Category: សង្គម និងសេដ្ឋកិច្ច

  • Chelsea និង Roma យល់ព្រម​លើ​ការផ្ទេរ Dzeko និង Palmieri

    Chelsea និង Roma យល់ព្រម​លើ​ការផ្ទេរ Dzeko និង Palmieri

    ក្លិប Chelsea និង Roma បាន​យល់ព្រម​ទៅលើ​លក្ខខណ្ឌផ្សេងៗក្នុងការ​ផ្ទេរ​មួយ​ដែល​នឹងធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Edin Dzeko ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge។ នេះ​បើ​យោងតាម​ទូរទស្សន៍ Sky Sports News ក្នុងប្រទេស​អ៊ីតាលី។

    បណ្តាញសារព័ត៌មាន Sky Sports News បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្លិប​ទាំងពីរ​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​លើ​ការផ្ទេរ​កីឡាករ​ពីរ​នាក់ គឺ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បូ​ស្នី Dzeko និង​មិត្ត​រួម​ក្រុម​របស់គេ Emerson Palmieri ដែលជា​ខ្សែការពារ​ស្លាប​ឆ្វេង​សញ្ជាតិ​ប្រេ​ស៊ី​ល។ បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Guardian  ក្លិប Chelsea បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន 44លាន​ផោន (ស្មើនឹង 62.67លាន​ដុល្លារ​អាមេរិក) បូក​ទាំង​ប្រាក់ឧបត្ថម្ភ​ចំនួន13.2លាន​ផោន​ទៀត ដើម្បី​នាំយក​កីឡាករ​ទាំងពីរ​នាក់​ពី​ក្លិប Roma។

    តែ​ទោះបីយ៉ាងណា Chelsea មិនទាន់​ឈានដល់​ការព្រមព្រៀង​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង Dzeko នៅឡើយ​ទេ។ វា​មិនទាន់​ច្បាស់​នៅឡើយ​ថា បញ្ហា​នៃ​ការ​មិនទាន់​ព្រមព្រៀងគ្នា​នេះ ដោយសារតែ​រយៈពេល​នៃ​កុងត្រា ឬ​ទំហំ​នៃ​ប្រាក់បៀវត្សរ៍ ឬ​យ៉ាងណា​ឡើយ។ ប៉ុន្តែ វា​ត្រូវបាន​គេ​យល់ឃើញថា ការផ្ទេរ​របស់ Emerson ផ្តល់​លក្ខ​ខណៈ​ងាយស្រួល​ជាង ខណៈដែល​ខ្សែការពារ​វ័យ 23ឆ្នាំ​រូបនេះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​បំពេញ​ការផ្ទេរ​របស់គេ។

    Dzeko ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​របស់ Roma ដែល​បានធ្វើ​ការប្រកួត​ជាមួយនឹង​ក្រុម Sampdoria កាលពី​ថ្ងៃ​ពុធ ខណៈដែល​លោក Monchi ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប​នេះ​បាន​បញ្ជាក់ថា រូបគេ​មិនទាន់​យល់ព្រម​ទៅលើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ។ លោក​បាន​ប្រាប់​ទូរទស្សន៍ Mediaset Premium ថា៖ «Roma ដូចនឹង​ក្លិប​ទាំងអស់​ក្នុង​ពិភពលោក​ដែរ ដោយ​ស្តាប់​សំណើផ្សេងៗ ដែល​ផ្តល់​ឲ្យ​កីឡាករ មិនមែន​ត្រឹមតែ Edin Dzeko ប៉ុណ្ណោះ​ទេ ប៉ុន្តែ គ្រប់គ្នា​ទាំងអស់​នៅក្នុង​ក្រុម​នេះ»៕

    ប្រភពពី៖ Sky Sports

  • Xhaka ជួយ​ឲ្យ Arsenal ផ្តួល Chelsea ដើម្បី​ទៅ​ជួប Man City ក្នុង League Cup

    Xhaka ជួយ​ឲ្យ Arsenal ផ្តួល Chelsea ដើម្បី​ទៅ​ជួប Man City ក្នុង League Cup

    Granit Xhaka បា​នរក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​ខ្លួន ខណៈដែល​ក្រុម Arsenal បានធ្វើការ​វាយបក​ដេញតាម​ពីក្រោយ ដើម្បី​ផ្តួល​ក្រុម Chelsea 2-1 ក្នុងការ​ប្រកួត​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី2 នា​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​ពុធ និង​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ កាលពី​ជើង​ទី1។

    ខ្សែបម្រើ​អន្តរជាតិ​ស្វ៊ី​សរូប​នេះ បា​នរក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​របស់ខ្លួន​នៅ​នាទី​ទី60 ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ជួប​ជាមួយ​ក្រុម Manchester City នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី25 ខែកុម្ភៈ ខាងមុខនេះ។ ក្រុម Man City របស់លោក Pep Guardiola បាន​ឈានទៅ​កាន់​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួល​ក្រុម Bristol City របស់​ក្របខ័ណ្ឌ Champion ship ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ និង​ឈ្នះ​ទាំងពីរ​ជើង 5-3 ដើម្បី​រក្សា​ការ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ប្រជែង​ដណ្តើមពាន 4 ក្នុង​រដូវ​កាល​តែមួយ។

    ជ័យជម្នះ​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​លោក Wenger ក្នុង​សប្តាហ៍​មួយ ដែល​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​ប្រឈមមុខ​នឹង​ភាព​ត្រដាបត្រដួស​ក្នុងការ​ប្រជែង​យក​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League ដោយសារ​បាត់បង់ Sanchez ដែលជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​របស់​ពួកគេ។

    លោក Wenger បាន​ទទួលស្គាល់ថា ភាពមិនច្បាស់លាស់​នៃ​ការផ្ទេរ​របស់ Sanchez បានធ្វើ​ឲ្យ​ក្រុម​របស់លោក​រង្គោះរង្គើ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ គ្រូបង្វឹក​វ័យ 68 ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​បាន​បាត់បង់​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​គឺ Alexis Sanchez  ហើយ​ក្រុម​មួយ​ដែល​មិនដឹង​ពីអ្វី​ដែល​នឹង​កើតឡើង​នៅ​បន្ទប់​ប្តូរ​សម្លៀកបំពាក់ នឹងខ្វះ​នូវ​ការផ្តោត​អារម្មណ៍ផ្សេងៗលើ​ទម្រង់​លេង»៕

    ប្រភពពី៖ The Sun

  • 4 វិធី​គិត ជួយ​ធុរកិច្ច​ឱ្យ​រុងរឿង

    4 វិធី​គិត ជួយ​ធុរកិច្ច​ឱ្យ​រុងរឿង

    ក្រៅពី​ចំណេះ និង​ការយល់ដឹង​ក្នុង​ធុរកិច្ច​ដែល​ខ្លួន​កំពុង​ធ្វើ​ហើយ​នោះ វិធី​គិត​ដែលល្អៗ ក៏​ហុច​ផល​ដល់​ភាពជោគជ័យ​របស់​ធុរកិច្ច​បាន​ដូចគ្នា ព្រោះ​វិធី​គិត​ប្រៀបដូចជា​ខ្សែ​ផ្លូវ​ដែលនឹង​នាំ​សហគ្រិន​ឆ្ពោះទៅរក​ជ័យជម្នះ ហើយ 4វិធី​គិត​ដែល​ឡា​រ៉ែ​ន​នឹង​ណែនាំ​តទៅ​នេះ គឺជា​វិធី​គិត​ដែល​សហគ្រិន​គ្រប់រូប​ចាំបាច់​ត្រូវតែមាន។

    1. ត្រៀម​កែសម្រួល​វិធី​គិត​គ្រប់ពេលវេលា

    ការប្រកាន់​ខ្ជាប់​ជាមួយ​វិធី​គិតដដែលៗដែល​ធ្លាប់បាន​សាង​ភាពជោគជ័យ​ដល់​យើង​នោះ​មិនមែនជា​រឿង​ខុសឆ្គង​ទេ​ប៉ុន្តែ​បើសិន​ថ្ងៃ​ណាមួយ ដែល​វិធី​គិត​ទាំងនោះ​មិនអាច​សាង​ភាពជោគជ័យ​បាន​តទៅទៀត ឬ​ប្រើ​សម្រាប់​កែខៃ​បញ្ហា​លែង​បាន​ហើយ​នោះ សហគ្រិន​ត្រូវតែ​កែសម្រួល​វិធី​គិត​ជាថ្មី ដោយ​វិធី​គិត​បែប​ថ្មី​នេះ ត្រូវតែ​អាច​កែខៃ​បញ្ហា​ដែល​កើតឡើង​នៅ​ខណៈ​ពេលនោះ​ឱ្យបាន។

    1. សម្លឹងមើល​អនាគតរ​បស់​ធុរកិច្ច​ឱ្យ​ធ្លុះ

    ព្រោះ​វា​នឹង​ធ្វើឱ្យ​សហគ្រិន​អាច​កំណត់​ខ្សែ​ផ្លូវ​នៃ​ការ​ដំណើរការ​ធុរកិច្ច​របស់ខ្លួន​បានច្បាស់លាស់ និង​ដឹងថា ត្រូវ​ដំណើរការ​ធុរកិច្ច​ទៅក្នុង​ទិសដៅ​ណា​ទើប​ទទួលបាន​ជោគជ័យ​តាមគោលដៅ​ដែល​បានកំណត់​ទុក។ ផ្ទុយទៅវិញ បើ​សហគ្រិន​សម្លឹងមើល​អនាគត​របស់​ធុរកិច្ច​មិន​ធ្លុះ ច្បាស់​ជា​នឹង​ដំណើរការ​ធុរកិច្ច​ទៅមុខ​យ៉ាង​គ្មាន​គោលដៅ ដែល​នឹង​ហុច​ផល​ឱ្យ​ធុរកិច្ចនោះ​ដួលរលំ​បាន។

    1. មាន​ផែនការ​បម្រុង ទុក​សម្រាប់​ហេតុការណ៍​ដែល​មិន​នឹកស្មាន​ដល់

    យើង​មិនដឹងថា​នៅពេល​អនាគត ធុរកិច្ច​របស់​យើង​នឹង​ទទួលបាន​ជោគជ័យ ឬ​បរាជ័យ ហើយ​នឹងមាន​បញ្ហា​អ្វីខ្លះ​ឱ្យ​យើង​ដោះស្រាយ​នោះទេ ដូច្នេះហើយ​ទើប​វិធី​ការពារ​ដែល​ល្អបំផុត ប្រហែលជា​គេច​មិន​ផុតពី​ការ​ត្រូវតែមាន​ផែនការ​បម្រុង ទុក​ប្រើ​ក្នុងពេល​អាសន្ន​ហ្នឹងឯង (ចំណុច​នេះ​ចាំបាច់​ត្រូវតែមាន)។

    4 . ធ្វើ​ធុរកិច្ច​ដោយ​ទ្រឹស្ដី Game Theory

    ព្រោះ​នឹងធ្វើ​ឱ្យ​សហគ្រិន​សម្លឹងមើល​ធ្លុះ​ថា គូប្រជែង​របស់​ធុរកិច្ច​ខ្លួនឯង​គឺ​នរណា? ការប្រកួតប្រជែង​លើក​នេះ​នឹងមាន​លទ្ធផល​ឈ្នះ​ចាញ់​យ៉ាងណា? និង​មាន​ភាព​មានប្រៀប​លើការប្រកួតប្រជែង​ច្រើន​តិច​ប៉ុនណា?។ នៅពេល​សម្លឹងមើល​ធ្លុះ​ហើយ ក៏​នឹង​អាច​វាយតម្លៃ​ស្ថានការណ៍​នៃ​ការប្រកួតប្រជែង​បាន និង​ដឹងថា ត្រូវ​ទប់​ទល់នឹង​គូប្រជែង​យ៉ាងណា​ទើប​ទទួលបានជ័យជម្នះ?៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ?

    តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ?

    មន្ត្រី​ជំនាញ​កសិកម្ម​បានលើកឡើង​ថា យ៉ាងហោចណាស់​ក៏​កម្ពុជា​ត្រូវការ​បន្លែ ត្រី សាច់ ប្រមាណ​ជា1លាន​តោន​ដែរ​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នៅលើ​ទីផ្សា​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​ប្រមាណ​ជា 55ភាគរយ​ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង និង45ភាគរយ​ផលិត​បាន​នៅក្នុង​ស្រុក។

    លោក តាន់ ព្រឿ​ន កសិករ​វ័យ​ចំណាស់​នៅ​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង មានប្រសាសន៍ថា ការប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​របស់​ពួកគាត់​ហាក់​ពុំ​សូវ​បានទទួល​ផលចំណេញ​ប៉ុន្មាន​ទេ ដោយសារតែ​ធ្វើទៅ​តាម​ទម្លាប់​ពី​បុរាណ មិនមាន​មន្ត្រី​ជំនាញ​កសិកម្ម​របស់រ​ដ្ឋ​ចុះមក​បង្រៀន ឬ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម​ដល់​ពល​រដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះឡើយ ដែល​ត្រង់នេះ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “មាន​ម្តងម្កាល​ដែរ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះមក​អប់រំ​ណែនាំ​អំពី​បច្ចេកទេស​នៃ​ការដាំដុះ​ដើម្បីឱ្យ​ទទួលបាន​ផល​ល្អ ប៉ុន្តែ​មិនមែនជា​មន្ត្រី​ជំនាញ​របស់​រដ្ឋ​ទេ មានតែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ស​ហ​ការ​ជាមួយ​ក្រុមហ៊ុន​លក់​សម្ភា​រ​កសិកម្ម ពិសេស​ក្រុមហ៊ុន​លក់​ជី​នេះ​តែម្តង ដែល​មក​ផ្សព្វផ្សាយ​ផលិតផល​ជី​របស់គេ ហើយ​ប្រាប់ថា​ប្រើ​ជី​នោះ​ទៅ​កសិកម្ម​នឹង​ទទួលបាន​ផល​ច្រើន តែ​ដូចជា​មិនមាន​ប្រសិទ្ធភាព​ឡើយ។

    កសិករ​ដដែល​បានលើកឡើង​ទៀតថា នៅក្នុង​មូលដ្ឋាន​របស់គាត់​មាន​ជួប​ការលំបាក​ជាច្រើន​ដូចជា ពិបាក​ផ្លូវ​ធ្វើដំណើរ ខ្វះខាត​ប្រព័ន្ធធារាសាស្ត្រ​ពិសេស​ប្រព័ន្ធ​ប្រឡាយទឹក​ពុំ​អនុគ្រោះ​ឱ្យ​ពួកគាត់​អាច​ប្រកប​របរ​ដាំំ​ដំណាំ​កសិកម្ម​បាន​ទាំងពីរ​រដូវ គឺ​ប្រាំង និង​វស្សា​ដូច​ប្រទេសជិតខាង​បានឡើយ។ អ្វី​ដែលជា​ឧបសគ្គ​ខ្លាំង​សម្រាប់​ការដាំដុះ​នោះ គឺ​កសិករ​នៅក្នុង​មូលដ្ឋាន​ត្រូវការ​ចំណាយ​ដើមទុន​ច្រើន​សម្រាប់​ទិញ​សម្ភារ​កសិកម្ម ពិសេស​ថ្លៃ​ជី និង​ប្រេង​ជាដើម ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង ហើយ​ពេល​ផលិត​បាន​ផល បែរជា​ជួប​បញ្ហា​កង្វះ​ទីផ្សារ ឬ​ត្រូវ​ឈ្មួញ​ទម្លាក់​តម្លៃ​ជាដើម។ ឆ្នាំ​ខ្លះ​ប្រមូល​ផល​បាន​ហើយ​លក់​ចេញ​វិញ​ចំណេញ​បាន​តិចតួច ឆ្នាំ​ខ្លះ​លក់​ចេញ​វិញ​ខាតដើម​ក៏មានដែរ​ដែលជា​ហេតុ​ធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់គាត់ និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នៅតែមាន​ជីវភាព​ខ្សត់ខ្សោយ។

    ជាមួយគ្នានេះដែរ លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជាមាន​ប្រសាសន៍ថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​វិស័យ​កសិកម្ម​របស់​យើង​នៅតែមាន​ភាពទន់ខ្សោយ គឺ​ដោយសារ៖

    1.ចំណេះដឹង​អំពី​កសិកម្ម​របស់​កសិករ​កម្ពុជា៖ ភាគច្រើន​ធ្វើ​កសិកម្ម​ទៅតាម​ទម្លាប់​ពី​បុរាណ ឬ​ធ្វើទៅតាមៗគ្នា ឃើញ​អ្នកណា​ធ្វើ​អ្វីមួយ​បាន​ក៏​នាំគ្នា​ធ្វើតាម លុះដល់​ពេលធ្វើ​ច្រើន​លើស​កម្រិត មិនមាន​តម្រូវការ​លើ​ទីផ្សារ។

    2.កត្តារួម​ចំណែក​ខាង​ផលិតកម្ម៖ មិនមាន​ការគាំទ្រ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កសិករ​ឬ​មាន​ដែរ តែមាន​តិចតួច​នៅក្នុង​តំបន់​ខ្លះ ដែលជា​ហេតុនាំឱ្យ​របរ​ដាំ​ដុះ​មិន​ទទួលបាន​លទ្ធផល​ល្អ។

    3.ហេដ្ឋារចនាសម្ព័ន្ធ៖ មិនមាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​កសិករ​ដាំ​ដុះ​បាន​គ្រប់​រដូវ​កាល ពោលគឺ កសិករ​កម្ពុជា​ភាគច្រើន​ធ្វើស្រែ ឬ​ដាំ​ដំណាំ​បានតែ​ម្តង​ក្នុង​មួយឆ្នាំ ខុសពី​កសិកម្ម​នៅ​ស្រុក​គេ​ធ្វើបាន​ទាំង​រដូវប្រាំង និង​រដូវវស្សា។

    4.ធាតុ​ផ្សំ​នៃ​ផលិតកម្ម៖ ដូចជា​ជី ថ្នាំ​គីមី ប្រេងសាំង ឬ​ប្រេងម៉ាស៊ូត​សម្រាប់​បូមទឹក​ស្រោច​ដំណាំ​មានតម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង ជាហេតុ​ធ្វើឱ្យ​កសិករ​ចំណាយ​ថ្លៃដើម​ខ្ពស់ ពេល​លក់​ចេញ​មិនសូវ​បាន​ប្រាក់ចំណេញ។

    5.មួយវិញទៀត​កសិករ​នៅតាម​តំបន់​មិនបាន​ចងក្រង​គ្នា​ជា​ក្រុម​ដើម្បី​ឱ្យមាន​អ្នកតំណាង​ចុះ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទទួលបាន​កម្ចី​អត្រា​ការប្រាក់​ទាប​ជាង10%ក្នុង​រយៈពេល​មួយឆ្នាំ​នោះទេ។

    ការ​ចងក្រង​ជា​សហគមន៍​នេះ​មាន​សារៈសំខាន់​ណាស់ គឺ​ដើម្បី​ពិភាក្សាគ្នា​រៀបចំ​ផែនការ​ច្បាស់លាស់​ដើម្បី​រក​ទីផ្សារ​ជាមុន មុននឹង​សម្រេច​ធ្វើ​កសិកម្ម​លើ​ផ្នែក​ណាមួយ។ សម្រាប់​ប្រទេស​ជិតខាង​ដូចជា​ថៃ និង​វៀតណាម​ជាដើម រដ្ឋាភិបាល​របស់គេ​ជួយ​អន្តរាគមន៍​ឱ្យមាន​កម្ចី​ការប្រាក់​ទាប​សម្រាប់​កសិក​រ ហើយ​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ច្បាស់លាស់ ទើប​កសិកម្ម​ស្រុក​គេ​មាន​ភាពប្រសើរ​ជាង​កម្ពុជា ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ទឹក​នៅ​ទីតាំង​ខ្ពស់ជាង​តែង​ហូរ​ចុះ​មករក​ទីតាំង​ដែល​ទាប​ជាង កសិកម្ម​ក៏​ដូចគ្នា​ដែរ ប្រទេសជិតខាង​គេ​មាន​ភាពល្អប្រសើរ​ជាង​យើង ទើប​ធ្វើឱ្យ​កសិផល​របស់គេ​ហូរ​ចូលមកក្នុង​ទីផ្សា​ក្នុងស្រុក​យើង​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ។

    ដើម្បី​លើកកម្ពស់​ដំណាំ​កសិកម្ម លោក សម វិទូ មានប្រសាសន៍​ស្នើឱ្យ​រដ្ឋាភិបាល​រៀបចំ​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​ឱ្យបាន​ល្អ ជួយ​អន្តរាគមន៍​តម្លៃ​ជីគីមី​ឱ្យមាន​តម្លៃ​ទាប​ដូច​ប្រទេសជិតខាង ជាពិសេស​ជួយ​រៀបចំ​សហគមន៍​កសិករ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មាន​ក្រុម​ដឹកនាំ​សហគមន៍​ដើម្បី​ស្នើសុំ​កម្ចី​បាន​ក្នុង​អត្រា​ការប្រាក់​ទាប​សម្រាប់​ធ្វើក​សិ​កម្ម។ ជាមួយគ្នានេះដែរ​កសិក​រ​គួរ​ត្រូវ​ចេះ​គណនា​ថ្លៃដើម​នៃ​ការផលិត ហើយ​ទូទាត់​នៅពេល​លក់​កសិផល​ចេញទៅ​វិញ ថា តើ​បាន​ផលចំណេញ ឬ​មិន​ចំណេញ? ហើយ​បើ​មិន​ចំណេញ​គួរ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដាំ​ដុះ​របៀប​ណា​វិញ?។

    គួរបញ្ជាក់​ផងដែរ​ថា មកទល់​ពេល​បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​ចងក្រង សហគមន៍​កសិកម្ម​បាន​ជាង 100 សហគមន៍​ហើយ ដោយ​ផ្តោតលើ​ការផលិត​ដាំ​ដុះស្រូវ បន្លែ ផ្លែឈើ និង​ចិញ្ចឹម​ត្រី​សាច់​បានជា​ច្រើន​ប្រភេទ​នៅក្នុង​ខេត្ត​ចំនួន12ជុំវិញ​បឹង​ទន្លេសាប​និង​ខេត្ត​មាន​សក្តានុពល​កសិកម្មផ្សេងៗទៀត​សម្រាប់​ផ្គត់​ផ្គត់​ទីផ្សារ​កសិកម្មសរីរាង្គ​នៅក្នុងស្រុក និង​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ។

    លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​រំពឹងថា នៅត្រឹម 3ឆ្នាំ​ខាងមុខ​ទៀត​មជ្ឈមណ្ឌល​នឹង​ពង្រីក​សមាជិក​ឱ្យបាន​ដល់5.000នាក់៕

  • ពេជ្រ ពិសាល៖ ចង់ជោគជ័យត្រូវមើលឱ្យឆ្ងាយជាងអ្នកដទៃ

    ពេជ្រ ពិសាល៖ ចង់ជោគជ័យត្រូវមើលឱ្យឆ្ងាយជាងអ្នកដទៃ

    នៅ​ពីក្រោយ​វេទិកា​ដែលមាន​អ្នកចូលរួម​រហូតដល់​រាប់ពាន់នាក់ និង​មាន​វាគ្មិន​ជា​ពាណិជ្ជករ​ជោគជ័យ​ជាច្រើន​នាក់​ដែល​បានមក​ចែករំលែក​បទពិសោធ​ជីវិត​របស់ខ្លួន​ទៅកាន់​យុវជន​កម្ពុជា​ជំនាន់​ថ្មី មាន​បុរស​ម្នាក់​ដែល​ពោរពេញ​ដោយ​ភាពរឹងមាំ ដែល​តែងតែ​ខិតខំ​គ្រប់បែបយ៉ាង​ដើម្បីឱ្យ​វេទិកា​ដ៏​រស់​រវើក​នេះ​កើតឡើង។

    បុរស​ម្នាក់​នោះ​គឺ លោក ពេជ្រ ពិសាល ស្ថាបនិក​កម្មវិធី Daily Plus ដែលជា​កម្មវិធី​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ឱ្យមាន​គំនិត​វិជ្ជមាន​នៅក្នុង​ការសិក្សា ក្នុង​ការងារ ក្នុង​ជីវិត​គ្រួសារ និង​ក្នុងសង្គម​ជាក់ស្តែង។ ស្ថាប័ន​ដែល​គ្រប់គ្នា​បានឃើញ​នេះ បាន​បង្កើត​បេសកកម្ម​ជាច្រើន​តាមរយៈ​ការជំរុញ​យុវជនឱ្យ​ចាប់ផ្តើម​មើល​ពី​គំរូ​ល្អ​របស់​បុគ្គលខ្លាំងៗក្នុងសង្គម ហើយ​ពិចារណា​លើ​គោលដៅ​ជីវិត និង​សកម្មភាព​ផ្ទាល់ខ្លួន។ ផ្លាស់ប្តូរ​ពួកគេ​ពី​មនុស្ស​ម្នាក់​ដែល​អសកម្ម ឱ្យ​ក្លាយជា​មនុស្ស​សកម្ម ហើយ​ចែករំលែក​នូវ​ផ្នត់គំនិត​អប់រំ និង​ផ្តល់ឱកាស​សម្រាប់​អ្នក​ដែល​ជោគជ័យ​ដើម្បី​បន្ត​ចែករំលែក។

    1. កុមារភាព និង​ផ្នត់គំនិត​អភិវឌ្ឍន៍
    ជា​កូនប្រុស​ម្នាក់​ក្នុងចំណោម​បងប្អូន 5នាក់ លោក ពេជ្រ ពិសាល បានកើត​ក្នុង​គ្រួសារ​ដែលមាន​កម្រិតជីវភាព​មធ្យម ដោយ​ឪពុកម្តាយ​ជា​ម្ចាស់​ចម្ការ​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម ដែល​បច្ចុប្បន្ននេះ​ជា​ខេត្ត​ត្បូងឃ្មុំ។

    ក្នុង​វ័យ​កុមារ បើទោះបីជា ពិសាល មាន​បងប្អូន​ច្រើន​ក៏ដោយ តែ​ជាទូទៅ​នៅ​ចំពោះមុខ​ការទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ គេ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​នៅតែ​ម្នាក់ឯង ខ្លាច​មនុស្ស ហើយ​មិនសូវចង់ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដទៃ​នោះទេ។ នៅក្នុង​កុមារភាព​ដ៏​ទន់ខ្សោយ​នេះ មនុស្ស​ទូទៅ​ប្រហែលជា​ស្មាន​មិនត្រូវ​ទេ​ថា អនាគត​របស់គាត់​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ម្នាក់ បើ​គាត់​មិន​ជួប​រឿង​វិជ្ជមាន​មួយចំនួន​នៅក្នុង​ដំណើរ​ជីវិត ដែល​បាន​បង្រៀន​គាត់​នៅពេលនោះ។ ក្នុង​វ័យ​ប្រហែល 10ឆ្នាំ រឿង​មួយ​ដែល​ធ្វើឱ្យ​កុមារ ពិសាល មានការ​ផ្លាស់ប្តូរ និង​បង្រៀន​គាត់​ពី​មេរៀន​យ៉ាងសំខាន់​ក្នុង​ជីវិត គឺ​ការប្រមូល​កំប៉ុង​ភេសជ្ជៈ​ក្នុង​កម្មវិធី​មង្គលការ​មួយ។ កាលនោះ​ដោយ​វ័យ​នៅ​ក្មេង ហើយ​ជាម​នុស្ស​មិនសូវ​ចូលចិត្ត​ជួប​មនុស្ស​ផង កុមារ​ពិសាល បាន​រង​ការរិះគន់​យ៉ាងច្រើន​ពី​មនុស្ស​ធំ និង​អ្នក​ដែល​នៅ​ជុំវិញខ្លួន ព្រោះថា គាត់​ជា​កូន​ក្នុង​គ្រួសារ​ជីវភាព​មធ្យម ដែលមិនមែនជា​រឿង​ចាំបាច់​អី​ក្នុងការ​រកលុយ​ពី​ការ​រើស​កំប៉ុង​លក់​នោះទេ ហើយ​មាន​មនុស្ស​មួយចំនួនទៀត​ក៏បានស្តីឱ្យ​គាត់​ខណៈ​គាត់​នៅតែ​ជម្នះ​ប្រមូលវា​ឱ្យបាន ​ច្រើន​រហូតដល់​ពេញ​ក្រោមផ្ទះ។

    ក្រោយពេល​ចប់​កម្មវិធី​មង្គលការ​នោះ រឿង​ដែល​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​គឺ មនុស្ស​ជាច្រើន​បាន​បង្វែរ​ឥរិយាបថ​របស់​ពួកគេ ដោយបាន​ចាប់ផ្តើម​សរសើរ​ពិសាល​វិញ​ថា គាត់​ជាម​នុស្ស​ដែលមាន​គំនិត​ចេះ​ប្រមូល​ទុកដាក់ និង​រកលុយ​បាន​ច្រើន។ មេរៀន​មួយ​នេះ បានធ្វើឱ្យ​គាត់​យល់ថា ជាទូទៅ​នៅពេលដែល​យើង​ធ្វើ​អ្វីមួយ តែងតែមាន​មនុស្ស​ដទៃ​ជំទាស់ តែ​អ្វីដែល​សំខាន់​នោះ​គឺ តើ​យើង​អាចធ្វើ​វា​បាន​ដោយ​ចប់​ចុង​ចប់​ដើម​ដែរឬទេ? ប្រសិនបើ​យើង​ធ្វើ​វា​ហើយ​ទទួលបាន​លទ្ធផល​ល្អ មនុស្ស​ជាច្រើន​នឹង​ចាប់ផ្តើម​ឱ្យ​តម្លៃ​យើង ហេតុនេះ​រាល់​ឧបសគ្គ​ទាំងអស់​នៅ​ដំណាក់កាល​ដំបូង​នៃ​ការងារ គឺ​ត្រូវ​ជម្នះ​ឱ្យបាន ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​វា​ឱ្យ​ចប់ ព្រោះ​តម្លៃ​របស់​យើង​នឹង​ទទួលបាន​មកវិញ​នៅពេល​ចុងក្រោយ​នេះឯង។

    ចាប់ពីពេលនោះ​មក ពិសាល តែងតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហើយ​ចាប់ផ្តើម​ប្តូរ​គំនិត​ពី​ការខ្លាច​មនុស្ស មក​ខិតខំ​ប្រឹងប្រែង​រៀន​ទាំង​ក្នុង​សាលា និង​ជីវិត​ជាក់ស្តែង ទោះជា​ការសិក្សា​មិន​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ​ក៏ដោយ។ ជា​បន្តបន្ទាប់ គាត់​ក៏​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​គំនិត​ដោយ​ខ្លួនឯង ហើយ​ចូលចិត្ត​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​ក្មេង​ដទៃ​ធ្វើ​មិនកើត រហូតដល់​គាត់​ចម្រើន​វ័យ​ក្លាយជា​យុវជន​ដែល​សកម្ម​ក្នុង​ការងារ​គម្រោង​នានា​នៅ​ថ្នាក់​វិទ្យាល័យ។ មកដល់​ថ្នាក់​វិទ្យាល័យ គាត់​ក៏បាន​ចាប់​ផ្តើមធ្វើ​រឿង​លំបាក​មួយទៀត​ដែល​មនុស្ស​ទូទៅ រួមទាំង​អ្នករៀន​ថ្នាក់​ធំ​ជាង​គាត់​ព្យាយាម​គេចវេះ​មិន​ព្រមធ្វើ នោះ​គឺ​ការប្រមូល​មនុស្ស​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម។ នៅ​ថ្នាក់​ទី11 តាមរយៈ​គម្រោង​របស់​អង្គការ​មួយ លោក​បាន​ប្រមូល​សិស្ស រួមទាំង​និស្សិត​ប្រហែលជា 300នាក់​ដើម្បី​ទៅ​ចូលរួម​ស្តាប់​សវនាការ​នៅ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម។ នៅពេល​ដំបូង​មនុស្ស​ជាច្រើន រួមទាំង​សិស្ស​ច្បង\​នៅ​មហាវិទ្យាល័យ​ផង​គិតថា គាត់​មិនអាច​ធ្វើបាន​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​គាត់​ចង់​សាកល្បង​នូវអ្វីដែល​មនុស្ស​ទូទៅ​គិតថាគាត់​ធ្វើ​មិនបាន ហេតុនេះ​គាត់​ក៏បាន​សហការគ្នាជាមួយ​នឹង​ក្រុមសិស្ស​មួយចំនួន​នៅតាម​វិទ្យាល័យ និង​មហាវិទ្យាល័យ​ដើម្បី​ផ្សព្វផ្សាយ និង​ប្រមូល​មនុស្ស​ធ្វើ​ការងារ​សង្គម។ នៅពេលនោះ រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ចំពោះ​គាត់ ព្រោះថា មនុស្ស​ចំនួន​ប្រមាណ300នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាខេត្ត​ដើម្បី​រួម​ដំណើរ​ជាមួយ​គាត់​ខណៈ​ក្រុមការងារ​ដែលជា​សិស្ស​ច្បង​ទាំងអស់​បាន​រត់ចោល​អ​ស់ ពេលនោះ​មាន​អ្នកចូលរួម​ច្រើន​ហួស​ពី​ការ​ស្មាន ដែល​ធ្វើឱ្យ​មនុស្សម្នា​នៅក្នុង​ខេត្ត​មានការ​ភ្ញាក់ផ្អើល។ ជា​ដំណោះស្រាយ យុវជន ពិសាល ចាំបាច់​ត្រូវតែ​ស្ទុះស្ទា​ស្វែងរក​ជំនួយ​ដើម្បី​ទាក់ទង​អ្នករៀបចំឡានក្រុង​ដើម្បី​ដឹក​អ្នកដំណើរ​ទាំងអស់​ឱ្យបាន​លឿន។

    ចាប់ផ្តើម​ពី​បញ្ហា​មួយ​ទៅ​បញ្ហា​មួយ យុវ​សិស្សពិសាល បាន​បង្កើន​ភាពរឹងមាំ​កាន់តែខ្លាំង​ឡើងបើទោះបីជា​ខ្លួន​កំពុងស្ថិត​ក្នុង​កម្រិត​ម​ធ្យ​ម​សិក្សា​ក៏ដោយ ហើយ​ក្រោយ​ពេលដែល​ឆ្លងកាត់​ការដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯងបាន គាត់​កាន់តែ​ស្គាល់​ពី​ការរស់នៅ និង​ការតស៊ូ​កាន់តែច្បាស់ រហូត​គាត់​កើតជា​ចិត្ត​ស្រឡាញ់​ការងារ​រៀបចំ​គម្រោង​នេះ។

    2. ការបង្កើត​គម្រោង និង​ឧបសគ្គ
    ដោយ​ភាព​ប្រទាញប្រទង់​គ្នា​រវាង​ក្តី​ស្រឡាញ់​លើ​ជំនាញ​រចនា (Architect Design) និង​ជំនាញ​នៃ​ការរៀបចំ​គម្រោង លោក ពេជ្រ ពិសាល បានចាប់ផ្តើម​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម ស្របពេល​ដែល​លោក​បាន​ចូលរៀន​ថ្នាក់​សហគ្រិន និង​អភិវឌ្ឍន៍​គំនិត​រយៈពេល​មួយឆ្នាំ​នៅ​វិទ្យាស្ថាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅក្នុង​ថ្នាក់រៀន លោក​បាន​រៀន​ចេះ​មុខវិជ្ជា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទីផ្សារ និង​ការរៀបចំ​គម្រោង តែ​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​គ្រប់គ្នា​នៅពេលនោះ គឺ​លោក​តែងតែ​ស្ថិតនៅ​លេខ​ក្រោយ​គេ​ជានិច្ច។

    បើទោះជា​បែបនេះ​ក្តី បុរស​មិន​ពូកែសម្តី តែពូកែ​អនុវត្ត​ជាក់ស្តែង​ខាងលើ បាន​តាំងចិត្ត​រួចជាស្រេច​ថា​នឹង​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​មាន​មោទនភាព​មកលើ​ខ្លួន​ឱ្យបាន​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា ហេតុនេះ​បេសកកម្ម​របស់គាត់​គឺ​ព្យាយាម​រៀបចំ​បង្កើត​គម្រោង​ដោយ​ខ្លួនឯង បើទោះបីជា​អ្នកដទៃ​មើល​មក​គាត់​ថា​យ៉ាងណាក៏ដោយ។ ស្ថិតក្នុង​ដំណាក់កាល​នេះ លោក​បានរៀបចំ​បង្កើត​ក្រុមការងារ​មួយ​ដែលមាន​ឈ្មោះថា The Road ដែលជា​គម្រោង​បង្កើត​សកម្មភាព​អប់រំ តាមរយៈ​សិក្ខាសាលា និង​កម្មវិធី​មួយចំនួនទៀត​ដើម្បី​ជំរុញ​សមត្ថភាព​យុវវ័យ តែ​ដោយសារតែ​បទពិសោធ​នៅ​តិច និង​ការទំនាក់ទំនង​នៅ​ស្ទើរ ក្រុម​នោះ​ក៏​បរាជ័យ។ មេរៀន​ពី​ចំណុច​នេះ​មិនបាន​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​នោះទេ ព្រោះ​បុរស​ដែល​ពោរពេញ​ដោយ​ភាព​វិជ្ជមាន​រូបនេះ​តែងតែ​មើល​ឆ្ងាយ​មួយ​ជំហាន​មុន​មនុស្ស​ដទៃ​ជានិច្ច។

    ក្រោយ​ការបញ្ចប់​គម្រោង​ដែល​មិនបាន​ទទួលលទ្ធផល​ល្អ​នោះមក លោក វិសាល ក៏​ចាប់ផ្តើម​ជជែក​ជាមួយនឹងអ្នកខ្លាំងៗមួយចំនួន​ដែល​សុទ្ធតែជា​អ្នក​ធ្លាប់​បង្កើត​គម្រោងធំៗ និង​អ្នកខ្លះ​ថែមទាំង​មាន​បទពិសោធ​ក្នុង​ស្ថាប័ន​ផ្សព្វផ្សាយ​ទៀតផង តែដោយសារ​តែម​នុស្ស​ដែលមាន​សមត្ថភាព​ទាំងអស់នោះ​រវល់​ខ្លាំងពេក ក៏ត្រូវ​បរាជ័យ​ការងារ​នេះ​ជាថ្មី​ម្តងទៀត។ មួយដង​ជា​ពីរដង​ដែល​លោក ពិសាល បាន​ជួបនឹង​រឿង​ខកចិត្ត តែ​ឧបសគ្គ​ទាំងអស់នោះ​មិនអាច​ឱ្យ​លោក​បញ្ចប់​ការខិតខំ​ប្រឹងប្រែង​នោះទេ ហើយ​លោក​ក៏បាន​ប្តូរ​វិធីសាស្ត្រ​វិញ​ម្តង ពី​ការធ្វើការងារ​ជា​ក្រុម មក​ធ្វើកា​ងារ​តែឯង​ម្តង។ កាលនោះ លោក​ចាប់ផ្តើម​ធ្វើការ​វិនិយោគ​លើ​គម្រោង​តែម្នាក់ឯង ទាំង​គាត់​គ្មាន​លុយ​គ្រប់គ្រាន់​ផង។ ជា​ដំណោះស្រាយ​លោក​បាន​ចូលធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន Pi pay ហើយ​ទឹកចិត្ត​ដែល​ចង់​ជម្នះ​ឧបសគ្គ​ខ្លាំង​ឱ្យបាន​នោះ ធ្វើឱ្យ​លោក​ដាច់ចិត្ត​សុំ​ខ្ចីលុយ​ប្រធាន​របស់លោក​ដើម្បី​អនុវត្ត​គម្រោង​របស់ខ្លួន។

    ការងារ​តែម្នាក់ឯង​បានផ្តល់​ឱ្យ​លោក​នូវ​បទពិសោធ​ជាច្រើន ដែល​ក្នុងនោះ​អ្វីដែល​គាត់​ទទួលបាន​គឺ ការ​រ៉ាប់រង​គម្រោង​តែម្នាក់ឯង​គត់។ លោក​បានចាប់ផ្តើម​បង្កើត​គេហទំព័រ​មួយ​សម្រាប់​គម្រោង ដោយ​ជួល​អ្នកជំនាញ​ឱ្យគេ​ជួយ​ធ្វើ ហើយ​បានចាប់ផ្តើម​ស្រាវជ្រាវ និង​សរសេរ​ពី​អត្ថន័យ​លម្អិត​នៃ​គម្រោង​របស់លោក​នៅក្នុង​នោះ ហើយ​យក​វា​ទៅទាក់ទង​វាគ្មិន និង​អ្នក​ឧបត្ថម្ភ​មួយចំនួន។

    លោក ពិសាល និយាយថា៖ “កាលនោះ ខ្ញុំ​ម្នាក់ឯង​ធ្វើការ​ស្មើ​មនុស្ស 10នាក់ តែយូរៗទៅ​ខ្ញុំ​ក៏​អាច​ទទួលបាន​ទំនុកចិត្ត​ពី​មនុស្ស​ជាច្រើនបន្ទាប់មក​ ខ្ញុំ​ក៏​ចាប់ផ្តើម​ប្រមូលផ្តុំ​មនុស្សដូចៗគ្នា​ដែល​ម្នាក់ឯង​ធ្វើការ​ងារ​បាន​ច្រើន ព្រោះថា បើ​ម្នាក់​អាចធ្វើ​ការងារ​ស្មើនឹង​មនុស្ស10នាក់​បាន នោះ10នាក់នឹង​អាចធ្វើ​ការងារ​ស្មើ​មនុស្ស 100នាក់​បានហើយ”។

    ជា​លទ្ធផល សកម្មភាព​ដំបូង​បំផុត​បានចាប់ផ្តើមឡើង​ដោយ​លោក​បាន​បង្កើត​សិក្ខាសាលា​មួយ​នៅ​ខែវិច្ឆិកា ឆ្នាំ2016 ដោយមាន​អ្នកចូលរួម​ជិត 500នាក់ និង​មាន​ម្ចាស់​អាជីវកម្មធំៗធ្វើជា​វាគ្មិន ហើយ​ជា​បន្តបន្ទាប់​គម្រោង​រប​ស់លោក​ក៏​ចាប់ផ្តើម​ត្រូវបាន​គេ​ស្គាល់​ច្រើន​ក្នុងចំណោម​ពាណិជ្ជករ និង​យុវជន។ ហើយ​មកទល់នឹង​ពេលនេះ​យុវជន​កម្ពុជា ដែល​រួមមាន​ទាំង​សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន រួមទាំង​ម្ចាស់​អាជីវកម្ម​ចំនួន​រាប់ម៉ឺន​នាក់​ហើយ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​បង្កើតឡើង​ដោយ​ស្ថាប័ន​របស់លោក​តាំងពី​ចាប់ផ្តើម​រហូតមក។

    បច្ចុប្បន្ន​លោក ពេជ្រ ពិសាល ជា​អ្នកគ្រប់គ្រង​គម្រោង Daily Plus និង​ជា​សហ​ស្ថាបនិក​ស្ថាប័ន​ទទួល​គម្រោង​ផ្សព្វផ្សាយ​មួយ​ដែលមាន​ឈ្មោះថា Connect ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​ការធ្វើ​ទីផ្សារ​តាម​បណ្តាញ​ឌីជីថល៕

  • ដំណាំ កា​រុត

    ដំណាំ កា​រុត

    ការ៉ុត​ជា​ដំណាំ​ហូប​មើម 2រដូវ​កាល ដែល​ក្នុង​រដូវ​កាល​ដំបូង​នឹង​លូតលាស់​ធំធាត់​ផ្នែក​ដើម ស្លឹក និង​ឫស ចំណែក​ក្នុង​រដូវ​កាល​ទី​ពីរ​ដំណាំ​ការ៉ុត​នឹង​លូតលាស់​ផ្នែក​ផ្កា និង​គ្រាប់ (ដាំ​ទុក​យក​គ្រាប់​ធ្វើ​ពូជ)។

    លក្ខណៈ​របស់​ដើម​ការ៉ុត​ជា​ស្លឹក​បន្ទះ​ដែល​នឹង​ដុះ​លូតលាស់​ចេញពី​ដើម ជា​ក្រុម​ដំណាំ​ដែលមាន​ធាង​ស្លឹក​វែង។ ពូជ​ការ៉ុត​ដែលមាន​គុណភាព​ខ្ពស់​នឹងមាន​បណ្ដូល​តូច និង​មាន​ពណ៌​ដូចគ្នា​នឹង​សាច់ ឬ​មាន​ផ្នែក​របស់​សាច់​ច្រើន​ជា​ផ្នែក​របស់​បណ្ដូល។ កា​ដាំ​រដូវ​កាល​ទី​ពីរ​ដើម្បី​ទទួលផល​ជា​គ្រាប់ពូជ​នោះ ដើម​ការ៉ុត​នឹង​ឈរ​ឡើង​ត្រង់ ផលិត​ធាង​ស្លឹកវែងៗប្រវែង2-4ហ្វុ​៊​ត នៅ​ខាងចុង​មាន​កញ្ចុំ​ផ្កា ដែល​កញ្ចុំ​ដំបូង​នឹង​ដុះ​លូតលាស់​ចេញពី​ផ្នែក​កណ្ដាល​របស់​ដើម បន្ទាប់ពីនោះ​កញ្ចុះ​ដទៃទៀត​នឹង​ដុះ​លូតលាស់​មក​តាម​ក្រោយ។ ការ​ផ្សំ​លម្អង​កេសរ​ធ្វើឡើង​បែប​ផ្សំ​ចម្លង ដែល​ភាគច្រើន​ប្រើ​សត្វល្អិត​ជា​អ្នក​ជួយ​ផ្សំ​លម្អង​កេសរ។

    ការដាក់​ដាំ
    – ការត្រៀម​ដី៖
    ផ្ទៃដី​ដែល​ស័ក្តិសម​សម្រាប់​ការបណ្ដុះ​ដាំ គួរ​ស្ថិតនៅ​ខ្ពស់ជាង​កម្រិត​កម្ពស់​ទឹកសមុទ្រ​ប្រមាណ600-1,300 ម៉ែត្រ ដី​គួរតែ​ជា​ដី​ល្បាយ​លាយ​ខ្សាច់។ មិនគួរ​ដាក់​ជីលា​មក​គោ​ស្រស់​ទេ ត្រូវធ្វើ​ការ​លាយ​ផ្សំ រួច​ដាក់​ហាលថ្ងៃ​ចោល​មួយរយៈ​សិន។

    ក្នុងដំណាក់កាល​ភ្ជួរ​ដី​ត្រៀម​លើក​ជា​រង ចូរ​ជីក​មុខ​ដី​រហូតដល់​បែក​ត្រសុស​ជម្រៅ​មិនតិចជាង 40សង់ទីម៉ែត្រ លើក​ជា​រង​ទំហំ​ទទឹង1ម៉ែត្រ​អាច​ដាំ​បាន3ជួរ។ បើជា​ដីស្អិត ត្រូវតែ​លាយ​ផ្សំ​ជាមួយ​ជីធម្មជាតិ​ផ្អាប់2គីឡូក្រាម ជាមួយ​ផេះ​អង្កាម1កា​រ៉ុង​ដាក់​លើ​ផ្ទៃដី2ម៉ែត្រ​បួន​ជ្រុង។

    បន្ថែម៖ នៅក្នុង​ផ្ទៃដី​ដាំ​ដុះ មិនគួរ​មាន​កម្ទេច​ឫស​ឈើធំៗ ក្រួស​ថ្មធំៗឡើយ។

    – វិធី​ដាំ៖ អាចធ្វើ​បាន​ដោយ​វិធី​បណ្ដុះ​គ្រាប់ តែ​គ្រាប់ពូជ​ការ៉ុត​មាន​ទំហំ​តូច និង​ទន់ខ្សោយ​ណាស់។ មានការ​រួចផុត​ពី​ការ​ស្អុយ​ងាប់​ក្រោយ​ការបណ្ដុះ​ជា​កូន​ត្រឹមតែ50%ប៉ុណ្ណោះ ដូច្នេះ​គួរ​នាំយក​គ្រាប់ពូជ3ចំណែក លាយ​ជាមួយ​ដីខ្សាច់ 1ចំណែក​មុននឹង​យកទៅ​ព្រោះ។ ស្រោច​ទឹក​លើ​រង​ឱ្យ​ជោក​មុននឹង​ចាប់ផ្ដើម ព្រោះ​គ្រាប់ពូជ ដើម្បី​បិទ​រន្ធ​ដី និង​ឱ្យ​ដី​រួម​ចូលគ្នា​មិនឱ្យ​គ្រាប់ពូជ​ធ្លាក់ចូលទៅក្នុង​ដី​ជ្រៅ​ពេក។ បន្ទាប់ពីនោះ​បាច​ជី​ផ្អាប់​ធម្មជាតិ​លាយ​ផេះ​អង្កាម​រោយតិចៗលើ​បរិវេណ​រង ស្រោច​ទឹក​លាយ​ទឹក​ជីសរីរាង្គ រួចហើយ​យក​ចំបើង​ស្ងួត​មក​គ្រប​លើ​រង​មួយ​ជាន់​ទៀត។

    ក្រោយ​ពីព្រោះ​គ្រាប់ពូជ ក្នុង​រយៈ​ដំបូង នៅពេល​ដើម​មាន​ខ្នាត​កម្ពស់5-7សង់ទីម៉ែត្រ ចូរ​ដក​ដើម​ដែល​ដុះ​ឡើង​ញឹក​ចេញ​ខ្លះ ទុក​ចម្ងាយ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ប្រមាណ2-3សង់ទីម៉ែត្រ។ រង់ចាំ​រហូតដល់​មាន​អាយុ20ថ្ងៃ កូន​ការ៉ុត​មាន​ខ្នាត​កម្ពស់​ប្រមាណ10-15សង់ទីម៉ែត្រ​អាច​ដក​បំបែក​ដាំ​បាន ហើយ​ចំណែក​ដើម​ដែល​នៅតូចៗកម្ពស់​ត្រឹមតែ1-1.5សង់ទីម៉ែត្រ គួរ​ដក​ចោល។ ក្នុងដំណាក់កាល​ទី​ពីរ នៅពេល​ដើម​មាន​អាយុប្រមាណ40-50ថ្ងៃ ក្នុងដំណាក់កាល​នេះ​អាច​ដកយក​មើម​ការ៉ុត​មក​ទទួលទាន​បាន​ខ្លះ​ហើយ។ សម្រាប់​ការដក​យកទៅ​បំបែក​ដាំ គួរ​ដាក់​ដាំ​ឱ្យ​ឆ្ងាយ​ពីគ្នា12-15សង់ទីម៉ែត្រ ហើយ​ថែទាំ​បំប៉ន​ត​រហូត​ដល់ពេល​ប្រមូល​ផល។

    – វិធី​ការថែទាំ​រក្សា

    ការ​ស្រោច​ទឹក៖ ត្រូវ​ឧស្សាហ៍​មើលថែ​ស្រោច​ទឹក​រៀងរាល់ថ្ងៃ ព្រឹក-ល្ងាច។
    ការដាក់​ជី៖ នៅពេល​កូន​ការ៉ុត​អាយុ​បាន10-15ថ្ងៃ ចូរ​ដាក់​ជី 46-0-0 ក្នុង​អត្រា3ស្លាបព្រា​បាយ​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ និង​នៅពេល​អាយុ30ថ្ងៃ ចូរ​ដាក់​ជី​រូបមន្ត​ស្មើ 16-16-16 ឬ​អាច​ប្រើ​ជីសរីរាង្គ​ក្នុង​ចន្លោះ​ជួរ​ដើម​ការ៉ុត​ចំនួន 300ក្រាម​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ និង​ដាក់​រៀងរាល់20ថ្ងៃ​ម្ដង។
    ការការពារ និង​កម្ចាត់​សត្រូវ​ដំណាំ៖ ការពារ​សត្វល្អិត​សត្រូវ​ដំណាំ​ដោយ​ទឹក​ត្រាំ​ស្លឹក​ស្ដៅ និង​ទឹក​ត្រាំ​ជីសរីរាង្គ ដោយ​ត្រូវ​បាញ់​ដាក់​ដំណាំ​រៀងរាល់3-5ថ្ងៃ​ម្ដង​ជា​បន្តបន្ទាប់។

    – វិធី​ការប្រមូល​ផល៖ ប្រមាណ​ជា85-90ថ្ងៃ អ្នក​អាចធ្វើ​ការប្រមូល​ផល​មើម​ការ៉ុត​បាន​ហើយ។ មុន​ការប្រមូល​ផល គួរ​ស្រោច​ទឹក​ឱ្យ​ដី​សើម​ជោកជាំ​ជាមុនសិន ដើម្បី​បង្កើន​ភាពងាយស្រួល​ក្នុងការ​ប្រមូល​ផល បន្ទាប់ពីនោះ​ត្រូវ​យកដៃ​ចាប់​បួង​ស្លឹក​ទាំងអស់ រួចហើយ​ព្យាយាម​ដកថ្នមៗជា​រាង​បញ្ឆិត បន្ទាប់មក​នាំយក​មើម​ការ៉ុត​ទៅ​លាង​ទឹក​សម្អាត ដាក់​សំ​ដឹ​ល​ឱ្យ​ស្ងួត។

    មើម​ការ៉ុត យើង​អាច​រក្សាទុក​ក្នុង​ទូទឹកកក​បានយូរ​ប្រមាណ​ជា1-2ខែ បើសិន​បាន​រុំ​ដោយ​ថង់​ជ័រ​ប្លា​ស្ទិ​ក​ខ្ចប់​ម្ហូបអាហារ៕

  • នៅពេល​កូនតូច​ឈានចូល​ខែ​ទី6

    នៅពេល​កូនតូច​ឈានចូល​ខែ​ទី6

    លក្ខណៈ​របស់​កូនតូច​ពេល​ចូលដល់​ខែ​ទី6

    មកដល់​ខែ​នេះ អ្នក​ម្ដាយ​អាច​សង្កេតឃើញថា ទឹកដោះ​របស់ខ្លួន​ដែល​ធ្លាប់តែ​បំបៅកូន​គ្រប់គ្រាន់​នោះ បែរជា​តិច​ទៅ។ ក្នុងអំឡុង​ខែ​នេះ​អ្នក​ម្ដាយ​អាចឱ្យ​កូន​មឹ​ម​ទឹកដោះគោ​ឆុង​បាន តែ​ក្មេង​ដែល​ធ្លាប់​បៅដោះ​ម្ដាយ​មករ​ហូត​នោះ​អាច​នឹងមិន​ព្រម​បៅ​ទឹកដោះគោ​ពី​ដប ដូច្នេះ​សាកល្បង​ដាក់​ក្នុង​ពែង​ឱ្យ​ញ៉ាំ​ក៏បាន ដោយ​ស្មាន

    បរិមាណ​ទឹកដោះគោ​តាមរយៈ​អត្រា​កើនឡើង​របស់​ទម្ងន់​ខ្លួន។ កូន6ខែ ទម្ងន់​នឹង​កើន​ឡើងជា​មធ្យម​មួយថ្ងៃ​ប្រមាណ​ជា15ក្រាម បើ​ក្នុង10ថ្ងៃ​ទម្ងន់​កើនឡើង​ត្រឹមតែ120-130ក្រាម។ សាកល្បង​បន្ថែម​ទឹកដោះគោ​ឱ្យ​ទៀត​មួយថ្ងៃ2ដប គួរឱ្យ​មឹ​ម​ក្រោយពេល​ញ៉ាំ​អាហារ​បន្ថែម។ បើ​មិន​ព្រម​បៅ​ទឹកដោះគោ សាកល្បង​ឱ្យ​បៅ​ទឹក​សណ្ដែក​លឿង និង​បង្កើន​បរិមាណ​អាហារ​បន្ថែមដើម្បីឱ្យ​អាហារ​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ​របស់​រាងកាយ។ ក្មេង​ណា​ដែល​ធ្លាប់តែ​ក្អួត​ចេញមក​វិញ​ក្រោយពេល​បៅ​រួច មកដល់​ខែ​នេះ​អាការ​នេះ​នឹង​បាត់​លែងមាន​ហើយ។

    ដល់ពេល​ចាប់ផ្ដើម​អាហារ​បន្ថែម​ហើយ

    គួរ​ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​នៅពេលដែល​កូន​បង្ហាញ​កាយវិការ​ថា​ចង់​ញ៉ាំ ដូចជា លូកដៃ​មក​ស្រវា​ចាប់​ស្លាបព្រា កម្រើក​មាត់​ឮសូរ​ជុប​ចាប់​ជាដើម។ បើ​កូន​នៅ​មិនទាន់​ដល់ពេល​ចង់ ទោះជា​បញ្ចុក ក៏​តែងតែ​ប្រើ​អណ្ដាត​ទល់​រុញចេញ​មកវិញ​ដែរ និង​មិនគួរ​បង្កើន​បរិមាណ​អាហារ​បន្ថែម​លឿន​ពេក​ទេ។ បើ​ក្នុង10ថ្ងៃ​ទម្ងន់​ខ្លួន​កើន300ក្រាម​ឡើងទៅ បង្ហាញថា កូន​ញ៉ាំ​អាហារ​ច្រើនពេក​ហើយ និង​មិនគួរ​បង្ខំ​ឱ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​ចូលចិត្ត​នោះទេ។ ចំណែក​មូល​ហេតុដែល​ត្រូវឱ្យ​ញ៉ាំ​អាហារ​បន្ថែម​គឺ ទឹកដោះ​ម្ដាយ​មាន​សារ​ធាតុដែក​កាន់តែ​តិច​ទៅ និង​វិធី​ការពារ​ជំងឺ​ឈាម​ស្លេក​ដោយសារខ្វះ​សារ​ធាតុដែក​គឺ ញ៉ាំ​អាហារ​បន្ថែម​ដោយ​ចាប់ផ្ដើម​ពី​បបរ​កិន​ម៉ដ្ឋ​នៅពេល​អាយុ6ខែ ហើយ​ផ្លាស់​ទៅជា​បបរ​ធម្មតា​នៅពេល​អាយុ7-8ខែ ហើយ​បាយ​ដូច​មនុស្ស​ធំ​នៅពេល​អាយុ​បាន1ឆ្នាំ។

    គោលការណ៍​សំខាន់​ក្នុង​ការឱ្យ​ញ៉ាំ​អាហារ​បន្ថែម

    – ឱ្យ​ញ៉ាំ​អាហារ​ណា​ដែល​កូន​ចូលចិត្ត​ដោយ​មិន​បង្ខំ។ អាយុ6ខែ គួរឱ្យ​មួយថ្ងៃ1ពេល លើកលែងតែ​បៅ​ទឹកដោះ​ម្ដាយ​មិន​គ្រប់គ្រាន់ និង​មិន​ព្រម​បៅ​ទឹកដោះគោ។
    – ឱ្យ​ញ៉ាំ​មុនពេល​បៅ និង​មិនចាំបាច់​ឱ្យ​ញ៉ាំ​នៅពេល​ព្រឹក​ជានិច្ច​នោះទេ ដូចជា​ចាប់ផ្ដើម​ពី​ម៉ោង10:00ជាដើម  ព្រោះ​បើសិន​កើត​អាការ​រាករូស​ដោយសារ​អាហារ​មិន​ស្អាត នឹង​បាន​នាំទៅ​ពេទ្យ​បាន​ងាយស្រួល​ជាង​នៅពេល​ល្ងាច។
    – ចាប់ផ្ដើម​ពី1-2ស្លាបព្រា​កាហ្វេ បើ​មិន​ចូលចិត្ត​ស៊ុប​មាន់ស្ងោរ សាកល្បង​ធ្វើជា​ទឹក​សម្ល​ស្ងោរ​ពងមាន់​ក៏បាន។
    – ពេល​ញ៉ាំ​បបរ​កិន​ជាមួយ​ស៊ុត​បាន​ពូកែ​ហើយ ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​បន្លែ​កិន ដោយ​ចាប់ផ្ដើម​ពី​ល្ពៅ​ស្ងោរ​កិន ដំឡូងបារាំង​ស្ងោរ​កិន និង​ការ៉ុត​ស្ងោរ​កិន​ជាដើម។
    – ប្រកាន់យក​ភាពងាយស្រួល គឺ​មិន​ធ្វើ​អាហារ​សម្រាប់តែ​កូនតូច​ជាពិសេស​ទេ តែ​ជ្រើស​រើសយក​ពី​អាហារ​ដែល​ធ្វើឱ្យ​មនុស្ស​ធំ​ញ៉ាំ និង​បែង​ឱ្យ​កូនតូច​ញ៉ាំ។
    – បើ​បានទទួល​ទឹកដោះ​ម្ដាយ​មិន​គ្រប់គ្រាន់ និង​មិន​ព្រម​បៅ​ទឹកដោះគោ ហើយ​ទម្ងន់​ខ្លួន​កើនឡើង​តិចជាង​មួយថ្ងៃ10ក្រាម គួរ​ជ្រើសរើស​អាហារ​ដែល​មានកា​ឡូរី​ខ្ពស់ ដូចជា ស៊ុត​ក្រហម ថ្លើម​ស្ងោរ​កិន សាច់​ស្ងោរ​កិន សាច់​ត្រី និង​សាច់មាន់។ល។
    – អាហារ​របស់​មនុស្ស​ធំ​ដែល​កូនតូច​ក្នុង​វ័យ​នេះ​អាច​ញ៉ាំ​បាន​គឺ អាហារ​ស៊ុត​ទាំងឡាយ សម្ល​ស្ងោរ​ធម្មតា​ទូទៅ និង​ស៊ុបផ្សេងៗ តៅហ៊ូ សាច់​ត្រី សាច់គោ សាច់ជ្រូក សាច់មាន់​ស្ងោរ​ផុយ និង​បន្លែ​ស្ងោរ​ជាដើម។

    អាការ​ដែល​អាច​កើតឡើង

    * រាករូស
    កូន​អាច​បន្ទោបង់​មក​រាវ ព្រោះ​មាន​មេរោគ​បាក់តេរី ឬ​មេរោគ​វីរុស​ដោយសារ​អាហារ​មិន​ស្អាត​គ្រប់គ្រាន់។ ពេល​កូន​រាក ក៏​អាចមាន​ក្ដៅខ្លួន អារម្មណ៍មិនល្អ មិន​ព្រម​បៅ​ទឹកដោះ និង​ក្អួត​ជាដើម។ បើ​រាក​ដោយសារ​អាហារ​មិន​ស្អាត​គ្រប់គ្រាន់ គួរ​ធ្វើឱ្យបាន​ស្អាត មាន​អនាម័យ ឬ​បើ​កូន​មិនដែល​បានទទួល​អាហារ​បែប​នោះ​ពីមុន នៅពេល​ញ៉ាំ​ហើយ​រាក ចូរ​បញ្ឈប់​អាហារ​នោះ រហូត​ដល់ពេល​បាត់​រាក សឹម​ឱ្យ​ញ៉ាំ​ជាថ្មី ដោយ​បន្ថយ​បរិមាណ​អាហារ​ចុះ​ឱ្យ​នៅសល់​ពាក់កណ្ដាល។ តែបើ​នៅតែ​រាក​មិន​បាត់ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​មន្ទីរពេទ្យ។

    * ក្អក​ញឹកញាប់

    នៅពេល​អាការ​ប្រែប្រួល កូន​អាចមាន​អាការ​ក្អក បើ​ក្អក​នៅពេល​ព្រលប់ អាចមាន​ក្អួត​ទៀតផង បើ​វាស់​សីតុណ្ហភាព​ហើយ​ឃើញ​មិនមាន​ក្ដៅខ្លួន កូន​មិន​យំ​រករឿង នៅ​លេង​ធម្មតា នៅ​បៅ​ទឹកដោះ​បាន​ធម្មតា​នោះ​បញ្ជាក់ថា​កូនតូច​មិនមាន​កើត​អ្វី​ធ្ងន់ធ្ងរ​ទេ។ អំឡុង​ពេលដែល​កូន​ក្អក​គួរ​ចៀសវាង​ការ​ងូតទឹក​ក្នុងពេល​ដែលមាន​ធាតុអាកាស​ត្រជាក់ ព្រោះ​នឹងធ្វើ​ឱ្យ​កើត​ស្លេស្ម៍​ឡើង​ច្រើន។ គួរ​ងូតទឹក​ឱ្យ​កូន​នៅពេលរសៀលៗនិង​នាំ​កូន​ចេញទៅ​សំដិល​ថ្ងៃ​នៅ​ខាងក្រៅ​ផ្ទះ ដោយ​មិនបាច់​ស្លៀក​សម្លៀកបំពាក់​ក្រាស់​ឱ្យ​ទេ ដើម្បីឱ្យ​សុខភាព​ស្បែក​របស់​កូន​បាន​រឹងប៉ឹង។

    * យំ​រករឿង​នៅពេល​យប់

    មាន​មិនតិច​ទេ​ដែល​ក្នុង​មួយយប់ៗកូន​ភ្ញាក់​យ៉ាងតិច2-3ដងនោះ។ មាន​ក្មេង​តិច​ណាស់​ដែល​ស្រែកយំ​រំខាន ព្រោះ​ឃ្លាន ដូច្នេះ​គួរ​បន្ថែម​បរិមាណ​ទឹកដោះគោ​ឱ្យ​ច្រើនឡើង ឬ​បន្ថែម​ពេល​បៅ​នៅ​ពេលយប់​មួយពេល​ទៀត​ក៏បាន។

    * កើត​បូស​នៅលើ​ក្បាល

    ក្មេង​ដែល​ស្បែកក្បាល​រលាក​ក្លាយ ពេល​អេះ​យូរ​ទៅនឹង​ដាច់​រលាត់ និង​មាន​មេរោគ​ចូល​ក្លាយជា​បូស។  ក្មេង​ខ្លះ​អាច​កើត​ពេញ​ក្បាល និង​ច្រើន​តែមាន​គ្រុន​ក្ដៅខ្លួន​រួមជាមួយ​ផង ហើយ​យំ​រករឿងរំខាន ដូច្នេះ​ត្រូវការពារ​ទុកជាមុន​ដោយ​ការ​កាត់​ក្រចកដៃ​កូន​ឱ្យ​ខ្លី​ជាប់​ជានិច្ច ឧស្សាហ៍​ប្ដូរ​ស្រោមខ្នើយ និង​គួរ​ប្រញាប់​ព្យាបាល​ឱ្យ​ឆាប់​ជា។

    វិវឌ្ឍនាការ​របស់​កូនតូច
    * រាងកាយ
    – ក្រឡាប់​បាន​កាន់តែ​ចំណាន​ឡើង និង​ចាប់ផ្ដើម​ចេះ​លូន​ទៅខាង​មុខ ឬ​មក​ក្រោយ​បាន​ខ្លះ​ហើយ។
    – ចេះ​អង្គុយ​ទប់​លំនឹង​ខ្លួន​បានល្អ និង​បាន​យូរហើយ តែ​ត្រូវមាន​អ្វី​មកទល់​ទប់​ពីក្រោយ ព្រោះ​អាច​នឹង​ផ្ងារ​ក្រោយ​បាន​យ៉ាង​ងាយ។
    – អាច​កាន់​ដប​ទឹកដោះគោ​បាន ចាប់​របស់​លេង​បាន និង​ដូរ​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​បាន​យ៉ាង​ស្រួល។
    – ចេះ​បញ្ចេញ​សំឡេង​បាន​ច្រើនបែប​ហើយ ដោយ​ចាប់ផ្ដើម​បញ្ចេញ​សំឡេង​ដែលមាន​តួ​ព្យញ្ជនៈ។
    – ស្រវា​ចាប់​អ្វីមួយ​បានចំៗ ហើយ​ចេះ​លែងឱ្យ​ធ្លាក់​ទៅវិញ​បាន។
    – ពេល​គេង​ផ្ងារ​ចូលចិត្ត​យកដៃ​ចាប់ជើង​លេង ឬ​យក​ជើង​មក​បៀម។
    – ក្មេង​ខ្លះ​អាច​នឹង​ចាប់ផ្ដើម​មាន​ដុះធ្មេញ​ឡើងមក ឬ​មាន​អាការ​រមាស់​អញ្ចាញធ្មេញ​ខ្លះ​ហើយ។

    * សង្គម​ជុំវិញខ្លួន

    – ចេះ​ធ្វើ​ត្រាប់​តាម​ឥរិយាបថ ឬ​ទឹកមុខ​របស់​មនុស្ស​ជុំវិញខ្លួន។
    – ចេះ​ញែក​ថា នរណា​ជា​មនុស្ស​ចាស់ ឬ​នរណា​ជា​កូនក្មេង។
    – បញ្ចេញ​សំឡេង​ស្រែក​នៅពេល​ត្រូវការ​ជំនួយ តែ​ជាការ​បញ្ចេញ​សំឡេង​ស្រែក​បែប​មានន័យ។
    – ចូលចិត្ត​លេង​ជាមួយ​អ្នកដទៃ​ច្រើនឡើង។
    – ចូលចិត្ត​ឈោងដៃចាប់​មុខក្មេងៗដូចគ្នា។

    * លេង​ជាមួយ​កូន​ញឹកញាប់

    កូនតូច​ក្នុង​វ័យ​នេះ​មានការ​ចាប់អារម្មណ៍​លើ​អ្វី​ជុំវិញខ្លួន​ច្រើន ដូច្នេះ​នៅ​ថ្ងៃ​ណា​ដែល​ធាតុអាកាស​ល្អ អ្នក​ម្ដាយ​សាកល្បង​រក​កន្លែង​ណាមួយ​នៅខាងមុខ​ផ្ទះ ឬ​នៅលើ​វាលស្មៅ ក្រាលកន្ទេល ហើយ​ដាក់​កូនតូច​ឱ្យ​គេង​ផ្កាប់​លេង មើល​ដើមឈើ ស្លឹក​ស្មៅ ឬ​មនុស្ស​ដែល​ដើរ​ទៅមក​នៅមុខ​ផ្ទះ។ កូន​នឹងមាន​អារម្មណ៍​សប្បាយរីករាយ និង​ព្យាយាម​រំកិល​ខ្លួន​ទៅខាង​មុខ ដូចជា​ការហាត់ប្រាណ​ម្យ៉ាងដែរ តែបើ​កូនតូច​របស់​អ្នកជា​ក្មេង​ដែល​មិនសូវ​កម្រើក គួរ​បង្ហាត់​ឱ្យធ្វើ​កាយវិការ​តាមរយៈ​ការលេង​ជាមួយ​កូន​ខ្លះ​ផង។

    ក្នុង​វ័យ​នេះ នៅពេល​កូន​ចាប់ផ្ដើម​ចេះ​ធ្វើ​ចលនា​បាន​ច្រើនឡើង ឧប្បត្តិហេតុ​ក៏​ងាយ​នឹង​កើតឡើង​ដែរ ជាពិសេស​ការធ្លាក់​ពីលើ​គ្រែ និង​ត្រូវ​ប្រយ័ត្ន​មិន​ឱ្យមាន​វត្ថុ​គ្រោះថ្នាក់​ណាមួយ

    នៅក្បែរ​ខ្លួន​ឱ្យសោះ​ពេល​ដាក់​កូន​នៅលើ​កម្រាល​ឥដ្ឋ មិន​ថា​គេង​លក់ ឬ​ភ្ញាក់​នោះឡើយ។ ត្រូវ​ប្រមូល​ទុកដាក់​របស់របរ​ជុំវិញ​ខ្លួន​ឱ្យអស់ ជាពិសេស​របស់​គ្រោះថ្នាក់​ដូចជា បារី កន្ទុយបារី ឈើគូស ខ្សែក្រវាត់ ម្ជុល ផ្លែ​ឡា​ម ថ្នាំ​គ្រាប់ ឡេវអាវ កាក់ ធុង​ទឹក​ក្ដៅ ប្រអប់​ធូបមូស និង​របស់​លេង​ក៏​មិនគួរ​ជា​របស់​ដែលមាន​ជ្រុងស្រួចៗឬ​ផ្លា​ស្ទិ​កស្រួយៗដែល​ងាយ​បែកបាក់​នោះដែរ ទាំងអស់នេះ​គឺ​សុទ្ធតែ​ដើម្បី​សុវត្ថិភាព​របស់​កូន​សម្លាញ់​ក្នុង​វ័យ​នេះ៕

  • ពាក្យពេចន៍របស់ ដួង ម៉ានិច ធ្វើឱ្យទស្សនិកជនក្ដុកក្ដួលក្នុងចិត្ត

    ពាក្យពេចន៍របស់ ដួង ម៉ានិច ធ្វើឱ្យទស្សនិកជនក្ដុកក្ដួលក្នុងចិត្ត

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី24 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាស្រី ដួង ម៉ានិច បានបង្ហោះរូបភាពជាច្រើនសន្លឹក និងសារដែលមានពាក្យពេចន៍ត្អួញត្អែររៀបរាប់ពីការតស៊ូនៅក្នុងជីវិតរបស់នាង ហើយតាមរយៈរូបភាពប៉ុន្មានសន្លឹកនោះបានស្ដែងឱ្យដឹងថា ជារូបភាពដែលផ្តិតចេញពីឈុតឆាកសម្តែងភាពយន្តដែលនាង ដួង ម៉ានិចជាតួអង្គកម្សត់ក្រីក្រម្នាក់ រស់នៅក្នុងខ្ទមកណ្ដាលព្រៃភ្នំ បិទបាំងជញ្ជាំង និងដំបូលដោយស្លឹកឈើព្រៃ អង្គុយ​លើ​ដុំ​ថ្ម​ មុខខ្ទមក្រោមពន្លឺភ្នក់ភ្លើង។

    ក្នុងសារប្រៀបធៀបជីវិតក្នុងសំណេរសុភាសិតបុរាណនោះ តារាសម្តែងនិយមសម្ញែងសម្រស់ដើមទ្រូងសិចស៊ីរូបនេះបានរៀបរាប់ថា «ប្រឹងដើរផង…រត់ផង..មុខឡើងដូចស្វា…កុំធ្វើជាមនុស្សដែលមានចិត្តចង្អៀត…កុំបៀតបៀនអ្នកដទៃ…ទឹកត្រជាក់ត្រីកុំ…ហ៊ានតែទឹកក្តៅងំ..ត្រីរត់រកទឹកត្រជាក់ហើយ ខឹខឹខឹខឹ! សូម្បីតែខ្ញុំហ្នឹងក៏រត់ដែរ..មិននៅទេ ខឹខឹខឹ….បេះដូង»។

    សូមជម្រាបបន្ថែមថា តារាសម្ដែងស្រីរាងល្អិត​រូបនេះ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា រូបនាងកាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែកញ្ញាបានបង្ហាញវត្តមានជាញឹកញាប់នៅលើវិស័យសិល្ប: មិនថា ការសម្តែងខ្សែភាពយន្ត ការថតស្ប៉ត សម្អាងការផ្សេងៗ រហូតឡើងកូដទទួលបានការគាំទ្រពីទស្សនិកជន ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេស គឺបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង៕

  • លោក Boy Pakorn និងកញ្ញា Preem Ranida ចាប់ដៃគ្នាលើកដំបូងក្នុងរឿងថ្មី

    លោក Boy Pakorn និងកញ្ញា Preem Ranida ចាប់ដៃគ្នាលើកដំបូងក្នុងរឿងថ្មី

    យោងតាមសារព័ត៌មាន Thaistarnews នៅថ្ងៃទី24 ខែមករា ឆ្នាំ2018នេះ បាន​ឱ្យដឹងថា តាមការបង្ហោះរបស់គណនីអ៊ីនស្តាក្រាម របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 ថៃដែលមានឈ្មោះថា Ch3 Drama បានបញ្ជាក់ឱ្យដឹងថា តារាប្រុសរូបសង្ហាដោយសារពុកមាត់លោក Boy Pakorn និងតារាស្រីនាង Preem Ranida នឹងត្រូវចាប់ដៃគូគ្នាជាលើកដំបូងក្នុងការសម្តែងខ្សែភាពយន្តភាគថ្មីដែលមានចំណងជើងថា Plerng Naka។

    នៅក្នុងខ្សែភាពយន្តថ្មីមួយនេះនឹងមានការចូលរួមសម្តែងជាមួយលោក Aum Atichart និង Yard Yardthip ដែលជាតួឯកទីពីរ បន្ទាប់ពីលោក Boy Pakorn និង Preem Ranida។ គួរបញ្ជាក់ថា ខ្សែភាពយន្តភាគមួយនេះត្រូវបានផលិតដោយក្រុមហ៊ុនភាពយន្ត  Mind At Work New Scenario របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ3 និងត្រូវបានដឹកនាំសម្តែងដោយលោក PaaJaew Yuthana។ ចំណែកឯសាច់រឿងរបស់ខ្សែភាពយន្តនេះវិញ គឺនិយាយអំពីស្នេហាចាំជាតិរបស់នាង ណាគី។ ដូចនេះសូមប្រិយមិត្តទាំងអស់កុំភ្លេចរង់ចាំតាមដានទស្សនានាពេលខាងមុននេះ៕

  • សុភ័ក្រ កុសុម៉ា ត្រូវមិត្តរួមការងារសិល្បៈទម្លាយចរិតពិត

    សុភ័ក្រ កុសុម៉ា ត្រូវមិត្តរួមការងារសិល្បៈទម្លាយចរិតពិត

    តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់កើនឡើងជាលំដាប់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គ្រប់កម្មវិធីតែងមានវត្តមានរបស់នាងរហូត ព្រមទាំងមានទស្សនិកជនជាច្រើនចូលចិត្តតាមដានជានិច្ចទៀតផង។ ទន្ទឹមនឹងនេះផងដែរ កញ្ញា សុភ័ក្រ កុសុម៉ា ក៏ត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនប៉ុស្តិ៍ផ្សេងៗគ្នា ទាក់ទងនាងដើម្បីឱ្យទៅធ្វើជាពិធីការិនីក្នុងកម្មវិធីរបស់ពួកគេផងដែរ។ បច្ចុប្បន្ននេះ នាងតែងមានវត្តមាននៅស្ថានីយទូរទស្សន៍បាយ័ន និង​ My TV ។

    ស្របពេលដែលរាសីនៅក្នុងឆ្នាំថ្មីនេះកំពុងតែឡើងខ្ពស់នោះ ស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ចន ច័ន្ទតារា ដែលជាប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារទម្លាយពីអត្តចរិតពិតរបស់កញ្ញា សុភ័ក្រ កុសុម៉ា យ៉ាងចំៗដល់មជ្ឈដ្ឋានមហាជនបានដឹង។ លោកថា «ចរិតគួរឱ្យស្រឡាញ់ និងរួសរាយណាស់ ជាពិសេសចូលចិត្តធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ហើយក៏បានបន្សល់អនុស្សាវរីយ៍សម្រាប់ប្អូនស្រីរបស់បងឱ្យពួកគេចងចាំអស់មួយជីវិតដោយក្តីស្រឡាញ់ដែលចេញពីបេះដូងពិតប្រាកដ។ ចរិតស័ក្តិសមជាតារាល្បីមែន។ Love u sis ! SopheakKosoma»៕