Category: សង្គម និងសេដ្ឋកិច្ច

  • ផលប៉ះពាល់​ចំពោះ​កុមា​រលើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ហួស​កម្រិត

    ផលប៉ះពាល់​ចំពោះ​កុមា​រលើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ហួស​កម្រិត

    មនុស្ស​ម្នាក់​ក្នុងចំណោម​បីនាក់​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​លើ​ពិភពលោក​ត្រូវបាន​គេ​រកឃើញថា​ជា​កុមារ នេះ​បើតាម​ការបង្ហាញ​របស់​អង្គការ UNICEF។ ទន្ទឹមនឹង​ចំនួន​នេះ​គេ​ក៏បាន​រកឃើញ​ផងដែរ​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ​ចំពោះ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​តរបស់​កុមារ​នៅលើ​ពិភពលោក។

    កញ្ញា សៀក ឡេង អ្នកសម្របសម្រួល​កម្ម​វិធី Techno Innovation Challenge និង​ជា​អ្នកធ្វើការងារ​នៅ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ E-learning Center នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​លើកឡើងថា បច្ចេកវិទ្យា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​កុមារ​ដែល​អាណាព្យាបាល​គួរ​យកចិត្តទុកដាក់។ ជា​គុណសម្បត្តិ បច្ចេកវិទ្យា​អាចធ្វើឱ្យ​កុមារ​កើន​ចំណេះដឹង​ច្រើនជាង​ការដែល​សិក្សា​តាមបែប​ធម្មតា ព្រោះថា តាមរយៈ​បច្ចេកវិទ្យា​ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​ជាច្រើន និង​ប្រភព​ចំណេះដឹង​ដ៏​ច្រើន​បាន​យ៉ាង​ងាយស្រួល ដែល​ប្រភពព័ត៌មានល្អៗខ្លះ​ត្រូវបាន​គេ​រចនា​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ឡើង​សម្រាប់​កុមារ។

    កញ្ញា សៀក ឡេង បាន​និយាយថា ៖ “ក្រៅពី​ការជួយ​ផ្នែក​អប់រំ​ហើយ បច្ចេកវិទ្យា​ក៏​ជួយ​ដល់​កុមារ​ឱ្យ​បង្កើន​ការសប្បាយរីករាយ​ដែល​កាត់បន្ថយ​គ្រោះថ្នាក់​របួសស្នាម​លើ​រាងកាយ និង​ការគូសវាសផ្សេងៗដែល​អាច​រំខាន​ដល់​មនុស្ស​ធំ។

    អ្នកជំនាញ​បច្ចេកវិទ្យា​ខាងលើ​បានលើកឡើង​ផងដែរ​ថា កុមារ​ជា​វ័យ​ដែល ចូលចិត្ត​លេង ហេតុនេះ​ការដែល​គាត់​លេង ឬ​កម្សាន្ត​តាម​បច្ចេកវិទ្យា គឺ​នឹង​ជួយ​ឱ្យ​គាត់​រីករាយ​ជាមួយនឹង​ល្បែង​ជាច្រើន​ដែល​គាត់​មិនចាំបាច់​ទៅលេង​ដោយផ្ទាល់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​នោះទេ។ តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​អ្នកជំនាញ​ជាច្រើន​ក៏បាន​បង្កើត​កម្មវិធី​ដើម្បី​ធ្វើឱ្យ​កុមារ​មានការ​រីកចម្រើន​ផ្នែក​បញ្ញា មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ភាពឈ្លាសវៃ​ផងដែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យា​ក៏​អាចជួយ​ឱ្យ​កុមារ​ងាយ​សម្រប​ខ្លួន​ក្នុងសង្គម ព្រោះថា នៅក្នុង​សង្គម​បច្ចុប្បន្ន និង​អនាគត គឺ​គេ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់​ទីកន្លែង។

    ផ្ទុយ​មកវិញ​កញ្ញា សៀក ឡេង ក៏បាន​លើកឡើង​ផងដែរ​ថា ទោះបីជា​យ៉ាងនេះ​ក្តី ចំណុច​នេះ​ក៏បាន​ជះ​ផលប៉ះពាល់​មកវិញ​ដែរ ប្រសិនបើ​កុមារ​លេង​តែ​អ៊ី​ន​ធើ​ណិ​ត​សុទ្ធសាធ ដោយ​មិនមាន​សកម្មភាព​ជាក់ស្តែង​អ្វី​សោះ​នោះ។ អ្វីដែល​អាណាព្យាបាល​ត្រូវ​យកចិត្តទុកដាក់​ជាង​គេ​នោះ គឺ​កុមារ​អាច​នឹងរង​ផលប៉ះពាល់​ជាច្រើន​ប្រសិនបើ​ពួកគេ​ប្រើ​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​មិន​ត្រឹមត្រូវ។

    កញ្ញា សៀក ឡេង និយាយថា ៖ “នៅពេលដែល​កុមារ​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ជ្រុល ពួកគេ​អាច​នឹង​បាត់បង់​ជំនាញ​ទំនាក់ទំនង​ក្នុងសង្គម​ដូច​ជាការ​រាប់អាន​មិត្ត​ខាងក្រៅ មិនសូវ​ចេះ​និយាយស្តី​ទៅកាន់​មនុស្ស ដែល​អាចធ្វើឱ្យ​ពួកគេ​បាត់បង់​ការគោរព​ចំពោះ​មនុស្ស​ដទៃ។ ម្យ៉ាងវិញទៀត​ពួកគេ​អាច​នឹងមិន​សូវ​យល់​ពី​អារម្មណ៍​នៃ​ដៃគូ​សន្ទនា ឬ​ការប្រើប្រាស់​ក្រសែភ្នែក​ជាដើម ដែល​ធ្វើឱ្យ​កុមារ​ទាំងអស់នោះ​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ទំនាក់ទំនង​មិនសូវ​ល្អ។

    ចំពោះ​ការលេង​កីឡា​ជាក់ស្តែង​វិញ ដោយសារតែ​កុមារ​ចំណាយពេល​លើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើនពេក ពួកគេ​នឹងមិន​សូវ​ចូលចិត្ត​លេង​កីឡា ធ្វើ​ពលកម្ម ឬ​សកម្មភាពផ្សេងៗទៀត ដែល​រឿងនេះ​វា​អាច​រាំងស្ទះ​ដល់​ភាពស្វាហាប់ ភាព​សកម្ម និង​សុខភាព​របស់​ពួកគេ។ កត្តា​ទាំងអស់នេះ​អាចធ្វើឱ្យ​កុមារ​រង​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ដូចជា​បញ្ហា​នៃ​ការរីកលូតលាស់​ផ្នែក​រាងកាយ និង​សតិ​ស្មារតី​ជាដើម ព្រោះថា​ពួកគេ​ចំណាយពេល​ច្រើនពេក​លើ​ការ​វិលវល់​ជាមួយនឹង​ពិភព​ស្រមើស្រមៃ​ច្រើនពេក៕

  • ខេត្តកណ្តាល​កំពុងស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​វិនិយោគិន​ជាតិ និង​អន្តរជាតិ

    ខេត្តកណ្តាល​កំពុងស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​វិនិយោគិន​ជាតិ និង​អន្តរជាតិ

    ស្រប​ពេលដែល​រដ្ឋាភិបាល​បានប្រកាស​អំពី​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​រួចមក បានធ្វើឱ្យ​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​កំពុង​សម្លឹងរ​ក​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើនឡើង​នៅ​ទីនោះ។

    ក្នុង​សេចក្តីប្រកាស​ពត៌មាន​ជា​ផ្លូវការ​មួយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​ចែកចាយ​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សប្តាហ៍​នេះ​បានឱ្យដឹងថា ក្រុមហ៊ុន​ខ្នាត​យក្ស​ចំនួន3 បានគ្រោង​បោះទុន​រួមគ្នា​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា10ប៊ី​លាន​ដុល្លារ​ដើម្បី​បង្កើត​ទីក្រុង​រណប​ថ្មី​ចំនួន2 គឺ​មួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​មួយទៀត​នៅក្នុង​ខេត្តកំពង់ចាម។

    ក្រុមហ៊ុន​ចំនួន3នោះ រួមមាន ក្រុមហ៊ុន ឆៃ​ណា ប៉ៃ​ជី​ង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រុមហ៊ុន Zhuhai New Century របស់​វៀតណាម និង​ក្រុមហ៊ុន រដ្ឋ​សា​ឌី Development របស់​កម្ពុជា។ ក្រុមហ៊ុន​ទាំង3 បាន​ចុះ​កិច្ច​ព្រម​ព្រៀម​ជាមួយគ្នា​នៅ​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។

    លោក​ឧកញ៉ា ហួត ឌី អគ្គនាយក​ក្រុមហ៊ុន រដ្ឋ​សា​ឌី Development បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា​នឹង​បង្កើត​ទីក្រុង​រណប​ចំនួន2 ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកណ្តាល​មួយកន្លែង និង​ខេត្តកំពង់ចាម​មួយកន្លែង ដែល​ស្ថិត​លើ​ទំហំ​ផ្ទៃដី​ជិត 2ម៉ឺន​ហិកតា​សម្រាប់​ទីក្រុង​ថ្មី​ទាំងពីរ។ លោក​ឧកញ៉ា​បាន​បន្តទៀតថា ទីក្រុង​រណប​ទាំងពីរ​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង10ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​គ្រោង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ2018 ឆាប់ៗខាងមុខនេះ។

    លោក​ឧកញ៉ា ហួត ឌី បាន​បន្តទៀតថា ពេល​ទីក្រុង​រណប​ទាំងពីរ​នេះ​ដំណើរការ វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​គឺ​កំណើនសេដ្ឋកិច្ច​របស់​ព​ល​រដ្ឋ​កម្ពុជា​ផ្ទាល់​តែម្តង ដូចនេះ​លោក​ឧកញ៉ា​សំណូមពរ​ឱ្យ​បណ្តា​ដៃគូផ្សេងៗទៀត ពិសេស​គឺ​មន្ត្រី​រាជរដ្ឋាភិបាល​មេត្តាជួយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ទាំង3នេះ​ដែល​ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្របសម្រួល​ការងារ​ឱ្យមាន​ភាពរលូន​ដល់​ការបង្កើត​ទីក្រុង​រណប​ទាំងពីរ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ផង។

    ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្ដម សារ សំបូរ បាន​លើកឡើងថា ការបង្កើត​ទីក្រុងរ​ណ​ប​ទាំងពីរ​កន្លែង​នេះ​គឺជា​តម្រូវការ និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដូចនេះ​ឯកឧត្តម​ស្នើ​សុំឱ្យ​ក្រុមហ៊ុនធំៗទាំង3រួម​ដៃ​សហការគ្នា​បង្កើត​ទីក្រុង​រណប​ថ្មី​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ផលប្រយោជន៍​របស់​ពល​រដ្ឋ​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី​នេះ៕

  • ចង់​ជោគជ័យ​លឿន​ពេក គឺជា​ឧបសគ្គ​សម្រាប់​យុវជន​កម្ពុជា

    ចង់​ជោគជ័យ​លឿន​ពេក គឺជា​ឧបសគ្គ​សម្រាប់​យុវជន​កម្ពុជា

    ចង់​ក្លាយជា​មនុស្ស​ជោគជ័យ មានឈ្មោះ​ល្បី​ក្នុងសង្គម និង​សម្ភារ​និយម គឺជា​អ្វីដែល​យុវជន​នាពេល​បច្ចុប្បន្ន​មួយចំនួន​ស្រមៃ​ចង់បាន ហើយ​ការចង់បាន​ភាព​ថ្កុំថ្កើង​មិនមែនជា​កំហុស​របស់​មនុស្ស​ជំនាន់​ថ្មី​នេះ​ទេ តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺ​ត្រូវបាន​គេ​រកឃើញថា យុវជន​កម្ពុជា​មួយចំនួន​ហាក់​មើល​ស្ថានការណ៍​គ្រប់យ៉ាង​ក្នុង​រូបភាព​ងាយស្រួល​ពេក។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ៅ វិបុល អគ្គនាយក​នៃ​ហាង​កាហ្វេ Brew House បាន​លើកឡើងថា យុវជន​នាពេល​បច្ចុប្បន្ន ភាគច្រើន​ស្រមៃ​ចង់​ក្លាយជា​សហគ្រិន​តាមរយៈ​ការមើលឃើញ​ពី​គំរូ​នៃ​មនុស្ស​ដែលមាន​ឈ្មោះ​ល្បី ឬ​មាន​ទ្រព្យធន​ជាច្រើន​ក្នុងសង្គម ហើយក៏​ព្យាយាម​ចង់​ធ្វើតាម ខណៈពេលដែល​គាត់​មិនទាន់បាន​ត្រៀមខ្លួន និង​ត្រៀម​ចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ​បាន​នៅឡើយ។ យុវជន​មួយចំនួន​ចាប់ផ្តើម​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ​ដោយ​គ្រាន់តែ​ឃើញ​រឿង​ណាមួយភ្លាមៗ ដែល​កត្តា​នេះ​អាចធ្វើឱ្យ​គាត់​ងាយ​ទទួលយក និង​ងាយ​បោះបង់ចោល​ទៅវិញ​ដូចគ្នា នៅពេលដែល​គាត់​ជួប​ឧបសគ្គ។

    លោក ម៉ៅ វិបុល បាន​និយាយថា ៖ “កត្តា​ជា​ឧបសគ្គ​ដែល​រាំងស្ទះ​ដល់​ភាពជោគជ័យ​របស់​យុវជន​នាពេល​បច្ចុប្បន្ន គឺ​ចង់​បង្កើត​អាជីវកម្ម​ថ្ងៃនេះ ហើយ​ចង់​ក្លាយជា​អ្នក​មាននៅ​ថ្ងៃស្អែក ខណៈដែល​ស្ថានភាព​ជាក់ស្តែង​នៃ​ការធ្វើ​អាជីវកម្ម​មិនមែន​ងាយស្រួល​ដូច​អ្វីដែល​គាត់​គិត​សោះឡើយ។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ជា​ដំណោះស្រាយ​សម្រាប់​យុវជន គឺ​យើង​គួរតែ​ព្យាយាម​ស្វែងយល់​ពី​ភាព​ពិត​ជាក់ស្តែង​ឱ្យបាន​ច្រើន​អំពី​អាជីវកម្ម និង​ស្វែងរក​ចំណេះដឹង​ជា​មូលដ្ឋាន​ជាមុនសិន មុននឹង​ចាប់ផ្តើម​អាជីវកម្ម ហើយ​ភាព​អត់ធ្មត់​ដោះស្រាយ​ឧបសគ្គ តាម​ដំណាក់កាល គឺជា​អ្វីដែល​យុវជន​ត្រូវ​បណ្តុះ​វា​ឡើង។

    ស្រប​ជាមួយគ្នានេះដែរ លោក ឃ​ន ឈុន​ដា​រ៉ា​ម្ចាស់​ហាង​កាហ្វេ KOI និង Tube Café បាន​លើកឡើងថា យុវជន​មួយចំនួន​មិនទាន់​យល់ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ និង​ការធ្វើ​អាជីវកម្ម​នោះទេ ព្រោះថា ពួកគាត់​ធ្លាប់តែ​សិក្សា និង​រស់នៅក្នុង​សង្គម​មួយ​ដែល​តែងតែ​លើកទឹកចិត្ត​ពួកគាត់​តាំងពី​តូច​ដល់​ធំ ដូចជា​នៅពេលដែល​គាត់​ធ្វើ​រឿង​អ្វីមួយ​ខុស គាត់​គិតថា គាត់​អាច​ទទួលបាន​ឱកាស​ជាច្រើន​ទៀត​ក្នុង​ការកែប្រែ​វា​ឡើងវិញ​ដោយ​មិន​ជះ​ផល​អវិជ្ជមាន​ដល់​គាត់ភ្លាមៗនោះទេ តែ​ចំពោះ​ស្ថានភាព​ជាក់ស្តែង​វិញ គឺ​មិន​ដូចគ្នា​នោះទេ​នៅពេលដែល​គាត់​ធ្វើ​ខុស គឺ​គាត់​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ហើយ​លទ្ធផល​អវិជ្ជមាន​នានា​នឹង​បង្ហាញ​ឱ្យ​គាត់​ឃើញភ្លាមៗ ដែល​ពេលខ្លះ​វា​អាចធ្វើឱ្យ​គាត់​ឆាប់​ចុះចាញ់​តែម្ដង។

    លោក ឃន​ ឈុន​ដា​រ៉ា (រូបស្តាំ)

    លោក ឃ​ន ឈុន​ដា​រ៉ា បាន​និយាយថា ៖ “ការតស៊ូ​គឺជា​រឿង​ដែល​យុវជន​បច្ចុប្បន្ន​ត្រូវតែមាន ព្រោះថា ទាំង​ការរស់នៅ ការធ្វើការងារ និង​ការធ្វើ​អាជីវកម្ម វា​តែងតែ​ជួប​ឧបសគ្គ​មិនអាច​ចៀសផុត​បានឡើយ ហេតុនេះ​ប្រសិនបើ​គាត់​ចង់​ធ្វើ​អ្វីមួយលឿនៗដោយ​មិន​ខ្វល់​ពី​ការតស៊ូ​ជម្នះ​ឧបសគ្គ​នោះ គាត់​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ដ៏​ច្រើន។

    លោក ឈុន​ដា​រ៉ា បានបញ្ជាក់​ផងដែរ​ថា ការ​ហាត់ពត់លត់ដំ​ខ្លួនឯង​ម្តងបន្តិចៗគឺជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​នាំខ្លួន​ឯង​ឱ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ ព្រោះថា នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ភាពជោគជ័យ គឺ​យើង​ត្រូវ​រៀន​ពី​សកម្មភាព​ជាក់ស្តែង​ដែល​ក្នុងនោះ​គឺជា​ឱកាសល្អ​បំផុត​ក្នុង​ការរៀន​សង្កេត​ពី​បញ្ហា​នានា​ដែល​អាចធ្វើឱ្យ​យើង​ចេះ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ។

    លោក ពេជ្រ ពិសាល ជា​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​គម្រោង Daily Plus បានលើកឡើង​ថា​លោក​ធ្លាប់​ជួប​ស្ថានភាព​ជាក់ស្តែង​នៅពេលដែល​លោក​កំពុង​នៅ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។ នៅពេលនោះ លោក​រួម​ជាមួយនឹង​មិត្ត​ភ័ក្តិ​មួយក្រុម​បានចាប់ផ្តើម​បង្កើត​គម្រោង​មួយ​ដើម្បី​ធ្វើ​ការងារ​ជាមួយ​យុវជន​តែ​អ្វីដែល​លោក​ទទួលបាន គឺ​ភាពបរាជ័យ​ព្រោះថា​ការធ្វើការងារ​ជាមួយ​មនុស្ស​ច្រើន​នាក់​ដែល​ពេលខ្លះ​យើង​នៅមាន​បទពិសោធ​តិចតួច និង​មាន​ទំនាក់ទំនង​តិច​អាចធ្វើឱ្យ​យើង​មានការ​នឿយហត់​ខ្លាំង​ខណៈពេល​មាន​បញ្ហា​កើតឡើង ហើយ​ពេលខ្លះ​ចិត្ត​ដែល​ចង់ទៅ​ដល់​គោលដៅ​របស់​ក្រុម​ត្រូវបាន​រលត់​ជាមួយនឹង​សមាជិក​រួមគ្នា​ដែលមាន​ការព្រងើយកន្តើយ។

    លោក ពេជ្រ ពិសាល (រូបឆ្វេង)

    លោក ពេជ្រ ពិសាល បាន​និយាយថា ៖ “ការធ្វើការងារ​ជាមួយគ្នា​ជា​ក្រុម មិនមែនជា​រឿង​ងាយ​នោះទេ ហើយ​ពេលខ្លះ នៅពេលដែល​យើង​ចង់​បង្កើត​អ្វីមួយ​ដែលមាន​ឆន្ទៈ តែ​អាច​នឹង​ឆាប់​បាត់បង់​ចំណង់​ទៅវិញ នៅពេល​សមាជិក​ក្រុម​មិន​គាំទ្រ​ហើយ​យើង​ក៏​មិន​អាចឈាន​ជើង​ទៅដល់​កន្លែង​ដែល​យើង​ចង់​ទៅនោះ​បានដែរ។ លោក ពិសាល ក៏បាន​លើកឡើង​ផងដែរ​ថា បើទោះបីជា​យុវជន​មួយចំនួន​ចង់​ទទួលបាន​ជោគជ័យ​តែ​គាត់​មិនអាច​ទៅដល់​ដោយសារតែ​ភាព​ក្មេងខ្ចី និង​ខ្វះ​បទពិសោធ​ក៏ដោយ តែ​អ្វីដែល​គាត់​អាច​ធ្វើបាន​គឺ​ព្យាយាម​ស្វែងយល់​ពី​ភាព​មិនទាន់​ដឹង​ឬ​ស្គាល់​ច្បាស់ ឬ​កំហុស​របស់ខ្លួន ហើយ​បន្ត​អភិវឌ្ឍ​ជាមួយនឹង​ភាពចាស់ទុំ​ដែល​កើតមាន​បន្ទាប់ពី​ឆ្លងកាត់​ឧបសគ្គ​នានា​រួច៕

  • បាន មុន្នីល័ក្ខ កាន់តែល្បីខ្លាំងក្រោយ Cover បទចាស់ៗរបស់រៀមច្បង និងបរទេស

    បាន មុន្នីល័ក្ខ កាន់តែល្បីខ្លាំងក្រោយ Cover បទចាស់ៗរបស់រៀមច្បង និងបរទេស

    ពិតជាមិនធម្មតាឡើយ សម្រាប់ការប្រសោបយកភាពល្បីល្បាញក្នុងយុគសម័យ​​ដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននេះ ព្រោះតារាចម្រៀងចាស់ថ្មីគរដូចភ្នំ ឯបទចម្រៀងវិញស្ទើរតែរាប់លែងអស់ទៅហើយសម្រាប់បទកំពុងល្បីៗ ហើយសម្រាប់មិនល្បីវិញ គឺកុំនឹកដល់តែម្តង។

    ងាកមកកញ្ញា បាន មុន្នីល័ក្ខ វិញនោះ បទចម្រៀងនៅក្នុងទ្រនំហង្សមាសរបស់នាង ទោះបីជាពីរោះៗ និងចេញស្ទីលឡូយៗក្តី តែក៏ដូចជាមិនអាចហក់លោតជាមួយនឹងតារាផ្សេងទៀតដែលផលិតកម្ម​កំពុងលើកស្ទួយខ្លាំងបានឡើយ ហេតុដូច្នេះហើយទើបនាងហាក់ដូចជាមិនបង្អង់ដៃឡើយ ដោយងាក​ទៅច្រៀងបទ Cover បន្ថែម ដើម្បីបង្ហោះច្បាមយកប្រជាប្រិយភាពក្នុង Youtube និង Facebook ជាដើមវិញ។

    អ្វីដែលជាភាពវិជ្ជមាននោះ គឺនាងមិនខាតកម្លាំងឡើយ ព្រោះបទ Cover មួយណាក៏ដោយ ក៏ពីរោះរណ្តំចិត្ត ហើយបើនិយាយពីបទ Cover ពីភាសាថៃវិញ…ក៏មានអ្នកទស្សនារាប់​លាន​ Views ក្នុង Youtube ដែរ ដែលវាពិតជារឿងដ៏គួរឱ្យរីករាយខ្លាំងណាស់សម្រាប់នាង និងអ្នកគាំទ្រ​សំឡេងដ៏ផ្អែមមុតខុសប្លែកពីគេរបស់កញ្ញា បាន មុន្នីល័ក្ខ ម្នាក់នេះ។

    មិនទាន់អស់ទេ បទចាស់ៗក៏ត្រូវបាននាងយកមកច្រៀងជាថ្មី អមដោយសាច់ភ្លេងរណ្តំស្រាលៗ ដោយយកសំឡេងច្រៀងជាគោលដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងនឹងកាន់តែហក់លោតឡើង ជាពិសេសគឺការផ្តល់សិទ្ធិដល់ម្ចាស់ដើមយ៉ាងត្រឹមត្រូវ ធ្វើឲ្យនាងអាចបន្តការងារនេះដោយគ្មានបញ្ហាអ្វីនោះឡើយ។ បទថ្មីៗដែលបានយកមក Cover បន្ថែមមានដូចជាបទ “កុំស្ដាយចិត្តស្មោះ” របស់រាជិនីសំឡេងមាស ម៉េង កែវពេជ្ជតា៕

  • ក្រសួង​ចំណាយ​ថវិកា​ជិត 17លាន​ដុល្លារ ជួសជុល​ផ្លូវជាតិ​លេខ 3 និង​លេខ 7

    ក្រសួង​ចំណាយ​ថវិកា​ជិត 17លាន​ដុល្លារ ជួសជុល​ផ្លូវជាតិ​លេខ 3 និង​លេខ 7

    ស្រប​ពេលដែល​ផ្លូវជាតិ​លេខ 3 ពី​ភ្នំពេញ​ទៅ​ខេត្តកំពត និង​ផ្លូវជាតិ​លេខ 7 ពី​ភ្នំពេញ​ភ្ជាប់​ទៅ​ខេត្តកំពង់ចាម​មាន​សភា​ព​ខូចខាត សឹករេចរឹល​ជាច្រើន​កន្លែង​ហើយ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ជិត 17លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួសជុល​ផ្លូវ​ទាំងពីរ​នេះ​ឱ្យមាន​សភាព​ល្អ​ប្រសើរឡើង​វិញ។

    នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd កាលពី​ថ្ងៃទី5 ខែកុម្ភៈ ម្សិលមិញ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការចំណាយ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​ដើម្បី​លើក​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ 3 និង លេខ 7 ដោយ​ក្នុង​គម្រោង​ជួសជុល​កំណាត់​ផ្លូវជាតិ​ទាំងពីរ​នេះ គឺ​នឹងធ្វើ​ការលើក​កម្រិត​ផ្លូវ​ពី​កម្រាល​កៅស៊ូ DBST បច្ចុប្បន្ន​ទៅជា​កម្រាល​កៅស៊ូ AC ហើយនឹង​ធ្វើការ​ស្ថាបនា​លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​ទៀតផង។

    គួរ​បញ្ជាក់ថា ការងារ​លើក​កម្រិត​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​នេះ​ប្រកបដោយ ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល 18ខែ ហើយ​បន្ត​ថែទាំ​រយៈពេល 36ខែ សរុប 54ខែ ដែល​នឹង​ចាប់ផ្ដើម​ការដ្ឋាន​ពី​ខែមេសា ឆ្នាំ2018 រហូតដល់​ខែកញ្ញា ឆ្នាំ2022 ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​លេខ 5789-KH គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់ 2 (Road Asset Management Project II – RAMP II) ដែលមាន​ប្រវែង​សរុប 111.3 គ.ម និង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន 16,969,422.59 ដុល្លា​អាមេរិក។

    ក្នុង​គម្រោង RAMP-II ដដែល​នេះ រាជរដ្ឋាភិបាល​បានស្នើ​ទៅ​ធនាគារពិភពលោក​ដើម្បី​ខ្ចី​ហិរញ្ញប្បទាន​សម្បទា​ចំនួន 110លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​លើកកម្ពស់​កម្រិត​ផ្លូវជាតិ​លេខ 4 ដោយ​ក្រាល​កៅស៊ូ AC ស្ថាបនា​ចិញ្ចើម​កៅស៊ូ AC និង​បន្ថែម​នូវ​ប្រព័ន្ធ​ប្រឡាយ​ដែល​ចាំបាច់ ដើម្បី​ធានា​ឱ្យ​ផ្លូវជាតិ​លេខ 4 អាចធ្វើ​ដំណើរ​បាន​គ្រប់​រដូវ​កាល។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារពិភពលោក​កំពុង​រៀបចំ​ឯកសារ​ប​ច្ចេកទេស​សម្រាប់​ហិរញ្ញប្បទាន 110លាន​ដុល្លារ​អាមេរិក​នេះ ហើយនឹង​ដាក់ជូន​ក្រុមប្រឹក្សានាយក​ធនាគារពិភពលោក​សម្រេច​ក្នុង​ខែមិថុនា ឆ្នាំ2018 ដែល​ការដ្ឋាន​សាងសង់​អាច​នឹង​ដំណើរការ​នៅ​ដើមឆ្នាំ2019៕

  • លោក Conte ធ្លាក់ចូល​សម្ពាធ​កាន់តែ​ធំ ក្រោយ Chelsea ចាញ់ Watford យ៉ាង​អាម៉ាស់

    លោក Conte ធ្លាក់ចូល​សម្ពាធ​កាន់តែ​ធំ ក្រោយ Chelsea ចាញ់ Watford យ៉ាង​អាម៉ាស់

    លោក Antonio Conte កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ដ៏​ធំ​មួយ ក្រោយពី​ក្រុម Chelsea របស់លោក បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-1 ក្រោម​ស្នាដៃ​ក្រុម Watford ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​ចន្ទ។

    នេះ​គឺជា​ការរង​បរាជ័យ​ដ៏​ធំ​ជា​លើក​ទី 2ជាប់ៗគ្នា​របស់​ក្រុម Chelsea ក្រោយពី​ក្រុម​ម្ចាស់​ជើងឯក​របស់​អង់គ្លេស​មួយ​នេះ​បាន​រង​បរាជ័យ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 3-0 លើ​ទឹកដី​ខ្លួនឯង​ពេល​ប្រកួត​ជាមួយនឹង​ក្រុម Bournemouth កាលពី​ពាក់កណ្តាល​សប្តាហ៍​មុន។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Daryl Janmaat, Gerard Deulofeu និង Roberto Pereyra ក្នុង​រយៈពេល 6នាទីចុងក្រោយ​បាន​ជួយ​ឲ្យ​ក្រុម Watford កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ជា​លើក​ទី 1ក្នុងចំណោម​ការប្រកួត 6លើក  ដើម្បី​នាំមុខ​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល​ចំនួន 6ពិន្ទុ​ដាច់។

    Chelsea ត្រូវបាន​កាត់បន្ថយ​ឲ្យ​នៅសល់​ត្រឹម​សមាជិក 10នាក់​រួចជាស្រេច ក្រោយពី​ការរង​ការពិន័យ​កាត​ក្រហម​របស់​ខ្សែបម្រើ Tiemoue Bakayoko នៅមុន​ពេល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Troy Deeney បាន​ជួយ​ឲ្យ​ក្រុម Watford មាន​គ្រាប់​បាល់​នាំមុខ​មុនពេល​សម្រាក​ត​ង់​ទី1។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Eden Hazar នៅ​រយៈពេល 8នាទីចុងក្រោយ បានផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម​ភ្ញៀវ​ក្នុង​រយៈពេល​ដ៏​ខ្លី ប៉ុន្តែ ពួកគេ​នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដោយ​នាំមុខ​ត្រឹមតែ 1ពិន្ទុ​គត់​លើ​ក្រុម Tottenham Hotspur ស្រប​ពេលដែល​ឱកាស​របស់លោក​ក្នុង​ការបន្ត​តំណែង​ជា​គ្រូបង្វឹក​សម្រាប់​រដូវ​កាល​នេះ កំពុងតែ​ស្ថិតក្នុង​ការចាប់អារម្មណ៍៕

    ប្រភពពី៖ The Telegraph

  • អត្ថប្រយោជន៍​នៃ​ការសង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​ទាន់ពេល

    អត្ថប្រយោជន៍​នៃ​ការសង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​ទាន់ពេល

    គិត​មកទល់​បច្ចុប្បន្ន យ៉ាងហោចណាស់​មាន​ប្រជាជន​មិនតិចជាង 5លាន​នាក់​ទេ​ដែល​ជំពាក់​បំណុល​ធនាគារ ដែល​ភាគច្រើន​គឺ​យកប្រាក់​ទៅ​ប្រកប​របរ​រកស៊ី​ដើម្បី​រកប្រាក់​ចំណេញ ហើយ​មួយ​ភាគ​ទៀត​យកទៅ​ទិញ​ដី ទិញ​ផ្ទះ ទិញ​រថយន្ត ឬ​សម្ភារ​ប្រើប្រាស់ផ្សេងៗទៀត តែ​ពេលខ្លះ​ភាគី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ក៏​ជួប​ហានិភ័យ​ខ្លះ​ដែរ ដោយ​អតិថិជន​បង់​ត្រឡប់មកវិញ​យឺត​ពេល និងមួយចំនួន​តូច​មិន​បង់​តែម្ដង​ក៏មានដែរ។ ដូច្នេះ​សួរថា តើ​ការបង់​សង​ត្រឡប់​ទៅ​ធនាគារ​យឺត​ពេល ឬ​លែង​បង់​ខណៈ​បំណុល​សង​មិនទាន់​អស់នោះ តើ​វា​ផ្តល់​លទ្ធផល​អាក្រក់ អ្វីខ្លះ​ត្រឡប់មក​សាមីខ្លួន​អតិថិជន​វិញ?។

    មន្ត្រី​ឥណទាន​ជនបទ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា​កន្លងមក​ខ្លួន​ក៏​ធ្លាប់​ជួប​អតិថិជន​ដែល​មិនល្អ​ដែរ​មាន​ប្រមាណ​ជា 2% ទៅ3%នៃ​អតិថិជន​សរុប។ ជួនកាល​អតិថិជន​មានលទ្ធភាព​ដែរ តែ​គេចវេះ​មិន​ព្រម​សង ហើយ​ជួនកាល​ទៀត​អតិថិជន​មិនមាន​លទ្ធភាព​សង​តែម្តង។ មិនមាន​លទ្ធភាព​សង​ដោយសារតែ​ពួកគេ​ខ្ចីប្រាក់​ពី​ធនាគារ​យកទៅ​រកស៊ី តែ​ការប្រកបមុខរបរ​រ​ក​ស៊ី​នោះ​មិន​ទទួលបាន​ជោគជ័យ ខាត​ទាំង​ដើម​ខាត​ទាំង​ចុង រួច​ក៏​លែងមាន​លទ្ធភាព​បង់​ធនាគារ​តែម្តង។ ជា​ឧទាហរណ៍​កសិករ​ជនបទ​មួយចំនួន​តូច ដល់ពេល​ដើមរដូវ​ប្រក​បរបរ​កសិកម្ម ពួកគាត់​មិនមាន​លទ្ធភាព ក៏​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើស្រែ​ចម្ការ។ ដល់ពេល​បាន​ផល លក់​មិន​ចេញ ធ្លាក់​ថ្លៃ ឬ​ខ្លះទៀត​ធ្វើ​ដំណាំ​មិនបាន​ផល​ល្អ ច្បាស់​ណាស់​ពួកគាត់​នឹង​ជួប​ហានិភ័យ​ក្នុងការ​រកប្រាក់​សង​ត្រឡប់មក​ធនាគារ​មិន​ខាន។

    មន្ត្រី​ឥណទាន​ខាងលើ​បន្តថា នៅពេល​អតិថិជន​គេចវេះ​គ្មាន​ដំណោះស្រាយ​នោះ គឺ​គ្មានអ្វី​ក្រៅពី​អនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់​នោះទេ។ ដូច​ធ្លាប់​បានដឹង​កន្លងមក​ហើយ​ថា ជារឿយៗនៅពេលដែល​មានការ​គេចវេះ​នោះ ភាគី​ធនាគារ​នឹង​ប្តឹងទៅ​តុលាការ​ដើម្បី​អនុវត្ត​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះ ឬ​ដីធ្លី​ជាដើម ដើម្បី​យកមក​លក់ឡៃ​ឡុង​សងបំណុល​ធនាគារ និង​នៅសល់​ប៉ុន្មាន​តុលាការ​ប្រគល់​ឱ្យទៅ​ម្ចាស់ទ្រព្យ​វិញ។ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មិនមាន​លទ្ធភាព​សង ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ពន្យារ​ពេលវេលា​សម​រម្យ​ណាមួយ ដោយ​ទុក​ឱកាស​ឱ្យ​រកប្រាក់​មក​សង​ធនាគារ ដូចជា​រង់ចាំ​ដល់ពេល​លក់​ទិន្នផល​កសិកម្ម​នៅ​ឆ្នាំក្រោយ​ឬ​គាត់​ចេញទៅ​ធ្វើ​ការងារផ្សេងៗដើម្បី​យកប្រាក់​មក​បង់​ធនាគារ​ជាដើម។ ផ្ទុយទៅវិញ​ប្រសិនបើ​អតិថិជន​មានមុខ​របរ​ច្បាស់លាស់ និង​សង​ប្រាក់​ទាន់ពេល​មក​ធនាគា​រ ឬ​សាង​កេ​រ្ត៍​ឈ្មោះ​ជាមួយ​ធនាគារ​បានល្អ ខាង​ធនាគារ​នឹង​ពិចារណា​ផ្តល់ជូន​កម្ចី​បន្ត បើសិន​មាន​តម្រូវ​ការខ្ចី​ពេលក្រោយៗទៀត។

    ទាក់ទង​នឹង​បញ្ហា​នេះ​លោក អឿ សុធា​រ័ត្ន ប្រធាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​មានប្រសាសន៍ថា មកទល់​បច្ចុប្បន្ន​ធនា​គារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក (CBC) មាន​ប្រមាណ​ជា 140ស្ថាប័ន ហើយ​ក្នុងនោះ​មាន​អតិថិជន​ជាង 5លាន​នាក់​ដែល​ខ្ចីប្រាក់​ពី​ស្ថាប័ន​ទាំងពីរ​ខាងលើ​ចាប់តាំងពី​ការិយាល័យ​ឥណទាន​បាន​បង្កើត​មក​នៅ​ឆ្នាំ2012។ យ៉ាងណាក៏ដោយ ចំនួន​អតិថិជន​ជាង 5លាន​នាក់​ដែល​បាន​ជាប់ជំពាក់​ប្រាក់​ធនាគារ​នេះ មាន​ជាង 3លាន​នាក់​បាន​សង​ប្រាក់​មក​ធនាគារ​វិញ​រួចហើយ នៅសល់តែ​ប្រហែល 2លាន​នាក់​ប៉ុណ្ណោះ។

    លោក​ថា រាល់ពេល​អតិថិជន​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ CBC តែងមាន​ការកត់ត្រា​ជាប្រចាំ ដែល​របាយការណ៍​នោះ​ត្រូវបាន​ផ្តល់ឱ្យ​មកពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​រៀងរាល់ខែ​បន្ទាប់ពី​ចាប់ផ្តើម​ផ្ដល់​កម្ចី ដើម្បី​រក្សាទុក​យ៉ាង​មាន​សុវត្ថិភាព និង​សម្ងាត់​នៅ​CBC។ លុះ​ពេល​អតិថិជន​ត្រូវការ​ខ្ចីប្រាក់​លើក​ក្រោយ ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​មក​ស្នើសុំ​ពិនិត្យមើល​ប្រវត្តិ​នៃ​ការបង់ប្រាក់​របស់​អតិថិជន កាលពីពេល​ចាប់ផ្តើម​ខ្ចី​កន្លងមក ហើយ​បើសិនជា​អតិថិជន​បង់ប្រាក់​បាន​ទាន់ពេលវេលា ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​ពិចារណា​ថា នឹងត្រូវ​ផ្តល់ឱ្យ​បន្តទៀត ឬ​យ៉ាងណា? ប្រសិនបើ​អតិថិជន​មាន​ប្រវត្តិ​បង់​មិន​ទាន់ពេល ឬ​មានការ​គេចវេះ​ណាមួយ​នោះ​ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​ពិចារណា​ថា តើ​ត្រូវ​ផ្ដល់ឱ្យ​បន្ត ឬ​មិន​ផ្ដល់ឱ្យ​បន្តទៀត។

    ជាមួយគ្នានេះដែរ លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា ទោះជា​អតិថិជន​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​រួច ឬ​នៅ​កំពុង​បន្ត​សង​ក៏ដោយ ក៏​ការកត់ត្រា​របាយការណ៍​ពី​ឥរិយាបថ​នៃ​ការសង​ប្រាក់​ត្រឡប់មក​ធនាគារ​វិញ​នៅតែ​រក្សាទុក​យ៉ាង​សុវត្ថិភាព និង​សម្ងាត់​នៅក្នុង​ការិយាល័យ​ឥណទាន​កម្ពុជា​ទាំងអស់​ដដែល មិនមែន​អតិថិជន​សង​ប្រាក់​ហើយ​ត្រូវបាន​លុបចោល​វិញ​នោះទេ។ លោកជំទាវ​បាន​បញ្ជាក់ថា ការរក្សា​ទុក​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ទៅដល់​ភាគី​ទាំងពីរ គឺ​ភាគី​អតិថិជន និង​ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យ​បានដឹង​ពី​ប្រវត្តិ​នៃ​ការសង​ប្រាក់​របស់​អតិថិជនម្នាក់ៗសម្រាប់​ជាការ​ពិចារណា​មុននឹង​សម្រេច​ផ្តល់​កម្ចី​នៅពេលក្រោយៗទៀត ហើយ​បើសិនជា​អតិថិជន​មាន​ប្រវត្តិ​សង​ត្រឡប់មកវិញ​ល្អ នោះ​ការខ្ចីប្រាក់​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លើក​ក្រោយ​អាច​ងាយស្រួល និង​ឆាប់​បាន ដែល​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការបង់ប្រាក់​ទាន់ពេលវេលា៕

  • រ៉ូ​លីន ខ្លាចសត្វជីងចក់រហូតដល់លេចរបស់សំខាន់

    រ៉ូ​លីន ខ្លាចសត្វជីងចក់រហូតដល់លេចរបស់សំខាន់

    តាមរយៈបណ្ដាញសង្គមវីដេអូយូធូប នៅពេលថ្មីនេះៗពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលវិនាទីចុងក្រោយនៃការផ្ដល់បទសម្ភាសពីជីវិតពិតរបស់លោក ជួប ចាន់​កក្កដា ហៅ រ៉ូ​លីន ​ជាតារា​កិត្តិយស​ក្នុង​កម្មវិធី «​ស៊ី​អារម្មណ៍​» របស់​ស្ថានីយទូរទស្សន៍ PNN ត្រូវបានលោកពិធីករ ប៉ែន ចំរុង ពញ្ញាក់អារម្មណ៍ដោយការបន្លាចសត្វ​ជីងចក់​ ជាសត្វដែលតារាភេទទីបីរូបនេះខ្លាចជាងគេបំផុតនៅលើពិភពលោក។

    តាមរយៈវីដេអូនោះដែរ អ្នកនាង រ៉ូ​លីន បានបង្ហាញពីទេពកោសល្យកំប្លែងលេង ដោយធ្វើតាមសំណូមពររបស់លោកពិធីករ ក្នុងការត្រាប់សំឡេងតារាចម្រៀងស្រី និងនិយាយភាសាបរទេសជាច្រើនភាសាដែលមិនអាចប្រើការបានសោះឡើយ។ ហើយកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺ កាយវិការសិចស៊ីដ៏រោលរាលដែលតារារូបនេះបានសម្ដែងត្រាប់តាមជនជាតិជប៉ុនជូនប្រិយមិត្តទស្សនិកជនបានទស្សនាសើចសប្បាយ រួមជាមួយលោក ប៉ែន ចំរុង ផងដែរ។

    តែមិននឹកស្មានសោះថា វិនាទីចុងក្រោយនៃបទសម្ភាស តារាសំឡេងស្រី រូបប្រុសម្នាក់នេះ បានញញើត​ និងភ័យ​ខ្លាចសត្វជីងចក់រហូតដល់​ថ្នាក់​លោត​ជើង​ពីរ​ជើង​បី មិនប្រយ័ត្នក៏ធ្វើឱ្យលេចរបស់សំខាន់នៅចំកណ្ដាលអេក្រង់ទូរទស្សន៍តែម្ដង។ ចង់ដឹងថា ហេតុការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះបន្ថែមទៀត៖

    https://www.youtube.com/watch?v=wuRx39oJ96A&t=13s