Category: សង្គម និងសេដ្ឋកិច្ច

  • WhatsApp បាន​ក្លាយជា​កម្មវិធី​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ​ដែលមាន​អ្នក​ប្រើ​ច្រើនជាងគេ​បំផុត​នៅ​ដើមឆ្នាំ 2018

    WhatsApp បាន​ក្លាយជា​កម្មវិធី​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ​ដែលមាន​អ្នក​ប្រើ​ច្រើនជាងគេ​បំផុត​នៅ​ដើមឆ្នាំ 2018

    បច្ចុប្បន្ន កម្មវិធី​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ កំពុងតែ​ទទួលបាន​ការពេញនិយម​ជាខ្លាំង ព្រោះ​វា​កម្មវិធី​ទាំង​នោះបាន​ផ្ដល់នូវ​ភាពងាយស្រួល​ជាច្រើន​ដល់​អ្នកប្រើប្រាស់ ជាពិសេស​គឺ​លឿន រហ័ស ទាន់​ចិត្ត ប៉ុន្តែ​លោកអ្នក​មាន​ដឹងថា កម្មវិធី​ណាមួយ​ដែលមាន​ចំនួន​អ្នក​ប្រើ​ច្រើនជាងគេ?

    យោងតាម​របាយការណ៍​របស់ Statistic បានឱ្យដឹងថា គិត​ត្រឹម​ដើមឆ្នាំ 2018 នេះ កម្មវិធី WhatsApp បាន​ក្លាយជា​កម្មវិធី​ដ៏​ពេញនិយម​បំផុត​ក្នុងការ​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ ដោយមាន​ចំនួន​អ្នក​ប្រើ​រហូតដល់ 1300លាន​នាក់ ខណៈដែល Facebook Messenger កំពុងតែ​ដេញ​ប្រកិត​នឹង WhatsApp ជិត​ស្មើ 1300លាន​នាក់។

    ជាមួយគ្នា​នោះដែរ កម្ម​វិធិ WeChat របស់​ចិន បាន​យោង​តោង​យក​តំណែង​លេខ 3 ដោយបាន​រុញច្រាន​កម្មវិធីផ្សេងៗដោយ​នៅក្រោម​ខ្លួន ជាមួយនឹង​អ្នក​ប្រើ​ចំនួន 980លាន​នាក់។ បើ​និយាយ​ពី​កម្មវិធី Skype និង Viber វិញ ត្រូវបាន Statistic បញ្ជាក់ថា កំពុង​ឈរ​នៅ​លេខ​រៀង​ទី 5 និង 6 ខណៈដែល LINE និង Telegram ឈរ​នៅ​លេខ​រៀង​ទី 9 និង 10។

    គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី Facebook ទិញយក WhatsApp ក្នុងតម្លៃ​ជាង 20ពាន់​លាន​ដុល្លារ​មក ចំនួន​អ្នក​ប្រើ WhatsApp បាន​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​គឺ​នៅក្នុង​រយៈពេល 2 ឆ្នាំ​ចុង​ក្រោយនេះ ដោយបាន​ស្ទុះ​ឡើង​យ៉ាងខ្លាំង​លើសលុប៕

  • កម្ពុជា​នឹង​លែង​ពឹង​ផ្អែកលើ​កំពង់ផែ Laem Chabang របស់​ថៃ

    កម្ពុជា​នឹង​លែង​ពឹង​ផ្អែកលើ​កំពង់ផែ Laem Chabang របស់​ថៃ

    រដ្ឋាភិបាល​នឹង​ទម្លាក់ចោល​ការរំពឹងទុក​លើ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ប្រើប្រាស់​ច្រក​កំពង់ផែ Laem Chabang របស់​ប្រទេស​ថៃ ដោយ​គ្រោង​នឹង​ស្ថាបនា​ផ្លូវ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន​មួយ​ខ្សែ​ពី​ខេត្តបាត់ដំបង​ឆ្ពោះទៅកាន់​ខេត្តកោះកុង ជាទី​ដែល​កម្ពុជា​នឹង​ស្ថាបនា​កំពង់ផែ​អន្តរជាតិ​មួយ​ដើម្បី​នាំ​ទំនិញ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

    កន្លងមក​ផ្នែក​ឯកជន ជាពិសេស​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ធ្លាប់បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ដឹកជញ្ជូន​កសិផល​កម្ពុជា​ដែលមាន​អង្ករ​ជាដើម​ទៅកាន់​ប្រទេស​ទី3 ឆ្លងកាត់​តាម​ច្រក​កំពង់ផែ Laem Chabang ដែល​ស្ថិតនៅ​ជិត​ទីក្រុង​បាងកក។

    អ្នក​ប្រកប​កិច្ចការ​ធុរកិច្ច​កម្ពុជា​ធ្លាប់បាន​លើកឡើងថា ការដឹកជញ្ជូន​ផលិតផល និង​ទំនិញ​កសិផល​របស់​ក​ម្ពុ​ជា​ពី​ខេត្ត​នៅ​ភាគ​ពាយព្យ​ទៅកាន់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ដោយ​ឆ្លងកាត់​ក្រុងភ្នំពេញនឹងធ្វើ​ឱ្យ​ទំនិញ​របស់​កម្ពុជា​កាន់​តែ​ឡើងថ្លៃ​ខ្ពស់​ដោយសារតែ​ត្រូវ​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ប៉ុន្តែ​ក្នុងករណី​បើ​កម្ពុជា​អាច​ចរចា​ជាមួយ​ភាគី​ថៃ​សម្រាប់​ដឹកទំនិញ​ឆ្លងកាត់​តាម​កំពង់ផែ​របស់​ប្រទេស​ថៃ​បាននោះ​រយៈពេល និង​ចម្ងាយ​ផ្លូវ​លើ​ការដឹកជញ្ជូន​នឹងត្រូវ​កាត់បន្ថយ ហើយ​ការចំណាយ​ក៏​នឹង​ធ្លាក់ចុះ​បន្តិច​វិញ​ដែរ។ ប៉ុន្តែ ការប៉ុនប៉ង​ចរចា​របស់​កម្ពុជា​នឹង​ភាគី​ថៃ​មិនអាច​ដំណើរការ​ទៅមុខ​ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​ប្រើប្រាស់​កំពង់ផែ Laem Chabang នោះបាន​ឡើយ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា កម្ពុជា​នឹងមិន​ចាំបាច់​ធ្វើការ​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​សុំ​ប្រើប្រាស់​កំពង់ផែ​របស់​ថៃ​នោះ​ទៀត​ទេនៅពេលដែល​កម្ពុជា​នឹង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ទៅកាន់​ខេត្តកោះកុង​ដោយ​ត្រង់​នៅពេល​អនាគត។

    ឯកឧត្តម ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា៖ “យើង​កំពុង​សិក្សា​ផ្លូវ 15-51ពី​ខេត្តបាត់ដំបង​ចុះទៅ​កាន់​ខេត្តកោះកុង ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការដឹក​កសិផលរ​បស់​យើង ពី​ខេត្តបាត់ដំបង និង​ប៉ៃលិន​ជាដើម ចុះទៅ​កាន់​កំពង់ផែ​របស់​យើង​ផ្ទាល់​តែម្តង ដោយ​មិន​ប្រើ​កំពង់ផែ Laem Chabang របស់​ថៃ​នោះទេ។

    សូមបញ្ជាក់ថា មូលហេតុ​ដែល​អ្នក​ធុរកិច្ច​កម្ពុជា​ចង់បាន​ការនាំចេញ​កសិផល​តាម​ច្រក Laem Chabang នោះ គឺ​ដោយសារតែ​ការដឹកជញ្ជូន​តាម​ច្រក​នោះ​មាន​ចម្ងាយ​ជិត ដោយ​ប្រើប្រាស់​ថេរវេលា​ប្រមាណ​តែ 5ម៉ោង​ប៉ុណ្ណោះ ពី​ក្រុង​បាត់ដំបង​ទៅដល់​កំពង់ផែ​នោះ ហើយ​វា​មាន​រយៈ​ចម្ងាយ​រឹតតែ​ជិត​ទៅទៀត​សម្រាប់​ការដឹក​កសិផល​ចេញពី​តំបន់​ព្រំដែន។

    ការប៉ុនប៉ង​ចរចា​ជាមួយ​ភាគី​ថៃ​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​ទទួលបាន​ប្រជាប្រិយភាព និង​មាន​បរិមាណ​កាន់តែច្រើន​ឡើង។ ប៉ុន្តែ ការប៉ុនប៉ង​ចរចា​ជាមួយ​សម​ភាគី​ថៃ​ត្រូវគេ​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​ជាច្រើនលើក​ក្នុង​ឆ្នាំ​កន្លងទៅ ដោយសារ​មាន​មូលហេតុ​ជាច្រើន ដូចជា​ការ​សោយ​ទិវង្គត​របស់​អតីតព្រះមហាក្សត្រ​ថៃ​ជាដើម។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងពាណិជ្ជកម្ម។

    កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្មសំខាន់ៗជាច្រើន រួមមាន អង្ករ ម្សៅដំឡូង​មី និង​កសិផល​មួយចំនួនទៀត ដោយ​ត្រូវ​ចំណាយ​ខ្ពស់​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន ជាហេតុ​ធ្វើឱ្យ​ផលិតផល​របស់​កម្ពុជា​លំបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ប្រទេសជិតខាង​ខ្លួន៕

  • ឧបករណ៍​ផ្ទះបាយ​ថ្មី ទំនើបៗ ដែលបងៗស្ត្រី​មេផ្ទះ​គួរតែមាន​ទុក​ប្រើ​ក្នុង​ឆ្នាំ​ថ្មី​នេះ

    ឧបករណ៍​ផ្ទះបាយ​ថ្មី ទំនើបៗ ដែលបងៗស្ត្រី​មេផ្ទះ​គួរតែមាន​ទុក​ប្រើ​ក្នុង​ឆ្នាំ​ថ្មី​នេះ

    ការធ្វើ​ម្ហូបអាហារ​លែង​ជា​រឿង​ពិបាក​ទៀតហើយ ព្រោះ​បច្ចុប្បន្ននេះ​មាន​ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយថ្មីៗចេញមក ដើម្បី​ជួយ​ឱ្យ​ការធ្វើ​ម្ហូបអាហារ​កាន់តែ​ងាយស្រួល​ឡើង។ ជាពិសេស​ឧបករណ៍​ផ្ទះបាយ​ដែល ឡា​រ៉ែ​ន បាន​រួបរួម​យកមក​ជម្រាបជូន​ក្នុងថ្ងៃនេះ ដែល​ធានាថា បងៗស្រី​មេផ្ទះ​ច្បាស់​ជា​ចូលចិត្ត​មិន​ខាន ព្រោះ​វា​មានមុខ​ងារ​ដែល​ឆ្លើយតប​នឹង​ការធ្វើ​ម្ហូបអាហារ​បាន​យ៉ាងច្រើន​រូប​បែប ទាំង​លឿន​រហ័ស ងាយស្រួល និង​មិនបាច់​ខាត​ពេលធ្វើ​យូរ​ទៀតផង។

  • តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

    តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

    មិត្ត​អ្នកអាន​ដឹង​ឬទេ​ថា “ថ្លើម” គឺជា​អវយវៈ​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវបាន​បំផ្លាញ​ខ្លាំង​បំផុត។ តាមរយៈ​ការរស់នៅ​ដែល​មិនសូវ​ជា​សមរម្យ​របស់​មនុស្ស​យើង ទើប​ធ្វើឱ្យ​អត្រា​ផ្នែក​នៃ​ការកើត​ជំងឺដែល​ពាក់ព័ន្ធ​នឹង​ថ្លើម​កើនឡើង​ខ្ពស់ជារឿយៗ ទាំង​ជំងឺ​ក្រិន​ថ្លើម ខ្លាញ់​រុំ​ថ្លើម មហារីក​ថ្លើម ជាពិសេស​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​តែង​ជួបប្រទះ​នៅលើ​ប្រជាជន​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​កាន់តែ​ច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុ​មួយ គឺ​បណ្ដាលមកពី​កា​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ដែល​អាចធ្វើឱ្យ​កើតការ​រលាក ហើយ​អាច​នាំ​ឆ្ពោះទៅរក​ជំងឺ​ក្រិន​ថ្លើម ឬ​ថ្លើម​ធ្វើ​ការខុស​ប្រក្រតី ដែល​បើ​មិន​ប្រញាប់​ចូលទៅ​ទទួល​ការព្យាបាល​ទេនោះ អាចមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​បាន។

    អាហារ​បំផ្លាញ​ថ្លើម ដែល​គួរ​ចៀសវាង

    ចម្បងៗមុនគេ​គឺ អាល់កុល អាហារ​ជ្រក់​ត្រាំ​ដែល​នឹងមាន​សារធាតុ​ក្នុង​ក្រុម​ណៃ​ត្រេ​ត និងផ្សេងៗទៀត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម រួមទាំង​អាហារ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន ដូចជា ប្រហុក និង​សាច់​ត្រី​ឆៅ​ជាដើម ដែល​សុទ្ធតែជា​មូលហេតុ​របស់​ជំងឺ​សត្វល្អិត​នៅក្នុង​ថ្លើម ដែល​អាច​នាំ​ឆ្ពោះទៅរក​ការ​កើតរោគ​មហារីក​ថ្លើម និង​រលាក​ថ្លើម​បាន​ដូចគ្នា​ទាំងអស់។

    ក្រៅពីនេះ​នៅមាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់  អាហារ​ដែលមាន​ខ្លាញ់​ច្រើន និង​អាហារ​ចៀន​បំពង ដែល​នឹង​ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​រប​ស់​ជាតិ​ខ្លាញ់ រួមទាំង​អាហារ​ដែលមាន​ការ​ប្រឡាក់ប្រឡូស​មេរោគ​ផ្សិត ដូចជា Aflatoxin ជា​មេរោគ​ផ្សិត​នៅក្នុង​សណ្ដែក​ដែល​នឹងធ្វើ​ឱ្យ​កើត​មហារីក​ថ្លើម​បាន។

    អាហារ​បំប៉ន​ថ្លើម ដែល​អ្នក​គួរ​ទទួលទាន

    អាហារ​ដែល​អ្នក​គួរ​ទទួលទាន​គឺ អង្ករសំរូប ព្រោះ​នៅក្នុង​អង្ករសំរូប​នឹងមាន​សារធាតុ​អាហារ​ច្រើនជាង​អង្ក​រស​ធម្មតា ជាពិសេស​កាក​សរសៃអាហារ អាស៊ីត​ហ្វូ​លិ​ក វីតាមីនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​គ្រាប់​ធញ្ញជាតិ) វីតាមីន E រួមទាំង​សារធាតុ Gaba ដែល​សុទ្ធ​ជា​សារធាតុ​ដែលមានប្រយោជន៍​ដល់​រាងកាយ​ទាំងអស់។

    ក្រៅពីនេះ​ថែមទាំង​គួរ​ទទួលទាន​រុក្ខជាតិ​បន្លែ​ផ្លែឈើ ដូចជា ស្ពៃក្ដោប មើម​ការ៉ុត ផ្លែ​ឪឡឹក ទំពាំង​បារាំង-ល- ព្រោះ​បន្លែ និង​ផ្លែឈើ​នឹងមាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ខ្ពស់ ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​អាច​បណ្ដាលមកពី​បំផ្លាញ​របស់​អនុ​មូល​ឥស្សរៈ ហើយ​នៅមាន​កាក​សរសៃ​អាហារ​ច្រើន​ដែល​ជួយ​កាត់បន្ថយ​ការកើត​ជាតិពុល​ចំពោះ​ថ្លើម​បាន។

    ទទួលទាន​ថ្លើម​សត្វ ជួយ​បំប៉ន​ថ្លើម​មនុស្ស​ឬ?

    ថ្លើម​ជា​ប្រភព​ប្រមូល​សន្សំ​របស់​វីតាមីន A និង​មាន​សារធាតុ​ដែក​ទៀតផង។ សារធាតុ​ទាំងនេះ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ស្រាប់​ទៅហើយ តែ​ថ្លើម​ក៏មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដែរ ដូច្នេះ​ការទទួល​ទាន​ថ្លើម​សត្វ​ដើម្បី​សង្ឃឹម​លទ្ធផល​ក្នុងការ​បំប៉ន​ថ្លើម​មនុស្ស​យើង​ជាប់​ជាប្រចាំ​នោះ អាចមាន​ផល​មិនល្អ​ក្នុង​រឿង​ជាតិ​ខ្លាញ់​ដែល​នឹង​វិល​ចូលមកក្នុង​រាងកាយ ឬ​ចូលទៅ​រុំ​ថ្លើម​វិញ ដូច្នេះត្រូវ​ទទួលទាន​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។

    ទទួលទាន​ភេសជ្ជៈផ្អែមៗ អាចជួយ​ព្យាបាល​ថ្លើម​ឬ?

    អ្នក​ដែល​កើតរោគ​ថ្លើម មានន័យថា ការធ្វើការងារ​របស់​ថ្លើម​នឹង​ខុស​ប្រក្រតី ធ្វើឱ្យ​ថ្លើម​មិនអាច​ប្រមូល​រក្សា​ជាតិ​គ្លុយ​ខូ​ស (ជាតិ​ស្ករ)ទុក​និង​នាំយកទៅ​រំលាយ​ឱ្យ​ក្លាយជា​កម្លាំង​ថាមពលបានទេ ទើប​ធ្វើឱ្យ​អ្នកមាន​ជំងឺថ្លើម​អាច​កើត​អាការ​ទន់​ល្វើយ​គ្មាន​កម្លាំង និង​ចង់តែ​ទទួលទាន​អាហារផ្អែមៗ ដូច្នេះ​នៅពេល​ទទួលទាន​អាហារផ្អែមៗចូលទៅ ក៏​នឹងមាន​អារម្មណ៍​ថា​ធូរស្រាលឡើង តែ​គ្រាន់តែ​ជា​អា​ការល្អ​ប្រសើរឡើង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនមែនជា​ការព្យាបាល​ដែល​ត្រឹមត្រូវ​នោះទេ។ ក្រៅពីនេះ​ការទទួល​ទាន​ភេសជ្ជៈផ្អែមៗជាប្រចាំ អាចធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​តាម​ក្រោយ ឬ​ជំងឺផ្សេងៗជាច្រើន​ទៀតផង៕

  • បេក្ខភាព​លេចធ្លោជាងគេ ជា ភ័ក្ដណា បែរជាចាកចេញពីវគ្គ Live Show មុនគេ

    បេក្ខភាព​លេចធ្លោជាងគេ ជា ភ័ក្ដណា បែរជាចាកចេញពីវគ្គ Live Show មុនគេ

    តាមរយៈការផ្សាយផ្ទាល់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 នៅក្នុងវគ្គ Live Show សបា្ដហ៍ទី 1 នេះ បានបញ្ជប់ទៅយ៉ាងរលូនកាលពីរាត្រីថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ ដែលនៅក្នុងនោះការប្រកាសលទ្ធផលសំឡេងសារគាំទ្រ បេក្ខភាពប្រឡង ជា ភ័ក្ដណា ទទួលបានសំឡេងបោះឆ្នោតគាំទ្រតិចជាងគេ។

    ដោយសង្កេតឃើញថា កម្មវិធីប្រឡងមួយមានលក្ខខណ្ឌពិសេសមួយក្នុងការឱ្យគណៈកម្មការធ្វើការ Save ឬមិន Save ចំពោះបេក្ខភាពប្រឡងដែលទទួលបានសំឡេងសារតិចជាងគេ។ ដោយឡែកកញ្ញា ជា ភ័ក្ដណា ត្រូវបានកម្មវិធីអនុញ្ញាតិឱ្យបញ្ចេញសមត្ថភាពច្រៀងជាលើកទី 2 ហើយក៏ទទួលបានសំឡេងហ៊ូរកញ្ច្រៀវ និងសំឡេងស្រែកគាំទ្ររូបនាង លាន់រន្ធឺពេញស្ទូឌីយូផ្សាយផ្ទាល់តែម្ដង។ តែជាអកុសល កាតសម្រេចចិត្ត និងវិនិច្ឆ័យយ៉ាងសុក្រិត និងយុត្តិធម៌ពីសំណាក់គណៈកម្មការទាំងបួន បានផ្ដល់លទ្ធផលជូនបេក្ខនារីរូបនេះគឺ « មិនអាចបន្ដទៅវគ្គ Live Show សបា្ដហ៍បន្ទាប់បានទេ »។

    គួររំឭកផងដែរថា បេក្ខភាព​ ជា ភ័ក្ដណា ត្រូវបានមហាជនអ្នកគាំទ្រកត់សម្គាល់ឃើញពីសមត្ថភាពលេចធ្លោ និងមានទឹកដមសំឡេងច្រៀងពីរោះរណ្ដំបេះដូងជាងគេ ចាប់តាំងពីវគ្គដំបូងនៃកម្មវិធី ដែលនាងបានបកស្រាយបទចម្រៀងមានចំណងជើងថា « ដំបូលរហែក » លុះដល់វគ្គបន្ដបន្ទាប់ទៀត បេក្ខនារីរូបនេះនៅតែបន្ដធ្វើបានល្អដដែល។ យ៉ាងណាមិញ មហាជនក៏បានកត់សម្គាល់ឃើញពីការបញ្ចេញសមត្ថភាពរបស់ ជា ភ័ក្ដណា យប់មិញនេះ នាងហាក់បីដូចជាធ្វើមិនសូវបានល្អដូចសព្វមួយដងឡើយ អាចបណ្ដាលមកពីបញ្ហាសុខភាពក៏ថាបានដែរ៕

    https://youtu.be/jSEmv9l7LPU

    https://www.youtube.com/watch?v=L04CBVVHVM8

     

  • ម្ចាស់បទ “អតីត” ចាប់ដៃគូថ្មីជាមួយតារាមច្រៀង ប៉ែន សារ៉ាវ

    ម្ចាស់បទ “អតីត” ចាប់ដៃគូថ្មីជាមួយតារាមច្រៀង ប៉ែន សារ៉ាវ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់ម្ចាស់បទ «អតីត» លោក Shutter បានចាប់ដៃគូចម្រៀងថ្មីជាមួយតារាចម្រៀងប្រុស លោក ប៉ែន សារ៉ាវ ដែលទើបតែបញ្ចេញចម្រៀងថ្មីមួយបទ មានចំណងជើងថា «Waiting for Valentine’s Day»។

    គួររំឮកផងដែរថា បទចម្រៀង «Waiting for Valentine’s Day» ជាបទ original របស់លោក Shutter ដែលបានត្រូវបានយកមកផលិតនិងកែច្នៃសាច់ភ្លេងជាថ្មីឡើងវិញ និងចម្រៀងរួមគ្នាជាមួយអតីសមាជិកក្រុមចម្រៀង BoyBand លោក ប៉ែន សារ៉ាវ ។ សូមជម្រាបថាអត្ថន័យបទភ្លេងថ្មី និងអ្នកចម្រៀងមានទឹកដមសំនៀងពីរោះ ច្រៀងលួងលោមធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ល្អ ជាពិសេសការបញ្ចូលមនោសញ្ចេតនាបែបសប្បាយៗ ធ្វើឲ្យអ្នកស្ដាប់ កាន់តែមានអារម្មណ៍រីករាយទៅតាមចង្វាក់ភ្លេងផងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមទស្សនានិងស្ដាប់វីដេអូចម្រៀងខាងក្រោមនេះ៖

  • ឆាយ វីរៈយុទ្ធ ទទួលកាដូពិសេសពីក្រុមហ៊ុនរថយន្តប្រណីតសេរីទំនើបម៉ាក Chevrolet

    ឆាយ វីរៈយុទ្ធ ទទួលកាដូពិសេសពីក្រុមហ៊ុនរថយន្តប្រណីតសេរីទំនើបម៉ាក Chevrolet

    ថ្មីនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2018 បានឱ្យដឹងថា តារាចម្រៀងប្រុសរូបនេះ ត្រូវបានក្រុមហ៊ុនរថយន្តប្រណីតអាមេរិកម៉ាក Chevrolet ជ្រើសរើសតាំងទូតសុឆន្ទៈ ប្រចាំនៅប្រទេសកម្ពុជា ហើយលោកទទួលបានកាដូរថយន្តប្រណីតសេរីទំនើបម៉ាក Chevrolet ឆ្នាំ 2017 ដែលមានតម្លៃដល់ទៅជិត7ម៉ឺនដុល្លារ។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងសាន់ដេ និងជាកូនប្រសារថៅកែ​ស្រូវអង្ក​នៅទឹក​ដីខេត្ត​​កំពុងចាមរូបនេះ បានប្រាប់ឱ្យដឹងថា «ការសម្រេចចិត្ត​ទទួលយកធ្វើ​ជាតំណាង​ផ្សព្វផ្សាយ​រថយន្តអាមេរិកម៉ាកChevrolet ក៏ព្រោះ Chevrolet ជាក្រុមហ៊ុងរថយន្តយក្សមួយក្នុងពិភពលោក ដែល​គេ​ស្គាល់គ្រប់គ្នា ហើយសូម្បីតែក្នុងវិស័យបាល់ទាត់វិញ ក៏ជាម្ចាស់ឧបត្ថមក្លឹបយក្សដែរ»៕

     

  • រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​អា​រ៉ែ​ង​ឱ្យ​កាន់តែ​ទាក់ទាញ​សម្រាប់​ទេសចរ​អន្តរជាតិ

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​អា​រ៉ែ​ង​ឱ្យ​កាន់តែ​ទាក់ទាញ​សម្រាប់​ទេសចរ​អន្តរជាតិ

    សហគមន៍​ទេសចរណ​អា​រ៉ែ​ង ជា​តំបន់​ព្រៃ​ត្រូ​ពិ​ក​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​ទស្ស​និ​យ​ភាព​ទេសចរណ៍​ប្រកបដោយ​ភាពស្រស់​បំព្រង និង​ពោរពេញ​ទៅដោយ​ធនធានធម្មជាតិ​យ៉ាង​សំបូរបែប។

    រដ្ឋមន្ត្រីក្រសួង​ទេសចរ ឯកឧត្តម ថោង ខុន បាន​លើកឡើងថា ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) នឹង​ជួយ​ជ្រោមជ្រែង​សហគមន៍​ទេសចរណ៍​អា​រ៉ែ​ង​ឱ្យមាន​ការរីកចម្រើន​កាន់តែខ្លាំង ដំ​ដៅ​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ចូលរួមចំណែក​ការពារ​ធនធានធម្មជាតិ​តាមរយៈ​ការទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​តំបន់​នេះ។

    ឯកឧត្តម​ថ្លែងថា ក្រសួងទេសចរណ៍​បាន​បណ្តុះបណ្តាល​លើ​ជំនាញ​មគ្គុទេសក៍​ទេសចរណ៍​សហគមន៍ សុវត្ថិភាព​ចំណីអាហារ អនាម័យ និង​បរិស្ថាន​ដល់​ប្រជា​សហគមន៍​នៅ​តំបន់​នោះ។ ក្រៅពីនេះ​យើង​ក៏បាន និង​កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទូរគមនាគមន៍ ម​ណ្ឌ​សុខភាព មណ្ឌលរដ្ឋបាល និង​សកម្មភាព​ជាច្រើន​ទៀត​ដើម្បី​ជំរុញ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដែលមាន​បំណង​ទៅ​ទស្សនា​តំបន់​អា​រ៉ែ​ង រួមទាំង​ប្រជាជន​ដែល​រស់នៅ​តំបន់​នេះ​ផ្ទាល់។

    បើតាម​ឯកឧត្តម ថោង ខុន ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​សហគមន៍​នៅ​តំបន់​នេះ​អាចនឹងទទួល​បាន​ផលប្រយោជន៍​ច្រើនជាង​ការ​បរបាញ់​សត្វ និង​កាប់​ព្រៃឈើ។ ជា​បទពិសោធន៍ ដូចជា​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត់ ប្រជាជន​បាន​ឈប់​បាញ់​សត្វ កាប់​ព្រៃឈើ ហើយ​ងាក​មក​ប្រកបមុខរបរ​ផ្តល់​សេវា​ទេសចរណ៍​ដូច​ជាម​គ្គុ​ទេស​ទេសចរ ចុងភៅ​ចល័ត ផ្ទះ​ស្នាក់នៅ​សហគមន៍ ផ្តល់​សេវា​ម្ហូបអាហារ និង​ដឹកជញ្ជូន​ជាដើម។

    ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍​នឹង​ផ្តល់​កុំព្យូទ័រ​ចំនួន 4គ្រឿង​ដល់​សហគមន៍ បំពាក់​ឧបករណ៍​សំឡេង​ចល័ត2គ្រឿង ផ្តល់​ការបណ្តុះបណ្តាល​ម​ក្គ​ទេស​ទេសចរណ៍ ជំនាញ​ចំអិន​ម្ហូបអាហារ ផលិត​ចម្រៀង​អំពី​សក្តានុពល​អេកូ​ទេសចរណ៍ និង​ឧបត្ថម្ភ​អណ្តូងទឹក​មួយចំនួន​ថែម​ទៀតផង។

    កញ្ញា Suwanna Gauntlett ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​កំពុងធ្វើការ​ងារ​នៅ​តំបន់​អា​រ៉ែ​ង​បាន​លើកឡើងថា កញ្ញា​ចង់ឃើញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​តំបន់​អា​រ៉ែ​ង​នេះ ព្រោះថា​នៅពេលដែល​ពួកគេ​បង្កើត​តំបន់​នេះ​ទៅជា​តំបន់​ទេសចរណ៍ ប្រជាជន​នឹង​បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​យ៉ាងសំខាន់​របស់​ធនធាន​ធម្មជាតិ ហើយ​ងាក​ពី​របរ​បរបាញ់​សត្វ និង​កាប់​ព្រៃ​មក​ធ្វើជា​មគ្គុទេសក៍ ឬ​ប្រកប​របរ​ដែល​បម្រើឱ្យ​ការងារ​ទេសចរណ៍​វិញ៕

    ទេសភាពថតពីលើអាកាស នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពទឹកជ្រោះឆាយតាហ៊ីង
    ទេសភាពទឹកជ្រោះឆាយតាហ៊ីង
    ទឹកជ្រោះឆាយតាហ៊ីង
  • ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

    ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

    សម្រាប់​អ្នក​និយម​ទទួលទាន​អាហារ​បែប​ខ្មែរ​យើង ប្រហែលជា​ធ្លាប់​សាកល្បង​ភ្លក្ស​រសជាតិ “ទឹកគ្រឿង​ត្រី​ប្លាធូ” “ស្ងោ​ជ្រក់ត្រី​ប្លាធូ​ស្រស់” ឬ​សូម្បីតែ​ត្រី​ប្លាធូ​ចៀនធម្មតាៗជាមួយ​បាយក្ដៅៗហើយ​មើលទៅ។ ទាំងអស់នោះ​សុទ្ធតែជា​ម៉ឺ​នុយ​ដែលនាំឱ្យ​ស្រស់ទឹក​មាត់​គ្រប់​ពេលដែល​នឹកឃើញ ហើយ​ប្រាកដ​ណាស់ សម្រាប់​ត្រី​ប្លាធូ​ដែល ឡា​រ៉ែ​ន នឹង​លើក​យកមក​ជម្រាបជូន​នៅថ្ងៃនេះ មិនមែន​មានគុណ​សម្បត្តិ​ត្រឹមតែ​ភាព​ឈ្ងុយឆ្ងាញ់​តែ​ម្យ៉ាង​នោះទេ តែ​ត្រី​ប្លាធូ​នៅមាន​គុណសម្បត្តិ និង​ប្រយោជន៍ ព្រមទាំង​សម្បូរ​ទៅដោយ​គុណ-តម្លៃ​ខាង​ភោជនាហារ​ដែល​មនុស្ស​ជាច្រើន​មិន​ធ្លាប់​ដឹង។

    ប្រយោជន៍ និង​គុណ​តម្លៃ​ខាង​អាហារ​អំពី​ត្រី​ប្លាធូ​ប្លាធូ

    ជា​ត្រី​ដែលមាន​គុណប្រយោជន៍ និង​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ចំពោះ​រាងកាយ​ដោយ​យើង​សឹងតែ​មិនចាំបាច់​ទទួលទាន​អាហារបំប៉ន​ទៀតផង ព្រោះ​ការទទួល​ទាន​ត្រី​ប្លាធូ​តែមួយ​ក្បាល​នឹង​ទទួលបាន​សារធាតុ​អាហារ​យ៉ាងច្រើន​ដូចខាងក្រោម​នេះ ៖

    1. ត្រី​ប្លាធូ សម្បូរ​ដោយ EPA និង DHA ដែលជា​អាស៊ីត​ខ្លាញ់​មិន​បង្កក​ខ្លួន ដោយ​សារធាតុ​ទាំងពីរ​ប្រភេទ​នេះ​នឹង​បំពេញ​តួនាទី​កាត់បន្ថយ​ការ​ផ្ដុំ​ខ្លួន​របស់​គ្រាប់​ឈាម​ដែល​ខុស​ប្រក្រតី ទើប​នៅលើ​អ្នកខ្លះ​ធ្វើឱ្យ​កើត​សភាវ​រឹង​សរសៃឈាម ឬ​ប្រទះឃើញ​ការ​រលាក​ជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះ​នៅមាន​ចំណែក​ជួយ​ក្នុងការ​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​ប្រភេទ​ដែល​ធ្វើឱ្យ​កើត​កំណក​ឈាម ឬ​សរសៃឈាម​ណែន​ស្ទះ​ទៀតផង។
    2. ត្រី​ប្លាធូ​មាន​ប្រយោជន៍​ព្រោះ​មាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់ ដោយ​ក្នុង​ត្រី​ប្លាធូ 1ក្បាល​នឹង​ផ្ដល់​ប្រូ​តេ​អី​ុ​ន​ខ្ពស់​ដល់​ទៅ20ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បាន​ពី​ត្រី​ប្លាធូ​គឺជា​ប្រូ​តេ​អី​ុ​ន​ដែល​ងាយ​រំលាយ និង​រាងកាយ​អាច​នាំយក​ទៅប្រើ​ជា​ប្រយោជន៍​បានភ្លាមៗតែម្ដង។
    3. គុណសម្បត្តិ​របស់​ត្រី​ប្លាធូ​គឺមាន​កាល់ស្យូម និង​ផូស្វ័រ ដោយ​បរិមាណ​កាល់ស្យូម​ក្នុង​ត្រី​ប្លាធូ​មាន​ច្រើន​ដល់​ទៅ 170មី​លី​ក្រាម​ក្នុង​ត្រី​ប្លាធូ​ស្រស់100ក្រាម ក្រៅពីនេះ​នៅ​សម្បូរ​ទៅដោយ​ផូស្វ័រ​ដែល​ចាំបាច់​ចំពោះ​រាងកាយ ដោយសារ​ធាតុ​អាហារ​ទាំងនេះ​នឹងមាន​ចំណែក​ជួយ​ក្នុង​ការបង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង និង​ធ្មេញ​បាន​យ៉ាង​ល្អ ជាពិសេស​នៅលើ​កុមារ និង​មនុស្ស​ចាស់។
    4. ត្រី​ប្លាធូ​សម្បូរ​ទៅដោយ​អូ​មេ​ហ្កា3 និង6 ដែលមាន​ចំណែក​ជួយ​ក្នុងការ​ធ្វើការ​របស់​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល ហើយ​ថែមទាំង​ជា​ចំណែក​ប្រកប​របស់​សាច់​ភ្នាស​កោសិកា ជួយ​បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​ល បន្ថយ​ភាព​ប្រថុយ​ទាំង​ជំងឺ​បេះដូង និង​សរសៃឈាម។ ក្រៅពីនេះ​អូ​មេ​ហ្កា3 និង6 នៅក្នុង​ត្រី​ប្លាធូ​ថែមទាំង​ជា​គ្រោង​សាង​ដ៏​សំខាន់​របស់​សាច់​ភ្នាស​បរិវេណ​ផ្ទាំង​ប្រសាទ​កែវភ្នែក ឬ Retina ដែល​ជួយ​ក្នុងការ​មើលឃើញ​ទៀតផង។

    ទទួលទាន​ត្រី​ប្លាធូ​រាល់ថ្ងៃ ល្អ​ចំពោះ​រាងកាយ​ឬទេ?

    ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ត្រី​ប្រភេទនីមួយៗមាន​កម្រិត​ជាតិ​ខ្លាញ់​មិន​ស្មើគ្នា​ទេ បើ​ទទួលទាន​ត្រី​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​រៀងរាល់ថ្ងៃ ច្បាស់​ជា​ហុច​ផល​អាក្រក់ ច្រើនជាង​ផល​ល្អ ដូច្នេះ​បើសិន​ចង់​បរិភោគ​ត្រី​ឱ្យ​ទទួលបាន​ប្រយោជន៍ គួរ​ជ្រើសរើស​ប្រភេទ​របស់​ត្រី​ឱ្យ​ស័ក្តិសម​ជាមួយ​រាងកាយ និង​តម្រូវការ​ក្នុង​វ័យនីមួយ។ ក្នុង​ផ្នែក​របស់​ត្រី​ប្លាធូ​វិញ យើង​នឹង​បាន​ឃើញថា ជា​ត្រី​ដែលមាន​បរិមាណ​ជាតិ​ខ្លាញ់​មិន​ខ្ពស់​ខ្លាំង​ទេ ទើប​អាច​ទទួលទាន​រាល់ថ្ងៃ​បានតែ​យ៉ាងណាក៏ដោយ ដើម្បី​ឱ្យបាន​ភោជនាហារ​ដែល​សម្បូរបែប ទើប​គួរ​ទទួលទាន​ត្រី​ប្រភេទផ្សេងៗ រួមទាំង​សាច់សត្វ​ប្រភេទផ្សេងៗរួមជាមួយ​ផង។

    ទទួលទាន​ត្រី​ច្រើន​ប៉ុនណា ទើប​ហៅថា​ល្អ?

    ជឿថា ហេតុផល​ក្នុងការ​ទទួលទាន​ត្រី​របស់​មនុស្ស​ជាច្រើន គឺ​មកពី​ត្រូវការ “ប្រូ​តេ​អី​ុ​ន”  ដែលមាន​នៅក្នុង​សាច់​ត្រី​ស្ទើរតែ​គ្រប់​ប្រភេទ។ ជាធម្មតា មនុស្ស​យើង​មាន​តម្រូវការ​ប្រូ​តេ​អី​ុ​នខុសៗពីគ្នា​ក្នុងអំឡុង​វ័យ​ដូចតទៅ​នេះ ៖

    *ក្មេង​តូច-ក្មេង​ធំ នឹងត្រូវ​ការ​ប្រូ​តេ​អី​ុ​ន​ពី 1-1.1ក្រាម ក្នុង​ទម្ងន់​ខ្លួន 1គីឡូក្រាម។
    *មនុស្ស​ធំ ត្រូវការ​ប្រមាណ 0.8ក្រាម
    *ស្ត្រី​មានគភ៌ ត្រូវការ​ដល់​ទៅ 1.3ក្រាម

    ឧទាហរណ៍​ដូចជា បើ​អ្នក​បរិភោគ​មាន​ទម្ងន់​ខ្លួន 60គីឡូក្រាម រាងកាយ​នឹងត្រូវ​ទទួល​ប្រូ​តេ​អី​ុ​ន​ដល់​ទៅ60ក្រាម​ឯណោះ ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បានមកពី​សាច់​ត្រី​ឆ្អិន​មាន​ប្រហែលជា 15-30ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ដូច្នេះ​បើ​ត្រូវការ​ប្រូ​តេ​អី​ុ​ន​ពី​ត្រី​តែ​ម្យ៉ាង​នោះ ត្រូវ​ទទួលទាន​ត្រី​យ៉ាងតិច3-4ក្បាល​ឯណោះ។ ដូច្នេះ អ្នក​ទទួលទាន​គួរតែ​ទទួលទាន​អាហារ​ប្រភេទ​ផ្សេងទៀត​រួមជាមួយ​ផង ដើម្បី​បន្ថែម​ប្រូ​តេ​អី​ុ​ន មិនថាតែ ស៊ុត ទឹកដោះ សណ្ដែក សាច់មាន់ ឬ​សូម្បីតែ​សាច់ជ្រូក​ដែល​មិន​ជាប់​ខ្លាញ់ ឬ​បើ​អ្នកណា​ចង់​ទទួលទាន​តែ​ត្រី​ម្យ៉ាង ហើយ​បាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់​នោះ គួរតែ​ជ្រើសរើស​ប្រភេទ​ត្រី និង​វិធី​ចម្អិន​ឱ្យ​ល្អ ដូចជា គួរ​ជ្រើសរើស​ទទួលទាន​ត្រី​ហាល​ស្ងួត ដូចជា ត្រីប្រឡាក់ ត្រីងៀត ឬ​ទទួលទាន​បែប​ចំហុយ ដែល​នឹង​ទទួលបាន​ប្រូ​តេ​អី​ុ​ន​ច្រើនជាង​ការ​ស្ងោ អាំង ឬ​ចៀន​ជាដើម។

    តាមរយៈ​ព័ត៌មាន​ដែល​យើង​បាន​នាំយកមក​ជូន​នៅថ្ងៃនេះ សង្ឃឹមថា នឹងធ្វើ​ឱ្យ​ការ​ទទួលទាន​ត្រី​ប្លាធូ​របស់លោក​អ្នក​កាន់តែ​ឆ្ងាញ់​ឡើង និង​ទទួលបាន​ប្រយោជន៍​ច្រើនឡើង បើ​មិនតិច​ក៏​ច្រើន​ដែរ។ ចុងក្រោយ​នេះ ឡា​រ៉ែ​ន ចង់ឱ្យ​មនុស្ស​ជាច្រើន​ដែល​មិនសូវ​ចូលចិត្ត​ទទួលទាន​ត្រី​ប្លាធូ​បែរមក​សាកល្បង​ភ្លក្ស​ឱ្យបាន​ម្ដង រួចហើយ​លោកអ្នក​នឹង​ដឹងថា គុណសម្បត្តិ និង​ប្រយោជន៍​របស់​ត្រី​ប្លាធូ គឺជា​កំពូល​អាហារ និង​ជា​របស់​ល្អ​ដែល​មិនគួរ​មើលរំលង​សូម្បីតែ​បន្តិច៕

  • ស៊ុន ចាន់ថុល៖ “រដ្ឋ​ខាតបង់​ដោយសារ​ការរំលោភ​ដី​ចំណីផ្លូវ”

    ស៊ុន ចាន់ថុល៖ “រដ្ឋ​ខាតបង់​ដោយសារ​ការរំលោភ​ដី​ចំណីផ្លូវ”

    រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា លោក​នឹង​សហការ​ជាមួយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង-ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រៀបចំ​បង្កើត​អនុក្រឹត្យ​មួយ​ដើម្បី​គ្រប់គ្រង​ដី​ចំណីផ្លូវ ខណៈដែល​ដី​ចំណីផ្លូវ​ត្រូវបាន​គេ​រំលោភបំពាន និង​យក​ធ្វើ​អា​ជី​កម្ម​ដោយ​ចាត់ទុកជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​អនុក្រឹត្យ​គ្រប់គ្រង​ដី​ចំណីផ្លូវ​សាធារណៈ​ដើម្បី​បើកផ្លូវ​ឱ្យមាន​ការអភិវឌ្ឍ​សេវាសាធារណៈ​ឱ្យបាន​ល្អប្រសើរ និង​បញ្ចៀស​ការបង្ក​ជា​ឧបសគ្គ​ដល់​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ៖ “យើង​កំពុង​រៀបចំ​អនុក្រឹត្យ ទាក់ទង​នឹង​ការការពារ​ដី​ចំណីផ្លូវ​របស់​យើង។ យើង​ត្រូវតែ​ធ្វើឱ្យបាន ដោយសារ​យើង​មានការ​លំបាក​ណាស់​ពេលណា​យើង​ធ្វើ​ផ្លូវម្តងៗ រាជរដ្ឋាភិបាល​យើង​ចំណាយ​ច្រើនណាស់ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ ជាពិសេស​ប្រជាជន​ខ្លះ​រស់នៅ​លើដី​ចំណីផ្លូវ​តែម្តង គាត់​រស់នៅ​ខុសច្បាប់​រួចទៅហើយ ប៉ុន្តែ​ដល់ពេល​យើង​ឱ្យ​គាត់​រើចេញ រដ្ឋ​ត្រូវ​សង​គាត់​ទៀត។

    ឯកឧត្តម បាន​បន្ថែមថា៖ “យើង​ត្រូវ​រៀបចំ​អនុក្រឹត្យ​ឱ្យបាន​ត្រឹមត្រូវ ដោយមាន​ការចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថា្នក់​ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ឱ្យបាន​ល្អ ដើម្បី​គ្រប់គ្រង​ដី​ចំណីផ្លូវ​ឱ្យបាន​ល្អ ចៀសវាង​គាត់​យក​ដី​ដំ​ណី​ផ្លូវ​ទៅធ្វើជា​កន្លែង​លក់ដូរ កន្លែង​ចាក់សំរាម​ដែលនាំឱ្យ​ស្ទះ​ទាំង​ផ្លូវ និង​ស្ទះ​ទាំង​លូ”៕