Category: សង្គម និងសេដ្ឋកិច្ច

  • ត្រឹម​រយៈពេល​ជាង1ខែ​រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង 100លាន​ដុល្លារ

    ត្រឹម​រយៈពេល​ជាង1ខែ​រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង 100លាន​ដុល្លារ

    យោងតាម​របាយការណ៍​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​បានឱ្យដឹង​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ទទួលបាន​គួរ​ជាទី​មោទនៈ​ដែល​ក្នុង​ខែធ្នូ ឆ្នាំ2017កន្លងទៅ ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​មាន​ចំនួន​ប្រមាណ​ជា 444.30 ពាន់​លាន​រៀល ស្មើនឹង 111.08លាន​ដុល្លារ​អាមេរិក។

    ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដា​រ​មានប្រសាសន៍ថា សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ2017 ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន សរុប​ចំនួន 7,754.41ពាន់​លាន​រៀល ឬ​ប្រមាណ​ជា1,938.71លាន​ដុល្លារ​អាមេរិក ស្មើនឹង 113%នៃ​ផែនការ។

    ឯកឧត្តម​បញ្ជាក់ថា ប្រសិនបើ​ធៀប​នឹង​ឆ្នាំ2016 ឃើញថា ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ2017 មានការ​កើនឡើង​ចំនួន 1,676.36ពាន់​លាន​រៀល ឬ​ប្រមាណ​ជា 419.09លាន​ដុល្លារ​ដែល​ស្មើនឹង 27.89%។

    ក្នុង​ឆ្នាំ2017កន្លងទៅ លទ្ធផល​ដែល​សម្រេចបាន​គួរឱ្យកត់សម្គាល់​នោះ​គឺ ការចូលរួមចំណែក​ដ៍​សំខាន់​នៃ​កំណើន​ចំណូលសំខាន់ៗ ធៀប​នឹង​ការអនុវត្ត​នៅ​ឆ្នាំ2016 ដែល​ក្នុងនោះ​រួមមាន​កំណើន​ប្រាក់​ពន្ធ​លើ​ប្រាក់ចំណូល 31.8% កំណើន​អាករ​លើ​តម្លៃបន្ថែម​មាន​ចំនួន 31.05% កំណើន​អាករ​ពិសេស 17.9% និង​កំណើន​ពន្ធលើប្រាក់បៀវត្ស​រ៍​ចំនួន 10.5% ខណៈដែល​ពិតាន​នៃ​ពន្ធលើប្រាក់បៀវត្ស​រ៍​ត្រូវបាន​ដំឡើង៕

  • មហោស្រព STEM ឆ្នាំនេះ​នឹង​នាំ​សិស្ស-និស្សិត​កម្ពុជា​ឱ្យ​ស្គាល់​ពិភព​វិទ្យាសាស្ត្រ​កាន់តែច្រើន

    មហោស្រព STEM ឆ្នាំនេះ​នឹង​នាំ​សិស្ស-និស្សិត​កម្ពុជា​ឱ្យ​ស្គាល់​ពិភព​វិទ្យាសាស្ត្រ​កាន់តែច្រើន

    ជា​រៀងរាល់ឆ្នាំ​មហោស្រព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយមាន​កិច្ច​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័នឯកជន​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ចង់​ជំរុញ​ប្រជាជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ជំនាញ STEM នេះ​សម្រាប់​ធ្វើជា​អាជីព​នៅ​ថ្ងៃ​អនាគត។

    នៅ​ឆ្នាំនេះ មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី4 នឹង​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី1 ដល់​ថ្ងៃទី3 ខែ​មិនា ឆ្នាំ2018 ក្នុង​គោលបំណង​ជំរុញ​សិស្សានុសិស្ស យុវជន សាធារណជន អ្នក​អប់រំ និង​ស្ថាប័ន​អប់រំ​ទាំងអស់​ឱ្យ​ចាប់អារម្មណ៍​កាន់តែខ្លាំង​លើ​ការអប់រំ ការបណ្តុះបណ្តាល​ការងារ អាជីព​វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និង​ការរកឃើញថ្មីៗ (នវានុវត្តន៍) លើ​មុខជំនាញ​ដែល​ទាក់ទង​នឹង​វិស្វកម្ម បច្ចេកវិទ្យា និង​គណិតវិទ្យា។ មុខវិជ្ជា​ទាំងអស់នេះ ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ឬ​ជា​ចំណែក​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

    នៅក្នុង​មហា​ស្រព STEM នៅថ្ងៃនោះ នឹងមាន​សកម្មភាពសំខាន់ៗមួយចំនួន ដូចជា​ការតាំងពិព័រណ៍​ផលិតផល​វិទ្យាសាស្ត្រ ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី1 នៅ​កម្ពុជា ការបង្ហាញ​គម្រោង STEM ដែល​ផ្តល់ឱកាស​សម្រាប់​ពិសោធ​ដោយផ្ទាល់​សម្រាប់​អ្នកចូលរួម​សិក្ខាសាលា និង​វេទិកា STEM ការប្រកួត​ជើងឯក STEM ការប្រកួត​គណិតវិទ្យា ដោយ​ប្រើ​បច្ចេកវិទ្យា និង​ការប្រគុំ​តន្ត្រី​ខ្នាត​ធំ “STEM ដើម្បី​អនាគត​ខ្ញុំ” ជាដើម។ល៕

  • រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​មាន​គ្រោះថ្នាក់​ដែរឬទេ?

    រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​មាន​គ្រោះថ្នាក់​ដែរឬទេ?

    ឡា​រ៉ែ​ន គិតថា ប្រហែល​វា​ជា​គំនិត​របស់​មនុស្ស​ជាច្រើន​ដែល​គិតថា ចង់យក​ស្អី​ទៅ​ដាក់​ក្នុង​ទូទឹកកក​ក៏បាន​ដែរ វា​នឹងធ្វើ​ឱ្យ​របស់​ទាំងអស់នោះ​ក្រ​ផុតកំណត់ ព្រោះ​ភាព​ត្រជាក់​ក្នុង​ទូទឹកកក​នឹង​ជួយ​ថ្នម​វត្ថុ​អស់ទាំងនោះ​ឱ្យនៅ​បានយូរ​ឡើង ដែលថាៗទៅ សម្រាប់​វត្ថុ​ជាច្រើន​អាច​នឹង​ត្រឹមត្រូវ តែ​បើសិនជា​រឿង​របស់ “ថ្នាំពេទ្យ” វិញ តើ​វា​នឹង​ពិត​ដូចដែល​គេ​នាំគ្នា​ជឿ​ហ្នឹង​ឬ​យ៉ាងណា? ខាងក្រោម​នេះ​គឺជា​ចម្លើយ…។

    រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​គឺជា​រឿង​ពិត​មួយ​ដែល​អាចនិយាយបាន ធាតុអាកាស​ក្ដៅ​ហប់​អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​លឿន​ជាង​ប្រក្រតី តែ​ក៏​មិនបាន​មានន័យថា ការ​រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​នឹង​ជួយ​បន្ត​អាយុ​របស់​ថ្នាំ​ឱ្យ​ទុក​ប្រើប្រាស់​បានយូរ​ឡើង​ដែរ ព្រោះ​ក្រៅពី​រក្សាទុក​ថ្នាំ​ក្នុង​កន្លែង​ដែលមាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​បាន​ដូចគ្នា​ហើយ​នោះ នៅ​ធ្វើឱ្យ​ថ្នាំ​កើត​សារធាតុពុល​កើនឡើង​បាន​ទៀតផង ព្រោះ​នៅក្នុង​ទូទឹកកក​ក៏មាន​ភាព​សើម​អាប់​ខ្ពស់​ដូចគ្នា​ដែរ ហើយ​ភាព​សើម​អាប់​នេះឯង​ដែល​ធ្វើឱ្យ​ថ្នាំ​បាត់បង់​ប្រសិទ្ធភាព។

    លើក​ឧទាហរណ៍​ដូចជា ថ្នាំ​អាស្ពីរីន នៅពេល​ប៉ះ​នឹង​ភាព​សើម​អាប់​នៅក្នុង​ទូទឹកកកយូរៗទៅ អាច​រលាយខ្លួន​ក្លាយជា​អាស៊ីត​សាលី​ស៊ី​លិ​ក​និង​អាស៊ីត អា​សេ​ទិ​ក ដែល​នឹង​ធ្វើឱ្យ​ថ្នាំ​លែងមាន​ប្រសិទ្ធភាព រួមទាំង​ធ្វើឱ្យ​កើតមាន​ជាតិពុល​ធ្វើឱ្យ​រាងកាយ​ខ្វះ​អុក​ស៊ី​ែ​ហ្ស៊​ន ទៅជា​ប្រកាច់ និង​បាត់បង់​សតិ​ស្មារតី​បាន​ទៀតផង​បើ​រាងកាយ​ទទួល​ក្នុង​បរិមាណ​ច្រើន។

    ការរក្សា​ទុកដាក់​ថ្នាំពេទ្យ​យ៉ាង​ត្រឹមត្រូវ

    1. រក្សាទុក​នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បក់​ចេញចូល​បាន​ស្រួល មិន​ក្ដៅ មិន​អាប់​សើម​ជ្រុល​ពេក និង​គ្មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូលដល់។
    2. រៀបចំ​ទុកដាក់​តាម​ប្រភេទ​ថ្នាំនីមួយៗរួមគ្នា និង​អាចបែងចែក​តាម​ប្រភេទ​របស់​ថ្នាំ ដូចជា ថ្នាំ​ទឹក ឬ​ថ្នាំ​គ្រាប់ ថ្នាំ​សម្រាប់​លាប​លើ​ស្បែក ឬ​ថ្នាំ​សម្រាប់​លេប​ព្យាបាល​ក្នុង​ខ្លួន(ថ្នាំ​ផ្សះ) ឬអាចបែងចែក​តាម​ក្រុម​ថ្នាំ​ដែល​ព្យាបាល​អាការ​ដូចគ្នា ដូចជា ថ្នាំ​បំបាត់​ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និង​ថ្នាំ​ព្យាបាល​របួស ឬ​ដំបៅ​ជាដើម។
    1. នៅពេល​បាន​ថ្នាំ​មក គួរពិនិត្យមើល​ថ្ងៃ​ផុតកំណត់ ឬ​បើ​មិនដឹង​ទេ គួរ​សរសេរ​លើ​ក្រដាស​បិទ​លើ​ដប ឬ​កញ្ចប់​ថ្នាំ​នោះ​ថា បានមក​នៅ​ថ្ងៃ​ណា ហើយ​រកមើល​ព័ត៌មាន​ថា ថ្នាំ​ប្រភេទ​នោះអាច​រក្សាទុក​បានយូរ​ប៉ុនណា (ភាគច្រើន​បើ​ឃើញ​មានតែ​ថ្ងៃ​ផលិត ចូរ​រាប់​ចាប់ពី​ថ្ងៃ​ផលិត​មក3ឆ្នាំ​ទៀត នោះ​គឺ​ថ្ងៃ​ផុតកំណត់​ហើយ តែ​ទាំងអស់នេះ​អាស្រ័យ​លើ​ប្រភេទ​របស់​ថ្នាំ​ដែរ)។
    2. រៀបចំ​ការប្រើ​ថ្នាំ​តាម​លំដាប់ ពី​ថ្នាំ​ដែល​ជិត​ផុតកំណត់​មុន​ជានិច្ច។
    3. នៅក្នុង​ទូ​ថ្នាំ ឬ​ប្រអប់​ទុកដាក់​ថ្នាំ គួរ​សរសេរ​បិទ​ប្រាប់​ពី​ប្រភេទ​ថ្នាំ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយ​ក្នុង​ការចាប់​យកមកប្រើ។
    4. ថ្នាំ​ដែលជា​បន្ទះ មិនគួរ​កាត់ចេញ​មក​ជា​គ្រាប់ ឬ​ឆ្កឹះ​ចេញពី​បន្ទះ​នោះទេ គួរ​រក្សាទុក​ទាំង​បន្ទះ ដើម្បី​ទុក​មើល​ថ្ងៃ​ផុតកំណត់​នៅលើ​បន្ទះ​នោះ។
    5. បើ​ថ្នាំ​នៅ​មិនទាន់​ផុត​ថ្ងៃ​កំណត់ តែ​សង្កេតឃើញ​មាន​ភាពខុសប្រក្រតី​ណាមួយ​ដែល​ខុសប្លែក​ពីមុន ដូចជា ប្រែ​ពណ៌ រូបរាង​ខុសពី​មុន មាន​ក្លិន និង​រសជាតិ​ប្លែក​ជាដើម-ល- មិនគួរ​រក្សាទុក​ថ្នាំ​នោះ​ទៀត​ទេ។

    យ៉ាងណាក៏ដោយ ថ្នាំនីមួយៗអាច​នឹងមាន​វិធី​រក្សា​ទុកដាក់​ខុសប្លែក​ពីគ្នា ដូច្នេះ​គួរ​រកមើល​វិធី​ថែរក្សា​ទុក​ថ្នាំនីមួយៗនោះ​នៅលើ​ស្លាក​របស់​ផលិតផល ឬ​បើជា​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្សំ​មកឱ្យ​ជាឈុតៗនោះ គួរតែ​ទទួលទាន​តាម​វេជ្ជបញ្ជា​ឱ្យអស់ កុំ​ឈប់​កណ្ដាល​ទី​ដែលនាំឱ្យ​ថ្នាំ​នៅសល់​ហើយ​គិត​រក្សា​ថ្នាំ​នោះ​ទុក​ដើម្បី​លេប​នៅពេល​ឈឺ​លើក​ក្រោយ​ទៀត​ឱ្យសោះ ព្រោះ​ក្រៅពី​ថ្នាំ​នោះ​អាច​នឹង​ចុះខ្សោយ​ប្រសិទ្ធភាព​ហើយ​នោះ នៅ​ធ្វើឱ្យ​រាងកាយ​យើង​ឌឺ​ថ្នាំ ដោយសារតែ​លេប​មិន​គ្រប់​ចំនួន​តាម​គ្រូពេទ្យ​ណែនាំ​ទៀតផង៕

  • កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត តារា​ឯក​ស្រី​ក្នុង​រឿង “ទឹកភ្នែក​កក” កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន

    កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត តារា​ឯក​ស្រី​ក្នុង​រឿង “ទឹកភ្នែក​កក” កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន

    តាមរយៈ​ខ្សែភាពយន្ត​ភាគ​បែប​មនោសញ្ចេតនា​រឿង “ទឹកភ្នែក​កក” ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពីពេល​កន្លង​ទៅនោះ តារា​សម្ដែង​ជំនាន់​ថ្មី​វ័យក្មេង​ដែលមាន​ឱកាស​បាន​គ្រង​តំណែង​ជាតា​រា​ឯក​ស្រី​តាំងពី​មាន​បទពិសោធ​លើកដំបូង​ក្នុង​ការសម្ដែង​របស់ខ្លួន កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត បាននិងកំពុង​តែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា ក៏ដូចជា​អ្នកដឹកនាំ​សម្ដែង​ផងដែរ ខណៈដែល​ពេល​បច្ចុប្បន្ននេះ មាន​ការងារ​សម្ដែង​ជាច្រើន​កំពុងតែ​សម្រុក​ធ្លា​ក់មក​ក្នុង​រង្វង់​ដៃ​របស់​នាង​ជា​បន្តបន្ទាប់។

    បើ​គិត​មកដល់​ដើមឆ្នាំ2018នេះ កញ្ញា ប៊ូ​ច័ន្ទ​ដា​ណែ​ត ទើបតែ​មាន​អាយុ​ត្រឹម 22ឆ្នាំ​តែប៉ុណ្ណោះ ហើយ​បើ​គិតពី​បទពិសោធ​នៃ​ការសម្ដែង​ក៏ដូចជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ​វិញ​រឹតតែ​តិចតួចស្ដួចស្ដើង​បំផុត ប៉ុន្តែ​បើ​គេ​ក្រឡេក​មក​មើល​ពី​ទីផ្សារការងារ​នៅក្នុង​អាជីព​ជា​អ្នកសិល្បៈ​របស់​នាង​វិញ គឺមាន​មិន​ចាញ់​តារា​សម្ដែង​ស្រី​ជំនាន់មុនៗនោះឡើយ។ ជាក់ស្ដែង​បន្ទាប់ពី​បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅក្នុង​វិស័យ​សម្ដែង​តាមរយៈ​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​បែប​មនោសញ្ចេតនា ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពីពេល​កន្លងទៅ​ក្នុង​រឿង “ទឹកភ្នែក​កក” ក្នុងនាម​ជា​តួឯក​ស្រី​វ័យក្មេង ដែល​ត្រូវ​សម្ដែង​ជាមួយនឹង​ឈុត​ឆាកកម្សត់ៗសម្រក់​ទឹកភ្នែក​តាំងពី​ភាគ​ដំបូង​រហូតដល់​ភាគ​បញ្ចប់​នោះ ដា​ណែ​ត​បាន​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​របស់​អ្នកទស្សនា​ជាខ្លាំង ហើយ​វា​ក៏​ជា​ចំណុច​ពិសេស​ដែល​ជួយ​បង្កើន​នូវ​ប្រជាប្រិយភាព​របស់​នាង​ផងដែរ។

    តារា​សម្ដែង​ស្រី​រូបនេះ​បាន​បង្ហើប​ប្រាប់ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា “ចំពោះ​វិស័យ​សិល្បៈ ខ្ញុំ​ទើបតែ​ចូលប្រឡូក​បាន​ត្រឹម​ជាង1ឆ្នាំ​ប៉ុណ្ណោះ ហើយ​រឿង​ដំបូង​ដែល​ខ្ញុំ​សម្ដែង​គឺ​រឿង​ទឹកភ្នែក​កក ហើយ​បាន​តំណែង​ជា​តួឯក​ស្រី​ទៀត។ កញ្ញា​បាន​បន្តទៀតថា “នៅក្នុង​សាច់រឿង​មួយ​ហ្នឹង ខ្ញុំ​ដូចជា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ព្រោះ​ពេល​សម្ដែង​ដូច​មាន​អារម្មណ៍ងាយៗមិន​ពិបាក ជាពិសេស​សូម្បីតែ​ឈុតកម្សត់ៗដែល​ត្រូវ​យំ​ឱ្យ​ត្រូវ​នឹង​សាច់រឿង​គឺ​ខ្ញុំ​អាចធ្វើ​បាន​ទាំងអស់។ តាម​ការពិតទៅ បើតាម​ចំណូលចិត្ត និង​ចរិត​ពី​ធម្មជាតិ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​និស្ស័យ​លេងសើច​ច្រើន ចូលចិត្តសប្បាយៗរួសរាយ និង​ក្រមិចក្រមើម​ច្រើនជាង ប៉ុន្តែ​ពេល​មក​សម្ដែង​ជា​តួ​បែប​ស្រគត់ស្រគំ​ខ្ញុំ​នៅតែ​អាចធ្វើ​បាន។

    កញ្ញា ច័ន្ទ​ដា​ណែ​ត បាន​បញ្ជាក់ថា “តាមរយៈ​រឿង​ទឹកភ្នែក​កក​នេះ បាន​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​ឱ្យ​បងប្អូន​ទស្សនិកជន​ស្គាល់​ខ្ញុំ​បាន​ច្រើន​មែនទែន ព្រោះ​បន្ទាប់ពី​រឿង​មួយ​នេះ​បាន​ចាក់​បញ្ចាំង​ភ្លាម មាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​មក​ខ្ញុំ​ឱ្យ​ថត​ផ្សព្វផ្សាយ​ផលិតផល​ពាណិជ្ជកម្ម​ជា​ហូរហែ ខណៈដែល​សាច់រឿង​ភាគ​ថ្មី​ក៏​កំពុង​សម្រុក​ថត​បញ្ចប់​ផងដែរ​នោះ។ សម្រាប់​រឿង​ថ្មី​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ គឺ​រឿង “ម្កុដ​កូនក្រមុំ” ដែលជា​ប្រភេទ​រឿង​បែប​កំប្លែង សប្បាយៗ មាន​ឈុត​ឆាក​និយាយ​កាច់​កុង និង​លេងសើច​ច្រើន ហើយ​ក្នុងនោះ​នាង​ខ្ញុំ​ទទួលបាន​តំណែង​ជា​តួឯក​ដដែល ហើយ​ខ្ញុំ​ជឿជាក់ថា សម្រាប់​រឿង​ភាគ​ថ្មី​នេះ នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​បងប្អូន​ទូទៅ ជាពិសេស​ពី​សំណាក់​មិត្ត​យុវវ័យ​តែម្ដង ព្រោះ​វា​ជា​ប្រភេទ​រឿង​បែប​កំប្លែង។

    ជាមួយនឹង​ការទទួលបាន​ចំណែក​ទីផ្សារ​សម្ដែង​ច្រើន​នាពេលនេះ កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ក៏បាន​ប្រាប់​ពី​ផលវិបាក​ក្នុងការ​បែងចែក​ពេលវេលា រវាង​ការសម្ដែង ការបង្ហាញ​ម៉ូដ ជាមួយនឹង​ការសិក្សា​ផងដែរ​ថា “វា​ហាក់​លំបាក​បន្តិច​ព្រោះ​ឆ្នាំនេះ​ជា​ឆ្នាំ​ទី3 ដែល​ខ្ញុំ​ត្រូវ​ចំណាយពេល​ច្រើន​ជាមួយ​ការរៀន​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​ផ្នែក​ទីផ្សារ​នៅ​សាកលវិទ្យាល័យ វេ​ស្ទឺ​ន ហើយ​ត្រូវ​ចំណាយ​ពេលចេញ​ថត ចេញ​ដើរ​ម៉ូដ​ច្រើន​ទៀត ជាពិសេស គឺ​ការងារ​ថត​ម៉ូដ​សម្លៀកបំពាក់​តែម្ដង ដែល​ខ្ញុំ​ត្រូវ​ថត​ជាប្រចាំ​ឱ្យ​សម្លៀកបំពាក់​ម៉ាក lookswomen ដែលជា​ប្រេ​៊​ន​សម្លៀកបំពាក់​ល្បី​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​ហុងកុង មានដូចជា សម្លៀកបំពាក់​ឈុត​ផ្កា ឈុត​ម៉ូដ ខោអាវ​ម៉ូដ រ៉ូ​ប និង​លី​អូ ដែលមាន​គុណភាព​ខ្ពស់ ងាយស្រួល​ស្លៀក និង​អាច​បត់បែន​បាន​គ្រប់​សកម្មភាព។ បើ​ខ្ញុំ​មិន​ទទួល​ការងារ​សិល្បៈ​ទាំងអស់​នោះទេ ខ្លាច​បាត់បង់​ឱកាស បាត់បង់​ទីផ្សារ ព្រោះ​គ្រាន់តែ​ជា​តារា​ជំនាន់​ថ្មី គឺ​ថ្មី​មែនទែន ទើបតែ​មួយឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​វា​ហាក់​មាន​ផល​លំបាក​បន្តិច​ដែរ។ ប៉ុន្តែ​ខ្ញុំ​ជឿថា បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅត្រឹម​ឆ្នាំ​ក្រោយនេះ​ខ្ញុំ​នឹង​ពង្រឹង​ការងារ​ផ្នែក​សិល្បៈ​នេះ​ឱ្យ​កាន់តែខ្លាំង​ឡើង។

    គួរបញ្ជាក់​ផងដែរ​ថា កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត មាន​ស្រុកកំណើត​នៅក្នុង​រាជធានី​ភ្នំពេញ មាន​បងប្អូន​ចំនួន2នាក់ ប្រុស​ម្នាក់ ដោយ​កញ្ញា​គឺជា​កូនស្រី​ច្បង​នៅក្នុង​គ្រួសារ។ សម្រាប់​គោលបំណង ក្រៅពី​ប្រាថ្នា​ក្លាយជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​ដ៏​ល្បីឈ្មោះ ច័ន្ទ​ដា​ណែ​ត ក៏មាន​បំណង​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ​ផងដែរ សម្រាប់​ជា​ចំណូល​ទៅ​ថ្ងៃ​អនាគត៕

  • អតីត​តារាឆ្នើមៗរបស់  Man Utd រួម​រំឭក​ខួប​ទី 60 នៃ​គ្រោះថ្នាក់​យន្តហោះ​នៅ​ទីក្រុង Munich

    អតីត​តារាឆ្នើមៗរបស់  Man Utd រួម​រំឭក​ខួប​ទី 60 នៃ​គ្រោះថ្នាក់​យន្តហោះ​នៅ​ទីក្រុង Munich

    ទាំង​អតីត និង​តារាឆ្នើមៗនាពេល​បច្ចុប្បន្ន​របស់​ក្លិប Manchester United បាន​សម្តែង​នូវ​ការ​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​កាលពី 60ឆ្នាំមុន កាលពី​ថ្ងៃ​អង្គារ ដោយសារតែ​គ្រោះថ្នាក់​ផ្ទុះ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​នៃ​ទីក្រុង Munich។

    យន្តហោះ​ដែល​ផ្ទុះ​ឆេះ​នៅ​ប្រទេស​អាល្លឺម៉ង់​កាលនោះ បានសម្លាប់​មនុស្ស​ចំនួន 23នាក់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​កីឡាករ 8នាក់ និង​សមាជិក 3នាក់​ផ្សេងទៀត​របស់​ក្លិប​ផងដែរ។ វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​បំផុត​ក្នុង​ពិភព​កីឡាបាល់ទាត់​របស់​អង់គ្លេស ខណៈដែល​សមាជិក​ស្នូល​របស់​ក្រុមយុវជន​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​បាន​ស្លាប់បាត់​បង់ជីវិត លាចាក​ពី​អ្នកគាំទ្រ ក្រុមគ្រួសារ និង​កីឡាបាល់ទាត់​ពិភពលោក។ អ្នកគាំទ្រ​ប្រមាណ​ជា 1,000នាក់ បានធ្វើ​ដំណើរ​ទៅកាន់​អាកាសយានដ្ឋាន Manchesterplatz ក្នុង​ទីក្រុង Munich ដើម្បី​ធ្វើការ​ស្មឹង​ស្មាធិ៍​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ នៅ​មុនពេល​ការរៀបចំ​ពិធី​មួយ​នៅ​កីឡដ្ឋាន Old Trafford ដែល​បាន​ដឹកនាំ​ដោយ​ប្រធាន​សមាជិក​ក្លិប​លោក Rev John Boyers។

    លោក Alex Ferguson និង​លោក Michael Edelson ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​ក្នុង​ទីក្រុង Manchester នោះ​ផងដែរ ខណៈដែល​អ្នកគាំទ្រ​ចំនួន 4,500នាក់ ក៏បាន​ចូលរួម​ជាមួយ​ពួកគាត់​ផងដែរ៕

    ប្រភពពី៖ The Sun

  • ពិតជាកត្តញ្ញូមែន! ករុណា ពេជ្រ មើលថែឪពុកមិនដាច់ពីក្រសែភ្នែក

    ពិតជាកត្តញ្ញូមែន! ករុណា ពេជ្រ មើលថែឪពុកមិនដាច់ពីក្រសែភ្នែក

    បន្ទាប់ពីលោកឪពុករបស់តារាចម្រៀង ករុណា ពេជ្រ បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃ និងមានការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យនៅទីនោះមួយរយៈមក ខណៈនេះស្ថានភាពជំងឺរបស់លោកឪពុកមានសភាពធូរស្បើយ និងអាចចេញមកខាងក្រៅមន្ទីរពេទ្យបានហើយ។

    តាមរយៈរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ នៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ 2018 នេះ​ បានបង្ហាញឱ្យឃើញពីភាពកត្តញ្ញូដឹងគុណចំពោះលោកឪពុក ដោយការយកចិត្តទុកដាក់មើលថែជំងឺទាំងក្នុងមន្ទីរពេទ្យ និងខាងក្រៅផងដែរ។ លោក ករុណា ពេជ្រ បានរៀបរាប់ពីលើរូបភាពឪពុកដែលកំពុងអង្គុយនៅលើរទេះរុញថា «អរុណសួស្តី …ហាត់ប្រាណពេលព្រឹកព្រលឹមជាមួយប៉ាខ្ញុំអត់..??»។

    តារាប្រុសរូបនេះក៏បានបញ្ជាក់ផងដែរថា លោកសូមអរគុណចំពោះលោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ ដែលបានជួយសម្រួលគ្រប់បែបយ៉ាង និងយកចិត្តទុកដាក់ដល់ស្ថានភាពជំងឺឪពុករបស់លោក៕

  • មិនធម្មតាទេ! កុមារី រ៉ន ចាន់ឌីន និងកុមារា ឡុង លីគ័ង្គ  បង្ហោះរូបភាពសែលហ្វ៊ីជាមួយសម្ដេច ហ៊ុន សែន

    មិនធម្មតាទេ! កុមារី រ៉ន ចាន់ឌីន និងកុមារា ឡុង លីគ័ង្គ  បង្ហោះរូបភាពសែលហ្វ៊ីជាមួយសម្ដេច ហ៊ុន សែន

    បើតាមគណនីហ្វេសប៊ុករបស់ប្អូនស្រី  រ៉ន ចាន់ឌីន នៅពេលថ្មីនេះ បានឱ្យដឹងថា កាលពីថ្ងៃ5 ខែកុម្ភៈ ឆ្នាំ2018 នាងតូចក៏បានចូលរួមក្នុងពិធីមង្គលការមួយដែលមានថ្នាក់ដឹកនាំធំៗ និងមានកិត្តិយសចូលរួមផងដែរ ដែលនៅពេលនោះ សម្ដេច ហ៊ុន​ សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ភាពកក់ក្ដៅ និងអនុញ្ញាតឱ្យពួកគេបានថតរូបសែលហ្វ៊ីជាមួយ។ នាងតូច ចាន់ឌីន បានរៀបរាប់ថា «នាងខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចតា និងលោកជំទាវយាយ ដែលបានផ្ដល់ភាពកក់ក្ដៅ និងអាណិតស្រឡាញ់ចៅ សូមជូនពរដល់សម្ដេចតា នឹងលោកយាយជំទាវ មានអាយុយឺនយូរអង្វែងជាម្លប់នៃកូនចៅតទៅទៀត»។

    យ៉ាងណាមិញនៅក្នុងពិធីមង្គលការនោះដែរកុមារា ឡុង លីគ័ង្គ  ក៏បានចូលរួម និងបង្ហោះរូបថតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលបង្ហាញឱ្យឃើញពីការថតរូបសែលហ្វ៊ីជាមួយសម្ដេច ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់នោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោម៕

  • កុមារី សុខ សុជាតា ទទួលប្រាក់ឧបត្ថម្ភ 1,000ដុល្លារ ពីសម្ដេច ហ៊ុន សែន

    កុមារី សុខ សុជាតា ទទួលប្រាក់ឧបត្ថម្ភ 1,000ដុល្លារ ពីសម្ដេច ហ៊ុន សែន

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia កុមារី សុខ សុជាតា នៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាសរូបនេះ បានចូលរួមច្រៀងនៅក្នុងកម្មវិធីមង្គលការមួយ​ ដែលមានការចូលរួមជាកិតិ្តយសពីសំណាក់ប្រមុខដឹកនាំ និងមន្ដ្រីធំៗជាច្រើន។

    ដោយឡែកតាមរយៈរូបភាពជាច្រើនសន្លឹករបស់នាងតូចរូបនេះ បានបង្ហាញឱ្យឃើញថា រូបនាងទទួលបានឱកាសល្អពី សម្តេចហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យនាងតូច រួមទាំងកុមារា ពេជ្រ ថៃ និងឡុង លីគ័ង្គ បានចូលជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបានឧបត្ថម្ភជាទឹកប្រាក់ក្នុងម្នាក់ 1ពាន់ដុល្លារទៀតផង។

    នាងតូចជាម្ចាស់បទ “ផ្កា” រូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ថា «ចៅសូមអរគុណ លោកតាសម្ដេច និងលោកយាយជំទាវដែលបានឧបត្ថម្ភប្រាក់ចំនួន1,000ដុល្លារដល់ចៅ ក្នុងពីធីជប់លៀងមង្គលការកាលពីយប់មិញ ចៅសូមជូនពរលោកតាសម្ដេច និងលោកយាយជំទាវ មានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ»៕

  • ទៀតហើយ!! កាឆែត កូនស្រីនាង អ៊ីត ត្រូវមហាជនរិះគន់ថា ច្រៀងភាសាថៃបន្លំៗ

    ទៀតហើយ!! កាឆែត កូនស្រីនាង អ៊ីត ត្រូវមហាជនរិះគន់ថា ច្រៀងភាសាថៃបន្លំៗ

    តាមរយៈបណ្ដាញសង្គមយូធូបនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា ថ្មីៗនេះមានការរិះគន់ចំពោកូនស្រី​តារា​កំប្លែង​នាង អ៊ីត ឈ្មោះ កាឆែត ដែលបានបង្ហាញវត្តមានច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ MY TV  ដែលនាងបានបកស្រាយបទចម្រៀងជាភាសាខ្មែរលាយថៃ គឺបទ «អតីត»។

    ការិះគន់លើការច្រៀងបទជាភាសាអង់គ្លេសកាលពីពេលកន្លងទៅ​ថ្មីៗ​នេះ​មិនទាន់ទាំងរលត់បាត់ផង រូបនាងក៏ត្រូវរង​​ការរិះគន់​ថែមទៀត ហើយ​រឹតតែ​ខ្លាំង​ជា​ង​មុន​ទ្វេដងទៅទៀត ដោយសារតែ​ច្រៀង​បទ​ខ្មែរ​លាយ​ភាសា​ថៃ មាន​ចំណងជើង​ថា «​អតីត​» ដែល​មហាជន​បាន​និយាយថា ​ច្រៀង​ដូច​បន្លំៗ​ឱ្យតែបាន។ អ្នកខ្លះបានរិះគន់ថា «ច្រៀងបទថៃដូចឆ្គួត។ ច្រៀងបន្លំហើយធ្វើតុងមិនសមអីបន្តិច។ ច្រៀងបន្លំច្រីនឃ្លាខ្លំាងណាស់ប្អូន»។ តែទន្ទឹមនឹងមានការរិះគន់ធ្ងន់ៗនេះ ក៏មានមហាជនមួយចំនួនបានប្រើពាក្យលើកទឹកចិត្តផងដែរថា ចូរប្អួនស្រីខិតខំហ្វឹកហាត់បន្ថែមទៀត ព្រោះថា ប្អូននៅក្មេង និងមានឱកាសដុសខាត់ទេពកោសល្យបន្ថែមទៀត ដើម្បីបំពេញសេចក្ដីត្រូវការរបស់មហាជនជាអ្នកគាំទ្រ។

    តើ​ការរិះគន់ទាំងប៉ុន្មានរបស់មហាជនទៅលើកូនស្រី​តារា​កំប្លែង នាង​អ៊ីត គឺកញ្ញា កាឆែត នេះ ពិតជា​​ដូច​ការលើកឡើង​មែន ឬ​មិនមែននោះ សូមទស្សនា​វីដេអូ​ខាងក្រោមនេះ៖

    https://www.youtube.com/watch?v=8Vs7Q9qPOxc&t=415s

  • Di Maria រកបាន 3គ្រាប់ ខណៈ  Marseille រកបាន​ដល់​ទៅ  9គ្រាប់

    Di Maria រកបាន 3គ្រាប់ ខណៈ  Marseille រកបាន​ដល់​ទៅ  9គ្រាប់

    ខ្សែបម្រើ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Angel Di Maria បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Paris Saint-Germain បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី2 Sochaux ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ក្រោយ​នៃ​ពាន French Cup។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Marseille បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ Ligue 2 មួយ​ផ្សេងទៀត​គឺ Bourg-en-Bresse យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 9-។ ខ្សែបម្រើ​ស្លាប Di Maria បាន​ជួយ​ឱ្យ PSG ដែល​លេង​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ឆ្នើម Neymar មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី1 នា​កីឡដ្ឋាន Stade Bonal នៅ​ភាគ​កើត​នៃ​ប្រទេស​បារាំង ប៉ុន្តែ អតីត​ម្ចាស់​ជើងឯក 2សម័យកាល Sochaux បាន​តាម​ស្មើ​វិញ​តាមរយៈ​កីឡាករ Florian Martin មុន​ឈានដល់​នាទី​ទី15។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Edinson Cavani បាន​រក្សា​ការនាំ​មុខ​របស់​ក្រុម​លោក Unai Emery នៅ​នាទី​ទី27 នៅពេលដែល​រូបគេ​បានទទួល​បាល់​ពី​ការបញ្ជូន​ឱ្យ​របស់​កីឡាករ Layvin Kurzawa មុននឹង​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ។

    Di Maria បាន​បន្ថែម​គ្រាប់​បាល់​ទី3 មុនពេល​ឈានដល់​នាទី​ទី60 តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​រូបគេ​បាន​បណ្តើរ​បាល់​ទម្លុះ​តំបន់​ការពារ​របស់​ក្រុម​ម្ចាស់ផ្ទះ ក្រោយពី​ការបញ្ជូន​បាល់​ឱ្យ​ពី​សំណាក់​ខ្សែបម្រើ​អ៊ីតាលី Marco Verratti។ កីឡាករ​រូបនេះ​បាន​បំពេញ​ការរក​គ្រាប់​បាល់​ទី3 របស់គេ ក្នុង​រយៈពេល 3នាទី​ក្រោយមក តាមរយៈ​ការបង្ខំ​ឱ្យ​បាល់​ផ្លាត​ចូល​ទី ក្រោយពី​អ្នកចាំទី Lawrence Ati Zigi របស់​ក្រុម Sochaux បាន​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​យ៉ាងខ្លាំង​របស់ Cavani រួចមក៕

    ប្រភពពី៖ Worldsoccertalk