Category: សង្គម និងសេដ្ឋកិច្ច

  • ខ្យង​ក្រហម​ថៃ​ត្រូវបាន​កែច្នៃ​ធ្វើជា​ជីធម្មជាតិ​ប្រើ​បណ្តេញ​សត្វល្អិត​យ៉ាង​មាន​ប្រសិទ្ធភាព

    ខ្យង​ក្រហម​ថៃ​ត្រូវបាន​កែច្នៃ​ធ្វើជា​ជីធម្មជាតិ​ប្រើ​បណ្តេញ​សត្វល្អិត​យ៉ាង​មាន​ប្រសិទ្ធភាព

    ខ្យង​ក្រហម​ដែល​គេ​ស្គាល់​ថា មាន​ប្រភព​មកពី​ប្រទេស​ថៃ​នោះ កន្លងមក​តែង​មានការ​រអ៊ូរទាំ​ពី​កសិករ​ជាច្រើន​ថា វា​ពូកែ​ខាង​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​ខ្លាំងណាស់ ពិសេស​ដំណាំ​ស្រូវ​តែម្តង ដែលមាន​ការលំបាក​ក្នុងការ​ទប់ស្កាត់​យ៉ាងខ្លាំង។ ប៉ុន្តែ​បច្ចុប្បន្ន​ខ្យង​ប្រភេទ​នេះ​ត្រូវបាន​គេ​យកទៅ​កែច្នៃ​ធ្វើជា​ជីធម្មជាតិ​ដ៏​មាន​ប្រយោជន៍​សម្រាប់​កសិកម្ម និង​សុខភាព​យើងទាំងអស់គ្នា។

    លោក ប៊ុន ចាន់តូ​នី ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​កៀនស្វាយ និង​ជា​អ្នក​ផលិត​ជី អ៊ី​អឹម (EM) ធម្មជាតិ មានប្រសាសន៍ថា លោក​បាន​ចេះ​ជំនាញ​ផលិត​ជីធម្មជាតិ EM និង​ថ្នាំ​បណ្តេញ​សត្វល្អិត​នេះ​តាំងពី​ឆ្នាំ1994មកម្ល៉េះ ដោយបាន​សិក្សា​ពី​អង្គការ អាយ​ប៉ាក របស់​ជប៉ុន។ ប៉ុន្តែ​ទើបនឹង​យកមកអនុវត្ត​សាកល្បង​លើ​ដំ​ណាំំ​បានត្រឹមតែ​ជាង10ឆ្នាំ​ប៉ុណ្ណោះ​ដែល​ដំបូង​ឡើយ​គឺ​បានធ្វើការ​សាកល្បង​ដោយ​ខ្លួនឯង​លើ​ដំណាំ​ស្រូវ បន្លែ និង​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត ហើយក៏​ឃើញថា ទទួលបាន​លទ្ធផល​ល្អ និង​មានការ​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​ខេត្ត

    កណ្តាល​ផង​នោះ លោក​ក៏​ចាប់ផ្តើម​ផលិត​ដើម្បី​ធ្វើ​អាជីវកម្ម និង​បើក​ក្រុមហ៊ុន​ឡើង​តែម្តង​ក្នុង​រយៈពេល​ជាង1ឆ្នាំ​ចុង​ក្រោយនេះ។

    លោក​ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ផលិតផល​ដែល​លោក​ផលិតឡើង គឺ​មិន​ត្រឹមតែ​សម្រាប់​ប្រើ​ទៅលើ​តែ​ដំណាំ​នោះទេ តែ​ថែមទាំង​អាច​ប្រើប្រាស់​ទៅលើ​ការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ និង​ប្រើ​សម្រាប់​បំបាត់​ក្លិន​យ៉ាង​មាន​ប្រសិទ្ធភាព​បាន​ទៀតផង។ ផលិតផល​ដែល​លោក​ផលិតឡើង​នេះ​មាន 3ប្រភេទ រួមមាន​ជី​បំប៉ន​ដែល​អាច​ប្រើ​បាន​ទាំង​សត្វ និង​រុក្ខជាតិ។ ទី2 ថ្នាំ​សម្រាប់​បណ្តេញ​សត្វល្អិត​ចង្រៃ និង​ទី3 ជា​ប្រភេទ​ជី​ដែល​ផលិត​អំពី​ខ្យង​មាស​សម្រាប់​បំប៉ន​ឫស ដើម និង​ស្លឹក។

    លោក ប៊ុន ចាន់តូ​នី ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា ដំបូង​ឡើយ គឺ​ពិតជា​មានការ​លំបាក​ខ្លាំង ព្រោះថា កសិករ​មិនសូវ​ជា​ឱ្យ​តម្លៃ និង​គាំទ្រ​ផលិតផល​បែប​ធម្មជាតិ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ដល់ពេល​ពួកគាត់​ជួប​បញ្ហា​ប្រឈម និង​គ្មាន​ជម្រើស​ទើប​ងាក​មក​សាកល្បង​ជី​របស់លោក។ បន្ទាប់មក​ឃើញថា ដំណាំ​លូតលាស់​ល្អ បាន​ផល​ច្រើន ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង ទើប​កសិករ​ជាច្រើន​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដោយ​ខ្លួនឯង ងាក​មក​ប្រើ​ជី​ក៏ដូចជា​ថ្នាំ​ដែល​ផលិត​តាម​គោលការណ៍​ធម្មជាតិ​នេះ​យ៉ាង​ផុលផុស។ ក្រៅពីនោះ​លោក​ក៏បាន​បង្រៀន​ដល់​បណ្តា​អង្គការ សមាគម និង​ប្រជាកសិករ​ជាច្រើន​វគ្គ​រួចមកហើយ​ដែរ។

    លោក លី ម៉ន កសិករ​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​លោក ឌី រ៉ា កសិករ​នៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ បាន​និយាយ​ស្រដៀង​គ្នា​ដែរ​ថា​ដំបូង​ឡើយ​ពួកគាត់​មិនសូវមាន​ជំនឿ​លើ​ជីធម្មជាតិ​បែបនេះ​ទេ ប៉ុន្តែ​ដល់ពេល​ប្តូរ​មក​ប្រើ​ជីធម្មជាតិ​បាន​មួយរយៈ​មក​ឃើញថា ល្អ​មែន ចំណាយ​ប្រាក់​ក៏​តិចជាង​ជី និង​ថ្នាំពុល​គីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង។ ដំណាំ​ក៏​ល្អ ទិន្នផល​ក៏​ទទួលបាន​ខ្ពស់ ហើយ​លក់បាន​ថ្លៃ​ជាង​មុន​ទៀត ព្រោះ​ដំណាំ​របស់​យើង​ដាំ​តាម​គោលការណ៍​ធម្មជាតិ ហើយក៏​បាន​អំពាវនាវ​ដល់​កសិករ​ដទៃទៀត​គួរតែ​ងាក​មកប្រើប្រាស់​ជី និង​ថ្នាំ​បណ្តេញ​សត្វល្អិត​បែប​ធម្មជាតិ​នេះ​វិញ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ថែរក្សា​សុខភាព​របស់​ម​នុស្ស​យើង៕

  • ក្រុមហ៊ុន​សំណង់​ចិន​ធំ​មួយ​គ្រោង​មក​សាងសង់​លំនៅឋាន​តម្លៃ​ទាប​នៅ​កម្ពុជា

    ក្រុមហ៊ុន​សំណង់​ចិន​ធំ​មួយ​គ្រោង​មក​សាងសង់​លំនៅឋាន​តម្លៃ​ទាប​នៅ​កម្ពុជា

    ដោយ​មើលឃើញ​ពី​វិស័យ​សំណង់ ជាពិសេស​លំនៅឋាន​នៅ​កម្ពុជា ដែល​ភាគច្រើន​សាងសង់ឡើង​ដោយ​ផ្តោតលើ​អ្នកមាន​ចំណូល​ខ្ពស់​នោះ ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​របស់​ចិន បានគ្រោង​ចូលមក​វិនិយោគ​លើ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​សម្រាប់​លក់​ជូន​ពលរដ្ឋ​ដែលមាន​ចំណូល​មធ្យម និង​ទាប។

    លោក Ghu Shan ប្រធាន​ក្រុមហ៊ុន China Construction Development Corporation (CCDC) បាន​ដឹកនាំ​ប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​សប្តាហ៍​មុននេះ ដោយបាន​លើកឡើងថា ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់កម្ពុជា ស្រប​ពេលដែល​កម្ពុជា​កំពុងមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្រុមហ៊ុន​មានបំណង​ចង់​ធ្វើការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅពេលឆាប់ៗខាងមុខ។

    លោក​បន្តថា CCDC គឺជា​ក្រុមហ៊ុន​ដែលមាន​ជំនាញ​វិនិយោគ​លើ​វិស័យ​សំណង់​ដូចជា​ព្រលានយន្តហោះ សំណង់​អគារខ្ពស់ៗ ផ្សារ​ទំនើប និង​សំណង់​លំនៅឋាន​មានតម្លៃ​សមរម្យ​ជូន​ប្រជាជន​ដែលមាន​ចំណូល​ទាប និង​មធ្យម ជាដើម។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ ក្រុមហ៊ុន​មានបំណង​សិក្សា​ស្វែងយល់​ពី​កាលានុវត្តភាព​វិស័យ​សំណង់​នៅ​កម្ពុជា ព្រមទាំង​គោលនយោបាយ និង​ឯកសារ​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់។

    ជាមួយគ្នានេះ ប្រតិភូ​ចិន​ក៏បាន​ស្នើសុំ​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសាងសង់​លំនៅឋាន​មានតម្លៃ​សមរម្យ​ដើម្បី​សុំ​កិច្ចសហប្រតិបត្តិការ​ធ្វើ​ការវិនិយោគ និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាងក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជាមួយ​ក្រុមហ៊ុន CCDCផងដែរ​មុន​ឈានដល់​ការសម្រេច​សាងសង់​សំណង់​លំនៅឋាន​តម្លៃ​សមរម្យ​នេះ។

    ឆ្លើយតប​នឹង​សំណើ​របស់​ប្រតិភូ​ចិន​នៅពេលនោះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ឆន្ទៈ​ចង់​វិនិយោគ​លើ​វិស័យ​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​បន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម​បានស្នើ​ឱ្យ​ក្រុមហ៊ុន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ធ្វើការ​គ្រប់គ្រង និង​អនុវត្ត​ផ្ទាល់​ស្របទៅតាម​ច្បាប់​នៅ​កម្ពុជា​ដើម្បី​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន​របស់​ខ្លួន​កាន់តែខ្លាំង​ឡើង។

    លោកស្រី ស៊ ធីតា អ្នកជំនាញ​អចលនទ្រព្យ និង​ជា​នាយិកា​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន Royal 5G មានប្រសាសន៍ថា សំណង់​លំនៅឋាន​ភាគច្រើន​នៅ​កម្ពុជា គឺ​ផ្តោតទៅលើ​អ្នកមាន​ចំណូល​ខ្ពស់ និងចំណូល​ធ​ម្យ​ម ដែលជា​កត្តា​លំបាក​សម្រាប់​ប្រជាជន​ដែលមាន​ចំណូល​ទាប មិនមាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន។ លោកស្រី​បាន​បន្តថា បើសិនជា​ក្រុមហ៊ុន​ចិន​មក​សាងសង់​លំនៅឋាន​បែបនេះ វា​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ដែលមាន​ចំណូល​ទាប អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​នៅ​ដោយ​ខ្លួនឯង លើសពីនេះ​ទៀត វា​នឹងចូលរួម​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ឡើង និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ទៀតផង។

    គួរបញ្ជាក់​ផងដែរ​ថា ចិន​ជា​ប្រទេស​ដែលមាន​អ្នកវិនិយោគ​លើ​វិស័យ​សំណង់​ច្រើនជាងគេ​នៅ​កម្ពុជា​កាលពី​ឆ្នាំ2017 ដោយមាន​ចំនួន 128គម្រោង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង 2ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​ទុនវិនិយោគ​លើ​វិស័យ​សំណង់​សរុប​ក្នុង​ឆ្នាំ2017 មាន​ទឹកប្រាក់​ចំនួន​ជាង 6,400លាន​ដុល្លារ​អាមេរិក។

    យ៉ាងណាក៏ដោយ ការហូរចូល​នៃ​ការវិនិយោគ និង​កំណើន​តម្រូវការ​ជាពិសេស​ប្រជាជន​ដែលមាន​ចំណូល​មធ្យម​បានរួម​ចំណែក​ជំ​រុញឱ្យ​វិស័យនេះ​បន្ត​មាន​កំណើន​ខ្ពស់ ប៉ុន្តែ​ក្នុង​ល្បឿន​យឺត​ជាង​មុន។ បើ​ពិនិត្យមើល​លើ​សូចនាករ​ដែល​បង្ហាញ​ពី​កំណើន​នៃ​វិស័យ​សំណង់​ឃើញថា ការ​នាំចូល​សម្ភារ​សំណង់​នៅ​ឆ្នាំ2017 មានការ​កើនឡើង 36% យឺត​ជាង​ឆ្នាំ2016 42% ដោយសារ​សំណង់​ភាគច្រើន​បាន​ឈានដល់​ការបញ្ចប់។ នេះ​បើតាម​ការអះអាង ពី​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា៕

  • AFD យល់​ព្រមឱ្យ​កម្ពុជា​ខ្ចីប្រាក់ 41លាន​អឺរ៉ូ​សម្រាប់​គម្រោង​ពីរ

    AFD យល់​ព្រមឱ្យ​កម្ពុជា​ខ្ចីប្រាក់ 41លាន​អឺរ៉ូ​សម្រាប់​គម្រោង​ពីរ

    ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន2 ដែលមាន​តម្លៃ​ជា​ទឹកប្រាក់41លាន​អឺរ៉ូ។

    បើ​យោងតាម​ព័ត៌មាន​ដែល​ចែកចាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី2 ជាមួយ​សម​ភាគី​បារាំង នាទី​ស្នាក់ការ​កណ្តាលរ​បស់ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) នាទី​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន 2 ដែល​រួមមាន៖

    1-កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​លើ​គម្រោង​ទឹកស្អាត និង​អនាម័យ​ក្នុង​ទី​រួម​ខេត្ត ក្នុង​ទឹកប្រាក់​ចំនួន 40លាន​អឺរ៉ូ។ និង២-កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ការសិក្សា និង​ពង្រឹងសមត្ថភាព ក្នុង​ទឹកប្រាក់​ចំនួន 1លាន​អឺរ៉ូ។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទាំងពី​រ​ខាងលើនេះ​នឹងចូលរួម​ចំណែក​ក្នុង​ផ្តល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​តាមរយៈ​ការផ្តល់​សេវាកម្ម ក៏ដូចជា​កា​រត​បណ្តាញ​ទឹកស្អាត​ទៅកាន់​ទីជនបទ និង​ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​គម្រោង និង​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ AFD។

    តាមរយៈ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ ឯកឧត្តម វ​ង្សី វិស្សុត បាន​លើកឡើងថា ក្នុង​គោលដៅ​ធានា​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​បារាំង​តាមរយៈ AFD ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន ត្រូវតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច។ ការកាត់បន្ថយ​ភាពក្រីក្រ និង​ត្រូវ​ឲ្យ​ចំ​នូវ​អាទិភាព​គោលនយោបាយ​នានា​របស់​កម្ពុជា ក៏ដូចជា​ត្រូវ​ឱ្យមាន​សង្គតិភាព​ជាមួយ​គោលនយោបាយ​ក្នុងការ​ខ្ចី ព្រមទាំង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា​ផងដែរ។

    តាម​ប្រភពព័ត៌មាន​ដដែល លោក Philippe BAUDUIN នាយក​ប្រតិបត្តិ​រង​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​បញ្ជាក់ថា AFD គ្រោង​នឹង​បន្ថែម​ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ឱ្យស្រប​ទៅនឹង​បរិការណ៍​នៃ​ការអភិវឌ្ឍ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ហើយ​នៅ​ក្នុងន័យនេះ លោក​នឹង​ខិតខំ​ជួយ​សម្របសម្រួល​គ្រប់បែបយ៉ាង​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ស្រូបយក​នូវ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​នេះ​ពី AFD ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន៕

  • មូលហេតុ និង​ដំណោះស្រាយ​ចំពោះ ការសរសេរ​ពាក្យ​ខ្មែរ​ខុស​ច្រើន​ក្នុង​បណ្តាញ​សង្គម

    មូលហេតុ និង​ដំណោះស្រាយ​ចំពោះ ការសរសេរ​ពាក្យ​ខ្មែរ​ខុស​ច្រើន​ក្នុង​បណ្តាញ​សង្គម

    អក្សរសាស្ត្រ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​សង្គម​មួយ ព្រោះថា អក្សរសាស្ត្រ​ជា​គ្រឹះ​សំខាន់​របស់​វប្បធម៌ ដែល​កំណត់​ពី​អត្តសញ្ញាណ​ជាតិ និង​ការរីកចម្រើន​ទាក់ទិន​នឹង​ផ្នត់គំនិត​របស់​សង្គមជាតិ។

    ថ្មីៗនេះ គេ​សង្កេតឃើញថា មានការ​សរសេរ​ខុស​ច្រើន​លើ​បណ្តាញ​សង្គម Facebook ក៏ដូចជា​ក្នុង​អត្ថបទ​មួយចំនួន​ដែល​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​បច្ចេកវិទ្យា​ដែល​កំពុង​តែមាន​ការរីក​ចម្រើន​នាពេល​បច្ចុប្បន្ន។ ផ្តោតលើ​បញ្ហា​នេះ​មាន​មនុស្ស​ជាច្រើន​បាន​លើក​យកមក​ធ្វើ​ការជជែក​វែកញែក និង​ស្វែងរក​ចំណុច​ចន្លោះប្រហោង​ដែល​ត្រូវ​ធ្វើការ​ដំណោះស្រាយ​ជា​ចាំបាច់។

    សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ លោក កេ​ន កើត បាន​លើកឡើងថា មាន​បញ្ហា​ចំនួន3 ដែលនាំឱ្យ​មានការ​សរសេ​រ​ខុស​លើ​បណ្តាញ​សង្គម Facebook និង​លើ​ឯកសារ​មួយចំនួន​ដែល​ត្រូវបាន​គេបង្ហាញ​ជា​សាធារណៈ។ ការសរសេរ​ខុស​ទាំងអស់នោះ ទី1 គឺ​មកពី​អ្នកសរសេរ​គាត់​មិនបាន​ស្គា​ល់ពី​ឫសគល់​នៃ​ពាក្យ​ក្នុង​ភាសា​ខ្មែរ។ លោក​បាន​លើកឡើងថា ភាសា​ខ្មែរ​មាន​ក្បួនច្បាប់ និង​ឫសគល់​ត្រឹមត្រូវ​ដែល​ពាក្យនីមួយៗត្រូវបានធ្វើ​ឱ្យក្លាយ​ចេញ​ជា​ពាក្យ​ជាច្រើន​ផ្សេងទៀត។ នៅពេលដែល​អ្នកសរសេ​រ​គាត់​ដឹង​ពី​ឫសគល់​នៃ​ពាក្យ នីមួយៗនោះ គាត់​នឹង​អាច​យល់ច្បាស់​ពី​ហេតុផល​នៃ​ការសរសេរ​ពាក្យ​នានា​ដែល​ត្រូវបាន​គេ​បំប្លែង​ចេញពី​ពាក្យ​នោះបាន​យ៉ាង​ត្រឹមត្រូវ។ ចំណែកឯ​ចំណុច​សំខាន់​ទី2  អ្នក​ដែល​សរសេរ​ខុស គឺ​ដោយសារតែ​គាត់​មិនបាន​ស្គាល់​ច្បាស់​ពី​ទំនាញសូរ​នៅក្នុង​ភាសា​ខ្មែរ ព្រោះ​នៅក្នុង​ភាសា​ខ្មែរ​យើង​មាន​ក្បួន​ទំនាញសូរ ដែល​ពាក្យ​ខ្លះ​អាច​ប្រើប្រាស់​ព្យញ្ជនៈ​ពពួក “អ” (អឃោស) និង​ពាក្យ​ខ្លះ​ត្រូវ​ប្រើប្រាស់​ព្យញ្ជនៈ​ពពួក “អ៊” (ឃោស) ហើយ​នៅពេលដែល​យើង​យល់​មិន​ច្បាស់ យើង​នឹង​អាចបង្កើត​កំហុស ព្រោះ​យើង​មិន​សរសេរ​តាម​ក្បួន ហើយ​បែរជា​សរសេរ​តាម​អាន ឬ​តាម​ទម្លាប់​ទៅវិញ។

    លោក កេ​ន កើត បាន​និយាយថា៖ “ចំណុច​សំខាន់​មួយ​ផ្សេងទៀត​ដែលនាំឱ្យ​មានការ​សរសេ​រ​មិន​ត្រឹមត្រូវ​នោះ​គឺ អ្នកសរសេរ​មិន​ស្គាល់​ពី​ប្រភព​ដែល​ពាក្យ​ខ្មែរ​ខ្ចី​ពី​បរទេស។ ពាក្យ​ដែល​ខ្មែរ​យើងប្រើប្រាស់​នាពេល​បច្ចុប្បន្ន​នេះ​មាន​ខ្ចី​ពី​បាលី សំស្ក្រឹត និង​ភាសាបរទេស​មួយចំនួន​ទៀត ហេតុនេះ​ពាក្យ​ខ្លះ​គឺមាន​ការប្រែប្រួល​នៅពេលដែល​វា​ជា​នាម ឬ​នៅពេលដែល​វា​មាន​តួនាទី​ជា​កិរិយាសព្ទ ដូចជា​ពាក្យ “វិ​វត្ត” និង “វិវត្តន៍” ជាដើម។

    សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ក្រៅពី​ចំណុចសំខាន់ៗទាំង 3ហើយ ការមិនយល់​ពី​គោលការណ៍​ព្យាង្គ​តម្រួត និង​ព្យាង្គ​រាយ ក៏​ជា​រឿង​សំខាន់​មួយ​ដែល​អ្នកសរសេរ​ត្រូវ​ដឹង​ដែរ ព្រោះថា​ប្រសិនបើ​យើង​មិន​បានដឹង​ពី​គោលការណ៍​ទាំងអស់នេះ​ទេ យើង​នឹងមាន​ការភាន់ច្រឡំ ដោយ​ពាក្យ​ខ្លះ​មិនត្រូវ​សរសេរ​ជា​ព្យាង្គ​តម្រួត គាត់​បែ​ជា​សរសេរ​ព្យាង្គ​តម្រួត ហើយ​ពេលខ្លះ​ពាក្យ​ដែល​ត្រូវ​សរសេរ​ជា​ព្យាង្គ​តម្រួត គាត់​បែ​ជា​សរសេរ​ជា​ព្យាង្គ​រាយ​ទៅវិញ។ បន្ថែម​ពីលើ​នេះ លោក កើត បានបញ្ជាក់​ផងដែរ​ថា អ្នកសរសេរ​មួយចំនួន​ដែល​តែងតែ​សរសេរ​ខុស​នោះ​គឺ បណ្តាលមកពី​ពួកគាត់​មិនបាន​ស្គា​ល់ពី​លំនឹង​នៃ​វេ​យ្យក​រណ៍​ខ្មែរ ដែលមាន​ក្បួនច្បាប់​ច្បាស់លាស់​ត្រឹមត្រូវ រួច​ចេះតែ​សរសេរ​តាម​គ្នា ឬ​សរសេរ​តាម​ទម្លាប់ ដែល​រឿង​ទាំងអស់នេះ​ពេលខ្លះ​វា​បានធ្វើឱ្យ​កើតមាន​កំហុស​ជា​ញឹកញាប់។

    ចំពោះ​ចំណុច​មួយចំនួន​ផ្សេងទៀត​ដែល​សាស្ត្រាចារ្យ​ខាងលើ​បាន​មើលឃើញ​ដែរនោះ​គឺ នៅពេលដែល​អ្នកសរសេ​រ​គាត់​សរសេរ​ពាក្យ​តាម​ការនិយាយ​ឬ​សរសេរ​កាត់ខ្លីៗមិន​ពេញ​ន័យ ក៏​អាចជា​បច្ច័យ​មួយ​ដែល​នាំឱ្យមាន​កំហុស​ផងដែរ ដូចជា​ពាក្យ “ខ្ញុំ” ត្រូវបាន​មនុស្ស​ជាច្រើន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ថា “ញ៉ុ​ម” ជាដើម។ ពាក្យ​នេះ​គឺអាច​កើតមក​ពី​អ្នកសរសេរ​គាត់​ខ្ជិល​សរសេរ​វែង និង​អ្នក​ខ្លះទៀត​គាត់​មិនដឹងថា ពាក្យ​នេះ​ជា​ពាក្យ​ខុស ក៏​ចេះតែ​សរសេរ​តាម​សូរ​ដែល​គេ​និយាយ​ទៅ។ ទង្វើ​ទាំងអស់នេះ អាចធ្វើឱ្យ​មនុស្ស​មួយចំនួន​គិតថា ពាក្យ​ខុស​នោះ​គឺជា​ពាក្យ​ត្រូវ​ទៅវិញ ហើយក៏​ទម្លាប់​សរសេរ​ខុសតៗគ្នា​ទៅ។

    ជា​ដំណោះស្រាយ​លោក កេ​ន កើត បាន​លើកឡើងថា ដើម្បី​ប​ញ្ច្រា​ប​ការយល់ដឹង​ដល់​ប្រជាជន​កម្ពុជា​ដែល​មិនទាន់មាន​ការយល់ដឹង​ច្រើន ឬ​មិនទាន់មាន​គ្រឹះ​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​រឹងមាំ​នោះ​គឺ អ្នកចេះ​ច្រើន​គួរ​បង្កើត​ទម្លាប់​ត្រឹមត្រូវ​ដល់​អ្នកចេះ​តិច ហើយ​អ្នក​ដែល​បាន​យល់ដឹង​មួយចំនួន​គួរ​ផ្សព្វផ្សាយ​បន្ត​ឱ្យបាន​ទូលំទូលាយ។ សម័យ​បច្ចុប្បន្ននេះ ជា​សម័យ​បច្ចេកវិទ្យា ហេតុនេះ​យើង​អាចធ្វើ​ការផ្សព្វផ្សាយ​នូវ​វិធីសាស្ត្រងាយៗក្នុងការ​ចងចាំ​ពី​ក្បួន​ប្រើប្រាស់​ពាក្យ​ខ្មែរ​ដែល​បុព្វបុរស​យើង​ធ្លាប់បាន​បង្កើតឡើង ដែល​ក្បួន​ខ្លះ​ជា​កំណាព្យខ្លីៗដើម្បី​ងាយ​ចងចាំ លើ​បណ្តាញ​សង្គម។ ម្យ៉ាងវិញទៀត យើង​ក៏​គួរ​ផ្សាយ​ពី​ហេតុផល​មួយចំនួន​នៃ​ការប្រើប្រាស់​ពាក្យ​ទាំងអស់នេះ ដោយ​ជ្រើស​រើសយក​ចំណុចងាយៗមក​និយាយ ដើម្បីឱ្យ​មនុស្ស​ដទៃ​បានឃើញ ចាប់អារម្មណ៍ និង​ងាយ​ចងចាំ​សម្រាប់​យកទៅអនុវត្ត។

    បញ្ជាក់​លើ​ចំណុច​នេះ​ផងដែរ លោក​សាស្ត្រាចា​រ្យ ឈិន សីហា ប្រធាន​ស្ថាបនិក​ក្លិប​អក្សរសាស្ត្រ​ខ្មែរ និង​ជា​អ្នកស្រាវជ្រាវ​ចងក្រង​សទ្ទានុក្រម​ភាសា​ខ្មែរ​ទំនើប​បាន​លើកឡើងថា កត្តា​ដែល​ប្រជាជន​ខ្មែរ​មួយចំនួន ជាពិសេស​យុវជន​ដែល​សរសេរ​ខុស​ច្រើន​លើ​បណ្តាញ​សង្គម​នេះ គឺ​កើតចេញពី​ចំណុច​មួយចំនួន​ដូចជា ការសរសេរ​តាម​អារម្មណ៍ សរសេរ​តាម​គ្នា សរសេរ​តាម​ទម្លាប់ ព្រោះ​ខ្លាច​ខុសគេ(តែ​មិន​ខ្លាច​ខុស​ក្បួន)ការធ្វេសប្រហែស កត្តា​បច្ចេកវិទ្យា និង​កត្តា​សង្គម​ដែល​មិនទាន់មាន​ការឯកភាព​គ្នា​លើ​ការប្រើ​អក្សរសាស្ត្រ ជាដើម។

    លោក ឈិន សីហា បាន​និយាយថា៖ “មនុស្ស​មួយចំនួន​ដែល​សរសេរ​ខុស គឺ​មិនមែន​គាត់​មិនដឹងថា​ពាក្យ​នោះ​ខុស​ទេ តែ​គាត់​ចង់​សរសេរ​ពាក្យ​នោះ​តាម​អារម្មណ៍​របស់គាត់។ ដូចជា​ពាក្យ​ថា “បាន​តើ!” គាត់​បែ​ជា​សរសេរថា “បាន​តាស” ជាដើម។ ពាក្យ​ទាំងអស់នេះ​ជា​សំនួន​នៃ​ការនិយាយ ហើយ​ពេលខ្លះ​អ្នកសរសេរ​គាត់​ចង់​សរសេរ​លេង ខណៈ​គាត់​ភ្លេច​គិត ឬ​មិនបាន​គិតថា វា​អាចជា​ក្លាយជា​ទម្លាប់​អាក្រក់​មួយ​ធ្វើឱ្យមាន​ការនាំគ្នា​ធ្វើ​ខុស​តាម។

    លោក​សាស្ត្រាចារ្យ ឈិន សីហា បានលើកឡើង​ផងដែរ​ថា ក្រៅពី​ការសរសេរ​តាម​អារម្មណ៍​ហើយ មាន​អ្នក​ខ្លះទៀត​គាត់​សរសេរ​តាម​គ្នា។ ចំណុច​នេះ​ក៏​មានន័យថា អ្នកសរសេរ​ក៏​ដឹងថា​សំណេរ​នោះ​ខុស​ដែរ តែ​គ្នា​គាត់ ឬ​ក្រុម​គាត់​គេ​សរសេរ​បែប​ហ្នឹង បើ​គាត់​មិន​សរសេរ​តាម​គេ​ទេ គាត់​នឹង​ក្លាយជា​មនុស្ស​ត្រឹមត្រូវ​ខុសគេ ឬ​គាត់​នឹង​ក្លាយជា​មនុស្ស​ចម្លែក​ជាដើម។ ផ្ទុយ​មកវិញ បញ្ហា​ដែលនាំឱ្យ​សរសេរ​ខុស​ក្នុង​បណ្តាញ​សង្គម ក៏​អាចមកពី​កត្តា​បច្ចេកវិទ្យា​ផងដែរ។ ជាក់ស្តែង​ដូចជា​លោក​សីហា​ផ្ទាល់ ដែល​លោក​ធ្លាប់​ជួប​បញ្ហា​នេះ គឺ​នៅពេលដែល​គាត់​សរសេរ​បែបនេះ តែ​ពាក្យ​ដែល​ចេញ​នៅក្នុង​អត្ថបទ​ទៅជា​បែប​នោះ ដោយសារ​ការកែប្រែ​ពី​បច្ចេកវិទ្យា​ដែល​គាត់​កំពុង​ប្រើ​នោះ ហើយ​ចំណុច​នេះ នៅពេលដែល​យើង​ធ្វេសប្រហែសមិនបាន​ពិនិត្យមើល​ឡើងវិញ យើង​នឹង​អាចមាន​កំហុសភ្លាមៗនៅពេលដែល​យើង​ផ្សាយ​វា​ចេញទៅ។

    ជា​ចំណុច​ចុងក្រោយ លោក​លើកឡើងថា ការប្រើប្រាស់​ភាសា​ខ្មែរ​ពេលខ្លះ​យើង​មិនទាន់មាន​ការឯកភាព​គ្នា​ថា ការសរសេរ​បែបណា​មួយ​ជាការ​សរសេរ​ត្រឹមត្រូវ​នៅឡើយ​នោះទេ ហេតុនេះហើយ​ទើប​អ្នកសរសេរ​មួយចំនួន​មិនដឹងថា​គួរ​សរសេរ​បែបណា ហើយ​រហូតដល់​មានការ​ជជែក​វែកញែក​ថា បែបនេះ​ខុស ឬ​បែប​នោះ​ត្រូវ​ទៀតផង ព្រោះ​មិនដឹងថា​ពាក្យ​មួយណា​ជា​ពាក្យ​ត្រូវឱ្យ​ពិតប្រាកដ។

    ជា​ដំណោះស្រាយ សម្រាប់​លោក​សីហា គឺ​បញ្ហា​ទាំងអស់នេះ យើង​គួរ​មាន​កម្មវិធី​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​ព័ត៌មាន​ជាប្រចាំ​មួយថ្ងៃ​មួយ​ម៉ោង ឬ​ច្រើនជាង​នេះ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​ដើម្បីឱ្យ​ប្រជាជន​ខ្មែរ​បាន​យល់ និង​ចាប់អារម្មណ៍​ឡើងវិញ​ពី​ការប្រើប្រាស់​ភាសា​ខ្មែរ។ ចំណែក​អ្នក​អក្សរសាស្ត្រ​គួរ​នៅ​ឱ្យ​ជិតស្និទ្ធ​ជាមួយនឹង​អ្នក​បច្ចេកវិទ្យា​បន្តិច ដើម្បី​រួមគ្នា​ជំរុញឱ្យមាន​ការធ្វើ​កំណែ​អេឡិចត្រូនិក​ដូចជា​ភាសា​អង់គ្លេស​ជាដើម ដើម្បី​ងាយស្រួល​ឱ្យ​អ្នកប្រើប្រាស់​ដឹង​ពី​ពាក្យ​ខុស និង​ដើម្បី​កែតម្រូវ​ឱ្យបាន​ល្អ។

    ម្យ៉ាងវិញទៀត សម្រាប់​អ្នកសរសេរ​ដែល​រៀន​បាន​តិចតួច ហើយ​មិន​ច្បាស់​ខ្លួនឯង​ចំពោះ​ពាក្យ​ពិបាក​មួយចំនួន ឬ​ពាក្យ​ខ្លះ​ស្រួល​ទេ តែ​យើង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​មាន “រ” ឬ អត់ “រ” ជាដើម។ ឧទាហរណ៍​ដូចជា​ពាក្យ​ថា “ប្តូរ” អ្នកខ្លះ​សរសេរ “ប្តូ” ពាក្យ​នេះ​បើ​សរសេរ​អត់ “រ” គឺ​ខុស​ហើយ ដូច្នេះ​គួរតែ​ចៀសវាង​ការសរសេរ​ខុសតៗគ្នា អ្នកសរសេរ​គប្បី​ឆែក​មើល​ក្នុង​វចនានុក្រម ហើយ​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​សិន មុននឹង​ផូ​ស្តវា​ចេញ​ជា​សាធារណៈ ដែល​វចនានុក្រម​នេះ​យើង​អាច Download យកមក​ទុក​ក្នុង​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ​របស់​យើង ងាយស្រួល​ពេល​យើង​ត្រូវការ​ឆែក​មើល​ពាក្យ​យើង​អាច​បើក​មើលភ្លាមៗបាន​ដោយ​មិន​ខាត​ពេល​យូរ។ ធ្វើ​ដូច្នេះ​មានន័យថា យើងទាំងអស់គ្នា​កំពុងតែ​បាន​ជួយ​រួមចំណែក​កាត់បន្ថយ​នូវ​ការសរសេរ​ពាក្យ​ខុស​ក្នុងសង្គម និង​ជាការ​ជួយ​បង្ហាត់បង្រៀន ឬ​បង្ហាញ​ពាក្យ​ត្រូវ​ដល់​អ្នក​ផ្សេងទៀត​ដែល​គាត់​ទម្លាប់​សរសេរ​ខុស​តាំងពីដើម​មក​ដោយ​មិនដឹង​ខ្លួន ឱ្យបាន​ដឹង​ឡើង។

    អ្នកខ្លះ​មួយចំនួនទៀត​មិនបាន​គិតដល់​បញ្ហា​ដែលថា អ្នកដទៃ​គេ​អាច​វាយតម្លៃ​យើង​បាន តាមរយៈ​ការសរសេរ​របស់​យើង បើ​យើង​សរសេរ​ពាក្យពេចន៍​បាន​ត្រឹមត្រូវ គេ​នឹង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​យើង​ថា ជា​មនុស្ស​ចេះដឹង រៀន​បាន​ខ្ពង់ខ្ពស់​ជាដើម។ ការកែប្រែ និង​ផ្លាស់ប្តូរ​សង្គម​មួយ​គឺ​កើតចេញពី​យើងទាំងអស់គ្នា បើសិនជា​មនុស្ស​គ្រប់គ្នា​ប្រកាន់ខ្ជាប់​នូវ​ការប្រើ​ពាក្យពេចន៍​ដែល​ត្រឹម​ត្រូវបានគ្រប់ៗគ្នា ដោយ​អ្នក​មិនសូវ​ដឹង ស្ដាប់​តាម​អ្នកដឹង​ច្រើន កុំ​សរសេរ​តាម​ទម្លាប់ និង​ទទួលយក​នូវ​អ្វីដែល​អ្នកដឹង​គេ​ប្រាប់​នោះ យើង​សង្ឃឹមថា​មិនយូរ​ជាង 5ឆ្នាំ​ទេ ប្រទេស​យើង​នឹង​ពោរពេញ​ទៅដោយ​អ្នកចេះដឹង ដែល​អាច​បង្ហាត់បង្រៀន​ដល់​ក្មេងជំនាន់ក្រោយ​បាន​លឿន ព្រោះ​យើង​មាន​បណ្តាញ​សង្គម ​Facebook  ដែលជា​ភ្នាក់ងារ​ចែករំលែក​នូវ​ព័ត៌មាន​ដ៏​អស្ចារ្យ៕

  • ទស្សនាសម្រស់តារាស្រី ទឹម រដ្ឋា តែងឈុតបុរាណខ្មែរនៅក្នុងរឿង “ កូនពស់កេងកង “

    ទស្សនាសម្រស់តារាស្រី ទឹម រដ្ឋា តែងឈុតបុរាណខ្មែរនៅក្នុងរឿង “ កូនពស់កេងកង “

    បើតាមគណនីលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ទឹម រដ្ឋា នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា រូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅលើគណនីផ្ទាល់របស់តារាស្រីរូបនេះ បានស្ដែងឱ្យឃើញពីសកម្មភាពក្រៅឆាក និងការតែងឈុតបុរាណខ្មែរនៅក្នុងរឿង “ កូនពស់កេងកង “ ។

    ស្របគ្នានោះដែរ គេសង្កេតឃើញថា តារាស្រីរូបនេះ ខណៈដែលតែងឈុតបុរាណខ្មែរ នាងមានសម្រស់ស្រស់ស្អាត ស័ក្ដសមជានារីខ្មែរពិតៗ ដែលធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរនាងពុំដាច់ពីមាត់ឡើយ ពោលគឺ សម្រស់នាងពិតជាស្រស់ស្អាតដាច់គេ ដូចជាទេពធីតា។ សូមជម្រាបបន្ថែមថា រឿង “ កូនពស់កេងកង “ ជាវណ្ណកម្មរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស ក្រោមស្នាដៃដឹកនាំសម្ដែងរឿងដោយលោក ហ្វៃ សំអាង និងរួមមានតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀតចូលរួមសម្ដែង។

    ចង់ឃើញពីសកម្មភាពប្លែក និងជាក់ច្បាស់ពីសម្រស់តារាស្រី ទឹម រដ្ឋា មានភាពស្រស់ស្អាតបែបណានោះ សូមប្រិយមិត្តទាំងអស់ទស្សនារូបភាពទាំងឡាយខាងក្រោមនេះ​៖

  • ចិន​គ្រោង​បង្កើត​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​តាម​បច្ចេកវិទ្យា E-learning នៅ​កម្ពុជា

    ចិន​គ្រោង​បង្កើត​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​តាម​បច្ចេកវិទ្យា E-learning នៅ​កម្ពុជា

    នៅក្នុង​ពិភពលោក​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង​នេះ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​បាន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​នីមួយ។ នៅក្នុង​ដំណើរ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ មាន​ប្រទេស​ខ្លះ​កំពុង​ធ្វើកំណែទម្រង់​ការសិក្សា​តាមបែប​ប្រពៃណី​ទៅជា​បែប​ទំនើប ឬ​តាមបែប​បច្ចេកវិទ្យា​វិញ​ម្ដង។

    កាលពីដើម​ខែមករា​នេះ ក្រុមហ៊ុន​បណ្តុះបណ្តាល​មួយ​របស់​ចិន​ដែលមាន​ឈ្មោះថា Join Capital Investment & Management C0., Ltd បាន​ជួបពិភាក្សា​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ស្វែងយល់ និង​ត្រៀម​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ និង​បច្ចេកទេស​តាម​បណ្តាញ​បច្ចេកវិទ្យា ដែលមាន​ផ្តល់នូវ​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ចិន ជូន​ដល់​ប្រជាជន​កម្ពុជា។

    រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អុ​ិ​ត សំហេង បាន​លើកឡើងថា តាម​បទពិសោធ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គេ​ធ្លាប់បាន​ទទួលជោគជ័យ​យ៉ាង​ធំ​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​អន​ឡាញ ព្រោះ​ការបណ្តុះបណ្តាល​បែបនេះ ប្រើប្រាស់​ធនធាន និង​ថវិកា​តិច ហើយ​អាច​ផ្តល់ឱកាស​ឱ្យ​យុវជន ឬ​ប្រជាពលរដ្ឋ​ពេញនិយម និង​ចូលចិត្ត​សិក្សា​បាន​ច្រើន។ ហេតុនេះ​យើង​បាន​ព្រមព្រៀងគ្នា និង​ឯកភាព​ធ្វើជា​ដៃគូ​នឹង​គ្នា​រវាង​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ចិន ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​តាម​ប្រព័ន្ធ​អន​ឡាញ។

    ឯកឧត្តម អុ​ិ​ត សំហេង បាន​មានប្រសាសន៍ថា៖ “កម្មវិធី​បណ្តុះបណ្តាល​អ​ន​ឡាញ​នេះ នឹងធ្វើ​ការបណ្តុះបណ្តាល​លើ​មុខជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ស្របតាម​វិស័យ​ដែល​កម្ពុជា​កំពុង​ត្រូវការ ដូចជា​ឧស្សាហកម្ម សេវាកម្ម ស្ថាបត្យកម្ម និង​ផ្នែកផ្សេងៗទៀត។ ការបណ្តុះបណ្តាល​នេះ នឹងមាន​ការទទួលស្គាល់​គុណភាព​ត្រឹមត្រូវ ដែលមាន​ចាប់ពី​ថ្នាក់​សញ្ញាបត្រ​ជំនាញ និង​បរិញ្ញាបត្រ ឬ​អាច​ខ្ពស់ជាង​នេះ។

    បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី គម្រោង​នេះ​នឹង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចេញ​ជា​លទ្ធផល​ក្នុងពេលឆាប់ៗនេះ ខណៈ​កម្មវិធី​នេះ​ក៏​ត្រូវការ​ពេលវេលា​ក្នុង​ការធ្វើការងារ​កែសម្រួល និង​បកប្រែ​ភាសា​ពី​ភាសា​ចិន​មកជា​ភាសា​ខ្មែរ បើទោះបីជា​យើង​មានកម្ម​វិធី Google Translate ហើយក៏​ដោយ។ ឯកឧត្តម​រដ្ឋមន្ត្រី​ចង់ឱ្យមាន​កម្មវិធី​បក​ប្រែភាសា​បច្ចេកទេស​ពី​ចិន​មក​ខ្មែរ​ឱ្យបាន​សុក្រឹត និង​មាន​លក្ខណៈ​ច្បាស់លាស់​មួយ​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើការ​បណ្តុះបណ្តាល​ដល់​ប្រជាជន​កម្ពុជា។

    ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​តាម​បណ្តាញ​អន​ឡាញ​នេះ លោក ហ៊ាន សំ​បឿន នាយក​មជ្ឈមណ្ឌល សិក្សា​ពី​ចម្ងាយ នៃ​វិ​ទ្យ​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ICT) បានផ្តល់​ឱកាស​បណ្តុះបណ្តាល​យ៉ាង​ទូលំទូលាយ​ដល់​និស្សិត ព្រោះថា ពេលបច្ចុប្បន្ន​នេះ តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន និស្សិត​អាច​សិក្សា​បាន​នៅ​គ្រប់​ទីកន្លែង​ឱ្យតែ​មាន​ប្រព័ន្ធ​អុ​ី​ន​ធើ​ណិ​ត។

    ការសិក្សា​តាម​អន​ឡាញ អាចធ្វើឱ្យ​សិស្ស​ចំណេញ​ពេលវេលា​ក្នុងការ​ស្រាវជ្រាវ ធ្វើ​លំ​ហាត់ និង​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​នានា​នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​ពិភពលោក​ថែម​ទៀតផង។

    លោក សាស្ត្រាចារ្យ ហ៊ាន សំ​បឿន បាន​និយាយថា៖ “ការសិក្សា​ពី​ចម្ងាយ ឬ​ការសិក្សា​តាម​បណ្តាញ​អន​ឡាញ​នេះ គឺមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មេរៀន​ដល់​សិស្ស​ឱ្យមាន​ចំណេះដឹង​ខ្ពស់​បាន ព្រោះថា កម្មវិធី​បណ្តុះបណ្តាល​ប្រភេទ​នេះ​គេ​បានសម្រេច​ជោគជ័យ​រួចមកហើយ​នៅ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន។

    អ្នកជំនាញ​អប់រំ​តាម​បណ្តាញ​បច្ចេកវិទ្យា​ខាងលើ បានលើកឡើង​ផងដែរ​ថា ទោះបីជា​សិស្ស-និស្សិត​គាត់​សិក្សា​តាម​បណ្តាញ​អន​ឡាញ ហើយ​ពេលខ្លះ​គ្រូ​មិនបាន​ជួបនឹង​សិស្ស-និស្សិត​ផ្ទាល់​ក៏ពិតមែន តែ​កម្មវិធី​បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ​កម្មវិធី​បណ្តុះបណ្តាល​តាម​បណ្តាញ​អន​ឡាញ មាន​ប្រព័ន្ធ​ក្នុងការ​តាមដាន​វត្តមាន​សិស្ស បណ្តាញ​ក្នុងការ​ប្រមូល​លំ​ហាត់ ប្រព័ន្ធគ្រប់គ្រង​ការសិក្សា​របស់​សិស្ស និង​ប្រព័ន្ធ​សម្រួល​ដល់​ការ​សួរ-ឆ្លើយ​ជាដើម។

    លោក សំ​បឿន បាន​ពន្យល់ថា ជាទូទៅ​សិស្ស​អាច​រៀន​បាន​នៅ​គ្រប់​ទីកន្លែង​ឱ្យ​តែមាន​បណ្តាញ​អុ​ី​ន​ធើ​ណិ​ត តែ​ពេលវេលា​ដែល​ពួកគេ​រៀន​នឹង​ត្រូវបាន​កត់ត្រា​ទុក ព្រោះ​សិស្សម្នាក់ៗនឹងមាន​គណនី​ម្នា​ក់មួយ​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ ដែល​ធ្វើឱ្យ​យើង​ងាយស្រួល​ក្នុងការ​កំណត់។ ម្យ៉ាងវិញទៀត ការធ្វើ​លំ​ហាត់​ក៏​យើង​មាន​ពេលវេលា​កំណត់​ត្រឹមត្រូវ​ដែរ ហេតុនេះ​បើ​គាត់​មិនបាន​សិក្សា​ស្វែងយល់​ពី​មេរៀន​ទាំងអស់​នោះទេ គាត់​ក៏​នឹងមិន​អាចធ្វើ​លំ​ហាត់​ទាំងនោះ​បានដែរ។ លើសពីនេះទៅទៀត សិស្ស​ក៏​អាច​សួរ​សំណួរ​ទៅកាន់​អ្នកជំនាញ​ឬ​សាស្ត្រាចារ្យ​បានដែរ ព្រោះថា កម្មវិធី​បណ្តុះបណ្តាល​តា​ម​អន​ឡាញ មាន​អ្នកធ្វើការងារ​ច្រើន​នាក់​ដើម្បី​សម្រួល​ដល់​ការភ្ជាប់​ទំនាក់ទំនង​ទៅ​សាស្ត្រាចារ្យ និង​ការឆ្លើយ​សំណួរ​នៅពេលដែល​សិស្ស​ត្រូវការ​ជំនួយ ឬ​ឆ្ងល់​ត្រង់ចំណុច​ណាមួយ​ពី​មេរៀន​ដែល​ពួកគេ​កំពុង​រៀន៕

  • 5កន្លែង​ទេសចរណ៍​បែប FASHION ស័ក្តិសម​សម្រាប់​ការថតរូប ក្នុងប្រទេស​សាំង​ហ្កា​ពួរ

    5កន្លែង​ទេសចរណ៍​បែប FASHION ស័ក្តិសម​សម្រាប់​ការថតរូប ក្នុងប្រទេស​សាំង​ហ្កា​ពួរ

    បើ​នឹក​ដល់​ប្រទេស​ដែល​អាច​ទៅ​ដើរលេង​កម្សាន្ត​បាន​គ្រប់​រដូវ​កាលនោះ ប្រហែលជា​គេច​មិន​ផុតពី​ប្រទេស​សាំង​ហ្កា​ពួរ​ឡើយ ព្រោះ​សាំង​ហ្កា​ពួរ ជា​ប្រទេសមួយ​ដែលមាន​ភាពសម្បូរ​បែប​ខាង​ផ្នែក​វប្បធម៌ និង​ស្ថាបត្យកម្ម ធ្វើឱ្យ​កើតមាន​ភាពខុសប្លែក​ពីគ្នា​ច្រើនជាង​ប្រទេស​ដទៃទៀត។ ថ្ងៃនេះ ទំព័រ ឡា​រ៉ែ​ន ដំណើរ​កម្សាន្ត​នឹង​នាំ​មិត្ត​អ្នកអាន​ទៅ​ដើរលេង​កម្សាន្ត​នៅក្នុង​ប្រទេស​សាំង​ហ្កា​ពួរ​ក្នុង​បែប​ដែល​មិត្ត​អ្នកអាន​មិនដែល​ធ្លាប់​ស្គាល់ ហើយ​អ្នកណា​ដែល​និយម​ចូលចិត្ត​ថតរូបស្អាតៗបែប​ហ្វា​ស្សិន ស្អាតៗ ឡូយៗមិន​ដូច​គេ​ទុក​ស៊ែរ​នៅក្នុង​បណ្ដាញ​សង្គម​នានា ក៏​សូម​តាម​មក​ទស្សនា​ទាំង​អ ស់​គ្នា…។

    1/ តំបន់ “Little India”

    ទីប្រជុំជន​តូច​មួយ​ក្នុងប្រទេស​សាំង​ហ្កា​ពួរ តែ​ពោរពេញ​ទៅដោយ​ភាព​ចម្រុះ​ពណ៌ ស្អាត​ស្រស់ស្រាយ​របស់​អគារ​ផ្ទះសំបែង និង​មន្ត​ស្នេហ៍​នៃ​សិល្បៈ​របស់​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មិត្ត​អ្នកអាន​អាច​បញ្ចេញ​ស្ទីល​ថតរូប​បែបឡូយៗ និង​ថត​បាន​គ្រប់​ជ្រុង គ្រប់​ទីកន្លែង ដែល​ទោះជា​ថត​បែបណា​ក៏​សុទ្ធតែ​ស្អាត​ទាំងអស់។

    2/ សារមន្ទីរ​សិល្បៈ និង​វិទ្យាសាស្ត្រ Art Science Museum

    ស្ថិតនៅក្នុង​អគារ​ដែលមាន​រូប​បែប​ស្ថាបត្យកម្ម​ដែល​មិនធម្មតា រហូត​បានទទួល​រង្វាន់​ផ្នែក​ខាង​ការច្នៃប្រឌិត​ម៉ូដ និង​ការ​តុ​ប​តែ​ជាច្រើន ស្ថិតនៅលើ​ឆ្នេរ ម៉ា​រី​ណា ( Marina Bay) សាំង​ហ្កា​ពួរ។ ឡា​រ៉ែ​ន សូម​ខ្សឹបប្រាប់​ទៅ​ចុះ​ថា ទីនេះ​គឺជា​ទីកន្លែង​ទេសចរណ៍​ដែល​ត្រូវតែទៅ​ថតរូប​បែប​សិល្បៈ និង​សេពសោយ​ជាមួយនឹង​សិល្បៈ និង​វិទ្យាសាស្ត្រ​ដែល​លាយ​ផ្សំ​ចូលគ្នា​បានយ៉ាង​សមសួន និង​ល្អ​ប្រណីត ជាពិសេស​ក្នុង​ហ្សូ​ន Cristal Universe។ ពិតជា​គួរឱ្យ​ចង់ទៅ​សាកល្បង​មែន។

    3/ Garden by The Bay

    ទីកន្លែង​មួយទៀត​ដែល​ត្រូវតែទៅ​ឱ្យបាន​ក្រៅពី​សួនច្បារ​សត្វ​តោ​បាញ់​ទឹក (Merlion) សាំង​ហ្កា​ពួរ ដែលអ្នកណាៗក៏​ចំហ​មាត់​ចង់​ថតរូប​ដែរនោះ​គឺ Garden by The Bay ជាទី​កន្លែង​ដ៏​ប្រណីត​មួយ​សម្រាប់​អ្នកណា​ដែល​ចង់​ផ្ដិត​យក​រូបភាពស្អាតៗ តែ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យទៅ​ទីនោះ​នៅពេលព្រលប់ៗវិញ ព្រោះ​នៅពេលនោះ​ផ្ទៃមេឃ​មាន​ពណ៌​ប្រផេះ ស៊ីគ្នា​ជាមួយ​ពណ៌​ចម្រុះ​របស់​អំពូល​ភ្លើង ធ្វើឱ្យ​រូបភាព​ដែល​ថត​ចេញមក​ស្រស់ស្អាត​យ៉ាង​ចម្លែក និង​បង្កប់​ទៅដោយ​ភាពអាថ៌កំបាំង​នៃ​ទីកន្លែង​មួយ​នេះ។

    4/ Clarke Quay

    សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជប់លៀង ផារ​ធី ត្រូវតែ​មក​បញ្ចប់​ដំណើរ​កម្សាន្ត​ក្នុងមួយថ្ងៃៗនៅ​ទីកន្លែង​នេះ។ ហាយ​ឡាយ​របស់​ទីនេះ​ក៏​គឺ មាន​ភាព​ចម្រុះ​ពណ៌​របស់​ភ្លើង​ដែល​ឆ្លុះស្រមោល​ជាមួយនឹង​ផ្ទៃ​ទឹក ដែលមាន​ទាំង​ហាង​សម្រាប់​អង្គុយ​បែបសប្បាយៗសម្រាប់​ក្រុម​អ្នក​ដែល​ចង់​អង្គុយ​ជជែក​គ្នា និង​ទស្សនា​បរិយាកាស​ជុំវិញ តែ​អ្នកណា​ដែល​ចូលចិត្ត​រាំរែក ក៏មាន​រង្គសាល និង​ផាប់​ដ៏​សែន​ជក់ចិត្ត​សម្រាប់​ឱ្យ​រាំ​បញ្ចេញ​ចលនា​បាន​ដូចគ្នា។

    5/ Dream Cruises កប៉ាល​ទេសចរណ៍​កំពូល​ទំនើប

    ចំណែក​អ្នក​ដែល​ធ្លាប់​ទៅ​ដើរលេង​កម្សាន្ត​នៅ​ប្រទេស​សាំង​ហ្កា​ពួរ​ម្ដង​ហើយ​ម្ដងទៀត​ឡើង​ធុញ​ហើយ​នោះ កប៉ាល់​ទេសចរណ៍​មួយគ្រឿង​នេះ​ក៏​ជា​ជម្រើស​ថ្មី​មួយទៀត​ដែល​នឹង​ធ្វើឱ្យ​លោកអ្នក​បាន​ជួប​ផ្ទាល់​ជាមួយនឹង​បទពិសោធ​ថ្មី បាន​សម្រាក​បែបសប្បាយៗ ជាមួយ​ក្រុមគ្រួសារ​ឬ​គូស្នេហ៍។ នៅលើ​នោះ​មាន​កន្លែង​កម្សាន្ត​ដ៏​ច្រើន​ឱ្យ​ជ្រើសរើស តែ​ដែល​គួរឱ្យ​រីករាយ​បំផុត​នោះ​គឺ មាន​អាង​ហែល​ទឹក​នៅលើ​កប៉ាល​ដែល​ពេល​បានឃើញ​ហើយ ច្បាស់​ជា​ត្រូវ​ស្រែកថា វ៉ា​វ! ខ្លាំងៗមិន​ខាន និង​នៅមាន​កន្លែងសប្បាយៗសម្រាប់​ថតរូបស្អាតៗនៅលើ​កប៉ាល ជាពិសេស​ក្នុងអំឡុងពេលល្ងាចៗដែល​ព្រះអាទិត្យ​កំពុង​អស្តង្គត​ដ៏​សែន​រ៉ូ​មែន​ទិ​ក​បំផុត​ទៀតផង៕

  • គណនីហ្វេសប៊ុករបស់ ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក

    គណនីហ្វេសប៊ុករបស់ ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក

    ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 បានឱ្យដឹងថា គណនីលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក ដោយមិនអាចការពារបាន។ នេះបើតាមការអះអាងរបស់តារាចម្រៀងរូបនេះ នៅលើគណនី អ៊ីនស្តាក្រាម ក្នុងពេលថ្មីៗនេះ។

    នៅក្នុងនោះ លោក ឆន សុវណ្ណរាជ បញ្ជាក់ប្រកាសអះអាងថា « ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខាង Facebook និង ជំនាញខាងIT ម្នាក់បាន Hake និង Blockចោលយកទៅបានសម្រេច ទោះបីជាខ្ញុំខំការពារដោយប្រព័ន្ធសុវត្តិភាពនិងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយ នេះជាពត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្តនិងមិត្តអ្នកគាំទ្រទាំងអស់ជ្រាបជាព័ត៌មាន ។ សូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ»៕

    ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខាងFacebook និង ជំនាញខាងIT ម្នាក់បានHake និង Blockចោលយកទៅបានសំរេចទោះបីជាខ្ញុំខំការពារដោយប្រព័ន្ធសុវត្តិភាពនិងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយនេះជាពត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្តនិងមិត្តអ្នកគាំទ្រទាំងអស់ជ្រាបជាពត៌មានសូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ

    A post shared by Chhorn Sovannareach (@chhornsovannareach) on

  • នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sony លាលែង​ពី​តំណែង

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sony លាលែង​ពី​តំណែង

    តូ​ក្យូ៖ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​មួយ​របស់​ជប៉ុន Sony Corporation បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី 02 ខែកុម្ភៈ​នេះ​ថា លោក Kazuo Hirai បាន​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ (CEO) និង​ជំនួស​ដោយ​លោក Kenichiro Yoshida។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Bloomberg។

    យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ Sony បានឱ្យដឹងថា លោក Kazuo Hirai  នឹង​ចុះ​ចេញពី​តំណែង​ជានា​យក​ប្រតិបត្តិ​នៅ​ចុងខែ​មីនា ហើយ​ជាមួយគ្នា​នោះ លោក​នឹង​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វិញ​នៅ​ថ្ងៃទី 01 ខែមេសា ឆ្នាំ 2018 ជាមួយគ្នា​នោះ​ផងដែរ លោក Kenichiro Yoshida បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​ហិញ្ញ​វត្ថុ​នៅ Sony នឹង​ឡើងកាន់តំណែង​ជា​នាយក​ប្រតិបត្តិ​នៅ​ថ្ងៃទី 01 ខែមេសា។

    លោក Kenichiro Yoshida បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ហិរញ្ញវត្ថុ​នៅ Sony ចាប់តាំងពី​ថ្ងៃទី01 មេសា ឆ្នាំ 2014 ហើយ​នៅ​ខែមេសា ឆ្នាំ 2015 លោក​ត្រូវបាន Sony តែងតាំង​មុខងារ​ថ្មី​មួយទៀត​គឺ ជា​អ្នកនាំពាក្យ​របស់​នាយក​ប្រតិបត្តិ។

    ក្រុមហ៊ុន Sony បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ថា ការផ្លាស់ប្ដូរ​មុខតំណែង​របស់​បុគ្គលិក​ជាន់ខ្ពស់​នេះ គឺ​ដើម្បី​ធ្វើ​កំណែ​ទម្រ​ង​ជាពិសេស​គឺ​លោក Kenichiro Yoshida មានបទពិសោធន៍​ខាង​ហិរញ្ញវត្ថុ ដូច្នេះ Sony សង្ឃឹមថា គាត់​នឹង​ជួយ​ស្ដា​ស្ថានភាព​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ឱ្យ​ល្អប្រសើរ។

    គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ក្រុមហ៊ុន Sony បានប្រកាស​ព័ត៌មាន​នេះ ទីផ្សារ​ភាគហ៊ុន​របស់ Sony ក៏បាន​ស្ទុះ​ឡើង 2ភាគរយ​ភ្លាម​ផងដែរ៕

  • នីកូ ចូលហង្សមាសភ្លាម កក្រើកភ្លាម !

    នីកូ ចូលហង្សមាសភ្លាម កក្រើកភ្លាម !

    ដោយយោងតាមទំព័រគណនីយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស នៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា ផលិតកម្មធំប្រចាំព្រះរាជាណាចក្រកម្ពុជាមួយនេះ បានប្រកាស្វាគមន៍វត្តមានគ្រួសារហង្សមាសថ្មី គឺកំពូលតារាចម្រៀងរូបសង្ហាលោក នីកូ ដែលធ្វើឱ្យមជ្ឈដ្ឋានមហាអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង និងភ្លាមៗ បទចម្រៀងថ្មីរបស់លោកនៅក្នុងផលិតកម្មរស្មីហង្សមាសមានក្រោមចំណងជើង «ថ្ងៃបែកគ្នា»។

    សូមជម្រាបបន្ថែមថា ផលិតកម្មរស្មីហង្សមាសបានសរសេរបញ្ជាក់ថា សួរស្តីប្រិយមិត្ត! តើមានអ្វីភ្ញាក់ផ្អើលថ្ងៃនេះ? សូមស្វាគមន៍តារាចម្រៀងថ្មីមកកាន់គ្រួសារហង្សមាស! ស្វាគមន៍លោក នីកូ!។ បទ «ថ្ងៃបែកគ្នា» ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយបងប្អូនរបស់តារាប្រុសរូបនេះ គឺលោក អ៊ីនុ និងនិពន្ធបទភ្លេង និងសម្រួលតន្ត្រដោយលោកគ្រូ មាស សុគន្ធ។

    ចង់ដឹងថា បទនេះរណ្ដំបេះដូងដល់កម្រិតណានោះ តោះ! ស្ដាប់ទាំងអស់គ្នាខាងក្រោម៖