Category: សង្គម និងសេដ្ឋកិច្ច

  • សិស្ស​កម្ពុ​ជាជាង 30% អាច​ប្រកួតប្រជែង​ផ្នែក STEM ជា​អន្តរជាតិ​បាន

    សិស្ស​កម្ពុ​ជាជាង 30% អាច​ប្រកួតប្រជែង​ផ្នែក STEM ជា​អន្តរជាតិ​បាន

    វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ព្រោះ​មុខវិជ្ជា​ទាំងអស់នេះ​ជា​អាជីព​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅក្នុង​សង្គម។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា STEM ជា​មុខវិជ្ជា​មួយ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា នេះ​បើ​មើល​ទៅលើស្ថានភាព​សង្គម​នាពេល​បច្ចុប្បន្ន ព្រោះថា សម័យនេះ​បច្ចេកវិទ្យា​មានការ​អភិវឌ្ឍ​លឿន ខណៈ​កម្ពុ​ជាមាន​ប្រជាជន​វ័យក្មេង​ច្រើន។ ស្រប​ជាមួយនឹង​ស្ថានភាព​នេះ យើង​ឃើញថា យុវជន​វ័យក្មេង​កម្ពុជា​ប្រមាណ​ជាង 30% នៅតាម​សាលា​អាចមាន​សមត្ថភាព​ប្រកួតប្រជែង​បានជា​អន្តរជាតិ ហើយ​ក្នុងនោះ​មាន​អ្នកខ្លះ​ពូកែ​ជាង​សិស្ស​ប្រទេស​ដទៃទៀត​ផង។

    ទន្ទឹមនឹងនេះ យើង​ក៏​នៅមាន​កត្តា​ប្រឈម​មួយចំនួន​ផងដែរ គឺ សិស្ស​ប្រមាណ​ជា 70% ផ្សេងទៀត សមត្ថភាព​នៅមានកម្រិត​នៅឡើយ តែ​ក្រសួង​អប់រំ​ក៏បាន​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ​ដែលមាន​ជំនាញ​ឱ្យ​កាន់តែច្រើន ពង្រឹង​វិធីសាស្ត្រ​បង្រៀន បង្កើត​សាលា​ជំនាន់​ថ្មី និង​បង្កើន​ភាព​ទាក់ទាញ​ដល់​សិស្ស​ឱ្យ​ចាប់អារម្មណ៍​កម្មវិធី STEM នេះ​កាន់តែច្រើន។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ “យើង​បង្កើត​សាលា​ជំនាន់​ថ្មី​ដោយ​ដាក់​ឱ្យមាន​ឧបករណ៍​ពិសោធ​ជាក់ស្តែង ដើម្បីឱ្យ​សិស្ស​បាន​យល់ច្បាស់​ពី​តម្លៃ​នៃ​មុខវិជ្ជា STEM និង​យល់ថា ការសិក្សា​មុខវិជ្ជា​នេះ​ជា​រឿង​មាន​ប្រយោជន៍ អាច​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​បាន ហើយ​មាន​ភាព​គួរឱ្យ​ចង់​រៀន និង​មិន​អផ្សុក​ទេ។

    ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ផងដែរ​ថា បច្ចុប្បន្ននេះ មុខវិជ្ជា STEM មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា ព្រោះ​បើ​យើង​ក្រឡេកមើល​កាលពី 5ឆ្នាំមុន នៅ​កម្ពុជា​មិនសូវមាន​អ្នកណា​ចាប់អារម្មណ៍​រឿង STEM នៅឡើយ​ទេ តែ​នៅពេល​បច្ចុប្បន្ននេះ មនុស្ស​គ្រប់គ្នា​កំពុង​ចាប់អារម្មណ៍ ហើយ​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​ចាប់ផ្តើម​យល់​អំពី STEM ដែរ។

    រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ តាមរយៈ​សាលា​គំរូ​មួយចំនួន​សិស្ស​បាន​អនុវត្ត​ទ្រឹស្តី​របស់ខ្លួន​ដើម្បី​យកមកប្រើ​ប្រាស់​បាន​យ៉ាងច្រើន។ ជាក់ស្ដែង នៅ​សាលា​ស៊ី​សុ​វ​ត្តិ សិស្ស​អាច​ចេះ​ផលិត​សាប៊ូ ចេះ​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​ផលិត​ឧបករណ៍​ជាច្រើន​ទៀត ដែល​ទាំងអស់នេះ​សុទ្ធតែជា​លទ្ធផល​ចេញពី​មេរៀន​របស់ STEM ទាំងអស់។ ម្យ៉ាងវិញទៀត ថ្វីដ្បិតតែ​នៅ​ជនបទ សិស្ស​មិនទាន់មាន​សមត្ថភាព​ខ្លាំង​ដូច​នៅ​ទីក្រុង​ក៏ដោយ តែ​យើង​បាន​បង្កើត​សាលា​គំរូ​ចំនួន​ប្រមាណ​ជា 200កន្លែង​នៅ​គ្រប់​ខេត្ត ដែល​អាច​អនុញ្ញាតឱ្យ​សិស្ស​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់។ លើសពីនេះទៅទៀត ក្រសួង​អប់រំ​ក៏បាន​ផលិត​វីដេអូ​របស់លោក​គ្រូ-អ្នកគ្រូ​ឆ្នើម ដែលមាន​ទេពកោសល្យ និង​ចំណេះដឹង​ខ្ពស់​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយពី​វិធីសាស្ត្រ​បង្រៀន​យ៉ាង​ទូលំទូលាយ​ទៅកាន់​សាធារណជន ជាពិសេស​គឺ​សិស្សានុសិស្ស និង​លោកគ្រូ-អ្នកគ្រូ​នៅ​ទូទាំងប្រទេស៕

  • មុខងារ Explore Feed ត្រូវបាន​ដកចេញ​ពី​កម្ពុជា​ទាំងស្រុង

    មុខងារ Explore Feed ត្រូវបាន​ដកចេញ​ពី​កម្ពុជា​ទាំងស្រុង

    អាមេរិក៖ កាលពី​សប្ដាហ៍​មុន Facebook បានប្រកាស​នូវ​ដំណឹង​ល្អ​មួយ គឺ​ការធ្វើ​តេស្ដ​មុខងារ Explore Feed ត្រូវបាន​បញ្ចប់ ហើយ​ជាក់ស្ដែង​នៅថ្ងៃនេះ គេ​សង្កេតឃើញថា មុខងារ Explore Feed នៅលើ Facebook កម្ពុជា​ត្រូវបាន​ដកចេញ​ទាំងស្រុង ប៉ុន្តែ​សម្រាប់​នៅលើ App មាននៅ​សល់​ខ្លះ។

    ការដកចេញ​នូវ​មុខងារ Explore Feed នេះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​សប្បាយចិត្ត ព្រោះថា​មិន​ចាំ​បាច់​ត្រូវ​ជ្រើសរើស​បើក News Feed ឬក៏ Explore Feed នោះទេ ជាពិសេស​គឺ​សម្រាប់​អ្នកមាន Facebook Page ធំៗតែម្ដង។

    កាលពីដើម​ខែមីនា​នេះ បណ្ដាញ​សង្គម​យក្ស Facebook បានប្រកាសថា ខ្លួន​នឹង​បញ្ចប់​ការងារ​ធ្វើតេស្ដ​ទៅលើ​មុខងារ Explore Feed ទាំង​ក្នុង 6ប្រទេស ដោយ​ក្នុងនោះ​មាន​កម្ពុ​ជាមួយ​ផងដែរ ហើយ​ការបញ្ចប់​ការធ្វើ​តេស្ដ ព្រមជាមួយ​ការដកចេញ​នូវ​មុខងារ Explore Feed នេះ ដោយសារតែ​លទ្ធផល​ដែល​ទទួលបាន​មិន​គាប់ប្រសើរ។

    គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី Facebook ធ្វើតេស្ត​មុខងារ Explore Feed បានធ្វើឱ្យ​អ្នករក​ប្រាក់​តាមរយៈ Instant Articles ជួប​ការលំបាក ដោយ​ថយ​នូវ​ប្រាក់ចំណូល ព្រោះ Facebook បាន​ចែក​ការ Post នៅលើ Page ផ្សេង និង​នៅលើ Timeline ផ្សេង៕

  • យុវវ័យ​ត្រូវមាន​ឯករាជភាព​ក្នុងការ​ស្វែងរក និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់

    យុវវ័យ​ត្រូវមាន​ឯករាជភាព​ក្នុងការ​ស្វែងរក និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់

    នៅ​កម្ពុជា មាន​យុវជន​ជាច្រើន​បាន និង​កំពុងធ្វើការ​ងារ​មិនត្រូវ​ជំនាញ ឬ​ផ្លាស់ប្តូរ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទៀត ដែល​ពេលខ្លះ​បញ្ហា​នេះ​ធ្វើឱ្យ​ពួកគេ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ស្វែងរក​ភាព​ថ្កុំថ្កើង​សម្រាប់​ខ្លួនឯង និង​សង្គម។

    ពិធី​ការិនី​ដែល​កំពុងមាន​ភាពល្បីល្បាញ​ក្នុងចំណោម​យុវវ័យ និង​ជា​មនុស្ស​ម្នាក់​ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា​ជា​អ្នក​ដែល​ធ្វើ​ការងារ​ស្និទ្ធ​ជាមួយនឹង​យុវវ័យ គឺ​កញ្ញា នាង សុ​វាត​នា បាន​លើកឡើងថា យុវជន​គួរ​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើន​ដើម្បី​ស្វែងរក និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ព្រោះថា នៅពេលដែល​យើង​ចាប់ផ្តើម​មាន​ឯករាជភាព​ចំពោះ​ខ្លួនឯង នោះ​យើង​នឹង​ចាប់ផ្តើម​មានការ​សម្រេច​ចិត្ត​ខ្ពស់​លើ​ការកំណត់​ជោគវាសនា​ដោយ​ខ្លួនឯង។ ចំណុច​នេះ​អាចធ្វើឱ្យ​យុវវ័យ​គាត់​អាច​ដឹង​ពីអ្វី​ដែល​គាត់​ត្រូវធ្វើ ហើយ​ព្យាយាម​ធ្វើ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់គាត់​ផ្ទាល់​ដែល​ដោយសារ​កត្តា​នេះហើយ​ទើប​គេ​ជំរុញ​ឱ្យ​ក្មេង​ដើរ​ស្វែងយល់​ឱ្យបាន​ច្រើន។

    កញ្ញា នាង សុ​វាត​នា បាន​និយាយថា ៖ “នា​សម័យនេះ​បច្ចេកវិទ្យា​មានការ​រីកចម្រើន ហើយ​មនុស្ស​ជាច្រើន​ក៏​សុទ្ធតែ​អាច​ប្រើ​ភាសា​អង់គ្លេស​បានល្អ ហេតុនេះ​ពួកគេ​អាចមាន​ឱកាស​ច្រើន​ក្នុងការស្វែងយល់​ពី​ប្រភព​ចំណេះដឹង​ជាច្រើន​ទៀត​ពី​គ្រប់​ទីកន្លែង។

    កញ្ញា សុ​វាត​នា បានលើកឡើង​ផងដែរ​ថា ការផ្តល់​សិទ្ធិ​ដល់ក្មេងៗក្នុងការ​សម្រេចចិត្ត ក៏​ត្រូវការ​ការចូលរួម​ពី​អាណាព្យាបាល​ផងដែរ ព្រោះថា ប្រសិនបើ​អាណាព្យាបាល​មិន​ផ្តល់​សិទ្ធិ ឬ​ក្តោប​ក្តាប់​សិទ្ធិ​លើ​វាសនា​កូន​ដោយ​ខ្លួន​គាត់​ផ្ទាល់ នៅពេលនោះ​កូន​របស់គាត់​នឹង​មិនមាន​ទម្លាប់​ក្នុងការ​ដោះស្រាយ ឬ​សម្រេចចិត្ត​លើ​ដំណើរ​ជីវិត​ខ្លួនឯង​នោះទេ។ ការ​ស្គាល់​ខ្លួនឯង គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្សម្នាក់ៗ ហើយ​ដើម្បី​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ឱ្យអស់​លទ្ធភាព យុវវ័យ​គួរ​ស្វែងរក​ចំណេះដឹង​បន្ថែម​ពី​គ្រប់​ទីកន្លែង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឱ្យ​ខ្លាំង។

    និស្សិត​ពូកែ​របស់​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​កម្មសិក្សា​ជាច្រើន​ប្រទេស កញ្ញា ណា​រ៉ា សុ​ខេ​មា បាន​លើកឡើងថា តាមពិតទៅ​យុវជន​កម្ពុជា​ក៏​អាចមាន​ឱកាស​ច្រើន​ក្នុងការ​ស្វែងរក​ប្រភព​ចំណេះដឹង​ពី​គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក ព្រោះថា បច្ចុប្បន្ននេះ​និស្សិត​ជាច្រើន​កំពុងធ្វើការ​ប្រកួតប្រជែង​ចំណេះដឹង​ជាមួយនឹង​បណ្តា​ប្រទេស​ដទៃ ដើម្បី​ទទួលបាន​ឱកាស​ទៅ​សិក្សា​នៅ​បរទេស ឬ​ទទួលបាន​ឱកាស​ក្នុងការ​ស្វែងយល់​នៅក្នុង​ប្រទេស​អភិវឌ្ឍ​នានា។ នៅពេលដែល​យុវជន​អាច​ទទួលបាន​ឱកាស​ទាំងអស់នោះ គាត់​នឹង​បានឃើញ​ពី​ប្រភព

    ព័ត៌មាន​ជាច្រើន​ដែល​ពេលខ្លះ វា​ជា​គ្រឿងផ្សំ​ដែល​ជំរុញ​គាត់​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង ដែល​ចំណេះដឹង​ទាំងអស់នោះ​គាត់​មិន​ធ្លាប់​ជួប​ពីមុនមក​ឡើយ។

    កញ្ញា ណា​រ៉ា សុ​ខេ​មា និស្សិត​ពូកែ​របស់​កម្ពុជាដែលបានទៅសិក្សាច្រើនប្រទេស

    កញ្ញា ណា​រ៉ា សុ​ខេ​មា បាន​លើកឡើងថា៖ “យុវជន​កម្ពុជា គួរតែ​កំណត់​ក្តី​សុ​បិ​ន្ត​ខ្លួនឯង​ឱ្យ​ច្បាស់ ហើយ​កុំ​ខ្លាច​នឹង​ការប្រកួតប្រជែង​ទៅ​សិក្សា​នៅ​បរទេស ហើយ​កុំ​ខ្លាច​ជាមួយ​ការស្វែងរក​ភាពល្អប្រសើរ។ ប្រសិនបើ​យើង​មានការ​តាំងចិត្ត ហើយ​មាន​សេចក្តីក្លាហាន​ដើម្បី​បង្កើត​ភាព​តស៊ូ​ដណ្តើម​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង​ជាមួយនឹង​ការធ្វើ​កម្មសិក្សា​នៅ​បរទេស យើង​អាច​នឹងធ្វើ​វា​បាន​នៅ​ថ្ងៃ​ណាមួយ។

    កញ្ញា ខេ​មា បានលើកឡើង​ផងដែរ​ថា តាមពិតទៅ​ការប្រកួតប្រជែង​នានា​ត្រូវការ​កម្លាំងចិត្ត និង​ការតាំង​ចិត្ត​ឱ្យបាន​ច្បាស់លាស់។ ការប្រកួតប្រជែង​មួយចំនួន​មិន​លំបាក​ក្នុងការ​ដាក់ពាក្យ​ពេក​នោះទេ តែមាន​មនុស្ស​ជាច្រើន​មិន​ដាក់ ហើយ​អ្នក​ដែល​ហ៊ាន​គឺ​ទទួលបាន​ឱកាស​ខ្ពស់​ដើម្បី​ទទួល​ភាពជោគជ័យ។ ការព្យាយាម​ពង្រឹង​សេចក្តីក្លាហាន ដើម្បី​ស្វែងរក​នូវ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​គឺជា​រឿង​មួយ​សំខាន់​ដែល​អាច​ជំរុញ​រូបគេ​ឱ្យ​ក្លាយជា​មនុស្ស​ម្នាក់​ប្រកបដោយ​ភាព​អភិវឌ្ឍ។

    លោក ស៊ា​ង សុ​បញ្ញា ស្ថាបនិក​សាលា Cam Asean បានលើកឡើង​ក្នុង​កម្មវិធី The Perspectives Cambodia ថា យុវជន​កម្ពុជាម្នាក់ៗគួរ​បើក​ចិត្ត​ឱ្យ​ទួ​លាយ​ហើយ​តាំងចិត្ត​ថា​យើង​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​ធំ​ទូលាយ ហេតុនេះ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​ក្លាយជា​ប្រជាជន​សកល។ លោក​បញ្ជាក់ថា នៅពេលដែល​យុវជន​មានចំណេះដឹង​ខ្ពស់ ហើយ​ច្បាស់លាស់​ជាស​កល នោះ​យើង​នឹង​អាច​ឈោង​ចាប់​ការងារសំខាន់ៗនៅក្រៅ​ប្រទេស​បាន។ ការខិតខំ​ប្រឹងប្រែង ដោយ​ស្វែងរក​សក្តានុពល​ខ្លួនឯង​ឱ្យ​ច្បាស់ បន្ទាប់មក​កំណត់​ទិសដៅ​ឱ្យ​ជាក់លាក់​មួយ អាចជួយ​យុវជន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ម្នាក់​សម្រាប់​ពិភពលោក​ក៏​អាច​ថា​បានដែរ។

    លោក ស៊ាង សុបញ្ញា ស្ថាបនិក​សាលា Cam Asean

    លោក ស៊ា​ង សុ​បញ្ញា បាន​និយាយថា ៖ “បើ​ចង់​ក្លាយជា​មនុស្ស​ដែល​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​នោះ យើង​គួរតែ​ស្វែងរក​ឱ្យឃើញ​នូវ​អ្វីដែល​យើង​ចង់​ធ្វើ បន្ទាប់មក​អភិវឌ្ឍ​វា​ឱ្យបាន​ច្បាស់លាស់។ ប្រសិនបើ​រៀន​ភាសា គឺ​រៀន​ឱ្យ​ចេះ​ច្បាស់​ទាល់តែ​និយាយ សរសេរ និង​អាន​ច្បាស់លាស់​ប្រើការ​បាន​ដូច​អ្នកជំនាញ ហើយ​ប្រសិនបើ​ចាប់​ជំនាញ​ណាមួយ គឺ​ខំប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ក្លាយជា​មនុស្ស​ច្បាស់លាស់​លើ​ជំនាញ​នោះ។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ ខាងលើ​បានលើកឡើង​ផងដែរ​ថា ប្រជាជន​កម្ពុជា​ក៏​អាច​ក្លាយជា​ប្រជាជន​សកល​បានដែរ បើសិន​យើងទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហើយ​យល់ច្បាស់​ពី​តួនាទី​របស់ខ្លួន​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​ក្នុង​តំបន់ តាមរយៈ​ការប្រើប្រាស់​សមត្ថភាព​ជំនាញ​របស់​យើងទាំងអស់គ្នា៕

  • FACEBOOK នឹង​ដក​មុខងារ Explore Feed ចេញ ក្នុងពេលឆាប់ៗនេះ

    FACEBOOK នឹង​ដក​មុខងារ Explore Feed ចេញ ក្នុងពេលឆាប់ៗនេះ

    Facebook បានចេញ​សេចក្តីប្រកាស​នៅលើ​គេហ​ទំ​ព៍រ​របស់ខ្លួន​កាលពីពេលថ្មីៗនេះ​ថា​នឹង​បញ្ចប់​ការធ្វើ​តេស្ត​លើ​មុខងារ Explore Feed ដែល​កន្លងមក Facebook បានធ្វើការ Update នូវ​មុខងារ ជាច្រើន ដើម្បី​ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​ភាពងាយស្រួល ក៏ប៉ុន្តែ​មិន​ប្រាកដថា​ការ Update រាល់​មុខងារនីមួយៗនោះ​សុទ្ធតែ​ទទួលបាន​ជោគជ័យ និង​មានការ​គាំទ្រ​ពី​អ្នកប្រើប្រាស់​ទាំងអស់​ឡើយ។

    ជាក់ស្តែង​កាលពី​ខែតុលា​ឆ្នាំ 2017 Facebook បានដាក់​មុខងារ Explore Feed ចេញ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ដែលជា​មុខងារ​មួយ​សម្រាប់​ប្រមូលផ្តុំ​រាល់​ព័ត៌មាន​ដែល​ផុស​ចេញពី Page។

    សូម​បញ្ជាក់ដែរថា​ដំបូង​ឡើយ រាល់​គ្រប់​ព័ត៌មាន​ទាំងអស់​ដែល​ផុស​ចេញពី Account  និង​ផុស​ចេញពី Page ធ្វើឱ្យ​អ្នកប្រើប្រាស់​បានឃើញ​នៅក្នុង​មុខងារ News Feed តែមួយ។

    ការសម្រេច​ដាក់ចេញ​ឱ្យប្រើ​ប្រាស់​នូវ​មុខងារ Explore Feed នេះ​មិនត្រូវ​បានទទួល​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​នោះទេ ព្រោះថា អ្នកប្រើប្រាស់​ភាគច្រើន​មិនបាន​ដឹង និង​ស្គាល់​នូវ​មុខងារ ថ្មី​មួយនេះ ម្យ៉ាងទៀត​មុខងារ​មួយ​នេះ​គឺជា​មុខងារ​សម្រាប់តែ Page របស់​ក្រុមហ៊ុន​ផុស​នូវ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ពី​ទំនិញ និង​សេវាកម្ម​របស់ខ្លួន ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានរ​ម្មណ៍​ធុញ។

    ដោយសារតែ​មិនសូវមាន​ការគាំទ្រ​លើ​មុខងារ​មួយ​នេះ ទើប​ក្នុងពេលថ្មីៗនេះ Facebook បានប្រកាស​ដក​នូវមុខ​ងារ Explore Feed ចេញ៕

  • វិធី​រកប្រាក់​ចំណេញ​ពី​អចលនទ្រព្យ

    វិធី​រកប្រាក់​ចំណេញ​ពី​អចលនទ្រព្យ

    ការទិញ​អចលនទ្រព្យ​ដីធ្លី ឬ​ផ្ទះល្វែង​ទុក​សម្រាប់​លក់​ទៅវិញ ជួនកាល​បាន​ប្រាក់ចំណេញ​ច្រើន ហើយ​ជួនកាល​មិនបាន​ប្រាក់ចំណេញ តែ​ថែមទាំង​ខាតបង់​ធ្ងន់ធ្ងរ​ទៀតផង។ ដូច្នេះ​តើ​យើង​គួរ​ទិញ​អចលនទ្រព្យ​បែបណា ឬ​ពេលណា​ទើប​លក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​ច្រើន?

    លោក អាំ សុផល ស្ថាបនិក​ក្រុមហ៊ុន CamboHome & City Development Co., Ltd មានប្រសាសន៍ថា បើ​ចង់​ទិញ​អចលនទ្រព្យ​បាន​ផលចំណេញ​ច្រើន​ត្រូវ​ចេះ​មើល​ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល ជា​បទពិសោធ នៅពេល​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីតាំង​ណាមួយ ដី​នៅ​តំបន់​នោះ​ពិតជា​ឡើងថ្លៃ​ជាមិនខាន។ លោក​ថាបច្ចុប្បន្ន និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​លក់​កំពុង​កើតមាន​យ៉ាងសកម្ម​នៅ​តំបន់​ជាយក្រុង ហើយ​ប្រសិនបើ​ចង់បាន​ប្រាក់ចំណេញ​គួរ​មើល​ពី​ទីតាំង​ណា​ដែលជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល

    ជាមុនសិន។ ក្រៅពីនេះ​អ្នកទិញ​ដី​ក៏​គួរ​មើល​គម្រោង​អភិវឌ្ឍន៍ធំៗរបស់​អ្នកវិនិយោគ​ដែល​ចូលមក​បណ្តាក់ទុន​សាង​សង់​សំណង់​អគារ​ខុន​ដូ​ផ្ទះល្វែងឬ​ផ្សារ​ទំនើប​នានា​នៅ​តំបន់​ជាយក្រុង​ដែលជា​កត្តា​ធ្វើឱ្យ​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ “ខ្ញុំ​ធ្លាប់បាន​ទិញ​ដី​ជាយក្រុង​មួយកន្លែង ក្រោយមក​តំបន់​នោះ​ត្រូវបាន​គេ​អភិវឌ្ឍ​ទៅជា​ផ្សារ​ទំនើប ដែលមាន​មនុស្ស​ចូលទៅ​រស់នៅ​ច្រើនឡើង ធ្វើឱ្យ​ដី​ដែល​ខ្ញុំ​ទិញ​នោះ​ឡើងថ្លៃ​ទ្វេដង​មិនគួរ​ឱ្យ​ជឿ។

    មួយវិញទៀត​អ្នកទិញ​ដី​គួរ​ស្វែងរក​ទីតាំង​ដី​នៅ​ធូរ​ថ្លៃ ដូចជា​ដី​មិនទាន់​អភិវឌ្ឍន៍​ដែល​មិនទាន់ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ពេល​ទិញ​រួចហើយ​ត្រូវធ្វើ​ការអភិវឌ្ឍ​តំបន់​នោះ​ឱ្យ​ក្លាយទៅជា​ទីប្រជុំជន មាន​ផ្សារ មាន​សាលារៀន ពិសេស​មាន​ផ្លូវ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដែលជា​លក្ខណៈពិសេស​ធ្វើឱ្យ​ដី​តំបន់​នោះ​ឡើងថ្លៃ​ខ្លាំង។ ប៉ុន្តែ​យ៉ាងណា​នោះ គេ​ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យបាន​ល្អិតល្អន់​ជាមុនសិនចៀសវាង​ទិញ​ដី​ដែល​កំពុងមាន​វិវាទ ដី​ដែល​កំពុង​ជាប់​បញ្ចាំ​ប្លង់​នៅ​ធនាគារ ព្រោះ​អាច​ជួប​ហានិភ័យផ្សេងៗកើតឡើង​នាំ​ខាតបង់។

    ចំណែក​អ្នកនាង លឹម មករា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​រតនា​ការ រៀល​ធី បាន​និយាយ​ស្រដៀង​នេះដែរ​ថា មុននឹង​សម្រេចចិត្ត​ទិញ​ដី​គឺ​យើង​គួរ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ជាមុន ព្រោះថា ការទិញ​ដី​យើង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន មុននឹង​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ឬ​មិន​អ៊ីចឹង​ទេ​នាំឱ្យ​ខាតបង់​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់។ ដើម្បី​ឱ្យបាន​ប្រាក់ចំណេញ​ច្រើន យើង​ត្រូវ​ចេះ​តាមដាន​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

    ចំណុច​នេះ​អ្នកនាង​បាន​លើក​ជា​ឧទាហរណ៍ ដី​នៅ​ខាងលិច​ក្រុងភ្នំពេញ ដី​នៅ​តំបន់ ​EAONទី2 និង​ផ្លូវ 60ម៉ែត្រ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដើមឡើយ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទេ តែ​នៅពេល​គម្រោង​អភិវឌ្ឍន៍​រដ្ឋ និង​ឯកជន​ចូលទៅ​ដល់ ដី​នៅ​ទីតាំង​ខាងលើ​បាន​ឡើងថ្លៃ​ខ្ពស់ នឹកស្មាន​មិន​ដល់។ ក្រៅពី​កត្តា​សំខាន់​ខាងលើ អ្នកនាង លឹម មករា បាន​បន្ថែមថា ដើម្បី​ទិញ​ដី​បាន​ប្រាក់ចំណេញ​ច្រើន អ្នកវិនិយោគ​គួរ​មាន​បណ្តាញ​ច្រើន​ចែករំលែក​ព័ត៌មាន​អំពី​ការលក់​ដី​ទៅវិញទៅមក ហើយ​វិភាគ ឬ​ពិភាក្សា​រួមគ្នា​រកឱ្យឃើញ​ថា ដី​ណា​មាន​សក្តានុពល ដី​ណា​មិនមាន​សក្តានុពល ចាំ​យើង​សម្រេចចិត្ត​ទិញ​ជា​ក្រោយ។ បើ​មាន​ប្រាក់ គួរ​រង់ចាំ​ទិញ​ដី​ណា​ដែល​ម្ចាស់​ត្រូវ​ការលក់​ប្រញាប់​ខ្លាំង យើង​នឹង​អាច​ទិញ​បាន​ក្នុង​តម្លៃថោក ហើយ​លក់​ទៅវិញ​នឹង​បាន​ចំណេញ​ច្រើន ។

    ចំណែក​លោក សូត្រ សារ៉ន ប្រធាន​ផ្នែក​គម្រោង The Seagate Suit នៅ​ខេត្ត​កំពង់សោម​មានប្រសាសន៍​ថា ការរីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​ដោយសារ​ប្រជាជនមាន​ប្រាក់ចំណូលកាន់តែ​ខ្ពស់ ខណៈដែល​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​រឹងមាំ​ថេរ ហើយ​រដ្ឋាភិបាល​មាន​ទិសដៅ​កែប្រែ​សេដ្ឋកិច្ច​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030។ លោក​បន្ថែមថា ដើម្បី​បាន​ប្រាក់ចំណេញ​មកវិញ អ្នកវិនិយោគ​គួរ​ចេះ​សម្លឹងមើល​ទីតាំង​ណា​ដែល​ល្អ​ជាមុនសិន ពិសេស​ទិញ​ដី​នៅលើ​ទីតាំង​ដែល​មិនទាន់​កែច្នៃ ឬ​ដី​នៅ​ទីតាំង​ដែល​នឹងមាន​គម្រោង​អភិវឌ្ឍន៍ធំៗ ទើបបាន​ប្រាក់ចំណេញ​លឿន​ត្រឡប់មកវិញ។ ឧទាហរណ៍​ដូចជា គម្រោង​ខុន​ដូ The Seagate Suit នៅ​កំពង់សោម មាន​អតិថិជន​គាំទ្រ​ច្រើន​គឺ​ដោយសារ​អតិថិជន​គិតថា​តំបន់​នោះ​នឹងមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុងពេលឆាប់ៗ ខាងមុខនេះ។

    ប្រសិនបើ​មាន​ប្រាក់​ច្រើន​ដោយ​ខ្លួនឯង មិនមែនជា​ប្រាក់​ខ្ចី​គេ​នោះ គួរ​ចេះ​ឆក់​ឱកាស​ទិញ​ដី​នៅពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ឬ​ទិញ​ដី​នៅពេល​ជិត​បោះឆ្នោត​ដែលមាន​មនុស្ស​ចង់​លក់​ច្រើន ដូចជា​គេ​ច្រើន​លើកឡើងថា “ជ្រុល​ទិញ​ដី គឺ​ទិញ​នៅពេល​គេ​ចង់​លក់ ហើយ​បើ​ជ្រុល​លក់​ត្រូវ​លក់​នៅពេល​គេ​ចង់​ទិញ ហើយ​បើ​ចង់បាន​ចំណេញ​កាន់តែច្រើន គឺ​ត្រូវ​ទុក​យូរ​បន្តិច” ព្រោះថាអ្វីៗមាន​ភាពប្រែប្រួល​តែ​ដី​មិន​ប្រែប្រួល​ទេ ដូចជា​ចំនួន​ប្រជាជន​កាន់តែ​កើនឡើង​ឥតឈប់ឈរ តែ​ដី​មិន​កើនឡើង​ទេ ដូច្នេះ​តម្រូវការ​ដី​កើតមាន​កាន់តែច្រើន តែ​កាលណា​តម្រូវការ​មាន​ច្រើន តម្លៃ​ក៏​កាន់តែ​ឡើងថ្លៃ​ដែរ៕

  • ទូច ស្រីល័ក្ខណ៍ នៅតែបារម្ភ និងយកចិត្តទុក្ខដាក់ខ្លាំងចំពោះ យូ ឌីស្កូ ខណៈលោកកំពុងធ្លាក់ខ្លួនយ៉ាងធ្ងន់

    ទូច ស្រីល័ក្ខណ៍ នៅតែបារម្ភ និងយកចិត្តទុក្ខដាក់ខ្លាំងចំពោះ យូ ឌីស្កូ ខណៈលោកកំពុងធ្លាក់ខ្លួនយ៉ាងធ្ងន់

    ​ខណៈពេល​នេះ​លោក យូ ឌី​ស្កូ កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់រហូត​ស្រក់សាច់​ស្គម​ស្កាំ​ង​មើល​មិន​ចង់​ស្គាល់ បានជាអតីតដៃគូចម្រៀងដ៏ល្អគឺ អ្នកនាង ទូច ស្រីល័ក្ខណ៍ បានចេញមុខស្វែងរកជំនួយពីសំណាក់សប្បុរជន ដែលមានទឹកចិត្តសន្ដោស ស្រឡាញ់ អាណិត ក្នុងការជួយឧបត្ថម្ភរូបលោក ។ ទើបនៅពេលថ្មីៗនេះ ទូច ស្រីល័ក្ខណ៍ បានបញ្ចេញអារម្មណ៍ពិតនៅលើហ្វេសប៊ុករបស់ខ្លួន និងប្រឹងរកជំនួយសប្បុរសធម៌ផងដែរ។

    អ្នកនាង ទូច ស្រីលក្ខណ៍ បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលនៅលើហ្វេសប៊ុកថា « ខ្ញុំដឹងថាពេលនេះបងពិតជាពិបាកក្នុងចិត្ត តែអ្វីដែរខ្ញុំចង់និយាយទៅកាន់បងថា បងជាមនុស្សដែលល្អសម្រាប់ខ្ញុំ ខ្ញុំមិនដែរទុកបងចោលទេហើយខ្ញុំនិងប្រឹងរកសប្បុរសធម៌ដែរគាត់មានចិត្តធម៌ថានិងជួយបងបាន សូមបងកុំអស់សង្ឃឹម ខ្ញុំសប្បាយចិត្តពេលឃើញបងញញឹមថ្ងៃនេះ បងត្រូវរក្សារទុកក្នុងចិត្តថារាល់បព្ហាររបស់បងខ្ញុំតែងតែនៅក្បែរបងជានិច្ច មនុស្សដែលស្រលាញ់គ្នាពិតប្រាកដគឺមិនចោលគ្នាពេលដែលមិត្តជួបទុក្ខលំបាក »។

    ​ក្រៅពី​ខ្នះខ្នែង​ជួយ​ដល់ យូ ឌី​ស្កូ ទាំង​កម្លាំងកាយ និង កម្លាំងចិត្ត អ្នកនាង ទូច ស្រី​ល័ក្ខណ៍ ក៏បាន​បង្ហោះ​សារ​រៀបរាប់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ការ​ទឹកចិត្ត​ស្រឡាញ់ និង មិន​ព្រម​បោះបង់ចោល​លោក យូ ឌី​ស្កូ ខណៈ​កំពុង​ជួបប្រទះ​នឹង​បញ្ហា ក្នុងនាម​ជា​មិត្ត​ដ៏​ល្អ​ម្នាក់ ។ មហាជន​បាន​ស្ញើ​ច​សរសើរ​ចំពោះ​ទឹកចិត្ត ទូច ស្រី​ល័ក្ខណ៍ យ៉ាងខ្លាំង ទោះបីជា​លោក យូ ឌី​ស្កូ ធ្លាក់ខ្លួន​ឈឺ​យ៉ាងណា​ក៏​មិន​ចោល​គ្នា ៕

  • ខ្សែការពារ​អន្តរជាតិ​អ៊ីតាលី Astori ស្លាប់​ក្នុង​វ័យ 31ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង

    ខ្សែការពារ​អន្តរជាតិ​អ៊ីតាលី Astori ស្លាប់​ក្នុង​វ័យ 31ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង

    ខ្សែការពារ​អន្តរជាតិ​អ៊ីតាលី Davide Astori ដែលជា​ប្រធាន​ក្រុម Fiorentina បាន​ស្លាប់​ក្នុង​វ័យ 31ឆ្នាំ។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី ​Serie A មួយ​នេះ កាលពី​ថ្ងៃអាទិត្យ។

    Astori កំពុងតែ​ស្នាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ជាមួយនឹង​មិត្ត​រួម​ក្លិប​របស់គេ នៅ​មុនពេល​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​នៅលើ​ទឹកដី​ក្រុម Udinese នៅពេលនោះ​រូបគេ​បាន​ស្លាប់ភ្លាមៗតែម្តង។ ខ្សែការពារ​រូបនេះ​បានបង្ហាញ​ខ្លួន 14លើក​សម្រាប់​ជម្រើសជាតិ​អ៊ីតាលី ក្នុង​អាជីព​មួយ​ដែល​បានចាប់ផ្តើម​ជាមួយនឹង​ក្លិប AC Milan បើទោះបី​រូបគេ​មិនបាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​សម្រាប់​ក្លិប​នេះ នៅមុន​ពេល​លក់​ទៅឱ្យ​ក្លិប Cagliari ក៏ដោយ។ ក្លិប Fiorentina បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «Fiorentina ពិតជា​មាន​ភាព​ស្រឡាំងកាំង​ណាស់​ក្នុង​ការប្រកាស​ពី​ការស្លាប់​របស់​ប្រធាន​ក្រុម Davide Astori ក្រោយពី​មាន​ជំងឺភ្លាម។

    សម្រាប់​ស្ថានភាព​ដ៏​អាក្រក់​បែបនេះ និង​ក្រោម​ការគោរព​សម្រាប់​ក្រុមគ្រួសារ​របស់គេ យើង​សូម​ស្នើ​បណ្តាញសារព័ត៌មាន​ទាំងអស់​ឱ្យចេញ​ផ្សាយ​ប្រកបដោយ​ចំណេះដឹង»។ លោក Antonio de Nicolo មន្ត្រីប៉ូលិស​ក្នុង​ទីក្រុង Udine ត្រូវបាន​ដកស្រង់​សម្តី​ក្នុងពេល​និយាយ​ដោយ​បណ្តាញសារព័ត៌មាន​អ៊ីតាលី​ថា៖ «Astori បាន​ស្លាប់​ដោយ​ហេតុផល​ធម្មជាតិ ក្រោយពី​ដួល​ដោយសារតែ​ជំងឺ​គាំងបេះដូង»។

    មន្ត្រី​រូបនេះ​បាន​បន្ថែមទៀតថា វា​ពិតជា​ចម្លែក​ណាស់​ដែល​បញ្ហា​បែបនេះ​បានកើត​ឡើង ដោយ​គ្មាន​សញ្ញា​អ្វី​ឱ្យដឹង​មុន​ទាំងអស់​ទៅលើ​កីឡាករ​អាជីព​ម្នាក់​ដែល​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់។ សាកសព​របស់ Astori ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Udine ដើម្បី​ធ្វើ​កោសល្យវិច័យ៕

    ប្រភពពី៖ The Guardian

  • ញាក់សាច់!! ដេននី ក្វាន់ សម្ងែងក្រដាសប្រាក់ 100 ដុល្លារទាំងខ្ទាស់នៅលើហ្វេសប៊ុក

    ញាក់សាច់!! ដេននី ក្វាន់ សម្ងែងក្រដាសប្រាក់ 100 ដុល្លារទាំងខ្ទាស់នៅលើហ្វេសប៊ុក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 5 ខែមីនា ឆ្នាំ 2018 នេះ បានឱ្យឃើញ តារាស្រីសិចស៊ីដែលនិយមបង្ហាញរូបរាងកាយនៅលើហ្វេសប៊ុកអ្នកនាង ដេននី ក្វាន់ បានសម្ងែងក្រដាសប្រាក់ 100 ដុល្លារសហរដ្ឋអាមេរិកជាច្រើនសន្លឹក​ទាំងខ្ទាស់ៗ ដែលធ្វើឱ្យមហាជនលាន់មាត់គ្រប់គ្នា..វ៉ាវ..។

    តារាស្រីទើបតែរួចផុតពីបម្រាមផ្អាកចូលសិល្បៈរូបនេះ បានសរសេរនៅលើហ្វេសប៊ុកអមដោយរូបភាពថា «ពេលវេលារបស់ខ្ញុំជាមាសប្រាក់ ខ្ញុំមិនទៅចំណាយពេលដ៏មានតម្លៃរបស់ខ្ញុំទៅធ្វើរឿងអត់ប្រយោជន៍ឬក៏ឈ្នានីសអ្នកណានោះទេ ចង់ប្រាប់ថា វាសនាមនុស្សមិនដូចគ្នាទេ ប្រណាំងទូកប្រណាំងឡានគឺប្រណាំងបាន តែប្រណាំងនិងព្រេងវាសនាគឺមិនបាននោះទេ… ហើយពេលដែលអ្នកអង្គុយសើចសប្បាយនឹងចំអកឱ្យខ្ញុំ អ្នកមិនដឹងនោះទេថា ខ្ញុំខំប្រឹងរកប្រាក់គ្មានពេលសម្រាកគ្មានថ្ងៃសោរ៍ឬអាទិត្យសម្រាប់ខ្ញុំនោះទេ! »។

    យ៉ាងណាមិញ បន្ទាប់ពីបានប្រាប់ទៅកាន់ ទស្សនិកជនហើយនោះ នាងក៏បានធ្លាយពាក្យសំដីថា នឹងមានគម្រោងទៅកម្សាន្តនៅបរទេសជាក់ស្ដែង នាឆ្នាំនេះនាងមានគម្រោង ទៅលេងនៅចិន ជប៉ុន និង ឌូបៃ ទៀតផង។ ដេននី ក្វាន់ បានសរសេរ នៅលើគណនីហ្វេសប៊ុកថា «រាល់ថ្ងៃហត់នឹង Business (មុខរបររកស៊ី) ណាស់ រកពេលសម្រាកមិនចង់បាន តែសម្រាប់ខ្ញុំយ៉ាងណា ក៏ត្រូវតែទៅកំសាន្ត នៅក្រៅប្រទេស ដើម្បីសម្រាកខួរក្បាលខ្លះដែរ។ ក្នុងមួយឆ្នាំយ៉ាងតិចក៏បីប្រទេស ដែលត្រូវទៅកំសាន្ត ហើយក្នុងឆ្នាំនេះឆ្លៀតកំសាន្ត នៅ ចិន ជប៉ុន និង ឌូបៃ។ ឆ្នាំក្រោយចាំគិតទៀតថា គួរទៅប្រទេសណាវិញម្តង!»៕

  • ម៉ានិត ប្រកាសដើរចេញពីក្រុមហ៊ុនហង្សមាស ក្រោយបញ្ចប់កុងត្រា

    ម៉ានិត ប្រកាសដើរចេញពីក្រុមហ៊ុនហង្សមាស ក្រោយបញ្ចប់កុងត្រា

    ពិតចារឿងភ្ញាក់ផ្អើលបំផុតនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ តារាចម្រៀងប្រុស​ប្រចាំផលិតកម្ម Pleng Records លោក ម៉ានិត បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោកលែងជាបុគ្គលិក ឬជាតារាចម្រៀងរបស់ផលិតកម្មនៅក្នុងក្រុមហ៊ុនរស្មីហង្សមាសទៀតហើយ ដោយលោកអះអាងថា លោកបានបញ្ចប់កិច្ចកុងត្រាសន្យាការងារជាមួយផលិតកម្មរយៈពេល 5 ឆ្នាំ។

    ក្នុងនោះដែរ លោក ម៉ុង ម៉ានិត បានរៀបរាប់ថា « ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ នៃការបម្រើការងារនៅក្រុមហ៊ុនហង្សមាស។ ខ្ញុំបាទសូមប្រកាសជាផ្លូវការណ៍ថា ខ្ញុំបាទ ម៉ានិត នឹងមិនបន្តបម្រើការងារក្នុងក្រុមហ៊ុនហង្សមាសទៀតឡើយ បន្ទាប់ពីកិច្ចសន្យាបម្រើការងាររយៈពេលប្រាំឆ្នាំ បានចប់ជាស្ថាពរ។ ខ្ញុំពិតជាគិតដល់កន្លែងការងារ ដែលខ្ញុំធ្វើ មិត្តរួមការងារ និងពេលវេលាល្អៗកន្លងមក។ រយៈពេលប្រាំឆ្នាំកន្លងមកនេះ មានមនុស្សជាច្រើនបាននិយាយពីចំណុចអវិជ្ជមាននៃការដែលខ្ញុំចូលធ្វើជាតារាចម្រៀងនៅផលិតកម្មមួយនេះ គេនិយាយថា ធ្វើបែបនេះទើបត្រូវ ធ្វើបែបនោះខុសហើយ ខ្ញុំមិនគួរបែបនេះ ខ្ញុំមិនគួរបែបនោះ តែជាក់ស្ដែងខ្ញុំមិនដែលស្ដាយក្រោយក្នុងបម្រើការងារនៅទីនោះឡើយ»។

    តារាប្រុសសំឡេងផ្អែមស្រទន់រូបនេះ ក៏បានបន្ថែមថា« កាលដែលខ្ញុំចុះកិច្ចសន្យាធ្វើជាតារាចម្រៀងដំបូង ខ្ញុំមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ ខ្ញុំពិតជាត្រូវរត់ឲ្យទាន់អ្នកដទៃដែលឈានជើងដើរធម្មតា មានរឿងជាច្រើន ដែលខ្ញុំបានរៀនពីកន្លែងមួយនេះ វាធ្វើឲ្យខ្ញុំចេះគិត ចេះប្រឈមមុខ ចេះទំនាក់ទំនង រៀនស្គាល់ពីខ្លួនឯង និងចេះវិនិច្ឆ័យចំណុចតូចលម្អិតកាន់តែច្បាស់។ ខ្ញុំគ្រាន់តែចង់ឲ្យគ្រប់គ្នាបញ្ឈប់ការកាត់សេចក្ដីថា ការដែលខ្ញុំចូលហង្សមាសគឺជាកំហុស។ វាមិនមែនជាកំហុសឡើយ ព្រោះវាជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏មិនស្ដាយក្រោយនឹងការសម្រេចចិត្តរបស់ខ្ញុំដែរ»។

    ម៉ានិត បានបញ្ជាក់ឱ្យអ្នកគាំទ្របានដឹងច្បាស់ថា « ការចាកចេញនេះមិនមែនជាការចុះចាញ់ ឬបរាជ័យ តែវាជាការចាកចេញដើម្បីបន្តដំណើរទៅមុខ ស្វែងរកគោលដៅ និងក្ដីស្រមៃថ្មីមួយ។ ខ្ញុំសូមអរគុណដល់លោកនាយក អ្នកគ្រប់គ្រង ក្រុមការងារនៃក្រុមហ៊ុនហង្សមាសទាំងអស់ ដែលបានសហការយ៉ាងល្អ។ ខ្ញុំសង្ឃឹមថា នឹងបានធ្វើការជាមួយអ្នកទាំងអស់គ្នាម្ដងទៀត»៕

  • TMS ដង្ហើម​ថ្មី​នៃ​ស្នាដៃ​សិល្បៈ​ដ៏​ល្អឥតខ្ចោះ

    TMS ដង្ហើម​ថ្មី​នៃ​ស្នាដៃ​សិល្បៈ​ដ៏​ល្អឥតខ្ចោះ

    អ្វី​ទៅជា TMS? TMS (Talent Management Services) គឺជា​សេវាកម្ម​ដ៏​ថ្មី​សន្លាង​មួយ​របស់ CBS ដែលមាន​គោលដៅ​ចម្បង​ផ្តោតលើ​ការផ្តល់ជូន​ការកម្សាន្តល្អៗ ប្លែក​ថ្មី​ដល់​ទស្សនិកជន តាមរយៈ​តារាចម្រៀង ពិធីករ ពិធី​ការិនី តារា​សម្តែង ព្រមទាំង​តារា​កំប្លែង ដែល​ប្រកបដោយ​ជំនាញ មាន​វិជ្ជាជីវៈ មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​យ៉ាងពិត​ប្រាកដ។ TMS មាន​ការជួយជ្រោមជ្រែង​ពី​ពិធី​ការិនី​ដែលមាន​ទេពកោសល្យ និង​ជា​អ្នកគាំទ្រ​សិល្បករ​យ៉ាង​យកចិត្តទុកដាក់ ដែលគ្រប់ៗគ្នា​បាន​ស្គាល់​រួចមកហើយ​គឺ អ្នកនាង យុគ ចិន្តា ដែល​អ្នកនាង​សព្វថ្ងៃ​មាន​តួនាទី​មួយទៀត​ជា​នាយក​ប្រតិបត្តិ (CEO) របស់ TMS។

    អ្នកនាង យុគ ចិន្តា និង​លោក Dennis Garcia Arce ដែលជា​ប្រធាន​ផ្នែក​តន្ត្រី​របស់ TMS បាន​ខិតខំ​ប្រមូលផ្តុំ​នូវ​សិល្បករ និង​សិល្បការិនី​ជាច្រើន​ឱ្យមក​ជ្រក​ក្រោម​ដំបូល​តែមួយ ដើម្បី​ហ្វឹកហាត់ និង​ដុសខាត់​ទេពកោសល្យ​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត។ ជាមួយ TMS លោក​អ្នកនឹង​ទទួលបាន​នូវ​បទ​ភ្លេង​ថ្មី​ដែលមាន​គុណភាព រួម​ជាមួយនឹង​វប្បធម៌​ដ៏​ល្អ ដែល​ត្រូវបាន​សម្រិតសម្រាំង​ឡើង​ដោយ​សិល្បករ​ប្រកបដោយ​វិជ្ជាជីវៈ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ទស្សនិកជន។

    Meet the Artists!

    1/ លោក សេម៖ គឺជា​អ្នកនិពន្ធ និង​ជា​អ្នកចម្រៀង​រ៉ូ​មែន​ទិ​ក​ម្នាក់​ដែល​បាន​ទាក់​យក​បេះដូង​ទស្សនិកជន​ច្រើន​រាប់មិនអស់។ បទ​ចម្រៀង​ដែល​សាង​នូវ​ភាពលេច​ធ្លោ​ឱ្យ​លោក​ខ្លាំងជាងគេ​គឺមាន​ចំណងជើង​ថា “ត្រឹម​បារម្ភ​ពី​អូន​ក៏​បង​អស់ចិត្ត” ដោយ​បទ​នេះ​មាន​អ្នកទស្សនា​យ៉ាងច្រើន​តាម​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​សង្គម​នានា។ បច្ចុប្បន្ន សេម កំពុងតែ​ថត​ខ្សែភាពយន្ត​ថ្មី​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុងពេលឆាប់ៗនេះ ដោយ​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ និង​ការស្រឡាញ់​រាប់អាន​ពី​សំណាក់​ស្រទាប់​យុវវ័យ។

    2/ កញ្ញា ស៊ីរ៉ា៖ ម្ចាស់​បទ “ច្រណែន​គេ​មិនមែនជា​ខ្ញុំ” ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ2009 ដោយ​កញ្ញា​បានចាប់ផ្តើម រៀន​លេង​ហ្គី​តា និង​បាន​ចូលរួម​ជាមួយ​ក្រុម​តន្ត្រី​របស់សាលា​វ៉េ​ស្ទ​ឡាញ។ លើសពីនេះទៅទៀត កញ្ញា​ក៏បាន​ចូលរួម​ជាមួយ​គម្រោង “I am Original” ដែល​ធ្វើឡើង​នៅ​ឆ្នាំ2016 និង2017។ នាពេល​បច្ចុប្បន្ននេះ ស៊ីរ៉ា កំពុង​មមាញឹក​ក្នុងការ​ត្រៀមចេញ​នូវ​បទ​ចម្រៀង​ថ្មី​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ TMS។

    3/ លោក វណ្ណដា៖ គ្រាន់តែ​ឮឈ្មោះ  “វណ្ណដា” យុវវ័យ​ប្រហែលជា​ស្គាល់​ហើយ​ថា លោក​គឺជា​តារាចម្រៀង R&B និង Hip Hop ក្នុងប្រទេស​កម្ពុ​ជានា​សតវត្ស​ទី21យើង​នេះ។ ក្នុងនោះបទ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ស្រទាប់​អ្នក​ស្តាប់​គឺមាន​បទ “ឈឺ​ទេ។ មួយវិញទៀត លោក​ក៏បាន​បង្ហើប​ពី Album ចម្រៀង​ទី1របស់លោក​ប្រចាំឆ្នាំ2018 ដែលមាន​ការចូលរួម​ពី​តារាចម្រៀងរ៉េ​ប​ដទៃទៀត ដោយមាន​រូបលោក​ផ្ទាល់​ជា​អ្នក​ផលិត​បទ​ភ្លេង​ដោយ​បូក​បន្ថែម​នូវ​ចង្វាក់ Trap ផងដែរ

    4/ លោក Mc Bull៖ ចូលប្រឡូក​ក្នុង​វិថី​សិល្បៈ​ក្នុង​ឆ្នាំ2012រហូតដល់​ឆ្នាំ2013 ដោយ​លោក​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី ពេញចិត្ត​ឬ​អត់ របស់​ស្ថានីយទូរទស្សន៍ MyTV។ បទ​ចម្រៀង​ដែលលេចធ្លោ​ខ្លាំង​បំផុត​របស់លោក​គឺ បទ “សិល្បៈ​គុណ​ខ្មែរ” ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡាយព្រះហស្តលេខា និង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដោយ​ចុះបញ្ជី​បទ​ចម្រៀង​នេះ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​ដំបូង​គេ​បង្អស់ ហើយ​ឱ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​ចាក់ផ្សាយ​បទ​នេះ​នៅ​រាល់​ការប្រកួត​ប្រដាល់ផងដែរ។

    5/ អ្នកនាង​ហង្ស សុជាតា៖ គឺមាន​ឈ្មោះ​បោះ​សំឡេង​តាមរយៈ​បទ “សាកល្បង​ស្នេហ៍​ម្តងទៀត” និង​បទ “Love បង” ដែលជា​បទ​ដ៏​ពេញនិយម និង​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើនលើសលប់។ លើសពីនេះ អ្នកនាង​ក៏​ធ្លាប់​ធ្វើជា​គណៈកម្មការ​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​សំនៀង​ចែងចាំង របស់​ស្ថានីយទូរទស្សន៍ CTN ផងដែរ។ ក្រៅពី​សមត្ថភាព​ច្រៀង​ជា​ភាសា​ខ្មែរ អ្នកនាងសុជាតា ក៏​អាច​ច្រៀង​ជា​ភាសា​ថៃ និង​ភាសា​អង់គ្លេស​យ៉ាង​ពីរោះ និង​ស្ទាត់ជំនាញ​ផងដែរ។

    6/ លោក ផា​យ៉​ត៖ ជា​អតីត​អ្នកចម្រៀង​នៅ​ផលិតកម្ម​រ៉ក់ ដែល​ទស្សនិកជន​ពិតជា​បាន​ស្គាល់​រូបលោក​រួចមកហើយ​តាមរយៈ​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា “ហេតុអ្វី​ទៅ” និង​បទ “បញ្ចាំដីការ​ប្រពន្ធ។ បច្ចុប្បន្ន លោក ផា​យ៉​ត កំពុង​មមាញឹក​ជាមួយ​ការចេញ​បទ​ចម្រៀងថ្មីៗ ដើម្បី​បម្រើ​អារម្មណ៍​យុវវ័យ​មិត្តអ្នកស្តាប់។

    7/ កញ្ញា អ៉ី​ញ​អ៉ី​ញ៖ គឺជា​តារា​សម្តែង​ស្រី​ដែលមាន​វ័យក្មេង និង​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​ស្រទាប់​យុវវ័យ។ សម្រស់​ដ៏​ស្រស់ស្អាត និង​ភាព​ប៉ិនប្រសប់​នៃ​ការសម្តែង បានធ្វើឱ្យ​កិត្តិ​ស័ព្ទរបស់ អ៉ី​ញ​អ៉ី​ញ មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ស្នាដៃ​ថ្មី​របស់ អ៉ី​ញ​អ៉ី​ញ សម្រាប់​បើក​ទំព័រ​ថ្មី​ក្នុង​ឆ្នាំ2018នេះ ទស្សនិកជន​នឹង​ជួប អ៉ី​ញ​អ៉ី​ញ នៅក្នុង​រឿង “កិច្ចសន្យា​ស្នេហ៍ Tom & Jerry” ដែល​នឹង​ត្រៀម​បញ្ចាំង​នៅតាម​បណ្តា​រោងភាពយន្ត​នានា​ក្នុងពេលឆាប់ៗនេះ។

    8/ កញ្ញា Vartey Ganiva៖  គឺជា​អ្នកចម្រៀង​ស្រី​ដំបូង​គេ ដែល​ផលិត​ចម្រៀង​ប្រភេទ Punk ហើយ​ចង្វាក់ភ្លេង​នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​ចង្វាក់​រ៉ក់​ដែរ។ អ្វីដែល​ធ្វើឱ្យ​ចម្រៀង​របស់ Vartey Ganiva ពិសេស​ជាងគេ​នោះ​គឺ​អត្ថន័យ​ចម្រៀង​ទាំងមូល​តែម្តង ដោយ Vartey Ganiva ច្រៀង​អំពី​ជីវិត​ពិត និង​ការរង​គ្រោះ​របស់​មនុស្ស​ស្រី​មួយចំនួនធំ​នៅ​ប្រទេស​កម្ពុជា។

    9/ ក្រុម Polarix៖ គឺជា​ក្រុម​រាំ​ដែលមាន​សមាជិក​សុទ្ធសឹង​ជា​ជនជាតិខ្មែរ។ Polarix កំពុង​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​វិស័យ​រាំ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​ឱ្យ​ពិភពលោកបាន​ស្គាល់។ បទ​ចម្រៀង​ដែលមាន​ការពេញនិយម​ពី​សំណាក់​យុវវ័យ​មានដូចជា បទ “CHASE” (ផ្ញើ​សារ​ទៅ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​រឹងមាំ) បទ “CRUSHED BELL” (ជា​ប្រភេទ Balletកំសត់​ដែលមាន​ក្បាច់​រាំ​រស់​រវើក​ត្រូវ​ជាមួយនឹង​សាច់ភ្លេង) និង បទ “SUNSHINE TOUCH”។

    10/ កញ្ញា ដា​នី៖ នៅក្នុង​ឆ្នាំ2015 ដា​នី បាន​ចាប់​អាជីព​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​ផ្លូវការ​ជាច្រើន ដែល​រូបនាង​ផ្ទាល់​អាច​សរសេរ និង​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ។ ដា​នី បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំ2017 ក្នុងនាម​ជា​សិល្បការិនី​របស់ TMS។ ទំព័រ​សម្តែង​ដំបូង​របស់​នាង​គឺ​នៅក្នុង​វីដេអូ​ចម្រៀង​ថ្មី​បទ “ចាប់ផ្តើម និង​បញ្ចប់” របស់ លោក វណ្ណដា។

    11/ លោក រតនៈ៖ បាន​ចូល​សិល្បៈ​ដំបូង​នៅ​ឆ្នាំ2015 ក្នុងនាម​ជាតា​រា​ម៉ូ​ដែល​នៅ Sun Super Model។ នៅ​ឆ្នាំ2016 ចំនួន​អ្នក​ស្គាល់ និង​អ្នកគាំទ្រ​របស់លោក​បាន​កើន​ឡើងជា​លំដាប់ ដោយសារតែ រតនៈ មាន​វត្តមាន​ជា​ពិធីករ​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​នៅលើ​បណ្តាញ​សង្គម Facebook។ បច្ចុប្បន្ន​ក្រៅពី​ការងារ​ជាតា​រា​ម៉ូ​ដែល និង​ជា​ពិធីករ លោក​ក៏មាន​ភាព​មមាញឹកក្នុង​ការងារ​សម្តែង ថត​ស្ប៉ត​ពាណិជ្ជកម្ម រឿង​ភាគ​ទូរទស្សន៍ រឿង​ប្រភេទ​អប់រំខ្លីៗ និង​ថត​បទ​ចម្រៀង​កាយវិការ​ជាច្រើន​ផងដែរ។

    12/ លោក សុវណ្ណ​ណេ​ត៖ បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ2013 តាមរយៈ​កម្មវិធី​ប្រឡង Spy Guys and Girls Contest, Season II។ ក្រោយពី​បាន​សាង​ស្នាដៃ​សម្តែង​បាន​ច្រើន​គួរសម​មក ឈ្មោះ​របស់លោក​ត្រូវបាន​ទស្សនិកជន​ស្គាល់ និង​គាំទ្រ​យ៉ាងច្រើន​ជាពិសេស​តាមរយៈ​រឿង “កំហឹង​អ្នកស្រុក” ដែល​បាន​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ MyTV។

    តារា​របស់ TMS នៅ​មិនទាន់​អស់​នោះទេ! សិល្បករ និង​សិល្បការិនី​ជាច្រើនរូប​ទៀត​ក៏​កំពុង​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ជា​សិល្បករ​របស់ TMS ផងដែរ។ ពួកគេ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បីបម្រើ​នូវ​ចក្ខុ​អារម្មណ៍​របស់​ទស្សនិកជន​ដែល​រួមមាន​ដូចជា សាយ, ម៉ា ច័ន្ទ​បញ្ញា, សេម រ៉ក់​ឃឺ, 4NIX និង Superior M ជាដើម។ TMS នឹង​ព្យាយាម​នាំមក​ជូន​នូវ​ព្រឹត្តិការណ៍ប្លែកៗ ព្រមជាមួយ​នឹង​បទ​ចម្រៀង Original ថ្មីៗ មក​ជូន​ទស្សនិកជន​អ្នកគាំទ្រ​គ្រប់​ស្រទាប់វណ្ណៈ។ កុំ​ភ្លេច! រង់ចាំ​តាមដាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​តារា TMS ទាំងអស់គ្នា​ណា៎!