Category: សង្គម និងសេដ្ឋកិច្ច

  • ចង់​បង្កើត​ស្នាដៃ​ថ្មី លុះត្រាតែ ពូកែ​អាន ស្តាប់ និង​ចងក្រង

    ចង់​បង្កើត​ស្នាដៃ​ថ្មី លុះត្រាតែ ពូកែ​អាន ស្តាប់ និង​ចងក្រង

    នាពេល​បច្ចុប្បន្ននេះ យុវជន​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ​ការសរសេរ និង​បង្កើត​ស្នាដៃ​ផ្ទាល់ខ្លួន​ដើម្បី​បង្ហាញ​ទៅកាន់​សាធារណជនថ្មីៗ ដែល​វា​ជា​ប្រភេទ​ឯកសារសំខាន់ៗសម្រាប់​សង្គម តែ​យុវជន​មួយចំនួន​មិនទាន់​យល់ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​បង្កើត​នូវ​ស្នាដៃ​ទាំងអស់នោះ​នៅឡើយ។

    សៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធថ្មីៗ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍សៀវភៅ

    ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ និង​គំនិត​មួយចំនួន​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​ស្នាដៃថ្មីៗ ឬ​សម្រាប់​អ្នក​ដែល​មិនទាន់​ដឹងថា ត្រូវ​បង្កើន​ស្នាដៃ​អ្វី​ដើម្បី​ឆ្លើយតប​ជាមួយនឹង​ភាពខ្លាំង​របស់ខ្លួន ហើយ​មាន​ប្រយោជន៍​តាម​វិធី​ណា?

    1. អាន​ច្រើន និង​ព្យាយាម​ដើរ​ឱ្យ​ច្រើន

    អ្នកបង្កើត​ស្នាដៃ​ថ្មី គឺ​ចាំបាច់​ត្រូវតែ​ជា​អ្នក​ដែល​សំខាន់ ហើយ​ឆ្លើយតប​នឹង​អ្វី​ដែលជា​តម្រូវការ​រប​ស់មនុស្ស​ទូទៅ ហេតុនេះ​អ្នក​ដែល​ជួប​រឿង​ច្រើន​ស្គាល់​បញ្ហា​ច្រើន ឬ​ជា​អ្នកដឹង​ពី​ប្រភព​ដែល​កើតមាន​បញ្ហា​ទូទៅ​សម្រាប់​មនុស្ស។ ដើម្បី​ដឹង​ពី​បញ្ហា​ទាំងអស់នោះ លុះត្រាតែ ខ្លួនគេ​ជា​អ្នក​ដែល​ទទួលបាន​ព័ត៌មាន​ច្រើន តាមរយៈ​ការអាន ការ​ស្តាប់ ឬ​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា។

    បន្ទាប់ពី​បានដឹង​ពី​ប្រភពព័ត៌មាន​ច្រើន​ហើយ​យើង​អាច​សាកល្បង​ចងក្រង​នូវ​បញ្ហា​ទាំងអស់នោះ​ទុក ហើយ​បែងចែក​ឱ្យបាន​ច្បាស់លាស់ សម្រាប់​កំណត់​ពីមុខ​សញ្ញា​ដើម្បី​ដោះស្រាយ។ យើង​អាច​សាកល្បង​មើល​លើ​បញ្ហា​ទាំងអស់ ហើយ​សង្កេតមើល​ពី​ចំណូលចិត្ត​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ថា តើ​យើង​ស្រឡាញ់​ការងារ​មួយណា ហើយ​ចង់​ដោះស្រាយ​ការងារ​ណា​ដែល​មិន​ធុញទ្រាន់។ ក្រោយពី​ទទួលបាន​ប្រភព​បញ្ហា​ហើយ យើង​អាចធ្វើ​ការស្រាវជ្រាវ​តាម​គ្រប់​លទ្ធភាព​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​ភ្ជាប់​នឹង​ចំណេះដឹង​ដែល​យើង​មាន។

    1. ស្វែងរក​មូលដ្ឋាន​នៃ​ដំណោះស្រាយចាស់ៗ

    ដើម្បី​បង្កើត​ដំណោះស្រាយ​ថ្មី អ្នក​ដែល​អាចបង្កើត​ស្នាដៃ​ថ្មី មិន​ប្រាកដថា​ជា​មនុស្ស​ដែល​ត្រូវតែ​ធ្វើអ្វីៗថ្មី​ទាំងអស់​នោះទេ​តែ​ពេលខ្លះ​គាត់​ក៏​អាចជា​អ្នក​ពូកែ​យក​ដំណោះស្រាយចាស់ៗមក​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែរ។ ពេលខ្លះ ការព្យាយាម​ស្រាវជ្រាវ​អាន​ឯកសារចាស់ៗដែល​ស្រដៀង​គ្នា​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​អាចជា​ពន្លឺ​យ៉ាង​ល្អ​ដើម្បីឱ្យ​យើង​បន្ត​ស្រាវជ្រាវ​លើ​គំហើញថ្មីៗទៀត​ដោយ​គ្រាន់តែ​កាត់​ចំណុច​មិន​សំខាន់​ចេញ ហើយ​បន្ថែម​នូវ​អ្វីដែល​ស្របទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ននេះ ជាការ​ស្រេច។ ដើម្បី​ធានាថា ការធ្វើ​បច្ចុប្បន្នភាព​នៃ​ដំណោះស្រាយ​អាចធ្វើ​ទៅបាន​ដោយមាន​ភាពច្បាស់លាស់ និង​ត្រឹមត្រូវ យើង​អាច​ស្វែងរក​ទីប្រឹក្សា​ដើម្បី​ផ្តល់យោបល់​បន្ថែម និង​ស្វែងរក​អ្នកជំនាញ​ដើម្បី​ធ្វើ​សម្ភាស​បន្ថែម​ជាការ​ស្រេច។

    1. ប្រមូល​ឯកសារ​ទាំងអស់​ចងក្រង​បញ្ចូល​គ្នា​ទៅតាម​អាយុកាល

    ពេលខ្លះ​អ្នក​ដែល​អាចបង្កើត​ស្នាដៃ​ថ្មី គឺជា​អ្នក​ដែល​បានធ្វើ​នូវ​អ្វីដែល​អ្នកដទៃ​មិនទាន់​ធ្វើ ហើយ​ស្នាដៃ​ដែល​ត្រូវបាន​បង្កើតឡើង​ថ្មី​នោះ​អាច​ក្លាយជា​ប្រភព​នៃ​ព័ត៌មាន​ដែល​មនុស្ស​ត្រូវការ​បំផុត។ មនុស្ស​ជាច្រើន​មានការ​លំបាក​បំផុត​ក្នុងការ​ចងក្រង​ឯកសារ​ច្រើន​ប្រភេទ​លើ​ប្រធានបទ​តែមួយ​បញ្ចូល​គ្នា ហើយ​ចំណុច​ទាំងអស់នោះ​នឹង​ក្លាយជា​អាហារ​ឆ្ងាញ់​សម្រាប់​អ្នកស្រាវជ្រាវ​ដទៃទៀត ព្រោះថា​មាន​មនុស្ស​ជាច្រើន​អាច​មិនមាន​អ្វីដែល​យើង​មាននៅ​ក្នុង​ដៃ ហើយ​អ្វីដែល​យើង​ធ្វើ​ក៏​អាច​បង្កើន​ភាពងាយស្រួល​ដល់​អ្នកស្រាវជ្រាវ និង​ខ្លួនឯង​ផ្ទាល់​ថែមទៀត​ផង៕

  • ស្រាយ​ចម្ងល់… ហេតុ​អី្វ​បាន​គេង​លក់​ហើយ​ហៀរ​ទឹកមាត់ និង​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា?

    ស្រាយ​ចម្ងល់… ហេតុ​អី្វ​បាន​គេង​លក់​ហើយ​ហៀរ​ទឹកមាត់ និង​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា?

    មិន​ថា​លោកអ្នក​អាយុ​ប៉ុន្មាន? ប្រុស ឬ​ស្រី? មាន​អាជីព​អ្វី? និង​មាន​បែបបទ​ជីវិត​បែបណា​នោះទេ? តែ ឡា​រ៉ែ​ន ជឿថា ត្រូវតែ​ធ្លាប់​គេង​លក់​ហើយ​ហៀរ​ទឹកមាត់​កក្លាក់ រហូត​ទទឹក​ដៃ​អាវ សើម​ខ្នើយកើយ​មក​ខ្លះ​ហើយ​ជាមិនខាន។ តើ​ហេតុ​អី​បានជា​អ្នក​ហៀរ​ទឹកមាត់​ពេល​គេង​លក់ ទាំង​ពេល​គេង​ក៏​បិទមាត់​ជិតឈឹង​ល្អ​ហើយ​នោះ តែ​ហេតុ​អី​ក៏​នៅតែ​ហៀរ​ចេញមក​បាន​ទៀត? តើ​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា? ទំព័រ​សុខភាព ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូន។

    ហេតុ​អី​បាន​អ្នក​គេង​លក់​ហើយ​ហៀរ​ទឹកមាត់?

    ជា​ប្រក្រតី រាងកាយ​របស់​មនុស្ស​យើង​នឹង​ផលិត​ទឹកមាត់​ចេញមក​គ្រប់ពេលវេលា​ស្រាប់​ទៅហើយ ក្នុង​សភាវ​ប្រក្រតី​ក្រពេញទឹកមាត់​នឹង​ផលិត​ទឹកមាត់​ចេញមក​ប្រមាណ1-2លីត្រ​ក្នុងមួយថ្ងៃ។ នៅពេលដែល​អ្នក​កំពុង​ភ្ញាក់ (មិនបាន​គេង) ទឹកមាត់​នឹង​ផលិត​ចេញមក​ច្រើនជាង​ពេល​អ្នក​គេង​លក់ ឯ​ពេល​គេង​លក់​វិញ រាងកាយ​របស់​អ្នកនឹង​ផលិត​ទឹកមាត់​ចេញមក​តិច​បំផុតស្ទើរតែ​សូន្យ​តែម្ដង។ តែ​ទោះជា​យ៉ាងនេះ​មែន​នៅពេល​ភ្ញាក់ អ្នក​អាច​គ្រប់គ្រង​រាងកាយ គ្រប់គ្រង​បរិមាណ​ទឹកមាត់​ក្នុង​មាត់​របស់​អ្នក​បាន​ដោយ​ការ​លេប តែ​នៅពេល​អ្នក​គេង​លក់ រាងកាយ​ចូល​ឆ្ពោះទៅរក​សភាវ​សម្រាក សាច់ដុំ​ទូទាំង​រាងកាយ និង​លើ​ផ្ទៃមុខ​ក៏​សម្រាក​ដែរ ធ្វើឱ្យ​មាត់​របស់​អ្នក​ហា​ឡើង​ដោយសារ​គ្មាន​សាច់ដុំ​បញ្ជា​ឱ្យ​បិទ ទើប​ទឹកមាត់​ដែល​ប្រមូល​សន្សំនៅក្នុង​មាត់​នោះ​ហូរ​ចេញមកក្រៅ​មាត់ ព្រោះ​អ្នក​មិនបាន​លេប​ចូល​ពោះ​ដូច​ពេល​ភ្ញាក់​ហ្នឹងឯង។

    គេង​លក់​ហៀរ​ទឹកមាត់ ជា​អា​ការដែល​ខុស​ប្រក្រតី​ឬទេ?

    ការពិតទៅ ការ​គេង​លក់​ហើយ​ទឹកមាត់​ហៀរ​មិនមែនជា​អាការ​ដែល​ខុស​ប្រក្រតី​នោះទេ។ វា​ច្រើនតែ​កើតឡើង​នៅពេលដែល​អ្នក​គេង​លក់​ខ្លាំង លក់​ស្កប់ មិន​កម្រើកខ្លួន អាច​សង្កេត​បានតាមរយៈ​ថ្ងៃ​ណា​ដែល​អ្នក​ហត់នឿយ​ខ្លាំង ឬ​នៅលើ​អ្នក​ដែល​ចូលចិត្ត​គេង​ផ្អៀង ក៏​នឹងមាន​សញ្ញា​ក្នុងការ​គេង​ហៀរ​ទឹកមាត់​ច្រើនជាង​អ្នកដទៃ​ដែរ។ តែ​ក្រៅពីនេះ នៅ​អាចមាន​មូលហេតុ​ផ្សេងទៀតរួមជាមួយ​ដែរ ដូចជា អ្នកជំងឺ​គ្រុនផ្ដាសាយ​ដែលមាន​អាការ​តឹង​ច្រមុះ ហើយ​គេង​ហាមាត់ ឬ​នៅលើ​អ្នកជំងឺ​ដែលមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ ឬ​សាច់ដុំ​គ្មាន​កម្លាំង ក៏​អាចមាន​បញ្ហា​គេងលក់​ហៀរ​ទឹកមាត់​បាន​ដូចគ្នា​ដែរ។

    វិធី​កាត់បន្ថយ​អាកា​រហៀរ​ទឹកមាត់​ពេល​គេង​លក់​ដោយសារតែ​អាកា​រគេង​លក់​ហើយ​ហៀរ​ទឹកមាត់​ជា​រឿង​ប្រក្រតី​តាម​ធម្មជាតិ​នោះ ទើប​គ្មាន​វិធី​ណា​បំបាត់​អាការ​នេះ​ជាពិសេស​នោះទេ តែ​អ្នក​អាច​កាត់បន្ថយ​ឱកាស​ដែល​ទឹកមាត់​នឹង​ហូរហៀរ​ចេញមក​បាន​ដោយ​ការ​គេង​ផ្ងារ ឬ​គេង​ដាក់​ក្បាល​ឱ្យ​ខ្ពស់​ឡើង​បន្តិច ដើម្បីឱ្យ​មាត់​របស់​អ្នក​បិទ​ជិត​ខណៈ​គេង​លក់៕

  • អស់​បញ្ហា​រឿង​អង្កែ ជាមួយនឹង​វិធី 3យ៉ាងងាយៗ

    អស់​បញ្ហា​រឿង​អង្កែ ជាមួយនឹង​វិធី 3យ៉ាងងាយៗ

    នៅពេលដែល​សង្កេតឃើញ​ថា ស្បែកក្បាល​កំពុងតែ​ទម្លាក់​ចុះ​នូវ​កម្ទេចសៗ ឬ​ដែល​ភាសាងាយៗហៅថា អង្កែ នោះ ឡា​រ៉ែ​ន ជឿជាក់ថា​រឿង​ដំបូង​បំផុត​ដែល​លោកអ្នក​តែងតែ​គិត​ឃើញនោះ​គឺ ការស្វែងរក​សាប៊ូកក់​សក់​ណា​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​អង្កែ។ វា​ជា​រឿង​ល្អ​ណាស់​បើ​អ្នក​អាច​រកឃើញ​សាប៊ូកក់សក់​ណា​ដែល​អាច​កម្ចាត់​អង្កែ​លើ​ស្បែកក្បាល​របស់​អ្នក​បាន ប៉ុន្តែបើ​សំណាង​មិនល្អ​រក​មិនបាន​វិញ​នោះ ឡា​រ៉ែ​ន ចង់​ស្នើឱ្យ​អ្នកងា​កមក​សាកល្បង​វិធី​ព្យាបាល​បែប​បុរាណ​វិញ​ម្តង។

    វិធី​កម្ចាត់​អង្គែ ដោយ​ប្រេង​អូ​លីវ

    ក្រៅពី​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​រាងកាយ​ហើយ​នោះ ប្រេង​អូ​លីវ​ក៏​អាច​យកមក​ម៉ាស្សា​លើ​ស្បែកក្បាល​ដើម្បី​កម្ចាត់​អង្កែ​ផងដែរ។ ការ​ម៉ាស្សា​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ អាចជួយ​ប​ន្ថូ​រ​អារម្មណ៍​តានតឹង បន្ថែម​ការ​សម្រាក​ដល់​ខួរក្បាល ហើយក៏​ជា​វិធី​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​អង្កែ និង​បញ្ហា​របកស្បែក​ក្បាល​ផងដែរ។ ភាពសម្បូរ​បែប​នៃ​វីតាមីន E សារធាតុចិញ្ចឹម និង antioxidants ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ នឹង​ចូលទៅ​ជួយ​កម្ចាត់​អាការ​រលាក​ស្បែកក្បាល រមាស់ និង​បន្ថែមសំណើម​ដល់​ស្បែកក្បាល ព្រមទាំង​បន្ថយ​សភាព​ស្បែកស្ងួត​ផងដែរ។ យក​ប្រេង​អូ​លីវក្តៅៗបន្តិច​មក​ដាក់​លើ​ស្បែកក្បាល ហើយ​ម៉ាស្សាថ្នមៗលើ​ស្បែកក្បាល​ប្រហែល20នាទី។ ទុកចោល​រយៈពេល​មួយ​ម៉ោង រួច​សឹម​កក់​សម្អាត​សក់​ចេញ​ជាការស្រេច។

    វិធី​កម្ចាត់​អង្គែ ដោយ​ទឹក​ក្រូចឆ្មារ

    ប្រសិនបើ​ប្រេង​អូ​លីវ​ធ្វើឱ្យ​អ្នកមាន​ការបារម្ភ​ថា​នឹង​ពិបាក​ស្វែងរក​នោះ សូម​សាកល្បង​វិធី​ងាយ​បំផុត​មួយទៀត​គឺ ទឹកក្រូច​ឆ្មារ។ ទឹកក្រូច​ឆ្មារ​ដែល​ទើបតែ​ច្របាច់​ចេញពី​ផ្លែថ្មីៗមានប្រសិទ្ធភាព​ណាស់​ក្នុងការ​កម្ចាត់​អង្កែ។ យក​ទឹកក្រូច​ឆ្មារ​មកចាក់​លើ​ស្បែកក្បាល ហើយ​ប្រើ​ម្រាមដៃ​អេះ​ម៉ាស្សាតិចៗ រួច​ទុកចោល​មួយសន្ទុះ​សឹម​លាង​សម្អាត​ចេញ។

    វិធី​កម្ចាត់​អង្គែ ដោយ​ស្លឹក​ស្តៅ

    នៅមាន​វិធី​មួយទៀត​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​ការព្យាបាល​ស្បែកក្បាល​ពី​ការកើត​អង្កែ​ដោយ​ស្លឹក​ស្តៅ។ ដោយ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ប្រមាណ 2ក្បង់​ដៃ​ទៅ​ដាក់​ក្នុង​ទឹក​ក្តៅ4-5ពែង រួច​ត្រាំ​ទុកចោល​ពេញ​មួយ​យប់។ លុះ​ព្រឹក​ឡើង យក​ទឹក​ដែល​ត្រាំ​ស្លឹក​ស្តៅ​នោះមក​កក់សក់ រួច​ទុកចោល 1ម៉ោង មុនពេល​សម្អាត​ចេញ​ដោយ​ទឹកស្អាត។

    ឡា​រ៉ែ​ន បានត្រឹមតែ​ធ្វើជា​អ្នក​ណែនាំ ចំណែក​ការអនុវត្ត​គឺជា​ទង្វើ​របស់​អ្នក! ដូច្នេះ​សូម​សាកល្បង​វិធីងាយៗ ចំណាយ​ប្រាក់​តិច មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ហើយ​បើ​វា​មានប្រសិទ្ធភាព​ចំពោះ​ស្បែកក្បាល​របស់​អ្នកនោះ ទុក​ថា​ជា​រឿង​ដែល​ប្រសើរ​បំផុត​ហើយ៕

  • Recky ម្ចាស់បទ«ផ្ញើរសង្សារផង» ព្រោះស្រលាញ់សុខចិត្ដចំណាយទុនអស់ច្រើន

    Recky ម្ចាស់បទ«ផ្ញើរសង្សារផង» ព្រោះស្រលាញ់សុខចិត្ដចំណាយទុនអស់ច្រើន

    ទោះបីមានតារាចម្រៀងជើងចាស់លោកមាស សាម៉ន បានច្រៀងបទ«កកាកិកី» រួចហើយក៏ដោយ ក៏គ្រូបង្ហាត់ក្បាច់គុនប្រដាល់ ពិធីករ និងតារាចម្រៀងRecky ម្ចាស់បទ«ផ្ញើរសង្សារផង» ប្រឹងប្រែងបង្កើតទំនុកថ្មី ភ្លេងថ្មីមានចំណងជើង«កកាកិកី» ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងប្រព្រឹត្ដិចូលមកដល់នាពេលខាងមុខនេះ។

    លោកRecky បញ្ជាក់ថា កន្លងមកលោកមានបទចម្រៀងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្ដែជាប្រភេទបទមនោសញ្ចេតនា លើកនេះលោកចង់ផលិតបទចម្រៀងដែលមានទំនុកថ្មី បទភ្លេងថ្មីដែលអាចរំលេងកំសាន្ដ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋខ្មែរស្ដាប់និងរាំកំសាន្ដ។ លោកបន្ថែម បទនេះលោកចង់ដាស់អារម្មណ៍អ្នកស្ដាប់ដែលមានវ័យកណ្ដាលឱ្យបាននឹកឃើញដល់ទិដ្ឋភាពទាំងឡាយកាលពីវ័យកុមារ គ្រាដែលពួកគាត់រៀន ព្យញ្ជនៈខ្មែរកកាកិកីដោយម្នាក់ៗមានអនុស្សាវរីយផ្សេងគ្នា។

    តារាចម្រៀងរូបនេះប្រាប់ទៀតថា បទចម្រៀងនេះនឹងចេញជាMVក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើយ៉ាងណាលោកនឹងប្រឹងផលិតឱ្យចេញបានមុនបុណ្យចូលឆ្នាំខ្មែរ ។ អតីតកូនសិស្សសំណព្វចិត្ដផ្នែកសិល្បៈរបស់លោកប៊ីអាយជី បានលើកឡើងតទៀត ថា ៖«បទចម្រៀងមាននេះខ្ញុំបានចំណាយថវិកា និងពេលវេលាក្នុងការផលិតអស់ច្រើនគួរសមដែរ។ ខ្ញុំដឹងថាមានតារាចម្រៀងជាច្រើនកំពុងតែត្រៀមខ្លួនបញ្ចេញបទចម្រៀងក្នុងឱកាសចូលឆ្នាំ ដូច្នេះខ្ញុំគ្មានបំណងចង់ប្រកួតប្រជែងជាមួយតារាចម្រៀងដទៃទេ ពោលគឺដោយសារខ្ញុំស្រលាញ់លើវិស័យចម្រៀងខ្លាំង ព្រមទាំងចង់រួមចំណែកទាំងអស់គ្នាធ្វើយ៉ាងណា ដើម្បីធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។ ពិសេសកាន់តែគាំទ្រនូវស្នាដៃកូនខ្មែរទាំងអស់ឱ្យពួកគាត់កាន់តែមានទឹកចិត្ដផលិតបទផ្ទាល់ខ្លួនបន្ថែមទៀត»៕

  • នោះ!! ម៉េង កែវពេជ្ជតា ពន្លះព្រះតេជគុណ ឡុង ចិន្ថា

    នោះ!! ម៉េង កែវពេជ្ជតា ពន្លះព្រះតេជគុណ ឡុង ចិន្ថា

    បន្ទាប់ពីមានព័ត៌មានចេញផ្សាយពី ព្រះតេជគុណ ឡុង ចិន្ថា បានបង្ហាញប្រតិកម្មហួសចិត្តចំពោះរាជនីសំឡេងមាស ម៉េង កែវពេជ្ជតា រួចមកនោះ ភ្លាមតារាស្រីជើងចាស់រូបនេះ បានទម្លាយសារយ៉ាងវែងអន្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពន្លះព្រះតេជគុណវិញតាមការគួរ។

    អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរ៉ាប់ថា « ង់មិនមែនជាកំហុស​ តែដែលខុសគឺត្រង់ច្រលំថាខ្លួនឯងចេះ​ !

    សង្ឃអង្គនេះខុសជ្រងោ​ តែលោកគិតថាលោកត្រូវ​ និងបានផ្ញើពាក្យគំរាមមកថែមទៀត ..ប្រសើរណាស់​គុណម្ចាស់​អឺយ តបឆ្លើយបានល្អ​បំផុត ស័ក្តិសមជាសង្ឃកាន់សីល១០ឥតខ្ចោះ​ ! ! មិនបាច់ឆ្ងល់ទេ​ថាសំដៅលើសង្ឃណា​ ?​ គឺគុណម្ចាស់ ឡុង​ ចន្ថា​ ហ្នឹងហើយ​ ! គុណម្ចាស់កំពុងប្រព្រិត្តប្រាសចាក​វិន័យ​​ធម៌នៃព្រះសម្មាសម្ពទ្ធ​ ភ្លេចថាខ្លួនជាសង្ឃ ក្បត់ទឹកចិត្តគោរពដ៏ជ្រះថ្លាពីសំណាក់​ពុទ្ធសាសនិក​ យកលុយជាធំ​ ក្អេងក្អាង​ និងតែងតែយកវេលាទេសនាមករិះគន់ពេបជ្រាយតែរឿងបច្ច័យច្រើនជាងការផ្សព្វផ្សាយធម៌អប់រំល្អ ។ ណ្ហើយ​កុំវែងឆ្ងាយ​ គុណម្ចាស់ចង់ព្រលះអោយជ្រះក្អែល​ពីរឿងអី សូមនិមន្តតាមសប្បាយ​ចុះ​ ព្រោះមើលទៅគុណម្ចាស់ចូលចិត្តសប្បាយក្នុងហឹង្សា​ការឈ្លោះ​បញ្ចេញចង្កូម​​បែបអ្នកលេង​ខ្លាំងណាស់ ។

    ឆាប់ព្រលះទៅដើម្បីគុណម្ចាស់ឆាប់បានដល់បរិនិពាន្ត​លឿនដែរ​ តែគុណម្ចាស់កុំភ្លេចប្រើនេត្រា​មើល​មក Comment របស់ប្រជាពលរដ្ឋទាំងនេះផង​ គុណម្ចាស់នឹងជ្រាបថាគុណម្ចាស់កំពុងមានមោទ​នៈភាព​យ៉ាងក្រៃលែងដែលបានធ្វើអោយវិស័យព្រះពុទ្ធសាសនា​ត្រូវល្អក់កករ​ រងក្តីអាម៉ាស់​ និងអាចហិនហោច​បាន ឯព្រះសង្ឃល្អជាច្រើនត្រូវប្រជាពលរដ្ឋបាត់បង់ជំនឿ​ និងអាចឈានទៅរកការដាច់ចង្ហាន់ជាបណ្តើរៗ ! បើដូច្នេះគុណម្ចាស់កុំភ្លេចឆៀងចូលទៅយកពានពីក្រសួងធម្មការផង ព្រោះខាងក្រសួងអាចកំពុងត្រៀមប្រគេនពានបំផ្លាញវិស័យព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋនេះដល់គុណម្ចាស់ហើយ ។ សូមអស់យោបល់សិន​ ។ សារនេះ​មិនបានចង់តតាំងជាមួយលោកទេ​ ព្រោះយ៉ាងណាលោកជាព្រះសង្ឃដែល​មានចំណុចខ្សោយច្រើនណាស់​ តែចរិតខ្ញុំមិនចូលចិត្តធ្វើបាបអ្នក​ទន់ខ្សោយ ដូច្នេះខ្ញុំគ្រាន់តែមានបំណងត្រឹម​ ទីមួយចង់ជម្រាបជូនពុកម៉ែយាយតាបងប្អូនជាទីស្រលាញ់ទាំងឡាយថា​ អ្នកណាក៍ចង់ធ្វើ​បុណ្យដែរ​ ឯផលតបស្នងនឹង​ទទួលបានវិញដោយប្រសើរ​ប្រសិនបើសង្ឃដែលយើងធ្វើបុណ្យជាមួយនោះបរិសុទ្ធ​ តែបើធ្វើប៉ះចំសង្ឃទ្រុស្តសីល​បែបនេះដូចយក​លុយ​ទៅជះចោល​ ។

    ស្តាយកម្លាំងណាស់បងប្អូន​ ម្នាក់ៗខំធ្វើការយ៉ាងលំបាកបានប្រាក់បន្តិចបន្តួចថា​យកទៅធ្វើបុណ្យបែជាប៉ះសង្ឃចិត្តពាលមិនស្គាល់គុណតម្លៃនៃសទ្ធាហើយចំអកថែមទៀតដូច្នេះគួរអោយឈឺចាប់ណាស់ ។ ទីពីរ​ ៖​ សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរ​ខមិន​ បញ្ចេញមតិទាំងអស់គ្នា​ព្រោះទាំងនេះជាការបំភ្លឺទៅកាន់ក្រសួង​ធម្មការ​ និងក្រសួងពាក់ព័ន្ធ​ អោយចុះធ្វើចំណាត់ការលើសង្ឃប្រភេទនេះបានឆាប់ផង ដើម្បីរក្សាភាពស្អាតស្អំនៃសាសនា​ ក៍ដូចជារក្សាតម្លៃដល់ព្រះសង្ឃត្រឹមត្រូវដទៃទៀតអោយស្ថិតក្នុងសេចក្តីគោរពអំពីគ្រប់មជ្ឍដ្ឋាន​ ។ សង្ឃឹមថាខាងក្រសួងលោកនឹងមិនទុករឿងដ៏ក្តៅក្រហាយនេះចោលទេ​ ។​ ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសឯករាជ្យអព្យាក្រិត្យ​ និងមានការដឹកនាំអភិវឌ្ឍន៍ក្រោមបាវច្ចនា​ ជាតិ​ សាសនា​ ព្រះមហាក្ស័ត្រ​ ! សូមកុំភ្លេចចូលរួមថែរក្សា​វប្បធម៌​ អរិយធម៌​ និងសាសនារបស់យើងអោយបានគង់វង្ស​ ព្រោះទាំងអស់នេះជាអត្តសញ្ញាណរបស់យើងដែរ​ ។

    សេចក្តីគួរពុំគួរសូមអធ្យាស្រ័យ​ សូមអរគុណ។ រាជធានីភ្នំពេញ​ ថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី១៤​ ខែ​ មិនា​ ឆ្នាំ​ ២០១៨»៕

  • សុខ ជំនោរ សម្ដែងការខកចិត្តចំពោះចង្វាក់រាំវង់

    សុខ ជំនោរ សម្ដែងការខកចិត្តចំពោះចង្វាក់រាំវង់

    កាលពីពេលថ្មីៗនេះ ប្រទេសឡាវបានកំពុងតែរៀបចំស្នើរសុំដាក់ចង្វាក់រាំវង់ចូលទៅក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបន្ទាប់ពីដឹងដំណឹងនេះគេឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈ ដែលស្រលាញ់វប្បធម៌ខ្មែរមានការសោកស្តាយយ៉ាងខ្លាំង ដែលចង្វាក់រាំវង់ជាចង្វាក់ដ៏ពេញនិយមនៅស្រុកខ្មែរ បែរត្រូវបានឡាវស្នើរដាក់បញ្ចូលបែបនេះទៅវិញ។

    ជាមួយគ្នានេះដែរ លោក សុខ ជំនោរ ដែលអតីតកវីនិពន្ធល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ក៏មានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការដែលយុវវ័យខ្មែរមួយចំនួនដែលនិយមតែបទចង្វាក់បែកស្លុយ និងមិនសូវឱ្យតម្លៃចង្វាក់រាំប្រជាប្រិយខ្មែរនោះ លោកថា « ជយោ រាំវង់ ! យើងនៅមានវង្វាក់ច្រើនទៀត។ អស់មួយបានមួយ។ នៅចាំថាមានមូលហេតុមួយដែលញ៉ាំងឲ្យបែកស្លុយផុសផុលបង្ករកំណើតគ្រប់ទិសទី ពីមួយឆ្នាំទៅមួយឆ្នាំ» ។

    គួរបញ្ចាក់ផងដែរថា បើតាមការសាកសួរសាស្រ្តា និង រៀមច្បង នៅសាលាវិចត្រមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើង បានយក ចេញពីរបាំអប្សរា មកច្នៃ ឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។ ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។ មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។

    ផងដែរនោះ លោក សុខ ជំនោរបានសង្កត់ធ្ងន់ថា ចង្វាក់រាំប្រជាប្រិយខ្មែរដែលមាន រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់  ឡាំលាវ និងកន្ត្រឹម ត្រូវបានចារចូលជាប្រវត្តិសាស្ត្រអស់ហើយ នៅឡើយតែចង្វាក់ស្លុយ អត់ទាន់មានអ្នកចែងជាប្រវត្តិ៕

  • ស្ដាប់ សុខគា និយាយអ្វីខ្លះពីចង្វាក់រាំ និងក្មេងបែកស្លុយ

    ស្ដាប់ សុខគា និយាយអ្វីខ្លះពីចង្វាក់រាំ និងក្មេងបែកស្លុយ

    បន្ទាប់ពីព័ត៌មានប្រទេសឡាវបានដាក់បញ្ចូល « រាំវង់ » ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅអង្គការ UNESCO ភ្លាមៗនោះក៏កក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតដល់ពិធីករដ៏ល្បីឈ្មោះ និងជាអ្នកចម្រៀងអាយ៉ៃ ពូកែឆ្លងឆ្លើយលេងពាក្យសម្តី កំប្លុកកំប្លែងមិនចេះទាល់ លោក ដួង សុខគា បានបង្ហោះសារពន្លះចំៗដល់អ្នកមិនចូលរួមថែរក្សាវប្បធម៌ខ្មែរតែម្តង និងជាពិសេសគឺ ក្មេងនិយមស្ទីលបែកស្លុយ។

    អមដោយរូបភាពខោរហែករយីករយាក ដែលជាស្ទាយនៃការស្លៀកពាក់បែបបែកស្លុយ លោក សុខគា បាននិយាយនៅលើហ្វេសប៊ុកថា « និយាយមិនចេញព្រោះខ្ញុំមិនចេះ រលួយរឡេះបេះបែកពីរបី ខួរអើយឡើងខាប់ស្អុយដូចទឹកត្រី ឈឺចិត្តរកអ្វីមកស្តីមិនបាន»។ លោកក៏បានបន្ដថា «យើងមើលរបស់ខ្លួនឯងមិនចេះឃើញល្អទេ ហើយក៏មិនចេះចង់ថែដែរ (រាំបទខ្មែរខ្លាចអន់)។ ឥលូវគេដទៃ គេសុខចិត្តអន់ហើយ តើយើងយល់ឃើញយ៉ាងណា? ពូមោកសួរបែបឡេឡឺៗ»។

    សូមជម្រាបបន្ថែមថា ស្របជាករណីខាងលើនេះ បន្ទាប់ពីព័ត៌មានប្រទេសឡាវបានដាក់បញ្ចូល « រាំវង់ » ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនោះ តារាចម្រៀងអាយ៉ៃ និងភ្លេងការរូបនេះ ក៏បានសង្កត់ធ្ងន់មិនបញ្ចេញចំៗថា « បង្ហោះការងារអូសរំលង បង្ហោះរឿងខុសទំនង ដណ្តើមគ្នា Like គិតតែជេរគ្នាទៅកូន កុំប្រឹងរៀន!!  បែកស្លុយទៅកូន ទុកអូនរាំវង់ឲ្យគេថែ! ស្តាយធ្វើអីបើយើងមិននាំគ្នារវល់ផង! អូនរាំវង់ ត្រូវការប្តីថ្មីចេះថ្នម រក្សា!! បន្តិចទៀត មានអូនផ្សេងទៀតទៅដែរហើយ!! កុំចោទថា គេចិត្តចើកណា! »៕

  • មកដឹងពីប្រវត្តិ ចង្វាក់បទរាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់របស់ខ្មែរ

    មកដឹងពីប្រវត្តិ ចង្វាក់បទរាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់របស់ខ្មែរ

    បើតាមការស្រង់ចេញពីឯកសារស្រាវជ្រាវរបស់ប្លក់ «ខំ ស៊ី» បានឱ្យដឹងថា នៅពេលដែលយើងឮ ឬឃើញគេរាំនូវចង្វាក់រាំមួបែប ដែលខ្មែរយើងហៅថា ចង្វាក់រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ និង ឡាំលាវ យើងពិតជាគិត និង ច្បាស់ក្នុងចិត្តថា ក្បាច់រាំទាំងនេះ គឺជាក្បាច់រាំរបស់ខ្មែរយ៉ាងពិតប្រាកដ លើកលែងតែក្បាច់រាំដូចជាម៉ាឌីហ្សុន បូលីរ៉ូ ស្ល៊ូ ឬឆាឆាចេញ ។

    ក្បាច់រាំទាំងនេះ សូម្បីតែខ្ញុំបាទ ដែលជាអ្នករៀបរាងនេះ ក៏មានការភ័នច្រឡំដែរថា គឺជាចង្វាក់រាំ ដែលខ្មែរយើងខ្លួនឯង ជាអ្នកបង្កើតឡើង ប៉ុន្តែ ក្រោយពីបានជួប និង សាកសួរសាស្រ្តា និង រៀមច្បង នៅសាលាវិចត្រមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើង បានយក ចេញពីរបាំអប្សរា មកច្នៃ ឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។

    ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។

    លោកសាស្រ្តាខ្លះបាននិយាយថា ដោយសារតែមូលហេតុងហ្នឹងហើយ ទើបចង្វាក់រាំរបស់ខ្មែរយើងនេះ មានឈ្មោះថា រាំសារ៉ាវាន់ និង រាំ ឡាំលាវ គឺមកពីពាក្យដើមជាភាសាឡាវ ឬឡាំថូន ដែលមានន័យថា រាំតាមសំឡេងភ្លេង(ថូន tone)។

    ទោះជាយ៉ាងនេះក្ដី ក៏គេមិនអាចដឹងថា ក្បាច់ ឬចង្វាក់រាំទាំងនេះ ត្រូវបានកែច្នៃ ឬបង្កើតឡើងដោយអ្នកណា នៅឆ្នាំណានោះទេ ប៉ុន្តែ តាម រយៈល្ខោនប្រម៉ោទ័យ ដែលបង្កើតឡើងដោយលោកយាយម៉ែម៉ឺន ក្បាច់ ឬចង្វាក់រាំទាំងនេះ ប្រហែលកើតក្នុងទសវត្សរ៍ឆ្នាំ50 ព្រោះលោកយាយម៉ែម៉ឺន មកធ្វើការបម្រើ ឬធ្វើជាអ្នករបាំព្រះរាជទ្រព្យ តាំងពីលោកយាយនៅក្មេង(អាយុប្រហែល៧ឆ្នាំ) ហើយលោក យាយម៉ែម៉ឺន នេះទៀតសោត ត្រូវបានមន្រ្តីបម្រើការនៅក្នុងព្រះបរមរាជវាំងអះអាងថា លោកយាយគឺជាជនជាតិឡាវ(លាវ)ទេ មិនមែនជាកូនខ្មែរសុទ្ធទេ។

    ជាមួយគ្នានេះដែរ ការកើតឡើងនូវចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និង ឡាំលាវ នេះ គឺវាតំណាលគ្នានឹងការកើតឡើង នូវវង់តន្រ្តីសម័យ របស់ខ្មែរ ដែលមានលោកមែប៊ុន លោកសុះម៉ាត់ លោកស៊ីនស៊ីសាមុត និង អ្នកចម្រៀងង អ្នកន្រ្តីដ៏ល្បីឈ្មោះជាច្រើនទៀតដែរ។

    តាមប្រសាសន៍ព្រឹទ្ធាចារ្យ លោកតាឆេងផុន ដែលជា អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ បានឲ្យដឹងកាលពីឆ្នាំ2006ថា កាលលោកនៅជាប្រធានសិល្បៈសមាគមអាស៊ាន ប្រទេសវៀតណាម ដោយមើលឃើញចង្វាក់រាំរបស់ខ្មែរ មើលទៅសប្បាយ និង ល្អម្យ៉ាង បានស្នើមកលោក ក្នុងបំណងចង់បង្កើតចង្វាក់រាំវង់ រាំក្បាច់ និង ឡាំលាវនេះដែរ ប៉ុន្តែ លោកបានបដិសេធថា ប្រទេសយើងមិនធ្លាប់មាន មិនគួរឲ្យមានទេ។ឯប្រទេសគេ ដែលមានហើយឲ្យគេមានចុះ៕

  • Samsung៖ ការបញ្ជាទិញ Galaxy S9 ទាប​ជាង​ការរំពឹងទុក តែ​ខ្ពស់ជាង Galaxy S8

    Samsung៖ ការបញ្ជាទិញ Galaxy S9 ទាប​ជាង​ការរំពឹងទុក តែ​ខ្ពស់ជាង Galaxy S8

    បើ​គិត​ចាប់តាំងពី​ថ្ងៃ​ប្រកាស​បង្ហាញខ្លួន​រហូតមក​ដល់ពេលនេះ គឺមាន​រយៈពេល​ច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​ក្រុមហ៊ុន Samsung នៅ​មិនទាន់​បានបង្ហាញ​ពី​តួលេខ​នៃ​ការបញ្ជាទិញ​ទុក​មុន (Pre-orders) របស់​ស្មា​ត​ហ្វូ​ន Galaxy S9 នៅឡើយ​ទេ។

    ថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំជាងគេ​របស់​កូរ៉េខាងត្បូង​មួយ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap News ថា ការបញ្ជាទិញ​ទុក​មុន​នូវ​ម៉ូ​ដែល​Samsung Galaxy S9 ទទួលបាន​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​បើ​ធៀប​នឹង​ម៉ូ​ដែលមុនៗវិញ​ឃើញថា ទទួលបាន​ខ្ពស់ជាង។ “យើង (Samsung) ជឿជាក់ថា ការបញ្ជាទិញ​ទុក​មុន​របស់ Galaxy S9 ទំនងជា​ទទួលបាន​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​អ្វីដែល​មិន​ធ្វើឱ្យ​យើង​អស់សង្ឃឹម​នោះ​គឺ តួលេខ​នៃ​ការបញ្ជាទិញ​គឺ ច្រើនជាង​ម៉ូ​ដែល Galaxy S8”។ នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន Samsung ដែល​បាន​ថ្លែងប្រាប់ Yonhap News។

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​ក្រុមហ៊ុន Samsung បានប្រកាស​ដាក់ឱ្យ​បញ្ជា​ទិញ​ទុក​មុន​នូវ​ម៉ូ​ដែល Galaxy S8 គឺ​អតិថិជន Samsung បាននាំគ្នា​សម្រុក​ទិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​បំបែកកំណត់ត្រា ដែល​ទទួលបាន​រហូត​ដល់ 550,000 គ្រឿងក្នុង​រយៈពេល​តែ 2ថ្ងៃ​ប៉ុណ្ណោះ ដែល​បើ​ប្រៀបធៀប​នឹង​ម៉ូ​ដែល Galaxy S7 វិញ គឺ​ទទួលបាន​ត្រឹមតែ 200,000គ្រឿង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដល់​ទៅ 1សប្ដាហ៍​ឯណោះ៕