Category: សង្គម និងសេដ្ឋកិច្ច

  • ប្រវត្តិ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន

    ប្រវត្តិ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន

    ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​ជាប់សែស្រឡាយ​ជា​កូន​ចិន​នៅ​កម្ពុជា តែងតែ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​តាម​ប្រពៃណី​ចិន​មិន​ដែរ​ខាន​ឡើយ ប៉ុន្តែ​អ្នកខ្លះ​ធ្វើ​ទៅតាម​ទម្លាប់​ដែលដូនតា​កុងម៉ា​ធ្វើតៗគ្នា ដោយ​មិនសូវ​យល់​ពី​អត្ថន័យ​នៃ​បុណ្យចូលឆ្នាំ​ចិន​នេះ​ប៉ុន្មាន​ឡើយ។

    បុណ្យចូលឆ្នាំ​ចិន​ឬ​ហៅ​ម្យ៉ាង​ទៀតថា «បុណ្យ​នា​និ​ទាឃ​រដូវ» គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​សម្រាប់​ជនជាតិ​ចិន។ មាន​ប្រជាជន​មួយចំនួន ជាពិសេស​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ចន្ទគតិ​ថ្មី។ តាម​ប្រពៃណី ពិធីបុណ្យ​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃទី1 នៃ​ខែ​ទី1តាម​ចន្ទគតិ ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី15 ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម។ ពេល​ល្ងាច នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​គេ​ឱ្យ​ឈ្មោះថា ជូ​ស៊ី។ ពាក្យ​នេះ​មានន័យថា ពេល​ល្ងាច​ឆ្លង​ឆ្នាំ។

    ប្រតិទិន​ចិន​តាម​ចន្ទគតិ និង​សុរិយគតិ គឺជា​គោល​មួយ​សម្រាប់​កំណត់​កាលបរិច្ឆេទ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។ ប្រតិទិន​នេះ ក៏ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស​ដែល​យល់ព្រម​ទទួល ឬក៏​បានទទួល​ឥទ្ធិពល​ពី​វប្បធម៌​នៃ​ជនជាតិ​ហាន (ជាពិសេស​ប្រជាជន​តៃវ៉ាន់, ជនជាតិ​កូរ៉េ, ជនជាតិ​ជប៉ុន និង​ជនជាតិ​យួន)។

    យោងទៅតាម​រឿងនិទាន និង​រឿងព្រេង ការចាប់ផ្ដើម​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បាន​ផ្ដើមឡើង​ជាមួយ​ការ​វាយ​ប្រយុទ្ធប្រឆាំង​ជាមួយ​សត្វ​ក្នុង​ទេវ​កថា ដែលមាន​ឈ្មោះថា នៀ​ន មានន័យថា “ឆ្នាំ” ជា​ភាសា​ចិន។ នៅ​ថ្ងៃទី1 ក្នុង​ឆ្នាំ​ថ្មី នៀ​ន បានមក​កាប់សម្លាប់​ពួក​បសុសត្វ សូម្បីតែ​អ្នកភូមិ​ក៏ដោយ ជាពិសេស​គឺពួកក្មេង។ ដើម្បី​ការពារ​ខ្លួន ពួក​អ្នកភូមិ​បានដាក់​ចំណីអាហារ​នៅមុខ​ផ្ទះរបស់​ពួកគេ​ជា​រៀងរាល់​ដើមឆ្នាំ។ គេ​មានជំនឿថា បន្ទាប់ពី នៀ​ន បាន​ស៊ី​ចំណីអាហារ ដែល​ពួកគេ​ដាក់ឱ្យ​រួចហើយ វា​នឹងមិន​ធ្វើបាប ឬ​កាប់សម្លាប់​ប្រជាជន​ទៀត​ទេ។ គ្រាមួយ អ្នកភូមិ​បានឃើញ នៀ​ន មាន​ភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែល​ស្លៀកពាក់​ពណ៌​ក្រហម រួចហើយ​អ្នកភូមិ​ក៏​នាំគ្នា​យល់ថា នៀ​ន ខ្លាច​ពណ៌​ក្រហម។ ហេតុនេះហើយ នៅពេលដែល​ឆ្នាំ​ថ្មី​មកដល់ អ្នកភូមិ​នាំគ្នា​បំពាក់​គោម​ពណ៌​ក្រហម និង​បិត​ក្រដាស​ពណ៌​ក្រហម​នៅតាម​ទ្វារ និង​បង្អួច​ផ្ទះរៀងៗខ្លួន។

    អ្នកភូមិ​ក៏បាន​ប្រើ​ផាវ ដើម្បី​បណ្ដេញ នៀ​ន ឱ្យទៅ​ឆ្ងាយ​ពី​ភូមិ​របស់​ពួកគេ​ផងដែរ។ បន្ទាប់ពី​ពេលនោះ​មក នៀ​ន ពុំ​បានមក​ក្នុងភូមិ​ម្ដង​ទៀតឡើយ។នៅ​ចុងក្រោយ ហុង​ជុន​ឡាវ​ស៊ូ ជា​ព្រះសង្ឃ​សាសនា​តាវ​បុរាណ​ម្នាក់ បាន​ចាប់​សត្វ នៀ​ន នោះ។ សត្វ នៀ​ន ក៏​ខ្លាច​ទៅជា​យានជំនិះ របស់​ព្រះសង្ឃ​ហុង​ជុន​ឡាវ​ស៊ូ ទៅ។

    អំពី​ជំនឿផ្សេងៗរបស់​បងប្អូន​ជនជាតិ​ចិន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន

    ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន ឬក៏​ពី​ធីផ្សេងៗជា​ជំនឿ​របស់​បងប្អូន​ជាប់សែស្រឡាយ​ចិន មានការ​គោរព​ប្រ​ណិ​ប័ត​នូវ​ជំនឿផ្សេងៗជាច្រើន​ក្នុងនោះ​មាន​ការបិទ​យ័ន្ត​នៅមុខ​ផ្ទះ ក្នុងផ្ទះ មានការដុត​ផាវ មានការ​លោត​ម៉ុង​សាយ មានការ​សែនព្រេន មាន​ការដុត​ក្រដាស ដុត​ធូប​នៅ​ព្រះវិហារ ការនាំយក​អំពៅខ្មៅ និង​ស្លឹក​មៀន និង​ការតាំង​ផ្កា​អង្គាសីល​ក្នុងផ្ទះ​ជាដើម ។ល។

    ជំនឿ និង​តំណម​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន

    តាម​ប្រវត្តិសាស្ត្រ​ចិន មាន​ជំនឿ​លើ​ការគោរព​បុណ្យចូលឆ្នាំថ្មី​នេះ​យ៉ាងខ្លាំង។ គេ​មាន​តំណម​ជាច្រើន​នៅក្នុង​អំឡុង​ចូលឆ្នាំ3ថ្ងៃនេះ ជាពិសេស​ថ្ងៃទី1 ឫ​ហៅថា ថ្ងៃ​ឈឺ​អុ​ិ​ច។ ក្នុង​រយ:ពេល3ថ្ងៃនេះ គេ​ចាត់ទុកជា​ថ្ងៃ​ពិសេស​បំផុត​ដែល​មិនត្រូវ​ធ្វើ​អ្វី​ល្អក់កក​នាំឱ្យ​ប៉ះពាល់​ដល់​មង្គល ឬ​ដល់​ឆ្នាំ​ថ្មី​ឡើយ។ គេ​ត្រូវ​ធ្វើឱ្យ​សប្បាយ​នាំ​សិរី​សួស្តី​ចូលខ្លួន និង​ក្រុមគ្រួសារ។

    តំណម​យំ

    ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​ជនជាតិ​ចិន​មាន​តំណម​មិនឱ្យ​កើតរឿង​យំសោក​សៅ​នោះទេ ពីព្រោះ​វា​អាច​នាំមក​នូវ​រឿង​អពមង្គល​ដល់​ឆ្នាំ​ថ្មី​រហូត​ពេញ​មួយឆ្នាំ។ តំណម​នេះ​សូម្បីតែ​កូនចៅដែល​រឹងរូស​ក៏​ឪពុកម្តាយ ឬ​មនុស្ស​ចាស់​មិន​វាយ​ប្រៀនប្រដៅ​ដែរ គឺ​អត់ទ្រាំ​រហូត​ចប់​បុណ្យចូលឆ្នាំថ្មី​សិន។

    តែងខ្លួនស្អាតៗតែ​មិនគួរ​កក់សក់

    ការ​ស្លៀកពាក់​ខោអាវ​ថ្មី និង​តែងខ្លួន​ស្អាតបាទ​ជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​ថ្ងៃ​ទទួល​ឆ្នាំ​ថ្មី។ ទោះបីយ៉ាងណា​ក្នុងអំឡុង​ពេលនេះ គេ​មាន​តំណម​មួយ​គឺ​ហាម​កក់សក់ ប៉ុន្តែ​កន្លែងដទៃៗទៀត​អាចធ្វើ​ការសម្អាត​បាន​ធម្មតា ពីព្រោះថា ការ​កក់សក់​គេ​មានជំនឿថា​ហាក់បីដូចជា​ការលាង​ជម្រះ​ជោគ​សំណាង​ចេញពី​ខ្លួន​ដូច្នោះ​ដែរ។ ចំពោះ​សម្លៀកបំពាក់ពណ៌​ក្រហម​ជាទី​ពេញនិយម​បំផុត ដែល​គេ​ប្រើ​សម្រាប់​ស្លៀកពាក់​ក្នុងអំឡុង​ចូលឆ្នាំ​ចិន។ ពណ៌​នេះ​គេ​ចាត់ទុកជា​ពណ៌​ងូវ​ហេង​នាំ​ជោគ​លាភ និង​សិរី​សួស្តី។ សម្រាប់ក្មេងៗ ឬ​មនុស្ស​នៅ​លីវ គេ​តែង​ឱ្យ​អាំង​ប៉ាវ ដែលជា​កញ្ចប់​លុយ​ពណ៌​ក្រហម ព្រមទាំង​ក្រដាសប្រាក់ថ្មីៗ ដើម្បី​ទទួល​ជោគ​លាភ​សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ។

    ហាម​ចូល​បន្ទប់​របស់​អ្នកដទៃ

    ការចូល​ទៅរក​នរណា​ម្នាក់​ក្នុង​បន្ទប់ដេក​របស់គេ​ក្នុង​ថ្ងែ​បុណ្យចូលឆ្នាំ​ចិន ចាត់ទុកថា​ជា​ជោគ​សំណាងអាក្រក់។ ដូច្នេះ​ទោះបី​អ្នកមាន​រោគ​ជំងឺ​ដែល​ត្រូវ​ចូលទៅ​សួរសុខទុក្ខ ក៏​ចាំបាច់​ត្រូវ​ចេញមក​អង្គុយ​ក្នុង​បន្ទប់ទទួលភ្ញៀវ​ដែរ។ មិនគួរ​ប្រើ​កាំបិត ឬ​កន្ត្រៃ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នោះទេ ព្រោះ​គេ​មានជំនឿថា នេះ​ជាការ​កាត់​ជោគ​លាភ ហើយ​បើ​មាន​មុត​ដៃជើង​ផង គឺ​កាន់តែជួប​រឿង​អាក្រក់​ថែមទៀត។

    មិនឱ្យ​បែក​ចាន ឬ​កែវ

    ក្នុងថ្ងៃនេះ​គេ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​កាន់​ចាន ឬ​កែវ​ខ្លាំងណាស់ ព្រោះ​បើ​មាន​បង្ក​ឱ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក​ជាការ​នាំឱ្យ​បាត់បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួបតែ​រឿងប្រេះឆា​ពុំ​សូវ​មាន​សេចក្តីសុខ​ឡើយ៕

  • អ្នកវិនិយោគ​ជប៉ុន​គ្រោង​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​វិស័យ​សេវាកម្ម​នៅ​កម្ពុជា

    អ្នកវិនិយោគ​ជប៉ុន​គ្រោង​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​វិស័យ​សេវាកម្ម​នៅ​កម្ពុជា

    ក្រុមមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន ឈ្មោះថា JETRO បាន​អះអាងថា វិនិយោគិន​របស់ខ្លួន​ជាច្រើន​នាក់​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស្វែងយល់​ពី​វិស័យ​សេវាកម្ម​មុននឹង​បោះទុន​វិនិយោគ។

    លោក ម៉ាសា​ហ្ស៊ី កូ​ណូ (Masashi Kono) ដែល​ដឹកនាំ​ក្រុម​គណប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ម្សិលមិញ​បានលើកឡើង​ថា នៅ​សប្ដាហ៍​ក្រោយ​អង្គការ JETRO នឹង​ដឹកនាំ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​មួយក្រុម​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​អំពី​វិស័យ​សេវាកម្ម​នៅ​កម្ពុជា ដែល​រួមមាន​ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និង​ទេសចរណ៍។

    ជំនួប​ដ៏​កម្រ​នោះ ក៏មាន​ការពិភាក្សា​លើ​ការងារ​មួយចំនួន​ដែល JETRO កំពុងតែ​អនុវត្ត ជាពិសេស​ការសម្របសម្រួល និង​ជំរុញ​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ក្នុង​គោលដៅ​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើនឡើង និង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ផងដែរ។

    ជាការ​ឆ្លើយតប ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្ដែង​ការស្វាគមន៍​ដល់​ក្រុមហ៊ុន​ជប៉ុន​ដែល​តែងតែ​នាំនូវ​ស្ដង់ដារល្អៗមក​កម្ពុជា។ ឯកឧត្តម​បាន​កត់សម្គាល់ថា ការរីកដុះដាល​របស់​ភោជនីយដ្ឋាន​ជប៉ុន ជាពិសេស​ដែល​បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​ចំណីអាហារ​នៅ​កម្ពុជា​ផងដែរ៕

  • ប្រតិកម្ម 9យ៉ាង​របស់​រាងកាយ ដែល​អ្នក​គិតថា​ជា​រឿង​ប្រក្រតី… តែ​មិន​ប្រក្រតី​ទេ

    ប្រតិកម្ម 9យ៉ាង​របស់​រាងកាយ ដែល​អ្នក​គិតថា​ជា​រឿង​ប្រក្រតី… តែ​មិន​ប្រក្រតី​ទេ

    ទំព័រ​សុខភាព​លេខ​នេះ ឡា​រ៉ែ​ន មាន​ខ្លឹមសារល្អៗ ពាក់ព័ន្ធ​នឹង​សុខភាព​រាងកាយ​ដែល​មិត្ត​អ្នកអាន​អាច​នឹងមិន​ធ្លាប់​បានដឹង​ពីមុនមក​ជម្រាបជូន។

    ជា​ប្រក្រតី​រាងកាយ​របស់​មនុស្ស​យើង​មានប្រតិកម្ម​ជាច្រើន​ដែល​មនុស្ស​ភាគច្រើន​គិតថា វា​ជា​រឿង​ប្រក្រតី​ធម្មតា​ដែល​កើតឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​តាម​ធម្មជាតិ ដូចជា ការ​ស្ងាប និងការ​កណ្ដាស់​ជាដើម ទាំងអស់នេះ​វា​ជា​រឿង​អស្ចារ្យ​ម្យ៉ាង​របស់​រាងកាយ​មនុស្ស​យើង តែ​ការពិត​វា​ជា​យន្តការ​មួយ​ក្នុងការ​ការពារ​ខ្លួន​របស់​រាងកាយ​អ្នក​ហ្នឹងឯង ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន សូមនាំ​ប្រតិកម្ម9យ៉ាង​របស់​រាងកាយ​ម​នុស្ស​យើង​មក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​បានដឹង។

    1/ កណ្ដាស់៖ ជា​ប្រក្រតី​អ្នកនឹង​កណ្ដាស់​នៅពេល​ច្រមុះ​របស់​អ្នកមាន​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង ដូចជា ធូលី​ដី​ក្លិន​ឆួល ឬអ្វី​ម្យ៉ាង​ដែល​ប៉ះពាល់​សាច់​ភ្នាស​ច្រមុះ​ខ្លាំង​ជ្រុល​ពេក ដូច្នេះ​ទើប​ការ​កណ្ដាស់​ប្រៀបដូចជា​ការ​កម្ចាត់​សំរាម​ចេញពី​រាងកាយ​ដែរ។

    2/ ស្ងាប៖ ជា​ប្រតិកម្ម​ម្យ៉ាង​ដែល​រាងកាយ​ធ្វើឡើង​ដើម្បីឱ្យ​ខួរក្បាល​ត្រជាក់​ចុះ បន្ទាប់ពី​ខួរក្បាល​បានទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក។

    3/ ព្រឺ​សម្បុរ (ព្រឺរោម)៖ វា​ជាការ​បន្ថយ​បរិមាណ​កម្ដៅ​នៅក្នុង​រាងកាយ​តាមរយៈ​រន្ធ​រោម ដើម្បី​ជាការ​ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​រាងកាយ​ក្នុង​សភាព​អាកាសធាតុ​មិន​អំណោយផល។

    4/ ភ្ញាក់​កន្ត្រាក់​ពេល​គេង​លក់៖ ជា​អា​ការដែល​ពេល​អ្នក​កំពុង​គេង​លក់​ទៅហើយនោះ សុខៗស្រាប់តែ​កើត​អាការ​ភ្ញាក់​កន្ត្រាក់​ភ្លាម​ឡើង​តែម្ដង។ ជាការ​កន្ត្រាក់​របស់​សាច់ដុំ ដែល​ជួនកាល​វា​អាច​កន្ត្រាក់​ខ្លាំង​រហូតដល់​អ្នកខ្លះ​សឹងតែ​ធ្លាក់​ពីលើ​គ្រែ​ផង​ក៏មាន។ វា​ជា​លទ្ធផល​មកពី​ក្រោយពេល​រាងកាយ​លង់លក់​ទៅ ចង្វាក់​នៃ​ការដកដង្ហើម​នឹង​ធ្លាក់ចុះ​ទាបភ្លាមៗ ហើយ​ខណៈពេល​ជាមួយគ្នា ជីពចរ​ក៏​នឹង​លោត​យឺត​ដែរ រួមទាំង​សាច់ដុំ​ក៏​បន្ធូរ​ខ្លួន​ដែរ​ផង​នោះ ដូច្នេះ​ទើប​ខួរក្បាល​ត្រូវ​ធ្វើឱ្យ​រាងកាយ​ស្វាហាប់​ឡើងវិញ ដើម្បី​មិនឱ្យ​ប្រព័ន្ធផ្សេងៗធ្វើការ​យឺត​រហូតដល់​ឈប់​ធ្វើការ ទើប​ខួរក្បាលបញ្ជូន​ការងារ​ធ្វើឱ្យ​រាងកាយ​អង្រួន​ឡើង​ហ្នឹងឯង។ អាច​និយាយបានថា នេះ​ជា​ភាព​អស្ចារ្យ​មួយ​របស់​ខួ​ក្បាលមនុស្ស​យើង។

    5/ ទឹកភ្នែក៖ ក្រៅពី​ការបំពេញ​តួនាទី​ការពារ​មិនឱ្យ​វត្ថុ​ចម្លែកផ្សេងៗចូលមកក្នុង​កែវភ្នែក​ហើយ​នោះ ទឹកភ្នែក​ថែមទាំង​ជា​ឧបករណ៍​ការពារ​ខាង​អារម្មណ៍​ទៀតផង ដោយ​អ្នកវិទ្យាសាស្ត្រ​ជឿថា ក្នុង​ស្ថានការណ៍​ដែល​តានតឹង រាងកាយ​នឹង​សាង​ចំណាប់អារម្មណ៍​ទៅ​កន្លែង​ផ្សេង ទើប​ធ្វើឱ្យ​កែវភ្នែក​ក្រហាយ និង​យំ​ស្រក់​ទឹកភ្នែក​ចេញមក។

    6/ ស្បែក​ឡើង​ផុយ៖ ក្រោយពី​រាងកាយ ឬ​ស្បែក​មនុស្ស​យើង​ត្រូវ​ទឹក ឬ​ត្រាំ​ក្នុង​ទឹក​អស់​រយៈពេល​យូរ គេ​សង្កេតឃើញថា ស្បែក​ឡើង​ជ្រួញ​ផុយ ជាពិសេស​នៅលើ​ដៃ​និង​ជើង។ វា​ជា​រឿង​ដែល​កើតឡើង​បាន បើសិនជា​រាងកាយ​បានទទួល​ភាព​ទទឹក​សើម​ក្នុង​បរិមាណ​ខ្ពស់ ដូច្នេះ​ស្បែក​នឹង​ចាប់ផ្ដើម​សម្រួល​ខ្លួន​ភ្លាម ដើម្បីឱ្យ​អាច​ចាប់​កាន់​វត្ថុ​រាបស្មើរលោងៗបាន​យ៉ាង​ងាយ។

    7/ ការបាត់បង់​ការចង​ចាំ៖ ច្រើនតែ​កើតឡើង​ក្រោយពី​បាន​ជួប​ហេតុការណ៍​អាក្រក់​បំផុត ដូច្នេះ​ទើប​ខួរក្បាល​ធ្វើការ​លុប​ការចងចាំ​នោះ​ចោល។

    8/ ត្អើក៖ ការទទួល​ទាន​អាហារ​យ៉ាង​រហ័ស​លេប​អាហារ​ដុំធំៗ ឬ​ទទួលទាន​ច្រើន​ជ្រុល​ពេក នឹង​ហុច​ផល​រំខាន​ប្រព័ន្ធ​ប្រសាទ Pneumogastric បន្ទាប់ពីនោះ​ប្រព័ន្ធ​ប្រសាទ​នឹង​ត​ភ្ជាប់​មករក​ក្រពៈ និង​ក្បាំង​ខ្យល់​របស់​អ្នក​ធ្វើឱ្យ​កើតការ​ត្អើក​ឡើង។

    9/ ការ​ពន្យឺត ឬ​ពត់​ខ្លួន៖ តាម​សញ្ជាតិញាណ​អ្នក​តែងតែ​ពន្យឺត ឬ​ពត់​ខ្លួន​ដើម្បី​ត្រៀម​ភាព​ប្រុងប្រៀប​សម្រាប់​រាងកាយ តែ​ក្នុងខណៈពេល​ជាមួយគ្នា​នោះ ការ​ពន្យឺត​សាច់ដុំ​ក៏​ជួយ​ស្ដារ​ចរន្តឈាម​រត់ និង​ជួយ​បង្កើន​អារម្មណ៍​ឱ្យ​រាងកាយ​មាន​ភាពស្វាហាប់​ផងដែរ៕

  • ផ្លែ​ឪឡឹក​សម្បក​លឿង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ផ្លែ​ឪឡឹក​សម្បក​លឿង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ឪឡឹក​លឿង គឺជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែលមាន​សម្បក​ខាងក្រៅ​ពណ៌​លឿង និង​សាច់​ខាងក្នុង​ពណ៌​ក្រហម និង​មាន​សាច់​ហាប់​ណែន​ផ្អែម​ឆ្ងាញ់ ឃើញ​ហើយ​គួរឱ្យ​ចង់​ទទួលទាន ដោយសារ​វា​ត្រូវបាន​គេ​ដាំ​តាម​បច្ចេកទេស​ធម្មជាតិ​សុទ្ធសាធ​ដែល​គ្មាន​ប្រើ​សារធាតុ​គីមី​ឡើយ។

    លោក ផែង វណ្ណៈ ម្ចាស់​កសិដ្ឋាន​សម្តេច​យស​ដំណាក់​ក្រាញ់ មាន​ទីតាំងនៅ​ភូមិ​អ​ន្សា​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ពូជ​ឪឡឹក​ប្រភេទ​ថ្មី​នេះ​ត្រូវបាន​នាំចូល​មកពី​ប្រទេស​តៃវ៉ាន់ តាំងពី​ឆ្នាំ2010មក ហើយ​បានធ្វើការ​សាកល្បង​ដាំ​ដុះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដោយសារ​មើលឃើញថា កម្ពុជា និង​ចិន​មាន​អាកាសធាតុ​ត្រជាក់-ក្តៅ​ប្រហាក់ប្រហែលគ្នា​ដែល​អាច​អំណោយផល​ក្នុង​ការដាំដុះ​ដំណាំ​កសិកម្ម​មួយ​នេះ​បាន។

    លោក​បន្តទៀតថា ក្រោយពី​ការសាកល្បង​ដាំ និង​ថែទាំ​ដោយ​យកចិត្តទុកដាក់​រួចមក ឪឡឹក​លឿង​ក៏​ទទួលបាន​ផល​ដូច​ការគ្រោងទុក​ពិតមែន ដោយ​ប្រើ​បច្ចេកទេស​ដាំ​ដុះ​តាមរបៀប​ធម្មជាតិ និង​ប្រើតែ​ជី​លាមក​សត្វ និង​ជីកំប៉ុស​ប៉ុណ្ណោះ ធ្វើឱ្យ​ឪឡឹក​មាន​ផ្លែ​ធំ និង​មាន​សាច់​ផ្អែម​ឆ្ងាញ់ និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​ទីផ្សារ​បន្លែ​ធម្មជាតិ ដូចជា​សួន​បន្លែ​ធម្មជាតិ(Natural Garden) ផ្សារ​សេ​ដាក់​កសិដ្ឋាន​ខ្មែរ និង​ផ្សារ​អាល្លឺម៉ង់​នៅ​ម្តុំ​ទួល​ទំពូង​ជាដើម។ល។ ចំណែក​តម្លៃ​របស់​វា​ក៏​ថ្លៃ​ជាង​ឪឡឹក​ដែល​ដាំ​តាម​បច្ចេកទេស​គីមី​ដែល​គេ​ដាក់លក់​នៅលើ​ទីផ្សារ​នានា​ដែរ។

    ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ​វិញ មិនមាន​លក្ខណៈ​ស្មុគស្មាញ ឬ​ខុសគ្នា​ច្រើន​ពី​ការដាំ​ឪឡឹក​ក្នុងស្រុក​យើង​នោះទេ ពោលគឺ​មុននឹង​ដាំ គេ​ត្រូវ​បណ្តុះ​កូន​ចោល​នៅក្នុង​កន្ទោង ឬ​ក្នុង​ថង់​រយៈពេល 7ថ្ងៃ ទៅ10ថ្ងៃ​ជាមុនសិន។ ក្នុងអំឡុងពេល​បណ្តុះ​កូន កសិករ​ត្រូវ​ភ្ជួរ​ដី​ហាល​ឱ្យ​ស្ងួត​ល្អ​រួច​យក​ជីលា​មក​គោ ឬ​ជីកំប៉ុស​ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិផ្សេងៗទៅ​បាច​ពីលើ​ដី​ឱ្យ​សព្វ​ហើយ​ហាល​ចោល​ឱ្យ​ស្ងួត​ល្អ​ដើម្បី​សម្លាប់​មេរោគ រួចហើយ​ទើប​ភ្ជួរ​ត្រឡប់​លុប​ជី​នោះ និង​ភ្ជួរ​លើក​ជា​រង​ដោយ​ទុកចន្លោះ​ពីគ្នា​ប្រមាណ​ជា 3ម៉ែត្រ។

    ក្រោយពី​លើក​ជា​រង​រួច គេ​ចាប់ផ្តើម​យក​កូន​ឪឡឹក​ទៅ​បង្កាត់​ពូជ ឬ​បំបៅ​ជាមុនសិន ទើប​យកទៅដាក់​ដាំ​ដោយ​ទុក​ចម្ងាយ​ពីមួយ​គុម្ព​ទៅមួយ​គុម្ព​ចំនួន​មួយ​ម៉ែត្រ និង​ដាក់​ដាំ​ក្នុង​មួយ​គុម្ព​តែមួយ​ដើម​ប៉ុណ្ណោះ។ អំឡុងពេល​ដាំ​នោះ កសិករ​ត្រូវ​ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ ស្រោច​តិច ឬ​ច្រើន គឺ​អាស្រ័យ​លើ​កត្តា​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់។ ក្រោយពី​ចាប់ផ្តើម​ដាក់​ដាំ​រួចហើយ ពេល​ឪឡឹក​មាន​អាយុ​កន្លះ​ខែ​ត្រូវដាក់​ជី​នៅតាម​គុម្ព​ម្តងទៀត និង​ថែទាំ​បាញ់ថ្នាំ​ផ្សំ​ពី​ធម្មជាតិ​ដើម្បី​ការពារ​សត្វល្អិត​ជាប្រចាំ កុំឱ្យ​សត្វល្អិត​មក​យាយី​ធ្វើឱ្យ​មិនសូវ​ទទួលបាន​ផល​ល្អ។ លោក​បាន​បញ្ជាក់ថា “បើ​ដាំ​តាម​ធម្មជាតិ​ឪឡឹក​មិនបាន​ផ្លែ​ធំ​ទេ គឺមាន​ទម្ងន់​ប្រហែលជា 1គីឡូក្រាម​ទៅ 1.5គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចេះ​បំបៅ​បង្កាត់​ពូជ​វិញ ឪឡឹក​នឹងមាន​ទម្ងន់​ចន្លោះ​ពី4 ទៅ7គីឡូក្រាម​ឯណោះ​ក្នុង​មួយ​ផ្លែ។

    ក្រោយពី​ដាក់​ដាំ​បាន​ត្រឹម​រយៈពេល​តែមួយ​ខែ ឪឡឹក​នឹង​ចាប់ផ្តើម​ចេញ​ផ្កា និង​ផ្លែ រហូតដល់​អាយុ​មួយខែ​កន្លះ​ទើប​ផ្លែ​ឪឡឹក​ទុំ​អាច​បេះ​លក់បាន ដោយ​ក្នុង1ហិកតា​ដែលមាន​ប្រមាណ​ជា 3,600គុម្ព​នោះ គេ​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជា 40តោន​ដោយ​លក់​បោះ​ដុំ​ក្នុង​មួយ​គីឡូក្រាម​បាន​តម្លៃ 2,000 – 2,500រៀល ឬ​មានតម្លៃ​ប្រហាក់ប្រហែល 8,000រៀល ទៅ10,000រៀល​ក្នុង​មួយ​ផ្លែ។ បន្ទាប់ពី​ប្រមូល​ផល​បាន​ប្រហែលជា 10ថ្ងៃ ឪឡឹក​នឹងត្រូវ​ងាប់​ដើម​អស់ តែ​គេ​នៅ​អាច​រក្សាទុក​ផ្លែ​ឪឡឹក​ប្រភេទ​នេះ​បាន​រហូត 2 ទៅ3សប្តាហ៍។

    ម្ចាស់​កសិដ្ឋាន​ខាងលើ​បាន​អះអាងថា ឪឡឹក​ប្រភេទ​នេះ​នៅ​ស្រុក​យើង​គឺ ដាំ​បាន​គ្រប់​រដូវ​កាល​មិនមែន​សម្រាប់តែ​រដូវក្តៅ ឬ​ត្រជាក់​នោះទេ ហើយ​ទទួលបាន​ផល​ល្អ​ដូចគ្នា ប៉ុន្តែ​ត្រូវមាន​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ ពិសេស​គឺ​ត្រូវ​បូមទឹក​ដាក់ និង​ការពារ​សត្វល្អិត​ចង្រៃ​ជាប្រចាំ។ ប៉ុន្តែ​សម្រាប់​កសិដ្ឋាន​ខាងលើ​វិញ​គឺ ដាំ​តែ​ពីរ​រដូវ​ប៉ុណ្ណោះ ដោយ​អាច​បេះ​លក់បាន​ចំពេល​រដូវចូលឆ្នាំ​ចិន និង​ចូលឆ្នាំ​ខ្មែរ​តែម្ដង ព្រោះ​ជា​ខែ​ដែលមាន​តម្រូវការ​ក្នុងការ​សែនព្រេន​ដូនតា ដែល​លក់ដាច់​ខ្លាំង និង​មានតម្លៃ​ខ្ពស់​ទៀតផង៕

  • ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ សុខ ជំនោរ ដឹកដៃភរិយាកម្សាន្ដនៅប្រទេសកូរ៉េ

    ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ សុខ ជំនោរ ដឹកដៃភរិយាកម្សាន្ដនៅប្រទេសកូរ៉េ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កវីនិពន្ធលោក សុខ ជំនោរ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយភរិយាជាច្រើនសន្លឹក នៅទី 14 ខែកុម្ភៈ ឆ្នាំ 2018 នេះ ដែលត្រូវនឹងថ្ងៃបុណ្យក្ដីស្រឡាញ់ ឬ Valentine’s Day ។ ដោយឡែករូបភាពជាច្រើនសន្លឹកនោះបានស្ដែងឱ្យឃើញថា ​ទោះ​រវល់​នៅក្នុង​ការងារ​ក៏ដោយ​តែកវីរូបនេះមិន​ភ្លេច​ដឹក​ដៃ​ភរិយា​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េនៅ​ថ្ងៃទី 14 កុម្ភៈនោះដែរ ។

    គួររំឮកផងដែរថា ​ក្រោយពី​រៀបអាពាហ៍ពិពាហ៍​ភ្លាម​លោក សុខ ជំនោរ និង ភរិយា​បាននាំគ្នា​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ប្រទេស​ចិន​ ហើយ​ពេលនេះអ្នកទាំងពីរក៏បានបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នាបង្អួតមហាជនអ្នកគាំទ្រផងដែរ។ រហូតមកទល់ពេលនេះ ភរិយារបស់លោក សុខ ជំនោរ នៅមិនទាន់មានដំណឹងឃ្លាន​ម្ជូរ​នៅឡើយ​ទេ នោះក៏ដោយសារតែរូបលោកផ្ទាល់មមារញឹកនិងការងារពេកក៏អាចថាបានដែរ តែយ៉ាងណាមិញ ភាពផ្អែមល្ហែមរបស់លោក និងភរិយា នៅតែមានរាល់ថ្ងៃ និងអណ្ដែតឡើងនៅលើហ្វេសប៊ុកថែមទៀតផង។

    ចង់ដឹងថា ដំណើរកម្សាន្ដទៅប្រទេស កូរ៉េ របស់កវីរូបនេះ និងភរិយា មានភាពផ្អែមល្ហែមដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ក្រុមហ៊ុន​សាធារណរដ្ឋ​កូរ៉េ នឹង​នាំ​បច្ចេកវិទ្យា​ចូលមកក្នុង​វិស័យ​កសិកម្ម

    ក្រុមហ៊ុន​សាធារណរដ្ឋ​កូរ៉េ នឹង​នាំ​បច្ចេកវិទ្យា​ចូលមកក្នុង​វិស័យ​កសិកម្ម

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​បើក​ច្រក​សម្រាប់​ការអនុវត្ត​គម្រោង​ស្តីពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កសិកម្ម និង​ការធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Ahn Jong-ho តំណាង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​ថ្មី​មួយ​ដើម្បី​បើកផ្លូវ​ឱ្យមាន​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នាពេល​អនាគត។ បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​រួច ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ថ្មី​មួយ​នេះ​មាន​អត្ថប្រយោជន៍​ច្រើនណាស់​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​មួយ​មាន​អាទិភាព​ក្នុងការ​ទ្រទ្រង់ ឬ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​ផងដែរ។

    បច្ចេកវិទ្យា​កសិកម្ម​ជា​ធាតុ​មួយ​មិនអាច​ខ្វះ​បាន​ក្នុងសម័យ​ទំនើប​នេះ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ផលិតភាព​កសិកម្ម ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម ដែលមាន​និន្នាការ​កើនឡើង​ជា​លំដាប់ ស្រប​នឹង​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​វិនិយោគ​ពី​ប្រទេសសំខាន់ៗ ជាពិសេស​កំណើន​ភ្ញៀវទេសចរ បានធ្វើ​ឲ្យ​តម្រូវការ​ផលិតផល​ក​សិ​កម្ម​កើន​ឡើងជា​លំដាប់។ យោងតាម​ការអះអាងរ​បស់​រដ្ឋមន្ត្រី​កសិកម្ម។

    ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា៖“ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កសិកម្ម និង​ការធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​ដែល​ទទួលបាន​ការគាំទ្រ​ពី​សាធារណរដ្ឋ​កូរ៉េ គឺមាន​អត្ថប្រយោជន៍​យ៉ាងខ្លាំងក្នុងការ​រៀបចំ​ផែនការ​ការងារ​ដាំ​ដុះ​ដំណាំ ដោយ​ជ្រើសរើស​ពូជ​ដំណាំ ស្របតាម​គុណភាព​ដី ទឹក ក្សេត្រ​បរិស្ថាន និង​ជាពិសេស​ស្របទៅតាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ក៏ដូចជា​ទីផ្សារ​នាំចេញ។

    ឯកឧត្តម រដ្ឋមន្ត្រី បាន​បន្ថែមថា៖ “ការកំណត់​ផែនទី​ដាំ​ដុះ​បាន​សុក្រឹត និង​ត្រឹមត្រូវ​ល្អ​នោះ​គឺជា​ព័ត៌មាន​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​វិនិយោគិន​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ដាក់ទុន​វិនិយោគ​លើ​ការដាំដុះ​ឱ្យ​ត្រូវ​តាម​ស្ថានភាព និង​គុណភាព​ដី។

    លោក Ahn Jong-ho តំណាង​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ ថ្លែងថា កម្ពុជា​សម្បូរ​ធនធាន​កសិកម្ម​ដែលមាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ ដោយឡែក​កូរ៉េ​សម្បូរ​ទៅដោយ​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​កសិកម្ម​ដូច្នេះ​ប្រសិនបើ​កម្មវត្ថុ​ពីរ​នេះ​រួមបញ្ចូល​គ្នា​នោះ វិស័យ​កសិកម្ម​កម្ពុជា​ប្រាកដជា​មានការ​អភិវឌ្ឍ​លឿន​ជាមិនខាន​នាពេល​អនាគត។

    លោក​បាន​បញ្ជាក់ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កសិកម្ម និង​ការធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ នឹងចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នាពេល​អនាគត​ដ៏​ខ្លី។ ហើយក្រុមហ៊ុន​សន្យាថា​នឹង​ប្រើប្រាស់​បច្ចេកវិទ្យាទំនើបៗក្នុងការ​អនុវត្ត​គម្រោង​នេះ ធ្វើយ៉ាងណា​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​អ្វីដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រំពឹងទុក។

    កន្លងទៅថ្មីៗ ក្រុមហ៊ុន​មកពី​សាធារណរដ្ឋ​កូរ៉េ​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​ត្រឹមតែ​លើ​ការដាំដុះ​ផលិតផល​កសិកម្ម​នោះទេ ក្រុមហ៊ុន​កូរ៉េក៏មាន​បំណង​នាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ដូចជា​គ្រាប់ស្វាយចន្ទី និង​ផ្លែ​ស្វាយកែវ​រមៀត​ជាដើម។ ទោះជា​បែបនេះ​ក្តី ក៏​នៅតែ​មិនទាន់មាន​ការនាំចេញ​ផ្លូវការ​ណាមួយ​បានធ្វើ​ឡើង​នោះទេ​រហូតមក​ដល់ពេលនេះ៕

  • បើក​អាជីវកម្ម​ដំបូង គួរ​ជ្រើសរើស​បុគ្គលិក​បែបណា?

    បើក​អាជីវកម្ម​ដំបូង គួរ​ជ្រើសរើស​បុគ្គលិក​បែបណា?

    នាពេល​បច្ចុប្បន្ននេះ អាជីវកម្ម​ជាច្រើន​បាន និង​កំពុងបើក​ឡើង​ដំណាលគ្នា  ខណៈ​អាជីវកម្ម​ខ្លះ​អាចឈរជើង​ក្នុង​ទីផ្សារ​បាន​រហូតដល់​ទៅ​រាប់​ឆ្នាំ តែ​អាជីវកម្ម​ខ្លះទៀត​បែ​ជា​ត្រូវ​បិទ​ទៅវិញ​ក្នុង​រយៈពេល​យ៉ាងខ្លី ដោយ​ក្នុងនោះ​កត្តា​ធនធានមនុស្ស គឺជា​រឿង​សំខាន់​មួយ​ដែលជា​បច្ច័យ​ធំ​មួយ​ដែរ​ក្នុង​បញ្ហា​ទាំងអស់នេះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អឿ គីម​លី​វ័​ន្ត នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​ធនធានមនុស្ស First Idea Consulting បាន​លើកឡើងថា ក្រុមហ៊ុន​ទាំងអស់​សុទ្ធតែ​យកចិត្តទុកដាក់ និង​មានការ​កង្វល់​ពី​បញ្ហា​ធនធានមនុស្ស​គ្រាន់តែ​ក្រុមហ៊ុន​ថ្មី​គាត់​ត្រូវ​យកចិត្តទុកដាក់​ខ្លាំងជាងគេ ព្រោះ​គាត់​ស្ថិតក្នុង​ដំណាក់កាល​ចាប់ផ្ដើម​ដែល មានការ​លំបាក និង​ត្រូវធ្វើ​រឿង​ជាច្រើន​ទៀត។ សម្រាប់​ដំណាក់កាល​នេះ ម្ចាស់​អាជីវកម្ម​ត្រូវ​ជ្រើស​រើសយក​បុគ្គលិក​ដែលជា​មនុស្ស​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការងារ និង​លះបង់​ច្រើន​បន្តិច ព្រោះថា ស្ថិតក្នុង​ដំណាក់កាល​ចាប់ផ្ដើម

    អាជីវកម្ម​ថ្មី​ដែល​សកម្មភាព និង​ការ​ដំណើរការ​ក្រុមហ៊ុន​ទាំងមូល​មិនទាន់​ដើរ​បានល្អ​ខ្លាំង​នៅឡើយ ហេតុនេះ​បុគ្គលិក​ដែល​អាច​រួម​ដំណើរ​ទៅ​ជាមួយគ្នា​បាន គឺ​ចាំបាច់​ត្រូវតែ​ជាម​នុស្ស​ដែលមាន​ការលះបង់​ខ្ពស់ ហើយ​មានចិត្ត​អំណត់ ជាមួយនឹង​ការយកចិត្តទុកដាក់​ដើម្បី​រួមគ្នា​សម្រេច​ជោគវាសនា​ក្រុមហ៊ុន។

    លោក អឿ គីម​លី​វ័​ន្ត បាន​និយាយថា ៖ “ក្រុមហ៊ុនថ្មីៗអាចមាន​ការលំបាក​ប​ន្តិ​ច​ក្នុងការ​ជ្រើសរើស​បុគ្គលិក ព្រោះ​ក្រុមហ៊ុន​ដែល​មិនទាន់មាន​កេរ្តិ៍ឈ្មោះ​ល្បី  មិនសូវមាន​បេក្ខជន​ចាប់អារម្មណ៍​ដាក់ពាក្យ​នោះទេ ហេតុនេះ​អ្វីដែល​ម្ចាស់​អាជីវកម្ម​ត្រូវធ្វើ គឺ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្ហាញ​ពី​ផលប្រយោជន៍​ដែល​ក្រុមហ៊ុន​នឹង​ផ្តល់ជូន​បុគ្គលិក រួម​ជាមួយនឹង​ការបង្ហាញ​ពី​ឱកាស​សម្រាប់​ភាព​លូតលាស់​ដល់​ពួកគេ។

    អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ធនធានមនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការបង្ហាញ​ពី​ឱកាស​អភិវឌ្ឍន៍ គឺជា​រឿង​សំខាន់​មួយ​ដែល​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង ព្រោះ​គោលបំណង​របស់​បុគ្គលិក​ក្នុង​ការធ្វើការងារ​នៅក្នុង​ក្រុមហ៊ុនថ្មីៗ គឺ​ភាគច្រើន​គាត់​ចង់​រៀនសូត្រ និង​អភិវឌ្ឍ​ខ្លួន​ទៅជា​មួយ​ស្ថាប័ន​ដើម្បី​ទទួលបាន​ឱកាសល្អ​នៅ​ថ្ងៃ​អនាគត។ ម្យ៉ាងវិញទៀត ម្ចាស់​ក្រុមហ៊ុន​ដែល​ទើបនឹង​បើក​ថ្មី​ក៏​គួរតែ​ផ្តល់​តម្លៃ​ចម្បង និង​បញ្ជាក់​ពី​ការទទួលខុសត្រូវ និង​អត្តចរិត​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​បុគ្គលិក​ផងដែរ ព្រោះថា ចំណុច​នេះ​សំខាន់​ជាង​ជំនាញ​ទៅទៀត។ ជាធម្មតា ជំនាញ គឺ​យើង​អាច​បណ្តុះបណ្តាល​បាន តែ​សម្រាប់​អត្តចរិត និង​ការទទួលខុសត្រូវ​គឺជា​រឿង​ដែល​មិនអាច​មើលរំលង​បានឡើយ។

    ស្រប​ជាមួយគ្នានេះដែរ លោក ស៊ិន បញ្ញា​វុ​ឌ្ឍី​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​បាន​លើកឡើងថា សម្រាប់​អាជីវកម្ម​បើកថ្មីៗ គួរ​ជ្រើស​រើសយក​បុគ្គលិក​ដែលមាន​ឆន្ទៈ​ចង់​ជួយ ច្រើនជាង​បុគ្គលិក​ដែល​បម្រើ​ការងារ​បែប​ធម្មតា ព្រោះថា អាជីវកម្ម​ថ្មី​ជា​អាជីវកម្ម​ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​បញ្ហា​ច្រើន ហើយ​ពេលខ្លះ​ទាំង​អ្នកគ្រប់គ្រង និង​បុគ្គលិក​ក៏​ហត់នឿយ​ច្រើនជាង​អាជីវកម្ម​ដែល​គេ​បើក​ដំណើរការបាន​យូរហើយ​ដែរ ហេតុនេះ​បុគ្គលិកម្នាក់ៗចាំបាច់​ត្រូវតែ​យល់​ពី​ស្ថានភាព​អាជីវកម្ម​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ​ឱ្យបាន​ច្បាស់​ទើប​មិនមាន​បញ្ហា។ ម្យ៉ាងវិញទៀត ប្រសិនបើ​បុគ្គលិក​ទូទៅ​ដែល​ដាក់ពាក្យ​ដើម្បីឱ្យ​តែមាន​ការងារ​ធ្វើ ឬ​ជា​អ្នក​ដែល​ដាក់ពាក្យ​ដោយ​សម្លឹង​ឃើញតែ​ផលប្រយោជន៍ គាត់​អាច​នឹងមាន​ការនឿយហត់​នៅពេលដែល​គាត់​ត្រូវធ្វើ​ការងារ​ច្រើនជាងគេ តែ​ប្រាក់ខែ​ទទួលបាន​ដូច​គេ​ដែរនោះ។

    លោក​សាស្ត្រាចារ្យ ស៊ិន បញ្ញា​វុ​ឌ្ឍី បាន​និយាយថា ៖ “បុគ្គលិក​ដែលមាន​ភាព​ឆ្លាត​វៃ មាន​ជំនាញ​ខ្ពស់ តែ​បែរជា​មក​ចាប់យក​ឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ណាមួយ​ដែល​គេ​ទុកចិត្ត ក៏​អាចជា​ជម្រើស​ល្អ​មួយ​ដែរ ព្រោះថា ប្រសិនបើ​ពួកគេ​ជួយ​ឱ្យ​ស្ថាប័ន​នោះ​រីកចម្រើន​ទៅមុខ​បាន​ដោយ​ជោគជ័យ​នោះ គេ​ក៏​នឹង​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៅក្នុង​ស្ថាប័ន​នោះ។

    លោក​សាស្ត្រាចារ្យ​បានលើកឡើង​ផងដែរ​ថា​ក្រៅពីនេះ​ក្រុមហ៊ុន​ដែល​ទើបនឹង​បង្កើត​ថ្មី ជា​ក្រុមហ៊ុន​ដែល​យើង​ជា​បុគ្គលិក​អាច​មានឱកាស​អភិវឌ្ឍ​ខ្លួន​បាន​លឿន ព្រោះ​ក្រុមហ៊ុន​ថ្មី​នេះ​មិនទាន់​ឆ្អែត​លើ​ការរីកចម្រើន​ដូច​ក្រុមហ៊ុន​បើក​មក​យូរ​ឆ្នាំ​ហើយ​នោះទេ ហេតុនេះ​បុគ្គលិកខ្លាំងៗមួយចំនួន​អាច​នឹង​អភិវឌ្ឍ​ខ្លួន​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដែរ។ លើសពីនេះទៅទៀត​សម្រាប់​អ្នកគ្រប់គ្រង ឬ​ម្ចាស់​អាជីវកម្ម​វិញ ក៏​ទាមទារ​ឱ្យមាន​វិធី​បញ្ចុះបញ្ចូល​បុគ្គលិក​ស្នូល ឬ​បុគ្គលិក​ដែលមាន​ជំនាញ​ខ្លាំង មាន​បទពិសោធ​យូរ​ឆ្នាំ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ខ្លាំង​ដូចគ្នា​ដែរ៕

  • អ្នកលេងបណ្ដាញសង្គមម្នាក់ចេញមុខរិះគន់បទ ” ផឹកស៊ីហាមរត់ ” មុនថ្ងៃចូលឆ្នាំប្រពៃណីចិន

    អ្នកលេងបណ្ដាញសង្គមម្នាក់ចេញមុខរិះគន់បទ ” ផឹកស៊ីហាមរត់ ” មុនថ្ងៃចូលឆ្នាំប្រពៃណីចិន

    កៀកជិតមកដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីបងប្អូនជនជាតិចិន ដែលនៅក្នុងប្រទេសកម្ពុជាក៏មានប្រជាជនជាប់សែស្រឡាយចិន បានចូលរួមត្រេកអរ និងសាទរចំពោះពិធីបុណ្យមួយនេះផងដែរនោះ ស្រាប់តែពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានបង្ហោះសារ​​​​​​​​​​​​​​​​​​​​​រិះគន់បទចម្រៀង ” ផឹកស៊ីហាមរត់ ” ដែលជាការបកស្រាយដោយតារាចម្រៀង ខេម ក្រោមស្នាដៃនិពន្ធរបស់លោក យឹម តាស្រង់ ថា បទចម្រៀងនេះមានអត្ថន័យ​និងបណ្ដុះគំនិតឱ្យក្មេងៗជំនាន់ក្រោយចេះផឹកស៊ី។

    អ្នកលេងបណ្ដាញសង្គមម្នាក់នោះបានលើកឡើងថា « ខ្ញុំក៏ជាអ្នកចេះផឹកស្រាបន្តិចបន្តួចម្នាក់ដែរ ! ប៉ុន្ដែ ខ្ញុំដូចជាមិនស្រួលចិត្តសោះ នៅពេលដែលអ្នកនិពន្ធចម្រៀង និងអ្នកច្រៀង តែងច្រៀងពីរឿងផឹកស៊ី ដែលមិនសូវមានបង្គប់នូវអត្ថន័យអប់រំពីការពិសារគ្រឿងស្រវឹង តែបែរជាបណ្ដុះគំនិតឲ្យចូលចិត្តផឹកស៊ីថែមទៀត។ បើសិនជាសម្រាប់តែយើងជាមនុស្សចាស់មានស្មារតី គំនិតពិចារណាត្រឹមត្រូវ វាមិនជាបញ្ហាទេ តែចម្រៀងមានការផ្សាយចេញទូលំទូលាយណាស់ ទាំងក្មេង ទាំងចាស់អាចស្ដាប់បាន។ ដូច្នេះ ពេលក្មេងៗស្ដាប់បទចម្រៀងចឹងៗហើយ គ្នាអាចនឹងដិតដាមនឹងអារម្មណ៍ កាន់តែចង់សាក ចង់ដឹង ពីរឿងផឹកស៊ីនេះ ទាំងខ្លួននៅក្មេងខ្ចី។ ដូច្នេះ បើសិនជាអាចសូមបងៗអ្នកនិពន្ធចម្រៀង និងច្រៀងចម្រៀង ពិសេសខាងក្រសួងព័ត៌មាន និងក្រសួងវប្បធម៌វិចិត្រសិល្បៈ គួរតែគិតពិចារណាឡើងវិញចំពោះរឿងនេះ! »។

    យ៉ាងណាមិញគួរកត់សម្គាល់ផងដែរថា បច្ចុប្បន្នយុវវ័យសម័យថ្មី បាននិយមប្រើប្រាស់ពាក្យមួយឃ្លាថា « ផឹករត់ៗ រស់បានយូរ ផឹកស៊ូៗ រស់បានខ្លី » នៅពេលដែលពួកបានមានឱកាសជួបជុំគ្នា និងនិយាយលេងសើចដាក់គ្នាទៅវិញទៅមកផងដែរ។ សូមជម្រាបបន្ថែមថា បទចម្រៀងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម យូធូ ក្នុងគណនីផ្ទាល់របស់លោក យឹម តាស្រង់ ដោយមានចំណងជើងថា ” ហាមរត់ ” នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2017 កន្លងទៅ៕

  • អីយ៉ា! ម៉ាដូណា ចេញមុខពន្លះអតីតគូស្នេហ៍ទាំងពីរសំពះផ្ទឹមជាមួយគ្នា

    អីយ៉ា! ម៉ាដូណា ចេញមុខពន្លះអតីតគូស្នេហ៍ទាំងពីរសំពះផ្ទឹមជាមួយគ្នា

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសនៅថ្ងៃទី 14 ខែកុម្ភៈ​ ឆ្នាំ 2018 នេះ បានឱ្យដឹងថា បន្ទាប់ពីតារាសម្ដែងប្រុស ឈួន ពន្លឺ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីផ្ទាល់របស់លោក ដែលកំពុងតែក្រាបសំពះផ្ទឹមសែនចងដៃជាមួយលោកពិធីករស្ថានីយទូរទស្សន៍ហង្សមាស នាង វ៉ាងសាន់ បានធ្វើឱ្យអ្នកគាំទ្រ និងសិល្បករជាច្រើននាក់ទៀត មានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង ដោយមិនបានដឹងប្រាកដថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន ឬគ្រាន់តែជាការសម្ដែងបំភ័នភ្នែកមហាជនក៏ថាបាន។

    តែយ៉ាងណាមិញ នៅមិនសុខស្រាប់តែតារាកំប្លែង និងពូកែថ្វីមាត់ ម៉ាដូណា បានចេញមុខពន្លះអតីតប្រុសស្នេហ៍ទាំងពីរនេះនៅលើហ្វេសប៊ុក ក្រោយពេលបានឃើញរូបសំពះផ្ទឹមហើយថា « នឹកទ្បើងហួសចិត្ត ពន្លឺគឺជាសង្សារចាស់ខ្ងុំ 5ឆ្នាំមុន វាន់សាន់ទើបតែទាក់ទងជាមួយខ្ញុំបាន2ឆ្នាំនេះទេ តែខ្ញុំនឹកស្មានមិនដល់ថាពីរនាក់នឹងទាក់ទងជាមួយគ្នារហូតដល់សែនព្រេងមានចាស់ទុំទទួលស្គាល់ សំខាន់ Facebook block ខ្ងុំចោលទាំងពីរនាក់ទៀត ហែងក្បត់អញបាន តែអញឱ្យហែងទាំងពីរនាក់ល្បីទោះពុំមានការបង្ហោះក្នុង Facebook យើងក៏ដោយ ក៏មានមិត្តខ្ញុំយករូបឱ្យខ្ញុំដែល សូមជួយ shares ឱ្យបុរសលាក់មុខទាំងពីរនាក់នេះល្បីផង អញមិនគួរទ្បើយជឿសំដីយើងទាំងពីរសោះ »៕

  • លោក Zidane មិន​បារម្ភ ខណៈ Real Madrid ត្រៀម​រួចរាល់​ក្នុងការ​ប៉ះ PSG នៅ​រាត្រី​នេះ

    លោក Zidane មិន​បារម្ភ ខណៈ Real Madrid ត្រៀម​រួចរាល់​ក្នុងការ​ប៉ះ PSG នៅ​រាត្រី​នេះ

    លោក ZinedineZidane បាន​បញ្ជាក់ថា លោក​មិន​អនុញ្ញាតឱ្យ​សម្ពាធ​ធ្លាក់​មកលើ​រូបលោក​ឡើយ ខណៈដែល​គ្រូបង្វឹក​រូបនេះ ត្រូវ​រៀបចំ​ក្រុម Real Madrid របស់លោក​សម្រាប់​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី1 ជាមួយនឹង​ក្រុម Paris Saint-Germain នា​កីឡដ្ឋាន Santiago Bernabeu នៅ​រាត្រី​នេះ។

    ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ទីលាន​ហ្វឹកហាត់ Valdebebas របស់​ក្រុម Real លោក Zidane បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គា​រថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់ យើង​នឹង​នៅរស់​ក្នុង​ពេលវេលា​នេះ។ ខ្ញុំ​មិនមាន​អារម្មណ៍​ពី​ការទទួល​សម្ពាធ​ណាមួយ​ឡើយ»។

    គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​បាន​ត្រៀមលក្ខណៈ​ដូច​ធម្មតា។ ពិតណាស់ នៅ​ថ្ងៃ​ពុធ​នេះ នឹងមាន​សម្ពាធ​ច្រើនជាង​ធម្មតា ប៉ុន្តែ ខ្ញុំ​នឹង​រីករាយ​ជាមួយនឹង​សម្ពាធ​នោះ។ អនាគត​របស់ខ្ញុំ​មិន​រំខាន​ដល់​ខ្ញុំ​នៅពេល​នេះឡើយ»។

    Real កំពុងតែ​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 នៅលើ​តារាង និង​ដេញតាម​ពីក្រោយ​ក្រុម Barcelona រហូតដល់​ទៅ 17ពិន្ទុ។ សម្រាប់​ពួកគេ វា​នឹង​អាស្រ័យទៅលើ​លទ្ធផល​ដែល​ពួកគេ​អាចធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ក្រោយពី​ពួកគេ​បាន​ជួប​ភាពជោគជ័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

    ការប្រកួត​នេះ ក៏​នឹង​នាំឱ្យ​ខ្សែប្រយុទ្ធ​ជើងចាស់ Cristiano Ronaldo ត្រូវ​ប៉ះ​ជាមួយនឹង​តារា​ឆ្នើម​ទើបតែ​រះ Neymar ក្នុងការ​ប្រកួត​មួយ​រវាង​ក្រុម​យក្ស​ទាំងពីរ​ប្រចាំ​ទ្វីបអឺរ៉ុប​ផងដែរ។ Ronaldo ទើបតែ​រកបាន 3គ្រាប់​កាលពី​ចុង​សប្តាហ៍​មុននេះ ក្នុងពេល​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម Real Sociedad 5-2។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24