Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ពី​ជប៉ុន

    កម្ពុជា​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ពី​ជប៉ុន

    កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន ជា​កិច្ចសហការ​ល្អ​មួយ​ដែល​កន្លងមក​តាមរយៈ​ជំនួយ​របស់​ជប៉ុន និង​ការជំរុញឱ្យ​មានការ​វិនិយោគ​នៅ​កម្ពុជា បានធ្វើឱ្យ​ប្រទេស​ទាំង2មាន​ភាពជិតស្និទ្ធ ហើយ​អាចជួយ​គ្នា​លើ​វិស័យ​ជាច្រើន​នៅក្នុង​តំបន់។

    នៅ​ចុងខែ​កុម្ភៈ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ជួប​ជាមួយ​លោក​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​នឹង​សមាគម​ទាក់ទង​នឹង​ការវិនិយោគ​របស់​ជប៉ុន​មួយចំនួន​ដើម្បី​ជជែក​ពិភាក្សា​លើ​យន្ត​ការថែទាំ​អ្នកវិនិយោគ ដែល​ផ្តល់ឱកាស​ឱ្យមាន​ការសន្ទនា​រវាង​តំណាង​ស្ថាប័នរដ្ឋ​របស់​កម្ពុជា និង​អ្នកវិនិយោគ​ជប៉ុន ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​ស្តាប់​សំណូមពរផ្សេងៗរបស់​វិនិយោគិន​ជប៉ុន​ផង។

    កិច្ចពិភាក្សា​នេះ​បាន​ផ្តោតលើ​រឿងសំខាន់ៗមួយចំនួន​ដូចជា លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ (គ.ល.គ) របស់​ក្រុមហ៊ុន​វិនិយោគ​តែមួយ​ដែលមាន​សកម្មភាព​ច្រើន។ ធ្វើ​បច្ចុប្បន្នភាព​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​វិនិយោគ និង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស រៀបចំ​បទដ្ឋាន​នៃ​កិច្ចការពារបរិស្ថាន​ក​ម្ពុ​ជា​ចំពោះ​គម្រោង​វិនិយោគ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការរៀបចំ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​មូលនិធិ​បរិស្ថាន និង​សង្គម​សម្រាប់​ឧស្សាហកម្ម។ សិក្សា​ពី​កិច្ចការ​ពាក់ព័ន្ធ​នឹង​ពន្ធដារ និង​រៀបចំ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មា​គម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា និង​កិច្ចការ​ពាក់ព័ន្ធ​នឹង​ឡូ​ជី​ស្ទិ​ក និង​ហេដ្ឋារចនាសម្ព័ន្ធ។

    គួរ​បញ្ជាក់ថា គិត​មក​ត្រឹម​ឆ្នាំ 2017 តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន​ចំនួន 130គម្រោង​ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ 1.6ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​វិស័យ​មួយចំនួន រួមមាន​ធនាគារ ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ មួយចំនួនទៀត។ដោយឡែក​ក្នុង​ឆ្នាំ2017នេះដែរ ក៏មាន​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន9 ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ 63លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន8 បាន​បោះទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​ប្រមាណ 59លាន​ដុល្លារ​អាមេរិក៕

  • ធនាគារិក​មាន​សុទិដ្ឋិនិយម​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ ខណៈ​តម្លៃ​កសិផល​ងើបឡើង​វិញ

    ធនាគារិក​មាន​សុទិដ្ឋិនិយម​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ ខណៈ​តម្លៃ​កសិផល​ងើបឡើង​វិញ

    ធនាគារិក​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​នៃ​តម្រូវការ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ2018នេះ ស្របពេល​មាន​សញ្ញាណ​ងើបឡើង​វិញ​នៃ​តម្រូវការ និង​តម្លៃ​កសិផល​ស្ទើរ​គ្រប់​ប្រភេទ​ចាប់តាំងពី​ដើមឆ្នាំ2018នេះ។

    តម្លៃ​កសិផល មាន​អង្ករ ដំឡូង​មី​ជាដើម បាន​ធ្លាក់ចុះ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដល់​កម្រិត​ទាប​ដែល​បាន​បង្ក​ជា​ក្តីកង្វល់​ដល់​ប្រជាកសិករ​ចំពោះ​ការបាត់បង់​ប្រាក់ចំណូល ការលក់​ផលិតផល​មិនបាន​ចំណេញ និង​តម្រូវការ​ទីផ្សារ​ខាងក្រៅ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់។

    បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត និង​ជា ប្រធាន​មន្ត្រី​ប្រតិ​ប​តិ្ត​ការ​នៅ​ធនាគារ​អេស៊ីលីដា​បាន​អះអាងថា តម្លៃ​កសិផល​បាន​ងើប​ឡើងវិញ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែលជាសញ្ញា​វិជ្ជមាន​មួយ​សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ​ទៅ​ថ្ងៃ​អនាគត។ ធនាគារ​អេស៊ីលីដា បានកំណត់​អត្រាកំណើន​ប្រចាំឆ្នាំ​របស់ខ្លួន​សម្រាប់​ឆ្នាំ2018 ត្រឹមតែ 8%ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ2017។

    តាមរយៈ​ការកំណត់​អត្រាកំណើន​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នេះ​បាន​មើលឃើញ​នូវ​មូល​ហេតុដែល​ខ្លួន​អាច​សម្រេច​គោលដៅ​នៃ​កំណើន​នេះ​បាន។

    បណ្ឌិត សូ ផន​ណា​រី អះអាងថា៖ “អ្វីដែល​យើង​មើលឃើញ កាលណា​តម្លៃ​កសិផល​ងើបឡើង​វិញ តម្រូវការ​ហិរញ្ញវត្ថុ​ក៏មាន​ច្រើន​ដែរ ព្រោះ​ប្រជាជន​ត្រូវការ​ទុន​សម្រាប់​ពង្រីក​ការដាំដុះ។

    បណ្ឌិត សូ ផន​ណា​រី បន្ថែមទៀតថា “ក្តី​រំពឹង​ចំពោះ​កំណើន​តម្រូវការ​ហិរញ្ញវត្ថុ​ច្រើន គឺ​ការរីកលូតលាស់​នៃ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នេះឯង។

    ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ឱ្យដឹងថា កាលពី​ឆ្នាំ2017 កន្លងទៅ ការផ្តល់ប្រាក់​កម្ចី​ដល់​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មាន​ទំហំ10.3% ក្នុងចំណោម​កម្ចី​ឥណទាន​សរុប​ពី​ធនាគារ​នៅ​កម្ពុជា ខណៈ​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​បាន​ទម្លាក់​ប្រាក់កម្ចី​រហូតដល់​ទៅ 30%នៃ​ឥណទាន​របស់ខ្លួន​ទៅដល់​វិស័យ​កសិកម្ម។ តម្លៃ​ចំណិត​ដំឡូង​មី​ស្ងួត បាន​ហក់​ឡើង​ពី​ប្រមាណ 100រៀល​ក្នុង​មួយ​គីឡូក្រាម​កាលពី​រដូវ​កាល​មុន ទៅដល់ 400រៀល​ក្នុង1គីឡូក្រាម​ក្នុង​រដូវ​កាល​នេះ។ នេះ​បើ​យោងតាម ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    ជាមួយគ្នានេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​រហូតដល់ 28.30% ក្នុង​ខែមករា ឆ្នាំ2018 ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ នេះ​បើ​យោងតាម​ទិន្នន័យ​នាំចេញ​អង្ករ​ពី​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​ការនាំចេញ​អង្ករ។ ទិន្នន័យ​នាំចេញ​នោះបាន​បង្ហាញឱ្យឃើញថា ការនាំចេញ​នៅក្នុង​ខែមករា ឆ្នាំ2018 នេះ មាន​បរិមាណ 62,623តោន ខណៈ​ការនាំចេញ​អង្ករ​កាលពី​ខែមករា​ឆ្នាំ2017 មាន​បរិមាណ​ត្រឹមតែ 48,820តោន​ប៉ុណ្ណោះ៕

  • ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី កំពង់ចាម-ត្បូងឃ្មុំ​នឹង​សាងសង់​ក្នុងតម្លៃ 57លាន​ដុល្លារ

    ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី កំពង់ចាម-ត្បូងឃ្មុំ​នឹង​សាងសង់​ក្នុងតម្លៃ 57លាន​ដុល្លារ

    ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី​មួយទៀត​ភ្ជាប់​ពី​ខេត្តកំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមខែ​កុម្ភៈ​នេះ ក្នុងតម្លៃ 57 លាន​ដុល្លារ ដែល​នឹង​រួចរាល់​ជា​ស្ថាពរ​ក្នុង​រយៈពេល 42ខែក្រោយ។

    រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា គម្រោង​សាងសង់​ស្ពាន​ថ្មី​នេះ គឺ​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ដែល​ស្ថិតនៅ​ភូមិ​បឹង​ដែរ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត ដែល​ស្ថិត​ក្នុងភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ​មាន​ប្រវែង 1,131ម៉ែត្រ មាន​ទទឹង 13.50ម៉ែត្រដែលជា​ស្ពាន​ប្រភេទ​បេតុង​សរសៃដែក (Countinues Box Gider Bridge)។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា នៅលើ​ស្ពាន​ដែលមាន​ទទឹង​ទំហំ 13.50ម៉ែត្រ​នេះ គឺ​បែង​ចែកជា​ផ្លូវ​រថយន្ត​ប្រវែង 3.50ម៉ែត្រ​ចំនួន 2គន្លង ផ្លូវ​ម៉ូតូ 1.90ម៉ែត្រ​ចំនួន 2គន្លង ផ្លូវ​ថ្មើរជើង 1.10ម៉ែត្រ​ចំនួន 2គន្លង និង​បង្កាន់ដៃស្ពាន​ចំនួន 0.25ម៉ែត្រ​សងខាង និង​ផ្ទៃ​ខាងលើ​នៃ​ស្ពានបេតុង​នេះ គឺ​ក្រាល​ដោយ​កៅស៊ូ​កម្រាស់ 5សង់ទីម៉ែត្រ។

    រដ្ឋាភិបាល​ក៏មាន​គម្រោង​សាងសង់​កំណាត់​ផ្លូវ​ដែល​ភ្ជាប់​ចុង​ទាំងសងខាង​របស់​ស្ពាន​នេះ​ផងដែរ ដែលមាន​ប្រវែង​សរុប​ទាំងសងខាង(ខាងលិច និង​ខាងកើត)ប្រវែង 8,323ម៉ែត្រ​ផងដែរ ដោយក្នុងនោះ​មាន​ផ្លូវ​មេ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ 71C ប្រវែង 3,869ម៉ែត្រ និង​ផ្លូវ​បែកខ្នែង​ប្រវែង 4,454ម៉ែត្រ ក្រាល​ថ្មី​ដោយ​ចាក់​កៅស៊ូ (DBST) 2ជាន់ ដែល​បើ​គិត​សរុប​ទាំង​ប្រវែង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ទាំងសងខាង​ផង គឺមាន​ប្រវែង 9,454ម៉ែត្រ។

    ស្ពាន​ថ្មី​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ 57លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ជាមួយនឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា។ គម្រោង​នេះ​នឹង​អនុវត្ត​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group ក្រោម​ការត្រួតពិនិត្យ​បច្ចេកទេស​ទេស​ដោយ​ក្រុមហ៊ុន ក្វាង​ចូ​វ​វ៉ាន​អាន ដែល​គម្រោង​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​យ៉ាងសំខាន់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាជន​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច​នៃ​ទន្លេមេគង្គ។

    គួរ​បញ្ជាក់ថា គម្រោង​ស្ពាន​ដ៏​មាន​សក្តានុពល​មួយ​នេះ គឺជា​ស្ពាន​ទី 7 ហើយ​ដែល​សាងសង់​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ដែល​ក្នុងនោះ​រួមមាន ស្ពាន​កោះធំ ស្ពាន​តាខ្មៅ ស្ពាន​ជ្រោយចង្វារ​ទី2 ស្ពាន​ព្រែក​ក្តាម ស្ពាន​ព្រែ​កតា​មាក់ ស្ពាន​សេកុង និង​ស្ពាន​មេគង្គ​ស្ទឹងត្រែង។ កន្លងមក​រដ្ឋាភិបាល​ចិន​បានផ្តល់​កម្ចី​សាងសង់​ផ្លូវ​បាន​ចំនួន 2ពាន់​គីឡូម៉ែត្រ ដែល​កំពុង​សាងសង់​បាន​ជិត 700គីឡូម៉ែត្រ និង​គម្រោង​សាងសង់​មួយចំនួនទៀត ដែល​កម្ចី​នោះ​មាន​ទំហំ​ទឹកប្រាក់​ជាង 2ពាន់​លាន​ដុល្លារ​អាមេរិក៕

  • មាស សុខសោភា ធ្លាយដំណឹងចូលផលិតកម្មរស្មីហង្សមាស

    មាស សុខសោភា ធ្លាយដំណឹងចូលផលិតកម្មរស្មីហង្សមាស

    កំពូលតារាចម្រៀងស្រី មាស សុខសោភា ត្រូវបានគេបង្ហើបឱ្យដឹងថា រូបនាងជិតដល់ពេលបញ្ចប់កិច្ចសន្សាការងារជាមួយផលិតកម្មថោនហើយ ស្របគ្នានោះដែរ ក៏មានដំណឹងធ្លាយមកថា រូបនាងកំពុងតែប្រុងប្រៀបហក់ចូលទៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាស ជាមួយអតីតមិត្តរួមទ្រនំក្នុងផលិតកម្ម CB ដូចជា ឆន សុវណ្ណរាជ ឱក សុគន្ធកញ្ញា និងខេមរៈ​​ សិរីមន្ដ ផងដែរ។

    ប្រភពដែលសារព័ត៌មាន ឡារ៉ែនទទួលបានៗឱ្យដឹងថា តាមរយៈប្រភពដែលស្និទ្ធស្នាលនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាសពន្យារពេលដើម្បីឱ្យចម្រៀងរបស់នាងត្រូវចេញនៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួនដែលជាប្រភេទបទរាំវង់ រាំក្បាច់ និងកន្ទ្រឹមកំពុងសម្រុកថត និងសម្តែងផងសម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។

    បើតាមប្រភពដដែលបានបន្តទម្លាយទៀតថា អ្នកនាង មាស សុខសោភា ពិតជាបានចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសពិតប្រាកដមែន ដោយខាងហង្សមាសបានព្យាយាមលាក់បាំងរឿងនេះមិនឱ្យធ្លាយចេញទៅក្រៅទេ ប៉ុន្តែរឿងនេះនៅតែលាក់មិនជិត។ ជាមួយគ្នានេះដែរ ខាងទស្សនិកជនជាច្រើនបានខ្សឹបប្រាប់ថា ហង្សមាសកំពុងតែប្រមូលផ្ដុំដោយតារាល្បីៗ តែយ៉ាងណាក៏មានតារាចម្រៀងក្នុងផលិតកម្មខ្លួនមួយចំនួនកំពុងតែត្រៀមដើរចេញដូចគ្នាដែរ ពេលចប់កុងត្រា ព្រោះមិនមានចម្រៀងច្រៀង និងក្រុមហ៊ុនហាក់មិនអើពើ។

    គួររំឭកផងដែរថា នៅអំឡុងឆ្នាំ 2008 មាស សុខសោភាធ្លាប់ធ្លាយដំណឹងថានឹងចូលទៅច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសម្ដងរួចមកហើយ តែជាអកុសលដោយសារតែកាលនោះមានលេចរឿងអាស្រូវរវាងរូបនាង និងគូស្នេហ៍ ដែលបានសម្លាប់ប្រជាប្រិយភាពរបស់នាង ទើបបណ្ដាលឱ្យខាងផលិតកម្មធំមួយនេះសម្រេចមិនទទួលយកកញ្ញាវិញ ខណៈដែលពេលនោះនាងក៏បានងាកទៅចេញបទចម្រៀងនៅក្នុងផលិតកម្ម M ជំនួសវិញ ហើយព្យាយាមសាងប្រជាប្រិយភាព និងលាក់បាំងអំពីសាវតាពិតរបស់គូស្នេហ៍ ដែលសូម្បីតែឈ្មោះក៏គ្មានអ្នកសារព័ត៌មានណាម្នាក់បានដឹងដែរ។ យ៉ាងណាមិញ សារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីដំណឹងច្បាស់ការក្នុងរឿងចុះកិច្ចកុងត្រាជាមួយហង្សមាស ពីតារាស្រី មាស សុខសោភា បាននៅឡើយ៕

  • មិននឹកស្មានថា អ្នកគាំទ្រចំណាយពេលគូររូបកូនប្រុសលោក ព្រាប សុវត្ថិបានស្អាតដល់ម្លឹងសោះ?

    មិននឹកស្មានថា អ្នកគាំទ្រចំណាយពេលគូររូបកូនប្រុសលោក ព្រាប សុវត្ថិបានស្អាតដល់ម្លឹងសោះ?

    តាមការកត់សម្គាល់ គេសង្កេតឃើញថា កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំង 3នាក់ដែលមាន សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ទើបចូលប្រឡូកនៅក្នុងពិភពសិល្បៈចម្រៀងមិនទាន់បានប៉ុន្មានខែផង ស្រាប់តែកំណើននៃអ្នកស្រឡាញ់គាំទ្រមានកាន់តែច្រើនឡើងៗយ៉ាងសន្ធឹកសន្ធាប់។ បទចម្រៀងនិពន្ធថ្មីរបស់ពួកគេ ដែលមានការសម្រិតសម្រាំងដោយគ្រូភ្លេងជំនាញៗនៅក្នុងផលិតកម្មរស្មីហង្សមាសនោះ ក៏ទទួលបានការទស្សនារាប់លាននាក់ផងដែរ ហាក់បីដូចជាមានប្រជាប្រិយភាពខ្លាំងជាងតារារៀមច្បងរួមទ្រនំតែមួយទៅទៀត។

    ដោយឡែក និយាយពីការបង្ហាញវត្តមានសម្ដែងតាមការប្រគំតន្រ្តីធំៗតាមបណ្ដាខេត្ត-ក្រុង អ្នកទាំង 3រូបនេះ ក៏ទទួលបានសំឡេងហ៊ោកញ្ច្រៀវលាន់រំពងពេញឆាក និងផ្អើលឈូឆរសុំថតរូបជាមួយពួកគេ​ពីសំណាក់អ្នកគាំទ្រផងដែរ។ រហូតដល់ថ្មីៗនេះ ការបង្ហាញពីក្ដីស្រឡាញ់ចំពោះតារាទាំងបីដួងនេះ នៅតែមានមិនចេះដាច់ ដោយនៅក្នុងនោះមានភាពភ្ញាក់ផ្អើលមួយទៀត ដោយសារតែអ្នកគាំទ្រម្នាក់បានចំណាយពេលផ្ទាល់ខ្លួន គូររូបគំនូររបស់តារារូបសង្ហាទាំងបីដួងនេះជារូបភាពអេឡិចត្រូនិក រួចបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាម ដែលធ្វើឱ្យមានការកោតសសើរពីគំនិតច្នៃប្រឌិត និងភាពស្រស់ស្អាតនៃរូបភាពនោះទៀតផង។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

    #sovathNG #Ssv

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

    #sovathNG #sovathfamily

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

    #sovathNG #Smv

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

  • នី រតនា បដិសេធកើតជំងឺតួឯក

    នី រតនា បដិសេធកើតជំងឺតួឯក

    ស្របពេលដែលកំពុងតែសម្ដែងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស លោក នី រតនា ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី1 កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និងធ្វើឱ្យអ្នកគាំទ្រអន្ទះសារង់ចាំទស្សនាពីសមត្ថភាពសម្ដែងរឿងលើកដំបូងរបស់លោក ខណៈដែលលោកទទួលបានតំណែងជាតួឯកប្រុស។ ហើយរឿងភាគនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានរំពឹងទុក និងជឿជាក់យ៉ាងមុតមាំថា លោកនឹងទទួលបានការស្រឡាញ់ និងគាំទ្រខ្លាំងពីសំណាក់មហាជនទាំងអស់ ដែលជាកម្លាំងជំរុញចិត្តមួយសម្រាប់បន្ដបោះជំហាននៅក្នុងវីថីសិល្បៈមួយនេះ។

    ស្របគ្នានោះដែរ ក៏មានព័ត៌មានខ្សឹបខ្សៀវមួយលេចចេញពីក្រុមការងារសិល្បៈថា តួឯកប្រុសនៅក្នុងរឿង “រាជបុត្រកង្កែប” រូបនេះកំពុងកើតជំងឺតួឯក និងបដិសេធមិនព្រមថតតួរាយរងឡើយ ខណៈពេលខ្លួនកំពុងតែឡើងកូដខ្លាំងនេះ។  ជុំវិញបញ្ហាខាងលើនេះ លោក នី រតនា បានប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនបានកើតជំងឺតួឯកដូចគេថានោះទេ ពោលគឺរឿងអ្វីក៏ដោយ ឱ្យតែក្រុមហ៊ុន​ដាក់ឱ្យថត​គឺត្រូវតែថត ព្រោះនោះជាការងារ។ តារាប្រុសរូបសង្ហាម្នាក់នេះ បានបន្ដថា «អូហ៍! អត់ទេបង ខ្ញុំមិនធ្លាប់គិតទាល់សោះថា ទាល់តែធ្វើតួឯកបានថតនោះ តួអីក៏ខ្ញុំ​ថតបានដែរ មិនប្រកាន់ទេ»។

    ជាចុងក្រោយ ម្ចាស់បទល្បី “នារីក្នុងសុបិនបង គឺជាអូន” រូបនេះបានបញ្ជាក់បន្ថែមថា «និយាយទៅ ខ្ញុំជាតារាចម្រៀងមានកុងត្រាជាមួយផលិតកម្មហង្សមាស អ៊ីចឹងហើយបើខាងផលិតកម្មគាត់ដាក់ការងារអីឱ្យយើងធ្វើ គឺត្រូវធ្វើតាមហ្នឹងដែរ។ ខ្ញុំលេងជាតួអីក៏បានដែរ ឱ្យតែខាងហង្សមាសដាក់ឱ្យ។ ចំពោះរឿងដែល​ខ្ញុំកំពុង​តែថតរាល់​ថ្ងៃនេះ ​ខ្ញុំថតបាន 50 % ហើយ ខ្ញុំសង្ឃឹមថា រឿងនោះនឹងបន្ថែមកេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាពដល់រូបខ្ញុំទៀតមិនខាន ព្រោះថា សាច់រឿងល្អ រួមទាំងអ្នកដឹកនាំរឿងក៏ពូកែទៀតផង» ៕

  • ចង់​ចេញ​រកស៊ី តែ​ខ្វះ​ទុន តើ​គួរ​ខ្ចីលុយ​បន្ថែម​ពី​ធនាគារ ឬ​ចាំ​សន្សំ​លុយ​គ្រប់?

    ចង់​ចេញ​រកស៊ី តែ​ខ្វះ​ទុន តើ​គួរ​ខ្ចីលុយ​បន្ថែម​ពី​ធនាគារ ឬ​ចាំ​សន្សំ​លុយ​គ្រប់?

    ការបើក​អាជីវកម្ម​ថ្មី​មួយ មិន​ថា​អាជីវកម្ម​តូច​មធ្យម ឬ​អាជីវកម្ម​ធំ​នោះទេ គឺ​ទាមទារ​ឱ្យ​អាជីវករ​ត្រូវមាន​ប្រភព​ទុន​ឱ្យបាន​ច្បាស់លាស់​ជាមុន ចៀសវាង​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​ណាមួយ​កើតឡើង មិនមាន​ប្រាក់​បម្រុង​ទុក​ខាត​ដំណាក់កាល​ដំបូង​នាំឱ្យ​អាជីវកម្ម​បរាជ័យ។ ដូច្នេះ​សួរថា​តើ​មុន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​គួរ​ត្រូវ​រង់ចាំ​សន្សំ​ប្រាក់​គ្រប់​ចំនួន​ដោយ​ខ្លួនឯង ឬ​ត្រូវ​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើ​ដើមទុន?

    លោក យ៉​ត ណា​រ៉ូ ជា​អាជីវ​ករលក់​ចាប់ហួយ​នៅក្នុង​ផ្សារ​អូ​ឫស្សី​មានប្រសាសន៍ថា វា​អាស្រ័យ លើ​ការយល់ឃើញ​របស់​ម្ចាស់​អាជីវកម្មនីមួយៗ ទស្សនៈ​របស់លោក​យល់​ថា បើ​មាន​ឱកាសល្អ​គួរតែចាប់ផ្តើម​ធ្វើ​វា ហើយ​បើ​ខ្វះ​ទុន​គួរតែ​ខ្ចី​ពី​ធនាគារ​សិន​ទៅ មិនគួរ​ត្រូវ​រង់ចាំ​សន្សំ​លុយ​ខ្លួនឯង​គ្រប់​នោះទេ ព្រោះ​វា​អាច​បាត់បង់​ឱកាសល្អ​នេះ។ និយាយ​ចប់​លោក​សើចតិចៗហើយ​លោក​បន្តថា នេះ​ជាការ​យល់ឃើញ​របស់ខ្ញុំ តែ​ផ្ទុយទៅវិញ ខ្ញុំ​ជាម​នុស្ស​ខ្លាច​បំផុត​ក្នុងការ​ខ្ចីលុយ​គេ​មករក​ស៊ី មិន​ថា​ចងការ​គេ​ក្រៅ ឬ​ខ្ចី​ពី​ធនាគារ​ក៏ដូចជា​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​នោះទេ ដោយហេតុថា ខ្ញុំ​មិន​ធ្លាប់មាន​បទពិសោធ​ក្នុងការ​រៀបចំ​ឯកសារ​លើ​ការស្នើសុំ​កម្ចី​ពី​ធនាគារ សម្រាប់​ខ្ញុំ​គិតថា វា​ពិបាក​ខ្លាំង​សម្រាប់​ការងារ​នេះហើយ​បើ​ខ្ចី​ចងការ​គេ​ក្រៅ ការប្រាក់​ថ្លៃ​អា​ចរក​មិន​សល់​នឹង​បង់​ការប្រាក់​គេ​ឡើយ។

    លោក​មានប្រសាសន៍​ដូច្នេះ​ថា “ខ្ញុំ​លក់​ចាប់ហួយ​នេះ 10ឆ្នាំ​មកហើយ ខ្ញុំ​មិនដែល​ធ្លាប់​ខ្ចីលុយ​គេ​ទេ ដំបូង​ឡើយ​ខ្ញុំ​លក់រាយ​ធម្មតា តែ​ឥឡូវ​ខ្ញុំ​ក៏មាន​បោះ​ដុំ​ផងដែរ ការខ្ចី​លុយ​គេ​រកស៊ី ឬ​ពង្រីក​មុខរបរ​មិនមែន​មិនល្អ​នោះទេ តែ​មកពី​ខ្ញុំ​មិន​ចង់​ដាក់​សម្ពាធ​លើ​ខ្លួនឯង បើ​មុខរបរ​យើង​ដំណើរការ​មិនសូវ​ល្អ ខ្លាច​គេង​មិន​លក់​ពិបាកចិត្ត​គិត​ច្រើន ព្រោះ​ត្រូវ​រកលុយ​បង់ការ​ផង និង​សង​ដើម​គេ​ត្រឡប់​ទៅ​គេ​វិញ​ផង ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​តាមតែ​លទ្ធភាព​ដែល​ខ្ញុំ​មាន​គ្រាន់តែ​វា​រាង​យឺត​បន្តិច​ទម្រាំ​យើង​អាច​សន្សំ​លុយ​ខ្លួនឯងបាន​គ្រប់​យកមក​ពង្រីក​លើ​ការលក់​បោះ​ដុំ​នេះ។

    ក្រឡេកមើល​របរ​រក​ស៊ី​របស់​អ្នកស្រី មូល ដាវី ដែលជា​អាជីវករ​ផ្គត់ផ្គង់​ជី​កសិកម្ម និង​សម្ភារ​កសិកម្ម មាន​ទីតាំងនៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​ឯណោះ​វិញ អ្នកស្រី​បាន​មានប្រសាសន៍ថា ដើមឡើយ​អ្នកស្រី​មាន​ប្រាក់​សម្រាប់​ទិញ​ជី​កសិកម្ម​ពី​ក្រុមហ៊ុន​មក​លក់​បន្ត​ទៅឱ្យ​កសិករ​នៅក្នុង​មូលដ្ឋាន ប៉ុន្តែ​មិនមែនជា​អាជីវកម្ម​ខ្នាត​ធំ​នោះទេ។

    ដោយសារតែ​ការចាប់ផ្តើម​ដំបូង​ត្រូវ​ទិញតិចៗយកមក​សាកល្បង​លក់​ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ​ជាមុនសិន ក្រែង​លក់​មិន​ដាច់​ខ្លាច​យកមក​ច្រើន​ធ្វើឱ្យ​យើង​ខាត​ទៅវិញ​ក៏​ច្រើន។ អ្នកស្រី​បន្តថា ក្រោយពី​លក់បាន​មួយរយៈ ការប្រើប្រាស់​ជី​កសិកម្ម​របស់​កសិករ កាន់​តែមាន​តម្រូវការច្រើនឡើងៗ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកស្រី​ខ្វះ​ទុន​ពង្រីក​អាជីវកម្ម ដូច្នេះ​ចៀស​មិន​ផុតពី​ការខ្ចីប្រាក់​ពី​ធនាគារ​នោះឡើយ។

    អ្នកស្រី​បញ្ជាក់បន្ថែម​ដូច្នេះ​ថា “កាលនោះ​បើសិនជា​មិន​ខ្ចី​ធនាគារ​មក​ពង្រីក​មុខ​របរ​រកស៊ី​ទេនោះ ប្រហែលជា​អាជីវកម្ម​មិន​រីក​ធំធាត់​មកដល់​សព្វថ្ងៃនេះ​ឡើយ ប៉ុន្តែ​វា​មិន​ស្រួល​នោះទេ នៅពេលជំពាក់​បំណុល​ធនាគារ គឺ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង​ទៅលើ​ការចំណាយផ្សេងៗ បើ​ពុំ​ដូច្នេះ​ទេ ការចាយវាយ​ខ្ជះខ្ជាយ​ភ្លេចខ្លួន​តែ​បន្តិច​បាត់​ដើម​បាត់​ចុង ប្រាកដជា​រកប្រាក់​សង​ធនាគារ​មិនបាន​ទេ។

    ឆ្លងកាត់​បទពិសោធ​ធ្វើ​អាជីវកម្ម​ជាច្រើន​ឆ្នាំ​មកនេះ អ្នកស្រី​បានផ្តល់​ជា​អនុសាសន៍​ថា បើសិន​ខ្ចីប្រាក់​គេ​មករក​ស៊ី​ក៏​មិនមាន​បញ្ហា​អ្វី​ដែរ ព្រោះ​យើង​យកប្រាក់​មក​បង្កើត​ប្រាក់ បង្កើន​អាជីវកម្ម​ឱ្យ​កាន់តែ​រីកធំឡើង កុំ​យកប្រាក់​មក​ចាយវាយ​គ្មាន​គោលដៅ​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ទេ ទោះ​រកស៊ី​ចំណេញ​ក៏​រកលុយ​មក​សង​ធនាគារ​វិញ​មិន​គ្រប់​ដែរ។

    ជួប​ជាមួយ​លោក ណា​ង គី​ណា​ល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ មានប្រសាសន៍ថា ការធ្វើ​អាជីវកម្ម​មួយ​មិន​សំខាន់​ទៅលើ​មាន​ប្រាក់​គ្រប់​ចំនួន​ដោយ​ខ្លួនឯង​ឬ​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មក​ធ្វើជា​ប្រភព​ទុន​នោះទេ សំខាន់​នៅត្រង់ថា តើ​អាជីវកម្ម​របស់​យើង​ពេល​ចាប់ផ្តើម​ដំណើរការ មានការ​គាំទ្រ​នៅលើ​ទីផ្សារ​កម្រិតណា? ចៀសវាង​ពេល​បើក​ដំណើរការ​ហើយ​បរាជ័យ​ទៅវិញ​នាំឱ្យ​ខាតបង់​ប្រាក់ ជួប​បញ្ហា​ហានិភ័យ​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ។

    យ៉ាងណា​នោះ​លោក​គិតថា បើសិន​ជាមាន​ប្រាក់​គ្រប់​ចំនួន​សម្រាប់​បើក​អាជីវកម្ម​អ្វីមួយ គឺជា​ការប្រសើរ​ហើយ ព្រោះថា មិនចាំបាច់​គិតពី​ការសង​ត្រឡប់​ទៅ​ធនាគារ​នាំឱ្យ​ខាត​ការប្រាក់។ ប៉ុន្តែសម្រាប់​អាជីវកម្ម​ភាគច្រើន​ពេល​ចាប់ផ្តើម​ដំណើរការ​តែង​ជួប​ការខ្វះខាត​ទុន​នៅពេល​ដែលមាន​ការគាំទ្រ​លើ​ទីផ្សារ​ខ្លាំង ដែល​ទាមទារ​ឱ្យ​វិនិយោគិន ឬ​អាជីវករ​ត្រូវ​បង្ខំចិត្ត​ស្វែងរក​ប្រភព​ទុន​បន្ថែមមិន​ថា​ប្រភព​ទុន​ពី​បងប្អូន មិត្ត​ភ័ក្តិ ឬ​ធនាគារ​នោះទេ សំខាន់​ឱ្យតែ​យកប្រាក់​នោះមក​ពង្រីក​អាជីវកម្ម​បាន​ដើម្បី​បង្កើន​ប្រាក់ចំណេញ គឺជា​ការប្រសើរ​ហើយ ចៀសវាង​តែមួយគត់ គឺ​ខ្ចីប្រាក់​គេ​មក​មិនដឹងថា ត្រូវ​យកមក​ធ្វើ​អ្វី​ឱ្យ​ច្បាស់លាស់ ខុសពី​ពាក្យ​ថា​យកប្រាក់​មក​បង្កើត​ប្រាក់។

    លោក គី​ណា​ល់ បញ្ជាក់​ដូច្នេះ “បើសិនជា​ឱកាស​ហុច​ឱ្យ​ហើយ យើង​មិន​គិតគូរ​ក្នុងការ​ចាប់ផ្តើម​បង្កើត​មុខរបរ ដោយហេតុ​ផល​ថា គ្មាន​ប្រាក់ នោះ​យើង​នឹង​បាត់​ឱកាស​មិន​ខាន ហើយ​ថ្ងៃក្រោយ​ទោះ​ជាមាន​ប្រាក់​គ្រប់​សម្រាប់ធ្វើ​វា តែ​បើសិនជា​មិនមាន​ឱកាសល្អ ក៏​មិនអាច​បើក​ដំណើរការ​អាជីវ​កម្មបាន​ដោយ​រលូន​ដែរ។

    ជាមួយគ្នានេះដែរ​លោក​ក៏បានផ្តល់​អនុសាសន៍​ថា ដើម្បី​ចៀសវាង​ហានិភ័យ​ក្នុង​ការធ្វើ​អាជីវកម្ម អាជីវករ ឬ​វិនិយោគិន​ត្រូវធ្វើ​ផែនការអាជីវកម្ម (Business Plan) ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ដូចជា​ការសិក្សា​ស្រាវជ្រាវ​ទីផ្សារ​ថា តើ​អាជីវកម្ម​របស់​យើង​មានការ​គាំទ្រ​ខ្លាំង​ប៉ុនណា​នៅលើ​ទីផ្សារ ព្រោះ​វា​គឺជា​វី​ធី​សាស្ត្រ​ល្អ​ដែល​ដឹកនាំ​អាជីវកម្ម​របស់​យើង​ឱ្យ​ឆ្ពោះទៅរក​គោលដៅ​ច្បាស់លាស់ និង​ជោគជ័យ។

    លើសពីនេះ​មុននឹង​ធ្វើ​អាជីវកម្ម​ក៏ត្រូវ​ត្រៀម​ទុនបម្រុងខ្លះៗដែរ ដោយហេតុថា អាជីវកម្ម​អ្វី​ក៏ដោយ​មិនមែន​សុទ្ធតែ​ទទួលបាន​ជោគជ័យ​នោះទេ ហើយ​បើ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​យើង​មាន​ទុនបម្រុង យើង​មិន​លំបាក​ក្នុងការ​ដោះស្រាយ​នោះទេ។ គួរ​បញ្ជាក់ថា សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ក៏មាន​កម្ចី​សម្រាប់ធ្វើ​អាជីវកម្ម​រហូតដល់ 50,000 ដុល្លារ អាស្រ័យទៅលើ​អាជីវកម្ម​តូច ឬ​មធ្យម៕

  • ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិនកើនឡើងជាង50%

    ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិនកើនឡើងជាង50%

    ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ2018កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសមានចំនួនប្រមាណជាង 864,770នាក់ កើនឡើងប្រមាណ 54.56%។

    តាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជិត1លាននាក់នោះ មានទេសចរជាតិចំនួនប្រមាណ 744,140នាក់ កើនឡើងប្រមាណ 47.32% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ 105,370នាក់ កើនឡើង93.59% ក្នុងនោះខេត្តគោលដៅសំខាន់ៗរួមមាន៖

    1 .សៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ 90,820នាក់ កើនឡើងប្រមាណ 13.93%។

    2 .ខេត្តព្រះសីហនុ ទទួលបានប្រមាណ 88,000នាក់ កើនឡើងប្រមាណ 6.50%។

    3 .ខេត្តកំពត ទទួលបានប្រមាណ 126,890នាក់ កើនឡើងប្រមាណ 51.64% (ក្នុងនោះទៅកម្សាន្តនៅរមណីយដ្ឋានបូកគោមានចំនួនប្រមាណ 69,700នាក់)។

    4 .ខេត្តកែប ទទួលបានប្រមាណ 105,000នាក់ កើនឡើងប្រមាណ 6.03%។

    5 .ខេត្តបាត់ដំបង ទទួលបានប្រមាណ 79,070នាក់ កើនឡើងប្រមាណ 94.35%។

    6 .រាជធានីភ្នំពេញ ទទួលបានប្រមាណ 52,840នាក់ កើនឡើងប្រមាណ 8.47%។

    7 .ខេត្តកោះកុង ទទួលបានប្រមាណ 54,850នាក់ កើនឡើងប្រមាណ 164%។

    8 .ខេត្តក្រចេះ ទទួលបានប្រមាណ 27,280នាក់ កើនឡើងប្រមាណ 7.91%។

    9 .ខេត្តរតនគិរី ទទួលបានប្រមាណ 19,790នាក់ កើនឡើងប្រមាណ 5.70%។

    10 .ខេត្តមណ្ឌលគិរី ទទួលបានប្រមាណ 17,370នាក់ កើនឡើងប្រមាណ 18.03%។

    11 .ខេត្តស្ទឹងត្រែង ទទួលបានប្រមាណ 15,250នាក់ កើនឡើងប្រមាណ 9.42%។

    12 .ខេត្តកំពង់ស្ពឺ ទទួលបានប្រមាណ 55,176នាក់ កើនឡើងប្រមាណ 4.20%។

    13 .ខេត្តឧត្តរមានជ័យ ទទួលបានប្រមាណ 1,050នាក់ កើនឡើងប្រមាណ 5.00%។

    14 .ខេត្តកំពង់ធំ ទទួលបានប្រមាណ 14,410នាក់ កើនឡើងប្រមាណ 258.80%។

    15 .ខេត្តបន្ទាយមានជ័យ ទទួលបានប្រមាណ 24,105នាក់ កើនឡើងប្រមាណ 94.11%។

    16 .ខេត្តស្វាយរៀង ទទួលបានប្រមាណ 1,799នាក់ កើនឡើងប្រមាណ 554.18%។

    17 .ខេត្តព្រៃវែង ទទួលបានប្រមាណ 4,070នាក់ កើនឡើងប្រមាណ 6.50%។

    18 .ខេត្តកំពង់ចាម ទទួលបានប្រមាណ 19,168នាក់ កើនឡើងប្រមាណ 6.50 %។

    19 .ខេត្តបៃលិន ទទួលបានប្រមាណ 10,348នាក់ កើនឡើងប្រមាណ 11.45%។

    20 .ខេត្តតាកែវ ទទួលបានប្រមាណ 10,450នាក់ កើនឡើងប្រមាណ 8.03%។

    21 .ខេត្តត្បូងឃ្មុំ ទទួលបានប្រមាណ 1,897នាក់ កើនឡើង ប្រមាណ 39,10%។

    22 .ខេត្តព្រះវិហារ ទទួលបានប្រមាណ 11,391នាក់ កើនឡើងប្រមាណ 18.33%។

    23 .ខេត្តកណ្តាល ទទួលបានប្រមាណ 59,298នាក់ កើនឡើងប្រមាណ 13.73%។

    24 .ខេត្តពោធិ៍សាត់ ទទួលបានប្រមាណ 16,615នាក់ កើនឡើងប្រមាណ 3,2%។

    25 .ខេត្តកំពង់ឆ្នាំង ទទួលបានប្រមាណ 4744នាក់ កើនឡើងប្រមាណ 654%។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលទើបតែកន្លងផុតទៅនេះ នៅខេត្តជាប់ព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាមចូលមកលេងកម្សាន្តច្រើនដែរ ខណៈខេត្តជាប់ព្រំដែនថៃ រួមមានបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ភ្ញៀវជនជាតិថៃក៏មានចូលមកកម្សាន្តច្រើនផងដែរ។ ដែលនេះបង្ហាញថា ប្រទេសជិតខាងក៏ពេញចិត្តមកលេងកម្សាន្តលើទឹកដីកម្ពុជាផងដែរ ដែលខុសកាលពីពេលមុន ភាគច្រើនពលរដ្ឋខ្មែរយើងទៅលេងប្រទេសជិតខាង។

    ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយសុខសន្តិភាពពេញផ្ទៃប្រទេសដែលពួកគាត់មិនបានគិតអ្វីក្រៅតែពីខិតខំប្រកបរបររកទទួលទានធ្វើឱ្យជីវភាពកាន់តែធូរធារ និងដើរលេងកម្សាន្តសប្បាយ​​នោះទេ។ ដោយសារតែជីវភាពកាន់តែធូរធារនេះហើយទើបមានប្រជាពលរដ្ឋកម្ពុជា មួយចំនួនមិនត្រឹមតែដើរកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះពួកគាត់ថែមទៅដើរលេងកម្សាន្តនៅក្រៅប្រទេស រួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀតផង៕

  • ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ តែលទ្ធផល ត្រូវរបស់គេវិញឡើងកប់

    ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ តែលទ្ធផល ត្រូវរបស់គេវិញឡើងកប់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា  លោក ម៉ៃ សុគន្ធ ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រដាក់រហស្សនាមឱ្យថា តារាកំពូលទើស បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹក ស្ដែងពីការិះគន់ម៉ូដសក់របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ដោយប្រដូចទៅនឹងម៉ូដក្បាលសត្វបង្កួយ។

    តារាឯកខាងទើសរូបនេះបានសរសេរសារថា «សក់ម៉ូដក្បាលបង្កួយដែលអូនប្រាថ្នា ចាស្ទីនកូពី មកទៀតហើយ តោះ អ្នកណាFan ចាស្ទីនកូពី កាត់តាម!» អមមកជាមួយរូបភាពម៉ូដសក់របស់លោក ខេមរៈ សិរីមន្ដ។ តែទោះបីការរិះគន់នេះ ត្រូវបានលើកឡើង និងធ្វើឱ្យភ្ញាក់ផ្អើលនៅលើហ្វេសប៊ុកយ៉ាងក៏ដោយ ក៏ប៉ុន្ដែផ្ទុយទៅវិញ ម៉ៃ សុគន្ធ បានត្រឹមតែទទួលការស្ដីបន្ទោសពីសំណាក់អ្នកលេងហ្វេសប៊ុកវិញតែប៉ុណ្ណោះ។

    ស្រមគ្នានោះ ប្រភពគណនីមួយបានបញ្ចេញមតិនៅខាងក្រោមរូបថា «ខ្ញុំមិនមែនកាន់ជើងទៅលើបុគ្គលមួយណានោះទេ…! ព្រោះគេធ្វើអី រឿងហ្នឹងជាសិទ្ធិរបស់គេ…! ប៉ុន្តែមានបុគ្គលខ្លះរិះគន់អ្នកដទៃដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយខ្ញុំចង់សួរថា ធ្វើអ៊ីចឹងធ្វើអី ខ្ញុំអត់យល់…?»។ ខ្លះទៀតបានពន្លះលោក ម៉ៃ សុគន្ធ ថា  «លោកឯងហ្នឹងស្អី? អីក៏ពូកែទើសគេម្ល៉េះ? បើមិនដឹងខ្លួនមកពីគ្មានអ្នកប្រាប់ ខ្ញុំប្រាប់លោកឯងទៅចុះ គឺមិនបានមួយចំណិតគេទេ ហើយក៏វាមិនបានល្បីដោយសារអាដើរទើសគេនឹងដែរ…យល់? ខ្ញុំមិនបានលើកមួយទម្លាក់មួយនោះទេ គឺភ្នែក និងត្រចៀកខ្ញុំមើលឃើញ និងស្ដាប់ឮអ៊ីចឹង ការងារសិល្បៈគេល្អ អត្តចរិតគេល្អ បូកបញ្ចូលគ្នាទៅ គឺគេឡើងដល់ចំណុចកំពូលហើយ ពិន្ទុគេបាន10 ងាកមកលោកឯងវិញបានស្អីខ្លះ? ការងារសិល្បៈសូន្យ អត្តចរិតក៏អន់គឺសូន្យ 0+0= ក្រោមសូន្យទៅទៀត ខ្ញុំប្រាប់ឱ្យដឹង…»។ អូហូ! ពិតជាមិនធម្មតាមែន(ពិតជាត្រូវចិត្តបេលមែន!) ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

     

  • អាការ​គួរឱ្យ​បារម្ភ​បំផុត 7យ៉ាង ដែល​ឪពុកម្ដាយ​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម

    អាការ​គួរឱ្យ​បារម្ភ​បំផុត 7យ៉ាង ដែល​ឪពុកម្ដាយ​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម

    ខាងក្រោម​នេះ​គឺជា​អាការ​ដ៏​គួរឱ្យ​បារម្ភ​បំផុត7យ៉ាង ដែល​ឪពុកម្ដាយ​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ឱ្យបាន​លឿន​បំផុត ព្រោះ​បើសិនជា​បណ្ដែតបណ្ដោយ​អាច​នឹង​យឺត​ពេល ហួស​នឹង​ព្យាបាល​ទាន់ ហើយ​ជួនកាល​អាណាព្យាបាល​មួយចំនួន​អាច​គិតថា ភាពខុសប្រក្រតី​ដែល​កើតឡើង​ចំពោះ​កូនតូច​នោះ អាច​នឹង​មើលទៅ​មិនមែនជា​រឿង​អី​ធំដុំ តែ​ការពិត​សុទ្ធតែជា​រឿង​មិនល្អ​ទាំងអស់។

    1/ ស្នាម​ដៅ ឬ​សន្លាក​ស្នាម​ក្រហម​ដែល​កាន់តែ​រីកធំឡើង

    ការដែល​នៅលើ​រាងកាយ​របស់​កូនតូច​មាន​ស្នាម​ដៅ ឬ​សន្លាក​ស្នាម​ពណ៌​ក្រហម ឬ​ខ្មៅ ឬ​កន្លែង​ណាមួយ​មាន​ពណ៌​ខ្មៅ​ជាង ឬ​ភ្លឺ​ជាង​កន្លែង​ផ្សេងទៀត​លើ​រាងកាយ​ធំ​ជាង 6មី​ល្លី​ម៉ែត្រ​នោះ វា​មិនមែនជា​រឿង​ប្លែក​ឡើយ តែ​បើសិនជា​ទំហំ​របស់​វា​កាន់តែ​រីកធំឡើង ពណ៌​ក៏​ប្រែប្រួល​ដែរនោះ វា​ជាការ​ប្រែប្រួល​ដែល​គួរឱ្យ​បារម្ភ​ហើយ ដូច្នេះ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជំនាញ​ភ្លាម។

    2/ ជ្រុះ​សក់

    សក់​កូន​ជ្រុះ​ច្រើន​មិនមែនជា​រឿង​ខុស​ប្រក្រតី​ទេ តែបើ​ជ្រុះ​ច្រើន​ជ្រុល​ពេក​អាច​នឹង​បង្ហាញថា រាងកាយ​របស់​កូន​ខ្វះ​វីតាមីន​ហើយ តែបើ​សក់​ជូត​មិន​ស្ងួត ឬ​ស្បែកក្បាល​កើតរោគ​ផ្សិត ក៏​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេង​បានដែរ ដូច្នេះ​វិធី​ដែល​ល្អ​បំផុត​គឺ នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រក​ពី​មូលហេតុ​ពិតប្រាកដ។

    3/ អារម្មណ៍ និង​ទង្វើ​មិន​នឹងនរ

    ការចង់​ញ៉ាំ​អាហារ​ថយចុះ មាន​បញ្ហា​ក្នុងការ​គេង ឬ​ពិបាក​ក្នុងការ​គេង​លក់ ឬ​មិនសូវ​កម្រើកខ្លួន លែង​សូវ​លេង ឬ​លែង​រួសរាយ​ដូច​មុន ទាំងអស់នេះ​សុទ្ធតែជា​មូលហេតុ​ដែល​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ។

    4/ ទំហំ​ក្បាល​ធំ​ឡើង

    ការពិតទៅ​ក្បាល​របស់​កូនតូច​នឹងត្រូវ​រីកធំឡើង​ជា​រៀងរាល់ខែ​ហ្នឹង​គឺជា​រឿង​ប្រក្រតី តែបើ​រីក​ធំ​លឿន​ជ្រុល​ពេក ឬ​ធំ​បែប​ខុស​សង្កេត ឬ​សង្កេត​មើលទៅ​មាន​អាការតឹងៗនៅ​ម្ដុំ​បរិវេណ​ក្បាលរបស់​កូន​នោះ អាចជា​សញ្ញា​ដំបូង​នៃ​ការកើត​ជំងឺ​អាក្រក់ ដូចជា មហារីក​ខួរក្បាល​ជាដើម ដូច្នេះ​កុំ​បង្អង់​យូរ ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

    5/ ស្ដាប់​មិនសូវ​ឮ

    ពេលដែល​ឪពុកម្ដាយ​ហៅ​ឈ្មោះ​កូន តែ​កូន​មិនសូវ​តបស្នង​មកវិញ ហាក់ដូចជា​មិន​បានឮ ទាំង​អាការ​នេះ​កើតឡើង​បែបភ្លាមៗ បែបសុខៗស្រាប់តែ​ដូចជា​កូន​ត្រចៀកធ្ងន់ ឬក៏​កើត​អាការ​បែប​ហ្នឹងមក​យូរហើយ​នោះ កូន​អាច​នឹងមាន​បញ្ហា​ខាង​ការ​ស្ដាប់ឮ អាច​នឹង​ទៅរួច​ដែលថា ប្រព័ន្ធ​ប្រសាទ​ត្រចៀក​បាត់បង់​សមត្ថភាព ឬ​មាន​អ្វី​បិទ​ជិត​នៅ​ខាងក្នុង ដែល​លោកឪពុក​អ្នក​ម្ដាយ​នឹងបានដឹង​ច្បាស់​តាមរយៈ​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ និង​ព្យាបាល​កូន​ជា​បន្ត។

    6/ ស្រេកទឹក​ជាប់​ជានិច្ច

    ការពិតទៅ​ធាតុអាកាស​ក្ដៅ​ដូច​នៅក្នុង​ប្រទេស​យើង អាច​និយាយបានថា ជា​រឿង​ប្រក្រតី​ខ្លាំងណាស់​ដែលក្មេងៗនឹង​ស្រេកទឹក​ញឹកញាប់​នោះ តែបើ​សិន​កូន​ស្រេកទឹក​ញឹកញាប់​រហូត​ខុសពី​ធម្មតារៀងរាល់15នាទី​ម្ដង ឬ​ញ៉ាំ​ទឹក​ចូលទៅ​ម្ដងច្រើនៗនោះ បង្ហាញថា កូន​អាច​នឹងមាន​បញ្ហា​សុខភាព​បង្កប់​នៅក្នុង​រាងកាយ​ក៏​អាច​ថា​បានដែរ ដូច្នេះ​គួរតែ​នាំ​កូន​ទៅឱ្យ​ពេទ្យ​ពិនិត្យមើល​ពី​មូលហេតុឱ្យបាន​ច្បាស់លាស់។

    7/ ស្រមុក​ឮខ្លាំងៗ

    ទារ​កកើត​ដំបូង​អាច​នឹង​គេង​ស្រមុក​គឺជា​រឿង​ប្រក្រតី តែបើ​ស្រមុក​ឮ​ខ្លាំង​ខុសពី​ធម្មតា ឬ​ធំ​ហើយ​នៅតែ​មិន​បាត់​ស្រមុក​ទៀត​នោះ មូលហេតុ​អាច​បណ្ដាលមកពី​ការកើត​ប្រតិកម្ម​ចាញ់​អ្វីមួយ ឬ​អាច​នឹង​ជា​សញ្ញា​របស់​ការឆ្លង​មេរោគ​អ្វី​ម្យ៉ាង​ក៏​ថា​បានដែរ។ ក្រៅពីនេះ​អាច​ដោយសារតែ​កូន​មាន​ក្រពេញ​ថម​ស៊ី​ល​ធំ ក្រពេញ​អៈ​ឌី​ណ​យ​ដ៍​ធំ និង​ភាពធាត់​ក៏​ជា​បច្ច័យ​មួយ​ដែរ តែ​ករណី​ដែល​ធ្ងន់ធ្ងរ ដូចជា មាន​ភាពខុសប្រក្រតីរ​បស់​គ្រោង​សាង​នៃ​ប្រព័ន្ធ​ដកដង្ហើម ឬ​មកពី​ភាពខុសប្រក្រតី​ខាង​ពូជ​អម្បូរ​ក៏មាន ដូច្នេះ​អាណាព្យាបាល​គួរតែ​នាំ​កូនតូច​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​រក​មូលហេតុ​ឱ្យបាន​ច្បាស់​ទើប​ជាការ​ល្អ។

    ទោះជា​អាការ​មួយចំនួន​មើលទៅ​ប្រក្រតី​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ធំ​ដូច​យើង​មែន តែ​នៅពេលដែល​វា​ជា​រឿង​សុខភាព​របស់​កូនតូច​ជាទី​ស្រឡាញ់​នោះ លោក​ឪ​ពុ​អ្នក​ម្ដាយ​គួរតែ​ប្រញាប់ប្រញាល់បន្តិច ប្រសើរ​ជាង​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​មិនទាន់​ពេល៕