Category: សង្គម និងសេដ្ឋកិច្ច

  • Gundogan បង្ហាញ​ថ្វី​ជើង ខណៈ Man City លត់ Basel យ៉ាងដំណំ

    Gundogan បង្ហាញ​ថ្វី​ជើង ខណៈ Man City លត់ Basel យ៉ាងដំណំ

    ខ្សែបម្រើ Ilkay Gundogan បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងពេល​ក្រុម Manchester City បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-0 នៅលើ​ទឹកដី​ក្រុម FC Basel កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើឱ្យ​ក្រុម​កំពុង​នាំមុខ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ ខិត​កាន់តែ​កៀក​ឆ្ពោះទៅរក​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។

    ក្រុម​របស់លោក Pep Guardiola បាន​ដោះស្រាយ​ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ​នេះ​ដោយ​ងាយ ក្រោយពី​លេង​បាន​រយៈពេល 23នាទី តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 3គ្រាប់​នៅ​កីឡដ្ឋាន Sankt Jakob Park របស់​ក្រុម Basel។

    គ្រាប់​បាល់ 3គ្រាប់​ដំបូង​របស់​ពួកគេ​បានកើត​ឡើង​ក្នុង​ចន្លោះពេល​ត្រឹមតែ 9នាទី​ប៉ុណ្ណោះ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី 1គ្រាប់​របស់ Gundogan និង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ 2គ្រាប់​ផ្សេងទៀត​ពី Bernardo Silva និង Sergio Aguero។ ភាព​វេទនា​របស់​ក្រុម Basel នៅតែ​បន្ត​ក្រោយពី​សម្រាក​តង់​ទី1 នៅពេលដែល Gundogan បាន​បន្ថែម​គ្រាប់​បាល់​ទី 2សម្រាប់​ខ្លួនឯង និង​រូបគេ​ស្ទើរតែ​រកបាន​គ្រាប់​បាល់​ទី 3របស់គេ​ទៅហើយ។

    លោក Guardiola បានឱ្យដឹងថា៖ «ការដណ្តើម​បាន​ជ័យជម្នះ 4-០ ក្នុង​វគ្គ 16ក្រុម​ចុង​ក្រោយនេះ គឺជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ។ យើង​ជិត​ឈានទៅដល់​វគ្គ 8ក្រុម​ចុងក្រោយ​ហើយ ប៉ុន្តែ ខ្ញុំ​មិន​និយាយថា យើង​ស្ថិតនៅ​ទីនោះ​រួចជាស្រេច​ទៅហើយ​ទេ ដែល​ការនិយាយ​នេះ​ជាការ​មិន​គោរព​ដល់​ក្រុម Basel»។ ស្របពេល​ជាមួយគ្នានេះ Harry Kane និង Christian Eriksen បាន​ជួយ​ឱ្យ​ក្រុម Tottenham បាន​វិល​ទៅកាន់​ផ្លូវ​ល្អប្រសើរ​ឡើងវិញ ដោយ​ការ​តាម​ស្មើ​ក្រុម Juventus ក្នុង​លទ្ធផល 2-2 ក្នុង​ទីក្រុង Turin ដើម្បី​លុបចោល​គ្រាប់​បាល់​ដ៏​ល្អ​របស់​ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ​ជើង​ទី1 កាលពី​ថ្ងៃ​អង្គារ៕

    ប្រភពពី៖ The Sun

  • ក្រុមហ៊ុន​យក្ស​ចិន ត្រៀម​នាំ​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី​នៅ​កម្ពុជា

    ក្រុមហ៊ុន​យក្ស​ចិន ត្រៀម​នាំ​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី​នៅ​កម្ពុជា

    ក្រុមហ៊ុន Yunnan Xiangyunfeilong Resources Recycling Co,Ltd ដែល​គេ​ដឹងថា​ជា​ក្រុមហ៊ុន​ផលិត​ស័ង្កសី​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​កំពុង​គ្រោង​នាំ​វត្ថុធាតុដើម គឺ​កំហាប់​រ៉ែ​សំណ​ដើម្បី​យកមក​ផលិត​ជា​ស័ង្កសី​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​តំបន់។

    លោក Yang Xihui ប្រធាន​ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោកមា​ន​បំណង​នាំចូល​វត្ថុធាតុដើម​ប្រភេទ​កំហាប់​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី និង​របស់​ប្រើប្រាស់​ជា​លោហៈផ្សេងៗ សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា និង​នាំ​ចេញទៅ​ក្រៅប្រទេស ដោយ​ឈរលើ​បទពិសោធ​របស់​ខ្លួន​ដែល​បាន​ផលិត​នៅ​ប្រទេស​ចិន​អស់​យៈ​ពេល​ជាង 20ឆ្នាំ​កន្លងមកហើយ។

    ពាក់ព័ន្ធ​ករណីនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បាន​ស្វាគមន៍​ដោយបាន​លើកឡើង​ពី​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​សម្រួលការ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស។ ក្នុងនោះ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម 2015-2025 ជា​ត្រីវិស័យ​តម្រង់ទិស​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព។ ជាមួយគ្នា​នោះដែរ ឧស្សាហកម្ម​បៃតង​គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​ដែល​កម្ពុជា​ត្រូវប្រកាន់យក​ក្នុង​កិច្ចការពារ​ផលប៉ះពាល់​ជា​អតិបរមា​ដល់​បរិស្ថាន។
    ចំពោះ​គម្រោងការ​នាំចូល​វត្ថុធាតុដើម​ប្រភេទ​កំហាប់​រ៉ែ​សំណ ឯកឧត្តម​បានស្នើ​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ធ្វើបញ្ជី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​អំពី​សារ​ធាតុ​ទាំងឡាយ​នៅក្នុង​កំហាប់​រ៉ែ​ទាំងនោះ​ថា តើ​វា​ជា​ប្រភេទ​សារធាតុ​គីមី​ហាមឃាត់ ឬ​យ៉ាងណា? ហើយ​ក្រោយពី​ចម្រាញ់​ហើយ តើ​នៅសល់​កាកសំណល់​ប្រភេទ​ណាខ្លះ និង​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ដែរឬទេ?។

    ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ​ដល់​ក្រុមហ៊ុន​ខាងលើ​ឱ្យ​ផ្តល់​គំរូ​ផលិតផល​ក៏ដូចជា​វត្ថុធាតុដើម​ដែល​ក្រុមហ៊ុន​បាន​នាំចូល​ពី​ក្រៅប្រទេស ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម​មក​ផលិត​ក្នុង​ខេត្ត​យូ​ណាន ប្រទេស​ចិន រយៈពេល20ឆ្នាំ​មកនេះ​មក​កម្ពុជា​ផង ដោយ​ក្នុងនោះ​ក្រសួង​នឹង​ផ្តល់​បញ្ជី​ជូន​ក្រុមហ៊ុន​ទាក់ទង​នឹង​សារ​ធាតុគីមី​ហាមឃាត់​នៅ​កម្ពុជា​ផងដែរ។

    ចំពោះ​សំណើ​ខាងលើ ភាគី​ក្រុមហ៊ុន​សន្យាថា​នឹងធ្វើ​បញ្ជី​លម្អិត និង​លក្ខខណ្ឌ​ប្រកប​នានា​នៃ​សារធាតុ​រ៉ែ​ជា​វត្ថុធាតុដើម និង​គំរូ​ផលិតផល​សម្រាប់​ដាក់ជូន​ដល់​មន្ត្រី​ជំនាញ​កម្ពុជា​ពិនិត្យ និង​វាយតម្លៃ​មុននឹង​ធ្វើការ​ផលិត​នៅ​កម្ពុជា៕

  • ភ្ញាក់ផ្អើល!  G-devith ហៅកញ្ញា ទេព បូព្រឹក្ស ថា  «Honey»

    ភ្ញាក់ផ្អើល!  G-devith ហៅកញ្ញា ទេព បូព្រឹក្ស ថា  «Honey»

    ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែន ដែលនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាចម្រៀងរ៉េបប្រចាំផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីត បានបង្ហោះរូបភាពកងដៃគូស្នេហ៍ដែលស្ដែងឱ្យឃើញពីភាពផ្អែមល្ហែមជាមួយកញ្ញា ទេព បូព្រឹក្ស មុនថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ឬValentine’s Day។

    ដោយក្នុងនោះតារាចម្រៀងប្រុសរូបនេះបានសរសេរបញ្ជាក់ថា៖ «Thanks huniboprek for this» ពាក្យខ្លីៗ តែមានន័យផ្អែមជាងទឹកឃ្មុំមួយឃ្លានេះ បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងចំពោះការបើកចំហទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរ ព្រោះគេសង្កេតឃើញថា បើទោះបីជាមានការច្រានចោលព័ត៌មានខ្សឹបខ្សៀវថា ពួកគេបានរួមរស់ជាមួយគ្នានៅក្នុងក្រោមដំបូលផ្ទះតែមួយក្ដី តែការសង្ស័យរបស់មហាជននៅពេលនេះ ហាក់បីដូចជាបានស្រាយមន្ទិលអស់ហើយ ពោលគឺ G-devith បានប្រកាសហៅ ទេព បូព្រឹក្ស ថាជា «Honey» ដែលមានន័យថា សង្សារហ្នឹងឯង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ៖

  • 14 ខែកុម្ភៈ ជា​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់! តោះ​ទៅ​ស្វែងយល់​ពី​ប្រវត្តិ​នៃ​បុណ្យ​នេះ​ទាំងអស់គ្នា…!

    14 ខែកុម្ភៈ ជា​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់! តោះ​ទៅ​ស្វែងយល់​ពី​ប្រវត្តិ​នៃ​បុណ្យ​នេះ​ទាំងអស់គ្នា…!

    Valentine’s Day ឬ ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់ (ខ្មែរ​យើង​ភាគច្រើន​និយម​ប្រើពាក្យ​បុណ្យ​សង្សារ)នឹង​មកដល់​ហើយ នៅ​ថ្ងៃទី 14 ខែកុម្ភៈ​ស្អែក​នេះ ជា​រៀងរាល់ឆ្នាំ​មនុស្ស​ជាច្រើន តែង​យក​ថ្ងៃនេះ បង្ហាញ​ពី​ទឹកចិត្ត​របស់ខ្លួន ចំពោះ​អ្នក​ដែល​គេ​ស្រឡាញ់ តាមរយៈ​ការទិញ​កាដូ បាច់ផ្កា ឬ​ចំណាយពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ ជាមួយគ្នា​យ៉ាង​រ៉ូ​មែន​ទិ​ក។

    Valentine’s Day ជា​ពិធីបុណ្យ​មួយ របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក ក៏​តែង​ប្រារព្ធ​ដូចគ្នា។ យ៉ាងណាមិញ នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​យុវវ័យ​ជាច្រើន កំពុងតែ​យល់ច្រឡំ​ថា ថ្ងៃ Valentine’s Day គឺជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ ជូន​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ទៅវិញ។

    ដូច្នេះ​យើង​ចង់ដឹងថា ថ្ងៃ​ដ៏​វិសេស​នេះ មាន​ប្រវត្តិ​យ៉ាងណា ឬ Valentine’s Day កើតចេញពី​ណា សូម​ស្វែងយល់​ទាំងអស់គ្នា៖

    Valentine’s Day ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ ត្រូវបាន​គេ​និយាយថា មាន​ប្រភព​ចេញពី​លោក Saint Valentine ដែលជា​បុរស​ម្នាក់​ហ៊ាន​បង្ហាញ ក្តី​ស្រឡាញ់​ចំពោះ​គូស្នេហ៍ រហូត​លោក​ត្រូវគេ​យកទៅ​សម្លាប់។

    តើ​លោក Saint Valentine ជា​អ្នកណា?

    ព្រះវិហារ​កាតូលិក ទទួលស្គាល់ Valentine ឬ Valentinus ជា​អ្នក​ដែល​បូជាជីវិត ដើម្បី​សាសនា។ រឿងរ៉ាវ​មួយ​លើកឡើងថា Valentine ជា​បព្វជិត​ដែល​បម្រើ​សាសនា​នៅ​សតវត្ស​ទី៣ សម័យ​រ៉ូម។ នៅពេលដែល​ព្រះ​ចៅ​ចក្រពត្តិ Claudius II សម្រេច​ថា បុរស​នៅ​លីវ​ទាំងអស់ អាច​ធ្វើជា​ទាហាន ល្អ​ជាង​បុរស​ដែលមាន​ប្រពន្ធ​នោះ លោក​ក៏បាន​ដាក់​ពិធី​រៀបការ​ទាំងឡាយ ឲ្យ​នៅក្រៅ​ច្បាប់​សម្រាប់​យុវវ័យ​ទាំងអស់។ Valentine គិតថា វា​អយុត្តិធម៌​ណាស់ ហើយក៏​ប្រឆាំងនឹង​ច្បាប់​នេះ និង​បន្ត​ធ្វើការ​រៀបការ​ឲ្យ​គូ​សេ្ន​ហ៍ក្មេងៗជាសម្ងាត់។ នៅពេល​សកម្មភាព របស់លោក​ត្រូវបាន​គេ​ដឹង ព្រះ​ចៅ Claudius ក៏បាន​បញ្ជា​ឲ្យ​សេនា ចាប់​លោក​ដាក់គុក​អស់​មួយជីវិត តែ​ប្រភព​ខ្លះ​លើកឡើងថា Valentine ត្រូវបាន​គេ​សម្លាប់។

    ប្រភព​ខ្លះទៀត ឲ្យ​ដឹងថា Valentine ជាប់គុក បន្ទាប់ពី​ពាក់ព័ន្ធ​ដោយ «ក្ដី​ស្រឡាញ់» ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​បាក់ចិត្ត​ស្រឡាញ់ នារី​វ័យក្មេង​ម្នាក់ ដែលជា​កូនស្រី​ឆ្មាំ​គុក​មួយរូប ដែល​បាន​ទៅសួរសុខទុក្ខ​លោក នៅពេល​ជាប់​ក្នុង​ពន្ធនាគារ។ មុនពេល​ស្លាប់ គេ​បាន​ចោទថា លោក​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​នាង​ថា «ពី​បង Valentine របស់​អូន» ជា​ភស្តុតាង​បង្ហាញ​មួយ​ដែល​មនុស្ស​ជាច្រើន យកទៅ​ប្រើ​មកដល់​សព្វ​ថ្ងៃនេះ។ ទោះបី​ការពិត​នៅ​ពីក្រោយ​រឿងរ៉ាវ របស់ Valentine មាន​ភាពស្រពេចស្រពិល​ក្តី ប៉ុន្តែ​សុទ្ធតែ​បាន​បញ្ជាក់ថា លោក​ជា​វីរបុរស ដែលមាន​មនោសញ្ចេតនា​ស្នេហា ដ៏​ជ្រាលជ្រៅ​បំផុត និង​ដោយសារ​កេរ្តិ៍ឈ្មោះ​នេះហើយ ទើប Valentine ក្លាយជា​បុគ្គល​មួយរូប ដ៏​មាន​ប្រជាប្រិយ​នៅ​ប្រទេស​បារាំង និង​អង់គ្លេស។

    កាលដែល​ទិវា​នៃ​ក្ដី​ស្រឡាញ់ ប្រារព្ធ​ក្នុង​ខែកុម្ភៈ អ្នកខ្លះ​ជឿថា ដើម្បី​រំឭក​ខួប​នៃ​មរណភាព​ភាព របស់ Valentine ក្នុង​បំណង​ធ្វើ​ឲ្យ​ការ​ប្រារព្ធ ពិធី​សាសនា Lupercalia ក្លាយជា​គ្រិស្តសាសនា​ផងដែរ។

    ទន្ទឹមនឹង​នេះដែរ មនុស្ស​ជាច្រើន​ប្រារព្ធ​ថ្ងៃ 14កុម្ភៈ ជាមួយ​អ្នកជា​ទីស្រឡាញ់ អាចជា​ក្រុមគ្រួសារ គូស្នេហ៍ ឬ​មិត្តភក្តិ ព្រមទាំង​ជូន​វត្ថុផ្សេងៗ តំណាង​ទឹកចិត្ត​របស់ខ្លួន ចំពោះ​ពួកគេ ដូចជា ការ​ជូនពរ វត្ថុ​អំណោយ​បាច់ផ្កា ដែលមាន​លក្ខណៈ​ជា​រូបរាង បេះដូង ឬ​នាំទៅ​បរិភោគ​អាហារ នៅ​ទីកន្លែង​ណាមួយ ដ៏​រ៉ូ​មែន​ទិ​ក។

    ទោះបីយ៉ាងណា Valentine’s Day មិនមែនជា​ពិធីបុណ្យ​ផ្លូវការ​របស់​រដ្ឋ​ទេ ប៉ុន្តែ​ជា​ទម្លាប់​មិន​ថា តែ​ប្រជាជន​នៅ​ប៉ែក​អឺរ៉ុប​ទេ ទូទាំង​អាស៊ី និង​មនុស្ស​នៅ​ជុំវិញ​ពិភពលោក តែង​ប្រារព្ធ​ថ្ងៃ 14 កុម្ភៈ ជា​រៀងរាល់ឆ្នាំ ហើយ​វា​ក៏​អាចជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​គូស្នេហ៍ ជ្រើស​យក​ធ្វើជា​ថ្ងៃ​រៀបការ​ទៀតផង។

    ទោះបីជា​យ៉ាងណា នៅក្នុង​ប្រទេស​កម្ពុជា មាន​យុវវ័យ​ជាច្រើន កំពុងតែ​ភ្លើតភ្លើន យល់ច្រឡំ នឹង​បុណ្យ​វប្បធម៌​បែ​បប​ច្ចឹ​ម​ប្រទេសមួយ​នេះ ដោយ​អ្នកខ្លះ​ថែមទាំង​បាន​ប្រព្រឹត្តិ​ទង្វើ​ខុសឆ្គង​ប្រពៃណី​ខ្មែរ ដោយ​សំអាង​ទៅលើ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែល​គួរតែ​ត្រូវធ្វើ សម្រាប់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ លោកអ្នក​គួរតែ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក រវាង​កូន និង​ឪពុកម្ដាយ រវាង​បងប្អូន រវាង​គូសង្សារ រវាង​មិត្តភក្តិ រវាង​មិត្ត​រួមការ​ងារ និង​រវាង​ជាតិ​សាសនា​ជា ដោយ​ក្នុង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ចំពោះ​គ្នា និង​គ្នា ខណៈ​ក្ដី​ស្រឡាញ់ ពុំមាន​តែមួយ​ថ្ងៃនេះ​ទេ៕

  • Sane ត្រៀម​ចូល​លេង​វិញ ពេល Man City ទៅ​ជួប Basel រាត្រី​នេះ

    Sane ត្រៀម​ចូល​លេង​វិញ ពេល Man City ទៅ​ជួប Basel រាត្រី​នេះ

    ខ្សែបម្រើ​ស្លាប​ដ៏​ឆ្នើម Leroy Sane កំពុង​តែមាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ការចូល​លេង​ក្នុង​ជម្រើស​ដំបូង​សម្រាប់​ក្រុម Manchester City នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Basel ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី 1 នៅ​រាត្រី​នេះ។

    ការ​ជាសះស្បើយ​យ៉ាង​ឆាប់រហ័ស​នេះ មានន័យថា វា​លឿន​ជាង​រយៈពេល​នៃ​ការរំពឹងទុក​ដល់ 5សប្តាហ៍ ខណៈដែល​លោក Pep Guardiola ក៏បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ផងដែរ ចំពោះ​ការ​ជាសះស្បើយ​ពីរ​បួស​កជើង​របស់​តារា​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ។

    Man City នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Basel របស់​ស្វ៊ី​ស នា​កីឡដ្ឋាន St Jakob-Park នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល Sane អាច​នឹង​ចូល​លេង ក្រោយពី​បាន​វិល​ទៅ​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​របស់ខ្លួន​វិញ​កាលពី​ថ្ងៃ​ចន្ទ ជា​លើក​ទី1 ចាប់តាំងពី​រូបគេ​ត្រូវរបួស​កជើង​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Cardiff City កាលពី​ថ្ងៃទី28 ខែមករា កន្លងទៅ។ ដំបូង​ឡើយ មានការ​ព្រួយបារម្ភ​ថា Sane អាច​នឹងត្រូវ​អវត្តមាន​ដល់​ទៅ 11ប្រកួត ដែល​មានន័យថា កីឡាករ​វ័យ 22ឆ្នាំ​រូបនេះ​នឹងមិន​អាច​វិល​មក​ចូល​លេង​បានឡើយ​រហូតដល់​ចុងខែ​មីនា។

    នៅពេលដែល​ត្រូវបាន​ចោទសួរ​ពី​ការវិលត្រឡប់​របស់​ខ្សែបម្រើ​ស្លាប​រូបនេះ លោក Guardiola បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដែល​រូបគេ​ឆាប់​ជាសះស្បើយ​បែបនេះ។ រូបគេ​ធ្វើការ​ហ្វឹកហាត់​ជាច្រើន រូបគេ​នៅ​ក្មេង ប៉ុន្តែ​ខ្ញុំ​មិនបាន​រំពឹងទុក​ថា រូបគេ​មាន​ភាពជា​កីឡាករ​អាជីព​បែបនេះ​សោះ»។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​បន្ថែមទៀតថា៖ «រូបគេ​មិនទាន់​រឹងមាំ​ល្អឥតខ្ចោះ100ភាគរយ​នៅឡើយ ប៉ុន្តែ​រូបគេ​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ហើយ​គេច​ង់​ជួយ​ដល់​ពួកយើង។ គេ​នឹង​ស្ថិតនៅ​ជាមួយនឹង​យើង ហើយ​នោះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ»។

    ក្រុម Man City នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​រាត្រី​នេះ ប្រកបដោយ​ភាពជឿជាក់ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Leicester City ក្នុង​លទ្ធផល 5-1 កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ខ្សែប្រយុទ្ធ Sergio Agueroបាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 4គ្រាប់។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ The Guardian

  • Chelsea ផ្តួល West Brom ដើម្បី​បន្ថយ​សម្ពាធ​លើ​លោក Conte

    Chelsea ផ្តួល West Brom ដើម្បី​បន្ថយ​សម្ពាធ​លើ​លោក Conte

    ក្រុមតោខៀវ Chelsea និងលោក Antonio Conte បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញហើយ ខណៈដែលខ្សែបម្រើដ៏មានឥទ្ធិពល Eden Hazard និង Victor Moses សុទ្ធសឹងរកគ្រាប់បាល់បញ្ចូលទីបានដូចគ្នា ក្នុងពេលក្រុមរបស់ខ្លួនបានយកឈ្នះលើក្រុម West Brom ក្នុងលទ្ធផល 3-0 កាលពីថ្ងៃចន្ទ។

    Hazard បានស៊ុតបាល់បញ្ចូលទី 2គ្រាប់នៅពេលប្រកួតជាមួយនឹងក្រុមបាតតារាង West Brom ដើម្បីបញ្ចប់ការធ្លាក់ចុះទម្រង់លេងដ៏គួរឱ្យព្រួយបារម្ភរបស់ក្រុម Chelsea និងធ្វើឱ្យលោក Conte ធ្វើការអបអរយ៉ាងសប្បាយរីករាយ។

    លោក Conte បានធ្លាក់ចូលក្នុងសម្ពាធដ៏ធំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាស់ចំនួន 2លើកជាប់ៗគ្នានៅពេលប្រកួតជាមួយនឹងក្រុម Bournemouth និង Watford ខណៈដែលការបរាជ័យទាំងនេះ នាំឱ្យមានការលើកឡើងកាន់តែច្រើនថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ កំពុងតែប្រឈមមុខនឹងការបណ្តេញចេញ។ ប៉ុន្តែ លោក Conte បានវិលទៅកាន់ភាពរីករាយវិញនាកីឡដ្ឋាន Stamford Bridge ខណៈដែលលោកបានឃើញក្រុមរបស់លោកដណ្តើមបានជ័យជម្នះដ៏ធំមួយដើម្បីជួយឱ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ 4នៅលើតារាង។

    ក្រុម Chelsea បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ 4វិញ ខណៈដែលគម្លាតរវាងក្រុម Manchester United ដែលឈរក្នុងចំណាត់ថ្នាក់លេខ2 និងក្រុមឈរលេខ5 Tottenham Hotspur បច្ចុប្បន្នមានត្រឹមតែ 4ពិន្ទុគត់ ក្នុងការប្រជែងដើម្បីបានចូលរួមជាមួយនឹងក្រុមកំពុងនាំមុខដាច់គេ Manchester City ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕

    ប្រភពពី៖ Mirror

  • អ៊ឹម​ ជីវ៉ា​ តំណាងឱ្យសមាគមសិល្បករខ្មែរយកថវិកាមូលនិធិប្រគល់ជូនសិល្បការិនីចាស់ជរា​ សាន​ គឹមហួយ​

    អ៊ឹម​ ជីវ៉ា​ តំណាងឱ្យសមាគមសិល្បករខ្មែរយកថវិកាមូលនិធិប្រគល់ជូនសិល្បការិនីចាស់ជរា​ សាន​ គឹមហួយ​

    បើតាមរយៈទំព័រហ្វេសប៊ុក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម  នៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2018នេះ បានឱ្យដឹងថា លោក​ អ៊ឹម​ ជីវ៉ា​ តំណាងឱ្យ​សមាគមសិល្បករខ្មែរបានយកថវិកាមូលនិធិសិល្បករចាស់ជរា​ទៅប្រគល់ជូនដល់លោកយាយ​ សាន​ គឹមហួយ​ ដែលលោកយាយគឺជាសិល្បការិនីផ្នែកចម្រៀងបុរាណ និងកាត់សក់ជំនាន់មុន​។

    នៅក្នុងនោះ មានថវិកាចំនួន 40ម៉ឺនរៀលដែលបានឧបត្ថម្ភដោយ​លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យផងដែរ។ ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់សិល្បករចាស់ជរា ជាពិសេសសូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា 1ឆ្នាំ 5ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។  

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ឆ្នាំនេះ​ក្រសួង​អប់រំ​នៅតែ​ចេញ​វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ 14កុម្ភៈ

    ឆ្នាំនេះ​ក្រសួង​អប់រំ​នៅតែ​ចេញ​វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ 14កុម្ភៈ

    ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា តែង​ចេញ​សេចក្តីប្រកាស​ទប់ស្កាត់​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ (Valentine Day)ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ភាពមិនប្រក្រតី​មួយចំនួន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តា​ប់​ធ្នាប់​សង្គម និង​ប្រពៃណី​ខ្មែរ ដែល​បង្កឡើង​ដោយ​យុវវ័យ​កម្ពុជា​នៅក្នុង​ទិវា​នោះ។

    នៅ​ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ជាថ្មី​ដើម្បី​ទប់ស្កាត់​បញ្ហា​អវិជ្ជមាន​ទាំងអស់នោះ ដោយ​ក្នុង​សេចក្តីណែនាំ​នោះបាន​បញ្ជាក់ថា កន្លងមក​ក្រសួង​អប់រំ បាន​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី14 កុម្ភៈ ដែលជា​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ បាន​ក្លាយជា​ឱកាស​មួយ​ដែល​ធ្វើឱ្យ​សិស្ស​មួយចំនួន​ច្រឡំ​ថា ទិវា​នេះ​ជា​ទិវា​នៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ។

    នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​មួយ​នេះ​បានធ្វើឱ្យ​យុវវ័យ​ខ្លះ​ភ្លើតភ្លើន​ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស ភាព​ស្អាតស្អំ និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ ដោយ​ប្រាសចាក​ពី​វប្បធម៌​ដ៏​ល្អ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិខ្មែរ។ ដើម្បី​ការពារ​ថែរក្សា​នូវ​វប្បធម៌ និង​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ជាតិ ក្រសួង​អប់រំ​បានចេញ​សេចក្តីណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំ​ឱ្យមាន​ការយល់​ខុសពី​អត្ថន័យ​របស់​ទិវា​នៃ​សេចក្តីស្រឡាញ់​នេះ។

    ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​ការតាមដាន​វត្តមានរ​បស់​សិស្សានុសិស្ស​ជាប្រចាំ។ ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ដោយ​អនុវត្ត​សកម្មភាព “មិត្ត​អប់រំ​មិត្ត” និង​ត្រូវធ្វើ​ការទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អាណាព្យាបាល ឬ​សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្ស​ដើម្បី​សហការគ្នា​ទប់ស្កាត់ និង​កែលម្អ៕

  • ទិញ​ដី និង​ទិញ​ផ្ទះ តើ​មួយណា បាន​ប្រាក់ចំណេញ​ច្រើនជាង?

    ទិញ​ដី និង​ទិញ​ផ្ទះ តើ​មួយណា បាន​ប្រាក់ចំណេញ​ច្រើនជាង?

    បច្ចុប្បន្ន​និន្នាការ​ពុះ​ដីឡូត៍​លក់ និង​ការសង់​បុរី​លំនៅឋាន​នៅ​ជាយក្រុង​កំពុង​រីក​ផុលផុស​ដុះដាល​យ៉ាងខ្លាំង ខណៈដែល​ប្រជាពលរដ្ឋ​ចូលមក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​កាន់តែច្រើន​ឡើង រីឯ​អ្នកមាន​លុយកាក់​មួយចំនួន​ក៏បាន​សម្រុក​វិនិយោគ​លើ​ការទិញ​ដី ឬ​ផ្ទះ​ដើម្បី​ទុក​លក់​រកប្រាក់​ចំណេញ​ថ្ងៃក្រោយ​ផងដែរ ដូច្នេះ​គេ​សួរថា ការទិញ​ដី ឬ​ទិញ​ផ្ទះ​ទុក តើ​មួយណា​នឹង​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង សម្រាប់​ថ្ងៃ​អនាគត?

    លោក ស្រេង ភក្តី ជា​បុគ្គលិក​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​លើកឡើងថា លោក​បាន​ទិញ​ផ្ទះ​ចំនួន​ពីរ​ល្វែង នៅក្នុង​បុរី​លំនៅឋាន​មួយកន្លែង​ស្ថិតនៅក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ទុក​រស់នៅ​ខ្លួនឯង​មួយ​ល្វែង និង​សល់​មួយ​ល្វែង​ទៀត​ទុក​ជួល​ឱ្យគេ គ្រាន់​បាន​លុយ​ប្រចាំខែ​ត្រឡប់មកវិញ។ កត្តា​ដែល​ជំរុញ​ឱ្យ​លោក​ទិញ​ផ្ទះ​ក្នុង​បុរី គឺ​ដោយហេតុថា​ក្រែងលោ​អចលនទ្រព្យ​ឡើងថ្លៃ លក់​ទៅវិញ​ក៏បាន​ចំណេញ​ដែរ តែបើ​មិន​ឡើងថ្លៃ​ទេ អាច​ជួល​ឱ្យគេ​រស់នៅ ក៏​រកចំណូលបាន​មក​វិញ​ខ្លះ​ដែរ។

    លោក​បន្តថា កត្តា​ដែល​លោក​មិន​ទិញ​ដី​ទុក​លក់​ដើម្បី​រកប្រាក់​ចំណេញ​នោះ ដោយហេតុថា ការទិញ​ដី​ទុក​ជួនកាល​កប់​លុយ​ចោល​រាប់​ឆ្នាំ ហើយ​ខ្លាចក្រែង​ដី​មិន​ឡើងថ្លៃ វា​នឹង​ធ្វើឱ្យ​យើង​ខាត និង​កប់​លុយ​ចោល​ឥតប្រយោជន៍ ជាជាង​យកលុយ​ទៅរក​ស៊ី​របរ​ផ្សេង​វិញ​ប្រសើរ​ជាង។

    ជាមួយគ្នានេះដែរ លោក លី សុ​ទ្ឋា​រៈ ពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានលើកឡើង​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ថា បើ​ចំណាយលុយ​ទិញ​ផ្ទះមួយ​ល្វែង គឺ​ស្មើនឹង​ទិញ​ដី 3 ទៅ4ល្វែង​ឯណោះ ដូច្នេះ​បើ​ទិញផ្ទះ ចៃដន្យ​ផ្ទះ​មិន​ឡើងថ្លៃ​នឹង​ខាត​លុយ​ច្រើន ហើយ​យូរ​ទៅផ្ទះ​កាន់​ចាស់​ទៅ តែបើ​ទិញ​ដី​វិញ ប្រសិនជា​ដី​ឡើងថ្លៃ​បាន​ផលចំណេញ​ច្រើនជាង​ទិញ​ផ្ទះ​ទ្វេ​មួយ​ជា​ពីរ​ក៏​អាច​ថា​បានដែរ។ លោក​បាន​និយាយ​ដូច្នេះ​ថា “ទិញ​ផ្ទះជួល​ឱ្យគេ​មិនដឹង​ថ្ងៃ​ណា​រួចខ្លួន​នោះទេ ហើយ15ឆ្នាំ​ក្រោយមក​ផ្ទះ​ចាស់​អស់ លក់​វិញ​មិនដឹងថា​បាន​ចំណេញ​ឬ​មិន​ចំណេញ​នោះទេ ប៉ុន្តែ​បើ​ទិញ​ដី​ទុក​មិនមាន​អ្វី​ខាតបង់​ទេ បើ​ដី​មិន​ឡើងថ្លៃ គ្រាន់តែ​កប់​លុយ​ចោល​ប៉ុណ្ណោះ តែបើ​ឡើងថ្លៃ​វិញ​យើង​អាច​បាន​លុយ​ចំណេញ​ក្រាស់ក្រែល​ជាង​ការទិញ​ផ្ទះ​ទុក​លក់​យកចំណេញ​ទៅទៀត។

    លោក​ថា បើ​ទិញ​ផ្ទះល្វែង​ទុក​លក់​យកចំណេញ​វិញ​ពិតជា​លំបាក​ណាស់ ព្រោះថា ម្ចាស់​បុរី​លំនៅឋាន​តែង​បន្ត​ការសាងសង់​ផ្ទះ​លក់​ឥត​ឈប់ ដូច្នេះ​អតិថិជន​ថ្មី​មិន​ទិញ​ផ្ទះ​បន្ត​ពី​គេ​ទេ គឺ​សុខចិត្ត​ទិញ​ផ្ទះ​ថ្មី​ផ្ទា​ល់ពី​ក្រុមហ៊ុន​តែម្តង ដោយ​គិតថា ផ្ទះ​ដែល​គេ​ទិញ​រួចហើយនោះ បើ​គេ​ចង់​លក់​វិញ​លុះត្រាតែ​បាន​ចំណេញ​ទើប​គេ​លក់។

    ជាមួយគ្នានេះ​លោក ម៉ឹង លាង​ហ៊​ន នាយក​គ្រប់គ្រង​ក្រុមហ៊ុន Family Real Estate មានប្រសាសន៍ថា ការទិញ​ដី និង​ទិញ​ផ្ទះ​ទុក មានឱកាស​ចំណេញ​ប្រហាក់ប្រហែលគ្នា សំខាន់​ឱ្យតែ​ចេះ​មើល​ស្ថានភាព​ភូមិសាស្ត្រ​ទីតាំង​ដី ឬ​ផ្ទះ​ដែល​ត្រូវ​ទិញ​នោះ​ថា តើ​អាច​នឹងមាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ដី ឬ​ផ្ទះ​នៅ​ទីតាំង​នោះ​ឡើងថ្លៃ​ទៅ​ថ្ងៃ​ខាងមុខ។ ឧទាហរណ៍​ដូច​រូបលោក​ផ្ទាល់ កាលពី​ប៉ុន្មាន​ឆ្នាំកន្លងទៅនេះ ដោយសារ​មើលឃើញ​ទីតាំង​ដី​នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​អាច​នឹង​ឡើងថ្លៃ ដោយសារ​នៅ​ទីនោះ​មាន​រោងចក្រ​ចូលមក​វិនិយោគ​ច្រើន ពលរដ្ឋ​ក៏ដូចជា​កម្មករ​នឹង​មករកការងារ​ធ្វើ​នៅ​ទីនោះ​ច្រើន ដូច្នេះ​ដី​ប្រាកដជា​ឡើងថ្លៃ​មិន​ខាន ដូច្នេះ​លោក​ក៏​សម្រេចចិត្ត​ទិញ​ដី​ទុក​ចំនួន 3ប្លង់ ហើយ​មិន​ដល់ 3ខែ​ផង ក៏មាន​គេ​មក​ចរចា​សុំ​ទិញ​ដី​ដែល​លោក​ទុក​សង់​បន្ទប់​ជួល​ឱ្យ​កម្មករ​នៅ​នោះ ដូច្នេះ​លោក​ក៏​លក់​ចេញ​វិញ បាន​ប្រាក់ចំណេញ​ជិត100% ត្រឹមតែ​រយៈពេល 3ខែ​ប៉ុណ្ណោះ។

    ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ លោក​បានផ្តល់​ជា​អនុសាសន៍​ថា ការទិញ​ផ្ទះ​ត្រូវ​ចំណាយលុយ​ច្រើន ហើយ​ផ្ទះ​មិនសូវ​ឡើងថ្លៃ​ដូច​ដី​នោះទេ​ពិសេស​ផ្ទះ​ក្នុង​បុរី​មិន​ងាយ​ឡើងថ្លៃ​ឡើយ​ដោយសារតែ​បុរី​ផ្ទះល្វែង​មានការ​សាងសង់​ឥតឈប់ឈរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​មានការ​ប្រកួតប្រជែង​តម្លៃ​គ្នា​ទៀតផង។ តែ​យ៉ាងណា​នោះ បើ​ចង់​ទិញ​ផ្ទះ​គឺ​គួរ​ទិញ​ក្រៅ​បុរី និង​ត្រូវ​ចេះ​មើលថា តើ​សេដ្ឋកិច្ច​តំបន់​នោះ​នឹង​អាច​ប្រែប្រួល​ឬទេ​ទៅ​ថ្ងៃ​អនាគត បើសិនជា​ទិញ​ត្រូវ​តំបន់​អភិវឌ្ឍន៍​ផង​នោះ​នឹង​បាន​ចំណេញ​ច្រើន​តែម្តង។

    លោក​បានបញ្ជាក់​ដូច្នេះ​ថា “សម្រាប់​បទពិសោធ​លក់​ផ្ទះ​ឱ្យគេ ខ្ញុំ​ធ្លាប់​ជួប​ម្ចាស់ផ្ទះ​ពីរ​នាក់ ម្ចាស់ផ្ទះ​ម្នាក់​ទិញ​ផ្ទះ 2ល្វែង​ក្នុង​បុរី​តម្លៃ 13ម៉ឺន​ដុល្លារ រយៈពេល 4ឆ្នាំ​ក្រោយមក​លក់​ចេញ​វិញ​បានតែ 17ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ហាក់ដូចជា​មិនបាន​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​ម្ចាស់ផ្ទះ​ម្នាក់ទៀត​ទិញ​ផ្ទះ​តែ 1ល្វែង​ទេ​នៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុងភ្នំពេញ តម្លៃ 13ម៉ឺន​ដូចគ្នា ស្រាប់តែ 4ឆ្នាំក្រោយមក​តំបន់​នោះបាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​ក្រុមហ៊ុន និង​អ្នកជំនួញធំៗចូលមក​ស្នាក់នៅ​បណ្តាក់ទុន​រកស៊ី​នៅ​ទីនោះ​ធ្វើឱ្យ​តម្លៃ​ដី​ឡើងថ្លៃ ហើយ​ម្ចាស់ផ្ទះ​នោះ​លក់​ទៅវិញ​បាន​ថ្លៃ​ដល់ 25ម៉ឺន​ដុល្លារ ដូច្នេះ​ប្រាក់ចំណេញ​រវាង​ផ្ទះ​ក្នុង​បុរី និង​ក្រៅ​បុរី​ក៏មាន​គម្លាត​ខុសគ្នា​ខ្លាំង​ដែរ។

    លោក​បន្តថា សម្រាប់​អ្នកមាន​លុយ​ចង់​រកស៊ី​លើ​ផ្នែក​អចលនទ្រព្យ សំខាន់​ត្រូវ​ចេះ​មើល​ទីតាំង បើសិន​ដឹង​ពី​គម្រោង​ពង្រីក​ទីក្រុង​របស់​រដ្ឋាភិបាល​ទៀតផង រឹតតែ​ល្អ ដូចជា​នៅ​ខណ្ឌ​សែន​សុខ បច្ចុប្បន្ន​និន្នាការ​ដីធ្លី​កំពុង​ឡើងថ្លៃ​ខ្លាំង​ដូច​បាយ​កំពុងពុះ ដោយសារតែ​អគារ ផ្ទះល្វែងទំនើបៗ ពិសេស​ផ្សារ​ខ្នាត​អន្តរជាតិ​ចូលទៅ​បោះ​ទីតាំងនៅ​ទីនោះ​ច្រើន។ លើសពីនេះ​បើ​មាន​លុយ រង់ចាំ​ទិញ​ពី​អ្នក​ចង់​លក់ប្រញាប់ៗ ក៏​រឹតតែ​បាន​ផលចំណេញ​កាន់តែ​ច្រើនឡើង​ដែរ៕

  • ស្ងាត់ឈឹង!  ដួង ម៉ានិច គ្រោងឡើងវីឡាប្រណីតនៅបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោ​

    ស្ងាត់ឈឹង!  ដួង ម៉ានិច គ្រោងឡើងវីឡាប្រណីតនៅបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោ​

    នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា តារាសម្ដែងស្រី ដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែកញ្ញាបានបង្ហាញវត្តមានជាញឹកញាប់នៅលើវិស័យសិល្ប: មិនថាតែការសម្តែងខ្សែភាពយន្ត ការថតស្ប៉ត សម្អាងការផ្សេងៗ ឡើងកូដរហូតទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ជាពិសេសគឺបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង។ ទន្ទឹមនឹង​រាសីឡើ​ង​ខ្ព​ស់ត្រ​ដែ​ត​មានហុងស៊ុយនេះ ស្រាប់តែមានដំណឹងខ្សឹបខ្សៀវមួយដែលសារព័ត៌មាន ឡារ៉ែន ទទួលបានដែលលេចឮមកថា នាងកំពុងត្រៀមឡើងផ្ទះវីឡាថ្មីប្រណីតមួយទៀតចុ​ង​ខែ​​​កុ​ម្ភៈនេះ​ ក្នុងបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោ​​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​​​

    ​​ប្រ​ភ​ពច្បា​​ស់កា​រដែល​នឹ​ង​ត្រូ​វ​ទៅ​ចូ​ល​រួ​ម​​​ក្នុ​ង​ពិធី​ឡើ​ង​គេ​ហ​ដ្ឋា​នថ្មី​​រប​ស់​ ​ដួ​ង​ ​ម៉ា​​និច​ ដែរនោះ​បា​ន​ប​ញ្ជា​ក់​ប្រា​ប់​ថា​ ​តា​រា​ស្រី​រូ​ប​នេះ​មា​ន​ក​ម្ម​វិ​ធី​ឡើ​ង​​ផ្ទះ​ថ្មីរ​ប​ស់​នា​ង​នៅ​ថ្ងៃ​ទី​23 ខែ​​កុម្ភៈ​ ​ឆ្នាំ​​​2018​ ​ដែ​ល​ធ្វើ​ឡើ​ង​នៅ​ក្នុងបុ​រី​ប៉េ​ង​ហួ​ត​ ​បឹ​ង​ស្នោ​រតែម្ដង​ ​ដោយត្រៀមចំណាយជាច្រើ​នម៉ឺ​​នដុ​ល្លា​រ​​​សហរដ្ឋអា​មេ​រិ​ក​ ​។​​​ សូមជម្រាបបន្ថែមថា ខណៈនេះ ម៉ោងនេះដែរ សារព័ត៌មានឡារ៉ែន ពុំទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមចំពោះរឿងនេះពីកញ្ញា ដួង ម៉ានិច បាននៅឡើយទេ៕