Category: សង្គម និងសេដ្ឋកិច្ច

  • ប្រទេស​ចិន​បង្កើន​ការនាំចេញ​អង្ករ​ពី​កម្ពុជា ខណៈ​ទីផ្សារ​អឺរ៉ុប​កាន់តែ​តឹងតែង

    ប្រទេស​ចិន​បង្កើន​ការនាំចេញ​អង្ករ​ពី​កម្ពុជា ខណៈ​ទីផ្សារ​អឺរ៉ុប​កាន់តែ​តឹងតែង

    អង្ករ​កំពុង​ក្លាយជា​ទំនិញ​កសិកម្ម​តែមួយ​មុខ​គត់​ដែល​នាំមក​នូវ​ប្រាក់ចំណេញ​ខ្លះ​ក្នុង​ការជួយ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ផលិតផល​កសិកម្ម​ដទៃ​ទៀត​កំពុង​ប្រឈម​នឹង​ការលំបាក​ដ៏​ខ្លាំង​ក្នុងអំឡុងពេលក្រោយៗនេះ។

    ប្រទេស​ចិន​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក បាន​បញ្ជា​ទិញ​ផលិតផល​អង្ករ​ពី​កម្ពុជា​រហូតដល់ 30ម៉ឺន​តោន​នៅក្នុង​ឆ្នាំ2018នេះ ដោយមាន​កំណើន​រហូត​ដល់ 10ម៉ឺន​តោន ធៀប​នឹង​កូតា​ឆ្នាំ2016 និង2017កន្លងទៅ ដែលមាន​ត្រឹមតែ 20ម៉ឺន​តោន​ប៉ុណ្ណោះ ស្រប​ពេលដែល​ទីផ្សារ​អង្ករ​កម្ពុជា​ហាក់​កំពុង​ប្រឈម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប។

    អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ពាណិជ្ជកម្ម​អង្ករ ត្រូវបាន​ចុះហត្ថលេខា​រវាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក​អុ​ី ស៊ី​ប៉ ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​នាំចេញ-នាំចូល​ផ្នែក​ធញ្ញជាតិ ប្រេងឥន្ធនៈ និង​ចំណីអាហារ (COFCO)ដើម្បី​នាំចូល​អង្ករ​រហូតដល់ 30ម៉ឺន​តោន​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ2018នេះ​ទៅកាន់​ប្រទេស​ចិន។

    ការសន្យា​នាំចូល​ផលិតផល​អង្ករ​ពី​ប្រទេស​កម្ពុជា​ដោយ​បង្កើន​ចំនួន​កូតា​ជា​បន្តបន្ទាប់ គឺជា​ឱកាស​សម្រាប់​ផលិតផល​អង្ករ​កម្ពុជា​ក្នុងការ​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ ហើយក៏​ជា​ឱកាស​បង្កើន​នូវ​ជញ្ជីងពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​ជាង​មុន​សម្រាប់​ផលិតផល​នាំចេញ​របស់​កម្ពុជា ខណៈដែល​ប្រទេស​ទាំងពីរ​មាន​គម្លាត​ពាណិជ្ជកម្មរ​ហូត​ដល់​ជិត 4ពាន់​លាន​ដុល្លារ​អាមេរិក។

    ក្នុង​ឆ្នាំ2017 កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន​ជាង 21ម៉ឺន​តោន ហើយ​ចំនួន​កូតា​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី2018នេះ​នឹង​បង្កើន​ឱកាស​ដល់​រោង​ម៉ាស៊ីន និង​កសិករ​របស់​ក​ម្ពុ​ជា​បន្ថែមទៀត។ នេះ​បើតាម​ការលើកឡើង​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រោយ​ការចុះហត្ថលេខា​របស់​ភា​គី​កម្ពុជា​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    កាលពី​ថ្ងៃទី15 ខែមករា កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស និង​ក្របខ័ណ្ឌ​សមាហរណកម្ម​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ (UNCTAD) ដើម្បី​ពិភាក្សា​អំពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ទៅកាន់​ទីផ្សារ​នៃ​សហភាព​អឺរ៉ុប បន្ទាប់ពី​មានការ​តវ៉ា​របស់​ប្រទេស​អុ​ី​តា​លី ដើម្បី​កំណត់​កូតា​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​មួយចំនួនទៀត​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ដែល​អនុញ្ញាតឱ្យ​ទំនិញ​អង្ករ​របស់​កម្ពុជា​រួច​ពន្ធ​នាំចូល​រហូតដល់​ជាង 100ដុល្លារ​ក្នុង​មួយ​តោន។

    ក្នុងជំនួប​ពិភាក្សា​ដោយមាន​វត្តមាន​ឯកឧត្តម វ៉ា រុត​សាន្ត ប្រធាន​ក្រុមទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​លោក Stefano INAMA ប្រធាន​ផ្នែក​ប្រតិបត្តិការ​បច្ចេកទេស និង​ផ្នែក​លើកកម្ពស់​គម្រោង​សមាហរណកម្ម​ពាណិជ្ជកម្ម និង​ភាពក្រីក្រ​នៃ UNCTAD។ ជំនួប​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិភាក្សា​លើ​ការឆ្លើយតប​ចំពោះ​ការតវ៉ា​របស់​ប្រទេស​អុ​ី​តា​លី​ដែល​តែង​ស្នើឱ្យ​គណៈកម្មការ​អឺរ៉ុប​ប្រើប្រាស់​វិធានការ​ការពារ(Safeguard Measures) ក្នុងការ​ទប់ស្កាត់​ការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា។

    នៅក្នុង​កិច្ចប្រជុំ​នោះ លោក Stefano INAMA បាន​ពន្យល់​លម្អិត​អំពី​ស្ថានភាព​ដាំ​ដុះ​នៅ​ប្រទេស​អុ​ី​តា​លី និង មូលហេតុ​ធ្លាក់​ថ្លៃ​អង្ករ​នៅក្នុង​ប្រទេស​អុ​ី​តា​លី ដែល​នាំទៅដល់​ការតវ៉ា​នោះ។ ជាមួយគ្នា​នោះ លោក​ក៏បាន​បង្ហាញឱ្យឃើញថា ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​អុ​ី​តា​លី​ក៏បាន​ថយចុះ 51តោន ចន្លោះ​ឆ្នាំ 2015 / 2016 និង​ឆ្នាំ2016 / 2017 ពី 320តោន មក​នៅត្រឹម 269តោន។

    លោក Stefano INAMA បានស្នើ​ឱ្យ​ភាគី​កម្ពុជា​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខខណ្ឌ​តម្រូវ​នានា​របស់​សហភាព​អឺរ៉ុប ដើម្បី​ចៀស​ផុតពី​ការកំណត់​កូតា​សម្រាប់​អង្ករ​ពី​ប្រទេស​កម្ពុជា។

    យោងតាម​ទិន្នន័យ​នាំ​អង្ករ​ចេញ​ក្នុង​ឆ្នាំ2017 អង្ករ​របស់​កម្ពុជា​ត្រូវបាន​នាំទៅ​កាន់​ទីផ្សារ​តំបន់​អឺរ៉ុប​ស្មើនឹង 43% ដែលមាន​បរិមាណ 275.557 តោន នៃ​ការនាំចេញ​សរុប​ទៅកាន់​ទីផ្សារ​ពិភពលោកទាំង 63ប្រទេស។

    ឯកឧត្តម វ៉ា រុត​សាន្ត ប្រធាន​ក្រុមទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ប្រាប់ដ​ល់អ្ន​ក​ជំនាញការ UNCTAD ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ចុះបញ្ជី​វិញ្ញាតកម្ម (Certification Mark) (ម្លិះ​អង្គរ Malys Angkor) ក្នុងនាម​សហព័ន្ធ​សម្រាប់​ការប្រើប្រាស់​ទៅ​ថ្ងៃ​អនាគត ដែល​ជាការ​បញ្ជាក់ថា គុណភាព​អង្ករ​កម្ពុជា នឹងត្រូវ​បាន​ធានា​នៅលើ​ទីផ្សារ​អន្តរជាតិ ដែលជា​ផ្នែក​នៃ​ការអនុវត្ត​តាម​ការចង់​បាន​របស់​គណៈកម្មកា​រ​អឺរ៉ុប៕

  • វិស័យ​សំណង់​នៅតែ​កើនឡើង តែមាន​ការប្រកួតប្រជែង​ខ្លាំង

    វិស័យ​សំណង់​នៅតែ​កើនឡើង តែមាន​ការប្រកួតប្រជែង​ខ្លាំង

    មកទល់​បច្ចុប្បន្ន​វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2016 និង​ឆ្នាំ2017កន្លងទៅ វិស័យ​សំណង់​មានការ​កើនឡើង​ប្រមាណ​ជាជាង 22%។ ដូច្នេះ​គេសួរថា តើ​ការកើនឡើង​នៃ​វិស័យ​សំណង់​នេះ អាចមាន​ការប្រកួតប្រជែង​ខ្លាំង​ទៅលើ​អ្វី​ដែរ?

    លោក លី សុភា​រិ​ទ្ធិ អ្នកគ្រប់គ្រង​ផ្នែក​វិស្វកម្ម​នៃ​ក្រុមហ៊ុន Camtrust Engineering មានប្រសាសន៍ថា គិត​ត្រឹម​ដំណាច់ឆ្នាំ2017កន្លងទៅ ក្រុមហ៊ុន​របស់លោក​បាន​ទទួល​គម្រោង​ម៉ៅការ​សាងសង់​កើនឡើង​ប្រមាណ​ជា 15% បើ​ធៀប​នឹង​ឆ្នាំ2016 ដោយ​ភាគច្រើន​ម៉ៅការ​សាងសង់​លើ​គម្រោង​អគារ​ខុន​ដូ និង​អគារខ្ពស់។ លោក​បន្តថា តួលេខ​នៃ​ការកើនឡើង​នេះ​បង្ហាញថា វិស័យ​សំណង់​នៅ​កម្ពុជា​ក៏មាន​ការកើនឡើង​ដូចគ្នា ដោយសារ​ប្រជាពលរដ្ឋ​ឮ​ខ្មែរ​ចាប់ផ្តើម​មាន​ទម្លាប់​រស់នៅក្នុង​អគារ​ផ្ទះល្វែងទំនើបៗ ពិសេស​រស់នៅ​តាម​បុរី​បែប​ស៊ី​វិ​ល័យ មានគុណ​ភាព សោភ័ណភាព ផាសុកភាព និង​សុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​គាត់​ទាំងមូល។

    លោក​បាន​បន្តថា ការហូរចូល​នៃ​វិនិយោគិន​មកពី​ក្រៅប្រទេស​ក៏​ជា​ចំណែក​មួយ​ដ៏​ធំ​ដែល​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​ពិសេស​វិនិយោគិន​ជនជាតិ​ចិន​ដែល​បោះទុន​វិ​និយោគ​សាងសង់​អគារខ្ពស់ៗនៅ​កម្ពុជា​ដើម្បី​លក់ ឬ​ជួល​ទៅឱ្យ​អ្នកវិនិយោគផ្សេងៗដែល​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា។ ជាមួយគ្នានេះដែរ លោក ឃឹម ពៅ ប្រធាន​ក្រុមហ៊ុន KP Decor & Construction បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ក្រុមហ៊ុន​សំណង់ផ្សេងៗ ទាំង​ក្នុង និង​ក្រៅ​ស្រុក​ពិសេស​ក្រុមហ៊ុន​ចិន​តែម្តង។

    លោក​ទទួលស្គាល់ថា វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​បន្ត​រឹងមាំ​ទៅមុខ​ជានិច្ច ហើយ​ថា ដើម្បីឱ្យ​មានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន លុះត្រាតែ​ក្រុមហ៊ុន​សំណង់នីមួយៗត្រូវ​គិត​លើ​គុណភាព សោភ័ណភាព សុវត្ថិ​ភាពជា​ចម្បង និង​តម្លៃ​ក៏ត្រូវ​មានការ​ប្រកួតប្រជែង​ផងដែរ។

    លោក​បន្ថែមទៀតថា “ដើម្បីឱ្យ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន មុននឹង​សាងសង់ ក្រុមហ៊ុន​ត្រូវ​គិតពី​អតិថិជន​គោលដៅ​ជាមុន​ថា តើ​ការសាងសង់​ត្រូវ​លក់​ទៅឱ្យ​អតិថិជន​កម្រិតណា? កម្រិត​A អ្នកមាន​ចំណូល​ខ្ពស់ កម្រិត​B អ្នកមាន​ចំណូល​មធ្យម និង​កម្រិត​C សម្រាប់​អ្នកមាន​ចំណូល​ទាប។ សម្រាប់​ក្រុមហ៊ុន KP Decor & Construction បច្ចុប្បន្ន​បានទទួល​ការសហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ក្នុងការ​បណ្តាក់ទុន​រួមគ្នា​សាងសង់​សំណង់​លំនៅឋាន​សម្រាប់​អ្នកមាន​ចំណូល​ទាប​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ 3 ជិត​បុរី​សន្តិភាព​នៅក្រោយ​ចូលឆ្នាំ​ចិន​ខាងមុខ ដែលមាន​តម្លៃ​ត្រឹមតែ​ចន្លោះ​ពី 2ម៉ឺន​ដុល្លារ ទៅ 3ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

    ទោះជា​យ៉ាងណា បើ​គេ​ក្រឡេក​ទៅ​មើល​គម្រោង​សាងសង់​ខុន​ដូ និង​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​វិញ ឃើញថា​មានការ​កើនឡើង​ខ្លាំង ខណៈដែល​តម្រូវការ​បា​ន​ថយចុះ។ យោងតាម​របាយការណ៍​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ក្នុង​ឆ្នាំ2017 កន្លងទៅ គម្រោង​សាងសង់​នៅ​ទូទាំងប្រទេស​មាន​ចំនួន 3,052គម្រោង ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាជាង 6ពាន់​លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 កើនឡើង​ប្រមាណ​ជា 22.3% ដែល​ក្នុងនោះ​ក្រុមហ៊ុន​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​សាងសង់​មាន​ចំនួន 275ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ក្នុង​ឆ្នាំ2017 ក្នុង​ចំនួន​នេះ​មាន​ក្រុមហ៊ុន​បរទេស​ចំនួន 102ក្រុមហ៊ុន។ ចាប់តាំងពី​ការអនុវត្ត​រហូតដល់​ដំណាច់ឆ្នាំ2017 មាន​ក្រុមហ៊ុន​ចំនួន 1,047 កំពុង​ប្រតិបត្តិ​ការសាងសង់​នៅ​កម្ពុជា។

    ដោយឡែក​ការវិនិយោគ​លើ​វិស័យ​សំណង់ អគារខ្ពស់ៗ និង​អគារ​លំនៅឋាន​ជា​លក្ខណៈ​បុរី នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ឆ្នាំ2000 ដល់2017 គឺមាន​អគារខ្ពស់ៗចំនួន 979អគារ ក្នុងនោះ​អគារ​ខ្ពស់​ចាប់ពី5 ទៅ9ជាន់​មាន​ចំនួន 579អគារ។ កម្ពស់​ចាប់ពី10 ទៅ19ជាន់​មាន​ចំនួន 290អគារ។ កម្ពស់​ពី20 ទៅ29ជាន់​មាន​ចំនួន 70អគារ។ កម្ពស់​ពី30 ទៅ39ជាន់​មាន​ចំនួន 29អគារ និង​កម្ពស់​ពី40ជាន់​ឡើងទៅ​មាន11អគារ។

    វិស័យ​សំណង់​ត្រូវបាន​គេ​មើលឃើញថា បាន​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គិត​ជា​មធ្យម​តម្រូវការ​ពលកម្ម​ចន្លោះ​ពី 25ម៉ឺន​ទៅ26ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ក្នុងនោះ​នៅ​រាជធានីភ្នំពេញ​ត្រូវការ​កម្លាំង​ពលកម្ម​ចន្លោះ​ពី 12 ទៅ13ម៉ឺន​នាក់។ សម្រាប់​តម្លៃ​កម្មករ​គ្មាន​ជំនាញ​ទទួលបាន​បៀវត្សរ៍​ចន្លោះ​ពី 260ដុល្លារ​ដល់ 300ដុល្លារ ចំណែក​ម្មករ​មាន​ជំនាញ​ទទួលបាន​ចំណូល​ចាប់ពី 375 ទៅ 560ដុល្លារ​ក្នុង​មួយខែ រីឯ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ទទួលបាន​ចន្លោះ​ពី 400 ទៅ 2500ដុល្លារ​ក្នុង​មួយខែ៕

  • ករុណា ពេជ្រ រំភើបចិត្តដល់ស្រក់ទឹកភ្នែក ខណៈលោកឪពុកបានដឹងខ្លួន

    ករុណា ពេជ្រ រំភើបចិត្តដល់ស្រក់ទឹកភ្នែក ខណៈលោកឪពុកបានដឹងខ្លួន

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ នៅប៉ុន្មានម៉ោងមុននេះបន្ដិចបានឱ្យដឹងថា ស្ថានភាពជំងឺឪពុកលោកបានធូរស្បើយ និងបានដឹងខ្លួនមកវិញ តែនៅមិនទាន់អាចនិយាយបាន និងកម្រើកខ្លួនបានឡើយ នេះបើតាមការបង្ហាញពីវីដេអូរបស់តារារូបនេះ បានបង្ហោះនៅលើហ្វេសប៊ុក។

    លោក ករុណា ពេជ្រ បានរៀបរាប់ជាសារឱ្យមហាជនបានដឹងថា « មកលា ប៉ា ស្អែកទៅធ្វើការ នៅ កុងតឺណឺ សៀមរាប ស្តាតចាស់…ពេលលាប៉ា ប៉ា បែកភ្នែកធំៗ ហ្មង…ប៉ា ត្រូវប្រឹងឆាប់បានទៅផ្ទះវិញ ហើយដើម្បីកំលាំងចិត្តដល់កូន បន្តទៀត…»។ យ៉ាងណាមិញ ទឹកចិត្តរបស់កូនប្រុសកត្តញូរូបនេះ ដែលតែងតែនៅមើលថែលោកឪពុក បើទោះបីជាមានការងារមមារញឹកជាច្រើននោះ លោកបានបន់ស្រន់សូមសេចក្ដីសុខមានដល់លោកឪពុកថា « ការងារ និង មនោសញេ្ចតនា … ទោះបីយ៉ាងណា ក៏កូនដឹងអារម្មណ៏ប៉ា កំពុងជូនពរកូន ព្រោះឱ្យតែពេលកូនចេញទៅធ្វើការឆ្ងាយពីប៉ា….!!! សៀមរាប កុងតឺណឺ យប់នេះ »៕

  • ខេ​ម ត្រៀមខ្លួន​ថតកុន​ជា​លើកដំបូង

    ខេ​ម ត្រៀមខ្លួន​ថតកុន​ជា​លើកដំបូង

    តារាចម្រៀង​ប្រុស ដែល​មហាជន​បានដាក់​រហស្សនាម​ថា “អធិរាជ​សំនៀង​ស្អក” ដ៏​ពីរោះ​រណ្តំ​ដួងចិត្ត មានឈ្មោះ​ពិត​លោក ប៉ុន សុ​ណារិន​ហៅ​លោក ខេ​ម បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ខ្សែភាពយន្ត​ដែល​ផលិតឡើង​ដោយ​ផលិតកម្ម​ថោ​ន ក្នុង​តំណែង​ជា​តួឯក។

    តារាចម្រៀងរូបនេះ ក៏បាន​បង្ហើប​ប្រាប់​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​លើ​ការថត​កុន​ដែរ​ថា “ចំពោះ​រឿង​ថតកុន​នេះ កន្លងមក​មាន​ខាង​ផលិតករ​ជាច្រើន​ដែរ​បានមក​ទាក់ទង​ហៅ​ខ្ញុំ​ទៅ​ថត​ជា​ហូរហែ តែដោយសារ​ខ្ញុំ និង​ផលិតករ ចរចា​គ្នា​មិនត្រូវ​លើ​តម្លៃ ពេលវេលា និង​សាច់រឿង​មិនត្រូវ​ចិត្ត​ខ្ញុំ​ជាដើម។ ចំណែកឯ​ផលិតកម្ម​ថោ​ន​វិញ ប្រសិនបើ​ផលិតកម្ម​តម្រូវឱ្យ​ថតកុន​វិញ​នោះ ខ្ញុំ​ក៏ត្រូវ​តែ​ថត​តាម​ការចាត់ចែង​របស់​គេ​ដែ។

    គួរកត់សម្គាល់​ផងដែរ​ថា លោក ខេ​ម តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ដែលមាន​ឈ្មោះ​ដើម​លោក ប៉ុន សុ​ណារិន មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាន​ប្រឡូក​ចូល​វិថី​សិល្បៈ​នា​អំឡុងពេល​ឆ្នាំ2007 តាមរយៈ​ការចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Boy Band របស់​ស្ថានីយទូរទស្សន៍ CTN និង​បាន​ធ្វើជា​តារាចម្រៀង​ឱ្យ​ស្ថានីយទូរទស្សន៍​មួយ​នេះ​រយៈពេល​មួយឆ្នាំ​ផងដែរ។ កាលពី​ឆ្នាំ2008 លោក ខេ​ម​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម​ថោ​ន ខណៈ​តារាចម្រៀង​សំឡេង​ស្អក​រូបនេះ មិនសូវ​ទទួលបាន​ប្រជាប្រិយភាព និង​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​ប៉ុន្មាន​នោះទេ​នាពេលនោះ៕

  • តារាស្រី ដេននី ក្វាន់ ពន្លះអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ និងអះអាងថាមិនស្គាល់ក្មេងខ្ទើយបារាំង

    តារាស្រី ដេននី ក្វាន់ ពន្លះអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ និងអះអាងថាមិនស្គាល់ក្មេងខ្ទើយបារាំង

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ដេននី ក្វាន់ នៅថ្ងៃទី 26 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា បន្ទាប់ពីមានគេហទំព័រកម្សាន្ដក្នុងស្រុកមួយ ដែលបានប្រើចំណងជើងអត្ថបទធ្ងន់ៗ និងនៅក្នុងន័យមួលបង្កាច់បង្ខូចឈ្មោះតារាស្រីរូបនេះថា «ដេននីក្វាន់និងបងស្រីត្រូវអ្នកហ្វេសបុកជេរឡើងចាស់ដៃ បន្ទាប់ពីជួល500$អ្នកកាសែតអោយចុះវាយប្រហារក្មេងប្រុសនៅបារាំងដែលនិយាយការពិតថាពួកគេជាស្រីខូច » ។ ខណៈនេះ តារាស្រីសិចស៊ីរូបនេះ បានចេញមុខពន្លះអ្នកសារព័ត៌មានមួយនោះ និងព្រមទាំងអះអាងថា មិនស្គាល់ក្មេងខ្ទើយនៅបារាំងនេះទេ។

    តារាស្រី ដេននី ក្វាន់ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា « សូមបងសារព័ត៍មាន មួយនេះ មេត្តាចុះផ្សាយ ដាក់ចំណងជើង ឱ្យមានវិជ្ជាជីវៈផង ។ ហើយមួយវិញទៀត មានភស្តុតាងត្រង់ចំនុចណា ដែលចាំបាច់អោយនាងខ្ញុំទៅជួល សារពត័មានចុះផ្សាយ ដើម្បីប្រឌិត រឺ វាយប្រហារនោះ ។ មនុស្សខ្ញុំក្រៅពីយកលុយ ចែកទានធ្វើបុណ្យ គឺខ្ញុំមិនយកលុយ ទៅបំផ្លាញ រឺ ចំណាយបែបថោកទាបឥតប្រយោជន៏នោះទេ ។ នាងខ្ញុំសូមឱ្យបងសារពត័មាន បង្ហាញភស្តុតាង រឺ មានពាក្យសរសេរនេះមកពីខាងណា រឺបានតាម ភាសានិយាយរបស់បុគ្គលមួយណា សូមបងបញ្ចេញអង្គហេតុមក ក្នុងនាមបងជាស្ថាបន័សារពត៏មាន សូមប្រើវិជ្ជាជីវៈក្នុងការសរសេរ »។

    យ៉ាងណាមិញ តារាស្រីរូបស្រស់សូបនេះ បានសង្កត់ធ្ងន់លើគេហទព័រនោះថា « ចំណងជើងមួយនេះ អត្ថបទ មួយនេះលើសពីវិជ្ជាជីវៈ សារពត៏មានហើយ វាចូលបទបរិហាកេរ្ត៏ ទាំងគ្មានការពិត ទាំងត្រចៀកស រឺ បងចុះដើម្បី កេងចំនេញស្ថាប័នបង ។ ហោចណាស់ក៏បងសារពត៏មាន ត្រូវ ខលមកសួរខ្ញុំសិន ថា តើវាជាការពិត រឺ យ៉ាងណា ?»។ នាងបន្ដថា «បញ្ជាក់ខ្ញុំមិនដែលស្គាល់អាក្មេងខ្ទើយនៅបារាំងនេះទេ…តើចណុចណាដែលថាខ្ញុំមានជម្លោះជាមួយក្មេងខ្ទើយនោះ?»៕

  • ការវិនិយោគ​ដែល​ធូរ​ថ្លៃ​ជាងគេ​លើ​ពិភពលោក គឺ​ការអាន

    ការវិនិយោគ​ដែល​ធូរ​ថ្លៃ​ជាងគេ​លើ​ពិភពលោក គឺ​ការអាន

    ការអាន​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ទាំងអស់​លើ​ពិភពលោក ព្រោះថា ប្រភព​ចំណេះដឹង​ទាំងអស់​ត្រូវបាន​គេ​កត់​ត្រាទុក​នៅក្នុង​ក្បួនច្បាប់​នានា ដែល​ក្នុងនោះ​សៀវភៅ​ក៏​ជា​ប្រភព​នៃ​ចំណេះដឹង​ដែល​មនុស្សពូកែៗជាច្រើន​បាន​ចងក្រង​ទុក​សម្រាប់​អប់រំ​មនុស្ស​ជំនាន់​ក្រោយ​ដែរ។

    សហ​ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត លោក សុខ ឡាក់ បាន​លើកឡើងថា នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​គឺ សៀវភៅ​មាន​ដល់​ទៅ 130 លាន​ចំណងជើង បើតាម​ការស្រាវជ្រាវរ​បស់​ក្រុមហ៊ុន Google ហើយ​ប្រភព​ចំណេះដឹង​ទាំងអស់នោះ​សុទ្ធតែជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​ដែល​អាចធ្វើឱ្យ​មនុស្ស​បង្កើត​លុយ​បាន​រាប់លាន​ដុល្លារ។

    លោក សុខ ឡាក់ បាន​និយាយថា៖ “ មាន​មនុស្សពូកែៗច្រើនណាស់​នៅលើ​ពិភពលោក​នេះ​ដែល​បាន​បន្សល់ទុក​ស្នាដៃ​ដ៏​ច្រើន ដែល​យើងទាំងអស់គ្នា​អាច​យកមកប្រើ​បាន​ដោយ​គ្រាន់តែ​ចំណាយ​ពេលវេលា​ដើម្បី​អាន​ឯកសារ​ដែល​គាត់​ខិតខំ​ចងក្រង​ទុក​ប៉ុណ្ណោះ។ ស្ថាបនិក​បណ្ណាល័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការអាន គឺជា​ការវិនិយោគ​ដ៏​ឆ្លាត​វៃ ដែល​ទទួលបាន​ទាំង​ចំណេះដឹង ការកម្សាន្ត និង​អាច​ប្រើប្រាស់​វា​សម្រាប់​ជា​ប្រយោជន៍​ដល់​ជីវិត​បាន ព្រោះថា បើ​អ្នក​ទាំងអស់គ្នា​ប្រៀបធៀប​ជាមួយ​ការវិនិយោគ​បែប​ផ្សេង​វិញ យើង​នឹង​មើលឃើញថា ការអាន គឺជា​ការវិនិយោគ​ដែល​ចំណាយ​តិច តែ​ទទួលបាន​ផល​ច្រើន។

    លោក​បានបញ្ជាក់​ផងដែរ​ថា បណ្ណាល័យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺមាន​ដល់​ទៅ​ជាង 1ម៉ឺន​បណ្ណាល័យ គឺ​ច្រើនជាង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ដូចជា​ប្រទេស​សិង្ហ​បុរី​ជាដើម តែ​ជា​អកុសលប្រជាជន​ឮ​ខ្មែរ​ជាច្រើន​មិនទាន់​បានដឹង​ច្បាស់​ហើយក៏​មិនទាន់បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការងារ​អាន​ដែរ។

    លោក សុខ ឡាក់ បាន​និយាយថា៖ “បើ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​អាន ហើយ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ លុះត្រាតែ​យើង​ធ្វើឱ្យ​បណ្ណាល័យ​ទាំងអស់នោះ​ដំណើរការ។ លោក​បាន​សង្កត់ធ្ងន់ថា នាពេល​បច្ចុប្បន្ននេះ មាន​បណ្ណាល័យ​មួយចំនួន​មិនសូវ​ត្រូវបាន​គេ​យកចិត្តទុកដាក់​នោះទេ ដែល​ពេលខ្លះ​វា​បណ្តាលមកពី​យើង​ខ្វះ​អ្នកជំនាញ​នៅ​បណ្ណាល័យ។ តាមពិត​នៅ​បណ្ណាល័យ​គឺ​ត្រូវការ​អ្នកជំនាញ​ច្រើន​ដើម្បី​ប្រឹក្សា​យោបល់ ជ្រើសរើស​សៀវភៅ​ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​អ្នកអាន ដើម្បី​កុំឱ្យ​អ្នក​ដែល​ចង់​អាន​មានការ​ហត់នឿយ​ខ្លាំង​ក្នុងពេល​ចាប់ផ្តើម

    ដំបូង ឬ​ផ្តល់នូវ​ប្រភព​ដែល​សំខាន់​ខ្លាំង​សម្រាប់​អ្នកស្រាវជ្រាវ។ ម្យ៉ាងវិញទៀត អ្នកជំនាញ​បណ្ណាល័យ​ក៏​ជា​អ្នក​ដែល​អាចជួយ​ឱ្យ​អ្នក​ទាំងអស់គ្នា​ចំណាយ​ថវិកា​តិច​ក្នុងការ​ស្វែងរក​ឯកសា​រ​នានាដែល​ខ្លួន​ចង់បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​ប្រឈម​ក្នុង​ការរស់នៅ ក្នុង​ការងារ ឬ​ក្នុង​អាជីវកម្ម​ជាដើម៕

  • វីតាមីន​សំខាន់ 8យ៉ាង ដែល​គួរ​បានទទួល​មុនពេល​តាំង​គភ៌ និង​ក្នុងពេល​មានគភ៌

    វីតាមីន​សំខាន់ 8យ៉ាង ដែល​គួរ​បានទទួល​មុនពេល​តាំង​គភ៌ និង​ក្នុងពេល​មានគភ៌

    តើ​អ្នក​គិត​យ៉ាងណាដែរ នៅពេល​ជិត​មាន​សមាជិក​ថ្មី​ម្នាក់​កើតឡើង​នៅក្នុង​ជីវិត និង​ក្នុង​គ្រួសារ​របស់​អ្នក? អ្នក​ប្រហែលជា​ត្រេកអរ​ខ្លាំងណាស់​និង​ប្រាកដ​ក្នុង​ចិត្ត​បានតែ​ម្ដងថា អ្នក​ត្រូវតែ​បំប៉ន​គភ៌​មួយ​នេះ​យ៉ាង​ល្អ​បំផុត ហើយ​អ្វីដែល​អ្នកនឹង​ធ្វើ​ចំពោះ​កូន​សម្លាញ់​របស់​អ្នក​ក្នុងអំឡុងពេល​តាំង​គភ៌​នោះ​គឺ ការទទួល​ទាន​អាហារ​ដែល​ល្អ និង​មាន​ប្រយោជន៍​ដល់​រាងកាយ​របស់​កូន​ដែល​នៅក្នុង​គភ៌។ អាហារ​គឺ​សំខាន់​មិនអាច​ខ្វះ​បានឡើយ បើ​អ្នកមាន​ផែនការ​ចង់បាន​បុត្រ នោះ​គឺ​ការ​ទទួលទាន​វីតាមីន ហើយ​បើ​ចង់ឱ្យ​ល្អ​បំផុត​នោះ អ្នក​គួរតែ​ទទួលទាន​តាំងពី​មុនពេល​តាំង​គភ៌ និង​ក្នុងអំឡុងពេល​មានគភ៌ ហើយ​វីតាមីន​ដែល ឡា​រ៉ែ​ន ចង់​ណែ​នាំឱ្យ​ទទួលទាន មាន​ដូចតទៅ ៖

    1/ អាស៊ីត​ហ្វូ​លិ​ក

    អាស៊ីត​ហ្វូ​លិ​ក មាន​ភាព​សំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មានគភ៌​គ្រប់រូប។ ស្ត្រី​ដែលមាន​ផែនការ​ចង់បាន​កូន​គួរ​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​យ៉ាងតិច​មុនពេល​មានគភ៌1-3ខែ ហើយ​បើ​ដឹងថា ខ្លួន​តាំង​គភ៌​ហើយ គួរតែ​ទទួលទាន​ភ្លាម​តែម្ដង​ព្រោះ​អាស៊ីត​ហ្វូ​លិ​ក​នឹង​ជួយ​កាត់បន្ថយ​ភាព​ពិការ​តាំងពី​ពេល​កើត​ដំបូង​របស់​ទារក​បាន។ ស្ត្រី​អាច​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​ក្នុង​រូប​បែប​ជា​ថ្នាំ ឬ​អាហារ​ក៏បាន អាស្រ័យ​លើ​ភាពងាយស្រួល។ បើ​ត្រូវការ​ទទួលទាន​ជា​អាហារ​ក៏មាន​ដូចជា គ្រាប់​សណ្ដែកខ្មៅ បន្លែ​ស្លឹក​បៃតង ស្លឹក​ផ្ទី និង​ថ្លើម ជាដើម។

    2/ វីតាមីន C

    បើ​ស្ត្រី​ដែល​ចាប់ផ្ដើម​តាំង​គភ៌​បាន​ទទួលទាន​វីតាមីន C យ៉ាង​ត្រឹមត្រូវ នឹង​ជួយ​ការពារ​ការ​រលូត​បុត្រ​បាន ហើយ​បើ​ចំពោះបុរសៗដែល​ត្រូវ​ការចង់ឱ្យ​ភរិយា​របស់ខ្លួន​មានកូន​វិញ​នោះ ក៏​គួរតែ​ទទួលទាន​វីតាមីន​ឱ្យច្រើនៗដែរ ព្រោះ​វា​នឹង​ជួយ​បង្កើន​បរិមាណ​ទឹកអសុចិ និង​ធ្វើឱ្យ​មេជី​វិត​រឹងមាំ​ទៀតផង។

    3/ វីតាមីន E

    វីតាមីន E សំខាន់​ខ្លាំងណាស់ ទាំង​ស្ត្រី ទាំង​បុរស។ សម្រាប់​បុរស វីតាមីន E នឹងធ្វើ​ឱ្យ​ទឹក​មេជី​វិត​រឹងប៉ឹង ហើយ​សម្រាប់​មនុស្ស​ស្រី​នឹងធ្វើ​ឱ្យ​ចរន្ត​នៃ​ការទម្លាក់​ស៊ុត​ញី​ដំណើរការ​យ៉ាង​ប្រក្រតី។

    4/ ជាតិ​ស័ង្កសី

    សំខាន់​សម្រាប់​ទាំង​បុរស និង​ទាំង​ស្ត្រី​គ្រប់រូប​ដូចគ្នា ព្រោះ​នឹងធ្វើ​ឱ្យ​ប្រព័ន្ធ​បន្ត​ពូជ​ធ្វើការ​បានល្អ និង​ការ​បំបែក​ខ្លួន​របស់​កោសិកា​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ប្រភព​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​សំខាន់​មួយ​នេះ​រួមមាន​ដូចជា ទឹកដោះគោ​ជូរ យ៉ា​អួ សណ្ដែកខៀវ អយ​ស្ទ័​រ សាច់មាន់ បង្គា​ស្រស់ សាច់គោ គ្រាប់ល្ង និង​គ្រាប់​ល្ពៅ​ជាដើម។

    5/ វីតាមីន B6

    ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការទម្លាក់​ស៊ុត​ឱ្យ​ដំណើរការ​ប្រក្រតី​សម្រាប់​ស្ត្រី និង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​អាការ​ចាញ់កូន អាច​ទទួលទាន​វីតាមីន B6 ដើម្បី​ជួយ​សម្រាល​អាការ​នេះ​បាន។ អាហារ​ដែលមាន​វីតាមីន B6 ច្រើន មានដូចជា បន្លែ​ផ្ទី មើម​ស្ពៃ ម្ទេស ខ្ទឹមស ទំពាំង​បារាំង ប្រូ​ខូ​លី ត្រី​ធូ​ណា បន្លែ​ខាត់ណា សាច់​ត្រី ថ្លើម ស្ពៃក្ដោប និង​ជី​បារាំង។

    6/ អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ

    អាហារ​ពពួក​នេះ​នឹង​ជួយ​ឃុំគ្រង​ស៊ុត​ញី​របស់​ស្ត្រី និង​មេជី​វិត​របស់​បុរស​ពី​ភាពខុសប្រក្រតី​របស់​ប្រព័ន្ធ​ក្រូ​ម៉ូ​ហ្សូ​ម។ ប្រភព​អាហារ​ដែល​សំខាន់​គឺ បង្គា​ស្រស់ ផ្សិត ថ្លើម សាច់​ត្រី សាច់​ត្រី​ធូ​ណា សាច់​ត្រី​សាល់​ម៉ុ​ន និង​សាច់​ត្រី​ឆ្ពង់។

    7/ សារធាតុ​ដែក

    សារធាតុ​ដែក ជា​ប្រភព​អាហារ​សំខាន់​ក្នុង​ការមិន​ធ្វើឱ្យ​លោកអ្នក​កើត​ជំងឺ​លោហិត​ស្លេក និង​សំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មានគភ៌។ ប្រភព​អាហារ​ដែល​យើង​រក​សារធាតុ​នេះ​បាន​គឺ តៅហ៊ូ គ្រាប់សណ្ដែក បន្លែ​ត្រកួន និង​គ្រាប់​ល្ពៅ។ល។

    8/ អាស៊ីត​ខ្លាញ់​ចាំបាច់ផ្សេងៗ

    ដូចជា អូ​មេ​ហ្កា 3 ជាដើម វា​នឹង​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​របស់​ស្ត្រី​មានគភ៌ ធ្វើឱ្យ​ស្បូន​រឹងមាំ ជួយ​ដល់​ប្រព័ន្ធ​ឈាម​រត់ កាត់បន្ថយ​សភាវ​ប្រសូត​មុន​កំណត់ និង​ធ្វើឱ្យ​ទម្ងន់​ខ្លួន​កូន​ល្អ។ ប្រភព​អាហារ​សំខាន់​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អ មាន​ដូចតទៅ សណ្ដែក​វ៉​ល​ណាត់ បង្គា​ស្រស់ ត្រី​សា​ឌី​ន ត្រី​ធូ-ណា ត្រី​សាល់​ម៉ុ​ន គ្រាប់​ហ្វ្លែ​កស៍ និង​ត្រី​ឆ្ពង់។

    ស្ត្រី​ដែល​កំពុង​តាំង​គភ៌​ហើយ ឬ​កំពុង​ត្រៀមខ្លួន​ជិត​មានគភ៌ បើ​ចង់​មាន​សុខ​ភាពល្អ ក្រៅពី​ការទទួល​ទាន​អាហារ​ហើយ នៅ​ត្រូវ​ហាត់ប្រាណ​គួបផ្សំ​ផងដែរ។ សម្រាប់​ស្ត្រី​កំពុង​មានគភ៌​គួរប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​ចាប់ផ្ដើម​ទទួលទាន​អាហារ​បំប៉ន​ណាមួយ និង​មិនគួរ​ទទួលទាន​ច្រើន​ជ្រុល​ពេក​នោះទេ។ អ្វីដែល​សំខាន់ គួរ​ចៀសវាង​សភាវ​ជ្រៀតជ្រែក​ពី​រោគផ្សេងៗដែល​អាច​កើតឡើង​បាន ដូចជា ការទទួល​សារធាតុពុល ឬ​ការប្រើ​ថ្នាំ​ប្រភេទ​ខ្លះ​ដែលមាន​ផលប៉ះពាល់​ជាមួយ​អ័រម៉ូន​ក្នុង​រាងកាយ៕

  • Apple អាច​នឹង​ឈប់​ផលិត និង​លក់ iPhone X ព្រោះតែ​បញ្ហា​នេះ…

    Apple អាច​នឹង​ឈប់​ផលិត និង​លក់ iPhone X ព្រោះតែ​បញ្ហា​នេះ…

    អាមេរិក៖ នៅពេលដែល​ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ iPhone X មាន​អតិថិជន Apple ជាច្រើន​មានការ​ចាប់អារម្មណ៍​ជាមួយនឹង iPhone មួយ​នេះ ជាពិសេស​គឺ​នៅ​ថ្ងៃ​ចេញលក់​តែម្ដង ប៉ុន្តែ​អ្វីដែល​គេ​មើលឃើញ​ជាក់ស្ដែង​ក្រោយ​ពេលចេញ​លក់បាន​ប៉ុន្មាន​ខែ​កន្លងមកនេះ គឺ​ត្រូវការ iPhone X មាន​ចំនួន​តិច​បំផុត រហូត​ធ្វើ​ឲ្យ Apple បង្ខំចិត្ត​កាត់បន្ថយ​ការផលិត។

    ក្រុមអ្នកវិភាគ​ជាច្រើន បាននាំគ្នា​ធ្វើ​ព្យាករណ៍​ថា ក្រុមហ៊ុន Apple ទំនងជា​បញ្ឈប់​ការផលិត iPhone X នៅ​មុនពេល​ប្រកាស​បង្ហាញ​វត្តមាន iPhone ជំនាន់​ថ្មី។ អ្នក​ខ្លះទៀត​បានលើកឡើង​ថា ក្រុមហ៊ុន Apple អាច​នឹង​ឈប់​ផលិត ព្រមទាំង​ឈប់​លក់ iPhone X នៅលើ​ទីផ្សារ​ថែម​ទៀតផង ដែល​ទាំងនេះ​មកពី​តម្រូវការ​ទីផ្សារ​ទាប់ និង​ធ្លាក់ចុះ​យ៉ាងខ្លាំង។

    KGI Securities ដែលជា​ស្ថាប័ន​វិភាគ និង​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន Apple បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​មួយ និង​បាន​ព្យាករណ៍​ថា ការលក់​ចេញ iPhone X ទៅក្នុង​ទីផ្សារ​នា​ត្រីមាស​ទី1 ដើមឆ្នាំ 2018 គឺមាន​ចំនួន 18លាន​គ្រឿង ហើយ​បើសិនជា​ធៀប​នឹង​ម៉ូ​ដែលមុនៗ ឃើញថា​តួលេខ​នេះ​ធ្លាក់ចុះ​គួរឱ្យគត់សម្គាល់ ដែលជា​ហេតុនាំឱ្យ Apple អាច​នឹង​ឈប់​ផលិត ព្រមទាំង​ឈប់​លក់​នៅលើ​ទីផ្សារ។

    ប្រភព​ដដែល​បាន​បន្តទៀតថា ការ​កង្វះ​នៃ​តម្រូវការ នឹង​ធ្វើឱ្យ​ក្រុមហ៊ុន Apple ឈប់​ផលិត iPhone X ហើយ​មូលហេតុ​ធំ​មួយទៀត​ដែល Apple មិន​ចង់​ចេញលក់​នៅលើ​ទីផ្សារ​នោះ​គឺ​ដោយសារតែ មិន​ចង់​លក់ iPhone X ក្នុង​តម្លៃថោក៕

    https://www.youtube.com/watch?v=K4wEI5zhHB0

  • ស្ថានភាពជំងឺ គង់ ច័ន្ទស្រីមុំ ធូរស្រាលហើយ និងមិនប៉ះពាល់ដល់គភ៌

    ស្ថានភាពជំងឺ គង់ ច័ន្ទស្រីមុំ ធូរស្រាលហើយ និងមិនប៉ះពាល់ដល់គភ៌

    តាមរយៈបណ្ដាញសង្គហ្វេសប៊ុករបស់លោក គឹម សីហា ដែលជាស្វាមីរបស់អ្នកនាង គង់ ច័ន្ទ ស្រីមុំ នៅថ្ងៃទី 26 ខែមករា ឆ្នាំ 2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីក្ដីបារម្ភចំពោះភរិយា កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ​ ខណៈដែលកំពុងពពោះជាង 4 ខែ។

    លោក សីហា បានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា « ឥឡូវគាត់ធូបានបន្តិចហើយ​ !​ មកផ្ទះញ៉ាំបបរហើយលេបថ្នាំ​ !​ កូនក្នុងផ្ទៃសុខភាពល្អ​ តែម្តាយវិញរលាកក្រពះ​ ព្រោះញ៉ាំអត់ទៀងទាត់ពេលវេលា​ !​
    អរគុណអ្នកទាំងអស់គ្នាដែរបានបារម្មណ៍»។​ លោក បន្ដថា « ស្មានតែធូរស្រាលហើយ​ !​ ឥឡូវនៅតែឈឺទៀត​ !​ មកពេទ្យទាំងយប់ព្រោះខ្លាច​ គាត់ទ្រាំមិនបាន​ !​ អោយតែបានគេងលក់យប់នឹងសិន​ ដើម្បីអោយមានកំលាំង​ !​ ឆាប់ជាណា​ ប្រពន្ធសំលាញ់​ Kong Chansreymom»។

    គួរបញ្ជាក់ផងដែរថា លោក សីហា ក៏បានបញ្ជាក់ពីមូលហេតុនៃ​ការ​​ចុក​ពោះ​ញឹកញាប់​នេះ បណ្ដាល​មក​ពី​​​ភរិយាលោកមាន​ជំងឺ​រលាក​ក្រពះ​ជា​យូរ​មក​ហើយ​​ ក៏ប៉ុន្ដែម្ដងនេះភរិយាមានស្ថានភាពធ្ងន់ធ្ងរបន្ដិចដោយសារមាន​ខ្យល់​ក្នុង​ពោះ​ច្រើន​ពេក​។ លោកបានសង្កេតឃើញភរិយា​​តែង​មាន​អាការៈ​ ចុក​ពោះ​ ​​​រមួល​ក្រពះ​ និង​អួល​ចុង​ដង្ហើម​ ទើបពិគ្រោះជាមួយពេទ្យ និងទទួលបានការណែនាំឲ្យ​​ញ៉ាំ​អាហារ​បំប៉នល្អៗដែលមានគុណប្រយោជនចំពោះកូន​ក្នុង​ផ្ទៃ​៕

  • Southampton បំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Carrillo ពី​ក្លិប Monaco ក្នុងតម្លៃ 19,2លាន​ផោន

    Southampton បំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Carrillo ពី​ក្លិប Monaco ក្នុងតម្លៃ 19,2លាន​ផោន

    ក្លិប Southampton បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Guido Carrillo ក្នុងតម្លៃ​ខ្លួន 19,2លាន​ផោន (ស្មើនឹង 27លាន​ដុល្លារ​អាមេរិក)។ ក្លិប​កំពុង​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ សង្ឃឹមថា នឹង​បន្ថែម​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ពួកគេ ក្រោយពី​បាន​ជួប​ការលំបាក​នៅ​ដំណាក់កាល​ទី1នៃ​រដូវ​កាល​នេះ ក្រោម​ការដឹកនាំ​របស់​លោក Mauricio Pellegrino។

    ការនាំយក Carrillo គឺជា​ការចំណាយ​ប្រាក់​ជា​លើក​ទី1ពី​កញ្ចប់​ថវិកា​ដែល​បានមកពី​ការលក់​ខ្សែការពារ Virgil van Dijk ទៅឱ្យ​ក្លិប Liverpool ក្នុងតម្លៃ​ខ្លួន 75លាន​ផោន ខណៈដែល​ការទិញ​កីឡាករ​ថ្មី​បន្ថែមទៀត​ដើម្បី​ពង្រឹង​ក្រុម នឹងត្រូវ​ធ្វើឡើង​បន្តទៀត។ ក្លិប Southampton ក៏បាន​ចាប់អារម្មណ៍​ទៅលើ​ខ្សែបម្រើ​ស្លាប​អន្តរ​ជាត​ហូ​ឡង់ Quincy Promes របស់​ក្លិប Spartak Moscow ផងដែរ ខណៈដែល​រូបគេ​អាច​នឹងមាន​តម្លៃ​ខ្លួន៣០លាន​ផោន។

    Carrillo ដែល​បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្លិប Southampton រហូតដល់​ខែមិថុនា ឆ្នាំ2021នោះ ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ជា​កីឡាករ​បម្រុង​នៅ​រដូវ​កាល​នេះ ដោយបាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ត្រឹមតែ2លើក​គត់ ប៉ុន្តែ បាន​ស៊ុត​បាល់​បញ្ចូល​ទី5គ្រាប់​សម្រាប​ក្រុម​ម្ចាស់​ជើងឯក Ligue 1 មួយ​នេះ។

    Southampton បាន​សង្ឃឹមថា នឹង​អាច​ទិញយក​ខ្សែប្រយុទ្ធ​វ័យ 26ឆ្នាំ​រូបនេះ ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា15លាន​ផោន ប៉ុន្តែ សំណើ​របស់​ពួកគេ ត្រូវបាន​ច្រានចោល មុននឹង​សម្រេចចិត្ត​បំពេញ​ការផ្ទេរ​មួយ​នេះ ដើម្បី​បន្ថែម​ភាព​មុត​ស្រួច​លើ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ។ Carrillo បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ ខ្ញុំ​ពិតជា​រីករាយ​ណាស់។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប​នេះ៕

    ប្រភពពី៖ The Guardian