Category: សង្គម និងសេដ្ឋកិច្ច

  • សុវត្ថិ មុនីវណ្ណ ភ្ញាក់ផ្អើលនៅពេលអ្នកគាំទ្រធ្វើរឿងមួយ…

    សុវត្ថិ មុនីវណ្ណ ភ្ញាក់ផ្អើលនៅពេលអ្នកគាំទ្រធ្វើរឿងមួយ…

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាចម្រៀងថ្មីវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស លោកសុវត្ថិ មុនីវណ្ណ នៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2018នេះ បានបង្ហោះរូបភាពមួយសន្លឹកដែលអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានផ្ញើរូបភាពស្នាមសាក់ឈ្មោះរបស់សុវត្ថិ មុនីវណ្ណមកកាន់រូបលោកផ្ទាល់ ដែលស្ដែងឱ្យឃើញពីទំហំនៃទឹកចិត្តស្រឡាញ់ចំពោះរូបលោកខ្លាំងដល់កម្រិតណា។

    លោក សុវត្ថិ មុនីវណ្ណ បានបញ្ជាក់នៅលើអ៊ីនស្ដាក្រាមរបស់លោកថា «sovathmonivann ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះការគាំទ្រ និងស្រឡាញ់មកលើរូបខ្ញុំ#imreallysuprisedandappreciate #tattoo#tattoofromfan»។ យ៉ាងណាមិញគួរបញ្ជាក់ផងដែរថា តាមរយៈ Comment នៅខាងក្រោមរូបភាពនេះគេបានសង្កេតឃើញថា ស្នាមសាក់ដែលបង្ហាញពីសេចក្ដីស្រឡាញ់មួយរបស់អ្នកគាំទ្រនោះ គឺជាស្នាកសាក់នៅលើដៃរបស់មនុស្សស្រីដែលមានគណនីអ៊ីនស្ដាក្រាមឈ្មោះថា “dhiidiinet” ឬមានឈ្មោះពិតថា ធីឌីនេត។

    សូមជម្រាបបន្ថែមថា តាមរយៈរូបស្នាមសាក់មួយនេះមើលទៅពិតជាមិនធម្មតាមែន ដែលសុវត្ថិ មុនីវណ្ណទើបតែហក់ចូលសិល្បៈមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានហ្វ៊ែនហ៊ានលះបង់ដោយការសាក់ឈ្មោះអាយដលរបស់ខ្លួននៅលើដៃបែបនេះទៅហើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

    Thanks you 🙏🏻 for your everything #fans❤️

    A post shared by @ sovathmonivann on

    A post shared by @sovathmonivann on

  • ចិន​កំពុងដណ្តើម​ទីផ្សារ​ខ្នាតតូច​របស់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ

    ចិន​កំពុងដណ្តើម​ទីផ្សារ​ខ្នាតតូច​របស់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ

    ក្រុមអាជីវករ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​អំពី​ក្តីបារម្ភ​របស់​ពួកគាត់ ខណៈដែល​ជនជាតិ​ចិន​បាន​ចូលមក​រស់នៅ​កាន់តែច្រើនឡើងៗ បង្កឱ្យមាន​ភាព​រញ៉េរញ៉ៃ និង​កំពុងដណ្តើម​ទីផ្សារ និង​អាជីវកម្ម​ខ្នាតតូច​របស់​ពួកគាត់​ទៀតផង។

    លោក ស្រ៊ន វ៉ាន់ឌី អាជីវករ​លក់​គ្រឿង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​បាន​រៀបរាប់ថា បច្ចុប្បន្ន​ជនជាតិ​ចិន​បាន​ចូលមក​រស់នៅ​កាន់តែច្រើនឡើងៗ ហើយ​ពេល​ពួកគេ​ចេញ​ដើរទៅ​ណា​មក​ណា​ចូលចិត្តនិយាយ​គ្នាឮៗ ជក់បារី​បង្ហុយ​ដាក់​គេឯង ហើយ​មិនតែប៉ុណ្ណោះ​ពួកគេ​បាន​ដណ្តើម​ទីផ្សារ​ខ្នាតតូច​ដែលជា​អាជីវកម្ម​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​ខ្មែរ​យើង​ទៀតផង។

    លោក​ថា គ្រប់​មុខរបរ​លក់ដូ​រ​រួមមាន​ហាង​លក់​ម្ហូបអាហារ ហាង​ប្តូរប្រាក់ និង​ហាង​កាត់សក់​ហាង​កម្សាន្តផ្សេងៗ គឺ​ពួកគេ​បើក​ព្រោងព្រាត​ដើម្បី​ចាំ​ទទួល​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ ធ្វើឱ្យ​អាជីវករ​ខ្មែរ​បាត់បង់​ប្រាក់ចំណូល​មួយផ្នែកធំ។ លោក​បញ្ជាក់​ដូច្នេះ​ថា “បច្ចុប្បន្ននេះ​ដើរទៅ​ណា​ក៏​ឃើញ​ចិន​ដែរ មិនមែន​តែ​នៅតាម​កន្លែង​កម្សាន្ត​មាត់សមុទ្រ​នោះទេសូម្បីតែ​ក្នុង​ផ្សារ​លក់​ត្រី លក់​សាច់ជ្រូក លក់​គ្រឿងទេសផ្សេងៗក៏មាន​ចិន​ចូលទៅ​លក់​នៅ​ទីនោះ​ដែរ​គឺ​ទិញ​ពី​ផ្សារ​យកទៅលក់​បន្ត ពិសេស​លក់​ឱ្យ​ជនជាតិ​ចិន​គ្នា​គេ​ហ្នឹង។

    ក្រៅពី​ការដណ្តើម​ទីផ្សារ​ខ្នាតតូច​ហើយ ក្រុម​វិនិយោគិន​ចិន​ក៏បាន​ចូលមក​ជួល និង​ទិញ​អចលនទ្រព្យផ្សេងៗជាច្រើន ដូចជា​ដីធ្លី អគារ​ខុន​ដូ ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម ដើម្បី​ទុក​បម្រើ​សេវាកម្ម​ដល់​ជនបរទេស ពិសេស​ជនជាតិ​ចិន​គ្នា​គេ​តែម្តង ដែលជា​កត្តា​ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​មាន​សម្ទុះ​កើនឡើង​យ៉ាងខ្លាំង។

    ជាមួយគ្នានេះ លោកស្រី កែវ សុភា អ្នករស់នៅ​ក្នុង​ក្រុង​កំពង់សោម​បាន​និយាយថា បច្ចុប្បន្ន​ចិន​ពិតជា​កំពុងដណ្តើម​ទីផ្សារ​របស់​អាជីវករ​ក្រុង​កំពង់សោម​មែន ដោយ​ពួកគេ​បាន​ជួល​តូប​លក់ដូរ​នៅក្នុង​ផ្សារ​តែម្តង លើសពីនេះ​ពួកគេ​បាន​ដើរ​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​បើកហាង​លក់ដូរ​ទំនិញផ្សេងៗ បើកហាង​ផឹកស៊ី​តាំងពី​ព្រលប់​រហូតទល់​ភ្លឺ​ក៏មានដែរ។

    ចំណែក​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការ​ចូលមក​វិនិយោគ​កាន់តែច្រើន​របស់​ចិន​គឺជា​រឿង​ល្អ ព្រោះ​វា​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា ប៉ុន្តែ​ការពឹង​ផ្អែកលើ​ចិន​តែមួយ​មិនមែនជា​រឿង​ល្អ​នោះទេ ព្រោះ​បើ​ចិន​មាន​បញ្ហា​កម្ពុជា​ក៏​នឹងមាន​បញ្ហា​ដែរ។ លោក​បន្តថា នៅ​ខេត្ត​ព្រះសីហនុ​មាន​ប្រជាជន​មួយចំនួន​មិនសូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ ហេតុនេះ​យើង​គួរ​ស្រឡាញ់​ចិន​ក្នុង​កម្រិត​មួយ​ដែល​ប្រជាជន​យើង​ទាំងអស់​ទទួលយកបាន។

    ទោះយ៉ាងណា ដើម្បី​ទប់ស្កាត់​ការដណ្តើម​ទីផ្សារ​ខ្នាតតូច​នេះ ក្រសួងពាណិជ្ជកម្ម​បាន​កោះហៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួងការបរទេស អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​ប្រជុំ​ដោះស្រាយ​ជាបន្ទាន់។

    ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា កម្ពុជា​គឺជា​ទិសដៅ​វិនិយោគ​មួយ​ដ៏​សំខាន់​នៅក្នុង​តំបន់​ដែល​ទទួលបាន​កំណើន​គួរឱ្យកត់សម្គាល់ ទន្ទឹមនឹងនេះ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​ក៏មាន​កំណើន​ឡើង​យ៉ាងគំហុក​ដែរ​ក្នុងអំឡុង​ឆ្នាំ2017 ដែល​ភាគច្រើន​លើ​វិស័យ​សណ្ឋាគារ និង​កាស៊ីណូ។

    ដោយឡែក​ជនបរទេស​ដែល​កំពុងស្នាក់នៅ និង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន 15សញ្ជាតិ ដូចជា​អាល្លឺម៉ង់ អុ​ី​តា​លី ហ្វីលីពីន តួ​ក​គី​អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី អុ​ី​ស្រា​អែល ជប៉ុន បារាំង ចិន រុស្សី អាមេរិក អង់គ្លេស និង​កូរ៉េ។ ក្នុងចំណោម​បណ្តាជន​ជាតិ​ទាំងនេះ ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ និង​មួយចំនួនទៀត​កំពុងតែ​ប្រកប​អាជីវកម្ម​ខ្នាតតូច ដូចជា កាត់សក់ លក់​គ្រឿងទេស លក់​គ្រឿងសំណង់ លក់​ម្ហូបអាហារ បន្លែ និង​ផ្លែឈើ​បើក​ប្តូរប្រាក់ និង​អាហារ​ដ្ឋា​ន​ដែល​បាន​បង្ក​ជា​ក្តីកង្វល់​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ប្រកបមុខរបរ​ខាងលើ​ដូចគ្នា​ដែរនោះ។

    ឯកឧត្តម​មានប្រសាសន៍​បន្ថែមថា ការយល់ដឹង​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ ច្បាប់​អន្តោប្រវេសន៍​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅមានកម្រិត កង្វះខាត​បទ​ប្ប​ញ្ញ​តិ្ត​ជាតិ​សម្រាប់​គ្រប់គ្រងជនបរទេស​ក្នុង​ការធ្វើ​អាជីវកម្ម​ខ្នាតតូច និង​ការកំណត់​មុខរបរ​នៅ​កម្ពុជា​និង​ភាព​នៅមានកម្រិត​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​អន្តរក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិគឺជា​កត្តា​ចម្បង​ដែល​ធ្វើឱ្យ​បញ្ហា​ដែល​បានលើកឡើង​ខាងលើនេះ​នៅ​មិនទាន់មាន​ដំណោះស្រាយ​បាន​ពេញលេញ​នៅឡើយ។

    យ៉ាងណាក៏ដោយ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សន្យា​បង្កើន​ការផ្សព្វផ្សាយ និង​អនុវត្ត​លិខិតបទដ្ឋាន​ច្បាប់​ដោយ​យកចិត្តទុកដាក់ និង​តាមដាន​ស្ថានការណ៍​ជាប្រចាំ បង្កើតឱ្យមាន​មន្ត្រី​បង្គោល​សម្រាប់​សម្របសម្រួល និង​ទំនាក់ទំនង​អន្តរក្រសួង​ស្ថាប័ន បង្កើន​ការចែករំលែក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​ដល់​មន្ត្រី​មូលដ្ឋាន ព្រមទាំង​ពិនិត្យ​លទ្ធភាព​កំណត់ ឬ​បង្កើត​បទ​ប្បញ្ញត្តិ​ថ្មី​ច្បាប់​អន្តោប្រវេសន៍​លើ​ការកំណត់​មុខរបរ​តូចតាច ស្តង់ដារ​សម្រាប់​ការ​ស្នាក់នៅ ការគ្រប់គ្រង​ចលនា​ចេញចូល​នៃ​ជនបរទេស​ជាដើម៕

  • ឆាយ វិរៈយុទ្ធ សម្ញែងរថយន្ដប្រណីតតម្លៃរាប់ម៉ឺនដុល្លារ

    ឆាយ វិរៈយុទ្ធ សម្ញែងរថយន្ដប្រណីតតម្លៃរាប់ម៉ឺនដុល្លារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ 2018 នេះបានឱ្យដឹងថា តារាចម្រៀងប្រុសប្រចាំទ្រនំសាន់ដេ គឺលោក ឆាយ វិរៈយុទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលអមជាមួយរថយន្ដប្រណីតថ្មីសន្លាងពណ៌ខ្មៅ ដោយលោកបានចោទជាសំណួរទៅកាន់ប្រិយមិត្តអ្នកគាំទ្រថា «ប្រិយមិត្ត! អាចទាយបានទេនៅខាងក្រោយខ្នងខ្ញុំនេះជារថយន្តម៉ាកអ្វី?»។

    ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះមានភាពមមាញឹកជាមួយការសម្ដែងតន្ត្រីតាមខេត្តច្រើន ហើយស្របពេលកំពុងតែឡើងកូដនេះ គេបានដឹងថា រថយន្តប្រណីតដែលតារាប្រុសកំពុងតែសម្ញែងដាក់អ្នកគាំទ្រនៅលើហ្វេសប៊ុកនោះ គឺជារថយន្ដម៉ាក Chevrolet ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ សូមជម្រាបជូនបន្ថែមថា បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានរៀបអាពាហ៍ពិពាហ៍រួចមក គេសង្កេតឃើញថាលោកហាក់ដូចជាកាក់កបណាស់នឹងរបរបន្ថែមនៅផ្ទះ ក្រៅពីអាជីពជាតារាចម្រៀង ពោលគឺការរកស៊ីបានរីកដុះដាលចម្រុងចម្រើនឥតឈប់ឈរតែម្តង៕

  • លោក Klopp ផ្ទុះ​កំហឹង​ក្រោយពី Kane ប៉េ​ណា​ល់​ទី ធ្វើឱ្យ Liverpool ខកចិត្ត

    លោក Klopp ផ្ទុះ​កំហឹង​ក្រោយពី Kane ប៉េ​ណា​ល់​ទី ធ្វើឱ្យ Liverpool ខកចិត្ត

    លោក Jurgen Klopp បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ទៅលើលោកអាជ្ញាកណ្តាល Jon Moss និង​មន្ត្រី​ប្រចាំការ​ប្រកួត ក្រោយពី​ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​មួយ​ដែល​បាន​ជួយ​ឲ្យ​ក្រុម Tottenham ដណ្តើមបាន​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម Liverpool កាលពី​រាត្រី​ថ្ងៃអាទិត្យ។

    លោក Klopp គ្រូបង្វឹក​នៃ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ក្រោយពី​ឱកាស​នៃ​ការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​សំខាន់​របស់​ក្រុម​លោក​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង4 ត្រូវបាន​រលាយ​អស់​នៅ​វិនាទី​ចុងក្រោយ។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ទី 90របស់​ខ្សែប្រយុទ្ធ Mohamed Salah ដើម្បី​រក​គ្រាប់​បាល់​ទី 2នៃ​ការប្រកួត​នេះ បាន​បង្កើត​ឲ្យ​មាន​ការអបអរ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​គឺ​លោក Klopp និង​ហាក់ដូចជា​ផ្តល់​ឲ្យ​ក្រុម Liverpool នូវ​ជ័យជម្នះ​ដ៏​សំខាន់​មួយ​រួចទៅហើយ​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង4។ ប៉ុន្តែ Kane ដែល​បាន​រង​នូវ​ការសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​រួចហើយ​ពី​អ្នកចាំទី Loris Karius នៅ​រយៈពេល 5នាទីចុងក្រោយ​នោះ បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ជា​លើក​ទី 2ចូល​ទី​យ៉ាង​ល្អ ក្រោយពី​ខ្សែការពារ​តម្លៃ​ខ្លួន 75លាន​ផោន Virgil van Dijk របស់​ក្លិប Liverpool ត្រូវបាន​កាត់សេចក្តី​ថា បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Erik Lamela ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។

    លោក Klopp បាន​ឲ្យ​ដឹងថា៖ «ប្រសិនបើ​ខ្ញុំ​និយាយ​ពីអ្វី​ដែល​ខ្ញុំ​គិត​នៅពេលនេះ ខ្ញុំ​គិតថា នឹងត្រូវ ពិន័យ​ប្រាក់​ដ៏​ច្រើន​ក្នុង​កីឡាបាល់ទាត់​ពិភពលោក។ នៅ​នាទី​ទី 93 អ្នក​គួរតែ​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ជាជាង​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី នៅពេលដែល​អ្នក​មានកា​រ​ប្រាកដប្រជា 100ភាគរយ​ហើយ​នោះ»៕

    ប្រភពពី៖ Sport24

  • ការលក់ iPhone ធ្លាក់ចុះ​នៅ​ត្រីមាស​ចុងឆ្នាំ 2017 ប៉ុន្តែ​ប្រាក់ចំណូល​វិញ​ខ្ពស់ជាង​ការរំពឹងទុក

    ការលក់ iPhone ធ្លាក់ចុះ​នៅ​ត្រីមាស​ចុងឆ្នាំ 2017 ប៉ុន្តែ​ប្រាក់ចំណូល​វិញ​ខ្ពស់ជាង​ការរំពឹងទុក

    អាមេរិក៖ ក្រុមហ៊ុន Apple បានបង្ហាញ​របាយការណ៍​ប្រាក់ចំណូល​ប្រចាំត្រីមាស​ចុងក្រោយ​ឆ្នាំ 2017 ដោយ​នៅក្នុង​របាយការណ៍​នោះបាន​បង្ហាញ​ឱ្យដឹងថា ការលក់ iPhone បាន​ធ្លាក់​ចុះមក​នៅត្រឹម 77,3លាន​គ្រឿង ហើយ​បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំមុន ឃើញថា​ធ្លាក់ចុះ 1,15ភាគរយ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ​មិនបាន​ទាញ​ឱ្យ​ប្រាក់ចំណូល Apple ធ្លាក់ចុះ​នោះទេ។

    សារព័ត៌មាន Phone Arena បានចេញ​ផ្សាយ​នាថ្មីៗនេះ​ថា ក្នុង​រយៈពេល 3ខែ​ចុងក្រោយ​ឆ្នាំ 2017 ក្រុមហ៊ុន Apple ទទួលបាន​ប្រាក់ចំណូល​រហូតដល់ 88,3ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ប្រាក់ចំណូល​នេះ​ខ្ពស់ជាង​ឆ្នាំមុន ដែលមាន​ត្រឹមតែ 78,4ពាន់​លាន​ដុល្លារ​អាមេរិក ជាពិសេស​នោះ​គឺ Apple បាន​បំបែក​កំណត់ត្រា​នៃ​ការព្យាករណ៍​របស់​ក្រុមអ្នកវិភាគ​ដែល​បាន​ទាញ​ថា Apple រកចំណូលបាន​ត្រឹមតែ 84 ទៅ 87ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    ការលក់ iPhone ធ្លាក់ចុះ​នេះ ត្រូវបាន​ក្រុមអ្នកវិភាគ​មើលឃើញថា បណ្ដាលមកពី iPhone X មានតម្លៃ​ខ្ពស់ និង​លក់បាន​ចំនួន​តិច ដែលជា​ហេតុ​ធ្វើឱ្យ​តួលេខ​នៃ​ការលក់ iPhone នៅ​ត្រីមាស​ចុងឆ្នាំ 2017 ធ្លាក់ចុះ។

    ក្រុមហ៊ុន Apple បានបង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​ទៅលើ iPhone ជំនាន់​ថ្មី ដោយបាន​បញ្ជាក់ថា iPhone ឆ្នាំ 2018 នឹងមាន 3ម៉ូ​ដែល ហើយ​ជាពិសេស ម៉ូ​ដែល​នីមួយ២ នឹង​បំពាន់​នូវ​បច្ចេកវិទ្យាសំខាន់ៗចុងក្រោយ​ដូចគ្នា​ទៅនឹង iPhone X៕

  • គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ

    គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ

    បញ្ហា​សុខភាព ជា​រឿង​មួយ​ដែល​មនុស្ស​យើង​គិតគូរ​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​នេះ អាច​សង្កេតឃើញ​បាន​តាមរយៈ​ពេលធ្វើ​បុណ្យ​សុំ​ពរ ឬ​ជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម  ពាក្យ​ថា “សូមឱ្យ​មាន​សុខភាព​រឹងមាំ” តែងតែ​បានឮ​ជាប់​ជានិច្ច។ ថ្មីៗនេះ ទស្សនា​វ​ដ្តី​សុខភាព H to H Magazine នៅក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក បាន​សរសេ​អត្ថបទ​សុខភាព​មួយ​ដែលមាន​ចំណងជើង​ថា “គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ” ដែល ឡា រ៉ែ​ន សូម​នាំមក​ជំរាប​ប្រី​យ​មិត្ត​អ្នកអាន​ជា​បន្ត ដើម្បី​សាកល្បង​អនុវត្តតាម ព្រោះ​មិនមែនជា​រឿង​ពិបាក​ឡើយ ។

    1. ផ្លែ​ប៉ោម មួយថ្ងៃ មួយ​ផ្លែ

    ពាក្យស្លោក​ដែលថា An apple a day , keeps doctor away គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច។ តាមរយៈ​ការសិក្សាស្រាវជ្រាវ​របស់​មហាវិទ្យាល័យ ឡុ​ន​ដុន បាន​រកឃើញថា ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ នឹងធ្វើ​ឱ្យ​ការធ្វើការងារ​របស់សួត​កាន់តែ​ល្អប្រសើរ​ឡើង ។ ដោយសារ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ និង​សារធាតុ​ក្នុង​ផ្លែ​ប៉ោម​ដែល​ហៅថា Quercetin នឹង​ជួយ​ធ្វើឱ្យសួត​រឹងប៉ឹង និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ។

    1. ដកដង្ហើមវែងៗ

    យើង​គួរ​ដកដង្ហើម​ឱ្យបានវែងៗដើម្បី​ពង្រីក​ការធ្វើការងារ​របស់​សួត និង​ធ្វើឱ្យ​រាងកាយ​បានទទួល​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាង​គ្រប់គ្រាន់​ផង តែ​រៀងរាល់​ថ្ងៃនេះ​យើង​ច្រើនតែ​ដកដង្ហើមខ្លីៗ ដោយសារតែ​ធ្វើការ​នៅក្នុង​កន្លែង​តូច​ហប់ ឬ​ព្រោះតែ​មិន​បានដឹង​ក៏មានដែរ ដូច្នេះហើយ​ក្នុងមួយថ្ងៃៗចូរ​សាកល្បង​ដកដង្ហើមវែងៗឱ្យបាន​យ៉ាងតិចណាស់​ក្នុង​មួយថ្ងៃ 10 ដង ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង និង​ដក​ដង្ហើមចេញ​វិញ​ឱ្យ​ពោះ​ឡើង​ផត​ទើប​ត្រឹមត្រូវ​តាម​វិធី។

    1. ចៀសវាង​ការយក​បន្លែ​ចូលទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ

    តាមរយៈ​ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេស្បាញ​បាន​រកឃើញថា ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អឹ​ន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ នឹង​ធ្វើឱ្យ​សារជាតិ​អាហារ​បាត់អស់​ដល់​ទៅ 97%  ដូច្នេះហើយ​គួរ​ជ្រើសរើស​ទទួលទាន​បន្លែស្រស់​ទើប​ប្រសើរ​ជាង។

    1. កំរើកខ្លួន​ជានិច្ច

    អ្នក​ដែល​កំរើកខ្លួន ឬ​ធ្វើ​ចលនា​ជាប់​ជានិច្ច​នឹងមាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អជា​អ្នក​ដែល​គិតតែ​អង្គុយតែ​មួយកន្លែង។ វិធី​នេះ​ជួយ​ការពារ​អាការ​ចុក​ឆ្អល់ពោះ រួមទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង។

    1. ប្រយោជន៍​របស់​ទឹកដូង

    ទឹកដូង​គឺជា​ទឹក​ផ្លែឈើ​ដែល​ល្អ​បំផុត​មួយ​ប្រភេទ មាន​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​គ្រប់​ទាំងអស់ ដូចជា ប៉ូ​តា​ស្យូ​ម ដែក សូ​ដ្យូ​ម កាល់ស្យូម ផូស្វ័រ  អាស៊ីត​អៈ​មី​ណូ និង​វិ​តា​មីន B ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លូ​ខូ​ស ដែល​រាងកាយ​អាច​បឺត​យកទៅ​ប្រើ​ជា​ថាមពល​បាន​ភ្លាម​តែម្តង មាន​សារធាតុ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ប្រយោជន៍​ក្នុងការ​បណ្តេញ​សារជាតិ​ពុល​ចេញពី​រាងកាយ​ទៀតផង។

    1. ពេល​គ្រុន​ក្តៅខ្លួន មិនគួរ​ញ៉ាំ​ផ្លែ​ត្របែក​ទេ

    នៅក្នុង​ផ្លែ​ត្របែក​មាន រ៉ែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់។ នៅពេល​គ្រុន រាងកាយ​នឹងមាន​សីតុណ្ហភាព​ឡើង​ខ្ពស់ ការទទួល​ទាន​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន។

    1. ញ៉ាំ​ក្រូច​ជួយ​កែ​អាការ​ធុញទ្រាន់ នឿយណាយ​បាន

    ការ​ញ៉ាំ​ផ្លែក្រូច​ដោយ​បកសំបក​ខ្លួនឯង នឹង​បាន​ធុំក្លិន​ក្រូច​ដែល​នឹង​ជួយ​ឱ្យមាន​អារម្មណ៍​ធូរស្រាល ហើយ​វិ​តា​មីន C ដែល​រាងកាយ​បានទទួល​ពី​ផ្លែក្រូច​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ នឹង​ជួយ​ជំ​រុញឱ្យ​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុង​ចិត្ត​បានល្អ​ទៀតផង។

    1. ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ជួយ​ការពារ​រោគ​ភ្លេចភ្លាំង

    អាហារ​ពេលព្រឹក​ជួយ​ប្រឆាំង​ការ​បង្កក​ខ្លួន​របស់​ឈាម ព្រោះ​ឈាម​នៅពេល​ព្រឹក​នឹង​ងាយ​បង្កក​ខ្លួន​ជាង​ពេល​ប្រក្រតី ដូច្នេះ​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យបាន​ទៀងទាត់ ដើម្បីឱ្យ​ខួរក្បាល​ត្រូវបាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​យ៉ាង​គ្រប់គ្រាន់ ខួរក្បាល​នឹង​បាន​ភ្លឺ​ថ្លា។

    1. សូកូឡា​ខ្មៅ​ប្រឆាំង​អនុ​មូល​ឥស្សរៈ

    តើ​មិត្ត​អ្នកអាន​ដឹង​ទេ​ថា សូកូឡា​ប្រភេទផ្សេងៗនោះ​ស្ទើរតែ​គ្មាន​ចំណែក​ផ្សំ​របស់​កូ​កូ​ឡើយ មានតែ​សូកូឡា​ខ្មៅ​មួយ​ប៉ុណ្ណោះ​ដែលជា​សូកូឡា​សុទ្ធ​ពិត និង​ថែមទាំង​មាន​ប្រយោជន៍​ដល់​រាងកាយ​ទៀតផង ព្រោះ​មាន​សារធាតុ Flavonoid ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ឈាម​រត់​ឱ្យ​ល្អ​ឡើង។ គួរ​ញ៉ាំ​សូកូឡា​ខ្មៅ​ក្នុង​មួយថ្ងៃ​ប្រមាណ​កន្លះ អន​ស៍៕

  • តើ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍ ជា​រឿង​សំខាន់​ដែរ ឬទេ?

    តើ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍ ជា​រឿង​សំខាន់​ដែរ ឬទេ?

    បន្ទាប់ពី​ការរៀប​អាពាហ៍ពិពាហ៍ គឺ​ការចាប់ផ្តើម​ជីវិត​គូ ហើយ​មានរឿង​មួយ​ដែល​គូ​ស្វាមីភរិយា​ទាំងឡាយ​មិនអាច​ចៀស​រួច​នោះ​គឺ​រឿង “លុយកាក់” ព្រោះ​ជីវិត​គូ​ភាគច្រើន​តែង​ចាប់ផ្តើម​រៀបចំ​ផែនការ​សម្រាប់​អនាគត​រួមគ្នា ដែលមាន​ទាំង​ការត្រៀម​សម្លឹង​រកមើល​ផ្ទះ​ដើម្បី​ស្នាក់អាស្រ័យ រថយន្ត និង​មាន​ទាយាទ​សម្រាប់​ស្នង​ត្រកូល​ជាដើម  ដូច្នេះ​ការរៀបចំ​ផែនការ​ចាត់ការ​ប្រាក់ចំណូល​ចំណាយ គឺជា​រឿង​សំខាន់​ដែល​ត្រូវតែមាន​ការសម្រេចចិត្ត​រួមគ្នា ដែល​បើសិនជា​ទាំងពីរ​នាក់​មាន​គោលការណ៍​ក្នុងការ​ចាត់ការ​រឿងនេះ​បានល្អ​នោះ នឹងធ្វើ​ឱ្យ​រឿង​លុយកាក់​ក្នុង​គ្រួសារ​ងាយស្រួល​ឡើង​មិន​ខាន ។

    1. ពិចារណា​ពី​ស្ថានភាព​លុយកាក់​ក្នុងពេល​បច្ចុប្បន្ន

    ធ្វើ​កំណត់ត្រា​ប្រាក់ចំណូល និង​ការចាយវាយ​ក្នុង​គ្រួសារ ទាំង​ប្រាក់ខែ និង​ប្រាក់ចំណូល​ផ្សេងទៀត ហើយ​តាម​ដោយ​ការចាយវាយ ទាំង​ថ្លៃឈ្នួល​ផ្ទះ ថ្លៃ​ធ្វើតំណើរ ថ្លៃ​ម្ហូបអាហារ ថ្លៃ​គ្រឿង​ឧបភោគបរិភោគផ្សេងៗ និង​ថ្លៃ​ចាយវាយ​ផ្ទាល់ខ្លួន​ជាដើម ។

    ប្រយោជន៍​នៃ​ការធ្វើ​កំណត់ត្រា​នឹងធ្វើ​ឱ្យ​ទាំងពីរ​នាក់​បានដឹង​ពី​ប្រាក់ចំណូល និង​ប្រាក់​ចំណាយ​ទាំងអស់​រួមគ្នា ដើម្បីឱ្យ​កើតមាន​ការរៀប​ផែនការ​តទៅទៀត​ថា តើ​នឹងត្រូវ​ទទួលខុសត្រូវ​រួមគ្នា​បែបណា?

    1. កសាង​អនាគត​រួមគ្នា

    ការកសាង​គោលដៅ​នៅ​ថ្ងៃ​ខាងមុខ​រួមគ្នា នឹងធ្វើ​ឱ្យ​ទាំងពីរ​នាក់​មាន​ភាព​ក្លៀវក្លា​ស្វាហាប់​ក្នុងការ​ដើរទៅ​ឱ្យដល់​គោលដៅ​នោះ​យ៉ាង​តាំងចិត្ត ដូចជា ការទិញ​ផ្ទះ ទិញ​ឡាន ការ​ទៅ​ដើរលេង​កម្សាន្ត ការ​មានកូន និង​ការសិក្សា​របស់​កូន​ជាដើម ។ ក្រៅពីនេះ នៅ​ត្រូវ​កំណត់​រយ:ពេល​ទៀតផង​ថា តើ​គោលដៅ​ដែល​យើង​ចង់បាន​នោះ​នឹង​កើតឡើង​នៅពេលណា? នៅពេល​មាន​គោលដៅ និង​រយ:ពេលដែល​ច្បាស់លាស់​ហើយ​នោះ សឹម​ពិចារណា​ក្នុង​ការចាត់​លំដាប់ថ្នាក់​ផែនការ​លុយកាក់​ជា​ក្រោយ ។

    1. រៀប​ផែនការ​ចាយវាយ និង​សន្សំសំចៃ​រួមគ្នា

    ពេល​ក្លាយជា​គូជីវិត​នឹង​គ្នា​ហើយ ច្បាស់​ជា​ស្គាល់ចិត្ត ស្គាល់​និស្ស័យ​គ្នា​ច្បាស់​មិន​ខាន អ្នកណា​ចូលចិត្ត​ទិញ អ្នកណា​ចូលចិត្ត​សន្សំ ចេះ​ទុក​ចេះ​ចាយ តែ​ភាគច្រើន​ខាង​ស្រី​តែងមាន​ភាព​ល្អិតល្អន់ និង​ប្រយ័ត្នប្រយែង​ជាង​ខាង​ប្រុស ទើប​មិនមែនជា​រឿង​ផ្លែ​ក​ឡើយ ដែល​ស្វាមីភរិយា​ជាច្រើន​គូ​ច្រើនលើក​ឱ្យ​ខាង​ភរិយា​ជា​អ្នកមើលការខុសត្រូវ​រឿង​លុយកាក់​នោះ។ តែ​នឹង​បាន​ទៅដល់​គោលដៅ​ដូច​ផែនការ​ដែល​បានរៀបចំ​រួមគ្នា ឬក៏​អត់​នោះ វា​អាស្រ័យ​លើ​ផែនការ​ចាយវាយ​របស់​អ្នក​ទាំងពីរ​ហ្នឹងឯង ។

    ការពិតទៅ ការណែនាំ​ខាងលើនេះ​អាច​មិនមែនជា​វិធី​ដែល​ល្អឥតខ្ចោះ​បំផុត​សម្រាប់​គ្រប់​គូ​ស្វាមីភរិយា​ទាំងអស់​នោះទេ ព្រោះមួយគូៗតែងមាន​ទង្វើ​ខាង​ហិរញ្ញវត្ថុ​ខុស​ផ្លែ​ក​ពីគ្នា  តែ​គោលការណ៍​ទាំងអស់នេះ គឺជា​វិធីសាស្ត្រ​តំបូង​សម្រាប់​នាំយកទៅ​ពិចារណា​កែច្នៃ​ប្រើ​ប៉ុណ្ណោះ ព្រោះ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ ការ​រិះរក​វិធី​ដែល​សក្តិសម​បំផុត​សម្រាប់​គូ​ស្វាមីភរិយា​របស់ខ្លួន​ឯង​ទៅវិញ​ទេ៕

  • ការបង្រៀន​កូន​ឱ្យ​ក្លាយជា មនុស្ស​មានគុណ​ភាពរ​បស់​មហាសេដ្ឋី លី កាស៊ី​ង

    ការបង្រៀន​កូន​ឱ្យ​ក្លាយជា មនុស្ស​មានគុណ​ភាពរ​បស់​មហាសេដ្ឋី លី កាស៊ី​ង

    លី កាស៊ី​ង (Li Kasing) មហាសេដ្ឋី​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ។ ក្នុង​វ័យ​កុមារ កាស៊ី​ង​ត្រូវ​ភៀសខ្លួន​ដោយសារ​ភ្លើងសង្គ្រាម​ក្នុងប្រទេស​មក​រស់​នៅលើ​កោះ​ហុងកុង ហើយ​ពេល​អាយុ​បាន15ឆ្នាំ មេ​គ្រួសារ​ត្រូវស្លាប់​បាត់បង់​ជីវិត​ចោល​ទៀត។ កាស៊ី​ង ត្រូវ​ឈប់រៀន​ទាំង​កណ្ដាល​ទី​ទាំង​បង្ខំ និង​ចេញលក់​ឥ​វ៉ាន់​រកប្រាក់​ចិញ្ចឹម​គ្រួសារ​ដោយ​ក្តី​ឧស្សាហ៍​ព្យាយាម ធូរ​ក៏​ប្រឹង តឹង​ក៏​ខំ​គ្រប់យ៉ាង។

    ជីវិត​របស់ លី កាស៊ី​ង គួរឱ្យ​សិក្សា និង​យក​ធ្វើជា​គំរូ​ខ្លាំងណាស់ ដែល​ស្ទើរ​ទូទាំង​ទ្វីបអាស៊ី​គ្មាន​នរណាម្នាក់​ដែល​មិន​ស្គាល់​គាត់​នោះឡើយ។ នាគ​ហុងកុង លី កាស៊ី​ង មានទ្រព្យ​សម្បត្តិ​ជាប់​លំដាប់​លេខ1 ជាច្រើន​ឆ្នាំ ហើយ​ថែមទាំង​ជា​មនុស្ស​ចិត្តបុណ្យ​បំផុត​ទៀតផង។ គាត់​បរិច្ចាគ​ប្រាក់​ដើម្បី​សប្បុរសធម៌​រាប់ពាន់​លាន​ដុល្លារ​អាមេរិក តែ​គាត់​នៅតែ​មិនដែល​ភ្លេច​ឋានៈ​ខ្លួនឯង​កាលពី​អតីត​កាលដែល​ធ្លាប់​ដើរ​លក់​នាឡិកាដៃ​នោះឡើយ គាត់​នៅតែមាន​ជីវិត​រស់នៅ​យ៉ាង​មធ្យ័ត ពាក់​នាឡិកា​ចាស់​ដដែល ពាក់​ស្បែកជើង​គូ​ចាស់​ដដែល និង​យក​បទពិសោធ​ជីវិត​កន្លងមក​ធ្វើជា​មេរៀន​បង្រៀន​កូនចៅ​បន្ត។

    លី កាស៊ី​ង មហាសេដ្ឋី​លំដាប់​លេខ1 របស់​កោះ​ហុងកុង​បានកំណត់​ច្បាប់​វិន័យ​នៅក្នុង​ផ្ទះ​ថា មិន​ថា​ការងារ​មមាញឹក​ប៉ុនណា​ក៏ដោយ រៀងរាល់​ល្ងាច​ថ្ងៃ​ច័ន្ទ សមាជិក​គ្រប់រូប​ក្នុង​គ្រួសារត្រូវតែ​មកជួបជុំ​គ្នាទ​ទួល​ទាន​បាយល្ងាច​រួមគ្នា។

    សុជីវធម៌​ក្នុង​ពេលបាយ​របស់​គ្រួសារ​មួយ​នេះ បង្ហាញឱ្យឃើញ​ពី​គុណភាព​របស់​មនុស្ស​ក្នុង​ត្រកូល​នេះ ហើយ​យើង​នឹងមិន​នឹក​ចម្លែក​ចិត្ត​ឡើយ​ដែល​កូនប្រុស​របស់គាត់​ទាំងពីរ​នាក់​ជាម​នុស្ស​ដែល​ពោរពេញ​ទៅដោយ​គុណភាព។ គ្រប់គ្នា​នៅ​ជុំវិញ​តុ​បាយ​នឹង​ពោល​ពាក្យ​អរគុណ​អ្នក​លើក​ម្ហូបអាហារ​មកឱ្យ ទោះជា​អ្នក​ទាំងនោះ​ត្រឹមតែ​ជា​អ្នកបម្រើ​នៅក្នុង​ផ្ទះ​ក៏ដោយ។ ថ្ងៃនេះ​យើង​នាំគ្នា​មក​សិក្សា​មើល​ទាំងអស់គ្នា​ថា តើ​ហេតុអ្វី​បានជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ដូច លី កាស៊ី​ង អាច​ចិញ្ចឹម​មើលថែ អប់រំកូនៗទាំងពីរ​របស់គាត់​យ៉ាង​មាន​គុណភាព​ដូច្នេះ​បាន។

    1/ នាំ​កូន​ជិះ​រថយន្តក្រុង (សុខចិត្ត​ធ្វើខ្លួន​ជា​ឪពុក​កំណាញ់​ស្វិត)

    លី កាស៊ី​ង ចិញ្ចឹម​កូន​យ៉ាង​សាមញ្ញ ទោះជាកូនៗរៀន​ក្នុង​សាលា​ល្អ​លំដាប់​ជួរមុខ​នៃ​កោះ​ហុងកុង​ក៏ដោយ។ កូន​អ្នកដទៃ​មាន​ឡាន​ជូន​មក​រៀន ប្រើ​របស់របរ​សុទ្ធតែ​ប្រេ​៊​ន​ដ៍​ពេញ​ខ្លួន តែ លោក លី តែងតែ​នាំ​កូន​របស់គាត់​ជិះឡាន​ក្រុង​ទៅ​សាលារៀន តែងខ្លួន និង​ប្រើ​របស់របរ​ដូច​មនុស្ស​ធម្មតា​ទូទៅ រហូតដល់​កូន​រអ៊ូ​ថា ហេតុ​អី​បាន​ប៉ា​មិន​ព្រមឱ្យ​អ្នកបើក​ឡាន​ជូន​ពួកគេ​ទៅ​រៀន។ លោក លី ប្រាប់កូនៗថា ពេល​នៅលើ​រថយន្ត​សាធារណៈ កូន​នឹង​បាន​ជួប ដឹង និង​រៀន​យល់ដឹង​ជាមួយនឹង​សភាព​ពិតប្រាកដ​របស់​មនុស្ស​គ្រប់​ជាន់ថ្នាក់ តែបើ​នៅក្នុង​រថយន្ត​ផ្ទាល់ខ្លួន​វិញ កូន​នឹង​មើលមិនឃើញ​អ្វី​ឡើយ។ នៅ​ថ្ងៃ​ឈប់សម្រាក លោក លី ឱ្យកូនៗទៅធ្វើ​ការងារ​ក្រៅ​ម៉ោង ជា​អ្នករត់​តុ ជា​អ្នក​ស្ពាយ​ថង់​ដង​វាយ​កូន​ហ្គោល​នៅតាម​ទីលាន​វាយ​កូន​ហ្គោល​ហើយ​អ្វីដែល​ធ្វើឱ្យ​គាត់​ត្រេកអរ​បំផុត​នោះ​គឺកូនៗប្រាប់ថា នឹង​យកប្រាក់​ដែល​រកបាន​ទាំងអស់​ទៅ​ជួយក្មេងៗដែល​ក្រលំបាក។

    លី កាស៊ី​ង ជា​អ្នក​បរិច្ចាគ​ប្រាក់​ច្រើន​បំផុត​ដល់​មូលនិធិ​សប្បុរសធម៌ តែ​នាឡិកា​ដែល​គាត់​ពាក់ ជា​នាឡិកា​ជប៉ុន​មានតម្លៃ​ត្រឹមតែ26ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ខោអាវ​តាំងពី​ដប់ឆ្នាំ​មុន ក៏​គាត់​នៅតែ​ស្លៀក​រហូតមកដល់​សព្វថ្ងៃ។ ផ្ទះ​ក៏​ជា​ផ្ទះ​កាលពី30ឆ្នាំមុន។ អ្វីៗទាំងអស់នេះ​សុទ្ធតែជា​គំរូ​ដែល​ធ្វើឱ្យកូនៗចងចាំ​ទុក​រហូត​ទៅ។

    2/ បង្រៀន​កូន​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​គឺជា តួនាទី​សំខាន់បំផុត​របស់​អ្នកជា​ឪពុកម្ដាយ

    លោក លី ប្រាប់ថា ការសិក្សា​របស់​កូនចៅ 99% ត្រូវ​បង្រៀន​គេ​ឱ្យ​ស្គាល់​ពី​គោលការណ៍​នៃ​ការធ្វើជា​មនុស្ស​ល្អជា​មុន ហើយ​ទោះជា​នៅពេល​ធំ​ក្លាយជា​មនុស្ស​ធំ​ហើយក៏​ដោយ 2ភាគ3 ក៏​នៅតែ​ត្រូវ​បង្រៀន​ឱ្យធ្វើជា​មនុស្ស​ល្អ​ដែរ និង​នៅសល់ 1ភាគ3ទៀត ទើប​បង្រៀន​ពី​វិធី​ធ្វើ​ជំនួញ។ គាត់​បង្រៀន​កូន​ជានិច្ច​ថា កុំ​គិតតែ​ចង់បាន ត្រូវ​គិតដល់​បេះដូង​អ្នកដទៃ​ផង។ មនុស្ស​នឹង​ទទួលបាន​ជោគជ័យ ត្រូវ​ឧស្សាហ៍​ព្យាយាម ស្មោះត្រង់ និង​គោរព​ពាក្យសន្យា។

    លី កាស៊ី​ង កើត​ក្នុង​គ្រួសារ​ក្រក្សត់ គាត់​រៀន​មិន​ចប់​សូម្បីតែ​ថ្នាក់​បឋម​ផង គាត់​ត្រូវ​ខំព្យាយាម​សិក្សា​បន្ថែម​ដោយ​ខ្លួនឯង ជាពិសេស​ភាសាបរទេស។ ការងារ​មមាញឹក​ប៉ុនណា រៀងរាល់​ល្ងាច​គាត់​នឹង​ទៅ​អង្គុយ​រៀន​បន្ថែម​ចំណេះដឹង​យ៉ាង​មិន​អស់សង្ឃឹម។ នេះ​ជា​រូប​បែប​ដែល​នៅ​ដិត​ជាប់​នឹង​ភ្នែក និង​ក្នុង​បេះដូងកូនៗរបស់គាត់​តាំងពី​តូច​ដល់​ធំ (ឪពុកម្ដាយ​ត្រូវ​ធ្វើជា​គំរូ​ដល់​កូន)។

    គាត់​តែងតែ​នាំយក​ទស្សនៈ ពាក្យ​ប្រៀនប្រដៅ ចំណុច​រិះគិតល្អៗរបស់​អ្នកប្រាជ្ញ​ចិន​បុរាណ​មក​បង្រៀន​កូន​របស់គាត់​ជាប្រចាំ។ នេះ​ជា​វិធី​បណ្ដុះបណ្ដាលកូនៗរបស់គាត់​រហូតដល់​ក្លាយជា​មនុស្ស​ល្អ​របស់​សង្គម។ (នៅមាន​វគ្គ​បន្ត…)

    ការបង្រៀន​កូន​ឱ្យ​ក្លាយជា មនុស្ស​មានគុណ​ភាពរ​បស់ មហាសេដ្ឋី លី កាស៊ី​ង (ត​ចប់)

  • ការជ្រើសរើស​សម្លៀកបំពាក់​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ និង​ពិធីផ្សេងៗ

    ការជ្រើសរើស​សម្លៀកបំពាក់​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ និង​ពិធីផ្សេងៗ

    ការជ្រើសរើស​សម្លៀកបំពាក់​ឱ្យ​សម​សួ​ម​ទៅតាម​កាលៈទេសៈ គឺជា​រឿង​សំខាន់ អ្នក​គួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​ឱ្យ​សមរម្យ​ទៅតាម​កាលៈទេសៈ ឬ​នៅ​ក្នុងឱកាស​កម្មវិធីផ្សេងៗ ព្រោះ​ក្រៅពី​ធ្វើឱ្យ​លោកអ្នក​ស្រស់​សង្ហា និង​ស្រស់​សោភា​ហើយ​នោះ ក៏​ជា​ការឱ្យ​កិត្តិយស​ដល់​ម្ចាស់​កម្មវិធី និង​អ្នកមុខអ្នកការ​នៅក្នុង​កម្មវិធី ឬ​ឱ្យ​តម្លៃ​លើកមុខ​មាត់​ដល់​ក្រុម​ត្រកូល​គ្រួសារ​ថែមទៀត​ផងដែរ។

    បច្ចុប្បន្ននេះ ឈុត​សម្លៀកបំពាក់​មានការ​ច្នៃ​រចនា​ម៉ូដ​ជាច្រើន​ម៉ូដ អាចធ្វើឱ្យ​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ច្របូកច្របល់​ថា តើ​នៅក្នុង​កម្មវិធី​មួយ អ្នក​គួរតែ​ជ្រើសរើស​ឈុត​អ្វី​ឱ្យ​ស័ក្តិសម​ទៅនឹង​កម្មវិធី​នោះ? ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​ការជ្រើសរើស​ឈុត​សម្លៀកបំពាក់​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ និង​ពិធីផ្សេងៗ ចែកជូន​ប្រិយមិត្ត​អ្នកអាន​បាន​យល់​ជ្រាប​ដូចខាងក្រោម​នេះ៖

    1/ ការជ្រើសរើស​សម្លៀកបំពាក់​សម្រាប់​ពិធី​មង្គល និង​ពិធី​ឆ្លង​ជ័យ

    ក្នុង​កម្ម​ពិធី​មង្គល និង​ពិធី​ឆ្លង​ជ័យ ដូចជា ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​ខួបកំណើត ពិធី​សម្ពោធ​ហាង ពិធី​ឡើង​គេហដ្ឋាន សម្ពោធ​ក្រុមហ៊ុន ពិធី​ឡើងស័ក និង​ពិធីបុណ្យ​ប្រពៃណី​ជាដើម លោកអ្នក​គួរតែ​ជ្រើសរើស​ឈុត​បែប​សុភាព​រម្យទម ចំពោះ​បុរស​គួរតែ​ជ្រើសរើស​អាវ​សាច់​ក្រណាត់​ដៃ​វែង អ៊ុត​ឱ្យបាន​ស្អាត​ស័ក្ដិសម​ជាមួយ​ខោ​ក្រណាត់​ពណ៌​ខ្មៅ​ជើងវែង។ ចំណែកនារីៗគួរតែ​ត្រៀម​ឈុត​សុភាព​រម្យទម​ដូចគ្នា ជាអាទិ​ដូចជា សំពត់​បត់ សំពត់សូត្រ ជាមួយនឹង​អាវប៉ាក់​ផ្កា ឬ​អាវ​ដៃ​ប៉ោង​ស្មា​ជាដើម។ ប្រសិនបើ​កម្មវិធី​ដែល​បានរៀបចំ​នៅពេល​រាត្រី លោកអ្នកគួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​បែប​ឈុត​សមោសរ ឈុត​រ៉ូ​ប ហើយ​បន្ថែម​ជាមួយ​គ្រឿងអលង្ការ មាស ឬ​ប្រាក់ ដើម្បីឱ្យ​កាន់តែ​ជួយ​លើក​សម្រស់​មួយកម្រិត​ថែមទៀត។

    2/ ឈុត​សម្រាប់​ដើរលេង

    ការធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ជាមួយ​ក្រុមគ្រួសារ មិត្ត​ជិតស្និទ្ធ ឬ​ក្រុមការងារ​ទៅតាម​តំបន់​រមណី​ដ្ឋា​ន​នានា​ដូចជា សមុទ្រ ភ្នំ ទឹកធ្លាក់ សួន​កម្សាន្ត ទៅតាម​ខេត្ត ឬមួយ​ក៏​អ្នកធ្វើដំណើរ​ទៅ​ទិញ​ទំនិញ​តាម​ហាង ឬ​នៅ​បរទេស​ជាដើម​នោះ លោកអ្នក​គួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​បែបសប្បាយៗដែលមាន​ពណ៌ស្រស់ៗ ដូចជា អាវ​ក្រណាត់​ស្ដើង អាវ​រាងរលុងៗ អាវ​វាល​ដៃ អាវយឺត ហើយ​ស័ក្ដិសម​ជាមួយ​ខោ​ក្រណាត់​ជើង​ខ្លី និង​ខោ​ខាវ​ប៊​យ។ ហើយ​អ្វីដែល​សំខាន់​នោះ​សូមកុំ​ជ្រើសរើស​ឈុត​បែបខ្លីៗ សិច​ស៊ី​ខ្លាំងពេក​ព្រោះថា​អាកាសធាតុ​ក្ដៅ​អាចធ្វើឱ្យ​ខូច​ស្បែករបស់​អ្នក តែបើ​អ្នក​មិនអាច​ចៀស​បានទេ អ្នក​គួរតែ​ត្រៀម​នូវ​ឈុត​អាវធំ​ពី​ក្រៅ​បន្ថែមទៀត។

    3/ ឈុត​សម្រាប់​លេង​កីឡា

    ចំពោះ​ឈុត​សម្លៀកបំពាក់​សម្រាប់​លេង​កីឡា ជាដំបូង​អ្នក​ត្រូវ​គិត​មើលថា តើ​អ្នកនឹង​លេង​កីឡា​ប្រភេទ​ណា​នោះ​ទើប​អ្នក​អាច​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​ដែល​ស័ក្តិសម​ទៅនឹង​កីឡា​ប្រភេទ​នោះ ហើយ​ម្យ៉ាងទៀត​ចំពោះ​ស្បែកជើង​កីឡា ក៏​លោកអ្នក​គួរតែ​ត្រៀម​ដូចគ្នា។ ខោអាវ​ដែល​ងាយ​ជ្រើសរើស​សម្រាប់​ការលេង​កីឡា​ជាងគេ​នោះ​គឺ ខោអាវ​ដែលមាន​សាច់​ក្រណាត់​យឺត ហើយរលុងៗ ទើប​មានភាពសប្បាយៗនៅក្នុង​ការលេង​កីឡា។

    4/ ឈុត​សម្លៀកបំពាក់​សម្រាប់​ពិធី

    បុណ្យសព​ពិធី​បុណ្យសព អ្នក​គួរតែ​ជ្រើសរើស​ជា​ឈុត​ពណ៌​ខ្មៅ-ស ឬ​ឈុតខ្មៅ​សុទ្ធ​ក៏បាន ដែល​មើលទៅ​មានការ​ចូលរួម​រំលែក​ទុក្ខសោក និង​សុភាព​រម្យទម ហើយ​ចៀសវាង​កុំ​ជ្រើសរើស​ឈុត​បែប​ខើច​ខ្លី តែ​សូម​ជ្រើសរើស​ទៅតាម​ប្រពៃណី​បុរាណ​របស់​ខ្មែរ​យើង។ ចំពោះ​ស្ត្រី​អាច​ជ្រើសរើស​ជា​ខោ​ពណ៌​ខ្មៅ ឬ​សំពត់​បត់​ពណ៌​ខ្មៅ ដែល​បង្ហាញ​ពី​លក្ខណៈ​ជា​សុភាពនារី។

    5/ សម្លៀកបំពាក់​សម្រាប់​កា​ទូត ឬ​ក្នុងការ​ទំនាក់ទំនង​ការងារ​មន្ត្រីរាជការ និង​ការងារ​សង្គម

    ខណៈដែល​អ្នក​ត្រូវ​ទៅ​ទំនាក់ទំនង​ការងារ សម្ភាសន៍​ការងារ ចូលរួម​ស្ថាន​ប័នរ​ដ្ឋ ទំនាក់ទំនង​ការទូត ចូលរួម​កម្មវិធី​សហគមន៍​ជាដើម​នោះ លោកអ្នក​គួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​សុភាពរាបសា ឬ​បន្ថែម​អាវធំ​ក្រៅ​ដែល​និយម​ហៅថា អាវ Cruise ព្រោះថា នេះ​ជាការ​បង្ហាញ​កិត្តិយស និង​គោរព​ឱ្យ​តម្លៃ​ដល់​ថ្នាក់​មន្ត្រី​ប្រធាន​ក្រុមហ៊ុន និង​ទីតាំង​ការិយាល័យ។

    ចំពោះ​ស្ត្រី​ក៏​ដូចគ្នា​ដែរ អ្នកនាង​គួរតែ​ជ្រើសរើស​អាវ​សាច់​ក្រណាត់ និង​ខោ​សាច់​ក្រណាត់ ឬ​សំពត់​បត់ ឱ្យ​មើលទៅ​សមរម្យ​ជា​នារី​ដែលមាន​ភាព​ម៉ដ្ឋ​ចត់ និង​រហ័សរហួន​នៅក្នុង​ការងារ ដែលមើលទៅ​មាន​ទំនុកចិត្ត​ជាទីបំផុត៕

  • ថ្មី​សន្លាង! Dell បង្ហាញ Laptop ស៊េរី XPS 15 2 in 1

    ថ្មី​សន្លាង! Dell បង្ហាញ Laptop ស៊េរី XPS 15 2 in 1

    Dell  XPS 15 2 in 1 គឺជា​លែ​ប​ថប់​អេក្រង់​បត់​បាន 360 អង្សា(បត់​ខ្នង​ផ្អឹប​គ្នា) ទំហំ 15.6 អី​ុ​ញ និង​ជា​អេក្រង់​គ្មាន​គែម​ដែលមាន​ភាព​លម្អិត​ច្បាស់ 4K និង​ថែមទាំង​នៅមាន​ស៊េរី​ដែលមាន​ភាព​លម្អិត​ច្បាស់​កម្រិត 1080P ឱ្យ​ជ្រើសរើស​ទៀតផង។

    Dell  XPS 15 2 in 1 នឹង​ប្រើ CPU 2 ប្រភេទ​គឺ Intel Core i5-8305G ឬ Core i7-8705G ដែល​ទាំង2 ស៊េរី​នេះ​ជា Chip ដែលមាន​កាត​អេក្រង់ (VGA Card) AMD Radeon RX Vega M GL ព្រមជាមួយ​RAM កាត​អេក្រង់ (VGA RAM) 4GB HBM2។

    ចំណុច​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ Dell  XPS 15 2 in 1 បានជ្រើសរើស​ក្នុងការ​កាត់ USB Type-A ចេញ​ទាំងអស់ និង​ប្រើ USB Type-C ចំនួន 4 ផត​ជំនួស​វិញ ឯកា​រសាក​ថ្ម ក៏​នឹង​សាក​តាមរយៈ USB Type-C នេះដែរ។

    ក្រៅពីនេះ Dell  XPS 15 2 in 1 ថែមទាំង​ចេញមក​ព្រមជាមួយ​តិច​ណូ​ឡូ​ជី​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ដើម្បី​បើក/បិទ​ម៉ាស៊ីន​ទៀតផង។ នៅមាន​កាមេរ៉ា Infrared ដែល Support Windows Hello មាន​ឧបករណ៍​បន្ថែមផ្សេងៗមកជា​មួយទៀត​ផង​គឺ ប៊ិក Active Pen តែ​ត្រូវ​ទិញ​ដោយឡែក។

    Dell XPS 15 2 in 1 មាន​ទម្ងន់​ត្រឹមតែ 1.9 គីឡូក្រាម​ប៉ុណ្ណោះ និង​ថែមទាំង​ជ្រើសរើស​ប្រើ Keyboard ថាមពល​មេដែក​ឆក់​ដែលមាន​ឈ្មោះថា mag-lev ជួយ​លើក​ឱ្យ​ប៊ូ​តុង Keyboard អណ្ដែត​ខ្ពស់​ឡើង​មាន​ចម្ងាយ​ចុច​ច្រើនជាង​មុន ធ្វើឱ្យ Dell XPS 15 2 in 1 មាន​ទំហំ​ម៉ាស៊ីន​កាន់តែ​តូច ដោយសារតែ​ពេល​បត់​បិទ​ទុក​មិនចាំបាច់​បន្សល់​ចន្លោះ​សម្រាប់​ប៊ូ​តុង Keyboard ឡើយ។

    Dell XPS 15 2 in 1 ប្រហែលជា​នឹង​ចេញមក​ក្នុងតម្លៃ 1,299ដុល្លារ​អាមេរិក និង​មានកំណត់​ដាក់លក់​ទូទាំង​ពិភពលោក​ក្នុង​ខែមេសា​ខាងមុខ​នេះឯង៕