Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួង​សេដ្ឋកិច្ច​កែសម្រួល​អត្រា​ជាប់ពន្ធ​មធ្យម និង​ពន្ធ​ធំ​លើ​ផលរបរ​ប្រចាំឆ្នាំ

    ក្រសួង​សេដ្ឋកិច្ច​កែសម្រួល​អត្រា​ជាប់ពន្ធ​មធ្យម និង​ពន្ធ​ធំ​លើ​ផលរបរ​ប្រចាំឆ្នាំ

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​មួយ​ដោយ​កែសម្រួល​លើ​អត្រា​ប្រភេទ​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស សម្រាប់​អ្នក​ជាប់ពន្ធ​មធ្យម និង​អ្នក​ជាប់ពន្ធ​ធំ ដោយ​ដំឡើង​ចំនួន​នៃ​ចំណូល​ប្រចាំឆ្នាំ ខណៈដែល​អ្នក​ជាប់ពន្ធ​តូច​គឺ​នៅ​រក្សា​ដដែល។

    ប្រកាស​ចុះ​ថ្ងៃទី24 ខែមករា ឆ្នាំ2018នេះ ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កំណត់ថា អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ គឺ​អ្នក​ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង អ្នក​ជាប់ពន្ធ​ធំ។ សម្រាប់​អ្នក​ជាប់ពន្ធ​តូច គឺកំណត់​នៅ​ដដែល​ធៀប​នឹង​ប្រកាស​ដែល​ចេញ​កាលពី​ចុងឆ្នាំ2015ដោយ​អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯកបុគ្គល ឬ​សហគ្រាស​សហកម្មសិទ្ធិ មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី 250លាន​រៀល  ដល់700លាន​រៀល។

    ដោយឡែក​អ្នក​ជាប់ពន្ធ​មធ្យម​ត្រូវបាន​កំណត់ថា ជា​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 700លាន​រៀល ដល់4,000លាន​រៀល ខណៈដែល​ប្រកាស​កាលពី​ចុងឆ្នាំ2015 បាន​កំណត់ថា អ្នក​ជាប់ពន្ធ​មធ្យម​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 700លាន​រៀល ដល់2,000លាន​រៀល ។

    ប្រកាស​ថ្មី​បាន​បង្ហាញថា អ្នក​ជាប់ពន្ធ​ធំ​ត្រូវបាន​កំណត់​ដំឡើង​ទឹកប្រាក់​អតិបរមា​រហូតដល់4,000លាន​រៀល។ ប្រកាស​នោះ​ក៏បាន​បង្ហាញថា អ្នក​ជាប់ពន្ធ​ធំ ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 4,000លាន​រៀល ឬ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ សាខា​ក្រុមហ៊ុន​បរទេស ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់។ ដែល​ប្រកាស​កាលពី​ចុងឆ្នាំ2015 បាន​កំណត់ថា អ្នក​ជាប់ពន្ធ​ធំ​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 2,000លាន​រៀល ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់។

    ក្រោយ​រយៈពេល​ជិត1ឆ្នាំ បន្ទាប់ពី​ការប្រកាស​ប្តូរ​របៀប​ប្រមូល​ពន្ធ​ពី​របប​ម៉ៅការ ទៅជា​របប​ស្វ័យ​ប្រកាស​វិញ មាន​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​រហូតដល់ 80% បាន​អះអាងថា  ខ្លួន​ប្រកប​របរ​អាជីវកម្ម​ខាត​ប៉ុន្តែ​អគ្គនាយក​ពន្ធដារ​មិនបាន​ជឿជាក់​នោះទេ។

    នៅក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន43 ដើម្បី​ក្លាយជា​ភ្នាក់ងារ​សេវាកម្ម​ជា​លើកដំបូង​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2016 ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានលើកឡើង​ឡើង​ថា ក្រុមហ៊ុន​មិនតិចជាង 80%ទេ ដែល​ដាក់​លិខិត​ប្រកាស​ខាត​មក​ពន្ធដារ តែ​ថ្នាក់ដឹកនាំ​ពន្ធដារមិន​ជឿ​លើ​លិខិត​ប្រកាស​ខាត​ទាំង​នោះទេ។

    បើទោះបី​ជាមាន​ការលើក​ឡើងធ្ងន់ៗបែបនេះ​ក៏ដោយ តែ​ឯកឧត្តម គង់ វិបុល មិនបាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ណាមួយ​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្រុមហ៊ុន​បុរី​ខ្លះ​ប្រើប្រាស់​ទុន​ពី​ធនាគារ​រហូតដល់ 50លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ខ្លះ​វិញ​ប្រើប្រាស់​កម្ចី​ពី​ក្រៅប្រទេស​រាប់រយ​លាន​ដុល្លារ តែ​ម្ចាស់​អាជីវកម្ម​នោះ​បែរជា​អះអាងថា ខាត​ទៅវិញ។

    ឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា៖ “គាត់​មក​ប្រាប់ថា គាត់​រកស៊ី​ជា​លក្ខណៈ​គ្រួសារ​ទេ ពេលខ្លះ​អត់​ចំណេញ​ទេ។ ខ្ញុំ​ថា ឥឡូវ​សុំ​មើល​របាយការណ៍ តើ​ធនាគារ​ឲ្យ​លោក​ខ្ចី​ប៉ុន្មាន ខ្ចី 50លាន​ដុល្លារ។ បើ​ឃើញ​អត់​ចំណេញ គេ​ឱ្យ​ខ្ចី 50លាន​ដុល្លារ? ធនាគារ​ហ្នឹង​ដូចជា​មិនសូវ​ចេះ​វិភាគ​ពី​ហានិភ័យ​របស់ខ្លួន​ទេ​អី?។

    រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​ប្រកាស​ពី​ការផ្លាស់ប្តូរ​របៀប​ប្រមូល​ពន្ធ​ពី​របប​ម៉ៅការ​ទៅជា​របប​ស្វ័យ​ប្រកាស ចាប់តាំងពី​ឆ្នាំ2016មក។ បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​នេះ ត្រូវបាន​វិស័យ​ឯកជន​យល់ឃើញថា របប​ស្វ័យ​ប្រកាស​នេះ បាន​បង្ករ​ផល​លំបាក​មួយចំនួន​ចំពោះ​អ្នក​ជាប់ពន្ធ​តូច ដោយសារ​ការអនុវត្ត​តាម​របប​ម៉ៅការ​ពីមុន​មិន​តម្រូវឱ្យមាន​គណនេយ្យ​ទេ ហើយ​ពេល​ប្តូរ​មក​របប​ស្វ័យ​ប្រកាស​វិញ​មានការ​តម្រូវ​លើ​ការធ្វើ​បញ្ជីស្នាម​គណនេយ្យ​ច្រើន​ដែល​ធ្វើឱ្យ​បន្ទុក​នៃ​ការចំណាយ​កាន់តែ​ខ្ពស់​ឡើង ហើយ​អាជីវកម្ម​បែប​លក្ខណៈ​គ្រួសារ​មួយចំនួន​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ទៅលើ​ការចំណាយ​បង់ពន្ធ និងផ្សេងៗទៀត ដូចជា​ពន្ធ​កាត់​ទុកជា​ដើម៕

  • Instagram នឹងមានមុខងារ Video Call ឆាប់ៗ?

    Instagram នឹងមានមុខងារ Video Call ឆាប់ៗ?

    អាមេរិក៖ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា Instagram កំពុងតែត្រៀមលក្ខណៈបញ្ចូលនូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់​កាត់​តែមានភាពស្និទ្ធស្នាលជាងមុន នោះគឺមុខងារ Video Call។

    មុខងារមួយនេះ នឹងលោតបង្ហាញឡើងតែ​សម្រាប់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានផ្សារភ្ជាប់ទំនាក់ទងជាមួយគ្នា ហើយបើសិនជា​ចង់ប្រើប្រាស់មុខងារនេះ អ្នកប្រើត្រូវចុចប៊ូតុង Video Call តែមុខងារនេះ ក៏មានចំណុចពិសេសដែរគឺភាគីម្ខាងទៀត អាច​មានសិទ្ធិ​មិន​ទទួល​ការហៅ​ជា Video Call នេះបានដែរ។

    សម្រាប់ព័ត៌មាននេះដែរ ត្រូវបានលេចធ្លាយប្រហែលជា ៣ខែមកហើយ ប៉ុន្តែព័ត៌មានដែលបានបែកធ្លាយនោះ មិនទាន់យកជាការបាន ព្រោះតែ​គ្មានប្រភពច្បាស់លាស់ ចំណែកនៅពេលនេះ គឺរូបភាពមុខងារ Video Call ត្រូវបានគេចែករំលែកពាសពេញបណ្ដាញសង្គម ខណៈដែល​អ្នក​នាំ​ពេលរបស់ Instagram មិនធ្វើសេចក្ដីអត្ថាធិប្បាយអ្វីទាំងអស់៕

  • ចិន​គ្រោង​សាងសង់​មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា

    ចិន​គ្រោង​សាងសង់​មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា

    ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ក៏ដូចជា​នៅលើ​ឆាក​អន្តរជាតិ​ដែរនោះ ក្រុម​វេជ្ជបណ្ឌិតល្បីៗរបស់​ចិន​គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​នាពេលខាងមុខ។

    គម្រោង​សាងសង់​នេះ​ត្រូវ​បានបង្ហាញ​តាមរយៈ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ Yi Zhou Proton Therapy Center នៅ​ទីក្រុង Zhuozhou នៃ​ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន ដែលជា​មន្ទីរពេទ្យ​ឯកទេស​ព្យាបាល​ជំងឺមហារីក​ដ៏​ធំ និង​ទំនើប​បំផុត​នៅក្នុង​ប្រទេស​ចិន។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​នេះ​ត្រូវបាន​វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ90 ហិកតា ចំណាយ​អស់​ទុន​សាងសង់​ចំនួន 6.2 ប៊ី​លាន​យន់ (ប្រមាណ 1ប៊ី​លាន​ដុល្លារ​អាមេរិក) និង​មាន​បុគ្គលិក គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​ជំនាញ​ប្រមាណ 3,000 នាក់​កំពុង​បំពេញការងារ ដោយមាន​បំពាក់​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ទំនើប​បំផុត។ ក្នុង​បរិវេណ​មន្ទីរពេទ្យ​នេះ​មាន​អគារ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺមហារីក​ព្យាបាល​តាមបែប​គីមី តាមបែប​កោសិកា តាមបែប​វិទ្យាសាស្ត្រ​ចិន និង​តាមបែប​បស្ចិមប្រទេស ព្រមទាំង​មាន​អគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក-គ្រូពេទ្យ មន្ទីរ​ពិសោធ សាលប្រជុំ ភោជនីយដ្ឋាន និង​កន្លែង​ហាត់​កីឡា​ទៀតផង។

    ក្នុងជំនួប​នេះ​លោក Han Ge ដែលជា​អ្នកវិនិយោគ​មន្ទីរពេទ្យ​នេះ​បាន​មានប្រសាសន៍ថា តាមរយៈ​មន្ទីរពេទ្យ​នេះ លោក​មានបំណង និង​កំពុង​សិក្សា​លើ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ដែលមាន​ស្តង់ដារ​ដូចគ្នានេះ​នៅក្នុង​ប្រទេស​កម្ពុជា និង​បង្កើត​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​មួយ​ទៀតផង។

    ជាមួយគ្នានេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នេះ ព្រោះ​ការបង្កើតបាន​នូវ​មន្ទីរពេទ្យ​លំដាប់​ស្តង់ដារ​ខ្ពស់​នឹង​ជួយផ្ដល់​ឱកាស​ការងារ​ក្នុងស្រុក និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​ប្រជាជន។ បើ​គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ​សម្រេចបាន​ជោគជ័យ វា​នឹង​ក្លាយជា​មន្ទីរពេទ្យ​ដែល​បម្រើសេវា​ព្យាបាល មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រជាជន​ទូទាំង​តំបន់​ផងដែរ៕

  • Aubameyang បំពេញ​ការផ្ទេរ​ទៅ Arsenal ខណៈ Giroud ទៅ Chelsea

    Aubameyang បំពេញ​ការផ្ទេរ​ទៅ Arsenal ខណៈ Giroud ទៅ Chelsea

    ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Olivier Giroud បាន​បំពេញ​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន 18លាន​ផោន (ស្មើនឹង 25.56លាន​ដុល្លារ​អាមេរិក) របស់គេ​ទៅកាន់​ក្លិប Chelsea និង​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 18ខែ នៅឯ​កីឡដ្ឋាន Stamford Bridge។

    នៅមុននេះ​បន្តិច កាលពី​ថ្ងៃ​ពុធ ក្លិប Arsenal បាន​បំបែក​កំណត់ត្រា​ផ្ទេរ​របស់​ពួកគេ សម្រាប់​ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ​ជា​លើក​ទី 2នៅ​រដូវ​កាល​នេះ តាមរយៈ​ការបំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពី​ក្លិប Borussia Dortmund ក្នុងតម្លៃ​ខ្លួន 56លាន​ផោន (ស្មើនឹង 74លាន​ដុល្លារ​អាមេរិក)។ ដោយឡែក ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Michy Batshuayi ពី​ក្លិប Chelsea ជំនួស​វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​បញ្ចប់រ​ដូ​វ​កាល​នេះ។

    Giroud នឹង​ពាក់អាវ​លេខ 18ក្នុង​ក្លិប​ថ្មី​របស់គេ ក្រោយពី​ការចូលរួម​របស់គេ​បានកើត​ឡើង មុនពេល​ក្លិប Dortmund បានប្រកាស​ពី​ការខ្ចី​ជើង Batshuayi។ Aubameyang វ័យ 28ឆ្នាំ ដែល​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ជាមួយនឹង​ក្លិប Arsenal រហូតដល់​ឆ្នាំ2021នោះ នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មានឈ្មោះ​ល្បី​ទី 2របស់ Arsenal នៅ​ខែម​ករានេះ ក្រោយពី Henrikh Mkhitaryan បាន​ចូលរួម​ដោយ​មកពី​ក្លិប Manchester United។

    ការផ្ទេរ​មួយ​នេះ នឹង​បង្កើន​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​របស់ Arsenal ក្រោយពី​ការចាកចេញ​របស់ Alexis Sanchez ទៅកាន់ Man United ក្នុងការ​ផ្ទេរ​មួយ​ដែលមាន​ការដោះដូរ​ជាមួយនឹង Mkhitaryan ប៉ុន្តែ វា​បាន​បង្កើត​ឲ្យ​មាន​សំណួរ​ជាច្រើន​ជុំវិញ​អនាគត​របស់ Alexandre Lacazette ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង៕

    ប្រភពពី៖ The Guardian

  • គង់ ចាន់ស្រីមុំ បញ្ចេញសាច់ក្បាលពោះកំពុងតាំងគភ៌នៅតែស្រស់ស្អាត

    គង់ ចាន់ស្រីមុំ បញ្ចេញសាច់ក្បាលពោះកំពុងតាំងគភ៌នៅតែស្រស់ស្អាត

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ នៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2018 នេះបានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះដ៏ស្រស់ស្អាត ខណៈដែលអ្នកនាងកំពុងពពោះប្រមាណជាជាង 4 ខែហើយ។

    ជាទូទៅដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្ស​ស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ដោយឡែក ខណៈដែលកំពុងតែពពោះកូនដំបូងនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះ ឱ្យមហាជនអ្នកគាំទ្របានទស្សនាពីសាច់ក្បាលពោះដ៏សខ្ចីម៉ដ្ឋរលោង និងនៅតែមានភាពសិចស៊ីស្រស់ស្អាតរហូត។

    យ៉ាងណាមិញ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ក្នុងសារនូវពាក្យមួយឃ្លាថា «i can’t wait to see u , i already love u.» ដែលស្ដែងឱ្យដឹងថា នាងមានក្ដីរំភើប និងអន្ទះសាជាខ្លាំងក្នុងការរង់ចាំថ្ងៃដែលបុត្រសម្លាញ់នឹងបានឃើញពន្លឺព្រះអាទិត្យ។ ដូច្នេះកុំបង្អង់យូរ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

  • Moura បំពេញ​ការផ្ទេរ​ពី PSG ទៅ Spurs ក្នុងតម្លៃ​ខ្លួន 25លាន​ផោន

    Moura បំពេញ​ការផ្ទេរ​ពី PSG ទៅ Spurs ក្នុងតម្លៃ​ខ្លួន 25លាន​ផោន

    ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​ប្រេ​ស៊ី​ល Lucas Moura ពី​ក្លិប Paris Saint-Germain ក្នុងតម្លៃ​ខ្លួន 25លាន​ផោន (ស្មើនឹង 35.4លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈពេល 5ឆ្នាំកន្លះ។

    Moura គឺជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់ Spurs នៅ​រដូវរងា​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ2015 ដែល​នៅពេលនោះ​ពួកគេ​បាន​ទិញ​ខ្សែបម្រើ Dele Alli ពី​ក្លិប MK Dons ហើយ​ខ្សែបម្រើ​រូបនោះ​ក៏បាន​ក្លាយជា​កីឡា​ករទី2របស់ PSG ក្នុងការ​ចាក​ចេញពី​ក្លិប​នេះ​នៅ​រដូវ​កាល​នេះ​ផងដែរ បន្ទាប់ពី​ការចាកចេញ​របស់ Serge Aurier កាលពី​រដូវក្តៅ។ Moura បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ឡុង​ដ៍​ហើយ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ហើយ​និង​ត្រូវបាន​នាំទៅ​កាន់​ទីលាន​ហ្វឹកហាត់​របស់​ក្លិប Spurs កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិនិត្យ​សុខភាព។

    Lucas ដែល​សង្ឃឹមថានឹង​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​នោះ បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter របស់ Tottenham ថា៖ «វា​ជា​ទំព័រ​ថ្មី​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ ជាការ​ប្រជែង​ថ្មី​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពិតជា​រីករាយ​ណាស់»។ ខ្សែបម្រើ​ស្លាប​វ័យ 25ឆ្នាំ​ដែល​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ចំនួន 34លើក​រូបនេះ បាន​សម្តែង​ពី​ការខកចិត្ត​របស់គេ​ទៅកាន់​កាសែត​កីឡា​ប្រចាំថ្ងៃ​របស់​បារាំង L’Equipe កាលពីដើម​សប្តាហ៍​នេះ សម្រាប់​ការដែល​ត្រូវបាន​បង្កក​ដោយ​ក្លិប PSG ខណៈដែល​ការ​ទៅដល់​របស់​មិត្ត​រួម​ជាតិ​របស់គេ Neymar ពី​ក្លិប Barcelona បានធ្វើ​ឲ្យ​គេ​កាន់តែ​បាត់បង់​ឱកាស​ក្នុង​ការចូល​លេង​ក្នុង​ជម្រើស​ដំបូង​ទៅទៀត៕

    ប្រភពពី៖ Sky Sports

  • Vivo បង្ហាញ X20 Plus UD ស្មា​ត​ហ្វូ​ន​បង្កប់​ស្គែ​ន​ខ្ចៅដៃ​ក្រោម​អេក្រង់​មុនគេ​លើ​ពិភពលោក

    Vivo បង្ហាញ X20 Plus UD ស្មា​ត​ហ្វូ​ន​បង្កប់​ស្គែ​ន​ខ្ចៅដៃ​ក្រោម​អេក្រង់​មុនគេ​លើ​ពិភពលោក

    នៅ​ទីបំផុត​ក៏​ដល់ពេល​បង្ហាញខ្លួន​ជា​ផ្លូវការ​ហើយ​សម្រាប់ Vivo  X20 Plus UD ស្មា​ត​ហ្វូ​ន​ដែល​ខាង Vivo ចាត់​ភាពទំនើប​មក​ព្រមជាមួយ​នឹង​សេន​ស៊ើ​រ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​ដំបូង​គេ​បំផុត​ក្នុង​ពិភពលោក។

    សេន​ស៊ើ​រ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​របស់ Vivo ដែល​បាន​ធ្វើឡើង​រួមគ្នា​ជាមួយ Synaptics នោះ​មានឈ្មោះ​ហៅថា Clear ID FS9500 ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ដោយ​ប្រព័ន្ធ Optical ដោយ​ប្រើ​សេន​ស៊ើ​រ​ទទួល​រូបភាព CMOS ដែលមាន​កម្រាស់​ស្ដើង​បំផុត​ត្រឹមតែ 0.7 មី​ល្លី​ម៉ែត្រ បំពាក់​នៅ​ស្រទាប់​ក្រោម​អេក្រង់ OLED ដែល​នឹងមាន​តួនាទី​បញ្ចាំង​ពន្លឺ​ទៅរក​ស្នាមខ្ចៅ​ម្រាមដៃ​ដើម្បីឱ្យ​សេន​ស៊ើ​រ​ស្គែ​ន និង​បញ្ជូន​ព័ត៌មាន​ទៅ​ឈិ​ពរ​ក្សា​ទិន្នន័យ ដើម្បី​ពិនិត្យ​ស្នាម​ខ្ចៅ​ម្រាមដៃ​ថា តើ​ត្រឹមត្រូវ​ឬទេ?។ ក្រៅពីនេះ សេន​ស៊ើ​រ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​បែប​ក្នុង​អេក្រង់

    របស់ Synaptics នេះ​ថែមទាំង​ធន់​នឹង​ការ​ឆ្កូត​ឬ​ស្នាមផ្សេងៗ និង​អាច​ការពារ​ការ​ជ្រាប​ទឹកបាន​ទៀតផង ព្រោះ​បំពាក់​នៅក្រោម​កញ្ចក់។

    Synaptics នៅបាន​ប្រាប់ទៀតថា Clear ID FS9500 នេះ​ធ្វើការ​បាន​លឿន​ជាង Face ID ដល់​ទៅ 2ដង និង​ធ្វើការ​បានល្អ​ទោះជា​នៅក្នុង​កន្លែង​ដែលមាន​ពន្លឺ​ថ្ងៃ​ចាំង​ខ្លាំង​ក៏ដោយ។

    Vivo X20 Plus UD នឹង​ចេញមក​ព្រមជាមួយ​អេក្រង់ AMOLED ទំហំ 6.43អី​ុ​ញ អត្រា​ចំណែក 18:9 ភាព​លម្អិត​ច្បាស់ Full HD គូ​គ្នា​ជាមួយ RAM 4GB ផ្ទុក​បាន 128GB ប្រើ​ឈិ​ព​សិត Snapdragon 660 Support និង​ការប្រើ​ស៊ីម 2 បែប HighBrid។ ចំណែកឯ​ផ្នែក​កាមេរ៉ា​វិញ កាមេរ៉ា​ខាងមុខ​នឹង​ចេញមក​ព្រមជាមួយ​ភាព​លម្អិត​ច្បាស់ 12 Mega Pixel។ កាមេរ៉ា​ក្រោយ 1គូ មាន​ភាព​លម្អិត​ច្បាស់ 12+5 Mega Pixel និង​ថែមទាំង​ប្រើ​ថ្ម​បាត់​តេ​រី​ទំហំ 3,950mAh ទៀតផង៕

  • ទោះវរល់យ៉ាងណា ខេមរៈ សេរីមន្ដ មិនភ្លេចធ្វើបុណ្យសាងកុសលជាមួយគ្រួសារ

    ទោះវរល់យ៉ាងណា ខេមរៈ សេរីមន្ដ មិនភ្លេចធ្វើបុណ្យសាងកុសលជាមួយគ្រួសារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី1 ខែកុម្ភៈនេះបានឱ្យដឹងថា បើទោះបីជាមួយរយៈក្រោយៗនេះតារាចម្រៀងប្រុសរូបសង្ហា និងជាម្ចាស់បទ “ស្ទឹងសែនបងអើយ” កំពុងតែកក្រើក និងទាក់ទាញអារម្មណ៍ទស្សនិកជនខ្លាំងបំផុត និងមានភាពមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ ក៏លោក ខេមរៈ សេរីមន្ដ មិនភ្លេចរឿងធ្វើបុណ្យសាងកុសលឡើយ។

    ជាក់ស្ដែងកាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃបុណ្យមាឃបូជា លោក ខេមរៈ សេរីមន្ដ បានឆ្លៀតពេលដ៏រវល់របស់ខ្លួននាំក្រុមគ្រួសារទៅធ្វើបុណ្យនៅឯវត្ត ដោយក្នុងនោះលោកក៏បានបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដែរ ព្រមជាមួយនឹងសារអមថា៖”មាឃបូជាជូនបុណ្យបងប្អូនទាំងអស់គ្នា”។ ដោយឡែក ការបង្ហាញវត្តមាននៅទីតាមទីវត្តអារ៉ាមរបស់តារាចម្រៀងរូបនេះ គេឃើញមានអ្នកគាំទ្រតាមដង្ហែរូបលោក ព្រមទាំងសុំថតរូបជាមួយមិនចេះដាច់ឡើយ។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលោក ខេមរៈ សេរីមន្ដ ផ្លាស់មកចូលនៅក្នុងផលិតកម្មរស្មីហង្សមាសមក ត្រូវបានគេកត់សម្គាល់ឃើញថា លោកមានការកើនឡើងនៃសម្ទុះការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន។ ហើយលោកតែងតែចេញបទចម្រៀងថ្មីៗមកបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាការបង្ហាញស្ទីលប្លែកៗជាច្រើនទៀតផង៕

  • ឯកឧត្តម វេ​ង សាខុន ជំរុញ​ការដាំដុះ​ឫស្សី​តាម​សហគមន៍​ព្រៃឈើ ដើម្បី​បង្កើន​ប្រាក់ចំណូល

    ឯកឧត្តម វេ​ង សាខុន ជំរុញ​ការដាំដុះ​ឫស្សី​តាម​សហគមន៍​ព្រៃឈើ ដើម្បី​បង្កើន​ប្រាក់ចំណូល

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បាន​អះអាង​ពី​គោលបំណង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ការពារ​ព្រៃឈើ តាមរយៈ​ការបង្កើន​ការដាំ​ដើមឈើ​ដែលមាន​ប្រយោជន៍ ការផលិត​បន្លែ និង​ការ​ចិញ្ចឹមសត្វ ស្រប​ពេលដែល​តម្រូវកា​រ​នៅក្នុង​ប្រទេស​កាន់តែ​កើនឡើង។

    ការប្រកាស​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ធ្វើឡើង​នៅក្នុង​វេទិកា​កសិកម្ម​ក្នុង​ខែមករា​នេះ។ ការប្រកាស​នេះ​ត្រូវបាន​គេ​មើលឃើញថា ស្រប​ពេលដែល​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយ​លើកលែងតែ​ការផលិត​ស្រូវ ខណៈដែល​កម្ពុ​ជាមាន​តម្រូវការ​ខ្ពស់​ផ្នែក​បន្លែ និង​ត្រី​សាច់ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុងមាន​កំណើន​ខ្ពស់ និង​កើនឡើង​តាមរយៈ​កំណើន​ទេសចរ និង​កំណើនសេដ្ឋកិច្ច។

    ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា ៖ “ទិសដៅ​របស់ខ្ញុំ គឺ​យើង​មិនអាច​ទៅចៀរ​ជ័រទឹក ហើយ​យកទៅលក់​ដើម្បីរ​ស់បាន​ទៀត​នោះទេ ព្រោះ​សេដ្ឋកិច្ច​របស់​យើង​កើនឡើង​ហើយ និង​កើនឡើងរហូត។ ខ្ញុំ​ឱ្យ​ប្រមូល​ធនធាន​ដើម្បី​ជួយ​ដល់​សហគមន៍​ព្រៃឈើ​ដែល​បាន​បង្កើត​ហើយ​នោះ ដែល​មិន​ត្រឹមតែ​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​ការដាំដុះ​បន្ថែមទៀត ទាំង​អគ្គនាយកដ្ឋាន​កសិកម្ម និង​រដ្ឋបាល​ជលផល​ត្រូវ​សហការគ្នា គឺ​កន្លែង​ណា​ដែល​អាចជួយ​គាត់​បាន។

    តាម​អ្វីដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍​នោះ​គឺ សហគមន៍​ព្រៃឈើ​នៅ​កម្ពុ​ជាមាន​សក្តានុពល​ច្រើន​ក្នុងការ​អភិវឌ្ឍ​ការថែរក្សា​ព្រៃឈើ​របស់ខ្លួន និង​បង្កើន​ប្រាក់ចំណូល​បន្ថែម​តាមរយៈ​ការដាំដុះ​ប្រភេទ​រុក្ខជាតិ​ដែលមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​តាមរយៈ​ការប្រើប្រាស់​ប្រចាំថ្ងៃ។

    ប្រភេទ​រុក្ខជាតិ​ដែលមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​ព្រៃឈើ​នោះ​គឺ​ការដាំដុះ​ដើម​ឫស្សី ព្រោះ​ដើម​ឫស្សី​ត្រូវបាន​គេ​ប្រើប្រាស់ ចាប់តាំងពី​ទំពាំង​រហូតដល់​ដើម​របស់​វា ដែលជាហេតុផល​មួយ​រួមចំណែក​ដល់​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល​ប្រភេទ​បន្លែ​ទំពាំង​ពី​ប្រទេសជិតខាង។

    ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា ៖ “ខ្ញុំ​មើល​នៅក្នុង​កាសែត ខ្ញុំ​ឃើញថា​មាន​ចំណូល​ច្រើន​ពី​ដំណាំ​ឫស្សី អ៊ីចឹង​នៅក្នុង​ព្រៃ​នោះ ម៉េច​មិន​ព្រម​ដាំ​ឫស្សី? ព្រោះ​បាន​ផល​ច្រើន ប្រមូល​ផល​ពី​ដើមឫស្សី​ផង និង​ទំពាំង​ផង។ ខ្ញុំ​ឃើញ​ក្នុង​ពិធីការនីមួយៗ ទំពាំង​ត្រូវគេ​យកទៅ​ឆា​ធ្វើ​ម្ហូប មិនតិច​នោះទេ ហើយ​យើង​មិន​ព្រម​គិតគូរ​ដាំ បែ​ជា​ទៅ​នាំ​ទំពាំង​ពី​គេ​មកវិញ។

    តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ដែលមាន​សហគមន៍​ព្រៃឈើ មិន​ត្រឹមតែ​មានឱកាស​ថែរក្សា​ព្រៃឈើ​ដែលមាន​ប្រយោជន៍​យូរអង្វែង​ដល់​អនាគត​ក្រុមគ្រួសារ​របស់គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​មុខរបរ និង​ប្រាក់ចំណូល​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ឱ្យបាន​ល្អប្រសើរ​ជាង​មុន​ផងដែរ។ ឯកឧត្តម វេ​ង សាខុន បានបញ្ជាក់​ថែមទៀត​ថា៖“យើង​អាច​កែច្នៃ​បាន អ្វីដែល​មិន​ប៉ះពាល់​ដល់​ព្រៃឈើ ហើយ​ទទួលបាន​ចំណូល​ផង។ សេដ្ឋកិច្ច​ចេះតែ​កើនឡើង មាន​សេចក្តីត្រូវការ​ច្រើនណាស់ យើង​ត្រូវ​បង្កើន​មុខរបរថ្មីៗបន្ថែមទៀត ខាង​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ត្រូវតែ​គិតគូរ​ថា តើ​យើង​អាច​លែងគោ លែង​ក្របី​ក្នុង​ព្រៃឈើ​នោះបាន​ឬទេ?។

    ឯកឧត្តម វេ​ង សាខុន បន្ថែមទៀតថា៖ “ខ្ញុំ​កំពុង​បុករុក​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីឱ្យ​ផ្តល់ទុន​វិនិយោគ​លើ​បញ្ហា​នេះ ដើម្បី​បន្ថែម​ទុន​ទៅដល់​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ដើម្បី​ជំរុញ​កិច្ចការ​នេះ យើង​មិន​ធ្វើឱ្យប៉ះពាល់​ព្រៃឈើ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចិញ្ចឹម​ជាមួយគ្នា​តែម្តង ដូចជា​ដាំ​ដើម​ឫស្សី ចិញ្ចឹមសត្វ គឺ​យើង​អាចធ្វើ​ទៅរួច ដើម្បី​បន្ថយ​សម្ពាធ។

    យោងតាម​ទិន្នន័យ​ដែល​បាន​សិក្សា​នាពេល​កន្លងមក កម្ពុជា​បាន​នាំចូល​បន្លែ​ជាច្រើន​ប្រភេទ​ពី​ប្រទេសជិតខាង​ដែលមាន​បរិមាណ​ប្រមាណ​ជា 400តោន​ក្នុង​មួយថ្ងៃ ចន្លោះ​ពី​ខែមីនា​រហូតដល់ខែវិច្ឆិកា ហើយ​កម្ពុជា​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ 200លាន​ដុល្លារ​សម្រាប់​ការ​នាំចូល​បន្លែ​ទាំងនោះ។

    បច្ចុប្បន្ននេះ ផ្ទៃដី​ដាំ​ដុះ​បន្លែ​នៅ​កម្ពុជា​បាន​ថយចុះ​ជា​បន្តបន្ទាប់​យ៉ាង​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ការផលិត​ស្បៀង​នៅក្នុង​ស្រុក។ ក្នុង​ឆ្នាំ2016 ផ្ទៃដី​ដាំ​ដុះ​បន្លែ​នៅសល់តែ​ជាង 12,000 ដោយ​ថយចុះអស់​ជាង 3,000ហិកតា ពី​ជាង 15,000ហិកតា​ក្នុង​ឆ្នាំ2015 ហើយ​នៅ​ឆ្នាំ2017 ផ្ទៃដី​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ​នៅសល់តែ​ជាង 9,000ហិកតា​ប៉ុណ្ណោះ៕

  • ភ្ញាក់ផ្អើល! ម៉េង កែវពេជ្ជតា បង្ហាញអក្សរសរសេរដៃ ស្អាតដូចបោះពុម្ព

    ភ្ញាក់ផ្អើល! ម៉េង កែវពេជ្ជតា បង្ហាញអក្សរសរសេរដៃ ស្អាតដូចបោះពុម្ព

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា រាជិនីសំឡេងមាស ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅពេលថ្មីៗនេះ ដែលគេមើលឃើញថា ជាអក្សរប៉ារ៉ូល(ទំនុកច្រៀង)ចម្រៀងបទ “ទឹកភ្នែកសំងាត់​” ដោយអ្នកស្រី​ សុង​ សេងហ៊ន ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់បានឃើញអក្សរដែលតារាស្រីរូបនេះសរសេរដោយផ្ទាល់ដៃនោះឡើយ ពោលគឺ ពិតជាកម្របានឃើញមែន។

    ដូចដែលធ្លាប់បានដឹងហើយថា រាជិនីសំឡេងមាសរូបនេះ មិនត្រឹមតែជាតារាចម្រៀងដែលមានទឹកដមសំឡេងពិរោះរណ្ដំបេះដូងនោះទេ អ្នកនាងក៏មានចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរជ្រៅជ្រះផងដែរ។ អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់នៅលើហ្វេសប៊ុកថា «គ្រប់គ្នា​ថាអក្សរខ្ញុំដូចជាអក្សរមនុស្សប្រុស​? ដូចមែនឬ​? ទឹកភ្នែកសំងាត់​ ដោយអ្នកស្រី​ សុង​ សេងហ៊ន​ (​ស្រលាញ់ណាស់​)»។

    យ៉ាងណាមិញ អ្នកគាំទ្រជាច្រើននាក់បានលាន់មាត់សរសើអក្សរតារាស្រីរូបនេះថា «អក្សរស្អាតដូច​បោះពុម្ព» ខ្លះទៀតថា «សូមសរសើរ បងស្រីសរសេរអក្សរបានស្អាតណាស់ ហើយមានឃ្លា មានបន្ទាត់ និងល ល្អឥតខ្ចោះ។ អក្សរបងស្រី​សរសេ​រពិតជាដូចអក្សរមនុស្សប្រុសជាអ្នកសរសេរមែន! (ប្អូនសរសេរអក្សរមិនស្អាតដូចបងស្រីទេ (ប្អូនពិតជាខ្មាស់បងស្រីណាស់) ពីព្រោះប្អូនមិនបានរៀនសាលាល្អដូចបង និងមនុស្សគេឯទៀត) រូបជាមនុស្សស្រី តែសមត្ថភាពវិញជាបុរស ( មិនចាញ់បុរស )។ ប្អូនសូមសរសើរបងពិតមែន ហើយប្អូនសូមជូនពរបងឱ្យមានសុខភាពល្អ និងខិតខំបន្តទៀត ដើម្បីសិល្បៈខ្មែរយើងទាំងអស់គ្នា ។ love you sister , wish you all the best »៕

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖