូង​មី​ឡើងថ្លៃ​រហូតដល់ 640រៀល​ក្នុង1គីឡូក្រាម។

    លោក​បាន​បញ្ជាក់ថា ក្នុង​ទំហំ​ដីចម្ការ​ដំឡូង​ចំនួន 12ហិកតា លោក​ប្រមូល​ផល​បាន​ទម្ងន់​ពី 60ទៅ70តោន ប៉ុន្តែ​មកដល់​ឆ្នាំនេះ​នៅ​មិនទាន់​ដក​អស់​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ទិន្នផល​ធ្លាក់ចុះខ្លាំង ខណៈ​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំងពេក បង្ក​ឱ្យ​ដើម​ដំឡូង​ងាប់ និង​រលួយ​មើម​អស់​ជាច្រើន។ ជាមួយគ្នានេះដែរ លោក ឡាយ សុខ​ទី កសិករ​ដាំដំឡូង​មី​នៅក្នុង​ឃុំ​អូរ​ចាប់​ត្រី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា តម្លៃ​ដំឡូង​ឆ្នាំនេះ​ពិតជា​ឡើងថ្លៃ​ជាង​ឆ្នាំមុន​មែន ដោយ​លក់​ចេញ​បាន​ពី 630រៀល ទៅ650រៀល​ក្នុង 1គីឡូក្រាម។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មាន​កសិករ​មួយចំនួន​បាន​បោះបង់​របរ​ដាំដំឡូង​មីនេះ​ចោល​ខ្លះ​ហើយ ដោយសារតែ​បទពិសោធ​ក្នុង​ការលក់​ដំឡូង​មី​ធ្លាក់​ថ្លៃ ធ្វើឱ្យ​ខាតបង់​ច្រើនពេក​កាលពី​ឆ្នាំមុន ដោយ​លក់បាន1គីឡូ​ថ្លៃ​ត្រឹមតែ 300 ទៅ400រៀល​ប៉ុណ្ណោះ បង្កឱ្យមាន​ការខាតបង់​ខ្លាំង និង​អ្នកខ្លះ​នៅ​ជំពាក់​ប្រាក់​ធនាគារ​សង​មិនទាន់រួច​ផង​មកទល់​បច្ចុប្បន្ន ហើយ​ដោយសារ​ខ្លាច​ខាតបង់​ដូច​ឆ្នាំមុន​ទៀត ទើប​កសិករមួយចំនួន​បាន​បោះបង់​របរ​ដាំដំឡូង​មី ហើយ​ងាក​ទៅ​ដាំ​ស្វាយចន្ទី និង​ដំណាំផ្សេងៗទៀត​ក្រែង​បាន​ផលចំណេញ​ច្រើនជាង។

    ងាក​ទៅខាង​ខេត្តរតនគិរី​វិញ លោក ច្រឹ​ក ពិសិដ្ឋ​ឈ្មួញកណ្តាល​ទិញ​ដំឡូង​មី​ក្រៀម​យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម បាន​ថ្លែងថា ដំឡូង​ឆ្នាំនេះ​ពិតជា​បាន​ថ្លៃ​ជាង​ឆ្នាំមុន​មែន ប៉ុន្តែ​ការប្រមូលទិញ​មានការ​ធ្លាក់ចុះ​ខ្លាំង ដោយសារ​កសិករ​មួយចំនួនធំ​បាន​បោះបង់​ការដាំដុះ​ដំឡូង​មីនេះ ហើយ​ងាក​ទៅ​ដាំ​ស្វាយចន្ទី និង​ដាំ​ដំណាំ​កៅស៊ូ​វិញ ដោយសារ​ដំណាំ​ទាំងនេះ​កំពុងមាន​តម្រូវការ​នៅលើ​ទីផ្សារ។

    លោក​បញ្ជាក់​បន្ថែមថា “សម្រាប់​នៅ​ខេត្តរតនគិរី​តម្លៃ​ដំឡូង​មី​បាន​ថ្លៃ​មិន​ខុសពី​ខេត្ត​ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះទេ គឺ​តម្លៃ​ទិញ​ចូល​ចន្លោះ​ពី 630ទៅ640រៀល​ក្នុង1គីឡូក្រាម ហើយ​យកទៅលក់​វិញ​បាន 720រៀល ទៅ730រៀល​ដែរ​ក្នុង 1គីឡូក្រាម​ប៉ុន្តែ​មិនសូវ​ទទួលបាន​ផលចំណេញ​ទេ ដោយសារតែ​វៀតណាម​កាត់​ភ្នែក​គីឡូ​ច្រើនពេក ជួនកាល​កាត់​អស់​ដល់1តោន​ក៏មានដែរ។ លោក​ថា ទោះជា​ចំណេញ​តិចតួច​ក៏ដោយ ក៏​ចេះតែ​ដឹក​ទៅ​លក់​ទៅ ប្រសើរ​ជាង​មិនមាន​អ្វី​លក់​ដែរ។

    សូម​ជម្រាប​ដែរ​ថា បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា កម្ពុជា​គឺជា​ប្រទេស​ដែល​ផលិត​ដំឡូង​មី​លំដាប់​ទី8 នៅលើ​ពិភពលោក និង​លំដាប់​ទី4 នៅក្នុង​តំបន់។ ការនាំចេញ​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា(ដំឡូង​មី​ស្រស់ ចំណិត​ដំឡូង​មី​ក្រៀម និង​ម្សៅដំឡូង​មី) បាន​កើនឡើង​ពី​ចំនួន 0.22លាន​តោន ក្នុង​ឆ្នាំ2012 ដល់​ចំនួន​ជាង 3.6លាន​តោន ក្នុង​ឆ្នាំ2016 និង​គិត​ត្រឹមតែ​រយៈពេល 9ខែ​ក្នុង​ឆ្នាំ2017 ការនាំចេញ​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា សម្រេចបាន​ចំនួន​ជាង 1.8លាន​តោន៕

  • ភាពយន្ដថៃល្បី Malila The Farewell Flower ឈ្នះពានរង្វាន់មហោស្រពភាពយន្ដនៅទីក្រុងប៊ូសាន

    ភាពយន្ដថៃល្បី Malila The Farewell Flower ឈ្នះពានរង្វាន់មហោស្រពភាពយន្ដនៅទីក្រុងប៊ូសាន

    តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី22 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា ការបើកបង្ហាញខ្លួនរបស់ខ្សែភាពយន្ដថៃនៅក្នុងឱកាសមហោស្រពភាពយន្ដប្រចាំតំបន់អាស៊ី នៅក្នុងទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលនៅក្នុងនោះកំពូលខ្សែភាពយន្ដខ្នាតធំដ៏ល្បីល្បាញប្រចាំឆ្នាំរបស់ប្រទេសថៃ ដែលមានចំណងជើងថា “Malila The Farewell Flower” ឫ “បាយសីម្លិះលា” បានឈ្នះពានរង្វាន់ភាពយន្ដដែលល្អបំផុតប្រចាំឆ្នាំ2018នេះ។

    ខ្សែភាពយន្តខ្នាតធំខាងលើនេះ ត្រូវបានដឹកនាំសម្ដែងដោយលោក នុឈី អៈនុឆា ប៊ុណយៈវ៉ាន់ថៈណៈ  និងសម្ដែងដោយតារាល្បីឈ្មោះពីរដួងគឺលោក វៀរ៍ ស៊ុកុនលៈវ៉ាត់ និង អូ អនុឈីត។ ស្របគ្នានោះដែរ តារាសម្ដែងរូបស្រស់សង្ហា  វៀរ៍ ស៊ុគុនលៈវ៉ាត់ បានឈ្នះពានរង្វាន់ Face of Asia Award តារាឯកភាពយន្ដអាស៊ីដែលមានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាងគេបំផុត។ យ៉ាងណាមិញ អ្នកដឹកនាំរឿង នុឈី អៈនុឆា បានបង្ហើបប្រាប់អ្នកសារព័ត៌មានថៃថា រឿងនេះបានបរិយាយពីការរៀបចំបាយសីស្លាធម៌ ដោតក្រងជាក្បាច់ដោយផ្កាម្លិះលា ដើម្បីអន្ទងហៅព្រលឹងមនុស្សដែលខ្លួនស្រឡាញ់ឱ្យវិលត្រឡប់មកវិញ។ ភាពយន្ដនេះទៀតសោត បានដាក់បញ្ចាំងនៅក្នុងពិធីមហោស្រពភាពយន្ដជាច្រើនប្រទេស ដូចជាសិង្ហបុរី តៃវ៉ាន់ ឥណ្ឌា និងកូរ៉េខាងត្បូងផងដែរ។

    លោក នុឈី អៈនុឆា បានបញ្ជាក់ផងដែរថា បើទោះបីជាខ្សែភាពយន្ដធំមួយនេះបានឆ្លុះបញ្ជាំងពីសង្គមក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាក្ដី ក៏ប៉ុន្ដែ លោករំពឹងទុកថា លោកនឹងព្យាយាមយកខ្សែភាពយន្ដល្បីមួយនេះ ទៅដាក់បញ្ជាំងនៅក្នុងទីផ្សារភាពយន្ដក្នុងបណ្ដាប្រទេសធំៗដូចជាប្រទេស ចិន ស្វ៊ីស  ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងមានគោលបំណងទៅដណ្ដើមពានរង្វាន់នៅសហរដ្ឋអាមេរិកទៀតផង៕

    សូមទស្សនាវីដេអូរឿងខាងក្រោមនេះ៖

     

  • Facebook ធ្វើកំណែទម្រង់​ថ្មី ដោយ​ផ្ដោត​សំខាន់​លើ​ប្រភពព័ត៌មាន «គួរឱ្យ​ជឿទុកចិត្ត​បាន»

    Facebook ធ្វើកំណែទម្រង់​ថ្មី ដោយ​ផ្ដោត​សំខាន់​លើ​ប្រភពព័ត៌មាន «គួរឱ្យ​ជឿទុកចិត្ត​បាន»

    អាមេរិក៖ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាស​ឱ្យដឹងថា Facebook នឹងធ្វើ​កំណែទម្រង់​ថ្មី​មួយ​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​អត្ថបទ​នានា ជាពិសេស​នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​អត្ថបទ​ទាំងនោះ​ថា «គួរឱ្យ​ជឿទុកចិត្ត​បាន ឬក៏​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ» ដោយ​ការវាយតម្លៃ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អ្នកប្រើប្រាស់។

    សារព័ត៌មាន The Guardian បានចេញ​ផ្សាយ​ថា កន្លងមក​មាន​ព័ត៌មាន​ជាច្រើន​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម Facebook ដោយ​ព័​ត៌​មា​នួ​ទាំងនោះ មាន​ខ្លះ​ជា​ព័ត៌មាន​ពិត និង​ខ្លះទៀត​ជា​ព័ត៌មាន​មិន​ពិត ដូច្នេះហើយ ក្រុមហ៊ុន Facebook នឹងធ្វើ​ការស្ទង់មតិ​ទៅលើ «ប្រភពព័ត៌មាន» ដោយ​ឱ្យ​អ្នកប្រើប្រាស់​បញ្ជាក់ថា «ស្គាល់ ឬ​មិន​ស្គាល់» ដើម្បី​ងាយស្រួល​បញ្ជាក់ថា ប្រភពព័ត៌មាន​មួយ​នេះ​គឺ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាក់លាក់ និង​ត្រឹមត្រូវ ឬ​ប្រភពព័ត៌មាន​មួយ​នេះ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ។

    លោក Mark Zuckerberg បានបញ្ជាក់​បន្ថែមទៀត​ថា ក្រោយពី​ធ្វើ​ការស្ទង់មតិ​រួចរាល់​ហើយ ក្រុមការងារ Facebook នឹង​ផ្ដល់​ចំណាត់ថ្នាក់​សម្រាប់​ប្រភពព័ត៌មាន​ទាំងនោះ តាមរយៈ​ទិន្នន័យ​ដែល​ស្ទង់​មតិ​បាន ដើម្បី​ផ្ដល់​អាទិភាព​ក្នុងការ​បង្ហាញ​ព័ត៌មាន​នៅក្នុង News Feed៕

  • Real លត់ Deportivo ចាស់ដៃ ខណៈ Barca បន្ថែម​ការនាំ​មុខ

    Real លត់ Deportivo ចាស់ដៃ ខណៈ Barca បន្ថែម​ការនាំ​មុខ

    ក្រុម Real Madrid បាន​វិល​ទៅកាន់​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​វិញ​នៃ​ក្របខ័ណ្ឌ La Liga តាមរយៈ​ការ​លត់​ក្រុម Deportivo La Coruna យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 7-1 កាលពី​ថ្ងៃអាទិត្យ ខណៈដែល Cristiano Ronaldo បានបញ្ចប់​ការមិនអាច​រកបាន​គ្រាប់​បាល់​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់។ ប៉ុន្តែ Barcelona នៅតែ​បន្ថែម​ការនាំ​មុខ​របស់​ពួកគេ រហូតដល់​ទៅ19ពិន្ទុ ពីលើ​ក្រុម Real ខណៈដែល Lionel Messi និង Luis Suarez បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ដូចគ្នា ក្នុងពេល​យកឈ្នះ​លើ​ក្រុម Real Betis 5-។

    Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹមតែ4គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​លី​ក មុនពេល​ឈានទៅ​កាន់ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ជាមួយនឹង​ក្រុម Deportivo ប៉ុន្តែ​តារា​ឆ្នើម​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​បន្ថែម​គ្រាប់​បាល់​ទី5 និង​ទី 6សម្រាប់ Real ខណៈដែល​ពួកគេ​បាន​វិល​ទៅ​ឈរ​នៅ​ពីលើ​ក្រុម Villarreal ក្នុង​ចំណាត់ថ្នាក់​ដែល​ត្រូវ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League។

    Villarreal បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4ជា​បណ្តោះអាសន្ន ក្នុងពេល​យកឈ្នះ​លើ​ក្រុម Levante 2-1 កាលពី​ថ្ងៃ​សៅរ៍ ក្រោយពី​បាន​ផ្តួល​ក្រុម Real នា​កីឡដ្ឋាន Bernabeu ជា​លើក​ទី1 កាលពី​សប្តាហ៍​មុន។ Gareth Bale និង Nacho ក៏បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី 2គ្រាប់​ផងដែរ ក្នុង​តង់នីមួយៗ ហើយ Luka Modric រកបាន​គ្រាប់​បាល់​យ៉ាង​ល្អ​នៅ​នាទី​ទី68 ខណៈដែល Real បាន​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ1គ្រាប់ ដើម្បី​កត់ត្រា​ជ័យជម្នះ​ដ៏​ធំ​មួយ ក៏ដូចជា​កាត់បន្ថយ​ស​ម្ពា​ធ​លើ​លោកគ្រូ​បង្វឹក Zinedine Zidane ផងដែរ៕

    ប្រភពពី៖ sport24

  • ដី​នៅ​ជិត​តំបន់​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តកណ្តាល​កំពុង​ឡើងថ្លៃ

    ដី​នៅ​ជិត​តំបន់​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តកណ្តាល​កំពុង​ឡើងថ្លៃ

    បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​សាងសង់​ព្រលានយន្តហោះ​ថ្មី​លើ​ផ្ទៃដី​ទំហំ 2,600 ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ជាប់​នឹង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​រួចមក បានធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​ហក់​ឡើង​ខ្ពស់កប់ពពក និង​មាន​ឈ្មួញ​កំពុង​សម្រុក​ចុះ​ទិញ​យ៉ាង​មមាញឹក។

    យោងតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ផ្ញើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ដើម្បី​សុំ​គោលការណ៍​បង្កើត​ក្រុមហ៊ុន “ខេ​ម​បូ​ឌា អ៊ែរ​ផត អុ​ី​ន​វេស​មិន” បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​ត្រូវ​ចំណាយ​ទុនវិនិយោគ​រហូតដល់​ទៅ1,500លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹកប្រាក់ 1,100លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស​និង280លាន​ដុល្លារ​ជា​របស់​ក្រុម OCIC របស់លោក​ឧកញ៉ា ពុង ឃាវ​សែ ហើយ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់ 120លាន​ដុល្លារ​អាមេរិក។

    កាលពី​សប្តាហ៍​មុន​លោក​ឧកញ៉ា ពុង ឃាវ​សែ និង​ក្រុមហ៊ុន​ចិន​ដែលជា​ដៃគូ​វិនិយោគ​នោះ បាន​ចុះហត្ថលេខា​រួចរាល់​ហើយ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានិង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​នា​វិមាន​រដ្ឋាភិបាល ដែល​ព្រឹត្តិការណ៍​នេះ​បាន​ជំរុញ​ឱ្យ​ដី​នៅ​តំបន់​នោះ​កំពុង​មានតម្លៃ​ស្ទុះ​ហក់​ឡើង​យ៉ាងខ្ពស់​ដ៏​ពុំគួរ​ឱ្យ​ជឿ។

    លោក ប៉ុល សិទ្ធី ឈ្មួញកណ្តាល​ទិញ-លក់​ដី​នៅក្នុង​ខេត្តកណ្តាល​មានប្រសាសន៍ថា កន្លងមក​ដី​នៅ​តំបន់​នោះ​មានតម្លៃ​ត្រឹមតែ 2ទៅ3សេន​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​មិនមាន​ឈ្មួញ​ណា​ទិញ​ផង ប៉ុន្តែ​មកដល់ពេលនេះ​ដី​ទាំងនោះ​ឡើងថ្លៃ​ខ្ពស់​ហួស​ពី​ការ​ស្មាន ដោយ​ទីតាំង​ខ្លះ1ម៉ែត្រការ៉េ​តម្លៃ 5ដុល្លារ កន្លែង​ខ្លះទៀត​ឡើងដល់ 10ដុល្លារ​រហូតដល់ 60ដុល្លារ​ក៏មាន ទៅតាម​ទីតាំងផ្សេងៗដែល​ធ្វើឱ្យ​ដី​ឡើងថ្លៃ​ខ្ពស់​ចាប់ពី 1ហិកតា​តម្លៃ 2ពាន់​ដុល្លារ​ឡើងដល់ 10ម៉ឺន​ដុល្លារ ឬ60ម៉ឺន​ដុល្លារ​ក៏មានដែរ។

    ដោយឡែក​លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​បាន​មានប្រសាសន៍​ទទួលស្គាល់​ថា តម្លៃ​ដី​នៅ​ទីនោះ​ពិតជា​ឡើងថ្លៃ​ប្រាកដ​មែន ដោយ​កន្លងមក​ដី​នៅ​ផ្នែក​ខាងក្រោម(ដី​បាត​បឹង)ដែលមាន​តម្លៃ​ត្រឹម 5ដុល្លារ ឬ6ដុល្លារ​នោះ បច្ចុប្បន្ន​ឡើងដល់​ជាង10ដុល្លារ ហើយ​ថា តម្លៃ​ដី​ផ្នែក​ខាងលើ​ថ្លៃ 7 ឬ8ដុល្លារ ឥឡូវ​ឡើងដល់ 60ដុល្លារ ទៅ70ដុល្លារ​ក៏មានដែរ។ ទោះជា​យ៉ាងនេះ​ក្តី លោក​អំពាវនាវ​ឱ្យ​អ្នកទិញ​មានការ​ប្រុងប្រយ័ត្ន​ផង​ដោយ​មុននឹង​ទិញ​ត្រូវ​ពិចារណា​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ការខាតបង់ ព្រោះថា នៅ​ជិត​ព្រលានយន្តហោះ​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​ដូចគ្នា។ គុណសម្បត្តិ​គឺ​នៅត្រង់ថា តំបន់​នោះ​នឹង​ក្លាយទៅជា​ទីប្រជុំជន អាច​ប្រកប​របរ​លក់ដូរ ឬ​ធ្វើ​ផ្ទះសំណាក់​ទទួលភ្ញៀវ​បាន ចំណែក​គុណវិបត្តិ​វិញ​គឺ​មិនអាច​សង់ផ្ទះ​ខ្ពស់​បានទេ និង​សំឡេង​រំខាន​ក៏មាន​ច្រើន​ដែរ។

    គួរ​បញ្ជាក់ថា ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​និង​វិនិយោគិន​ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង​នោះ រដ្ឋាភិបាល​បានប្រកាស​អំពី​គ្រោង​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ ហើយ​រាជរដ្ឋាភិបាល​ក៏​នឹងធ្វើ​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តកោះកុង​ផងដែរ។ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី​ត្រូវ​សាងសង់​នៅ​ឆ្នាំ2018នេះ​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOPMENT GROUP ដោយ​គ្រោង​វិនិយោគ​លើទឹក​ប្រាក់ 900លាន​ដុល្លារ​អាមេរិក​ដែលមាន​កុងត្រា​រយៈពេល 55ឆ្នាំ​ស្ថិត​ក្នុងស្រុក​សូត្រ​និគម លើ​ផ្ទៃដី 700ហិកតា។

    ដោយឡែក​សម្រាប់​ព្រលានយន្ដហោះ​ថ្មី​មួយទៀត​ដែលមាន​ទីតាំងនៅ​ខេត្តកោះកុង​ក៏​នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ​ជា 750ហិកតា​ផងដែរ​ដែល​ស្ថិតនៅក្នុង​ស្រុក​បទុម​សាគរ ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះថា Union Development Group ដែល​នឹង​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជា 350លាន​ដុល្លារ​អាមេរិក។

    លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​មានប្រសាសន៍ថា ព្រលានយន្តហោះ​នេះ​នឹងមាន​ទំហំ​ជាង 700ហិកតា ប្រហាក់ប្រហែលគ្នា​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ដែរ ចំណែក​ផ្ទៃដី​ដែល​នៅសល់​គឺជា​ទីតាំង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​នានា ព្រោះ​ការវិនិយោគព្រលានយន្តហោះ​មិនអាច​រក​ផលចំណេញ​បានទេ គឺ​មានតែ​ការរៀបចំ​សេវាកម្ម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គាំទ្រ​បន្ថែម ទើប​អ្នកវិនិយោគ​អា​ចរក​ផលចំណេញ​បាន​ហើយ​គម្រោង​វិនិយោគ​នេះ​មាន​ឈ្មោះថា Airport City ជា​គម្រោង​វិនិយោគ​ចម្រុះ​ដែលមាន​ទាំង​ព្រលានយន្តហោះ និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម។

    សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ 21បេ ជា​តំបន់​វាល​បឹង​ដ៏​ធំ​មួយ​ដែលមាន​ឈ្មោះថា បឹង​រៀន ស្ថិតក្នុង​រង្វង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 បើ​គិតពី​កន្ទុយ​ផ្លូវ60ម៉ែត្រ ឬ​ផ្លូវ​សម្តេច​តេ​ជោ​ហ៊ុន សែន គឺ​ទីតាំង​ព្រលាន​នេះ​មាន​ចម្ងាយ​ប្រមាណ 9គីឡូម៉ែត្រ​ចេញពី​កន្ទុយ​ផ្លួ​វ​នេះ​ឆ្ពោះទៅមុខ។ ទីតាំង​ព្រលានយន្តហោះ​នេះ​ជា​ផ្ទៃ​បឹង ដែល​នឹងត្រូវ​បូម​ខ្សាច់​បំពេញ​នាពេល​ខាងមុខនេះ៕

  • ភាគបញ្ចប់នៃកំពូលភាពយន្ដ Maze Runner: The Death Cure ធ្វើឱ្យទស្សនិកជនអត់ទ្រាំមិនទស្សនាមិនបាន

    ភាគបញ្ចប់នៃកំពូលភាពយន្ដ Maze Runner: The Death Cure ធ្វើឱ្យទស្សនិកជនអត់ទ្រាំមិនទស្សនាមិនបាន

    តាមរយៈសារព័ត៌មាន Khaosod នៅថ្ងៃទី22 ខែមករា ឆ្នាំ 2018 បានឱ្យដឹងថា ភាគបញ្ចប់នៃកំពូលខ្សែភាពយន្ដបែបវិទ្យាសាស្ត្រ “Maze Runner: The Death Cure” បានធ្វើឱ្យកក្រើកទីផ្សារភាពយន្ដនៅក្នុងឆ្នាំ 2018 នេះ ដែលមានមហាជនរង់ចាំទស្សនាយ៉ាងអន្ទះសា។

    ភាគបញ្ចប់នៃ The Maze Runner ត្រូវបាននិទានដោយមេដឹកនាំក្រុម Thomas ដែលបាន​ដឹកនាំក្រុម Gladers ដែលបានរត់គេចចូលទៅក្នុងបេសកកម្មគ្រោះថ្នាក់បំផុតចុងក្រោយមួយ ដើម្បីជួយមិត្តភ័ក្តិ។ ពួកគេត្រូវលួចចូលក្នុងទីក្រុងចុងក្រោយ ជាទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WCKD ដែលអាចប្រែក្លាយជាព្រៃវង្វេងដ៏ស្លាប់រស់មួយ។ អ្នកដែលអាចនៅរស់រានមានជីវិតចេញមកវិញបាន គឺជាអ្នកដែលបានទទួលចម្លើយដែលក្រុម Gladers តែងសួរ ចាប់ពីពេលពួកគេចូលក្នុងព្រៃវង្វេងដំបូង។

    គួរបញ្ជាក់ផងដែរថា ភាគចុងក្រោយនៃកំពូលខ្សែភាពយន្ដ  Maze Runner: The Death Cure  មានដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី23 ខែមករា ឆ្នាំ2018 នេះហើយ ដែលភាគបញ្ជប់នេះ មានការចូលរួមសម្ដែងដោយកំពូលតារាល្បីៗដូចជា Dylan O’Brien ( សម្ដែងជា Thomas )  Thomas Brodie  Ki Hong Lee  Kaya Scodelario  Will Poulter និងតារាសម្ដែងជើងចាស់ល្បីៗជាច្រើនរូបទៀតផងដែរ៕

  • Mkhitaryan ព្រមទៅ Arsenal ជា​ថ្នូរ​នឹង​ការចាកចេញ​របស់ Sanchez ទៅ Man Utd

    Mkhitaryan ព្រមទៅ Arsenal ជា​ថ្នូរ​នឹង​ការចាកចេញ​របស់ Sanchez ទៅ Man Utd

    ខ្សែបម្រើ Henrikh Mkhitaryan របស់​ក្លិប Manchester United បាន​យល់ព្រម​ចូលរួម​ជាមួយនឹង​ក្លិប Arsenal ខណៈដែល Alexis Sanchez នឹង​ផ្ទេរ​ក្នុងទិសដៅ​ផ្ទុយគ្នា ជាការ​ដោះដូរ​គ្នាភ្លាមៗ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ឡើយ។

    បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Guardian ក្លិប Man United បានដាក់​តម្លៃ​ខ្លួន​លើ Mkhitaryan ចំនួន 35លាន​ផោន (ស្មើនឹង 45លាន​ដុល្លារ​អាមេរិក) ដែល​ស្មើនឹង​តម្លៃ​ខ្លួន​ដែល​ក្លិប Arsenal ទាមទារ​សម្រាប់​ការលក់ Sanchez ដែរ។ ខ្សែបម្រើ​អន្តរជាតិ​អា​មេ​នី Mkhitaryan វ័យ 28ឆ្នាំ បានទទួល​ការពិនិត្យ​សុខភាព កាលពី​ថ្ងៃអាទិត្យ ខណៈដែល​តារា​ឆ្នើម​អន្តរជាតិ​ស៊ី​លី Sanchez នឹង​បំពេញ​ការផ្ទេរ​របស់គេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

    ទោះបីជា​យ៉ាងណា ទំហំ​នៃ​កិច្ចសន្យា​របស់ Mkhitaryan និង​ប្រាក់ខែ​របស់គេ ត្រូវបាន​បិទ​ជិត។ លោក Arsene Wenger គ្រូបង្វឹក​របស់ Arsenal បានបញ្ជាក់​កាលពីពេល​មុននេះ​ថា Sanchez នឹងចូលរួម​ជាមួយនឹង Man United លុះត្រាតែ Mkhitaryan យល់ព្រម​ផ្ទេរ​មកកាន់ Arsenal។ Sanchez បាន​អវត្តមាន​ក្នុងពេល​ក្រុម Arsenal យកឈ្នះ​លើ​ក្រុម Crystal Palace ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សៅរ៍ ដោយសារតែ​រូបគេ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Manchester។

    លោក Wenger បាន​បញ្ជាក់ថា៖ «រូបគេ​មិនបាន​ចូល​លេង​ទេ ពីព្រោះ​អ្នក​មិនអាច​ធ្វើដំណើរ​ទៅកាន់​ភាគ​ខាងជើង​ផង និង​លេង​បាល់ទាត់​ផង​ក្នុងពេល​តែមួយ​បានឡើយ»។

    ស្របពេល​ជាមួយគ្នានេះ លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់ Man Utd បាន​បញ្ជាក់ថា ការព្រមព្រៀង​គ្នា​មួយ​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Sanchez កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក ក្រោយពី​ក្រុម​របស់លោក​ទទួល​ជ័យជម្នះ 1-០ លើ​ក្រុម Burnley កាលពី​ថ្ងៃ​សៅរ៍៕

    ប្រភពពី៖ BBC

  • ទីក្រុង​ទាំង5 ដែល​អ្នក​គួរតែ​ទៅ​កម្សាន្ត​នា​រដូវរងា

    ទីក្រុង​ទាំង5 ដែល​អ្នក​គួរតែ​ទៅ​កម្សាន្ត​នា​រដូវរងា

    រដូវរងា​បានមក​ដល់​ហើយ ជាមួយ​ភាព​រ៉ូ​មែន​ទិ​ក ថែមទាំង​មិនមាន​ទឹកភ្លៀង និង​មិន​ក្ដៅ​ផងដែរ។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ការបញ្ចេញ​ម៉ូដ​សម្លៀកបំពាក់​រងា​ដែល​បាន​កប់​ទុក​នៅក្នុង​ទូ​ដ៏​សែន​ស្រស់ស្អាត​របស់​អ្នក​នៅក្នុង​ដំណើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ។ ដូច្នេះហើយ​ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​នាំ​អារម្មណ៍​របស់​អ្នក​ទៅ​ដើរ​កម្សាន្ដ​នៅ​ទីក្រុង​មួយចំនួន​នៅក្នុង​ទ្វីបអឺរ៉ុប ដែល​ធានាថា​ជាទី​ក្រុង​ដែល​កំពុង​ពេញនិយម និង​ស្រស់ស្អាត​នា​សិ​សិ​រដូវ​នេះ។

    1/ ទីក្រុង Prague នៃ​សាធារណៈរដ្ឋ​ឆេ​ក

    ដោយ​ទីក្រុង​នេះ​គឺជា​លំដាប់​ទីក្រុង​ទីមួយ​ដែលមាន​សោ​ភណ្ឌ​ភាពស្រស់ស្អាត​ដាច់​គេ​នៅក្នុង​ទ្វីបអឺរ៉ុប ហើយក៏​ជាទី​ក្រុង​ដ៏​សែន​រ៉ូ​មែន​ទិ​ក​ជាងគេ​នៅលើ​ពិភពលោក ព្រមទាំង​ជាទី​ក្រុង​មួយ​ដែល​គួរឱ្យ​ចង់​ធ្វើដំណើរ​កម្សាន្ដ​ពេញ​មួយឆ្នាំ​ថែមទៀត​ផង ព្រោះថា នៅក្នុង​ទីក្រុង​នេះ​មាន​ស្ថានីយ៍​ស្ថាបត្យកម្ម​វ័យ​ចំណាស់​ជាច្រើន​កន្លែង រហូត​ទទួល​បានការ​ប្រសិទ្ធ​នាម​ទីក្រុង​នេះ​ថា ជាទី​ក្រុង​អច្ឆរិយ​នៃ​ប្រាសាទ​មួយរយ​ដំណាក់ និង​ជាទី​ក្រុង​អរិយធម៌​អស្ចារ្យ​លើ​ពិភព-លោក។

    2/ ទីក្រុង Salzburg ប្រទេស​អូស្ត្រាលី

    ឈ្មោះ​ទីក្រុង​នេះ​មាន​អត្ថន័យ​សំដៅទៅ​ដល់​ឈ្មោះ​របស់​ប្រាសាទ​ក្រុង​អំបិល។ ទីក្រុង Salzburg មិនមែន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារ​ជា​ក្រុង​អំបិល​ធំជាងគេ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​វា​គឺជា​ទីក្រុង​ដែលមាន​តន្ត្រីករ និង​កវីនិពន្ធ​ល្បីឈ្មោះ​បំផុត​នៅលើ​ពិភពលោក​ដូចជា Wolfgang Amadeus Mozart ជាដើម។ ប្រសិនបើ​អ្នក​ចង់បាន​បទពិសោធ​នៃ​ជីវិត​ល្អ​ប្លែក ដែល​មិន​ធ្លាប់​ជួបប្រទះ​កន្លងមក​នា​រដូវរងា​នេះ សូមបញ្ជាក់​ផង​ទៅ​ចុះ​ថា ទីក្រុង​អំបិល​មួយ​នេះ ពិតជា​មិន​ធ្វើឱ្យ​អ្នក​ខកបំណង​ឡើយ ជាពិសេស​កម្រាល​ហិមៈ​ដ៏​សក្បុស​ក្រាល​ពាសពេញ​ទីក្រុង​ទាំងមូល​ផងដែរ។

    3/ ទីក្រុង Amsterdam ប្រទេស Netherlands

    គឺជា​ដែនដី​ដែល​មិន​មែនមាន​ត្រឹមតែ​ផ្កា​លី​លី​ស្រុក និង​កង្ហារ​ខ្យល់​ធំ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​ជាទី​ក្រុង​នៃ​ទ្វីបអឺរ៉ុប​មួយ​ដ៏​សែន​ស្រស់ស្អាត និង​គួរឱ្យ​ទាក់ទាញ​ចង់​រស់នៅ​ខ្លាំង​បំផុត។ នៅក្នុង​ទីក្រុង​នេះ​មាន​កន្លែង​ធម្មជាតិ​ស្រស់ត្រកាល​ហើយ​មនោ​រម្យ​ស្រស់ស្អាត​មួយកន្លែង​ដែល​បាន​ទាក់​យក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ឱ្យមក​កាន់​ទីក្រុង​នៃ​ស្ថាបត្យកម្ម ក្បូរក្បាច់​រចនា​បែប​សិល្បៈ​ដែល​ល្អ​ដាច់​គេ​នៅលើ​ពិភពលោក ហើយ​មនុស្ស​ជាច្រើន​ណាស់ ដែល​ស្រមៃ​ចង់​មក​ឃើញ​ទីក្រុង​មួយ​នេះ ក្នុង​មួយជីវិត​ឱ្យបាន​ម្ដង​ផងដែរ។ ក្រុង Amsterdam គឺជា​ទីក្រុង​រីករាយ​ក្អាកក្អាយ​ពេញ​មួយឆ្នាំ ក៏ប៉ុន្ដែ​បើ​អ្នក​ចង់​ដើរ​ឱ្យ​សព្វ​ជុំវិញ​ទីក្រុង​នេះ លុះត្រាតែ​អ្នកចំណាយ​ពេល​អស់​មួយខែ​ទើប​សព្វគ្រប់​កន្លែង​កម្សាន្ត​នៅក្នុង​ទីក្រុង​ដ៏​ប្រណីត​នេះ។

    4/ ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់

    គឺជា​ទីក្រុង​ដែល​ល្អ​បំផុត​នៅក្នុង​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​ព្រោះ​ទីក្រុង​នេះ គឺជា​ដើមកំណើត​នៃ​បុណ្យ​គ្រិស្ត​ម៉ាស​ដែលមាន​អាយុកាល​រាប់រយ​រាប់ពាន់​ឆ្នាំ​មកហើយ ដូច្នេះហើយ​បានជា​ភ្ញៀវទេសចរ​នឹង​បានឃើញ​រូបភាព​ដ៏​ស្រស់ស្អាត និង​សប្បាយរីករាយ​ជាមួយនឹង​វត្ថុ​អនុស្សា​រី​យ៍ ទំនិញ​តូចធំ ដែល​បាន​តាំង​បង្ហាញ​លក់​នា​រដូវ​កាល​បុណ្យ​ណូអែល​នេះ។ គេ​សង្កេតឃើញថា មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​សម្រុក​ធ្វើដំណើរ​កម្សាន្ដ​មកកាន់​ទីក្រុង Berlin នៅ​រដូវ​ធ្លាក់​ព្រិល​ខ្លាំងណាស់ ព្រោះ​ពួកគេ​បាន​កម្សាន្ដ​សប្បាយ​ជាមួយ​ប្រជាជន​នៅក្នុង​តំបន់ ដោយ​ការទទួល​កាដូ​ពិសេស​ពី​លោកតា សេន​តា​ឃ្លស់ និង​ចូលរួម​ពិធីបុណ្យ​គ្រិស្ត​ម៉ាស​យ៉ាង​រីករាយ​នៅទីនេះ។ មាន​មនុស្ស​ជាច្រើន​និយាយថា Gendarmen Marketគឺជា​កន្លែង​ដែល​លក់​វត្ថុ​អនុ​ស្សារី​យ៍ និង​អីវ៉ាន់​សម្រាប់​ពិធីបុណ្យ​គ្រិស្ត​ម៉ាស​ធំជាងគេ​នៅលើ​ពិភពលោក​នេះ ហើយក៏​ជាទី​កន្លែង​ដែលមាន​ភាព​ស៊ីវីល័យ​បំផុត​ផងដែរ។

    5/ ទីក្រុង​ប៉ារីស ប្រទេស​បារាំង

    គឺជា​ទីក្រុង​លំដាប់​មួយ​សម្រាប់​ភ្ញៀវទេសចរ​នៅលើ​ពិភពលោក។ ទីក្រុង​នេះ​ពោរពេញ​ទៅដោយ​ស្ថានីយ៍​ប្រវត្តិសាស្ត្រសំខាន់ៗ ស្ថានីយ៍​បុរាណ និង​វត្ថុ​សិល្បៈ​បុរាណ​ដែលមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន។ ម្យ៉ាងវិញទៀត ទីក្រុង​នេះ​មាន​ជំនាញ​ខាង​ផ្នែក​រចនា​ម៉ូដ​សម្លៀកបំពាក់ ទឹកអប់ និង​អាហារ ដែលមាន​ឈ្មោះ​ល្បីល្បាញ​ពាសពេញ​សាកលលោក ទើប​ជា​មូលហេតុ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ដ​នៅទីនេះ​ជា​រៀងរាល់ឆ្នាំ៕

  • ផ្លែឈើ 8ប្រភេទ ជួយ​ឱ្យនារីៗមាន​រូបរាង​ស្វែ​ល​ស្អាត

    ផ្លែឈើ 8ប្រភេទ ជួយ​ឱ្យនារីៗមាន​រូបរាង​ស្វែ​ល​ស្អាត

    នារីៗណា​ដែល​ប្រាថ្នា​ចង់​មាន​រូបរាងកាយ​ស្វែ​ល ស្អាត​សមសួន ច្រើនតែ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ជា​អាហារ​ពេលទំនេរ ឬ​អ្នកខ្លះ​ទទួលទាន​ផ្លែឈើ​ជំនួស​អាហារ​ពេលចម្បងៗម្ដងម្កាល​ក៏មានដែរ​ទាំងអស់នេះ​គឺ​ដើម្បីឱ្យ​តួលេខ​នៅលើ​ជញ្ជីង​ថ្លឹង​ទម្ងន់​ខ្លួន​បាន​ថយចុះ​សមតា​ម​បំណងប្រាថ្នា ប៉ុន្តែ…សួរថា តើ​ត្រូវ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​មួយណា​ល្អ​ទៅ ទើប​វា​ជួយ​បញ្ចុះ​ភាពធាត់​បាន​បែបស្រួលៗ ថែមទាំង​ឆ្អែត​ពោះ​ទៀតផង​នោះ?

    ថ្ងៃនេះ យើង​មាន​ផ្លែឈើ8ប្រភេទ​ដែល​នឹង​ជួយ​ឱ្យនារីៗយើង​បញ្ចុះ​ភាពធាត់​របស់​រាងកាយ​បាន​យ៉ាង​ងាយស្រួល​មក​ជម្រាប ជូន​ដូចតទៅ៖

    1/ ផ្លែ​ប៉ោម

    ផ្លែឈើ​ពណ៌​ក្រហម លឿង និង​បៃតង​នេះ អាចជួយនារីៗយើង​ឱ្យ​បញ្ចុះ​ភាពធាត់​បាន​យ៉ាងសប្បាយៗ ព្រោះ​ផ្លែ​ប៉ោម​មានឈ្មោះ​ល្បីល្បាញ​ថា ជា​ស្ដេច​របស់​ផ្លែឈើ​សម្រក​ទម្ងន់ ដោយសារតែ​ផ្លែ​ប៉ោម​មាន​សារធាតុ​កាក​សរសៃ​អាហារ ឬ​ហ្វៃ​ប៊ើ​រ​យ៉ាងច្រើន។ នៅពេល​ទទួលទាន​ចូលទៅ​ហើយ នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ពោះ​បានយូរ ព្រោះ​ជាតិ​ស្ករ ហ្វ្រុ​ក​តូ​ស នៅក្នុង​ផ្លែ​ប៉ោម​នឹង​បំ​លែង​រូប​ទៅជា​ថាមពល​យ៉ាងសន្សឹមៗ ជួយ​ឱ្យ​រាងកាយ​មិនមាន​អារម្មណ៍​ថា​ឃ្លាន។

    ក្រោ​ពីនេះ ផ្លែ​ប៉ោម​នៅ​ផ្ដល់​ថាមពល​ត្រឹមតែ 59កាឡូរី​ប៉ុណ្ណោះ ទើប​មិន​ធ្វើឱ្យ​ធាត់ ថែមទាំង​មាន​វីតាមីន សារធាតុ​រ៉ែ ដែលមាន​ប្រយោជន៍​ដល់​រាងកាយ​ជាច្រើន​ទៀតផង ជាពិសេស “ផេ​កទីន” ដែលមាន​គុណសម្បត្តិ​បំប៉ោង​ខ្លួន​បាន​ច្រើន​ទើប​វា​ទៅ​បង្កើន​កាក​សរសៃ​ក្នុង​អាហារ​ធ្វើឱ្យ​ប្រព័ន្ធ​បន្ទោបង់​ដំណើរការ​យ៉ាង​ប្រក្រតី ជួយ​ការពារ​ជំងឺមហារីក​ពោះវៀនធំ ជួយ​ចាប់​កូ​លេ​ស្តេ​រ៉ូ​ល និង​ជួយ​កម្ចាត់​សារធាតុពុល​ចេញពី​រាងកាយ​បាន​ទៀតផង។

    2/ ផ្លែ​ត្របែក

    កំពូល​ផ្លែឈើ​ដែល​ពេញប្រៀប​ទៅដោយ​វីតាមីន​មួយ​នេះ ជួយ​ឱ្យ​លោកអ្នក​អាច​បញ្ចុះ​ភាពធាត់​បាន​យ៉ាង​មិន​ពិបាក​ឡើយ ព្រោះ​ផ្លែ​ត្របែក​ជា​ផ្លែឈើ​ដែល​ផ្ដល់​កម្លាំង​ថាមពល​ទាបថែមទាំង​មាន​រសជាតិ​ឆ្ងាញ់ ទំពា​ជក់មាត់​ទៀតផង ទើប​ស័ក្តិសម​ជាមួយនារីៗយើង​ដែល​ចូលចិត្ត​ញ៉ាំ​នេះ​ញ៉ាំ​នោះជារឿយៗ ដែល​ក្រៅពី​នឹង​ជួយ​បញ្ចុះ​ភាពធាត់​បាន​ហើយ  វីតាមីន C នៅក្នុង​ផ្លែ​ត្របែក​ថែមទាំង​ជួយ​សាង​ខូ​ល​ឡា​ជេន ធ្វើឱ្យ​ស្បែក និង​សាច់​របស់​អ្នក​ឡើង​តឹង ភ្លឺរលោង គ្មាន​សន្លាក​ស្នាម​ទៀតផង។

    ដូច្នេះ បើសិន​ឃ្លាន​នៅពេលក្រោយៗទៀត កុំ​ភ្លេច​ស្រវា​រក​ផ្លែ​ត្របែក​មក​ទទួលទាន​ជំនួស​នំផ្សេងៗណា៎… តែ​សូម​ផ្ដាំ​ផង​ថា ទទួលទាន​តែ​ផ្លែ​ត្របែក​មួយ​មុខ​គត់​ទេ​ណា៎ កុំ​ច្រឡំ​ភ្លេចខ្លួន​ទៅ​ជ្រលក់​ជាមួយ​អំបិលម្ទេស​ស្ករ​ឱ្យសោះ ព្រោះ​អាច​នឹង​ធ្វើឱ្យ​ធាត់​បាន។

    3/ ផ្លែ​ឪឡឹក

    ឪឡឹក ផ្លែធំៗ រសជាតិផ្អែមៗ មិនបាន​ធ្វើឱ្យ​លោកអ្នក​ធាត់​ដោយ​ប្រការ​ណាមួយ​ឡើយ ព្រោះ​សាច់​ផ្លែ​ឪឡឹក​មួយ​ចាន ផ្ដល់​ថាមពល​ត្រឹមតែ50កាឡូរី​ប៉ុណ្ណោះ ថែមទាំង​ផ្ដល់​ជាតិ​ខ្លាញ់​តិច​បំផុត និង​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ច្រើន​ដល់​ទៅ93% នៃ​ចំណែក​ផ្សំ​ទាំងអស់ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែត ដូច្នេះ​មិនចាំបាច់​ភ័យខ្លាច​ថា ផ្លែ​ឪឡឹក​នឹងធ្វើ​ឱ្យនារីៗយើង​ធាត់​នោះទេ។ ផ្ទុយទៅវិញ បើ​ទទួលទាន​ផ្លែ​ឪឡឹក​ជំនួស​អាហារ​ពេល​ល្ងាច​ផង ក៏​អាចជួយ​បញ្ចុះ​ភាពធាត់​បាន​យ៉ាង​ងាយ​ផងដែរ តែ​គួរ​ទទួលទាន​ឱ្យ​សមល្មម មិន​ច្រើន​ជ្រុល​ពេក មិន​ដូច្នោះ​ទេ ពោះ​នឹង​កូរ​រមួល ថែមទាំង​ត្រូវ​ចូល​បន្ទប់ទឹក​បត់ជើង​តូច​ញឹកញាប់​ទៀតផង។

    4/ ផ្លែក្រូច

    នារីៗជាច្រើន​នាក់ ច្រើនតែ​កេះ​សរសៃ​សម្បក​ក្រូច​ចេញពី​សាច់​ក្រូច​រហូត​អស់រលីង ដើម្បីឱ្យ​ងាយស្រួល​ទទួលទាន តែ​អ្នកដឹង​ទេ​ថា អ្នក​កំពុងតែ​បោះ​របស់​ល្អ​ចោល​ហើយ ព្រោះ​កាក​សរសៃ​ហ្នឹងហើយ​ដែល​នឹង​ជួយ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឱ្យនារីៗយើង​នោះ ដោយ​កាក​សរសៃ​នេះ​នឹង​ជួយ​ធ្វើឱ្យមាន​អារម្មណ៍​ឆាប់​ឆ្អែត​ពោះ និង​ជួយ​ធ្វើឱ្យ​បន្ទោបង់​បាន​ស្រួល។ យ៉ាងណាក៏ដោយ ក្រូច​ជា​ផ្លែឈើ​ដែល​ផ្ដល់​កម្លាំង​ថាមពល​រាង​ខ្ពស់​បន្តិច បើ​ធៀប​ជាមួយ​ផ្លែឈើ​បញ្ចុះ​ភាពធាត់​ប្រភេទ​ផ្សេងទៀត ដូច្នេះ​គួរ​ទទួលទាន​ក្នុង​បរិមាណ​ល្មម​សមរម្យ​បាន​ហើយ។

    5/ ផ្លែ​ល្ហុង

    ល្ហុង ជា​ផ្លែឈើ​ដែល​ជួយ​បណ្ដេញ​សារធាតុពុល និង​កាកសំណល់​ចេញពី​រាងកាយ ថែមទាំង​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ផ្សេងៗនៅ​ខាងក្នុង​រាងកាយ​បាន​ទៀតផង។ ផ្លែ​ល្ហុង​មាន អង់​ហ្ស៊ី​ម​ប៉ា​ប៉េ​ន ដែល​នឹង​ជួយ​រំលាយ​ប្រូ​តេ​អី​ុ​ន និង​រំលាយ​អាហារ ទើប​វា​ជួយ​បញ្ចុះទម្ងន់​បាន​មួយផ្នែក​ដែរ។ ចំណែក​អ្នកណា​ដែល​ចង់​មាន​ស្បែក និង​សាច់​ស្អាត​វិញ ផ្លែ​ល្ហុង​ក៏​ជា​ជម្រើស​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ ព្រោះ​ល្ហុង​មាន​វីតាមីន C និង​បេ​តា​ឃែ​រ៉ូ​ធី​ន​ខ្ពស់ ទើប​វា​ជួយ​បំប៉ន​ស្បែក​បាន​យ៉ាង​ល្អ។

    6/ ផ្លែ​ស្រកានាគ

    ស្រកានាគ ជា​ផ្លែឈើ​ដែល​ជួយ​ឱ្យ​លោកអ្នក​ឆ្អែត​ពោះ​បាន​យ៉ាង​ងាយ មិន​ចាញ់​ផ្លែឈើ​ប្រភេទ​ផ្សេង​ទៀតឡើយ ព្រោះ​ផ្លែ​ស្រកានាគ​មាន​កាក​សរសៃ​ខ្ពស់ និង​កាឡូរី​ទាប ថែមទាំង​មានរសជាតិ​ផ្អែម​ឆ្ងាញ់​ទៀតផង ដូច្នេះហើយ​ទើប​មនុស្ស​ជាច្រើន​ជ្រើសរើស​ទទួលទាន​ផ្លែ​ស្រកានាគ​ធ្វើជា​អាហារ​ពេល​ល្ងាច ឬ​ទទួលទាន​រួមជាមួយ​ញាំ​បន្លែ​ដទៃទៀត ដើម្បី​បញ្ចុះទម្ងន់ ដោយ​មិនបាច់​បារម្ភ​ថា ភាព​ផ្អែម​របស់​វា​នឹង​ក្លាយទៅជា​ដុំ​ខ្លាញ់​ប្រមូល​សន្សំ​ក្នុង​រាងកាយ​នៅពេល​ក្រោយ​ឡើយ។

    ក្រៅពី​បញ្ចុះទម្ងន់​ហើយ លទ្ធផល​បន្ទាប់បន្សំ​មួយទៀត​ដែល​បាន​ពី​ផ្លែ​ស្រកានាគ​ដែលនារីៗយើង​មិនគួរ​ខកខាន​ដូចគ្នា​ដែរនោះ​គឺ​ស្រកានាគ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែលមាន​វីតាមីន E ខ្ពស់​ខ្លាំងណាស់ ដូច្នេះ​ទើប​វា​ជួយ​ថែបំប៉ន​ស្បែក​ផង ហើយ​ថែមទាំង​ជំរុញ​ក្រពេញ​ទឹកដោះ​សម្រាប់​ស្ត្រី​ដែល​ទើបតែ​ប្រសូត​បុត្រ​រួច​ទៀតផង។

    7/ ផ្លែ​គី​វី

    ជា​ផ្លែឈើ​ដ៏​ពេញនិយម​មួយទៀត​របស់នារីៗដែល​ប្រាថ្នា​បញ្ចុះទម្ងន់ ព្រោះ​គី​វី​ជា​ផ្លែឈើ​ដែលមាន​កាក​សរសៃ​ច្រើនជាង​ផ្លែ​ប៉ោម និង​ក្រូច​ដល់​ទៅ25%ឯណោះ ធ្វើឱ្យមាន​អារម្មណ៍​ឆាប់​ឆ្អែត និង​ឆ្អែត​បានយូរ ថែមទាំង​មាន​វីតាមីន C និង​វីតាមីន E ខ្ពស់ ដែល​នឹង​ជួយ​ឱ្យ​ស្បែក និង​សាច់​ភ្លឺ​ថ្លា ជួយ​ប្រឆាំង​អនុ​មូល​ឥស្សរៈ បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម បំប៉ន​កោសិកា​គ្រាប់​ឈាម​ឱ្យ​រឹងមាំ និង​ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម​ទៀតផង។ អ្នកណា​ដែល​ចូលចិត្ត​ទទួលទាន​ផ្លែ​គី​វី​នឹង​ទទួលបាន​ប្រយោជន៍​ពី​ផ្លែ​គី​វី​ច្រើនយ៉ាង​ណាស់។

    8/ ក្រេប​ហ្វ្រុ​ត

    Grapefruit with a half and leaves on white background

    ជា​កំពូល​ផ្លែឈើ​ដៃ​អ៊ែត​ដែល​កំពុង​ពេញ-និយម​បំផុត  ព្រោះ​កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា ការទទួល​ទាន “ក្រេប​ហ្វ្រុ​ត” ពាក់កណ្ដាល​ផ្លែ​មុនពេលបាយ នឹង​ជួយ​ឱ្យ​ទម្ងន់​ខ្លួន​ថយចុះ​បាន​យ៉ាង​មិនគួរ​ឱ្យ​ជឿ ដោយ​វា​អាច​បញ្ចុះ​បរិមាណ​កាឡូរី​បាន​ដល់​ទៅ150កាឡូរី​ក្នុង​មួយថ្ងៃ ហើយ​ថែមទាំង​ក្នុង​ក្រេប​ហ្វ្រុ​ត​ពាក់កណ្ដាល​ផ្លែ​នោះមាន​កាឡូរី​ត្រឹមតែ39កាឡូរី​តែប៉ុណ្ណោះ​ទៀតផង។

    ចង់​ស្គម ចង់​ស្អាត នារីៗយើង​ត្រូវតែ​កុំ​ខកខាន​ក្នុងការ​ភ្លក្ស​រសជាតិ​ផ្លែឈើ​បញ្ចុះទម្ងន់​ទាំង8ប្រភេទ​ដែល​យើង​បាន​នាំយកមក​ផ្ញើជូន​ដូច​ខាងលើនេះ​ឱ្យសោះ ណា៎​ចា៎ស!៕